km:tipitaka:sut:kn:jat:sut.kn.jat.519

សម្ពុលាជាតក ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 519 បាលី cs-km: sut.kn.jat.519 អដ្ឋកថា: sut.kn.jat.519_att PTS: ?

សម្ពុលាជាតក ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥១៩. សម្ពុលាជាតកំ (៩))

[៥៣៥] (ទានវៈ1) សួរថា) ម្នាលនាងមានភ្លៅមូល នាង​ឈ្មោះអ្វី រងាញ័រ​លើ​ជ្រោះនៃភ្នំ ឈរនៅ​តែម្នាក់ឯង ម្នាលនាង​មានអវយវៈ​ត្រង់​កណ្តាល​គួរ​វាស់​ដោយដៃ (ចង្កេះរៀវ) យើង​សួរហើយ នាងចូរ​ប្រាប់​នូវនាម និងផៅ​ពង្ស​ដល់យើង។ ម្នាល​នាង​កល្យាណី នាងជាអ្វី ម្នាលនាង​មានអវយវៈ​ពាក់​កណ្តាលដ៏ល្អ នាងជា​ធីតា​របស់​អ្នកណា នាងញ៉ាំង​ព្រៃជា​ទីរីករាយ ដែល​សីហៈ និងខ្លាធំ​អាស្រ័យនៅ ឲ្យភ្លឺ​រុងរឿង ម្នាល​នាង​ដ៏ចំរើន យើង​ឈ្មោះទានវៈ សូមសំពះនាង សូមគោរព​ចំពោះនាង។

[៥៣៦] (នាងសម្ពុលាឆ្លើយថា) អ្នកណាជាបុត្រ​របស់ព្រះរាជា​ក្នុងដែន​កាសី អ្នកផង​តែងស្គាល់​អ្នកនោះថា ព្រះនាម​សោត្ថិសេន ខ្ញុំឈ្មោះនាង​សម្ពុលា ជាភរិយា​របស់​ព្រះរាជបុត្ត​ព្រះនាម​សោត្ថិសេន​នោះ បពិត្រ​ទានវៈ លោកចូរ​ដឹងយ៉ាង​នេះចុះ បពិត្រ​លោក​ដ៏ចំរើន ខ្ញុំឈ្មោះ​សម្ពុលា សូមសំពះ សូមគោរព​ចំពោះ​លោក។ បពិត្រ​លោក​ដ៏ចំរើន ព្រះរាជបុត្រ​របស់​ព្រះរាជា​វិទេហៈ ប្រឈួន​ក្តៅក្រហាយ គង់នៅ​ក្នុងព្រៃ ខ្ញុំជា​ស្រ្តីម្នាក់​ឯង បំរើ​ព្រះរាជបុត្រ ដែលមាន​រោគបៀតបៀន​មួយអង្គ​ឯងនោះ។ មិន​តែប៉ុណ្ណោះ ខ្ញុំ (ត្រាច់ទៅ) ដើម្បី​ស្វែងរក​ផ្លែឈើ​ក្នុងព្រៃ នាំមក​នូវ​ទឹកឃ្មុំ និង​សាច់​ដែលជា​អម្ពា​របស់​ម្រឹគណា (ស្វាមី​របស់ខ្ញុំ) មានទឹកឃ្មុំ និងសាច់ ជាអម្ពា​របស់ម្រឹគ​នោះ ជា​អាហារ (កាលបើ​មិនមាន​អាហារ​ទេ សរីរៈ) របស់​ស្វាមីខ្ញុំនោះ នឹងទ្រាំទ្រ​មិនបាន ក្នុងថ្ងៃ​នេះ​ដោយពិត។

[៥៣៧] (ទានវៈ…) ម្នាលនាងសម្ពុលា នាងធ្វើ (នូវការ​មូលមិត្ត) នឹង​ព្រះរាជ​បុត្រ ប្រឈួន​ក្តៅក្រហាយ ដែលរោគ​ប៉ះពាល់​នៅក្នុង​ព្រៃធ្វើអ្វី ខ្ញុំសូមជា​ភស្តា​របស់នាង។

(នាងសម្ពុលា…) ខ្ញុំរាប់ថាមានរូបដូចម្តេចកើត ព្រោះខ្ញុំ​ជាស្ត្រីមាន​សេចក្តី​សោក​គ្រប​សង្កត់ មានខ្លួន​ដ៏លំបាក បពិត្រ​លោក​ដ៏ចំរើន លោកចូរ​ស្វែងរក​ស្ត្រីឯទៀត ដែល​ល្អជាង​ខ្ញុំចុះ។

(ទានវៈ…) នាងចូរមកចុះ ចូរឡើងកាន់ភ្នំនេះ ប្រពន្ធ​របស់ខ្ញុំ​មាន ៤០០ នាក់ នាងចូរ​ជាស្ត្រី​ដ៏ប្រសើរ​ជាង​ភរិយា​ទាំងនោះ ចូរសម្រេច​តាមសេចក្តី​ប្រាថ្នា​គ្រប់យ៉ាង។ ម្នាល​នាង​មានពន្លឺ​ដូចផ្កាយ នាងប្រាថ្នា​ក្នុងចិត្ត​ចំពោះ​វត្ថុ​ណាមួយ វត្ថុទាំង​អស់នោះ​របស់ខ្ញុំ​មាន​គរគោគ ចូរនាង​ត្រេកអរ​ជាមួយ​នឹងយើង​ក្នុងថ្ងៃ​នេះចុះ។ ម្នាលនាង​សម្ពុលា បើនាង​មិនធ្វើ​នូវភាពជា​មហេសី​របស់ខ្ញុំទេ នាងគួរ​ជាអាហារ​ក្នុង​ពេលព្រឹក នឹងជា​ចំណី​របស់ខ្ញុំ​អំពី​ព្រហាម។

ចំណែកទានវៈ មានភ្នួងសក់ ៧ ជាន់ ជាជាតិអាក្រក់ មាន​ចង្កូម ជាអ្នក​ស៊ីនូវបុរស បានចាប់​នាង​សម្ពុលានោះ​ត្រង់ដើមដៃ ដែលមិន​ឃើញនូវ​ទីពឹង​ក្នុងព្រៃ។ នាង​សម្ពុលា ដែល​បិសាច​អាក្រក់ មាន​ភ្នែកប្រកប​ដោយ​អាមិស​គ្របសង្កត់ ជាស្រ្តី​លុះក្នុង​អំណាច​នៃសត្រូវ​ហើយ ក៏សោកសៅ រកតែស្វាមី​ថា

យក្សស៊ីនូវខ្ញុំដោយហេតុណា ហេតុនេះ មិនមែនជា​ទុក្ខនៃ​ខ្ញុំទេ ក្រែងតែ​ព្រះហ្ឫទ័យ​នៃ​អយ្យបុត្ត​របស់ខ្ញុំ ទៅជា​បការៈ​ដទៃ (ប្រច័ណ្ឌ) ដោយ​ហេតុណា ហេតុនោះ (ទើបជា​ទុក្ខនៃខ្ញុំ)។ មិន​មាន​ពួកទេវតា​នៅគ្រប់គ្រង​ដោយពិត ទាំងពួក​ទេវតា អ្នក​រក្សាលោក ក្នុងលោកនេះ ក៏មិនមាន​ដោយពិត ទេវតា​ទាំងឡាយ អ្នកហាម​ឃាត់​នូវ​ពួកជន​ជាអ្នក​មិនសង្រួម ជាអ្នក​ធ្វើដោយ​ការកំហែង ក៏មិនមាន​ដោយ​ពិត។

[៥៣៨] (សក្កៈ…) ស្រ្តីនេះជាស្រ្តីមានយស ជាស្ត្រីប្រសើរ​ជាងស្រី្ត​ទាំង​ឡាយ ជាស្រ្តី​ស្ងប់ស្ងៀម មានកិរិយា​ដ៏ស្មើ មានតេជះ​រុងរឿង​ដូចជាភ្លើង បើអ្នក​ឯងស៊ី​នាង​កញ្ញានោះ ក្បាលអ្នក​ឯងនឹង​បែកជា ៧ ភាគ​មិនខាន អ្នក​ឯង​កុំកំដៅ (នូវនាង​សម្ពុលា) អ្នកឯង​ចូរលែង​នាងទៅ ព្រោះនាង​ជាស្រ្តី​គោរពប្តី។

[៥៣៩] (អភិសម្ពុទ្ធគាថា) នាងសម្ពុលា លុះរួចអំពីបោរិសាទ បានត្រឡប់​មកកាន់​អាស្រម​វិញ ដូចជា​មេបក្សី​បែកខ្ញែកកូន ហើរមក​កាន់ទ្រនំ ឬដូច​មេគោ មកកាន់​លំនៅ (ដែល​មានកូនទៅ​បាត់ហើយ)។ ព្រះរាជបុត្រី​នោះ ជា​ស្រ្តីមានយស ព្រះនាម​សម្ពុលា មានភ្នែក​ស្រទន់ ព្រោះរដូវ កាលមិន​ឃើញ​ព្រះស្វាមី​ជាទីពឹង​ក្នុងព្រៃ​ហើយ ក៏ទ្រង់​ព្រះកន្សែង​ក្បែរ​អាស្រម​នោះថា ខ្ញុំមិនឃើញ​ព្រះរាជបុត្រ សូមថ្វាយ​បង្គំពួក​សមណ​ព្រាហ្មណ៍ និង​ឥសី​ទាំងឡាយ ដែលមាន​ការប្រព្រឹត្តិ​បរិបូណ៌ ខ្ញុំសូម​ដល់នូវ​លោក​ជា​ទីពឹង។ ខ្ញុំមិន​ឃើញ​ព្រះរាជបុត្រ សូមថ្វាយ​បង្គំនូវ​ពួកសីហៈ ខ្លាធំ និងពួកម្រឹគ​ដទៃ​ក្នុងព្រៃ ខ្ញុំសូម​ដល់នូវ​លោកជា​ទីពឹង។ ខ្ញុំមិនឃើញ​ព្រះរាជបុត្រ សូមថ្វាយ​បង្គំ​ស្មៅ វល្លិ៍ ឈើជា​ឱសធ​ភ្នំ និងព្រៃ​ទាំងឡាយ ខ្ញុំសូម​ដល់នូវ​លោកជា​ទីពឹង។ ខ្ញុំមិន​ឃើញ​ព្រះរាជបុត្រ សូមថ្វាយ​បង្គំនូវ​របៀបផ្កាយ​ក្នុងរាត្រី ដែលមាន​ពណ៌ដូច​ជាផ្កា​រាជព្រឹក្ស ខ្ញុំសូម​ដល់នូវ​លោកជា​ទីពឹង។ ខ្ញុំមិនឃើញ​ព្រះរាជបុត្រ សូមថ្វាយ​បង្គំនូវ​ស្ទឹង​ឈ្មោះ​ភគិរសី ជាទីទទួល​នូវស្ទឹង​ទាំងឡាយ​ដែល​ហូរមក ខ្ញុំសូម​ដល់នូវ​លោក​ជាទីពឹង។ ខ្ញុំមិន​ឃើញ​ព្រះរាជបុត្រ សូមថ្វាយ​បង្គំនូវ​ភ្នំហិមពាន្ត ជាស្តេចភ្នំ​ដ៏ប្រសើរ ខ្ញុំ​សូមដល់​នូវលោក​ជាទីពឹង។

[៥៤០] (សោត្ថិសេន…) រាជបុត្រី ជាស្រ្តីមានយស មកក្នុង​វេលា​ល្ងាចម្ល៉េះ តើថ្ងៃ​នេះ នាងជួប​ប្រទះនឹង​អ្នកណាហ្ន៎ អ្នកណា​ជាទី​ស្រឡាញ់​របស់នាង​ជាងខ្ញុំ។

[៥៤១] (នាងសម្ពុលា…) ខ្ញុំម្ចាស់ដែលសត្រូវ​នោះចាប់បាន ក៏បាន​ពោល​ពាក្យនេះ​ថា យក្សទំពា​ស៊ីខ្ញុំម្ចាស់​ដោយ​ហេតុណា ហេតុនោះ​មិនមែន​ជាទុក្ខ​នៃខ្ញុំម្ចាស់ទេ ក្រែងតែ​ព្រះហ្ឫទ័យ​ព្រះអយ្យបុត្រ​របស់ខ្ញុំ​ម្ចាស់ទៅ​ជា​បការៈដទៃ ដោយ​ហេតុណា ហេតុនោះ (ទើបជា​ទុក្ខនៃ​ខ្ញុំម្ចាស់)។

[៥៤២] (សោត្ថិសេន…) ពាក្យសច្ចៈក្នុងពួកស្រីចោរ មានមាយាច្រើន គេ​រកបាន​ដោយ​ក្រណាស់ ភាព គឺឫកមារយាទ​របស់ស្រ្តី​ទាំងឡាយ គេដឹង​បានដោយក្រ ដូច​ដំណើរ​នៃត្រី​ក្នុងទឹក។

[៥៤៣] (នាងសម្ពុលា…) ខ្ញុំម្ចាស់មិនធ្លាប់ស្គាល់នូវបុគ្គល​ដទៃ​ជាទី​ស្រឡាញ់​ជាង​ព្រះអង្គ​យ៉ាងណា បើ (ដំណើរ) របស់ខ្ញុំម្ចាស់ (នោះ) ជាសច្ចៈ យ៉ាងនោះ សូម​សច្ចៈ​រក្សា​ព្រះអង្គ ទាំងរក្សា​នូវខ្ញុំម្ចាស់ ដោយពាក្យ​សច្ចៈនេះ សូមព្យាធិ​របស់​ព្រះអង្គ​ស្ងប់រម្ងាប់។

[៥៤៤] (តាបស…) ដំរីទាំងឡាយច្រើនប្រមាណ ៧០០ មានអាវុធដែល​យោធា​ប្រកប​ហើយ ទាំងពួកខ្មាន់ធ្នូ​មួយពាន់​ប្រាំមួយរយ តែងរក្សា​ទាំង​យប់ទាំង​ថ្ងៃ ម្នាល​នាងដ៏ចំរើន តើនាង​នៅឃើញ​ពួកសត្រូវ​ដូចម្តេច។

[៥៤៥] (នាងសម្ពុលា…) ស្វាមីឃើញពួកស្រ្តី ដែលតាក់​តែងកាយ មាន​សម្បុរ​ស្បែកល្អ ដូចស្រទាប់​ផ្កាឈូក មាន​ចង្កេះរៀវ មានសំឡេង​ដូចហង្ស ទ្រង់​ព្រះសណ្តាប់​នូវចម្រៀង និងប្រគំ​ដែលគេ​គួររាប់ របស់​ពួកស្រ្តីទាំង​នោះ បពិត្រ​ព្រះបិតា ឥឡូវនេះ ព្រះស្វាមី​របស់​ខ្ញុំម្ចាស់ មិនប្រព្រឹត្ត​ដូចកាល​មុន យ៉ាងនោះ​ទេ។ បពិត្រ​ព្រះបិតា ពួក​ស្ត្រីមាន​រូបល្អ ទ្រទ្រង់​នូវប្រដាប់​សម្រាប់​រឹតដោះ ជាវិការៈ​នៃមាស តាក់តែង​ខ្លួន ជាស្រ្តី​មនុស្ស ដូចស្រ្តី​ទេព​អប្សរ ជាទីស្រឡាញ់​នៃ​ព្រះរាជា​ព្រះនាម​សោត្ថិសេន ជាស្រ្តី​មាន​រាងកាយ​តិះដៀល​មិនបាន ជា​ខត្តិយកញ្ញា តែងប្រលោម​ព្រះរាជា​នោះ។ បពិត្រ​ព្រះ​បិតា ប្រសិន​បើខ្ញុំម្ចាស់​ចិញ្ចឹម​ព្រះស្វាមី​នោះ ដោយការ​ស្វែងរក​នូវផ្លែឈើ​ក្នុងព្រៃ ដូចក្នុង​កាលមុន​យ៉ាងនោះ​ទៀត ព្រះស្វាមី​គប្បីរាប់​អានខ្ញុំម្ចាស់ ទាំងមិន​មើលងាយ​ខ្ញុំម្ចាស់ទេ បពិត្រ​ព្រះបិតា ព្រោះ​ហេតុនោះ (ព្រៃ) របស់​ខ្ញុំម្ចាស់ (នោះឯង) ប្រសើរ​ជាង​រាជសម្បត្តិ ក្នុង​ក្រុងពារាណសី​នេះ។ នារី​ណា (កើតក្នុង​ផ្ទះត្រកូល) មានបាយ និងទឹក​បរិបូណ៌ ដែលគេ​ចាត់ចែង​ហើយ ជាស្ត្រីមាន​គ្រឿងប្រដាប់​ដ៏ស្អាត​វិសេស តាក់តែង​ខ្លួន​ប្រកប​ដោយ​អង្គគ្រប់យ៉ាង តែមិន​ជាទី​ស្រឡាញ់​របស់ប្តី បាន​សំឡាប់ (ខ្លួន) ហើយ សេចក្តី​ស្លាប់​របស់​នារីនោះ ប្រសើរ​ជាងការ​រស់នៅ​ជាឃរាវាស​នោះទៅ​ទៀត។ បើស្ត្រីណា ទ័លក្រ កំព្រា មិនមាន​បបុស គឺមានះ មានតែ​កន្ទេល​ជាគំរប់​ពីរ តែស្ត្រីនោះ​ជាទី​ស្រឡាញ់​របស់ប្តី ស្រ្តីណា​ទោះកំព្រា តែជាទី​ស្រឡាញ់ (របស់ប្តី) ស្រ្តីនេះឯង​ប្រសើរ​ជាងស្ត្រី​ដែល​ប្រកប​ដោយអង្គ​គ្រប់យ៉ាង ដែលមិន​ជាទី​ស្រឡាញ់ (របស់ប្តី)។

[៥៤៦] (តាបស…) ស្រ្តីណាជាគុណរបស់បុរស ស្ត្រីនោះគេ​រកបាន​ក្រក្រៃ​លែង ភស្តា​ណាជា​គុណ​របស់ស្ត្រី ភស្តានោះ​គេរក​បានដោយ​ក្រ ម្នាលបា ជាធំ​ជាងជន ភរិយា​របស់​អ្នក ជាគុណ (នៃអ្នក) ផង ជាស្ត្រី​មាន​សីលផង អ្នកចូរ​ប្រព្រឹត្ត​ធម៌ចំពោះ​នាង​សម្ពុលា។

[៥៤៧] (ព្រះរាជាសោត្ថិសេន…) ម្នាលនាងសម្ពុលា​មានភោគៈ​បានហើយ​ដ៏ច្រើន បើនាង​ឆ្លងផុត​ចាកសេចក្តី​ប្រាថ្នា ដល់នូវ​មរណៈ អញ និងពួករាជ​កញ្ញា​ទាំងអស់​របស់​នាងនេះ នឹងធ្វើ​តាមពាក្យ​របស់នាង។

ចប់ សម្ពុលាជាតក ទី៩។

 

លេខយោង

1)
អសុរសាមួញ្ញ។
km/tipitaka/sut/kn/jat/sut.kn.jat.519.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann