km:tipitaka:sut:kn:jat:sut.kn.jat.517

ទករក្ខសជាតក ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 517 បាលី cs-km: sut.kn.jat.517 អដ្ឋកថា: sut.kn.jat.517_att PTS: ?

ទករក្ខសជាតក ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១៧. ទករក្ខសជាតកំ (៧))

[៥០១] (នាងភេរីបរិញ្វជិកាសួរថា) កាលពួកជនទាំង ៧ នាក់1) របស់​ព្រះអង្គ រសាត់ទៅ​ក្នុងអន្លង់​ទឹកជ្រៅ អារក្ស​ទឹក​កាលស្វែង​រកគ្រឿង​បូជា​របស់មនុស្ស គប្បី​ចាប់ទូក (ព្រះអង្គ​ព្រះរាជ​ទាននូវជន) តាម​លំដាប់​ដូច​ម្តេច ទើបរួច​អំពីអារក្ស​ទឹកបាន។

[៥០២] (ព្រះបាទចូឡនីត្រាស់ថា) ខ្ញុំ​ឲ្យមាតាជាមុន រួច​ឲ្យភរិយា ឲ្យប្អូន លំដាប់​អំពីនោះ ឲ្យសំឡាញ់ និង​ឲ្យព្រាហ្មណ៍​ជាគំរប់ ៥ ទើប​ឲ្យខ្លួនជា​គំរប់ ៦ មិន​ឲ្យ​មហោសធ​ទេ។

[៥០៣] (នាងភេរី…) ព្រះមាតាជាអ្នកចិញ្ចឹមព្រះអង្គ​ផង ជាអ្នក​បង្កើតផង អនុគ្រោះ​ព្រះអង្គ​អស់កាល​ដ៏យូរផង កាលបើ​ឆព្ភិព្រាហ្មណ៍​ប្រទូស្ត​ចំពោះ​ព្រះអង្គ ព្រះមាតា​ជាបណ្ឌិត ជាអ្នក​ស្គាល់ឧបាយ ធ្វើនូវ​របស់​ដទៃជា​គ្រឿងបន្លំ ហើយ​ដោះ​ព្រះអង្គ ឲ្យរួច​អំពី​ការសម្លាប់ ព្រះអង្គ​ព្រះរាជទាន​ដល់អារក្ស​ទឹកនូវ​ព្រះមាតា ដែល​មាន​ព្រះគុណ​ប្រាកដ​ដូច្នោះ ជាអ្នក​ឲ្យនូវ​ជីវិត ជាអ្នក​ឲ្យព្រះអង្គ​កើត​អំពីឱរា ជាអ្នក​ទ្រទ្រង់​នូវ​គភ៌​នោះ តើព្រោះ​ទោសដូច​ម្តេច។

[៥០៤] (ព្រះរាជា…) ព្រះមាតាខ្ញុំ ទ្រទ្រង់គ្រឿង​អលង្ការ​ដែលមិន​គួរតាក់​តែង​ដូចស្ត្រីក្មេង សើចក្អាកក្អាយ​ហួសវេលា (ជាមួយ) នឹង​នាយឆ្មាំទ្វារ និង​ពពួក​ពលសេនា មិនតែ​ប៉ុណ្ណោះ ថែមទាំង​បញ្ជូននូវ​ទូតទាំងឡាយ​ដល់ពួក​បដិរាជ (ព្រះរាជា​នៅក្រោម​អំណាច) ដោយ​ខ្លួនឯង ខ្ញុំ​ឲ្យព្រះមាតា​ដល់​អារក្សទឹក ព្រោះទោស​នោះឯង។

[៥០៥] (នាងភេរី…) អគ្គមហេសី ជាស្រ្តីប្រសើរ​ជាងពួកស្ត្រី ពោលពាក្យ​ជាទី​ស្រឡាញ់​ដ៏ក្រៃលែង ជាស្ត្រី​មានសណ្តាប់​ធ្នាប់ មានសីល​ធម៌ ធ្លាប់​ជាប់តាម (ព្រះអង្គ) ដូចជា​ស្រមោល ជាស្រី្ត​មិន​ក្រេវក្រោធ ជាអ្នកមាន​បុណ្យ ជាបណ្ឌិត​ឃើញនូវ​ប្រយោជន៍ ព្រះអង្គ​ព្រះរាជទាន​នាងឧព្វរី​ដល់​អារក្សទឹក តើព្រោះទោស​ដូចម្តេច។

[៥០៦] (ព្រះរាជា…) នាងនន្ទាទេវីនោះ (បានដឹងច្បាស់) នូវខ្ញុំ ថាជាអ្នក​ប្រកប​ដោយ​សេចក្តី​ត្រេកអរ​ក្នុងល្បែង ទាំងជា​អ្នកលុះ​អំណាច​នៃកិលេស ដែល​មិនមាន​ប្រយោជន៍ នាងបាន​សូមចំពោះខ្ញុំ​នូវទ្រព្យ​នៃកូន​ទាំងឡាយ​របស់​ខ្លួន ដែលជា​ទ្រព្យ​មិន​គួរសូម ខ្ញុំនោះ​កំពុង​ត្រេកត្រអាល ក៏បាន​ឲ្យទ្រព្យ​ប្រសើរ និង​ថោកទាប​ច្រើនយ៉ាង លុះខ្ញុំ​លះបង់​នូវទ្រព្យដែល​គេលះបង់​បាន​ដោយក្រហើយ ក៏មាន​ចិត្តអាក់អន់​សោកស្តាយ​ក្នុងកាល​ជាខាង​ក្រោយ ខ្ញុំ​ឲ្យនាង​ឧព្វរី​ដល់​អារក្សទឹក ព្រោះទោស​នោះឯង។

[៥០៧] (នាងភេរី…) ពួកអ្នកជនបទចំរើន​ហើយ ព្រោះ​ព្រះកនិដ្ឋភាតា​ណា ទាំងព្រះអង្គ​ដែល​ព្រះកនិដ្ឋភាតា​ណា នាំមកកាន់​ព្រះរាជ​ដំណាក់វិញ ព្រះ​រាជទ្រព្យ​ជាច្រើន​យ៉ាង ដែល​ព្រះកនិដ្ឋភាតា​ណា រឹបជាន់​នាំមក​អំពីពួក​ស្តេចដទៃ ព្រះអង្គ​ព្រះរាជ​ទាន​ព្រះកនិដ្ឋភាតា ជាបុគ្គល​ប្រសើរ​ជាងពួក​ខ្មាន់ធ្នូ ជាអ្នក​ក្លៀវក្លា មានប្រាជ្ញា​ដ៏មុត (នោះ) ដល់​អារក្សទឹក តើព្រោះ​ទោស​ដូចម្តេច។

[៥០៨] (ព្រះរាជា…) ពួកអ្នកជនបទចំរើនហើយ ព្រោះ​កនិដ្ឋភាតាណា ទាំងខ្ញុំ (ដែល​កនិដ្ឋភាតាណា) នាំមកកាន់​ដំណាក់​វិញ ព្រះរាជទ្រព្យ​ជាច្រើនយ៉ាង (ដែល​កនិដ្ឋភាតាណា) រឹបជាន់​ហើយ នាំមកអំពី​ពួកសេ្តច​ដទៃ កនិដ្ឋភាតា​នោះ មើលងាយ​ថា អញ​ប្រសើរ​ជាងពួក​ខ្មាន់ធ្នូ ជាអ្នក​ក្លៀវក្លា មានប្រាជ្ញា​ដ៏មុត ឯព្រះរាជា​នេះដូច​ជាក្មេង បាន​សេចក្តី​សុខ​ព្រោះតែអញ បពិត្រនាង​ជាម្ចាស់ មិនតែប៉ុណ្ណោះ កនិដ្ឋភាតា​នោះ មិនមក​កាន់ទី​បំរើខ្ញុំ​ដូចក្នុងកាល​ពីដើមទេ ខ្ញុំ​ឲ្យកនិដ្ឋភាតា (នោះ) ដល់​អារក្សទឹក ព្រោះទោស​នោះឯង។

[៥០៩] (នាងភេរី…) ជនទាំងពីរនាក់ គឺព្រះអង្គ និង​ធនុសេខកុមារ ជា​សំឡាញ់​មានវ័យ​ស្មើគ្នា ធ្លាប់នៅ​ក្នុង​បញ្ចាលនគរ ជាបុគ្គល​ពីរនាក់ កើត​ក្នុង​បញ្ចាលនគរ​នេះ ក្នុង​រាត្រី​តែមួយ ធនុសេខកុមារ មានទុក្ខ​សុខជាមួយ​គ្នានឹង​ព្រះអង្គ ជាប់តាម​ព្រះអង្គ ក្នុងការ​ត្រាច់​ទៅកាន់ (ជនបទ) ជាអ្នកខ្មី​ឃ្មាត ខ្វល់ខ្វាយ​ក្នុងកិច្ច​ទាំងពួង ដើម្បី​ព្រះអង្គ​ទាំងថ្ងៃ​ទាំង​យប់ ព្រះ​អង្គព្រះ​រាជទាន​សំឡាញ់​នេះដល់​អារក្សទឹក តើព្រោះ​ហេតុដូចម្តេច។

[៥១០] (ព្រះរាជា…) បពិត្រនាងម្ចាស់ ធនុសេខកុមារនេះ (ជាប់តាម) ខ្ញុំ ក្នុង​ការត្រាច់​ទៅ (កាន់ជនបទ) សើចក្អាកក្អាយ​ជាមួយនឹង​ខ្ញុំក្នុង​កាលមុន សូម្បី​ក្នុងថ្ងៃនេះ ក៏នៅ​តែសើច​ក្អាកក្អាយ ហួស​វេលា​តាមទំនង​នោះដែរ បពិត្រ​នាងម្ចាស់ ខ្ញុំនៅ​ក្នុងទីស្ងាត់ កំពុង​ប្រឹក្សា​ជាមួយ​នឹងនាង​ឧព្វរី ឯ​សេខកុមារ ខ្ញុំមិន​បានហៅ មិនបាន​ឲ្យដំណឹង​ខ្ញុំជា​មុនទេ ស្រាប់តែ​ចូលមក ជាបុគ្គល​មានទ្វារ​បានហើយ មាន​ឱកាសធ្វើ​ឲ្យហើយ ខ្ញុំ​ឲ្យនូវ​សំឡាញ់ ជា​មនុស្ស​មិនមាន​សេចក្តី​អៀនខ្មាស មិនអើពើ ដល់​អារក្សទឹក ព្រោះទោស​នោះឯង។

[៥១១] (នាងភេរី…) ព្រាហ្មណ៍បុរោហិត ជាអ្នកឈ្លាសវៃ​ក្នុងនិមិត្ត​ទាំងពួង ជាអ្នក​ដឹងនូវ​សំឡេង​ស្រែក ជាអ្នកឈ្លាស​ក្នុងឧត្បាទ ជាអ្នក​ចេះកាត់​សុបិន ជាអ្នក​ឈ្លាសវៃ​ក្នុងការ​ចេញ និងការ​ចូលផង លើផែនដី និងលើ​អាកាស​ផង ជាអ្នក​ឈ្លាវៃ ក្នុង​ចំណែក​នក្ខត្តឫក្ស ព្រះអង្គ​ព្រះរាជទាន​ព្រាហ្មណ៍​បុរោហិត ដល់​អារក្សទឹក តើព្រោះទោស​ដូចម្តេច។

[៥១២] (ព្រះរាជា…) បពិត្រនាងម្ចាស់ ព្រាហ្មណ៍បុរោហិត បើកភ្នែក​សំឡក់​ចំពោះខ្ញុំ​ក្នុង​កណ្តាល​បរិស័ទ ព្រោះហេតុ​នោះ ទើបខ្ញុំ​ឲ្យបុរោហិត​អាក្រក់ មាន​ចិញ្ចើម​ក្រញូវ ដល់​អារក្សទឹក។

[៥១៣] (នាងភេរី…) ព្រះអង្គគ្រប់គ្រងនូវ​ផែនដីដ៏ធំ មាន​សមុទ្រព័ទ្ធ​ជុំវិញ ជា​កុណ្ឌល​របស់​សាគរ ព្រះអង្គ​មាន​អាមាត្យ​ចោមរោម ជាឥស្សរៈ​លើ​ផែនដី មាន​សមុទ្រទាំង ៤ ជាទី​បំផុត មានដែន​ដ៏ច្រើន ជាអ្នក​ឈ្នះសង្គ្រាម មាន​ពលច្រើន ជា​ព្រះរាជា​ឯក​លើផែនដី យសរបស់​ព្រះអង្គ​ក៏ដល់​នូវភាព​ដ៏ធំថ្កើង មាន​ពួកនារី​មកអំពី​ជនបទ​ផ្សេងៗ ជាស្ត្រីស្នំ ១៦ ពាន់ ពាក់គ្រឿង​កុណ្ឌល​ជាវិការៈ​នៃកែវមណី ល្អល្អះ​ដូចស្រី​ទេពកញ្ញា បពិត្រក្សត្រ អ្នក​ប្រាជ្ញ​ទាំងឡាយ​បានពោល​ចំពោះ​ជីវិត​ដែលវែង បរិបូណ៌ដោយអង្គ​ទាំង​ពួង សម្រេច​នូវសេចក្តី​ប្រាថ្នា​ទាំងពួងថា ជាទី​ស្រឡាញ់​របស់​សត្វទាំង​ឡាយ អ្នកដល់​នូវសេចក្តី​សុខយ៉ាងនេះ កាលបើ​ដូច្នោះ ព្រះអង្គ​រក្សា​ទុកនូវ​បណ្ឌិត ត្រឡប់​ជាលះបង់​ព្រះជន្ម ដែលគេ​លះបង់​បាន​ដោយកម្រ តើ​ដោយដំណើរ​ដូចម្តេច ឬក៏ដោយហេតុ​ដូចម្តេច។

[៥១៤] (ព្រះរាជា…) បពិត្រនាងម្ចាស់ តាំងអំពីកាលដែល​មហោសធ​បណ្ឌិត មកតាំង​នៅក្នុង​កណ្តាប់​ដៃនៃខ្ញុំ ខ្លួនខ្ញុំ​ក៏មិនដែល​ឃើញនូវ​អំពើ​អាក្រក់ សូម្បី​បន្តិច​បន្តួច​របស់​មហោសធ​បណ្ឌិត​ជាអ្នក​ប្រាជ្ញទេ ថាបើ​សេចក្តី​ស្លាប់គប្បី​មានដល់​ខ្ញុំមុន​ ក្នុង​កាល​ណាមួយ មហោសធ​បណ្ឌិត គប្បីញ៉ាំង​បុត្រ​ទាំងឡាយ និងចៅ​ទាំងឡាយ​របស់ខ្ញុំ ឲ្យសុខ មហោសធ​បណ្ឌិត តែងពិចារណា​ឃើញនូវ​ប្រយោជន៍​ទាំងពួង ក្នុង​អនាគត និង​បច្ចុប្បន្ន (ព្រោះ​ហេតុនោះ) ខ្ញុំមិន​ឲ្យនូវ​មហោសធ​បណ្ឌិត​ជាអ្នកមាន​ការងារ​មិនដែល​មានកំហុស (ដល់​អារក្សទឹក​ទេ)។

[៥១៥] (នាងភេរី…) ពួកអ្នកនគរបញ្ចាលទាំងឡាយ ចូរស្តាប់​នូវភាសិត​នេះ របស់​ព្រះបាទ​ចូឡនីចុះ ព្រះរាជា​ទ្រង់រក្សា​នូវបណ្ឌិត ស៊ូលះបង់​នូវព្រះជន្ម ដែល​គេលះ​បាន​ដោយក្រ ព្រះរាជា​ក្នុង​បញ្ចាលនគរ​លះបង់​នូវជីវិត​របស់​ជន ៦ រូប គឺ​ព្រះមាតា ១ ព្រះមហេសី ១ ព្រះកនិដ្ឋភាតា ១ សំឡាញ់ ១ ព្រាហ្មណ៍ ១ ព្រះអង្គ ១ បញ្ញាជា​គុណជាតិ​ដ៏ល្អិត សម្រាប់​គិតនូវ​ប្រយោជន៍​ដ៏ល្អ មានឫទ្ធិ​ច្រើន​យ៉ាងនេះ ប្រព្រឹត្ត​ទៅដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​នេះផង ដើម្បី​សេចក្តី​សុខក្នុង​បរលោក​ផង។

ចប់ ទករក្ខសជាតក ទី៧។

 

លេខយោង

1)
គឺ មាតា១ នាងនន្ទាទេវី១ តិខិណមន្តីកុមារ១ សំឡាញ់ឈ្មោះ​ធនុសេក្ខៈ១ បុរោហិត១ មហោសធ១ ស្តេចចូឡនី១។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.517.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann