User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.v3

មាតិកា

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត »

តិកនិបាត (៣.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti v2 បាលី cs-km: sut.kn.iti.v2 អដ្ឋកថា: sut.kn.iti.v2_att PTS: ?

តិកនិបាត ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

បឋមវគ្គ (១.)

ឥតិវុត្តកៈ តិកនិបាត បឋមវគ្គ

មូលសូត្រ (១.)

(១. មូលសុត្តំ)

[៥០] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​មូល​នេះ មាន ៣។ ​អកុសល​មូល ៣ តើ​ដូច​ម្ដេច។ គឺ​លោភៈ ជា​អកុសល​មូល ១ ទោសៈ ជា​អកុសល​មូល ១។ មោហៈ ជា​អកុសល​មូល ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​មូល​មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

លោភៈ ទោសៈ មោហៈ ដែល​កើត​អំពី​ខ្លួន តែង​បៀត​បៀន​នូវ​បុរស​មាន​ចិត្ត​លាមក ដូច​ជាផ្លែ​ឫស្សី តែង​បៀត​បៀន​នូវ​ដើម​របស់​វា។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

ធាតុសូត្រ (២.)

(២. ធាតុសុត្តំ)

[៥១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធាតុ​នេះ មាន ៣។ ធាតុ ៣ តើ​ដូច​ម្ដេច។ គឺ​រូប​ធាតុ ១ អរូប​ធាតុ ១ និរោធធាតុ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធាតុ​មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ជន​ទាំង​ឡាយ​ណា កំណត់​ដឹង​ក្នុង​រូប​ធាតុ មិន​តាំង​នៅក្នុង​អរូប​ធាតុ ចុះ​ចិត្ត​ស៊ប់​ក្នុង​និរោធ ជន​ទាំង​នោះ ឈ្មោះ​ថា ញុាំង​​មច្ចុ​ឲ្យ​សាបសូន្យ។ ទ. ៦១ព្រះ​សម្មាសម្ពុទ្ធ ដែល​មិន​មាន​អាសវៈ បាន​ពាល់​ត្រូវ​នូវ​អមត​ធាតុ ដែល​មិន​មាន​ឧបធិ ដោយ​នាម​កាយ ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន ដែល​ជា​ទី​លះ​បង់​ឧបធិ ទ្រង់​សំដែង​ព្រះ​និព្វាន ដែល​មិន​មាន​សោក មិន​មាន​តម្រេក។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

បឋមវេទនាសូត្រ (៣.)

(៣. បឋមវេទនាសុត្តំ)

[៥២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វេទនា​នេះ មាន ៣។ វេទនា ៣ តើ​ដូច​ម្ដេច។ គឺ​សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វេទនា​មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សាវ័ក​​នៃ​ព្រះ​ពុទ្ធ មាន​ចិត្ត​ដំ​កល់​មាំ មាន​សម្បជញ្ញៈ ​មាន​សតិ​ដឹង​ច្បាស់​នូវ​វេទនា​ទាំង​ឡាយ​ផង នូវ​ទី​កើត​នៃ​វេទនា​ទាំង​ឡាយ​ផង វេទនា​ទាំង​នោះ រលត់​ទៅ​ក្នុង​ទីណា ក៏​ដឹង​ច្បាស់​នូវ​ទី​នោះ​ផង នូវ​មគ្គ​ជា​ដំណើរ​ទៅ​កាន់​ទី​អស់​ទៅ​នៃ​វេទនា​ផង ភិក្ខុ​អស់​តណ្ហា តែង​បរិនិព្វាន ព្រោះ​អស់​វេទនា​ទាំង​ឡាយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៣។

ទុតិយវេទនាសូត្រ (៤.)


ទ. ៦២

(៤. ទុតិយវេទនាសុត្តំ)

[៥៣] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វេទនា​នេះ មាន ៣។ វេទនា ៣ តើ​ដូច​ម្ដេច។ គឺ​សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​គប្បី​ឃើញ​នូវ​សុខវេទនា ថា​ជា​ទុក្ខ គប្បី​ឃើញ​នូវ​ទុក្ខ​វេទនា ថា​ជា​ព្រួញ​ គប្បី​ឃើញ​នូវ​អទុក្ខមសុខវេទនា ថា​ជា​របស់​មិន​ទៀង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​ឃើញ​សុខវេទនា ថា​ជា​ទុក្ខ ឃើញទុក្ខវេទនា ថា​ជា​ព្រួញ​ ឃើញ​អទុក្ខមសុខវេទនា ថា​ជា​របស់​មិន​ទៀង​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ភិក្ខុ​ប្រសើរ ឃើញត្រូវ ផ្ដាច់​បង់​តណ្ហា ដោះ​ស្រាយ​សំយោជនៈ ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន ព្រោះ​យល់​ច្បាស់​នូវ​មានះ​ដោយ​ប្រពៃ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​ណា បាន​ឃើញ​សុខវេទនា ថា​ជា​ទុក្ខ បាន​ឃើញ​ទុក្ខវេទនា ថា​ជា​ព្រួញ​ បាន​ឃើញ​អទុក្ខមសុខវេទនា ជា​ទី​ស្ងប់​នោះ ថា​ជា​របស់​មិន​ទៀង ភិក្ខុ​នោះ​ឯង ឃើញ (វេទនា​ទាំង ៣) ដោយ​ប្រពៃ រមែង​រួច​ស្រឡះ​ក្នុង​វេទនា ដោយ​ការ​សង្រួម​កាយ វាចា ចិត្ត ភិក្ខុ​នោះ​ឯង មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​រួច​ហើយ ព្រោះ​ត្រាស់​ដឹង ជា​អ្នក​ស្ងប់​រម្ងាប់ ជា​មុនី កន្លង​ផុត​នូវ​យោគៈ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

បឋមឯសនាសូត្រ (៥.)


ទ. ៦៣

(៥. បឋមឯសនាសុត្តំ)

[៥៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ស្វែង​រក​នេះ មាន ៣។ ការ​ស្វែង​រក ៣ តើ​ដូច​ម្ដេច។ គឺ​ការ​ស្វែង​រក​កាម ១ ការ​ស្វែង​រក​ភព ១ ការ​ស្វែង​រក​ព្រហ្មចរិយៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ស្វែង​រក មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សាវ័ក​​នៃ​ព្រះ​ពុទ្ធ មាន​ចិត្ត​ដំ​កល់​មាំ មាន​សម្បជញ្ញៈ មាន​សតិ ដឹង​ច្បាស់​នូវ​ការ​ស្វែង​រក​ទាំង​ឡាយ​ផង នូវ​ទី​កើត​នៃ​ការ​ស្វែង​រក​ទាំង​ឡាយ​ផង ការ​ស្វែង​រក​ទាំង​នុ៎ះ រលត់​ទៅ​ក្នុង​ទីណា ក៏​ដឹង​ច្បាស់​នូវ​ទី​នោះ​ផង នូវ​មគ្គ​ជា​ដំណើរ​ទៅ​កាន់​ទី​អស់​ទៅ​នៃ​ការ​ស្វែង​រក​ផង ភិក្ខុ​អស់​ទៅ​នៃ​តណ្ហា តែង​បរិនិព្វាន ព្រោះ​អស់​ទៅ​នៃ​ការ​ស្វែង​រក​ទាំង​ឡាយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៥។

ទុតិយឯសនាសូត្រ (៦.)

(៦. ទុតិយឯសនាសុត្តំ)

[៥៥] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ស្វែង​រក​នេះ មាន ៣។ ការ​ស្វែង​រក ៣ តើ​ដូច​ម្ដេច។ គឺ​ការ​ស្វែង​រក​កាម ១ ការ​ស្វែង​រក​ភព ១ ការ​ស្វែង​រក​ព្រហ្មចរិយៈ ១។ ទ. ៦៤ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ស្វែង​រក​មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ការ​ស្វែង​រក​កាម ការ​ស្វែង​រក​ភព និង​ការ​ស្វែង​រក​ព្រហ្មចរិយៈ ដែល​ជា​ទី​ស្ទាប​អង្អែល ថា​ជា​របស់​ពិត ជា​ទីតាំង​នៃ​ទិដ្ឋិ ជា​ទី​ដុះ​ដាល​នៃ​កិលេស ការ​ស្វែង​រក​របស់​ភិក្ខុ​អ្នក​ប្រាស​ចាក​សេចក្ដី​ត្រេកអរ​ទាំង​ពួង ផុត​ស្រឡះ ព្រោះ​អស់​តណ្ហា បាន​លះ​បង់​ហើយ ទាំង​ហេតុ​ជា​ទីតាំង​នៃ​ទិដ្ឋិ ក៏បាន​ដក​ចោល​ហើយ ភិក្ខុ​មិន​មាន​សេចក្ដី​ប្រាថ្នា មិន​មាន​សេចក្ដី​ងឿងឆ្ងល់ ព្រោះ​អស់​ទៅ​នៃ​ការ​ស្វែង​រក​ទាំង​ឡាយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

បឋមអាសវសូត្រ (៧.)

(៧. បឋមអាសវសុត្តំ)

[៥៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អាសវៈ​នេះ មាន ៣។ អាសវៈ ៣ តើ​ដូច​ម្ដេច។ គឺ​កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អាសវៈ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នេះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៦៥

សាវ័ក​នៃ​ព្រះ​ពុទ្ធ មាន​ចិត្ត​ដំ​កល់​មាំ មាន​សម្បជញ្ញៈ មាន​សតិ​ដឹង​ច្បាស់​នូវ​អាសវៈ​ទាំង​ឡាយ​ផង នូវ​ទី​កើត​នៃ​អាសវៈ​ទាំង​ឡាយ​ផង អាសវៈ​ទាំង​នោះ រលត់​ទៅ​ក្នុង​ទីណា ក៏​ដឹង​ច្បាស់​នូវ​ទី​នោះ​ផង នូវ​មគ្គ​ជា​ដំណើរ​ទៅ​កាន់​ទី​អស់​ទៅ​នៃ​អាសវៈ​ផង ភិក្ខុ​មិន​មាន​សេចក្ដី​ប្រាថ្នា តែង​បរិនិព្វាន ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

ទុតិយអាសវសូត្រ (៨.)

(៨. ទុតិយអាសវសុត្តំ)

[៥៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អាសវៈ​នេះ មាន ៣។ អាសវៈ ៣ តើ​ដូច​ម្ដេច។ គឺ​កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អាសវៈ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា មាន​កាមាសវៈ​អស់​ហើយ មាន​អវិជ្ជាសវៈ​អស់​ហើយ មាន​ភវាសវៈ​អស់​ហើយ មាន​ចិត្ត​ផុត​ស្រឡះ​ហើយ មិន​មាន​ឧបធិ បុគ្គល​នោះ ឈ្នះ​មារ ព្រម​ទាំង​វាហនៈ ទ្រទ្រង់​នូវ​រាង​កាយ​ជា​ទី​បំផុត។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៨។

តណ្ហាសូត្រ (៩.)


ទ. ៦៦

(៩. តណ្ហាសុត្តំ)

[៥៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តណ្ហា​នេះ មាន ៣។ តណ្ហា ៣ តើ​ដូច​ម្ដេច។ គឺ​កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តណ្ហា​មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ជន​ទាំង​ឡាយ ប្រកប​ហើយ ព្រោះ​ប្រកប​ដោយ​តណ្ហា មាន​ចិត្ត​ត្រេកអរ ក្នុង​ភព​តូច និង​ភព​ធំ ជន​ទាំង​នោះ ឈ្មោះ​ថា ប្រកប​ដោយ​យោគៈ ពោល​គឺ​អន្ទាក់​នៃ​មារ មិន​ក្សេម​ចាក​យោគៈ សត្វ​ទាំង​ឡាយ នៅ​មាន​ដំណើរ​ទៅ​កាន់​ជាតិ និង​មរណៈ តែង​ទៅ​កាន់​សង្សារ ចំណែក​ពួក​សត្វ​ណា លះ​បង់​តណ្ហា​បាន​ហើយ សត្វ​ទាំង​នោះ ឈ្មោះ​ថា ប្រាស​ចាក​តណ្ហា ក្នុង​ភព​តូច និង​ភព​ធំ ពួក​សត្វ​ណា បាន​ដល់​នូវ​ការ​អស់​អាសវៈ​ក្នុង​លោក សត្វ​ទាំង​នោះ​ឯង ឈ្មោះ​ថា បាន​ដល់​នូវ​ត្រើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

មារធេយ្យសូត្រ (១០.)


ទ. ៦៧

(១០. មារធេយ្យសុត្តំ)

[៥៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ រមែង​កន្លង​នូវ​វិស័យ​នៃ​មារ រុងរឿង​ដូច​ព្រះ​អាទិត្យ។ ប្រកប​ដោយ​ធម៌ ៣ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ប្រកប​ដោយ​សីលក្ខន្ធ ជា​អសេក្ខៈ ១ ប្រកប​ដោយ​សមាធិក្ខន្ធ ជា​អសេក្ខៈ ១ ប្រកប​ដោយ​បញ្ញាក្ខន្ធ ជា​អសេក្ខៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ នេះ​ឯង រមែង​កន្លង​នូវ​វិស័យ​នៃ​មារ រុងរឿង​ដូច​ព្រះ​អាទិត្យ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

សីល សមាធិ និងបញ្ញា ទាំង​អម្បាល​នុ៎ះ ដែល​បុគ្គល​ណា បាន​អប់​រំ​ល្អ​ហើយ បុគ្គល​នោះ រមែង​កន្លង​នូវ​វិស័យ​នៃ​មារ រុងរឿង​ដូច​ព្រះ​អាទិត្យ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ បឋមវគ្គ។ ទ. ៦៨ ឧទ្ទាននៃបឋមវគ្គ​នោះ​គឺ

និយាយ​អំពី​មូល ១ ធាតុ ១ វេទនា​ពីរ​លើក ការ​ស្វែង​រក ពីរ​លើក អាសវៈ ពីរ​លើក តណ្ហា ១ វិស័យ​នៃ​មារ ១ លោក​ពោល​ថា បឋម​វគ្គ ជា​វគ្គ​ដ៏​ឧត្តម។

ទុតិយវគ្គ (២.)


ទ. ៦៩

ឥតិវុត្តកៈ តិកនិបាត ទុតិយវគ្គ

បុញ្ញកិរិយវត្ថុសូត្រ (១.)

(១. បុញ្ញកិរិយវត្ថុសុត្តំ)

[៦០] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ​នេះ មាន ៣។ បុញ្ញ​កិរិយា​វត្ថុ ៣ តើ​ដូច​ម្ដេច។ គឺ​ទាន​មយ​បុញ្ញ​កិរិយា​វត្ថុ ១ សីល​មយ​បុញ្ញ​កិរិយា​វត្ថុ ១ ភាវនា​មយ​បុញ្ញ​កិរិយា​វត្ថុ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុញ្ញ​កិរិយា​វត្ថុ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

កុលបុត្រ​អ្នក​ប្រាថ្នា​ប្រយោជន៍ គួរ​សិក្សា​នូវ​បុណ្យ ដែល​មានផល​បរិបូណ៌ មាន​វិបាក​ជា​សុខ គឺ​គួរ​ចំរើន​ទាន​ផង ការ​ប្រព្រឹត្តិ​ស្មើ គឺ​សីល​ផង មេត្តា​ចិត្ត​ផង លុះ​ចំរើន​ធម៌​ទាំង ៣ នេះ ដែល​មាន​អានិសង្ស​ជា​សុខ​ហើយ រមែង​ចូល​ទៅ​កាន់​លោក ដែល​ជា​សុខ ឥតមាន​ការ​បៀត​បៀន។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

ចក្ខុសូត្រ (២.)

(២. ចក្ខុសុត្តំ)

[៦១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចក្ខុ​នេះ មាន ៣។ ចក្ខុ ៣ តើ​ដូច​ម្ដេច។ គឺ​មំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១។ ​ទ. ៧០ម្នាល​ភិក្ខុ​ទាំង​ឡាយ ចក្ខុ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុរស​ឧត្តម បាន​ពោល​នូវ​ចក្ខុ ៣ នេះ គឺ​មំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ​ដ៏​ប្រសើរ​បំផុត ១ ការ​កើត​ឡើង​នៃ​មំសចក្ខុ ជា​ឧបាយ​នៃ​ទិព្វចក្ខុ កាល​ដែល​ញាណ គឺ​បញ្ញាចក្ខុ​ដ៏​ឧត្តម កើត​ឡើង​ហើយ បុគ្គល​រមែង​រួច​ស្រឡះ​ចាក​ទុក្ខ​ទាំង​ពួង ព្រោះ​បាន​នូវ​ចក្ខុ​នោះ​។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

ឥន្ទ្រិយសូត្រ (៣.)

(៣. ឥន្ទ្រិយសុត្តំ)

[៦២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ឥន្ទ្រិយ​នេះ មាន ៣។ ឥន្ទ្រិយ ៣ តើ​ដូច​ម្ដេច។ គឺ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ1) ១ អញ្ញិន្រ្ទិយ2) ១ អញ្ញាតាវិន្រ្ទិយ3) ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឥន្ទ្រិយ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៧១

ញាណ​ជាបឋម ក្នុង​កិរិយា​អស់​ទៅ កើត​ឡើង​ដល់​សេក្ខបុគ្គល អ្នក​កំពុង​សិក្សា អ្នក​រលឹក​រឿយៗ នូវ​ផ្លូវ​ដ៏​ត្រង់ លំដាប់​ពី​នោះ​មក អរហត្ត ក៏​កើត​ឡើង លំដាប់​អំពី​អរហត្តផល​នោះ​មក បច្ចវេក្ខណញ្ញាណ ក៏​កើត​ឡើង ដល់​ព្រះ​ខីណា​ស្រព ដែល​ដល់​នូវ​តាទិលក្ខណៈ រួច​ស្រឡះ​ហើយ ព្រោះ​អស់​ទៅ​នៃ​ភវសំយោជនៈ ថា វិមុត្តិ​របស់​អាត្មា​អញ មិន​កំរើក បើ​បុគ្គល​ប្រកប​ដោយ​ឥន្ទ្រិយ ជា​អ្នក​ស្ងប់​រម្ងាប់ ត្រេកអរ​ក្នុង​ព្រះ​និព្វាន ជា​ទី​ស្ងប់ ឈ្នះ​នូវ​មារ ព្រម​ទាំង​វាហនៈ​ហើយ រមែង​ទ្រទ្រង់​នូវ​រាង​កាយ​ជា​ទី​បំផុត។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៣។

អទ្ធាសូត្រ (៤.)

(៤. អទ្ធាសុត្តំ)

[៦៣] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​នេះ មាន ៣។ កាល ៣ តើ​ដូច​ម្ដេច។ គឺ​អតីត​កាល ១ អនាគត​កាល ១ បច្ចុប្បន្ន​កាល ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៧២

សត្វ​ទាំង​ឡាយ មាន​សេចក្ដី​សំគាល់​ក្នុង​កិរិយា​ពោល​ថា​សត្វ ថា​បុគ្គល​ជា​ដើម តាំង​នៅ​ក្នុង​កិរិយា​ពោល​ដោយអំណាច​នៃ​តណ្ហា និង​ទិដ្ឋ លុះ​មិន​កំណត់​ដឹង​នូវ​កិរិយា​ពោល ដោយ​បរិញ្ញា​ទាំង ៣ យ៉ាង ក្នុង​ធម៌​ដែល​ប្រកប​ដោយ​ភូមិ ៣ ហើយ រមែង​មក​កាន់​ទី​ប្រកប​នៃមរណៈ ព្រះ​ខីណា​ស្រព រមែង​មិន​សំគាល់ គឺ​មិន​ជឿ​នូវ​បុគ្គល​អ្នក​ប្រាប់ ព្រោះ​កំណត់​ដឹង​នូវ​ពាក្យ​ពោល វិមោក្ខ គឺ​ព្រះ​និព្វាន​ជា​ទី​រម្ងាប់​ដ៏​ប្រសើរ ឈ្មោះ​ថា លោក​បាន​សម្រេច​ហើយ​ដោយ​ចិត្ត ព្រះ​ខីណា​ស្រព​នោះ​ឯង ដល់​ព្រមដោយ​ការ​ពោល ជា​អ្នក​ស្ងប់​រម្ងាប់ ត្រេកអរ​ក្នុង​ព្រះ​និព្វាន ជា​ទី​ស្ងប់ ពិចារណា​ហើយ​ទើប​សេព តាំង​នៅ​ក្នុង​និព្វានធម៌ ដល់​នូវ​វេទ រមែង​មិន​ដល់​នូវ​ការ​រាប់​ថា (ជា​មនុស្ស ឬ ទេវតា)។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

ទុច្ចរិតសូត្រ (៥.)

(៥. ទុច្ចរិតសុត្តំ)

[៦៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុច្ចរិត​នេះ មាន ៣។ ទុច្ចរិត ៣ តើ​ដូច​ម្ដេច។ គឺ​កាយ​ទុច្ចរិត ១ វចី​ទុច្ចរិត ១ មនោ​ទុច្ចរិត ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុច្ចរិត ​មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៧៣

បុគ្គល​ធ្វើ​កាយ​ទុច្ចរិត​ផង វចី​ទុច្ចរិត​ផង ធ្វើ​មនោ​ទុច្ចរិត​ផង នូវ​អំពើ​ណាមួយ​ដែល​ប្រកប​ដោយ​ទោស​ផង មិន​ធ្វើ​នូវ​អំពើ​ជាកុសល ធ្វើ​តែ​អំពើ​ជា​អកុសល​ដ៏​ច្រើន បុគ្គល​ឥត​ប្រាជ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ រមែង​ទៅ​កើត​ក្នុង​នរក។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៥។

សុចរិតសូត្រ (៦.)

(៦. សុចរិតសុត្តំ)

[៦៥] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សុចរិត​នេះ មាន ៣។ សុចរិត ៣ តើ​អ្វី​ខ្លះ​។ គឺ​កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សុចរិត ​មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា លះ​នូវ​កាយ​ទុច្ចរិត​ផង នូវ​វចី​ទុច្ចរិត​ផង លះ​នូវ​មនោ​ទុច្ចរិត​ផង នូវ​អំពើ​ណាមួយ ដែល​ប្រកប​ដោយ​ទោស​ផង មិន​ធ្វើ​អកុសល​កម្ម ធ្វើ​តែ​កុសល​កម្ម​ដ៏​ច្រើន បុគ្គល​ប្រកប​ដោយ​ប្រាជ្ញា​នោះ លុះ​បែក​ធ្លាយ​រាង​កាយ រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌។

ទ. ៧៤ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី៦។

សោចេយ្យសូត្រ (៧.)

(៧. សោចេយ្យសុត្តំ)

[៦៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សោចេយ្យៈ (សេចក្ដី​ស្អាត) នេះ មាន ៣។ សោចេយ្យៈ ៣ តើ​អ្វី​ខ្លះ​។ គឺ​កាយសោចេយ្យៈ ១ វចីសោចេយ្យៈ ១ មនោសោចេយ្យៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សោចេយ្យៈ ​មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

(ពួក​ព្រះ​អរិយៈ មាន​ព្រះ​ពុទ្ធ​ជា​ដើម) តែង​ហៅ​នូវ​បុគ្គល​អ្នក​ស្អាត​កាយ ស្អាត​វាចា ស្អាត​ចិត្ត មិន​មាន​អាសវៈ លះ​បង់​នូវ​ទុច្ចរិត​ទាំង​ពួង ថា​ជា​អ្នក​ស្អាត បរិបូណ៌​ដោយ​សេចក្ដី​ស្អាត។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

មោនេយ្យសូត្រ (៨.)

(៨. មោនេយ្យសុត្តំ)

[៦៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មោនេយ្យៈ (ការ​ស្ងប់​ស្ងៀម) នេះ មាន ៣។ មោនេយ្យៈ ៣ តើ​អ្វី​ខ្លះ​។ ទ. ៧៥គឺ​កាយមោនេយ្យៈ4) ១ វចីមោនេយ្យៈ5) ១ មនោមោនេយ្យៈ6) ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ មោនេយ្យៈ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

(ពួក​ព្រះ​អរិយៈ មាន​ព្រះ​ពុទ្ធ​ជា​ដើម) តែង​ហៅ​នូវ​បុគ្គល​អ្នក​ស្ងប់​ស្ងៀម​កាយ ស្ងប់​ស្ងៀម​វាចា ស្ងប់​ស្ងៀម​ចិត្ត មិន​មាន​អាសវៈ អ្នក​លាង​មន្ទិល​ដ៏​លាមក​ចោល​ហើយ​ថា ជា​អ្នក​ស្ងប់​ស្ងៀម បរិបូណ៌​ដោយ​ការ​ស្ងប់​ស្ងៀម។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៨។

បឋមរាគសូត្រ (៩.)

(៩. បឋមរាគសុត្តំ)

[៦៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ណាមួយ មិន​បាន​លះ​រាគៈ មិន​បាន​លះ​ទោសៈ មិន​បាន​លះ​មោហៈ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​នេះ ហៅ​ថា ជា​អ្នក​ត្រូវ​មារ​ចង​បាន​ផង ត្រូវ​អន្ទាក់​មារ​បញ្ចូល​ហើយ​ផង ជា​អ្នក​ត្រូវ​មារ​មាន​ចិត្តបាប​ធ្វើ​បាន​តាម​ប្រាថ្នា​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ណា​មួយ បាន​លះ​រាគៈ លះ​ទោសៈ លះ​មោហៈ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​នេះ ហៅ​ថា ជា​អ្នក​មិន​ត្រូវ​មារ​ចង​បាន​ផង អន្ទាក់​របស់​មារ​ក៏​ថ្លោះ​ចេញ​ផង មារ​មាន​ចិត្តបាប​ធ្វើ​មិន​បាន​តាមប្រាថ្នា​ផង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា ឃ្លាត​ចេញ​ចាក​រាគៈ​ផង ទោសៈ​ផង អវិជ្ជា​ផង ព្រះ​អរិយ​ទាំង​ឡាយ មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​ហៅ​នូវ​បុគ្គល​អ្នក​មានខ្លួន​ចំរើន​ហើយ លះ​បង់​នូវ​កិលេស​ទាំង​ពួង​នោះ​ថា ជា​អរហន្ត ជា​ព្រហ្ម ជា​ព្រះ​តថាគត ជា​ព្រះ​ពុទ្ធ អ្នក​កន្លង​បង់​នូវ​ពៀរ និង​ភ័យ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

ទុតិយរាគសូត្រ (១០.)


ទ. ៧៧

(១០. ទុតិយរាគសុត្តំ)

[៦៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ណាមួយ ទោះ​ជា​ភិក្ខុ​ក្ដី ភិក្ខុនី​ក្តី មិន​បាន​លះ​រាគៈ មិន​បាន​លះ​ទោសៈ មិន​បាន​លះ​មោហៈ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​នេះ ហៅ​ថា មិន​បាន​ឆ្លង​នូវ​សមុទ្រ (គឺ​សំសារ) ដែល​ប្រកប​ដោយ​រលក​ធំ ប្រកប​ដោយ​រលក​តូច (គឺ​សេចក្ដី​ក្រោធ និង​ឧបាយាសៈ) ប្រកប​ដោយ​អាវដ្ដៈ (គឺ​កាមគុណ ៥) ប្រកប​ដោយ​ការ​ចាប់ ទាំង​ប្រកប​ដោយ​អារក្ខ​ទឹក (គឺវិសភាគបុគ្គល ដែល​ប្រាកដ​ស្មើ​ដោយ​មករ​កាច និង​ត្រី​កាច)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ណា​មួយ ទោះ​ជា​ភិក្ខុ​ក្ដី ភិក្ខុនី​ក្ដី បាន​លះ​រាគៈ លះ​ទោសៈ លះ​មោហៈ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​នេះ ហៅ​ថា បាន​ឆ្លង​សមុទ្រ ដែល​ប្រកប​ដោយ​រលក​ធំ ប្រកប​ដោយ​រលក​តូច ប្រកប​ដោយ​អាវដ្ដៈ ប្រកប​ដោយ​ការ​ចាប់ ទាំង​ប្រកប​ដោយ​អារក្ខ​ទឹក បាន​ឈ្មោះ​ថា ខីណាសវព្រាហ្មណ៍ បាន​ឆ្លង​ទៅ​កាន់​ត្រើយ​ខាងនាយ ហើយ​ឋិត​នៅ​លើ​គោក (គឺ​ព្រះ​និព្វាន)។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៧៨

បុគ្គល​ណា ឃ្លាត​ចាករាគៈ​ផង ទោសៈ​ផង អវិជ្ជា​ផង បុគ្គល​នោះ ឈ្មោះ​ថា បាន​ឆ្លង​នូវ​សមុទ្រ​នេះ ដែល​ប្រកប​ដោយ​ការ​ចាប់ ប្រកប​ដោយ​អារក្ខ​ទឹក ទាំង​ប្រកប​ដោយ​រលក​ធំ​គួរខ្លាច ដែល​ឆ្លង​បាន​ដោយ​កម្រ ជា​អ្នក​កន្លង​នូវ​កិលេស​ជា​គ្រឿង​ជាប់​ចំពាក់ លះ​បង់​មច្ចុ មិន​មាន​ឧបធិ បាន​លះ​បង់​ទុក្ខ ដើម្បី​មិនទៅ​កើត​ក្នុង​ភព​ថ្មី​ទៀត បុគ្គល​នោះ ឈ្មោះ​ថា សម្រេច​ប្រយោជន៍ គឺ​ព្រះ​និព្វាន រមែង​មិន​ដល់​នូវ​ការ​រាប់​ដោយ (នាម និង​គោត្ត) ឡើយ តថាគត​ពោល​ថា បុគ្គល​នោះ បាន​ញុាំង​​មច្ចុរាជ​ឲ្យ​វង្វេង។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ វគ្គ ទី ២។

ឧទ្ទាននៃទុតិយវគ្គ​នោះ​គឺ

និយាយ​អំពី​បុញ្ញ​កិរិយា​វត្ថុ ១ ចក្ខុ ១ ឥន្ទ្រិយ ១ កាល ១ ចរិត ២ លើក សេចក្ដី​ស្អាត ១ ការ​ស្ងប់​ស្ងៀម ១ រាគៈ ២ លើក លោក​ពោល​នូវ​វគ្គ​ទី​ពីរ ថា​ជា​វគ្គ​ដ៏​ឧត្តម។

ទ. ៧៩

តតិយវគ្គ (៣.)

ឥតិវុត្តកៈ តិកនិបាត តតិយវគ្គ

មិច្ឆាទិដ្ឋិកសូត្រ (១.)

(១. មិច្ឆាទិដ្ឋិកសុត្តំ)

[៧០] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​មិច្ឆាទិដិ្ឋ សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត មិន​មែន​ឮ​សេចក្ដី​នោះ (អំពី​សំណាក់​) នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​ពោល​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ​ដែល​ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ហេតុ​ណា ដែល​តថាគត ដឹង​ដោយ​ខ្លួន​ឯង ឃើញ​ដោយ​ខ្លួន​ឯង ជ្រាប​ច្បាស់​ដោយ​ខ្លួន​ឯង ទើប​តថាគត​ពោល​នូវ​ហេតុ​នោះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែកឆ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ទ. ៨០ លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ក្នុង​លោក​នេះ ជា​អ្នក​ស្ដាប់​តិច មិន​បាន​ធ្វើ​បុណ្យ ដំ​កល់​ចិត្ត​ខុស ពោល​វាចា​ខុស ធ្វើ​ការងារ​ខុស​ដោយ​កាយ បុគ្គល​នោះ ជា​អ្នក​ឥត​ប្រាជ្ញា លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ព្រោះ​ជីវិត​ក្នុង​មនុស្ស​លោក​នេះ​តិចណាស់ រមែង​កើត​ក្នុង​នរក។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

សម្មាទិដ្ឋិកសូត្រ (២.)

(២. សម្មាទិដ្ឋិកសុត្តំ)

[៧១] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត មិន​មែន​ឮ​សេចក្ដី​នោះ (អំពីសំណាក់​) នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​ពោល​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ​ដែល​ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ ទ. ៨១សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ហេតុ​ណា ដែល​តថាគត បាន​ដឹង​ដោយ​ខ្លួន​ឯង បាន​ឃើញ​ដោយ​ខ្លួន​ឯង ជ្រាប​ច្បាស់​ដោយ​ខ្លួន​ឯង​ពិត​មែន ទើប​តថាគត ពោល​នូវ​ហេតុ​នោះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយ​សុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ឆ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ក្នុង​លោក​នេះ ជា​ពហុស្សូត បាន​ធ្វើ​បុណ្យ ដំ​កល់​ចិត្ត​ត្រូវ ពោល​វាចា​ត្រូវ ធ្វើ​ការងារ​ត្រូវ​ដោយ​កាយ បុគ្គល​នោះ ប្រកប​ដោយ​បញ្ញា លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ព្រោះ​ជីវិត ក្នុង​មនុស្ស​លោក​នេះ​តិចណាស់ រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ២។

និស្សរណិយសូត្រ (៣.)


ទ. ៨២

(៣. និស្សរណិយសុត្តំ)

[៧២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធាតុ​ជា​គ្រឿង​រលាស់​ចេញ​នេះ មាន ៣។ ធាតុ ជា​គ្រឿង​រលាស់​ចេញ ៣ តើ​អ្វី​ខ្លះ​។ ការ​រលាស់​ចេញ​ចាក​កាម​ទាំង​ឡាយ​នេះ បាន​ដល់​នេក្ខម្មៈ គឺ​បឋមជ្ឈាន ១ ការ​រលាស់​ចេញ​ចាក​រូប​ធម៌​ទាំង​ឡាយ​នេះ បាន​ដល់​អរូបជ្ឈាន ១ ធម្មជាត​ណាមួយ ដែល​កើត​ហើយ ដែល​បច្ច័យ​តាក់​តែង​ហើយ ដែល​កើត​ឡើង​ព្រោះ​អាស្រ័យ​ហេតុ ការ​រលត់ គឺ​ព្រះ​និព្វាន ជា​គ្រឿង​រលាស់​ចេញ​ចាក​ធម្មជាត​នោះ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធាតុ​ជា​គ្រឿង​រលាស់​ចេញ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

(ភិក្ខុ​ណា) ដឹង​នូវ​ការ​រលាស់​ចេញ​ចាក​កាម​ផង ដឹង​នូវ​ឧបាយ​ជា​គ្រឿង​កន្លង​រូបធម៌​ទាំង​ឡាយ​ផង កាល​ពាល់​ត្រូវ​ព្រះ​និព្វាន ជា​ទី​រម្ងាប់​នូវ​សង្ខារ​ទាំង​ពួង ជា​អ្នក​មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស​សព្វ ៗ កាល ភិក្ខុ​នោះ ឈ្មោះ​ថា ជា​អ្នក​ឃើញ​ដោយ​ប្រពៃ ជា​អ្នក​សង្រួម រមែង​ចុះ​ចិត្ត​ស៊ប់ ក្នុង​ព្រះ​និព្វាន ជា​ទី​រម្ងាប់​នូវ​សង្ខារ​ទាំង​ពួង​នោះ ភិក្ខុ​នោះ ជា​អ្នក​មាន​ព្រហ្មចរិយ​ធម៌​នៅ​រួច​ហើយ ជា​អ្នក​ស្ងប់​រម្ងាប់ ព្រោះ​ដឹង​ច្បាស់ ឈ្មោះ​ថា អ្នក​ប្រាជ្ញ អ្នក​ប្រព្រឹត្ត​កន្លង​នូវ​យោគៈ។

ទ. ៨៣ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៣។

សន្តតរសូត្រ (៤.)

(៤. សន្តតរសុត្តំ)

[៧៣] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អរូបជ្ឈាន ជា​ធម្មជាត​ល្អិត​ជាង​រូបជ្ឈាន​ទាំង​ឡាយ និរោធ ជា​សភាព​ល្អិត​លើស​ជាង​អរូបជ្ឈាន​ទាំង​ឡាយ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ពួក​សត្វ​ណា ដែល​ទៅ​កាន់​រូបភព​ក្ដី ពួក​សត្វ​ណា ដែល​តាំង​នៅ​ក្នុង​អរូបភព​ក្ដី (សត្វ​ទាំង​នោះ​) មិន​ដឹង​ច្បាស់​នូវ​និរោធ ជា​អ្នក​មក​កាន់​ភព​ថ្មី​ទៀត។ ពួក​ជន​ណា កំណត់​ដឹង​នូវ​រូបភព​ទាំង​ឡាយ​ក្ដី មិន​តាំង​នៅ​ក្នុង​អរូបភព​ទាំង​ឡាយ​ក្ដី ហើយ​ចុះ​ចិត្ត​ស៊ប់ ក្នុង​និរោធ ពួក​ជន​នោះ ឈ្មោះ​ថា អ្នក​មាន​មច្ចុ​សាបសូន្យ​ហើយ។ ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​បាន​នូវ​អមត​ធាតុ ដោយ​នាម​កាយ ព្រះ​អង្គ​មិន​មាន​ឧបធិ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ធម៌ ជា​គ្រឿង​រលាស់​ចេញ​ចាក​ឧបធិ ព្រះ​អង្គ​មិន​មាន​អាសវៈ ទ្រង់​សំដែង​នូវ​បទ ដែល​មិន​មាន​សោក មិន​មាន​ធូលី។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៤។

បុត្តសូត្រ (៥.)


ទ. ៨៤

(៥. បុត្តសុត្តំ)

[៧៤] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុត្ត ៣ នេះ រមែង​មាន​ប្រាកដ​ក្នុង​លោក។ បុត្ត ៣ តើ​អ្វី​ខ្លះ​។ គឺ​អតិជាតបុត្ត ១ អនុជាតបុត្ត ១ អវជាតបុត្ត ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អតិជាតបុត្ត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាបិតា​របស់​បុត្ត​ក្នុង​លោក​នេះ ជា​អ្នក​មិន​ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក មិន​ដល់​ព្រះ​ធម៌​ជា​ទីរឭក មិន​ដល់​ព្រះ​សង្ឃ​ជា​ទីរឭក មិន​វៀរ​ចាក​បាណាតិបាត មិន​វៀរចាក​អទិន្នាទាន មិន​វៀរចាក​កាមេសុមិច្ឆាចារ មិន​វៀរ​ចាក​មុសាវាទ មិន​វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​បុគ្គល​ទ្រុស្ដសីល ជា​អ្នក​មាន​ធម៌​ដ៏​លាមក ទើប​ឯ​កូន​របស់​មាតាបិតា​ទាំង​នោះ ជា​អ្នក​ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក ដល់​ព្រះ​ធម៌​ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជា​ទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​កល្យាណធម៌ ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​យ៉ាង​នេះ​ឯង ឈ្មោះ​ថា អតិជាតបុត្ត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អនុជាតបុត្ត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាបិតា​របស់​បុត្ត ក្នុង​លោក​នេះ ទ. ៨៥ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក ដល់​ព្រះ​ធម៌​ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជា​ទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​កល្យាណធម៌ ទើប​ឯ​កូន​របស់​មាតា​បិតា​ទាំង​នោះ ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក ដល់​ព្រះ​ធម៌​ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជា​ទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​កល្យាណធម៌​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​យ៉ាង​នេះ​ឯង ឈ្មោះ​ថា អនុជាតបុត្ត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អវជាតបុត្ត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាបិតា​របស់​បុត្ត ក្នុង​លោក​នេះ ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក ដល់​ព្រះ​ធម៌​ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជា​ទីរឭក វៀរចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​កល្យាណធម៌ ទើប​កូន​របស់​មាតាបិតា​ទាំង​នោះ មិន​ដល់​ព្រះ​ពុទ្ធ​ជា​ទីរឭក មិន​ដល់​ព្រះ​ធម៌​ជា​ទីរឭក មិន​ដល់​ព្រះ​សង្ឃ​ជា​ទីរឭក ទ. ៨៦មិន​វៀរ​ចាក​បាណាតិបាត មិន​វៀរចាក​អទិន្នាទាន មិន​វៀរ​ចាក​កាមេសុមិច្ឆាចារ មិន​វៀរ​ចាក​មុសាវាទ មិន​វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​ទ្រុស្ដសីល មាន​ធម៌​ដ៏​លាមក ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​យ៉ាង​នេះ​ឯង ឈ្មោះ​ថា អវជាតបុត្ត ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន ៣ នេះ រមែង​មាន​ប្រាកដ​ក្នុង​លោក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បណ្ឌិត​ទាំង​ឡាយ តែង​ប្រាថ្នា​អតិជាតបុត្ត និង​អនុជាតបុត្ត មិន​ប្រាថ្នា​អវជាតបុត្ត ដែល​ជា​កូនផ្ដាច់​បង់​ត្រកូល​ឡើយ។ កូន​ទាំង​នេះ​ឯង តែង​មាន​ក្នុង​លោក ម្យ៉ាង​ទៀត កូន​ទាំង​ឡាយ​ណា ជា​ឧបាសក (កូន​ទាំង​នោះ​) ឈ្មោះ​ថា​ជា​អ្នក​បរិបូណ៌​ដោយ​សទ្ធា និង​សីល ជា​អ្នក​ដឹង​ពាក្យពេចន៍ ជា​អ្នក​ប្រាស​ចាក​សេចក្ដី​កំណាញ់ រមែង​រុងរឿង​ក្នុង​ពួក​បរិស័ទ ដូច​ជា​ព្រះ​ចន្ទ្រ ដែល​ផុត​ស្រឡះ​ហើយ ចាក​ដុំ​នៃ​ពពក​ដូច្នោះ​។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៥។

អវុដ្ឋិកសូត្រ (៦.)


ទ. ៨៧

(៦. អវុដ្ឋិកសុត្តំ)

[៧៥] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួក​នេះ រមែង​មាន​ប្រាក​ដ ក្នុង​លោក។ បុគ្គល ៣ ពួក តើ​ដូច​ម្ដេច​ខ្លះ​។ គឺ​បុគ្គល​ស្មើ​ដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ ១ បុគ្គល​ស្មើ​ដោយ​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ​ត្រង់​ប្រទេស​មួយ ៗ ១ បុគ្គល​ស្មើ​ដោយ​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ​សព្វ​ប្រទេស ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មិន​ដែល​ឲ្យ​បាយ ទឹក សំពត់ យាន​ជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿង​លាប ទី​ដេក ទី​នៅ និង​គ្រឿង​សម្រាប់​ប្រទីប ដល់​ពួក​សមណៈ ព្រាហ្មណ៍ អ្នក​កំព្រា អ្នក​ដំណើរ និង​អ្នក​ពណ៌នា​ហើយ​សូម និង​យាចក​ទាំង​ពួង ដល់​ម្ដង​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ ត្រង់​ប្រទេស​មួយ ៗ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​ឲ្យ​បាយ ទឹក សំពត់ យានជំនិះ កម្រង​ផ្កា គ្រឿងក្រអូប គ្រឿង​លាប ទី​ដេក ទី​នៅ និង​គ្រឿង​សម្រាប់​ប្រទីប ដល់​ពួក​សមណៈ ព្រាហ្មណ៍ អ្នក​កំព្រា អ្នក​ដំណើរ អ្នក​ពណ៌នា​ហើយ​សូម និង​យាចក​ពួក​ខ្លះ មិន​ឲ្យ​ទាន​ដល់​សមណៈ ព្រាហ្មណ៍​ពួក​ខ្លះ ទ. ៨៨ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​ត្រង់​ប្រទេស​មួយ ៗ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​សព្វ​ប្រទេស តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ តែង​ឲ្យ​បាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿង​លាប ទី​ដេក ទី​នៅ និង​គ្រឿង​សម្រាប់​ប្រទីប ដល់​សមណៈ ព្រាហ្មណ៍ អ្នក​កំព្រា អ្នក​ដំណើរ អ្នក​ពណ៌នា​ហើយ​សូម និង​យាចក​ទាំង​ពួង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​សព្វ​ប្រទេស យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួក​នេះ​ឯង តែង​មាន​ប្រាកដ​ក្នុង​លោក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា បាន​នូវ​សមណៈ បាន​នូវ​ព្រាហ្មណ៍ បាន​នូវ​អ្នក​កំព្រា អ្នក​ដំណើរ ទាំង​បាន​នូវ​ជន​អ្នក​ពណ៌នា​ហើយ​សូម​ទាំង​ឡាយ ហើយ​មិន​ចាត់​ចែង​នូវ​បាយ ទឹក ភោជន បណ្ឌិត​ទាំង​ឡាយ តែង​ហៅ​នូវ​បុគ្គល​ដ៏​លាមក​នោះ​ឯង​ថា ដូច​ជា​មេឃ ដែល​មិន​បង្អុរ​ភ្លៀង​ចុះ ដូច្នោះ​។ បុគ្គល​ណា មិន​ឲ្យ​ទាន ដល់​សមណៈ​ពួក​ខ្លះ ឲ្យ​ទាន​ដល់​សមណៈ​ពួក​ខ្លះ ពួក​ជន​អ្នក​មាន​ប្រាជ្ញា តែង​ហៅ​បុគ្គល​នោះ​ឯង​ថា ដូច​ជា​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ ក្នុង​ប្រទេស​មួយ ៗ ដូច្នោះ​។ ទ. ៨៩បុរស មាន​វាចា​នាំ​ឲ្យ​បាន​បាយ​ដោយ​ងាយ មាន​សេចក្ដី​អនុគ្រោះ​សព្វ​សត្វ មាន​ចិត្តរីករាយ តែង​ចាត់​ចែង (ទេយ្យធម៌) ពោល​ថា អ្នក​ទាំង​ឡាយ ចូរ​ឲ្យ អ្នក​ទាំង​ឡាយ ចូរ​ឲ្យ ប្រៀប​ដូច​មហាមេឃ​គ្រហឹម​គម្រាម ហើយ​បង្អុរ​ភ្លៀង​ចុះ ធ្វើ​ទីទួល និង​ទី​ទាប បង្ហូរ​ឲ្យ​ពេញដោយ​ទឹក យ៉ាងណា​មិញ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​សភាព​ដូច្នោះ បាន​ប្រមូល​មក​នូវ​ទ្រព្យ ដែល​កើត​ដោយ​សេចក្ដី​ព្យាយាម​តាមផ្លូវ​ធម៌ ក៏​ជប់​លៀង ពួក​ជន​អ្នក​ពណ៌នា​ហើយ​សូម ដែល​មក​ដល់​ដោយ​ល្អ ដោយ​បាយ ទឹក ក៏​យ៉ាង​នោះ​ដែរ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

សុខបត្ថនាសូត្រ (៧.)

(៧. សុខបត្ថនាសុត្តំ)

[៧៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​កាល​ប្រាថ្នា​សេចក្ដី​សុខ ៣ យ៉ាង​នេះ គួរតែ​រក្សាសីល។ សេចក្ដី​សុខ ៣ យ៉ាង តើ​ដូច​ម្ដេច​ខ្លះ​។ គឺ​បណ្ឌិត​គប្បី​រក្សា​សីល ដោយ​បំណង​ថា សូម​ឲ្យ​សេចក្ដី​សរសើរ មក​ដល់​អាត្មា​អញ ១ បណ្ឌិត​គប្បី​រក្សាសីល ដោយ​បំណង​ថា សូម​ឲ្យ​ភោគៈ​ទាំង​ឡាយ កើត​ឡើង​ដល់​អាត្មា​អញ ១ បណ្ឌិត​គប្បី​រក្សា​សីល ដោយ​បំណង​ថា អាត្មា​អញ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ នឹង​ទៅ​កើត​ឯ​សុគតិ សួគ៌ ទេវលោក ១។ ទ. ៩០ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​កាល​ប្រាថ្នា​សេចក្ដី​សុខ ៣ យ៉ាង​នេះ​ឯង គួរតែ​រក្សាសីល។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បណ្ឌិត​កាល​ប្រាថ្នា​នូវ​សេចក្ដី​សុខ ៣ យ៉ាង គឺ​សេចក្ដី​សរសើរ ១ ការបាន​ទ្រព្យ ១ ការ​លះ​លោក​នេះ ហើយ​រីករាយ​ក្នុង​ស្ថានសួគ៌ ១ គួរ​តែ​រក្សា​សីល។ កាល​បើ​បុគ្គល​មិន​ធ្វើ​បាប​ទេ តែ​ទៅ​សេពគប់​នឹង​បុគ្គល​ធ្វើ​បាប បុគ្គល​នោះ ត្រូវ​អ្នក​ផង​រង្កៀស​ព្រោះ​អំពើ​អាក្រក់​ផង តំណិះ​ដំនៀល ​រមែង​ចំរើន​ឡើង​ដល់​បុគ្គល​នោះ​ផង។ បុគ្គល​យក​បុគ្គល​បែប​ណា​ជា​មិត្រ​ផង សេពគប់​នូវ​មិត្ត​បែប​ណា​ផង បុគ្គល​នោះ​ឯង នឹង​ប្រាកដ​ស្មើ​ដោយ​មិត្រ​នោះ ៗ ព្រោះ​ការ​នៅ​រួម នឹង​ក្លាយ​ទៅជា​បែប​គ្នា​នោះ​ពិត។ បុគ្គល​បាប កាល​បើ​បុគ្គល​ស្អាត​ដទៃ មក​សេពគប់​ហើយ បុគ្គល​បាប ត្រូវ​បុគ្គល​ស្អាត (នោះ​) មក​ភប់​ប្រសព្វ​ហើយ រមែង​ប្រឡាក់ នូវ​បុគ្គល​អ្នក​មក​ភប់​ប្រសព្វ (នោះ​) ដែល​គេ​មិន​បាន​ប្រឡាក់ (ដោយ​បាបធម៌) ផង ដូច​ព្រួញ ដែលគេ​លាបថ្នាំ​ពិស កាល​ប្រឡាក់​នូវ​បំពង់​ព្រួញ​ដូច្នោះ​ឯង។ អ្នក​ប្រាជ្ញ ព្រោះ​ខ្លាច​ការ​ប្រឡាក់ (ដោយ​បាប) ទើប​មិន​យក​បុគ្គល​បាប​ជា​សំឡាញ់​ឡើយ។ ទ. ៩១នរ​ជន​ណា ខ្ចប់​ត្រី​ស្អុយ ដោយ​ចុង​ស្បូវ ស្បូវ​ក៏​មាន​ក្លិនស្អុយ ផ្សាយ​ចេញទៅ យ៉ាងណា​មិញ ការ​សេព​គប់​នឹង​បុគ្គល​ពាល ក៏​យ៉ាង​នោះ​ដែរ នរ​ជន​ណា ខ្ចប់​ខ្លឹម​ក្រស្នា ដោយ ស្លឹកឈើ ស្លឹកឈើ ក៏​មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ យ៉ាង​ណា​មិញ ការ​សេព​នឹង​អ្នក​ប្រាជ្ញ ក៏​យ៉ាង​នោះ​ដែរ។ ហេតុ​នោះ បណ្ឌិត ដឹង​នូវ​ការ​សម្រេច​នៃ​ផល​របស់​ខ្លួន ដូច​ជា​កញ្ចប់​នៃ​ស្លឹកឈើ ហើយ​មិន​គប្បី​សេពគប់ នឹង​ពួក​អសប្បុរស​ឡើយ គួរ​សេពគប់​តែ​នឹង​ពួក​សប្បុរស។ (ព្រោះ​) ពួក​អសប្បុរស តែង​នាំ​ទៅ​កាន់​នរក ពួក​សប្បុរស តែង​ញុាំង​​សត្វ​ឲ្យ​ទៅ​កាន់​ស្ថានសួគ៌។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៧។

ភិទុរសូត្រ (៨.)

(៨. ភិទុរសុត្តំ)

[៧៧] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រូបកាយ​នេះ មាន​សេចក្ដី​បែក​ធ្លាយ​ជា​ធម្មតា វិញ្ញាណ​មាន​ការ​ទៅ​ប្រាស​ជា​ធម្មតា ឧបធិ​ទាំង​ពួង​ជា​របស់​មិន​ទៀង ជា​ទុក្ខ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ៩២

អ្នក​ប្រាជ្ញ​មាន​ខ្លួន​អប់​រំហើយ ដឹង​ច្បាស់​នូវ​កាយ​ដែល​បែក​ធ្លាយ​ផង ដឹង​ច្បាស់​នូវ​វិញ្ញាណ​ដែល​ពុក​ផុយ​ផង ឃើញ​ភ័យ​ក្នុង​ឧបធិ​ទាំង​ឡាយ​ផង ហើយ​កន្លង​ជាតិ និង​មរណៈ បាន​ដល់​និព្វាន​ជា​ទី​រម្ងាប់​សង្ខារ​ទាំង​ពួង​ដ៏​ឧត្តម រមែង​ទន្ទឹង​រង់​ចាំ​តែ​កាល (បរិនិព្វាន​នៃ​ខន្ធ)។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៨។

ធាតុសោសំសន្ទនសូត្រ (៩.)

(៩. ធាតុសោសំសន្ទនសុត្តំ)

[៧៨] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដោយ​ធាតុ​ដូច​គ្នា គឺ​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោក​ទាប រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ។ ទ. ៩៣ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដោយ​ធាតុ​ដូច​គ្នា ក្នុង​អតីតកាល គឺ​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប សត្វ​ទាំង​ឡាយ ដែល​មាន​អធ្យាស្រ័យ​ល្អ ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​ទាំង​ឡាយ គង់​នឹង​ប្រហែល​គ្នា នឹង​ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដោយ​ធាតុ​ដូច​គ្នា ក្នុង​អនាគតកាល គឺ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប នឹង​ប្រហែល​គ្នា នឹង​ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ នឹង​ប្រហែល​គ្នា នឹង​ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឥឡូវ​នេះ សត្វ​ទាំង​ឡាយ រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដោយ​ធាតុ​ដូច​គ្នា ក្នុង​បច្ចុប្បន្ន​កាល គឺ​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ រមែង​ប្រហែល​គ្នា ស្មើ​គ្នា ជា​មួយ​នឹង​ពួក​សត្វ ដែល​មាន​អធ្យាស្រ័យ​ល្អ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ព្រៃ គឺ​កិលេស កើត​ឡើង​ហើយ ព្រោះ​តែ​ការ​ជាប់​ចំពាក់ ដែល​បុគ្គល​នឹង​កាត់​ផ្ដាច់​បាន ដោយ​ការ​មិន​ជាប់​ចំពាក់ បុគ្គល​អ្នក​មាន​ប្រាថ្នា​នឹង​ឆ្លង​មហាសមុទ្រ ហើយ​លិចទៅ​ក្នុង​មហាសមុទ្រ​វិញ ព្រោះ​តែ​ឡើង​កាន់​ក្បូនឈើ​ដ៏​តូច យ៉ាង​ណា​មិញ ឯ​បុគ្គល​អ្នក​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ រមែង​លិច​ចុះ ក្នុង​មហាសមុទ្រ គឺ​សង្សារ ព្រោះ​តែ​អាស្រ័យ​នឹង​បុគ្គល​ខ្ជិលច្រអូស យ៉ាង​នោះ​ដែរ។ ទ. ៩៤ព្រោះ​ហេតុ​នោះ បុគ្គល​គួរ​វៀរ​នូវ​បុគ្គល​ខ្ជិល​នោះ ដែល​មាន​ព្យាយាម​ថោក​ទាប ហើយ​គួរ​នៅ​រួម​ដោយ​បណ្ឌិត​ទាំង​ឡាយ ដែល​ជា​អ្នក​ឆ្ងាយ​ចាក​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ជា​អ្នក​មាន​ឈាន អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ច។ ​

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៩។

បរិហានសូត្រ (១០.)

(១០. បរិហានសុត្តំ)

[៧៩] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ នេះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​សាបសូន្យ​ដល់​សេក្ខភិក្ខុ។ ធម៌ ៣ តើ​ដូច​ម្ដេច​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេក្ខភិក្ខុ ក្នុង​សាសនា​នេះ ជា​អ្នក​មាន​ការងារ 7) ជា​ទី​ត្រេកអរ​ត្រេកអរ​ក្នុង​ការងារ ប្រកប​រឿយ ៗ នូវ​ការងារ​ជា​ទី​ត្រេកអរ ១ ជា​អ្នក​មាន​តិរច្ឆានកថា​ជា​ទី​ត្រេកអរ ត្រេកអរ​ក្នុង​តិរច្ឆានកថា ប្រកប​រឿយៗ នូវ​តិរច្ឆានកថា​ជា​ទី​ត្រេកអរ ១ ជា​អ្នក​មាន​ការ​ដេក​លក់​ជា​ទី​ត្រេកអរ ត្រេកអរ​ក្នុង​ការ​ដេក​លក់ ប្រកប​រឿយ ៗ នូវ​ការ​ដេក​លក់​ជា​ទី​ត្រេកអរ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ នេះ​ឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​សាបសូន្យ ដល់​សេក្ខភិក្ខុ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ នេះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​សាបសូន្យ​ដល់​សេក្ខភិក្ខុ។ ធម៌ ៣ តើ​ដូច​ម្ដេច។ ទ. ៩៥ម្នាល​ភិក្ខុ​ទាំង​ឡាយ សេក្ខភិក្ខុ ក្នុង​សាសនា​នេះ ជា​អ្នក​មិន​មាន​ការងារ ជា​ទី​ត្រេកអរ មិន​ត្រេកអរ​ក្នុង​ការងារ មិន​ប្រកប​រឿយៗ នូវ​ការងារ​ជា​ទី​ត្រេកអរ ១ ជា​អ្នក​មិន​មាន​តិរច្ឆានកថា​ជា​ទី​ត្រេកអរ មិន​ត្រេកអរ​ក្នុង​តិរច្ឆានកថា មិន​ប្រកប​រឿយៗ នូវ​តិរច្ឆានកថា​ជា​ទី​ត្រេកអរ ១ ជា​អ្នក​មិន​មាន​ការ​ដេក​លក់​ជា​ទី​ត្រេកអរ មិន​ត្រេកអរ​ក្នុង​ការ​ដេក​លក់ មិន​ប្រកប​រឿយៗ នូវ​ការ​ដេក​លក់​ជា​ទី​ត្រេកអរ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង ៣ នេះ​ឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​សាបសូន្យ​ដល់​សេក្ខភិក្ខុ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

ភិក្ខុ​អ្នក​មាន​ការងារ​ជា​ទី​ត្រេកអរ​ផង ត្រេកអរ​ក្នុង​តិរច្ឆានកថា​ផង មាន​ការ​ដេក​លក់​ជា​ទី​ត្រេកអរ​ផង មាន​ចិត្ត​រវើរវាយ​ប្រាកដ​ដូច្នោះ មិន​គួរ​ដើម្បី​បាន​សម្ពោធិ​ដ៏​ប្រសើរ​ឡើយ។ ព្រោះ​ហេតុ​នោះ ភិក្ខុ​នោះ គួរ​ជា​អ្នក​មាន​កិច្ចការ​តិច មាន​ការ​ដេក​លក់​តិច មាន​ចិត្ត​មិន​រវើរវាយ​ប្រាកដ​ដូច្នោះ ទើប​គួរ​នឹង​បាន​សម្ពោធិ​ដ៏​ប្រសើរ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី១០។

ចប់ តតិយវគ្គ។ ទ. ៩៦ ឧទ្ទាននៃតតិយវគ្គ​នោះ​គឺ

និយាយ​អំពី​ទិដ្ឋិ ២លើក និស្សរណីយធាតុ ១ រូបជ្ឈាន និង​អរូបជ្ឈាន ១ បុត្ត ១ បុគ្គល​ប្រៀប​ដោយ​មេឃ​មិន​បង្អុរ​ភ្លៀង ១ សេចក្ដី​សុខ ១ ការ​បែក​ធ្លាយ ១ ធាតុ ១ សេចក្ដី​សាបសូន្យ ១ រួម​ទាំង​អស់ ត្រូវជា ១០។

ចតុត្ថវគ្គ (៤.)


ទ. ៩៧

ឥតិវុត្តកៈ តិកនិបាត ចតុត្ថវគ្គ

វិតក្កសូត្រ (១.)

(១. វិតក្កសុត្តំ)

[៨០] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​វិតក្កៈ នេះ​មាន ៣។ អកុសល​វិតក្កៈ​ ៣ តើ​ដូច​ម្ដេច​ខ្លះ​។ គឺ​វិតក្កៈ​ដែល​ប្រកប​ដោយ​សេចក្ដី​ប្រាថ្នា មិន​ឲ្យ​អ្នក​ដទៃ​មើលងាយ​ខ្លួន ១ វិតក្កៈ​ដែល​ប្រកប​ដោយ​លាភសក្ការៈ និង​សេចក្ដី​សរសើរ ១ វិតក្កៈ​ដែល​ប្រកប​ដោយ​សេចក្ដី​អាណិត​បុគ្គល​ដទៃ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​វិតក្កៈ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ ថា

បុគ្គល​ណាមួយ ប្រកប​ដោយ​សេចក្ដី​ប្រាថ្នា មិន​ឲ្យ​អ្នក​ដទៃ​មើល​ងាយ​ខ្លួន ជា​អ្នក​ធ្ងន់​ក្នុង​លាភ និង​សក្ការៈ មាន​សេចក្ដី​រីករាយ ជា​មួយ​នឹង​ពួក​អាមាត្យ បុគ្គល​នោះ ឈ្មោះ​ថា ឆ្ងាយ​អំពី​ការ​អស់​ទៅ​នៃ​សំយោជនៈ។ បុគ្គល​ណា​មួយ ក្នុង​លោក​នេះ លះ​បង់​បុត្ត និង​ភរិយា​ផង លះ​បង់​សត្វ​ចិញ្ចឹម​ផង លះ​បង់​សេចក្ដី​សង្គ្រោះ ក្នុង​វិវាហៈ​ផង ភិក្ខុ​ប្រាកដ​ដូច្នោះ​នោះ គួរ​ដើម្បី​បាន​នូវ​សម្ពោធិ​ដ៏​ឧត្តម។

សូត្រ ទី១។

សក្ការសូត្រ (២.)

(២. សក្ការសុត្តំ)

[៨១] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ​ដែល​ត្រូវ​សក្ការៈ គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ទ. ៩៨ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ ដែល​អសក្ការៈ​គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ ស្លាប់​ទៅ បាន​ទៅ​កើត​ហើយ ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ​បាន​ឃើញ​ពួក​សត្វ​ដែល​សក្ការៈ និងអសក្ការៈ​ទាំង​ពីរ​យ៉ាង​នោះ គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ ស្លាប់​ទៅ បាន​ទៅ​កើត​ហើយ ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត មិន​មែន​ឮ​សេចក្ដី​នោះ (អំពីសំណាក់​) នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​ពោល​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ ដែល​សក្ការៈ​គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ហើយ ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ ដែលអសក្ការៈ​គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ហើយ ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​សក្ការៈ និងអសក្ការៈ​ទាំង​ពីរ​យ៉ាង​នោះ គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ហើយ ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ទ. ៩៩ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ហេតុ​ណា ដែល​តថាគត​ដឹង​ខ្លួន​ឯង ឃើញ​ខ្លួន​ឯង ជ្រាប​ច្បាស់​ខ្លួន​ឯង​ពិតមែន ទើប​តថាគត​ពោល​នូវ​ហេតុ​នោះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ ដែល​សក្ការៈ​គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ ដែល​អសក្ការៈ គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បាន​ឃើញ​ពួក​សត្វ​ដែល​សក្ការៈ និងអសក្ការៈ​ទាំង​ពីរ​នោះ គ្រប​សង្កត់​ហើយ រួបរឹត​ចិត្ត​ហើយ លុះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។

បុគ្គល​ណា ដែលគេធ្វើសក្ការៈ និងអសក្ការៈ​ទាំង​ពីរ​យ៉ាង ជា​អ្នក​នៅ​ដោយ​សេចក្ដី​មិន​ប្រមាទ មាន​សមាធិ មិន​ញាប់​ញ័រ អ្នក​ប្រាជ្ញ តែង​ហៅ​បុគ្គល អ្នក​មាន​ឈាន មាន​ព្យាយាម​ជាប់​មិន​ដាច់ បាន​ឃើញ​ច្បាស់ ដោយ​ទិដ្ឋិ​ដ៏​ល្អិត មាន​សេចក្ដី​ត្រេកអរ​ក្នុង​ការ​អស់​ទៅ​នៃ​ឧបាទាន​នោះ ថា​ជា​សប្បុរស។

សូត្រ ទី២។

ទេវសទ្ទសូត្រ (៣.)


ទ. ១០០

(៣. ទេវសទ្ទសុត្តំ)

[៨២] ម្នាល​ភិក្ខុ​ទាំង​ឡាយ សំឡេង​ទេវតា8) ៣ យ៉ាង​នេះ តែង​លាន់​ឮ ក្នុង​ទេវលោក 9) ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។ សំឡេង ៣ យ៉ាង តើ​ដូច​ម្ដេច​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​ណា អរិយ​សាវ័ក គិត​ដើម្បី​កោរសក់ ពុកចង្កា ស្លៀក​សំពត់​កាសាយៈ​ទាំង​ឡាយ ហើយ​ចេញ​ចាក​ផ្ទះ ចូល​ទៅ​កាន់​ផ្នួស ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​នោះ សំឡេង​ទេវតា​ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង​ថា អរិយ​សាវ័ក​នុ៎ះ គិត​ដើម្បី​ច្បាំង​នឹង​កិលេសមារ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​សំឡេង​ទេវតា​ទី ១ ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សម័យ​ណា អរិយ​សាវ័ក ប្រកប​រឿយៗ នូវ​ព្យាយាម ដើម្បី​ចំរើន​នូវ​ពោធិបក្ខិយធម៌ ៧ ពួក ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​នោះ សំឡេង​ទេវតា​ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង​ថា អរិយ​សាវ័ក​នុ៎ះ កំពុង​ច្បាំង​នឹង​កិលេសមារ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​សំឡេង​ទេវតា​ទី ២ ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញទៀត សម័យ​ណា អរិយ​សាវ័ក ទ. ១០១ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ ដោយ​បញ្ញា​ដ៏​ឧត្តម ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​នោះ សំឡេង​ទេវតា​ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង​ថា អរិយ​សាវ័ក​នុ៎ះ ឈ្នះ​សង្គ្រាម​ហើយ ឈ្នះ​រាប គ្រប​សង្កត់​នូវ​កំពូល​នៃ​សង្គ្រាម​នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​សំឡេង​ទេវតា​ទី ៣ ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សំឡេង​នៃ​ទេវតា​ក្នុង​ទេវលោក​ទាំង​ឡាយ មាន ៣ យ៉ាង​នេះ​ឯង តែង​លាន់​ឮ​ឡើង ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។

ពួក​ទេវតា បាន​ឃើញ​សាវ័ក​នៃ​ព្រះ​សម្មាសម្ពុទ្ធ ដែល​ឈ្នះ​សង្គ្រាម​ហើយ លោក​មាន​គុណ​ដ៏​ធំ ប្រាស​ចាក​សេចក្ដី​កោត​ញញើត ទើប​នមស្ការ​ថា បពិត្រ​បុរស​អាជានេយ្យ អ្នក​ណា បាន​បង្ក្រាប​សង្គ្រាម ដែល​គេ​ឈ្នះ​បាន​ដោយ​កម្រ បាន​ឈ្នះ​សេនា​នៃ​មច្ចុ ដែល​បុគ្គល​ដទៃ​មិន​អាច​ឃាត់​ខាំង​បាន ដោយ​វិមោក្ខ ខ្ញុំសូម​នមស្ការ​អ្នក​នោះ ព្រោះ​ហេតុ​នោះ ពួក​ទេវតា តែង​នមស្ការ​នូវ​សាវ័ក​នៃ​ព្រះ​សម្មាសម្ពុទ្ធ​នុ៎ះ ដែល​មាន​សេចក្ដី​ប្រាថ្នា សម្រេច​ហើយ សាវ័ក​នៃ​ព្រះ​សម្មាសម្ពុទ្ធ គប្បី​ដល់​នូវ​អំណាច​នៃ​មច្ចុ​ទៀត ដោយ​ហេតុ​ណា ពួក​ទេវតា មិន​ឃើញ​ហេតុ​នោះ របស់​សាវ័ក​នៃ​ព្រះ​សម្មាសម្ពុទ្ធ​នោះ​ឡើយ។។

សូត្រ ទី ៣។

បញ្ចបុព្វនិមិត្តសូត្រ (៤.)


ទ. ១០២

(៤. បញ្ចបុព្វនិមិត្តសុត្តំ)

[៨៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា​មាន​ការ​ច្យុតិ​ជា​ធម្មតា ចាក​ពួក​ទេវតា ក្នុង​កាល​ណា បុព្វនិមិត្ត ៥ យ៉ាង តែង​កើត​ឡើង​ប្រាកដ ដល់​ទេវតា​នោះ (ក្នុង​កាលនោះ​) គឺ​កម្រងផ្កា​ទាំង​ឡាយ ស្វិត​ស្រពោន ១ សំពត់​ទាំង​ឡាយ​សៅហ្មង ១ ញើស​ទាំង​ឡាយ តែង​ហូរ​ចេញ​អំពី​ក្លៀក ១ សម្បុរមិនល្អ តាំង​ឡើង​ក្នុង​កាយ ១ ទេវតា​មិន​ត្រេកអរ​ក្នុង​ទេវាសនៈ​របស់​ខ្លួន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវតា​ទាំង​ឡាយ តែង​ដឹង​នូវ​បុព្វនិមិត្ត​នោះ​ថា ទេវបុត្ត​នេះ មាន​ការ​ច្យុតិ​ជា​ធម្មតា ហើយ​ក៏​អនុមោទនា​ដោយ​វាចា ៣ បទ​ថា ម្នាល​អ្នក​ដ៏​ចំរើន សូមអ្នក​ច្យុត​អំពី​ទេវលោក​នេះ ទៅ​កាន់​សុគតិ​ចុះ លុះ​អ្នក​ទៅ​កាន់​សុគតិ​ហើយ សូមឲ្យ​មានលាភ ដែល​បាន​ដោយ​ងាយ​ចុះ លុះ​មានលាភ​ដែល​បាន​ដោយ​ងាយ​ហើយ សូម​តាំង​នៅ​ដោយ​ប្រពៃ​ចុះ​។

[៨៤] កាល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ ភិក្ខុ ១ រូប ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ ដូច​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ចុះ​អ្វី​ហៅ​ថា ដំណើរ​ទៅ​កាន់​សុគតិ​របស់​ទេវតា​ទាំង​ឡាយ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អ្វី​ហៅ​ថា​លាភ ដែល​បាន​ដោយ​ងាយ​របស់​ទេវតា​ទាំង​ឡាយ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អ្វី​ហៅ​ថា ការ​តាំង​នៅ​ដោយ​ប្រពៃ​នៃ​ទេវតា​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភាព​នៃ​មនុស្ស (នេះ) ឯង ដែល​ហៅ​ថា ដំណើរ​ទៅ​កាន់​សុគតិ របស់​ទេវតា​ទាំង​ឡាយ លុះ​បាន​កើតជា​មនុស្ស​ហើយ បាន​ចំពោះ​នូវ​សទ្ធា ក្នុងធម្មវិន័យ​ណា ដែលព្រះ​តថាគត សំដែង​ហើយ ទ. ១០៣ម្នាល​ភិក្ខុ​ទាំង​ឡាយ ការបាន​នូវ​សទ្ធា​នេះ​ឯង ហៅ​ថា លាភ​ដែល​បាន​ដោយ​ងាយ​របស់​ទេវតា​ទាំង​ឡាយ ឯ​សទ្ធា​របស់​គេនោះ ជា​សទ្ធា​ខ្ជាប់​ខ្ជួន កើតជា​ឫសគល់​តាំង​នៅ​មាំមួន ដែល​បុគ្គល​ណាមួយ ទោះ​ជា​សមណៈ ឬ​ព្រាហ្មណ៍ ឬ ទេវតា ឬ​មារ ឬ​ព្រហ្ម ក្នុង​លោក មិន​អាច​នឹង​នាំ​យក​ទៅ​បាន ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​តាំង​នៅ​មាំ នៃ​សទ្ធា​នេះ​ឯង ហៅ​ថា ការ​តាំង​នៅ​ដោយ​ប្រពៃ របស់​ទេវតា​ទាំង​ឡាយ។

ទេវតា​ច្យុត​ចាក​ពួក​ទេវតា ព្រោះ​អស់​ទៅ​នៃ​អាយុ ក្នុង​កាល​ណា សំឡេង ៣ យ៉ាង របស់​ពួក​ទេវតា កាលអនុមោទនា តែង​លាន់​ឮ​ឡើង (ក្នុង​កាលនោះ​) ថា ម្នាល​អ្នក​ដ៏​ចំរើន សូមអ្នក​ច្យុត​អំពី​ទេវលោក​នេះ ទៅ​កាន់​សុគតិ ជា​មួយ​នឹង​ពួក​មនុស្ស​ចុះ លុះ​អ្នក​បាន​កើត​ជា​មនុស្ស​ហើយ សូមឲ្យ​បាន​នូវ​សទ្ធា​ដ៏​ប្រសើរ ក្នុង​ព្រះ​សទ្ធម្ម​ចុះ ក៏​សទ្ធា​របស់​អ្នក​នោះ ជា​សទ្ធា​ខ្ជាប់​ខ្ជួន ដែល​បាន​ជា​ឫសគល់ តាំង​នៅ​មាំមួន ក្នុង​ព្រះ​សទ្ធម្ម ដែលព្រះ​តថាគត​សំដែង​ហើយ​ដោយ​ប្រពៃ ដែល​បុគ្គល​ណាមួយ មិន​អាច​នាំ​យក​ទៅ​បាន ដរាប​អស់​ជីវិត។ អ្នក​ត្រូវ​លះ​កាយ​ទុច្ចរិត​ផង លះ​វចី​ទុច្ចរិត​ផង លះ​មនោ​ទុច្ចរិត​ផង លះ​អំពើ​ដទៃ ដែល​ប្រកប​ដោយ​ទោស​ផង ធ្វើកុសល​ដោយ​កាយ ធ្វើកុសល​ដោយ​វាចា ធ្វើកុសល​ដោយ​ចិត្ត​ឲ្យ​ច្រើន ប្រមាណ​មិន​បាន បរិសុទ្ធ មិន​មាន​គ្រឿង​សៅហ្មង។ ទ. ១០៤លំដាប់​នោះ អ្នក​ប្រាជ្ញ​ត្រូវ​ធ្វើ​បុណ្យ ដែល​ប្រព្រឹត្ត​ទៅ ក្នុង​បច្ចុប្បន្ន​នោះ ឲ្យ​ច្រើន​ដោយ​ទាន ហើយ​ញុាំង​​ពួក​សត្វ​ដទៃ ឲ្យ​តាំង​នៅ​ក្នុង​ព្រះ​សទ្ធម្ម ដែល​ជា​ព្រហ្មចរិយៈ ទេវតា​ទាំង​ឡាយ ដឹង​ច្បាស់​នូវ​ទេវតា​កាល​ច្យុត ក្នុង​កាល​ណា ក៏​អនុមោទនា (ក្នុង​កាលនោះ​) ដោយ​សេចក្ដី​អនុគ្រោះ​នេះ​ថា ម្នាល​ទេវតា ចូរ​អ្នក​មក​ឲ្យ​រឿយៗ។

សូត្រ ទី ៤។

ពហុជនហិតសូត្រ (៥.)

(៥. ពហុជនហិតសុត្តំ)

[៨៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួក​នេះ កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​ប្រយោជន៍ ដល់​ជន​ច្រើន ដើម្បី​សេចក្ដី​សុខ ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វ​លោក ដើម្បី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។ បុគ្គល ៣ ពួក តើ​ដូច​ម្ដេច​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា និង​ចរណៈ មានដំណើរ​ល្អ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ជានាយសារថី ទូន្មាន​នូវ​បុរស ជា​សាស្ដា​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ចធម៌ ទ្រង់​ខ្ជាក់​ចោល​នូវ​ត្រៃភព ព្រះ​អង្គ​បាន​ត្រាស់​ឡើង​ក្នុង​លោក​នេះ ទ្រង់​សំដែងធម៌ មាន​លំអ​បទ​ដើម លំអ​បទ​កណ្ដាល លំអ​បទ​ចុង ប្រកប​ដោយ​អត្ថ និង​ព្យញ្ជនៈ ទ្រង់​ប្រកាស​ព្រហ្មចរិយធម៌ ដ៏​បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​បុគ្គល​ទី ១ ទ. ១០៥កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សាវ័ក​របស់​ព្រះ​សាស្តា​នោះ ជា​អរហន្តខី​ណា​ស្រព មាន​ព្រហ្មចរិយធម៌​ប្រព្រឹត្ត​រួច​ហើយ មាន​សោឡស​កិច្ច ធ្វើ​ស្រេច​ហើយ មានភារៈ គឺ​ខន្ធ ៥ ដាក់​ចុះ​ហើយ មាន​ប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ មាន​កិលេស​ជា​គ្រឿង​ប្រកប​សត្វ​ទុក​ក្នុង​ភព​អស់​រលីង​ហើយ មាន​ចិត្ត​ផុត​ស្រឡះ​ហើយ ព្រោះ​ដឹង​ដោយ​ប្រពៃ សាវ័ក​នោះ តែង​សំដែងធម៌ មាន​លំអ​បទ​ដើម មាន​លំអ​បទ​កណ្តាល មាន​លំអ​បទ​ចុង ប្រកប​ដោយ​អត្ថ និង​ព្យញ្ជនៈ ប្រកាស​នូវ​ព្រហ្មចរិយធម៌​បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​បុគ្គល​ទី ២ កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញទៀត សាវ័ក​របស់​ព្រះ​សាស្តា​នោះ ជា​សេក្ខបុគ្គល កំពុងប្រតិបត្តិ ជា​ពហុស្សូត បរិបូណ៌​ដោយ​សីល និង​វត្ត សាវ័ក​នោះ តែង​សំដែងធម៌ មាន​លំអ​បទ​ដើម មាន​លំអ​បទ​កណ្តាល មាន​លំអ​បទ​ចុង ប្រកប​ដោយ​អត្ថ និង​ព្យញ្ជនៈ ប្រកាស​ព្រហ្មចរិធម៌​ដ៏​បរិសុទ្ធ បរិបូណ៌ ​ទាំង​អស់ ទ. ១០៦ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​បុគ្គល​ទី ៣ កាល​កើត​ឡើង​ក្នុង​លោក ក៏​កើត​ឡើង ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួក​នេះ​ឯង កាល​កើត​ឡើង​ក្នុង​លោក តែង​កើត​ឡើង ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ។

ព្រះ​សាស្តា ព្រះ​អង្គ​ស្វែង​រក​គុណ​ដ៏​ធំ ជា​បុគ្គល​ទី ១ ក្នុង​លោក សាវ័ក​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​សាស្តា​នោះ មានខ្លួន​អប់​រំហើយ (ជា​បុគ្គល​ទី ២) មួយ​ទៀត សាវ័ក​ដទៃ ជា​សេក្ខបុគ្គល កំពុងប្រតិបត្តិ ជា​ពហុស្សូត បរិបូណ៌​ដោយ​សីល និង​វត្ត (ជា​បុគ្គល​ទី ៣)។ បុគ្គល ៣ ពួក​នេះ ប្រសើរ​ជាង​ទេវតា និង​មនុស្ស លោក​ជា​អ្នក​ធ្វើ​ពន្លឺ គឺ​ធម៌ សំដែង​ឡើង​នូវ​ធម៌ គឺ​ចតុរារិយសច្ច បាន​បើក​ទ្វារ​នៃ​ព្រះ​អមតនិព្វាន លោក​ទាំង​នោះ តែង​ញុាំង​​ជន​ច្រើន​នាក់​ឲ្យ​រួចចាក​យោគៈ​បាន។ ទ. ១០៧ពួក​ជន​ណា ឈានឡើង​កាន់​អរិយមគ្គ ដែល​ព្រះ​មាន​ព្រះ​ភាគ ដូច​ជា នាយ​ឈ្មួញ​ដ៏​ប្រសើរ​ដោយ​សីលាទិគុណ ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ ពួក​ជន​ណា មិន​ប្រមាទ​ក្នុង​សាសនា​របស់​ព្រះ​សុគត ពួក​ជន​នោះ ៗ តែង​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ ក្នុង​អត្តភាព​នេះ​បាន។

សូត្រ ទី ៥។

អសុភានុបស្សីសូត្រ (៦.)

(៦. អសុភានុបស្សីសុត្តំ)

[៨៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​ពិចារណា​ឃើញ​រឿយ ៗ នូវ​អាការ​មិន​ស្អាត​ក្នុង​កាយ ឯ​អានាបានស្សតិកម្មដ្ឋាន ក៏​អ្នក​ទាំង​ឡាយ ចូរ​តាំង​ឡើង​ប្រាកដ ឲ្យ​មានមុខ​ឆ្ពោះ​ទៅ​កាន់​អារម្មណ៍​ខាង​ក្នុង អ្នក​ទាំង​ឡាយ ចូរ​ពិចារណា​ឃើញ​រឿយ ៗ ក្នុង​សង្ខារ​ទាំង​ពួង​ថា​មិន​ទៀង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ ពិចារណា​ឃើញ​រឿយ ៗ នូវ​អាការ​មិន​ស្អាត​ក្នុង​កាយ​ហើយ រាគានុស្ស័យ​ណា គួរ​ដល់​កិរិយា​កើត​ឡើង​ក្នុង​សុភ​ធាតុ (កាន់​យក​នូវ​អារម្មណ៍​ថា​ស្អាត) រាគានុស្ស័យ​នោះ អ្នក​ទាំង​ឡាយ រមែង​លះ​បង់​បាន។ កាល​អានាបានស្សតិ​កម្មដ្ឋាន តាំង​ឡើង​ប្រាកដ មានមុខ​ឆ្ពោះ​ទៅ​កាន់​អារម្មណ៍​ខាង​ក្នុង​ហើយ អាសយវិតក្កៈ​ទាំង​ឡាយ​ណា​ជា​ខាង​ក្រៅ ដែល​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ អាសយវិតក្កៈ​ទាំង​ឡាយ​នោះ មិន​មាន​តទៅទៀត​ឡើយ។ កាល​បើ​អ្នក​ទាំង​ឡាយ ពិចារណា​ឃើញ​រឿយ ៗ ក្នុង​សង្ខារ​ទាំង​ពួង​ថា​មិន​ទៀង​ហើយ អវិជ្ជា អ្នក​ទាំង​ឡាយ ក៏​រមែង​លះ​បង់​បាន វិជ្ជា​សោត ក៏​រមែង​កើត​ឡើង។ ទ. ១០៨

ភិក្ខុ​ជា​អ្នក​ពិចារណា​ឃើញ​រឿយ ៗ ក្នុង​កាយ​មិន​ស្អាត មាន​សតិ​ដំ​កល់​ខ្ជាប់​ក្នុង​អានាបានស្សតិ​កម្មដ្ឋាន ពិចារណា​ឃើញ​ព្រះ​និព្វាន ជា​ទី​រម្ងាប់​សង្ខារ​ទាំង​ពួង​ហើយ ជា​អ្នក​មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស​សព្វ ៗ កាល។ ភិក្ខុ​នោះ​ឯង ឈ្មោះ​ថា ឃើញ​ដោយ​ប្រពៃ ជា​អ្នក​សង្រួម រមែង​ចុះ​ចិត្ត​ស៊ប់​ក្នុង​ព្រះ​និព្វាន ជា​ទី​រម្ងាប់​សង្ខារ​ទាំង​ពួង​នោះ ភិក្ខុ​នោះ​ឯង ជា​អ្នក​មាន​ព្រហ្មចរិយធម៌ ប្រព្រឹត្ត​រួចហើយ ជា​អ្នក​ស្ងប់ ព្រោះ​ដឹង​ច្បាស់ ឈ្មោះ​ថា អ្នក​ប្រាជ្ញ​ប្រព្រឹត្ត​កន្លង​យោគៈ។

សូត្រ ទី ៦។

ធម្មានុធម្មបដិបន្នសូត្រ (៧.)

(៧. ធម្មានុធម្មបដិបន្នសុត្តំ)

[៨៧] កាល​បុគ្គល​និយាយ​ថា ភិក្ខុ​អ្នក​ប្រតិបត្តិ​នូវ​ធម៌​សមគួរ​ដល់​ធម៌​ដោយ​សភាព​ដ៏​សមគួរ​ណា ​សភាព​ដ៏​សមគួរ​នេះ ជា​របស់​ភិក្ខុ​អ្នក​ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌ ដោយ​សេចក្តី​អធិប្បាយ ដូច​នេះ ឈ្មោះ​ថា និយាយ​ធម៌​មែនពិត មិន​ឈ្មោះ​ថា និយាយ​អធម៌ ឬ​ឈ្មោះ​ថា ត្រិះ​រិះ​ធម៌​មែនពិត មិន​ឈ្មោះ​ថា ត្រិះ​រិះ​អធម៌​ឡើយ លុះ​វៀរ​ទាំង​ពីរ​នោះ​ចេញ ទើប​ជា​អ្នក​ព្រងើយ មាន​សតិសម្បជញ្ញៈ។

ភិក្ខុ​មាន​ធម៌​ជា​ទី​ត្រេកអរ ត្រេកអរ​ក្នុង​ធម៌ ត្រិះ​រិះ​រឿយ ៗ នូវ​ធម៌ រឭក​រឿយ ៗ នូវ​ធម៌ រមែង​មិន​សាប​សូន្យ​ចាក​ព្រះ​សទ្ធម្ម​ឡើយ។ (ភិក្ខុ​នោះ​) ទោះ​បី​ដើរ ឬ​ឈរ ឬ​អង្គុយ ឬ​ដេក ក៏​រម្ងាប់​ចិត្ត (របស់​ខ្លួន) ក្នុង​កម្មដ្ឋាន​ខាង​ក្នុង រមែង​បាន​ដល់​ព្រះ​និព្វាន​ជា​ទី​ស្ងប់​រម្ងាប់​ពុំខាន​ឡើយ។

សូត្រ ទី ៧។

អន្ធករណសូត្រ (៨.)


ទ. ១០៩

(៨. អន្ធករណសុត្តំ)

[៨៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​វិតក្កៈ ៣ យ៉ាង​នេះ ធ្វើ​ឲ្យ​ងងឹត ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​មិន​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​រលត់ ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន​ឡើយ។ អកុសល​វិតក្កៈ ៣ តើ​អ្វី​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គឺ​កាមវិតក្កៈ (សេចក្តី​ត្រិះ​រិះ​ប្រកប​ដោយ​កាម) ធ្វើ​ឲ្យ​ងងឹត ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​មិន​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​រលត់ ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្យាបាទ​វិតក្កៈ (សេចក្តី​ត្រិះ​រិះ​ប្រកប​ដោយ​ព្យាបាទ) ធ្វើ​ឲ្យ​ងងឹត ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​មិន​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​រលត់ ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វិហឹសា​វិតក្កៈ (សេចក្តី​ត្រិះ​រិះ​ប្រកប​ដោយ​ការ​បៀត​បៀន) ធ្វើ​ឲ្យ​ងងឹត ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​មិន​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​រលត់ ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​វិតក្កៈ ៣ យ៉ាង​នេះ​ឯង ធ្វើ​ឲ្យ​ងងឹត ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​មិន​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​រលត់ ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ មិន​ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន​ឡើយ។ ទ. ១១០ [៨៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ កុសលវិតក្កៈ ៣ យ៉ាង​នេះ មិន​ធ្វើ​ឲ្យ​ងងឹត ធ្វើ​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​ចំរើន មិន​មែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន។ កុសលវិតក្កៈ ៣ តើ​អ្វី​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គឺ​នេក្ខម្មវិតក្កៈ (សេចក្តី​ត្រិះ​រិះ​ប្រកប​ដោយ​ការ​ចេញ​ចាក​កាម) មិន​ធ្វើ​ឲ្យ​ងងឹត ធ្វើ​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​ចំរើន មិន​មែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អព្យាបាទ​វិតក្កៈ (សេចក្តី​ត្រិះ​រិះ​មិន​ប្រកប​ដោយ​ព្យាបាទ) មិន​ធ្វើ​ឲ្យ​ងងឹត ធ្វើ​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​ចំរើន មិន​មែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អវិហឹសា​វិតក្កៈ (សេចក្តី​ត្រិះ​រិះ​មិន​ប្រកប​ដោយ​ការ​បៀត​បៀន) មិន​ធ្វើ​ឲ្យ​ងងឹត ធ្វើ​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​ចំរើន មិន​មែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កុសលវិតក្កៈ ៣ យ៉ាង​នេះ​ឯង មិន​ធ្វើ​ឲ្យ​ងងឹត ធ្វើ​ឲ្យ​មាន​បញ្ញាចក្ខុ ធ្វើ​ឲ្យ​មាន​ញាណ ធ្វើ​បញ្ញា​ឲ្យ​ចំរើន មិន​មែន​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀត​ចង្អល់ ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះ​និព្វាន។ ទ. ១១១

បុគ្គល​គប្បី​ត្រិះ​រិះ​នូវ​កុសលវិតក្កៈ​ទាំង ៣ ម្យ៉ាង​ទៀត គប្បី​លះ​បង់​នូវ​អកុសល​វិតក្កៈ​ទាំង ៣ ចេញ បុគ្គល​នោះ​ឈ្មោះ​ថា រម្ងាប់​ នូវ​វិតក្កៈ និង​វិចារៈ​បាន ដូច​ទឹកភ្លៀង កាល​រម្ងាប់​ធូលី ដែល​តាំង​ឡើង​ដូច្នោះ​ដែរ បុគ្គល​នោះ មាន​ចិត្ត​ជា​គ្រឿង​រម្ងាប់​វិតក្កៈ ឈ្មោះ​ថា បាន​ដល់​ដោយ​ប្រពៃ​នូវ​សន្តិបទ គឺ​ព្រះ​និព្វាន ក្នុង​បច្ចុប្បន្ន​នេះ​ឯង។

សូត្រ ទី ៨។

អន្តរាមលសូត្រ (៩.)

(៩. អន្តរាមលសុត្តំ)

[៩០] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​ខ្មាំង​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង នេះ​មាន ៣ យ៉ាង។ ធម៌ ៣ តើ​ដូច​ម្តេច​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោភៈ ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​ខ្មាំង​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទោសៈ ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​ខ្មាំង​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មោហៈ ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​ខ្មាំង​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ជា​មន្ទិល​ខាង​ក្នុង មិន​មែន​ជា​មិត្ត​ខាង​ក្នុង ជា​អ្នក​សម្លាប់​ខាង​ក្នុង ជា​សឹក​សត្រូវ​ខាង​ក្នុង មាន ៣ យ៉ាង​នេះ​ឯង។ ទ. ១១២

លោភៈ ជា​ធម៌​ញុាំង​​សេចក្តី​វិនាស​ឲ្យ​កើត លោភៈ​ជា​ធម៌​ញុាំង​​ចិត្ត​ឲ្យ​កម្រើក ភ័យ​កើត​ហើយ​ក្នុង​ចិត្ត ជន​មិន​ដឹង​នូវ​ភ័យ​នោះ​ឡើយ។ បុគ្គល​អ្នក​លោភ រមែង​មិន​ស្គាល់​ប្រយោជន៍ បុគ្គល​អ្នក​លោភ រមែង​មិន​ឃើញ​ធម៌ សេចក្តី​លោភ​គ្រប​សង្កត់​នរ​ជន ក្នុង​កាល​ណា សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង ក៏​កើត​ឡើង​ក្នុង​កាល​នោះ​។ លុះ​តែ​បុគ្គល​ណា បាន​លះ​បង់​សេចក្តី​លោភ​ហើយ ទើប​មិន​ជាប់​ចិត្ត ក្នុង​អារម្មណ៍ ដែល​គួរ​ជាប់​ចិត្ត សេចក្តី​លោភ ដែល​អរិយមគ្គ​កំចាត់​បង់​ចាក​បុគ្គល​នោះ ​ដូច​ដំណក់​ទឹក​ដែល​រមៀល​ចេញ​អំពី​ស្លឹក​ឈូក ដូច្នោះ​ឯង។ ទោសៈ ជា​ធម៌​ញុាំង​​សេចក្តី​វិនាស​ឲ្យ​កើត ទោសៈ​ជា​ធម៌​ញុាំង​​ចិត្ត​ឲ្យ​កម្រើក ភ័យ​កើត​ហើយ​ក្នុង​ចិត្ត ជន​មិន​ដឹង​នូវ​ភ័យ​នោះ​។ ជន​អ្នក​ប្រទូស្ត រមែង​មិន​ស្គាល់​ប្រយោជន៍ ជន​អ្នក​ប្រទូស្ត រមែង​មិន​ឃើញ​ធម៌ ទោសៈ​គ្រប​សង្កត់​នរ​ជន ក្នុង​កាល​ណា សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង ក៏​កើត​ឡើង​ក្នុង​កាលនោះ​។ លុះ​តែ​បុគ្គល​ណា បាន​លះ​បង់​ទោសៈ​ហើយ ទើប​មិន​ប្រទូស្ត​ក្នុង​អារម្មណ៍ ដែល​គួរ​ប្រទូស្ត ទោសៈ​ដែល​អរិយមគ្គ​កំចាត់​បង់​ហើយ ចាក​បុគ្គល​នោះ ដូច​ជា​ផ្លែ​ត្នោត​ទុំ ដែល​ជ្រុះ​ចាក​ទង ដូច្នោះ​ឯង។ ទ. ១១៣មោហៈ ជា​ធម៌​ញុាំង​​សេចក្តី​វិនាស​ឲ្យ​កើត មោហៈ​ជា​ធម៌​ញុាំង​​ចិត្ត​ឲ្យ​កម្រើក ភ័យ​កើត​ហើយ​ខាង​ក្នុង​ចិត្ត ជន​មិន​ដឹង​នូវ​ភ័យ​នោះ​។ ជន​អ្នក​វង្វេង រមែង​មិន​ស្គាល់​ប្រយោជន៍ ជន​អ្នក​វង្វេង រមែង​មិន​ឃើញ​ធម៌ មោហៈ​គ្រប​សង្កត់​នរ​ជន ក្នុង​កាល​ណា សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង ក៏​កើត​ឡើង​ក្នុង​កាល​នោះ​។ លុះ​តែ​បុគ្គល​ណា បាន​លះ​បង់​មោហៈ​ហើយ ទើប​មិន​វង្វេង​ក្នុង​អារម្មណ៍ ដែល​គួរ​វង្វេង បុគ្គល​នោះ រមែង​កំចាត់​បង់​នូវ​មោហៈ​ទាំង​ពួង (ដោយ​មគ្គ​ទី ៤) ដូច​ជា​ព្រះ​អាទិត្យ កាល​រះ​ឡើង កំចាត់​បង់​ងងឹត ដូច្នោះ​ឯង។

សូត្រ ទី ៩។

ទេវទត្តសូត្រ (១០.)

(១០. ទេវទត្តសុត្តំ)

[៩១] ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត ត្រូវ​អសទ្ធម្ម ៣ យ៉ាង គ្រប​សង្កត់ រួបរឹត​ចិត្ត​ហើយ ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ ទៅ​កើត​ក្នុង​នរក ឋិត​នៅ​អស់ ១ កប្ប លែង​កែ​បាន​។ អសទ្ធម្ម ៣ គឺ​អ្វី​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត ត្រូវ​សេចក្តី​ប្រាថ្នា​ដ៏​លាមក គ្រប​សង្កត់​រួបរឹត​ចិត្ត​ហើយ ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ ទៅ​កើត​ក្នុង​នរក ឋិត​នៅ​អស់ ១ កប្ប លែង​កែ​បាន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត ត្រូវ​ភាព​នៃ​បាបមិត្ត​គ្រប​សង្កត់ រួបរឹត​ចិត្ត​ហើយ ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ ទៅ​កើត​ក្នុង​នរក ឋិត​នៅ​អស់ ១ កប្ប លែង​កែ បាន ១។ ទ. ១១៤មួយ​វិញ​ទៀត​ កិច្ច​ដែល​គួរ​ធ្វើត​ទៅ​ទៀត​នៅ​មាន (ប៉ុន្តែ) ទេវទត្ត​ដល់​នូវ​សេចក្តី​វិនាស​ក្នុង​ពាក់​កណ្តាល ចាក​ឈាន និង​អភិញ្ញា​ជាន់​ទាប​ផង ចាក​ការ​ត្រាស់​ដឹង​នូវ​គុណ​វិសេស​ជាន់​ខ្ពស់​ផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទេវទត្ត​ដែល​ត្រូវ​អសទ្ធម្ម ៣ នេះ​ឯង គ្រប​សង្កត់ រួបរឹត​ចិត្ត​ហើយ ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ ទៅ​កើត​ក្នុង​នរក ឋិត​នៅ​អស់ ១ កប្ប លែង​កែ​បាន។

បុគ្គល​នី​មួយ​ក្នុង​លោក កុំ​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក​ដោយ​ដាច់​ខាត គតិ​របស់​បុគ្គល​ទាំង​ឡាយ ដែល​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក យ៉ាង​ណា​មិញ អ្នក​ទាំង​ឡាយ ត្រូវ​ដឹង​នូវ​ទេវទត្ត​នោះ ដោយ​ហេតុ​នេះ យ៉ាង​នោះ​ចុះ​។ តថាគត ឮថាទេវទត្ត​នេះ គេ​ដឹង​ថា​ជា​បណ្ឌិត គេ​សរសើរ​ថា​ជា​អ្នក​មានខ្លួន​អប់​រំហើយ ហាក់​ដូច​ជា​រុង​រឿង ដោយ​យស​បរិវារ ហើយ​ឋិត​នៅ ទេវទត្ត​នោះ ជា​អ្នក​សន្សំ​រឿយ ៗ នូវ​សេចក្តី​ប្រមាទ បៀត​បៀន​តថាគត​នោះ ហើយ​ដល់​នូវ​អវិចី​នរក មាន​ទ្វារ ៤ ជា​ទី​គួរខ្លាច។ បុគ្គល​ណា ប្រទូស្ត​ចំពោះ​បុគ្គល ដែល​មិន​ប្រទូស្ត អ្នក​មិន​ធ្វើ​បាប​កម្ម ផល​បាប រមែង​ប៉ះ​ពាល់​ត្រូវ​បុគ្គល​អ្នក​មាន​ចិត្តប្រទូស្ត មិន​អើពើ ​នោះ​ឯង។ ទ. ១១៥បុគ្គល​ណា សំគាល់​ដើម្បី​នឹង​ប្រទូស្ត​នូវ​សមុទ្រ ដោយ​ឆ្នាំង​ដ៏​ពេញ​ដោយ​ថ្នាំពិស បុគ្គល​នោះ មិន​គប្បី​ប្រទូស្ត​ដោយ​ឆ្នាំង​ដ៏​ពេញ ដោយ​ថ្នាំពិស​នោះ​បាន ព្រោះ​ថា សមុទ្រ ជា​សភាពធំម​ហិមា យ៉ាងណា​មិញ។ បុគ្គល​ណា បៀត​បៀន​តថាគត​នុ៎ះ ដែល​កំពុង​ប្រតិបត្តិ​ដោយ​ប្រពៃ មាន​ព្រះ​ហ្ឫទ័យ​ស្ងប់​រម្ងាប់ ដោយ​វាទៈ​ជា​ទោស វាទៈ (របស់​បុគ្គល​នោះ​) ក៏​មិន​ដុះ​ឡើង​ក្នុង​ព្រះ​តថាគត​នោះ ក៏​យ៉ាង​នោះ​ដែរ។ ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​នៃ​បុគ្គល​ណា ហើយ​បាន​ដល់ នូវ​ការ​អស់​ទៅ​នៃ​សេចក្តី​ទុក្ខ បណ្ឌិត គប្បី​ធ្វើ​បុគ្គល​មាន​សភាព​ដូច្នោះ ឲ្យ​ជា​មិត្ត​ផង គប្បី​សេពគប់ ចំពោះ​បុគ្គល​នោះ​ផង។

ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា សេចក្តី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ ចតុត្ថវគ្គ។

ឧទ្ទាននៃចតុត្ថវគ្គ នោះ​គឺ

និយាយ​អំពី​វិតក្កៈ ១ សក្ការៈ ១ សំឡេង ​១ ទេពច្យុត ១ បុគ្គល​ក្នុង​លោក ១ អសុភ ១ ធម៌ ១ ងងឹត ១ មន្ទិល ១ ទេវទត្ត ១ ត្រូវជា ១០។

បញ្ចមវគ្គ (៥.)


ទ. ១១៦

ឥតិវុត្តកៈ តិកនិបាត បញ្ចមវគ្គ

អគ្គប្បសាទសូត្រ (១.)

(១. អគ្គប្បសាទសុត្តំ)

[៩២] ខ្ញុំ​បាន​ស្តាប់​មក​ថា ​ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ​ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​ជ្រះ​ថ្លា​ចំពោះ​វត្ថុ​ដ៏​ប្រសើរ​នេះ មាន ៣។ សេចក្តី​ជ្រះ​ថ្លា​ចំពោះ​វត្ថុ​ដ៏​ប្រសើរ ៣ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ទាំង​ប៉ុន្មាន ដែល​ជា​សត្វ​មិន​មាន​ជើង​ក្តី មាន​ជើង​ពីរ​ក្តី មាន​ជើង​បួន​ក្តី មាន​ជើង​ច្រើន​ក្តី មាន​រូប​ក្តី មិន​មាន​រូប​ក្តី មាន​សញ្ញា​ក្តី មិន​មាន​សញ្ញា​ក្តី មាន​សញ្ញា​ក៏​មិន​មែន មិន​មាន​សញ្ញា​ក៏​មិន​មែន គឺ​មាន​សញ្ញា​យ៉ាង​ល្អិត​ក្តី ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ ប្រាកដ​ជា​ប្រសើរ​ជាង​ពួក​សត្វ​ទាំង​នោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ណា ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ ពួក​សត្វ​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏​ប្រសើរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង​ប៉ុន្មាន ដែល​ជា​សង្ខតធម៌ (ធម៌​ដែល​មាន​បច្ច័យ​ប្រជុំ​តាក់​តែង) ក្តី ជា​អសង្ខតធម៌ (ធម៌​ដែល​មិន​មាន​បច្ច័យ​ប្រជុំ​តាក់​តែង) ក្តី វិរាគៈ (ការ​ប្រាស​ចាក​តម្រេក) ដែល​ជា​គ្រឿង​ញាំញី​នូវ​សេចក្តី​ស្រវឹង នាំចេញ​នូវ​សេចក្តី​ស្រេក​ឃ្លាន ដក​ឡើង​នូវ​សេចក្តី​អាល័យ កាត់​ផ្តាច់​នូវ​វដ្ដៈ អស់​តណ្ហា ប្រាស​ចាក​តម្រេក រលត់​មិន​សេស​សល់ មិន​មាន​តណ្ហា​នេះ ប្រាកដ​ជា​ប្រសើរ​ជាង​ធម៌​ទាំង​នោះ​។ ទ. ១១៧ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ណា ជ្រះ​ថ្លា​ក្នុង​វិរាគធម៌​ហើយ ពួក​សត្វ​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏​ប្រសើរ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង​ប៉ុន្មាន ដែល​ជា​សង្ខតធម៌ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ ក៏​ការ​ឃើញត្រូវ ១ ការ​ត្រិះ​រិះ​ត្រូវ ១ វាចា​ត្រូវ ១ ការ​ងារត្រូវ ១ ការ​ចិញ្ចឹម​ជីវិត​ត្រូវ ១ ព្យាយាម​ត្រូវ ១ រលឹក​ត្រូវ ១ តាំងចិត្ត​មាំ​ត្រូវ ១ នេះ​ប្រាកដ​ជា​ប្រសើរ​ជាង​ធម៌​ទាំង​នោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ណា ជ្រះ​ថ្លា​ក្នុង​ធម៌ គឺ​មគ្គ​ដ៏​ប្រសើរ​ហើយ ពួក​សត្វ​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា ក្នុង​វត្ថុ​ដ៏​ប្រសើរ កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏​ប្រសើរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សង្ឃ​ក្តី គណៈ​ក្តី​ទាំងប៉ុន្មាន សង្ឃ​ជា​សាវ័ក​របស់​ព្រះ​តថាគត ដែល​ចាត់​ជា​គូ​នៃ​បុរស មាន ៤ គូ ចាត់​ជា​បុរស​បុគ្គល (រៀងគ្នា) មាន​ប្រាំបី​នេះ ប្រាកដ​ជា​ប្រសើរ​ជាង​សង្ឃ និង​គណៈ​ទាំង​នោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ណា ជ្រះ​ថ្លា​ក្នុង​សង្ឃ​ហើយ ពួក​សត្វ​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏​ប្រសើរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ. ១១៨ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា​ក្នុង (ព្រះ​រត្នត្រ័យ) ថា​ជា​របស់​ប្រសើរ ដឹង​ច្បាស់​ថា​ជា​សភាវៈ​ប្រសើរ គឺ​ថា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ ជា​ទក្ខិណេយ្យ​បុគ្គល​ដ៏​ឧត្តម ជ្រះ​ថ្លា​ក្នុង​ព្រះ​ធម៌​ដ៏​ប្រសើរ ជា​គ្រឿង​ប្រាស​ចាក​តម្រេក ស្ងប់​រម្ងាប់ (កិលេស) នាំមក​នូវ​សេចក្តី​សុខ ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ដ៏​ប្រសើរ ជា​បុញ្ញក្ខេត្ត​យ៉ាង​ខ្ពង់​ខ្ពស់ ឲ្យនូវ​ទាន​ក្នុង​វត្ថុ​ដ៏​ប្រសើរ បុណ្យ​ដ៏​ប្រសើរ ក៏​រមែង​ចំរើន ទាំង​អាយុ ពណ៌ យស កេរ្តិ៍​ឈ្មោះ សេចក្តី​សុខ និង​កំឡាំង​ដ៏​ប្រសើរ ក៏​រមែង​ចំរើន អ្នក​ប្រាជ្ញ​ជា​អ្នក​ឲ្យ (នូវ​ទេយ្យធម៌) ចំពោះ​វត្ថុ​ដ៏​ប្រសើរ ហើយ​ជា​អ្នក​មាន​ចិត្ត​តាំង​មាំ ក្នុង​ធម៌​ដ៏​ប្រសើរ លុះ​កើត​ជា​ទេវតា ឬ​កើតជា​មនុស្ស សម្រេច​នូវ​សម្បត្តិ​ដ៏​ប្រសើរ រមែង​រីករាយ។

ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា សេចក្តី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

ជីវិកសូត្រ (២.)

(២. ជីវិកសុត្តំ)

[៩៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ចិញ្ចឹម​ជីវិត​ដោយ​កិរិយា​ត្រាច់​ទៅ ដើម្បី​បិណ្ឌបាត​នេះ លាមក​ជាង​ការ​ចិញ្ចឹម​ជីវិត​ទាំង​ឡាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា ក្នុង​លោក រមែង​មាន​ពាក្យ​ផ្តាសា​ដូច​នេះ​ថា អ្នក​ជា​បុគ្គល​ប្រព្រឹត្ត​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត មានតែ​បាត្រ​ក្នុង​ដៃ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប៉ុន្តែ​ពួក​កុលបុត្រ ដែល​ចូល​ចិត្ត​ចិញ្ចឹម​ជីវិត​ដោយ​កិរិយា​ត្រាច់​ទៅ ដើម្បី​បិណ្ឌបាត​នោះ ទ. ១១៩សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ ក្នុង​អំណាច​នៃ​ប្រយោជន៍ ព្រោះ​អាស្រ័យ​ប្រយោជន៍ មិន​មែន​ព្រោះ​ព្រះ​រាជា​បៀត​បៀន មិន​មែន​ព្រោះ​ចោរ​បៀត​បៀន មិន​មែន​ព្រោះ​ចំពាក់​បំណុល មិន​មែន​ព្រោះ​ភ័យ​គ្រប​សង្កត់ មិន​មែន​ព្រោះ​ដុនដាប​ដោយ​ការ​ចិញ្ចឹម​ជីវិត​ទេ ពិតជា​ព្រោះ​ការ​ត្រិះ​រិះ​ថា ពួក​យើង​ត្រូវ​ជាតិ ជរា មរណៈ សេចក្តី​សោក ខ្សឹកខ្សួល លំបាក​កាយ លំបាកចិត្ត និង​ចង្អៀត​ចង្អល់​ចិត្ត គ្រប​សង្កត់​ហើយ ជា​អ្នក​ត្រូវ​ទុក្ខ​រឹបជាន់ ត្រូវ​ទុក្ខ​គ្រប​សង្កត់​ហើយ ធ្វើ​ដូច​ម្តេច​ហ្ន៎ ការ​ធ្វើ​នូវ​ទី​បំផុត​នៃ​គំនរ​ទុក្ខ​ទាំង​អស់​នេះ​ឲ្យ​ប្រាកដ​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កុលបុត្រ​នេះ បាន​បួស​យ៉ាង​នេះ​ហើយ ក៏​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា មានតម្រេក​ដ៏​ក្លៀវក្លា​ក្នុង​កាម មាន​ចិត្ត​ព្យាបាទ មាន​ការ​ត្រិះ​រិះ​ក្នុង​ចិត្ត​ដ៏​អាក្រក់ ភ្លេចស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​មាំមួន មាន​ចិត្ត​ភ្ញាក់​ផ្អើល មាន​ឥន្ទ្រិយ​ជាប្រក្រតី គឺ​មិន​សង្រួម។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀប​ដូច​ជា​អង្កត់​ឧស​សម្រាប់​ដុតខ្មោច មាន​ភ្លើង​ឆេះ​ទាំងសងខាង ប្រឡាក់​លាមក​ត្រង់​កណ្តាល រមែង​មិន​ផ្សព្វ​ផ្សាយ​ទៅ​ដើម្បី​ជា​ឧស​ក្នុង​ស្រុក ក្នុង​ព្រៃ​បាន​ឡើយ យ៉ាង​ណា​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ពោល​នូវ​បុគ្គល​នេះ​ថា សាបសូន្យ​ចាក​ភោគៈ​របស់​គ្រហស្ថ​ផង មិន​បាន​ញុាំង​​ប្រយោជន៍​ជា​របស់​សមណៈ​ឲ្យ​បរិបូណ៌​ផង ក៏​យ៉ាង​នោះ​ដែរ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ. ១២០ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

(បុគ្គលទ្រុស្តសីល) រមែងសាបសូន្យ​ចាក​ភោគៈ​របស់​គ្រហស្ថ​ផង ចាក​ប្រយោជន៍​របស់​សមណៈ​ផង ជា​បុគ្គល​មាន​ចំណែក​អាក្រក់ តែង​ខ្ចាត់​ខ្ចាយ រោយរាយ វិនាស​ទៅ ដូច​ជា​ឧស​ដុតខ្មោច។ បុគ្គល បរិភោគ​ដុំ​ដែក​ក្តៅ ដូច​ជា​អណ្តាត​ភ្លើង ប្រសើរ​ជាង បុគ្គល​ទ្រុស្តសីល មិន​សង្រួម​ហើយ បរិភោគ​នូវ​បិណ្ឌបាត​របស់​អ្នក​ដែន មិន​ប្រសើរ​សោះ​ឡើយ។

សូត្រ ទី ២។

សង្ឃាដិកណ្ណសូត្រ (៣.)

(៣. សង្ឃាដិកណ្ណសុត្តំ)

[៩៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ទុកជា​ភិក្ខុ ចាប់​ជាយ​សង្ឃាដី (នៃ​តថាគត) ហើយ​ដើរ​តាម​អំពី​ខាងក្រោយ ៗ ដាក់​ជើង (ខ្លួន) ត្រង់​កន្លែង​ជើង (នៃ​តថាគត) តែថា​ភិក្ខុ​នោះ ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា មានតម្រេក​ដ៏​ក្លៀវ​ក្លា​ក្នុង​កាម មាន​ចិត្ត​ព្យាបាទ មាន​សេចក្តី​ត្រិះ​រិះ​ក្នុង​ចិត្ត​ដ៏​អាក្រក់ ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​មាំមួន មាន​ចិត្ត​ភ្ញាក់​ផ្អើល មាន​ឥន្ទ្រិយ​ជា​ប្រក្រតី ភិក្ខុ​នោះ ឈ្មោះ​ថា នៅ​ឆ្ងាយ​អំពី​តថាគត​ដោយ​ពិត ឯ​តថាគត ក៏​ឈ្មោះ​ថា នៅ​ឆ្ងាយ​អំពី​ភិក្ខុ​នោះ​ដែរ។ ដំណើរ​នោះ ព្រោះ​ហេតុ​អី្វ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា ភិក្ខុ​នោះ មិន​ឃើញ​ធម៌ កាល​បើ​មិន​ឃើញ​ធម៌​ហើយ ឈ្មោះ​ថា មិន​ឃើញ​តថាគត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ទុក​ជា​ភិក្ខុ​នោះ នៅក្នុង​ទី​មួយ ចំនួន​រយ​យោជន៍ ទ. ១២១តែ​ភិក្ខុ​នោះ មិន​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា មិន​មាន​តម្រេក​ក៏​ក្លៀវ​ក្លា​ក្នុង​កាម មិន​មាន​ចិត្ត​ព្យាបាទ មិន​មាន​សេចក្តី​ត្រិះ​រិះ​ក្នុង​ចិត្ត​ដ៏​អាក្រក់ ប្រុង​ស្មារតី ដឹង​ខ្លួន មាន​ចិត្ត​មាំមួន មាន​ចិត្ត​មូល​នឹង​ធឹង​ក្នុង​អារម្មណ៍​តែ​មួយ សង្រួម​ឥន្ទ្រិយ ភិក្ខុ​នោះ ឈ្មោះ​ថា នៅ​ជិត​តថាគត​ដោយ​ពិត ទាំង​តថាគត ក៏​ឈ្មោះ​ថា នៅ​ជិត​ភិក្ខុ​នោះ​ដែរ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា ភិក្ខុ​នោះ ឃើញ​ធម៌ កាល​បើ​ឃើញ​ធម៌​ហើយ ឈ្មោះ​ថា ឃើញ​តថាគត។

អ្នក​ចូរ​មើលចុះ ភិក្ខុ​ណា ដែល​ជា​អ្នក​ប្រាថ្នា​ធំ បៀត​បៀន​គេ លុះ​អំណាច​តណ្ហា​ជា​គ្រឿង​ញាប់​ញ័រ មាន​ចិត្ត​មិន​ត្រជាក់ ចំពាក់​នៅ (ក្នុង​កាម) បើ​ទុក​ជា​ភិក្ខុ​នោះ ជាប់​កៀក​នឹង​ព្រះ​ពុទ្ធ ដែល​មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់​ញ័រ មាន​ចិត្ត​ត្រជាក់ ឥត​ជាប់​ចំពាក់ ក៏​ឈ្មោះ​ថា នៅ​ឆ្ងាយ​ជាដរាប។ លុះ​តែ​ភិក្ខុ​ណា ជា​បណ្ឌិត បាន​ដឹង​ច្បាស់​នូវ​ធម៌ (ដោយ​ញាតបរិញ្ញា និង​តីរណបរិញ្ញា) ដឹង​ច្បាស់​នូវ​ចតុសច្ចធម៌ (ដោយ​មគ្គញ្ញាណ) មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់​ញ័រ ស្ងប់​រម្ងាប់ ដូច​ជា​អន្លង់​ទឹក ប្រាស​ចាក​ខ្យល់ មិន​កំរើក​មាន​ចិត្ត​ត្រជាក់ មិន​ជាប់​ចំពាក់ អ្នក​ចូរ​មើលចុះ ភិក្ខុ​នោះ ឈ្មោះ​ថា នៅ​ជិត​ព្រះ​ពុទ្ធ ដែល​មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់​ញ័រ មាន​ចិត្ត​ត្រជាក់ មិន​ជាប់​ចំពាក់​ក្នុង​កាម​ជាដរាប។

សូត្រ ទី ៣។

អគ្គិសូត្រ (៤.)


ទ. ១២២

(៤. អគ្គិសុត្តំ)

[៩៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភ្លើង​នេះ មាន ៣ យ៉ាង។ ភ្លើង ៣ យ៉ាង ​តើ​ដូច​ម្តេច។ ភ្លើង គឺ​រាគៈ ១ ភ្លើង គឺ​ទោសៈ ១ ភ្លើង គឺ​មោហៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភ្លើង​មាន ៣ យ៉ាង​នេះ​ឯង។

ភ្លើង គឺ​រាគៈ រមែង​ដុត​ពួក​សត្វ ដែលត្រេកត្រអាល​ជ្រប់​នៅ​ក្នុង​កាម ចំណែក​ភ្លើង គឺ​ទោសៈ រមែង​ដុត​ពួក​ជន ដែល​មាន​ចិត្ត​ព្យាបាទ ជា​អ្នក​សម្លាប់​សត្វ ឯ​ភ្លើង គឺ​មោហៈ រមែង​ដុត​ពួក​សត្វ​ដែល​វង្វេង មិន​ឈ្លាស​វៃ​ក្នុង​អរិយធម៌។ ពួក​សត្វ​ដែល​មិន​ស្គាល់​ភ្លើង​ទាំង​នេះ ជា​អ្នក​ត្រេកត្រអាល​ក្នុង​សក្កាយ (ឧបាទានក្ខន្ធ ៥) រមែង​ញ៉ាំង​ភ្លើង​ទាំង​នោះ​ឲ្យ​ចំរើន ទាំង​ញ៉ាំង​នរក តិរច្ឆាន​កំណើត អសុរកាយ និង​បិត្តិវិស័យ​ឲ្យ​ចំរើន មិន​ផុត​ចាក ចំណង​មារ​បាន​ឡើយ។ លុះ​តែ​បុគ្គល​ទាំង​ឡាយ​ណា ប្រកប (ដោយ​ភាវនា) ក្នុង​សាសនា​ព្រះ​សម្មាសម្ពុទ្ធ ទាំងយប់​ទាំង​ថ្ងៃ បុគ្គល​ទាំង​នោះ មាន​សេចក្ដី​សំគាល់​ថា មិន​ស្អាត​ជានិច្ច ទើប​ញ៉ាំង​ភ្លើង គឺ​រាគៈ ឲ្យ​រលត់​បាន ជា​សត្វ​ខ្ពង់​ខ្ពស់​ជាង​ជន ទើប​ញ៉ាំង​ភ្លើង គឺ​ទោសៈ​ឲ្យ​រលត់ ដោយ​មេត្តាភាវនា​បាន ទាំងញ៉ាំង​ភ្លើង គឺ​មោហៈ ឲ្យ​រលត់ ដោយ​ប្រាជ្ញា​ជា​គ្រឿង​ទំលុះ​ទំលាយ​កិលេស។ ទ. ១២៣លុះ​ភិក្ខុ​ទាំង​នោះ មាន​ប្រាជ្ញា​ជា​គ្រឿង​រក្សាខ្លួន មិន​ខ្ជិល​ច្រអូស ទាំង​យប់​ទាំង​ថ្ងៃ រំលត់​ភ្លើង​កិលេស​បាន​ហើយ រមែង​រលត់​ទាំង​ខន្ធ មិន​មាន​សេស​សល់ កន្លង​ផុត​នូវ​ទុក្ខ មិន​មាន​សេស​សល់​។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ ជា​អ្នក​ឃើញ​នូវ​អរិយធម៌ (និព្វាន និង​សច្ចៈ ៤) ដល់​នូវ​វេទ ព្រោះ​ដឹង​ដោយ​ប្រពៃ ដឹង​ច្បាស់​នូវ​ធម៌ ជា​គ្រឿង​អស់​ជាតិ រមែង​មិន​វិល​មក​កាន់​ភព​ទៀត​ឡើយ។

សូត្រ ទី ៤។

ឧបបរិក្ខសូត្រ (៥.)

(៥. ឧបបរិក្ខសុត្តំ)

[៩៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​ពិចារណា​យ៉ាងណាៗ ហើយ វិញ្ញាណ មិន​រាយមាយ មិន​រវើរវាយ​ទៅ​ខាង​ក្រៅ ទាំង​មិន​ឋិត​នៅ​ខាង​ក្នុង មិន​តក់​ស្លុត ព្រោះ​មិន​ប្រកាន់​មាំ ភិក្ខុ​គួរ​ពិចារណា​យ៉ាង​នោះ​ៗ ទើប​ហេតុ​ជា​គ្រឿង​បង្ក​ឲ្យ​កើត​នៃ​ជាតិទុក្ខ ជរាទុក្ខ និង​មរណទុក្ខ មិន​មាន​តទៅ។

ភិក្ខុ​ដែល​បាន​លះ​បង់​នូវ​គ្រឿង​ជាប់​ចំពាក់ ៧ យ៉ាង កាត់​ផ្ដាច់​នូវ​តណ្ហា សម្រាប់​នាំទៅ​កាន់​ភព រមែង​អស់​ការ​ត្រាច់​រង្គាត់​ទៅ​កាន់​ជាតិ ភព​ថ្មី​របស់​ភិក្ខុ​នោះ មិន​មាន​ទៀត​ឡើយ។

សូត្រ ទី ៥។

កាមូបបត្តិសូត្រ (៦.)


ទ. ១២៤

(៦. កាមូបបត្តិសុត្តំ)

[៩៧] ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​កើត​ឡើង​នៃ​កាម​នេះ មាន ៣។ ការ​កើត​ឡើង​នៃ​កាម ៣ តើ​ដូច​ម្ដេច។ គឺ​ពួក​សត្វ​ដែល​មាន​កាម​តាំង​ឡើង​ចំពោះ ១ ពួក​សត្វ​ដែល​កើត​ក្នុង​ឋាន​និម្មានរតី (ត្រេកអរ​ចំពោះ​កាម​ដែល​និម្មិត​ដោយ​ខ្លួន​ឯង) ១ ពួក​សត្វ​ដែល​កើត​ក្នុង​ឋានបរនិម្មិតវសវត្តិ (ប្រព្រឹត្ត​ទៅ​ក្នុង​អំណាច​នៃ​កាម​ដែល​អ្នក​ដទៃ​និម្មិត​ឲ្យ) ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​កើត​ឡើង​នៃ​កាម មាន ៣ នេះ​ឯង។

ពួក​សត្វ​ដែល​មាន​កាម​តាំង​ឡើង​ចំពោះ​ក្ដី ពួក​ទេវតា​ណា ដែល​កើត​ក្នុង​ឋាន​បរនិម្មិតវសវត្តិក្ដី ពួក​ទេវតា​ណា ដែល​កើត​ក្នុង​ឋាន​និម្មានរតីក្តី និង​ពួក​សត្វ​ណា​ដទៃ​ក្រៅ​អំពី​នេះ ដែល​ជា​អ្នក​បរិភោគ​នូវ​កាម​ក្ដី (ពួក​សត្វ​ទាំង​អស់​នោះ​) មិន​ឆ្លង​នូវ​ការ​បាន​បែប​នេះ ហើយ​ប្រែ​ទៅ​ជា​ដទៃ ព្រោះ​ការ​បរិភោគ​កាម​បាន​ឡើយ (ព្រោះ​ហេតុ​នោះ​) កាម​ទាំង​ឡាយ​ណា ជា​របស់​ទិព្វ​ក្ដី កាម​ទាំង​ឡាយ​ណា ជា​របស់​មនុស្ស​ក្ដី អ្នក​ប្រាជ្ញ​លះ​បង់​នូវ​កាម​ទាំង​អស់​នោះ កាត់​ផ្ដាច់​នូវ​ខ្សែ គឺ​តណ្ហា ជា​គ្រឿង​ជាប់​ចំពាក់ ដោយ​សេចក្ដី​រីករាយ ក្នុង​រូប​ជា​ទីស្រឡាញ់ ដែល​ពួក​សត្វ​ឆ្លង​បាន​ដោយ​ក្រ ហើយ​រលត់​មិន​មាន​សេស​សល់ កន្លង​នូវ​ទុក្ខ មិន​មាន​សេស​សល់ ពួក​អ្នក​ប្រាជ្ញ ជា​អ្នក​ឃើញ​នូវ​អរិយធម៌ ដល់​នូវ​វេទ ព្រោះ​ដឹង​ដោយ​ប្រពៃ ដឹង​ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ជាតិ រមែង​មិន​វិល​មក​កាន់​ភព​ថ្មី​ទៀត​ឡើយ។

សូត្រ ទី ៦។

កាមយោគសូត្រ (៧.)


ទ. ១២៥

(៧. កាមយោគសុត្តំ)

[៩៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ដែល​ប្រកប​ដោយ​កាម​យោគៈ (កិលេស​ជា​គ្រឿង​ប្រកប គឺ​តម្រេក​ក្នុង​បញ្ចកាមគុណ) ប្រកប​ដោយ​ភវយោគៈ (កិលេស​ជា​គ្រឿង​ប្រកប គឺ​តម្រេក​ក្នុង​រូបភព និង​អរូបភព) ឈ្មោះ​ថា អាគាមិបុគ្គល ព្រោះ​មក​កាន់​អត្តភាព​ជា​មនុស្ស​នេះ​វិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ដែល​ប្រាស​ចាក​កាម​យោគៈ តែ​ប្រកប​ដោយ​ភវយោគៈ ឈ្មោះ​ថា អនាគាមិបុគ្គល ព្រោះ​មិន​មក​កាន់​អត្តភាព​ជា​មនុស្ស​ទៀត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ដែល​ប្រាស​ចាក​កាម​យោគៈ ប្រាស​ចាក​ភវយោគៈ ឈ្មោះ​ថា អរហន្ត អស់​អាសវៈ​ហើយ។

ពួក​សត្វ ដែល​ប្រកប​ដោយ​កាម​យោគៈ និង​ភវយោគៈ​ទាំង​ពីរ ជា​សត្វ​ប្រព្រឹត្ត​ទៅ​ដើម្បី​ជាតិ និង​មរណៈ រមែង​អន្ទោល​ទៅ​កាន់​សង្សារ។ ចំណែក​ពួក​សត្វ​ណា បាន​លះ​បង់​នូវ​កាម​ទាំង​ឡាយ តែ​មិន​ទាន់​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ នៅ​ប្រកប​ដោយ​ភវយោគៈ​នៅ​ឡើយ ពួក​សត្វ​នោះ ហៅ​ថា អនាគាមិ​បុគ្គល។ លុះ​តែ​ពួក​សត្វ​ណា បាន​កាត់​នូវ​សេចក្ដី​សង្ស័យ អស់​សេចក្ដី​ប្រកាន់​ក្នុង​ភព​ថ្មី​ហើយ ឬ​ពួក​សត្វ​ណា ដែល​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ក្នុង​លោក ពួក​សត្វ​នោះ​ឯង ឈ្មោះ​ថា បាន​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន។

សូត្រ ទី ៧។

កល្យាណសីលសូត្រ (៨.)


ទ. ១២៦

(កល្យាណសីលសុត្តំ)

[៩៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​សីល​ល្អ មាន​ធម៌​ល្អ មាន​ប្រាជ្ញា​ល្អ បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ចប់​សព្វ​គ្រប់​ហើយ ហៅ​ថា​ជា​បុរស​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​ធម្មវិន័យ​នេះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​សីល​ល្អ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មាន​សីល បាន​សង្រួម​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ បរិបូណ៌​ដោយ​អាចារ និង​គោចរៈ ឃើញ​ភ័យ​ក្នុង​ទោស​បន្តិច​បន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំង​ឡាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​សីល​ល្អ យ៉ាង​នេះ​ឯង។ ដូច​នេះ ហៅ​ថា ភិក្ខុ​មាន​សីល​ល្អ។ ភិក្ខុ​មាន​ធម៌​ល្អ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ប្រកប​រឿយៗ នូវ​ការ​ចំរើន​នូវ​ពោធិបក្ខិយធម៌ ៣៧ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​ធម៌​ល្អ យ៉ាង​នេះ​ឯង។ ដូច​នេះ ហៅ​ថា ភិក្ខុ​មាន​សីល​ល្អ មាន​ធម៌​ល្អ។ ភិក្ខុ​មាន​ប្រាជ្ញា​ល្អ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មាន​ប្រាជ្ញា​ល្អ យ៉ាង​នេះ​ឯង។ ទ. ១២៧ភិក្ខុ​ដែល​មាន​សីល​ល្អ មាន​ធម៌​ល្អ មាន​ប្រាជ្ញា​ល្អ បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ចប់​សព្វ​គ្រប់​ហើយ ហៅ​ថា ឧត្តមបុរស ក្នុងធម្មវិន័យ​នេះ ដូច​នេះ​។

ភិក្ខុ​ណា មិន​មានអំពើ​អាក្រក់ ដោយ​កាយ ដោយ​វាចា ដោយ​ចិត្ត អ្នក​ប្រាជ្ញ​ហៅ​ភិក្ខុ​នោះ ដែល​មាន​សេចក្ដី​ខ្មាស​បាប ថា​ជា​អ្នក​មាន​សីល​ល្អ ដោយ​ពិត។ ធម៌​ទាំង​ឡាយ ប្រព្រឹត្ត​ទៅ ដើម្បី​សម្រេច​សម្ពោធិញ្ញាណ ដែល​ភិក្ខុ​ណា​បាន​ចំរើន​ដោយ​ល្អ​ហើយ អ្នក​ប្រាជ្ញ​ហៅ​ភិក្ខុ​នោះ ដែល​មិន​មាន​កិលេស​ក្រាស់ ថា​ជា​អ្នក​មាន​ធម៌​ល្អ​ដោយ​ពិត។ ភិក្ខុ​ណា ដឹង​ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ​របស់​ខ្លួន ក្នុង​លោក​នេះ អ្នក​ប្រាជ្ញ​ហៅ​ភិក្ខុ​នោះ ដែល​មិន​មាន​អាសវៈ ថា​ជា​អ្នក​មាន​ប្រាជ្ញា​ល្អ​ដោយ​ពិត អ្នក​ប្រាជ្ញ​ពោល​នូវ​ភិក្ខុ​ដែល​បរិបូណ៌​ដោយ​ធម៌​ទាំង​ឡាយ​នោះ ជា​អ្នក​មិន​មានទុក្ខ អស់​សេចក្ដី​សង្ស័យ លះ​បង់​នូវ​កិលេស​ទាំង​ពួង ថា​ជា​អ្នក​មិន​អាស្រ័យ​ដោយ​តណ្ហា និង​ទិដ្ឋិ ក្នុង​លោក​ទាំង​ពួង។

សូត្រ ទី ៨។

ទានសូត្រ (៩.)


ទ. ១២៨

(៩. ទានសុត្តំ)

[១០០] ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​នេះ មាន ២ យ៉ាង គឺ​អាមិសទាន ១ ធម្មទាន ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដា​ទាន​ទាំង ២ យ៉ាង​នេះ ធម្មទាន ប្រសើរ​ជាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ចែក​នេះ មាន ២ យ៉ាង គឺ​ការ​ចែក​អាមិសៈ ១ ការ​ចែក​ធម៌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដា​ការ​ចែក​ទាំង ២ នេះ ការ​ចែក​ធម៌ ប្រសើរ​ជាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​អនុគ្រោះ​នេះ មាន ២ យ៉ាង គឺ​សេចក្ដី​អនុគ្រោះ​ដោយ​អាមិសៈ ១ សេចក្ដី​អនុគ្រោះ​ដោយ​ធម៌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដា​សេចក្ដី​អនុគ្រោះ​ទាំង ២ យ៉ាង​នេះ សេចក្ដី​អនុគ្រោះ​ដោយ​ធម៌ ប្រសើរ​ជាង។

ព្រះ​មាន​ព្រះ​ភាគ ពោល​សរសើរ​នូវ​ទាន​ណា ថា​ជា​ទាន​ឧត្តម ប្រសើរ​លើស ត្រាស់​សរសើរ​នូវ​ការ​ចែក​ណា (ថា​ជា​របស់​ឧត្តម ប្រសើរ​លើស) អ្នក​ប្រាជ្ញ មាន​ចិត្ត​ជ្រះ​ថ្លា ចំពោះ​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ កាល​បើ​ដឹង​ច្បាស់​ហើយ នរណា នឹង​មិន​បូជា ក្នុង​កាល​ដែល​គួរ។ ពួក​សត្វ​ណា សំដែង​ផង ស្ដាប់​ផង ទាំង​ពីរ​ពួក មាន​ចិត្ត​ជ្រះ​ថ្លា ក្នុង​សាសនា​ព្រះ​សុគត (មួយ​ទៀត) ពួក​សត្វ​ណា មិន​ធ្វេស​ប្រហែស​ក្នុង​សាសនា​ព្រះ​សុគត ប្រយោជន៍​ដ៏​សំខាន់​នោះ របស់​ពួក​ទាំង​នោះ រមែង​បរិសុទ្ធ។

សូត្រ ទី ៩។

តេវិជ្ជសូត្រ (១០.)


ទ. ១២៩

(១០. តេវិជ្ជសុត្តំ)

[១០១] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា​ដោយ​ធម៌ ថា​ជា​ព្រាហ្មណ៍ មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ​ថា​ជា​ព្រាហ្មណ៍ ដោយ​គ្រាន់​តែ​ពាក្យ​ពោល និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះ​ទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា ដោយ​ធម៌ ថា​ជា​ព្រាហ្មណ៍ មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ ថា​ជា​ព្រាហ្មណ៍ ដោយ​គ្រាន់​តែ​ពាក្យ​ពោល និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ រលឹក​ជាតិ​ដែល​បាន​អាស្រ័យ​នៅក្នុង​កាលមុន​ជា​ច្រើន​ប្រការ គឺ​រលឹក​បាន ១ ​ជាតិ​ខ្លះ ២ ​ជាតិ​ខ្លះ ៣ ​ជាតិ​ខ្លះ ៤​ ជាតិ​ខ្លះ ៥​ ជាតិ​ខ្លះ ១០ ​ជាតិ​ខ្លះ ២០​ ជាតិ​ខ្លះ ៣០​ ជាតិ​ខ្លះ ៤០ ​ជាតិ​ខ្លះ ៥០ ​ជាតិ​ខ្លះ ១០០​ ជាតិ​ខ្លះ ១០០០​ ជាតិ​ខ្លះ ១ ​សែន​ជាតិ​ខ្លះ រលឹក​បាន​ច្រើន​សំ​វដ្ដ​កប្ប​ខ្លះ ច្រើន​វិវដ្ដ​កប្ប​ខ្លះ ច្រើន​សំ​វដ្ដ​វិវដ្ដ​កប្ប​ខ្លះ​ថា អាត្មា​អញ បាន​កើត​ក្នុង​ភព​ឯណោះ មានឈ្មោះ យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ ទទួល​សុខទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ លុះ​អាត្មា​អញ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ ដែល​ទៅ​កើត​ក្នុង​ភព​នោះ មានឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ ទទួល​សុខទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ លុះ​អាត្មា​អញ ច្យុត​ចាក​អត្តភាព​នោះ​ហើយ ក៏បាន​មក​កើត​ក្នុង​ភព​នេះ ភិក្ខុ​នោះ រលឹក​តាម​នូវ​ជាតិ​ដែល​អាស្រ័យ​នៅក្នុង​កាលមុន​បាន​ជា​ច្រើន​ប្រការ ព្រម​ទាំង​អាការៈ ព្រម​ទាំង​ឧទ្ទេស​យ៉ាង​នេះ​។ ទ. ១៣០​នេះ​ជា​វិជ្ជា​ទី ១ ដែល​ភិក្ខុ​នោះ​បាន​ហើយ អវិជ្ជា ខ្ចាត់​បាត់​ទៅ វិជ្ជា ក៏​កើត​ឡើង ងងឹត​ខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង ដល់​ភិក្ខុ​នោះ ដែល​មិន​ធ្វេសប្រហែស ខំព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​មូល​ស្លុង (ឥតមាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​មាន​ចក្ខុ​ទិព្វ​បរិសុទ្ធ កន្លង​បង់​ចក្ខុ​ជា​របស់​មនុស្ស ពិចារណា​ឃើញ​នូវ​សត្វ​ទាំង​ឡាយ ដែល​កំពុង​ច្យុត កំពុង​កើត ទាបថោក និង​ឧត្តម មាន​សម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មាន​គតិ​ល្អ មាន​គតិ​អាក្រក់ ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម​ថា អើហ្ន៎ សត្វ​ទាំង​អម្បាល​នេះ ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ ជា​មិច្ឆាទិដ្ឋិ ប្រកាន់​មាំ​នូវ​កម្ម​ជា​មិច្ឆាទិដ្ឋិ លុះ​សត្វ​ទាំង​នោះ បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ឯ​អបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែក​សត្វ​ទាំង​អម្បាល​នេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត មិន​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ ជា​សម្មាទិដ្ឋិ ប្រកាន់​មាំ​នូវ​កម្ម​ជា​សម្មាទិដ្ឋិ លុះ​សត្វ​ទាំង​នោះ បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ឯ​សុគតិ សួគ៌ ទេវលោក ភិក្ខុ​នោះ មាន​ចក្ខុ​ទិព្វ​បរិសុទ្ធ កន្លង​បង់​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា។បេ។ ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ដែល​អន្ទោល​ទៅ​តាមកម្ម ដោយ​បការៈ​ដូច​នេះ​។ ទ. ១៣១​នេះ​ជា​វិជ្ជា​ទី ២ ដែល​ភិក្ខុ​នោះ​បាន​ហើយ អវិជ្ជា ខ្ចាត់​បាត់​ទៅ វិជ្ជា ក៏​កើត​ឡើង ងងឹត​ខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​ភិក្ខុ​នោះ ដែល​មិន​ប្រហែស​ធ្វេស ខំព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​មូលស្លុង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញទៀត ភិក្ខុបាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ។ នេះ​ជា​វិជ្ជា​ទី ៣ ដែល​ភិក្ខុ​នោះ​បាន​ហើយ អវិជ្ជា​ខ្ចាត់​បាត់​ទៅ វិជ្ជា​ក៏​កើត​ឡើង ងងឹត​ខ្ចាត់​បាត់​ទៅ ពន្លឺ ក៏​កើត​ឡើង ដល់​ភិក្ខុ​នោះ ដែល​មិន​ប្រហែស​ធ្វេស ខំព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​មូលស្លុង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា​ដោយ​ធម៌ ថា​ជា​ព្រាហ្មណ៍ មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ​ថា​ជា​ព្រាហ្មណ៍ ដោយ​គ្រាន់​តែ​ពាក្យ​ពោល និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះ​ទេ យ៉ាង​នេះ​ឯង។

បុគ្គល​ណា បាន​ដឹង​នូវ​ខន្ធ​សន្តាន ដែល​អាស្រ័យ​នៅក្នុង​កាលមុន ទាំង​ឃើញ​នូវ​ឋានសួគ៌ និង​អបាយ ទាំង​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​ជាតិ ជា​ខាង​ក្រោយ បុគ្គល​នោះ ឈ្មោះ​ថា អ្នក​ប្រាជ្ញ បាន​ញ៉ាំង​កិច្ចឲ្យ​សម្រេច ព្រោះ​ដឹង​ច្បាស់​នូវ​ចតុសច្ចធម៌។ ព្រាហ្មណ៍ (ណា) ជា​អ្នក​បាន​ត្រៃវិជ្ជា ដោយ​វិជ្ជា ៣ នុ៎ះ ទ. ១៣២តថាគត​ហៅ​នូវ​ព្រាហ្មណ៍ អ្នក​បាន​ត្រៃវិជ្ជា​នោះ ថា​ជា​ព្រាហ្មណ៍ មិន​ហៅ​នូវ​បុគ្គល​ដទៃ ដែល​ជា​អ្នក​ពោល និង​បង្ហាញ​នូវ​មន្ត ថា​ជា​ព្រាហ្មណ៍​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ បញ្ចមវគ្គ។

ឧទ្ទាននៃបញ្ចមវគ្គ​នោះ​គឺ

និយាយ​អំពី​សេចក្ដី​ជ្រះ​ថ្លា ១ ការ​ចិញ្ចឹម​ជីវិត ១ សង្ឃាដី ១ ភ្លើង ១ ការពិចារណា ១ ការ​កើត​ឡើង​នៃ​កាម ១ កាម​យោគៈ ១ សីល​ល្អ ១ ទាន ១ ព្រាហ្មណ៍​ដោយ​ធម៌ ១ ត្រូវជា ១០។

ចប់ តិកនិបាត។​

 

1)
ឥន្ទ្រិយ​ដែល​កើត​ឡើង ដល់​អ្នក​ប្រតិបត្តិ​ថា អាត្មា​អញ នឹង​ដឹង​នូវ​ចតុស្សច្ចធម៌ ដែល​អាត្មា​អញ​មិន​ទាន់​ដឹង មិន​ទាន់​សម្រេច​ក្នុង​សំសារវដ្ត បាន​ដល់​សោតាបត្តិមគ្គប្បញ្ញា។
2)
ឥន្ទ្រិយ​របស់​អរិយបុគ្គល តាំង​អំពី​សោតាបត្តិផល ដល់​អរហត្តមគ្គ។
3)
ឥន្ទ្រិយ​របស់​ព្រះ​ខីណា​ស្រព ដែល​មាន​ញាណ​កិច្ច​សម្រេច​ហើយ​ក្នុង​សច្ចៈ​ទាំង ៤។
4)
ការ​លះ​នូវ​កាយ​ទុច្ចរិត ៣ ហៅ​ថា កាយមោនេយ្យៈ កាយសុចរិត ៣ យ៉ាង ក៏​ហៅ​ថា កាយមោនេយ្យៈ ការ​ដឹង​អារម្មណ៍​ដោយ​កាយ ហៅ​ថា កាយមោនេយ្យៈ ការកំណត់​ដឹង​ដោយ​កាយ ហៅ​ថា កាយមោនេយ្យៈ មគ្គ​ប្រកប​ដោយ​ការកំណត់​ដឹង​ដោយ​កាយ ហៅ​ថា កាយមោនេយ្យៈ ការ​លះ​នូវ​ឆន្ទ​រាគ​ក្នុង​កាយ ហៅ​ថា កាយមោនេយ្យៈ ចតុ​ត្ថជ្ឈានសមាបត្តិ ដែល​រលត់​កាយសង្ខារ ហៅ​ថា កាយមោនេយ្យៈ។
5)
វចីមោនេយ្យៈ សេចក្តី​ដូច​គ្នា​នឹង​កាយមោនេយ្យៈ។
6)
មនោមោនេយ្យៈ សេចក្តី​ដូច​គ្នា​នឹង​កាយមោនេយ្យៈ។ អដ្ឋកថា។
7)
សំដៅយកការវាស់ ដេរ​ចីវរ ស្លោកបាត្រ​ជា​ដើម។ អដ្ឋកថា។
8)
សំឡេង​ស្រែកហៅ​ដោយ​សេចក្ដី​ត្រេកអរ​នៃ​ពួក​ទេវតា។
9)
ក្នុង​ឧបបត្តិទេព​ទាំង​ពួង វៀរលែង​តែ​អរូបាវចរទេវតា និង​អសញ្ញីទេវតា។ អដ្ឋកថា។
km/tipitaka/sut/kn/iti/sut.kn.iti.v3.txt · ពេលកែចុងក្រោយ: 2023/03/17 10:17 និពន្ឋដោយ Johann