User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.v1

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត »

ឯកកនិបាត (១.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti v1 បាលី cs-km: sut.kn.iti.v1 អដ្ឋកថា: sut.kn.iti.v1_att PTS: ?

ឯកកនិបាត ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

បឋមវគ្គ (១.)

លោភសូត្រ (១.)

(១. លោភសុត្តំ)

[១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ ចេញ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ ជា​អនាគាមី។ ធម៌ ១ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ គឺ​លោភៈ តថាគត​ជា​អ្នក​ធានា​ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ ជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ​ល្មោភ​ហើយ​ព្រោះ​លោភៈ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ​អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​លោភៈ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ ​មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត​ក្នុង​កាល​ណា​ឡើយ។

ទ. ២ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

ទោសសូត្រ (២.)

(២. ទោសសុត្តំ)

[២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ ចេញ តថាគត​ជា​អ្នក​ធានា ដើម្បីឲ្យ​អ្នក​ទាំង​ឡាយ ជា​អនាគាមី។ ធម៌ ១ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ គឺ​ទោសៈ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ​ជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ ប្រទូស្ត​ហើយ​ព្រោះ​ទោសៈ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ​អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​ទោសៈ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

មោហសូត្រ (៣.)


ទ. ៣

(៣. មោហសុត្តំ)

[៣] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ ចេញ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ ជា​អនាគាមី។ ធម៌ ១ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ គឺ​មោហៈ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ​ជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ វង្វេង​ហើយ ព្រោះ​មោហៈ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​មោហៈ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី៣។

កោធសូត្រ (៤.)

(៤. កោធសុត្តំ)

[៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ ចេញ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ ជា​អនាគាមី។ ធម៌ ១ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ គឺ​សេចក្ដី​ក្រោធ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ​ជា​អនាគាមី។

ទ. ៤លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ ក្រោធ​ហើយ ព្រោះ​សេចក្ដី​ក្រោធ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​សេចក្ដី​ក្រោធ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

មក្ខសូត្រ (៥.)

(៥. មក្ខសុត្តំ)

[៥] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ ចេញ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ​ជា​អនាគាមី។ ធម៌ ១ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ គឺ​សេចក្ដី​លុបគុណ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ​ជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៥

សត្វ​ទាំង​ឡាយ លុបគុណ​ហើយ ព្រោះ​សេចក្ដី​លុបគុណ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​សេចក្ដី​លុបគុណ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ រមែង​មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៥។

មានសូត្រ (៦.)

(៦. មានសុត្តំ)

[៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ ចេញ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ ជា​អនាគាមី។ ធម៌ ១ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​ធម៌ ១ គឺ​មានះ តថាគត​ជា​អ្នក​ធានា ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ​ជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ ប្រកាន់​ហើយ ព្រោះ​មានះ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​មានះ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ទ. ៦ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

សព្វបរិញ្ញាសូត្រ (៧.)

(៧. សព្វបរិញ្ញាសុត្តំ)

[៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​មិន​ដឹង​ច្បាស់ មិន​កំណត់​ដឹង នូវ​ហេតុ​ទាំង​ពួង មិន​ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ មិន​លះ​បង់ នូវ​ហេតុ​ទាំង​នោះ មិន​គួរ​ដើម្បី​អស់​ទុក្ខ​បាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ដឹង​ច្បាស់ កំណត់​ដឹង​នូវ​ហេតុ​ទាំង​ពួង ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ លះ​បង់​នូវ​ហេតុ​ទាំង​នោះ​បាន ទើប​គួរ​ដើម្បី​អស់​ទុក្ខ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា ដឹង​ហេតុ​ទាំង​ពួង ដោយ​អាការ​ទាំង​ពួង មិន​ត្រេកអរ​ក្នុង​ផល (សកល​កាយ) ទាំង​ពួង បុគ្គល​នោះ​ឯង កំណត់​ដឹង​ហេតុ​ទាំង​ពួង បុគ្គល​នោះ ទើប​កន្លង​ទុក្ខ​ទាំង​ពួង​បាន​ដោយ​ពិត។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី៧។

មានបរិញ្ញាសូត្រ (៨.)


ទ. ៧

(៨. មានបរិញ្ញាសុត្តំ)

[៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​មិន​ដឹង​ច្បាស់ មិន​កំណត់​ដឹង​នូវ​មានះ មិន​ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ មិន​លះ​បង់​នូវ​មានះ​នោះ មិន​គួរ​ដើម្បី​អស់​ទុក្ខ​បាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ដឹង​ច្បាស់ កំណត់​ដឹង​នូវ​មានះ ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ លះ​បង់​នូវ​មានះ​នោះ​បាន ទើប​គួរ​ដើម្បី​អស់​ទុក្ខ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ពួក​សត្វ​នេះ ជា​អ្នក​ប្រកប​ដោយ​មានះ ត្រូវ​មានះ​ចាក់​ស្រែះ​ហើយ ត្រេកអរ​ក្នុង​ភព កាល​មិន​កំណត់​ដឹង​មានះ តែង​មក​កាន់​ភព​ថ្មី​ទៀត ចំណែក​ពួក​សត្វ​ណា លះ​បង់​មានះ​បាន​ហើយ ផុត​ស្រឡះ​ហើយ ព្រោះ​អស់​មានះ សត្វ​ទាំង​នោះ គ្រប​សង្កត់​នូវ​គ្រឿង​ចាក់​ស្រែះ គឺ​មានះ​បាន​ហើយ កន្លង​បង់​នូវ​គ្រឿង​ចាក់​ស្រែះ​ទាំង​ពួង​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នុ៎ះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៨។

លោភបរិញ្ញាសូត្រ (៩.)


ទ. ៨

(៩. លោភបរិញ្ញាសុត្តំ)

[៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​មិន​ដឹង​ច្បាស់ មិន​កំណត់​ដឹង​នូវ​លោភៈ មិន​ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ មិន​លះ​បង់​នូវ​លោភៈ​នោះ មិន​គួរ​ដើម្បី​អស់​ទុក្ខ​បាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ដឹង​ច្បាស់ កំណត់​ដឹង​នូវ​លោភៈ ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ លះ​បង់​នូវ​លោភៈ​នោះ​បាន ទើប​គួរ​ដើម្បី​អស់​ទុក្ខ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ ជាប់​ហើយ​ព្រោះ​លោភៈ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​លោភៈ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

ទោសបរិញ្ញាសូត្រ (១០.)


ទ. ៩

(១០. ទោសបរិញ្ញាសុត្តំ)

[១០] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​មិន​ដឹង​ច្បាស់ មិន​កំណត់​ដឹង​នូវ​ទោសៈ ​មិន​ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ មិន​លះ​បង់​នូវ​ទោសៈ​នោះ មិន​គួរ​ដើម្បី​នឹង​អស់​ទុក្ខ​បាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ដឹង​ច្បាស់ កំណត់​ដឹង​នូវ​ទោសៈ ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ លះ​បង់​នូវ​ទោសៈ​នោះ​បាន ទើប​គួរ​ដើម្បី​អស់​ទុក្ខ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ ប្រទូស្ដ​ហើយ ព្រោះ​ទោសៈ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​ទោសៈ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ បាដិភោគវគ្គ ទី ១។

ឧទា្ទននៃបាដិភោគវគ្គ​នោះ​គឺ

និយាយ​អំពីរាគៈ ១ ទោសៈ ១ មោហៈ ១ សេចក្ដី​ក្រោធ ១ សេចក្ដី​លុបគុណ ១ មានះ ១ ហេតុ​ទាំង​ពួង ១ មានះ ១ រាគៈ ទោសៈ ២ ទៀត អ្នក​ប្រាជ្ញ​ទាំង​ឡាយ ​ពោល​ថា​ជា​បឋមវគ្គ។

ទុតិយវគ្គ (២.)

ឥតិវុត្តកៈ ឯកនិបាត ទុតិយវគ្គ

មោហបរិញ្ញាសូត្រ (១.)


ទ. ១០

(១. មោហបរិញ្ញាសុត្តំ)

[១១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​មិន​ដឹង​ច្បាស់ មិន​កំណត់​ដឹង​នូវ​មោហៈ មិន​ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ មិន​លះ​បង់​នូវ​មោហៈ​នោះ មិន​គួរ​ដើម្បី​នឹង​អស់​ទុក្ខ​បាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ដឹង​ច្បាស់ កំណត់​ដឹង​នូវ​មោហៈ ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ លះ​បង់​នូវ​មោហៈ​នោះ​បាន ទើប​គួរ​នឹង​អស់​ទុក្ខ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ វង្វេង​ហើយ ព្រោះ​មោហៈ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​មោហៈ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

កោធបរិញ្ញាសូត្រ (២.)

(២. កោធបរិញ្ញាសុត្តំ)

[១២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​មិន​ដឹង​ច្បាស់ មិន​កំណត់​ដឹង​នូវ​សេចក្ដី​ក្រោធ មិន​ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ មិន​លះ​បង់​នូវ​សេចក្ដី​ក្រោធ​នោះ មិន​គួរ​ ​ដើម្បី​នឹង​អស់​ទុក្ខ​បាន​ឡើយ ទ. ១១ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ដឹង​ច្បាស់ កំណត់​ដឹង​នូវ​សេចក្ដី​ក្រោធ ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ លះ​បង់​នូវ​សេចក្ដី​ក្រោធ​នោះ​បាន ទើប​គួរ​ដើម្បី​នឹង​អស់​ទុក្ខ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សត្វ​ទាំង​ឡាយ ក្រោធ​ហើយ ព្រោះ​សេចក្ដី​ក្រោធ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ ​លះ​បង់​សេចក្ដី​ក្រោធ​នោះ លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

មក្ខបរិញ្ញាសូត្រ (៣.)

(៣.មក្ខបរិញ្ញាសុត្តំ)

[១៣] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​មិន​ដឹង​ច្បាស់ មិន​កំណត់​ដឹង​នូវ​សេចក្ដី​លុបគុណ មិន​ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ មិន​លះ​បង់​នូវ​សេចក្ដី​លុបគុណ​នោះ មិន​គួរ​ដើម្បី​នឹង​អស់​ទុក្ខ​បាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ដឹង​ច្បាស់ កំណត់​ដឹង​នូវ​សេចក្ដី​លុបគុណ ទាំង​ញុាំង​​ចិត្ត​ឲ្យ​នឿយ​ណាយ លះ​បង់​សេចក្ដី​លុបគុណ​នោះ​បាន ទើប​គួរ​ដើម្បី​នឹង​អស់​ទុក្ខ។

លុះ​ព្រះ​មាន​ព្រះ​ភាគ សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ១២

សត្វ​ទាំង​ឡាយ លុបគុណ​ហើយ ព្រោះ​សេចក្ដី​លុបគុណ​ណា តែង​ទៅ​កាន់​ទុគ្គតិ សត្វ​ទាំង​ឡាយ អ្នក​ឃើញ​ច្បាស់ ដឹង​ដោយ​បញ្ញា​ដ៏​ប្រពៃ​ហើយ រមែង​លះ​បង់​សេចក្ដី​លុបគុណ​នោះ​បាន លុះ​លះ​បង់​បាន​ហើយ មិន​ត្រឡប់​មក​កាន់​លោក​នេះ​ទៀត ក្នុង​កាល​ណា​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៣។

អវិជ្ជានីវរណសូត្រ (៤.)

(៤. អវិជ្ជានីវរណសុត្តំ)

[១៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ត្រូវ​នីវរណៈ​ណា រួបរឹត​ហើយ តែង​អន្ទោល​ទៅ តែង​ត្រាច់​ទៅ អស់​រាត្រី​វែង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត មិន​ឃើញ​នីវរណៈ​ដទៃ​នោះ សូម្បី​តែ​នីវរណៈ​មួយ ដូច​អវិជ្ជា​នីវរណៈ​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​តែ​ពួក​សត្វ​ត្រូវ​អវិជ្ជា​នីវរណៈ​រួបរឹត​ហើយ ទើប​បាន​អន្ទោល​ទៅ ត្រាច់​ទៅ អស់​រាត្រី​វែង។

លុះ​ព្រះ​មាន​ព្រះ​ភាគ សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ពួក​សត្វ ត្រូវ​មោហៈ​ដែល​ជា​ធម៌​ឯក មិន​មាន​ធម៌​ដទៃ​ដូច រួបរឹត​បិទបាំង​យ៉ាង​នេះ​ហើយ តែង​អន្ទោល​ទៅ​អស់​ថ្ងៃ និង​យប់​ដ៏​វែង ចំណែក​សត្វ​ទាំង​ឡាយ​ណា លះ​បង់​មោហៈ ទំលាយ​គំនរ​នៃ​ងងឹត​ហើយ សត្វ​ទាំង​ឡាយ​នោះ នឹង​មិន​អន្ទោល​ទៅទៀត ព្រោះ​ហេតុ​របស់​សត្វ​ទាំង​នោះ​មិន​មាន។

ទ. ១៣ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

តណ្ហា​សំយោជនសូត្រ (៥.)

(៥. តណ្ហា​សំយោជនសុត្តំ)

[១៥] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ដែល​ប្រកប​ដោយ​សំយោជនៈ​ណា​ហើយ តែង​អន្ទោល​ទៅ ត្រាច់​ទៅ អស់​រាត្រី​ដ៏​វែង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត មិន​ឃើញ​សំយោជនៈ​ដទៃ​នោះ សូម្បី​តែ​សំយោជនៈ​មួយ ដូច​ជា​តណ្ហា​សំយោជនៈ​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​តែ​សត្វ​ទាំង​ឡាយ ដែល​ប្រកប​ដោយ​តណ្ហា​សំយោជនៈ​ហើយ ទើប​បាន​អន្ទោល​ទៅ ត្រាច់​ទៅ អស់​រាត្រី​វែង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុរស​មាន​តណ្ហា​ជា​គំរប់​ពីរ កាល​អន្ទោល​ទៅ​កាន់​សង្សារ​អស់​កាល​ដ៏​វែង រមែង​មិន​កន្លង​នូវ​សង្សារវដ្ដ ដែល​មាន​សភាព​យ៉ាង​នេះ និង​យ៉ាង​ដទៃ​បាន​ឡើយ ភិក្ខុ​ដឹង​នូវ​តណ្ហា​នេះ ថា​ជា​ទោស ជា​ដែន​កើត​នៃ​ទុក្ខ​ហើយ ជា​អ្នក​ប្រាស​ចាក​តណ្ហា មិន​មាន​សេចក្ដី​ប្រកាន់ ជា​អ្នក​មាន​សតិ គប្បី​វៀរ​បង់​ចោល​ចេញ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៥។

បឋមសេខសូត្រ (៦.)


ទ. ១៤

(៦. បឋមសេខសុត្តំ)

[១៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​ជា​សេក្ខៈ មិន​ទាន់​សម្រេច​អរហត្តផល​នៅ​ឡើយ ហើយ​ប្រាថ្នា​ធម៌​ជា​ទី​ក្សេម​ចាក​យោគៈ​ដ៏​ប្រសើរ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ធ្វើ​បច្ច័យ​ខាង​ក្នុង ឲ្យ​ជា​ហេតុ ហើយ​មិន​ឃើញ​ហេតុ​ដទៃ សូម្បី​តែ​ហេតុ​មួយ ដែល​មាន​ឧបការៈ​ច្រើន​យ៉ាង​នេះ ដូច​ជា​យោនិសោ​មនសិការៈ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​កាល​ធ្វើ​ទុក​ក្នុង​ចិត្ត ដោយ​ឧបាយ​ហើយ ទើប​លះ​បង់​អកុសល ចំរើន​កុសល​បាន។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

យោនិសោ​មនសិការៈ ជា​ធម៌​របស់​ភិក្ខុ​ជា​សេក្ខៈ ធម៌​ដទៃ ដែល​មាន​ឧបការៈ​ច្រើន ដើម្បី​សម្រេច​ប្រយោជន៍​ដ៏​ឧត្តម​ដូច្នោះ មិន​មាន​ឡើយ កាល​ភិក្ខុ​ផ្គង​ចិត្ត ដោយ​ឧបាយ ទើប​ដល់​នូវ​ការ​អស់​ទុក្ខ​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

ទុតិយសេខសូត្រ (៧.)


ទ. ១៥

(៧. ទុតិយសេខសុត្តំ)

[១៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​ជា​សេក្ខៈ មិន​ទាន់​សម្រេច​អរហត្តផល​នៅ​ឡើយ ហើយ​ប្រាថ្នា​ធម៌​ជា​ទី​ក្សេម ចាក​យោគៈ​ដ៏​ប្រសើរ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ធ្វើ​បច្ច័យ​ខាង​ក្រៅ ឲ្យ​ជា​ហេតុ ហើយ​មិន​ឃើញ​ហេតុ​ដទៃ សូម្បី​តែ​ហេតុ​មួយ ដែល​មាន​ឧបការៈ​ច្រើន​យ៉ាង​នេះ ឲ្យ​ដូច​ជា​ភាព​នៃ​បុគ្គល​មាន​កល្យាណ​មិត្ត​នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​កល្យាណ​មិត្ត ទើប​លះ​បង់​អកុសល ចំរើន​កុសល​បាន។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​ណា មាន​កល្យាណ​មិត្ត មាន​សេចក្ដី​កោត​ក្រែង ប្រកប​ដោយ​សេចក្ដី​គោរព ធ្វើ​តាម​ពាក្យ​របស់​កល្យាណ​មិត្ត ជា​អ្នក​មាន​សេចក្ដី​ដឹង​ខ្លួន មាន​ស្មារតី ភិក្ខុ​នោះ ទើប​គួរ​ដល់​នូវ​កិរិយា​អស់​សំយោជនៈ​ទាំង​ពួង ដោយ​លំដាប់​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

សង្ឃភេទសូត្រ (៨.)


ទ. ១៦

(៨. សង្ឃភេទសុត្តំ)

[១៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ១ កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​មិន​ជា​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​មិន​ជា​សុខ​ដល់​ជន​ច្រើន ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​មិន​ចំរើន​ដល់​ជន​ច្រើន ដើម្បី​ជា​ទុក្ខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។ ធម៌ ១ តើ​ដូច​ម្ដេច។ គឺ​សង្ឃភេទ (ការ​បំបែក​សង្ឃ) ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​សង្ឃ​បែក​គ្នា​ហើយ ការ​ឈ្លោះ​ប្រកែក​គ្នា​នឹង​គ្នា ក៏​កើត​មាន ការ​ប្រទេច​ផ្ដាសា​គ្នា​នឹង​គ្នា ក៏​កើត​មាន ការ​បោក​បោះ​ពាក្យសំដី​ដល់​គ្នា​នឹង​គ្នា ក៏​កើត​មាន ការ​លះ​បង់​គ្នា​នឹង​គ្នា ក៏​កើត​មាន ជន​ទាំង​ឡាយ ដែល​មិន​ទាន់​ជ្រះ​ថ្លា​ក្នុង​សង្ឃ​នោះ ក៏​មិន​ជ្រះ​ថ្លា ជន​ពួក​ខ្លះ ដែល​ជ្រះ​ថ្លា​ស្រាប់​ហើយ ក៏​ងាក​ទៅ​ជា​យ៉ាង​ដទៃ​វិញ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ជា​អ្នក​បំបែក​សង្ឃ ត្រេកអរ​ក្នុង​ពួក មិន​ឋិត​ក្នុង​ធម៌ តែង​ទៅ​កើត​ក្នុង​អបាយ ទៅ​កើត​ក្នុង​នរក តាំង​នៅ​អស់​មួយ​កប្ប រមែង​សាបសូន្យ​ចាក​ធម៌​ជា​ទី​ក្សេម​ចាក​យោគៈ បុគ្គល​បំបែក​សង្ឃ​ដែល​ព្រមព្រៀង​គ្នា​ហើយ តែង​ឆេះ​ក្នុង​នរក​អស់​មួយ​កប្ប។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៨។

សង្ឃសាមគ្គីសូត្រ (៩.)


ទ. ១៧

(៩. សង្ឃសាមគ្គីសុត្តំ)

[១៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ១ កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​ជា​សុខ​ដល់​ជន​ច្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ចំរើន​ដល់​ជន​ច្រើន ដើម្បី​ជា​សុខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។ ធម៌ ១ តើ​ដូច​ម្ដេច។ គឺ​សេចក្ដី​ព្រមព្រៀង​របស់​សង្ឃ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​សង្ឃ​ព្រមព្រៀង​គ្នា​ហើយ ការ​ឈ្លោះ​ប្រកែកគ្នា​នឹង​គ្នា ក៏​មិន​កើត​មាន ការ​ប្រទេច​ផ្ដាសា​គ្នា​នឹង​គ្នា ក៏​មិន​កើត​មាន ការ​បោក​បោះ​ពាក្យ​សំដី​ដល់​គ្នា​នឹង​គ្នា ក៏​មិន​កើត​មាន ការ​លះ​បង់​គ្នា​នឹង​គ្នា ក៏​មិន​កើត​មាន ជន​ទាំង​ឡាយ ដែល​មិន​ជ្រះ​ថ្លា​ក្នុង​សង្ឃ​នោះ ក៏​រមែង​ជ្រះ​ថ្លា ពួក​ជន​ដែល​ជ្រះ​ថ្លា​ស្រាប់​ហើយ ក៏​រឹងរឹត​តែ​ជ្រះ​ថ្លា​ឡើង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សេចក្ដី​ព្រមព្រៀងនៃសង្ឃ ជា​ហេតុ​នាំ​សេចក្ដី​សុខ​មក​ឲ្យ ការ​អនុគ្រោះ​បុគ្គល​ទាំង​ឡាយ ដែល​មាន​សេចក្ដី​ព្រមព្រៀង​គ្នា (ជា​ហេតុ​នាំ​សេចក្ដី​សុខ​មក​ឲ្យ) បុគ្គល​ត្រេកអរ ក្នុង​ជន​ដែល​ព្រម​ព្រៀង​គ្នា តាំង​នៅ​ក្នុង​ធម៌ រមែង​មិន​សាបសូន្យ ចាក​ធម៌​ជា​ទី​ក្សេម​ចាក​យោគៈ បុគ្គល​ធ្វើ​សង្ឃ ឲ្យ​ព្រម​ព្រៀង​គ្នា រមែង​រីករាយ ក្នុង​ឋានសួគ៌ អស់ ១ កប្ប។

ទ. ១៨ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

បទុដ្ឋចិត្តសូត្រ (១០.)

(១០. បទុដ្ឋចិត្តសុត្តំ)

[២០] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត កំណត់​ចិត្ត​ដោយ​ចិត្ត​ហើយ ដឹង​ច្បាស់​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ដែល​មាន​ចិត្ត​ប្រទូស្ដ​យ៉ាង​នេះ​ថា បើ​បុគ្គល​នេះ ធ្វើ​មរណ​កាល​ទៅ ក្នុង​សម័យ​នេះ មុខជា​ទៅ​កើត​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅ​ទំលាក់​។ រឿង​នោះ ព្រោះ​ហេតុ​អ្វី ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​បុគ្គល​នោះ មាន​ចិត្ត​ប្រទូស្ដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ ហេតុ​តែ​មាន​ចិត្ត​ប្រទូស្ដ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ក៏​រមែង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត និង​នរក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ព្រះ​ពុទ្ធ ទ្រង់​ជ្រាប​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ដែល​មាន​ចិត្ត​ប្រទូស្ដ ទើប​ទ្រង់​ព្យាករ​សេចក្ដី​នុ៎ះ ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​ថា បើ​បុគ្គល​នេះ ធ្វើ​មរណ​កាល​ទៅ ក្នុង​សម័យ​នេះ មុខជា​ទៅ​កើត​ក្នុង​នរក ព្រោះ​តែ​បុគ្គល​នោះ មាន​ចិត្ត​ប្រទូស្ដ បុគ្គល​បែប​នោះ ដូច​ជា​គេ​នាំ​យក​ទៅ​ទំលាក់​យ៉ាង​នេះ​ឯង សត្វ​ទាំង​ឡាយ រមែង​ទៅ​កាន់​ទុគ្គតិ ព្រោះ​ហេតុ​តែ​មាន​ចិត្ត​ប្រទូស។

ទ. ១៩ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ ទុតិយវគ្គ។

ឧទ្ទាននៃទុតិយវគ្គ​នោះ​គឺ

និយាយ​អំពីមោហៈ ១ សេចក្ដី​ក្រោធ ១ សេចក្ដី​លុបគុណ​គេ ១ សេចក្ដី​វង្វេង ១ កាម ១ សេក្ខៈ​មាន ២ លើក ការ​បំបែក ១ សេចក្ដី​ត្រេកអរ ១ បុគ្គល ១ លោក​ពោល​ថា​ជា​វគ្គ ទី ២។

តតិយវគ្គ (៣.)

ឥតិវុត្តកៈ ឯកនិបាត តតិយវគ្គ

បសន្នចិត្តសូត្រ (១.)


ទ. ២០

(១. បសន្នចិត្តសុត្តំ)

[២១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត កំណត់​ដឹងចិត្ត​ដោយ​ចិត្ត ដឹង​ច្បាស់ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ដែល​មាន​ចិត្ត​ជ្រះ​ថ្លា​ហើយ យ៉ាង​នេះ​ថា បើ​បុគ្គល​នេះ ធ្វើ​មរណ​កាល​ទៅ​ក្នុង​សម័យ​នេះ នឹង​ទៅ​កើត​ក្នុង​ឋានសួគ៌ ដូច​ជា​គេ​នាំ​យក​ទៅ​តម្កល់​ទុក។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​បុគ្គល​នោះ មាន​ចិត្ត​ជ្រះ​ថ្លា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ ហេតុ​តែ​មាន​ចិត្ត​ជ្រះ​ថ្លា​យ៉ាង​នេះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ក៏​រមែង​ទៅ​កើត​ឯសុគតិសួគ៌​ទេវលោក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ព្រះ​ពុទ្ធ​ទ្រង់​ជ្រាប​បុគ្គល​ពួក​ខ្លះ ដែល​មាន​ចិត្ត​ជ្រះ​ថ្លា ក្នុង​លោក​នេះ ទើប​ទ្រង់​ព្យាករ​សេចក្ដី​នុ៎ះ ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​ថា បើ​បុគ្គល​នេះ ធ្វើ​មរណ​កាល​ទៅ ក្នុង​សម័យ​នេះ នឹង​ទៅ​កើត​ក្នុង​សុគតិ ព្រោះ​បុគ្គល​នោះ មាន​ចិត្ត​ជ្រះ​ថ្លា បុគ្គល​បែប​នោះ ដូច​ជា​គេ​នាំ​យក​ទៅ​តម្កល់​ទុក (ក្នុង​សួគ៌) យ៉ាង​នេះ​ឯង សត្វ​ទាំង​ឡាយ រមែង​ទៅ​កាន់​សុគតិ ព្រោះ​ហេតុ​តែ​មាន​ចិត្ត​ជ្រះ​ថ្លា។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

មេត្តសូត្រ (២.)


ទ. ២១

(២. មេត្តសុត្តំ)

[២២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ កុំ​ខ្លាច​បុណ្យ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ពាក្យ​ថា បុណ្យ​នេះ ជា​ឈ្មោះ​នៃ​សេចក្ដី​សុខ​ដែល​ជា​ទី​ប្រាថ្នា ជា​ទី​ត្រេកអរ ជា​ទី​ស្រឡាញ់ ជា​ទី​ពេញចិត្ត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ស្គាល់​ច្បាស់ ផល​នៃ​បុណ្យ ដែល​ជា​ទី​ប្រាថ្នា ជា​ទី​ត្រេកអរ ជា​ទី​ស្រឡាញ់ ជា​ទី​ពេញចិត្ត ដែល​តថាគត​បាន​ហើយ អស់​កាល​ជា​អង្វែង ដែល​តថាគត​ធ្វើ​ហើយ អស់​កាល​ជា​អង្វែង។ តថាគត​បាន​ចំរើន​មេត្តា ចិត្ត អស់ ៧ ឆ្នាំ មិន​បាន​មក​កាន់​លោក​នេះ​ទៀត អស់ ៧ សំវដ្ដ​វិវដ្ដ​កប្ប ម្នាល​ភិក្ខុ​ទាំង​ឡាយ ដំណើរ​ថា កាល​កប្ប​វិនាស តថាគត​បាន​ទៅ​កើត​ក្នុង​អាភស្សរព្រហ្ម កាល​កប្ប​ចំរើន តថាគត​បាន​ចូល​ទៅ​កាន់​ព្រហ្មវិមាន ដែល​សូន្យ​ទទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​ទី​នោះ តថាគត​ជា​ព្រហ្ម ជា​មហាព្រហ្ម គ្រប​សង្កត់​សត្វ​ដទៃ​បាន សត្វ​ដទៃ​មិន​អាច​គ្រប​សង្កត់​តថាគត​បាន​ទេ តថាគតឃើញ​ហេតុ​សព្វ​គ្រប់​ អាចញុាំង​​អំណាច ឲ្យ​ប្រព្រឹត្ត​ទៅ​បាន ដោយ​ពិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត តថាគត​បាន​កើត​ជា​ព្រះ​ឥន្ទ្រ ជាធំ​ជាង​ទេវតា​ទាំង​ឡាយ ៣៦ ដង បាន​ជា​ស្ដេច​ចក្រពត្តិ ធម្មិកធម្មរាជ ជា​ឥស្សរៈ​លើ​ផែនដី ដែល​មាន​សមុទ្រ​ទាំង ៤ ជា​ទី​បំផុត ជា​ស្ដេច​ឈ្នះ​សង្គ្រាម មាន​ជនបទ ដល់​នូវ​ការ​មាំមួន បរិបូណ៌​ដោយ​រតនៈ​ទាំង ៧ ប្រការ អស់​ច្រើន​រយ​ដង នឹង​បាច់​ពោល​ទៅ​ថ្វី ដល់​ប្រទេស​រាជ្យ។ ទ. ២២ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ មាន​សេចក្ដី​ត្រិះ​រិះ​ថា នេះ​ជា​ផលកម្ម​របស់​អាត្មា​អញ​ដូច​ម្ដេច​ហ្ន៎ នេះ​ជា​វិបាក​នៃ​កម្ម​ដូច​ម្ដេច ដែល​នាំ​ឲ្យ​អាត្មា​អញ​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះ ក្នុង​កាល​ឥឡូវ​នេះ​។

ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ មាន​សេចក្ដី​ត្រិះ​រិះ​ថា នេះ​ជា​ផលកម្ម​ទាំង​ឡាយ ៣ យ៉ាង របស់​អាត្មា​អញ នេះ​ជា​វិបាក​នៃ​កម្ម​ទាំង​ឡាយ ៣ យ៉ាង ដែល​នាំ​ឲ្យ​អាត្មា​អញ​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះ ក្នុង​កាល​ឥឡូវ​នេះ គឺ​ផល​ទាន ១ ការ​ទូន្មាន​ឥន្ទ្រិយ ១ ការ​សង្រួម ១។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

កុលបុត្រ​អ្នក​ប្រាថ្នា​ប្រយោជន៍ គួរ​សិក្សា គឺ​ថា គប្បី​សេព​នូវ​បុណ្យ​ដែល​មាន​ផល​បរិបូណ៌ មាន​វិបាក​ជា​សុខ គួរ​ចំរើន​ទាន ១ ការ​ប្រព្រឹត្តិ​ស្មើ គឺ​សីល ១ មេត្តា​ចិត្ត ១ លុះ​ចំរើន​ធម៌​ទាំង ៣ នេះ ដែល​មាន​អានិសង្ស​ជា​សុខ​ហើយ រមែង​ចូល​ទៅ​កាន់​លោក​ជា​សុខ1) ឥតមានទុក្ខ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

ឧភយត្ថសូត្រ (៣.)


ទ. ២៣

(៣. ឧភយត្ថសុត្តំ)

[២៣] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ១ ដែល​បុគ្គល​ចំរើន​ហើយ ធ្វើ​ឲ្យ​រឿយៗ​ហើយ រមែង​បាន​ប្រយោជន៍​ទាំង ២ គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ១ ប្រយោជន៍​ក្នុង​បរលោក ១។ ធម៌ ១ តើ​ដូច​ម្ដេច។ គឺ​សេចក្ដី​មិន​ប្រមាទ ក្នុង​កុសល​ធម៌​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​ធម៌ ១ ដែល​បុគ្គល​ចំរើន​ហើយ ធ្វើ​ឲ្យ​រឿយ ៗ ហើយ រមែង​បាន​ប្រយោជន៍​ទាំង ២ គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ១ ប្រយោជន៍​ក្នុង​បរលោក ១។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ក្នុង​សូត្រ​នោះ​ថា

បណ្ឌិត​ទាំង​ឡាយ តែង​សរសើរ​សេចក្ដី​មិន​ប្រមាទ​ក្នុង​បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ បណ្ឌិត​មិន​ប្រមាទ​ហើយ រមែង​បាន​ប្រយោជន៍​ទាំង ២ គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ១ ប្រយោជន៍​ក្នុង​បរលោក ១ អ្នក​មាន​ប្រាជ្ញា ព្រោះ​បាន​ប្រយោជន៍​ទាំង ២ ទើប​ហៅ​ថា​ជា​បណ្ឌិត។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៣។

អដ្ឋិបុញ្ជសូត្រ (៤.)


ទ. ២៤

(៤. អដ្ឋិបុញ្ជសុត្តំ)

[២៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បុគ្គល​ម្នាក់​ស្ទុះ​ទៅ អន្ទោល ទៅ អស់​កប្ប បំណែក​ឆ្អឹង ពំនូក​ឆ្អឹង គំនរ​ឆ្អឹង​ជា​ច្រើន បើ​បុគ្គល​ប្រមូល​នាំមក​ដំ​កល់​ទុក (១ កន្លែង) ហើយ​រក្សាទុក មិន​ឲ្យ​វិនាស​ខ្ចាត់​ខ្ចាយ​ទៅ ឆ្អឹង​នឹង​ដូច​ជា​ភ្នំ​វេបុល្ល​នេះ​ដូច្នោះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ស្វែង​រក​គុណ​ដ៏​ធំ ទ្រង់​ត្រាស់​ដូច​នេះ​ថា គំនរ​ឆ្អឹង​បុគ្គល​ម្នាក់​ៗ ក្នុង​មួយ​កប្ប ជា​គំនរ​ប៉ុន​ភ្នំ ឯ​ភ្នំ​នោះ​ឯង ដែល​ព្រះ​សម្មាសម្ពុទ្ធ​ត្រាស់​ថា ភ្នំ​វេបុល្ល ជា​ភ្នំ​ធំ ជា​ភ្នំ​ខ្ពស់​ជាង​ភ្នំ​គិជ្ឈកូដ ក្បែរក្រុង​គិរិព្វជះ គឺ​រាជគ្រឹះ​របស់​ពួក​ជន​អ្នក​ស្រុក​មគធៈ កាល​ណា​បើ​បុគ្គល​ឃើញ​អរិយ​សច្ច​ទាំង​ឡាយ​ដោយ​បញ្ញា​ដ៏​ប្រពៃ គឺ​ទុក្ខ ១ ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ១ ការ​កន្លង​បង់​ទុក្ខ ១ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ ដែល​ជា​ទី​ញុាំង​​សត្វ​ឲ្យ​ទៅ​កាន់​ទី​រលត់​ទុក្ខ ១ លុះ​បុគ្គល​នោះ អន្ទោល​ទៅ​អស់ ៧ ជាតិ ជា​យ៉ាង​ក្រៃលែង នឹង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន ព្រោះ​អស់​សំយោជនៈ​ទាំង​ពួង។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

មុសាវាទសូត្រ (៥.)


ទ. ២៥

(៥. មុសាវាទសុត្តំ)

[២៥] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​បុគ្គល​ដែល​កន្លង​ធម៌ ១ ហើយ តថាគត​មិន​ដែល​ពោល​ថា បុរស​បុគ្គល​នោះ មិន​គប្បី​ធ្វើ​បាប​កម្ម​បន្តិច​បន្តួច ដូច​នេះ​ឡើយ។ ធម៌ ១ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ១ នេះ គឺ​សម្បជាន​មុសាវាទ (ការ​ពោល​ពាក្យ​កុហក​ទាំង​ដឹង​ខ្លួន)។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ក្នុង​សូត្រ​នោះ​ថា

សត្វ​ដែល​កន្លង​ធម៌ ១ គឺ​អ្នក​ពោល​ពាក្យ​កុហក មាន​បរលោក​កន្លង​បង់​ហើយ មិន​គប្បី​ធ្វើ​អំពើ​បាប មិន​មាន​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី៥។

ទានសូត្រ (៦.)

(៦. ទានសុត្តំ)

[២៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពួក​សត្វ​ដឹង​ផល​នៃ​ការ​ចែក​ទាន ដូច​ជា​តថាគត​ដឹង​ដូច្នោះ បើ​មិន​ទាន់​ឲ្យ​ទាន​ទេ ក៏​មិន​ហ៊ាន​បរិភោគ​ឡើយ មួយ​ទៀត មន្ទិល គឺ​សេចក្ដី​កំណាញ់​របស់​សត្វ​ទាំង​នោះ ក៏​មិន​គ្រប​សង្កត់​ចិត្ត​បាន​ឡើយ។ ទោះ​បី​ពំនូក​បាយ​ជា​ដម្បូង ដុំ​បាយ​ជា​ដម្បូង​ឯណា របស់​សត្វ​ទាំង​ឡាយ​នោះ សត្វ​ទាំង​ឡាយ មិន​បាន​រំលែក​អំពី​ពំនូត​បាយ​នោះ ក៏​មិន​បរិភោគ​ឡើយ បើ​សត្វ​ទាំង​នោះ មាន​បដិគ្គាហក​បុគ្គល។ ទ. ២៦ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ដឹង​ផល​នៃ​ការ​ឲ្យ និង​ការ​ចែក​រលែក​យ៉ាង​ណា សត្វ​ទាំង​ឡាយ មិន​ដឹង​យ៉ាង​នោះ​ទេ ព្រោះ​ហេតុ​ណា ហេតុ​នោះ សត្វ​ទាំង​ឡាយ មិន​បាន​ឲ្យ​ទាន​ហើយ ទើប​ហ៊ាន​បរិភោគ មួយ​ទៀត មន្ទិល គឺ​សេចក្ដី​កំណាញ់ ក៏​តែង​គ្រប​សង្កត់​ចិត្ត​សត្វ​ទាំង​ឡាយ​នោះ​។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បើ​សត្វ​ទាំង​ឡាយ គប្បី​ដឹង​ផល នៃ​ការ​ចែក​រលែក ថា​មាន​ផល​ច្រើន ដូច​ព្រះ​ពុទ្ធ​ទ្រង់​ស្វែង​រក​គុណ​ដ៏​ធំ ត្រាស់​ទុក​ហើយ​យ៉ាង​នេះ សត្វ​ទាំង​ឡាយ មាន​ចិត្ត​ជ្រះ​ថ្លា គប្បី​បន្ទោបង់​មន្ទិល គឺ​សេចក្ដី​កំណាញ់​ចេញ ទាន​ដែល​គេ​ឲ្យ​ហើយ ដល់​ព្រះ​អរិយៈ​ទាំង​ឡាយ​ណា រមែង​មាន​ផល​ច្រើន បុគ្គល​ទាំង​ឡាយ គួរ​ឲ្យ​ទាន​ដល់​ព្រះ​អរិយៈ​ទាំង​នោះ ក្នុង​កាល​ដ៏​គួរ មួយ​ទៀត ជន​ច្រើន​នាក់ ឲ្យ​បាយ​ជា​ទក្ខិណា​ទាន ដល់​ទក្ខិណេយ្យ​បុគ្គល​ទាំង​ឡាយ ទាយក​ទាំង​ឡាយ លុះ​ច្យុត​អំពី​អត្តភាព​ជា​មនុស្ស​នេះ​ហើយ រមែង​ទៅ​កាន់​ឋានសួគ៌ ទាយក​ទាំង​នោះ លុះ​ទៅ​កាន់​ឋានសួគ៌ ជា​អ្នក​មាន​ចំណង់​ក្នុង​កាម រមែង​រីករាយ ក្នុង​ស្ថាន​សួគ៌​នោះ សត្វ​ទាំង​ឡាយ មិន​កំណាញ់ រមែង​សោយ​ផល នៃ​ការ​ចែក​រលែក។

ទ. ២៧ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

មេត្តាភាវនាសូត្រ (៧.)

(៧. មេត្តាភាវនាសុត្តំ)

[២៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ ដែល​ឲ្យ​ផល​ក្នុង​បដិសន្ធិ​កាល និង​បវត្តិ​កាល​ឯណា​នី​មួយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត​នៃ​មេត្តាចេតោវិមុត្តិ ដែល​បុគ្គល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង​ឡើយ មេត្តាចេតោវិមុត្តិ តែង​គ្រប​សង្កត់​បុញ្ញ​កិរិយា​វត្ថុ​ទាំង​នោះ ភ្លឺ​ស្វាង​រុងរឿង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ពន្លឺ​ពួក​ផ្កាយ​ឯណា​នី​មួយ ពន្លឺ​ពួក​ផ្កាយ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត​ពន្លឺ​ព្រះ​ចន្រ្ទ ដែល​បុគ្គល​ចែក​ជា​ចំណែក ១៦ ៗ ដង​ឡើយ ពន្លឺ​ព្រះ​ចន្រ្ទ តែង​គ្រប​សង្កត់​ពន្លឺ​ផ្កាយ​ទាំង​អម្បាល​នោះ ភ្លឺ​ស្វាង​រុងរឿង ដូច​ម្ដេច​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ ដែល​ឲ្យ​ផល​ក្នុង​បដិសន្ធិ​កាល និង​បវត្តិ​កាល​ឯណា​នី​មួយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត​នៃ​មេត្តាចេតោវិមុត្តិ ដែល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង មេត្តាចេតោវិមុត្តិ តែង​គ្រប​សង្កត់​បុញ្ញ​កិរិយា​វត្ថុ​ទាំង​នោះ ភ្លឺ​ស្វាង​រុងរឿង ក៏​ដូច្នោះ​ឯង។ ទ. ២៨ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​មេឃ​ដែល​ស្រឡះ ប្រាស​ចាក​ពពក ក្នុង​សរទសម័យ ក្នុង​ខែ​ជា​ខាងចុង​នៃ​រដូវ​ភ្លៀង ព្រះ​អាទិត្យ ក៏​រះ​ត្រដួច​ត្រដឹម​ក្នុង​ពពក កំចាត់​បង់​ងងឹត​ឰដ៏​អាកាស​ទាំង​អស់ ភ្លឺ​ស្វាង​រុងរឿង ដូច​ម្ដេច​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ ដែល​ឲ្យ​ផល​ក្នុង​បដិសន្ធិ​កាល និង​បវត្តិ​កាល​ឯណា​នី​មួយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត នៃ​មេត្តាចេតោវិមុត្តិ ដែល​បុគ្គល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង​ឡើយ មេត្តាចេតោវិមុត្តិ តែង​គ្រប​សង្កត់​បុញ្ញ​កិរិយា​វត្ថុ​ទាំង​នោះ ភ្លឺ​ស្វាង​រុងរឿង ដូច្នោះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ផ្កាយ​ព្រឹក ភ្លឺ​ស្វាង​រុងរឿង ក្នុង​បច្ចូសសម័យ​នៃ​រាត្រី ដូច​ម្ដេច​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​ឡាយ ដែល​ឲ្យ​ផល ក្នុង​បដិសន្ធិ​កាល និង​បវត្តិ​កាល​ឯណា​នី​មួយ បុញ្ញ​កិរិយា​វត្ថុ​ទាំង​អស់​នោះ មិន​ដល់​មួយ​ចំណិត​នៃមេត្តាចេតោវិមុត្តិ ដែល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង​ឡើយ មេត្តាចេតោវិមុត្តិ តែង​គ្រប​សង្កត់​បុញ្ញ​កិរិយា​វត្ថុ​ទាំង​នោះ ភ្លឺ​ស្វាង​រុងរឿង ដូច្នោះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ២៩

បុគ្គល​ណា មានស្មារតី ចំរើន​មេត្តា មិន​មាន​ប្រមាណ បដិឃ​សំយោជនៈ​ទាំង​ឡាយ របស់​បុគ្គល​នោះ អ្នក​ឃើញ​កិរិយា​អស់​ទៅ​នៃ​កិលេស រមែង​ស្ដួចស្ដើង បើ​បុគ្គល​មាន​ចិត្ត​មិន​ប្រទូស្ដ​សត្វ សូម្បី​តែ​សត្វ​មួយ ចំរើន​មេត្តា ជា​បុគ្គល​ឈ្លាសវៃ​ដោយ​មេត្តា​នោះ មួយ​ទៀត ព្រះ​អរិយៈ កាល​អនុគ្រោះ​សត្វ​ទាំង​អស់​ដោយ​ចិត្ត​ហើយ ឈ្មោះ​ថា ធ្វើ​បុណ្យ​ច្រើន ជន​ទាំង​ឡាយ​ណា ឈ្នះ​ផែនដី​ដ៏​ដេរដាស​ទៅ​ដោយ​សត្វ ជន​ទាំង​ឡាយ​នោះ ជា​ធម្មិករាជ ប្រហែល​ដោយ​ឥសី ហើយ​ញុាំង​​ការ​បូជា​ឲ្យ​ប្រព្រឹត្ត​ទៅ (គឺ​ទ្រង់​ឈ្លាសវៃ​ក្នុង​ការ​ទំនុក​បម្រុង​ធញ្ញាហារ គឺ​ស្រែ​ស្រូវ ឲ្យ​សម្បូណ៌​ក្នុង​ព្រះ​រាជអាណាចក្រ ១ ទ្រង់​ឈ្លាសវៃ​ក្នុង​ការ​សង្គ្រោះ​រាជបុរស ១ ទ្រង់​ប្រកប​ឧបាយ​ចងចិត្ត​មនុស្ស​ឲ្យចូល​ចិត្ត ១ ទ្រង់​មាន​ព្រះ​បន្ទូល​ផ្អែមល្ហែម ១ ជា​ហេតុ​ឲ្យ​ស្រុក​ទេស​រាបទាប​សាន្គ​ត្រាណ ​គ្មាន​ចោរ ទាល់​តែ​មិនបាច់​ដាក់​គន្លឹះ ចាក់​សោ​ទ្វារ​ផ្ទះ ១) កា​បូជា​ទាំង​ឡាយ​នោះ មិន​ដល់​មួយ​ចំណិត នៃ​បុគ្គល​អ្នក​ចំរើន​មេត្តា​ចិត្ត ដែល​ចែក​ឲ្យ​ជា​ចំណែក ១៦ ៗ ដង​ឡើយ (ដូច​ពួក​ផ្កាយ​ទាំង​អស់ មិន​ដល់​មួយ​ចំណិត​នៃ​ពន្លឺ​ព្រះ​ចន្ទ្រ) ទ. ៣០បុគ្គល​ណា មិន​សម្លាប់​សត្វ​ដោយ​ខ្លួន​ឯង មិន​ប្រើ​គេ​ឲ្យ​សម្លាប់ មិន​ផ្ចាញ់​ផ្ចាល​ដោយ​ខ្លួន​ឯង មិន​ប្រើ​គេ​ឲ្យ​ផ្ចាញ់​ផ្ចាល ជា​អ្នក​មាន​ចំណែក​នៃ​មេត្តា ក្នុង​សត្វ​ទាំង​ឡាយ​ទាំង​ពួង ពៀរ​មិន​មាន​ដល់​បុគ្គល​នោះ ដោយ​ហេតុ​ណា​នី​មួយ​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

ចប់ តតិយវគ្គ។

ឧទា្ទននៃតតិយវគ្គ​នោះ​គឺ

និយាយ​អំពីចិត្ត ១ ចំរើន​ឈាន ១ ប្រយោជន៍​ទាំង​ពីរ ១ គំនរ​ឆ្អឹង​ដូច​ជា​ភ្នំ​វេបុល្ល ១ សម្បជាន​មុសាវាទ ១ ទាន ១ ការ​ចំរើន​មេត្តា ១ ព្រះ​សូត្រ​ទាំង​ឡាយ ក្នុង​ធម៌​មួយ ៗ គឺ​ព្រះ​សូត្រ (ខាងចុង) ៧ សូត្រ ព្រះ​សូត្រ​ខាង​ដើម ២០ សូត្រ សង្គ្រោះ​ជា​សូត្រ ២៧ សូត្រ។

ចប់ ឯកនិបាត។

ទ. ៣១

 

1)
សុខ​ក្នុង​ទី​នេះ បាន​ដល់​សុខ​ដែល​កើត​អំពី​ឈាន​សមាបត្តិ។
km/tipitaka/sut/kn/iti/sut.kn.iti.v1.txt · ពេលកែចុងក្រោយ: 2023/03/17 10:17 និពន្ឋដោយ Johann