km:tipitaka:sut:kn:jat:sut.kn.jat.530

សង្កិច្ចជាតក ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 530 បាលី cs-km: sut.kn.jat.530 អដ្ឋកថា: sut.kn.jat.530_att PTS: ?

សង្កិច្ចជាតក ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥៣០. សំកិច្ចជាតកំ (២))

[៩០] (អភិសម្ពុទ្ធគាថា) (ឧយ្យានបាលនោះ) ឃើញព្រះរាជា​ទ្រង់​ព្រះនាម​ព្រហ្មទត្ត ប្រសើរ​ក្នុងរថ​ហើយ ក្រាបទូល​ព្រះរាជា​នោះ​ក្នុងគ្រា​នោះថា ព្រះអង្គ​ជាបុគ្គល​ឈឺ​ឆ្អាល​ដល់​ឥសីណា។ ឥសីឈ្មោះ​សង្កិច្ចនេះ ដែល​គេសន្មត​ថា​ជាសប្បុរស​របស់ពួក​ឥសី មក​ដល់ហើយ​ សូមព្រះអង្គ​ប្រញាប់​ប្រញាល់ យាងចេញ​ទៅជួប​នឹង​មហាឥសី​ឲ្យ​ឆាប់។ លំដាប់នោះ ព្រះរាជា​ប្រសើរ​ក្នុងរថ មានមិត្រ​ និងអាមាត្យ​ហែហម ទ្រង់​ប្រញាប់​ឡើង​កាន់រថ ដែល​គេទឹម​ហើយ ទ្រង់យាង​ទៅ។ ព្រះរាជា​ញ៉ាំងដែន​នៃពួក​កាសី​ឲ្យ​ចំរើន​ទ្រង់​ដាក់គ្រឿង​កកុធៈ ៥ យ៉ាង គឺ ផ្លិតរោមសត្វ ១ មកុដ ១ ព្រះខាន់ ១ ឆ័ត្រ ១ សុពណ៌បាទុកា ១។ លុះព្រះរាជា​ទ្រង់យាង​ចុះអំពី​យាន ទុកគ្រឿង​កកុធៈ​ហើយ ទើប​យាង​ចូលទៅ​រក​សង្កិច្ចឥសី ដែល​អង្គុយ​ក្នុង​ឧទ្យាន​ឈ្មោះ​ទាយបស្សៈ។ ព្រះរាជា​នោះ ចូលទៅ​សំណេះ​សំណាល​ជាមួយ​នឹងឥសី លុះ​បញ្ចប់​ពាក្យនោះ​ហើយ ក៏គង់​ក្នុងទីដ៏​សមគួរ។ ព្រះរាជា​គង់ស៊ប់​ក្នុងទី​សមគួរ​ហើយ ទើបទ្រង់​ជ្រាបនូវ​កាលគួរ​ប្រតិបត្តិ ដើម្បី​សួរ​នូវ​បាបកម្ម​ទាំងឡាយ​ក្នុងពេល​នោះ។ យើងសូម​សួរ​សង្កិច្ចឥសី ដែលគេ​សន្មត​ថាជា​សប្បុរស​របស់​ពួកឥសី ដែលពួក​ឥសី​ចោមរោម​ហើយ គង់ក្នុង​ទាយបស្ស​ឧទ្យាន។ ពួកជន​អ្នកប្រព្រឹត្ត​រំលងធម៌ លុះស្លាប់​ទៅវិញ ទៅកាន់​គតិណា ធម៌ គឺបិតុឃាតកម្ម ខ្ញុំបាន​ប្រព្រឹត្ត​កន្លង​ហើយ ខ្ញុំសួរ​ហើយ សូមលោក​ប្រាប់​សេចក្តី​នោះដល់ខ្ញុំ។

[៩១] សង្កិច្ចឥសី បានពោលនឹងព្រះរាជាអ្នកញ៉ាំង​ដែនកាសី​ឲ្យចំរើន គង់ក្នុង​ទាយបស្ស​ឧទ្យានថា បពិត្រ​មហារាជ សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យរបស់​អាត្មា​ភាព។ អ្នកណា​ប្រាប់ផ្លូវ​ដល់បុគ្គល​អ្នកដើរ​ផ្លូវខុស បើបុគ្គល​នោះ ធ្វើតាម​ពាក្យរបស់​អ្នកប្រាប់​នោះ បន្លា (ចោរ) មិនគប្បី​ជួបនឹង​បុគ្គលអ្នក​ធ្វើតាម​នោះទេ។ អ្នកណា​ប្រៀន​ប្រដៅ​ធម៌​ដល់បុគ្គល​ប្រតិបត្តិ​អធម៌ បើបុគ្គល​នោះធ្វើ​តាមពាក្យ​របស់​អ្នកប្រដៅ​នោះ បុគ្គល​នោះ​មិនគប្បី​ទៅកាន់​ទុគ្គតិទេ។

[៩២] បពិត្រមហារាជ ធម៌ជាផ្លូវត្រូវ ឯអធម៌​ជាផ្លូវខុស អធម៌​នាំសត្វទៅ​កាន់នរក ធម៌ញ៉ាំង​សត្វឲ្យ​ដល់​សុគតិ។ បពិត្រ​ព្រះរាជា ពួកជន​អ្នកមិន​ប្រព្រឹត្តធម៌ ចិញ្ចឹម​ជីវិត​ខុស​គន្លងធម៌ លុះស្លាប់​ទៅវិញ​ហើយ រមែង​ទៅកាន់​គតិ (នរក) ណា សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​ពាក្យ​អាត្មាភាព (ដែល​សំដែង​អំពីនរក) ទាំងនោះ។ សញ្ជីវនរក ១ កាឡសុត្តៈ ១ សង្ឃាដៈ ១ រោរុវៈ ២ នរកដទៃ​ទៀត គឺ​មហាអវីចិ ១ តាបនៈ ១ បតាបនៈ ១។ នរក​ទាំង ៨ នុ៎ះ ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​បាន​សំដែងហើយ​ដោយ​ប្រការ​ដូច្នេះ កម្រ​មាន​បុគ្គលណា​កន្លង​រំលង​បាន តាន់តាប់​ដោយពួក​សត្វដែល​មានកម្ម​អាក្រក់ ចំពោះ​មហានរក​មួយៗ មាន​ឧស្សទនរក ១៦។ (នរក​ទាំងនោះ) ជាទី​កំដៅអ្នក​កំណាញ់​ស្វិត​ស្វាញ ជា​នរក​ដ៏ពន្លឹក មាន​អណ្តាតភ្លើង មាន​ភ័យធំ មាន​សភាព​ជាទី​ព្រឺរោម គួរឲ្យ​ស្បើម បណ្តាល​ឲ្យ​ខ្លបខ្លាច ជាទុក្ខ។ (នរក​ទាំងនោះ) មានមុំ ៤ មានទ្វារ ៤ ដែល​បាបកម្ម​ចែកវាស់​ដោយ​ចំណែក មាន​កំពែងដែក​ព័ទ្ធជុំវិញ ប្រក់ដោយ​ក្បឿងដែក។ ភូមិ​របស់​នរក​ទាំងនោះ​ជាវិការៈ​នៃដែក​ឆេះឡើង ប្រកប​ដោយកំដៅ (នរក​ទាំងអស់​នោះ) ផ្សាយ​ទៅ​អស់ទី ១០០ យោជន៍​ជុំវិញ ឋិតនៅ​សព្វៗ កាល។ ពួកជន​អ្នកតិះដៀល​ពួក​ឥសី ជាអ្នក​សង្រួម មានតបៈ​នុ៎ះ រមែងធ្លាក់​ទៅក្នុង​នរក មានជើង​ឡើងលើ មានក្បាល​ចុះ​ក្រោម។ ពួកជន​អ្នកធ្វើ​អំពើ​អាក្រក់ ជាអ្នក​បំផ្លិចបំផ្លាញ​សេចក្តី​ចំរើននោះ ត្រូវពួក​និរយបាល​ដុត ដូចជា​ពួកត្រី​ដែលគេ​ធ្វើឲ្យជា​ចំណែក (ដោតអាំង) អស់ឆ្នាំ​រាប់មិន​អស់។ ពួក​សត្វនរក​មានខ្លួន​ត្រូវភ្លើង​ឆេះហើយ ទាំងខាង​ក្នុង​ខាងក្រៅ​ជានិច្ច ស្វែង​រកនូវទី​ចេញ​អំពី​នរក តែមិន​បាននូវ​ទ្វារ។ ពួក​សត្វនរក​នោះស្ទុះ​ទៅទិស​ខាងកើត ស្ទុះអំពី​ទិសខាង​កើតនោះ ទៅទិស​ខាងលិច ស្ទុះទៅ​ទិសខាង​ជើង ស្ទុះអំពី​ទិសខាង​ជើង ទៅទិសខាង​ត្បូង សត្វនរក​ទាំងនោះ​ទៅដល់​ទ្វារណាៗ ទ្វារនោះៗ ឯង ក៏បិទ​ជិត។ ពួក​ជនដែល​ទៅ​កាន់នរក រង​ទុក្ខច្រើន ផ្គងដើម​ដៃកន្ទក់​កន្ទេញ​អស់សែន​នៃឆ្នាំ​ជាច្រើន។ បុគ្គលមិន​គប្បី​ចូលទៅ​បៀតបៀន​នូវពួក​ឥសី ដែល​មាន​សភាព​ជាសប្បុរស ដូចជា​បុគ្គល​មិនគួរ​ចូល​ទៅជិត​អាសីរពិស​ដែលខឹង មានតេជះ​គេកន្លង​រំលង​បាន​ដោយក្រ (ជនទាំង​នោះ រមែង​ធ្លាក់ទៅ​ក្នុងនរក ព្រោះតែ​បៀតបៀន) នូវពួក​ឥសីអ្នក​សង្រួម​មានតបៈ។ ព្រះ​រាជា​ព្រះនាម​អជ្ជុនៈ មាន​ខ្មាន់ធ្នូ​ដ៏ប្រសើរ មានពួក​ពល​ដ៏ច្រើន ជា​អធិបតី​ក្នុងដែន​ឈ្មោះ​កេតកៈ អាចលើក​ធ្នូ​ដែល​ពួកខ្មាន់ធ្នូ ៥០០ លើកឡើង​បានដោយ​ដើមដៃ ១,០០០ បៀតបៀន​ឥសី​ឈ្មោះ​គោតមៈ ហើយ​វិនាស។ ព្រះរាជា​ទណ្ឌកី បានបាច​រោយធូលី (ស្តោះ) លើ​តាបស​ឈ្មោះ​កីសវច្ឆៈ មិនមាន​ធូលី (កិលេស) ព្រះរាជា​នោះ ក៏ដល់នូវ​សេចក្តី​វិនាស ដូចជា​ដើមត្នោត ដែលគេ​កាត់​ត្រង់គល់។ ព្រះរាជា​ព្រះនាម​មេជ្ឈៈ ព្រមទាំង​បរិស័ទ ញ៉ាំងចិត្ត​ឲ្យប្រទូស្ត​ក្នុងតាបស​ឈ្មោះ​មាតង្គបណ្ឌិត មានយស ហើយក៏ដល់​នូវសេចក្តី​វិនាស ក្នុងកាល​នោះ ដែន​ឈ្មោះ​មេជ្ឈៈ​ក៏ទៅ​ជាព្រៃ។ ពួកព្រះ​រាជា ជាផៅពង្ស​អន្ធគវេន្ទុ បៀតបៀន​នូវឥសី​ឈ្មោះ​កណ្ហទីបាយនៈ​ កាន់យក​អង្រែ​សំឡាប់​គ្នានឹងគ្នា ហើយ​ក៏ធ្លាក់​ទៅក្នុង​នរក។ ព្រះរាជា​ព្រះនាម​ចេតិយៈ​នេះ កាលពី​ដើម ហោះលើ​អាកាស​បាន ដល់មក​ខាងក្រោយ ត្រូវ​កបិលឥសី​ផ្តាសា​ហើយ មាន​អត្តភាព​សាបសូន្យ ចូលទៅ​កាន់​ផែនដី ដល់នូវ​សេចក្តី​ស្លាប់ ព្រោះ​ហេតុនោះ បានជា​ពួកបណ្ឌិត​មិនសរសើរ​អគតិ ៤ មាន​ឆន្ទាគតិ​ជាដើម​ឡើយ បុគ្គល​មានចិត្ត​មិនប្រទូស្ត គប្បី​ពោលពាក្យ​ប្រកប​ដោយសច្ចៈ បើ​នរណា​មានចិត្ត​ប្រទូស្ត​ហើយ សំឡក់​ទៅរក​អ្នកប្រាជ្ញ ដែល​បរិបូណ៌​ដោយវិជ្ជា និង​ចរណៈ នរៈនោះ នឹងធ្លាក់​ទៅក្នុង​នរក​ខាងក្រោម។ ពួកជន​ណា មានសេចក្តី​ព្យាយាម​អាក្រក់ ជេរ​ប្រទេច​ពួកចាស់​ព្រឹទ្ធាចារ្យ ពួក​ជននោះ (លុះទៅ​កើតក្នុង​ភពខាង​មុខ) រកកូន​គ្មាន រកញាតិ​គ្មាន ដូចត្នោត​កំបុត​គល់។ ជនណា សម្លាប់​បព្វជិត​ដែលមាន​កិច្ច​ធ្វើហើយ អ្នកស្វែង​រកនូវ​គុណដ៏ធំ ជននោះ រមែង​ឆេះនៅក្នុង​កាឡសុត្តនរក​អស់កាល​ជាយូរ​អង្វែង។ ព្រះរាជា​ណា មិនតាំង​នៅក្នុង​ធម៌ កំចាត់​កំចាយ​អ្នកដែន ដុត​កំដៅអ្នក​ជនបទ ព្រះរាជា​នោះ លុះទ្រង់​ទីវង្គត​ទៅ រមែង​ឆេះនៅ​ក្នុង​តាបននរក។ ព្រះរាជា​នោះ ក៏​ឆេះអស់​សែននៃ​ឆ្នាំទិព្វ ព្រះរាជា​នោះ​ត្រូវ​គំនរ​អណ្តាតភ្លើង​ហ៊ុំជុំវិញ​ហើយ ក៏រងទុក្ខ​វេទនា​ខ្លាំង។ អណ្តាត​ភ្លើងទាំង​ឡាយ​ដ៏រន្ទាល​ច្រាល​ឆ្អៅ ផ្សាយចេញ​អំពីកាយ​របស់​សត្វ​នរក​នោះ ខ្លួនរបស់​សត្វនរក​ដែលមាន​ភ្លើង​ជា​អាហារ (មាន​អណ្តាតភ្លើង​តែមួយជា​មួយគ្នា) នឹងចុង​រោម​ទាំងឡាយ​ផង នឹងក្រចក​ទាំងឡាយ​ផង។ សត្វ​នរកមាន​ខ្លួនត្រូវ​ភ្លើងឆេះ​ហើយ ទាំង​ខាងក្នុង ខាងក្រៅ​ជានិច្ច ត្រូវ​សេចក្តី​ទុក្ខចាក់​ដោតហើយ ក៏រោទ៍​ដូចជាដំរី ដែល​គេចាក់​ដោយ​ងៀងកង្វេរ។ បុរស​លាមក​ណា សម្លាប់បិតា ព្រោះតែ​លោភៈ ឬព្រោះ​ទោសៈ បុរស​លាមក​នោះ រមែង​ឆេះនៅ​ក្នុង​កាឡសុត្តនរក អស់កាល​ជាយូរ​អង្វែង។ បុរស​បែបនោះ រមែងឆេះ​នៅក្នុង​លោហកុម្ភីនរក ពួក​និរយបាល (នាំ​ចេញ) នូវសាច់​ដ៏ឆ្អិន ធ្វើមិន​ឲ្យមាន​ស្បែក ហើយ​ចាក់ដោយ​លំពែង​ទាំងឡាយ ធ្វើឲ្យ​ខ្វាក់ ឲ្យស៊ី​នូវមូត្រ និងលាមក ហើយ​ជ្រមុជ​ជនបែប​នោះ​ទៅ​ក្នុង​ទឹកខារ (ទឹកទង់ដែង)។ ពួក​និរយបាល (ញ៉ាំង​សត្វនរក​ឲ្យស៊ី​នូវលាមក) កំពុង​ពុះ និង​ដុំដែក​ដ៏ក្តៅ ហើយយក​បណ្តាញ​ដ៏វែង ដែល​កំដៅ​អស់កាល​យូរ មក​បើកមាត់ (ហើយ​បោះសន្ទូចដែក) ដែល​ចងដោយ​ខ្សែ (ទាញ​អណ្តាត​ចេញ ហើយ​បោះ​ដុំដែក) ទៅក្នុង​មាត់ ដែល​ច្រហ​នោះ។ ពួក​ឆ្កែក្រហម ឆ្កែពពាល ពួកត្មាត ពួក​ក្អែក និងពួក​សត្វស្លាប (ឯទៀត​ច្រើនពួក) មាន​ចំពុះដែក នាំគ្នា​មកចោម​រោមចឹក​ជញ្ជែង​ស៊ីនូវ​អណ្តាត (នៃពួក​សត្វនរក) ដែល​ញាប់​ញ័រ (ដូចជាស៊ី) នូវ​រំពា ព្រមទាំង​ឈាម មានឈាម​កំពុង​ហូរ​ចេញ។ ពួកនិរយបាល វាយសំពង​សត្វនរក​នោះ ដែល​ភ្លើងកំពុង​ឆេះ មានខ្លួន​រយះរយាយ ដោយ​តម្រេក​របស់​ពួកនិរយបាល​នោះ ចំណែក​ខាង​សត្វនរក​ទាំងឡាយ​ក្រៅនេះ ក៏ដល់​នូវសេចក្តី​ទុក្ខវេទនា ពួកជន​ណានីមួយ​ក្នុងលោកនេះ ជាអ្នក​សម្លាប់បិតា ពួក​ជននោះ តែង​ទៅនៅ​ក្នុងនរក​បែបនុ៎ះ។ កូន​សម្លាប់មាតា លុះទៅ​អំពី​លោកនេះ ទៅកាន់​លំនៅ​របស់​យមរាជ កាន់យក​នូវផល​នៃកម្ម​របស់ខ្លួន ក៏ដល់នូវ​សេចក្តី​ទុក្ខ​យ៉ាងខ្លាំង។ ពួក​អមនុស្ស (និរយបាល) ព្រហើន​ក្រៃលែង យក​សរសៃដែក (មករុំ) នូវ​បុគ្គល​អ្នកសម្លាប់​មាតា ហើយ​គាប (ដោយ​ឃ្នាបដែក) រឿយៗ។ ពួកនិរយ​បាល ញ៉ាំងបុគ្គល​អ្នកសម្លាប់​មាតា​នោះ ឲ្យផឹក​នូវឈាម​ដ៏ក្តៅ ដែលហូរ​ចេញអំពី​កាយ​របស់ខ្លួន ដូចជា​ទឹកទង់ដែង​រលាយ។ បុគ្គល​អ្នកសម្លាប់​មាតា​នោះ ចុះទៅឋិត​នៅក្នុង​រណ្តៅ​គួរខ្ពើម ដូចជា​អសុភ​មានក្លិន​ស្អុយ មានលាមក ជាភក់ មានក្លិន​អាក្រក់ ប្រហែលគ្នា​ដោយ​ខ្ទុះ និង​ឈាម។ ក្នុង​នរកនោះ មាន​ពួកដង្កូវ​មាន​ខ្លួនធំ មានមាត់​ដូច​ម្ជុលដែក រុកត្បុល​ចូលទៅ​ក្នុងសាច់ និង​ឈាម ទំលាយ​ស្បែកសម្បុរថ្ងៃ ហើយ​ស៊ីសត្វ​នរក​នោះ (ទាំង​ខួរក្នុងឆ្អឹង)។ បុគ្គល​អ្នក​សម្លាប់​មាតា​នោះ ឆ្លាក់ទៅ​ក្នុងនរក​នោះ ជ្រមុជ (ក្បាល) ចុះទៅ ចំនួន​មួយរយ​ជួរបុរស សាកសព​ដ៏ស្អុយ ក៏ផ្សាយ​ទៅកាន់​ទីចម្ងាយ​មួយរយយោជន៍​ជុំវិញ។ ព្រោះថា សូម្បី​ជនមានចក្ខុ ធុញទ្រាន់​ដោយក្លិន​នោះ ព្រោះ​អាស្រ័យ​ចក្ខុ បពិត្រ​ព្រះបាទ​ព្រហ្មទត្ត បុគ្គល​អ្នកសម្លាប់​មាតា តែងបាន​សេចក្តីទុក្ខ​បែបនេះ។ ពួកស្តី្រ​រំលូត​គភ៌ កន្លងនូវ​ខុរធារនរក​ដ៏មុត ដែលគេ​គ្របសង្កត់​បាន​ដោយក្រ ធ្លាក់ទៅ​ក្នុងស្ទឹង​ឈ្មោះ​វេត្តរណី ដែលមិន​រាបស្មើ។ ដើមរកា​ទាំងឡាយ ជាវិការៈ​នៃដែក មាន​បន្លាប្រវែង ១៦ ធ្នាប់ សំយុង​ចុះមក​ត្រង់ត្រើយ​ទាំងពីរ​ខាង​នៃស្ទឹង​ឈ្មោះ​វេត្តរណី ដែលមិន​រាបស្មើ។ ដើមរកា​ទាំងនោះ ត្រូវភ្លើង​ឆេះ មានអណ្តាត​ខ្ពស់ឡើង​ទៅលើ ១ យោជន៍ ដូចជា​គំនរភ្លើង​អំពី​ឆ្ងាយ។ ពួកស្រី​ប្រព្រឹត្ត​ក្បត់ចិត្តប្តី និងពួក​ប្រុស​ដែលគប់​រកប្រពន្ធ​គេ ជន​ទាំងនុ៎ះ រមែង​ធ្លាក់ទៅ​ក្នុង​សិម្ពលីនរក​ដែលក្តៅ ​មាន​បន្លាស្រួច។ ពួកសត្វ​នរកទាំង​នោះ មានក្បាល​ចុះក្រោម ត្រូវពួក​និរយបាល​ចាក់ (ដោយអាវុធ) ច្រើនដង ក៏វិល​ធ្លាក់មក​វិញ មានខ្លួន​ធ្លុះធ្លាយ រមែងដេក រមែងភ្ញាក់ អស់កាល​ជាយូរ​អង្វែងសព្វៗ កាល។ (ពួក​សត្វនរក ត្រូវពួក​និរយបាល​ចាប់បោះ​ទៅ) ក្នុងនរក​ឈ្មោះ​លោហកុម្ភី មាន​ឧបមា​ដោយ​ភ្នំដ៏ធំ មានទឹក​ស្មើនឹងភ្លើង​ដ៏ក្តៅ រមែង​ឆេះអស់​កាល​​កន្លលទៅ​នៃរាត្រី​ជាយូរ​អង្វែង។ ពួក​មនុស្ស​​ទ្រុស្តសីល (គប់​រកប្រពន្ធគេ) ដែលមោហៈ​គ្របសង្កត់​ហើយ រមែង​រងកម្ម​របស់​ខ្លួន ដែល​ខ្លួនធ្វើ​អាក្រក់​ក្នុងកាលមុន ទាំង​ថ្ងៃ​ទាំងយប់​យ៉ាងនេះ។ ប្រពន្ធណា ដែលគេ​ទិញមក​ដោយ​ទ្រព្យ មើល​ងាយប្តី ម្តាយក្មេក ឪពុកក្មេក បងថ្លៃប្រុស បងថ្លៃស្រី ពួក​និរយបាល តែង​ទាញដក​អណ្តាត​ព្រម​ទាំងគល់ របស់​នាងនោះ ព្រមទាំង​ចំណង​ដោយ​សន្ទូច។ សត្វនរក​នោះ ឃើញ​អណ្តាត​របស់ខ្លួន​ប្រមាណ​មួយព្យាម​ ពេញ​ដោយ​ដង្កូវ មិនអាច​អង្វរ (ពួកនិរយបាល) បាន លុះស្លាប់​ទៅ រមែងឆេះ​នៅក្នុង​តាបននរក​ទៀត។ ពួក​អ្នក​សម្លាប់ចៀម សម្លាប់​ជ្រូក សម្លាប់ត្រី ទាក់ម្រឹគ ពួកចោរ ពួកអ្នក​សម្លាប់គោ ពួកព្រាន ពួកអ្នក​ធ្វើ​គុណ​ក្នុងទោស (អ្នកញុះញង់)។ ពួក​សត្វនរក​នោះ ត្រូវពួក​និរយបាល​បៀតបៀន​ដោយ​លំពែង ដោយ​ញញួរ​លោហៈ ដោយ​សំសែ ដោយ​ព្រួញ​ទាំង​ឡាយ មានក្បាល​សំយុងចុះ ធ្លាក់ទៅ​ក្នុង​ស្ទឹងខារ។ អ្នកធ្វើ​អំពើវៀច ត្រូវពួក​និរយបាល​ដំដោយ​ញញួរ​ដែកទាំង​ឡាយទាំង​ល្ងាចទាំងព្រឹក ហើយស៊ី​នូវកំអួត​របស់​ពួកសត្វ​នរក​ដទៃ ដែល​មាន​អត្តភាព​អាក្រក់​នោះ​សព្វៗ កាល។ ពួកក្អែក ចចក ត្មាត ក្អែកព្រៃ មានចំពុះ​ដែក នាំគ្នា​ចឹក​ប្រជែង​នូវជន​អ្នកធ្វើ​អំពើអាក្រក់​កំពុង​ញាប់ញ័រ។ ពួកជនណា​សម្លាប់ម្រឹគ1) ដោយ​ម្រឹគ សម្លាប់បក្សី2) ដោយបក្សី ពួកជន​នោះ​ជាអសប្បុរស បិទបាំង​ដោយ​ធូលី គឺរាគាទិក្កិលេស រមែងទៅ​កាន់​ឧស្សទនរក។

[៩៣] ពួកសប្បុរសក្នុងលោកនេះ មានកម្មសន្សំ​ល្អហើយ តែង​ទៅកាន់​លោក​ខាងលើ សូមព្រះអង្គ​ទតមើល​ផលនៃ​អំពើដែល​គេបាន​សន្សំល្អ ដូចពួក​ទេវតា ព្រមទាំង​ព្រះឥន្ទ្រ ព្រមទាំង​ព្រះព្រហ្ម បពិត្រ​មហារាជ អាត្មាភាព​ពោលហេតុ​នោះនឹង​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាម្ចាស់​នៃដែន សូមព្រះអង្គ​ប្រព្រឹត្តធម៌ បពិត្រ​ព្រះរាជា អំពើ​ដែលព្រះអង្គ​ប្រព្រឹត្ត​ល្អនោះ មិនគប្បី​ដុតកំដៅ​រឿយៗ ក្នុងកាល​ជាខាង​ក្រោយ​យ៉ាងណាៗ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​យ៉ាងនោះៗ ចុះ។

ចប់ សង្កិច្ចជាតក ទី២។

ឧទ្ទាននៃសដ្ឋិនិបាត

អ្នកទាំងឡាយ ចូរស្តាប់ភាសិតរបស់ខ្ញុំ ក្នុង​សដ្ឋិនិបាត បន្ទាប់​អំពី​បញ្ញាសនិបាត​នោះ​គឺ និយាយ​អំពីឈ្មោះ​ជាតក​ដ៏ប្រសើរ ដែលហៅ​ថា​សោណកតាបស និង​ព្រះរាជា​ទ្រង់​ព្រះនាម​អរិន្ទមៈ ១ ព្រះរាជា​ដ៏ប្រសើរ ក្នុង​រថដែល​យើងពោល​ហើយ​ដូច្នោះ និង​សង្កិច្ចឥសី ១។

ចប់ សដ្ឋិនិបាត។

 

លេខយោង

1) , 2)
យកម្រឹគ ឬបក្សីផងគ្នាធ្វើធ្នាក់។
km/tipitaka/sut/kn/jat/sut.kn.jat.530.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann