km:tipitaka:sut:kn:iti:sut.kn.iti.v4

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ចតុក្កនិបាត »

ចតុក្កនិបាត (៤.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti v2 បាលី cs-km: sut.kn.iti.v2 អដ្ឋកថា: sut.kn.iti.v2_att PTS: ?

ចតុក្កនិបាត ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ១៣៣

ឥតិវុត្តកៈ ចតុក្កនិបាត

ព្រាហ្មណធម្មយាគសូត្រ (១.)

(១. ព្រាហ្មណធម្មយាគសុត្តំ)

[១០២] ខ្ញុំ​បាន​ស្តាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ជា​ព្រាហ្មណ៍ គួរ​គេ​សូម​បាន មានដៃ​លាង​ស្អាត​គ្រប់​កាល ទ្រទ្រង់​នូវ​អត្តភាព​ជា​ទី​បំផុត ជា​ពេទ្យ​វះ​កាត់​យ៉ាង​ប្រសើរ អ្នក​ទាំង​ឡាយ ជា​បុត្ត ជា​ឱរស កើត​អំពី​មាត់​តថាគត កើត​អំពី​ធម៌ មាន​ធម៌​តាក់​តែង​ហើយ មាន​ធម៌​ជា​មត៌ក មិន​មាន​អាមិសៈ​ជា​មត៌ក​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាន​នេះ​មាន ២ គឺ​អាមិសទាន ១ ធម្មទាន ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ទាន​ទាំង ២ នេះ ធម្មទាន​ប្រសើរ​ជាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ចែក​នេះ​មាន ២ គឺ​ការ​ចែក​អាមិសៈ ១ ការ​ចែក​ធម៌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ការ​ចែក​ទាំង ២ នេះ ការ​ចែក​ធម៌​ប្រសើរ​ជាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​អនុគ្រោះ​នេះ មាន ២ គឺ​ការ​អនុគ្រោះ​ដោយ​អាមិសៈ ១ ការ​អនុគ្រោះ​ដោយ​ធម៌ ១ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ការ​អនុគ្រោះ ទាំង ២ នេះ ការ​អនុគ្រោះ​ដោយ​ធម៌ ប្រសើរ​ជាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​បូជា​នេះ មាន ២ គឺ​ការ​បូជា​ដោយ​អាមិស ១ ការ​បូជា​ដោយ​ធម៌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ការ​បូជា​ទាំង ២ នេះ ការ​បូជា​ដោយ​ធម៌ ប្រសើរ​ជាង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា ទ. ១៣៤

ព្រះ​តថាគត​អង្គ​ណា មិន​មាន​ព្រះ​ទ័យ​កំណាញ់ មាន​ការ​អនុគ្រោះ​ដល់​សព្វ​សត្វ បាន​ប្រោស​ប្រទាន​ធម៌ សត្វ​ទាំង​ឡាយ តែង​នមស្ការ​ព្រះ​តថាគត​នោះ ប្រាកដ​ដូ​ច្នោះ ព្រះ​អង្គ​ប្រសើរ​ជាង​ទេវតា និង​មនុស្ស ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ភព។

ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា សេចក្តី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

សុលភសូត្រ (២.)

(២. សុលភសុត្តំ)

[១០៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ វត្ថុ​ដែល​តិចតួច​ផង ងាយ​បាន​ផង វត្ថុ​ទាំង​នោះ មិន​មាន​ទោស​ផង​នេះ មាន ៤។ វត្ថុ​ទាំង ៤ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ចីវរ​ទាំង​ឡាយ បំសុកូល​ចីវរ ជា​របស់​តិចតួច​ផង ងាយ​បាន​ផង ចីវរ​នោះ ជា​របស់​មិន​មាន​ទោស​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ភោជន​ទាំង​ឡាយ បិណ្ឌិយាលោបភោជន1) ជា​របស់​តិចតួច​ផង ងាយ​បាន​ផង ភោជន​នោះ ជា​របស់​មិន​មាន​ទោស​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​សេនាសនៈ​ទាំង​ឡាយ រុក្ខមូលសេនាសនៈ ជា​របស់​តិចតួច​ផង ងាយ​បាន​ផង សេនាសនៈ​នោះ ជា​របស់​មិន​មាន​ទោស​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តា​ភេសជ្ជៈ​ទាំង​ឡាយ ទឹក​មូត្រ​ស្អុយ ជា​របស់​តិចតួច​ផង ងាយ​បាន​ផង ទឹកមូត្រ​នោះ ជា​របស់​មិន​មាន​ទោស​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វត្ថុ ៤ នេះ​ឯង ជា​របស់​តិចតួច​ផង ទ. ១៣៥ងាយ​បាន​ផង វត្ថុ​ទាំង​នោះ ជា​របស់​មិន​មាន​ទោស​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វេលា​ណា ភិក្ខុ​ត្រេកអរ​ដោយ​របស់​តិចតួច​ផង ងាយ​បាន​ផង មិន​មាន​ទោស​ផង តថាគត ពោល​នូវ​គុណ​ណាមួយ របស់​ភិក្ខុ​នេះ ថា​ជា​អង្គ​នៃ​សមណភាព។

កាល​បើ​ភិក្ខុ​ត្រេកអរ​ដោយ​វត្ថុ​មិន​មាន​ទោស ជា​របស់​តិចតួច ជា​របស់​ងាយ​បាន​ហើយ រមែង​មាន​ចិត្ត​មិន​ចង្អៀត​ចង្អល់ ព្រោះ​ប្រារព្ធ​នូវ​សេនាសនៈ ចីវរ ទឹក និង​ភោជន​ឡើយ ភិក្ខុ​នោះ មិន​ទើសទាល់​ក្នុង​ទិស​ទាំង​ឡាយ​ឡើយ។ ធម៌​ទាំង​ឡាយ​ណា ដែល​តថាគត​ពោល​ទុក​ហើយ ថា​ជា​ធម៌​សមគួរ​ដល់​សមណភាព ធម៌​ទាំង​នោះ ភិក្ខុ​អ្នក​សន្តោស មិន​ប្រហែស​ធ្វេស បាន​ហើយ។

សូត្រ ទី ២។

អាសវក្ខយសូត្រ (៣.)

(៣. អាសវក្ខយសុត្តំ)

[១០៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ថា មាន​ដល់​ភិក្ខុ​អ្នក​ដឹង អ្នក​ឃើញ មិន​ពោល​ថា មាន​ដល់​ភិក្ខុ​អ្នក​មិន​ដឹង មិន​ឃើញ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ រមែង​មាន​ដល់​ភិក្ខុ​អ្នក​ដឹង តើ​ដូចម្តេច អ្នក​ឃើញ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ រមែង​មាន​ដល់​ភិក្ខុ​អ្នក​ដឹង អ្នក​ឃើញថា នេះ​ជា​ទុក្ខ។ ទ. ១៣៦ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ រមែង​មាន​ដល់​ភិក្ខុ​អ្នក​ដឹង អ្នក​ឃើញថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ រមែង​មាន​ដល់​ភិក្ខុ​អ្នក​ដឹង អ្នក​ឃើញ​ថា នេះ​ជា​ការ​រលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ រមែង​មាន​ដល់​ភិក្ខុ​អ្នក​ដឹង អ្នក​ឃើញថា នេះ​ជា​បដិបទា ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ រមែង​មាន​ដល់​ភិក្ខុ អ្នក​ដឹង​យ៉ាង​នេះ អ្នក​ឃើញ​យ៉ាង​នេះ​ឯង។

កាល​បើ​សេក្ខបុគ្គល កំពុង​សិក្សា ត្រាច់​ទៅ​តាមផ្លូវ​ដ៏​ត្រង់ ញាណ​ទី ១ ក្នុង​ការ​អស់​ទៅ​នៃ​អាសវៈ (ក៏​កើត​មាន) ត​អំពី​នោះ​ទៅ អរហត្ត​មគ្គញ្ញាណ​ដ៏​ប្រសើរ (ក៏​កើត​ឡើង)។ កាល​ភិក្ខុ​មាន​ចិត្ត​ផុត​ស្រឡះ ចាក​អាសវៈ ដោយសារ​អរហត្ត​មគ្គញ្ញាណ​នោះ​ហើយ វិមុត្តិញ្ញាណ​ដ៏​ឧត្តម ក៏​កើត​ឡើង សេចក្តី​ដឹង​ក្នុង​ការ​អស់​ទៅ​ថា សំយោជនៈ​ទាំង​ឡាយ អស់​ហើយ​ដូច​នេះ ឯ​ព្រះ​និព្វាន ជា​គ្រឿង​ដោះ​ចាក​គ្រឿង​ចំពាក់​ទាំង​ពួង​នេះ បុគ្គល​ខ្ជិល ល្ងង់ មិន​ដឹង​ច្បាស់ មិន​គប្បី​បាន​ឡើយ។

សូត្រ ទី ៣។

សមណព្រាហ្មណសូត្រ (៤.)


ទ. ១៣៧

(៤. សមណព្រាហ្មណសុត្តំ)

[១០៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សមណៈ ឬ​ព្រាហ្មណ៍​ណាមួយ មិន​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ មិន​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ មិន​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទី​រលត់​ទុក្ខ មិន​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​បដិបទា ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណៈ ឬ​ព្រាហ្មណ៍​ទាំង​នោះ តថាគត​មិន​សន្មត​ថា ជា​សមណៈ ក្នុង​ពួក​សមណៈ មិន​សន្មត​ថា​ជា​ព្រាហ្មណ៍ ក្នុង​ពួក​ព្រាហ្មណ៍​ឡើយ មួយ​ទៀត លោក​ដ៏​មាន​អាយុ​ទាំង​នោះ រមែង​មិន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវ​សាមញ្ញ​ប្រយោជន៍ គឺ​អរិយមគ្គ ៤ និង​ព្រហ្មញ្ញ​ប្រយោជន៍ គឺ​អរិយផល ៤ បាន​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ពួក​សមណៈ ឬ​ព្រាហ្មណ៍​ណាមួយ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទី​រលត់​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​បដិបទា ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណៈ ឬ​ព្រាហ្មណ៍​ទាំង​នោះ ទើប​តថាគត​សន្មត​ថា​ជា​សមណៈ ក្នុង​ពួក​សមណៈ សន្មត​ថា​ជា​ព្រាហ្មណ៍ ក្នុង​ពួក​ព្រាហ្មណ៍​បាន មួយ​វិញទៀត លោក​ដ៏​មាន​អាយុ​ទាំង​នោះ រមែង​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវ​សាមញ្ញ​ប្រយោជន៍ និង​ព្រហ្មញ្ញប្រយោជន៍​បាន។ ទ. ១៣៨

ពួក​បុគ្គល​ណា មិន​ដឹង​ច្បាស់​នូវ​ទុក្ខ​ផង នូវ​ហេតុ​នាំឲ្យ​កើត​ទុក្ខ​ផង នូវ​ទី​រលត់​ទុក្ខ សព្វ​គ្រប់ ឥតមាន​សេស​សល់​ផង មិន​ដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​ទី​ស្ងប់​រម្ងាប់​ទុក្ខ​នោះ​ផង ពួក​បុគ្គល​នោះ រមែង​សាបសូន្យ ចាក​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ពួក​បុគ្គល​នោះ មិន​គួរ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន​ឡើយ ពួក​បុគ្គល​នោះ ចូល​ទៅ​កាន់​ជាតិ និង​ជរា​ដោយ​ពិត។ លុះ​តែ​ពួក​បុគ្គល​ណា ដឹង​ច្បាស់​នូវ​ទុក្ខ​ផង នូវ​ហេតុ​នាំឲ្យ​កើត​ទុក្ខ​ផង នូវ​ទី​រលត់​ទុក្ខ​សព្វ​គ្រប់ ឥតមាន​សេស​សល់​ផង ដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​ទី​ស្ងប់​រម្ងាប់​ទុក្ខ​នោះ​ផង ទើប​បរិបូណ៌​ដោយ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ពួក​បុគ្គល​នោះ គួរ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន ពួក​បុគ្គល​នោះ មិន​ចូល​ទៅ​កាន់​ជាតិ និង​ជរា​ឡើយ។

សូត្រ ទី ៤។

សីលសម្បន្នសូត្រ (៥.)

(៥. សីលសម្បន្នសុត្តំ)

[១០៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ភិក្ខុ​ណា បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​សមាធិ បរិបូណ៌​ដោយ​បញ្ញា បរិបូណ៌​ដោយ​វិមុត្តិ បរិបូណ៌​ដោយ​វិមុត្តិញ្ញាណទស្សនៈ ជា​អ្នក​ទូន្មាន ពន្យល់​ឲ្យដឹង សំដែង​បញ្ជាក់​ឲ្យ​ឃើញ​ងាយ ណែនាំ ធ្វើ​ឲ្យ​អង់​អាច ធ្វើ​ឲ្យ​រីករាយ (ក្នុង​កុសល​ធម៌) អាច​សំដែង​នូវ​ព្រះ​សទ្ធម្ម​បាន។ ទ. ១៣៩ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​ជួប​ប្រទះ​នូវ​ភិក្ខុ​ទាំង​នោះ​ថា មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​ស្តាប់ នូវ​ភិក្ខុ​ទាំង​នោះ​ថា មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​ចូល​ទៅ​រក​ភិក្ខុ​ទាំង​នោះ​ថា មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុ​ទាំង​នោះ ថា​មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​រលឹក​នូវ​ភិក្ខុ​ទាំង​នោះ​ថា មាន​ឧបការៈ​ច្រើន​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​នូវ​ការ​បួស​កាម​ភិក្ខុ​ទាំង​នោះ ថា​មាន​ឧបការៈ​ច្រើន​ផង។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​បុគ្គល​សេព​គប់ ចូល​ទៅ​អង្គុយ​ជិត​ពួក​ភិក្ខុ​បែប​នោះ​ហើយ សីលក្ខន្ធ​ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង សមាធិក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង បញ្ញាក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង វិមុត្តិក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ផង។ ទ. ១៤០ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ភិក្ខុ​បែប​នោះ ហៅ​ថា សាស្តា​ក៏​បាន ហៅ​ថា អ្នក​នាំ​ទៅ​នូវ​ពួក​ក៏បាន ហៅ​ថា អ្នក​លះ​បង់​សត្រូវ ក៏បាន ហៅ​ថា អ្នក​បន្ទោបង់​ងងឹត​ក៏បាន ហៅ​ថា អ្នក​ធ្វើ​ពន្លឺ​ក៏បាន ហៅ​ថា អ្នក​ធ្វើ​ឲ្យ​ភ្លឺ​ស្វាង​ក៏បាន ហៅ​ថា អ្នក​ធ្វើ​ប្រទីប​ក៏បាន ហៅ​ថា អ្នក​ធ្វើ​រស្មីក៏​បាន ហៅ​ថា អ្នក​ទ្រោល​បំភ្លឺ​ដោយ​គប់​ភ្លើង​ក៏បាន ហៅ​ថា អរិយៈ​ក៏បាន ហៅ​ថា អ្នក​មាន​ចក្ខុ​ក៏​បាន​។

ការដែល​បាន​ជួបប្រទះ​ជា​ដើម នូវ​ពួក​អរិយៈ ជា​អ្នក​ដឹង​ច្បាស់ បាន​ចំរើន​ចិត្ត ចិញ្ចឹម​ជីវិត​តាម​ធម៌​នុ៎ះ​ឯង ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បាមោជ្ជៈ។ ពួក​អរិយៈ​នោះ តែង​បំភ្លឺ សំដែង​នូវ​ព្រះ​សទ្ធម្ម អ្នក​ធ្វើ​រស្មី ធ្វើ​ពន្លឺ អ្នក​មាន​ប្រាជ្ញា មាន​ចក្ខុ លះ​បង់​នូវ​សឹក​សត្រូវ គឺ​កិលេស។ ពួក​អ្នក​ប្រាជ្ញ បាន​ស្តាប់​នូវ​ពាក្យ​ប្រដៅ​របស់​ពួក​អរិយៈ​ទាំង​នោះ​ហើយ រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ស្គាល់​ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ជាតិ ហើយ​មិន​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត​ឡើយ។

សូត្រ ទី ៥។

តណ្ហុប្បាទសូត្រ (៦.)

(៦. តណ្ហុប្បាទសុត្តំ)

[១០៧] ម្នាល​ភិក្ខុ​ទាំង​ឡាយ តណ្ហា​កាល​កើត​ឡើង​ដល់​ភិក្ខុ រមែង​កើត​ឡើង ព្រោះ​វត្ថុ​ជា​ទី​កើត​នៃ​តណ្ហា​នេះ មាន ៤។ វត្ថុ​ជា​ទី​កើត​នៃ​តណ្ហា ៤ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តណ្ហា កាល​កើត​ឡើង​ដល់​ភិក្ខុ រមែង​កើត​ឡើង ព្រោះ​ហេតុ​ចីវរ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ តណ្ហា កាល​កើត​ឡើង​ដល់​ភិក្ខុ រមែង​កើត​ឡើង ព្រោះ​ហេតុ​បិណ្ឌបាត ១ ទ. ១៤១ម្នាល​ភិក្ខុ​ទាំង​ឡាយ តណ្ហា កាល​កើត​ឡើង​ដល់​ភិក្ខុ រមែង​កើត​ឡើង ព្រោះ​សេនាសនៈ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ តណ្ហា កាល​កើត​ឡើង​ដល់​ភិក្ខុ រមែង​កើត​ឡើង ព្រោះ​សេចក្តី​ចំរើន និង​វិនាស ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តណ្ហា កាល​កើត​ឡើង​ដល់​ភិក្ខុ រមែង​កើត​ឡើង ព្រោះ​វត្ថុ​ជា​ទី​កើត​នៃ​តណ្ហា ៤ នេះ​ឯង។

បុរស​ដែល​មាន​តណ្ហា​ជាគ្នា តែង​រង្គាត់​ទៅ អស់​កាល​ជា​យូរ​អង្វែង មិន​ប្រព្រឹត្ត​កន្លង​នូវ​សង្សារ ដែល​មាន​ការប្រែប្រួល​ឥត​ឈប់​បាន។ ភិក្ខុ​បាន​ដឹង​ច្បាស់ នូវ​តណ្ហា ថា​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ ថា​មាន​ទោស​យ៉ាង​នេះ​ហើយ គួរ​ជា​អ្នក​មិន​មាន​តណ្ហា មិន​មាន​ការ​ប្រកាន់​ស្អិត មាន​ស្មារតី ហើយ​គេច​ចេញ (ចាក​ខន្ធ)។

សូត្រ ទី ៦។

សព្រហ្មកសូត្រ (៧.)

(៧. សព្រហ្មកសុត្តំ)

[១០៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ ត្រកូល​ទាំង​ឡាយ​ណា ដែល​កូន​បូជា​មាតាបិតា ក្នុងផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​ឡាយ​នោះ ឈ្មោះ​ថា នៅ​រួម​ជា​មួយ​នឹង​ព្រហ្ម។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ត្រកូល​ទាំង​ឡាយ​ណា ដែល​កូន​បូជា​មាតាបិតា ក្នុងផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​ឡាយ​នោះ ឈ្មោះ​ថា នៅ​រួម​ជា​មួយ​នឹង​បុព្វទេវតា (ទេវតា​ដើម)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ត្រកូល​ទាំង​ឡាយ​ណា ដែល​កូន​បូជា​មាតាបិតា​ក្នុងផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​ឡាយ​នោះ ឈ្មោះ​ថា នៅ​រួម​ជា​មួយ​នឹង​បុព្វាចារ្យ (អាចារ្យ​ដើម)។ ទ. ១៤២ម្នាល​ភិក្ខុ​ទាំង​ឡាយ ត្រកូល​ទាំង​ឡាយ​ណា ដែល​កូន​បូជា​មាតា​បិតា​ក្នុង​ផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​ឡាយ​នោះ ឈ្មោះ​ថា នៅ​រួម​ជា​មួយ​នឹង​អាហុនេយ្យបុគ្គល (បុគ្គល​គួរ​បូជា)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ព្រហ្ម​នុ៎ះ ជា​ឈ្មោះ​របស់​មាតាបិតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា បុព្វទេវតា​នុ៎ះ ជា​ឈ្មោះ​របស់​មាតាបិតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា បុព្វាចារ្យ​នុ៎ះ ជា​ឈ្មោះ​របស់​មាតាបិតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា អាហុនេយ្យៈ​នុ៎ះ ជា​ឈ្មោះ​របស់​មាតាបិតា។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ (ព្រោះ​) មាតាបិតា មាន​ឧបការៈ​ច្រើន ជា​អ្នក​បីបាច់ (ឲ្យ​គង់​ជីវិត) ជា​អ្នក​ចិញ្ចឹម (ឲ្យ​បៅ​ទឹក​ដោះ​) ទាំង​ជា​អ្នក​បង្ហាញ​នូវ​លោក​នេះ ដល់​កូន​ទាំង​ឡាយ។

មាតាបិតា​ទាំង​ឡាយ ដែល​ហៅ​ថា ព្រហ្ម​ក្តី បុព្វាចារ្យ​ក្តី អាហុនេយ្យៈ​ក្តី (សុទ្ធតែ) ជា​អ្នក​អនុគ្រោះ​ដល់​ពួក​សត្វ គឺ​កូន។ ព្រោះ​ហេតុ​នោះ​ឯង អ្នក​ប្រាជ្ញ គួរ​នមស្ការ គួរ​ធ្វើ​សក្ការៈ​ដល់​មាតាបិតា​ទាំង​នោះ ដោយ​បាយ ទឹក សំពត់ គ្រឿង​ដេក គ្រឿង​អប់ គ្រឿង​ផ្ងូត​ទឹក និង​ទឹក​សម្រាប់​លាង​ជើង។ ព្រោះ​ការដែល​បាន​ទំនុក​បំរុង​មាតាបិតា​នោះ​ហើយ បាន​ជា​អ្នក​ប្រាជ្ញ​ទាំង​ឡាយ សរសើរ​នូវ​បុគ្គល​នោះ ក្នុង​លោក​នេះ​ឯង បុគ្គល​នោះ លុះ​លះ​លោក​នេះ​ទៅ​ហើយ រមែង​រីករាយ​ក្នុង​ឋានសួគ៌។

សូត្រ ទី ៧។

ពហុការសូត្រ (៨.)


ទ. ១៤៣

(៨. ពហុការសុត្តំ)

[១០៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ព្រាហ្មណ៍ និងគហបតី​ណា បាន​ទំនុក​បំរុង​អ្នក​ទាំង​ឡាយ ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ព្រាហ្មណ៍ និង​គហបតី​ទាំង​នោះ ឈ្មោះ​ថា មាន​ឧបការៈ​ច្រើន ដល់​អ្នក​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯ​អ្នក​ទាំង​ឡាយ ក៏​ឈ្មោះ​ថា​មាន​ឧបការៈ​ច្រើន ដល់​ពួក​ព្រាហ្មណ៍ និងគហបតី​ដែរ ព្រោះ​អ្នក​ទាំង​ឡាយ សំដែងធម៌ មាន​លំអ​បទ​ដើម លំអ​បទ​កណ្តាល លំអ​បទ​ចុង ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រម​ទាំង​អត្ថ និង​ព្យព្ជានៈ​ដ៏​បរិបូណ៌ បរិសុទ្ធ​ទាំង​អស់​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រហ្មចរិយធម៌​នេះ ដែល​បុគ្គល​ប្រព្រឹត្ត ដើម្បី​ប្រយោជន៍​រើចេញ​ចាក​ឱឃៈ និង​ធ្វើ​ឲ្យ​ផុត​ទុក្ខ​ដោយ​ប្រពៃ​បាន ក៏​ព្រោះ​តែ​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅមក យ៉ាង​នេះ​ឯង។

ពួក​គ្រហស្ថ និង​បព្វជិត​ទាំង​ពីរ​ពួក អាស្រ័យ​គ្នា​ទៅវិញ​ទៅមក ទើប​ញុាំង​​ព្រះ​សទ្ធម្ម ដែល​ជា​ទី​ក្សេម​ចាក​យោគៈ​ដ៏​ប្រសើរ ឲ្យ​សម្រេច​បាន ឯពួក​បព្វជិត តែង​ទទួល​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និង​ភេសជ្ជប្បច្ច័យ ជា​គ្រឿង​បន្ទោបង់​សេចក្តី​អន្តរាយ អំពី​ពួក​គ្រហស្ថ។ ទ. ១៤៤ឯពួក​គ្រហស្ថ អ្នក​ស្វែង​រក​ប្រយោជន៍​ក្នុងផ្ទះ បាន​អាស្រ័យ​សង្ឃ​ជា​សាវ័ក​នៃ​ព្រះ​សុគត​ហើយ ជឿ (សេចក្តី​ប្រតិបត្តិ និង​ពាក្យ) របស់​ព្រះ​អរហន្ត​ទាំង​ឡាយ ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ ជា​អ្នក​ពិនិត្យ បាន​ប្រព្រឹត្ត​ធម៌ ក្នុង​សាសនា​នេះ ដែល​ជា​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​សុគតិ រមែង​ជា​អ្នក​មាន​អំណរ រីករាយ​ក្នុង​ទេវលោក បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា។

សូត្រ ទី ៨។

កុហសូត្រ (៩.)

(៩. កុហសុត្តំ)

[១១០] ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ភិក្ខុ​ណាមួយ ជា​អ្នក​ញុាំង​​គេ​ឲ្យ​ស្ងើច រឹងរូស រាក់​ទាក់ មាន​វាចា​ដូច​ស្នែង លើក​កំពស់ មាន​ចិត្ត​មិន​នឹង​នួន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទាំង​នោះ ឈ្មោះ​ថា មិនរាប់​អាន​តថាគត​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទាំង​នោះ ឈ្មោះ​ថា ប្រាស​ចាក​ធម្មវិន័យ​នេះ​ផង ភិក្ខុ​ទាំង​នោះ មិន​ដល់​នូវ​សេចក្តី​ចំរើន លូតលាស់​ទូលំទូលាយ ក្នុងធម្មវិន័យ​នេះ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ពួក​ភិក្ខុ​ណា មិន​ជា​អ្នក​ញុាំង​​គេ​ឲ្យ​ស្ងើច មិន​រាក់​ទាក់ មាន​ប្រាជ្ញា មិន​រឹងរូស មាន​ចិត្ត​នឹង​នួន​ល្អ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទាំង​នោះ​ឯង ទើប​ឈ្មោះ​ថា ជា​អ្នក​រាប់​អាន​តថាគត​ផង ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទាំង​នោះ ឈ្មោះ​ថា មិន​បា្រស​ចាក​ធម្មវិន័យ​នេះ​ផង ភិក្ខុ​ទាំង​នោះ រមែង​ដល់​នូវ​សេចក្តី​ចំរើន​លូត​លាស់ ទូលំទូលាយ ក្នុង​ធម្មវិន័យ​នេះ​ផង។ ទ. ១៤៥

ពួក​ភិក្ខុ​ណា ដែល​ជា​អ្នក​ញុាំង​​គេ​ឲ្យ​ស្ងើច រឹងរូស រាក់​ទាក់ មាន​វាចា​ដូច​ស្នែង លើក​កំពស់ មាន​ចិត្ត​មិន​នឹង​នួន ភិក្ខុ​ទាំង​នោះ មិនលូតលាស់​ក្នុង​ធម៌ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ឡើយ។ លុះ​តែ​ពួក​ភិក្ខុ​ណា មិន​ជា​អ្នក​ញុាំង​​គេ​ឲ្យ​ស្ងើច មិន​រាក់​ទាក់ មាន​ប្រាជ្ញា មិន​រឹងរូស មាន​ចិត្ត​នឹងនួន ភិក្ខុ​ទាំង​នោះ ទើប​លូតលាស់ ក្នុង​ធម៌​ដែល​ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​សំដែង​បាន។

សូត្រ ទី ៩។

នទីសោតសូត្រ (១០.)

(១០. នទីសោតសុត្តំ)

[១១១] ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​បុរស​ត្រូវ​ខ្សែ​ទឹក​ស្ទឹង បន្សាត់​ទៅ​ដោយ​ទាំង​វត្ថុ​ជា​ទី​ស្រឡាញ់ និង​វត្ថុ​ជា​ទី​ត្រេកអរ2) បុរស​មាន​ចក្ខុ ឈរ​នៅ​ទៀប​ឆ្នេរ បាន​ឃើញ​បុរស​នោះ​ហើយ ក៏​និយាយ​យ៉ាង​នេះ​ថា នែ​បុរស​ដ៏​ចំរើន អ្នក​ត្រូវ​ខ្សែទឹក​ស្ទឹង​បន្សាត់​ទៅ ដោយ​ទាំង​វត្ថុ​ជា​ទី​ស្រឡាញ់ និង​វត្ថុ​ជា​ទី​ត្រេកអរ ក៏​ពិត​មែនហើយ តែថា ក្នុង​ស្ទឹង​នេះ មាន​អន្លង់​នៅ​ខាង​ក្រោម​ដ៏​ប្រកប​ដោយ​រលក និង​ទឹក​កួចវឹល មាន​សត្វ​សាហាវ និង​អារក្សទឹក (នៅចាំ) នែ​បុរស​ដ៏​ចំរើន លុះ​អ្នក​អណ្ដែត​ដល់​អន្លង់​នោះ​ហើយ មុខជា​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​នូវ​ទុក្ខ​ស្ទើរ​ស្លាប់​មិនខាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​បុរស​នោះ បាន​ឮ​សំឡេង​បុរស​នោះ​ហើយ ក៏​ព្យាយាម​ហែល​ដោយដៃ ដោយ​ជើង ច្រាសទឹក​មកវិញ យ៉ាង​ណា​មិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​ឧបមា​នេះ​ឯង តថាគត​ធ្វើ ដើម្បី​ឲ្យ​អ្នក​ទាំង​ឡាយ ដឹង​ច្បាស់​នូវ​សេចក្ដី​។ ទ. ១៤៦សេចក្ដី​អធិប្បាយ​នេះ ក្នុង​ពាក្យ​ឧបមា​នុ៎ះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ខ្សែទឹក​ស្ទឹង​នេះ ជា​ឈ្មោះ​នៃ​តណ្ហា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា វត្ថុ​ជា​ទី​ស្រឡាញ់ និង​វត្ថុ​ជា​ទី​ត្រេកអរ​នេះ ជា​ឈ្មោះ​នៃ​អាយតនៈ​ខាង​ក្នុង ៦ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា អន្លង់​នៅ​ខាងក្រោម​នេះ ជា​ឈ្មោះ​នៃ​សំយោជនៈ ជា​ចំណែក​ខាងក្រោម ៥ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ប្រកប​ដោយ​រលក​នេះ ជា​ឈ្មោះ​នៃ​សេចក្ដី​ក្រោធ និង​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ប្រកប​ដោយ​ទឹក​កួច​វឹល​នេះ ជា​ឈ្មោះ​នៃ​កាមគុណ ៥ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ប្រកប​ដោយ​សត្វ​សាហាវ និង​អារក្សទឹក​នេះ ជា​ឈ្មោះ នៃ​មាតុ​គ្រាម ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ហែល​ច្រាសទឹក​នេះ ជា​ឈ្មោះ​នៃ​នេក្ខម្មៈ3) ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ព្យាយាម​ហែល​ដោយ​ដៃ ដោយ​ជើង​នេះ ជា​ឈ្មោះ​នៃ​ការ​ប្រារព្ធ​ព្យាយាម ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា បុរស​មាន​ចក្ខុ ឈរ​នៅ​ទៀប​ឆ្នេរ​នេះ ជា​ឈ្មោះ​នៃ​ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ។

បុគ្គល​ណា កាល​ប្រាថ្នា​នូវ​ការក្សេម​ចាក​យោគៈ ទៅ​ខាង​មុខ ត្រូវ​លះ​បង់​នូវ​កាម​ទាំង​ឡាយ ព្រម​ទាំង​សេចក្ដី​ទុក្ខ ជា​អ្នក​មាន​សេចក្តី​ដឹង​ខ្លួន មាន​ចិត្ត​ផុត​ស្រឡះ ដោយ​ប្រពៃ​ហើយ ទ. ១៤៧បាន​នូវ​វិមុត្តិ ក្នុង​អារម្មណ៍​នោះ​ៗ បុគ្គល​នោះ តថាគត​ហៅ​ថា អ្នក​ដល់​នូវ​វេទ គឺ​មគ្គញ្ញាណ ហៅ​ថា អ្នក​មាន​ព្រហ្មចរិយធម៌​ប្រព្រឹត្ត​រួច​ហើយ ហៅ​ថា អ្នក​ដល់​នូវ​ទី​បំផុត​នៃ​លោក ហៅ​ថា អ្នក​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន។

សូត្រ ទី ១០។

ចរសូត្រ (១១.)

(១១. ចរសុត្តំ)

[១១២] ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​ភិក្ខុ​កំពុង​ដើរ​ទៅ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ មិន​លះ​បង់ មិន​បន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិន​ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ដើរ​ក៏​ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិន​មាន​ព្យាយាម។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ឈរ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ មិន​លះ​បង់ មិនបន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិន​ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ឈរ​ក៏ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិន​មាន​ព្យាយាម។ ទ. ១៤៨ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​អង្គុយ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ មិន​លះ​បង់ មិន​បន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិន​ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​អង្គុយ​ក៏ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិន​មាន​ព្យាយាម។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដេក កំពុង​ភ្ញាក់ (ដឹង​ខ្លួន) បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង បើ​ភិក្ខុ​ទទួល​នូវ​វិតក្កៈ​នោះ មិន​លះ​បង់ មិន​បន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិន​ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ដេក ភ្ញាក់ ក៏ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មិន​មាន​ព្យាយាម​ដុត​កំដៅ​កិលេស មិន​ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិន​មាន​ព្យាយាម។

[១១៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដើរ​ទៅ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង​ហើយ បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ បាន​លះ​បង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ដើរទៅ​ក៏ដោយ ទ. ១៤៩តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ឈរ បើ​មាន​កាម​វិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង​ហើយ បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ បាន​លះ​បង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ឈរ​ក៏​ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​អង្គុយ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ បាន​លះ​បង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាប​សូន្យ​ហើយ ទ. ១៥០ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក​ជា​ភិក្ខុ​កំពុង​អង្គុយ​ក៏ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ច​កាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដេក ភ្ញាក់ បើ​មាន​កាមវិតក្កៈ​ក្ដី ព្យាបាទ​វិតក្កៈ​ក្ដី វិហឹសា​វិតក្កៈ​ក្ដី កើត​ឡើង​ហើយ បើ​ភិក្ខុ​មិន​ទទួល​នូវ​វិតក្កៈ​នោះ​ទេ បាន​លះ​បង់ បន្ទោបង់ ​ធ្វើ​ឲ្យ​វិនាស ធ្វើ​ឲ្យ​ដល់​នូវ​ការ​សាបសូន្យ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុកជា​ភិក្ខុ​កំពុង​ដេក កំពុង​ភ្ញាក់​ក៏​ដោយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ជា​អ្នក​ក្ដៅ​នឹង​បាប ជា​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។

ភិក្ខុ​ណា កំពុងដើរក្តី ឈរ​ក្តី អង្គុយ​ក្តី ដេក​ក្តី ត្រិះ​រិះ​នូវ​វិតក្កៈ​ដ៏​លាមក ដែល​អាស្រ័យ​នូវ​ផ្ទះ គឺ​តណ្ហា ភិក្ខុ​បែប​នោះ​ឯង​ហៅ​ថា ដើរ​ទៅ​រក​ផ្លូវខុស ជ្រប់​នៅក្នុង (អារម្មណ៍ មាន​រូប​ជា​ដើម) ជា​ទី​តាំង​នៃ​សេចក្តី​ប្រព្រឹត្ត​ទៅ​នៃ​មោហៈ មិន​គួរ​បាន​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម​ឡើយ។ ភិក្ខុ​ណា កំពុង​ដើរ​ក្តី ឈរ​ក្តី អង្គុយ​ក្តី ដេក​ក្តី បាន​ញុាំង​​អកុសល​វិតក្កៈ​ឲ្យ​ស្ងប់​រម្ងាប់ ត្រេកអរ​ក្នុង​កិរិយា​រម្ងាប់​នូវ​វិតក្កៈ ភិក្ខុ​បែប​នោះ​ឯង គួរ​បាន​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម។

សូត្រ ទី ១១។

សម្បន្នសីលសូត្រ (១២.)

(១២. សម្បន្នសីលសុត្តំ)

[១១៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួម​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញ​ភ័យ​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​បន្តិចបន្តួច សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំង​ឡាយ។ ទ. ១៥០ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ ជា​បុគ្គល​បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួម​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ឃើញ​ភ័យ​ក្នុង​ទោស​ទាំង​ឡាយ សូម្បី​បន្តិចបន្តួច សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំង​ឡាយ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ គួរ​ធ្វើ​ដូចម្តេច​តទៅទៀត ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដើរ​ទៅ​ក្តី បើ​ប្រាស​ចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ប្រាស​ចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះ​បង់​វិចិកិច្ឆា ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ ប្រុង​ស្មារតី​មិន​ភ្លេចភ្លាំង មាន​កាយ​ស្ងប់​រម្ងាប់ មិន​ក្រវល់​ក្រវាយ មាន​ចិត្ត​តាំង​មាំ មូល​នឹង​នួន​ក្នុង​អារម្មណ៍​តែ ១ ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​បើ​ទុកជា​កំពុង​ដើរ​ទៅ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា ជា​អ្នក​មាន​ព្យាយាម ដុត​កំដៅ​កិលេស ក្តៅ​នឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ឈរ​ក្តី បើ​ប្រាស​ចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ប្រាស​ចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះ​បង់​វិចិកិច្ឆា ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ ប្រុង​ស្មារតី​មិន​ភ្លេច​ភ្លាំង មាន​កាយ​ស្ងប់​រម្ងាប់ មិន​ក្រវល់​ក្រវាយ មាន​ចិត្ត​តាំង​មាំ មូល​នឹង​នួន​ក្នុង​អារម្មណ៍​តែ ១ ហើយ ទ. ១៥១ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទុក​ជា​កំពុង​ឈរ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា​ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ក្តៅ​នឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​អង្គុយ​ក្តី បើ​ប្រាស​ចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ប្រាស​ចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះ​បង់​វិចិកិច្ឆា ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ ប្រុង​ស្មារតី​មិន​ភ្លេចភ្លាំង មាន​កាយ​ស្ងប់​រម្ងាប់ មិន​ក្រវល់​ក្រវាយ មាន​ចិត្ត​តាំង​មាំមួន នឹងនួន​ក្នុង​អារម្មណ៍​តែ​មួយ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទុក​ជា​កំពុង​អង្គុយ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា​ជា​អ្នក​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ក្តៅ​នឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​កំពុង​ដេក​ក្តី កំពុង​ភ្ញាក់​ក្តី បើ​ប្រាស​ចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ប្រាស​ចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះ​បង់​វិចិកិច្ឆា ប្រារព្ធ​ព្យាយាម​មិន​ធូរ​ថយ ប្រុង​ស្មារតី​មិន​ភ្លេច​ភ្លាំង មាន​កាយ​ស្ងប់​រម្ងាប់ មិន​ក្រវល់​ក្រវាយ មាន​ចិត្ត​តាំង​មាំ មូល​នឹង​នួន ក្នុង​អារម្មណ៍​តែ​មួយ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ភិក្ខុ​ទុក​ជា​កំពុង​ដេក កំពុង​ភ្ញាក់ តែ​មាន​សភាព​យ៉ាង​នេះ​ហើយ ហៅ​ថា​ជា​អ្នក​មាន​ព្យាយាម ដុត​កំដៅ​កិលេស ក្តៅ​នឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះ​និព្វាន។ ទ. ១៥៣

ភិក្ខុ គួរ​ដើរ​ទៅ​ឲ្យ​មាន​ព្យាយាម (រារាំង​បាប) គួរ​ឈរ​ឲ្យ​មាន​ព្យាយាម គួរ​អង្គុយ​ឲ្យ​មាន​ព្យាយាម គួរ​ដេក​ឲ្យ​មាន​ព្យាយាម គួរ​បត់​ចូល (នូវ​អវយវៈ) ឲ្យ​មាន​ព្យាយាម គួរ​លា​ចេញ (នូវ​អវយវៈ) ឲ្យ​មាន​ព្យាយាម ការ​ប្រព្រឹត្តិ​ទៅ​នៃ​លោក ក្នុង​ខាងលើ ក្នុង​ទីជុំ​វិញ ក្នុង​ទិស​ខាងក្រោម​ត្រឹមណា ភិក្ខុ​គួរ​ជា​អ្នក​ពិចារណា​នូវ​ការ​កើត និង​ការ​រលត់​នៃ​ខន្ធ​ទាំង​ឡាយ ដែល​មាន​ការ​សាប​សូន្យ​ជា​ធម្មតា ត្រឹម​ណោះ អ្នក​ប្រាជ្ញ​ទាំង​ឡាយ បាន​សរសើរ ​នូវ​ភិក្ខុ​អ្នក​សម្រេច​សម្រាន្ត​នៅ​យ៉ាង​នេះ មាន​ព្យាយាម​ដុត​កំដៅ​កិ​លេស មាន​ការ​ប្រព្រឹត្តិ​ស្ងប់​រម្ងាប់ មាន​ចិត្ត​មិន​រាយមាយ សិក្សា​ឲ្យ​សមគួរ​ដល់​ធម៌​ជា​គ្រឿង​ស្ងប់​ចិត្ត មានស្មារតី​គ្រប់​កាល​បែប​នោះ ថា​ជា​បុគ្គល​មាន​ចិត្ត​ស្លុងទៅ​កាន់​ព្រះ​និព្វាន។

សូត្រ ទី១២។

លោកសូត្រ (១៣.)

(១៣. លោកសុត្តំ)

[១១៥] ខ្ញុំ​បាន​ស្តាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោក (ទាំងមូល) តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ តថាគត ជា​បុគ្គល​ប្រាស​ចាក​លោក ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ជា​គ្រឿង​បណ្តាល​ឲ្យ​កើត​លោក តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ ធម៌​ជា​គ្រឿង​បណ្តាល​ឲ្យ​កើត​លោក តថាគត បាន​លះ​បង់​ហើយ ទ. ១៥៤ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ជា​គ្រឿង​រលត់​ទៅ​នៃ​លោក តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ ធម៌​ជា​គ្រឿង​រលត់​ទៅ​នៃ​លោក តថាគត បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បដិ​ទា​ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទៅ​នៃ​លោក តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ បដិ​ទា​ប្រព្រឹត្ត​ទៅ​កាន់​ទី​រលត់​ទៅ​នៃ​លោក តថាគត បាន​អប់​រំ​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ របស់​ណា ដែល​លោក ព្រម​ទាំង​ទេវតា មារ និង​ព្រហ្ម ពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស បាន​ឃើញ បានឮ បាន​ប៉ះ​ពាល់ បានដឹង បាន​ដល់ បាន​ស្វះ​ស្វែង​រក បាន​រាវរក ដោយ​ចិត្ត​ហើយ របស់​នោះ តថាគត បាន​ត្រាស់​ដឹង​ច្បាស់​ហើយ ព្រោះ​ហេតុ​ណា ហេតុ​នោះ បាន​ជា​ហៅ​ថា ព្រះ​តថាគត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុង​រាត្រី​ណា​ផង បរិនិព្វាន​ទៅ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ ក្នុង​រាត្រី​ណា​ផង សំដែង​ចរចា​ពន្យល់​នូវ​សត្ថុសាសនា​ណា ក្នុង​ចន្លោះ​រាត្រី​ទាំង​ពីរ​នុ៎ះ សត្ថុសាសនា​ទាំង​អស់​នោះ ក៏​នៅ​ជា​យ៉ាង​នោះ​ដដែល មិន​ប្រែ​ទៅ​ជា​យ៉ាង​ដទៃ​ឡើយ ព្រោះ​ហេតុ​នោះ ​បាន​ជា​ហៅ​ថា ព្រះ​តថាគត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ពោល​យ៉ាង​ណា ធ្វើ​យ៉ាង​នោះ ធ្វើ​យ៉ាង​ណា ពោល​យ៉ាង​នោះ​ឯង ព្រោះ​ហេតុ​នោះ បាន​ជា​ហៅ​ថា ព្រះ​តថាគត។ ទ. ១៥៥ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លោក ព្រម​ទាំង​ទេវ​លោក មារ​លោក ព្រហ្មលោក ក្នុង​ពួក​សត្វ ព្រម​ទាំង​សមណៈ និង​ព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស តថាគត ជា​អ្នក​គ្រប​សង្កត់​លើ​សត្វ​ឯ​ទៀត (ដោយ​គុណ) សត្វ​ឯ​ទៀត​គ្រប​សង្កត់ (តថាគត​វិញ) មិន​បាន ជា​អ្នក​ឃើញ​ហេតុ​សព្វ​គ្រប់ ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ព្រោះ​ហេតុ​នោះ បាន​ជា​ហៅ​ថា ព្រះ​តថាគត។ លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

អ្នក​ប្រាជ្ញ បាន​ដឹង​ច្បាស់ នូវ​លោក​ទាំង​ពួង ក្នុង​លោក​ទាំង​ពួង​ដោយ​ពិត ជា​អ្នក​ប្រាស​ចាក​លោក​ទាំង​ពួង ក្នុង​លោក​ទាំង​ពួង មិន​មាន​នរណា4) ប្រៀប​បាន ជា​អ្នក​គ្រប​សង្កត់​លោក​ទាំង​អស់ (ដោយ​គុណ) ជា​អ្នក​ញុាំង​​លោក​ទាំង​អស់ ឲ្យ​ផុត​ចាក​គ្រឿង​ចំពាក់​ទាំង​ពួង ព្រះ​និព្វាន ជា​ទី​ស្ងប់​រម្ងាប់​យ៉ាង​ក្រៃ​លែង មិន​មាន​ភ័យ​អំពី​ទីណា ៗ ដល់​អ្នក​ប្រាជ្ញ​ដែល​បាន​ហើយ អ្នក​ប្រាជ្ញ​នុ៎ះ ជា​ព្រះ​ខីណាស្រព ត្រាស់​ដឹង​នូវ​សច្ចៈ ៤ ជា​បុគ្គល​មិន​មាន​ទុក្ខ បាន​កាត់​ផ្តាច់​នូវ​សេចក្តី​សង្ស័យ ដល់​នូវ​ការ​អស់​ទៅ​នៃ​កម្ម​ទាំង​ពួង មាន​ចិត្ត​ផុត​ស្រឡះ ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​កិលេស ទ. ១៥៦អ្នក​ប្រាជ្ញ​នុ៎ះ ជា​ព្រះ​ពុទ្ធ លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត អ្នក​ប្រាជ្ញ​នុ៎ះ ជា​សីហៈ (អ្នក​កំចាត់​នូវ​កិលេស) ដ៏​ប្រសើរ ញុាំង​​ចក្រ​ដ៏​ប្រសើរ ឲ្យ​ប្រព្រឹត្ត​ទៅ​ដល់​លោក ព្រម​ទាំង​ទេវលោក។ ពួក​ទេវតា និង​មនុស្ស​ណា បាន​ដល់​ព្រះ​ពុទ្ធ​ជា​ទី​រលឹក ទេវតា និង​មនុស្ស​ទាំង​នោះ ក៏​មក​ប្រជុំ​នមស្ការ​ចំពោះ​ព្រះ​ពុទ្ធ ដែល​មាន​ព្រះ​ទ័យ​ក្លៀវក្លា​ដ៏​ប្រសើរ​នោះ​។ ព្រះ​ពុទ្ធ ព្រះ​អង្គ​ទូន្មាន​ខ្លួន​ដ៏​ប្រសើរ ជាង​ពួក​ជន​អ្នក​ទូន្មាន​ខ្លួន ព្រះ​អង្គ​ស្ងប់​រម្ងាប់​ដ៏​ប្រសើរ ជាង​ពួក​ជន​អ្នក​ស្ងប់​រម្ងាប់ ព្រះ​អង្គ​ស្វែង​រក​នូវ​គុណ មាន​សីលគុណ​ជា​ដើម ព្រះ​អង្គ​មាន​ចិត្ត​រួច​ស្រឡះ​ដ៏​ប្រសើរ ជាង​ពួក​ជន​អ្នក​មាន​ចិត្ត​រួច​ស្រឡះ ព្រះ​អង្គ​ឆ្លងផុត​ដ៏​ប្រសើរ​ជាង​ជន​អ្នក​ឆ្លង​ទាំង​ឡាយ។ ព្រោះ​ហេតុ​នោះ​ឯង ទើប​ពួក​ទេវតា និង​មនុស្ស តែង​នមស្ការ​ចំពោះ​ព្រះ​ពុទ្ធ ដែល​មាន​ព្រះ​ទ័យ​ក្លៀវក្លា​ដ៏​ប្រសើរ​អង្គ​នុ៎ះ​។ ក្នុង​លោក ព្រម​ទាំង​ទេវលោក ឥតមាន​បុគ្គល​ណា ប្រៀបផ្ទឹម​នឹង​ព្រះ​អង្គ​បាន​ឡើយ។

ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា សេចក្តី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១៣។

ចប់ ចតុក្កនិបាត។ ទ. ១៥៧ ឧទ្ទាននៃចតុក្កនិបាតនោះ​គឺ

និយាយ​អំពី​ព្រះ​មាន​ព្រះ​ភាគ​ជា​ព្រាហ្មណ៍ ១ វត្ថុ​ងាយ​បាន ៤ យ៉ាង ១ ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល​អ្នក​ដឹង ១ ពួក​សមណ​ព្រាហ្មណ៍ ១ ពួក​ភិក្ខុ​មាន​សីល ១ តណ្ហា ១ ត្រកូល​ដែល​នៅ​រួម​នឹង​ព្រហ្ម​ជា​ដើម ១ ពួក​ព្រាហ្មណ៍ និង​គហបតី​មាន​ឧបការៈ​ច្រើន ១ ពួក​ភិក្ខុ​អ្នក​ធ្វើ​ឲ្យ​គេ​ស្ញើប​ជា​ដើម ១ បុរស​ត្រូវ​ទឹក​ស្ទឹង​កួច ១ អកុសល​វិតក្កៈ​កើត​ដល់​ភិក្ខុ​កំពុង​ដើរទៅ​ជា​ដើម ១ ភិក្ខុ​មាន​សីលបរិបូណ៌​ជា​ដើម ១ ព្រះ​តថាគត​ត្រាស់​ដឹង​នូវ​លោក ១ រួម​ជា ១៣ រឿង។

ក្នុង​ឥតិវុត្តកៈ មាន​សូត្រ ១១២។

ចប់ ភាគ៥៣។

សុត្តន្តបិដក

ខុទ្ទកនិកាយ ឥតិវុត្តកៈ

ទុតិយភាគ

សន្លឹត​ប្រាប់​ពាក្យ​ទុស​ត្រូវ

ទ. ១៥៨ ពាក្យ​ទុស​ត្រូវ​បាន​កែដំរូវ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ការកែតម្រូវបន្ថែមបង្ហាញជាពណ៌បៃតង។

ទ. ១៥៩ (ទំព័រ១៥៩ដែល​បាត់​ក្នុង​សៀវ​ភៅ​បោះ​ពុម្ព​ឬ​ទំព័រ​ខុសលេ។ សូម​មើល​នៅ​ទី​នេះ​។​)

ទ. ១៦០ (ទំព័រ ១៦០ ដែល​បាត់​ក្នុង​សៀវភៅ​បោះពុម្ព​ឬ​ទំព័រខុសលេ។ សូម​មើល​នៅ​ទី​នេះ​។)

មាតិកា

ទ. ១៦១

លេខ ទំព័រ លេខ​សម្គាល់
ឥតិវុត្តកៈ sut.kn.iti
ឯកនិបាត sut.kn.iti.v1
បឋមវគ្គ sut.kn.iti.v1.1
លោភសូត្រ (១) sut.kn.iti.001
ទោសសូត្រ (ទី ២) sut.kn.iti.002
មោហសូត្រ (ទី ៣) sut.kn.iti.003
កោធសូត្រ (ទី ៤) sut.kn.iti.004
មក្ខសូត្រ (ទី ៥) sut.kn.iti.005
មានសូត្រ (ទី ៦) sut.kn.iti.006
សព្វបរិញ្ញាសូត្រ (ទី ៧) sut.kn.iti.007
មានបរិញ្ញាសូត្រ (ទី ៨) sut.kn.iti.008
លោភបរិញ្ញាសូត្រ (ទី ៩) sut.kn.iti.009
ទោសបរិញ្ញាសូត្រ (ទី ១0) sut.kn.iti.010
ទុតិយវគ្គ ១0 sut.kn.iti.v1.2
មោហបរិញ្ញាសូត្រ (ទី ១) ១0 sut.kn.iti.011
កោធបរិញ្ញាសូត្រ (ទី ២) ១0 sut.kn.iti.012 ទ. ១៦២
មក្ខបរិញ្ញាសូត្រ (ទី ៣) ១១ sut.kn.iti.013
អវិជ្ជានីវរណសូត្រ (ទី ៤) ១២ sut.kn.iti.014
តណ្ហា​សំយោជនសូត្រ (ទី ៥) ១៣ sut.kn.iti.015
បឋមសេខសូត្រ (ទី ៦) ១៤ sut.kn.iti.016
ទុតិយសេខសូត្រ (ទី ៧) ១៥ sut.kn.iti.017
សង្ឃភេទសូត្រ (ទី ៨) ១៦ sut.kn.iti.018
សង្ឃសាមគ្គីសូត្រ (ទី ៩) ១៧ sut.kn.iti.019
បទុដ្ឋចិត្តសូត្រ (ទី ១0) ១៨ sut.kn.iti.020
តតិយវគ្គ ២0 sut.kn.iti.v1.3
បសន្នចិត្តសូត្រ (ទី ១) ២0 sut.kn.iti.021
មេត្តសូត្រ (ទី ២) ២១ sut.kn.iti.022
ឧភយត្ថសូត្រ (ទី ៣) ២៣ sut.kn.iti.023
អដ្ឋិបុញ្ជសូត្រ (ទី ៤) ២៤ sut.kn.iti.024
មុសាវាទសូត្រ (ទី ៥) ២៥ sut.kn.iti.025
ទានសូត្រ (ទី ៦) ២៥ sut.kn.iti.026
មេត្តាភាវនាសូត្រ (ទី ៧) ២៧ sut.kn.iti.027
ទុកនិបាត ៣១ sut.kn.iti.v2
បឋមវគ្គ ៣១ sut.kn.iti.v2.1 ទ. ១៦២
ទុក្ខវិហារសូត្រ (ទី ១) ៣១ sut.kn.iti.028
សុខវិហារសូត្រ (ទី ២) ៣២ sut.kn.iti.029
តបនីយសូត្រ (ទី ៣) ៣៣ sut.kn.iti.030
អតបនីយសូត្រ (ទី ៤) ៣៤ sut.kn.iti.031
បឋមសីលសូត្រ (ទី ៥) ៣៥ sut.kn.iti.032
ទុតិយសីលសូត្រ (ទី ៦) ៣៦ sut.kn.iti.033
អាតាបីសូត្រ (ទី ៧) ៣៧ sut.kn.iti.034
បឋមនកុហនសូត្រ (ទី ៨) ៣៨ sut.kn.iti.035
ទុតិយនកុហនសូត្រ (ទី ៩) ៣៩ sut.kn.iti.036
សោមនស្សសូត្រ (ទី ១0) ៤0 sut.kn.iti.037
ទុតិយវគ្គ ៤២ sut.kn.iti.v2.2
វិតក្កសូត្រ (ទី ១) ៤២ sut.kn.iti.038
ទេសនាសូត្រ (ទី ២) ៤៤ sut.kn.iti.039
វិជ្ជា​សូត្រ (ទី ៣) ៤៥ sut.kn.iti.040
បញ្ញាបរិហីនសូត្រ (ទី ៤) ៤៦ sut.kn.iti.041
សុក្កធម្មសូត្រ (ទី ៥) ៤៨ sut.kn.iti.042 ទ. ១៦៤
អជាតសូត្រ (ទី ៦) ៤៩ sut.kn.iti.043
និព្វាន​ធាតុសូត្រ (ទី ៧) ៥0 sut.kn.iti.044
បដិសល្លានសូត្រ (ទី ៨) ៥២ sut.kn.iti.045
សិក្ខានិសំសសូត្រ (ទី ៩) ៥៣ sut.kn.iti.046
ជាគរិយសូត្រ (ទី ១0) ៥៤ sut.kn.iti.047
អាបាយិកសូត្រ (ទី ១១) ៥៦ sut.kn.iti.048
ទិដ្ឋិគតសូត្រ (ទី ១២) ៥៧ sut.kn.iti.049
តិកនិបាត ៦0 sut.kn.iti.v3
បឋមវគ្គ ៦0 sut.kn.iti.v3.1
មូលសូត្រ (ទី ១) ៦0 sut.kn.iti.050
ធាតុសូត្រ (ទី ២) ៦0 sut.kn.iti.051
បឋមវេទនាសូត្រ (ទី ៣) ៦១ sut.kn.iti.052
ទុតិយវេទនាសូត្រ (ទី ៤) ៦២ sut.kn.iti.053
បឋមឯសនាសូត្រ (ទី ៥) ៦៣ sut.kn.iti.054
ទុតិយឯសនាសូត្រ (ទី ៦) ៦៣ sut.kn.iti.055
បឋមអាសវសូត្រ (ទី ៧) ៦៤ sut.kn.iti.056
ទុតិយអាសវសូត្រ (ទី ៨) ៦៥ sut.kn.iti.057 ទ. ១៦៥
តណ្ហាសូត្រ (ទី ៩) ៦៦ sut.kn.iti.058
មារធេយ្យសូត្រ (ទី ១0) ៦៧ sut.kn.iti.059
ទុតិយវគ្គ ៦៩ sut.kn.iti.v3.2
បុញ្ញកិរិយវត្ថុសូត្រ (ទី ១) ៦៩ sut.kn.iti.060
ចក្ខុសូត្រ (ទី ២) ៦៩ sut.kn.iti.061
ឥន្ទ្រិយសូត្រ (ទី ៣) ៧0 sut.kn.iti.062
អទ្ធាសូត្រ (ទី ៤) ៧១ sut.kn.iti.063
ទុច្ចរិតសូត្រ (ទី ៥) ៧២ sut.kn.iti.064
សុចរិតសូត្រ (ទី ៦) ៧៣ sut.kn.iti.065
សោចេយ្យសូត្រ (ទី ៧) ៧៤ sut.kn.iti.066
មោនេយ្យសូត្រ (ទី ៨) ៧៤ sut.kn.iti.067
បឋមរាគសូត្រ (ទី ៩) ៧៦ sut.kn.iti.068
ទុតិយរាគសូត្រ (ទី ១0) ៧៧ sut.kn.iti.069
តតិយវគ្គ ៧៩ sut.kn.iti.v3.3
មិច្ឆាទិដ្ឋិកសូត្រ (ទី ១) ៧៩ sut.kn.iti.070
សម្មាទិដ្ឋិកសូត្រ (ទី ២) ៨0 sut.kn.iti.071
និស្សរណិយសូត្រ (ទី ៣) ៨២ sut.kn.iti.072 ទ. ១៦៦
សន្តតរសូត្រ (ទី ៤) ៨៣ sut.kn.iti.073
បុត្តសូត្រ (ទី ៥) ៨៤ sut.kn.iti.074
អវុដ្ឋិកសូត្រ (ទី ៦) ៨៧ sut.kn.iti.075
សុខបត្ថនាសូត្រ (ទី ៧) ៨៩ sut.kn.iti.076
ភិទុរសូត្រ (ទី ៨) ៩១ sut.kn.iti.077
ធាតុសោសំសន្ទនសូត្រ (ទី ៩) ៩២ sut.kn.iti.078
បរិហានសូត្រ (ទី ១0) ៩៤ sut.kn.iti.079
ចតុត្ថវគ្គ ៩៧ sut.kn.iti.v3.4
វិតក្កសូត្រ (ទី ១) ៩៧ sut.kn.iti.080
សក្ការសូត្រ (ទី ២) ៩៧ sut.kn.iti.081
ទេវសទ្ទសូត្រ (ទី ៣) ១00 sut.kn.iti.082
បញ្ចបុព្វនិមិត្តសូត្រ (ទី ៤) ១0២ sut.kn.iti.083
ពហុជនហិតសូត្រ (ទី ៥) ១0៤ sut.kn.iti.084
អសុភានុបស្សីសូត្រ (ទី ៦) ១0៧ sut.kn.iti.085
ធម្មានុធម្មបដិបន្នសូត្រ (ទី ៧) ១0៨ sut.kn.iti.086
អន្ធករណសូត្រ (ទី ៨) ១0៩ sut.kn.iti.087 ទ. ១៦៧
អន្តរាមលសូត្រ (ទី ៩) ១១១ sut.kn.iti.088
ទេវទត្តសូត្រ (ទី ១0) ១១៣ sut.kn.iti.089
បញ្ចមវគ្គ ១១៦ sut.kn.iti.v3.5
អគ្គប្បសាទសូត្រ (ទី ១) ១១៦ sut.kn.iti.090
ជីវិកសូត្រ (ទី ២) ១១៨ sut.kn.iti.091
សង្ឃាដិកណ្ណសូត្រ (ទី ៣) ១២0 sut.kn.iti.092
អគ្គិសូត្រ (ទី ៤) ១២២ sut.kn.iti.093
ឧបបរិក្ខសូត្រ (ទី ៥) ១២៣ sut.kn.iti.094
កាមូបបត្តិសូត្រ (ទី ៦) ១២៤ sut.kn.iti.095
កាមយោគសូត្រ (ទី ៧) ១២៥ sut.kn.iti.096
កល្យាណសីលសូត្រ (ទី ៨) ១២៦ sut.kn.iti.097
ទានសូត្រ (ទី ៩) ១២៨ sut.kn.iti.098
តេវិជ្ជសូត្រ (ទី ១0) ១២៩ sut.kn.iti.099
ចតុក្កនិបាត ១៣៣ sut.kn.iti.v4
ព្រាហ្មណធម្មយាគសូត្រ (ទី ១) ១៣៣ sut.kn.iti.100
សុលភសូត្រ (ទី ២) ១៣៤ sut.kn.iti.101
អាសវក្ខយសូត្រ (ទី ៣) ១៣៥ sut.kn.iti.102 ទ. ១៦៨
សមណព្រាហ្មណសូត្រ (ទី ៤) ១៣៧ sut.kn.iti.103
សីលសម្បន្នសូត្រ (ទី ៥) ១៣៨ sut.kn.iti.104
តណ្ហុប្បាទសូត្រ (ទី ៦) ១៤០ sut.kn.iti.105
សព្រហ្មកសូត្រ (ទី ៧) ១៤១ sut.kn.iti.106
ពហុការសូត្រ (ទី ៨) ១៤៣ sut.kn.iti.107
កុហសូត្រ (ទី ៩) ១៤៤ sut.kn.iti.108
នទីសោតសូត្រ (ទី ១០) ១៤៥ sut.kn.iti.109
ចរសូត្រ (ទី ១១) ១៤៧ sut.kn.iti.110
សម្បន្នសីលសូត្រ (ទី ១២) ១៥០ sut.kn.iti.111
លោកសូត្រ (ទី ១៣) ១៥៣ sut.kn.iti.112
 

សុត្តនិបាត

1)
ភោជន​ដែល​បាន​ដោយ​កំលាំង​នៃស្មង។
2)
វត្ថុ​ផ្សេង ៗ មាន មាសប្រាក់​ជា​ដើម ដែល​ជា​ទី​ស្រឡាញ់ ត្រេកអរ​របស់​ជន ហៅ​ថា បិយ​រូប សាត​រូប។
3)
ចិត្ត​ដែល​ថយ​ចេញ​ចាក​កាម ដោយ​សេចក្តី​នឿយ​ណាយ ឬ​ការ​លះ​ឃរាវាស​សម្បត្តិ ចេញ​បួស ហៅ​ថា នេក្ខម្មៈ។
4)
ក្នុង​អដ្ឋកថា​ថា មិន​មាន​គឺ​នរ គឺ​តណ្ហា និង​ទិដ្ឋិ (អនូសយោ)។
km/tipitaka/sut/kn/iti/sut.kn.iti.v4.txt · ពេលកែចុងក្រោយ: 2023/03/17 10:17 និពន្ឋដោយ Johann