km:tipitaka:sut:kn:jat:sut.kn.jat.506

ចម្បេយ្យជាតក ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 506 បាលី cs-km: sut.kn.jat.506 អដ្ឋកថា: sut.kn.jat.506_att PTS: ?

ចម្បេយ្យជាតក ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥០៦. ចម្បេយ្យជាតកំ (១០))

[៣០៩] (ព្រះបាទពារាណសីត្រាស់សួរថា) នាងជាអ្វី មានពន្លឺ​ដូចជា​ផ្លេក​បន្ទោរ ឬដូចជា​ផ្កាយព្រឹក នាងជា​ស្ត្រីទេវតា ឬជា​ស្ត្រីគន្ធព្វ យើងមិន​សំគាល់​នាងថាជា​ស្ត្រីមនុស្ស​ទេ។

[៣១០] (នាងនាគីក្រាបបង្គំទូលថា) បពិត្រមហារាជ ខ្ញុំម្ចាស់​មិនមែន​ជាស្ត្រី​ទេវតា មិន​មែន​ជាស្ត្រីគន្ធព្វ មិនមែន​ជាស្ត្រី​មនុស្ស បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ម្ចាស់ជា​នាគកញ្ញា មក​ក្នុង​​ទីនេះ​ដោយសេចក្តី​ត្រូវការ។

[៣១១] (ព្រះរាជា…) នាងមានចិត្តតក់ស្លុត មានឥន្រ្ទិយ​ញ័ររន្ធត់ តំណក់ទឹក​ភ្នែក​ទាំង​ឡាយ ហូរសស្រាក់​ចាកភ្នែក​ទាំងឡាយ​របស់នាង ចុះវត្ថុ​អ្វីរបស់​នាងបាត់ ម្នាលនារី នាង​ចង់​បានរបស់​អ្វី បានជា​មកក្នុង​ទីនេះ ចូរនាង​ប្រាប់​ហេតុនោះ​មកចុះ។

[៣១២] (នាងនាគី…) បពិត្រព្រះអង្គជា​ធំជាងជន ពួកជន​បានហៅ​សត្វណា ថា​ឧរគៈ មានតេជះ​ដ៏ខ្ពង់ខ្ពស់ តែងហៅ​សត្វនោះថា​នាគ បុរស​អ្នកត្រូវ​ការចិញ្ចឹម​ជីវិត បាន​ចាប់​នាគ​នោះមក​ហើយ សូមព្រះអង្គ​លែងនាគ​នោះ​ពីចំណង​ទៅ នាគ​នោះ​ជាប្តី​របស់​ខ្ញុំម្ចាស់។

[៣១៣] (ព្រះរាជា…) នាគរាជនេះ បរិបូណ៌​ដោយកម្លាំង និងព្យាយាម ហេតុ​ដូចម្តេច ក៏សេ្តចមក​លុះក្នុង​កណ្តាប់ដៃ​នៃមនុស្ស​កំសត់​ទៅវិញ ម្នាលនាគ​កញ្ញា ចូរនាង​ប្រាប់​ហេតុ​នោះដល់​យើង ធ្វើម្តេច​ទើបយើង​ស្គាល់នាគ​ដែល​គេចាប់​មក (នោះ) បាន។

[៣១៤] (នាងនាគី…) ពិតដូច្នោះមែន នាគរាជ​នោះបរិបូណ៌​ដោយកំឡាំង និង​ព្យាយាម អាចធ្វើ​សូម្បីនូវ​នគរ​ឲ្យជាផេះ​បាន ប៉ុន្តែ​នាគរាជ​នោះគោរព​ធម៌ ព្រោះ​ហេតុ​នោះ ទើបខំ​តែធ្វើ​តបធម៌។

[៣១៥] បពិត្រព្រះរាជា នាគរាជជាអ្នករក្សា​ចាតុទ្ទសីឧបោសថ និង​បណ្ណរសី​ឧបោសថ នៅជិត​ផ្លូវ​ត្រឡែងកែង បុរស​អ្នកត្រូវ​ការ​ចិញ្ចឹមជីវិត បាន​ចាប់​នាគរាជ​នោះមក​ហើយ សូម​ព្រះអង្គ​លែងនាគរាជ​នោះពី​ចំណង នាគរាជ​នុ៎ះជា​ប្តីរបស់​ខ្ញុំម្ចាស់។

[៣១៦] នាងនាគជាស្រីស្នំរបស់នាគរាជ ដប់ប្រាំមួយពាន់ ពាក់​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី មានផ្ទះ​ជាទីដេក​ក្នុងទឹក នាងនាគ​ទាំងនោះ​ឯង ក៏ដល់​នូវនាគរាជ​នោះជា​ទី​ពឹង។ សូម​ព្រះអង្គ​លែង (នាគរាជ​នោះ) ដោយនូវ​គន្លងធម៌ ដោយអំពើ​មិនអាក្រក់ គឺ​ដោយ​​ស្រុកសួយ ដោយ​មាសឆ្តោរ ដោយគោ​មួយរយ ចូរ​ឲ្យនាគ​មានកាយ​រួចស្រឡះ​ហើយ ត្រាច់ទៅចុះ (នាគ) អ្នក​ត្រូវការ​ដោយបុណ្យ ចូររួច​ពីចំណង​ចុះ។

[៣១៧] (ព្រះរាជា…) យើងដោះលែង (នាគរាជ) ដោយ​នូវគន្លង​ធម៌ដោយ​អំពើ​មិន​អាក្រក់ គឺដោយ​ស្រុកសួយ ដោយ​មាសឆ្តោរ ដោយ​គោមួយរយ ចូរ​ឲ្យនាគ​មានកាយ​រួចស្រឡះ ហើយ​ត្រាច់ទៅចុះ (នាគ) អ្នកត្រូវការ​ដោយបុណ្យ ចូររួច​ពីចំណង​ចុះ។ ម្នាល​ព្រាន យើង​ឲ្យមាសឆ្តោរ​មួយរយ​ផង កុណ្ឌល​ជាវិការៈនៃ​កែវមណី​ដ៏ច្រើនផង បល្ល័ង្ក​មានជ្រុង ៤ មានពណ៌​ដូចផ្កា​ត្រកៀត​ផង ភរិយា​ស្មើគ្នា (ដោយ​វ័យជាដើម) នេះពីរ​នាក់​ផង គោ​ឧសភ​មួយរយផង នាគ​មានកាយ​រួចស្រឡះ​ហើយ ចូរត្រាច់​ទៅចុះ (នាគ) អ្នក​ត្រូវ​ការ​ដោយបុណ្យ ចូររួច​ពីចំណង​ចុះ។

[៣១៨] (អាលម្ពាយ…) បពិត្រព្រះអង្គជាធំជាងជន ព្រះរាជ​ឱង្ការ​របស់​ព្រះអង្គ​វៀរចាក​ព្រះរាជ​អំណោយ​ក៏បាន ទូលព្រះបង្គំ​សូមលែង​នាគនោះ​អំពី​ចំណង នាគ​មានកាយ​រួចស្រឡះ​ហើយ ចូរត្រាច់នៅចុះ (នាគ) អ្នក​ត្រូវការ​ដោយបុណ្យ ចូររួច​ពីចំណង​ចុះ។

[៣១៩] (អភិសម្ពុទ្ធគាថា) ចម្បេយ្យកនាគ បានរួច​ហើយ ក្រាបបង្គំ​ទូល​ព្រះរាជា​ថា បពិត្រ​ព្រះរាជា​ក្នុង​ដែនកាសី សូមថ្វាយ​បង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ អ្នក​ញ៉ាំង​ដែន​កាសី​ឲ្យចំរើន សូមថ្វាយ​បង្គំព្រះអង្គ ទូលព្រះបង្គំ​ជាខ្ញុំ សូមផ្គង​ក្រពុំ​ម្រាមដៃ​ចំពោះ​ព្រះអង្គ ទូល​ព្រះបង្គំ​ជាខ្ញុំ ចង់បង្ហាញ​នូវលំនៅ​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ (ដល់ព្រះអង្គ)។

