km:tipitaka:sut:kn:jat:sut.kn.jat.532

សោណនន្ទជាតក ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 532 បាលី cs-km: sut.kn.jat.532 អដ្ឋកថា: sut.kn.jat.532_att PTS: ?

សោណនន្ទជាតក ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥៣២. សោណនន្ទជាតកំ (២))

[១៣៤] (ព្រះរាជាព្រះនាម​មនោជៈ ត្រាស់សួរថា) លោកជា​ទេវតា ឬជា​គន្ធព្វ ជា​សក្ក​បុរិន្ទទៈ ឬជា​មនុស្ស​មានឫទ្ធិ ធ្វើដូចម្តេច យើងនឹង​ស្គាល់លោកបាន។

[១៣៥] (តាបសឈ្មោះនន្ទបណ្ឌិតពោលថា) អាត្មាភាព មិនមែន​ជាទេវតា មិន​មែនជា​គន្ធព្វ មិនមែន​ជាសក្កបុរិន្ទទៈ​ទេ អាត្មាភាព​ជាមនុស្ស​មានឫទ្ធិ បពិត្រ​ព្រះរាជា ទ្រទ្រង់​នូវភារៈ (ដែន) សូមព្រះអង្គ​ជ្រាបយ៉ាងនេះចុះ។

[១៣៦] (ព្រះបាទមនោជៈ…) ការខ្វល់ខ្វាយបំរើ មានភាព​ដែល​លោកដ៏​ចំរើន​ធ្វើហើយ នេះជា​ការមិនមែនតិច កាលដែល​ភ្លៀងកំពុងធ្លាក់​ចុះ លោកដ៏ចំរើនអាច​​ធ្វើ​មិន​ឲ្យមាន​ភ្លៀងបាន។ តអំពី​នោះមក លោកដ៏ចំរើន​អាចធ្វើ​ឲ្យម្លប់​ដ៏ត្រជាក់​បាន ក្នុងទី​មាន​ខ្យល់ និងកំដៅ​ថ្ងៃដ៏ខ្លាំង តពីនោះមក លោកដ៏ចំរើន​អាចធ្វើ​គ្រឿង​ការពារព្រួញ ក្នុង​កណ្តាល​នៃសត្រូវ​ទាំងឡាយបាន។ តពីនោះមក លោកដ៏ចំរើន​អាចធ្វើ​ដែន​ទាំង​ឡាយ ដ៏សម្បូណ៌ (និង) អ្នកដែន​ទាំងនោះ​ឲ្យលុះ​ក្នុងអំណាច (របស់យើងខ្ញុំ) តពី​នោះ​មក លោកដ៏ចំរើន​អាចធ្វើ​ក្សត្រិយ៍ ១០១ ឲ្យជា​ចំណុះ (នៃយើង​ខ្ញុំបាន)។ យើងខ្ញុំ​ត្រេក​អរ​​​​​​នឹងលោក​ដ៏ចំរើន លោកចង់​បានរតនៈ (ណា) ចូរទទួល​យករតនៈ​នោះចុះ យើងខ្ញុំ​ប្រគេន​យានដំរី រថ សេះ ពួកនាង​នារី​ដែលប្រដាប់​ស្រេច ទាំងលំនៅ​គួរឲ្យ​ត្រេកអរ​ទាំង​ឡាយ​ដល់លោក​ដ៏ចំរើន។ មួយទៀត យើងខ្ញុំប្រគេន​ដែនអង្គៈ ឬមគធៈ ដល់​លោកដ៏​ចំរើន មួយ​ទៀត យើងខ្ញុំ​សប្បាយចិត្ត ប្រគេនដែន​អស្សកៈ ឬដែន​អវន្តិដល់​លោក។ យើងខ្ញុំ​ប្រគេន​រាជ្យពាក់​កណ្តាល ដល់លោក​ដ៏ចំរើន បើលោក​ត្រូវការ​ដោយរាជ្យ លោក​​ចង់បាន​របស់ណា សូមត្រួតត្រា​របស់នោះចុះ។

[១៣៧] (នន្ទបណ្ឌិតតាបស…) អាត្មាភាព​ មិនត្រូវការ​ដោយរាជ្យ ដោយនគរ ឬ​ដោយ​​ទ្រព្យ ទាំងមិនត្រូវ​ការដោយ​ជនបទទេ។

[១៣៨] ក្នុងព្រៃក្នុងដែនជាអាណាខែត្ររបស់ព្រះអង្គ​ដ៏ចំរើន មានអាស្រម​មួយ បិតាមាតា​​របស់អាត្មាភាព​ទាំងពីរ​នាក់ នៅក្នុង​អាស្រមនោះ។ អាត្មាភាព​មិនបានធ្វើ​បុណ្យ ចំពោះ​បុព្វាចារ្យ​ទាំងនោះ យើងធ្វើ​ព្រះអង្គដ៏ចំរើន​ឲ្យប្រសើរ​លើសលុប ឲ្យសូម​នូវការ​រួបរួម​ជាមួយ​នឹង​សោណបណ្ឌិតតាបស។

[១៣៩] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ខ្ញុំធ្វើតាមពាក្យរបស់លោក​ដែលលោក​ពោល​​នឹងខ្ញុំ សូមលោក​ប្រាប់ហេតុនោះ ដល់​យើងខ្ញុំ តើឲ្យ​ពួកជន​ប៉ុន្មាននាក់ ជាអ្នកជួយ អង្វរ​ករ។

[១៤០] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាល​ជាងមួយរយ ពួក​ព្រាហ្មណ៍​មហាសាលជាងមួយរយ និងពួកក្សត្រិយ៍​ទាំងអស់ ដែលមាន​ជាតិដ៏ខ្ពស់ មាន​យសនេះ ទាំងព្រះបាទមនោជៈ​ដ៏ចំរើន ទើបល្មម​ជាអ្នក​ជួយអង្វរករ។

[១៤១] (ព្រះរាជា…) ពួកអ្នករក្សាដំរី ពួកអ្នក​រក្សាសេះ ចូរនាំគ្នា​ចាត់ចែង​នូវ​ពួកដំរី ពួក​សេះ ម្នាលសារថី អ្នកចូរ​ជ្រាមរថ អ្នកទាំងឡាយ ចូរយក​គ្រឿងប្រដាប់​សម្រាប់ចង (ឯដំរី​សេះរថ) ជនទាំងឡាយ ចូរលើកទង់ជ័យ ត្រង់ជើង​ទង់ជ័យដែល​ដំកល់លើរថ អញនឹង​ទៅកាន់​អាស្រម​ជាទីនៅ​នៃ​កោសិយគោត្ត។

[១៤២] (អភិសម្ពុទ្ធគាថា) លំដាប់ពីនោះមក ព្រះរាជាបានយាងទៅដោយ​សេនា​ប្រកប​​ដោយអង្គ ៤ ទ្រង់ស្តេច​ទៅកាន់​អាស្រម ជាទីរីករាយ ជាទីនៅ​នៃ​កោសិយគោត្ត។

[១៤៣] (ព្រះបាទមនោជៈ…) ដងរែក ជាវិការៈ​នៃឈើក្ទម្ព​របស់​អ្នកណា ដែល​ទៅ​​​ដង​ទឹក ហើយមិន​ប៉ះពាល់ស្មា ទៅលើ​អាកាស​ចំនួន ៤ ធ្នាប់។

[១៤៤] (ព្រះមហាសត្ត…) បពិត្រមហារាជ អាត្មាភាព​ជាតាបស​ឈ្មោះសោណៈ ប្រកប​ដោយវត្ត មិនខ្ជិលច្រអូស ចិញ្ចឹម​មាតាបិតា ទាំងយប់​ទាំងថ្ងៃ។ បពិត្រ​ព្រះអង្គ​​ជា​ម្ចាស់​នៃទិស អាត្មាភាព រលឹកឃើញ​ឧបការៈ​ដែលមាតា​បិតាធ្វើ​ក្នុងកាល​មុន ហើយ​ក៏​យក​ផ្លែ​ឈើ និងមើមឈើ​ក្នុងព្រៃ មកចិញ្ចឹម​មាតាបិតា។

[១៤៥] (ព្រះរាជា…) យើងខ្ញុំចង់ទៅកាន់អាស្រម ជាទីនៅរបស់​កោសិយគោត្ត បពិត្រ​ព្រះសោណៈ សូមលោកម្ចាស់​ប្រាប់ផ្លូវ​ដល់យើង យើងនឹង​ទៅកាន់​អាស្រម។

[១៤៦] (ព្រះមហាសត្ត…) បពិត្រព្រះរាជា ផ្លូវដើរចុះ​តែជើង ១ នេះ មាន​ព្រៃ មាន​ពណ៌​ដូច​ជាផ្ទៃមេឃ ដ៏ដេរដាស​ដោយ​ដើមរលួស​ផ្អុងនុ៎ះ ជាទីនៅ​របស់​កោសិយគោត្ត។

[១៤៧] (អភិសម្ពុទ្ធគាថា)​ លុះមហាឥសីពោលពាក្យនេះ​ទូលប្រាប់​ពួក​ក្សត្រិយ៍​ហើយ ប្រញាប់​ប្រញាល់​ចៀសចេញទៅ (កាន់​ស្រះអនោតត្ត) តាមអាកាស​វេហាស៍ មហា​ឥសី ក៏បោស​សំអាត​អាស្រម រៀបចំអាសនៈ ចូលទៅ​កាន់​បណ្ណ​សាលា​ហើយ​ជំរាប​បិតា​ឲ្យជ្រាបថា បពិត្រ​មហាឥសី ព្រះរាជា​ទាំងនេះ មានជាតិខ្ពស់ មានយស យាង​មក សូម​ព្រះបិតា​ចេញអំពី​អាស្រម​មកគង់​ចាំទទួល។ មហាឥសី ឮពាក្យនោះ​របស់កូន​នោះ​ហើយ ក៏ប្រញាប់​ប្រញាល់ ចេញអំពី​អាស្រម មកអង្គុយ​ជិតទ្វារ។

[១៤៨] កោសិយគោត្តតាបស បានឃើញស្តេចនោះ ដូចជា​រុងរឿង​ដោយតេជះ មាន​​ពួកក្សត្រិយ៍​ហែហម កំពុង​យាងមក ហើយ​បានពោល​ពាក្យនេះថា ស្គរ សម្ភោរ ស័ង្ខ ស្គរតូច និងមហោរធិក​របស់អ្នកណា​ញ៉ាំងសេ្តច​ជាបុគ្គល​ប្រសើរលើរថ ឲ្យ​រីករាយ​ទៅ​ខាង​មុខ។ (ទីបំផុតថ្ងាស) នៃអ្នកណា (បិទបាំង) ដោយ​ដំបារមាស​ដ៏ធំ មានព័ណ៌​ដូច​ជា​ផ្លេកបន្ទោរ ប្រុស​កំឡោះណា សៀតបំពង់​ព្រួញ រុងរឿង​ដោយសិរី ហើយដើរ​មក។ អ្នក​ណា​មានមុខរុងរឿង​ភ្លឺចាំង ដូចជា​មាសភ្លឺ​ចិញ្ចាច​ត្រង់មាត់បាវ ស្រដៀងនឹង​រងើក​ភ្លើង​នៃ​ឧសគគីរ រុងរឿង​ដោយសិរី ហើយដើរមក។ អ្នកណា​បាំងឆ័ត្រ ព្រមទាំង​ឆ្អឹង ជា​ទីរីក​រាយ​នៃចិត្ត ការពារ​រស្មីព្រះអាទិត្យ អ្នកណា​រុងរឿង​ដោយសិរី ហើយ​ដើរ​មក។ ពួក​ជនបិទ​បាំង​ជុំវិញខ្លួន​នៃអ្នកណា ដែល​មានបុណ្យ​ដ៏ប្រសើរ កំពុង​ជិះលើ ក​ នៃដំរី ដោយ​ផ្លិត​រោមសត្វ​ដ៏ឧត្តម ហើយ​ដើរទៅ។ ពួកឆ័ត្រស និងពួក​អាជានេយ្យ ប្រដាប់​​ដោយ​ក្រោះ​ខ្នាន់ខ្នាប់​ជុំវិញ​នៃអ្នកណា អ្នកណា​រុងរឿង​ដោយសិរី ហើយដើរ​មក​។ ពួកក្សត្រិយ៍​​មួយរយមួយ សុទ្ធតែ​មានយស​ជាស្តេចចំណុះ ដើរហែហម​ជុំវិញនៃ​អ្នកណា អ្នកណា​​រុងរឿង​ដោយសិរី ដើរមក។ ពួកសេនា​ប្រកប​ដោយអង្គ ៤ គឺដំរី ១ សេះ ១ រថ ១ ពល​ថ្មើរជើង ១ ដើរ​ហែហម​ជុំវិញ (នៃអ្នក​ណា) អ្នកណា​រុងរឿង​ដោយ​សិរី ដើរមក​។ សេនា​​ដ៏ធំនេះ មិនមាន​អ្នកណា​មួយឲ្យ​រំភើបបាន មិនមាន​ទីបំផុត ដូចជា​​រលកនៃ​សាគរ ប្រព្រឹត្ត​ទៅតាម​ខាងក្រោយ​នៃអ្នកណា។

[១៤៩] (ព្រះមហាសត្ត…) ព្រះបាទមនោជៈ ជាព្រះរាជា​ប្រសើរ​ជាងពួក​ព្រះរាជា ដូចជា​ព្រះឥន្ទ្រ​ជាធំជាង​ពួកទេវតា ក្នុងឋាន​ត្រៃត្រឹង្ស ដែល​មានជ័យ​ជំនះ បានដល់​នូវ​ភាពជា​បរិស័ទ​នៃនន្ទតាបស ​មកកាន់​អាស្រម​នៃពួក​ព្រហ្មចារីបុគ្គល (ដើម្បី​ខមា​ទោស​​នឹង​យើង)។ សេនា​ដ៏ធំនេះ មិនមាន​អ្នកណា​មួយ​ឲ្យរំភើបបាន មិនមាន​ទីបំផុត​​ដូចជារលក នៃសាគរ ប្រព្រឹត្ត​ទៅតាម​ខាងក្រោយនៃព្រះបាទមនោជៈ​នោះ។

[១៥០] (អភិសម្ពុទ្ធគាថា) ពួកព្រះរាជាទាំងអស់ លាបស្រឡាប​ដោយ​ខ្លឹមចន្ទន៍ ទ្រង់​កាសិកព័ស្រ្តដ៏​ឧត្តម បានផ្គង​អញ្ជលី​ចូលទៅ​រកពួកឥសី។

[១៥១] (ព្រះបាទមនោជៈ…) លោកដ៏ចំរើន​មានសេចក្តី​សុខស្រួលទេឬ លោក​ដ៏ចំរើន​មានអនាម័យ​ទេឬ លោកទាំងឡាយ​ចិញ្ចឹមជីវិត​ដោយការស្វែង​រកឬ មើមឈើ និង​ផ្លែឈើ មានច្រើន​ដែរឬ។ ពួករបោម មូស ពស់ មានតិច​តួចដែរឬ ក្នុងព្រៃ​​ដ៏ដេរដាស​ដោយ​ម្រឹគ​សាហាវ មិនបៀត​បៀនទេឬ។

[១៥២] (កោសិយគោត្ត…) បពិត្រព្រះរាជា អាត្មាភាព មានសេចក្តី​ស្រួលទេ បពិត្រ​ព្រះរាជា មួយទៀត អាត្មាភាព មិនមាន​សេចក្តី​ឈឺចាប់ទេ អាត្មាភាព ចិញ្ចឹម​ជីវិត​ដោយ​ការ​ស្វែងរក (ផលាផល) ស្រួលទេ ទាំងមើមឈើ និងផ្លែឈើ​ក៏មានច្រើន។ មួយ​ទៀត ពួករបោម មូស ពស់ ក៏មាន​តិចតួចទេ ក្នុងព្រៃ​ដ៏ដេរដាស​ដោយ​ម្រឹគ​សាហាវ ក៏​មិនបៀត​បៀន​អាត្មាភាពទេ។ អាត្មាភាព មកនៅក្នុង​អាស្រមនេះ អស់​ប្រជុំ​នៃឆ្នាំ​ជា​ច្រើន មិនដែល​ស្គាល់អាពាធ មិនជាទី​ត្រេកអរ​នៃចិត្ត​កើតឡើងទេ។ បពិត្រមហារាជ ព្រះអង្គ​យាងមក​ល្អហើយ មួយទៀត ព្រះអង្គ​មិនមែន​យាងមក​​អាក្រក់ទេ ព្រះអង្គជា​ឥស្សរៈ យាងមក​ដល់ហើយ វត្ថុមាន​ក្នុងទីនេះ សូមព្រះអង្គ​មាន​ព្រះបន្ទូល។ បពិត្រ​​ព្រះរាជា​ សូមព្រះអង្គ​សោយ​ផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែស្រគំ ផ្លែ​មាក់ដោក មាន​រសឆ្ងាញ់​​ពិសា ដូចជា​ទឹកឃ្មុំ។ ទឹកត្រជាក់​នេះ អាត្មាភាព បាន​ដងមក​អំពីជ្រោះភ្នំ បពិត្រ​​មហារាជ សូមព្រះអង្គ​សោយទឹក​នោះចុះ ប្រសិនបើ​ទ្រង់ត្រូវការ។

[១៥៣] (ព្រះរាជា…) របស់ណាដែលលោក​ឲ្យហើយ (របស់នោះ) ឈ្មោះថា យើង​ខ្ញុំ​ទទួល​ហើយ ទាំងបាន​ធ្វើឲ្យជា​ជំនូន​ដល់ជន​ទាំង​ពួង លោកទាំងឡាយ ចូរស្តាប់​​ពាក្យ​នន្ទ​បណ្ឌិត​តាបស លោកនឹង​និយាយ​ឥឡូវនេះ ពួកយើង​ជាបរិស័ទ​នៃនន្ទបណ្ឌិត​​តាបស បានមក​កាន់សំណាក់​នៃលោក​ដ៏ចំរើន សោណបណ្ឌិត​ដ៏ចំរើន ចូរស្តាប់ពាក្យ​នៃ​ខ្ញុំផង នៃ​បរិស័ទ​របស់នន្ទបណ្ឌិត​តាបសផង។

[១៥៤] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាល ជាងមួយរយ ពួក​ព្រាហ្មណ៍​មហាសាល​ជាងមួយរយ និងពួក​ក្សត្រិយ៍​ទាំងអស់ ដែលមាន​ជាតិខ្ពស់ មាន​យសនេះ ទាំងព្រះបាទ​មនោជៈ​ដ៏ចំរើន សូមជ្រាប​តាមសំដី​របស់​អាត្មាភាពចុះ។ ពួក​ជនដែល​មក​ជួបជុំគ្នា ពួកយក្ស ពួកភូត និងទេវតា ក្មេងមាន​ក្នុងអាស្រម​ក្នុងព្រៃនេះ ចូរ​ស្តាប់​នូវ​​ពាក្យ​របស់អាត្មា។ អាត្មាធ្វើ​នមស្ការ​ដល់ពួកភូតហើយ នឹងនិយាយ​ចំពោះ​ឥសី (ឈ្មោះ​សោណបណ្ឌិត) ដែលមាន​វត្តល្អថា​ ខ្ញុំនោះ​ហើយ ដែលកោសិយគោត្ត​សន្មតថា ជាដើម​ដៃស្តាំ​របស់លោក។ បពិត្រ​អ្នកមាន​ព្យាយាម ការទំនុក​បំរុងមាតាបិតា​នេះ ជា​បុណ្យរបស់​ខ្ញុំដែលជា​អ្នកប្រាថ្នា​ចិញ្ចឹមមាតា និងបិតារបស់ខ្ញុំ បពិត្រ​ព្រះកោសិយៈ សូម លោក​កុំ​ឃាត់ខ្ញុំឡើយ។ ការទំនុក​បំរុងមាតាបិតា​នុ៎ះ ពួកសប្បុរស​បានដឹងហើយ សូម លោកលះ​នូវការទំនុក​បំរុង​មាតាបិតា​នេះ​ឲ្យដល់ខ្ញុំ លោក​បានធ្វើ (កុសល) ដោយការ ខ្នះខ្នែង​នឹងការ​បំរើ​យូរយារ​ណាស់​មកហើយ (ឥឡូវនេះ ខ្ញុំចង់ធ្វើ) បុណ្យ​ទាំងឡាយ ដល់​មាតា​ និងបិតា សូមលោក​ប្រគល់​សួគ៌ទេវលោក​ដល់ខ្ញុំ។ បពិត្រឥសី លោក​ដឹងផ្លូវ​ទៅកាន់​សួគ៌ទេវលោក​យ៉ាងណា ពួកមនុស្ស​ក៏ដឹងចំណែក​ធម៌​ក្នុងធម៌ ក៏យ៉ាង​​នោះដែរ។ កិរិយា​នាំមកនូវ​សេចក្តីសុខ​ដល់មាតាបិតា ដោយការ​ខ្នះខ្នែងនឹងការ​បំរើ ឥឡូវនេះ ជន ​(សោណបណ្ឌិត) ហាមឃាត់​ខ្ញុំនោះ​ចាកបុណ្យ ឈ្មោះថា ជាអ្នក​រារាំង​​ផ្លូវដ៏ប្រសើរ (ឋានសួគ៌)។

[១៥៥] (ព្រះមហាសត្ត…) លោកដ៏ចំរើន​ទាំងឡាយ ដែលជា​បរិស័ទ​នៃ​ប្អូនរបស់ខ្ញុំ សូមស្តាប់​ពាក្យរបស់ខ្ញុំ បពិត្រ​មហារាជ អ្នកណា​មិនប្រព្រឹត្តធម៌ ចំពោះ​​បុគ្គល​ជាច្បង​ទាំងឡាយ ញ៉ាំងប្រវេណីពីបុរាណ​ឲ្យសាបសូន្យ អ្នកនោះ​រមែងទៅ​កើតក្នុង​នរក។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​នៃទិស ពួកជនណា​ឈ្លាសវៃ​ក្នុងធម៌ (ជេដ្ឋាបចាយន​ធម៌) ជា​ប្រវេណី​អំពី​បុរាណ ព្រមទាំង​បរិបូណ៌​ដោយ​សណ្តាប់ធ្នាប់ ពួកជននោះ រមែង​មិន​ទៅ​កាន់ទុគ្គតិទេ។ បពិត្រ​ព្រះអង្គ​ជាអ្នក​ទ្រទ្រង់​នូវបន្ទុក (ដែន) សូមព្រះអង្គ​ជ្រាប​យ៉ាង​នេះថា មាតាបិតា​បងប្អូន​ប្រុសស្រី ញាតិ និងផៅពង្ស​ទាំងអស់​នោះ ជាភារៈ​របស់កូនច្បង។ បពិត្រ​ព្រះអង្គ​ជាបុគ្គល​ប្រសើរលើរថ អាត្មាភាព​ដូចជា​នាយសំពៅ អាចនាំ​យកនូវ​ភារៈ​​ដ៏​​ធ្ងន់ អាត្មាភាព​ពុំប្រមាទ​នូវ​ជេដ្ឋាបចាយនធម៌​ទេ ព្រោះអាត្មាភាព​ជាច្បង។

[១៥៦] (ព្រះរាជាទាំងឡាយ…) ពួកយើងបានញាណ​ដូចបុគ្គល​បានអណ្តាត​ភ្លើង​អំពី​ភ្លើង ក្នុងទីងងឹត កោសិយតាបស​ដ៏ចំរើន​បានឆ្លុះបញ្ចាំង​ធម៌ដល់​ពួកយើង យ៉ាង​នេះ​ឯង។ ព្រះអាទិត្យ​ដែលបំភ្លឺ​នូវទ្រព្យ ធ្វើពន្លឺ​កាលរះឡើង តែងឆ្លុះ​បញ្ចាំង​នូវរូបល្អ អាក្រក់ ដល់​សត្វទាំងឡាយ​យ៉ាងណា កោសិយៈ​ដ៏ចំរើន​បានឆ្លុះ​បញ្ចាំង​នូវធម៌​ដល់ពួក​យើង ក៏​យ៉ាង​នោះដែរ។

[១៥៧] (នន្ទបណ្ឌិតតាបស…) កាលបើខ្ញុំអង្វរយ៉ាង​នេះហើយ លោក​នៅតែមិន​ទទួល​អញ្ជលី ខ្ញុំនឹង​ជាអ្នក​ប្រព្រឹត្ត​តាមពាក្យ ជាអ្នក​ប្រឹងបំរើលោក។

[១៥៨] (ព្រះមហាសត្ត…) ម្នាលនន្ទ អ្នកស្គាល់ច្បាស់​នូវព្រះសទ្ធម្ម​ដែលពួក​សប្បុរស​សំដែងហើយមែន អ្នកជា​មនុស្សល្អ មានឫកពាល្អ ត្រូវចិត្ត​យើងហើយ។ ខ្ញុំសូម​និយាយ​នឹងបិតា​ដ៏ចំរើន នឹងបិតា​ដ៏ចំរើន សូមលោក​ទាំងឡាយ​ស្តាប់ពាក្យ​របស់​ខ្ញុំ ភារៈ​នេះ មិនមែន​គ្រាន់តែ​ជាភារៈ​របស់​ខ្ញុំក្នុងកាល​ម្តងៗ ទេ។ នន្ទៈ​ធ្វើនូវ​ខ្ញុំដែលជា​អ្នក​បំរើ នាំ​ម​ក​នូវសេចក្តី​សុខដល់​មាតា និងបិតា​នោះ ឲ្យជា​ធំ ហើយសូម​ដើម្បី​ការបំរើ​​ដែរ។ បណ្តា (មាតា និងបិតា) ជាព្រហ្មចារី បើលោក​ណាម្នាក់​ចង់បាន សូមលោក​​ទទួល​យក​នន្ទៈ តាម​ប្រាថ្នាចុះ តើឲ្យ​នន្ទៈបំរើ​លោកណា។

[១៥៩] (មាតា…) នែសោណៈកូន យើងអាស្រ័យនឹងអ្នក អ្នកអនុញ្ញាត​ហើយ គួរ​បាន​ដើម្បីចូល​ទៅថើប​ក្បាលនន្ទៈ ជា​ព្រហ្មចារី​។

[១៦០] ដួងហ្ឫទ័យ​របស់ម្តាយ​រំជួល ព្រោះខាន​ឃើញនន្ទៈ​អស់កាល​យូរហើយ ដូចជា​ស្លឹកខ្ចី​របស់​អស្សត្ថព្រឹក្ស​ដែលត្រូវ​ខ្យល់បក់។ វេលាណា ម្តាយ​ដេកលក់ យល់​សប្តិ​ឃើញ​នន្ទៈ​មក ក៏មាន​ចិត្តត្រេកអរ មាន​ចិត្តរីករាយ (ដោយ​គិតថា) នន្ទៈរបស់​​យើងនេះ មកហើយ។ វេលាណា ម្តាយភ្ញាក់ឡើង មិនឃើញ​នន្ទៈមកទេ សេចក្តី​សោក​ និង​ទោមនស្ស​ជាច្រើន រឹងរឹត​តែបណ្តាល​ឡើង។ យូរណាស់​ហើយ ស្រាប់តែ​ក្នុងថ្ងៃនេះ ម្តាយនោះ​ឃើញនន្ទៈ​មកដល់ នន្ទៈ​ជាទីស្រឡាញ់​នៃស្វាមី​របស់​ម្តាយផង នៃម្តាយ​ផង បាន​ចូល​មកកាន់​ផ្ទះរបស់​ពួកយើង។ នន្ទៈជាទី​ស្រឡាញ់​ក្រៃលែង​របស់បិតា កុំឲ្យនន្ទៈ ទៅ​​បា្រសចាក​អំពីផ្ទះ នែកូន ឯនន្ទៈ (ចង់បាន​អ្នកណា) ចូរបាន​អ្នកនោះ​ចុះ នន្ទៈ​ចូរបំរើ​នូវ​​អញចុះ។

[១៦១] (ព្រះមហាសត្ត…) ម្នាលឥសី មាតាជាអ្នកឈឺឆ្អាល ជាទីពឹង ជាអ្នក​​ឲ្យរស (ទឹកក្សីរ) ដល់ពួក​យើង​ជាមុន ជាផ្លូវ​នៃសួគ៌​ទេវលោក ចង់បាន​អ្នក។ មាតា​ជា​អ្នកឲ្យ​រស​ជាមុន ជាអ្នក​គ្រប់គ្រង ដែលយើង​ចូលទៅ​អាស្រ័យ​បុណ្យ ជាផ្លូវ​នៃសួគ៌​​ទេវ​លោក ម្នាល​ឥសី មាតា​ចង់បានអ្នក។

[១៦២] មាតា កាលប្រាថ្នាចង់បានផ្លែ គឺកូន រមែង​នមស្ការ​ទេវតា​ សួរ​នក្ខត្តឫក្ស​ទាំង​ឡាយផង សួររដូវ និងឆ្នាំ​ទាំងឡាយផង។ កាល​មាតានោះ មានរដូវ​លាង​ស្អាត​​ហើយ សត្វក៏ចុះ​មកកាន់​គភ៌ស៊ប់ មាតា​ជាស្ត្រីមាន​សេចក្តី​ចាញ់ផ្ទៃ​ដោយហេតុនេះ ព្រោះ​ហេតុ​នោះ បានជា​បណ្ឌិត​ហៅថា សុហទា (មានដួង​ហ្ឫទ័យល្អ)។ មាតារក្សា (ផ្ទៃ) អស់​មួយឆ្នាំ ឬថយ​ពីមួយឆ្នាំ ហើយ​ប្រសូត​បុត្រមក ព្រោះ​ហេតុនោះ បានជា​បណ្ឌិត​ហៅ​មាតា​នោះថា ជនយន្តីផង ជនេត្តីផង (អ្នកបង្កើតកូន)។ មាតាញ៉ាំងកូន​ដែល​កំពុង​​យំឲ្យត្រេកអរ ដោយ​ទឹកក្សីរ​ផង ដោយការ​បំពេ​ផង ដោយការ​ឱបក្រសោប​ផង ព្រោះ​​ហេតុនោះ បានជា​បណ្ឌិត​ហៅថា តោសេន្តី (អ្នកញ៉ាំង​កូនឲ្យ​ត្រេកអរ)។ តពីនោះ​មក មាតា​ធ្វើនូវ​សេចក្តី​ស្រឡាញ់​រាប់អាន ហើយក្រឡេក​មើលទារក​ដែល​នៅពុំទាន់​ដឹងក្តី ក្នុងទី​មានខ្យល់ និង​កំដៅ​ថ្ងៃដ៏​ពន្លឹក ព្រោះ​ហេតុនោះ បានជា​បណ្ឌិត​ហៅថា បោសេន្តី (អ្នក​​ចិញ្ចឹមកូន)។ ទ្រព្យ​ណាខាង​មាតាផង ទ្រព្យណាខាង​បិតាផង មាតា​ក៏​គ្រប់គ្រង​ទ្រព្យ​ទាំងពីរ​ចំណែក​ដើម្បី​កូននោះ (ដោយ​បំណងថា ទ្រព្យនេះ) ត្រូវ​មានដល់​កូនរបស់​យើង។ មាតា​រមែង​លំបាក​ដោយការ​បង្ហាត់បង្រៀន​កូនដូច្នេះថា ម្នាលកូន (ឯងចូរ​កុំប្រមាទ​ក្នុង​រាជ​ត្រកូល​ជាដើម) យ៉ាងនេះ ម្នាលកូន (ឯងចូរ​ធ្វើការ) ឯណោះ។ កាលបើ​កូនមាន​វ័យ​ចំរើន​ឡើង​ហើយ មាតា (បានដឹង) កូននោះ​ប្រមាទ​ក្នុង​ប្រពន្ធរបស់​អ្នកដទៃ​ក្នុង​ពេល​​អធ្រាត្រ ហើយ​មិនមក​ក្នុងវេលា​ល្ងាច ក៏រមែង​លំបាក​ចិត្ត​ដូច្នេះ។ សត្វ​ដែលមាតា​ចិញ្ចឹម​ដោយ​ត្រដាប​ត្រដួស​យ៉ាងនេះ ហើយ​មិនបំរើ​មាតា ប្រព្រឹត្តខុស​ក្នុងមាតា​នោះ​ តែងទៅ​កើត​ក្នុងនរក។ សត្វដែល​បិតាចិញ្ចឹម​ដោយត្រដាប​ត្រដួស​​យ៉ាងនេះ ហើយ​មិន​បំរើ​បិតា ប្រព្រឹត្ត​ខុសក្នុង​បិតា​នោះ តែងទៅ​កើតក្នុង​នរក។ យើង​បានឮមក​ថា សូម្បី​តែទ្រព្យ​របស់កូន​អ្នកចង់​បានទ្រព្យ តែង​វិនាស​ទៅវិញ ឬកូននោះ ​រមែង​ក្រីក្រ​លំបាក​ ព្រោះ​​មិនបំរើ​មាតា។ យើង​បានឮ​មកថា សូម្បី​តែទ្រព្យ​របស់កូន​អ្នក​ចង់​បានទ្រព្យ តែង​​វិនាស​ទៅវិញ ឬកូននោះ ​រមែង​ក្រីក្រ​លំបាក​ព្រោះ​មិនបំរើ​បិតា។ បណ្ឌិត​បំរើ​មាតា គប្បី​បាននូវ​សុខនុ៎ះ គឺសេចក្តី​ត្រេកអរ​រីករាយ ការសើច​លេងសព្វ​ៗ​កាល។ បណ្ឌិត​បំរើ​បិតា គប្បីបាន​នូវសុខនុ៎ះ គឺសេចក្តី​ត្រេកអរ​រីករាយ ការសើច​​លេង​សព្វៗ​ កាល។ ទាន ១ វាចា​ជាទី​ស្រឡាញ់ ១ ការប្រព្រឹត្តិ​ជាប្រយោជន៍​ក្នុងលោក​នេះ ១ ភាពនៃ​បុគ្គល​មានខ្លួន​ប្រព្រឹត្ត​ស្មើ​ក្នុង​ជេដ្ឋាបចាយនធម៌​នោះៗ តាម​សមគួរ ១។ សង្គហធម៌​ទាំង នុ៎ះ​ឯង រមែង​ប្រព្រឹត្ត​ទៅ​ក្នុងលោក ដូចជា​ភ្លៅនៃកង់​រថដែល​វិលទៅ បើ​សង្គហធម៌ទាំង​នុ៎ះ​មិនមាន​ទេ មាតា​មិន​ត្រូវបាន​នូវសេចក្តី​រាប់អាន និងការបូជា ព្រោះ​​ហេតុ​នៃកូន ទាំងបិតា ក៏មិន​ត្រូវ​បាននូវ​សេចក្តី​រាប់អាន និងការបូជា ព្រោះ​ហេតុនៃកូន។ ពួក​បណ្ឌិត រមែង​ឃើញ​ដោយល្អ​នូវសង្គហធម៌​ទាំងនុ៎ះ ព្រោះហេតុនោះ បណ្ឌិតទាំង​នោះ រមែង​​ដល់នូវ​ភាពជាធំ ទាំងជា​អ្នក​គួរសរសើរ។ មាតា​បិតា ជាអ្នក​អនុគ្រោះ​ដល់​ពួក​​សត្វ ​គឺបុត្រ បណ្ឌិតហៅថា ព្រហ្មផង បុព្វាចារ្យ​ផង អាហុនេយ្យៈ​ផង របស់កូន​​ទាំងឡាយ។ ព្រោះ​ហេតុនោះ បណ្ឌិត​គប្បីនមស្ការ ធ្វើសក្ការៈ​ចំពោះ​មាតាបិតា​នោះ ដោយបាយ ទឹក សំពត់ ទីដេក គ្រឿងអប់ ដោយ​ការផ្ងូត និងការ​លាងជើង។ បណ្ឌិត​ទាំងឡាយ រមែង​​សរសើរ​​នូវបុគ្គលនោះ ព្រោះតែ​ការបំរើ​ចំពោះ​មាតាបិតា​នោះ លុះបុគ្គល​នោះ លះ​លោក​​នេះទៅ រមែង​រីករាយ​ក្នុងឋានសួគ៌។

ចប់សោណនន្ទជាតក ទី២។

ឧទ្ទាននៃសត្តតិនិបាតនោះ គឺ

រឿងព្រះរាជាប្រសើរក្នុងក្រុងកុសាវតី ក្នុងនិបាតដ៏ប្រសើរ​គំរប់ចិតសិប និងរឿង​សោណ​តាបស និងនន្ទតាបសដ៏ប្រសើរ ក្នុងសូត្រ​គំរប់ចិតសិប។

ចប់ សត្តតិនិបាត។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.532.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann