User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.511

កឹឆន្ទជាតក ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 511 បាលី cs-km: sut.kn.jat.511 អដ្ឋកថា: sut.kn.jat.511_att PTS: ?

កឹឆន្ទជាតក ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១១. កិំឆន្ទជាតកំ (១))

[៤១៤] (ទេវតាពោលថា) បពិត្រព្រាហ្មណ៍ លោកពេញ​ចិត្តនឹងអ្វី ប៉ុនប៉ង​អ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយ​ម្នាក់ឯង​ក្នុងរដូវក្តៅ​ដោយ​ប្រយោជន៍​អ្វី។

[៤១៥] (តាបសពោលតបថា) ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់​ទ្រាយស្អាត​បាត មាន​ឧបមា​យ៉ាងណា ផ្លែស្វាយទុំ ដ៏ឧតម្ត​ដោយពណ៌ និងក្លិន និងរស ក៏មាន​ឧបមេយ្យ​យ៉ាងនោះ។ ម្នាលនាង​មានអវយវៈ​ត្រង់កណ្តាល (ចង្កេះ) មិនមាន​មន្ទិល អាត្មា​បាន​ឃើញ​​ផ្លែស្វាយ​នោះ​អណ្តែត​តាមខ្សែទឹក ក៏​ចាប់ផ្លែស្វាយ​នោះដោយ​ដៃទាំងពីរ ហើយ​នាំ​យកទៅ​កាន់រោង​បូជាភ្លើង។ លំដាប់នោះ អាត្មា​បានដាក់​ផ្លែស្វាយ​លើស្លឹក​ចេកទាំង​ឡាយ​ដោយខ្លួនឯង ចិតនូវ​ផ្លែស្វាយ​នោះដោយ​កាំបិត ហើយ (ឆាន់) ផ្លែស្វាយ​នោះ នាំ​ចេញនូវ​សេចក្តី​ស្រេកឃ្លាន​របស់​អាត្មាបាន។ អាត្មានោះ​ ប្រាសចាក​សេចក្តី​ក្រវល់ក្រវាយ លុះ​ផ្លែស្វាយ​អស់ហើយ ក៏អត់ទ្រាំ​បាន​ដោយលំបាក មិន​បានសេចក្តី​ត្រេកអរ​ក្នុង​ផ្លែឈើ​ទាំងឡាយ​ឯទៀត​ណាមួយ។ ផ្លែស្វាយ​នោះ នឹងនាំ​មកនូវ​សេចក្តីស្លាប់​ដល់​អាត្មា​ដោយ​ពិត ព្រោះ​រីងស្គម​ព្រោះ​ផ្លែស្វាយ​មានរស​ឆ្ងាញ់ មាន​រសផ្អែម​លើសលប់ ជាទី​ពេញចិត្ត។ អាត្មា​បានស្រង់​ផ្លែស្វាយ​ដែលកំពុង​អណ្តែត​ក្នុងអន្លង់​ដ៏ធំ​អំពីស្ទឹង អាត្មានៅ (ដោយ​សេចក្តី​​ស្រេកឃ្លាន) ព្រោះហេតុ​ណា ហេតុនោះ​ទាំងអស់ អាត្មា​បានប្រាប់​ដល់នាង។ អាត្មា​អង្គុយ​អាស្រ័យ​នូវស្ទឹង​ជាទីរីករាយ ស្ទឹងនេះ​ធំទូលាយ ប្រកប​ដោយត្រី នាង​កុំអាល​រត់ទៅ ចូរប្រាប់​ខ្លួននោះ​ដល់អាត្មា​សិន។ ម្នាល​នាងកល្យាណី នាង​ជាអ្វី ម្នាលនាង​មានអវយវៈ​ត្រង់​កណ្តាល (ចង្កេះ) ដ៏ល្អ នាងមាន​រូបដូច​កដម្បារមាស​ដ៏រលីង (មាន​ដំណើរ) ដូចជា​កូនខ្លា​ដែលកើត​ក្នុងញកភ្នំ (មកក្នុង​ទីនេះ) ដើម្បីអ្វី។ នាង​នារី​ទាំងឡាយ​ណា ជាអ្នក​បំរើ​ពួកទេវតា ក្នុងទេវតា​ទាំងឡាយ​ផង ស្រី​ទាំងឡាយ​ណា​ប្រកប​ដោយរូប ក្នុង​មនុស្ស​លោកផង ស្រីទាំង​ឡាយនោះ ប្រាកដ​ស្មើដោយ​រូបនៃនាង មិនមាន​ក្នុង​ទេវគន្ធព្វ និង​មនុស្ស​លោកឡើយ ម្នាលនាង​មានអវយវៈ​ខាងដើម (ភ្លៅ) ដ៏ល្អ អាត្មា​សួរហើយ ចូរប្រាប់​នាម និងគោត្រ​ផង ផៅពង្ស​ទាំងឡាយ​ផង។

[៤១៦] (ទេវតា…) បពិត្រព្រាហ្មណ៍ លោកគង់នៅ​អាស្រ័យ​ស្ទឹងឈ្មោះ​កោសិកី ជាទី​រីករាយ​ណា ខ្ញុំមាន​លំនៅត្រង់​ខ្សែទឹក​ដ៏កាច មានអន្លង់​ជាទី​ហូរទៅនៃទឹក​ដ៏ប្រសើរ អាស្រ័យ​នៅហើយ (ក្នុង​ស្ទឹងនោះ)។ ជ្រោះភ្នំដ៏​ច្រើន កុះករ​ដោយ​ឈើផ្សេងៗ រមែង​មានក្នុង​ទីចំពោះ​មុខខ្ញុំ រមែង​ហូរទៅ ក្នុងរដូវភ្លៀង។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រើន មាន​ទឹកហូរ​ចេញ​អំពីព្រៃ ទ្រទ្រង់​នូវគំនរ​ទឹកដ៏ខៀវ ស្ទឹង​ដ៏ច្រើន មានរូបភាព​ដូចជានាគ រមែង​ញ៉ាំង​ខ្ញុំឲ្យពេញ​ដោយទឹក។ ដើមស្វាយ ដើមព្រីង ដើមខ្នុរសម្ល ដើមក្ទុម្ព ដើមត្នោត និងដើម​ល្វា ជលជាត​ទាំងឡាយ​ដ៏ច្រើន រមែង​ចូលទៅ​កាន់ស្ទឹង​ទាំងនោះ​រឿយៗ។ ផ្លែឈើ​ណាមួយ នៅក្បែរ​មាត់ច្រាំង​ទាំងពីរ រមែង​ជ្រុះទៅ​ក្នុងទឹក ផ្លែឈើ​នោះ រសាត់​ទៅតាម​អំណាចនៃ​ខ្សែ​ទឹក​ដោយ​ឥតសង្ស័យ។ បពិត្រ​លោកជា​អ្នកប្រាជ្ញ មាន​ប្រាជ្ញាច្រើន លោក​ជ្រាបហេតុ​នុ៎ះហើយ សូមស្តាប់​ពាក្យខ្ញុំចុះ បពិត្រ​ព្រះជនាធិបតី សូមលោក​កុំពេញចិត្ត​ឡើយ ចូរ​បដិសេធ​នូវការ​ជាប់ចំពាក់​ដោយតណ្ហា។ បពិត្រ​ព្រះរាជិសី​អ្នកញ៉ាំងដែន​ឲ្យចំរើន លោក​កំពុង​ចំរើន (ដោយ​សាច់ និងឈាម) ប្រាថ្នា​សេចក្តីស្លាប់ ដោយ​ហេតុណា ខ្ញុំពុំ​សំគាល់​នូវលោក​ថា ជាអ្នក​ចំរើន​ដោយប្រាជ្ញា​ដោយហេតុ​នោះទេ។ បិតា​ទាំងឡាយ (ព្រហ្ម) និង​គន្ធព្វ ព្រម​ទាំងទេវតា រមែង​ដឹងនូវ​ភាពនៃ​បុគ្គល​នោះថា ជាអ្នក​លុះក្នុង​អំណាច​នៃតណ្ហា ម្យ៉ាងទៀត ឥសី​ទាំងឡាយ​ណាក្នុងលោក ជាអ្នក​មានចិត្ត​សង្រួមហើយ មានតបៈ ឥសី​ទាំងឡាយ​នោះ រមែង​ដឹងឥត​សង្ស័យ (សូម្បី) ពួកអ្នក​មានយស​ជាអ្នក​បម្រើ (ឥសី​ទាំងនោះ ក៏ដឹងការ​នោះតៗ គ្នាទៀត)។

[៤១៧] (តាបស…) បើ (នរជនណា) មិនគិត​សម្លាប់បុគ្គល​នោះទេ បាបក៏​មិនចំរើន​ដល់​នរជន​នោះ ដែល​ដឹងច្បាស់​នូវធម៌​ទាំងពួង​របស់អ្នក​ប្រាជ្ញ យ៉ាងនេះផង ដឹងនូវ​ការ​បែកធ្លាយ និងច្យុតិ​នៃជីវិត​ផង ម្នាល​នាងជាធំ ដែលពួក​ឥសីដឹង​ច្បាស់ហើយ ប្រយោជន៍​នៃ​សត្វ​លោក នាង​ដឹងច្បាស់​ហើយ​យ៉ាងនេះ នាងឈ្មោះ​ថាស្វែង​រកនូវ​បាបកម្ម (ចំពោះ​ខ្លួន) ព្រោះ​ប្រទេច​ពាក្យ​មិនប្រសើរ។ ម្នាលនាង​ទេវធីតា​មាន​ត្រគាក​សាយល្អ បើយើង​នឹង​ស្លាប់​លើ​ត្រើយរបស់​នាង កាលបើ​យើង​ស្លាប់ហើយ ដំណិះ​ដំនៀល​នឹងបាន​មកនាងឯង ឥតសង្ស័យ​ឡើយ។ ម្នាលនាង​មានអវយវៈ​ត្រង់​កណ្តាល​ដ៏ល្អ ព្រោះហេតុនោះ នាងឯង​ចូររក្សា​នូវកម្ម​អាក្រក់ កាល​បើយើង​ស្លាប់ហើយ កុំ​ឲ្យជន​ទាំងអស់​ជេរប្រទេច​នាង ក្នុង​កាល​ជាខាង​ក្រោយឡើយ។

[៤១៨] (ទេវតា…) ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់​ហើយ ធម្មតា ស្តេចនេះ​មិន​ងាយ​អត់ទ្រាំ​បានទេ ណ្ហើយចុះ ខ្ញុំម្ចាស់​នឹងប្រគេន​នូវខ្លួន​ខ្ញុំម្ចាស់ផង ប្រគេន​នូវស្វាយ​នោះផង ដល់​លោកម្ចាស់ ដ្បិតលោកម្ចាស់​បានលះបង់​នូវកាមគុណ​ទាំងឡាយ ដែល​គេលះបង់​បាន​ដោយក្រ ហើយ​បាន​អធិដ្ឋាន​នូវសីល ជាគ្រឿង​ស្ងប់រម្ងាប់​ផង នូវសុចរិត​ធម៌ផង។

បុគ្គល​ណា លះបង់​នូវចំណង​ខាងដើម ហើយឋិត​នៅក្នុងចំណង​ខាងចុង​ផង ប្រព្រឹត្ត​នូវអធម៌​ផង បាបតែង​ចំរើន​ឡើងដល់​បុគ្គលនោះ។ សូមលោក​ម្ចាស់មកចុះ ខ្ញុំ​ម្ចាស់​​នឹងនាំ​លោកម្ចាស់​ទៅ​ឲ្យដល់​ព្រៃស្វាយ​នោះ សូម​លោកម្ចាស់​មានសេចក្តី​ខ្វល់ខ្វាយ​តិចដោយ​ពិតចុះ ខ្ញុំម្ចាស់​នឹងនាំ​ទៅដាក់​ក្នុងព្រៃ​ស្វាយដ៏ត្រជាក់​នោះ សូម​លោកម្ចាស់​គង់នៅ​កុំមាន​សេចក្តី​ខ្វល់​ខ្វាយ។ បពិត្រ​អរិន្ទមៈ ព្រៃស្វាយនោះ ពួកសត្វ​បក្សីមាន​កក្ងក់ ស្រវឹង​ដោយ​រសនៃ​ផ្កាឈើ ស្រែកបន្លឺ​ឡើងហើយ ពួកក្រៀល ពួកក្ងោក ជាទិព្វ ពួកសត្វ​ស្លាបឈ្មោះ​កោយដ្ឋិ និងឈ្មោះ​មធុសាលិយៈ យំជា​មួយនឹងពួក​ហង្ស ពួកតាវៅ ដែលនៅ​ក្នុងព្រៃ​ស្វាយ​នោះ ក៏ញ៉ាំង​ពួកសត្វ​ទាំងនោះ​ឲ្យ​ភ្ញាក់ឡើង​ហើយ។ ដើមស្វាយ​ទាំងឡាយ​ក្នុងព្រៃ​នោះ មានចុង​មែកដាបចុះ (ព្រោះទម្ងន់ផ្លែ) ប្រាកដ​ស្មើដោយ​ទីលាន​ដែលពេញ​ដោយ​កណ្តាប់ស្រូវ ដើមដកគាំ ស្រល់ និង​កទម្ពទាំងឡាយ មានចង្កោម​ផ្លែសំយុងចុះ ដូចធ្លាយ​ផ្លែត្នោតទុំ។

[៤១៩] (តាបសនិយាយទៅនឹងប្រេតថា) អ្នកទ្រទ្រង់នូវ​ផ្កាកម្រង ទ្រទ្រង់​នូវឈ្នួត ប្រដាប់​ដោយគ្រឿង​អាភរណៈ ពាក់នូវ​ពាហុរក្សរ័ត្ន (កងកន់) ប្រស់ព្រំ​ដោយ​ខ្លឹមចន្ទន៍ ឲ្យគេ​បម្រើក្នុង​វេលាយប់ សោយនូវ​ទុក្ខវេទនា​ក្នុង​វេលាថ្ងៃ។ ស្រីទាំង​ឡាយ ១៦០០០ នេះ ជាស្រី​បំរើ​របស់អ្នក អ្នកជា​បុគ្គលមាន​អានុភាព​ច្រើនយ៉ាងនេះ អស្ចារ្យ​គួរ​ឲ្យព្រឺរោម។ ក្នុង​កាលមុន អ្នកបានធ្វើ​អំពើបាប​នាំមកនូវ​ទុក្ខដល់​ខ្លួនដូចម្តេច ដែលអ្នក​ធ្វើក្នុង​មនុស្ស​លោក បានជា​ស៊ីនូវ​សាច់ខ្នង (របស់ខ្លួន)។

[៤២០] (ប្រេត…) ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់​ចំពាក់​ក្នុងកាម​ទាំងឡាយ បានប្រព្រឹត្ត​មិនជា​ប្រយោជន៍​ដល់ជន​ដទៃ អស់កាល​ដ៏យូរអង្វែង។ បុគ្គល​ណា ជាអ្នក​ស៊ីនូវ​សាច់ខ្នង (ញុះញង់​គេ) បុគ្គលនោះ ក៏​ខ្វារស៊ីនូវ​សាច់ខ្នង​របស់ខ្លួន ដូចខ្ញុំ​ស៊ីក្នុង​ថ្ងៃនេះ​ដែរ។

ចប់ កឹឆន្ទជាតក ទី១។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.511.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann