km:tipitaka:sut:kn:jat:sut.kn.jat.509

ហត្ថិបាលជាតក ទី១៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 509 បាលី cs-km: sut.kn.jat.509 អដ្ឋកថា: sut.kn.jat.509_att PTS: ?

ហត្ថិបាលជាតក ទី១៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥០៩. ហត្ថិបាលជាតកំ (១៣))

[៣៧៤] (ហត្ថិបាលកុមារពោលថា) យូរណាស់ហើយ យើងទើប​នឹងឃើញ​ព្រាហ្មណ៍​មានភេទ​ដូចទេវតា មានផ្នួង​សក់ធំ មានធូលី​លើព្រះសិរ។ យូរណាស់​ហើយ យើងទើប​នឹងឃើញឥសី អ្នកតេ្រកអរ​ក្នុងធម្មគុណ ស្លៀក​ដណ្តប់​សំពត់​កាសាយៈ មានសំបក​ឈើជាគ្រឿង​បិទបាំង។ សូមលោក​ដ៏ចំរើន ទទួល​នូវអាសនៈ​ ទឹក និងប្រេង​សម្រាប់​លាបជើង​របស់​យើងខ្ញុំចុះ យើងខ្ញុំ​សូមសួរនូវ​របស់​មានតម្លៃ ចំពោះ​លោក​ដ៏​ចំរើន សូម​លោក​ដ៏ចំរើន ប្រាប់នូវ​របស់មាន​តម្លៃដល់​យើងខ្ញុំ។

[៣៧៥] (បុរោហិតជាឥសី…) ហៃបា អ្នកចូររៀន​នូវវេទ​ទាំងឡាយ ហើយ​ស្វែង​រកទ្រព្យ ដំកល់​ទុកនូវកូន​ទាំងឡាយ​ក្នុងផ្ទះ សោយនូវ​ក្លិន និងរស​ទាំង​ឡាយផង នូវ​វត្ថុកាម​គ្រប់បែប​ផង ព្រៃប្រពៃ​ដល់អ្នកបួស​ឯចាស់ បុគ្គល​នោះជា​អ្នកប្រាជ្ញ​ដែល​ព្រះអរិយៈ​ទាំងឡាយ​សរសើរ​ហើយ។

[៣៧៦] (ហត្ថិបាលកុមារ…) វេទទាំងឡាយជាសភាវៈ​មិនទៀង ការបាន​នូវ​ទ្រព្យ ក៏មិន​ទៀងដែរ ជនទាំងឡាយ​ឃាត់ជរា​ដោយការ​បាននូវ​កូនមិនបាន​ទេ សប្បុរស​ទាំងឡាយ​សរសើរ​នូវការរួច​ចាកក្លិន និងរស កិរិយា​សម្រេច​ផល រមែង​មានតាម​កម្មរបស់​ខ្លួន។

[៣៧៧] (ព្រះបាទឯសុការីជាឥសី…) ពាក្យរបស់អ្នកនុ៎ះ ជាពាក្យពិត ដ្បិតថា កិរិយា​សម្រេចផល រមែង​មានតាម​កម្មរបស់​ខ្លួន ប៉ុន្តែ​មាតា និងបិតា​របស់​អ្នកនេះ ចាស់​ហើយ លោកតែង​ចង់ឃើញ​នូវអ្នក ជាបុគ្គល​មិនមាន​រោគ​អស់រយ​នៃឆ្នាំ។

[៣៧៨] (ហត្ថិបាលកុមារ…) បពិត្រព្រះរាជា អ្នកទ្រទ្រង់​នូវសេចក្តី​ព្យាយាម​វិសេស​ជាងជន ភាពជា​សំឡាញ់​ដោយមរណៈ សេចក្តី​មេត្រី​ដោយជរា គប្បី​មានដល់​ជនណា ម្យ៉ាងទៀត ជនណា គប្បីដឹងថា អញនឹង​មិនស្លាប់​ក្នុងកាល​ណាមួយទេ មាតាបិតា​គួរឃើញ​នូវជន​នោះ ជាបុគ្គល​មិនមាន​រោគ​អស់រយ​នៃឆ្នាំ។ បុរស​ចែវទូក​ក្នុងទឹក នាំទូក​នុ៎ះទៅកាន់​ត្រើយ (ខាងនាយ) យ៉ាងណា សេចក្តី​ឈឺចាប់ និង​សេចក្តី​គ្រាំគ្រា រមែង​នាំសត្វ​ចូលទៅ​កាន់អំណាច​នៃសេចក្តី​ស្លាប់​អ្នកធ្វើ​នូវទីបំផុត​ជារឿយៗ យ៉ាង​នោះដែរ។

[៣៧៩] (អស្សបាលកុមារ…) កាមទាំងឡាយជាភក់ផង កាមទាំងឡាយ​ជា​ល្បាប់​ផង ជាគ្រឿង​នាំមកនូវ​សេចក្តី​ពេញចិត្ត ជាគ្រឿង​ឆ្លងបាន​ដោយ​កម្រ ជាលំនៅ​នៃមច្ចុ ពួកសត្វ​ដែល​លិចចុះ​ក្នុងភក់ ក្នុងល្បាប់នេះ ជាសត្វ​មានចិត្ត​ថោកទាប ជា​សភាវៈ​ឆ្លងទៅ​កាន់​ត្រើយ (ព្រះនិព្វាន) ពុំបាន​ឡើយ។ អត្តភាព​របស់ទូល​ព្រះបង្គំ​ជាខ្ញុំនេះ បាន​ធ្វើនូវ​អំពើអាក្រក់​ក្នុងកាលមុន ផលនៃកម្មនោះ ទូលព្រះបង្គំ​ជាខ្ញុំ​បានកាន់​យក​ហើយ ការួច​ចាក​ផលអកុសល​នោះ មិនមាន​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំឡើយ។ ទូល​ព្រះបង្គំ នឹង​បិទរក្សា​នូវអត្តភាព​នោះ កុំ​ឲ្យអត្តភាព​នេះធ្វើអំពើ​អាក្រក់​ទៀតឡើយ។

[៣៨០] (គោបាលកុមារ…) បពិត្រព្រះរាជា ដូចបុរស​កាលមិន​ឃើញគោ ស្វែង​រកគោ​ដែលបាត់​ក្នុងព្រៃ យ៉ាងណា បពិត្រ​ព្រះរាជា​ទ្រង់ព្រះនាម​ឯសុការី ប្រយោជន៍ (បព្វជ្ជា) របស់ទូល​ព្រះបង្គំ​ជាខ្ញុំ​វិនាសបាត់ទៅ ក៏​យ៉ាងនោះ​ដែរ បពិត្រ​ព្រះរាជា ទូល​ព្រះបង្គំ​ជាខ្ញុំ មិនគប្បី​ស្វែងរក​ដូចម្តេច​បាន។

[៣៨១] បុរសបង្អង់ (នូវការងារដែលត្រូវធ្វើ) ថា ចាំថ្ងៃ​ស្អែកៗ ដូច្នេះ រមែង​សាប​សូន្យ អ្នកប្រាជ្ញ​ដឹងថា អនាគតនេះ​មិនមាន​ដូច្នេះហើយ អ្នកប្រាជ្ញ​ណា នឹង​បន្ទោបង់​នូវសេចក្តី​ប៉ុនប៉ង​ដែលកើត​ឡើង​ហើយបាន។

[៣៨២] (អជបាលកុមារ…) ទូលព្រះបង្គំជាខ្ញុំ បានឃើញ​កុមារីនៅក្មេង (ឡេះឡោះ) ដូចជា​មនុស្សឆ្កួត មានភ្នែក​ដូចត្របក​នៃផ្កាកាកែស ឋិតនៅ​ក្នុង​បឋមវ័យ មិនទាន់​បរិភោគ​នូវភោគៈ​ទាំងឡាយ ស្រាប់តែ​មច្ចុនាំ​យកកុមារី (នោះទៅ)។ ប្រុស​កម្លោះមាន​កំណើតល្អ មានមុខ​ស្រស់បស់ គួរជាទី​រមិលមើល មានសម្បុរលឿង​ដូចមាស មាន​ពុកមាត់​ដេរដាស​ដូច​កេសរនៃ​ផ្កាដកគាំ (មច្ចុបាននាំ​យកនូវ​ប្រុសកម្លោះ​នោះទៅ) ខ្ញុំព្រះអង្គ​នឹងលះបង់​នូវ​កាមទាំងឡាយ ហើយ​គេចចេញចាកផ្ទះ (ទៅបួស) បពិត្រ​ព្រះសម្មតិ​ទេព សូម​ព្រះអង្គ​អនុញ្ញាត​ទូលព្រះបង្គំ​ជាខ្ញុំ ទូលព្រះបង្គំ​ជាខ្ញុំ​នឹងបួស។

[៣៨៣] (បុរោហិត…) អនុបាទិន្នកសង្ខារ បានឈ្មោះថា ដើមឈើ ព្រោះតែ​មែក​ទាំងឡាយ មួយទៀត ជនទាំង​ឡាយហៅ​នូវដើមឈើ​ដែលមាន​មែក​លះបង់​អស់ហើយ​ថា ដង្គត់ ម្នាលនាង​វាសេដ្ឋីដ៏​ចំរើន ថ្ងៃនេះ​ជាកាល​គួរ ដើម្បី​ត្រាច់ទៅ​ស្វែង​រកភិក្ខា​របស់ខ្ញុំ ដែលមាន​កូនលះបង់​ហើយ។

[៣៨៤] (ព្រាហ្មណីបន្លឺឧទានថា) ពួកក្រៀល ហើរទៅឰដ៏អាកាស ក្នុងរដូវ​អស់ទឹក​ភ្លៀង ហង្សទាំងឡាយ ទំលាយនូវមង​ដែលពីងពាង​ធ្វើហើយ យ៉ាងណា កូន​ទាំងឡាយ​ផង ប្តីផង​របស់អញ (ទំលាយ​មង គឺកាមហើយ) ក៏ទៅ យ៉ាងនោះដែរ អញនោះ កាល​បើដឹង​ច្បាស់ហើយ មិនទៅ​តាម​ដូចម្តេច​កើត។

[៣៨៥] (ព្រះរាជទេពី…) បក្សី (ត្មាត) ទាំងឡាយនេះ បរិភោគ (នូវសាច់) ហើយ​ក្អែចេញ ទើបហើរ​ចៀសចេញ​ទៅរួច ចំណែក​ខាងត្មាត​ទាំងឡាយ​ណា បរិភោគ​ហើយ​មិនក្អែ​ចេញទេ ត្មាត​ទាំងនោះ មកលុះ​ក្នុង​កណ្តាប់ដៃ​របស់ខ្ញុំ​ម្ចាស់ហើយ។ ព្រាហ្មណ៍​បានខ្ជាក់​ចោលនូវ​កាមទាំងឡាយ​ចេញហើយ ព្រះអង្គ​នោះ​ត្រឡប់​ជាលេប​វិញ បពិត្រ​ព្រះរាជា បុរសណា ស៊ីនូវ​កញ្ជាក់ បុរសនោះ​មិនគួរ​គេសរសើរ​ទេ។

[៣៨៦] (ព្រះរាជា…) បុរសអ្នកមានកំឡាំង អាចស្រង់​នូវបុរស​មានកំឡាំង​ខ្សោយ ដែល​លិចក្នុង​ភក់ល្បាប់​បាន យ៉ាងណា ម្នាល​រាជធីតា​របស់​ព្រះ​បាទបញ្ចាល​ដ៏ចំរើន នាង​ឯងក៏ញ៉ាំង​យើង​ឲ្យឆ្លងឡើង (ចាកកាម) ដោយ​គាថាទាំងឡាយ​ជាសុភាសិត យ៉ាង​នោះដែរ។

[៣៨៧] មហារាជទ្រង់ព្រះនាមឯសុការី ជាម្ចាស់​ក្នុងទិស ទ្រង់ត្រាស់​គាថា​នេះ​ហើយ ទ្រង់លះបង់​នូវដែន​ចេញទៅ ទ្រង់ព្រះផ្នួស ដូចជា​ដំរីដ៏​ប្រសើរ ផ្តាច់​នូវចំណង​ដូច្នោះ។

[៣៨៨] (មហាជន…) ព្រះរាជាមានព្យាយាមវិសេស​ជាងជន ទ្រង់សព្វព្រះ​រាជហ្ឫទ័យ​ចំពោះ​បព្វជ្ជា លះបង់​នូវដែន ចំណែក​ខាងព្រះនាង សូម​ដូចជា​ព្រះរាជា​របស់​យើងចុះ ព្រះនាង​ដែលពួក​យើងគ្រប់​គ្រងហើយ ចូរសោយ​រាជសម្បត្តិ​ចុះ។

[៣៨៩] (ព្រះរាជទេពី…) ព្រះរាជាមានព្យាយាម​វិសេស​ជាងជន ទ្រង់សព្វ​ព្រះរាជ​ហ្ឫទ័យ​ចំពោះបព្វជ្ជា ទ្រង់លះ​បង់នូវដែន ចំណែក​ខាងខ្ញុំ នឹងលះ​បង់នូវ​កាមទាំងឡាយ ដែល​ញ៉ាំងចិត្ត​ឲ្យត្រេកអរ​ចេញ ហើយជា​ស្ត្រីម្នាក់​ឯង ត្រាច់ទៅក្នុងលោក។ ព្រះរាជា​មាន​ព្យាយាម​វិសេស​ជាងជន ទ្រង់សព្វ​ព្រះរាជហ្ឫទ័យ​ចំពោះបព្វជ្ជា ទ្រង់លះបង់​នូវដែន ចំណែក​ខាងខ្ញុំ នឹងលះ​បង់នូវ​កាមទាំងឡាយ​តាមចំណែក ហើយជា​ស្ត្រីម្នាក់ឯង ត្រាច់ទៅ​ក្នុងលោក។ កាល​ទាំងឡាយ តែងកន្លង​ហួសទៅ រាត្រីទាំង​ឡាយ តែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរ​នៃវ័យ​ទាំងឡាយ រមែង​រលត់​ទៅតាម​លំដាប់ ចំណែក​ខាងខ្ញុំ នឹងលះបង់​នូវកាម​ទាំងឡាយ ជាទី​ញ៉ាំងចិត្ត​ឲ្យត្រេកអរ ហើយជា​ស្ត្រីម្នាក់ឯង ត្រាច់ទៅ​ក្នុងលោក។ កាល​ទាំងឡាយ រមែងកន្លង​ហួសទៅ រាត្រីទាំងឡាយ រមែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរនៃ​វ័យទាំងឡាយ រមែង​លះបង់​ទៅតាម​លំដាប់ ចំណែក​ខាងខ្ញុំ នឹងលះបង់​នូវកាម​ទាំងឡាយ​តាមចំណែក ហើយជា​ស្ត្រីម្នាក់ឯង ត្រាច់​ទៅក្នុង​លោក។ កាល​ទាំងឡាយ រមែងកន្លង​ហួសទៅ រាត្រី​ទាំងឡាយ រមែងញ៉ាំង (អាយុសង្ខារ) ឲ្យ​ឆ្លងទៅ គំនរនៃ​វ័យទាំងឡាយ រមែង​លះបង់​ទៅ​ជាលំដាប់ ចំណែក​ខាងខ្ញុំ នឹង​កន្លងបង់​នូវគ្រឿង​ថ្ពក់​ទាំងអស់ ហើយ​ជា​ស្ត្រីត្រជាក់ម្នាក់​ឯង ត្រាច់ទៅក្នុង​លោក។

ចប់ ហត្ថិបាលជាតក ទី១៣។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.509.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann