km:tipitaka:sut:kn:jat:sut.kn.jat.527

ឧម្មាទន្តីជាតក ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 527 បាលី cs-km: sut.kn.jat.527 អដ្ឋកថា: sut.kn.jat.527_att PTS: ?

ឧម្មាទន្តីជាតក ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥២៧. ឧម្មាទន្តីជាតកំ (២))

[២០] (ព្រះបាទសិវិ ត្រាស់សួរសារថីថា) ហៃសុនន្ទៈ នេះជាទី​លំនៅ​របស់​នរណា​ហ្ន៎ ដែលព័ន្ធព័ទ្ធ​ដោយកំពែង ធ្វើដោយ​ឥដ្ឋពណ៌ក្រហម ស្រ្តីអ្វី​ប្រាកដ​ដូចអណ្តាត​ភ្លើង ក្នុង​ទីឆ្ងាយ ឬដូច​ជាអណ្តាត​ភ្លើង ឰដ៏អាកាស​លើ​កំពូលភ្នំ។ ម្នាល​សុនន្ទៈ ស្រ្តីនេះ​ជា​ធីតា​របស់​នរណា​ហ្ន៎ ស្រ្តីនេះជា​កូនប្រសា​របស់​នរណា​ហ្ន៎ ឬជា​ភរិយា​របស់​នរណា ប្រសិនបើ (ស្រ្តីនេះ) មិនទាន់​មានគេ​ហួងហែង​ក្តី មាន​ភស្តាក្តី ខ្ញុំសួរ​ហើយ ចូរអ្នក​ប្រាប់​យ៉ាងឆាប់ ក្នុងកាល​ឥឡូវនេះ​កុំខាន។

[២១] (សារថីក្រាបបង្គំទូលថា) បពិត្រព្រះជនិន្ទៈ ខ្ញុំព្រះអង្គ​ស្គាល់ស្រ្តីនុ៎ះ​ជាក់​លាក់ អំពី​ចំណែក​ខាង​មាតាផង អំពី​ចំណែក​ខាង​បិតាផង ទាំងស្វាមី​របស់ស្រ្តី​នោះ ក៏ខ្ញុំ​ព្រះអង្គ​ស្គាល់ បពិត្រ​ព្រះភូមិបាល ស្វាមីនោះ ជាបុរស​របស់ព្រះអង្គ​ហ្នឹងឯង ជាអ្នកមិន​ប្រហែស​ធ្វេសក្នុង​ប្រយោជន៍​របស់​ព្រះអង្គ​ទាំងយប់​ទាំងថ្ងៃ។ បពិត្រ​ព្រះជនិន្ទៈ ព្រះអង្គ​មាន​អាមាត្យ​ម្នាក់ ជាអ្នក​ស្តុកស្តម្ភ​មាំមួន​ថ្កុំថ្កើង បពិត្រ​ព្រះរាជា ស្រ្តីនោះ​ឈ្មោះនាង​ឧម្មាទន្តី ជា​ប្រពន្ធ​របស់​អាមាត្យ​ឈ្មោះ​អភិបារកៈ​នោះឯង។

[២២] (ព្រះរាជា…) វ៉ឺយ វ៉ឺយ ឈ្មោះនេះ ដែលមាតា​បិតាបាន​ឲ្យដល់​នាងនេះ ត្រូវល្អ​ណាស់ បានជាថា​ដូច្នោះ ព្រោះនាង​ឧម្មាទន្តី កាលក្រឡេក​មើលអញ ធ្វើអញឲ្យ​ឆ្កួត។

[២៣] ស្រ្តីណាមានភ្នែកស្រទន់ដូចភ្នែកម្រឹគ មានសរីរៈ​សម្បុរ​ដូចផ្កា​ឈូក​ក្រហម អង្គុយអែប (ក្បែរបង្អួច) ក្នុងរាត្រី​ដែលមាន​ព្រះចន្ទ​ពេញវង់ អញបាន​ឃើញស្រ្តី​នោះ ដែលមាន​សំលៀក​បំពាក់​ក្រហម​ដូចជា​ជើងព្រាប ក៏ស្មានថា​ជាព្រះចន្ទ​ពេញវង់​ពីរ។ (នាង​ឧម្មាទន្តី) ប្រលោមអញ​ ដោយអាការ​ទ្រទេសទ្រទន់​ល្អស្រស់ ជាប្រធាន​នៃការ​ដ៏វិសេស ម៉ឹកម៉ក់​ក្រឡេក​មើលអញ ចិត្តរបស់​អញក៏​រវើរវាយ ដូចជា​ក្នុងកាល​ដែល​កិន្នរ​ញីកើត​ក្នុង​ព្រៃភ្នំ (ហិមពាន្ត​ធ្វើ​កិន្នរឈ្មោល ឲ្យមាន​ចិត្តរវើរវាយ​ដូច្នោះ)។ ដ្បិតក្នុង​កាលនោះ នាងនារី​មានសម្បុរ​លឿង ពាក់​កុណ្ឌល​កែវមណី មាន​សំលៀក​បំពាក់តែ​មួយ ក្រឡេក​មើល (អញ) ដូចជា​មេម្រឹគផ្អើល។ កាលណាហ្ន៎ នឹងបាននារី​មានក្រចក​ក្រហមទុំ មាន​រោមល្អ មានដើម​ដៃទន់ភ្លន់ លាបស្រឡាប​ដោយ​ខ្លឹមចន្ទន៍ មានម្រាម​ដៃមូល ប្រសប់​ខាងធ្វើ​ម្ង៉ឹកម្ង៉ក់ ល្អផុត​ចុងសក់ មក​ឱបអង្អែល​អញ។ កាល​ណាហ្ន៎ អញនឹង​បានធីតា​របស់សេដ្ឋី​ឈ្មោះ​តិរិដិ ដែលមាន​គ្រឿងប្រដាប់​ទ្រូង​ជាវិការ​នៃមាស មានដង​ខ្លួនរៀវ មក​ឱបរឹត​អញដោយ​ដើមដៃ​ទាំងពីរ​ដ៏ទន់ភ្លន់ ដូចជា​ពួរជ្រៃដែល​រួបរឹត​ដើមឈើ​ដុះក្នុង​ព្រៃធំ។ កាលណា​ហ្ន៎ អញ​នឹងបាន (នារី) ដែលមាន​សម្បុរល្អ​ស្រស់ ដូច​ជា​ទឹកល័ក្តក្រហម មាន​ដោះក្បំ​ដូចជា​ពពុះទឹក មានសរីរៈ​សម្បុរ​ដូចផ្កា​ឈូកក្រហម បង្អោន​មុខមក​ប៉ះនឹង​មុខ (អញ) ដូចជា​អ្នកលេង (ដែលហុច) កែវសុរា​ឲ្យដល់​អ្នក​លេង​ផងគ្នា។ អញ​បានឃើញ​នារីនោះ មានខ្លួន​សមរម្យ​សព្វអន្លើ ជាតម្រេក​នៃចិត្ត កំពុងឈរ​ក្នុង​កាលណា អញ​មិនបាន​ជា​ឥស្សរៈ (លើចិត្ត​របស់ខ្លួន) មិនស្គាល់​នារីនោះ ថាជា​អ្វីឡើយ ក្នុង​កាល​នោះ។ អញបាន​ឃើញនាង​ឧម្មាទន្តី ដែលពាក់​កុណ្ឌល​ជាវិការៈ​នៃកែវមណី ក៏ដេក​មិនលក់​ទាំងថ្ងៃ​ទាំងយប់ ដូចជា​គេផ្ចាញ់អស់​មួយពាន់ដង។ បើសក្ក​ទេវរាជ​ប្រទានពរ​ដល់​អញ សូមឲ្យ​អញបាន​ពរនោះថា ​អភិបារក​សេនាបតី សូម​ត្រេក​ត្រអាល​ជាមួយ​នឹងនាង​ឧម្មាទន្តី​តែមួយយប់ ពីរយប់ ប៉ុណ្ណោះចុះ តពីនោះទៅ សូម​ព្រះបាទ​សិវិរាជ (ត្រេក​ត្រអាល​ជាមួយ​នឹងនាង​ឧម្មាទន្តី​វិញ)។

[២៤] (អភិបារកសេនាបតី…) បពិត្រព្រះអង្គជាម្ចាស់​នៃជន កាលដែល​ទូល​ព្រះបង្គំ​ជាខ្ញុំ​សំពះ​ទេវតា​ទាំងឡាយ មានទេវតា (មួយអង្គ) មកពោល​ពាក្យ​ដូច្នេះ​ថា ព្រះទ័យ​របស់​ព្រះរាជា ជាប់ចំពាក់​នឹងនាង​ឧម្មាទន្តី ទូលព្រះបង្គំ​ជាខ្ញុំ សូមថ្វាយ​ព្រះអង្គ សូម​ព្រះអង្គ​ឲ្យនាង​ឧម្មាទន្តី​នោះបំរើ​ចុះ។

[២៥] (ព្រះរាជា…) ខ្ញុំគប្បីឃ្លាតចាកបុណ្យផង ខ្ញុំមិនមែន​ជាមិន​ស្លាប់ផង អ្នកផង​ដឹងនូវ​អំពើ​អាក្រក់​របស់ខ្ញុំ​នេះផង សេចក្តី​ចង្អៀត​ចង្អល់ចិត្ត​ គប្បីមាន​ដល់អ្នក​យ៉ាងខ្លាំង ព្រោះ​អ្នកឲ្យ (នាង​ឧម្មាទន្តី) ជាទី​ស្រឡាញ់ ​ហើយ​មិនបាន​ឃើញទៀត​ផង។

[២៦] (អភិបារក…) បពិត្រព្រះជនិន្ទៈ លើកលែង​តែព្រះអង្គ និងទូល​ព្រះបង្គំ​ជា​ខ្ញុំចេញ អ្នកទាំង​ពួងមិន​គប្បីដឹង​នូវអំពើ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​ថ្វាយនាង​ឧម្មាទន្តី ដល់​ព្រះអង្គ​ទេ បពិត្រ​ព្រះរាជា សូមព្រះអង្គ​ធ្វើនូវ​ព្រៃ គឺតណ្ហា ឲ្យខ្លាំង​ក្លាចុះ (បើ) ព្រះអង្គ (លែង​សព្វ​ព្រះរាជហឫទ័យ​ហើយ សូមលះ​បង់ចុះ)។

[២៧] (ព្រះរាជា…) មនុស្សណា ធ្វើអំពើអាក្រក់ មនុស្សនោះ តែងសំគាល់​ថា ជនទាំង​ឡាយដទៃ ពុំដឹង​នូវអំពើ​អញនេះ​ឡើយ តែពួកភូត និងពួក​នរជន​ដែលប្រកប (ដោយ​ឫទ្ធិ) លើដែនដី រមែងឃើញ​បុគ្គល​ដែលធ្វើ​បាបកម្ម​នុ៎ះ។ ជនដទៃ​ណាហ្ន៎ លើ​ផែនដីក្នុង​លោក គប្បីជឿ​ចិត្តអ្នកថា នាង (ឧម្មាទន្តី) មិនជាទី​ស្រឡាញ់​របស់អញ​ដូច្នេះ ទាំង​សេចក្តី​ចង្អៀត​ចង្អល់ចិត្ត គប្បីមាន​ដល់អ្នក​យ៉ាងខ្លាំង ព្រោះអ្នក​ឲ្យនាង​ឧម្មាទន្តី​ជាទី​ស្រឡាញ់​ហើយ មិនបាន​ឃើញទៀត។

[២៨] (អភិបារក…) បពិត្រព្រះជនិន្ទៈ នាង​ឧម្មាទន្តីនុ៎ះ ជាទី​ស្រឡាញ់​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​ដោយពិត បពិត្រ​ព្រះភូមិបាល នាងនោះ មិនមែន​មិនជាទី​ស្រឡាញ់​របស់​ទូលព្រះបង្គំ​ជាខ្ញុំទេ សូមសេចក្តី​ចំរើនចូរ​មានដល់​ព្រះអង្គ សូមព្រះអង្គ​យាងទៅ​កាន់សំណាក់​នាង​ឧម្មាទន្តី​កុំខាន ដូចជា​សីហៈឈ្មោល​ចូលទៅ​កាន់​គុហាកែវមណី (ជា​លំនៅ​របស់​សីហៈញី) ដូច្នោះ។

[២៩] (ព្រះរាជា…) អ្នកប្រាជ្ញទាំងឡាយ (បើទុកជា) ត្រូវសេចក្តី​ទុក្ខក្នុង​ខ្លួន​បៀតបៀន​ហើយ ក៏មិន​លះបង់​នូវអំពើ​ដែលមាន​ផលជា​សុខឡើយ ឬទោះ​បើវង្វេង​ជ្រុល​ជ្រប់ក្តី ស្រវឹង​ដោយសេចក្តី​សុខក្តី ក៏គង់​មិនប្រព្រឹត្ត​ធ្វើ​បាបកម្មទេ។

[៣០] (អភិបារក…) ព្រះអង្គដូចជាមាតាបិតា ជាអ្នក​ចិញ្ចឹម ជាម្ចាស់ ជាអ្នក​បីបាច់​រក្សា ទាំងជា​ទេវតា​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះបាទសិវិ ខ្ញុំព្រះអង្គ ព្រមទាំង​កូន​ប្រពន្ធ ជា​ទាសៈ​របស់​ព្រះអង្គ សូមទ្រង់​ធ្វើសេចក្តី​ប្រាថ្នាតាម​សប្បាយចុះ។

[៣១] (ព្រះរាជា…) បុគ្គលណាអាងថា អាត្មាអញជាធំ​ដូច្នេះហើយ ធ្វើនូវ​អំពើ​អាក្រក់ បុគ្គលនោះ​លុះបាន​ធ្វើរួចហើយ ក៏មិន​រអែងនឹង​ពួក​ជនដទៃ ព្រោះ​អំពើនោះ បុគ្គល​នោះ មិន​រស់នៅ​អស់កាល​ជាអង្វែង ទាំងពួក​ទេវតា​ក៏តែង​រំពៃមើល​បុគ្គលនោះ ដោយ​អំពើ​អាក្រក់។

[៣២] (អភិបារក…) បុគ្គលទាំងឡាយណា តាំងនៅ​ក្នុងធម៌ ទទួលយក​នូវទាន ដែលគេ​មិនស្គាល់ ដែលម្ចាស់​ទាំងឡាយ​ប្រគល់​ឲ្យហើយ បុគ្គលជា​អ្នកទទួល​ទាំងឡាយ (នោះ) ផង អ្នកឲ្យ​ទាំងឡាយ​ផង ឈ្មោះថា​ធ្វើនូវ​អំពើមាន​ផលជា​សុខក្នុង​ហេតុនោះ។

[៣៣] (ព្រះរាជា…) បុគ្គលដទៃណាហ្ន៎ លើផែនដី​ក្នុងលោក គប្បី​ជឿអ្នកថា (នាង​ឧម្មាទន្តី) មិនមែន​ជាទីស្រឡាញ់​របស់អញ​ដូច្នេះ ទាំង​សេចក្តី​ចង្អៀត​ចង្អល់ចិត្ត គប្បី​មានដល់​អ្នក​យ៉ាងខ្លាំង ព្រោះអ្នក​ឲ្យនាង​ឧម្មាទន្តី​ជាទី​ស្រឡាញ់ ហើយមិន​បានឃើញ​ទៀតផង។

[៣៤] (អភិបារក…) បពិត្រព្រះជនិន្ទៈ នាងឧម្មាទន្តី​នុ៎ះ ជាទី​ស្រឡាញ់​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ​ដោយពិត បពិត្រ​ព្រះភូមិបាល នាងនោះ មិនមែន​មិនជាទី​ស្រឡាញ់​របស់​ទូលព្រះបង្គំ​ជាខ្ញុំទេ នាង​ឧម្មាទន្តី ទូល​ព្រះបង្គំ​ជាខ្ញុំ​បានថ្វាយ​ហើយ ចំពោះ​ព្រះអង្គ​ដោយ​ហេតុណា បពិត្រ​ព្រះរាជា សូមព្រះអង្គ​ធ្វើនូវ​ព្រៃ គឺតណ្ហា ឲ្យខ្លាំង​ក្លាចុះ (បើ) ព្រះអង្គ (លែងសព្វ​ព្រះរាជហឫទ័យ) សូមលះ​បង់ចុះ។

[៣៥] (ព្រះរាជា…) បុគ្គលណាឲ្យទុក្ខដល់ជនដទៃ ដោយ​ទុក្ខរបស់​ខ្លួន ឬ​ដណ្តើម​សុខ​ដើម្បីខ្លួន អំពីសុខ (របស់​ជនដទៃ) (បុគ្គលនោះ​ឈ្មោះថា​មិនស្គាល់ធម៌) លុះតែ​បុគ្គល​ណា ដឹងច្បាស់​យ៉ាងនេះ​ថា សុខទុក្ខ​របស់អញ​នេះ​យ៉ាងណា សុខទុក្ខ​របស់​ជនដទៃ​ក៏យ៉ាង​នោះដែរ បុគ្គលនោះ​ទើបឈ្មោះ​ថា អ្នកដឹងធម៌។

[៣៦] បុគ្គលដទៃណាហ្ន៎ លើផែនដីក្នុងលោក គប្បី​ជឿអ្នកថា (នាង​ឧម្មាទន្តី) មិនមែន​ជាទី​ស្រឡាញ់​របស់អញ​ដូច្នេះ ទាំង​សេចក្តី​ចង្អៀត​ចង្អល់ចិត្ត គប្បីមាន​ដល់អ្នក​យ៉ាងខ្លាំង ព្រោះអ្នក​ឲ្យនាង​ឧម្មាទន្តី​ជាទីស្រឡាញ់​ហើយ មិនបាន​ឃើញ​ទៀតផង។

[៣៧] (អភិបារក…) បពិត្រព្រះជនិន្ទៈ ព្រះអង្គគង់​ជ្រាបថា នាង​ឧម្មាទន្តី​នុ៎ះ ជាទី​ស្រឡាញ់​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះភូមិបាល នាងនោះ​មិនមែន​មិន​ជាទី​ស្រឡាញ់​របស់​ទូលព្រះបង្គំ​ជាខ្ញុំទេ បពិត្រ​ព្រះជនិន្ទៈ ទូលព្រះបង្គំ​ជាខ្ញុំ សូមថ្វាយ​នាង​ឧម្មាទន្តី​ជាទី​ស្រឡាញ់​ចំពោះ​ព្រះអង្គ ដោយចិត្ត​ជាទី​ស្រឡាញ់ បពិត្រ​ព្រះសម្មតិទេព បុគ្គល​អ្នកឲ្យ​នូវវត្ថុ​ជាទី​ស្រឡាញ់​ទាំងឡាយ រមែង​បាននូវវត្ថុ​ជាទី​ស្រឡាញ់វិញ។

[៣៨] (ព្រះរាជា…) អញនោះមុខជានឹង​សម្លាប់ខ្លួន ព្រោះ​មានកាម​ជាហេតុ​ដោយពិត អញនឹង​មិនអាច​ដើម្បី​សម្លាប់នូវ​ធម៌ដោយ​អធម៌ឡើយ។

[៣៩] (អភិបារក…) បពិត្រព្រះជនិន្ទៈ ទ្រង់មានព្យាយាម​ក្នុងពួក​ជន​ដ៏ប្រសើរ បើ​ព្រះអង្គ​មិនសព្វ​ព្រះរាជហឫទ័យ​នឹងនាង​ឧម្មាទន្តី ដែលជា​របស់​ទូលព្រះបង្គំ​ជាខ្ញុំទេ ទូល​ព្រះបង្គំ​ជាខ្ញុំនឹង​លះបង់​នាងនា​កណ្តាល​ជនទាំងពួង តពី​នោះទៅ ព្រះអង្គ​គប្បី​នាំយក​នាង​ឧម្មាទន្តី​នោះ ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​លះបង់​ហើយ។

[៤០] (ព្រះរាជា…) នែអភិបារកៈ បើអ្នកលះបង់ (នាងឧម្មាទន្តី) ដែល​មិនមាន​ទោស ​នែ ​អ្នកធ្វើ (ប្រយោជន៍​ដល់ខ្ញុំ) ការលះបង់​នោះ គប្បី​មិនជា​ប្រយោជន៍​ដល់អ្នកផង ពាក្យ​តំណេះ​តំនៀល​យ៉ាងច្រើន គប្បីមាន​ដល់អ្នកផង ប័ក្ខពួក​របស់អ្នក​ក្នុងនគរ មិនគប្បី​មានផង។

[៤១] (អភិបារក…) បពិត្រព្រះភូមិបាល ទូលព្រះបង្គំ​ជាខ្ញុំ​នឹងអត់ទ្រាំ​នូវពាក្យ​តំណេះ​តំនៀល​នុ៎ះផង នូវនិន្ទាផង នូវសេចក្តី​សរសើរ​ផង និងការ​ពោលទោស​គ្រប់យ៉ាង​ថា ហេតុ​ទាំងនុ៎ះ ចូរមក​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំចុះ បពិត្រ​ព្រះបាទសីវិ សូម​ទ្រង់ធ្វើ​នូវ​សេចក្តី​ប្រាថ្នា​តាមសប្បាយ​ចុះ។

បុគ្គលណា មិនអើពើនឹងនិន្ទា មិនអើពើនឹង​សេចក្តី​សរសើរ មិនអើពើ​នឹងពាក្យ​ពោល​ទោស មិនអើពើ​នឹង​ការបូជា សិរីក្តី បញ្ញាក្តី រមែងទៅ​ប្រាសចាក​បុគ្គល​នោះដូច​ជាទឹក គឺ​ទឹកភ្លៀង​យ៉ាងស្រួល ដែលទៅ​ប្រាសចាក​ទីទួល​ដូច្នោះ។ ទូលព្រះបង្គំ​ជាខ្ញុំ​នឹងទទួល​នូវ​សេចក្តី​ទុក្ខផង នូវសេចក្តី​សុខផង នូវអំពើ​អាក្រក់​ហួសផ្លូវ​ធម៌ផង នូវសេចក្តី​ចង្អៀត​ចង្អល់ចិត្ត​គ្រប់យ៉ាង តាមតែ​យ៉ាងណា​ក៏ដោយ អំពី​ដំណើរនេះ​ដោយផ្ទាល់​ទ្រូង ដូច​ជាផែនដី (ដែលទទួល​នូវវត្ថុ​ណាមួយ) របស់​ពួកជន​អ្នកមាំមួន គឺ​ព្រះអរហន្ត និងរបស់​ពួកជន​អ្នកតក់​ស្លុត គឺបុថុជ្ជន។

[៤២] (ព្រះរាជា…) ខ្ញុំមិនប្រាថ្នាអំពើអាក្រក់ហួស​ផ្លូវធម៌ផង សេចក្តី​ទុក្ខជា​គ្រឿង​ចង្អៀត​ចង្អល់​ចិត្តផង ដល់ជន​ទាំងឡាយ​ដទៃទេ ខ្ញុំតែ​ម្នាក់ឯង ឋិតនៅ​ក្នុងធម៌ មិន​ញ៉ាំង​ប្រយោជន៍​បន្តិចបន្តួច​ឲ្យសាបសូន្យ​ទៅទេ ហើយ​នឹងឆ្លង​នូវភារៈ គឺសេចក្តី​ទុក្ខ​នេះ។

[៤៣] (អភិបារក…) បពិត្រព្រះជនិន្ទៈ ព្រះអង្គកុំធ្វើ​នូវបុញ្ញកម្ម​ ជាគ្រឿង​ញ៉ាំង​សត្វឲ្យ​កើតក្នុង​ឋានសួគ៌​របស់​ទូលព្រះបង្គំ​ជាខ្ញុំ ឲ្យអន្តរាយ​ឡើយ ទូលព្រះបង្គំ​ជាខ្ញុំ ជ្រះ​ថ្លា ថ្វាយនាង​ឧម្មាទន្តី​ចំពោះ​ព្រះអង្គ ដូចជា​ព្រះរាជា (ដែលទ្រង់​ព្រះរាជទាន) នូវទ្រព្យ​ក្នុង​ការបូជា​ដល់ពួក​ព្រាហ្មណ៍។

[៤៤] (ព្រះរាជា…) ម្នាលអ្នកធ្វើនូវប្រយោជន៍ អ្នកជា​បុគ្គល​មាន​ប្រយោជន៍​ដល់ខ្ញុំ​ដោយពិត នាង​ឧម្មាទន្តី និងអ្នក​ជាសំឡាញ់​របស់ខ្ញុំ ពួកទេវតា និងទេវតា​ជាបិតា និង​អ្នកទាំង​អស់ មុខ​ជានិន្ទា ទាំងខ្ញុំ​ក៏មុខ​ជានឹង​ឃើញនូវ​បាបក្នុង​អភិសម្បរាយភព​ពុំខាន។

[៤៥] (អភិបារក…) បពិត្រព្រះបាទសិវិ ពួកអ្នកនិគម និងពួកអ្នក​ជនបទ​ទាំង​អស់គ្នា មិនគប្បី​ពោល​នូវអំពើ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​បានថ្វាយ​នាង​ឧម្មាទន្តី​ចំពោះ​ព្រះអង្គ​​នុ៎ះ ថា​ជាធម៌ទេ បពិត្រ​ព្រះរាជា សូមព្រះអង្គ​ធ្វើនូវព្រៃ (តណ្ហា) ឲ្យ​ខ្លាំងក្លា (បើ) ព្រះអង្គ (លែងសព្វ​ព្រះរាជហ្ឫទ័យ​ហើយ) សូមលះ​បង់ចុះ។

[៤៦] (ព្រះរាជា…) ម្នាលអ្នកធ្វើនូវប្រយោជន៍ អ្នកជាបុគ្គលមានប្រយោជន៍ ដល់​ខ្ញុំដោយពិត នាងឧម្មាទន្តី និងអ្នកជាសំឡាញ់របស់ខ្ញុំ ធម៌ទាំងឡាយ ដែលពួក​សប្បុរស​បាន​​សំដែងល្អហើយ ខ្ញុំប្រព្រឹត្តកន្លងបានដោយកម្រ ដូចជាសមុទ្រ និងច្រាំង។

[៤៧] (អភិបារក…) ព្រះអង្គជាអាហុនេយ្យបុគ្គល ជាអ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍ ជាអ្នក​ទ្រទ្រង់ ជាអ្នក​ចាត់ចែង (ឥស្សរិយសុខ) និងជា​អ្នករក្សា​នូវសេចក្តី​ប្រាថ្នា​របស់​ទូលព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះរាជា នាង​ឧម្មាទន្តី​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ បាន​ថ្វាយ​ព្រះអង្គ នឹង​មានផលច្រើន សូមទ្រង់​ទទួល​យកនាង​ឧម្មាទន្តី តាម​សេចក្តី​ប្រាថ្នា​របស់​ទូល​ព្រះបង្គំ​ជា​ខ្ញុំ។

[៤៨] (ព្រះរាជា…) ម្នាលអភិបារកៈជាកូនរបស់​សេនាបតី ជាអ្នក​ធ្វើនូវ​ប្រយោជន៍ អ្នកមិន​មែនជា​បុគ្គល​ប្រព្រឹត្ត​នូវធម៌​ទាំងអស់​ដល់ខ្ញុំ​ដោយពិត ជនមាន​ជើង​ពីរដទៃ តើរូប​ណា​ក្នុង​ជីវលោក​នេះ ជាអ្នក​ធ្វើនូវ​សួស្តី​ដល់អ្នក​ក្នុង​ពេល​អរុណរះ។

[៤៩] (អភិបារក…) ព្រះអង្គជាបុគ្គលប្រសើរផុត ព្រះអង្គ​ជាបុគ្គល​ខ្ពង់ខ្ពស់​ផុត ព្រះអង្គ​ជាអ្នក​ដល់នូវ​ធម៌ ជ្រាបច្បាស់​នូវធម៌ មានព្រះ​ប្រាជ្ញា​ប្រពៃ ទ្រង់ជា​អ្នកគ្រប់​គ្រងនូវ​ធម៌ សូមទ្រង់​មានព្រះជន្មាយុ​អស់កាល​ដ៏អង្វែង បពិត្រ​ព្រះធម្មបាល សូមទ្រង់​សំដែង​ធម៌ដល់​ទូលព្រះបង្គំ​ជាខ្ញុំ។

[៥០] (ព្រះរាជា…) បើដូច្នោះ ម្នាលអភិបារកៈ អ្នកចូរស្តាប់​ពាក្យខ្ញុំ ខ្ញុំនឹង​សំដែង​ធម៌ដែល​ពួកសប្បុរស​ធ្លាប់សេព​ដល់អ្នក។ ព្រះរាជា​ជាអ្នក​គាប់ចិត្ត​ដោយធម៌​ទើបល្អ ជនមាន​ប្រាជ្ញា​ទើបល្អ ការមិន​ប្រទូស្តមិត្ត​ទើបល្អ កិរិយា​មិនធ្វើបាប​ទើបសុខ។ មនុស្ស​ទាំង​ឡាយ គប្បី​នៅជាសុខ​ក្នុងផ្ទះ​របស់ខ្លួន ក្នុងម្លប់​ដ៏ត្រជាក់ ​ក្នុងដែន​នៃស្តេច ដែល​មិនមាន​ក្រោធ មានច្បាប់​ឋិតថេរ។ ខ្ញុំមិនគាប់ចិត្ត​នឹងអំពើ​ដែលមិន​ពិចារណា ហើយ​ធ្វើ ដែលធ្វើ​មិនប្រពៃ​នុ៎ះទេ ម្យ៉ាងទៀត ជនទាំង​ឡាយណា​ ដឹងថា (មិនប្រពៃ) ហើយ មិនធ្វើ​ដោយ​ខ្លួនឯង (អំពើ​របស់ជន​ទាំងឡាយ​នោះ ទើបខ្ញុំ​ពេញចិត្ត) អ្នក​ស្តាប់ពាក្យ​ប្រៀបធៀប​នេះ​របស់ខ្ញុំ​ចុះ។ កាលគោ​ទាំងឡាយ​កំពុង​ឆ្លងទៅ បើគោ​បាទៅ​វៀចផ្លូវ កាលបើ​គោអ្នក​នាំផ្លូវ​ទៅវៀច​ហើយ ពួកមេគោ​ទាំងអស់​នោះ ក៏ដើរ​វៀចដែរ។ បណ្តា​មនុស្សទាំង​ឡាយ ក៏ដូច្នោះ ជនណា​ដែលអ្នក​ផងសន្មត​ថាប្រសើរ​ផុត បើ​ជននោះ ប្រព្រឹត្ត​នូវអធម៌​ទៅហើយ នឹងចាំ​បាច់និយាយ​ទៅថ្វី​ដល់ប្រជាជន​ក្រៅនេះ បើព្រះរាជា​មិន​ប្រកប​​ដោយធម៌ រាស្រ្ត​ទាំងអស់ តែងដេក​ជាទុក្ខ។ កាលបើ​គោទាំងឡាយ​កំពុងឆ្លង​ទៅ គោបា​ទៅត្រង់ កាលបើ​គោអ្នក​នាំផ្លូវទៅ​ត្រង់ហើយ ពួកមេគោ​ទាំងអស់​នោះ ក៏​ដើរទៅ​ត្រង់។ បណ្តា​មនុស្ស​ទាំងឡាយ​ក៏ដូច្នោះ ជនណា​ដែលអ្នក​ផងសន្មត​ថាប្រសើរ​ផុត បើជន​នោះ​ប្រព្រឹត្តធម៌ នឹងចាំ​បាច់ពោល​ទៅថ្វី​ដល់ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​ទ្រង់ប្រកប​ដោយធម៌ រាស្រ្ត​ទាំងអស់​រមែងដេក​ជាសុខ។ ម្នាល​អភិបារកៈ ខ្ញុំមិន​ប្រាថ្នា​នូវភាព​នៃខ្លួន​ជាទេវតា​ដោយ​អធម៌ទេ ម្យ៉ាងទៀត (ខ្ញុំមិន​ប្រាថ្នា) ដើម្បី​ឈ្នះ​នូវ​ផែនដី​ទាំងមូល​នេះ (ដោយ​អធម៌ទេ)។ ថ្វីបើក្នុង​មនុស្ស​លោកនេះ មាន​រតនវត្ថុ​ណាមួយ គឺគោ​ទាំងឡាយ ខ្ញុំ ប្រាក់ សំពត់ និងខ្លឹមចន្ទន៍​ក្រហម​ដោយ​ពិតដូច្នោះ។ ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងឡាយ​នេះ រក្សាទុក​នូវរតនៈ​ណាមួយ គឺសេះ និងស្រ្តី​ទាំងឡាយ កែវមណី បុគ្គល​មិនគួរ​ប្រព្រឹត្តនូវ​ធម៌មិនស្មើ ព្រោះហេតុ​នៃរតនវត្ថុ​នោះៗ ទេ យើងដូច​ជា​គោឧសភ កើតក្នុង​ចំណោម​នៃពួកជន​អ្នកនៅ​ក្នុង​ដែនសិវិ។ ខ្ញុំនោះ​ជាអ្នក​ដឹកនាំ ជាអ្នក​ស្វែងរក​ប្រយោជន៍ ល្បីល្បាញ​រក្សា​នូវដែន លំអុត​លំឱន​ចំពោះ​ប្រពៃណី (របស់​ស្តេច​ជាន់មុន) នៃអ្នក​សិវិរាស្រ្ត​ទាំងឡាយ ជាអ្នក​ត្រិះរិះ​តែធម៌ ព្រោះ​ហេតុនោះ ខ្ញុំមិនលុះ​ក្នុងអំណាច​នៃ​ចិត្ត​​របស់​ខ្លួនទេ។

[៥១] (អភិបារក…) បពិត្រមហារាជ ព្រះអង្គនឹងសោយ​រាជសម្បត្តិ​ទៀងទាត់ មិនវិនាស ក្សេមក្សាន្ត បានយូរយារ​ដោយពិត ដ្បិតប្រាជ្ញា​របស់​ព្រះអង្គ​ប្រាកដ​ដូច្នោះ។ ព្រះអង្គ​មិនប្រមាទ​ចំពោះ​ធម៌ណា ទូល​ព្រះបង្គំ​ជាខ្ញុំ​សូម​អនុមោទនា​ចំពោះ​ធម៌នុ៎ះ​របស់​ព្រះអង្គ ក្ស័ត្រ​ជាឥស្សរៈ​ ប្រមាទ​ចំពោះធម៌​ហើយ រមែង​ឃ្លាត​ចាកដែន។ បពិត្រ​ខត្តិយ មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុង​មាតាបិតា​ទាំងឡាយ បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​ខត្តិយ​មហារាជ សូម​ទ្រង់ប្រព្រឹត្ត​ធម៌ ក្នុងព្រះរាជបុត្ត និង​អគ្គមហេសី បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​ខត្តិយ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុង​ពួកមិត្រ និងអាមាត្យ បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុង​ពួកវាហនៈ​ផង ក្នុងពួក​ពលផង បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុងពួក​អ្នកស្រុកផង ក្នុងពួក​អ្នកនិគមផង បពិត្រ​ព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុងពួក​អ្នកដែនផង ក្នុងពួក​អ្នក​ជនបទផង បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់ឋាន​សួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុងសមណៈ​ផង ក្នុងពួក​ព្រាហ្មណ៍ផង បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌ ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​ខត្តិយ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌ ក្នុងពួក​ម្រឹគ និងបក្សី បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ចុះ (ដ្បិត) ធម៌ដែល​គេសន្សំ​ហើយ តែងនាំ​មកនូវ​​សេចក្តីសុខ បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្ត​ធម៌ចុះ (ដ្បិត) ព្រះ​ឥន្រ្ទ​ទាំងឡាយ ទេវតា​ទាំងឡាយ ព្រម​ទាំងព្រហ្ម បានដល់​នូវអត្តភាព​ជាទិព្វ ដោយសារ​ធម៌ ដែលគេ​បានសន្សំ​ទុកល្អហើយ បពិត្រ​ព្រះរាជា ព្រះអង្គ​កុំប្រមាទ​ចំពោះ​ធម៌ឡើយ។

ចប់ ឧម្មាទន្តីជាតក ទី២។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.527.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann