User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.502

ហំសជាតក ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 502 បាលី cs-km: sut.kn.jat.502 អដ្ឋកថា: sut.kn.jat.502_att PTS: ?

ហំសជាតក ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥០២. ចូឡហំសជាតកំ (៦))

[២៥៣] (ស្តេចហង្សពោធិសត្វពោលថា) ពួកហង្ស មានកក្ងក់​ទាំងនេះ លុះ​ត្រូវភ័យ​គ្របសង្កត់​ហើយ ក៏ហើរ​អស់ទៅ ម្នាល​សុមុខៈ មាន​សម្បុរដូច​មាស អ្នក​ចូរភៀស​ខ្លួន​ទៅចុះ។ ពួកបក្សី​ជាញាតិ​លះបង់​នូវយើង​ម្នាក់ឯង ដែល​លុះអំណាច​អន្ទាក់ ឥតមាន​អាឡោះ​អាល័យ​ហើរទៅ​ហើយ ខ្លួនអ្នក​តែម្នាក់ឯង សម្ងំនៅ​ដូចម្តេច​បាន។ ការដែល​ហើរចេញ​ទៅ​របស់ពួក​សត្វ​ស្លាប ជាការ​ប្រសើរ ការប្រព្រឹត្តិ​នៅជាមួយ​អ្នកដែល​ជាប់​ចំណង ជាការ​ប្រសើរ មិនមែនទេ អ្នកកុំ​ធ្វើសេចក្តី​ព្យាយាម ឲ្យសាបសូន្យ ​ដោយ​សេចក្តី​ទុក្ខ​ឡើយ ម្នាល​សុមុខៈ អ្នកចូរភៀស​ខ្លួនចេញ​ទៅតាម​ប្រាថ្នាចុះ។

[២៥៤] (សុមុខៈហង្សពោលថា) បពិត្រសេ្តច​ហង្សឈ្មោះ​ធតរដ្ឋ ព្រះអង្គ​ត្រូវសេចក្តី​ទុក្ខគ្រប​សង្កត់​ហើយ ខ្ញុំព្រះអង្គ​មិនលះបង់​ចោល​ព្រះអង្គទេ ការរស់ ឬការ​ស្លាប់​របស់ខ្ញុំ​ព្រះអង្គ នឹងមាន​នៅជាមួយ​ព្រះអង្គ។

[២៥៥] (ស្តេចហង្ស…) ម្នាលសុមុខៈ អ្នកពោលនូវ​ពាក្យណា ពាក្យ​នុ៎ះជា​ពាក្យល្អ​របស់​អរិយជន ចំណែក​ខាងខ្ញុំ ល្បងមើល​អ្នក ក្នុងការ​ហើរចេញ​ទៅ ទើបពោល​ពាក្យ (យ៉ាងនេះ) នឹងអ្នក។

[២៥៦] (កូនព្រានព្រៃពោលថា) សត្វបក្សី​ជាសត្វត្រាច់​ទៅក្នុង​អាកាស រមែង​ទៅ​កាន់​​ផ្លូវតាម​អាកាស​ដែលមិន​មែនជាផ្លូវ ម្នាលអ្នក​ដ៏ប្រសើរ​ជាង​ពួក​បក្សីហង្ស (ម្តេច​ក៏) អ្នក​មិន​ដឹងនូវ​អន្ទាក់​អំពីចម្ងាយ។

[២៥៧] (ស្តេចហង្ស…) សេចក្តី​វិនាស​មានមក​ក្នុងកាលណា សត្វ​កាលបើ​ជីវិត​ត្រូវ​អស់​​ហើយ ទោះបី​ប្រទះនូវ​សំណាញ់ ឬអន្ទាក់ រមែង​មិនដឹង​ក្នុង​កាលនោះ។

[២៥៨] (ព្រានពោលនឹងសុមុខៈហង្សថា) ពួកបក្សី​ហង្សមាន​កក្ងក់​ទាំងនេះ លុះ​ត្រូវ​ភ័យ​គ្របសង្កត់​ហើយ ក៏ហើរ​អស់ទៅ ម្នាល​អ្នកមាន​ស្បែកដ៏ខៀវ មានវណ្ណៈ​ដូចមាស អ្នក​ម្នាក់​ឯងសម្ងំ​នៅ។ ពួកបក្សី​ទាំងនេះ ជាសត្វទៅ​តាមអាកាស ឥតមាន​អាល័យ ជាសត្វ​មាន​កក្ងក់ លុះស៊ី​ហើយ ផឹក​ហើយ ក៏ហើរ​ចេញទៅ អ្នកតែម្នាក់​ឯងចូល​មកវិញ។ បក្សី​នេះត្រូវ​ជាអ្វី​នឹងអ្នក ទើបអ្នក​ដែលផុត (ចាកអន្ទាក់) ចូល​មករក​បក្សីដែល​ជាប់វិញ ពួក​បក្សីនាំ​គ្នាហើរចោល​អស់ទៅហើយ ហេតុ​ដូចម្តេច អ្នកសម្ងំ​នៅតែ​ម្នាក់ឯង។

[២៥៩] (សុមុខៈហង្ស…) បក្សីនេះជាសេ្តចរបស់​យើងផង ជាមិត្រ​របស់​យើងផង ជា​សំឡាញ់​ស្មើដោយ​ជីវិត​របស់​យើងផង ខ្លួនយើង​នឹងមិនលះ​បង់នូវ​បក្សីនោះ ដរាប​អស់​កាល​នៃជីវិត។

[២៦០] (ព្រាន…) អ្នកណាប្រាថ្នាលះបង់ជីវិត ព្រោះហេតុ​សំឡាញ់ ​យើងនឹង​លែង​នូវសំឡាញ់​របស់​អ្នកនោះ ក្នុងកាល​ឥឡូវនេះ សូម​ឲ្យសេ្តច​របស់​អ្នក​ទៅជា​មួយនឹង​អ្នកចុះ។

[២៦១] (សុមុខៈហង្ស…) ម្នាលព្រាន ក្នុងថ្ងៃនេះ យើងត្រេកអរ​ព្រោះបាន​ឃើញ​នូវសេ្តច​បក្សីរួច​ចាកចំណង​យ៉ាងណា អ្នកក៏ចូរ​ត្រេកអរ​ជាមួយ​នឹងពួកញាតិ​ទាំងអស់ យ៉ាង​នោះ​ដែរ។

[២៦២] (ស្តេចហង្ស…) ព្រះអង្គមានសេចក្តីសុខ​ស្រួលទេឬ ព្រះអង្គ​មិនមាន​ជម្ងឺ​ដម្កាត់​​ទេឬ ព្រះអង្គ​តែងប្រៀន​ប្រដៅ​នូវអ្នក​ដែនដ៏​ធំទូលាយ​នេះ តាម​ធម៌ទេឬ។

[២៦៣] (ព្រះរាជាតបថា) ម្នាលហង្ស យើងមានសេចក្តី​សុខ​ស្រួលទេ ម្នាល​ហង្ស យើង​មិនមាន​ជម្ងឺដម្កាត់​ទេ ខ្លួនយើង​ក៏បានប្រៀន​ប្រដៅ​នូវអ្នក​ដែនដ៏​ធំទូលាយនេះ​តាមធម៌។

[២៦៤] (ស្តេចហង្ស…) ពួកអាមាត្យរបស់​ព្រះអង្គ មិនមាន​កំហុស​ណាមួយ​ទេឬ ពួក​សត្រូវ​នៃព្រះអង្គ​ក្នុងទីឆ្ងាយ ដូចជា​ស្រមោល (ដែល​មិនមាន) ក្នុង​ទិសខាង​ត្បូងទេឬ។

[២៦៥] (ព្រះរាជា…) ពួកអាមាត្យ​របស់យើង មិនមាន​កំហុស​ណាមួយ​ទេ ទាំង​សត្រូវ​របស់យើង​ក្នុងទីឆ្ងាយ ក៏ដូច​ស្រមោល (ដែល​មិនមាន) ក្នុង​ទិស​ខាងត្បូង​ដូច្នោះ។

[២៦៦] (ស្តេចហង្ស…) ភរិយារបស់ព្រះអង្គ​មានចិត្ត​ស្មើគ្នា ជាស្រីស្តាប់​បង្គាប់​ព្រះអង្គ ស្រដី​នូវពាក្យ​ជាទី​ស្រឡាញ់ បរិបូណ៌​ដោយបុត្ត និង​រូប និង​យសបរិវារ លុះ​អំណាច​សេចក្តី​ប្រាថ្នារបស់​ព្រះអង្គ​ដែរឬ។

[២៦៧] (ព្រះរាជា…) ភរិយារបស់យើងមានចិត្ត​ស្មើគ្នា ជាស្រី​ស្តាប់បង្គាប់​យើង ស្រដី​ពាក្យជា​ទីស្រឡាញ់ ប្រកប​ដោយបុត្ត និងរូប និង​យសបរិវារ លុះ​អំណាច​សេចក្តី​ប្រាថ្នា​របស់​យើងទេ។

[២៦៨] (ស្តេចហង្ស…) បពិត្រព្រះអង្គអ្នក​ញ៉ាំងដែន​ឲ្យចំរើន ព្រះអង្គ​មាន​ព្រះរាជបុត្ត​ច្រើន កើតឡើង​ដោយល្អ បរិបូណ៌​ដោយសន្ទុះ​នៃប្រាជ្ញា ស្រុះ​ស្រួល​រកគ្នា ក្នុង​ហេតុនោះៗ ដែរឬ។

[២៦៩] (ព្រះរាជា…) ម្នាលស្តេចហង្សឈ្មោះ​ធតរដ្ឋ យើងមាន​កូនមួយ​រយ​នាក់ ដែលអ្នក​ផងឮសុះ​សាយថា យើងជាអ្នក (មាន​កូនច្រើន) កូនទាំង​នោះ រមែង​មិនខឹង​នឹងសំដី​របស់​អ្នកទេ សូមអ្នក​ប្រាប់​នូវអំពើ​ដែលត្រូវ​ធ្វើដល់​កូនទាំង​នោះចុះ។

[២៧០] (ស្តេចហង្ស…)បុគ្គលបើទុកជាបរិបូណ៌​ដោយជាតិ និងច្បាប់ តែបើ​ក្នុងកាល​ជាខាង​ក្រោយ គឺកាល​ដែល​ខ្លួនចាស់ ធ្វើនូវ​សេចក្តី​ព្យាយាម​ក្នុង​កិច្ចការ រមែង​លិចចុះ​ក្នុង​សេចក្តី​អន្តរាយ។ កាលបុគ្គល​ចាស់នោះ មាន​ប្រាជ្ញា​រវើរវាយ ទោស​ក៏កើតឡើង​ជាច្រើន​យ៉ាង បុគ្គល​ចាស់នោះ រមែង​ឃើញបាន​តែត្រឹម​រូបធំៗ ដូច​បុគ្គល​ងងឹត​ក្នុងវេលា​យប់។ បុគ្គល​ចាស់ ដឹងនូវ​សេចក្តី​ព្យាយាម​ក្នុង​លទ្ធិ​មិនមាន​ខ្លឹមថា​លទ្ធិ​មាន​ខ្លឹម រមែង​មិនបាន​នូវប្រាជ្ញា តែងលិចចុះ​ក្នុងសេចក្តី​អន្តរាយ​មិនខាន ដូចជា​សត្វសរភៈ លិចចុះ​ក្នុងជ្រោះ​នៃភ្នំ។ ជនបើ​ទុកជា​មានជាតិ​ថោកថយ តែជា​អ្នកមាន​ការ​ប្រឹងប្រែង មាន​ប្រាជ្ញា បរិបូណ៌​ដោយ​អាចារសីល រមែង​រុងរឿងដូច​ជាភ្លើង​ក្នុងរាត្រី។ សូមព្រះអង្គ​ធ្វើសេចក្តី​នេះឯង ឲ្យជា​គ្រឿង​ប្រៀប​ធៀប ហើយញ៉ាំង​ពួកព្រះរាជបុត្ត ឲ្យ​ប្រតិស្ថាន​ក្នុងវិជ្ជា​ទាំងឡាយ ដ្បិតអ្នក​ប្រាជ្ញ​តែងលូត​លាស់ល្អ ដូចពូជ​ដែលលូត​លាស់​ក្នុងស្រែ​ក្នុងកាល​ដែល​មានភ្លៀង។

ចប់ ហង្សជាតក ទី៦។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.502.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann