User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.531

កុសជាតក ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 531 បាលី cs-km: sut.kn.jat.531 អដ្ឋកថា: sut.kn.jat.531_att PTS: ?

កុសជាតក ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥៣១. កុសជាតកំ (១))

[៩៤] (ព្រះបាទកុសរាជពោធិសត្វ ត្រាស់ថា) បពិត្រ​ព្រះមាតា​ ដែនរបស់​ព្រះ​មាតា​នេះ ប្រកប​ដោយទ្រព្យ ប្រកប​ដោយយាន ប្រកប​ដោយគ្រឿង​សំរាប់រាជ្យ បរិបូណ៌​ដោយ​កាម​គ្រប់យ៉ាង សូម​ព្រះមាតា​ត្រួតត្រា​ដែន​របស់​ព្រះមាតា​នេះចុះ ខ្ញុំនឹង​ទៅកាន់​នគរ ជាទីនៅ​របស់​នាងបភាវតី​ជាទី​ស្រឡាញ់។

[៩៥] (នាងបភាវតី ពោលថា) ព្រះអង្គមានព្រះទ័យ​មិនត្រង់ នាំយក​អម្រែកធំ (រងទុក្ខ) ទាំងថ្ងៃ​ទាំងយប់ ទាំង​ពេល​អធ្រាត្រ សូមព្រះអង្គ​ត្រឡប់ទៅ​ក្រុង​កុសាវតី​វិញ​ឲ្យឆាប់ ខ្ញុំម្ចាស់​មិនចង់​បាន​ព្រះអង្គ ដែលមាន​រាងរៅ​អាក្រក់ មកនៅ (ក្នុងទីនេះ) ទេ។

[៩៦] (ព្រះពោធិសត្វ …) ហៃនាងបភាវតី អញនឹង​មិនទៅ​អំពីទីនេះ កាន់ក្រុង​កុសាវតី​ទេ ព្រោះអញ​ជាប់ចិត្ត​នឹងវណ្ណៈ​របស់​នាង ទើបត្រេកអរ​ក្នុងដំណាក់​ជាទី​ត្រេកអរ​របស់​ព្រះ​បាទមទ្ទៈ ស៊ូលះបង់​ដែន មកត្រេកអរ​ក្នុងការ​ឃើញនាង។ ហៃនាង​បភាវតី អញជាប់​ចិត្តនឹង​វណ្ណៈ​របស់នាង មាន​សភាព​វង្វេង ត្រាច់រង្គាត់​ទៅកាន់​ផែនដី មិនស្គាល់​ទិសថា អញ​មកអំពី​ទីណា ហៃនាង​មានភ្នែកថ្លា​ដូចភ្នែកម្រឹគ អញ​ជាមនុស្ស​វក់ចិត្ត​ក្នុង​នាង។ ហៃនាង​មានគ្រឿង​សម្លៀក​រំលេច​ដោយមាស មានខ្សែ​ក្រវាត់ល្អ​ជាវិការៈ​នៃ​មាស មាន​ចង្កេះល្អ អញ​មិនត្រូវ​ការដោយ​រាជសម្បត្តិ ព្រោះតែ​សេចក្តី​ប្រាថ្នាចំពោះ​នូវ​នាង។

[៩៧] (នាងបភាវតី…) បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​មិនចំរើន​តែង​មានដល់​បុគ្គល​ដែល​ប្រាថ្នា បុគ្គល​កាលមិន​ប្រាថ្នា (ខ្លួន) បពិត្រ​ព្រះរាជា ព្រះអង្គ​មិនជាទី​ស្រឡាញ់ ចង់បាន​ស្រ្តីជាទី​ស្រឡាញ់ ដែល​មិនមាន​សេចក្តី​ប្រាថ្នា​ដោយ​កាមទាំងឡាយ។

[៩៨] (ព្រះពោធិសត្វ…) ជនណាបាននាងជាទីស្រឡាញ់ ទោះមិន​មាន​សេចក្តី​ប្រាថ្នា​ក្តី មានសេចក្តី​ប្រាថ្នាក្តី យើង​សរសើរ​នូវការ​បានរបស់​ជននុ៎ះ បណ្តាការ​បាន និងមិន​បាន​នោះ ឯការ​មិនបាន ចាត់ថា​ជារបស់​លាមក។

[៩៩] (នាងបភាវតី…) ព្រះអង្គចង់បានស្ត្រីដែលគេមិនចង់បាន ព្រះអង្គ​ដូចជា​គេ​ជីកខ្លឹមថ្ម​ដោយ​ដើមកណិការ ឬដូច​ជាគេទាក់​ខ្យល់ដោយ​សំណាញ់។

[១០០] (ព្រះពោធិសត្វ…) ហៃនាងមានលក្ខណៈទន់ភ្លន់ អញ​មកអំពី​ជនបទ​ខាងក្រៅ មិនបាន​សេចក្តី​ស្រួល (ក្នុងសំណាក់) របស់នាង​ ឈ្មោះថា នាង​យកថ្ម​សង្កត់​លើ​ហ្ឫទ័យ (នៃអញ) ដោយពិត។ ព្រះរាជបុត្រី​ធ្វើមុខ​ក្រញូវ ហើយសំឡឹង​មើលមក​អញ ក្នុង​វេលាណា អញ​ក៏នៅជា​នាយពិសេស​ក្នុងវាំង​របស់​ព្រះបាទមទ្ទៈ​ក្នុងវេលា​នោះ។ ព្រះ​រាជបុត្រី ញញឹម​ញញែម ក្រឡេក​មើលអញ​ក្នុង​វេលាណា អញ​មិននៅ​ជានាយ​ពិសេស ក្នុងវេលា​នោះទេ អញ​នឹងជា​ព្រះបាទកុសៈ​ក្នុងវេលា​នោះវិញ។

[១០១] (នាងបភាវតី…) ប្រសិនបើពាក្យរបស់ហោរ​ពិតមែន ព្រះអង្គ​មិនត្រូវ​បាន​ជាភស្តា​របស់ខ្ញុំ​ម្ចាស់ទេ ស៊ូឲ្យ​គេកាត់ (ខ្ញុំម្ចាស់) ជាប្រាំពីរ​កំណាត់ចុះ។

[១០២] (ព្រះពោធិសត្វ…) ប្រសិនបើពាក្យរបស់ហោរដទៃ ឬរបស់​អញពិត​មែន ភស្តា​របស់នាង​ក្រៅអំពី​ព្រះបាទកុសៈ ដែលមាន​ព្រះសូរស័ព្ទ​ស្មើនឹង​សំឡេង​សីហៈ ក៏មិន​មានទេ។

[១០៣] នែនាងគម បើនាងបភាវតីមានភ្លៅដូចជា​ប្រមោយដំរី គប្បី​ក្រឡេក​មើល​អញ លុះ​អញទៅ​ដល់ក្រុង​កុសាវតី នឹងឲ្យ​គេធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ពាក់ក ជា​វិការៈនៃ​មាសឆ្តោរ​ដល់នាង។ នែនាងគម បើនាង​បភាវតី​មានភ្លៅ​ដូចជា​ប្រមោយដំរី គប្បី​ហៅ​រកអញ លុះអញ​ទៅដល់​ក្រុង​កុសាវតី នឹងឲ្យ​គេធ្វើ​គ្រឿងប្រដាប់​សម្រាប់​ពាក់ ក ជា​​វិការៈ​នៃ​មាសឆ្តោរ​ដល់នាង។ នែនាងគម បើនាងបភាវតី​មានភ្លៅ​ដូចជា​ប្រមោយ​ដំរី គប្បី​ញញឹម​ញញែម​រកអញ លុះអញ​ទៅដល់​ក្រុង​កុសាវតី នឹងឲ្យ​គេធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ពាក់ក ជា​វិកា​រៈនៃមាស​ឆ្តោរ​ដល់នាង។ នែនាងគម បើនាង​បភាវតី​មាន​ភ្លៅ​ដូច​ជា​ប្រមោយដំរី គប្បី​សើចក្អាក​ក្អាយរក​អញ លុះអញ​ទៅដល់​ក្រុង​កុសាវតី នឹង​ឲ្យគេធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ពាក់ក ជា​វិការៈ​នៃ​មាសឆ្តោរ​ដល់នាង។ នែនាង​គម បើនាង​បភាវតី​មានភ្លៅ​ដូចជា​ប្រមោយ​ដំរី គប្បី​មកប៉ះ​ពាល់អញ​ដោយ​ដៃទាំង​ឡាយ លុះអញទៅ​ដល់​ក្រុង​កុសាវតី នឹងឲ្យ​គេធ្វើ​គ្រឿងប្រដាប់​សម្រាប់​ពាក់ក ជា​វិការៈ​នៃ​មាសឆ្តោរ​ដល់នាង។

[១០៤] (ស្រ្តីគម…) ព្រះរាជបុត្រីនេះ មិនបាននូវសេចក្តី​ស្រួលចិត្ត​​ទៅរក​ព្រះបាទ​កុសៈ ជាបុរស​នាយពិសេស​អ្នកស៊ី​ឈ្នួល​មិនត្រូវ​ការដោយ​ថ្លៃឈ្នួលទេ។

[១០៥] (នាងបភាវតី…) ស្រ្តីគមនេះ​ មិនហ៊ាន​កាត់អណ្តាត​ដោយ​កាំបិត​ដ៏មុត​ដោយពិត តែហ៊ាន​និយាយ​ពាក្យជា​ទុព្ភាសិត​យ៉ាងនេះ។

[១០៦] (ស្រ្តីគម…) បពិត្រព្រះនាងបភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទកុសៈ​នោះ ដោយរូប ដោយកំពស់ (និងទំហំ​របស់​ខ្លួននាង) ឡើយ បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ ព្រះ​នាង​សូមធ្វើ​ទុក (ក្នុង​ហ្ឫទ័យ​ថា ព្រះបាទ​កុសៈ​នោះ) មាន​យសធំ ហើយធ្វើនូវ​សេចក្តី​ស្រឡាញ់ (ចំពោះ​ព្រះបាទ​កុសៈនោះ) ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​ទ្រព្យច្រើន ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈ​នោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ ព្រះនាង​សូមធ្វើទុក (ក្នុង​ហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​កម្លាំងច្រើន ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​ដែនធំ ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈ​នោះ ដោយរូប ដោយកំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូម​ធ្វើទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) ជាព្រះ​រាជាធំ ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹម​នូវ​ព្រះបាទ​កុសៈ​នោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើទុក (ក្នុង​ហ្ឫទ័យថា​ ព្រះបាទ​កុសៈនោះ) មាន​សំឡេង​ស្មើនឹង​សំឡេង​នៃ​សីហៈ ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះ​បាទ​កុសៈ​នោះ ដោយរូប ដោយ​កំពស់ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូម​ធ្វើទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មានសំឡេង​ដ៏ពីរោះ ហើយ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈ​​នោះ ដោយ​រូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យថា​ ព្រះបាទ​កុសៈនោះ) មាន​សំឡេង​មូល ហើយ​ធ្វើនូវ​សេចក្តី​ស្រ​ឡាញ់​​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយរូប ដោយ​កំពស់ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​សំឡេងល្អ ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​សំឡេង​ដ៏ផ្អែមល្ហែម ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះ​នាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះ​បាទកុសៈ​នោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូម​ធ្វើទុក (ក្នុង​ហ្ឫទ័យ​​ថា​ ព្រះបាទ​កុសៈនោះ) មានសិល្បៈ​ច្រើន ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹម​នូវ​ព្រះបាទ​កុសៈនោះ ដោយ​រូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) ជា​ក្សត្រិយ៍ (សុទ្ធ) ហើយធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយ​រូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើទុក (ក្នុង​ហ្ឫទ័យថា​ ព្រះបាទ​កុសៈនោះ) ជា​ព្រះរាជា​មាន​នាម​ស្មើ​នឹង​ស្បូវភ្លាំង (ដែល​ព្រះឥន្ទ្រ​ប្រទាន) ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។

[១០៧] (អាមាត្យទាំងឡាយ…) ព្រះរាជាដ៏ប្រសើរទាំងអស់នុ៎ះ ជា​ព្រះរាជា​គឃ្លើន មក​ហើយ ប្រដាប់​ដោយ​គ្រឿងក្រោះ (សូមព្រះអង្គ​ផ្ញើ​ព្រះរាជសារ​ទៅថា) អ្នក​ទាំងឡាយ ចូរនាំ​ព្រះនាង​បភាវតី​នុ៎ះមក (បញ្ជូន​ទៅថ្វាយ​ព្រះរាជា​ទាំងនោះ) កុំឲ្យ​ទំលាយ​កំពែង​មុនទាន់។

[១០៨] (ព្រះរាជា…) អញនឹងធ្វើនាងបភាវតីនុ៎ះ ឲ្យជា ៧ កំណាត់ ហើយ​ឲ្យដល់​ពួក​ក្សត្រិយ៍​ដែលមក​ក្នុងទីនេះ​ដើម្បី​សម្លាប់​អញ។

[១០៩] (អភិសម្ពុទ្ធគាថា) ព្រះរាជបុត្រីមានសម្បុរលឿង ទ្រង់​ព្រះពស្ត្រ ជាវិការៈ​នៃ​សូត្រ (រំលេច​ដោយ​មាស) ដែល​ពួកទាសី​ហែហម មាននេត្រា​ដ៏ពេញ​ដោយ​ព្រះ​អស្សុជល បានក្រោក (ចាកអាសនៈ)។

[១១០] (នាងបភាវតី…) បពិត្រព្រះមាតា មុខ (របស់ខ្ញុំ) នោះ ធ្លាប់លាប​ស្រឡាប​គ្រឿង​លំអិត ឆ្លុះកញ្ចក់​មានក្រប​ជាវិការៈ​នៃភ្លុក ជាមុខ​ល្អ មាន​ភ្នែកល្អ រលីង​រាបធេង ត្រូវ​ពួក​ក្សត្រិយ៍​លះចោល​ហើយ នឹង​តាំងនៅ​ក្នុងព្រៃ។ ពួកត្មាត​នឹងលើក​ជើង​ទាំងឡាយ កកាយ​នូវសក់​ទាំងនោះ​របស់ខ្ញុំ ជាសក់​ខ្មៅមាន​ចុងង ទន់ លាប​ដោយខ្លឹម​ចន្ទន៍ ឲ្យ​ច្របូក​ច្របល់ ក្នុងកណ្តាល​ព្រៃស្មសាន ក្អែក​ចឹកដៃ​របស់​ខ្ញុំនោះ ដែល​មាន​ក្រចក​ក្រហម មាន​រោមល្អ ទន់ លាបដោយ​ខ្លឹមចន្ទន៍ ដាច់​ខ្ចាត់ខ្ចាយ ដែល​ពួកក្សត្រិយ៍​ចោល​ក្នុងព្រៃ ហើយ​ហើរទៅ​តាម​ប្រាថ្នា។ ចចក (ឃើញ​ស្តន​របស់ខ្ញុំ) នោះ ស្រដៀង​គ្នានឹង​ផ្លែត្នោត មិនយារ លាបដោយ​ខ្លឹមចន្ទន៍​ដ៏ល្អិត ហើយ​បៀម​នូវស្តន​របស់ខ្ញុំ​នោះ ដូចជា​កូនខ្ចី​បង្កើត ដែល​បៀម​នូវស្តន​របស់​មាតា។ ហ្វូងចចក​ជញ្ជែងត្រគាក (របស់ខ្ញុំ) នោះ ជាអវយវៈ​ទូលាយ ដែល​គេដំ​ល្អហើយ ពាក់ដោយ​ខ្សែក្រវាត់​មាស​ទាំងឡាយ ដាច់​ខ្ចាត់​ខ្ចាយ ដែល​ពួក ក្សត្រិយ៍​ចោល​ក្នុងព្រៃ។ ពួកឆ្កែ ក្អែក ចចក និង​សត្វឯ​ទៀត ដែល​មានចង្កូម ស៊ីនាង​បភាវតី មុខជា​នឹងមិន​ចាស់គ្រាំគ្រា​ដោយពិត។ ប្រសិន​បើពួក​ក្សត្រិយ៍ ដែល​ទៅឆ្ងាយ នាំ យក​សាច់ទាំង​ឡាយ (របស់ខ្ញុំ) ទៅ បពិត្រ​ព្រះមាតា ចូរ​ព្រះអង្គ​សូម​យកឆ្អឹង​ទាំងឡាយ ហើយ​ដុតឆ្អឹង​នោះ ក្នុងទី​បន្ទាប់ផ្លូវ (ក្នុង​ចន្លោះ​នៃផ្លូវ​ដើរ និងផ្លូវធំ)។ បពិត្រ​ព្រះមាតា សូម​ព្រះមាតា​ប្រើគេ​ធ្វើសួនច្បារ ហើយ​ដាំដើម​កណិការក្នុង​សួនច្បារ​នុ៎ះ ក្នុង​វេលាណា​ដែលដើម​កណិការ​ទាំងនោះ​មានផ្កា ក្នុង​អំណើះ​ទៅ​នៃកាល​ជាទី​ធ្លាក់នៃ​ទឹក​សន្សើម​ក្នុង​ហេមន្តរដូវ បពិត្រ​ព្រះមាតា សូម​ព្រះមាតា រឭកខ្ញុំថា នាង​បភាវតី មាន​វណ្ណៈ​យ៉ាងនេះ។

[១១១] (អភិសម្ពុទ្ធគាថា) ក្សត្រិយ៍មានវណ្ណៈដូច​វណ្ណៈ​ទេវតា ជាមាតា​របស់​នាង​បភាវតីនោះ ក្រោកចាក​អាសនៈ​ទៅកាន់សំណាក់​ព្រះរាជា​ហើយ បានឃើញ​ដាវ និង​ជ្រញ់ ក្នុង​ព្រះរាជវាំង​ព្រះបាទមទ្ទៈ។

[១១២] (ព្រះមាតា…) បពិត្រព្រះបាទមទ្ទៈ ព្រះអង្គ​នឹងសម្លាប់​ធីតាដែល​គេ​ចំណាំ​បាន​​ដោយងាយ មានចង្កេះរៀវ ដោយប៉ូវថៅនេះ ហើយ​ប្រទាន​ដល់ពួក​ក្សត្រិយ៍​ដោយ​ពិត។

[១១៣] ហៃបុត្រី នាងមិនបានធ្វើតាមពាក្យរបស់អញ​ដែលប្រាថ្នា​ប្រយោជន៍ នាង​មុខជា​នឹងពេញ​ពាស​ដោយឈាម ហើយទៅ​កាន់ភព​របស់​មច្ចុរាជ​ក្នុងថ្ងៃនេះ។ បើសត្វ​ដែល​មិនធ្វើ​តាមពាក្យ​របស់ពួក​ជនដែល​បង្ហាញ​សេចក្តី​ចំរើន បង្ហាញ​ប្រយោជន៍​ហើយ តែង​ប៉ះ​ទង្គិចយ៉ាង​នេះផង តែងជួប​ប្រទះនូវ​សេចក្តី​អាក្រក់ជាង (នេះ) ផង។ បើ​ក្នុង​ថ្ងៃ​នេះ នាង​នឹងបាន​ទ្រទ្រង់​កុមារ​ស្រស់ប៉ប្រៃ ជាក្សត្រិយ៍​ដែលកើត​ព្រោះ​ព្រះបាទ​កុសៈ មាន​ខ្សែ​ក្រវាត់ជាវិការៈ​នៃមាស និងកែវមណី​ដែលពួក​ញាតិបូជា​ហើយ នាងនឹង​មិន​ទៅ​កាន់​លំនៅ​យមរាជ​ទេ នែនាង​ដ៏ចំរើន​ ស្គរលាន់ឮក្តី ដំរីស្រែកក្តី ក្នុង​ខត្តិយ​ត្រកូល​ណា (នាងឃើញ) អ្វី​ដែល​ជាសុខ​ក្រៃលែង​ជាងខត្តិយ​ត្រកូលនោះ (បានជានាង​មក​ក្នុងទី​នេះ)។ សេះក្លា​ប្រធីប្របទ្វារ កុមារ​អ្នករបាំ​ប្រគំ​ក្នុងខត្តិយ​ត្រកូលណា នែនាង​​ដ៏ចំរើន (នាងឃើញ) អ្វី ដែលជាសុខ​ក្រៃលែងជាង​ខត្តិយត្រកូលនោះ។ កាល​បើក្ងោក និងក្រៀល​យំ និងតាវ៉ៅ​យំឮទ្រហឹង​អឹងកង​ក្នុងខត្តិយ​ត្រកូលណា នែនាង​ដ៏​ចំរើន ​​​​(នាង​ឃើញ) អ្វី ដែល​ជាសុខ​ក្រៃលែង​ជាងខត្តិយត្រកូលនោះ។

[១១៤] ព្រះបាទកុសៈជាអ្នកញាំញីខ្មាំងសត្រូវ ញាំញី​ដែនរបស់​ព្រះរាជា​ដទៃ មាន​ប្រាជ្ញាឆើត គប្បីដោះ​យើងឲ្យរួចចាកទុក្ខបាន តើនៅក្នុងទីណា។

[១១៥] (នាងបភាវតី…) ព្រះបាទកុសៈជាអ្នកញាំញីខ្មាំងសត្រូវ ញាំញីដែន​របស់​ព្រះរាជា​ដទៃ មានប្រាជ្ញាឆើត សម្លាប់ក្សត្រិយ៍​ទាំងអស់​នោះ នៅក្នុង​ទីនេះឯង។

[១១៦] (ព្រះមាតា…) នាងជាស្រីឆ្កួត ជាស្រីអន្ធពាល ចេះតែ​និយាយ (ឲ្យរួចតែ​ពីមាត់) បើព្រះបាទ​កុសៈគប្បីមក ពួកយើង​ធ្វើដូចម្តេច​នឹងស្គាល់​ព្រះបាទកុសៈ​នោះបាន។

[១១៧] (នាងបភាវតី…) (ព្រះបាទកុសៈ) គឺបុរសនាយពិសេស​នុ៎ះ ចងក្បិន​យ៉ាងមាំ​ឱន​លាងឆ្នាំង (សូមព្រះមាតាទត) ត្រង់ចន្លោះ​ដំណាក់កុមារី។

[១១៨] (ព្រះមាតា…) នាងជាស្រីនៃត្រកូលជាងចាំង ជាស្រី​ចណ្ឌាល ឬជាស្រី​ទ្រុស្ត ត្រកូលទេឬ នាងកើត​ក្នុងត្រកូល​ព្រះបាទមទ្ទៈ គួរធ្វើ​ស្វាមី (របស់ខ្លួន) ឲ្យជា​ទាសៈ ដូម្តេច​កើត។

[១១៩] (នាងបភាវតី…) ខ្ញុំមិនមែនជាស្រីត្រកូលជាងចាំង មិនមែន​ស្រី​ចណ្ឌាល មិន​មែនជា​ស្រីទ្រុស្ត​ត្រកូលទេ បពិត្រព្រះមាតា (ព្រះបាទ​កុសៈនោះ) ជាបុត្រ​របស់​ព្រះបាទ​ឱក្កាកៈ (ចំណែក​ខាង) ព្រះមាតា​ទេតើ សំគាល់​ថា​ជាទាសៈ​ទៅវិញ។

[១២០] ព្រះបាទកុសៈណា​ ញ៉ាំងពួកព្រាហ្មណ៍​ទាំងម្ភៃពាន់ ឲ្យបរិភោគ​សព្វកាល បពិត្រ​ព្រះមាតា ព្រះបាទ​កុសៈនោះ ជាបុត្រ​របស់​ព្រះបាទឱក្កាកៈ (ចំណែក​ខាង) ព្រះមាតា​ទេតើ សំគាល់​ថាជាទាសៈ​ទៅវិញ។ ពួកជន​តែងទឹម​ដំរីទាំង​ម្ភៃពាន់របស់​ព្រះបាទ​​​កុសៈ​ណាសព្វកាល បពិត្រព្រះមាតា ព្រះបាទ​កុសៈនោះ ជាបុត្រ​របស់ព្រះបាទ ឱក្កាកៈ (ចំណែក​ខាង) ព្រះមាតាទេតើ សំគាល់ថាជាទាសៈ​ទៅវិញ។ ពួកជនតែង​ទឹម​សេះ​ទាំងម្ភៃពាន់​របស់​ព្រះបាទ​កុសៈណា សព្វកាល បពិត្រ​ព្រះមាតា ព្រះបាទ​កុសៈ​នោះ ជា​បុត្រ​​របស់​ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតា​ទេតើ សំគាល់​ថាជា​ទាសៈ​ទៅ​វិញ។ ពួកជន​តែងទឹម​រថទាំងម្ភៃពាន់​របស់​ព្រះបាទ​កុសៈណា សព្វកាល បពិត្រ​ព្រះមាតា ព្រះបាទ​កុសៈនោះ ជា​បុត្រ​​របស់​ព្រះបាទ​ឱក្កាកៈ (ចំណែក​ខាង) ព្រះមាតា​ទេតើ សំគាល់​ថាជា​ទាសៈទៅវិញ។ ពួកជន​តែងរឹត​ទឹកដោះមេគោ​ទាំងម្ភៃពាន់​របស់​ព្រះ​បាទ​កុសៈ​ណា​សព្វកាល បពិត្រ​ព្រះមាតា ព្រះបាទកុសៈ​នោះ ជា​បុត្រ​​របស់​ព្រះបាទ​ឱក្កាកៈ (ចំណែកខាង) ព្រះមាតា​ទេតើ សំគាល់​ថាជាទាសៈទៅវិញ។

[១២១] (ព្រះរាជា…) ម្នាលស្រីពាល ហងឯងធ្វើខ្ជីខ្ជាដល់ក្សត្រិយ៍​ដែលមាន​កម្លាំង​ច្រើន ដូចជាដំរី ដោយ​ភេទនៃ​កង្កែប នាងមិនបាន​ប្រាប់ក្សត្រិយ៍​នោះ ដែល​យាងមក​ហើយ។

[១២២] បពិត្រមហារាជ ជាបុគ្គលប្រសើរលើរថ សូមព្រះអង្គ​ទ្រង់អត់​កំហុស ដល់​យើង ព្រោះយើង​មិនបាន​ដឹងថា ទ្រង់យាង​មកក្នុងទីនេះ ដោយ​ក្លែងភេទសោះ។

[១២៣] (ព្រះមហាសត្ត…) បពិត្រព្រះសម្មតិទេព ដំណើរ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ ធ្វើជា​​នាយពិសេសនោះ មិនកំបាំង​ដល់ជន​ដូចទូល​ព្រះបង្គំ​ជាខ្ញុំទេ សូមព្រះអង្គ​ជ្រះថ្លា​នឹង​ទូល​បង្គំជា​ខ្ញុំចុះ អំពើ​ខ្ជីខ្ជារបស់​ព្រះអង្គ​មិនមានទេ។

[១២៤] (ព្រះរាជា…) ម្នាលស្រីពាល នាងឯង​ចូរទៅសូម​ខមាលទោស​នឹង​ព្រះបាទកុសៈ ដែលមាន​កម្លាំងច្រើន ​ព្រះបាទ​កុសៈនោះ​ កាល​បើនាង​សូម​ខមាលទោស​ហើយ ​នឹង​ប្រទានជីវិត​ដល់នាង។

[១២៥] (អភិសម្ពុទ្ធគាថា) នាងបភាវតី មានវណ្ណៈ​ដូចជាវណ្ណៈ​នៃទេវតា ឮ​ព្រះឱង្ការ របស់ព្រះបិតា (ក៏ក្រាប) ដោយ​សីសៈ អាចចាប់​ព្រះបាទកុសៈ​ដ៏មាន​កម្លាំង​ច្រើន ត្រង់ព្រះបាទា​បាន។

[១២៦] (នាងបភាវតី…) បពិត្រព្រះសម្មតិទេព រាត្រី​ទាំងនោះ វៀរចាក​ព្រះអង្គ​កន្លងទៅ បពិត្រ​ព្រះអង្គ​ជាបុគ្គល​ប្រសើរលើរថ ខ្ញុំម្ចាស់​សូម (ក្រាប) ដោយក្បាល ថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូរ​របស់​ព្រះអង្គ សូមព្រះអង្គ​កុំខ្ញាល់​នឹងខ្ញុំម្ចាស់។ បពិត្រ​មហារាជ ខ្ញុំម្ចាស់​សូមប្តេជ្ញា​ពាក្យពិត​ចំពោះ​ព្រះអង្គ សូមព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យរបស់ខ្ញុំ ម្ចាស់ៗ លែង​ធ្វើនូវការ​មិនស្រឡាញ់​ព្រះអង្គ​ទៀតហើយ។ កាលបើ​ខ្ញុំម្ចាស់អង្វរករ យ៉ាង​នេះ​ហើយ បើព្រះអង្គ​នឹងមិនធ្វើ​តាមពាក្យ​ខ្ញុំម្ចាស់ទេ ព្រះរាជ​បិតាមុខ​ជានឹង​​សម្លាប់​ខ្ញុំម្ចាស់​ឥឡូវនេះ ហើយប្រទាន​ដល់ពួកក្សត្រិយ៍​មិនខាន។

[១២៧] (ព្រះមហាសត្ត…) កាលបើនាងអង្វរករយ៉ាងនេះហើយ យើងនឹង​មិនធ្វើ​តាម​ពាក្យរបស់​នាងឯណា​បាន នែនាង​បភាវតី​ស្រីកល្យាណី បងលែង​ខឹងនឹង​នាង​ហើយ នាងកុំ​ភ័យឡើយ។ នែ​រាជបុត្រី យើង​សូមប្តេជ្ញា​ពាក្យពិត​ចំពោះនាងៗ ចូរស្តាប់​ពាក្យ​របស់​​យើងៗ លែងធ្វើ​នូវសេចក្តី​មិនជាទី​ស្រឡាញ់​នាងទៀត។ នែនាង​បភាវតី ជាស្រី​មាន​ចង្កេះរៀវ យើងអត់​ទ្រាំសេចក្តីទុក្ខ​ច្រើនដង ព្រោះតែ​ចង់បាន​នាង យើង​​ហ៊ាន​សម្លាប់​ត្រកូល​របស់​ព្រះបាទមទ្ទៈ​ជាច្រើន ហើយនាំ​យកនាង​ទៅបាន។

[១២៨] ពួកជនទាំងឡាយ ចូរទឹមសេះដ៏រំលេច​ដោយគ្រឿង​ប្រដាប់​ផ្សេងៗ ជា​សត្វ​រៀបរយ​ក្នុងរថ កាលបើ​ទឹមហើយ អ្នកទាំងឡាយ​មុខជា​នឹងឃើញ​កម្លាំង​របស់ខ្ញុំ ដែល​​​កំចាត់​ពួកខ្មាំងបាន។

(អភិសម្ពុទ្ធគាថា) ពួកស្រីក្នុងព្រះរាជវាំង​របស់​ព្រះបាទមទ្ទៈ (នាំគ្នា​បើកបង្អួច) អើត​មើលព្រះបាទ​កុសៈនោះ ដែលកំពុង​មិតពត់ កំពុងទង្គិច​ដើមដៃ​ទាំងពីរខាង ដូចជា​សីហៈ​ ក្នុងទីនោះ។

[១២៩] ព្រះបាទកុសៈ លើកព្រះនាងបភាវតី ឡើងកាន់​កដំរី លុកលុយ​ចូល​ទៅ​ក្នុង​​សង្គ្រាម ហើយក៏​បន្លឺនូវ​សីហនាទ។ ពួកក្សត្រិយ៍​ឮព្រះបាទ​កុសៈនោះ​បន្លឺ​សីហនាទ​នោះ​ ​ត្រូវភ័យ​អំពីសំឡេង​គម្រាម​នៃព្រះបាទ​កុសៈ​បៀតបៀនហើយ ក៏នាំគ្នា​រត់បែក​ខ្ញែក​ដូច​ជាពួក​ម្រឹគដទៃ (ដែលភ័យ​នឹងសម្រែក) នៃសីហៈ។ ពួកទាហាន​ដំរី ទាហានសេះ ទាហាន​រ​ថ ទាហាន​ថ្មើរជើង ត្រូវភ័យ​អំពីសំឡេង​នៃព្រះបាទ​កុសៈបៀត​បៀនហើយ ក៏រត់​ជាន់​គ្នា​ទៅវិញ​ទៅមក។ ទេវរាជ​ជាធំជាង​ទេវតា បានឃើញហើយ ក៏មាន​ព្រះហ្ឫទ័យ​រីករាយ បានប្រទាន​កែវមណី​ឈ្មោះ​វិរោចនៈ ដល់​ព្រះបាទកុសៈ​ក្នុងប្រធាន​នៃសង្គ្រាម​នោះ។ ព្រះរាជា​នោះ លុះឈ្នះសង្គ្រាម​នោះ បានកែវមណី​ឈ្មោះ​វេរោចនៈ ហើយ​គង់​លើ ក ដំរី ក៏យាង​ចូលទៅ​កាន់បូរី។ ព្រះបាទកុសៈ បានចាប់​យក​ក្សត្រិយ៍​ទាំង ៧ អង្គ​​ទាំង​រស់ ចងនាំ​មកថ្វាយ​ដល់ព្រះបិតា​ក្មេកថា បពិត្រ​ព្រះសម្មតិទេព ក្សត្រិយ៍​ទាំង ៧ នេះ​ហើយ​​ជា​សត្រូវ​របស់​ព្រះអង្គ។ ពួកក្សត្រិយ៍​ជាសត្រូវ​ទាំងអស់ ជាអ្នក​បៀតបៀន​ព្រះអង្គ លុះ​ក្នុង​អំណាច​របស់ព្រះអង្គ​ហើយ សូមព្រះអង្គ​ធ្វើតាមបំណង​របស់​ព្រះអង្គចុះ ទោះ​ព្រះអង្គ​លែង​ក្សត្រិយ៍​ទាំងនោះ ឬសម្លាប់​នូវក្សត្រិយ៍​ទាំងនោះ​ចុះ។

[១៣០] (ព្រះរាជា…) បពិត្រមហារាជ ព្រះរាជាទាំងនុ៎ះ ជាសត្រូវ​របស់​ព្រះអង្គ ព្រះរាជា​ទាំងនោះ មិនមែន​ជាសត្រូវ​របស់ខ្ញុំទេ ព្រះអង្គ (ជាឥស្សរៈ) របស់​ពួកយើង​ស្រាប់​ហើយ ទោះលែង​ក្សត្រិយ៍​ទាំងនោះ ឬសម្លាប់​នូវក្សត្រិយ៍​ទាំងនោះចុះ។

[១៣១] (ព្រះមហាសត្ត…) ធីតាទាំងឡាយ​របស់ព្រះអង្គ​ទាំង ៧ នេះ ល្អ មាន​ឧបមា​ដោយ​ទេវកញ្ញា សូមព្រះអង្គ​ប្រទានធីតា​មួយអង្គៗ ដល់​ព្រះរាជា​ទាំងនោះៗ ចូរជា​កូនប្រសារ របស់ព្រះអង្គចុះ។

[១៣២] (ព្រះបាទមទ្ទៈ…) បពិត្រមហារាជ ព្រះអង្គ​ជាឥស្សរៈ​របស់ពួកយើង​ទាំងអស់គ្នា គឺ (ព្រះរាជា​ទាំង ៧ នេះផង) ខ្ញុំផង ធីតា​ទាំងនោះ​ផង ព្រះអង្គ​ប្រាថ្នានឹង (ប្រទាន) ធីតា ណា (ដល់​ព្រះរាជា​ណា) សូម​ប្រទាន (ធីតានោះ) ដល់​ព្រះរាជា​នោះ​ចុះ។

[១៣៣] (អភិសម្ពុទ្ធគាថា) ព្រះបាទកុសៈ មានព្រះវាចាស័ព្ទ​ស្មើនឹង​សំឡេង​សីហៈ បាន​ប្រទាន​ពួកធីតា​របស់​ព្រះបាទ​មទ្ទៈមួយអង្គៗ ដល់ក្សត្រិយ៍​ទាំងនោះ​មួយអង្គៗ។ ពួក​ក្សត្រិយ៍​ទាំង ៧ អង្គ មាន​ព្រះហ្ឫទ័យ​ស្កប់ស្កល់​ដោយលាភ​នោះហើយ ក៏ត្រេក​អរ ចំពោះ​ព្រះបាទកុសៈ ដែលមាន​ព្រះសូរវាចា​ស្មើនឹង​សំឡេងសីហៈ បានទៅ​កាន់ដែន​​ទាំង​ឡាយ​រៀង​ខ្លួនក្នុង​លំដាប់​នោះឯង។ ចំណែក​ឯព្រះបាទ​កុសៈ​មានកម្លាំង​ច្រើន បាន​នាំយក​នាង​បភាវតី និង​កែវមណី ឈ្មោះវេរោចនៈ​ដ៏ល្អ ហើយទ្រង់​ស្តេចវិល​ត្រឡប់​ទៅ​កាន់​ក្រុង​កុសាវតី​វិញ។ ក្សត្រិយ៍ទាំងនោះ គង់លើ​រថជា​មួយគ្នា បរសំដៅ​ចូលទៅ​​កាន់​ក្រុងកុសាវតី ស្មើគ្នា​ដោយវណ្ណៈ និងរូប មិនរុងរឿង​ជាងគ្នាង​ប៉ុន្មានទេ។ ព្រះ​មាតា​បាន​ជួបជុំដោយបុត្រ ចំណែក​អគ្គមហេសី និងព្រះរាជស្វាមី​ទាំងពីរ​ព្រះអង្គ​នោះ បានព្រម​ព្រាងគ្នា នៅគ្រប់​គ្រង​រាជធរណី​ដ៏សម្បូណ៌​សប្បាយ​ក្នុងកាលនោះ។

ចប់ កុសជាតក ទី១។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.531.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann