តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » បញ្ញាសនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 526 បាលី cs-km: sut.kn.jat.526 អដ្ឋកថា: sut.kn.jat.526_att PTS: ?
នឡិនិកាជាតក ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥២៦. និឡិនិកាជាតកំ (១))
[១] (ព្រះបាទព្រហ្មទត្ត ត្រាស់ថា) ម្នាលនាងនឡិនិកា ជនបទក្តៅស្ងួត ទាំងដែនក៏វិនាស ចូរនាងមក ចូរនាងទៅញ៉ាំងព្រាហ្មណ៍ (អ្នកធ្វើនូវសេចក្តីវិនាស) ដល់អញនោះ ឲ្យមកលុះអំណាចរបស់ខ្លួន។
[២] (នាងនឡិនិកា ក្រាបទូលថា) បពិត្រព្រះរាជា ខ្ញុំម្ចាស់អត់ទ្រាំសេចក្តីលំបាកពុំបាន ខ្ញុំម្ចាស់មិនស្ទាត់ផ្លូវឆ្ងាយ ខ្ញុំម្ចាស់នឹងទៅកាន់ព្រៃ ដែលមានដំរីនៅអាស្រ័យ ដូចម្តេចបាន។
[៣] (ព្រះរាជា…) ម្នាលនាងនឡិនិកា នាងចូរទៅកាន់ជនបទដ៏ស្តុកស្តម្ភ ហើយទៅដោយដំរីផង ដោយរថផង ដោយយាន (ទូក) ដែលគេគាបដោយឈើផង យ៉ាងនេះចុះ។ ម្នាលខត្តិយានី ចូរនាងយកដំរី សេះ រថ និងពលថ្មើរជើងទៅចុះ ចូរនាងនាំព្រាហ្មណ៍ឥសិសង្កិៈនោះ មកកាន់អំណាច (ខ្លួន) ដោយសម្បុរ និងរូបឆោមរបស់នាង។
[៤] (ពួកព្រានព្រៃបង្ហាញថា) នុ៎ះ ប្រាកដជាអាស្រមរបស់តាបស ឈ្មោះឥសិសិង្គៈ ជាទីគួររីករាយ មានដើមចេកជាទង់ ជាគ្រឿងសំគាល់ មានដើមស្មាច់ដុះព័ទ្ធជុំវិញ។ នុ៎ះ ភ្លើងដែលឥសិសិង្គៈនោះ តាក់តែង (ដោយឈាន) នុ៎ះ ផ្សែងដែលឃើញប្រាកដ ខ្ញុំសំគាល់ថា ឥសិសិង្គៈ អ្នកមានឫទ្ធិច្រើន មិនញ៉ាំងភ្លើងឲ្យសាបសូន្យទេ។
[៥] (អភិសម្ពុទ្ធគាថា) ឥសិសិង្គៈ បានឃើញនាងនឡិនិកានោះ ពាក់កុណ្ឌលកែវមណី កំពុងដើរមក ក៏ភិតភ័យ ចូលទៅកាន់អាស្រមដែលប្រក់ដោយស្លឹក។ ឯនាងនឡិនិកានោះ ក៏បង្ហាញនូវអវយវៈទាំងឡាយផង បញេ្ចញនូវកេរ្តិ៍ខ្មាសដ៏កំបាំងផង ហើយលេងកូនឃ្លី ក្បែរទ្វារអាស្រមនៃឥសិសិង្គៈនោះ។
[៦] អ្នកមានជដា (ឥសិសិង្គៈ) នៅក្នុងបណ្ណសាលា ឃើញនាងនឡិនិកានោះ កំពុងលេង ចេញអំពីអាស្រមមកនិយាយពាក្យនេះថា ម្នាលអ្នកដ៏ចំរើន ឈើរបស់អ្នកនោះ ឈ្មោះអ្វី ដែលមានផ្លែបែបនេះ សូម្បីអ្នកបោះទៅក្នុងទីឆ្ងាយហើយ ក៏វិលត្រឡប់មកវិញ មិនទៅចោលអ្នក។
[៧] (នាងនឡិនិកា …) បពិត្រតាបសដ៏ប្រសើរ ផ្លែបែបនេះនៃឈើណា សូម្បីខ្ញុំបោះទៅក្នុងទីឆ្ងាយ ក៏ត្រឡប់មកវិញ មិនទៅចោលខ្ញុំទេ ឈើបែបនោះ មានក្នុងទីជិតអាស្រមនៃខ្ញុំ នាភ្នំគន្ធមាទន៍។
[៨] (ឥសិសិង្គៈ…) អ្នកដ៏ចំរើន ចូរមកកាន់អាស្រមនេះចុះ ចូរបរិភោគអាហារចុះ ចូរទទួលថ្នាំសម្រាប់លាបជើងផង ភក្សាហារផង ខ្ញុំជូន (ដល់អ្នក) នេះអាសនៈ អ្នកដ៏ចំរើន ចូរអង្គុយលើអាសនៈនេះ អ្នកដ៏ចំរើនចូរពិសាមើមឈើ និងផ្លែឈើក្នុងទីនេះចុះ។
[៩] (ឥសិសិង្គៈ សួរថា) អ្វីនេះ កំពុងល្អ (ដូចមាត់ខ្យងបៀ) នៅត្រង់ចន្លោះភ្លៅរបស់អ្នក ប្រាកដដូចជាវត្ថុមានពណ៌ខ្មៅ ៗ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ អវយវៈដ៏ឧត្តម (លិង្គ) របស់អ្នកលិចចូលទៅក្នុងស្រោម (សរីរៈ) ឬ។
[១០] (នាងនឡិនិកា…) ខ្ញុំត្រាច់ទៅកាន់ទីស្វែងរកមើមឈើផ្លែឈើក្នុងព្រៃ បានចោលខ្លាឃ្មុំមានរូបដ៏សម្បើម ខ្លាឃ្មុំនោះ ស្ទុះមកសង្រ្គុបខ្ញុំដោយរហ័ស ផ្តួលខ្ញុំ ហើយខាំដកយកអវយវៈដ៏ឧត្តមទៅ។ ដំបៅនោះឯង ឈឺពើតផង រមាស់ផង ខ្ញុំមិនបានសេចក្តីសុខ សព្វ ៗ កាលទេ អ្នកដ៏ចំរើនអាចនាំចេញនូវរោគរមាស់នេះចេញបាន អ្នកដ៏ចំរើនដែលខ្ញុំអង្វរហើយ សូមធ្វើនូវប្រយោជន៍ដល់ព្រាហ្មណ៍។
[១១] (ឥសិសិង្គៈ…) ដំបៅរបស់អ្នកមានសភាពដ៏ជ្រៅ មានសម្បុរក្រហម មិនស្អុយទេ គ្រាន់តែមានក្លិនខ្មោះ (បន្តិចៗ) ហើយថែមទាំងធំផង ខ្ញុំនឹងប្រកបដោយថ្នាំដុសលាបឲ្យអ្នកបន្តិចមើល ដើម្បីនឹងឲ្យអ្នកដ៏ចំរើនបានសេចក្តីសុខស្រួល។
[១២] (នាងនឡិនិកា…) បពិត្រតាបសដ៏ប្រសើរ ការប្រកបដោយមន្តទាំងឡាយ ក៏មិនត្រូវ ការប្រកបដោយថ្នាំដុសទាំងឡាយក៏មិនត្រូវ ឱសថទាំងឡាយក៏មិនត្រូវ អវយវៈណារបស់លោកដ៏ទន់ ៗ ចូរលោកនាំចេញនូវរោគរមាស់ដោយអវយវៈនោះ ទើបខ្ញុំមានសេចក្តីសុខស្រួលតទៅ។
[១៣] (ឥសិសិង្គៈ…) អាស្រមរបស់អ្នកដ៏ចំរើន នៅខាងណាអំពីទីនេះ ម្នាលអ្នកដ៏ចំរើន អ្នកអភិរម្យក្នុងព្រៃដែរឬ អ្នកមានមើមឈើ ផ្លែឈើច្រើនដែរឬ សត្វសាហាវទាំងឡាយ មិនបៀតបៀនអ្នកដ៏ចំរើនទេឬ។
[១៤] (នាងនឡិនិកា…) អាស្រមរបស់ខ្ញុំជាទីគួររីករាយ (នៅ) ក្បែរឆ្នេរនៃស្ទឹងឈ្មោះខេមា ដែលហូរទៅអំពីព្រៃហិមវន្ត នាទិសខាងជើងត្រង់អំពីទីនេះ ធ្វើដូចម្តេចហ្ន៎ អ្នកដ៏ចំរើនគប្បីឃើញអាស្រមរបស់ខ្ញុំ។ (ទៀបអាស្រមរបស់ខ្ញុំ) មានដើមស្វាយ រាំងភ្នំ ទន្លាប់ ព្រីង រាជព្រឹក្ស ច្រនៀង មានផ្ការីកស្គុះស្គាយ ធ្វើដូចម្តេចហ្ន៎ អ្នកដ៏ចំរើនគប្បីឃើញអាស្រមរបស់ខ្ញុំដែលមានកិន្នរច្រៀងពីរោះដោយជុំវិញ។ ក្នុងទីជិតអាស្រមរបស់ខ្ញុំនុ៎ះ មានដើមត្នោតទាំងឡាយផង មើមឈើទាំងឡាយផង ផ្លែឈើទាំងឡាយផង ធ្វើដូចម្តេចហ្ន៎ ទើបអ្នកដ៏ចំរើនគប្បីឃើញនូវអាស្រមរបស់ខ្ញុំ ដែលប្រកបដោយពណ៌ និងក្លិនដែលប្រកបដោយភូមិភាគទាំងឡាយ (ដ៏រាបស្មើ) នោះ។ ផ្លែឈើទាំងឡាយផង មើមឈើទាំងឡាយផង មានគរគោកក្នុងអាស្រមនេះ ប្រកបដោយពណ៌ ក្លិន និងរស តែពួកព្រានព្រៃ តែងមកកាន់ប្រទេសនោះ កុំឲ្យពួកវាលួចមើមឈើ និងផ្លែឈើរបស់ខ្ញុំ អំពីអាស្រមនោះឡើយ។
[១៥] (ឥសិសិង្គៈ…) បិតារបស់ខ្ញុំ ទៅកាន់ទីស្វែងរកមើមឈើ ផ្លែឈើ នឹងមកក្នុងកាលល្ងាច ឥឡូវនេះ ចាំបិតាមកអំពីទីស្វែងរកមើមឈើ និងផ្លែឈើសិន សឹមយើងទាំងពីរនាក់ ទៅកាន់អាស្រមនោះ។
[១៦] (នាងនឡិនិកា…) មានពួកព្រាហ្មណ៍ជាឥសី និងពួកព្រះរាជាជាឥសីដទៃទៀតជាច្រើន ដែលជាមនុស្សត្រឹមត្រូវ នៅក្បែរផ្លូវជាលំដាប់ ចូរអ្នកសួររកអាស្រមខ្ញុំ នឹងឥសីទាំងនោះចុះ ឥសីទាំងនោះ នឹងនាំអ្នកទៅឯសំណាក់ខ្ញុំ (មិនខាន)។
[១៧] (ពោធិសត្វជាបិតាសួរថា) ឧសក៏អ្នកមិនពុះ ទឹកក៏អ្នកមិនដង ទាំងភ្លើង ក៏អ្នកមិនបង្កាត់ ហេតុអ្វីបានជាអ្នកជ្រប់ស្រពោន។ ម្នាលកូនសព្រហ្មចារី ឧសទាំងឡាយ អ្នកធ្លាប់តែពុះ ភ្លើងអ្នកធ្លាប់តែបង្កាត់ ទាំងភ្លើងសម្រាប់អាំង ក៏អ្នកធ្លាប់ចាត់ចែង តាំង ក៏អ្នកធ្លាប់រៀបចំសម្រាប់អញ ទឹកក៏អ្នកធ្លាប់តែដំកល់ទុកសម្រាប់អញ កាលពីមុន អ្នកជាមនុស្សប្រសើរ តែងរីករាយ (ក្នុងអាស្រមនេះ)។ (ឥឡូវនេះ) អ្នកមិនពុះឧស មិនដងទឹក មិនបង្កាត់ភ្លើង មិនស្ងោរវត្ថុសម្រាប់បរិភោគ នែកូនរបស់អញ ថ្ងៃនេះអ្នកមិនហៅរកអញ អ្នកបាត់របស់អ្វីឬ ឬក៏អ្នកកើតទុក្ខក្នុងចិត្តដូចម្តេច។
[១៨] (ឥសិសិង្គៈ…) ជដិលជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរមកក្នុងទីនេះ ជាមនុស្សគួរគយគន់ មានដងខ្លួនទ្រទេសទ្រទន់ មិនខ្ពស់ពេក មិនទាបពេក ញ៉ាំងអាស្រមបទឲ្យភ្លឺសាយពាសពេញដោយសក់ទាំងឡាយ ដែលខ្មៅស្រិលដូចជាពណ៌នៃស្លាបកន្លង់ របស់ជដិលដ៏ចំរើន (នោះ)។ (ជដិលនោះ) មិនទាន់ដុះពុកមាត់នៅឡើយទេ ទើបនឹងបួសថ្មីៗ មានទាំងរបស់មានសណ្ឋានដូចជើងបាត្រ ពាក់ត្រង់ករបស់គាត់ មានពកពីរជាគូ ភ្លឺបំព្រង ដូចជាផ្លែទន្លាប់មាស ដុះក្បំល្អត្រង់ទ្រូង។ មុខជដិលនោះ គួរគយគន់ក្រៃពេក មានកំពូលនៃគ្រឿងប្រដាប់ត្រចៀកទាំងឡាយសំយុងចុះ ឰដ៏ត្រចៀកទាំងឡាយ កាលមាណព (នោះ) ត្រាច់ទៅ គ្រឿងប្រដាប់នៃត្រចៀកទាំងនោះ ក៏រុងរឿងផ្លេកៗផង មានទាំងខ្សែសយរុំព័ទ្ធផ្នួងសក់ទាំងឡាយផង។ មាណពនោះ មានគ្រឿងប្រដាប់ដទៃទៀតមានពន្លឺ ៤ ពណ៌គឺ ពណ៌ខៀវ លឿង ក្រហម ស កាលបើមាណព (នោះ) ដើរទៅ គ្រឿងប្រដាប់ទាំងនោះញ័រៗ ដូចជាពួកនៃសត្វមេភ្លៀង ក្នុងពេលកំពុងភ្លៀង។ (មាណពនោះ) មិនពាក់សង្វារស្មៅយាប្លងទេ មិនប្រើប្រាស់សំពត់សំបកឈើទេ មិនប្រើប្រាស់សំពត់ដែលត្បាញដោយស្មៅដំណេកទន្សាយទេ គ្រឿងប្រដាប់ទាំងនោះ ជាប់នៅត្រង់ចន្លោះនៃស្មង ភ្លឺដូចជាផ្លេកបន្ទោរ ដែលចាំងឰដ៏អាកាស។ (មាណពនោះ មានគ្រឿងប្រដាប់ដេរដោយសូត្រ) មិនមានស្នាមគ្រោតគ្រាតផង មិនមានទង (អាចម៍ដង្កូវ) ផង ចងព័ទ្ធត្រង់ចង្កេះ ពីត្រឹមផ្ចិតចុះទៅខាងក្រោម គ្រឿងប្រដាប់ទាំងនោះ ទុកជាឥតមានអ្វីប៉ះពាល់សោះ ក៏ធ្វើនូវល្បែងជានិច្ច គឺញ័ររវិចជាប្រក្រតី បពិត្របិតាដ៏ចំរើន គ្រឿងប្រដាប់ទាំងនោះ ឈ្មោះថាផ្លែឈើអ្វី។ ផ្នួងសក់របស់មាណពនោះ ក៏គួរឲ្យចង់មើលក្រៃពេក (បើមើល) ជាងមួយរយដង (ក៏មិនអស់ចិត្ត) មានចុងងខ្វង់ មានក្លិនក្រអូប (មាណពនោះ) មានសក់ក្បាលញែកជាពីរ សិតញែកស្អាតបាត ធ្វើដូចម្តេចហ្ន៎ នឹងបានឲ្យផ្នួងសក់របស់ខ្ញុំល្អដូច្នោះផង។ មាណពនោះ រំសាយសក់ក្នុងកាលណា ផ្នួងសក់ទាំងឡាយនោះ ក៏ប្រកបដោយពណ៌ ដោយក្លិន ក្នុងកាលនោះ អាស្រមនេះ ក៏ផ្សព្វផ្សាយទៅ (ដោយក្លិន) ដូចជាផ្កាឧប្បលខៀវ ដែលខ្យល់បក់ត្រូវដូច្នោះ។ សម្បុររបស់មាណពនោះ គួរឲ្យចង់មើលក្រៃពេក កាយរបស់មាណពនោះ មិនដូចជាកាយរបស់ខ្ញុំឡើយ កាយរបស់មាណពនោះ កាលបើត្រូវខ្យល់បក់មក ផ្សព្វផ្សាយក្លិនដូចជាព្រៃឈើ ដែលមានផ្ការីកស្គុះស្គាយ ក្នុងខាងចុងនៃគិម្ហរដូវ។ មាណពនោះ តែងទះនូវផ្លែឈើ មានសភាពដ៏វិចិត្រល្អរុងរឿង គួរឲ្យចង់មើល បោះទៅលើផែនដី ផ្លែឈើនោះ រមែងត្រឡប់មក រកដៃរបស់មាណពនោះវិញ បពិត្របិតាដ៏ចំរើន នោះជាផ្លែឈើអ្វី។ ធ្មេញទាំងឡាយរបស់មាណពនោះ ក៏គួរឲ្យចង់មើលក្រៃពេក ស្អាតស្មើដូចជាស័ង្ខដែលគេខាត់យ៉ាងសំខាន់ កាលដែលគាត់ហាមាត់ឡើង តែងញ៉ាំងចិត្តឲ្យជ្រះថ្លា ដ្បិតមាណពនោះ មិនទំពាស៊ីនូវបន្លែ ដោយធ្មេញទាំងឡាយនោះទេ។ សំដីរបស់មាណពនោះ និយាយឡើងមិនជាសំដីអាក្រក់ មិនភ្លាត់ ពីរោះ ស្រទន់ត្រង់ៗ មិនរាយមាយ មិនឮកោកកាក ជាសំដីញ៉ាំងចិត្តឲ្យរីករាយ គួរចាប់ចិត្ត ដូចជាសំឡេងនៃសត្វករវិកយាសយំ ចិត្តរបស់ខ្ញុំត្រេកអរខ្លាំងណាស់។ (មាណពនោះ) មានសំឡេងមូល មានពាក្យមិនសូវក្បោះក្បាយពេកទេ មិនមែនជាអ្នកខ្វល់ខ្វាយក្នុងការស្វាធ្យាយ (មន្ត) ដោយពិត ខ្ញុំចង់ឃើញមាណពនោះម្តងទៀត ដ្បិតមាណព (នោះ) ជាមិត្តរបស់ខ្ញុំតាំងពីមុនដម្បូងមក។ ដំបៅ (ត្រង់ចន្លោះភ្លៅរបស់មាណពនោះ) ជិតស្និទ្ធល្អ រលីងស្អាតសព្វអន្លើ ក្រាស់ ក្បំល្អ ដូចជាផ្កាឈូកក្រពុំ មាណព (នោះ) គ្របសង្កត់ខ្ញុំដោយដំបៅនោះឯង សើយភ្លៅហើយ គាបខ្ញុំដោយស្មង។ (ស្មើដូចមាស ដែលផ្សាយចេញអំពីសរីរកាយនៃមាណពនោះ) ភ្លឺត្រចះត្រចង់ ភ្លឺស្វាងរុងរឿង ភ្លឺផ្លេក ៗ ដូចជាផ្លេកបន្ទោរឆ្វៀលឆ្វាត់លើអាកាស ដើមដៃទាំងពីរទន់ភ្លន់ មានរោមប្រហែលកេសរផ្កាអញ្ជ័ន មាណពនោះ មានម្រាមដៃមូល ៗ ដ៏វិចត្រល្អ។ ម្យ៉ាងទៀត (មាណពនោះ) មានអវយវៈតូចធំ មិនរដិបរដុប (ដោយមុន និងបូសជាដើម) ទេ មានរោមមិនវែងពេកទេ ឯក្រចករបស់មាណពនោះ វែងៗ មានចុងក្រហមៗ (មាណពនោះ) មានរូបល្អ ឱបរិត (ខ្ញុំ) ដោយដើមដៃទាំងពីរដ៏ទន់ល្វន់ (ផ្គាប់ផ្គុនខ្ញុំ) ឲ្យរីករាយ។ ដៃទាំងពីរ របស់មាណពនោះ ដូចជាប៉ុយឈើ មានរស្មីផ្លេកៗ មានបាតដៃមូល និងឆវីវណ្ណស្រស់បំព្រង ដូចផ្ទៃកញ្ចក់ ជាវិការៈនៃមាស មាណពនោះ ពាល់ខ្ញុំដោយដៃទាំងពីរ នោះហើយ ទៅពីទីនេះទៅ បពិត្របិតា មាណពនោះ ដុតរោលខ្ញុំ (ឲ្យក្តៅក្រហាយ) ដោយសម្ជ័ស្សនៃដៃនោះ។ មាណពនោះ ប្រហែលជាមិនដែលនាំទៅនូវវត្ថុមានទម្ងន់មួយខារី (មួយអំរែក) ទេ មាណពនោះ មិនដែលពុះឧសទាំងឡាយខ្លួនឯងទេ មាណពនោះ មិនដែលកាប់ឈើទាំងឡាយដោយកាំបិតទេ បានជាដៃរបស់មាណពនោះ មិនក្រិនសោះ។ មានខ្លាឃ្មុំមួយធ្វើមាណពនោះឲ្យដំបៅ គេបាននិយាយនឹងខ្ញុំថា សូមឲ្យអ្នកធ្វើខ្ញុំឲ្យបានសេចក្តីសុខស្រួល ខ្ញុំក៏បានធ្វើគាត់ឲ្យបានសុខស្រួល ដោយអវយវៈដ៏ឧត្តមនោះរបស់ខ្ញុំ បពិត្របិតាដ៏ប្រសើរ មាណពនោះបាននិយាយប្រាប់ខ្ញុំថា ខ្ញុំបានសេចក្តីសុខស្រួលហើយ។ នេះកម្រាលនៃស្លឹកឈើទាល មានសភាពរាត់រាយ ដែលខ្ញុំ និងគេដេកប្រកៀកប្រឱបលើគ្នា យើងទាំងពីរនាក់នោះអស់កម្លាំង ក៏ចុះងូតទឹក ហើយចូលទៅកាន់បណ្ណកុដិរឿយៗ។ បពិត្របិតា ខ្ញុំមិនបានជួបនឹងព្រហ្មចារីនោះ ដរាបណា មន្តទាំងឡាយមិនជាក់ច្បាស់ដល់ខ្ញុំក្នុងថ្ងៃនេះផង ខ្ញុំមិនពេញចិត្តនឹងការបូជាភ្លើងផង មិនពេញចិត្តនឹងការបូជាយ័ញ្ញផង ទាំងមិនបរិភោគមើមឈើ និងផ្លែឈើរបស់លោកផង ដរាបនោះ។ បពិត្របិតា ចំណែកលោកជ្រាបច្បាស់ប្រាកដ ព្រហ្មចារី (នោះ) នៅក្នុងទិសណា បពិត្របិតា សូមលោកជូនខ្ញុំទៅឲ្យដល់ទិសនោះយ៉ាងឆាប់ កុំឲ្យខ្ញុំស្លាប់ក្នុងអាស្រមរបស់លោកឡើយ ដ្បិតខ្ញុំបានឮថា ព្រៃ (ជាទីនៅនៃព្រហ្មចារីនោះ) មានផ្ការីកស្គុះស្គាយដ៏វិចិត្រ ហើយជាទីគឹកកងដោយបក្សី ជាទីដែលពួកបក្សីនៅអាស្រ័យ (ជានិច្ច) បពិត្របិតា សូមលោកជូនខ្ញុំទៅឲ្យដល់ព្រៃនោះឆាប់ៗ មុនខ្ញុំនឹងលះជីវិតក្នុងអាស្រមរបស់លោក។
[១៩] (ព្រះមហាសត្វ…) សេចក្តីពិតថា បុគ្គលមិនគួរដល់នូវសេចក្តីអផ្សុកបែបនេះ ក្នុងព្រៃដែលរុងរឿងដោយពន្លឺ ជាទីគឹកកងដោយពួកគន្ធព្វ និងស្រីទេពអប្សរ ជាទីនៅនៃឥសីទាំងឡាយ ជាព្រៃមានតាំងពីយូរយារណាស់ហើយនេះឡើយ។ មិត្រទាំងឡាយ មានខ្លះ មិនមានខ្លះ ជនទាំងឡាយគួរធ្វើនូវសេចក្តីស្រឡាញ់ចំពោះញាតិ និងមិត្រ មនុស្សណាមិនដឹងថា អាត្មាអញកើតមកពីណា មនុស្សនេះគម្រក់ ត្រូវមាតុគ្រាមបង្វឹកបានទាំងថ្ងៃ ដោយហេតុអ្វី។ ធម្មតាមិត្រទាំងឡាយ រមែងជាប់តគ្នា ដោយការនៅរួមរឿយៗ មិត្រនោះឯង រមែងលាកចិត្តដោយការមិនបាននៅរួមគ្នារបស់បុរសដែលមិនបានទៅមករកគ្នា។ បើអ្នកឃើញនូវព្រហ្មចារី (នោះទៀត) បើអ្នកចរចាជាមួយនឹងព្រហ្មចារី (នោះទៀត) អ្នកនឹងបំផ្លាញនូវតបោគុណនេះយ៉ាងឆាប់មិនខាន ដូចជាសន្ទូងដ៏ល្អបរិបូណ៌ ដែលទឹកធំបំផ្លាញដូច្នោះ។ បើអ្នកនឹងឃើញនូវព្រហ្មចារី (នោះ) ទៀត បើអ្នកចរចាជាមួយនឹងព្រហ្មចារី (នោះ) ទៀត អ្នកនឹងបំផ្លាញនូវតេជះរបស់សមណៈនេះយ៉ាងឆាប់មិនខាន ដូចជាសន្ទូងល្អបរិបូណ៌ ដែលទឹកធំបំផ្លាញដូច្នោះ។ នែកូន ភូតទាំងឡាយនេះ តែងត្រាច់ទៅក្នុងមនុស្សលោក ដោយបែបភាពនៃរូបផ្សេងៗ ជនអ្នកមានប្រាជ្ញា មិនត្រូវគប់រកនឹងភូតទាំងឡាយនោះឡើយ បុគ្គលជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែងវិនាសទៅ (ព្រោះដល់) នូវការជាប់ចំពាក់ (នឹងភូតបែបនោះឯង)។
ចប់ នឡិនិកាជាតក ទី១។