km:tipitaka:sut:kn:jat:sut.kn.jat.537

មហាសុតសោមជាតក ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 537 បាលី cs-km: sut.kn.jat.537 អដ្ឋកថា: sut.kn.jat.537_att PTS: ?

មហាសុតសោមជាតក ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥៣៧. មហាសុតសោមជាតកំ (៥))

[៣១៥] (សេនាបតី សួរថា) ម្នាលរសកៈ (នាយពិសេស) ព្រោះ​ហេតុអ្វី អ្នកធ្វើ​នូវអំពើ​ដ៏លាមក​ក្រៃលែង​ប្រាកដ​ដូច្នេះ អ្នកជា​បុគ្គលវង្វេង សម្លាប់​ពួកស្រី និងប្រុស ព្រោះហេតុ​សាច់ ឬព្រោះ​ហេតុទ្រព្យ។

[៣១៦] (នាយពិសេស ជំរាបថា) ខ្ញុំសម្លាប់ មិនមែន​ព្រោះហេតុ​ខ្លួនឯង មិនមែន​ព្រោះ​ហេតុទ្រព្យ មិនមែន​ព្រោះហេតុ​កូនប្រពន្ធ ឬសំឡាញ់ និងញាតិទេ បពិត្រ​លោកដ៏​ចំរើន ព្រោះថា ព្រះភូមិបាល​អ្នកមាន​បុណ្យ ជាម្ចាស់​នៃខ្ញុំ ទ្រង់សោយ​នូវសាច់​ប្រាកដ​ដូច្នេះ។

[៣១៧] (សេនាបតី…) បើអ្នកឯងខ្វល់ខ្វាយ​ក្នុងកិច្ចរបស់​ព្រះរាជា​ជាម្ចាស់ ហើយ​ធ្វើនូវ​អំពើដ៏​លាមក​ក្រៃលែង អ្នកឯង​លុះព្រឹក​ឡើង ចូលទៅ​ខាងក្នុង​ព្រះរាជវាំង​ហើយ គប្បី​និយាយ​នូវដំណើរ​នោះប្រាប់​ខ្ញុំ ក្នុងទី​ចំពោះ​ព្រះភក្រ្ត​នៃព្រះរាជា។

[៣១៨] (នាយពិសេស…) បពិត្រសេនាបតីឈ្មោះ​កាឡហត្ថី​ដ៏ចំរើន លោក​និយាយ​យ៉ាងណា ខ្ញុំនឹង​ធ្វើយ៉ាងនោះ ព្រឹកឡើង​ខ្ញុំនឹងចូល​ទៅខាង​ក្នុងព្រះរាជ​វាំង ហើយ​ថ្លែង​សេចក្តីនោះ ជំរាបលោក​ក្នុងទី​ចំពោះ​ព្រះភក្រ្ត​នៃព្រះរាជា។

[៣១៩] (អភិសម្ពុទ្ធគាថា) គ្រានោះ កាលដែលវេលា​រាត្រីភ្លឺច្បាស់ ព្រះអាទិត្យ​រះឡើង​ប្រាកដ សេនាបតី​ឈ្មោះ​កាឡហត្ថី បាននាំ​រសកៈ​ចូលទៅគាល់​ព្រះរាជា លុះ​ចូលទៅ​ដល់ហើយ ក៏ក្រាប​ទូលពាក្យ​នេះ ចំពោះ​ព្រះរាជាថា បពិត្រ​មហារាជ បានឮថា ព្រះអង្គ​ប្រើរសកៈ​ឲ្យទៅ​សម្លាប់​ស្រីប្រុស ព្រះអង្គ​ទ្រង់សោយ​សាច់មែនឬ។

[៣២០] (ព្រះរាជា…) ម្នាលកាឡហត្ថី ខ្ញុំបានប្រើរសកៈ​ដូច្នោះមែន ហេតុអ្វី​អ្នក​ជេរ​ប្រទេច​រសកបុរស ដែលធ្វើ​ប្រយោជន៍​ឲ្យខ្ញុំនុ៎ះ។

[៣២១] (កាឡហត្ថី…) ត្រីឈ្មោះអានន្ទ ជាប់ចិត្ត​នឹងរស ស៊ីនូវពួក​ត្រីទាំងពួង កាលបើ​ត្រីជា​បរិវារ​អស់ហើយ ក៏ខាំ​ស៊ីកន្ទុយ​ខ្លួនឯង​ស្លាប់ទៅ។ ព្រះអង្គ​ជាអ្នក​ប្រមាទ ត្រេកអរ​​ក្នុងរស​ដែលគួរ​គោរព បើព្រះអង្គ​នៅជា​បុគ្គលពាល មិនយល់​ហេតុអ្វីតទៅ​យ៉ាងនេះ​ទេ ព្រះអង្គ​នឹងឃ្លាត​បោះបង់​នូវបុត្រ​ទាំងឡាយ​ផង នូវពួក​ញាតិផង ដូចត្រី​ឈ្មោះ​អានន្ទ​ត្រឡប់ស៊ី​ខ្លួនឯង។ បពិត្រ​ព្រះរាជា សូមសេចក្តី​ប្រាថ្នា​របស់ព្រះអង្គ​ប្រាស​ចេញទៅ ព្រោះបាន​ទ្រង់​ព្រះសណ្តាប់​នូវពាក្យនេះ សូមព្រះអង្គ​កុំសោយ​សាច់​មនុស្ស បពិត្រ​ព្រះអង្គ​ជាធំជាង​សត្វជើងពីរ សូមព្រះអង្គ​កុំធ្វើដែន​នេះឲ្យ​សោះសូន្យ ដូចត្រី​ឈ្មោះ​អានន្ទ ធ្វើមហា​សមុទ្រទាំង​មូលនេះ​ឲ្យសូន្យ (ចាកត្រី)។

[៣២២] (ព្រះរាជា…) កូនបង្កើតរបស់សុជាតកុដុម្ពីនោះ ឈ្មោះ​សុជាត​ដោយ​ឈ្មោះ មិនបាន​សាច់ព្រីង​ហើយ​ស្លាប់ទៅ ព្រោះអស់​សាច់ព្រីងនោះ (យ៉ាងណា) ម្នាល​កាឡហត្ថី ខ្ញុំបរិភោគ​នូវអាហារ​មានរស​ដ៏ឧត្តម បើមិន​បានសាច់​មនុស្សទេ ប្រហែល​ជានឹង​លះបង់​នូវជីវិត ក៏យ៉ាង​នោះដែរ។

[៣២៣] (កាឡហត្ថីនាំរឿងព្រាហ្មណ៍ថា) ម្នាល​មាណពកូន អ្នកមានរូប​ស្រស់បស់ កើតក្នុង​ត្រកូល​សោត្ថិយៈ ម្នាលកូន អ្នកមិន​គួរស៊ីនូវ​អាហារ​ដែលមិនគួរ​ស៊ីទេ។

[៣២៤] (មាណព…) បណ្តារសទាំងឡាយ ទឹកសុរានេះ រាប់ថា​ជាទឹកមាន​រសមួយ​ដែរ ព្រោះហេតុ​អ្វី ទើបលោក​ឪពុក​ឃាត់ខ្ញុំ ខ្ញុំបាន​នូវទឹកសុរា​នេះក្នុង​ទីណា ខ្ញុំ​នឹងទៅ​ក្នុងទី​នោះ។ បពិត្រ​ព្រាហ្មណ៍​ឪពុក បើលោក​ឪពុកមិន​ត្រេកអរ​នឹងការ​ឃើញ​ខ្ញុំណា ខ្ញុំនោះ នឹងគេច​ចេញ (អំពីស្រុក) ខ្ញុំមិននៅ​ក្នុងសំណាក់​លោកឪពុកទេ។

[៣២៥] (ព្រាហ្មណ៍…) នែមាណពកូន យើងនឹងបាននូវកូន​ទាំងឡាយ​ឯទៀត ទទួល​មត៌ក​ដោយពិត នែកូន​ជួជាតិ ឯងចូរ​វិនាសចុះ លំនៅ​ដែលកូន​ទៅដល់​ក្នុងទីណា សូមកុំឲ្យ​អញឮ​នូវទីនោះ។

[៣២៦] (កាឡហត្ថី…) បពិត្រព្រះមហាក្សត្រិយ៍ ជាធំជាង​សត្វជើងពីរ សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​ខ្ញុំ ពួក​ប្រជាជន នឹងបណ្តេញ​ព្រះអង្គ​ចាកដែន ដូច​មាណព អ្នកលេង​ស៊ីផឹក​ដូច្នោះ។

[៣២៧] (ព្រះរាជា…) សាវ័ករបស់ពួកឥសី អ្នកមាន​ខ្លួនអប់រំ​ហើយ ជាសាវ័ក​ឈ្មោះ​សុជាតៈ ប្រាថ្នា​នូវស្រីអប្សរ ទើប​សាវ័កនោះ​ មិនស៊ី មិនផឹកទេ។ បុគ្គល​យកទឹក​ដោយ​ចុងស្មៅ​មកប្រៀបផ្ទឹម​នឹងទឹក​ក្នុង​សមុទ្រ​យ៉ាងណា កាមទាំងឡាយ​ជារបស់​មនុស្ស (ប្រៀបផ្ទឹម) ក្នុងសំណាក់​នៃកាម​ជាទិព្វ ក៏យ៉ាង​នោះដែរ។ ម្នាល​កាឡហត្ថី ខ្ញុំបរិភោគ​នូវ​អាហារ​មានរស​ដ៏ឧត្តម បើមិន​បានសាច់​មនុស្សទេ ប្រហែលជា​លះបង់​ជីវិត យ៉ាង​នោះឯង។

[៣២៨] (កាឡហត្ថី…) ដូចយ៉ាងពួកបក្សីហង្សឈ្មោះ​ធតរដ្ឋៈ​ទាំងនោះ ជាសត្វ​ហើរឰដ៏​អាកាស ដល់នូវ​សេចក្តី​វិនាស​ទាំងអស់គ្នា ព្រោះស៊ី​នូវចំណី​មិនគួរ។ បពិត្រ​ព្រះរាជា ជាធំជាង​សត្វជើងពីរ សូម​ព្រះអង្គទ្រង់​ព្រះសណ្តាប់​ខ្ញុំ បពិត្រ​ព្រះរាជា ព្រះអង្គ​កុំ​សោយ​អាហារ ដែល​មិនគួរ​សោយ ក៏យ៉ាង​នោះឯង ពួកប្រជាជន​នឹងបណ្តេញ​ព្រះអង្គ (ចាកដែន) ក៏យ៉ាង​នោះដែរ។

[៣២៩] (ព្រះរាជា…) អ្នកកាលដែលខ្ញុំនិយាយថា អ្នកឈប់សិន ហើយចេះតែ​ដើរទៅមុខ ម្នាល​អ្នកជា​ព្រហ្មចារិនី អ្នកមិន​ឈប់ តែនិយាយ​ថា ខ្ញុំឈប់​ហើយ ពាក្យនេះ​មិនគួរ​ដល់​អ្នកជា​សមណៈ​ទេ អ្នកសំគាល់​នូវដាវ​របស់ខ្ញុំ គួរដល់​សេចក្តី​សង្ស័យ​ដែរឬ។

[៣៣០] (ទេវតា…) បពិត្រព្រះរាជា អាត្មាជាអ្នកឈប់ ក្នុងព្រះសទ្ធម្ម​ទាំងឡាយ មិន​ត្រឡប់​ប្រែនាម និងគោត្រទេ អ្នកប្រាជ្ញ​ទាំងឡាយ តែងពោល​នូវចោរថា​មិនឈប់ក្នុង​លោក ដែល​ច្យុតអំពី​លោកនេះទៅ ជាអ្នក​ទៅកាន់​អបាយ កាន់នរក។ បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​ជឿ ចូរព្រះអង្គ​ចាប់​សុតសោម​ជាក្សត្រិយ៍ មកបូជា​យ័ញ្ញ ព្រះអង្គ​នឹងទៅ​កាន់ឋាន​សួគ៌ ដោយការ​បូជានោះ។

[៣៣១] (ព្រះរាជាសុតសោម…) ជាតិភូមិរបស់អ្នក ក្នុងដែន​ណា មួយទៀត អ្នក​មកដល់​ក្នុងទីនេះ ដោយ​ប្រយោជន៍​ដូចម្តេច ម្នាលព្រាហ្មណ៍ អ្នកចូរ​ប្រាប់សេចក្តី​នុ៎ះដល់ខ្ញុំ អ្នកប្រាថ្នា​របស់អ្វី ខ្ញុំនឹង​ឲ្យនូវ​របស់នោះ តាមដែល​អ្នកប្រាថ្នា​ក្នុងថ្ងៃនេះ។

[៣៣២] (នន្ទព្រាហ្មណ៍…) បពិត្រព្រះអង្គជាមហិស្សរៈ​លើដែនដី គាថា​ទាំងឡាយ ៤ បទ មានអត្ថ​ដ៏ជ្រៅ ប្រសើរ​ក្រៃលែង ប្រៀបដូច​ជាសាគរ ខ្ញុំមក​ក្នុងទីនេះ ដើម្បី​ប្រយោជន៍​ដល់ព្រះអង្គ​តែម្យ៉ាង សូមព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​នូវគាថា ដែល​ប្រកប​ដោយ​ប្រយោជន៍​ដ៏ប្រសើរ។

[៣៣៣] (ព្រះបាទបោរិសាទ…) បណ្ឌិតទាំងឡាយណា ជាអ្នកមាន​យោបល់​ប្រកប​ដោយបញ្ញា ជា​ពហុស្សូត្រ គិតនូវ​ហេតុបាន​ច្រើនយ៉ាង រមែង​មិនយំទេ បណ្ឌិត​ទាំង​ឡាយនោះ ជាអ្នក​បន្ទោបង់​នូវសេចក្តី​សោក ដោយហេតុ​ណាពិត ហេតុនុ៎ះ​ជាទី​ពឹងដ៏​ក្រៃលែង របស់ជន​ទាំងឡាយ។ បពិត្រ​ព្រះបាទ​សុតសោម ព្រះអង្គ​សោកស្តាយ​ចំពោះ​ខ្លួន ញាតិ ឬកូនប្រពន្ធ ស្រូវ ទ្រព្យ ប្រាក់ មាស ឬអ្វី បពិត្រ​ព្រះបាទ​កោរព្យៈ​ដ៏ប្រសើរ យើងនឹង​ស្តាប់ពាក្យ​របស់លោក។

[៣៣៤] (ព្រះបាទសុតសោម…) ខ្ញុំមិនសោកស្តាយចំពោះខ្លួន មិន​សោកស្តាយ​ចំពោះកូន ប្រពន្ធ មិនសោក​ស្តាយចំពោះ​ទ្រព្យ មិនសោកស្តាយ​ចំពោះ​ដែនទេ (មាន) បុរាណធម៌ ជាចរិត​របស់​សប្បុរស​ទាំងឡាយ ខ្ញុំសោកស្តាយ​នឹងការ​ប្តេជ្ញានោះ ចំពោះ​ព្រាហ្មណ៍។ ការប្តេជ្ញា​នឹងព្រាហ្មណ៍ ដែលខ្ញុំ​ឋិតនៅ​ក្នុងឥស្សរភាព​ក្នុងដែន​របស់ខ្លួន បាន​ធ្វើហើយ ខ្ញុំជាអ្នក​រក្សាខ្ជាប់​នូវសច្ចៈ និងដោះ​នូវការប្តេជ្ញា​នោះ​របស់ព្រាហ្មណ៍ ហើយនឹង​ត្រឡប់​មកវិញ។

[៣៣៥] (ព្រះបាទបោរិសាទ…) ខ្ញុំមិនជឿនូវពាក្យនុ៎ះថា ជនមាន​សេចក្តីសុខ បាន​រួចអំពី​មាត់នៃមច្ចុ​ហើយ ត្រឡប់​មករកដៃ​នៃសត្រូវ​វិញដូច្នេះ​ទេ បពិត្រ​ព្រះបាទ​កោរព្យៈ​ដ៏​ប្រសើរ ទ្រង់នឹង​មិនមក​រកខ្ញុំទេ។ បពិត្រ​ព្រះរាជា ទ្រង់បាន​រួចអំពី​ដៃនៃព្រះបាទ​បោរិសាទ​ហើយ មានប្រាថ្នា​ទៅកាន់​មន្ទីររបស់​ខ្លួន ហើយបាន​នូវជីវិត​ជាទី​ស្រឡាញ់​ពេញ​ចិត្ត កាលណា ទ្រង់នឹង​មកកាន់​សំណាក់​របស់ខ្ញុំវិញ។

[៣៣៦] (ព្រះបាទសុតសោម…) បុគ្គលអ្នកមាន​សីលបរិសុទ្ធ រមែង​ប្រាថ្នា​នូវសេចក្តី​ស្លាប់ ឯបុគ្គល​អ្នកមាន​ធម៌ដ៏លាមក ដែលគួរ​អ្នកផង​តិះដៀល មិនគួរ​ចង់រស់​ឡើយ បុគ្គល​ទ្រុស្តសីល ពោលនូវ​ពាក្យមិនពិត ព្រោះហេតុ​ខ្លួនណា ខ្លួននោះ រមែងមិន​រក្សានូវ​ជននោះ​ចាកទុគ្គតិ​បានឡើយ។ បើទុក​ជាខ្យល់​បក់ភើច​ភ្នំបានក្តី​ ព្រះចន្ទ្រ និង​ព្រះអាទិត្យ ធ្លាក់មក​លើផែនដី​ក្តី ទឹកស្ទឹង​ទាំងអស់ ហូរច្រាស​ខ្សែទឹកក្តី បពិត្រ​ព្រះរាជា ​ខ្ញុំក៏មិន​ពោលពាក្យ​កុហកទេ។

[៣៣៧] មេឃបែកធ្លាយ ទឹកសមុទ្ររីងស្ងួត ឬផែនដីជាទី​ទ្រទ្រង់​នូវសត្វ​ប្រែ​ត្រឡប់ ឬ​ក៏ភ្នំឈ្មោះ​មេរុ រលើង​ទាំងឫស ខ្ញុំក៏មិនពោល​ពាក្យ​កុហកទេ។

[៣៣៨] ខ្ញុំចាប់ដាវ និងលំពែង បពិត្រទ្រង់​ជាសំឡាញ់ ខ្ញុំនឹងធ្វើ​នូវសម្បថ​ចំពោះ​ទ្រង់ ខ្ញុំ​រួចចេញ​អំពីទ្រង់ ជាអ្នក​មិនមាន​បំណុល រក្សា​នូវសច្ចៈ នឹងត្រឡប់​មកវិញ។

[៣៣៩] (ព្រះបាទបោរិសាទ…) ការប្តេជ្ញាណា ជាមួយ​នឹងព្រាហ្មណ៍​ដែល​ព្រះអង្គ​ឋិតនៅ​ក្នុងឥស្សរភាព ក្នុងដែន​របស់ខ្លួន បានធ្វើ​ហើយ សូមព្រះអង្គ​ជាអ្នករក្សា​នូវសច្ចៈ ដោះនូវ​ការប្តេជ្ញា​នោះ​នឹងព្រាហ្មណ៍​ហើយ ចូរត្រឡប់​មកវិញ។

[៣៤០] (ព្រះបាទសុតសោម…) ការប្តេជ្ញាណា ជាមួយនឹង​ព្រាហ្មណ៍ ដែលខ្ញុំ​ឋិត​នៅក្នុង​ឥស្សរភាព ក្នុងដែន​របស់ខ្លួន បានធ្វើ​ហើយ ខ្ញុំជាអ្នក​រក្សានូវសច្ចៈ នឹងដោះ​នូវការ​ប្តេជ្ញានោះ​នឹងព្រាហ្មណ៍​ហើយ នឹងត្រឡប់​មកវិញ។

[៣៤១] (អភិសម្ពុទ្ធគាថា) ព្រះបាទសុតសោមនោះ រួចពី​ព្រះហស្ត​នៃព្រះបាទ​បោរិសាទ ហើយទៅ​ បានពោល​ពាក្យនេះ​នឹងព្រាហ្មណ៍​នោះថា ម្នាល​ព្រហ្ម ខ្ញុំសូម​ស្តាប់​នូវគាថា​ទាំងឡាយ ដែលគួរ​ដល់ថ្លៃ ១០០ កហាបណៈ ជាគាថា​ដែលខ្ញុំ​ស្តាប់ហើយ មាន​ប្រយោជន៍។

[៣៤២] (ព្រាហ្មណ៍…) បពិត្រព្រះបាទសុតសោម ការចួបប្រទះ​ដោយ​សប្បុរស​ទាំង​ឡាយ អស់វារៈ​តែម្តង ការជួប​ប្រទះនោះ រមែងរក្សា​នូវបុគ្គល​នោះបាន ឯការ​ចួបជុំ​ដោយ​ពួកអសប្បុរស​ជាច្រើន​ដង រមែង​មិនរក្សា​នូវបុគ្គល​នោះបានទេ។ បុគ្គល​គប្បីគប់​រកនឹង​ពួកសប្បុរស គប្បីធ្វើ​នូវការ​ស្និទ្ធស្នាល​នឹងពួក​សប្បុរស គុណធម៌​ដ៏ប្រសើរ រមែង​កើតមាន ព្រោះដឹង​នូវ​ព្រះសទ្ធម្ម​របស់ពួក​សប្បុរស មិនមែន​ជាទោស​ដ៏លាមក​ឡើយ។ រាជរថ​ទាំងឡាយ ដែលគេ​រចនា​ល្អហើយ រមែង​គ្រាំគ្រា​ទៅវិញ សូម្បី​សរីរៈ (នៃពួក​សត្វ) ក៏រមែង​ដល់នូវ​សេចក្តី​គ្រាំគ្រា​ដោយពិត ឯធម៌​របស់សប្បុរស​ទាំងឡាយ រមែង​មិនដល់​នូវសេចក្តី​គ្រាំគ្រាទេ ពួក​សប្បុរស រមែង​ចរចាដោយ​ពួកសប្បុរស។ អាកាស និងដី ឋិត​នៅក្នុង​ទីឆ្ងាយ​ពីគ្នា អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវច្រាំង​សមុទ្រ​ថាឆ្ងាយ បពិត្រ​ព្រះរាជា អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវធម៌​របស់ពួក​សប្បុរស និងពួក​អសប្បុរស​ថា ឆ្ងាយ​ជាងនោះ​ទៅទៀត។

[៣៤៣] (ព្រះបាទសុតសោម…) គាថាទាំងនេះ គួរដល់ថ្លៃ ១ ពាន់​កហាបណៈ គាថា​ទាំងនេះ មិនគួរ​ដល់ថ្លៃត្រឹម ១០០ កហាបណៈ​ទេ ម្នាល​ព្រាហ្មណ៍ លោកចូរ​ទទួលយក​កហាបណៈ ៤ ពាន់​ជាប្រញាប់​ចុះ។

[៣៤៤] (ព្រះវរបិតា…) គាថាមានថ្លៃ ៨០ កហាបណៈ ៩០ កហាបណៈ និង​គាថា​គួរដល់​ថ្លៃ ១០០ កហាបណៈ ម្នាល​សុតសោម អ្នកចូរ​ដឹងដោយ​ខ្លួនឯងចុះ គាថាដូច​ម្តេច ដែល​ឈ្មោះថា​គួរដល់ថ្លៃ ១ ពាន់កហាបណៈ។

[៣៤៥] (ព្រះបាទសុតសោម…) ខ្ញុំព្រះអង្គប្រាថ្នានូវសេចក្តី​ចំរើន​ដោយសុតៈ គឺការ​ចេះ​ដឹង​ដើម្បីខ្លួន សប្បុរស​ទាំងឡាយ អ្នកមាន​ចិត្តស្ងប់ គប្បីគប់​រកនូវខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះបិតា ខ្ញុំព្រះអង្គ មិនឆ្អែត​ដោយ​សុភាសិត ដូចជា​មហាសមុទ្រ​មិនឆ្អែត​ដោយ​ទឹកស្ទឹង ដែលហូរ​ចូលទៅ។ ភ្លើងកាល​ឆេះស្មៅ និងឈើ រមែង​មិនឆ្អែត សាគរ​រមែង​មិនឆ្អែត​ដោយទឹកស្ទឹង​យ៉ាងណា បពិត្រ​ព្រះរាជា​ដ៏ប្រសើរ បណ្ឌិត​ទាំងឡាយ​នោះ បាន​ស្តាប់​ហើយ ក៏មិនឆ្អែត​ដោយសុភាសិត​ក៏យ៉ាង​នោះដែរ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន ខ្ញុំព្រះអង្គ​ស្តាប់នូវគាថា​ដែលមាន​ប្រយោជន៍​របស់ទាសៈ​នៃខ្លួន ក្នុងកាល​ណា ក្នុងកាល​ណោះ ខ្ញុំព្រះអង្គ​តែងផ្ទៀង​ស្តាប់នូវគាថា​នោះឯង​ដោយគោរព បពិត្រ​ព្រះបិតា ខ្ញុំព្រះ​អង្គ មិនមាន​សេចក្តីឆ្អែត​ក្នុងធម៌​ទាំងឡាយ​ទេ។

[៣៤៦] ដែនរបស់ព្រះអង្គនេះ ព្រមទាំងទ្រព្យ ព្រមទាំងយាន ព្រមទាំង​គ្រឿង​ប្រដាប់​កាយ បរិបូរណ៌​ដោយវត្ថុ​គួរប្រាថ្នា​គ្រប់យ៉ាង ព្រះអង្គ​ជេរប្រទេច​ខ្ញុំព្រះអង្គ ព្រោះ​ហេតុ​នៃសេចក្តី​ប្រាថ្នា​ដូចម្តេច ខ្ញុំព្រះអង្គ​នឹងទៅ​កាន់សំណាក់​នៃ​ព្រះបាទ​បោរិសាទ។

[៣៤៧] (ព្រះបិតា…) ដ្បិតពួកពលទាំងនុ៎ះ គឺ​ពលដំរី ពលរថ ពលថ្មើរជើង ពលសេះ និង​ខ្មាន់ធ្នូ ក៏មាន​សម្រាប់​រក្សាខ្លួន យើងនឹង​លើកពល​សេនាទៅ​សម្លាប់​សត្រូវ។

[៣៤៨] (ព្រះបាទសុតសោម…) ព្រះបាទបោរិសាទ បានធ្វើនូវ​អំពើ​ដ៏កម្រ​ក្រៃលែង ចាប់ខ្ញុំ​ព្រះអង្គ​ទាំងរស់ ហើយ​លែងវិញ បពិត្រ​ព្រះអង្គ​ជាធំជាង​ជន ខ្ញុំព្រះអង្គ រឭកឃើញ​នូវ​ឧបការ​គុណ​ក្នុងកាល​មុនប្រាកដ​ដូច្នោះ ខ្ញុំនឹង​ប្រទូស្ត​ចំពោះ​ស្តេច​បោរិសាទ​នោះដូចម្តេច​កើត។

[៣៤៩] (អភិសម្ពុទ្ធគាថា) ព្រះបាទសុតសោម ក្រាបថ្វាយ​បង្គំលា​ព្រះបិតា​មាតា ប្រៀន​ប្រដៅ​អ្នកនិគម និង​ពលសេនា ព្រះអង្គ​ពោលនូវ​ពាក្យសច្ចៈ រក្សា​នូវពាក្យ​សច្ចៈ ហើយក៏​ទៅកាន់​សំណាក់​នៃព្រះបាទបោរិសាទ។

[៣៥០] (ព្រះបាទសុតសោម…) កាប្តេជ្ញានឹងព្រាហ្មណ៍ ដែល​ខ្ញុំឋិត​នៅក្នុង​ឥស្សរភាព ក្នុងដែន​របស់ខ្លួន​បានធ្វើ​ហើយ ខ្ញុំជា​អ្នករក្សា​នូវសច្ចៈ ដោះប្តេជ្ញា​នឹងព្រាហ្មណ៍ ហើយ​ត្រឡប់​មកវិញ បពិត្រ​ព្រះបាទ​បោរិសាទ ចូរព្រះអង្គ​បូជាយ័ញ្ញ សូម​ព្រះអង្គ​សោយ​នូវខ្ញុំចុះ។

[៣៥១] (ព្រះបាទបោរិសាទ…) ទ្រង់មិនបាត់ទេ ចាំខ្ញុំស៊ីជាខាង​ក្រោយចុះ ព្រោះ​ជើងថ្ករ​នេះ ប្រកប​ដោយផ្សែង​នៅឡើយ សាច់​ដែលចំអិន​លើភ្លើង​ឥតផ្សែង ជាសាច់​ឆ្អិនល្អ ហើយ​នឹងស្តាប់​នូវគាថា​របស់ទ្រង់ ដែលគួរ​ដល់ថ្លៃ ១០០ កហាបណៈ​សិន។

[៣៥២] (ព្រះបាទសុតសោម…) ព្រះអង្គជា​អធម្មិករាជ ជាអ្នកស៊ី​នូវបុរស ខ្ចាត់​ភ្លាត់អំពី​ដែន ព្រោះហេតុ​តែពោះ គាថា​ទាំងឡាយនេះ រមែងប្រកាស​សុចរិតធម៌ ចំណែក​ធម៌ និង​អធម៌ ស្របគ្នា​ក្នុងទី​ណាកើត។ ព្រះអង្គ​ជា​អធម្មិករាជ ព្រះហស្ត​ប្រឡាក់​ឈាម​ជានិច្ច មិនមាន​សច្ចៈ ធម៌នឹង​មានមក​អំពីណា ព្រះអង្គ​នឹងធ្វើ​អ្វីដោយ​ការស្តាប់។

[៣៥៣] (ព្រះបាទបោរិសាទ…) បុគ្គលណាត្រាច់ទៅកាន់​ទីសម្លាប់ម្រឹគ ព្រោះ​ហេតុតែ​សាច់ ឬសម្លាប់​បុរស ព្រោះហេតុ​តែខ្លួន បុគ្គល​ទាំងពីរនោះ ស្មើគ្នា​ក្នុងលោក​ខាងមុខ ហេតុអ្វី​ព្រះអង្គ​ហៅខ្ញុំថា​ជា​អធម្មិករាជ។

[៣៥៤] (ព្រះបាទសុតសោម…) ក្សត្រិយ៍ជាអ្នកចេះដឹង មិនគួរ​សោយ​នូវពួក​សត្វ ៥ នឹង ៥ ទេ បពិត្រ​ព្រះរាជា ព្រះអង្គ​សោយនូវ​សាច់ដែល​មិនគួរសោយ ព្រោះហេតុ​នោះ ទើបព្រះអង្គ​ឈ្មោះថា​ជា​អធមិ្មករាជ។

[៣៥៥] (ព្រះបាទបោរិសាទ…) លោកបានរួចអំពីដៃ​បោរិសាទ​ហើយ ទៅកាន់​មន្ទីររបស់​ខ្លួនតាម​សេចក្តី​ប្រាថ្នា ហើយ​ត្រឡប់​មករកដៃ​របស់​សត្រូវវិញ បពិត្រ​ព្រះរាជា ព្រះអង្គ​ជាបុគ្គល​មិនឈ្លាស​ក្នុង​ខត្តិយធម៌​ទេ។

[៣៥៦] (ព្រះបាទសុតសោម…) ពួកបុគ្គលណា ជាអ្នកឈ្លាស​ក្នុង​ខត្តិយធម៌ ពួក​បុគ្គលនោះ ច្រើន​តែធ្លាក់ទៅ​ក្នុងនរក ព្រោះ​ហេតុនោះ បានជា​ខ្ញុំ​លះបង់​នូវ​ខត្តិយធម៌ ជាអ្នក​រក្សានូវ​សច្ចៈ ត្រឡប់​មកវិញ បពិត្រ​ព្រះបាទបោរិសាទ សូម​ព្រះអង្គ​បូជាយ័ញ្ញ សូមព្រះអង្គ​សោយ​នូវខ្ញុំចុះ។

[៣៥៧] (ព្រះបាទបោរិសាទ…) ប្រាសាទជាទីនៅលើ​ផែនដី គោ និងសេះ ពួកស្រី​ដែល​គួរប្រាថ្នា និងខ្លឹមចន្ទន៍​ក្នុងដែនកាសី ទ្រង់បាន​នូវវត្ថុ​ទាំងអស់​ក្នុងទីនោះ ដោយ​ភាពជា​ម្ចាស់ ចុះទ្រង់​ឃើញនូវ​អានិសង្ស​នៃពាក្យ​សច្ចៈ​ដូចម្តេច។

[៣៥៨] (ព្រះបាទសុតសោម…) រសឯណានីមួយ មាននៅ​លើផែនដី សច្ចៈ ជា​រសល្អ​ក្រៃលែង​ជាងរស​ទាំងឡាយ​នោះ ពួកសមណៈ និង​ព្រាហ្មណ៍ ដែលតាំង​នៅក្នុង​សច្ចៈ រមែងឆ្លង​ទៅកាន់​ត្រើយនៃ​ជាតិ និងមរណៈ​បាន។

[៣៥៩] (ព្រះបាទបោរិសាទ…) ទ្រង់បានរួចអំពីដៃ​បោរិសាទ​ហើយ បានទៅ​កាន់មន្ទីរ​របស់​ខ្លួនវិញ តាម​សេចក្តី​ប្រាថ្នា ត្រឡប់​មករកដៃ​សត្រូវវិញ បពិត្រ​ទ្រង់ជាធំ​ជាងជន ភ័យអំពី​សេចក្តីស្លាប់ មិនមាន​ដល់ទ្រង់​ដោយពិត ទ្រង់ជា​អ្នកពោល​នូវ​ពាក្យ​សច្ចៈ ទាំងមាន​ចិត្តក៏មិន​រួញរា។

[៣៦០] (ព្រះបាទសុតសោម…) យ័ញ្ញ (ការបូជា) មាន​ច្រើនប្រការ ជា​កល្យាណធម៌ ដែលខ្ញុំ​បានធ្វើ​ហើយ បូជាហើយ ជាបូជា​ដ៏ធំទូលាយ ដែល​អ្នកប្រាជ្ញ​តែង​សរសើរ​ ផ្លូវ​សម្រាប់​បរលោក ខ្ញុំក៏បាន​ជម្រះហើយ អ្នកណា​ឋិតនៅ​ក្នុងធម៌ហើយ នឹងខ្លាច​សេចក្តី​ស្លាប់។ យ័ញ្ញមាន​ច្រើនប្រការ ជាកល្យាណធម៌ ដែលខ្ញុំ​បានធ្វើហើយ បូជាហើយ ជា​បូជាដ៏ធំ​ទូលាយ ដែលអ្នក​ប្រាជ្ញតែង​សរសើរ ខ្ញុំមិនក្តៅ​ក្រហាយ​នឹងទៅ​កាន់​បរលោក​ទេ បពិត្រ​ព្រះបាទ​បោរិសាទ សូមព្រះអង្គ​បូជាយ័ញ្ញ សូមព្រះអង្គ​សោយ​ខ្ញុំចុះ។ មាតា​ និងបិតា ខ្ញុំបាន​បំរើហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រង​ហើយ​តាមធម៌ ផ្លូវ​សម្រាប់​បរលោក ខ្ញុំក៏បាន​ជម្រះហើយ អ្នកណា​ឋិតនៅ​ក្នុងធម៌ហើយ នឹងខ្លាច​សេចក្តី​សា្លប់។ បិតា និងមាតា​ ខ្ញុំក៏បាន​បំរើហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រង​ហើយ​តាមធម៌ ខ្ញុំមិន​ក្តៅក្រហាយ​នឹង​ទៅ​បរលោកទេ បពិត្រ​ព្រះបាទ​បោរិសាទ សូមព្រះអង្គ​បូជាយ័ញ្ញ សូម​ព្រះអង្គ​សោយខ្ញុំចុះ។ ខ្ញុំបានធ្វើ​ឧបការកិច្ច​ចំពោះ​ពួកញាតិ និងមិត្តហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រង​ហើយ​តាមធម៌ ផ្លូវសម្រាប់​បរលោក ខ្ញុំក៏បាន​ជម្រះហើយ អ្នកណា​ឋិតនៅ​ក្នុងធម៌​ហើយ នឹងខ្លាច​សេចក្តី​ស្លាប់។ ខ្ញុំបានធ្វើ​ឧបការកិច្ច​ចំពោះ​ពួកញាតិ និងមិត្តហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រង​ហើយ​តាមធម៌ ខ្ញុំមិនក្តៅ​ក្រហាយ​នឹងទៅកាន់​បរលោកទេ បពិត្រ​ព្រះបាទ​បោរិសាទ សូមព្រះអង្គ​បូជាយ័ញ្ញ សូមព្រះអង្គ​សោយខ្ញុំចុះ។ ការឲ្យ​ទានដល់​ពួកជន​ជាច្រើន ដោយ​អាការ​ច្រើនយ៉ាង ខ្ញុំក៏បាន​ឲ្យហើយ ទាំងពួក​សមណ​ព្រាហ្មណ៍ ខ្ញុំក៏បាន​ផ្គត់ផ្គង់ហើយ ផ្លូវសម្រាប់​បរលោក ខ្ញុំក៏បាន​ជម្រះហើយ អ្នកណា​ឋិតនៅ​ក្នុងធម៌ហើយ នឹងខ្លាច​សេចក្តី​ស្លាប់។ ការឲ្យ​ទានដល់​ពួកជន​ជាច្រើន ដោយ​អាការ​ច្រើនយ៉ាង ខ្ញុំក៏បាន​ឲ្យហើយ ទាំង​សមណ​ព្រាហ្មណ៍ ខ្ញុំក៏បាន​ផ្គត់ផ្គង់ហើយ ខ្ញុំមិនក្តៅ​ក្រហាយ​នឹងទៅកាន់​បរលោកទេ បពិត្រ​ព្រះបាទ​បោរិសាទ សូមទ្រង់​បូជាយ័ញ្ញ សូមទ្រង់​សោយខ្ញុំ​ចុះ។

[៣៦១] (ព្រះបាទបោរិសាទ…) បុគ្គលណា ស៊ីនូវជនអ្នកពោល​ពាក្យសច្ចៈ ប្រាកដ​ដូច្នោះ ក្បាលរបស់​បុគ្គលនោះ នឹងបែកជា ៧ ភាគ ដូចបុរស​ស្គាល់នូវ​ថ្នាំពិស ហើយស៊ី​នូវថ្នាំពិស (ឬដូច​គេចាប់) ពស់អាសីរពិស​ដែលមាន​ពិសកាច​មានតេជះ​ខ្លាំង។

[៣៦២] ជនទាំងឡាយ បានស្តាប់ធម៌ហើយ រមែងដឹងច្បាស់​នូវបុណ្យ និងបាប ប៉ុន​អម្បាលចិត្ត​របស់ខ្ញុំ គង់ត្រេកអរ​ក្នុងធម៌ ព្រោះបាន​ស្តាប់នូវគាថា​ទាំងឡាយ។

[៣៦៣] (ព្រះបាទសុតសោម…) បពិត្រមហារាជ ការចួបប្រទះ​ដោយសប្បុរស​ទាំងឡាយ​អស់វារៈ​តែម្តង ការចួប​ប្រទះនោះ រមែង​រក្សានូវ​បុគ្គល​នោះបាន ការចួបជុំ​ដោយ​ពួកអសប្បុរស​ច្រើនដង រមែង​មិនរក្សា​បុគ្គល​បានទេ។ បុគ្គល​គប្បីគប់រក​នឹងពួក​សប្បុរស គប្បីធ្វើ​នូវការ​ស្និទ្ធស្នាល​នឹងពួក​សប្បុរស គុណធម៌​ដ៏ប្រសើរ រមែង​កើតមាន ព្រោះដឹង​នូវ​ព្រះសទ្ធម្ម​របស់ពួក​សប្បុរស មិនមែន​ជាទោស​ដ៏លាមកទេ។ រាជរថ​ទាំងឡាយ ដែលគេ​រចនាល្អ​ហើយ រមែងគ្រាំគ្រា សូម្បី​សរីរៈ (របស់​ពួកសត្វ) ក៏រមែង​ដល់នូវ​សេចក្តី​គ្រាំគ្រា​ដោយពិត ឯធម៌​របស់​សប្បុរស មិនដល់​នូវសេចក្តី​គ្រាំគ្រាទេ សប្បុរស​ទាំងឡាយ រមែង​ចរចា​ដោយពួក​សប្បុរស​បាន។ អាកាស និងដី ឋិតនៅក្នុង​ទីឆ្ងាយពីគ្នា អ្នកប្រាជ្ញ​ទាំងឡាយ​បានពោល​នូវច្រាំង​សមុទ្រ​នោះថាឆ្ងាយ បពិត្រ​ព្រះ​រាជា បណ្ឌិត​ទាំងឡាយ រមែង​ពោលថា ធម៌របស់​ពួកសប្បុរស និងពួក​អសប្បុរស ឆ្ងាយជាង​នោះទៅទៀត។

[៣៦៤] (ព្រះបាទបោរិសាទ…) បពិត្រទ្រង់ជាធំជាងជន គាថា​ទាំងឡាយ​នេះ មាន​អត្ថ មានព្យញ្ជនៈ​ដ៏ល្អ ទ្រង់សំដែង​ពីរោះណាស់ ខ្ញុំបាន​ស្តាប់ហើយ ក៏ត្រេកអរ​រីករាយ មាន​ចិត្តល្អ​ជ្រះថ្លា បពិត្រ​ទ្រង់ជា​សម្លាញ់ ខ្ញុំសូម​ថ្វាយពរ ៤ ប្រការ​ដល់ទ្រង់។

[៣៦៥] (ព្រះបាទសុតសោម…) ទ្រង់មិនដឹងនូវសេចក្តីស្លាប់​របស់ខ្លួន ទាំងអំពើ​មាន​ប្រយោជន៍ និងឥត​ប្រយោជន៍ ទាំងនរក និង​ឋានសួគ៌ទេ បពិត្រ​ព្រះអង្គ​មានធម៌ដ៏​លាមក ព្រះអង្គ​ជាប់ចំពាក់​ក្នុងរស (នៃសាច់​មនុស្ស) តាំងនៅ​ស៊ប់ក្នុង​ទុច្ចរិតធម៌ ធ្វើម្តេចនឹង​ឲ្យពរ​កើត។ បើខ្ញុំ​ពោលថា សូមព្រះអង្គ​ប្រទានពរ​នោះ ព្រះអង្គ​ប្រទានហើយ ត្រឡប់ជា​មិនប្រទាន​វិញ តើបណ្ឌិត​ណាកាលដឹង នឹងហ៊ាន​ចូលទៅរក​ជំលោះ និងវិវាទ​ដ៏ជាក់​ស្តែងនេះ។

[៣៦៦] (ព្រះបាទបោរិសាទ…) ជនឲ្យនូវពរណា ហើយត្រឡប់​ជាមិនឲ្យវិញ មិនគួរ​ឲ្យពរ​នោះទេ បពិត្រ​ទ្រង់ជា​សម្លាញ់ សូមទ្រង់​កុំញាប់ញ័រ សូម​ទទួល (ពរ) ចុះ ខ្ញុំ​សូម្បី​លះបង់​ជីវិត ក៏នៅតែ​ថ្វាយទ្រង់។

[៣៦៧] (ព្រះបាទសុតសោម…) ធម៌ជាបន្ទាល់សាក្សី​របស់អរិយៈ រមែង​ស្រប​គ្នានឹង​អរិយៈ ​របស់បុគ្គល​មានប្រាជ្ញា រមែង​ស្របគ្នា​នឹងបុគ្គល​មានប្រាជ្ញា ខ្ញុំសូម​ឃើញ​ព្រះអង្គ​មាន​ជន្មាយុ ១០០ ឆ្នាំ ឥតមាន​រោគ បណ្តាពរ​ទាំងឡាយ ខ្ញុំប្រាថ្នា​នូវពរទី ១ នុ៎ះ។

[៣៦៨] (ព្រះបាទបោរិសាទ…) ធម៌ជាបន្ទាល់សាក្សីរបស់អរិយៈ រមែង​ស្របគ្នា​នឹង​អរិយៈ របស់បុគ្គល​មានប្រាជ្ញា រមែងស្របគ្នា​នឹងបុគ្គល​មានប្រាជ្ញា ទ្រង់សូមឃើញ​នូវខ្ញុំ មាន​អាយុ ១០០ ឆ្នាំ ឥតមាន​រោគ បណ្តាពរ​ទាំងឡាយ ខ្ញុំនឹង​ថ្វាយពរទី ១ នេះ។

[៣៦៩] (ព្រះបាទសុតសោម…) ពួកក្សត្រិយ៍ណា រក្សាផែនដី​ក្នុងទ្វីបនេះ បាន​មុទ្ធាភិសេក​ហើយ មានព្រះនាម​សម្រេច​ហើយ ព្រះអង្គ​ជាម្ចាស់​ផែនដី កុំសោយ​នូវពួក​ក្សត្រិយ៍​ទាំងនោះ​ឡើយ បណ្តាពរ​ទាំងឡាយ ខ្ញុំប្រាថ្នា​នូវពរទី ២ នេះ។

[៣៧០] (ព្រះបាទបោរិសាទ…) ពួកក្សត្រិយ៍ណា រក្សាផែនដី​ក្នុងទ្វីបនេះ បាន​មុទ្ធាភិសេក​ហើយ​ មានព្រះនាម​សម្រេចហើយ ខ្ញុំជា​ម្ចាស់ផែនដី ក៏លែង​ស៊ីនូវ​ពួក​ក្សត្រិយ៍​ទាំងនោះ​ដែរ បណ្តាពរ​ទាំងឡាយ ខ្ញុំនឹងថ្វាយ​នូវពរទី ២ នេះ។

[៣៧១] (ព្រះបាទសុតសោម…) ពួកក្សត្រិយ៍ជាងរយនាក់ ដែលព្រះអង្គ​ចាប់​ដោតបាត​ដៃ មានមុខ​ជោកដោយ​ទឹកភ្នែក កំពុង​ទួញយំ សូមព្រះអង្គ​ឲ្យក្សត្រិយ៍​ទាំង​នោះ ត្រឡប់ទៅ​​ក្នុងដែន​របស់ខ្លួន​វិញ បណ្តាពរ​ទាំងឡាយ ខ្ញុំប្រាថ្នា​ពរទី ៣ នេះ។

[៣៧២] (ព្រះបាទបោរិសាទ…) ពួកក្សត្រិយ៍ជាងរយនាក់ ដែលខ្ញុំចាប់ដោត បាតដៃ មាន​មុខជោកដោយទឹកភ្នែក កំពុងទួញយំ ខ្ញុំនឹងឲ្យពួកក្សត្រិយ៍ទាំងនោះ ត្រឡប់ នៅក្នុងដែន​របស់ខ្លួនវិញ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយពរទី ៣ នេះ។

[៣៧៣] (ព្រះបាទសុតសោម…) ដែនរបស់ព្រះអង្គ ជាដែន​ប្រហោង (មិនសូវ​មាន​ប្រជា​ជន) ព្រោះពួក​ប្រជាជន​ជាច្រើន​ញាប់ញ័រ​ហើយ ព្រោះភ័យ​គ្របសង្កត់ ហើយ​រត់ចូល​ទៅកាន់​ទីពឹងពួន បពិត្រ​ព្រះរាជា សូមព្រះអង្គ​វៀរសាច់​មនុស្សទៅ បណ្តាពរ​ទាំង​ឡាយ ខ្ញុំប្រាថ្នា​ពរទី ៤ នេះ។

[៣៧៤] (ព្រះបាទបោរិសាទ…) អាហារនោះ ជាទីពេញចិត្ត​របស់ខ្ញុំ​ដោយពិត ខ្ញុំចូល​ព្រៃ ព្រោះហេតុ​តែសាច់​មនុស្សនុ៎ះ​ឯង នឹងវៀរ​ចាកសាច់​មនុស្សនុ៎ះ ដូចម្តេច​បាន បណ្តាពរ​ទាំងឡាយ សូមទ្រង់​ប្រាថ្នា​នូវពរទី ៤ ដទៃវិញ។

[៣៧៥] (ព្រះបាទសុតសោម…) បពិត្រព្រះអង្គ ជាធំជាងជន បុគ្គល​ប្រហែល​ដូច​ព្រះអង្គ លះបង់​នូវខ្លួន​ចោល ដោយគិតថា នេះជា​ទីស្រឡាញ់​របស់អញ​ដូច្នេះ រមែង​មិនបាន​គប់រក​នូវវត្ថុ​ជាទី​ស្រឡាញ់ទេ ខ្លួនហ្នឹង​ហើយ ជាសភាវៈ​ប្រសើរ ឈ្មោះថា ប្រសើរ​ក្រៃលែង បុគ្គល​អ្នកមាន​ចិត្តសន្សំ​ហើយ គប្បីបាន​នូវគុណ​ជាទី​ស្រឡាញ់ ក្នុងកាល​ជា​ខាង​ក្រោយ។

[៣៧៦] (ព្រះបាទបោរិសាទ…) បពិត្រព្រះបាទសុតសោម សូមទ្រង់​ជ្រាបនូវ​សាច់មនុស្ស ថាជា​ទីស្រឡាញ់​របស់ខ្ញុំ ទ្រង់​មិនអាច​ឃាត់ខ្ញុំ​បានទេ បពិត្រ​ទ្រង់ជា​សម្លាញ់ សូមទ្រង់​ប្រាថ្នាពរ​ឯទៀតវិញ។

[៣៧៧] (ព្រះបាទសុតសោម…) បុគ្គលណា ជាអ្នករក្សា​នូវវត្ថុជាទី​ស្រឡាញ់ ដោយ​គិត​ថា វត្ថុនេះ​ជាទីស្រឡាញ់​របស់អញ​ដូច្នេះ លះបង់​ខ្លួន ហើយនៅ​សេពគប់វត្ថុ​ជាទី​ស្រឡាញ់ បុគ្គលនោះ រមែងជា​ទុក្ខក្នុងកាល​ខាងមុខ ព្រោះ​អំពើ​នោះឯង ដូចជា​អ្នក​លេងសុរា ផឹកទឹកសុរា​ដែលលាយ​ដោយ​ថ្នាំពិស។ ចំណែក​ខាងបុគ្គល​ណា ក្នុង​លោកនេះ បាន​ពិចារណា លះបង់​នូវវត្ថុជាទី​ស្រឡាញ់ ហើយបែរ​មកគប់​រកនូវអរិយ​ធម៌ សូម្បី​ដោយ​លំបាក បុគ្គលនោះ រមែង​បានសុខ​ក្នុងកាល​ខាងមុខ ព្រោះអំពើ​នោះឯង ដូចបុគ្គល​ដល់នូវ​សេចក្តីទុក្ខ ព្រោះផឹក​នូវឱសធ។

[៣៧៨] (ព្រះបាទបោរិសាទ…) ខ្ញុំលះបង់បិតាមាតា និង​បញ្ចកាមគុណ ជាទី​ពេញចិត្ត ហើយ​ចូលព្រៃ ព្រោះហេតុ​តែសាច់​មនុស្សនោះ ខ្ញុំនឹងថ្វាយ​នូវពរនោះ​ដល់ទ្រង់ ដូចម្តេច​បាន។

[៣៧៩] (ព្រះបាទសុតសោម…) បណ្ឌិតទាំងឡាយ​ជាសប្បុរស ជាអ្នក​ប្តេជ្ញា​ដោយពាក្យ​សច្ចៈ មិនពោល​នូវពាក្យ​ពីរជាន់ទេ ព្រះអង្គ​បានពោល​នឹងខ្ញុំថា បពិត្រ​ទ្រង់ជា​សំឡាញ់ សូមទ្រង់​ទទួល​ពរចុះ ព្រះអង្គ​បានពោល​ដូច្នេះហើយ (តែពាក្យនោះ) របស់​ព្រះអង្គ មិន​ស្របគ្នាទេ។

[៣៨០] (ព្រះបាទបោរិសាទ…) ខ្ញុំដល់នូវភាពជាអ្នកមិនមាន​បុណ្យ មិនមាន​យស មិនមាន​កេរិ៍្តឈ្មោះ មានបាប មានទុច្ចរិត​សៅហ្មង​ជាច្រើន ក៏ព្រោះហេតុ​តែសាច់​មនុស្ស ខ្ញុំនឹង​ថ្វាយនូវ​ពរនោះ​ដល់ទ្រង់ ដូចម្តេច​កើត។

[៣៨១] (ព្រះបាទសុតសោម…) (ទ្រង់មានបន្ទូលហើយថា) ជនឲ្យ​នូវពរណា ហើយ​ត្រឡប់​ជាមិន​ឲ្យវិញ មិនគួរ​ឲ្យពរនោះ​ទេ បពិត្រ​ទ្រង់ជា​សំឡាញ់ សូមទ្រង់​កុំញាប់​ញ័រ សូមទទួល​យក (ពរ) ចុះ ខ្ញុំសូម្បី​លះបង់​ជីវិត ក៏នៅតែ​ថ្វាយ​ទ្រង់ដែរ។

[៣៨២] នុ៎ះជាធម៌របស់ពួកសប្បុរស ធម្មតា ពួកសប្បុរស ជាអ្នកប្តេជ្ញា​ដោយ​ពាក្យសច្ចៈ តែងលះបង់​នូវជីវិត ព្រះអង្គ​ឲ្យពរហើយ ចូរឲ្យរហ័ស បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ សូមព្រះអង្គ​សម្រេច​ដោយធម៌ និងពាក្យ​សច្ចៈ​នុ៎ះចុះ។ ជនគប្បី​លះបង់​នូវទ្រព្យ ព្រោះហេតុ​នៃអវយវៈ​ដ៏ប្រសើរ កាលបើ​រក្សានូវជីវិត ក៏គប្បី​លះបង់​នូវអវយវៈ កាលបើ​រឭក​ឃើញ​នូវធម៌ គប្បីលះបង់​ទាំងអវយវៈ ទ្រព្យ និងជីវិត​ទាំងអស់។

[៣៨៣] បុរសចេះដឹង នូវធម៌អំពីបុគ្គលណា​ ឬក៏ពួក​សប្បុរស​ណា បន្ទោបង់​នូវសេចក្តី​សង្ស័យ​របស់បុគ្គល​នោះបាន ដំណើរនោះ ឈ្មោះថា​ជាទីពឹង ជាទីពំនាក់​របស់​បុគ្គលនោះ បុគ្គល​អ្នកមាន​ប្រាជ្ញា មិនត្រូវ​បំបាត់មេត្រី​ចិត្តអំពី​បុគ្គល​នោះទេ។

[៣៨៤] (ព្រះបាទបោរិសាទ…) អាហារនោះ ជាទីគាប់ចិត្ត​របស់ខ្ញុំ​ដោយពិត ខ្ញុំចូល​ព្រៃ ព្រោះហេតុ​តែសាច់​មនុស្សនុ៎ះ បើទ្រង់​ទទូចសូម​សេចក្តីនុ៎ះ​នឹងខ្ញុំ បពិត្រ​ទ្រង់​ជាសំឡាញ់ ខ្ញុំក៏ឲ្យពរ​នោះ​ដល់ទ្រង់។

[៣៨៥] ព្រះអង្គជាសាស្តារបស់ខ្ញុំផង ជាសំឡាញ់​របស់ខ្ញុំផង បពិត្រ​ព្រះអង្គជា​សំឡាញ់ ខ្ញុំនឹងធ្វើ​តាម​ព្រះឱង្ការ​របស់​ព្រះអង្គ ព្រះអង្គ​ក៏ចូរធ្វើ​តាមពាក្យ​របស់ខ្ញុំដែរ យើង​ទាំងពីរ​នាក់ ទៅដោះ​លែង (ពួកក្សត្រិយ៍​ទាំងនោះ​ជាមួយគ្នា)។

[៣៨៦] (ព្រះបាទសុតសោម…) ខ្ញុំជាសាស្តារបស់​ព្រះអង្គផង ជាសំឡាញ់​របស់​ព្រះអង្គ​ផង បពិត្រ​ព្រះអង្គ​ជាសំឡាញ់ បើព្រះអង្គ​ធ្វើតាម​ពាក្យខ្ញុំ ទាំងខ្ញុំ​ក៏ធ្វើតាម​ពាក្យ​ព្រះអង្គ​ដែរ យើងទាំងពីរ​នាក់ទៅ​ដោះលែង (ពួកក្សត្រិយ៍​ទាំងនោះ​ជាមួយគ្នា)។

[៣៨៧] ពួកយើងដែលត្រូវព្រះរាជាជើងពពាល បៀតបៀន​ដោតបាតដៃ មានមុខ​ជោក​ដោយ​ទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) អ្នក​ទាំងឡាយ លែងប្រទូស្ត​នឹង​ព្រះរាជា​នេះ​ចុះ អ្នកទាំងឡាយ​ចូរទទួល​ស្តាប់ពាក្យ​ប្តេជ្ញាដ៏​ទៀងទាត់​របស់ខ្ញុំចុះ។

[៣៨៨] (ពួកក្សត្រិយ៍…) ពួកយើងដែលត្រូវព្រះរាជាជើងពពាល​បៀតបៀន​ដោត​បាតដៃ មានមុខ​ជោកដោយ​ទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) ពួកយើ​មិនប្រទូស្ត​ចំពោះ​ព្រះរាជា​នេះទេ ពួកយើង​នឹងទទួល​ស្តាប់ពាក្យ​ប្តេជ្ញាដ៏​ទៀងទាត់​របស់ព្រះអង្គ។

[៣៨៩] (ព្រះបាទសុតសោម…) បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នា​នូវសេចក្តី​ចំរើន​ដល់បុត្រ​ទាំងឡាយ យ៉ាងណាមិញ ចំណែក​ព្រះរាជា​នេះ ចូរមាន​ដល់លោក​ទាំង​ឡាយ ក៏យ៉ាងនោះដែរ​ ទាំងលោក​ទាំងឡាយ ក៏សូម​ដូចជាបុត្ត។

[៣៩០] (ពួកក្សត្រិយ៍…) បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នានូវ​សេចក្តីចំរើន​ដល់បុត្ត​ទាំងឡាយ យ៉ាង​ណាមិញ ចំណែក​ខាងព្រះរាជា​នេះ ចូរមាន​ដល់យើង​ទាំងឡាយ យ៉ាង​នោះដែរ ទាំងពួក​យើងក៏​ដូចបុត្តដែរ។

[៣៩១] (ព្រះបាទសុតសោម…) ព្រះអង្គធ្លាប់សោយនូវសាច់នៃ​សត្វជើង ៤ ឬ​សត្វបក្សី ដែលពួក​នាយពិសេស​ចាត់ចែងល្អ សម្រេច​ដោយល្អ ជាទី​ត្រេកអរ ដូច​ព្រះឥន្ទ្រ សោយនូវ​សុធាភោជន ព្រះអង្គ​លះបង់​ចោល ហើយ​ត្រេកអរ​ក្នុងព្រៃ​តែម្នាក់ឯង ដូចម្តេច​កើត។ ពួកនាង​ខតិ្តយានី​នោះ មានគ្រឿង​ប្រដាប់​ភ្លឺផ្លេក និងចង្កេះ​ដ៏រៀវ តាក់​តែង​ខ្លួនគាល់​ត្រៀបត្រា ញ៉ាំងព្រះអង្គ​ឲ្យរីករាយ ដូចជា​ស្ត្រីអប្សរ​បំរើព្រះឥន្ទ្រ​ក្នុង​ទេវលោក ព្រះអង្គ​លះបង់​ចោល ហើយត្រេកអរ​ក្នុងព្រៃ​ម្នាក់ឯង ដូចម្តេច​កើត។ ព្រះអង្គផ្ទំ​លើព្រះបន្ទំ មានខ្នើយ​ពណ៌ក្រហម មានព្រំ​មានរោមច្រើន ដែលតាក់​តែងក្នុងទី​ព្រះបន្ទំ​ទាំងអស់​ដ៏ល្អ ជាសុខសប្បាយ ក្នុងទី​ពាក់កណ្តាល​នៃព្រះបន្ទំ ហើយ​លះបង់​ចោល ត្រេកអរ​ក្នុងព្រៃ​ម្នាក់ឯង ដូចម្តេចកើត។ ក្នុង​វេលារាត្រី មានសូរ​សំឡេងគង និងស្គរ ទាំង​តូរ្យតន្ត្រី ឥតមាន​បុរស​នៅលាយ មានទាំង​ចម្រៀង​ដ៏ពីរោះ និងប្រគំក៏​ពីរោះជា​ច្រើន​យ៉ាង ព្រះអង្គ​លះបង់​ចោល ហើយត្រេកអរ​ក្នុងព្រៃ​ម្នាក់ឯង ដូចម្តេច​កើត។ ឧទ្យាន (ឈ្មោះ​មិគាជិន) ក៏មានផ្កា​ច្រើន​បរិបូណ៌ បុរីប្រកប​ដោយឈ្មោះ​តាម​ឧទ្យាន​មិគាជិន ជាបុរី​គួរជាទី​សប្បាយ​ក្រៃពេក សម្បូរ​ដោយ​ពាហណៈ សេះ ដំរី រថ ព្រះអង្គ​លះ​បង់​ចោល ហើយត្រេកអរ​ក្នុងព្រៃ​តែម្នាក់ឯង ដូចម្តេច​កើត។

[៣៩២] (ព្រះបាទបោរិសាទ…) ព្រះចន្ទក្នុងកាឡប័ក្ខ (រនោច) រមែង​អស់ទៅ​រាល់ៗថ្ងៃ យ៉ាងណាមិញ បពិត្រ​ព្រះរាជា ការសមាគម​នឹងពួក​អសប្បុរស ឧបមា​ដូចព្រះចន្ទ្រ​ក្នុងកាឡប័ក្ខ។ ដូចយ៉ាងខ្ញុំ អាស្រ័យ​រសកៈ​អ្នកស្លដណ្តាំ ជាបុរស​អាក្រក់​លាមក ហើយ​បានធ្វើ​នូវកម្ម​អាក្រក់ ជាហេតុ​ទៅកាន់​ទុគ្គតិ។ ព្រះចន្ទ្រក្នុង​សុក្កប័ក្ខ រមែង​ចំរើន​ឡើងរាល់ៗ ថ្ងៃ យ៉ាងណា​មិញ បពិត្រ​ព្រះរាជា ការចួបប្រទះ​នឹងពួក​សប្បុរស ឧបមា​ដូចជា​ព្រះចន្ទ្រ​ក្នុង​សុក្កប័ក្ខ។ បពិត្រ​ព្រះបាទ​សុតសោម សូម​ព្រះអង្គ​ជ្រាបចុះ ដូច​យ៉ាងខ្ញុំ អាស្រ័យ​ព្រះអង្គ ហើយធ្វើ​ការកុសល ជាហេតុ​ទៅកាន់​សុគតិ។

បពិត្រព្រះអង្គជាធំជាងជន ទឹកដែលបង្អុរចុះ​លើទីទួល មិនដក់នៅ មិនឋិត​នៅ​អស់​កាល​យូរ យ៉ាងណាមិញ ការសមាគម​នឹងពួក​អសប្បុរស​របស់ខ្ញុំ មិន​តាំង​នៅ អស់​កាលយូរ ដូចទឹក​លើទីទួល​យ៉ាងនោះ​ដែរ។ បពិត្រ​ព្រះអង្គ​ជា​ធំ​ជាងជន មានព្យាយាមដ៏​ប្រសើរ​ជាងជន ទឹកដែល​បង្អុរចុះ​ក្នុងស្រះ ឋិតនៅ​អស់​កាលយូរ យ៉ាងណាមិញ ការ​សមាគម​នឹងពួក​សប្បុរស​របស់ខ្ញុំ ឋិតនៅ​អស់កាល​យូរ ដូចទឹក​ក្នុងស្រះ យ៉ាងនោះ​ដែរ។ សមាគម​នឹងពួក​សប្បុរស រមែង​មិនឃ្លាត​ចេញទេ គប្បី​ឋិតនៅ​ដរាប​អស់ជីវិត ការ​សមាគម​នឹង​ពួកអសប្បុរស រមែង​វិនាស​ទៅឆាប់ ដោយ​ប្រការ​ដូច្នេះឯង ព្រោះហេតុ​នោះ ធម៌​របស់ពួក​សប្បុរស រមែងឆ្ងាយ​អំពីពួក​អសប្បុរស។

[៣៩៣] (ព្រះបាទសុតសោម…) ព្រះរាជាណា ផ្ចាញ់នូវបុគ្គល​មិនគួរផ្ចាញ់ (មាតា បិតា) ព្រះរាជា​នោះ មិនមែន​ជាព្រះរាជា​ទេ សំឡាញ់​ណា ផ្ចាញ់នូវ​សំឡាញ់ សំឡាញ់នោះ មិន​មែនជាសំឡាញ់​ទេ ភរិយាណា មិន​ខ្លាចប្តី ភរិយានោះ​មិនមែន​ជាភរិយា​ទេ ពួកបុត្រ​ណា មិនចិញ្ចឹម​មាតាបិតា​ជាបុគ្គល​ចាស់ទុំ ពួកបុត្រ​នោះ មិនមែន​ជា​កូនទេ។ ពួក​សប្បុរស មិនមាន​ក្នុងទី​ប្រជុំណា ទីនោះ មិនមែន​ទីប្រជុំទេ ពួកជន​ណាមិន​ពោល​នូវធម៌ ពួកជន​នោះ មិនមែន​ជា​សប្បុរសទេ លុះតែ​ពួកជន​លះបង់​នូវរាគៈ ទោសៈ និង​មោហៈ​ហើយ ពោល​នូវធម៌ ទើបឈ្មោះថា សប្បុរស។ បណ្ឌិត​កាលបើ​មិនពោល (នូវធម៌) ជា​អ្នកច្រឡូក​ច្រឡំ​ដោយពួកជនពាល ពួកអ្នក​ផង រមែង​ស្គាល់​មិនបាន លុះតែ​ពោល សំដែង​នូវអមតបទ ទើបពួក​អ្នកផង​ស្គាល់បាន។ បណ្ឌិត​គប្បីពោល​បំភ្លឺនូវធម៌ ផ្គង​ឡើងនូវធម៌ ជាទង់ជ័យ​នៃពួកឥសី ពួក​ឥសីមាន​សុភាសិត​ជាទង់ជ័យ ព្រោះជា​ធម៌ ទុក​ដូច​​ជាទង់ជ័យ​នៃពួកឥសី។

ចប់ សុតសោមជាតក ទី៥។

ឧទ្ទាននៃជាតកនោះគឺ

ចុល្លហង្សឈ្មោះសុមុខៈ ១ មហាហង្សដ៏ប្រសើរ ១ តាបស​ឲ្យនូវ​សុធាភោជន​ដ៏​ប្រសើរ​ដទៃ ១ ស្តេចបក្សីឈ្មោះ​កុណាល ១ ព្រះរាជា​ដ៏ប្រសើរ​ព្រះនាម​សុតសោម ១។

ចប់ អសីតិនិបាត។

ចប់ ភាគ៦១។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.537.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann