km:tipitaka:sut:kn:jat:sut.kn.jat.415

កុម្មាសបិណ្ឌជាតក ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 415 បាលី cs-km: sut.kn.jat.415 អដ្ឋកថា: sut.kn.jat.415_att PTS: ?

កុម្មាសបិណ្ឌជាតក ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤១៥. កុម្មាសបិណ្ឌិជាតកំ (៧-២-១០))

[៤០៥] (ព្រះរាជាពោធិសត្វ បានពោលថា) បានឮថា ការបំរើ​ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ដែល​លោកមាន​ពោធិញ្ញាណ​មិនថោកថយ មិនមែន​មាន​ផលានិសង្ស​តិចតួច​ឡើយ អ្នកចូរ​មើល​ផលនៃ​ដុំនំកុម្មាសៈ ដែល​សោះកក្រោះ​ឥតរសប្រៃ។ ដំរី គោ និង​សេះ​ដ៏ច្រើន​ទាំងនេះ​ផង ទ្រព្យ ស្រូវ និងផែនដី​ទាំងអស់​ផង នាងនារី​ទាំងឡាយ ដែល​ប្រៀប​ដូចជា​ស្រ្តីអប្សរ​ទាំង​នេះ​​ផង សុទ្ធតែ​ជារបស់ខ្ញុំ អ្នកចូរ​មើលនូវ​ផល​នៃដុំ​នំកុម្មាសៈ។

[៤០៦] (នាងទេវី បានពោលថា) បពិត្រព្រះរាជកុព្ជារ មានព្រះអធ្យាស្រ័យ​ជា​កុសល ទ្រង់ញុំាង​ដែនឲ្យ​ចំរើន ព្រះអង្គ​ត្រាស់គាថា​ទាំងឡាយ​រឿយ ៗ ខ្ញុំព្រះអង្គ​សូម​ក្រាបបង្គំ​ទូល​សួរ​ទ្រង់ ព្រះអង្គ​មានព្រះទ័យ​ប្រកប​ដោយ​បីតិក្រៃពេក ហើយទ្រង់​ត្រាស់ (គាថា​ទាំងនុ៎ះ)។

[៤០៧] (ព្រះមហាសត្ត បានត្រាស់គាថាទាំងនេះថា) យើងបាន​កើតក្នុង​ត្រកូលមួយ ក្នុងក្រុង​នេះដែរ ជាអ្នក​ស៊ីឈ្មួល​ធ្វើការងារ​របស់បុគ្គល​ដទៃ ជាអ្នក​សង្រួម​ក្នុងសីល យើងចេញ​ទៅធ្វើ​ការងារ បាន​ជួបនឹង​សមណៈ ៤ អង្គ លោក​បរិបូណ៌​ដោយអាចារៈ និង​សីល មានសេចក្តី​ត្រជាក់ ទាំងឥត​មានអាសវៈ​ឡើយ។ យើងបាន​ញុំាងចិត្ត​ឲ្យជ្រះថា្ល ចំពោះ​សមណៈ​ទាំងនោះ បាន​និមន្ត​លោកឲ្យ​គង់លើ​កម្រាល​ស្លឹកឈើ លុះយើង​មានចិត្ត​ជ្រះថា្ល​ហើយ បាន​ប្រគេន​នំកុម្មាសៈ ដល់​ព្រះបច្ចេកពុទ្ធ​ទាំងឡាយ​ដោយដៃ​របស់ខ្លួន។ ឯផល​របស់​យើង​ប្រាកដ​ដូច្នេះនេះ ជាផល​របស់កម្ម​ជាកុសល​នោះ យើង​សោយរាជ្យ​ដ៏ស្តុកស្តម្ភ ប្រសើរ​លើ​ធរណី​នេះ។

[៤០៨] (នាងទេវី ពោលថា) បពិត្រព្រះអង្គ​មានព្រះអធ្យាស្រ័យ​ជាកុសល សូម​ព្រះអង្គ​ទ្រង់​ព្រះរាជទាន ហើយសឹម​ទ្រង់សោយ សូមព្រះអង្គ​កុំប្រមាទ (ក្នុងបុណ្យ​ទាំងឡាយ) សូម​ព្រះអង្គ​ញុំាង​ចក្រធម៌1) ឲ្យប្រព្រឹត្តទៅ បពិត្រ​ព្រះរាជា មាន​ព្រះអធ្យាស្រ័យ​ជាកុសល ព្រះអង្គ​កុំជាអ្នក​មិនប្រកប​ដោយធម៌ សូមទ្រង់​រក្សានូវ​អនុធម៌។2)

[៤០៩] (ព្រះមហាសត្ត ទ្រង់ត្រាស់ថា) ម្នាលនាងមានឆោមល្អ យើងនោះ​នឹងដើរ​តាម​តម្រាយ​ដែល​ព្រះអរិយៈ​ធ្លាប់​ប្រព្រឹត្ត​រឿយ ៗ មកនោះ​ឯង ម្នាលនាង​ដ៏ល្អ​ជាធីតា​របស់​ព្រះបាទ​កោសល ការបាន​ចួបប្រទះ​នូវ​ព្រះអហរន្ត​ទាំងឡាយ ជាទីគាប់ចិត្ត​របស់​យើង​ពន់ពេក។

[៤១០] (ព្រះរាជា ទ្រង់សួរនាងទេវីថា) ម្នាលនាងសុកោសលធីតា នាងប្រៀប​ដូចជា​ស្រ្តីទេព​អប្សរ ជាទេវធីតា (របស់​សក្កទេវរាជ) ឆើតឆាយ​ក្នុងកណ្តាល​នៃពួកនាង​នារី នាង​បាន​ធ្វើនូវកម្ម​ដ៏ចំរើន​ដូចម្តេច នាងមាន​សម្បុរល្អ​ដោយហេតុអ្វី។

[៤១១] (នាងទេវី ឆ្លើយថា) បពិត្រក្សត្រិយ៍ ខ្ញុំម្ចាស់ជា​ទាសី​បម្រើ​អ្នកដទៃ​របស់​ត្រកូល​អម្ពដ្ឋៈ ជាស្ត្រី​សង្រួម ចិញ្ចឹម​ជីវិត​ដោយធម៌ មាន​សីលធម៌ មានការ​ឃើញ​មិនអាក្រក់។ កាលនោះ ខ្ញុំជាស្ត្រី​មានចិត្ត​ត្រេកអរ​រីករាយ​ខ្លួនឯង បាន​ប្រគេន​ភត្ត​ដែល​គេដួស (ទុកបម្រុងខ្ញុំ) ដល់ភិក្ខុ (ព្រះបច្ចេកពុទ្ធ) ដែល​ត្រាច់ទៅ (ដើម្បី​បិណ្ឌបាត) ផល​ប្រាកដ​ដូច្នេះ​នេះ គឺជាផល​នៃបុញ្ញកម្ម​នោះ។

ចប់ កុម្មាសបិណ្ឌជាតក ទី១០។

 

លេខយោង

1)
ចក្រធម៌ មាន៤យ៉ាងគឺ បដិរូបទេសវាសៈ ១ សប្បុរិសូបសំសេវៈ ១ អត្តសម្មាបណិធិ ១ បុព្វេកតបុញ្ញតា ១។
2)
រាជធម៌​ទាំង១០ប្រការ មានទានជាដើម។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.415.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann