User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.516

មហាកបិជាតក ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 516 បាលី cs-km: sut.kn.jat.516 អដ្ឋកថា: sut.kn.jat.516_att PTS: ?

មហាកបិជាតក ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១៦. មហាកបិជាតកំ (៦))

[៤៩៩] (ព្រះសាស្តាទ្រង់សំដែងថា) ព្រះរាជា​ក្នុងក្រុង​ពារាណសី ព្រះអង្គ​ញ៉ាំងដែន​របស់ពួក​ជនអ្នក​ដែនកាសី​ឲ្យចំរើន ព្រះអង្គ​មានពួកមិត្ត និង​អាមាត្យ​ហែហម​ហើយ ស្តេចទៅ​កាន់​មិគាជិនឧទ្យាន។ បានទត​ឃើញ​ព្រាហ្មណ៍ម្នាក់ កើតឃ្លង់ស ឃ្លង់​ពពាល កើតស្រែង មានសាច់លៀន​ចេញ ដូចជា​ផ្ការលួសផ្អុង ស្គមឡើងសរសៃ​រវាម ក្នុង​មិគាជិនឧទ្យាន​នោះ។ ព្រះរាជា​ទ្រង់ទតឃើញ​ជនមាន​សេចក្តី​លំបាក ដល់នូវ​ភាពគួរ​អាណិត​ក្រៃលែង ទ្រង់ស្ញើប ទ្រង់ត្រាស់​សួរថា បណ្តា​ពួកយក្ស អ្នកជា​យក្សអ្វី។ ដៃ និងជើង​របស់​អ្នក​សផង ក្បាលរបស់​អ្នក សលើស​ជាងដៃ និងជើង​នោះផង ខ្លួន​របស់អ្នក មាន​សម្បុរ​ពព្រុះផង មានស្រែង​ដ៏ច្រើន​ផង។ ខ្នងរបស់​អ្នក រដិបរដុប ដូចជា​លួសដែល​វេញ​ផង អវយវៈ​របស់អ្នក ដូច​វល្លិ៍លែនពែន​ផង យើងមិន​ដែលឃើញ​បុគ្គល​ដទៃ​បែប​នេះឡើយ។ អ្នក​មានជើង​ប្រឡាក់​ដោយធូលី ជាអ្នក​តក់ស្លុត ស្គម ឡើង​សរសៃ​រវាម ស្រេក​ឃ្លាន មានសភាព​ជាអ្នក​មិនឆ្អែត តើអ្នក​មកអំពី​ទីណា នឹងទៅ​ក្នុងទីណា។ អ្នកជា​បុគ្គល​លំបាក​មើល មិនមាន​ទ្រង់ទ្រាយ មានសម្បុរ​មិនល្អ មើលទៅ​គួរខ្លាច សូម្បីតែ​មាតា​បង្កើត​របស់អ្នក ក៏មិនចង់​ឃើញអ្នក​ដែរ។ អ្នកបាន​ធ្វើនូវអំពើ​ដូចម្តេច​ក្នុងកាលមុន អ្នកបាន​បៀតបៀន​នូវសត្វ​ដែល​មិនគួរ​សម្លាប់​ដូចម្តេច អ្នកធ្វើ​នូវអំពើ​អាក្រក់ណា ក៏បាន​នូវសេចក្តី​ទុក្ខនេះ។

[៥០០] (ព្រាហ្មណ៍ក្រាបបង្គំទូលថា) បើដូច្នោះ អ្នកឈ្លាសវៃ (និយាយ) យ៉ាងណា ទូលព្រះបង្គំ​ជាខ្ញុំនឹង​ទូលយ៉ានោះ ព្រោះថា ក្នុងលោក​នេះ អ្នក​ប្រាជ្ញា​ទាំងឡាយ តែង​សរសើរ​បុគ្គលអ្នក​និយាយ​ពាក្យពិត។ ទូលព្រះបង្គំ​ជាខ្ញុំ​តែម្នាក់ឯង កាល​ដើររកគោ ក៏វង្វេង​ដើរចូល​ទៅក្នុង​ព្រៃសូន្យ​សុង ជា​ព្រៃដាច់ទឹក ព្រៃស្ងាត់​ឈឹង ដែលពួក​ដំរីផ្សេងៗ នៅ​ហើយ។ ទូល​ព្រះបង្គំ​ជាខ្ញុំ វង្វេង​ផ្លូវ​ក្នុងព្រៃ ដែលពួក​ម្រឹគកាច​ដើរទៅមក ជាអ្នក​មាន​សេចក្តី​ស្រេកឃ្លាន អស់ ៧ ថ្ងៃ ដើរទៅ​ក្នុងព្រៃ​នោះ។ ទូលព្រះបង្គំ​ជាខ្ញុំ ត្រូវ​សេចក្តី​ស្រេកឃ្លាន​គ្របសង្កត់ ក៏បាន​ឃើញ​ដើមទន្លាប់​ក្នុងព្រៃនោះ ដុះនៅ​ក្នុងទី​មិន​ស្មើ សំយុង​ទៅកាន់​ជ្រោះ ជាឈើ​ទ្រទ្រង់​នូវផ្លែ​មានរស​ផ្អែម។ ទូលព្រះបង្គំ​ជាខ្ញុំ បាន​ទទួល​ទាន​ផ្លែឈើ​ទាំង​ឡាយ ដែលខ្យល់​បក់ធ្លាក់​ចុះមក ផ្លែឈើ​ទាំងនោះ ពេញចិត្ត​ទូល​ព្រះបង្គំ​ជាខ្ញុំ​យ៉ាង​ក្រៃលែង ទូលព្រះបង្គំ​ជាខ្ញុំមិន​ឆ្អែត ក៏ឡើង​លើដើម ដោយគិត​ថានឹងស៊ី​ឲ្យឆ្អែត​ស្កប់ស្កល់​លើដើម​នោះ។ ទូលព្រះបង្គំ​ជាខ្ញុំ ទទួល​ទានផ្លែ​ទន្លាប់មួយ​ហើយ ប្រាថ្នា​ផ្លែជា​គំរប់​ពីរទៀត លំដាប់​នោះ មែកឈើនោះ ក៏បាក់​ហាក់ដូច​ជាគេកាប់​នឹងប៉ូវថៅ។ ទូល​ព្រះបង្គំ​ជាខ្ញុំ​នោះ ក៏ជាប់​មកជាមួយ​នឹងមែក​ឈើ មានជើង​ឡើងលើ មាន​ក្បាល​ចុះក្រោម ធ្លាក់ចុះ​ទៅក្នុង​ជ្រោះភ្នំ ដែលមិន​មានទីឈរ មិនមានទី​តោង។ ទឹកជ្រៅ មានត្រឹម​ណា ទូលព្រះបង្គំ​ជាខ្ញុំ​មិនធ្លាក់​ដល់​ត្រឹមណោះទេ មិនមាន​សេចក្តី​ត្រេកអរ មិនមាន​ទីពឹង ដេកក្នុង​ជ្រោះនោះ​អស់ ១០ រាត្រីគត់។ គ្រានោះ ស្វាមានកន្ទុយ ដូចជា​កន្ទុយគោ ត្រាច់ទៅ​តាមជ្រោះភ្នំ មកដល់​ទីនោះ លោតពី​មែកមួយ ទៅកាន់​មែកមួយ បានស៊ីនូវ​ផ្លែឈើ ស្វានោះ​បានឃើញ​នូវទូល​ព្រះបង្គំ​ជាខ្ញុំ ដែល​ស្គម​ស្លេកស្លាំង ក៏​ធ្វើនូវ​សេចក្តី​ករុណា​ចំពោះ​ទូលព្រះបង្គំ​ជាខ្ញុំ។ សួរថា ម្នាលអ្នក​ដ៏ចំរើន អ្នកឯង​នេះជាអ្វី ត្រូវទុក្ខ​គ្រប​សង្កត់​ក្នុងទី​នេះ​យ៉ាងនេះ អ្នកជា​មនុស្ស ឬមិនមែន​មនុស្ស ចូរប្រាប់​ខ្លួន​ដល់យើង។ ទូល​ព្រះបង្គំ​ជាខ្ញុំ ក៏ប្រណម្យ​អញ្ជលី​ចំពោះ​ស្វានោះ ហើយពោល​នូវពាក្យ​នេះថា ខ្ញុំជា​មនុស្ស​ដល់នូវ​អំណាច​នៃ (សេចក្តីវិនាស) ខ្ញុំទៅ​អំពីទីនេះ​មិនបានទេ ព្រោះ​ហេតុនោះ ខ្ញុំ​ជំរាប​អ្នក សូម​សេចក្តី​ចំរើន​មានដល់​អ្នក សូមអ្នក​ជាទីពឹង​របស់ខ្ញុំ។ ស្វា​ដ៏ប្រសើរ ត្រាច់​ទៅ​លើភ្នំ ក៏យក​នូវថ្មដ៏ធ្ងន់ ចងខ្សែ​នឹងថ្ម ហើយ​ពោលនូវ​ពាក្យនេះថា អ្នកចូរមក ចូរឡើង​ជិះខ្នងខ្ញុំ ហើយ​តោងក​ខ្ញុំដោយ​ដៃទាំងពីរ ខ្ញុំនឹង​ស្រង់អ្នក​ចាក​ជ្រោះភ្នំ​ដោយ​កម្លាំង។ ទូល​ព្រះបង្គំ​ជាខ្ញុំ បានឮពាក្យ​ស្តេចស្វា​ដ៏មាន​សិរីនោះ ក៏ឡើង​ជិះខ្នង​នៃស្វា​ជាអ្នក​ប្រាជ្ញ ហើយ​តោងក ដោយដៃ​ទាំងពីរ។ ស្វានោះ មាន​តេជះ មានកម្លាំង នឿយហត់ ដោយ​សេចក្តី​លំបាក បានស្រង់​ទូលព្រះបង្គំ​ជាខ្ញុំ​ចាកជ្រោះភ្នំ​ដោយរហ័ស។ ស្វា​ជាសប្បុរស​ដ៏ប្រសើរ លុះស្រង់​ទូលព្រះបង្គំ​ជាខ្ញុំ​រួចហើយ ក៏ពោល​នូវពាក្យ​នេះថា នែសំឡាញ់ អ្នកចូរ​រក្សានូវ​ខ្ញុំផង ខ្ញុំនឹង​សម្រាក​មួយរំពេច។ បើពួក​សត្វ​រាជសីហ៍​ក្តី ពួកខ្លា​ធំក្តី ពួកខ្លា​ដម្បងក្តី ពួកខ្លា​ឃ្មុំក្តី ពួក​ឆ្កែព្រៃក្តី ពួក​ខ្លារខិន​ក្តី ពួកសត្វ​កាចទាំង​នោះ មក​បៀតបៀន​ខ្ញុំដែល​ធ្វេសប្រហែស​ហើយ បើអ្នក​ឃើញនូវ​សត្វសាហាវ​ទាំងនោះ ចូររារាំង​ផង។ ស្វានោះ ត្រូវទូល​ព្រះបង្គំ​ជាខ្ញុំ​ការពារ​យ៉ាងនេះ ហើយ​ក៏ដេកលក់​មួយស្របក់​ទៅ គ្រានោះ ទូលព្រះបង្គំ​ជាខ្ញុំ បាន​ទិដ្ឋិដ៏លាមក​ដោយ​មិនត្រូវ​ទំនងថា ស្វានេះ ជាអាហារ​របស់​ពួក​មនុស្ស ដូចពួក​ម្រឹគដទៃ​ក្នុងព្រៃដែរ បើដូច្នោះ អាត្មា​អញឃ្លាន​ហើយ គប្បីសម្លាប់​នូវស្វា​នេះស៊ី។ អញ​ស៊ីហើយ នឹង​យកសាច់​ជាស្បៀង​ដើរទៅ នឹងឆ្លង​ផ្លូវឆ្ងាយ ស្បៀងអញ​ក៏មាន​ស្រាប់។ លំដាប់​នោះ ទូលព្រះបង្គំ​ជាខ្ញុំ ចាប់យក​ដុំថ្មគប់​ក្បាល (ស្វានោះ) កាលទូល​ព្រះបង្គំ​ជាខ្ញុំ លំបាក​ដោយបាយ ការប្រហារ ក៏មាន​កំឡាំងថយ។ ឯស្វានោះ ក៏ស្ទុះ​ក្រោកឡើង​ដោយរហ័ស ប្រឡាក់​ដោយឈាម មានភ្នែក​ពេញដោយទឹក​ភ្នែក យំសម្លឹង​មើលទូល​ព្រះបង្គំ​ជាខ្ញុំ។ និយាយថា បពិត្រ​អ្នកដ៏ចំរើន អ្នក​ជាម្ចាស់ កុំធ្វើ​បាបខ្ញុំ​ឡើយ អ្នកឯង​ធ្វើអំពើ​អាក្រក់​បែបនេះ ម្នាលអ្នកដ៏​មាន​អាយុវែង អ្នកឯង​គួរតែ​ហាមឃាត់​នូវពួក​សត្វដទៃ។ យីអើហ្ន៎ នែ​បុរសចង្រៃ ជាមនុស្ស​ធ្វើអំពើ​អាក្រក់​ដល់ម្ល៉េះ អញបាន​ស្រង់ឯង ឲ្យរួចពី​ជ្រោះជ្រៅ​ស្រឡូងបែបនេះ។ អញនាំ​អ្នកឯងមក (នេះ) ដូចជា​នាំមក​ពីបរលោក អ្នកឯង​សំគាល់​យើងថា គួរប្រទូស្ត អំពើ​ដ៏លាមក​នោះ អ្នកឯង​នោះជា​មនុស្ស​លាមក ជាមនុស្ស​បាប គិតហើយ។ នែអ្នក​មិនឋិត​នៅក្នុងធម៌ អ្នកឯង​កុំប៉ះពាល់​នូវ​ទុក្ខវេទនា​ដ៏ខ្លោច​ផ្សាឡើយ អំពើ​ដ៏លាមក​នោះ កុំ​សម្លាប់អ្នក​ឯង​ដូចជា​ផ្លែឫស្សី ដែល​សម្លាប់​ដើមឯង​វិញឡើយ។ នែអ្នកជា​មនុស្ស​មានធម៌​ដ៏លាមក មិន​សង្រួម យើងលែង​មាន​សេចក្តី​ទុកចិត្ត​ចំពោះ​អ្នក អ្នកឯង​ចូរមក អ្នកឯង​ចូរមាន​សរីរៈប្រាកដ​ក្នុងទីជិត ដើរតាម​ក្រោយ​យើងចុះ។ អ្នកឯង​រួចផុត​ពីកណ្តាប់ដៃ​នៃពួក​ម្រឹគ​កាចហើយ អ្នកឯងបាន​ដល់​ឧបចារៈ​ជារបស់​នៃមនុស្ស​ហើយ នែអ្នក​មិនឋិត​នៅក្នុង​ធម៌ នុ៎ះផ្លូវ អ្នក​ឯង​ចូរដើរទៅ​ឲ្យសុខ​សប្បាយ​តាមផ្លូវនោះចុះ។ ស្វាដែល​ត្រាច់ទៅ​លើភ្នំ លុះបាន​ពោលពាក្យ​នេះហើយ ទើប​លាង​ឈាមក្បាល​របស់ខ្លួន ហើយជូត​ទឹកភ្នែក​ឲ្យជ្រះ លំដាប់នោះ ក៏លោត​ឡើងទៅ​លើភ្នំ។ ទូលព្រះបង្គំ​ជាខ្ញុំនោះ ជា​បុគ្គល​ដែលស្វា​នោះផ្តាសា​ហើយ ត្រូវសេចក្តី​ក្តៅក្រហាយ​បៀតបៀន មាន​ខ្លួនក្តៅ​អន្ទះអន្ទែង បានចូល​ទៅរក​ទទួល​ទានទឹក។ អន្លង់​ទឹក​ទាំងអស់ ក៏​ក្តៅសព្វ ហាក់ដូច​ជាភ្លើងឆេះ ជាអន្លង់​ហាក់ដូច​ជាប្រឡាក់​ឈាម ហាក់​ដូចជា​ខ្ទុះ និងឈាម​ប្រាកដ​ដល់ខ្ញុំ។ ដំណក់​ទឹកមាន​ចំនួនប៉ុន្មាន ស្រក់លើ​កាយរបស់​ទូល​ព្រះបង្គំ​ជាខ្ញុំ បូសមាន​ចំនួន​ប៉ុណ្ណោះ ប្រាកដស្មើ​ដោយផ្លែ​ព្នៅមួយ​ចំហៀង ក៏កើតឡើង។ ទូល​ព្រះបង្គំ​ជាខ្ញុំ ទៅក្នុង​ស្រុក និងនិគម​ទាំងឡាយ តាម​ផ្លូវណាៗ បូសទាំងឡាយ​ក៏បែក​ធ្លាយ ខ្ទុះ និងឈាម​ដ៏ស្អុយ​ហូរចេញ (ពីសរីរៈ) របស់ទូល​ព្រះបង្គំ​ជាខ្ញុំ (តាមផ្លូវនោះៗ)។ ពួកស្ត្រី និង​បុរស មានដំបង​ក្នុងដៃ ដែលត្រូវ​ក្លិនស្អុយ​គ្របសង្កត់​ហើយ ឃាត់ទូល​ព្រះ​បង្គំជា​ខ្ញុំថា អ្នកឯង​កុំចូល​មកខាង​អាយឡើយ។ សេចក្តី​ទុក្ខលំបាក​នេះ ប្រាកដ​ដូច្នេះ មានដល់​ទូលព្រះបង្គំ​ជាខ្ញុំ អស់ ៧ ឆ្នាំ​ ហើយដល់មកឥឡូវ​នេះ ទូលព្រះបង្គំ​ជាខ្ញុំ នៅតែ​ទទួល​រង​កម្មជា​របស់ខ្លួន ដែល​ខ្លួនធ្វើ​អាក្រក់ហើយ​ក្នុងកាលមុន។ ព្រោះ​ហេតុនោះ ទូល​ព្រះបង្គំ​ជាខ្ញុំ សូមក្រាប​បង្គំទូល​ចំពោះ​ព្រះអង្គ សូមសេចក្តី​ចំរើន​មានដល់​ព្រះអង្គ ពួកអ្នក​ដែលមក​ជួបជុំ​គ្នាក្នុង​ទីនេះ សូមកុំ​ប្រទូស្ត​ពួកមិត្ត​ឡើយ ព្រោះថា បុគ្គលប្រទូស្ត​មិត្ត ជាមនុស្ស​អាក្រក់។

(អភិសម្ពុទ្ធគាថា) បុគ្គលណា ប្រទូស្តមិត្តទាំងឡាយ ក្នុងលោកនេះ បុគ្គលនោះ រមែង​កើតឃ្លង់ផង កើត​ស្រែងផង បុគ្គល​អ្នក​ប្រទូស្តមិត្ត​នោះ លុះបែក​ធ្លាយរាង​កាយ រមែងទៅ​កើតក្នុង​នរក។

ចប់ មហាកបិជាតក ទី៦។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.516.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann