User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.518

បណ្ឌរកជាតក ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 518 បាលី cs-km: sut.kn.jat.518 អដ្ឋកថា: sut.kn.jat.518_att PTS: ?

បណ្ឌរកជាតក ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១៨. បណ្ឌរនាគរាជជាតកំ (៨))

[៥១៦] (បណ្ឌរកនាគរាជពោលថា) ភ័យខ្លួនឯង រមែងជាប់តាម​នូវបុគ្គល​ដែល​មានវាចា​ល្ហហាច មានមន្ត​មិនលាក់​ទុក ជាអ្នក​មិនសង្រួម មិនចេះ​ពិចារណា ជាអ្នក​ល្ងង់នោះ ដូចជា​គ្រុឌចាប់​យកនាគ​ឈ្មោះ​បណ្ឌរកៈ។ ជនណា​រីករាយ​ប្រាប់មន្ត​ដែល​គួរលាក់ គួររក្សាទុក ព្រោះសេចក្តី​វង្វេង ភ័យ​រមែង​ជាប់តាម​នូវជន​ដែល​មានមន្ត​បែកធ្លាយ​នោះដោយ​ឆាប់ ដូចជា​គ្រុឌចាប់​យកនាគ​ឈ្មោះ​បណ្ឌរកៈ។

មិត្តគ្រាន់តែបណ្តោយតាម គេ​មិនគួរ​ឲ្យដឹងនូវ​ហេតុជា​ទម្ងន់ដែល​គួរលាក់ ទាំង​មិត្តល្អ ជាអ្នក​មិនយល់​ការ ឬយល់​ការដែរ តែជា​អ្នកមិន​ប្រព្រឹត្ត​ប្រយោជន៍ (ក៏គេ​មិនគួរ​ឲ្យដឹងដែរ)។

អញដល់នូវសេចក្តីទុកចិត្តអចេល អចេលនេះ ជាសមណៈ គេរាប់អាន​ហើយ មានចិត្ត​ចំរើនហើយ អញក៏​ប្រាប់ បើកនូវ​អាថ៌កំបាំង​ដល់​អចេល​នោះ បានជា​អញមាន​ប្រយោជន៍​កន្លងហួស ហើយទួញយំ​កំព្រា​ម្នាក់ឯង។ បពិត្រ​គ្រុឌដ៏​ប្រសើរ ព្រោះខ្ញុំ​មិនអាច​នឹងសង្រួម​វាចាដ៏​ប្រសើរ​កំបាំង​នេះ ដល់អចេល​នោះ បានជា​ភ័យ​មកដល់ខ្ញុំ អំពី​ចំណែក​នៃអចេល​នោះ ទើបខ្ញុំ​ជាបុគ្គល​មានប្រយោជន៍​កន្លង​ហួស កំព្រា ហើយទួញយំ។ ជនណា​សំគាល់​នូវបុគ្គល​ថា មានចិត្តល្អ ប្រាប់នូវ​អាថ៌កំបាំង​ចំពោះ​ជនមាន​ត្រកូល​ដ៏អាក្រក់ ព្រោះ​ទោសាគតិ ភយាគតិ ឬត្រេកអរ​ដោយ​អំណាច​រាគៈ ជននោះ​ជាមនុស្ស​ល្ងង់ ឈ្មោះថា ភ្លាត់ហើយ​ដោយ​ឥតសង្ស័យ។ ជនណា​មានវាចា​ចេញទៅ​ខាងក្រៅ រាប់ចូល​ក្នុងពួក​អសប្បុរស កំចាយ​នូវពាក្យ (កំបាំង​របស់គេ) ក្នុងទី​ប្រជុំ អ្នកប្រាជ្ញ​ទាំងឡាយ ហៅជន​នោះថា ជាអ្នក​មានមាត់​អាក្រក់ ដូច​អាសីពិស បុគ្គល​គប្បី​ថយចាក​បុគ្គល​បែប​នោះ​ឲ្យឆ្ងាយ​ចេញអំពី​ចម្ងាយ។ យើងលះបង់​នូវកាម​ទាំងពួង គឺ​បាយ ទឹក សំពត់​ក្នុង​ដែនកាសី និង​ខ្លឹមចន្ទន៍ ពួកស្ត្រី​ជាទី​គាប់ចិត្ត កម្រងផ្កា និង​គ្រឿង​ប្រស់ព្រំ បពិត្រ​សុបណ្ណៈ យើងសូម​ដល់នូវលោក (ជាទីពឹង) ស្មើ​ដោយ​ជីវិត។

[៥១៧] (សុបណ្ណរាជសួរថា) ម្នាលនាគរាជ បណ្តាជន​ទាំង ៣ នាក់ ក្នុងទី​នេះ តើសត្វ​ណា គឺ​សមណៈ ឬគ្រុឌ ឬអ្នកឯង​គួរដល់​នូវ​សេចក្តីតិះ​ដៀល​បាន ក្នុងលោកនេះ ម្នាល​បណ្ឌរកៈ (អ្នកឯង​ត្រូវខ្ញុំ) ចាប់បាន ព្រោះ​ហេតុ​ដូចម្តេច។

[៥១៨] (បណ្ឌរកៈ…) អចេលជាសមណៈ ជាបុគ្គល​មានសភាព​ដែល​ខ្ញុំរាប់​អាន​ហើយ ជាទី​ស្រឡាញ់​ដោយចិត្ត​របស់ខ្ញុំ មានខ្លួន​ចំរើនហើយ ខ្ញុំប្រាប់​បើក​អាថ៌កំបាំង​ដល់​សមណៈ​នោះ ទើបខ្ញុំ​ជាបុគ្គល​មានប្រយោជន៍​កន្លង​ហួស កំព្រា ហើយទួញយំ។

[៥១៩] (សុបណ្ណរាជ…) ធម្មតា សត្វលើផែនដី ឈ្មោះថា​មិនស្លាប់ មិនមាន​ទេ ចំណែក​នៃបញ្ញា ជាធម្មជាតិ​ដែលបុគ្គល​មិនគួរ​តិះដៀល នរជន​ក្នុង​លោកនេះ រមែង​នាំមក​នូវគុណ​វិសេស​ដែលបុគ្គល​មិនគួរ​បាន ដោយ​វចីសច្ចៈ ១ ដោយ​សុចរិតធម៌ ១ ដោយ​ធិតិ គឺបញ្ញា ១ ដោយការ​ទូន្មាន​នូវ​ឥន្ទ្រិយ ១។ មាតាបិតា ជាបុគ្គល​ប្រសើរ​ជាង​ផៅពង្ស​ទាំងឡាយ សត្វជា​គំរប់ ៣ (ក្រៅ​អំពី​មាតាបិតា) ឈ្មោះថា​ជាអ្នក​អនុគ្រោះ​ដល់​បុគ្គលនោះ​មិនមាន​ទេ បុគ្គល​កាលរង្កៀស​នូវការ​បែកធ្លាយ​នៃមន្ត មិនគប្បី​ប្រាប់ការ​ស្ងាត់​កំបាំង​ក្រៃលែង​ដល់​មាតាបិតា។ មាតាបិតា បងប្អូនស្រ្តី បងប្អូន​ប្រុស និងសំឡាញ់ ឬញាតិ​ទាំងពីរ​ប៉ែក របស់​បុគ្គលនោះ បុគ្គល​កាល​រង្កៀស​នូវការ​បែកធ្លាយ​មន្ត មិនគប្បី​ប្រាប់​នូវការ​ស្ងាត់កំបាំង​ដ៏ក្រៃលែង ដល់​មាតាបិតា ជាដើម​នោះឡើយ។ បើទុក​ជាភរិយា ជាស្រី​ក្មេង ពោល​ពាក្យជាទី​ស្រឡាញ់ មាន​បុត្រមាន​រូបល្អ មានយស ដែលពួក​ញាតិ​ចោម​រោម ជាស្រ្តី​វៀរបុរស (ដទៃ) បុគ្គល​កាលបើ​វៀរនូវ​ការបែកធ្លាយ​នៃមន្ត មិនគប្បី​ប្រាប់នូវ​ការស្ងាត់​កំបាំង​ដ៏ក្រៃលែង​ដល់ភរិយា​នោះទេ។

[៥២០] បុគ្គលមិនគប្បីបើកនូវអាថ៌កំបាំងទេ គប្បីរក្សា​នូវ​អាថ៌កំបាំង ឲ្យ​ដូចជា​រក្សា​កំណប់ ដ្បិត​អាថ៌កំបាំង​ដែលបុគ្គល​អ្នកដឹង​ច្បាស់ មិន​ប្រាប់គេ ជាការ​ប្រពៃ។ អ្នកប្រាជ្ញ មិនគប្បី​និយាយ​ប្រាប់​អាថ៌កំបាំង​ដល់ស្រី្ត ដល់​ជនជា​សត្រូវ ដល់​ជន​រឡិបរឡប់​ដោយ​អាមិសៈ ដល់ជន​លួចគំនិត​គ្នា។ ជនណា​ញ៉ាំងគេ​ឲ្យដឹង​អាថ៌កំបាំង​ដែលគេ​មិនទាន់ដឹង អ្នកប្រាជ្ញ​តែងអត់​សង្កត់​មិនប្រាប់​ដល់​ជននោះ ព្រោះខ្លាច​បែកការ​ដែល​គិតទុក ដូច​មនុស្ស​ខ្ញុំ​គេ។ ជនទាំងឡាយ​មានចំនួន​ប៉ុន្មាននាក់ ដឹងនូវ​មន្តជា​អាថ៌កំបាំង​របស់​បុរស សេចក្តី​តក់ស្លុត​មានចំនួន​ប៉ុណ្ណោះ តែង​កើតឡើង​ដល់បុរស​នោះ ព្រោះ​ហេតុនោះ អ្នក​ប្រាជ្ញ​មិនគប្បី​ផ្សាយនូវ​អាថ៌កំបាំង​ឡើយ។

នៅវេលា​ថ្ងៃ អ្នកប្រាជ្ញ​គប្បី​និយាយ​អាថ៌កំបាំង​ក្នុង​ទីដ៏ស្ងាត់ នៅ​វេលារាត្រី មិន​គប្បី​បញ្ចេញ​សម្លេង​ឲ្យហួស​កម្រិត ព្រោះថា ពួកជន​អ្នក​ឈ្លបស្តាប់ រមែង​ឮនូវមន្ត1) ព្រោះ​ហេតុនោះ មន្ត​ក៏រមែង​ដល់នូវ​ការបែក​ធ្លាយ​ដោយ​ឆាប់។

[៥២១] ក្រុងប្រកបដោយកំពែងដែក​ដ៏ធំ មិនមានទ្វារ (ចេញចូល​មិនបាន) ធ្វើអំពើ​ដែល​ប្រកប​ដោយ​សាលា គឺរានផ្សារ​ដ៏ល្អ ប្រកប​ដោយ​គូដែលគេ​ជីកដោយ​ជុំវិញ យ៉ាងណា បុរស​មានមន្ត​ដែលគួរ​លាក់ទុក​ក្នុង​លោកនេះ ប្រាកដ​ដល់ខ្ញុំ​យ៉ាងនោះ​ដែរ។ ម្នាល​អ្នកមាន​អណ្តាតពីរ ពួកជន​ណាជាអ្នក​មានមន្ត​គួរលាក់​ទុក មានវាចា​មិន​ល្ហល្ហាច ជាអ្នក​មាំមួន​ក្នុង​ប្រយោជន៍​របស់ខ្លួន សត្រូវ​ទាំងឡាយ​រមែងចៀស​ចេញឆ្ងាយ​អំពី​ពួកជននោះ ដូច​ពពួក​នៃសត្វ ចៀសចេញ​អំពី​អាសីពិស។

[៥២២] (បណ្ឌរកៈ…) អចេល ជាអ្នកបួសលះបង់​ផ្ទះ អាក្រាត ត្រងោល ប្រព្រឹត្ត ព្រោះហេតុ​តែអាហារ ខ្ញុំបើក​បង្ហាញនូវ​អាថ៌កំបាំង​ចំពោះ​អចេល​នោះឯង (ព្រោះ​ហេតុ​នោះ) បានជា​យើង​ឃ្លាតចាក​អត្ថ និងធម៌។ បពិត្រ​សុបណ្ណរាជ បុគ្គល​ធ្វើដូចម្តេច មាន​សីលធម៌​ដូចម្តេច ប្រព្រឹត្ត​វ័ត​ដូចម្តេច ឈ្មោះថា​សមណៈ ប្រព្រឹត្ត​លះបង់​នូវសេចក្តី​រាប់អាន (តណ្ហា) សមណៈ​នោះ ធ្វើដូចម្តេច ទើបទៅ​កាន់​ឋានសួគ៌។

[៥២៣] (សុបណ្ណរាជ…) បុគ្គលប្រកបដោយហិរិ ដោយខន្តិ គឺសេចក្តី​អត់​ធន់ ដោយ​ការទូន្មាន (នូវឥន្ទ្រិយ) ជាអ្នក​មិនខឹង លះបង់​នូវពាក្យ​ញុះញង់ ទើប​ឈ្មោះថា​សមណៈ ប្រព្រឹត្ត​លះបង់​នូវសេចក្តី​រាប់អាន ឯសមណៈ​នោះ ធ្វើយ៉ាង​នេះឯង ទើប​ចូលទៅ​កាន់​ឋានសួគ៌​បាន។

[៥២៤] (បណ្ឌរកៈ…) មាតាឃើញកូនខ្ចី​ដែលកើត​អំពីខ្លួន ហើយ​បបោស​អង្អែល​សព្វ​សព៌ាង្គកាយ យ៉ាងណាមិញ បពិត្រ​លោកជា​ធំជាង​បក្សី លោកជា​អ្នក​អនុគ្រោះ ប្រាកដ​ដល់ខ្ញុំ​ដូច​ជាមាតា (អនុគ្រោះ) នូវបុត្រ​យ៉ាងនោះ។

[៥២៥] (សុបណ្ណរាជ…) នែអ្នកមាន​អណ្ឌាតពីរ អ្នកចូរ​រួចអំពី​ការសម្លាប់​ក្នុងថ្ងៃ​នេះចុះ ព្រោះថា បុត្តមាន ៣ គឺ សិស្ស ១ កូនគេ​ឲ្យ ១ កូនកើត​អំពីខ្លួន ១ បុត្តក្រៅ​ពីនេះ​មិនមាន​ឡើយ អ្នកចូរ​ត្រេកអរ​ចុះ អ្នកទុក​ជាបុត្ត​ណាមួយ​របស់ខ្ញុំ​ហើយ។

[៥២៦] (អភិសម្ពុទ្ធគាថា) ស្តេចគ្រុឌមានកំណើតពីរ (លុះ​ពោលពាក្យ) យ៉ាង​នេះ​ហើយ ក៏ឋិតនៅ​លើផែនដី​ លែងសត្វ​មាន​អណ្តាតពីរ ដោយពាក្យ​ថា អ្នករួច​ក្នុងថ្ងៃនេះ កន្លង​នូវភ័យ​ទាំងពួង​ហើយ អ្នកត្រូវ​តែខ្ញុំ​គ្រប់គ្រង​ក្នុងទីគោគ និង​ទឹកហើយ។ ខ្ញុំជា​ទីពឹង​របស់អ្នក ដូចជា​ពេទ្យដ៏ឈ្លាស (ជា​ទីពឹង) របស់​ពួកអ្នក​មានជម្ងឺ ឬដូចជា​អន្លង់ទឹក​ត្រជាក់ (ជា​ប្រយោជន៍) របស់​ពួកអ្នក​ស្រេកទឹក ឬក៏​ដូចផ្ទះ (ជាទី​ត្រូវការ) របស់​ពួកបុគ្គល​ដែល​លំបាក​ដោយ​សន្សើម​ត្រជាក់។

[៥២៧] (សុបណ្ណរាជ…) ម្នាលអ្នកជាជលាពុជៈ អ្នកធ្វើ​សេចក្តី​ស្និទ្ធស្នាល ជាមួយ​នឹង​អណ្ឌជៈ​ជាសត្រូវ ហើយនៅ​បើក​បង្ហាញចង្កូម (ធ្វើ​អ្វីទៀត) ភ័យ​នឹងមក​ដល់អ្នក​អំពី​ទីណា។

[៥២៨] (បណ្ឌរកៈ…) បុគ្គលត្រូវតែរង្កៀស​ក្នុងបុគ្គល​ជាសត្រូវ មិនត្រូវ​ទុកចិត្ត​បុគ្គល​សូម្បី​ជាមិត្ត (ព្រោះ) ភ័យ​រមែង​កើតឡើង​អំពីបុគ្គល​ដែល​មិន​គួរភ័យ រមែងកាត់ សូម្បី​នូវ​ឫសគល់ (ជីវិត)។ បុគ្គល​ធ្វើនូវ​ជំលោះ​នឹង​ជនណា គប្បី​ទុកចិត្ត​ជននោះ​ដូចម្តេច​កើត បុគ្គល​គប្បីឋិតនៅ​ដោយ​ប្រុងប្រយ័ត្ន​ជានិច្ច បុគ្គល​នោះ រមែង​មិនត្រេកអរ​នឹង​សត្រូវ។

បុគ្គលគប្បីធ្វើឲ្យគេទុកចិត្ត ប៉ុន្តែមិនត្រូវទុកចិត្តគេ បុគ្គល​ដែលគេ​មិន​រង្កៀស​ហើយ ប៉ុន្តែ​គប្បី​រង្កៀស​នឹងគេ បុគ្គលដទៃ​មិនដឹង​នូវភាព (របស់ខ្លួន) យ៉ាង​ណាៗ វិញ្ញូបុរស គប្បី​ប្រឹងប្រែង​ដោយប្រការ​យ៉ាងនោះៗ។

[៥២៩] (អភិសម្ពុទ្ធគាថា) បុរិសនាគទាំងពីរនោះ មានវណ្ណៈ​ដូចជា​ទេវតា មាន​សភាព​ជា​សុខុមាលជាតិ​ស្មើគ្នា មានវ័យ​ដ៏ល្អ មានគំនរ​នៃបុណ្យ កៀក​ដៃគ្នា ដូចជា​សេះគេ​ទឹម បានចូល​ទៅកាន់​សំណាក់​នៃ​អចេល ឯកំពង់​ករម្បិយៈ។

[៥៣០] លំដាប់នោះឯង បណ្ឌរកនាគរាជ បានចូលទៅ​កាន់​សំណាក់នៃ​អចេល​ដោយ​ខ្លួនឯង ហើយ​ពោលពាក្យ​នេះថា ខ្ញុំរួច (អំពី​ការសម្លាប់) កន្លង​នូវភ័យ​ទាំងពួង​ក្នុងថ្ងៃ​នេះហើយ យើងមិន​ជាទី​ស្រឡាញ់​របស់​លោកដោយ​ចិត្តពិត​ប្រាដកទេ។

[៥៣១] (អចេល…) សុបណ្ឌរាជ ជាទីស្រឡាញ់​របស់ខ្ញុំ ជាង​បណ្ឌរកនាគ​រាជមែន ឥត​សង្ស័យ (នេះ) ជាពាក្យ​ពិត ខ្ញុំនោះ​ជាអ្នក​ត្រេកអរ​ដោយរាគៈ ជាអ្នក​ដឹងច្បាស់ បានធ្វើ​នូវអំពើ​អាក្រក់នុ៎ះ មិនមែន​ព្រោះ​មោហៈទេ។

[៥៣២] (បណ្ឌរកៈ…) បព្វជិត កាលឃើញច្បាស់នូវលោកនេះ និង​លោក​ខាងមុខ រមែង​មិនមាន​គំនិតថា វត្ថុជាទី​ស្រឡាញ់ ឬ​មិនជាទីស្រឡាញ់​របស់​អញ​ដូច្នេះទេ អ្នកជា​បុគ្គល​មិន​សង្រួម ប្រព្រឹត្ត​ក្នុងលោក​នេះ ដោយ​ភេទ​របស់បុគ្គល​អ្នក​សង្រួមល្អ។ អ្នកឯង​បន្លំជា​អរិយៈ តែមិនមែន​ជា​អរិយៈ​ទេ អ្នកមិន​សង្រួម តែមាន​ភាពហាក់​ដូចជា​អ្នកសង្រួម មាន​ជាតិខ្មៅ មានសភាព​មិនប្រសើរ បានប្រព្រឹត្ត​នូវអំពើ​ដ៏លាមក​ទុច្ចរិត​ច្រើនយ៉ាង។

[៥៣៣] ម្នាលអ្នកប្រទូស្ត អ្នកជាបុគ្គលប្រទូស្តមិត្ត​ដែលមិន​បានប្រទូស្ត​វិញ​ផង ជាអ្នក​ញុះញង់ផង ដោយពាក្យ​សច្ចៈនេះ សូម​ឲ្យក្បាល​របស់​អ្នកឯង បែកជា ៧ ភាគ។

[៥៣៤] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ បុគ្គលមិន​ត្រូវប្រទូស្ត​មិត្តទាំង​ឡាយ​ឡើយ ព្រោះថា សភាវៈ​ដទៃ លាមក​ជាង​ការទ្រុស្តមិត្ត មិន​មានទេ អចេល​អ្នកសង្រួម ត្រូវសត្វ​អាសីពិស​ប្រទេច​ផ្តាសា ក៏ខ្ចាត់​ចេញអំពី​ផែនដី វិនាស​តាមពាក្យ​របស់​នាគរាជ​ដ៏ប្រសើរ។

ចប់ បណ្ឌរកជាតក ទី៨។

 

លេខយោង

1)
ពាក្យថា មន្ត ក្នុងទីនេះ សំដៅយក​ការប្រឹក្សា​គ្នាអំពី​កិច្ចការ​ស្ងាត់​កំបាំង ឬសំដៅយក​មន្តអាគម ដែលគេ​ចេះដឹង​ហើយ​គួរលាក់ទុក។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.518.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann