User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.515

សម្ភវជាតក ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 515 បាលី cs-km: sut.kn.jat.515 អដ្ឋកថា: sut.kn.jat.515_att PTS: ?

សម្ភវជាតក ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១៥. សម្ភវជាតកំ (៥))

[៤៨១] (ព្រះបាទធនញ្ជយកោរព្យៈ ត្រាស់សួរថា) នែសុចីរតៈ យើង​បាននូវ​រាជសម្បត្តិ​ផង បាននូវ​ភាពជា​ធំផង យើងប្រាថ្នា​ដើម្បីដល់​នូវភាព​ជាធំ ប្រាថ្នា​ដើម្បី​ត្រួតត្រា​នូវផែនដី​នេះ។ (យើង​ប្រកប) ដោយធម៌ មិនប្រកប​ដោយអធម៌​ទេ ព្រោះ​អធម៌​មិនពេញ​ចិត្តដល់​យើងឡើយ ម្នាលសុចីរតៈ ធម៌ជា​ចរិត​របស់​ព្រះរាជា ពួកជន​ត្រូវតែ​ធ្វើ។ នែព្រាហ្មណ៍ យើងដែលពួក​ជនមិន​និន្ទា ក្នុងលោកនេះ ដោយអត្ថ និងធម៌​ណាផង មិន​និន្ទាក្នុង​បរលោក ដោយអត្ថ និងធម៌​ណាផង គប្បីដល់​នូវ​ឥស្សរិយយស ក្នុងទេវ​លោក និង​មនុស្សលោក ដោយអត្ថ និងធម៌​ណាផង។ នែព្រាហ្មណ៍ យើង​ប្រាថ្នា​ដើម្បី​ធ្វើនូវអត្ថ និងធម៌​នោះៗ នែព្រាហ្មណ៍ អ្នកដែល​យើងសួរ​ហើយ ចូរប្រាប់​នូវអត្ថ និង​ធម៌​នោះ។

[៤៨២] (សុចីរតព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះខត្តិយរាជ ព្រះអង្គ​ប្រាថ្នា​ដើម្បី​ធ្វើនូវ​អត្ថ និងធម៌​ណា តែវៀរចាក​វិធុរព្រាហ្មណ៍​ហើយ បុគ្គល​ដទៃ មិនគួរ​នឹង​ប្រាប់​នូវអត្ថ និងធម៌​នោះបានទេ។

[៤៨៣] (ព្រះរាជា…) នែសុចីរតៈ អ្នកចូរមកនេះ អ្នកឯង​ត្រូវយើង​ប្រើទៅ អ្នក​ចូរទៅ​កាន់សំណាក់​នៃ​វិធុរព្រាហ្មណ៍ ចូរនាំ​យកនូវ​ឆ្ពោរនៃមាស​នេះ​ទៅ​ចុះ អ្នកចូរ​ឲ្យនូវ​ឆ្ពោរនៃមាស​នេះ ជាគ្រឿង​បូជា​ដល់ការ​ប្រៀនប្រដៅ​នូវអត្ថ និងធម៌។

[៤៨៤] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រ​នោះ បាន​ទៅកាន់​សំណាក់​នៃ​វិធុរព្រាហ្មណ៍ សុចីរតៈ ជាមហាព្រាហ្មណ៍ ក៏បាន​ឃើញ​វិធុរព្រាហ្មណ៍​នោះ កំពុង​តែបរិភោគ​ក្នុងផ្ទះ​របស់ខ្លួន។

[៤៨៥] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូត​របស់​ព្រះបាទកោរព្យៈ​ដ៏មានយស ទ្រង់​ប្រើមក ព្រះបាទ​ធនញ្ជយកោរព្យៈ ជា​យុធិដិ្ឋលគោត្រ ទ្រង់មានព្រះ​ឱង្ការថា អ្នក​ចូរសួរ​នូវអត្ថ និងធម៌ បពិត្រ​វិធុរ អ្នកដែល​ខ្ញុំសួរហើយ ចូរ​ប្រាប់នូវអត្ថ និងធម៌នោះ។

[៤៨៦] (វិធុរព្រាហ្មណ៍…) ម្នាលព្រាហ្មណ៍ ខ្ញុំ (គិតថា) អញនឹង​បិទនូវទន្លេ​គង្គា តែមិនអាច​បិទនូវ​ទន្លេដ៏ធំ​នោះបាន ព្រោះ​ហេតុនោះ ឱកាសនោះ នឹង​មានដូច​ម្តេចកើត ខ្ញុំដែល​អ្នកសួរ​ហើយ មិនអាច​ដើម្បីប្រាប់​នូវអត្ថ និងធម៌​បានទេ។ តែខ្ញុំ​មាន​កូនប្រុស​មួយ​ឈ្មោះ​ភទ្រការ ជាឱរស ជាកូន​បង្កើត​របស់ខ្ញុំ ម្នាលព្រាហ្មណ៍ ព្រោះហេតុ​នោះ អ្នកចូរ​ទៅសួរ​អត្ថ និងធម៌ ចំពោះ​ភទ្រការ​នោះចុះ។

[៤៨៧] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រ​នោះ បាន​ទៅកាន់​សំណាក់​ភទ្រការកុមារ សុចីរតៈ ជា​មហាព្រាហ្មណ៍​បានឃើញ​ភទ្រការកុមារ​នោះ កំពុង​អង្គុយនៅ​ក្នុងផ្ទះ​របស់ខ្លួន។

[៤៨៨] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់​ព្រះបាទកោរព្យៈ​ដ៏មានយស ទ្រង់​ប្រើមក ព្រះបាទ​កោរព្យៈ ជាយុធិដិ្ឋលគោត្រ ទ្រង់​ត្រាស់ថា អ្នកចូរ​សួរនូវអត្ថ និងធម៌ ម្នាល​ភទ្រការកុមារ ព្រោះហេតុ​នោះ អ្នកចូរ​ប្រាប់​នូវអត្ថ និងធម៌​ដល់ខ្ញុំ។

[៤៨៩] (ភទ្រការកុមា…) ខ្ញុំទើបទម្លាក់ចោលនូវអម្រែក​សាច់​ហើយ​ ដេញតាម​នូវ​ទន្សង ខ្ញុំដែល​អ្នកសួរ​ហើយ មិនអាច​នឹងប្រាប់​នូវអត្ថ និងធម៌បានទេ។ បពិត្រ​សុចីរតព្រាហ្មណ៍ ខ្ញុំមាន​ប្អូនប្រុស​ម្នាក់ឈ្មោះ​សញ្ជ័យ បពិត្រ​សុចីរតព្រាហ្មណ៍ ព្រោះ​ហេតុនោះ អ្នក​ចូរទៅ​សួរ​នូវអត្ថ និងធម៌ ចំពោះ​សញ្ជ័យ​នោះចុះ។

[៤៩០] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បាន​ទៅ​កាន់​សំណាក់​សញ្ជយកុមារ សុចីរតៈ ជាមហាព្រាហ្មណ៍ បានឃើញ​នូវ​សញ្ជ័យកុមារ​នោះ អង្គុយ​ក្នុងកណ្តាល​បរិស័ទ​របស់ខ្លួន។

[៤៩១] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូត ព្រះបាទ​ធនញ្ជយកោរព្យៈ​ដ៏មានយស ទ្រង់​ប្រើមក ព្រះបាទ​ធនញ្ជយកោរព្យៈ ជាយុធិដ្ឋិលគោត្រ មានព្រះឱង្ការ​ថា អ្នកចូរ​សួរនូវអត្ថ និងធម៌ ម្នាល​សញ្ជយកុមារ ព្រោះហេតុនោះ អ្នក​ដែលខ្ញុំ​សួរហើយ ចូរប្រាប់​នូវអត្ថ និងធម៌។

[៤៩២] (សញ្ជយកុមារ…) បពិត្រសុចីរតព្រាហ្មណ៍ មច្ចុតែងលេប​ខ្ញុំរាល់​ល្ងាច​រាល់​ព្រឹក សព្វៗ កាល ខ្ញុំដែលអ្នក​សួរហើយ មិនអាច​នឹងប្រាប់​នូវអត្ថ និង​ធម៌​ដល់អ្នក​បានទេ។ បពិត្រ​សុចីរតព្រាហ្មណ៍ ខ្ញុំមានប្អូន​ប្រុសម្នាក់ ឈ្មោះសម្ភវៈ បពិត្រ​ព្រាហ្មណ៍ ព្រោះហេតុ​នោះ អ្នកចូរ​ទៅសួរ​នូវអត្ថ និង​ធម៌​ចំពោះ​សម្ភវៈ​នោះចុះ។

[៤៩៣] (សុចីរតព្រាហ្មណ៍…) ម្នាលអ្នក​ដ៏ចំរើន បញ្ហាធម៌​ក៏អស្ចារ្យម្ល៉េះ សម្ភវកុមារ​នេះ យើងមិន​ពេញចិត្តទេ ព្រោះជន ៣ នាក់ ឪពុក និងកូន​ទាំង​នោះ មិន​ដឹងច្បាស់​ដោយ​ប្រាជ្ញា​ទៅហើយ។ អ្នកទាំងឡាយ​ដែលខ្ញុំសួរ​ហើយ មិនអាច​ប្រាប់នូវ​អត្ថ និង​ធម៌បាន ចំណង់​បើកូនក្មេង ដែលខ្ញុំ​សួរអត្ថ និងធម៌​ហើយ គប្បីដឹង​ដូចម្តេចកើត។

[៤៩៤] (សញ្ជយកុមារ…) បពិត្រ​សុចីរតព្រាហ្មណ៍ លោកកុំ​សំគាល់​សម្ភវ​កុមារ​នោះថា នៅក្មេង ហើយមិនសួរ ត្រូវតែសួរ​នូវ​សម្ភវកុមារ ទើបដឹងនូវ​អត្ថ និងធម៌។ ព្រះចន្រ្ទ ប្រាសចាក​មន្ទិល កាលដើរ​ទៅតាម​អាកាសធាតុ រុងរឿង​កន្លង​នូវពួក​ផ្កាយ​ទាំងអស់​ក្នុងលោក ដោយពន្លឺ​យ៉ាងណា​មិញ បពិត្រ​សុចីរតព្រាហ្មណ៍ សម្ភវកុមារ ពិតជា​នៅក្មេង​មែន (តែរុង​រឿងកន្លង​នូវពួក​បណ្ឌិត​ដ៏សេស) ដោយបញ្ញា និង​ការព្យាយាម ក៏យ៉ាង​នោះដែរ លោកកុំ​សំគាល់​នូវ​សម្ភវកុមារ​នោះថា​នៅក្មេង ហើយ​មិនសួរ ត្រូវតែសួរ​នូវ​សម្ភវកុមារ ទើបដឹង​នូវអត្ថ និងធម៌។ បពិត្រ​ព្រាហ្មណ៍ បណ្តាខែខាង​គិម្ហរដូវ​ទាំង​ឡាយ ខែចែត្ររុងរឿង​ដោយផ្កាឈើ​ទាំងឡាយ ជាងខែទាំង​ឡាយដទៃ​ឯទៀត យ៉ាង​ណាមិញ។ សម្ភវកុមារ ពិតមែន​តែនៅក្មេង (តែ​រុងរឿងកន្លង​នូវពួក​បណ្ឌិត​ដ៏សេស) ដោយ​បញ្ញា និង​ការព្យាយាម ក៏យ៉ាង​នោះដែរ បពិត្រ​ព្រាហ្មណ៍ លោក​កុំសំគាល់​សម្ភវកុមារ​នោះថានៅ​ក្មេង ហើយ​មិនសួរ ត្រូវតែសួរ​នូវ​សម្ភវកុមារ ទើបដឹង​នូវអត្ថ និង​ធម៌។ បពិត្រ​ព្រាហ្មណ៍ ភ្នំគន្ធមាទនៈ​មានទឹក​សន្សើម ជាលំនៅ​នៃពពួក​ទេវតា ដេរដាស​ដោយ​ដើមឈើ​ផ្សេងៗ​ទាំងឡាយ​ផង ដោយ​ឱសធ​ជាទិព្វ​ទាំងឡាយ​ផង រមែង​ញ៉ាំង​ទិស​ទាំងឡាយ​ឲ្យភ្លឺ​ច្បាស់ផង ផ្សាយទៅ​កាន់ទិស​ទាំងឡាយ (ដោយ​ក្លិនក្រអូប) ផង យ៉ាង​ណាមិញ។ សម្ភវកុមារ ពិតមែន​តែនៅក្មេង (តែ​រុងរឿង​កន្លងនូវ​ពួកបណ្ឌិត​ដ៏សេស) ដោយ​បញ្ញា និង​ការព្យាយាម ក៏​យ៉ាងនោះដែរ បពិត្រ​ព្រាហ្មណ៍ លោក​កុំសំគាល់នូវ​សម្ភវកុមារ​នោះថា​នៅ​ក្មេង ហើយ​មិនសួរ ត្រូវតែ​សួរនូវ​សម្ភវកុមារ ទើបដឹង​នូវអត្ថ និងធម៌។ បពិត្រ​ព្រាហ្មណ៍ ភ្លើង​ប្រក្រតី ប្រកប​ដោយអណ្តាត មានអំណាច កាល​ឆេះនូវ​គុម្ពឈើ​ក្នុងព្រៃ មិនចេះឆ្អែត រមែងញ៉ាំង​ពណ៌ខ្មៅ​ឲ្យប្រព្រឹត្ត​ទៅ ជាសភាវៈ​ឆេះនូវខ្លាញ់ មាន​ផ្សែង​ជាទង់ ឆេះនូវដង​ព្រៃស្តុក មានរបស់​សម្រាប់​ឆេះដ៏ច្រើន រមែង​រុងរឿង​លើកំពូល​ភ្នំ ក្នុងវេលា​យប់​យ៉ាងណា​មិញ។ សម្ភវកុមារ ពិតមែន​តែនៅក្មេង (តែ​រុងរឿង​កន្លង​នូវពួក​បណ្ឌិត​ដ៏សេស) ដោយបញ្ញា និង​ការព្យាយាម ក៏​យ៉ាងនោះដែរ បពិត្រ​ព្រាហ្មណ៍ លោកកុំ​សំគាល់​នូវសម្ភវកុមារ​នោះថានៅ​ក្មេង ហើយមិន​សួរ ត្រូវតែសួរ​នូវ​សម្ភវកុមារ ទើបដឹង​នូវអត្ថ និងធម៌។ ជនទាំងឡាយ ស្គាល់សេះ​ដ៏ចំរើន​ដោយ​ល្បឿន​ផង ស្គាល់​គោបម្រើ​ក្នុងការផ្ទុកផង ស្គាល់​មេគោ​ដោយរឺតនូវ​ទឹកដោះ​ផង ស្គាល់​អ្នកប្រាជ្ញ​កាល​និយាយផង យ៉ាង​ណាមិញ។ សម្ភវកុមារ ពិត​មែនតែ​នៅ​ក្មេង (តែ​រុងរឿង​កន្លង​នូវពួក​បណ្ឌិត​ដ៏សេស) ដោយបញ្ញា និង​ការព្យាយាម ក៏​យ៉ាងនោះដែរ បពិត្រ​ព្រាហ្មណ៍ លោក​កុំសំគាល់នូវ​សម្ភវកុមារ​នោះ​ថានៅ​ក្មេង ហើយ​មិនសួរ ត្រូវតែសួរ​នូវសម្ភវកុមារ ទើប​ដឹងនូវ​អត្ថ និងធម៌។

[៤៩៥] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រ​នោះ បាន​ទៅកាន់​សំណាក់​នៃ​សម្ភវកុមារ សុចីរតៈ ជាមហា​ព្រាហ្មណ៍ បានឃើញ​នូវ​សម្ភវកុមារ​នោះ កំពុង​លេងខាង​ក្រៅទីលំនៅ។

[៤៩៦] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់​ព្រះបាទ​កោរព្យៈ​ដ៏មានយស ទ្រង់​ប្រើមក ព្រះបាទ​កោរព្យៈ ជា​យុធិដ្ឋិលគោត្រ ទ្រង់ត្រាស់​ថា អ្នកចូរ​សួរនូវ​អត្ថ និងធម៌ នែសម្ភវ​កុមារ ព្រោះហេតុ​នោះ នាងឯង ដែលខ្ញុំសួរ​ហើយ ចូរប្រាប់​នូវអត្ថ និងធម៌។

[៤៩៧] (សម្ភវកុមារ…) បើដូច្នោះ អ្នកឈ្លាសវៃ (និយាយ) យ៉ាងណា ខ្ញុំនឹង​ប្រាប់អ្នក​យ៉ាងនោះ ព្រះរាជា​នឹងទ្រង់ជ្រាប​នូវប្រស្នា​នោះ ទោះបី​ព្រះអង្គ​ធ្វើតាមក្តី មិនធ្វើ​តាមក្តី។

[៤៩៨] បពិត្រសុចីរតព្រាហ្មណ៍ បុគ្គលដែល​ព្រះរាជា​សួរថា (យើងធ្វើ​កុសល) ក្នុង​ថ្ងៃនេះឬ គប្បី​ក្រាបទូលថា ក្នុងថ្ងៃ​ស្អែកវិញ កាលបើ​សេចក្តីត្រូវ​ការ កើតឡើង​ហើយ ព្រះបាទ​កោរព្យៈ ជា​យុធិដ្ឋិលគោត្រ កុំធ្វើ​តាមពាក្យ (នោះ) ហើយនៅ​ស្ងៀម​ឡើយ បុគ្គល​ដែល​ព្រះរាជា​សួរហើយ គប្បីក្រាប​បង្គំទូល​នូវ​ខន្ធបញ្ចកៈ ជាខាង​ក្នុងតែម្យ៉ាង សូម​ព្រះរាជា​កុំសេព​នូវផ្លូវ​ខុស ដូចបុគ្គល​វង្វេង​ដោយ​ឥតចេតនា។ ព្រះរាជា​កុំប្រព្រឹត្ត​កន្លង​នូវអត្តភាព កុំ​ប្រព្រឹត្ត​នូវអធម៌ កុំចម្លង​គេក្នុងទី​មិនមែន​ជាកំពង់ កុំប្រកប​ក្នុងសេចក្តី​វិនាសឡើយ។ លុះ​តែ​ក្សត្រិយ៍ណា ទ្រង់ជ្រាប​ហើយ ធ្វើនូវ​ហេតុទាំង​ឡាយនេះ ព្រះរាជា​នោះ​ទើប​ចំរើន​រាល់ពេល ដូចជា​ព្រះចន្ទ្រ​ក្នុង​សុក្កបក្ស។ ព្រះរាជា​នោះ ប្រកប​ដោយប្រាជ្ញា រមែង​ជាទី​ស្រឡាញ់​នៃពួក​ញាតិផង រុង​រឿងក្នុង​ពួកមិត្តផង លុះបែក​ធ្លាយ​រាងកាយ រមែង​ទៅកើត​ក្នុងឋាន​សួគ៌។

ចប់ សម្ភវជាតក ទី៥។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.515.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann