User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.v2

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត »

ទុកនិបាត (២.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti v2 បាលី cs-km: sut.kn.iti.v2 អដ្ឋកថា: sut.kn.iti.v2_att PTS: ?

ទុកនិបាត ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

បឋមវគ្គ (១.)

ឥតិវុត្តកៈ ទុកនិបាត បឋមវគ្គ

ទុក្ខវិហារសូត្រ (១.)

(១. ទុក្ខវិហារសុត្តំ)

[២៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ រមែង​នៅ​ជា​ទុក្ខ ប្រកប​ដោយ​សេចក្ដី​ថ្នាំង​ថ្នាក់ ប្រកប​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់ ប្រកប​ដោយ​សេចក្ដី​ក្រវល់​ក្រវាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ប្រាកដ​ជា​ទៅ​កាន់​ទុគ្គតិ។ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ តើ​ដូច​ម្ដេច។ គឺ​ភាព​ជា​អ្នក​មិន​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ១ ភាពជា​អ្នក​មិន​ដឹង​ប្រមាណ​ក្នុង​ភោជន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ នេះ​ឯង រមែង​នៅជា​ទុក្ខ ប្រកប​ដោយ​សេចក្ដី​ថ្នាំង​ថ្នាក់ ប្រកប​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់ ប្រកប​ដោយ​សេចក្ដី​ក្រវល់​ក្រវាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ប្រាកដ​ជា​ទៅ​កាន់​ទុគ្គតិ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​ណា ក្នុង​សាសនា​នេះ មិន​បាន​គ្រប់​គ្រង​ទ្វារ​អម្បាល​នេះ គឺ​ចក្ខុ ១ សោតៈ ១ ឃានៈ ១ ជិវ្ហា ១ កាយ ១ មនៈ ១ ជា​អ្នក​មិន​ដឹង​ប្រមាណ ក្នុង​ភោជន មិន​សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ភិក្ខុ​នោះ តែង​បាន​នូវ​សេចក្ដី​ទុក្ខ គឺ​ទុក្ខ​ក្នុង​កាយ​ផង ទុក្ខ​ក្នុង​ចិត្ត​ផង ភិក្ខុ​បែប​នោះ មាន​កាយ​ក្តៅ​ក្រហាយ មាន​ចិត្ត​ក្តៅ​ក្រហាយ តែង​នៅ​ជា​ទុក្ខ​ទាំង​ថ្ងៃ​ទាំងយប់​។

ទ. ៣២ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

សុខវិហារសូត្រ (២.)

(២. សុខវិហារសុត្តំ)

[២៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ រមែង​នៅជា​សុខ មិន​ថ្នាំង​ថ្នាក់ មិន​ចង្អៀត​ចង្អល់ មិន​ក្រវល់​ក្រវាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ប្រាកដ​ជា​ទៅ​កាន់​សុគតិ។ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ តើ​ដូច​ម្ដេច។ គឺ​ភាព​ជា​អ្នក​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ១ ភាពជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ នេះ​ឯង រមែង​នៅ​ជា​សុខ មិន​ថ្នាំង​ថ្នាក់ មិន​ចង្អៀត​ចង្អល់ មិន​ក្រវល់​ក្រវាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ប្រាកដ​ជា​ទៅ​កាន់​សុគតិ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​ណា ក្នុង​សាសនា​នេះ បាន​គ្រប់​គ្រង​ទ្វារ​ទាំង​ឡាយ​នេះ​គឺ​ចក្ខុ ១ សោតៈ ១ ឃានៈ ១ ជិវ្ហា ១ កាយ ១ មនៈ ១ ល្អ​ហើយ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ភិក្ខុ​នោះ តែង​បាន​សេចក្ដី​សុខ គឺ​សុខ​ក្នុង​កាយ​ផង សុខ​ក្នុង​ចិត្ត​ផង ភិក្ខុ​បែប​នោះ មាន​កាយ​មិន​ក្តៅ​ក្រហាយ មាន​ចិត្ត​មិន​ក្តៅ​ក្រហាយ រមែង​នៅ​ជា​សុខ​ទាំង​ថ្ងៃ​ទាំង​យប់​។

ទ. ៣៣ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី២។

តបនីយសូត្រ (៣.)

(៣. តបនីយសុត្តំ)

[៣០] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ​ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​នាំ​ឲ្យ​ក្ដៅ​នេះ មាន ២។ ធម៌​នាំ​ឲ្យ​ក្ដៅ ២ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើកុសល មិន​បាន​ធ្វើ​ទី​ពឹង​អាស្រ័យ ធ្វើ​តែ​អំពើ​បាប ធ្វើ​តែ​អំពើ​រឹង​រូស ធ្វើ​តែ​អំពើ​អាក្រក់ បុគ្គល​នោះ តែង​ក្ដៅ​ក្រហាយ​ដោយ​គិត​ថា អាត្មា​អញ មិន​បាន​ធ្វើ​អំពើ​ល្អ​ផង តែង​ក្ដៅ​ក្រហាយ​ដោយ​គិតថា អាត្មា​អញ​ធ្វើ​តែ​អំពើ​អាក្រក់​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​នាំ​ឲ្យ​ក្ដៅ មាន ២ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា ធ្វើ​កាយ​ទុច្ចរិត វចី​ទុច្ចរិត ឬ​ធ្វើ​មនោ​ទុច្ចរិត ឬ​ក៏​អំពើ​ណា​មួយ​ដទៃ​ទៀត ដែល​ប្រកប​ដោយ​ទោស មិន​បាន​ធ្វើ​កុសល​កម្ម ធ្វើ​តែ​អកុសល​ជា​ច្រើន បុគ្គល​អ្នក​ឥត​បញ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​ចូល​ទៅ​កាន់​នរក។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៣។

អតបនីយសូត្រ (៤.)


ទ. ៣៤

(៤. អតបនីយសុត្តំ)

[៣១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​នាំ​មិន​ឲ្យ​ក្ដៅ​ក្រហាយ​នេះ មាន ២។ ធម៌​នាំ​មិន​ឲ្យ​ក្ដៅ​ក្រហាយ ២ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើ​សេចក្ដី​ល្អ​ទុក​ហើយ បាន​ធ្វើ​កុសល​ទុក​ហើយ បាន​ធ្វើ​សេចក្ដី​ពឹង​ពាក់​ទុក​ហើយ មិន​បាន​ធ្វើ​បាប មិន​បាន​ធ្វើ​សេចក្ដី​រឹងរូស មិន​បាន​ធ្វើ​សេចក្ដី​អាក្រក់ បុគ្គល​នោះ តែង​មិន​ក្ដៅ​ក្រហាយ ដោយ​គិតថា អាត្មា​អញ បាន​ធ្វើ​សេចក្ដី​ល្អ​ទុក​ហើយ​ផង តែង​មិន​ក្ដៅ​ក្រហាយ ដោយ​គិតថា អាត្មា​អញ មិន​បាន​ធ្វើ​សេចក្ដី​អាក្រក់​ទុក​ហើយ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​នាំ​មិន​ឲ្យ​ក្ដៅ​ក្រហាយ មាន ២ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា លះ​បង់​កាយ​ទុច្ចរិត វចី​ទុច្ចរិត ឬ​លះ​បង់​មនោ​ទុច្ចរិត ឬ​អំពើ​ណា​មួយ​ដទៃទៀត ដែល​ប្រកប​ដោយ​ទោស មិន​ធ្វើ​អកុសល​កម្ម ធ្វើ​តែ​កុសល​កម្ម​ជា​ច្រើន បុគ្គល​នោះ ជា​អ្នក​ប្រកប​ដោយ​បញ្ញា លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​ចូល​ទៅ​កាន់​ស្ថានសួគ៌។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

បឋមសីលសូត្រ (៥.)


ទ. ៣៥

(៥. បឋមសីលសុត្តំ)

[៣២] ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ២ រមែង​ទៅ​កើត​ក្នុង​នរក ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។ ប្រកប​ដោយ​ធម៌ ២ តើ​ដូច​ម្ដេច។ គឺ​ប្រកប​ដោយ​សីល​លាមក ១ ប្រកប​ដោយ​ទិដ្ឋិ​លាមក ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ២ នេះ​ឯង រមែង​ទៅ​កើត​ក្នុង​នរក ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ជន​ណា ប្រកប​ដោយ​ធម៌ ២ យ៉ាង​នេះ គឺ​ដោយ​សីល​លាមក ១ ដោយ​ទិដ្ឋិ​លាមក ១ ជន​អ្នក​ឥត​បញ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​ចូល​ទៅ​កាន់​នរក។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី៥។

ទុតិយសីលសូត្រ (៦.)


ទ. ៣៦

(៦. ទុតិយសីលសុត្តំ)

[៣៣] ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ២ រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌ ដូច​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក។ ប្រកប​ដោយ​ធម៌ ២ តើ​ដូច​ម្ដេច។ គឺ​ប្រកប​ដោយ​សីល​ចំរើន ១ ប្រកប​ដោយ​ទិដ្ឋិ​ចំរើន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ២ នេះ​ឯង រមែង​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ដូច​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ជន​ណា ប្រកប​ដោយ​ធម៌ ២ នេះ គឺ​ដោយ​សីល​ល្អ ១ ដោយ​ទិដ្ឋិ​ល្អ ១ ជន​អ្នក​ប្រកប​ដោយ​បញ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ចូល​ទៅ​កាន់​ស្ថានសួគ៌។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

អាតាបីសូត្រ (៧.)


ទ. ៣៧

(៧. អាតាបីសុត្តំ)

[៣៤] ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិន​មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស មិន​មាន​សេចក្ដី​ខ្លាច​បាប មិន​គួរ​ដើម្បី​ត្រាស់​ដឹង មិន​គួរ​ដើម្បី​រំលត់ មិន​គួរ​ដើម្បី​បាន​នូវ​ធម៌​ជា​ទី​ក្សេម​ចាក​យោគៈ​ដ៏​ប្រសើរ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​សេចក្ដី​ខ្លាច​បាប ទើប​គួរ​ដើម្បី​ត្រាស់​ដឹង គួរ​ដើម្បី​រំលត់ គួរ​ដើម្បី​បាន​នូវ​ធម៌​ជា​ទី​ក្សេម​ចាក​យោគៈ​ដ៏​ប្រសើរ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​ណា មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​មាន​សេចក្ដី​ខ្លាច​បាប ជា​អ្នក​ខ្ជិល​ច្រអូស មាន​ព្យាយាម​ថោក​ថយ ច្រើន​ដោយ​ថីនមិទ្ធៈ មិន​មាន​សេចក្ដី​អៀនខ្មាស មិន​មាន​សេចក្ដី​អើពើ ភិក្ខុ​នោះ មិន​គួរ​ដើម្បី​បាន​នូវ​សេចក្ដី​ត្រាស់​ដឹង​ដ៏​ឧត្តម​ឡើយ ភិក្ខុ​ណា ជា​អ្នក​មាន​ស្មារតី មាន​បញ្ញា​ជា​គ្រឿង​រក្សាខ្លួន មាន​ឈាន មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​សេចក្ដី​ខ្លាច​បាប មិន​ប្រមាទ ផ្ដាច់​បង់​នូវ​គ្រឿង​ប្រកប​នៃ​ជាតិ​ជរា​បាន ភិក្ខុ​នោះ ទើប​គួរ​ដើម្បី​បាន​នូវ​សេចក្ដី​ត្រាស់​ដឹង​ដ៏​ឧត្តម ក្នុង​លោក​នេះ​។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

បឋមនកុហនសូត្រ (៨.)


ទ. ៣៨

(៨. បឋមនកុហនសុត្តំ)

[៣៥] ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ មិន​មែន​ដើម្បី​កុហក​នូវ​ជន មិន​មែន​ដើម្បី​រួសរាយ​ចំពោះ​ជន មិន​មែន​ដើម្បី​អានិសង្ស គឺ​លាភសក្ការៈ និង​សេចក្ដី​សរសើរ​ទេ មិន​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយ​គិតថា មហាជន​ចូរ​ស្គាល់​នូវ​អាត្មា​អញ​ដូច​នេះ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តាម​ពិត​នោះ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ ដើម្បី​សង្រួម​ផង ដើម្បី​លះ​បង់​ផង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​នោះ ទ្រង់​បាន​សំដែង​នូវ​ព្រហ្មចរិយៈ​ដែល​មិន​អាង​តាម​ពាក្យ​គេ​ថា ទី​ប្រព្រឹត្ត​ទៅ ដើម្បី​ចុះ​ស៊ប់ កាន់​ព្រះ​និព្វាន ដើម្បី​សង្រួម ដើម្បី​លះ​បង់ នេះ​ជា​ផ្លូវ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទាំង​ឡាយ ទ្រង់​មាន​ព្រះ​អធ្យាស្រ័យ​ដ៏​ធំ ស្វែង​រក​នូវ​គុណ​ដ៏​ធំ ទ្រង់​ប្រតិបត្តិ​មក​ហើយ ជន​ទាំង​ឡាយ​ណា ដើរ​តាម​ផ្លូវ​ដែល​ព្រះ​ពុទ្ធ​បាន​សំដែង​ហើយ​នោះ ឈ្មោះ​ថា ធ្វើ​តាម​ពាក្យ​ប្រដៅ​នៃ​ព្រះ​សាស្ដា និង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៨។

ទុតិយនកុហនសូត្រ (៩.)


ទ. ៣៩

(៩. ទុតិយនកុហនសុត្តំ)

[៣៦] ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ មិន​មែន​ដើម្បី​កុហក​នូវ​ជន មិន​មែន​ដើម្បី​រួសរាយ​ចំពោះ​ជន មិន​មែន​ដើម្បី​អានិសង្ស គឺ​លាភសក្ការៈ និង​សេចក្ដី​សរសើរ​ទេ មិន​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយ​គិតថា មហាជន​ចូរ​ស្គាល់​នូវ​អាត្មា​អញ​ដូច​នេះ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តាម​ពិត​នោះ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ ដើម្បី​ដឹង​ផង ដើម្បី​កំណត់​ដឹង​ផង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ព្រះ​មាន​ព្រះ​ភាគ​អង្គ​នោះ ទ្រង់​បាន​សំដែង​ព្រហ្មចរិយៈ ដែល​មិន​អាង​តាម​ពាក្យ​គេ​ថា ទី​ប្រព្រឹត្ត​ទៅ​ដើម្បី​ចុះ​ស៊ប់​កាន់​ព្រះ​និព្វាន ដើម្បី​ដឹង ដើម្បី​កំណត់​ដឹង នេះ​ជា​ផ្លូវ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទាំង​ឡាយ ទ្រង់​មាន​ព្រះ​អធ្យាស្រ័យ​ធំ ស្វែង​រក​នូវ​គុណ​ដ៏​ធំ ទ្រង់​ប្រតិបត្តិ​មក​ហើយ ជន​ទាំង​ឡាយ​ណា ដើរ​តាម​ផ្លូវ​ដែល​ព្រះ​ពុទ្ធ ទ្រង់​សំដែង​ហើយ​នោះ ឈ្មោះ​ថា ធ្វើ​តាម​ពាក្យ​ប្រដៅ​នៃ​ព្រះ​សាស្ដា និង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

សោមនស្សសូត្រ (១០.)


ទ. ៤០

(១០. សោមនស្សសុត្តំ)

[៣៧] ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ រមែង​ច្រើន​ដោយ​សេចក្ដី​សុខ និង​សោមនស្ស ជា​អ្នក​ប្រារព្ធ ដើម្បី​អស់​អាសវៈ​ទាំង​ឡាយ ដោយ​ឧបាយ​នៃ​បញ្ញា​ក្នុង​បច្ចុប្បន្ន។ ប្រកប​ដោយ​ធម៌ ២ តើ​ដូច​ម្ដេច។ គឺ​ប្រកប​ដោយ​សេចក្ដី​សំវេគ ក្នុង​ទី​ទាំង​ឡាយ ​ដែល​ជា​ទីតាំង​នៃ​សេចក្ដី​សំវេគ ១ ប្រកប​ដោយ​សេចក្ដី​ព្យាយាម ដោយ​ឧបាយ​នៃ​សេចក្ដី​សំវេគ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ នេះ​ឯង រមែង​ច្រើន​ដោយ​សេចក្ដី​សុខ និង​សោមនស្ស ជា​អ្នក​ប្រារព្ធ ដើម្បី​អស់​អាសវៈ​ទាំង​ឡាយ ដោយ​ឧបាយ​នៃ​បញ្ញា​ក្នុង​បច្ចុប្បន្ន។

លុះ​ព្រះ​មាន​ព្រះ​ភាគ សំដែង​សេចក្ដី​នេះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​ជា​បណ្ឌិត មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​បញ្ញា​ជា​គ្រឿង​រក្សា​ខ្លួន គប្បី​សំវេគ​ក្នុង​ទី​ជា​ទី​តាំង​នៃ​សេចក្ដី​សំវេគ​ទាំង​ឡាយ គប្បី​ពិចារណា​ដោយ​បញ្ញា ភិក្ខុ​មាន​ធម៌​ជា​គ្រឿង​នៅ​យ៉ាង​នេះ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស ប្រព្រឹត្ត​ស្ងប់ មិន​រាយមាយ ប្រកប​រឿយ ៗ នូវ​ចេតោសមថៈ​ហើយ គប្បី​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ បឋមវគ្គ។ ទ. ៤១ ឧទ្ទាននៃបឋមវគ្គ​នោះ​គឺ

និយាយ​អំពី​ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ មាន ២ លើក ធម៌​ដុត​កំដៅ ១ ធម៌​មិន​បាន​ដុត​កំដៅ ១ ប្រយោជន៍​ក្នុង​បរលោក មាន ២ លើក ភិក្ខុ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស​ ១ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ មិន​មែន​ដើម្បី​កុហក មាន ២ លើក ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ យ៉ាង រមែង​មាន​សេចក្ដី​សុខ និង​សោមនស្ស ១ ទាំង​អម្បាល​នោះ ត្រូវជា ១០។

ទ. ៤២

ទុតិយវគ្គ (២.)

ឥតិវុត្តកៈ ទុកនិបាត ទុតិយវគ្គ

វិតក្កសូត្រ (១.)

(១. វិតក្កសុត្តំ)

[៣៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វិតក្កៈ​មាន ២ យ៉ាង​គឺ​ខេមវិតក្កៈ (វិតក្កៈ​ប្រកប​ដោយ​ករុណា​ជា​ដើម) ១ វិវេកវិតក្កៈ (វិតក្កៈ​ប្រកប​ដោយ​វិវេក) ១ តែង​ផុសផុល​ឡើងជា​ច្រើន ចំពោះ​ព្រះ​តថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​តថាគត ជា​អ្នក​រីករាយ​ក្នុង​សេចក្ដី​មិន​ព្យាបាទ ត្រេកអរ​ហើយ​ក្នុង​សេចក្ដី​មិន​ព្យាបាទ ម្នាល​ភិក្ខុ​ទាំង​ឡាយ វិតក្កៈ​នេះ​ឯង តែង​ផុសផុល​ឡើងជា​ច្រើន ចំពោះ​ព្រះ​តថាគត​នោះ ដែល​ជា​អ្នក​រីករាយ ក្នុង​សេចក្ដី​មិន​ព្យាបាទ ត្រេកអរ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ថា តថាគត​មិន​បាន​បៀត​បៀន​សត្វ​ណា​មួយ ដែល​នៅ​តក់​ស្លុត ឬ​ដែល​នឹង​ធឹង ដោយ​សេចក្ដី​ប្រព្រឹត្តិ (កាយ​ប្រយោគ ឬ​វចីប្រយោគ) នេះ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ជា​អ្នក​រីករាយ​ក្នុង​វិវេក ត្រេកអរ​ក្នុង​វិវេក ម្នាល​ភិក្ខុ​ទាំង​ឡាយ វិតក្កៈ​នេះ​ឯង តែង​ផុសផុល​ឡើង​ជា​ច្រើន ចំពោះ​ព្រះ​តថាគត​នោះ ដែល​ជា​អ្នក​រីករាយ ក្នុង​វិវេក ត្រេកអរ​ក្នុង​វិវេក​ថា អកុសល​នោះ តថាគត​បាន​លះ​អស់​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ក្នុង​សាសនា​នេះ អ្នក​ទាំង​ឡាយ គួរ​រីករាយ​ក្នុង​សេចក្ដី​មិន​ព្យាបាទ ត្រេកអរ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ចុះ ម្នាល​ភិក្ខុ​ទាំង​ឡាយ វិតក្កៈ​នេះ​ឯង នឹង​ផុសផុល​ឡើង​ជា​ច្រើន ចំពោះ​អ្នក​ទាំង​ឡាយ​នោះ ដែល​រីករាយ​ក្នុង​សេចក្ដី​មិន​ព្យាបាទ ត្រេកអរ​ក្នុង​សេចក្ដី​មិន​ព្យាបាទ​ថាទ. ៤៣ យើង​ទាំង​ឡាយ មិន​បៀត​បៀន​សត្វ​ណា​មួយ ដែល​តក់​ស្លុត ឬ​ដែល​នឹង​ធឹង​ដោយ​សេចក្ដី​ប្រព្រឹត្តិ​នេះ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​រីករាយ​ក្នុង​វិវេក ចូរ​ត្រេកអរ​ក្នុង​វិវេក​ចុះ ម្នាល​ភិក្ខុ​ទាំង​ឡាយ វិតក្កៈ​នេះ​ឯង នឹង​ផុសផុល​ឡើង​ជា​ច្រើន ចំពោះ​អ្នក​ទាំង​ឡាយ​នោះ ដែល​រីក​រាយក្នុង​វិវេក ត្រេកអរ​ក្នុង​វិវេក​ថា អ្វី​ជា​អកុសល អ្វី​ដែល​យើង​មិន​ទាន់​លះ​បង់ យើង​លះ​បង់​អ្វី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

វិតក្កៈ ២ យ៉ាង គឺ​ខេមវិតក្កៈ​ទី ១ ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ហើយ ត​អំពី​នោះ វិវេកវិតក្កៈ​ទី ២ ដែល​ព្រះ​អង្គ​ទ្រង់​ប្រកាស​ហើយ តែង​ផុសផុល​ឡើង ចំពោះ​ព្រះ​តថាគត ជា​ព្រះ​ពុទ្ធ ដែល​បុគ្គល​ដទៃ​គ្រប​សង្កត់​មិន​បាន។ តថាគត ហៅ​បុគ្គល​អ្នក​បន្ទោបង់​នូវ​ងងឹត ដល់​នូវ​ត្រើយ ស្វែង​រក​នូវ​គុណ​ដ៏​ធំ ដល់​នូវ​សេចក្ដី​ត្រាស់​ដឹង ស្ទាត់ (ក្នុង​ឈាន) មិន​មាន​អាសវៈ ឆ្លង​នូវ​ពិស គឺ​កិលេស រួច​ស្រឡះ​ហើយ ព្រោះ​ការ​អស់​តណ្ហា​នោះ​ឯង ថា​ជា​អ្នក​ប្រាជ្ញ ទ្រទ្រង់​នូវ​កាយ​ជា​ទី​បំផុត កំចាត់​បង់​នូវ​មារ ដល់​នូវ​ត្រើយ​នៃ​ជរា។ ទ. ៤៤បុគ្គល​ឈ​រលើ​កំពូល​ភ្នំ ជា​វិការៈ​នៃ​ថ្ម​សុទ្ធ គប្បី​ឃើញ​នូវ​ប្រជុំជន​ដោយ​ជុំវិញ មាន​ឧបមា​ដូច​ម្ដេច​មិញ លោកអ្នក​មាន​បញ្ញា​ល្អ មាន​ចក្ខុ​ជុំវិញ មាន​សេចក្ដី​សោក​ទៅ​ប្រាស​ហើយ គប្បី​ឡើង​កាន់​ប្រាសាទ ជា​វិការៈ​នៃ​ធម៌ រមែង​ឃើញ​នូវ​ប្រជុំជន ដែល​មាន​សេចក្ដី​សោក​មិន​ទាន់​ឆ្លង​ហើយ មាន​ជាតិ និង​ជរា​គ្រប​សង្កត់​ហើយ ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

ទេសនាសូត្រ (២.)

(២. ទេសនាសុត្តំ)

[៣៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​ធម៌​ទេសនា របស់​ព្រះ​តថាគត អរហន្ត​សម្មាសម្ពុទ្ធ មាន ២ យ៉ាង ដោយ​បរិយាយ។ ធម៌ ទេសនា ២ យ៉ាង តើ​ដូច​ម្ដេច។ គឺ​អ្នក​ទាំង​ឡាយ ចូរ​ឃើញ​នូវ​បាប ថា​ជា​បាប នេះ​ជា​ធម៌​ទេសនា​ទី ១ លុះ​អ្នក​ទាំង​ឡាយ ឃើញ​នូវ​បាប ថា​ជា​បាប​ហើយ ចូរ​នឿយ​ណាយ ចូរជិនឆ្អន់ ចូរ​ផុត​ស្រឡះ​ចាក​បាប​នោះ នេះ​ឯង​ជា​ធម៌​ទេសនា​ទី ២។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទេសនា​របស់​ព្រះ​តថាគត អរហន្ត​សម្មាសម្ពុទ្ធ មាន ២ យ៉ាង​នេះ​ឯង ដោយ​បរិយាយ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៤៥

អ្នក​ចូរ​ឃើញ​នូវ​ព្រះ​វាចា ដោយ​បរិយាយ​នៃ​ព្រះ​តថាគត ជា​ព្រះ​ពុទ្ធ ដែល​ទ្រង់​មាន​សេចក្ដី​អនុគ្រោះ ដល់​សព្វ​សត្វ​ផង នូវ​ធម៌​ទេសនា ២ យ៉ាង ដែល​ព្រះ​តថាគត ប្រកាស​ហើយ​ផង អ្នក​ទាំង​ឡាយ ជា​អ្នក​ឈ្លាស ចូរ​ឃើញ​នូវ​អំពើ​បាប អ្នក​ទាំង​ឡាយ ចូរ​លះ​បង់​នូវ​បាប​ក្នុង​បាប​នោះ ត​អំពី​នោះ​ទៅ ចូរ​អ្នក​ទាំង​ឡាយ មាន​ចិត្ត​ប្រាស​ចាក​សេចក្ដី​ត្រេកអរ​ហើយ និង​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

វិជ្ជា​សូត្រ (៣.)

(៣. វិជ្ជាសុត្តំ)

[៤០]​ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អវិជ្ជា ជា​ប្រធាន ដើម្បី​ជួប​ប្រទះ​នូវ​អកុសល​ធម៌​ទាំង​ឡាយ អហិរិកៈ និង​អនោត្តប្បៈ កើត​តាម​ក្រោយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​ឯ​វិជ្ជា ជា​ប្រធាន ដើម្បី​ជួប​ប្រទះ​នូវ​កុសល​ធម៌​ទាំង​ឡាយ ហិរិ និង​ឱត្តប្បៈ កើត​តាម​ក្រោយ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៤៦

ទុគ្គតិ​ទាំង​ឡាយ​ណា​នី​មួយ ទាំង​ក្នុង​លោក​នេះ ទាំង​ក្នុង​បរលោក ទុគ្គតិ​ទាំង​អស់​នោះ មាន​អវិជ្ជា​ជា​ឫស មាន​សេចក្ដី​ប្រាថ្នា និង​សេចក្ដី​លោភ ជា​គ្រឿង​ដុះ​ដាល​ឡើង បុគ្គល​មាន​សេចក្ដី​ប្រាថ្នា​លាមក មាន​សេចក្ដី​មិន​ខ្មាស​បាប ទាំង​មាន​សេចក្ដី​មិន​អើពើ ក្នុង​កាល​ណា​ហើយ តែង​ទទួល​នូវ​ផល​បាប ទៅ​កាន់​អបាយ ព្រោះ​បាប​នោះ ក្នុង​កាលនោះ​។ ព្រោះ​ហេតុ​នោះ ភិក្ខុ​គប្បី​ញុាំង​​ឆន្ទៈ លោភៈ និង​អវិជ្ជា ឲ្យ​វិនាស​ទៅ​ផង ញុាំង​​វិជ្ជា​ឲ្យ​កើត​ឡើង​ផង ទើប​លះ​បង់​នូវ​ទុគ្គតិ​ទាំង​ពួង​បាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៣។

បញ្ញាបរិហីនសូត្រ (៤.)

(៤. បញ្ញាបរិហីនសុត្តំ)

[៤១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ​ណា សាបសូន្យ​ចាក​បញ្ញា​ដ៏​ប្រសើរ​ហើយ សត្វ​ទាំង​ឡាយ​នោះ ឈ្មោះ​ថា សាបសូន្យ​អស់​រលីង សត្វ​ទាំង​ឡាយ​នោះ រមែង​នៅជា​ទុក្ខ ប្រកប​ដោយ​សេចក្ដី​ថ្នាំង​ថ្នាក់ ប្រកប​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់ ប្រកប​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ប្រាកដ​ជា​ទៅ​កាន់​ទុគ្គតិ។ ទ. ៤៧ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ​ណា មិន​សាបសូន្យ​ចាក​បញ្ញា​ដ៏​ប្រសើរ​ហើយ សត្វ​ទាំង​ឡាយ​នោះ ឈ្មោះ​ថា​មិន​សាបសូន្យ សត្វ​ទាំង​ឡាយ​នោះ តែង​នៅ​ជា​សុខ មិន​ប្រកប​ដោយ​សេចក្ដី​ថ្នាំង​ថ្នាក់ មិន​ប្រកប​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់ មិន​ប្រកប​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ប្រាកដ​ជា​ទៅ​កាន់​សុគតិ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

អ្នក​ចូរ​មើល​នូវ​សត្វ​លោក ព្រម​ទាំង​ទេវលោក ដែល​ជាប់​នៅ​ក្នុងនាម និង​រូប រមែង​សំគាល់​ថា នេះ​ជា​របស់​ពិត ព្រោះ​សាប​សូន្យ​ចាក​បញ្ញា​ដ៏​ប្រសើរ។ បញ្ញា​ជា​គ្រឿង​ប្រព្រឹត្ត​ទៅ​ដើម្បី​ចាក់​ធ្លុះ​នេះ​ឯង ប្រសើរ​បំផុត​ក្នុង​លោក ព្រោះ​បញ្ញា​នោះ ដឹង​ច្បាស់​នូវ​កិរិយា​អស់​ជាតិ និង​ភព ដោយ​ប្រពៃ ទេវតា និង​មនុស្ស​ទាំង​ឡាយ តែង​ស្រឡាញ់​នូវ​ព្រះ​សម្ពុទ្ធ​ទាំង​ឡាយ​នោះ ដែល​មានស្មារតី មាន​បញ្ញា​ជា​គ្រឿង​រីករាយ ទ្រទ្រង់​នូវ​រាង​កាយ​ជា​ទី​បំផុត។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

សុក្កធម្មសូត្រ (៥.)


ទ. ៤៨

(៥. សុក្កធម្មសុត្តំ)

[៤២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ស ២ នេះ តែង​រក្សា​នូវ​លោក។ ធម៌ស ២ តើ​ដូច​ម្ដេច។ គឺ​ហិរិ ១ ឱត្តប្បៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ធម៌ស ២ នេះ មិន​គប្បី​រក្សា​នូវ​លោក​ទេ ពាក្យ​ថា មាតា​ក្ដី ម្ដាយមីង​ក្ដី ម្ដាយធំ​ក្ដី ប្រពន្ធ​របស់​អាចារ្យ​ក្ដី ប្រពន្ធ​របស់​គ្រូ​ក្ដី មិន​ប្រាកដ ក្នុង​លោក​នេះ​បាន​ឡើយ លោក​នឹង​ដល់​នូវ​ការ​ច្របូក​ច្របល់​គ្នា ដូច​ជា​សត្វ​ពពែ កែះ មាន់ ជ្រូក ឆ្កែ និង​ចចក​ដូច្នោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​តែ​ធម៌ស ២ នេះ តែង​រក្សា​នូវ​លោក បាន​ជា​ពាក្យ​ថា មាតា​ក្ដី ម្ដាយមីង​ក្ដី ម្ដាយធំ​ក្ដី ប្រពន្ធ​របស់​អាចារ្យ​ក្ដី ប្រពន្ធ​របស់​គ្រូ​ក្ដី ទើប​ប្រាកដ​បាន។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បើ​ហិរិ និង​ឱត្តប្បៈ មិន​មាន​ដល់​សត្វ​ទាំង​ឡាយ​ណា​សព្វកាល​ទេ សត្វ​ទាំង​ឡាយ​នោះ ជា​អ្នក​ឃ្លាតចាក​ឫសគល់​នៃ​ធម៌ស មាន​ដំណើរ​ទៅ​កាន់​ជាតិ និង​មរណៈ។ ចំណែក​សត្វ​ទាំង​ឡាយ​ណា ដំ​កល់​ទុក​នូវ​ហិរិ និង​ឱត្តប្បៈ​ដោយ​ប្រពៃ​សព្វកាល សត្វ​ទាំង​ឡាយ​នោះ ជា​អ្នក​មាន​ព្រហ្មចរិយៈ​ចំរើន​ហើយ ជា​អ្នក​ស្ងប់ អស់​ភព​តទៅទៀត​ហើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៥។

អជាតសូត្រ (៦.)


ទ. ៤៩

(៦. អជាតសុត្តំ)

[៤៣] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាតិ​ដែល​មិន​កើត មិន​មាន មិន​បាន​ធ្វើ ដែល​បច្ច័យ​មិន​តាក់​តែង​ហើយ តែង​មាន ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ធម្មជាត​ដែល​មិន​កើត មិន​មាន មិន​ធ្វើ ដែល​បច្ច័យ​មិន​តាក់​តែង នឹង​មិន​បាន​មាន​ហើយ ការ​រលាស់​ចេញ​ចាក​ធម្មជាត ដែល​កើត ដែល​មាន ដែល​បាន​ធ្វើ ដែល​បច្ច័យ​តាក់​តែង ក៏​រមែង​មិន​ប្រាកដ​ក្នុង​លោក​នេះ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​តែ​ធម្មជាត ដែល​មិន​កើត មិន​មាន មិន​បាន​ធ្វើ ដែល​បច្ច័យ​មិន​តាក់​តែង​ហើយ តែង​មាន បាន​ជា​ការ​រលាស់​ចេញ​ចាក​ធម្មជាត ដែល​កើត ដែល​មាន ដែល​បាន​ធ្វើ ដែល​បច្ច័យ​តាក់​តែង​ហើយ ទើប​ប្រាកដ​ឡើង​បាន។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​មិន​គួរ​ត្រេកអរ​នឹង​កាយ​នោះ ដែល​កើត ដែល​មាន ដែល​កើត​ព្រម ដែល​បាន​ធ្វើ ដែល​បច្ច័យ​តាក់​តែង​ហើយ ជា​របស់​មិន​ទៀង ជា​របស់​ដែល​ជរា និង​មរណៈ​តាក់​តែង​ហើយ ជា​ទី​នៅ​នៃ​រោគ ជា​របស់​ពុករលួយ មាន​អាហារ និង​តណ្ហា​ជា​ប្រភព (ជា​ដែន​កើត) ទ. ៥០ឯ​ព្រះ​និព្វាន ជា​គ្រឿង​រលាស់​ចេញ​នូវ​កាយ​នោះ ទើប​ជា​របស់​ស្ងប់ មិន​ជា​របស់​ប្រព្រឹត្ត​ទៅ​តាម​សេចក្ដី​ត្រិះ​រិះ ជា​របស់​ទៀង ជា​របស់​មិន​កើត មិន​កើត​ព្រម មិន​មាន​សោក ប្រាស​ចាក​សេចក្ដី​ត្រេកអរ ការ​រលត់​នូវ​ហេតុ​នៃ​ទុក្ខ​ទាំង​ឡាយ ការ​រម្ងាប់​នូវ​សង្ខារ ជា​គុណ​នាំមក​នូវ​សេចក្ដី​សុខ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

និព្វាន​ធាតុសូត្រ (៧.)

(៧. និព្វានធាតុសុត្តំ)

[៤៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ និព្វាន​ធាតុ​នេះ មាន ២។ និព្វាន​ធាតុ ២ តើ​ដូច​ម្ដេច។ គឺ​ស​ឧបាទិសេស​និព្វាន​ធាតុ ១ អនុបាទិសេស​និព្វាន​ធាតុ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ស​ឧបាទិសេស​និព្វាន​ធាតុ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អរហន្ត​ខីណា​ស្រព មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​រួច​ហើយ មាន​សោឡស​កិច្ច បាន​ធ្វើ​ស្រេច​ហើយ មានភារៈ​ដាក់​ចុះ​ហើយ មាន​ប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ ដោយ​លំដាប់ មាន​សំយោជនៈ ក្នុង​ភព​អស់​ហើយ ផុត​ស្រឡះ​ហើយ ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ ប៉ុន្តែ​ឥន្ទ្រិយ​ទាំង ៥ របស់​អរហន្ត​ខីណា​ស្រព​នោះ តាំង​នៅ​ដដែល អរហន្ត​ខីណា​ស្រព​នោះ នៅ​សោយ​អារម្មណ៍ ដែល​ពេញ​ចិត្ត និង​មិន​ពេញចិត្ត សោយសុខ និង​ទុក្ខ ព្រោះ​ឥន្ទ្រិយ​ទាំង ៥ នោះ មិន​មាន​សេចក្ដី​ថ្នាំង​ថ្នាក់​ទេ។ ទ. ៥១ការ​អស់​រាគៈ អស់​ទោសៈ អស់​មោហៈ​ណា របស់​ព្រះ​អរហន្ត​នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ស​ឧបាទិសេស​និព្វាន​ធាតុ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អនុបាទិសេស​និព្វាន​ធាតុ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អរហន្ត​ខីណា​ស្រព មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​រួចហើយ មាន​សោឡស​កិច្ច ធ្វើ​ស្រេច​ហើយ មានភារៈ​ដាក់​ចុះ​ហើយ មាន​ប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ដោយ​លំដាប់ មាន​សំយោជនៈ​ក្នុង​ភព​អស់​ហើយ ផុត​ស្រឡះ​ហើយ ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​សោយ​នូវ​អារម្មណ៍​ទាំង​ពួង មាន​សុខវេទនា​ជា​ដើម ការ​មិន​ត្រេកអរ ដោយ​កិលេស មាន​តណ្ហា​ជា​ដើម របស់​ព្រះ​អរហន្ត​នោះ និង​ស្ងប់​រម្ងាប់ ឥត​កម្រើក ក្នុង​អត្តភាព​នេះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា អនុបាទិសេស​និព្វាន​ធាតុ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ និព្វាន​ធាតុ​មាន ២ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

និព្វាន​ធាតុ ២ នេះ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​មាន​ចក្ខុ ព្រះ​អង្គ​មិន​អាស្រ័យ (ដោយ​តណ្ហា និង​ទិដ្ឋិ) មិន​ញាប់​ញ័រ (ដោយ​លោកធម៌) ទ្រង់​ប្រកាស​ហើយ​ថា ធាតុ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន​នេះ ជា​ទី​អស់​ទៅ​នៃ​តណ្ហា​ក្នុង​ភព ជា​សឧបាទិសេសៈ ចំណែក​ធាតុ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរលោក រលត់​ភព​ទាំង​ឡាយ​ដោយ​សព្វ​គ្រប់ ជា​អនុបាទិសេសៈ។ ទ. ៥២អរហន្ត​ទាំង​ឡាយ​ណា មាន​ចិត្ត​ផុត​ស្រឡះ​ហើយ អស់​តណ្ហា​ក្នុង​ភព​ហើយ ព្រោះ​ដឹង​ព្រះ​និព្វាន​នេះ ដែល​បច្ច័យ​មិន​តាក់​តែង​ហើយ អរហន្ត​ទាំង​នោះ ត្រេកអរ​ក្នុង​ការ​អស់​ទៅ ព្រោះ​បាន​ធម៌​មាន​ខ្លឹម អរហន្ត​ទាំង​នោះ មិន​បាន​ញាប់​ញ័រ ដោយ​លោកធម៌ បាន​លះ​បង់​នូវ​ភព​ទាំង​អស់​ហើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

បដិសល្លានសូត្រ (៨.)

(៨. បដិសល្លានសុត្តំ)

[៤៥] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​រីករាយ​ក្នុង​ទីស្ងាត់ ត្រេកអរ​ក្នុង​ទីស្ងាត់ ប្រកប​រឿយៗ​នូវ​ចេតោសមថៈ​ក្នុង​ខាង​ក្នុង កុំ​សាបសូន្យ​ចាក​ឈាន ប្រកប​ព្រមដោយ​វិបស្សនា ចំរើន​សុញ្ញាគារ​ស្ថាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ រីករាយ​ក្នុង​ទី​ស្ងាត់ ត្រេកអរ​ក្នុង​ទីស្ងាត់ ប្រកប​រឿយៗ​នូវ​ចេតោសមថៈ​ក្នុង​ខាង​ក្នុង មិន​សាប​សូន្យ​ចាក​ឈាន ប្រកប​ដោយ​វិបស្សនា ចំរើន​សុញ្ញាគារ​ស្ថាន​ហើយ បណ្ដា​ផល​ទាំង​ឡាយ​ពីរ ផល​ណា​មួយ គង់​នឹង​បាន​ប្រាកដ គឺ​បាន​សម្រេច​អរហត្ត ក្នុង​បច្ចុប្បន្ន ពុំនោះ​សោត បើ​មាន​ឧបាទានក្ខន្ធ​សេស​សល់​នៅ ក៏​គង់​បានសម្រេច​ភាពជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៥៣

ជន​ទាំង​ឡាយ​ណា ជា​អ្នក​មាន​ចិត្តស្ងប់ មាន​បញ្ញា មានស្មារតី មាន​ឈាន ពិចារណា​ឃើញ​ធម៌​ដោយ​ប្រពៃ មិន​មាន​សេចក្ដី​អាល័យ​ក្នុង​កាម​ទាំង​ឡាយ ត្រេកអរ​ក្នុង​សេចក្ដី​មិន​ប្រមាទ ជា​អ្នក​ស្ងប់​រម្ងាប់ ឃើញ​ភ័យ​ក្នុង​សេចក្ដី​ប្រមាទ ជន​ទាំង​ឡាយ​នោះ មិន​គួរ​ដើម្បី​នឹង​សាបសូន្យ (ឋិត​នៅ) ក្នុង​ទី​ជិត​នៃ​ព្រះ​និព្វាន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៨។

សិក្ខានិសំសសូត្រ (៩.)

(៩. សិក្ខានិសំសសុត្តំ)

[៤៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​មាន​សិក្ខា​ជា​អានិសង្ស មាន​បញ្ញា​ជា​កំពូល មាន​វិមុត្តិ​ជា​ខ្លឹម មាន​សតិ​ជា​អធិបតី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ មាន​សិក្ខា​ជា​អានិសង្ស មាន​បញ្ញា​ជាកំពូល មាន​វិមុត្តិ​ជា​ខ្លឹម មាន​សតិ ជា​អធិបតី​ហើយ បណ្ដា​ផល​ទាំង​ឡាយ​ពីរ ផល​ណា​មួយ គង់​នឹង​បាន​ប្រាកដ គឺ​បាន​សម្រេច​អរហត្ត​ក្នុង​បច្ចុប្បន្ន ពុំនោះ​សោត បើ​មាន​ឧបាទានក្ខន្ធ​សេស​សល់​នៅ ក៏​គង់​បាន​សម្រេច​ភាពជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៥៤

តថាគត​ហៅ​នូវ​បុគ្គល ដែល​មាន​ការ​សិក្សា​បរិបូណ៌ មាន​ធម៌​មិន​បាន​លះ​បង់ មាន​បញ្ញា​ដ៏​ឧត្តម បាន​ឃើញ​ព្រះ​និព្វាន ជា​ទី​អស់​ទៅ​នៃ​ជាតិ​នោះ​ឯង ថា​ជា​មុនី ទ្រទ្រង់​នូវ​រាង​កាយ ជា​ទី​បំផុត កំចាត់​បង់​មារ (មាន​កិលេសមារ​ជា​ដើម) បាន​ដល់​ត្រើយ​នៃ​ជរា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ អ្នក​ទាំង​ឡាយ ចូរ​ត្រេកអរ​ក្នុង​ឈាន មាន​ចិត្ត​ដំ​កល់​មាំ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​កិលេស ឃើញ​ព្រះ​និព្វាន​ជា​ទី​អស់​ទៅ​នៃ​ជាតិ គ្រប​សង្កត់​នូវ​មារ ព្រម​ទាំង​សេនា​សព្វកាល ដល់​ត្រើយ​នៃ​ជាតិ និង​មរណៈ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

ជាគរិយសូត្រ (១០.)

(១០. ជាគរិយសុត្តំ)

[៤៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​គប្បី​ជា​អ្នក​ភ្ញាក់​រឭក មាន​សតិ មាន​សម្បជញ្ញៈ មាន​ចិត្ត​ដំ​កល់​មាំ មាន​ចិត្ត​ទន់ មាន​សេចក្ដី​ជ្រះ​ថ្លា មាន​ការ​ឃើញ​ក្នុង​កាល​គួរ ក្នុង​កុសល​ធម៌​ទាំង​នោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​ជា​អ្នក​ភ្ញាក់​រឭក មាន​សតិ មាន​សម្បជញ្ញៈ មាន​ចិត្ត​ដំ​កល់​មាំ មាន​ចិត្ត​ទន់ មាន​សេចក្ដី​ជ្រះ​ថ្លា មាន​ការ​ឃើញ​ក្នុង​កាល​គួរ ក្នុង​កុសល​ធម៌​ទាំង​នោះ​ហើយ បណ្ដា​ផល​ទាំង​ឡាយ​ពីរ ផល​ណា​មួយ គង់​បាន​ប្រាកដ​គឺ​បានសម្រេចទ. ៥៥​អរហត្ត​ ក្នុង​បច្ចុប្បន្ន ពុំនោះ​សោត បើ​មាន​ឧបាទានក្ខន្ធ​សេស​សល់​នៅ ក៏​គង់​បានសម្រេច​ភាពជា​អនាគាមី។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

អ្នក​ទាំង​ឡាយ ចូរ​ភ្ញាក់​រឭក​ឡើង ចាំ​ស្ដាប់​ពាក្យ​នុ៎ះ ជន​ទាំង​ឡាយ​ណា ជា​អ្នក​ដេក​លក់​ហើយ ជន​ទាំង​ឡាយ​នោះ ចូរ​ភ្ញាក់​ឡើង កិរិយា​ភ្ញាក់​ចាក​ការ​លក់ ជា​ការ​ប្រសើរ ព្រោះ​ភ័យ​មិន​មាន​ដល់​បុគ្គល​អ្នក​ភ្ញាក់​ឡើយ។ បុគ្គល​ណា ជា​អ្នក​ភ្ញាក់​រឭក មាន​សតិ មាន​សម្បជញ្ញៈ មាន​ចិត្ត​ដំ​កល់​មាំ មាន​ចិត្ត​ទន់ មាន​ចិត្ត​ជ្រះ​ថ្លា បុគ្គល​នោះ កាលពិចារណា​ឃើញ​ធម៌​ដ៏​ប្រពៃ តាមកាល​គួរ​ហើយ បុគ្គល​នោះ ជា​បុគ្គល​ប្រសើរឯក កំចាត់​បង់​នូវ​ងងឹត គឺ​អវិជ្ជា​បាន។ ព្រោះ​ហេតុ​នោះ អ្នក​ទាំង​ឡាយ គួរ​សេពគប់​នូវ​ជាគរិយធម៌ ភិក្ខុ​អ្នក​មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​បញ្ញា បាន​ឈាន ផ្ដាច់​បង់​នូវ​សំយោជនៈ​នៃ​ជាតិ និង​ជរា​ហើយ រមែង​បាន​សម្ពោធិញ្ញាណ​ដ៏​ប្រសើ​ក្នុង​លោក​នេះ​ឯង។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

អាបាយិកសូត្រ (១១.)


ទ. ៥៦

(១១. អាបាយិកសុត្តំ)

[៤៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ២ ពួក​នេះ បើ​មិន​ទាន់​លះ​បង់ នូវ​បាប​សមាចារៈ​នេះ​ទេ មុខជា​នឹង​ទៅ​កើត​ក្នុង​អបាយ កើត​ក្នុង​នរក​មិនខាន។ បុគ្គល ២ ពួក តើ​ដូច​ម្ដេច។ គឺ​បុគ្គល​ដែល​មិន​មែន​ជា​ព្រហ្មចារី ហើយ​ប្ដេជ្ញា​ខ្លួន​ជា​ព្រហ្មចារី ១ បុគ្គល​ដែល​កំចាត់​បង់​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ដ៏​បរិសុទ្ធ​បរិបូណ៌ ដោយ​អព្រហ្មចរិយធម៌ មិន​មាន​មូល ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ២ ពួក​នេះ​ឯង បើ​មិន​លះ​បង់​នូវ​បាប​សមាចារៈ​នេះ​ទេ មុខជា​នឹង​ទៅ​កើត​ក្នុង​អបាយ កើត​ក្នុង​នរក​មិនខាន។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​អ្នក​និយាយ​កុហក និង​បុគ្គល​ដែល​ធ្វើ​បាប ហើយ​ពោល​ថា​ខ្ញុំ​មិន​ធ្វើ​ទេ រមែង​ទៅ​កើត​ក្នុង​នរក បុគ្គល​ទាំង ២ ពួក​នោះ ជា​សត្វ​មាន​កម្ម​លាមក លះ​លោក​នេះ​ហើយ រមែង​មាន​ទោស​ស្មើ​គ្នា​ក្នុង​បរលោក។ បុគ្គល​ទាំង​ឡាយ​ច្រើន​នាក់ មាន​កព័ន្ធព័ទ្ធ​ដោយ​សំពត់​កាសាវៈ ប៉ុន្តែ​ជា​បុគ្គល​មាន​ធម៌​លាមក មិន​សង្រួម បុគ្គល​បាប​ទាំង​នោះ នឹង​ទៅ​កើត​ក្នុង​នរក ដោយ​កម្ម​ទាំង​ឡាយ​លាមក បុគ្គល​បរិភោគ​ដុំ​ដែក​ក្ដៅ មាន​រងើកភ្លើង​ជា​ឧបមា ប្រសើរ​ជាង បុគ្គលទ្រុស្ដសីល មិន​សង្រួម បរិភោគ​ដុំ​បាយ​របស់​អ្នក​ដែន មិន​ប្រសើរ​ឡើយ។

ទ. ៥៧ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១១។

ទិដ្ឋិគតសូត្រ (១២.)

(១២. ទិដ្ឋិគតសុត្តំ)

[៤៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ ត្រូវ​ទិដ្ឋិ​ទាំង ២ រួបរឹត​ហើយ ពួក ១ រមែង​ជាប់​នៅ ពួក ១ រមែង​ស្ទុះ​ទៅ ចំណែក​ឯ​ពួក​បុគ្គល​មាន​ចក្ខុ រមែង​ឃើញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក ១ រមែង​ជាប់​នៅ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ ជា​អ្នក​រីករាយ​ក្នុង​ភព ត្រេកអរ​ក្នុង​ភព ស្រើបស្រាល​ក្នុង​ភព កាល​តថាគត​សំដែងធម៌ ដើម្បី​រំលត់​ភព ចិត្ត​របស់​ទេវតា និង​មនុស្ស​ទាំង​ឡាយ​នោះ ក៏​មិន​ស្ទុះ​ទៅ មិន​ជ្រះ​ថ្លា មិន​តាំង​នៅ មិន​ចុះ​ស៊ប់ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ​ពួក ១ រមែង​ជាប់​នៅ​យ៉ាង​នេះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ​ពួក ១ រមែង​ស្ទុះ​ទៅ តើ​ដូច​ម្ដេច។ ទេវតា និង​មនុស្ស​ទាំង​ឡាយ​ពួក ១ កាល​ជិនឆ្អន់ នឿយ​ណាយ ស្អប់​ខ្ពើម​ភព រមែង​ត្រេកអរ​ចំពោះ​ការ​ប្រាស​ចាក​ភព​ថា ម្នាល​អ្នក​ដ៏​ចំរើន បានឮ​ថា អត្តភាព​នេះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ដាច់​សូន្យ វិនាស​ទៅ មិន​កើត​ទៅ​ក្នុង​ខាង​មុខ​ទៀត ព្រោះ​ហេតុ​ណា នេះ​ជា​ធម្មជាត ស្ងប់​រម្ងាប់ នេះ​ជា​ធម្មជាត​ដ៏​ឧត្តម នេះ​ជា​ធម្មជាត ដ៏​ពិត ទ. ៥៨ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា និង​មនុស្ស​ទាំង​ឡាយ​ពួក ១ រមែង​ស្ទុះ​ទៅ​យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ចំណែក​បុគ្គល​អ្នក​មាន​ចក្ខុ រមែង​ឃើញ តើ​ដូច​ម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​នូវ​ខន្ធបញ្ចកៈ ដោយ​សភាវៈ​ពិត លុះ​ឃើញ​នូវ​ខន្ធបញ្ចកៈ ដោយ​សភាវៈ​ពិតហើយ ជា​អ្នក​ប្រតិបត្តិ ដើម្បី​នឿយ​ណាយ ដើម្បី​ប្រាស​ចាក​តម្រេក ដើម្បី​រំលត់​នូវ​ខន្ធបញ្ចកៈ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​បុគ្គល​មាន​ចក្ខុ រមែង​ឃើញ​យ៉ាង​នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

អរិយ​សាវ័ក​ណា ឃើញ​នូវ​ខន្ធបញ្ចកៈ ដោយ​សភាវៈ​ពិត​ផង នូវ​ការ​ប្រព្រឹត្តិ​កន្លង​ខន្ធបញ្ចកៈ​ផង រមែង​ចុះ​ចិត្ត​ស៊ប់ ក្នុង​ព្រះ​និព្វាន ដោយ​សភាវៈ​ពិត ព្រោះ​អស់​តណ្ហា​ក្នុង​ភព ប្រសិន​បើ​អរិយ​សាវ័ក​នោះ កំណត់​ដឹង​នូវ​ខន្ធបញ្ចកៈ ប្រាស​ចាក​តណ្ហា ក្នុង​ភព​តូច​ភព​ធំ​ហើយ ភិក្ខុ​ទាំង​ឡាយ សូន្យ​ចាក​ខន្ធបញ្ចកៈ​ហើយ រមែង​មិន​បាន​មក​កាន់​ភព​ថ្មី​ទៀត។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១២។

ចប់ ទុតិយវគ្គ។ ទ. ៥៩ ឧទ្ទាននៃទុតិយវគ្គនោះ គឺ

និយាយ​អំពី​ឥន្ទ្រិយ មាន​ពីរ​លើក តបនិយធម៌ មាន​ពីរ​លើក សីល និង​រឿង​ដទៃ​ទៀត មាន​ពីរ​លើក អំពី​មិន​មាន​ឱត្តប្បៈ ១ រឿង​កុហក មាន​ពីរ​លើក សំវេជនីយ ១ ត្រូវជា ១០ អំពី​វិតក្កៈ ១ ទេសនា ១ វិជ្ជា ១ បញ្ញា ១ និង​ធម៌ ១ ត្រូវជា ៥ អំពី​អជាតធម៌ ១ ធាតុ ១ ទី​សម្ងំ ១ សិក្ខា ១ ជាគរិយធម៌ ១ អបាយ ១ ទិដ្ឋិ ១ ត្រូវជា ២២ ដែល​លោក​បាន​ប្រកាស​ទុក​ហើយ។

ចប់ ទុកនិបាត។

ទ. ៦០

 

km/tipitaka/sut/kn/iti/sut.kn.iti.v2.txt · ពេលកែចុងក្រោយ: 2023/03/17 10:17 និពន្ឋដោយ Johann