[៣២០] (ព្រះរាជា…) មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្ស ដោយហេតុណា អ្នក​ប្រាជ្ញ​ទាំងឡាយ ពោលនូវ​ហេតុនុ៎ះថា ជាសេចក្តី​ស្និទ្ធស្នាល​អាក្រក់​ដោយពិត ប៉ុន្តែ​បើអ្នក​អង្វរ​រឿង​នុ៎ះ​នឹងយើង ម្នាលនាគ យើងនឹង​ទៅមើល​លំនៅ​របស់អ្នក។

[៣២១] (នាគរាជ…) បើទុកជាខ្យល់គួចយកភ្នំទៅបាន ព្រះចន្ទ្រ និងព្រះ​អាទិត្យ​ជ្រុះ​ចុះ​មកលើ​ផែនដី ទោះស្ទឹង​ទាំងពួង​ហូរច្រាស​បាន បពិត្រ​ព្រះរាជា ទូលព្រះបង្គំ​ជាខ្ញុំ ក៏​មិន​​ពោលពាក្យ​កុហកទេ។ ផ្ទៃអាកាស​បែកធ្លាយ​ក្តី សមុទ្រ​រីងស្ងួតក្តី ផែនដី​ជាទី​ទ្រសត្វ​ទ្រ​ទ្រព្យ គប្បីខ្មូរ ទាំងភ្នំមេរុ​សណ្តក​ឡើង ព្រមទាំង​ឫសក្តី បពិត្រ​ព្រះរាជា ទូល​ព្រះបង្គំ​ជាខ្ញុំ មិន​​ពោលពាក្យ​កុហកទេ។

[៣២២] (ព្រះរាជា…) មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្ស ដោយ​ហេតុណា អ្នកប្រាជ្ញ​ទាំងឡាយ ពោលនូវ​ហេតុនុ៎ះថា ជាសេចក្តី​ស្និទ្ធស្នាល​អាក្រក់​ដោយពិត ប៉ុន្តែ​បើអ្នក​អង្វរ​រឿង​នុ៎ះនឹង​យើង ម្នាលនាគ យើងនឹង​ទៅមើល​លំនៅ​របស់​អ្នកដែរ។

[៣២៣] ពួកអ្នកសោត ក៏ជាសត្វមានពិសខ្លាំងក្លា​ពន្លឹកណាស់ មានតេជះ​ច្រើន ឆាប់​ខឹង អ្នករួច​អំពីចំណងបាន ព្រោះហេតុ​នៃយើង អ្នកគួរ​ដឹងនូវ​ឧបការ​គុណ ដែល​យើង​បាន​ធ្វើ​ហើយ។

[៣២៤] (នាគរាជ…) បុគ្គលណាមិនស្គាល់នូវបុគ្គលមាន​កុសលកម្ម​ធ្វើ​ហើយ (ធ្វើ​បុណ្យ) ប្រាកដ​ដូច​ព្រះអង្គ បុគ្គលនោះ​ចូរឆេះ​ក្នុងនរក មាន​សភាព​គួរស្បើម កុំ​ឲ្យបាន​សេចក្តី​សុខប្រព្រឹត្ត​ទៅក្នុង​កាយបន្តិច​បន្តួច​សោះ ចូរជាប់​នៅក្នុង​ទ្រុង ដល់​នូវ​សេចក្តី​ស្លាប់​ចុះ។

[៣២៥] (ព្រះរាជា…) ពាក្យប្តេជ្ញារបស់អ្នកនុ៎ះ ជាពាក្យសត្យ អ្នកចូរ​កុំមាន​សេចក្តី​ក្រោធ អ្នកចូរ​កុំចង​សេចក្តី​ក្រោធទុក ពួកគ្រុឌ​ក៏ចូរវៀរ​លែង​ត្រកូលនាគ​ទាំងអស់​របស់​អ្នក ដូចពួក​មនុស្ស​វៀរចាក​គំនរភ្លើង​ក្នុងគិម្ហសម័យ​ដូច្នោះ​ចុះ។

[៣២៦] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គ​អនុគ្រោះនូវ​ត្រកូលនាគ ដូច​ជា​មាតា​អនុគ្រោះ​កូនប្រុស​តែម្នាក់​ដែលជា​ទីស្រឡាញ់​ស្មោះ ចំណែក​ខាងទូល​ព្រះបង្គំ​ជាខ្ញុំ ព្រមទាំង​ត្រកូលនាគ នឹងធ្វើ​នូវការ​ខ្វល់ខ្វាយ​បំរើ ចំពោះ​ព្រះអង្គ​ដ៏លើស​លុប។

[៣២៧] (ព្រះរាជា…) នែវឺយ ពួកភ្នាក់ងារ​គ្រប់តំណែង ចូរទឹម​រាជរថ​ដ៏​វិចិត្រ​ដោយ​​ប្រពៃ ចូរទឹម​អស្សតរ​ដែលកើត​ក្នុងដែន​កម្ពុជៈ ជាពាហនៈ​ទូន្មាន​បានបទ​ល្អហើយ ចូរ​រៀប​ដំរី ប្រដាប់​ដោយ​គ្រឿងមាស យើង​នឹងទៅ​មើលលំនៅ​របស់នាគ។

[៣២៨] (អភិសម្ពុទ្ធគាថា) ពួកស្គរធំ ស្គរតូច ត្រែ ស័ង្ខ​របស់​ព្រះរាជា​ព្រះនាម​ឧគ្គសេន ក៏លាន់​ឮឡើង ព្រះរាជា​ទ្រង់​ព្រះលំអ​ច្រើនប្រការ ទ្រង់​ស្តេចយាង​ទៅ​ក្នុង​កណ្តាល​​នៃពួកនារី​ដែលចោម​រោមជុំវិញ។

[៣២៩] ព្រះរាជាអ្នកញ៉ាំងដែនកាសី​ឲ្យចំរើន បានទត​ផែនដី​ដ៏វិចិត្រ​ដោយ​មាស និង​ប្រាសាទ​ទាំងឡាយ​ជាវិការៈ​នៃមាស ដែលក្រាល​ដោយ​បន្ទះ​កែវពៃទូរ្យ។ ព្រះរាជា​អង្គនោះ ទ្រង់ចូល​ទៅកាន់​នាគពិភព​ដ៏សម្បើម ជាទីនៅ​នៃ​ចម្បេយ្យនាគរាជ ដ៏ភ្លឺ​ស្វាង​ដូចជា​ពណ៌នៃ​ព្រះអាទិត្យ​មាន​រស្មីផ្លេកៗ ដូចផ្លេក​បន្ទោរ​ពណ៌មាស។ ព្រះបាទ​កាសីនោះ ទ្រង់​ទត​និវេសនដ្ឋាន​របស់​ចម្បេយ្យ​នាគរាជ ដ៏ដេរដាស​ដោយឈើ​ទាំងឡាយ​ផ្សេងៗ ដ៏​ផ្សព្វផ្សាយ​ដោយក្លិន​ក្រអូប​ផ្សេងៗ។ កាលដែល​ព្រះបាទ​កាសី ទ្រង់ចូល​ទៅហើយ តូរ្យតន្ត្រី​ទាំងឡាយ​ជាទិព្វ ក៏លាន់​ឮឡើង នាគកញ្ញា​ទាំងឡាយ​ក៏រាំថ្វាយ ក្នុង​រាជនិវេសន៍​នៃ​ចម្បេយ្យនាគរាជ។

ព្រះរាជនិវេសន៍នោះ ដេរដាស​ដោយពួកនៃ​នាគកញ្ញា ព្រះរាជា​កាសីទ្រង់​ជ្រះថ្លា ឡើងគង់​លើ​បល្ល័ង្ក ជាវិការៈ​នៃមាស មានបង្អែក​ដ៏លាបលន​ដោយ​ខ្លឹមចន្ទន៍។

[៣៣០] ព្រះបាទកាសីនោះ ទ្រង់សោយ ទ្រង់រីករាយ​ក្នុងនាគ​ពិភពនោះ ហើយ​មាន​ព្រះរាជឱង្ការ​ចំពោះ​ចម្បេយ្យ​នាគរាជ​ថា វិមានដ៏​ប្រសើរ​ទាំង​ឡាយរបស់​អ្នកនេះ មាន​ពណ៌ដូច​ព្រះអាទិត្យ​ដ៏ភ្លឺផ្លេកៗ ធម្មជាត​ប្រាកដ​ដូច្នេះ មិនមាន​ក្នុងមនុស្ស​លោកទេ ម្នាល​នាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។ ពួកនាង​នាគកញ្ញា​នោះ ពាក់នូវ​គ្រឿងប្រដាប់​មាស មាន​សម្លៀក​បំពាក់ដ៏​ល្អ មានម្រាម​ដៃមូល ប្រកប​ដោយផ្ទៃ (ដៃ និងជើង) ដ៏ក្រហម មាន​សម្បុរ​មិនអន់​អាប់ លើក (នូវទិព្វបានៈ) ទៅថ្វាយ​ដើម្បី​សោយ ធម្មជាត​ប្រាកដ​ដូច្នេះ មិនមាន​ក្នុងមនុស្ស​លោកទេ ម្នាលនាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។ ស្ទឹង​ទាំងឡាយ​មានទឹក​ត្រជាក់ មានត្រី​មានស្រកា​ក្រាស់ មាន​អាទាសបក្សី​យំពីរោះ មានកំពង់​ល្អ ធម្មជាត​ប្រាកដ​ដូច្នេះ មិនមាន​ក្នុង​មនុស្ស​លោកទេ ម្នាលនាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។ ហ្វូងក្រៀល ក្ងោក ហង្ស តាវ៉ៅ ដ៏ជា​ទិព្វ ស្រែកនូវ​សម្រែក​ដ៏ពីរោះ ហើរទំ​ពីព្រឹក្សា​មួយ ទៅរក​ព្រឹក្សា​មួយ ធម្មជាត​ដែលប្រាកដ​ដូច្នេះ មិនមាន​ក្នុង​មនុស្ស​លោកទេ ម្នាលនាគ អ្នកធ្វើ​តបធម៌​ដើម្បី​អ្វី។ ដើមស្វាយ ដើម​សាលព្រឹក្ស ដើមមៀន​ ដើមព្រីង ដើម​រាជព្រឹក្ស ដើម​ជ្រនៀង​ទាំងឡាយ មានផ្កា​រីកស្គុះស្គាយ រុក្ខជាត​ដែល​ប្រាកដ​ដូច្នេះ មិនមាន​ក្នុងមនុស្ស​លោកទេ ម្នាល​នាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។ ក្លិនដ៏ជាទិព្វ​ទាំងឡាយ រមែង​បក់ផ្សាយ​ជុំវិញ​ស្រះបោក្ខរណី​ទាំង​នេះជានិច្ច គន្ធជាត​ប្រាកដ​ដូច្នេះ មិនមាន​ក្នុងមនុស្ស​លោកទេ ម្នាល​នាគ អ្នកធ្វើ​តបធម៌​ដើម្បីអ្វី។

[៣៣១] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ទូលព្រះបង្គំ​ជាខ្ញុំ ធ្វើ​តបធម៌ មិនមែន​ព្រោះហេតុ​ចង់បានកូន មិនមែន​ចង់បាន​ទ្រព្យ ឬថា មិន​មែន​ព្រោះហេតុ​ចង់បាន​អាយុទេ ទូល​ព្រះបង្គំ​ជាខ្ញុំ ចង់បាន​កំណើតជា​មនុស្ស ព្រោះ​ហេតុនោះ ទើបខំ​ប្រឹងធ្វើ​តបធម៌។

[៣៣២] (ព្រះរាជា…) អ្នកមានភ្នែកក្រហម មានរស្មីភ្លឺ​ច្រាលឆ្អៅ មានខ្លួន​ប្រដាប់​ហើយ មានសក់ និងពុកមាត់​កោរកាត់​ហើយ ប្រស់ព្រំ​យ៉ាងល្អ ដោយ​ចន្ទន៍ក្រហម ភ្លឺផ្សាយ​ទៅសព្វទិស ដូចជា​គន្ធព្វរាជ។ អ្នកមាន​ឫទ្ធិដូច​ជាទេវតា មាន​អានុភាព​ច្រើន បរិបូណ៌​ដោយកាម​ទាំងឡាយ​គ្រប់យ៉ាង។ ម្នាល​នាគរាជ មនុស្សលោក​ប្រសើរ​ដោយ​វិសេស​ជាងនាគ​ពិភពនេះ ដោយ​ហេតុអ្វី យើងសូម​សួរអ្នក​ចំពោះ​ហេតុនុ៎ះឯង។

[៣៣៣] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន សេចក្តីបរិសុទ្ធិក្តី ការ​សង្រួមក្តី បើវៀរ​ចាកមនុស្ស​លោកចេញ​ហើយ ឥតមានទេ បើទូល​ព្រះ​បង្គំជាខ្ញុំ បាន​កំណើត​ជាមនុស្ស​ហើយ នឹងធ្វើនូវ​ទីបំផុត​នៃជាតិ និងមរណៈ។

[៣៣៤] (ព្រះរាជា…) ពួកជនដែលប្រកបដោយប្រាជ្ញា ជា​ពហុស្សូត ជាអ្នក​គិតនូវ​ហេតុច្រើន​ប្រការ គេត្រូវ​គប់រក​ដោយពិត ម្នាល​នាគរាជ ចំណែក​ខាងយើង បាន​ឃើញនូវ​ពួកនាង​នារីផង នូវអ្នក​ផង នឹងធ្វើបុណ្យទាំង​ឡាយ​យ៉ាងច្រើន។

[៣៣៥] (នាគរាជ…) ពួកជនដែលប្រកបដោយប្រាជ្ញា ជា​ពហុស្សូត ជាអ្នក​គិតនូវ​ហេតុច្រើន​ប្រការ គេត្រូវ​គប់រក​ដោយពិត បពិត្រ​ព្រះរាជា ព្រះអង្គ​ទតឃើញ​នូវពួក​នាងនារី​ផង នូវទូលព្រះ​បង្គំជាខ្ញុំផង សូមព្រះអង្គ​ធ្វើនូវបុណ្យ​ទាំង​ឡាយ​យ៉ាងច្រើនចុះ។

[៣៣៦] បា្រក់របស់ទូលព្រះបង្គំ​ជាខ្ញុំនេះ​ច្រើនណាស់ ទាំង​គំនរមាស ក៏​ប្រហែល​កំពស់​ដើមត្នោត សូម​ព្រះអង្គ​ឲ្យរាជបម្រើ​នាំអំពី​នាគពិភព​នេះ ទៅកសាង​ព្រះរាជ​ដំណាក់ ជាវិការៈ​នៃមាស ពួកជាង​ចូរធ្វើ​កំពែងជា​វិការៈនៃ​ប្រាក់ចុះ។ គំនរ​កែវមុក្តា មាន​ប្រាំពាន់វាហៈ (រទេះ) គំនរ​កែវពៃទូរ្យ (ប្រាំពាន់វាហៈ) នេះ សូមពួក​ជននាំ​ទៅអំពីនាគ​ពិភព​នេះ ហើយ​ក្រាលលើ​ផែនដី​ខាងក្នុងបូរី ឲ្យជា​ទីមិន​មានភក់ មិនមាន​ធូលី។ បពិត្រ​ព្រះរាជា​ដ៏ប្រសើរ សូមព្រះអង្គ​គ្រប់គ្រង​ក្រុងពារាណសី ឲ្យជា​វិមាន​ប្រសើរ មានលំអ​ច្រើន​អន្លើ ជានគរ​ស្តុកស្តម្ភ ទូលំទូលាយ​ មានសភាព​ដូច្នេះចុះ បពិត្រ​ព្រះអង្គ​មាន​ប្រាជ្ញា​មិនថោក​ថយ សូមព្រះអង្គ​សោយរាជ្យ​ចុះ។

ចប់ ចម្បេយ្យជាតក ទី១០។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.506.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann