km:tipitaka:sut:kn:jat:sut.kn.jat.390

មយ្ហកសកុណជាតក ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 390 បាលី cs-km: sut.kn.jat.390 អដ្ឋកថា: sut.kn.jat.390_att PTS: ?

មយ្ហកសកុណជាតក ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣៩០. មយ្ហកជាតកំ (៦-២-៥))

[២៣០] (តាបសពោធិសត្វ ពោលថា) សត្វស្លាប​ឈ្មោះមយ្ហកៈ1) ហើរទៅ​តាមញក និង​ច្រកភ្នំ ទៅទំ​ដើមលៀប ដែលមាន​ផ្លែទុំ យំកន្ទក់​កន្ទេញថា របស់អញ ៗ ដូច្នេះ។

[២៣១] កាលសត្វមយ្ហកៈនោះ ស្រែកយំការពារ​យ៉ាងនេះ ពួកសត្វ​ទិជជាតិ ក៏​មក​ប្រជុំ​គ្នា ស៊ីផ្លែលៀប​ហើយហើរទៅ សត្វនោះ ក៏នៅតែស្រែក​យំការពារ។

[២៣២] ដូចយ៉ាងជនពួកខ្លះ​ក្នុងលោកនេះ ប្រមូលមក​នូវទ្រព្យ មានប្រមាណ​ច្រើន ​ហើយ​មិនចាត់​ចែងនូវទ្រព្យ ឲ្យសមគួរ​ដល់​ចំណែក ដើម្បីខ្លួន មិនទំនុក​បម្រុងដល់​ញាតិ​ទាំងឡាយ។

[២៣៣] បុគ្គលនោះ រមែងមិនបានប្រើប្រាស់​នូវគ្រឿង​ស្លៀកពាក់ និងបាយ មិន​បាន​ទ្រទ្រង់​នូវ​កម្រងផ្កា មិនបាន​លាបនូវគ្រឿង​លាប (ដ៏ល្អទេ) មិនបាន​ប្រើប្រាស់​នូវវត្ថុ​ណាមួយ​ជារបស់​ខ្លួនទេ ទាំងមិនបាន​សង្រ្គោះ​នូវញាតិ​ទាំងឡាយ​ឡើយ។

[២៣៤] កាលបើបុគ្គលនោះ ពោលរៀបរាប់ ហួងហែងថា របស់អញ ៗ យ៉ាងនេះ ស្រាប់តែ​ពួកព្រះរាជា ឬពួកចោរ និងពួកជន​អ្នកត្រូវ​ទទួលមត៌ក មិនជាទី​ស្រឡាញ់ នំាយក​ទ្រព្យ​នោះទៅ បុគ្គលនោះ ក៏នៅតែ​និយាយ​រៀបរាប់។

[២៣៥] ឯអ្នកប្រាជ្ញ បាននូវភោគៈហើយ រមែង​សង្រ្គោះញាតិ​ទាំងឡាយ អ្នកប្រាជ្ញ​នោះ រមែង​បាន​នូវសេចក្តី​សរសើរ ដោយការ​សង្រ្គោះ​ញាតិនោះ លុះលះ​លោកនេះ​ទៅ​ហើយ រមែង​រីករាយ​ក្នុងឋានសួគ៌។

ចប់ មយ្ហកសកុណជាតក ទី៥។

 

លេខយោង

1)
ពាក្យថា មយ្ហកៈ​នេះ ជាឈ្មោះ​នៃសត្វបក្សី ១ ពួក ដែល​ហួងហែង​ផ្លែលៀប​ថា របស់​អញ ៗ មិនឲ្យ​ពួកសត្វ​បក្សី​ឯទៀត មកស៊ីផង មយ្ហកៈ​បក្សីនេះ ប្រហែលជា​សត្វពពូល ឬកំផ្លុក ព្រោះជា​សត្វស៊ី​ផ្លែលៀប។ មតិអ្នកពិនិត្យ។
km/tipitaka/sut/kn/jat/sut.kn.jat.390.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann