km:tipitaka:sut:kn:jat:sut.kn.jat.528

មហាពោធិជាតក ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 528 បាលី cs-km: sut.kn.jat.528 អដ្ឋកថា: sut.kn.jat.528_att PTS: ?

មហាពោធិជាតក ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥២៨. មហាពោធិជាតកំ (៣))

[៥២] (ព្រះបាទព្រហ្មទត្តត្រាស់សួរថា) បពិត្រព្រាហ្មណ៍ ហេតុអ្វី​ក៏លោក​ប្រញាប់​ប្រញាល់​កាន់យក​ឈើច្រត់ផង ស្បែក​ខ្លាឃ្មុំផង ឆ័ត្រផង ស្បែកជើង​ផង ទំពក់​ផង បាត្រផង សង្ឃាដិផង លោក​ប្រាថ្នា (ដើម្បីទៅ) កាន់ទិសណាហ្ន៎។

[៥៣] (ព្រះមហាសត្តឆ្លើយថា) អាត្មាភាពនៅក្នុងសំណាក់​ព្រះអង្គ​អស់ ១២ ឆ្នាំ​នេះ​ហើយ មិនដែល​ស្គាល់សំឡេង​ដែលឆ្កែ​ក្រហម​ព្រុះម្តង​ឡើយ។ ឆ្កែនោះបញ្ចេញ​ចង្កូម​សស្ងាច ព្រុះដូចជា​សាហាវ​ ព្រោះឮ (ព្រះបន្ទូល) របស់​ព្រះអង្គ ព្រមទាំង​អគ្គមហេសី ដែល​មានជំនឿ​ទៅប្រាសហើយ ក្នុងរវាង​អាត្មាភាព។

[៥៤] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ទោសនុ៎ះខ្ញុំបាន​ធ្វើហើយ ដូចជា​លោក​ពោល ខ្ញុំនោះ ជ្រះថ្លា​លើសដើម បពិត្រ​ព្រាហ្មណ៍ សូមលោក​គង់នៅ ចូរកុំទៅ។

[៥៥] (ព្រះមហាសត្វ…) កាលពីដើម បាយសសុទ្ធ តពីនោះមក បាយពព្រុះ ឥឡូវ​នេះ បាយក្រហម​សុទ្ធ (កាលនេះ) ជាកាល​គួរ អាត្មាភាព​ចៀសចេញ​ទៅហើយ។ ពីដើម អាសនៈ​របស់ (អាត្មាភាព) នៅខាង​ក្នុង (ប្រាសាទ) តមក​នៅកណ្តាល (ក្បាល​ជណ្តើរ) តពីនោះ​មកទៀត នៅខាងក្រៅ អាត្មាភាព​នឹងចេញ​ទៅខ្លួនឯង មុនការ​បណ្តេញ។ បុគ្គល​មិនត្រូវ​សេពគប់​បុគ្គល​ប្រាសចាក​សទ្ធា ដែលទុក​ដូចអណ្តូង​មិន​មាន​ទឹក ប្រសិនបើ​បុគ្គល​កកាយ​អណ្តូងនោះ (ទឹកដែល​ចេញអំពី​អណ្តូងនោះ) មុខជា​ប្រកប​ដោយ​ក្លិនភក់​ពុំខាន។ បុគ្គល​ត្រូវសេពគប់​ចំពោះ​តែជនដែល​ជ្រះថ្លា ត្រូវវៀរ​ចាកជន​ដែល​មិនជ្រះថ្លា ត្រូវចូល​ទៅអង្គុយ​ជិតជន​ដែលជ្រះថ្លា ដូចជា​បុគ្គល​ត្រូវការ​ដោយទឹក (ចូលទៅរក) អន្លង់​ទឹក​ដូច្នោះ។ បុគ្គល​គួរគប់រក​បុរសដែល​គប់រក (ខ្លួន) មិនគួរ​គប់រក​បុរស​ដែល​មិនគប់រក (ខ្លួន) ទេ បុគ្គល​ណា មិនគប់​រកបុគ្គល​ដែលគប់​រក (ខ្លួន) បុគ្គលនោះ​ឈ្មោះថា​កាន់ធម៌​របស់​អសប្បុរស។ បុគ្គលណា មិនគប់​រកបុគ្គល​ដែលគប់​រក (ខ្លួន) មិនសេព​គប់ចំពោះ​បុគ្គល​ដែល​សេពគប់ (នឹងខ្លួន) បុគ្គល​នោះឯង ជាមនុស្ស​អាក្រក់ផុត ដូចជា​ម្រឹគ ដែលអាស្រ័យ​នៅលើ​មែកឈើ (ស្វា)។ មិត្តទាំង​ឡាយ លាកចិត្ត​ពីគ្នាដោយ​ហេតុនេះ គឺ​ដោយនៅ​ច្រឡូក​ច្រឡំ​គ្នាញឹកពេក ១ ដោយ​ការមិន​ជួបគ្នា​សោះ ១ ដោយការ​សូមក្នុង​កាល​មិនគួរ ១។ ព្រោះ​ហេតុនោះ បុគ្គល​មិនត្រូវ​ទៅញឹកៗ ផង មិនត្រូវ​ទៅ (ឃ្លាតគ្នា) យូរ​ពេកផង គប្បីសូម​នូវរបស់​ដែលគួរ​សូម​តាម​កាលផង យ៉ាងនេះ ​ទើបមិត្រ​ទាំងឡាយ ​មិន​លាកចិត្ត​ពីគ្នា។ បុគ្គល​ធ្លាប់ជា​ទីស្រឡាញ់ ទៅជាមិន​ជាទី​ស្រឡាញ់​វិញ ព្រោះនៅ​រួមគ្នា​យូរពេក អាត្មាភាព​សូមលា​ព្រះអង្គ​ទៅមុន យើង​ទាំងឡាយ​នោះ​ មិនជាទី​ស្រឡាញ់​គ្នាទេ។

[៥៦] (ព្រះរាជា…) បើលោកម្ចាស់​មិនទទួលដឹង​នូវអញ្ជលី​របស់​យើងទាំង​ឡាយ ដែល​អង្វរ​យ៉ាងនេះ មិនធ្វើ​តាមពាក្យ​យើង ដែលជា​សត្វបំរើ​ទេ យើងខ្ញុំ​សូម​អង្វរ​លោកម្ចាស់​​យ៉ាងនេះ សូមលោកម្ចាស់​ធ្វើនូវ​សេចក្តី​ប្រាថ្នា (ដើម្បីមក​ក្នុងទីនេះ) ម្តងៗ។

[៥៧] (ពោធិសត្ត…) បពិត្រមហារាជ ទ្រង់មានសេចក្តី​ចំរើន​ក្នុងដែន កាលបើ​យើង​ទាំងឡាយ​នៅ (ផ្សេងគ្នា) យ៉ាងនេះ អន្តរាយ​នឹងមាន​ដល់​ព្រះអង្គផង ដល់​អាត្មាភាព​ផង សូម​យើងទាំងឡាយ ជួបគ្នា​ក្នុងកាល​កន្លងទៅ​មួយថ្ងៃ​មួយយប់។

[៥៨] (ព្រះមហាសត្វទំលាយនូវវាទៈរបស់អាមាត្យជាអហេតុកវាទីថា) បើពាក្យ (របស់​អ្នកថា) សត្វប្រព្រឹត្ត​ទៅតាម​សង្គតិ1) (នៃ​អភិជាតិទាំង ៦) និង​សភាវៈ សត្វធ្វើ​នូវអំពើ​ដែលមិន​គួរធ្វើ (បាប) ឬអំពើ​ដែលគួរធ្វើ (បុណ្យ) តើនរណា ក្នុង​លោកនេះ ប្រឡាក់​ដោយ​បាប ព្រោះអំពើ​ដែលធ្វើ​ដោយ​ការ​មិនចង់។ បើ (សេចក្តីនៃ​ភាសិតរបស់​អ្នក គឺ​អហេតុកវាទ) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិន​អាក្រក់​ទេ បើ​ពាក្យ​របស់អ្នក​ដ៏ចំរើន​ជាពាក្យពិត ពានរ​ក៏ឈ្មោះថា​អាត្មា​សម្លាប់​ត្រូវ​ហើយ។ បើ​អ្នកដឹង​នូវកំហុស​នៃ​វាទៈ​របស់ខ្លួន អ្នកមិន​ត្រូវតិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់​អ្នកដ៏​ចំរើន​បែបនោះ។

[៥៩] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យ ជាឥស្សរករណវាទីថា) ប្រសិន​បើ​ព្រះឥសូរ ចាត់ចែង​ជីវិត​របស់សត្វ​លោក​ទាំងអស់​ផង ចាត់ចែង​នូវឫទ្ធិ គឺ​ឥស្សរិយ​យស​ផង នូវភាព​នៃសេចក្តី​វិនាសផង នូវកម្មល្អ និង​អាក្រក់ផង មានបុរស (ណាមួយ) ជាអ្នក​ធ្វើតាម​បង្គាប់ (របស់​ព្រះឥសូរ​នោះ) ព្រះឥសូរ​ទេតើ តែង​ប្រឡាក់​ដិតដាម​ដោយ​អំពើ​អាក្រក់​នោះ (ដោយ​ខ្លួនឯង)។ បើ (សេចក្តី​នៃភាសិត​របស់អ្នក) នោះ ជាអត្ថផង ជាធម៌​ផង ល្អ មិនអាក្រក់​ទេ បើពាក្យ​របស់អ្នក​ដ៏ចំរើន​ជាពាក្យពិត ពានរ​ក៏ឈ្មោះ​ថា អាត្មា​សម្លាប់​ត្រូវហើយ។ បើអ្នក​ដឹងច្បាស់​នូវកំហុស​នៃវាទៈ​របស់ខ្លួន អ្នក​មិនត្រូវ​តិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់អ្នក​ដ៏ចំរើន​បែបនោះ។

[៦០] (ព្រះមហាសត្តទម្លាយនូវវាទៈ នៃអាមាត្យដែលជាបុព្វេកតហេតុវាទីថា) បើបុគ្គល​ដល់នូវ​សុខទុក្ខ ព្រោះហេតុ​នៃអំពើ​ដែលខ្លួន​ធ្វើក្នុង​កាលមុន បុគ្គល​នោះឯង រមែង​រួច​ចាកបំណុល​នោះ ដែលជា​អំពើអាក្រក់ គឺខ្លួន​ធ្វើពី​ដើមមក (កាលបើ​យ៉ាងនេះ) អាត្មា​ក៏​ឈ្មោះថា បានរួច​ចាកបំណុល​ចាស់ តើនរណា​ក្នុងលោកនេះ ប្រឡាក់​ដោយ​បាប។ បើ (សេចក្តីនៃ​ភាសិត​របស់អ្នក) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យ​របស់​អ្នកដ៏ចំរើន​ជាពាក្យពិត ពានរ​ក៏ឈ្មោះថា អាត្មាសម្លាប់​ត្រូវហើយ។ បើ​អ្នកដឹង​ច្បាស់​នូវកំហុស​នៃវាទៈ​របស់ខ្លួន អ្នកមិន​ត្រូវតិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់អ្នក​ដ៏ចំរើន​បែបនោះ។

[៦១] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យជាឧច្ឆេទវាទីថា) រូបក្ខន្ធ​របស់​សត្វ​ទាំងឡាយ តែង​កកើត​ឡើង ព្រោះ​អាស្រ័យ​នូវភូតរូប​ទាំង ៤ (មានដី​ជាដើម) ឯរូប (នោះ) កកើត​ឡើងអំពី​ភូតរូប​ណា (ដល់​ពេល​រលត់) ក៏ត្រឡប់​ទៅក្នុង​ភូត​រូបនោះ​វិញ។ ជីវៈ​រស់នៅ​ក្នុង​លោកនេះ លុះ​រំលាង​ខន្ធទៅ​ហើយ នឹង​សាបសូន្យ​ក្នុង​បរលោក លោក​នេះ​ដាច់សូន្យ ជនទាំង​ឡាយ ទាំងពាល ទាំងបណ្ឌិត (រមែងសូន្យ​ដូចគ្នា) កាលបើ​លោកនេះ​ដាច់​សូន្យហើយ តើ​នរណា ក្នុង​លោកនេះ ប្រឡាក់​ដោយ​បាប។ បើ (សេចក្តី​នៃភាសិត​របស់​អ្នក) នោះ ជា​អត្ថផង ជាធម៌​ផង ល្អ មិន​អាក្រក់ទេ បើពាក្យ​របស់អ្នក​ដ៏ចំរើន​ជាពាក្យ​ពិត ពានរ​ក៏ឈ្មោះថា​អាត្មាសម្លាប់​ត្រូវហើយ។ បើអ្នកដឹង​ច្បាស់នូវ​កំហុស​នៃវាទៈ​របស់​ខ្លួន អ្នកមិន​ត្រូវតិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់​អ្នកដ៏​ចំរើន​បែបនោះ។

[៦២] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យជាខត្តវិជ្ជវាទីថា) ជនទាំង​ឡាយអ្នក​មានខត្តវិជ្ជា (វិជ្ជាខាង​ការគាស់​រំលើង) ក្នុង​លោក ជា​ជនពាល​សោះទេ តែ​មាន​មានះ ថាជា​បណ្ឌិត ពោលថា​បុគ្គល​សម្លាប់​មាតាក៏​បាន បិតាក៏បាន ពុំនោះ​សោតទេ សម្លាប់​បងប្អូន ឬកូន​ប្រពន្ធ​ក៏បាន ប្រសិន​បើមាន​ប្រយោជន៍​បែបនោះ។

[៦៣] (មហាសត្តប្រកាសនូវលទ្ធិរបស់ខ្លួនថា) បុគ្គល​អង្គុយក្តី ដេកក្តី ក្រោម​ម្លប់​ឈើណា មិនត្រូវ​កាច់មែកឈើ​នោះទេ ដ្បិតបុគ្គល​ប្រទូស្តមិត្រ ជាមនុស្ស​អាក្រក់។ (ចំណែក​ខាងអ្នក ពោលថា) កាលបើ​ប្រយោជន៍​កើតឡើង (ចំពោះ​ខ្លួន) ហើយ បុគ្គល​គប្បី​គាស់រំលើង សូម្បី​ទាំងឫស​ក៏បាន (ដូច្នេះ) ពានរ ក៏ឈ្មោះថា អាត្មា​សម្លាប់ត្រូវ​ហើយ ព្រោះអាត្មា​ត្រូវការ​ដោយស្បៀង។ បើសេចក្តី​នៃភាសិត​របស់​អ្នកនោះ ជាអត្ថ​ផង ជាធម៌​ផង ល្អ មិនអាក្រក់​ទេ បើពាក្យ​របស់អ្នក​ដ៏ចំរើន​ជាពាក្យ​ពិត ពានរ ក៏ឈ្មោះ​ថា អាត្មា​សម្លាប់​ត្រូវហើយ។ បើអ្នក​ដឹងច្បាស់​នូវកំហុស​នៃវាទៈ​របស់​ខ្លួន អ្នក​មិនត្រូវ​តិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់អ្នក​ដ៏ចំរើន​បែបនោះ។

[៦៤] (ព្រះមហាសត្ត សំដែងធម៌ដល់ព្រះរាជាថា) (បុរសអ្នក​លុះក្នុង​អំណាច​នៃទិដ្ឋិ ៥ នាក់គឺ) បុរស​ជា​អហេតុវាទ ១ ជា​ឥស្សរកតវាទ ១ ជា​បុព្វេកតវាទ ១ ជា​ឧច្ឆេទ​វាទ ១ ជា​ខត្តវិជ្ជវាទ ១ នេះជា​អសប្បុរស​ក្នុងលោក ជា​មនុស្សពាល តែប្រកាន់​ខ្លួនថា​ជា​បណ្ឌិត បុរស​បែបនោះ​ ធ្វើបាប (ខ្លួនឯង) ថែមទាំង​ញ៉ាំងអ្នក​ដទៃឲ្យ​ធ្វើបាប​ទៀតផង ការនៅ​ច្រឡូកច្រឡំ​នឹង​អសប្បុរស មានទុក្ខ​ជាទី​បំផុត មាន​សេចក្តីក្តៅ​ក្រហាយ​ជា​កម្រៃ។

[៦៥] កាលពីដើម មានសត្វកុកមួយមាន​រូបដូចចៀម​ កាលបើ​ឥត​គេសង័្សយ ក៏ចូល​ទៅរក​ហ្វូងពពែ សម្លាប់​មេចៀមផង មេ​ពពែផង ពពែឈ្មោល​ផង លុះ​សម្លាប់​បាន​ហើយ ក៏ហើរ​ទៅតាម​បំណង​របស់ខ្លួន។ សមណ​ព្រាហ្មណ៍​ពួកខ្លះ ក៏បែប​នោះដែរ ធ្វើ​នូវគ្រឿង​បិទបាំង ហើយ​បញ្ឆោតមនុស្ស​ទាំងឡាយ (ពួកខ្លះ) ជាអ្នក​មិនបរិភោគ​អាហារ (ពួកខ្លះ) ជាអ្នក​ដេកលើ​ផែនដី (ពួកខ្លះ) ទុកក្អែល (ពួកខ្លះ) ព្យាយាម​អង្គុយ​ច្រហោង (ពួកខ្លះ) បរិភោគ​បាយ​ដោយ​កំណត់ថ្ងៃ (ពួកខ្លះ) មិន​ផឹកទឹក មាន​មារយាទ​អាក្រក់ នាំគ្នា​ពោលថា ខ្លួនជា​អរហន្ត។ ជនទាំងនុ៎ះ ជាអសប្បុរស​ក្នុងលោក ជា​មនុស្សពាល តែ​ប្រកាន់​ខ្លួនថា​ជា​បណ្ឌិត បុគ្គល​បែបនោះ ​ធ្វើបាប (ខ្លួនឯង) ផង ថែមទាំង​ញ៉ាំង​អ្នកដទៃ​ឲ្យ​ធ្វើបាប​ទៀតផង ការនៅ​ច្រឡូក​ច្រឡំ​ដោយ​អសប្បុរស មានទុក្ខ​ជាទី​បំផុត មាន​សេចក្តី​ក្តៅក្រហាយ​ជាកម្រៃ។ ពួក​ជនណា​ពោលថា ព្យាយាម​ឥតអំពើផង មិនពោល​អាង​ហេតុផង ពណ៌នា​នូវអំពើ​របស់​បុគ្គលដទៃ និង​អំពើ​របស់​ខ្លួន ថា​ជាអំពើ​សូន្យ​ទទេផង។ ពួកជននុ៎ះ ជា​អសប្បុរស​ក្នុង​លោក ជា​មនុស្ស​ពាល តែ​ប្រកាន់​ខ្លួនថា​ជា​បណ្ឌិត បុរស​បែបនោះ ​ធ្វើបាប (ខ្លួនឯង) ផង ថែមទាំង​ញ៉ាំង​អ្នកដទៃ​ឲ្យធ្វើ​បាបទៀត​ផង ការនៅ​ច្រឡូក​ច្រឡំ​ដោយ​អសប្បុរស មានទុក្ខ​ជាទីបំផុត មាន​សេចក្តី​ក្តៅក្រហាយ​ជា​កម្រៃ ប្រសិន​បើការព្យាយាម​ឥតអំពើ មិនមាន​អំពើ​ល្អ និង​អាក្រក់ទេ ព្រះរាជា​មិនគប្បី​ចិញ្ចឹម​នូវ​ជាងឈើ ទាំងមិន​គប្បីឲ្យ​គេធ្វើ​នូវយន្ត​ទាំង​ឡាយ​ឡើយ។ ព្រោះ​ហេតុតែ​ការព្យាយាម​មានផង អំពើល្អ និង​អាក្រក់​មានផង បានជា​ព្រះរាជា​តែងចាត់​ឲ្យធ្វើ​នូវយន្ត​ទាំងឡាយ តែង​ចិញ្ចឹមនូវ​ជាងឈើ។ ប្រសិន​បើភ្លៀង​ខាន​បង្អុរចុះ រហូត​មួយរយឆ្នាំ ទាំង​ទឹកសន្សើម ក៏មិនធ្លាក់​ចុះសោះ មុខជា​លោកនេះ នឹងសូន្យ​ឈឹង ពពួក​សត្វនេះ នឹង​វិនាស។ ព្រោះ​ហេតុ​​តែភ្លៀង​បង្អុរចុះ​ផង ទាំងទឹក​សន្សើម ក៏​ផ្សើម​រឿយៗ ផង បានជា​សន្ទូង​ទាំងឡាយ​លូតលាស់​ល្អ ទាំង​អ្នកដែន ក៏​ព្រះរាជា​ទ្រង់​រក្សា​អស់កាល​ជាអង្វែង​ផង។ កាល​ពួកគោ កំពុង​ឆ្លងទៅ (កាន់ទីណា​មួយ) បើ​គោបា​ទៅវៀច កាលបើ​គោបា​នាំពួក​គោទៅ​វៀច មេគោ​ទាំងអស់​នោះក៏​ទៅវៀច។ បណ្ដា​ពួកមនុស្ស​ក៏ដូច្នោះ​ដែរ បុគ្គល​ណាដែល​អ្នកផង​សន្មតថា ប្រសើរផុត បើបុគ្គល​នោះ​ប្រព្រឹត្ត​អធម៌​ហើយ នឹងចាំ​បាច់​និយាយ​ថ្វី ដល់​ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​មិន​ប្រកប​ដោយធម៌ អ្នកដែន​ទាំងអស់​ក៏ដេក​ជាទុក្ខ។ កាល​ពួកគោ​កំពុងឆ្លងទៅ បើគោបា​ទៅត្រង់ កាលបើ​គោបា​នាំគេ​ទៅត្រង់ មេគោ​ទាំងអស់​នោះក៏​ទៅត្រង់។ ពួក​មនុស្សក៏​ដូច្នោះ​ដែរ បុគ្គល​ណាដែល​អ្នកផង​សន្មត​ថា ប្រសើរ​ផុត ប្រសិនបើ​បុគ្គលនោះ​ប្រព្រឹត្ត​ធម៌ នឹងចាំ​បាច់​និយាយថ្វី ដល់​ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​​ប្រកប​ដោយ​ធម៌ អ្នកដែន​ទាំងអស់​ក៏ដេក​ជាសុខ។ បុគ្គល​ណា បេះ​ផ្លែខ្ចី​នៃឈើធំ​ដែលមាន​ផ្លែ (បុគ្គលនោះ) រមែង​មិនដឹង​នូវរស​នៃផ្លែឈើ​នោះផង ទាំងពូជ​នៃផ្លែឈើ​នោះ ក៏វិនាស​ទៅ​ផង។ ព្រះរាជាណា គ្រប់គ្រង​ដែនដែល​ប្រៀបដូច​ដើមឈើធំ ដោយ​អធម៌ (ព្រះ​រាជានោះ) ឈ្មោះថា មិនជ្រាបនូវ​រសរបស់​ដែននោះ​ផង ទាំងដែន​របស់​ព្រះរាជា​នោះក៏​វិនាសផង។ បុគ្គល​ណា បេះផ្លែឈើទុំ​នៃដើម​ឈើធំ ដែល​មានផ្លែ បុគ្គល​នោះ រមែងដឹង​នូវរសនៃ​ផ្លែឈើ​នោះផង ទាំង​ពូជរបស់​ផ្លែឈើនោះ​ ក៏មិន​វិនាសផង។ ព្រះរាជា​ណា គ្រប់គ្រង​ដែន​ដែល​ប្រៀបដូច​ជាដើមឈើ​ធំដោយ​ធម៌ (ព្រះរាជានោះ) ឈ្មោះថា​បាន​ជ្រាបនូវ​រសរបស់​ដែននោះ​ផង ទាំងដែន​របស់​ព្រះរាជា​នោះ ក៏​មិន​វិនាស​ផង។ ព្រះរាជា​ណាមួយ គ្រប់គ្រង​ជនបទ​ដោយ​អធម៌ (លុះ​អំណាច​អគតិ) ព្រះរាជា​ជា​ខត្តិយៈ​នោះ ឈ្មោះថា សាបសូន្យ​ចាក​ដើមឈើ ដែលត្រូវ​ជាឱសធ​ទាំងអស់។ មួយ​ទៀត (ព្រះរាជា​អង្គណា) បៀតបៀន​ពួក​កុដុម្ពិក៍ ដែល​នៅ​ក្នុង​និគម (ផង) បៀតបៀន​ពួកពាណិជ ដែលប្រកប​ក្នុងការ​លក់ចេញ​ទិញចូល ជាអ្នក​ធ្វើនូវ​ការថ្វាយ​ពន្ធដារ និង​ពលិការ (ផង) ព្រះរាជា​នោះ ឈ្មោះថា​សាបសូន្យចាក​ឃ្លាំង។ ព្រះរាជា​ណា បៀតបៀន​នូវខ្មាន់ធ្នូ ដែលជា​អ្នកដឹង​នូវកន្លែង​យ៉ាងតំណំ ដែល​គួរ​ប្រហារ និងពួក​ទាហានធំ ដែលជា​អ្នកពិចារណា​ធ្វើការ​ក្នុងសង្គ្រាម និង​មហាមាត្យ ដែល​មាន​ស័ក្តិធំៗ ព្រះរាជា​នោះ ឈ្មោះថា​សាបសូន្យ​ចាកពល។ ក្ស័ត្រ​ណា​ប្រព្រឹត្ត​នូវអធម៌ បៀតបៀន​ពួកឥសី អ្នក​សង្រួម​ប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ដូចជា​បៀតបៀន​នូវពួក​អ្នក​និគម​ដូច្នោះ ក្ស័ត្រនោះ ឈ្មោះថា សាបសូន្យ​ចាក​ឋានសួគ៌។ ម្យ៉ាងទៀត ព្រះរាជា​ណា មិន​ឋិតនៅ​ក្នុងធម៌ សម្លាប់​អគ្គមហេសី​ដែលជា​អ្នក​មិនប្រទូស្ត ព្រះរាជា​នោះ ​ឈ្មោះថា​បានចួប​ប្រទះនូវ​ឋាន:​ដ៏អាក្រក់​ផង ឈ្មោះថា​សាបសូន្យ​ចាកកូន​ទាំងឡាយ​ផង។ ព្រះរាជា​ត្រូវតែ​ប្រព្រឹត្តធម៌​ផង មិនត្រូវ​បៀតបៀន​អ្នកជនបទ និងអ្នក​និគម​ផង ពួក​ពលផង ពួក​ឥសីផង គប្បី​ប្រព្រឹត្ត​ស្មោះស្មើ​ចំពោះកូន និង​ប្រពន្ធផង។ ព្រះរាជា​នោះ ទើបឈ្មោះ​ថាជា​ម្ចាស់នៃ​ផែនដី ឈ្មោះ​ថា អ្នកគ្រប់គ្រង​នូវដែន ឈ្មោះថា​ជាអ្នក​មិនក្រោធ រមែង​ញ៉ាំង​ពួកអ្នក​ដែនជិត​ខាងឲ្យ​រំភើប​ញាប់ញ័រ ដូច​ព្រះឥន្ទ ជាធំ​ជាង​អសុរ។

ចប់ មហាពោធិជាតក ទី៣។

ឧទ្ទាននៃបញ្ញាសនិបាតនោះ គឺ

និទ្ទេសទី ១ ប្រកបដោយ​នាងរាជធីតា​ព្រះនាម នឡិនិកា ១ និទ្ទេសទី ២ ប្រកប​ដោយ​សេដ្ឋីធីតា​ឈ្មោះ​ឧម្មាទន្តី​ដ៏ប្រសើរ ១ និទ្ទេសទី ៣ ប្រកប​ដោយ​តាបស​មាន​សិរី​ឈ្មោះ ពោធិ ១ និទ្ទេស​ទាំង ៣ ដ៏ល្អ (នេះ) ព្រះជិនស្រី​ទ្រង់សំដែង​ទុកមក​ហើយ។

ចប់ បញ្ញាសនិបាត។

 

លេខយោង

1)
នេះជា​សេចក្តី​យល់របស់​ជនជា​អហេតុក​វាទី។ ក្នុងអដ្ឋកថា​សាមញ្ញផលសូត្រ មានសេចក្តី​ពន្យល់ថា អភិជាតិ​ទាំង៦​នោះគឺ កណ្ហាភិជាតិ (ជាតិខ្មៅ) បានដល់​ព្រានម្រឹគ ព្រានបក្សី ជាដើម១ នីលាភិជាតិ (ជាតិខៀវ) បានដល់​ភិក្ខុ​ក្នុង​ព្រះពុទ្ធសាសនា១ លោហិតាភិជាតិ (ជាតិក្រហម) បានដល់​ពួកនិគ្រន្ថ១ ហលិទ្ទាភិជាតិ (ជាតិលឿងដូចរមៀត) បានដល់​ពួកអចេលកសាវ័ក១ សុក្កាភិជាតិ (ជាតិស) បានដល់​ពួកអាជីវក១ បរមសុក្កាភិជាតិ (ជាតិសណាស់) បានដល់​ពួក​ជនជា​នន្ទគោត្រ និងវច្ឆគោត្រជាដើម១។ ការត្រាច់ទៅ​ក្នុង​អភិជាតិ​ទាំង៦ ឈ្មោះថា សង្គតិ។ ធម្មតាដែល​កើតឡើង​ដូចៗគ្នា ឈ្មោះថា សភាវៈ​ប្រៀបដូច​បន្លាដែល​ស្រួចឯង ផ្លែខ្វិត​មាន​សណ្ឋាន​មូលដោយ​ខ្លួនឯង សត្វម្រឹគ​បក្សី មានសណ្ឋាន​រូបរាង​វិចិត្រ​ផ្សេង ដោយ​ធម្មតា​ឯង​យ៉ាងណាមិញ លោកទាំងអស់ មានសេចក្តី​ប្រែប្រួល​ទៅជាយ៉ាង​ដូច្នោះ មិនបាច់​អាស្រ័យ​ហេតុ​បច្ច័យឡើយ ប្រៀបដូចបន្លា​ជាដើម យ៉ាងនោះឯង ឈ្មោះថា សភាវៈ។
km/tipitaka/sut/kn/jat/sut.kn.jat.528.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann