km:tipitaka:sut:kn:jat:sut.kn.jat.513

ជយទ្ទិសជាតក ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 513 បាលី cs-km: sut.kn.jat.513 អដ្ឋកថា: sut.kn.jat.513_att PTS: ?

ជយទ្ទិសជាតក ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១៣. ជយទ្ទិសជាតកំ (៣))

[៤២៥] (មនុស្សយក្ស1) ពោលថា) យូរណាស់​ហើយ អាហារ​ដ៏ច្រើន​ទើបកើត​ឡើង​ដល់យើង​ក្នុងពេល​បាយ ក្នុង​ថ្ងៃទី ៧ នាថ្ងៃនេះ អ្នកទើប​នឹងមក​ពីណា មួយទៀត អ្នកជាអ្វី អ្នកចូរ​ប្រាប់រឿង​នោះ (ដល់យើង) អ្នកចូរ​ប្រាប់ជាតិ ល្មម​ឲ្យយើង​ដឹងបាន។

[៤២៦] (ព្រះបាទជយទ្ទិសៈ​ទ្រង់តបថា) ខ្ញុំជាសេ្តច​ក្នុងក្រុង​បញ្ចាល ឈ្មោះ​ជយទ្ទិសៈ បើអ្នក​ឮហើយ ចូលមកកាន់​ទីសម្លាប់​ម្រឹគ ត្រាច់ទៅ​កាន់ទីខាង​ភ្នំ និងព្រៃ​ទាំងឡាយ សូមអ្នក​ពិសាបសទម្រឹគ2) នេះចុះ សូមលែង​ខ្ញុំក្នុង​ថ្ងៃនេះ។

[៤២៧] (យក្ស…) អ្នកឯងបៀតបៀនលោះ (នូវខ្លួន) ដោយម្រឹគ​ជារបស់​យើង​ដដែល អ្នកពោល​នូវ​បសទម្រឹគ​ណា បសទម្រឹគ​នុ៎ះ​ជាអាហារ​របស់​យើងស្រាប់ យើងស៊ី​នូវ​បសទម្រឹគ​នោះ បើចង់ស៊ី នឹងស៊ី​ជាខាងក្រោយ កាលនេះ មិនមែន​ជាកាល​វិលាបទេ។

[៤២៨] (ព្រះរាជា…) បើខ្ញុំមិនរួចដោយការ​លោះទេ (អ្នកចូរ​កាន់​យកពាក្យ​ប្តេជ្ញា) ដើម្បី (ឲ្យខ្ញុំ) ទៅហើយ​ត្រឡប់​មកវិញ​ក្នុង​ពេលព្រឹក ខ្ញុំជា​អ្នករក្សា​នូវពាក្យ​សច្ចៈ ឲ្យនូវ​ពាក្យប្តេជ្ញា​នោះ​ដល់ព្រាហ្មណ៍ ហើយនឹង​ត្រឡប់​មកវិញ។

[៤២៩] (យក្ស…) បពិត្រព្រះរាជា កម្មដូចម្តេច ដុតកំដៅ​ព្រះអង្គ​ដែលចូល​មក​កៀក​​នឹងសេចក្តី​ស្លាប់ហើយ សូមព្រះអង្គ​ប្រាប់​ដល់ខ្ញុំ ក្រែងយើង​អាច​អនុញ្ញាត​ឲ្យ​ព្រះអង្គ​​ត្រឡប់​មកក្នុង​វេលាព្រឹក​បាន។

[៤៣០] (ព្រះរាជា…) គោលបំណងក្នុងទ្រព្យ ខ្ញុំបានធ្វើ​ហើយ ចំពោះ​ព្រាហ្មណ៍ ពាក្យ​ប្តេជ្ញា​នោះ ក៏ជាប់​នៅមិនទាន់​ដោះ ខ្ញុំជាអ្នក​រក្សានូវសច្ចៈ ឲ្យ​នូវពាក្យ​ប្តេជ្ញានោះ ដល់​ព្រាហ្មណ៍​ហើយ នឹងត្រឡប់​មកវិញ។

[៤៣១] (យក្ស…) គោលបំណងក្នុងទ្រព្យ ព្រះអង្គបាន​ធ្វើហើយ ចំពោះ​ព្រាហ្មណ៍ ពាក្យ​ប្តេជ្ញានោះ ក៏ជាប់នៅ​មិនទាន់​ដោះ ព្រះអង្គ​ជាអ្នក​រក្សានូវ​សច្ចៈ ឲ្យនូវ​ពាក្យប្តេជ្ញា​នោះ ដល់ព្រាហ្មណ៍ ហើយចូរ​ត្រឡប់​មកវិញ។

[៤៣២] (អភិសម្ពុទ្ធគាថា) ព្រះបាទជយទ្ទិសៈ​នោះ មានសេចក្តី​ប្រាថ្នា​ក្នុង​កាម បានរួច​អំពីដៃ​បោរិសាទៈ (អ្នកស៊ី) ហើយ យាង​ទៅកាន់​ព្រះរាជមន្ទីរ​របស់​ព្រះអង្គ ប្រទាន​ពាក្យប្តេជ្ញា​នោះដល់​ព្រាហ្មណ៍ ហើយក៏​ត្រាស់ហៅ​ព្រះរាជបុត្ត​ព្រះនាម​អលីនសត្តុ​មក​ថា។ (នែកូន យើងប្រគល់) នូវរាជ​សម្បត្តិ (ដល់អ្នកឯង) ក្នុង​ថ្ងៃនេះ បាឯង​ចូរ​អភិសេក​ចុះ បា​ឯង ចូរ (រក្សា) ធម៌ ក្នុងដែន​ទាំងឡាយ​ផង ក្នុងពួក​ប្រជាជន​ផង ជនអ្នក​មិនរក្សា​ធម៌ កុំ​ឲ្យ​មានក្នុង​ដែនរបស់​បាឯងឡើយ យើងនឹង​ទៅក្នុង​សំណាក់នៃ​បោរិសាទ។

[៤៣៣] (អលីនសត្តុកុមារ) បពិត្រ​ព្រះសម្មតិទេព ទូលព្រះបង្គំ​ជាខ្ញុំ ធ្វើអំពើ​ដូចម្តេច ទៀបព្រះបាទា​នៃព្រះអង្គ ឲ្យព្រះអង្គ​មិនសប្បាយ​ព្រះហឫទ័យ ព្រះអង្គ​ឲ្យទូល​ព្រះបង្គំ​ជាខ្ញុំ​តាំងនៅ​ក្នុងរាជ្យ​ក្នុងថ្ងៃនេះ ដោយអំពើ​ដែលនាំ​ឲ្យព្រះអង្គ​មិនសប្បាយ​ណា ទូល​ព្រះបង្គំ​ជាខ្ញុំ ចង់ស្តាប់នូវ​អំពើ​ដែលនាំ​ឲ្យ​ព្រះអង្គ​មិនសប្បាយ​នោះ ទូលព្រះបង្គំ​ជាខ្ញុំ បើ​វៀរចាក​ព្រះអង្គ​ហើយ មិន​ចង់បាន​នូវរាជ្យទេ។

[៤៣៤] (ព្រះរាជា…) ម្នាលកូន យើងនឹកមិនឃើញ​កំហុស​របស់អ្នក ព្រោះ​អំពើ និង​វាចា​នេះទេ តែយើង​បានធ្វើ (ពាក្យសច្ចៈ) ជាមួយ​នឹង​បោរិសាទ យើង​ជាអ្នក​រក្សានូវ​ពាក្យសច្ចៈ នឹងវិល​ទៅវិញ។

[៤៣៥] (ព្រះរាជកុមារ…) ទូលព្រះបង្គំជាខ្ញុំនឹងទៅ សូមព្រះអង្គ​គង់នៅ​ក្នុងទីនេះចុះ ការរួច​អំពី​សំណាក់​នៃ​បោរិសាទៈ​នោះ មិនមាន​ដល់បុគ្គល​កាលរស់នៅ​ទេ បពិត្រ​ព្រះរាជា បើព្រះអង្គ​យាងទៅ ទូលព្រះបង្គំ​ជាខ្ញុំ​ក៏ទៅដែរ ព្រះអង្គ និងទូល​ព្រះបង្គំ​ជាខ្ញុំ ទាំង​ពីរនាក់ នឹងមិន​នៅទេ។

[៤៣៦] (ព្រះរាជា…) ម្នាលកូន ធម៌នុ៎ះ ជាធម៌របស់​ពួកសប្បុរស​មែនហើយ ប៉ុន្តែ​យក្ស​មានជើង​ពពាល ដុតឆ្អើរ​អ្នកឯង​ជិតគល់​ឈើស្រួច ហើយ​កំហែង​ស៊ីពេញ​ទំហឹង ក្នុង​កាលណា ការនោះ ទុកជា​សេចក្តី​ស្លាប់របស់​យើង​ក្នុងកាលនោះ។

[៤៣៧] (អលីនសត្តុកុមារ) ទូលព្រះបង្គំជាខ្ញុំ នឹងយកជីវិត​ទៅប្តូរ​ជីវិត​របស់​ព្រះអង្គ សូម​ព្រះអង្គ​កុំយាងទៅ​ក្នុងសំណាក់​នៃបោរិសាទៈ​ឡើយ ទូល​ព្រះបង្គំ​ជាខ្ញុំ នឹងយក​ជីវិតនោះ​ទៅប្តូរ​ជីវិត​របស់​ព្រះអង្គ ហេតុនោះ ទូល​ព្រះបង្គំ​ជាខ្ញុំ ប្រាថ្នា​នូវសេចក្តី​ស្លាប់ ដើម្បី​ជីវិត (របស់​ព្រះអង្គ)។

[៤៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្ត​អ្នកមាន​ប្រាជ្ញា ក៏​ក្រាបថ្វាយ​បង្គំ​ព្រះបាទា​មាតា និងបិតា (ហើយ​ចេញទៅ)។ ព្រះមាតានៃ​ព្រះរាជកុមារ​នោះ មាន​សេចក្តី​ទុក្ខ ក៏ដួល​ក្រាបលើ​ប្រឹថពី ឯព្រះបិតា​នៃព្រះ​រាជកុមារ​នោះ ផ្គង​ព្រះហស្ត​ហើយ​ទ្រង់​ព្រះកន្សែង។

[៤៣៩] ព្រះបិតាជ្រាបនូវព្រះរាជកុមារនោះ​កំពុង​យាងទៅ (ថាកូន​របស់​អញ) ទៅក្នុង​ទីកំបាំង​មុខ ហើយ​ទ្រង់ផ្គង​អញ្ជលី ថ្វាយបង្គំ​ទេវតាថា សូម​ឲ្យព្រះរាជា​ព្រះនាម​សោមៈ ព្រះរាជា​ព្រះនាម​វរុណៈ ព្រះរាជា​ព្រះនាម​​បជាបតិ ព្រះចន្រ្ទ និង​ព្រះអាទិត្យ​ទាំងនុ៎ះ គ្រប់គ្រង​អ្នក ម្នាលកូន អ្នក (ដែលយក្ស) អនុញ្ញាត​ហើយ ចូរត្រឡប់​មកអំពី​សំណាក់​បោរិសាទៈ​ដោយ​សុវត្ថិភាព​ចុះ។

[៤៤០] (ព្រះមាតា…) មាតានៃបុរសឈ្មោះ​រាមៈ ដែលទៅ (ក្នុងដែន) នៃព្រះ​រាជា​ទណ្ឌកី ជាស្ត្រី​គ្រប់គ្រង​ល្អ បានធ្វើ​នូវសួស្តី​ណា យើងក៏​ធ្វើនូវសួស្តី​នោះដល់​អ្នក ទេវតា​ទាំងឡាយ សូមរលឹក​ឃើញដោយ​ពាក្យពិត​នោះចុះ ម្នាលកូន បើយក្ស​អនុញ្ញាត​ឲ្យហើយ អ្នកចូរ​ត្រឡប់​មកវិញ​ដោយសួស្តី​ចុះ។

[៤៤១] (ព្រះកនិដ្ឋភគិនី…) ខ្ញុំមិនរលឹកឃើញនូវសេចក្តី​ប្រទូស្ត​ក្នុងចិត្ត​ចំពោះ​អលីនសត្តុកុមារ ក្នុងទី​ចំពោះ​មុខ ឬកំបាំង​មុខ​ដោយពិត សួម​ពួកទេវតា​រលឹក​ឃើញ​ដោយពាក្យ​ពិតនោះ​ចុះ បពិត្រ​អ្នកបង បើយក្ស​អនុញ្ញាត សូម​អ្នកបង​ត្រឡប់​មកដោយ​សួស្តី​ចុះ។

[៤៤២] (អគ្គមហេសី…) បពិត្រស្វាមី ព្រះអង្គមិនប្រព្រឹត្ត​កន្លងចិត្ត​ខ្ញុំម្ចាស់​ផង ព្រះអង្គ​មិនមែន​មិនជាទី​ស្រឡាញ់​ដោយចិត្ត​របស់ខ្ញុំ​ម្ចាស់ផង ដោយ​ហេតុណា (ហេតុ​នោះ) សូមទេវតា​ទាំងឡាយ​រលឹក​ឃើញដោយ​ពាក្យ​សច្ចៈនុ៎ះចុះ បពិត្រស្វាមី បើយក្ស​អនុញ្ញាត​ហើយ សូមព្រះអង្គ​ត្រឡប់មក​វិញ​ដោយសួស្តី​ចុះ។

[៤៤៣] (យក្ស…) អ្នកជាបុគ្គលមានមាឌធំ មានកាយត្រង់ មានមុខស្រស់ តើអ្នក (មក) អំពីទីណា អ្នកមិន​ដឹងនូវយើង​ដែលនៅ​ក្នុងព្រៃទេ (ឬ) អ្នក​ណាដឹង​នូវយើង​ជា​បុគ្គល​អាក្រក់ ជាអ្នក​ស៊ីនូវ​បុរស ហើយ​គប្បីមកក្នុង​ទីនេះ អ្នកទំនង​ជាមិនដឹង​នូវ​សុវត្ថិភាព បាន​ជាមក​ឬ។

[៤៤៤] (អលីនសត្តុកុមារ) បពិត្រព្រានព្រៃ ខ្ញុំស្គាល់ថា អ្នកជា​បុគ្គល​ស៊ីនូវ​បុរស ខ្ញុំមិន​មែនជាមិន​ស្គាល់អ្នក​ដែលនៅ​ក្នុងព្រៃទេ ឯខ្ញុំជា​ព្រះរាជបុត្ត​នៃ​ព្រះបាទ​ជយទ្ទិសៈ សូម​អ្នក​ពិសាខ្ញុំ​ក្នុងថ្ងៃ​នេះចុះ ឲ្យតែព្រះបិតារួច។

[៤៤៥] (យក្ស…) ខ្ញុំស្គាល់ថា អ្នកជាបុត្ត​របស់​ព្រះបាទ​ជយទ្ទិសៈ សម្បុរ​មុខ របស់​អ្នកទាំង​ពីរ​ក៏ដូចគ្នា អ្នកណា​ប្រាថ្នាស្លាប់ ព្រោះ​ឲ្យតែ​បិតារួច អំពើ​របស់​អ្នកនោះ ដែលអ្នក​ធ្វើហើយ ជាអំពើ​ដែលគេ​ធ្វើបាន​ដោយកម្រ​ក្រៃពេក។

[៤៤៦] (ព្រះរាជកុមារ…) ខ្ញុំមិនសំគាល់​នូវអំពើ​បន្តិចបន្តួច​ថា គេធ្វើបាន​ដោយ​ក្រក្នុង​ហេតុនេះ​ទេ បុគ្គលណា ប្រាថ្នា​ស្លាប់ ព្រោះ​ឲ្យតែ​បិតារួច​ផង ព្រោះ​ហេតុនៃ​មាតា​ផង បុគ្គល​នោះ លុះទៅ​កាន់​បរលោក ក៏ប្រកប​ដោយ​សេចក្តី​សុខ​ក្នុងឋានសួគ៌។

[៤៤៧] ខ្ញុំរលឹកមិនបាន នូវកិរិយា​អាក្រក់​របស់ខ្លួន ក្នុងទីវាល ឬទីកំបាំង​ដោយពិត ខ្ញុំជា​អ្នកមាន​ការកើត និងសេចក្តី​ស្លាប់កំណត់​ដឹងហើយ ខ្ញុំ (មិន​ផុតពី​សេចក្តីស្លាប់) ក្នុង​លោកនេះ​យ៉ាងណា ក្នុង​លោកខាង​មុខក៏យ៉ាង​នោះដែរ។ បពិត្រ​លោក​មានអានុភាព​ច្រើន ឥឡូវនេះ លោកចូរ​ពិសាខ្ញុំ​ក្នុង​ថ្ងៃនេះចុះ ចូរលោក​ធ្វើនូវ​កិច្ច​ទាំងឡាយ ចំពោះ​សរីរៈ​​នេះចុះ មួយទៀត ខ្ញុំនឹង​ទម្លាក់ខ្លួន​អំពី​ចុងឈើ​ជូនលោក កាលលោក​ឃ្លាន ចូរ​ពិសា​សាច់ខ្ញុំ​ចុះ។

[៤៤៨] (យក្ស…) បពិត្ររាជបុត្ត អ្នកពេញចិត្ត​នឹងអំពើ​នេះ អ្នក​លះបង់​នូវ​ជីវិត ព្រោះ​ឲ្យបិតា​រួច ព្រោះហេតុ​នោះ អ្នកចូរ​ជាអ្នកមាន​សភាព​រួសរាន់ កាប់​ឧសបង្កាត់​ភ្លើង​ចុះ។

[៤៤៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តមាន​ប្រាជ្ញា ក៏ប្រមូល​នូវឧស ហើយ​ដុតភ្លើង​ឲ្យឆេះ​ធំឡើង រួចប្រាប់​យក្សថា ឥឡូវនេះ ភ្លើងដ៏ធំ​នេះ ខ្ញុំបាន​បង្កាត់​ឆេះហើយ។

[៤៥០] ឥឡូវនេះ លោកជាអ្នកធ្វើនូវ​ការកំហែង​ខ្ញុំ ចូរពិសា​ខ្ញុំក្នុងថ្ងៃ​នេះចុះ លោក​ព្រឺរោម​ហើយ​សម្លឹង​ខ្ញុំញយៗ តើព្រោះ​ហេតុអ្វី លោកឃ្លាន​ចង់ស៊ី​ខ្ញុំយ៉ាង​ណាៗ ខ្ញុំនឹង​ធ្វើតាម​ពាក្យរបស់​លោក​យ៉ាងនោះៗ។

[៤៥១] (យក្ស…) នរណា គួរស៊ីបុគ្គល​តាំងនៅ​ក្នុងធម៌ និយាយ​ពាក្យពិត ដឹង​នូវពាក្យ​ពេចន៍​បែបអ្នក បុគ្គលណា ហ៊ានស៊ី​នូវបុគ្គល​ពោលពាក្យ​សច្ចៈ​បែបអ្នក ក្បាល​របស់​បុគ្គលនោះ​នឹងបែក​ជា ៧ ភាគ។

[៤៥២] (ព្រះរាជកុមារ…) អម្បាលដូចជាទន្សាយនោះ កាលសំគាល់​នូវ​ហេតុនេះ បាន​ញ៉ាំង​ឥន្ទព្រាហ្មណ៍ ឲ្យនៅ (ដើម្បី​ឲ្យ) សរីរៈនៃ​ខ្លួន ម្នាលយក្ស ហេតុ​នោះឯង បាន​ជា​ចន្ទិមទេវបុត្ត បង្ហូរចេញ​នូវសេចក្តី​ប្រាថ្នា​នោះ មានរូប​ទន្សាយ​ឋិតនៅ​សព្វថ្ងៃនេះ។

[៤៥៣] (យក្ស…) ព្រះចន្ទ្រ និងព្រះអាទិត្រ​រួចអំពី​មាត់រាហូ ហើយ​រុងរឿង​ក្នុងថ្ងៃ ១៥ កើត យ៉ាង​ណាមិញ បពិត្រ​អ្នកមាន​អានុភាព​ច្រើន អ្នកបាន​រួចអំពី​យើង​ឈ្មោះ​បោរិសាទ​ហើយ ចូររុងរឿង​ក្នុងក្រុង​កបិល្លពស្តុ​ចុះ រួចចូរ​ញ៉ាំង​បិតា និងមាតា​ឲ្យរីករាយ ទាំង​ពួកញាតិ​ទាំងអស់​របស់អ្នក ក៏ចូរ​ត្រេកអរ​ចុះ។

[៤៥៤] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្ត​មានប្រាជ្ញា ព្រះនាម​អលីនសត្តុ ដែល​បោរិសាទ​នោះ​អនុញ្ញាត​ហើយ ក៏ធ្វើ​អញ្ជលី​ផ្គងឡើង​ចំពោះ​បោរិសាទ រួចត្រឡប់​មកកាន់​នគរ​កបិល្លពស្តុ​វិញ​ដោយសួស្តី បាន​សេចក្តីសុខ ឥតមាន​រោគឡើយ។

[៤៥៥] ពួកមនុស្សនៅក្នុងនិគមក្តី ពួកមនុស្ស​នៅក្នុង​ជនបទ​ក្តី ពួក​ពលដំរី​ក្តី ពលរថ​ក្តី ពលថ្មើរជើង​ក្តីទាំងអស់ ក៏ប្រណម្យ​អញ្ជលី​នមស្ការ ចូលទៅ​ជិត​អលីនសត្តុ​កុមារ​ថា យើងខ្ញុំ​សូមថ្វាយ​បង្គំចំពោះ​ព្រះអង្គ ព្រះអង្គ​ទ្រង់​ធ្វើនូវ​អំពើ​ដែលគេ​ធ្វើបាន​ដោយក្រ។

ចប់ ជយទ្ទិសជាតក ទី៣។

 

លេខយោង

1)
មនុស្ស​ដែលយក្សិណី​ចាប់យក​ទៅចិញ្ចឹម ប្រព្រឹត្ត​ស៊ីសាច់​មនុស្ស​ដូចយក្ស។
2)
ប្រហែល​”ងៀតម្រឹគ”។
km/tipitaka/sut/kn/jat/sut.kn.jat.513.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann