km:tipitaka:sut:kn:jat:sut.kn.jat.505

សោមនស្សជាតក ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 505 បាលី cs-km: sut.kn.jat.505 អដ្ឋកថា: sut.kn.jat.505_att PTS: ?

សោមនស្សជាតក ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥០៥. សោមនស្សជាតកំ (៩))

[២៩៣] (ព្រះបាទរេណុត្រាស់សួរថា) នរណាប្រហារ​លោក ជេរលោក ម្តេច​ក៏លោក​អាក់អន់ចិត្ត មិនត្រេកអរ សោក​សង្រេងម្ល៉េះ ថ្ងៃនេះ ចង់មាតា​បិតា​របស់​នរណា​ទួញយំ ថ្ងៃនេះ ចង់នរណា​ត្រូវគេ​បៀតបៀន​ដេកលើ​ផែនដី (ក៏លោក​មិនត្រូវ​ជា​អុកជា​ទុក្ខទេ)។

[២៩៤] (កុហកតាបស ឆ្លើយថា) បពិត្រ​ព្រះសម្មតិទេព អាត្មាភាព​ត្រេកអរ ដោយ​ការបាន​ឃើញ​នូវព្រះអង្គ បពិត្រ​ព្រះភូមិបាល អាត្មាភាព ឃើញព្រះអង្គ​យូរហើយ បពិត្រ​​ព្រះសម្មតិទេព​ព្រះនាម​រេណុ អាត្មាភាព មិនមែន​ជាអ្នក​បៀតបៀន​ទេ ប៉ុន្តែ​អាត្មាភាព ត្រូវ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ចូលមក​បៀតបៀន​ហើយ។

[២៩៥] (ព្រះរាជា…) ពួកអ្នកចាំទ្វារ មានព្រះខ័ន​កាន់ហើយ ពួក​ពេជ្ឈឃាដ​ចូរមក ចូរទៅ​ខាងក្នុង​បុរី ចូរសម្លាប់​សោមនស្សកុមារ​នោះ កាត់ក្បាល​ដ៏​ប្រសើរ នាំមក​ឲ្យអញ។ ពួក​រាជទូត ដែលព្រះរាជា​ទ្រង់បញ្ជូន​ទៅហើយ បាន​និយាយ​នឹង​ព្រះរាជកុមារ យ៉ាង​នេះថា បពិត្រ​ក្សត្រ ព្រះអង្គទ្រង់ឆ្លង​ផុតចាក​ឥស្សរភាព​ហើយ ព្រះអង្គ​ដល់​នូវសេចក្តី​ស្លាប់​ហើយ។ ព្រះរាជ​បុត្រនោះ ក៏ទ្រង់​បរិទេវនាការ ផ្គងក្រពុំ​ម្រាមព្រះហស្ត​ទាំង ១០ ថា បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន ចំណែក​ទូល​ព្រះបង្គំ​ជាខ្ញុំ​ចង់ឃើញ​ព្រះអង្គ អ្នកទាំង​ឡាយ​ចូរនាំ​យើងទាំង​រស់ទៅ​ក្រាបបង្គំ​ថ្វាយ (ដល់​ព្រះមហាក្សត្រ) ចុះ។

ពួករាជទូតបានស្តាប់វាចា​របស់ព្រះរាជបុត្រ​នោះហើយ ក៏នាំ​ព្រះរាជ​បុត្រទៅ​ថ្វាយ​ព្រះរាជា ចំណែក​ខាង​ព្រះរាជបុត្រ លុះបាន​ឃើញ​ព្រះរាជ​បិតាហើយ ក៏ក្រាប​បង្គំទូល​អំពី​ចម្ងាយ​ថា បពិត្រ​ព្រះជនិន្ទ ពួកអ្នក​ចាំទ្វារ មានព្រះខ័ន​កាន់ហើយ ពួកពេជ្ឈឃាដ​មក ដើម្បី​សម្លាប់​ទូលព្រះបង្គំ​ជាខ្ញុំ ថ្ងៃនេះ​ទូលព្រះបង្គំ​ជាខ្ញុំ មានកំហុស​ដូចម្តេច​ក្នុងរឿង​នេះ ទូល​ព្រះបង្គំ​សួរ​ហើយ សូមទ្រង់​ប្រាប់សេចក្តី​នុ៎ះ។

[២៩៦] (ព្រះរាជា…) ទិព្វចក្ខុតាបស ជាអ្នក​មិនធ្វេស​ប្រហែស ធ្វើការ​ស្រោច​ទឹកបូជា​ភ្លើង រាល់ពេល​ល្ងាចព្រឹក ព្រោះហេតុអ្វី​បានជា​ឯងហៅ​ទិព្វចក្ខុតាបស​នោះ ដែល​ជាអ្នក​មានសេចក្តី​សង្រួម ជាអ្នក​ប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ មានសភាព​ដូច្នោះ ថាជា​គហបតី។

[២៩៧] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព វត្ថុទាំងឡាយ​នៃ​កុលុបកៈ​នោះ មានច្រើន​យ៉ាងណាស់ គឺ​ផ្លែត្នោត​ផង ត្រាវ និងដំឡូងផង ផ្លែឈើ​វល្លិ៍ទាំងឡាយផង កុលុបកតាបស របស់​ព្រះអង្គនោះ ជាអ្នក​មិនមាន​សេចក្តី​ធ្វេស​ប្រហែស តែង​គ្រប់គ្រង​រក្សានូវ​វត្ថុ​ទាំងនោះ ព្រោះហេតុ​នោះ បានជា​ទូលព្រះបង្គំ​ជាខ្ញុំហៅ​តាបស​នោះថា គហបតី។

[២៩៨] (ព្រះរាជា…) ម្នាលកុមារ អ្នកនិយាយពាក្យ​នេះពិតមែន របស់ទាំង​ឡាយ​នៃ​កុលុបកតាបស​នោះ មានច្រើន​យ៉ាង កុលុបកតាបស​នោះ ជាអ្នក​មិនធ្វេស​ប្រហែស តែង​គ្រប់គ្រង​រក្សានូវ​របស់​ទាំងនោះ ព្រោះ​ហេតុនោះ ព្រាហ្មណ៍​ក្លាយ​ជាគហបតី។

[២៩៩] (សោមនស្សកុមារ…) បរិស័ទ ព្រមទាំង​អ្នកនិគម អ្នកជនបទ ដែល​បានមក​ជួបជុំ​ទាំងអស់គ្នា ចូរស្តាប់​ពាក្យរបស់ខ្ញុំ ព្រះរាជា​នេះ ជាបុគ្គល​ពាល ស្តាប់​តែពាក្យ​តាបស​ពាល ប្រើ​គេឲ្យសម្លាប់​ខ្ញុំ ដោយការ​មិនសម​ហេតុ។

[៣០០] នាកាលឫសគល់ចំរើនមាំធំឡើង ឫស្សី​ដែលបែក​មែកហើយ បុគ្គល​មិនងាយ​នឹងគាស់​ចេញទេ បពិត្រ​ព្រះជនិន្ទ ទូលព្រះបង្គំ​ជាខ្ញុំ សូម​ថ្វាយបង្គំ​ព្រះបាទា​ព្រះអង្គ បពិត្រ​ព្រះសម្មតិទេព សូម​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ទូលព្រះបង្គំ​ជាខ្ញុំ ទូល​ព្រះបង្គំ​ជាខ្ញុំសូម​ចេញបួស។

[៣០១] (ព្រះរាជា…) ម្នាលកុមារ អ្នកចូរបរិភោគនូវភោគៈ​ទាំងឡាយ​ដ៏ច្រើន​ចុះ បិតា​នឹងប្រគល់​ឥស្សរិយយស​ទាំងអស់​ដល់អ្នក អ្នកចូរ​សោយរាជ្យ ជាសេ្តច​របស់អ្នក​កុរុ ក្នុង​ថ្ងៃនេះឯង អ្នកកុំ​បួសឡើយ ដ្បិតថា បព្វជ្ជាជា​កិច្ចលំបាក​ណាស់។

[៣០២] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព ភោគសម្ប័ទ​របស់​ព្រះអង្គ រាប់ថា​មានដូច​មេ្តចកើត ក្នុងមនុស្ស​លោកនេះ ក្នុងកាលមុន ទូលព្រះបង្គំ​ជាខ្ញុំ ធ្លាប់​បានត្រេកអរ​ដោយរូប សំឡេង រស ក្លិន ផ្សព្វ ជាទី​សំរើបចិត្ត ក្នុងទេវលោក​មកហើយ។ បពិត្រ​ព្រះសម្មតិទេព ឯ​ភោគសម្ប័ទ​ទាំងឡាយ ទូលព្រះបង្គំ​ជាខ្ញុំ​ធ្លាប់បរិភោគហើយ ក្នុង​ទេវលោក​ឈ្មោះ​តាវត្តិង្ស ទូល​ព្រះបង្គំ​ជាខ្ញុំ ជាបុគ្គល​ធ្លាប់មាន​ពួកស្រី​អប្សរ​ចោមរោម​ហើយ ឯទូល​ព្រះបង្គំ​ជាខ្ញុំ ស្គាល់​ព្រះអង្គថា ជាមនុស្ស​ពាល ដែលត្រូវ​តែគេដឹក​នាំបាន (ទូន្មាន) ទូល​ព្រះបង្គំ​ជាខ្ញុំមិនត្រូវ​នៅក្នុង​រាជត្រកូល​បែបព្រះអង្គ​ទេ។

[៣០៣] (ព្រះរាជា…) នែកូន បើបិតាជាមនុស្សពាល ដែលត្រូវ​តែគេ​ដឹកនាំ ក៏​សូមអ្នក​អត់ទោស​កំហុស​ម្តងដល់​យើងចុះ ម្នាល​សោមនស្ស បើទោស​យ៉ាងនេះ​នឹងមាន​ម្តងទៀត ចូរអ្នក​ធ្វើតាមមតិចុះ។

[៣០៤] (សោមនស្សកុមារ…) ការងារដែលបុគ្គលមិនបានពិចារណា​ហើយ​ធ្វើ គំនិត​ដែលបុគ្គល​មិនកំណត់​ហើយគិត រមែង​មាន​ផលអាក្រក់ ដូចជា​ការផ្សំ​ថ្នាំខុស​ដូច្នោះ។ ឯការងារ​ដែលបុគ្គល​ពិចារណា​ហើយ​ទើបធ្វើ គំនិត​ដែលបុគ្គល​កំណត់​ត្រឹមត្រូវ​ហើយ​ទើបគិត រមែង​មានផល​ដ៏ចំរើន ដូចជា​ការផ្សំថ្នាំ​ត្រូវដូច្នោះ​ឯង។ គ្រហស្ថ​អ្នក​បរិភោគកាម ខ្ជិល មិនល្អ អ្នកបួស​មិនសង្រួម មិនល្អ ព្រះរាជា អ្នក​មិនពិចារណា​ហើយ​ធ្វើ មិនល្អ បណ្ឌិត​ដែលមាន​សេចក្តី​ក្រោធ ការក្រោធ​នោះ ក៏មិនល្អ​ឡើយ។ បពិត្រ​ព្រះអង្គ​ជាធំ​ក្នុងទិស ក្សត្រ​ត្រូវ​ពិចារណា​ហើយ​សឹមធ្វើ មិនត្រូវ​ធ្វើទាំង​មិន​ពិចារណាទេ បពិត្រ​ព្រះរាជា ដ្បិតថា​យស និង​សេចក្តី​សរសើរ រមែង​ចំរើន​ដល់​បុគ្គល​អ្នក​ពិចារណា​ហើយ​ទើបធ្វើ។ បពិត្រ​ព្រះភូមិបាល បុគ្គល​ជាធំ ត្រូវតែ​ពិចារណា​ហើយ​សឹមដាក់​អាជ្ញា ការ​ដែល​បុគ្គលធ្វើ​ដោយ​រួសរាន់ រមែង​ក្តៅក្រហាយ ម្យ៉ាងទៀត ប្រយោជន៍​ទាំងឡាយ​ដែល​នរជន​ផ្គងឡើង​ត្រឹមត្រូវនោះ រមែង​ជាប្រយោជន៍ មិនក្តៅ​ក្រហាយ​ខាង​ក្រោយ។ ជន​ទាំងឡាយ បែងចែក​ហើយទើប​ធ្វើការងារ​ទាំងឡាយ ដែល​មិនមាន​សេចក្តី​ក្តៅ​ក្រហាយ​ក្នុងលោក ការងារ​ទាំងនោះ ជាអំពើ​ដែលអ្នក​ប្រាជ្ញសរសើរ​ហើយថា មាន​សេចក្តី​សុខជាកំរៃ ជាអំពើ​ដែលអ្នក​ប្រាជ្ញចុះ​អនុមតិហើយ។ បពិត្រ​ព្រះអង្គ ជាធំជាង​ជន ពួក​ឆ្មាំទ្វារ មាន​ព្រះខាន់កាន់​ហើយ ពួក​ពេជ្ឈឃាត មកដើម្បី​សម្លាប់​ទូលព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះ​សម្មតិទេព ទូល​ព្រះបង្គំ​ជាខ្ញុំ អង្គុយលើ​ព្រះឧរូ​នៃមាតា ត្រូវពួក​ទូតទាំង​នោះ ទង់ទាញ​មកដោយ​រហ័ស ទូលព្រះបង្គំ​ជាខ្ញុំ បានដល់​នូវ​មរណភ័យ ក៏​ក្តៅក្រហាយ​យ៉ាង​ចង្អៀត លំបាក​ក្រៃពេក បពិត្រ​ព្រះរាជា ជីវិត​ដែលជា​ទីស្រឡាញ់​ដូច​មធុរស ទូល​ព្រះបង្គំ​ជាខ្ញុំ​បានហើយ ថ្ងៃនេះ​ទូលព្រះបង្គំ​ជាខ្ញុំ បានរួច​ចាកការ​សម្លាប់​ដោយលំបាក ទូល​ព្រះបង្គំ​ជាខ្ញុំ មានចិត្ត​ឱនឆ្ពោះ​ទៅក្នុង​បព្វជ្ជា​តែម្យ៉ាង។

[៣០៥] (ព្រះរាជា…) ម្នាលសុធម្មាទេវី សោមនស្សកុមារ​ជាបុត្រ​របស់នាង​នេះ នៅក្មេង ជាអ្នក​អនុគ្រោះ ថ្ងៃនេះ​ខ្ញុំអង្វរ​ករកុមារ​នោះពុំ​បានសោះ ក្រែង​តែនាង​ទើប​អង្វរករ​នូវកុមារ​នោះបាន។

[៣០៦] (សុធម្មាទេវី…) ហៃបា ចូរអ្នក​ត្រេកអរ​ក្នុង​ភិក្ខាចរិយ​វត្តចុះ ចូរអ្នក​ពិចារណា​ធម៌ទាំង​ឡាយហើយ​បួសចុះ អ្នកចូរ​ទំលាក់​ចោលនូវ​អាជ្ញា​ក្នុងពួក​សត្វ​ទាំងអស់​ចេញ មិនមាន​អ្នកណា​និន្ទាបាន ហើយចូរ​ទៅកាន់​ឋាន​ព្រហ្មលោក​ចុះ។

(ព្រះរាជា…) ម្នាលនាងសុធម្មា នាងនិយាយពាក្យណា (ពាក្យនោះ) ជា​អស្ចារ្យ​ក្រៃពេក នាងឈ្មោះ​ថាញ៉ាំងខ្ញុំ​ដែលដល់​នូវសេចក្តី​ទុក្ខ ឲ្យរឹត​តែបាន​ទុក្ខឡើង កាល​ខ្ញុំនិយាយ​ថា ចូរនាង​អង្វរករ​បុត្រ នាងបែរ​ជាញ៉ាំង​កុមារ​ឲ្យប្រឹងប្រែង​វិញ។

[៣០៧] (សុធម្មាទេវី…) ព្រះអរិយៈទាំងឡាយណា រួចស្រឡះហើយ (ចាក​រាគាទិក្កិលេស) ជាអ្នក​បរិភោគ​នូវភោជន​មិនមាន​ទោស រំលត់ហើយ តែងត្រាច់​ទៅកាន់​លោកនេះ ខ្ញុំម្ចាស់​មិនអាច​ហាមឃាត់​ព្រះរាជកុមារ ដែល​កំពុង​ដើរទៅ​កាន់ផ្លូវ​របស់​ព្រះអរិយៈ​នោះបាន​ទេ។

[៣០៨] (ព្រះរាជា…) ជនទាំងឡាយណា ប្រកប​ដោយ​ប្រាជ្ញា ជា​ពហុស្សូត ជាអ្នក​គិតនូវ​ហេតុច្រើន​ប្រការ នាង​សុធម្មាទេវី​នេះ ជាស្រ្តីមាន​សេចក្តី​ខ្វល់ខ្វាយតិច បា្រសចាក​សេចក្តី​សោក ព្រោះបាន​ស្តាប់ពាក្យ​សុភាសិត​ទាំងឡាយ​នៃពួក​ជនណា ជន​ទាំងនោះ គួរអ្នក​ផង​គប់រក​ដោយពិត។

ចប់ សោមនស្សជាតក ទី៩។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.505.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann