km:tipitaka:sut:kn:jat:sut.kn.jat.514

ឆទ្ទន្តជាតក ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 514 បាលី cs-km: sut.kn.jat.514 អដ្ឋកថា: sut.kn.jat.514_att PTS: ?

ឆទ្ទន្តជាតក ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១៤. ឆទ្ទន្តជាតកំ (៤))

[៤៥៦] (ព្រះបាទពារាណសីត្រាស់សួរថា) ម្នាលនាងសុភទ្ទា ជាស្រីមាន​អវយវៈ​ដូចមាស មានសម្បុរ​លឿងខ្ចី មានសម្បុរ​ដ៏ប្រសើរ ថ្វីក៏បាន​ជានាង​សោយសោក ម្នាលនាង​មានភ្នែក​ពិសាល ថ្វីក៏បាន​ជានាង​ស្រពោន ដូចផ្កា​ឈូក​ដែលគេ​ច្របាច់។

[៤៥៧] (នាងសុភទ្ទាទេវីទូលថា) បពិត្រមហារាជ ចំណង់ប្លែក កើតឡើង​ដល់​ខ្ញុំម្ចាស់​ដោយការ​យល់សប្តិ តែចំណង់​ប្លែករបស់​ខ្ញុំម្ចាស់​នោះ ហាក់​ដូចជា​មិនងាយ​រក​បានទេ។

[៤៥៨] (ព្រះរាជា…) កាមគុណទាំងឡាយ​ណាមួយ​ជារបស់​មនុស្ស​ក្នុង​លោក​ជាទី​ត្រេកអរ​នេះ កាមគុណ​ទាំងអស់​នោះ មានច្រើន​សុទ្ធតែជា​របស់​យើង យើងនឹង​ឲ្យនូវ​ចំណង់​ប្លែកដល់​នាង។

[៤៥៩] (នាងសុភទ្ទាទេវី…) បពិត្រ​ព្រះសម្មតិទេព សូម​ឲ្យព្រាន​ទាំងឡាយ ដែល​មាននៅ​ក្នុងដែន​របស់ព្រះអង្គ មកប្រជុំគ្នា ខ្ញុំម្ចាស់នឹង​ប្រាប់នូវ​ចំណង់ប្លែក​របស់​ខ្ញុំម្ចាស់ ដល់​ព្រាន​ទាំងឡាយ​នុ៎ះ។

[៤៦០] (ព្រះរាជា…) ម្នាលនាងទេវី ពួកព្រានព្រៃ​ទាំងនេះ ជាអ្នក​មានថ្វីដៃ ជា​អ្នក​ក្លៀវក្លា ស្គាល់ព្រៃផង ស្គាល់​ម្រឹគផង សឹងតែ​ជាអ្នក​ស៊ូលះបង់​នូវជីវិត ក្នុង​ប្រយោជន៍​របស់យើង។

[៤៦១] (នាងសុភទ្ទាទេវី…) ម្នាលលុទ្ទបុត្រ​ទាំងឡាយ អ្នក​ទាំងឡាយ ទាំង​ប៉ុន្មាន​នាក់ ដែលមកប្រជុំគ្នា​ក្នុងទីនេះ ចូរស្តាប់ (ពាក្យ​របស់​ខ្ញុំចុះ) ខ្ញុំបានយល់​សប្តិ៍​ឃើញដំរីស មាន​ភ្លុកប្រាំមួយ ខ្ញុំត្រូវការ​ដោយ​ភ្លុកដំរីស​នោះ ជីវិត (របស់ខ្ញុំ) នឹង​មិនមាន ព្រោះការ​មិនបាន​ភ្លុកនោះ។

[៤៦២] (ពួកលុទ្ទបុត្រ…) បិតា និងជីតារបស់​ទូលព្រះបង្គំ​ជាខ្ញុំ មិនដែល​ឃើញ មិន​ដែលឮ នូវដំរី​មានភ្លុក​ប្រាំមួយ ដែល​ព្រះរាជបុត្រី​បានទ្រង់​ព្រះ​សុបិន​ឃើញ​នោះទេ សូម​ព្រះនាង​ទ្រង់​សវនិយ​ប្រាប់នូវ​ដំរីដ៏​ប្រសើរ​ប្រាកដ​ដូច្នោះ ដល់ពួក​ទូលព្រះបង្គំ​ជាខ្ញុំចុះ។

[៤៦៣] បណ្តាទិសទាំង ១០ នេះគឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាង​ក្រោម ១ តើព្រះរាជបុត្រី​ទ្រង់ព្រះសុបិន​ឃើញ​ដំរីដ៏​ប្រសើរ មាន​ភ្លុកប្រាំមួយ ឋិតនៅ​ក្នុង​ទិសណា។

[៤៦៤] (ព្រះនាងសុភទ្ទាទេវី…) អ្នកចេញអំពីទីនេះ ដើរត្រង់​ទៅទិស​ខាង​ជើង រំលង​ភ្នំធំទាំង ៧ ទៅ នឹងឃើញ​ភ្នំធំលើសលុប​មួយឈ្មោះ​សុវណ្ណបស្សៈ ជាភ្នំ​មាន​ផ្កាឈើ​រីកព្រោង​ព្រាត កុះករ​ដោយ​ពួកកិន្នរ។ អ្នកចូរ​ឡើងកាន់ភ្នំ ជាលំនៅ​របស់​ពួកកិន្នរនោះ ហើយ​រមិលមើល​នូវទីជិត​នៃជើងភ្នំ គ្រានោះ អ្នកនឹង​ឃើញនូវ​ស្តេចជ្រៃ​មួយដើម មាន​ឫស ៨០០០ មានពណ៌​ប្រាកដ​ស្មើដោយមេឃ។ ឯស្តេច​ដំរីមាន​ភ្លុកប្រាំមួយ មានខ្លួន​សសុទ្ធ ដែល​ពួកដំរី​ដទៃគ្រប​សង្កត់​បានដោយ​ក្រ តែងនៅ​ជិតដើមជ្រៃ​នោះ ដំរី​ទាំងឡាយ ៨០០០ មានភ្លុក​ងដូច​ចន្ទោល​រទេះ មានប្រក្រតី​ទៅប្រហារ​ដោយសន្ទុះ​ដូច​ជា​ខ្យល់ តែងរក្សា​នូវស្តេច​ដំរីនោះ។ ពួក​ដំរីទាំង ៨០០០ នោះ ឈរដក​ដង្ហើមខ្លាំងៗ តែង​ក្រោធ​ចំពោះ​វត្ថុ សូម្បី​ដែលខ្យល់​បក់ត្រូវហើយ មួយ​ទៀត បើ​វាឃើញ​មនុស្ស​ក្នុងទី​នោះហើយ ក៏ធ្វើ​ឲ្យទៅ​ជាផេះ សូម្បី​តែ​ធូលី គឺផេះ​របស់​មនុស្សនោះ ក៏មិន​ឲ្យមាន​ឡើយ។

[៤៦៥] (សោណុត្តរព្រានព្រៃ…) បពិត្រ​ព្រះនាងទេវី គ្រឿង​ប្រដាប់​ទាំង​ឡាយ​ដ៏ច្រើន ដែលគេ​ធ្វើដោយ​មាសក្តី កែវមុក្តា​ក្តី កែវមណី​ក្តី គ្រឿង​ប្រដាប់​ជាវិការៈ​នៃ​កែវពៃទូរ្យ​ក្តី សឹងមាន​ក្នុង​រាជត្រកូល ចុះ​ព្រះនាង​មាន​ប្រាថ្នា​នឹងសម្លាប់​ដំរី​មានភ្លុក​ប្រាំមួយ យកមក​ធ្វើគ្រឿង​ប្រដាប់​ជាវិការៈ​នៃភ្លុកឬ ឬក៏ព្រះនាង​ចង់សម្លាប់​ពួកលុទ្ទបុត្រ (កូនព្រាន)។

[៤៦៦] (ព្រះនាងសុភទ្ទាទេវី…) ម្នាលព្រានព្រៃ (មិនមែន​ដូច្នោះទេ) យើងជា​ស្រី​ច្រណែន​ផង ជាស្រី​ដល់នូវ​សេចក្តី​ទុក្ខផង យើង​រឭក​ឃើញ (នូវពៀរ) ក្នុង​ខាងដើម (ដែល​ដំរីនោះ​ធ្វើហើយ​ដល់យើង) ផង បានជា​ចេះតែស្គាំង​ស្គម ម្នាល​ព្រានព្រៃ អ្នក​ចូរធ្វើ​សេចក្តី​នេះដល់​យើងចុះ យើងនឹង​ឲ្យស្រុក​សួយ ៥ ដល់អ្នក។

[៤៦៧] (សោណុត្តរព្រានព្រៃ…) ដំរីឆទ្ទន្ត​នោះ តែងនៅ​ត្រង់ទីណា តែងចូល​ទៅឈរ​ក្នុងកន្លែង​ណា ផ្លូវដូចម្តេច​ដែល​ដំរីឆទ្ទន្ត​ចុះទៅ​ងូតទឹក ស្តេចដំរី​ឆទ្ទន្ត​នោះ ងូតទឹក​តើដូចម្តេច យើងខ្ញុំ​ធ្វើម្តេច​នឹងដឹង​ដំណើរ​នៃដំរីនោះ​បាន។

[៤៦៨] (ព្រះនាងសុភទ្ទាទេវី…) ត្រង់ទីកន្លែងដែល​ដំរីនៅនោះ មានស្រះ​បោក្ខរណី​នោះ​នៅជិត ជាស្រះគួរ​រីករាយផង មាន​កំពង់ទឹក​ដ៏ល្អផង មាន​ទឹកដ៏​ច្រើនផង (មាន​កុមុទ ឧត្បល និងឈូក) មានផ្កា​រីកស្គុះស្គាយ​ផង ដេរដាស​ដោយពួក​ភមរជាតិ​ផង ស្តេចដំរី​ដ៏ប្រសើរ​នោះ តែង​ងូតទឹក​ក្នុង​ស្រះនុ៎ះឯង។ ដំរីឆទ្ទន្ត​នោះ ជាដំរីស​សុទ្ធ មាន​ស្បែក និង​អវយវៈ​ស ដូចផ្កា​ឈូកស លាងជំរះ​នូវក្បាល រួចហើយ​ក៏ទ្រទ្រង់​នូវផ្កា​ឧត្បល​ជាដើម ត្រេកអរ​រីករាយ​ពន់ពេក ក៏​ឲ្យមេដំរី​ជាមហេសី​ឈ្មោះនាង​សព្វសុភទ្ទា ដើរ​ពីខាងមុខ ហើយ​ដើរសំដៅ​ទៅកាន់​ទីកន្លែង​នៅរបស់​ខ្លួន។

[៤៦៩] (អភិសម្ពុទ្ធគាថា) ព្រានព្រៃនោះ បានរៀន​ពាក្យក្នុង​ទីនោះហើយ ក៏​ចាប់​យកនូវ​បំពង់ព្រួញ និងធ្នូ (ដើររម្លង) ភ្នំធំទាំង ៧ ក៏ពិចារណា​មើលទៅ (ឃើញ) ភ្នំធំ​ខ្ពស់​មួយ ឈ្មោះ​សុវណ្ណបស្សៈ។ ព្រានព្រៃ​បានឡើង​ទៅកាន់​ភ្នំ ជាកន្លែង​នៅនៃ​ពួកកិន្នរ ក៏​រមិល​មើល​នូវទីជីត​នៃជើងភ្នំ បាន​ឃើញស្តេច​ជ្រៃធំ​មួយដើម មាន​សម្បុរ​ប្រាកដ​ស្មើដោយ​មេឃ មានឫស ៨០០០ ជិត​ជើងភ្នំ​នោះ។ បានឃើញ​ដំរីមាន​ភ្លុក ៦ ជា​ដំរីស​សុទ្ធ ដែល​ពួកដំរី​ដទៃ គ្រប​សង្កត់​បានដោយ​ក្រ នៅក្រោម​ដើមជ្រៃ​នោះ ពួកដំរី​ទាំង ៨០០០ មាន​ភ្លុកង ដូចជា​ចន្ទោលរថ មាន​ប្រក្រតី​ទៅប្រហារ​ពួកដំរី​ជាបច្ចាមិត្ត ដោយ​សន្ទុះ​ដ៏​លឿន​ដូចជា​ខ្យល់ តែងរក្សា​នូវស្តេច​ដំរីនោះ។ បានឃើញ​ស្រះបោក្ខរណី នៅជិត​ដើមជ្រៃ​នោះ ជាទីគួរ​រីករាយ មានកំពង់​ទឹកដ៏ល្អ​ផង មានទឹកដ៏​ច្រើនផង (មាន​ផ្កាកុមុទ ឧត្បល និងឈូក) រីកស្គុះស្គាយ​ផង ដេរដាស​ដោយពួក​ភមរជាតិ​ផង ជាទី​សម្រាប់​ងូតរបស់​ស្តេចដំរី​ដ៏ប្រសើរ​នោះ។ បានឃើញនូវ​ការដើរ​ទៅ និងការ​ឈរនៅ នៃ​ដំរីដ៏​ប្រសើរ​ផង ឃើញផ្លូវ​របស់​ដំរីដ៏ប្រសើ​នោះ​ទៅងូត​ទឹកផង ព្រានព្រៃ​ជា​អនរិយជន បាន​ប្រកប (កិច្ចការ​ស្រេច) ដោយ​ការលុះ​ក្នុងអំណាច​នៃចិត្ត ក៏បាន​ជីករណ្តៅ។

[៤៧០] (អភិសម្ពុទ្ធគាថា) ព្រានព្រៃ ជាអ្នកធ្វើ​អំពើអាក្រក់ ជីករណ្តៅ​ហើយ គ្រប​ដោយ​ផែនក្តារ​ទាំងឡាយ រួចបញ្ចូល​ខ្លួន និងធ្នូរ (ទៅក្នុង​រណ្តៅ​នោះ) ហើយ​បាញ់នូវដំរី ដែល​ដើរមក​ក្បែរខាង (រណ្តៅ​របស់ខ្លួន) ដោយ​ព្រួញ​ដ៏ថ្លោស។ ដំរីដ៏​ប្រសើរ ត្រូវព្រាន​ព្រៃបាញ់​ហើយ ក៏បន្លឺ​នូវ​កោញ្ចនាទ​ដ៏ពន្លឹក ពួកដំរី​ទាំងអស់ ក៏​បន្លឺនូវ​សម្លេង​មាន​សភាព​ដ៏ពន្លឹក ដំរី​ទាំងនោះ ក៏​ធ្វើនូវស្មៅ និង​មែកឈើ​ឲ្យខ្ទេចខ្ទី ហើយ​ស្ទុះស្ទារ​ទៅទាំង ៨ ទិស​ជុំវិញ។ ដំរីដ៏​ប្រសើរ ក៏ចាប់​ព្រាននោះ ដោយ​បំណងថា អញ​នឹងសម្លាប់​ព្រានព្រៃនុ៎ះ ក៏​ឃើញ​នូវសំពត់​កាសាវៈ ដែលជា​ទង់ជ័យ​របស់​ពួកឥសី ដំរីដ៏​ប្រសើរ​ត្រូវ​សេចក្តី​ទុក្ខ​ប៉ះពាល់​ហើយ ក៏មាន​សញ្ញាកើត​ឡើងថា ធម្មតា បុគ្គលប្រើ​ប្រាស់​ទង់ជ័យ​ព្រះអរហន្ត មាន​សភាព​ដែលសប្បុរស​មិនគួរ​សម្លាប់។

[៤៧១] (ដំរីឆទ្ទន្ត…) បុគ្គលណា មិនទាន់​អស់ទឹកចត់ គឺកិលេស ជាអ្នក​ប្រាស​ចាក​ការទូន្មាន​នូវឥន្ទ្រិយ និង​វចីសច្ចៈ និងស្លៀក​ដណ្តប់​សំពត់​កាសាវៈ បុគ្គលនោះ មិនគួរ​នឹង​ស្លៀក​ដណ្តប់​សំពត់​កាសាវៈ​ទេ។ ចំណែក​បុគ្គលណា ខ្ជាក់ចោល​នូវទឹកចត់ គឺ​កិលេស តាំងមាំ​ក្នុងសីល​ទាំងឡាយ ជាអ្នក​ប្រកប​ដោយ​ការទូន្មាន​នូវឥន្ទ្រិយ និងវចីសច្ចៈ បុគ្គល​នោះឯង ទើបគួរនឹង​ស្លៀកដណ្តប់​សំពត់​កាសាវៈ។

[៤៧២] (អភិសម្ពុទ្ធគាថា) ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃ​បាញ់ហើយ​ដោយ​សរដ៏​ថ្លោស មិនមាន​ចិត្តប្រទូស្ត បាននិយាយ​នឹងព្រានព្រៃ​ថា នែសម្លាញ់ អ្នកត្រូវ​ការអ្វី តើព្រោះហេតុ​អ្វី បានជា​អ្នកសម្លាប់​យើង ម្យ៉ាងទៀត ការប្រកប​នេះ របស់​បុគ្គលណា។

[៤៧៣] (ព្រានព្រៃ…) បពិត្រដំរីដ៏ចំរើន ព្រះមហេសី​របស់​ស្តេចក្នុង​ដែនកាសី​នោះ ឈ្មោះនាង​សុភទ្ទា ដែលគេ​បូជាហើយ​ក្នុង​រាជត្រកូល ព្រះនាង​បាន​ឃើញ​អ្នក ហើយ​ប្រាប់ខ្ញុំ ព្រះនាង​ក៏មាន​ព្រះសវនីយ​នឹងខ្ញុំថា យើងត្រូវ​ការ​ដោយភ្លុក​ទាំងឡាយ។

[៤៧៤] (ដំរីឆទ្ទន្ត…) ព្រះរាជបុត្រីនោះ ដឹងថា គូនៃភ្លុក​ទាំងឡាយ​របស់បិតា និង​ជីតា​ទាំងឡាយ​របស់​យើង មាន​ច្រើនណាស់ តែនាង​ជាស្រីក្រោធ ត្រូវការ​សម្លាប់ ជា​ស្រីល្ងង់ បានចងពៀរ (នឹងយើង)។ នែព្រានព្រៃ អ្នកចូរ​ក្រោក​ឡើង ចាប់​នូវរណារ ហើយ​អារនូវ​ភ្លុកទាំងគូ​នេះចុះ ទាន់ខ្ញុំ​មិនទាន់​ស្លាប់ អ្នកឯង​គប្បីទូល​ព្រះរាជបុត្រី ដែល​មាន​សេចក្តី​ក្រោធនោះ​ថា ដំរីដ៏ប្រសើរ ទូលព្រះបង្គំ​ជាខ្ញុំ​បានសម្លាប់​ហើយ សូម​ព្រះនាង​ទទួល​យក នេះជាភ្លុក​របស់ដំរី​នោះ។

[៤៧៥] ព្រានព្រៃនោះ ក្រោកឈរឡើង ហើយចាប់​រណារ អារនូវ​ភ្លុកនៃដំរីដ៏​ប្រសើរ ហើយ​ក៏យក​នូវភ្លុកដ៏​ល្អស្អាត មិនមាន​ភ្លុកឯទៀត​ប្រៀបផ្ទឹម​បាន​លើផែនដី រួច​ដើរចៀស​ចេញទៅ​អំពី​ទីនោះ​យ៉ាងឆាប់។

[៤៧៦] (អភិសម្ពុទ្ធគាថា) ពួកដំរី ត្រូវភ័យ (អំពី​សេចក្តី​ស្លាប់) បៀតបៀន​ហើយ ដល់​នូវសេចក្តី​ទុក្ខព្រួយ ព្រោះគេ​សម្លាប់នូវ​ដំរីដ៏ប្រសើរ បានស្ទុះ​ទៅ​គ្រប់ទិស​ទាំង ៨ លុះមិន​ឃើញបុរស​ជាសត្រូវ​នឹងដំរី ក៏ត្រឡប់​មកកាន់​ទី​របស់ស្តេច​ដំរីដ៏​ប្រសើរ​វិញ។

[៤៧៧] ដំរីដ៏ប្រសើរទាំងនោះ កន្ទក់កន្ទេញ រោទ៍ក្នុង​ទីនោះ ហើយ​រោយរាយ​នូវ​អាចម៍ដី លើក្បាល​របស់ខ្លួន ដំរីទាំង​អស់នោះ ក៏​ឲ្យមេដំរី​ជាមហេសី ឈ្មោះ​សព្វសុភទ្ទា ដើរ​មុខ មកកាន់​ទីនៅ​របស់ខ្លួន។

[៤៧៨] ព្រានព្រៃនោះ បាន​នាំយកភ្លុក​ទាំងឡាយ​នៃដំរី​ដ៏ប្រសើរ ជាភ្លុកល្អ​ស្អាត មិនមាន​ភ្លុកឯទៀតប្រៀប​ផ្ទឹមបាន​លើផែនដី ភ្លឺសព្វ​ដោយរស្មី​មានពណ៌​ដូចជាមាស ហើយ​ចូលទៅ​កាន់​កាសីបុរី ព្រានព្រៃ​នោះ ក៏បង្អោន​នូវភ្លុក​ទាំងឡាយ​ថ្វាយ​ព្រះរាជកញ្ញា​ថា ដំរីដ៏​ប្រសើរ ទូលព្រះបង្គំ​ជាខ្ញុំ​សម្លាប់បាន​ហើយ សូមព្រះនាង​ទទួលយក នេះជា​ភ្លុករបស់​ដំរីនោះ។

[៤៧៩] ព្រះរាជកញ្ញានោះ ទតឃើញភ្លុកទាំងឡាយ​នៃដំរី​ដ៏ប្រសើរ ដែល​ធ្លាប់​ជាប្តី​ជាទី​ស្រឡាញ់​អំពី​ជាតិមុន ក៏បែក​ហឫទ័យ​ក្នុងទី​នោះឯង ហេតុ​នោះ ព្រះនាង​ជា​ស្រីល្ងង់ បានសោយ​ព្រះវិលាល័យ​ទៅ។

[៤៨០] (ព្រះធម្មសង្គាហកត្ថេរ…) ព្រះពុទ្ធ ព្រះអង្គបានសម្រេច​នូវ​សម្ពោធិញ្ញាណ​ផង មានអានុភាព​ច្រើនផង បានធ្វើ​នូវការ​ញញឹម​ក្នុង​កណ្តាល​ពពួក​បរិស័ទ ពួកភិក្ខុ​មាន​ចិត្តរួច​ស្រឡះ ក៏ក្រាប​បង្គំទូល​សួរថា ព្រះពុទ្ធ​ទាំងឡាយ មិនដែល​ធ្វើ​នូវការ​ញញឹម ឲ្យ​ប្រាកដ​ដោយឥត​ហេតុទេ។

អ្នកទាំងឡាយ បានឃើញ​នាងកុមារី​ណានៅ​ជំទង់ ស្លៀក​សំពត់​កាសាវៈ ជាអ្នក​បួស នាងកុមារី​នោះ ក្នុងកាល​នោះ គឺព្រះរាជ​កញ្ញា ឯស្តេច​ដំរីក្នុង​កាល​នោះ គឺតថាគត​ឯង ព្រានព្រៃណា កាន់យក​នូវភ្លុក​ទាំងឡាយ​នៃដំរីដ៏​ប្រសើរ ជាភ្លុក​ដ៏ល្អស្អាត មិនមាន​ភ្លុកឯទៀត​ប្រៀបផ្ទឹម​បាន​លើផែនដី ហើយចូល​ទៅកាន់​កាសីបុរី ព្រានព្រៃ​នោះ​ក្នុង​កាលនោះ គឺ​ទេវទត្ត។ ព្រះពុទ្ធ ព្រះអង្គ​ប្រាសចាក​សេចក្តី​ក្រវល់​ក្រវាយ ប្រាស​ចាក​សេចក្តី​សោក ប្រាសចាក​នូវកូន​សរ គឺរាគៈ បានជ្រាប​ច្បាស់​ដោយ​ព្រះអង្គឯង ហើយ​ទ្រង់សំដែង​នូវចរិត​ខ្ពស់ និងទាប​អំពី​ដើមនេះ ដែល​អន្ទោលទៅ​អស់​កាលដ៏យូរ ហាក់ដូច​មិនកន្លង​ថ្ងៃ។

ម្នាលភិក្ខុទាំងឡាយ កាលនោះ តថាគតនៅ​ក្នុងទីនោះ កាលនោះ តថាគត​ជា​ស្តេចដំរី អ្នក​ទាំងឡាយ ចូរចាំ​ទុកនូវ​ជាតក​យ៉ាងនេះ​ចុះ។

ចប់ ឆទ្ទន្តជាតក ទី៤។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.514.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann