User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.542

មហោសធជាតក ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 542 បាលី cs-km: sut.kn.jat.542 អដ្ឋកថា: sut.kn.jat.542_att PTS: ?

មហោសធជាតក ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥៤២. ឧមង្គជាតកំ (៥))

[២០៧] (ព្រះបាទវិទេហៈត្រាស់ថា) ម្នាលមហោសធ ព្រះរាជា​ចូឡនី​ព្រហ្មទត្ត ជាម្ចាស់​ក្រុង​បញ្ចាល យាងមក​ជាមួយ​នឹងសេនា​ទាំងពួង សេនា​របស់​ព្រះរាជា​ក្រុង​បញ្ចាល​នោះ បុគ្គល​ប្រមាណ​មិនបាន។ (សេនាទាំងនោះ) មានពល​ជាងឈើ និងពល​ថ្មើរជើង អ្នកឈ្លាស​ក្នុងសង្គ្រាម​ទាំងពួង អាចនឹង​លុកចូល​ទៅក្នុងពួក ជាសេនា​មាន​សំឡេង (មិនស្ងាត់​ចាកសំឡេង​ទាំង ១០ យ៉ាង) ញ៉ាំងគ្នា​នឹងគ្នា​ឲ្យដឹង​ដោយ​សំឡេង​ស្គរ និងស័ង្ខ។ (ពួកសេនា​ទាំងនោះ) មានវិទ្យា​ក្នុងផ្លូវ​លោហធាតុ និងមានគ្រឿង​ប្រដាប់ មាន​ទង់ជ័យ មានមនុស្ស​អ្នកឡើង​កាន់​ពាហនៈ​ខាងឆ្វេង ទាំងបរិបូណ៌​ល្អដោយ​ពួក​មនុស្ស​អ្នកមាន​សិល្ប ដែលពួក​យោធា​ដ៏ក្លៀវក្លា (មានព្យាយាម​ស្មើដោយ​សត្វសីហៈ) តាំងទុក​ដោយល្អ​ហើយ។ ក្នុងចំណោម​សេនា​ទាំងនុ៎ះ មាន​នាយពល ១០ នាក់ ជាអ្នក​ឈ្លាស មានប្រាជ្ញា​ដូចផែនដី ច្រើនទៅ​ប្រជុំប្រឹក្សា​ក្នុង​ទីស្ងាត់ នឹងមាតា​របស់​ព្រះរាជា ជាគំរប់ ១១ រមែង​ទ្រង់ប្រៀន​ប្រដៅសេនា​ក្នុង​ក្រុងបញ្ចាល។ បណ្តាជន​ទាំងនុ៎ះ មាន​ក្សត្រិយ៍ ១០១ សុទ្ធតែ​មានយស ជាចំណុះ ដែលត្រូវ​ព្រះបាទ​ចូឡនី​ព្រហ្មទត្ត​ដណ្តើម​យកដែន​ហើយ មានសេចក្តី​ភ័យអំពី​មរណៈ ក៏លុះ​ក្នុងអំណាច​នៃព្រះបាទ​បញ្ចាល។ (ស្តេចទាំង ១០១ នោះ) ជាអ្នក​ធ្វើតាម​ព្រះរាជ​តម្រាស់ មិនមាន​ប្រាថ្នា ក៏ពោលពាក្យ​ជាទី​ស្រឡាញ់ មិនមាន​ប្រាថ្នា ក៏លុះ​អំណាច​ចុះចូល​ព្រះបាទ​បញ្ចាល។ មិថិលា​រាជធានី​របស់​ពួកអ្នក​វិទេហៈ ត្រូវពួក​សេនានោះ​ចោមព័ទ្ធជា ៣ ជាន់1) (ដូចជា) ជីកគាស់​ដោយ​ជុំវិញ។ (ក្រុងមិថិលា) ត្រូវសេនា​ចោមព័ទ្ធ​ជុំវិញ (ប្រាកដ​ដោយ​សស្រា្តវុធ) ដូចជា​ផ្កាយដែល​ប្រាកដ​ក្នុងខាងលើ ម្នាល​មហោសធ អ្នកឯង​ចូរដឹងថា សេចក្តីរួច (ចាកទុក្ខនេះ) នឹងមាន​ដល់ពួក​យើងដោយ​ប្រការ​ដូចមេ្តច។

[២០៨] (ព្រះមហាសត្វក្រាបបង្គំទូលថា) បពិត្រព្រះទេវៈ សូមព្រះអង្គ​ទ្រង់សណ្តូក​ព្រះបាទ (ឲ្យស្រួលចុះ) សូម​ព្រះអង្គ​ទ្រង់ក្រសាល​រីករាយ​ក្នុងកាមចុះ ព្រះបាទ​ចូឡនី​ព្រហ្មទត្ត មុខជា​នឹងលះបង់​សេនាក្នុង​ក្រុង​បញ្ចាល ហើយរត់ទៅ។

[២០៩] (អាចារ្យកេវដ្ដព្រាហ្មណ៍…) ព្រះរាជាចូឡនីប្រាថ្នា​ដើម្បីធ្វើ​សម្ពន្ធមិត្រ (នឹង​ព្រះអង្គ) ទាំង​ទ្រង់ថ្វាយ​កែវទាំងឡាយ មានស្រីកែវ​ជាដើម ដល់ព្រះអង្គ (ចាប់ដើម) ពីថ្ងៃ​នេះទៅ សូមឲ្យ​ពួករាជទូត​មានវាចា​ពីរោះ ពោលពាក្យ​ជាទី​ស្រលាញ់មក (ក្រុង​មិថិលា​នេះបាន)។ សូមឲ្យពួក​រាជទូត​ទាំងនោះ​ពោលវាចា​ដ៏ទន់ភ្លន់ ជាវាចាគួរ​ត្រេកអរ សូម​ព្រះបាទ​បញ្ចាល និង​ព្រះបាទវិទេហៈ​ទាំងពីរ​អង្គនោះ រួបរួមគ្នា​តែមួយ។

[២១០] (ព្រះបាទវិទេហៈ…) នែកេវដ្ដៈ អ្នកបានជួបនឹង​មហោសធដែរឬ អ្នកចូរ​ពោល​សេចក្តី​នោះ អ្នកបាន​ឲ្យ​មហោសធ​អត់ទោស​ហើយឬ មហោសធ​ត្រេកអរ​ហើយឬ។

[២១១] (អាចារ្យកេវដ្តៈ…) បពិត្រព្រះអង្គជាធំជាងជន មហោសធ​ហៅពេញ​ជា​បុរស​ថោកទាប ពុំមាន​សេចក្តី​សោ្មះស្មើ ជាមនុស្ស​រឹងរូស ជា​អសប្បុរស ពុំបាន​ពោល​សេចក្តី​អ្វីតិចតួច​សោះ ដូចជា​មនុស្សគ ឬដូចជា​មនុស្សថ្លង់។

[២១២] (ព្រះបាទវិទេហៈ…) ចំណែកការដែលគិតនេះ បុរស​ផេ្តសផ្តាស​ឃើញបាន​ក្រណាស់​ដោយពិត សេចក្តី​បរិសុទ្ធិ នរជន​អ្នកមាន​ព្យាយាម មុខជានឹង​ឃើញ​ហេតុនោះ កាយ​របស់អញ​ញប់ញ័រ អ្នកណា​នឹងលះបង់​នូវដែន​របស់ខ្លួន​ ហើយលុះក្នុង​កណ្តាប់ដៃ​ជនដទៃ​វិញកើត។

[២១៣] គំនិតរបស់យើងទាំង ៦ នាក់ ដែលជា​អ្នកឈ្លាស មានប្រាជ្ញា​ដ៏ខ្ពង់ខ្ពស់​ផុត​ដូចផែនដី ស្មើគ្នាជា​ឯកច្ឆន្ទ ម្នាល​មហោសធ អ្នកចូរ​គិតមើល ទៅ ឬ​កុំទៅ ឬក៏ឈប់។

[២១៤] (ព្រះមហាសត្វ…) បពិត្រព្រះរាជា សូមព្រះអង្គ​ទ្រង់ជ្រាបថា ព្រះបាទ​ចូឡនី​ព្រហ្មទត្ត ជាអ្នក​មានអានុភាព​ធំ មានពលច្រើន ឥឡូវប្រាថ្នា​ដើម្បី​នឹង​សំឡាប់​ព្រះអង្គ ដូច​នាយព្រាន​ដែលសំឡាប់​ម្រឹគដោយ​ធ្នាក់។

ត្រីជាសត្វជាប់ចិត្តក្នុងនុយស្រស់ (លេប) ផ្លែសន្ទូច​ដែលគេ​បិទបាំង​ដោយសាច់ មិនដឹង​សេចក្តី​ស្លាប់ខ្លួន​យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ជាអ្នក​ជាប់ក្នុងកាម ចង់បាន​ធីតា​របស់​ព្រះបាទ​ចូឡនី មិនទ្រង់​ជ្រាបមរណៈ​របស់ព្រះអង្គ​ដូចត្រីនោះ​ឯង។ បើព្រះអង្គ​សេ្តច​យាងទៅ​កាន់​ក្រុងបញ្ចាល ព្រះអង្គ​មុខជា​នឹង​លះចោល​ព្រះអង្គ​យ៉ាងឆាប់ ភ័យ​ធំនឹង​មកដល់​ព្រះអង្គ ដូចភ័យ​ធំមកដល់​ម្រឹគដែល​ដើរ​ទៅតាមផ្លូវ (ទៀបទ្វារ​នៃ​ស្រុកដែរ)។

[២១៥] (ព្រះបាទវិទេហៈ…) យើងដែលបានពោលនូវប្រយោជន៍​ដ៏ឧត្តម ក្នុង​សំណាក់​នៃអ្នក ត្រឡប់ទៅ​ជាមនុស្ស​ល្ងង់លីលា​វិញ អ្នកឯង​ជាអ្នក​ចំរើន​ដោយ​ចុងនង្គ័ល មេ្តចនឹង​ដឹងសេចក្តី​ចំរើន​ដូចអ្នក​ដទៃកើត។

[២១៦] អ្នកទាំងឡាយ ចូរចាប់អ្នកនេះឰដ៏ក ហើយឲ្យ​វិនាសចាក​ដែនរបស់​អញទៅ ព្រោះវា​ហ៊ាននិយាយ​ឲ្យអញ​អន្តរាយ​នូវការ​បានស្រីកែវ។

[២១៧] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មហោសធ​ពោធិសត្វ​ក៏ចៀស​ចេញអំពី​សំណាក់​នៃ​ព្រះបាទវិទេហៈ​ហើយ ទើបហៅ​សុវបណ្ឌិត​ឈ្មោះ​មាធុរៈ ជាទូតមក​ប្រាប់ថា ម្នាល​សំឡាញ់​មានស្លាបខៀវ អ្នកចូរមក​ធ្វើការបំរើ​អញ ដ្បិតមាន​សាលិកាញី​មួយ​ដែលគេ​ចិញ្ចឹមទុក​ជិតទី​ក្រឡាបន្ទំ​នៃព្រះ​បាទបញ្ចាល។ ឯងចូរ​ទៅសួរ​សាលិកា​នោះ ដោយ​សន្ថវកិច្ច ព្រោះវា​ជាសត្វឈ្លាស​ក្នុងកិច្ច​ទាំងពួង វាដឹង​ការអាថ៌កំបាំង​ទាំងពួង​របស់ជន​ទាំងពីរ គឺព្រះរាជា និង​កោសិយព្រាហ្មណ៍។ មាធុរៈសុវបណ្ឌិត​មានស្លាប​ខៀវនោះ បានទទួល​ស្តាប់ថា បាទ ដូច្នេះហើយ ក៏ហើរ​ទៅកាន់​សំណាក់​នៃ​នាង​សាលិកា។ មាធុរៈសុវ​បណ្ឌិត លុះហើរទៅដល់​ហើយ ទើបហៅនាង​សាលិកា​មានទ្រុងល្អ ពោល​ពាក្យពីរោះថា នែនាងមាន​ទ្រុងល្អ នាងល្មម​អត់ទ្រាំ​បានដែរឬ នែនាង​ជាវេសជាតិ នាង​មិនមាន​ជំងឺ​តម្កាត់​ទេឬ នែនាង​មាន​ទ្រុងល្អ នាងបាន​លាជលាយ​ដោយ​ទឹកឃ្មុំដែរឬ។

(សាលិកាញី…) ម្នាលសំឡាញ់ សេចក្តីសុខស្រួល​មានដល់ខ្ញុំ​ ម្នាលសំឡាញ់ មួយទៀត ខ្ញុំមិនមាន​ជម្ងឺ​តម្កាត់​ទេ ម្នាល​សុវបណ្ឌិត ទាំងលាជ​លាយ​ដោយទឹក​ឃ្មុំ ខ្ញុំក៏បាន​ដែរ។ នែសំឡាញ់ អ្នកមក​អំពីណា​ហ្ន៎ ឬអ្នក​ណាប្រើ​មក មួយ​វិញទៀត អ្នកជា​សត្វដែលខ្ញុំ​មិនធ្លាប់​ឃើញ មិនធ្លាប់ឮ​ក្នុងកាលមុន​អំពី​កាលនេះទេ។

[២១៨] (សុវបណ្ឌិត…) ខ្ញុំ គេចិញ្ចឹមទុកនៅទីបន្ទំ​ក្នុងប្រាសាទ​នៃ​ព្រះបាទសិវិ ព្រះរាជា​នោះ ទ្រង់ឋិត​នៅក្នុងធម៌ តែងទ្រង់​ដោះលែង​នូវសត្វ​ទាំងឡាយ​ដែលជាប់​ចំណង ចាកចំណង​អំពី​ទីនោះៗ។ មាននាង​សាលិកាមួយ ពោលពាក្យ​ពីរោះ ជាភរិយា​របស់ខ្ញុំ ម្នាលនាង​មានទ្រុងល្អ កាលខ្ញុំ​កំពុង​តែសំឡឹងជាប់​ចិត្ត ស្រាប់តែ​ខ្លែង​សំឡាប់​នាង​សាលិកា​នោះទៅ។ ខ្ញុំបរិបូណ៌​ដោយ​សេចក្តី​ប្រាថ្នា​ចំពោះ​ភរិយា​នោះ បានជា​មកក្នុង​សំណាក់​នៃនាង ប្រសិនបើ​នាងបើក​ឱកាស យើងទាំង​ពីរនាក់ នឹងនៅ​ក្នុងទីជា​មួយគ្នា។

[២១៩] (សាលិកា…) ធម្មតាសេកឈ្មោល គួរតែប្រាថ្នា​រកសេកញី សាលិកា​ឈ្មោល គួរតែ​ប្រាថ្នារក​សាលិកាញី ចុះការ​នៅរួមដោយ​សេកឈ្មោល និង​សាលិកាញី ដូចម្តេច​កើត។

[២២០] (សុវបណ្ឌិត…) បគ្គលណា ប្រាថ្នាស្រ្តីណា​ក្នុងកាម សូម្បីស្រ្តី​នោះជា​ចណ្ឌាល​ក៏ដោយ ព្រោះថា ការនៅរួម​ទាំងអស់​ដូចៗគ្នា ដែល​មិនដូចគ្នា​ក្នុងកាម មិនមាន​ទេ។ ព្រះមាតា​នៃព្រះបាទ​សិវិ ព្រះនាម​ជម្ពាវតី (ជា​ចណ្ឌាល​សោះ) តែបាន​ជា​អគ្គមហេសី ជាទី​ស្រឡាញ់​របស់​ព្រះបាទ​វាសុទេវកណ្ហាយនគោត្រ។ សូម្បី​នាង​កិន្នរី​ឈ្មោះ​រតនវតី ញ៉ាំងតាបស​ឈោ្មះ​វច្ឆៈ ឲ្យប្រាថ្នា​ដែរ។ មនុស្ស​រួមសំវាស​ជាមួយ​នឹង​មេម្រឹគ​ក៏មាន ការនៅរួម​ក្នុងកាម​មិនដូចគ្នា មិនមានទេ។ នែនាង​សាលិកា ពោលពាក្យ​ពីរោះ បើដូច្នោះ យើងនឹង​ទៅវិញ ព្រោះពាក្យ​នាងនុ៎ះ ទុកជា​ពាក្យប្រកែក នាងមើល​ងាយខ្ញុំ​ពិត។

[២២១] (សាលិកា…) នែមាធុរៈសុវបណ្ឌិត សិរីរមែង​មិនមាន​ដល់អ្នក​ប្រញាប់ទេ អ្នកចូរ​ឈប់នៅ​ទីនេះ ដរាបបាន​ឃើញ​ព្រះរាជា​សិន អ្នកនឹង​បានស្តាប់​សំឡេង​សំភោរ បានឃើញ​អានុភាព​ព្រះរាជា។

[២២២] (សុវបណ្ឌិត…) សំឡេងអឺងកងនេះ ឮល្បីប្រាកដ​ទៅជនបទ​ខាងក្រៅថា ព្រះរាជធីតា​ព្រះបាទ​បញ្ចាល មានវណ្ណៈ​ដូចជា​ផ្កាយព្រឹក ព្រះអង្គ​នឹងប្រទាន​ព្រះរាជ​ធីតា​នោះ ដល់​ព្រះបាទ​វិទេហៈ ឯវិវាហមង្គល​នោះ ក៏នឹង​មានដែរ (តើពិតឬទេ)។

[២២៣] (សាលិកា…) នែមាធុរៈ ការរៀបចំ​វិវាហមង្គល​ប្រាកដ​ដូចនេះ​របស់ពួក​សត្រូវ ដូចជា​វិវាហមង្គល​របស់​ព្រះបាទ​បញ្ចាល​ជាមួយនឹង​ព្រះបាទ​វិទេហៈ​របស់អ្នក ចូរលើក​ទុកចុះ។ ព្រះរាជា​ដ៏ប្រសើរ​លើរថ​របស់អ្នក​ក្រុងបញ្ចាល នឹងនាំ​ព្រះបាទ​វិទេហៈ​មកហើយ​ នឹងសំឡាប់​ព្រះបាទ​វិទេហៈ​នោះ ក្នុង​វេលានោះ (ព្រះបាទ​ចូឡនី) មិនមែន​ជាសំឡាញ់​របស់​ព្រះបាទ​វិទេហៈ​នោះទេ។

[២២៤] (សុវបណ្ឌិត…) សូមនាងអនុញ្ញាតឲ្យបង​ទៅត្រឹម ៧ រាត្រី ទំរាំ​បងទូល​ព្រះបាទ​សិវិ និង​ព្រះមហេសីថា ខ្ញុំបាន​នៅរួមក្នុង​សំណាក់​នាង​សាលិកា​ហើយ។

[២២៥] (សាលិកា…) អើ ! ខ្ញុំអនុញ្ញាតឲ្យអ្នកទៅ​ត្រឹម ៧ រាត្រី បើអ្នក​មិនត្រឡប់​មកកាន់​សំណាក់​ខ្ញុំក្នុង​រវាង ៧ រាត្រី​វិញទេ ខ្ញុំសំគាល់​ខ្លួនខ្ញុំថា​អស់ជីវិត កាលបើ​ខ្ញុំស្លាប់​ហួសទៅ​ហើយ ទើបអ្នក​នឹងមកដល់។

[២២៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មាធុរៈសុវបណ្ឌិតនោះ ក៏ហើរ​ទៅប្រាប់​មហោសធ​ថា ពាក្យនេះ ជាពាក្យ​របស់នាង​សាលិកា។

[២២៧] (មហោសធ…) បុរសគប្បីបរិភោគ​នូវភោគសម្បត្តិ​ក្នុងផ្ទះ​របស់​បុគ្គល​ណា​ គប្បីធ្វើ​ប្រយោជន៍​ដល់បុគ្គល​នោះឯង។

[២២៨] បពិត្រព្រះជនិន្ទ ខ្ញុំព្រះអង្គនឹងសូមទៅ​កាន់បុរី គួរជាទី​រីករាយ​របស់​ព្រះបាទ​បញ្ចាល​ជាមុន ដើម្បី​សាងនិវេសន៍​បំរុងព្រះអង្គ​មានយសធំ​ក្នុង​ដែន​វិទេហៈ។ បពិត្រ​ក្សត្រិយ៍ លុះខ្ញុំ​ព្រះអង្គ​សាង​និវេសន៍​ដើម្បីព្រះអង្គ​មានយសធំ ក្នុងដែន​វិទេហៈ​ស្រេច​ហើយ នឹងបញ្ជូន​ទូតមកទូល​ព្រះអង្គ​ក្នុងវេលា​ណា ព្រះអង្គ​គប្បីយាង​ទៅក្នុង​វេលានោះ។

[២២៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះមហោសធ ក៏បានទៅ​កាន់បុរីគួរ​ជាទី​រីករាយ​របស់​ព្រះបាទបញ្ចាល​ជាមុន ដើម្បីសាង​និវេសន៍បំរុង​ព្រះបាទ​វិទេហៈ​មាន​យស។ ព្រះមហោសធ​លុះសាង​និវេសន៍ ដើម្បី​ព្រះបាទ​វិទេហៈ​មាន​យស​ស្រេចហើយ ទើបបញ្ជូន​ទូតមកទូល​ព្រះបាទ​វិទេហៈ គ្រប់គ្រង​មិថិលាថា បពិត្រ​មហារាជ និវេសន៍ ខ្ញុំព្រះអង្គ​សាងដើម្បី​ព្រះអង្គ​ហើយ សូមព្រះអង្គ​សេ្តចមក​ក្នុង​កាលឥឡូវ​នេះ។

[២៣០] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជា​ព្រមដោយ​សេនា​មានអង្គ ៤ យាង​ទៅដើម្បី​ទតបុរី​ដ៏ធំទូលាយ ដែល​មហោសធបណ្ឌិត​សាងទុកក្នុង​ដែន​កប្បិលៈ មាន​ពាហនៈ​មិនមាន​ទីបំផុត។

[២៣១] លំដាបនោះឯង ព្រះបាទវិទេហៈនោះ លុះសេ្តច​យាងទៅដល់ (ដែន​កប្បិលៈ) ហើយ ទើបបញ្ជូន​រាជសាសន៍​ទៅថ្វាយ​ព្រះបាទ​ចូឡនី​ព្រហ្មទត្តថា បពិត្រ​មហារាជ ខ្ញុំមកដើម្បី​ថ្វាយបង្គំ​ព្រះបាទ​ទាំងឡាយ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ទ្រង់​ប្រទាន​នាងនារី​ដែលមាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់ដោយ​គ្រឿង​អលង្ការ ជាវិការៈ​នៃមាស មានពួក​ទាសីជា​បរិវារ ឲ្យជាភរិយា (របស់ខ្ញុំ) ក្នុងកាល​ឥឡូវនេះ។

[២៣២] (ព្រះបាទចូឡនី…) បពិត្រព្រះបាទវិទេហៈ ព្រះអង្គសេ្តច​មកល្អហើយ មួយទៀត ព្រះអង្គ​សេ្តចមក​មិនអាក្រក់ទេ សូមព្រះអង្គ​សាកសួរ​រកនក្ខត្តឫក្ស​ចុះ ខ្ញុំនឹង​ថ្វាយនាង​កញ្ញា ដ៏ប្រដាប់​ដោយគ្រឿង​អលង្ការ​ជាវិការៈ​នៃ​មាស មាន​ពួកទាសី ជាបរិវារ​ព្រះអង្គ។

[២៣៣] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះបាទវិទេហៈ​សួររកនក្ខត្តឫក្ស​លុះសួរ​រកនក្ខត្តឫក្ស​រួចហើយ ទើបបញ្ជូន​រាជសាសន៍​ទៅថ្វាយ​ព្រះបាទ​ព្រហ្មទត្តថា សូម​ព្រះអង្គ​ទ្រង់​ប្រទាន​នារីដែល​មាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់​ដោយ​គ្រឿង​អលង្ការ​ជាវិការៈ​នៃមាស មានពួក​ទាសីជា​បរិវារ ឲ្យ​ជាភរិយា​របស់ខ្ញុំ​ក្នុងកាល​ឥឡូវនេះ។

[២៣៤] (ព្រះបាទចូឡនី…) ខ្ញុំថ្វាយនាងនារី ដែលមាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់​ដោយ​គ្រឿង​អលង្ការ​ជាវិការៈ​នៃមាស មានពួក​ទាសីជាបរិវារ ឲ្យជា​ភរិយា​របស់ព្រះអង្គ ក្នុងកាល​ឥឡូវនេះ។

[២៣៥] (ព្រះបាទវិទេហៈ…) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និង​សេនា​កាន់​ខែល​ឈរនៅ (ត្រៀបត្រា) គប់ភ្លើង​ឆេះសន្ធោសន្ធៅ តើពួក​បណ្ឌិត​សំគាល់​ដូចម្តេច។

[២៣៦] (អភិសម្ពុទ្ធគាថា) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និង​សេនាកាន់​ខែល​ឈរនៅ (ត្រៀបត្រា) គប់ភ្លើង​ឆេះសន្ធោ​សន្ធៅ នែបណ្ឌិត ពួកសេនា​ទាំង​នោះ នឹង​ធ្វើអ្វីហ៎្ន។

[២៣៧] (មហោសធ…) បពិត្រមហារាជ ព្រះបាទចូឡនីព្រហ្មទត្ត មានពលច្រើន ប្រទូសរ៉ាយ​ដល់ព្រះអង្គ រក្សា​ព្រះអង្គទុក នឹង​សំឡាប់​ព្រះអង្គ​អំពីព្រឹក។

[២៣៨] (ព្រះបាទវិទេហៈ…) ហ្ឫទ័យរបស់យើងញ័ររន្ធត់ ទំាងមាត់​របស់យើង​ក៏​សោះស្ងួត យើងមិន​បានសេចក្តី​រលត់ ដូចជា​ឈើត្រូវភ្លើងឆេះ​ក្នុង​កណ្តាល​កំដៅថ្ងៃ។ ចង្ក្រាន​របស់ជាង​មាស ឆេះ​តែខាង​ក្នុង មិនឆេះខាង​ក្រៅ យ៉ាងណា​មិញ ហ្ឫទ័យ​របស់យើង ក៏ឆេះតែ​ខាងក្នុង មិនឆេះ​ខាងក្រៅ ក៏យ៉ាង​នោះដែរ។

[២៣៩] (មហោសធ…) បពិត្រក្សត្រ ព្រះអង្គស្រវឹង (ដោយកាម) ទើបប្រព្រឹត្ត​កន្លង​ការប្រឹក្សា ទំលាយការ​ប្រឹក្សា​ចោល ឥឡូវនេះ សូមឲ្យ​បណ្ឌិត (ទាំង ៤ នាក់) ដែលជា​អ្នកមាន​ប្រាជ្ញា រក្សា​ព្រះអង្គ​ចុះ។ បពិត្រ​ព្រះរាជា ព្រះអង្គ​មិនធ្វើតាម​ពាក្យរបស់​ទូលបង្គំ​ជា​អាមាត្យ ជាអ្នក​ប្រាថ្នា​សេចក្តី​ចំរើន និងសែ្វង​រក​ប្រយោជន៍ ទ្រង់ត្រេកអរ​ដោយ​បីតិ​ដ៏សៅហ្មង​របស់​ព្រះអង្គ ដូចម្រឹគ​ជាប់អន្ទាក់។ (ទូលបង្គំ​បានក្រាប​ទូលហើយថា) ត្រីជា​សត្វលោ្មភ​ក្នុងនុយស្រស់ លេបនូវ​ផ្លែសន្ទូច​ដ៏វៀច​ដែលគេ​បិទដោយសាច់ ត្រីមិនដឹង​សេចក្តី​ស្លាប់​របស់ខ្លួន យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ជាអ្នកលោ្មភ​ក្នុងកាម ចង់បាន​ធីតារបស់​ព្រះបាទ​ចូឡនី មិនទ្រង់​ជ្រាប​មរណៈ​របស់​ព្រះអង្គ ដូចត្រី​យ៉ាងនោះឯង។ បើទ្រង់​សេ្តចទៅកាន់​ក្រុងបញ្ចាល ទ្រង់​មុខជានឹង​លះចោល​ព្រះអង្គ​យ៉ាងឆាប់ ភ័យ​ធំនឹង​មកដល់​ព្រះអង្គ ដូចភ័យ​ធំមកដល់​ម្រឹគ ដែលដើរ​ទៅតាមផ្លូវ (ទៀបទ្វារ​នៃស្រុក)។ បពិត្រ​ព្រះជនិន្ទ បុរស​មានសភាព​មិនថ្លៃថ្នូរ ដូចពស់​នៅក្នុងថ្នក់ គប្បីចឹក ​បុរសមាន​ប្រាជ្ញា មិនគប្បី​ធ្វើនូវ​មេត្រីភាព​ដោយបុរស​នោះទេ ព្រោះថា ការគប់រក​ដោយ​បុរសអាក្រក់ រមែង​​នាំមក​នូវសេចក្តី​ទុក្ខ​ដោយពិត។ បពិត្រ​ព្រះជនិន្ទ បណ្ឌិត​បុរស ស្គាល់នូវ​បុគ្គលណា​ថា អ្នកនេះ​មានសីល មាន​ការចេះដឹង​ច្រើនដូចេ្នះ បណ្ឌិត​បុរសនោះ គួរធ្វើ​មេត្រីភាព​ជា​មួយនឹង​បុគ្គល​នោះ ព្រោះថា​ការសេពគប់​ដោយ​សប្បុរស​ទាំងឡាយ រមែង​នាំមកនូវ​សេចក្តី​សុខពិត។

[២៤០] បពិត្រព្រះរាជា ព្រះអង្គជាមនុស្សល្ងង់លីលា បានពោលនូវសេចក្តី​ចំរើនដ៏ឧត្តម​ក្នុងសំណាក់​នៃខ្ញុំ​ព្រះអង្គ​ថា ខ្ញុំព្រះអង្គ​ជាអ្នក​ចំរើនដោយ​ចុងនង្គ័ល ធ្វើមេ្តច​នឹង​ដឹង​សេចក្តី​ចំរើនដូច​អ្នកដទៃ។ អ្នកទាំងឡាយ ចូរចាប់​មហោសធ​នេះត្រង់ ក ហើយឲ្យ​វិនាស​ចាកដែន​របស់អញ​ចេញ​ទៅ ព្រោះវា​ហ៊ាន​និយាយ​ឲ្យអញ​អន្តរាយ​នូវការបាន​ស្រីកែវ។

[២៤១] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ បណ្ឌិតទាំងឡាយ រមែងមិនចាក់​ដោតដោយ​ទោសដែល​កន្លងទៅ​ហើយទេ អ្នកចាក់​ដោតយើង ដូចគេ​យក​ជន្លួញ​ចាក់សេះ​ដែលចង​ទុកហើយ​ធ្វើអ្វី។ ប្រសិនបើ​អ្នកឃើញ​សេចក្តី​រួច​របស់យើង ឬឃើញ​សេចក្តី​កេ្សមរបស់​យើង ចូរអ្នក​ពន្យល់យើង​ដោយ​សោត្ថិភាព​នោះចុះ អ្នកចំា​បាច់ចាក់​ដោតយើង​ដោយទោសដែល​កន្លង​ទៅ​ហើយ​ធ្វើអ្វី។

[២៤២] (មហោសធ…) អំពើជារបស់នៃមនុស្ស​ដែលកន្លង​ហួសទៅ​ហើយ ជាអំពើ​គេ​កែបាន​ដោយក្រ សម្រួល​វិញបាន​ដោយក្រ ខ្ញុំព្រះអង្គ​មិនអាច​នឹងដោះ​ព្រះអង្គ​បានទេ បពិត្រ​ក្សត្រិយ៍ សូមព្រះអង្គ​ទ្រង់ជ្រាបចុះ។ ដំរី​ទាំងឡាយ មានឫទ្ធិ មានយស អាចទៅ​តាម​អាកាស​បាន ដំរីបែប​នោះរបស់​ព្រះរាជា​ណា សូមឲ្យ​ដំរីទាំង​នោះ នាំ​ព្រះរាជា​នោះទៅ​ចុះ។ សេះ​ទាំងឡាយ មានឫទ្ធិ មានយស អាចទៅ​តាមអាកាស​បាន សេះបែប​នោះរបស់​ព្រះរាជា​ណា សូមឲ្យ​សេះទាំង​នោះ នាំព្រះរាជា​នោះទៅចុះ។ បក្សីទាំង​ឡាយ មានឫទ្ធិ មានយស អាចទៅតាម​អាកាស​បាន បក្សីបែប​នោះរបស់​ព្រះរាជាណា សូមឲ្យ​បក្សី​ទាំងនោះ នាំព្រះ​រាជានោះ​ទៅចុះ។ យក្សទាំង​ឡាយ មានឫទ្ធិ មានយស អាចទៅ​តាម​អាកាស​បាន យក្សបែប​នោះ​របស់​ព្រះរាជា​ណា សូមឲ្យ​យក្ស​ទាំងនោះ នាំព្រះរាជា​នោះទៅ​ចុះ។ អំពើ​ជារបស់​នៃមនុស្ស ដែលកន្លង​ហួសទៅ​ហើយ ជាអំពើគេ​កែបាន​ដោយក្រ សម្រួល​វិញបាន​ដោយក្រ បពិត្រ​ក្សត្រិយ៍ ខ្ញុំព្រះអង្គ​មិនអាច​ដោះព្រះអង្គ​ទៅតាម​អាកាស​បានទេ។

[២៤៣] (អាចារ្យសេនកៈ…) បុរសជាអ្នកមិនឃើញត្រើយ​ក្នុងមហាសមុទ្រ បុរស​នោះ​បានទី​ពំនាក់​ក្នុងប្រទេស​ណា គេក៏បាន​សេចក្តី​សុខក្នុង​ប្រទេសនោះ (យ៉ាង​ណា​មិញ)។ បពិត្រ​មហោសធ អ្នកជា​ទីពឹងរបស់​ពួកយើង និងព្រះរាជា ក៏យ៉ាង​នោះដែរ ព្រោះអ្នក​ជាបុគ្គល​ប្រសើរ​ជាងពួក​យើង និង​ពួកមន្រ្តី សូមអ្នក​ដោះពួក​យើងអំពី​ទុក្ខ។

[២៤៤] (មហោសធ…) អំពើជារបស់នៃមនុស្ស ដែលកន្លង​ហួសទៅ​ហើយ ជាអំពើ​គេកែ​បានដោយ​ក្រ សម្រួល​វិញបាន​ដោយក្រ ខ្ញុំមិន​អាចនឹងដោះ​អ្នកបានទេ នែសេនកៈ អ្នកចូរ​ដឹងចុះ។

[២៤៥] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញ​ភ័យធំ​នុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​សេនកៈ ឥឡូវនេះ អញសួរ តើអ្នក​សំគាល់​របស់​ដែលគួរ​ធ្វើដូចមេ្តច​ក្នុងរឿង​នេះ។

[២៤៦] (អាចារ្យសេនកៈ…) ពួកយើងគួរដុតភ្លើងត្រង់ទ្វារ ឬកាន់​កាំបិត​សម្លាប់​គ្នានឹងគ្នា យើងនឹង​លះបង់​ជីវិត​យ៉ាងឆាប់ កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួកយើង​ឲ្យ​លំបាក​​អស់កាល​យូរឡើយ។

[២៤៧] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​បុក្កុសៈ ឥឡូវនេះ​អញសួរ តើអ្នក​សំគាល់​របស់​ដែលគួរ​ធ្វើដូចមេ្តច​ក្នុងរឿងនេះ។

[២៤៨] (អាចារ្យបុក្កុសៈ…) ពួកយើងគួរស៊ីថ្នាំពិសឲ្យស្លាប់ នឹងលះបង់​ជីវិត​យ៉ាងឆាប់ កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួកយើង ឲ្យលំបាក​អស់កាល​យូរឡើយ។

[២៤៩] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យ​របស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​កាមិន្ទៈ ឥឡូវនេះ​អញសួរ តើអ្នក​សំគាល់​របស់ដែល​គួរធ្វើ​ដូចមេ្តច​ក្នុងរឿងនេះ។

[២៥០] (អាចារ្យកាមិន្ទៈ…) ពួកយើងគប្បីយកខ្សែចង​ឲ្យស្លាប់ ឬលោត​ចុះទៅ​ក្នុងអណ្តូង (ឲ្យស្លាប់) កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់ពួក​យើង​ឲ្យលំបាក​អស់កាល​យូរឡើយ។

[២៥១] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យ​របស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យទេវិន្ទៈ ឥឡូវនេះ​អញសួរ តើអ្នកសំគាល់​របស់ដែល​គួរធ្វើ​ដូចមេ្តច ក្នុងរឿងនេះ។

[២៥២] (អាចារ្យទេវិន្ទៈ…) ពួកយើង (បិទទា្វរ) ដុតភ្លើង ហើយកាន់​កាំបិតសម្លាប់​គ្នាងនឹងគ្នា យើង​នឹងលះបង់​ជីវិត​យ៉ាងឆាប់ (បើ) មហោសធ​មិនអាច​នឹងដោះ​ពួកយើង​ឲ្យរួច​ដោយងាយ​ទេ។

[២៥៣] (ព្រះបាទវិទេហៈ…) បុគ្គលស្វែងរកខ្លឹមនៃដើមចេក រមែង​មិនបាន​យ៉ាង​ណាមិញ យើង​សែ្វងរក (ឧបាយជា​គ្រឿងរួច​ចាកទុក្ខ) ក៏មិន​បានប្រស្នា​នោះ ក៏យ៉ាង​នោះ​ដែរ។ បុគ្គល​ស្វែងរក​ខ្លឹមនៃ​ដើមរកា រមែងមិនបាន យ៉ាង​ណាមិញ យើង​ស្វែងរក ក៏មិន​បានប្រស្នា​នោះ ក៏យ៉ាង​នោះដែរ។ ការនៅ​នៃដំរី​ទាំងឡាយ ក្នុងទី​មិនមាន​ទឹក ឈោ្មះថា​នៅក្នុង​ទីមិនមែន​ប្រទេស (យ៉ាង​ណាមិញ) កាលបើ​យើងនៅ​ក្នុងទីជិត​នៃពួក​មនុស្ស​អាក្រក់​ល្ងង់ខ្លៅ មិនចេះ មិនដឹង (ឈ្មោះថានៅ​ក្នុងទី​មិនមែនជា​ប្រទេស ក៏ដូច្នោះ​ឯង)។ ហ្ឫទ័យ​របស់យើង​ញ័ររន្ធត់ ទាំងមាត់​របស់​យើង​ក៏សោះស្ងួត យើងមិន​បានសេចក្តី​រលត់ ដូចឈើ​ត្រូវភ្លើង​ឆេះ​ក្នុងកណ្តាល​កំដៅថ្ងៃ។ ចង្រ្កាន​របស់ជាង​មាសឆេះ​តែខាងក្នុង មិនឆេះ​ខាងក្រៅ យ៉ាង​ណាមិញ ហ្ឫទ័យ​របស់យើង ឆេះតែ​ខាងក្នុង មិនឆេះ​ខាងក្រៅ ក៏យ៉ាង​នោះដែរ។

[២៥៤] (អភិសម្ពុទ្ធគាថា…) វេលានោះ មហោសធជាអ្នកប្រាជ្ញ មានប្រាជ្ញា ឃើញ​ប្រយោជន៍​ជាប្រក្រតី​នោះ បានឃើញ​ព្រះបាទវិទេហៈ ទ្រង់មាន​សេចក្តីទុក្ខ ទើប​ក្រាបបង្គំ​ទូលថា បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះ​ព្រះចន្រ្ទ​ដែលរាហូ​ចាប់ហើយ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូល​ព្រះបង្គំ​នឹង​ដោះព្រះអង្គ ដូចគេ​ដោះ​ព្រះអាទិត្យ​ដែលរាហូ​ចាប់ហើយ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើ​រថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះដំរី​ផុង​ក្នុងភក់។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើ​រថ ព្រះអង្គកុំ​ភ័យឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះ​អង្គ ដូចគេដោះ​ពស់ដែលជាប់​នៅក្នុង​កំប្រោង។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះ​បក្សី​ដែលជាប់​នៅក្នុងទ្រុង។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះត្រី​ទាំងឡាយ​ដែលជាប់​នៅក្នុង​សំណាញ់។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ​ចេញ ព្រមទាំង​យាន​រេហ៍ពល និង​ពាហនៈ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គកុំ​ភ័យឡើយ ទូលព្រះបង្គំ​នឹងដេញ​ព្រះបាទ​បញ្ចាល​ឲ្យរត់​ទៅ ដូចជា​គេ​ដេញក្អែក និងខ្លែង​ដោយ​ដុំដី។ បុគ្គល​ណា មិន​ជួយ​ព្រះអង្គ​ដែលមាន​សេចក្តី​ចង្អៀត (ព្រោះ​មរណៈ) ឲ្យរួច​ចាកទុក្ខ​បានទេ ប្រាជ្ញា (របស់​បុគ្គលនោះ) មាន​ប្រយោជន៍​អ្វី ឬអាមាត្យ​បែបនោះ (មាន​ប្រយោជន៍អ្វី)។

[២៥៥] នែមាណពទាំងឡាយ អ្នកទាំងឡាយចូរមក ចូរក្រោកឡើង អ្នកទាំង​ឡាយ ចូរបើក​មាត់នៃ​គន្លឹះយន្ត ព្រះបាទ​វិទេហៈ មួយអន្លើ​ដោយ​ពួកអាមាត្យ នឹងសេ្តច​ទៅតាម​ឧម្មង្គ។

[២៥៦] ពួកជនអ្នកធ្វើការបំរើរបស់មហោសធបណ្ឌិត ស្តាប់ពាក្យ​របស់លោក​ហើយ ទើបបើក​ទ្វារនៃ​ឧម្មង្គ និងគន្លឹះទ្វារ​ដែលប្រកប​ដោយ​គ្រឿងយន្ត។

[២៥៧] អាចារ្យសេនកៈដើរមុន មហោសធដើរក្រោយ ព្រះបាទ​វិទេហៈ មាន​អាមាត្យ​ហែហម សេ្តចយាង​ត្រង់កណ្តាល។

[២៥៨] ព្រះបាទវិទេហៈ សេ្តចទ្រង់ចេញអំពីឧម្មង្គ ហើយឡើង​គង់លើ​ព្រះទីនាំង​នាវា មហោសធ​ដឹងថា ព្រះរាជា​ឡើងគង់​ហើយ ក៏ប្រៀន​ប្រដៅថា បពិត្រ​ព្រះសម្មតិទេព ព្រះបាទ​ចូឡនី​ព្រហ្មទត្ត​នេះ ជា​ព្រះបិតាកេ្មក​របស់​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​ធំជាង​ជន ព្រះនាង​នន្ទាទេវី​នេះ ជាព្រះមាតា​កេ្មករបស់​ព្រះអង្គ ការប្រតិបតិ្ត​ព្រះវររាជមាតា (របស់​ព្រះអង្គ) យ៉ាងណា ការ​ប្រតិបតិ្ត​ព្រះមាតាកេ្មក ចូរមាន​ដល់ព្រះអង្គ ​ក៏យ៉ាង​នោះដែរ។ ព្រះរាជ​បុត្ត​ច្បង​រួមឧទរ មានព្រះមាតា​ជា​មួយគ្នា យ៉ាងណា បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ បញ្ចាលចន្ទ​រាជកុមារ ព្រះអង្គ​គប្បី​ស្រឡាញ់​យ៉ាងនោះ​ដែរ។ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះនាង​បញ្ចាលចន្ទី​ទេវីនេះ ជា​ព្រះរាជបុត្រី (របស់​ព្រះបាទ​ចូឡនីព្រហ្មទត្ត) ដែល​ព្រះអង្គ​ទ្រង់ប្រាថ្នា សូមព្រះអង្គ​ធ្វើ​សេចក្តីប្រាថ្នា​របស់​ព្រះអង្គ​ចំពោះ​ព្រះនាងនោះ ព្រះនាង​ជាភរិយា​របស់​ព្រះអង្គហើយ។

[២៥៩] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ អ្នកចូរប្រញាប់​ប្រញាល់​ឡើងជិះ​ទូកមក នៅឈរ​លើច្រាំង​ធ្វើអ្វី យើងទាំងឡាយ​រួចចាក​ទុក្ខដោយ​លំបាក យើង​នឹងទៅ​ឥឡូវនេះ។

[២៦០] (មហោសធ…) បពិត្រមហារាជ ខ្ញុំព្រះអង្គដែលជានាយក​នៃសេនា លះបង់​ចោលនូវ​អង្គនៃសេនា ហើយដោះ​យកតែខ្លួន នេះមិនមែន​ជាទំនៀម​ទេ។ បពិត្រ​ព្រះសម្មតិ​ទេព​​ប្រសើរ​លើរថ ខ្ញុំព្រះអង្គ​នឹងដឹកនាំ​នូវអង្គ​នៃសេនា​ដែល​ព្រះអង្គ​បោះបង់​ចោលក្នុង​រាជនិវេសន៍ និង​របស់ដែល​ព្រះបាទ​ព្រហ្មទត្ត​ថ្វាយហើយ។

[២៦១] (ព្រះបាទវិទេហៈ…) ម្នាលបណ្ឌិត អ្នកឯង​ជាអ្នកមាន​សេនាតិច នឹងសង្កត់​សង្កិន​ទប់ទល់​ព្រះបាទ​ចូឡនីព្រហ្មទត្ត ដែលមាន​សេនាច្រើន​ដូចមេ្តច​បាន អ្នកឯង​ជាអ្នក​មានកម្លាំងខ្សោយ មុខជា​លំបាក​ដោយ​ព្រះបាទចូឡនី​ព្រហ្មទត្ត​ដែលមាន​កម្លាំង។

[២៦២] (ពោធិសត្វ…) បុគ្គលមានប្រាជ្ញា សូម្បីមាន​សេនាតិច រមែង​ឈ្នះបុគ្គល​មិនមាន​ប្រាជ្ញា ដែលមាន​សេនាច្រើន ព្រះរាជា​តែមួយ​ព្រះអង្គ (ជាអ្នក​ឈ្លាសក្នុង​ឧបាយ) រមែង​ឈ្នះ​ព្រះរាជា​ទាំងឡាយ (ជាអ្នក​ល្ងង់ក្នុង​ឧបាយ) ដូច​ព្រះអាទិត្យ ដែល​រះឡើង (រមែងឈ្នះ) ងងឹត​ដូច្នោះ​ឯង។

[២៦៣] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួម​ជាមួយ​នឹងពួក​បណ្ឌិត នាំមក​នូវសេចក្តី​សុខស្រួល​ណាស់ហ្ន៎ ព្រោះថា មហោសធ បានដោះ​ពួក​យើង ដែលនៅ​ក្នុងកណ្តាប់​ដៃ​នៃសត្រូវ​ឲ្យរួចបាន ដូចគេ​ដោះហ្វូងបក្សី​ដែល​ជាប់នៅ​ក្នុងទ្រុង ឬដូច​គេដោះ​ហ្វូងត្រី ដែលជាប់​នៅក្នុង​សំណាញ់​ដូច្នោះ។

[២៦៤] (អាចារ្យសេនកៈ…) បពិត្រមហារាជ ពិតមែនហើយ បណ្ឌិត​ទាំងឡាយ នាំមកនូវ​សេចក្តីសុខ​យ៉ាងនោះ​ឯង មហោសធ​បានដោះ​ពួកយើង​ដែលនៅ​ក្នុង​កណ្តាប់​ដៃនៃសត្រូវ​ឲ្យរួច​បាន ដូចគេ​ដោះហ្វូង​បក្សីដែល​ជាប់នៅ​ក្នុងទ្រុង ឬដូច​គេដោះ​ហ្វូងត្រី ដែលជាប់​នៅក្នុង​សំណាញ់​ដូច្នោះ។

[២៦៥] (អភិសម្ពុទ្ធគាថា) ព្រះបាទចូឡនីព្រហ្មទត្ត មានកំឡាំង​ច្រើន ទ្រង់រក្សា​អស់រាត្រី​ទាំងមូល កាល​អរុណរះ​ឡើង ក៏សេ្តច​ចូលទៅ​ដល់ក្រុង​ឧបការៈ។ ព្រះបាទ​ចូឡនី​គ្រប់គ្រង​ក្រុងបញ្ចាល មាន​កំឡាំងច្រើន ស្តេចឡើង​គង់លើ​ដំរីប្រសើរ​ដ៏មានកំឡាំង ជាដំរី​មានអាយុ​ប្រមាណ ៦០ ឆ្នាំ បានត្រាស់ទៅ (នឹងសេនា​របស់​ព្រះអង្គ)។ ព្រះបាទ​ចូឡនី​ព្រហ្មទត្ត ទ្រង់សៀត​គ្រឿង​ក្រោះ ជាវិការៈ​នៃកែវមណី ព្រះហស្ត​ចាប់សរ បានត្រាស់​ទៅនឹង​រេហ៍ពល​អ្នកទទួល​បំរើ (របស់​ព្រះអង្គ) ជាអ្នក​មានសិល្ប​ច្រើនដែល​មកចួបជុំ​គ្នា។ (ព្រះបាទ​ចូឡនី​ត្រាស់ទៅ) នឹងពលដំរី ពលសេះ ពលរថ ពលថ្មើរជើង និងខ្មាន់ធ្នូ ដែលមាន​ដៃដ៏ស្ទាត់​ក្នុងសិល្ប​ធ្នូ អាចបាញ់​រោមត្រូវ ដែលមក​ចួប​ជុំគ្នា។

[២៦៦] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរបញ្ជូនដំរីមានភ្លុក ដ៏មានកំឡាំង ជាដំរី​មានអាយុ​ប្រមាណ ៦០ ឆ្នាំ ចូរឲ្យ​ដំរីទាំងឡាយ​ញាំញី​ទីក្រុង​ដែលព្រះបាទ​វិទេហៈ សាងទុក​ហើយ។ (ពួកព្រួញ) មានសម្បុរ ស មានមុខ​ដូចពន្លាក មានចុង​ដ៏មុត អាចចាក់​ទំលាយ​នូវឆ្អឹង ដែលបាញ់​ដោយ​កំឡាំងធ្នូ ឲ្យធ្លាក់​ចុះព្រមគ្នា អំពីខាង​នេះខាង​នោះ។ ពួក​សេនាកេ្មង ៗ ក្លៀវក្លា ពាក់គ្រឿង​ក្រោះ មានអាវុធ​ប្រកប​ដោយដង​ដ៏វិចិត្រ កាលបើ​ពួកដំរីធំ​ស្ទុះចូលមក ចូរអ្នក​នាំគ្នា (តស៊ូ) ចំពោះ​មុខដំរី​ទាំងឡាយ។ លំពែង​ទាំងឡាយ ដែលគេ​លាងជម្រះ​ដោយប្រេង មានរស្មី​ភ្លឺផ្លេក រុងរឿង​ដូច​ជាផ្កាយព្រឹក មានរស្មី​ច្រើន។ កាលបើ​ពួកយោធា (របស់យើង) មានគ្រឿង​អាវុធ​ជាកំឡាំង ទ្រទ្រង់​សង្វារ គឺគ្រឿង​ក្រោះ​ប្រាកដ​ដូច្នេះ មិនបាន​រត់ក្នុង​សង្រ្គាមទេ ព្រះបាទ​វិទេហៈ​នឹងរួចពី​ដៃយើង​អំពីណា បើក្រែង​តែព្រះបាទ​វិទេហៈ​នឹងធ្វើ​ដូច​បក្សី (ទើបរួច)។ ពួកយោធា​របស់យើង​ទាំងអស់ មាន​ចំនួន ៣៩.០០០ នាក់ អាចកាត់​ក្បាលសត្រូវ ហើយរើស​យកក្បាល​មួយ ៗ មក យើងបាន​ដើរសព្វ​លើផែនដី មិនឃើញ​ពួក​យោធាណា​សើ្មឡើយ។ ដំរី​ទាំងឡាយ មានភ្លុក ប្រដាប់ហើយ មានកំឡាំង ជាដំរីមាន​អាយុ​ប្រមាណ ៦០ ឆ្នាំ ពួកយោធា​នៅ​ក្មេងៗ មានសម្បុរ​ដូចមាស រមែង​ល្អលើ កនៃដំរី​ទាំងឡាយ។ យោធា​ទាំងឡាយ មាន​គ្រឿង​អលង្ការ​មានពណ៌​លឿង ស្លៀក​សំពត់មាន​ពណ៌​លឿង ដណ្តប់​សំពត់​មានពណ៌​លឿង រមែងល្អលើ​-កនៃដំរី​ទាំងឡាយ ដូច​ទេវបុត្ត​ទាំងឡាយ​ក្នុងនន្ទវ័ន។ ព្រះខាន់​ទាំងឡាយ​ មានសម្បុរ​ដូចត្រី​ស្លាត ដែលលាងជំរះ​ដោយប្រេង មានរស្មី​ភ្លឺផ្លេក​ដែលបុរស​អ្នក​មានព្យាយាម​ធ្វើសម្រេច​ហើយ មានមុខស្មើ ដែលគេ​សម្លៀងល្អ​ហើយ។ ព្រះខាន់​ទាំងឡាយ​មិនមាន​ស្នឹម រុងរឿង​ដូចជា​ព្រះអាទិត្យ ឋិតនៅ​ក្នុងទី​ពាក់កណ្តាល ដែល​គេធ្វើ​ដោយដែក​ថែបដ៏មាំ ដែលពួក​យោធាអ្នក​មាន​កំឡាំងជំនាញ​ក្នុងវិធី​ប្រហារមាំ កាន់​យក​ហើយ។ ព្រះខាន់​ទាំងឡាយ បរិបូណ៌​ដោយដង​ជាវិការៈ​នៃមាស ទ្រទ្រង់ដោយ​ស្រោម​មានពណ៌​ក្រហម កាលបើ​គេគ្រវីឡើង រមែងល្អ​ដូចជា​ផ្លេកបន្ទោរ​ភ្លឺផ្លេក​ក្នុងចន្លោះ​នៃ​ពពក។ ពួកខ្មាន់ធ្នូ​អ្នកក្លៀវក្លា ពាក់គ្រឿងក្រោះ អាចប្រព្រឹត្តទៅ​ក្នុងអាកាស​បាន អ្នកឈ្លាស​ក្នុងការ​កាន់ដាវ និងខែល ជាអ្នក​ហាត់ក្នុង​ការកាន់​ធ្នូដ៏ក្រៃលែង អាចកាត់​នូវក​នៃដំរី​ឲ្យធា្លក់​ចុះបាន។ អ្នកឯង​ត្រូវ​ពួកយោធា​ប្រាកដ​ដូច្នេះ ព័ទ្ធហើយ អ្នកឯង​មិនរួច​អំពីទី​នេះទេ អ្នកនឹងទៅ​កាន់​ក្រុងមិថិលា ដោយ​រាជានុភាព​ណា យើងមិន​បានឃើញ​រាជានុភាព​នោះ​របស់​អ្នកទេ។

[២៦៧] (ព្រះពោធិសត្វ…) ព្រះអង្គទ្រង់ប្រញាប់ប្រញាល់បញ្ជូនដំរី​ដ៏ប្រសើរ​មក ព្រះអង្គ​មានព្រះហ្ឫទ័យ​រីករាយ​យាងមក ហើយ​ទ្រង់សំគាល់ថា អាត្មាអញ នឹងបាន​សម្រេច​ប្រយោជន៍​ដូច្នេះ​ឬហ្ន៎។ សូមព្រះអង្គ​ដាក់ធ្នូ និងបំពង់​ព្រួញនុ៎ះ​ចេញ សូមព្រះអង្គ​ដាក់​កូនសរនុ៎ះ​ចេញ សូមព្រះអង្គ​ដាក់គ្រឿង​ក្រោះដ៏ល្អ​ប្រហែល​ដោយ​កែវពៃទូរ្យ និង​កែវមណី​នុ៎ះចេញ។

[២៦៨] (ព្រះបាទចូឡនី…) អ្នកឯងជាអ្នកមានសម្បុរមុខស្រស់បស់ ទាំងនិយាយ ក៏ញញឹម​ញញែម​ជាប់ ឯការបរិបូណ៌​ដោយសម្បុរ​បែបនេះ រមែងមាន​ប្រាកដ​ក្នុង​មរណកាល។

[២៦៩] (មហោសធ…) បពិត្រក្សត្រជាព្រះរាជា ពាក្យដែល​ព្រះអង្គ​គម្រាម​ហើយ ជាពាក្យ​សោះសូន្យ​ទទេ ព្រះអង្គ​មានការប្រឹក្សា​ធ្លាយហើយ ឯព្រះរាជា (របស់យើង) ព្រះអង្គ​មិនងាយ​នឹងចាប់​យកបានទេ ដូចសេះ​សិន្ធព និងសេះខ្ចក។ ព្រះរាជា (ក្រុងមិថិលា) ព្រមដោយ​អាមាត្យ និង​រាជបរិស័ទ ឆ្លងស្ទឹងគង្គា​តាំងពី​ថ្ងៃម្សិលទៅ​ហើយម្ល៉េះ ក្អែកស្ទុះ​តាម​រាជហង្ស នឹងធ្លាក់​ចុះក្នុងពាក់​កណ្តាលផ្លូវ យ៉ាង​ណាមិញ (បើព្រះអង្គ​នឹងតាម​ព្រះរាជា​នោះ នឹងដល់​សេចក្តី​វិនាស​ក្នុងពាក់​កណ្តាល​ផ្លូវ ក៏យ៉ាង​នោះដែរ)។

[២៧០] ឆ្កែចចកទាំងឡាយជាម្រឹគថោកទាប ឃើញផ្កាចា​ដែលរីក​ក្នុងចំណែក​នៃរាត្រី ក៏សំគាល់ថា ដុំសាច់ ហើយនាំ​គ្នាចោមរោម។ (ឆ្កែចចកទាំង​នោះ) ជាម្រឹគ​ថោកទាប កាលបើ​រាត្រីកន្លង​ទៅហើយ ព្រះអាទិត្យ​ក៏រះឡើង ទើបឃើញ​ច្បាស់ថា ជា​ផ្កាចា​រីក ក៏ដាច់​សេចក្តី​ប្រាថ្នា (រត់ទៅ) យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ចោមព័ទ្ធ​ព្រះបាទ​វិទេហៈ នឹងដាច់​សេចក្តី​ប្រាថ្នា ​ហើយ​ទៅ ដូចពួក​ឆ្កែចចក (ចោមរោម) នូវផ្កាចា​ដូច្នោះ​ដែរ។

[២៧១] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរកាត់ដៃ និងជើង ត្រចៀក និង​ច្រមុះ​នៃ​មហោសធ​នេះ ព្រោះវា​ធ្វើព្រះបាទ​វិទេហៈ​ជាសត្រូវ​ដែលនៅ​ក្នុង​កណ្តាប់​ដៃយើង​ឲ្យ​រួច​ទៅវិញ។ សេនា​ទាំងឡាយ ចូរដោត​គហបតីបុត្រ​នេះ​ដោយឈើស្រួច ហើយ​ចំអិនវា ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រោះវា​ធ្វើសេ្តច​វិទេហៈ​ជាសត្រូវ ដែលនៅ​ក្នុងកណ្តាប់​ដៃយើង​ឲ្យរួច​ទៅវិញ។ បុគ្គល​ដោតសន្ធឹង​ស្បែកគោ​លើផែនដី ពុំនោះ​សោត ថ្ពក់ស្បែក​សីហៈ ឬខ្លាធំ​ដោយកង្វេរ យ៉ាងណា។ យើងនឹង​ចាក់ដោត​វាដោយ​លំពែង យ៉ាងនោះ ព្រោះវាធ្វើ​ព្រះបាទ​វិទេហៈ​ជាសត្រូវ ដែលនៅ​ក្នុងកណ្តាប់​ដៃ​យើងឲ្យរួច​ទៅវិញ។

[២៧២] (មហោសធ…) បើព្រះអង្គកាត់នូវដៃ ជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (ដៃ ជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជបុត្រ​ឈោ្មះ​បញ្ចាលចន្ទៈ យ៉ាង​ហ្នឹងដែរ។ បើព្រះអង្គ​កាត់ដៃ ជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃ ជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជធីតា​ឈោ្មះ​បញ្ចាលចន្ទី យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​កាត់ដៃ និងជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃជើង ត្រចៀក និងច្រមុះ) របស់​អគ្គមេហសី ឈោ្មះ​នន្ទាទេវី យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​កាត់ដៃ និងជើង ត្រចៀក និង​ច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃ និងជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជបុត្រ និង​ព្រះមហេសី​របស់​ព្រះអង្គ​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​ដោយឈើ​អណ្តោត ហើយ​ចំអិន ដូចគេចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេដោត​ព្រះរាជបុត្រ​ឈ្មោះ​បញ្ចាលចន្ទៈ (ដោយ​ឈើ​អណ្តោត) ហើយ​ចំអិន​យ៉ាង​ហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំដោយ​ឈើអណ្តោត ហើយចំអិន ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹងប្រើ​ឲ្យគេ​ដោត​ព្រះរាជធីតា ឈ្មោះ​បញ្ចាលចន្ទី (ដោយឈើ​អណ្តាត) ហើយចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​នឹងឈើ​អណ្តោត ហើយចំអិន ដូចគេចំអិនសាច់​ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេ​ដោត​អគ្គមហេសី​ឈ្មោះ​នន្ទាទេវី (ដោយឈើ​អណ្តោត) ហើយ​ចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​នឹងឈើ​អណ្តោត ហើយចំអិន ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេដោត​ព្រះរាជបុត្រ និងព្រះ​មហេសី​របស់​ព្រះអង្គ (ដោយឈើ​អណ្តោត) ហើយចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ ដោយ​លំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងដោតព្រះ​រាជបុត្រ ឈ្មោះ​បញ្ចាលចន្ទៈ (ដោយ​លំពែង) យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ​ដោយលំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងចាក់​ដោត​ព្រះរាជធីតា ឈ្មោះ​បញ្ចាលចន្ទី (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ បើព្រះអង្គ​ចាក់​ដោតខ្ញុំ ដោយលំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងចាក់​ដោត​អគ្គមហេសី ឈ្មោះ​នន្ទាទេវី (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ​ដោយលំពែង ព្រះបាទវិទេហៈ មុខជា​នឹងចាក់​ដោត​ព្រះរាជបុត្រ និងព្រះ​មហេសី​របស់​ព្រះអង្គ (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ យើងទាំង​ពីរនាក់ គឺ​ស្តេចវិទេហៈ និងទូល​ព្រះបង្គំជា​ខ្ញុំ ប្រឹក្សាគ្នា​រួចស្រេច​ក្នុងទី​ស្ងាត់យ៉ាង​នេះហើយ ខែលស្បែក​មានទម្ងន់ ១០០ បលៈ ដែលជាង​ស្បែកឲ្យ​សម្រេច​ហើយ​ដោយ​សស្រ្តា​របស់ជាង​ស្បែក រមែងជួយ​ការពារខ្លួន ដើម្បី​ទប់រង​នូវកូនសរ​ទាំងឡាយ​យ៉ាងណា។ ទូល​ព្រះបង្គំជា​ខ្ញុំ ជាអ្នកនាំ​សេចក្តីសុខ​មក ជួយ​បន្ទោបង់​សេចក្តីទុក្ខ​នៃ​ព្រះបាទ​វិទេហៈ​ដ៏មានយស តែងទប់​រង​នូវកូនសរ គឺ​ព្រះតម្រិះ​របស់​ព្រះអង្គ​ដោយ​ខែលស្បែក​មានទម្ងន់ ១០០ បលៈ (សេចក្តី​គិតរបស់​ទូលព្រះបង្គំ​ជាខ្ញុំ ក៏ដូច្នោះ​ឯង)។

[២៧៣] បពិត្រមហារាជ សូមអញ្ជើញព្រះអង្គ​ទតព្រះនេត្រ​មើល​ព្រះរាជវាំង​របស់​ព្រះអង្គ​ដែលសូន្យ​ឈឹងចុះ បពិត្រ​ព្រះមហាក្សត្រិយ៍ ស្រីស្នំ និងកុមារ​ទាំងឡាយ និង​ព្រះវររាជ​មាតា​របស់​ព្រះអង្គ ខ្ញុំឲ្យ​នាំចេញចាក​ឧម្មង្គ នាំ​ទៅថ្វាយ​ព្រះ​បាទវិទេហៈ​ហើយ។

[២៧៤] (ព្រះបាទចូឡនី…) បើដូច្នោះ អ្នកទាំងឡាយ ចូរទៅ​ឯព្រះរាជវាំង​របស់​អញ ហើយពិចារណា​មើលហេតុ​នោះ តើសម​ដូចពាក្យ​របស់​មហោសធ​នេះពិត ឬកុហក​ទេ។

[២៧៥] (ពួកអាមាត្យ…) បពិត្រមហារាជ មហោសធទូល​យ៉ាងណា សេចក្តីនុ៎ះ ក៏យ៉ាង​នោះឯង ព្រះរាជវាំង​ទាំងមូល​សូន្យឈឹង ដូចឋាន​ជាទីប្រជុំ​ចុះ​នៃពួកក្អែក។

[២៧៦] (មហោសធ…) បពិត្រមហារាជ ព្រះនាងនារីនន្ទាទេវី ព្រះសព៌ាង្គកាយ​ដ៏​ល្អ មាន​ព្រះសោណី​ដ៏ល្អ ដូចដម្បារមាស មានប្រក្រតី​ពោលពាក្យ​ពីរោះ ដូចជា​សំឡេង​នៃហង្ស បានចេញ​ទៅអំពី​ឧម្មង្គនេះ​ហើយ។ បពិត្រ​មហារាជ ព្រះនាង​នារី មាន​សព៌ាង្គកាយ​ដ៏ល្អ ទ្រទ្រង់​កោសេយ្យពស្រ្ត មានសរីរៈ​ដូចមាស មានខ្សែ​រឹតព្រះអង្គ​នោះ​ក៏ល្អវិចិត្រ​ដោយមាស។ ព្រះនាងនារី មានព្រះបាទ​ដ៏ក្រហមល្អ ប្រកប​ដោយលំអ (៥យ៉ាង) មានខែ្ស​រឹតជាវិការៈ​នៃមាស និង​កែវមណី មានដួង​ព្រះនេត្រ​ប្រាកដសើ្ម​ដោយភ្នែក​សត្វព្រាប មានសរីរៈ​ដ៏ល្អ មានរឹម​ព្រះឱស្ឋរលីង ល្អដូចជាផ្លែ​ទន្លាប់ មានចង្កេះ​រៀវ។ ព្រះនាង​នារីមាន​ចង្កេះរៀវ​ដូចវល្លិនាគលតា ដែលលូត​លាស់ល្អ ឬដូច​ក្តារហ៊ឹង (ជាវិការៈ​នៃមាស) ព្រះកេសរបស់​ព្រះនាង​នារីនោះ វែង មានចុង​ខ្មៅងបន្តិច ដូចចុង​កំបិត។ ព្រះនាង​នន្ទាទេវី មានដួង​ព្រះនេត្រ​ថ្លាយង់ ដូច​ជាភ្នែកនៃ​កូនម្រឹគកើត (បាន​មួយខួប) ឬដូច​ជាអណ្តាត​ភ្លើង​ក្នុង​ហេមន្តរដូវ ពុំនោះសោត ដូចជាស្ទឹង​ដ៏ដេរដាស​ដោយ​ដើមឫស្សី​តូច ៗ ទាំងឡាយ ទៀប​ជ្រោះភ្នំ។ ព្រះនាង​នន្ទាទេវី មានព្រះឧរូ​ល្អ ដូច​ប្រមោយដំរី មាន​ស្តនទាំងគូ​ល្អដូចផ្លែ​ទន្លាប់​ដ៏ប្រសើរ មិនខ្ពស់ពេក មិនទាបពេក មិនមែន​ឥត​ព្រះលោមា មិនមែនមាន​ព្រះលោមា​ច្រើន​ពេក។ បពិត្រ​ព្រះអង្គ​មានពាហនៈ​បរិបូណ៌​ដោយសិរី ព្រះអង្គ​ត្រេកអរ​ដោយមរណៈ​នៃព្រះនាង​នន្ទាទេវី​ដោយពិត ឯខ្ញុំព្រះអង្គ និង​ព្រះនាង​នន្ទា នឹងទៅកាន់​សំណាក់​យមរាជ​ដោយពិត។

[២៧៧] (ព្រះបាទចូឡនី…) អ្នកបានរៀនកលមាយាជាទិព្វ ហើយបាន​ធ្វើឧបាយ​បំបាំង​ភ្នែក​ឬ បានជាអ្នក​ដោះលែង​ព្រះបាទ​វិទេហៈ​ជាសត្រូវ​នៅក្នុង​កណ្តាប់ដៃ​នៃយើង​បាន។

[២៧៨] (មហោសធ…) បពិត្រមហារាជ បណ្ឌិតទាំងឡាយ​ក្នុងលោកនេះ រមែង​រៀននូវ​កលមាយា​ជាទិព្វ​ដោយពិត ពួកបណ្ឌិត​ជនអ្នក​មានសេចក្តី​ដឹងនោះ ទើប​ដោះខ្លួន (ចាក​ទុក្ខបាន) ពួកយោធា​កេ្មង ៗ អ្នកបំរើ​របស់ទូល​ព្រះបង្គំ​ជាអ្នកឈ្លាស ជាអ្នក​កាត់ផ្តាច់​នូវទីត ព្រះបាទ​វិទេហៈ​យាងទៅ​កាន់ក្រុង​មិថិលា​តាម​ផ្លូវដែល​ពួកជន​ទាំងនេះ​ធ្វើទុក​ហើយ។

[២៧៩] បពិត្រមហារាជ សូមព្រះអង្គសេ្តចទតឧម្មង្គ ដែលពួក​ជាងសាង​ទុកល្អ​ហើយ សូមព្រះអង្គ​ទតឧម្មង្គដ៏​ល្អរុងរឿង (ដោយរបៀប) នៃដំរី សេះ រថ និងពល​ថ្មើរជើង ដែលគេ​ធ្វើឲ្យ​សម្រេច​ហើយដោយ​ល្អ។

[២៨០] (ព្រះបាទចូឡនី…) ម្នាលមហោសធ ជាលាភរបស់អ្នក​ដែនវិទេហៈ​ដោយ​ពិត បណ្ឌិត​ទាំងឡាយ​បែបដូចជា​អ្នកនេះ នៅក្នុង​ដំណាក់ ក្នុងដែន​របស់​ព្រះរាជាណា (ជាលាភ​របស់​ព្រះរាជា​នោះពិត)។

[២៨១] យើងនឹងឲ្យគ្រឿងចិញ្ចឹមជីវិត និងវត្ថុ គ្រឿងរក្សា គឺស្រុក និងនិគម ទាំង​បាយ និងថ្លៃឈ្នួល​ជាទេ្វគុណ​ដល់អ្នក ទាំងឲ្យ​ភោគសម្ប័ទ​ដ៏ធំទូលាយ​ទៀត អ្នកចូរ​បរិភោគ ចូររីករាយ​តាមប្រាថ្នា​ចុះ អ្នកកុំ​ទៅរក​ព្រះបាទ​វិទេហៈ​ឡើយ ព្រះបាទ​វិទេហៈ នឹងធ្វើអ្វី​ដល់អ្នក។

[២៨២] (មហោសធ…) បពិត្រមហារាជ បុគ្គលណា លះបង់នូវ​បុគ្គលអ្នក​ចិញ្ចឹម ព្រោះហេតុ​នៃទ្រព្យ បុគ្គលនោះ ត្រូវជន​ទាំងពីរគឺ ខ្លួនឯង និងអ្នក​ដទៃតិះ​ដៀល ព្រះបាទ​វិទេហៈ ទ្រង់គង់​ព្រះជន្មាយុ​ដរាបណា ខ្ញុំក៏មិន​គប្បីនៅក្នុង​ដែននៃ​ព្រះរាជា​ដទៃ (ដរាប​នោះ)។ បពិត្រ​មហារាជ បុគ្គលណា លះបង់នូវ​បុគ្គល​អ្នកចិញ្ចឹម ព្រោះហេតុ​នៃទ្រព្យ បុគ្គលនោះ​ត្រូវជន​ទាំងពីរគឺ ខ្លួនឯង និងអ្នកដទៃ​តិះដៀល ព្រះបាទ​វិទេហៈ ទ្រង់ឋិត​នៅដរាប​ណា ខ្ញុំមិន​ត្រូវជា​បុរសរបស់​បុគ្គលដទៃ (ដរាបនោះ)។

[២៨៣] (ព្រះបាទចូឡនី…) ម្នាលមហោសធ យើងឲ្យមាសឆ្តោរ ១០០០ និងស្រុក ចំនួន ៨០ ក្នុងដែនកាសី​ដល់អ្នក យើងឲ្យទាសី ៤០០ និងភរិយា ១០០ ដល់​អ្នក អ្នកចូរ​នាំអង្គនៃ​សេនាទាំងពួង​ទៅដោយ​សួស្តីចុះ។

[២៨៤] ជនទាំងឡាយ ចូរឲ្យវត្ថុផេ្សងៗ ជាទេ្វគុណ ដល់ពួកដំរី ពួកសេះ​ជាកំណត់ ចូរញ៉ាំង​ពលរថ និងពលថ្មើរជើង​ឲ្យឆែ្អត​ស្កប់ស្កល់​ដោយបាយ និងទឹកចុះ។

[២៨៥] ម្នាលបណ្ឌិត អ្នកចូរនាំយកពួកដំរី ពួកសេះ ពួករថ និងពួក​ពលថ្មើរជើង​ទៅ ព្រះបាទ​វិទេហៈ​មហារាជ ចូរទតឃើញ​អ្នក ដែលទៅ​ដល់ក្រុង​មិថិលាចុះ។

[២៨៦] (ព្រះបាទវិទេហៈ…) សេនាប្រកបដោយអង្គ ៤ គឺសេនាដំរី សេនាសេះ សេនារថ និងសេនា​ថ្មើរជើង​នោះ ប្រាកដជា​មានច្រើន មានសភាព​គួរខ្លាច តើបណ្ឌិត​ទាំងឡាយ​សំគាល់​ដូចមេ្តច​ហ្ន៎។

[២៨៧] (អាចារ្យសេនកៈ…) បពិត្រមហារាជ សេចក្តីត្រេកអរ​យ៉ាងខ្ពង់ខ្ពស់ រមែង​ប្រាកដ​ដល់​ព្រះអង្គ មហោសធ​នាំយកអង្គ​នៃសេនា​ទាំងពួង​មកដល់​ហើយ​ដោយសួស្តី។

[២៨៨] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ ជនទាំង ៤ នាក់ នាំមនុស្សស្លាប់​ទៅចោលក្នុង​ព្រៃស្មសាន (ហើយ​ត្រឡប់មក) យ៉ាងណា ពួកយើង​បោះបង់អ្នក​ចោល ក្នុងដែន​គប្បីលះ​ហើយ ត្រឡប់​មកក្នុង​ទីនេះ​ក៏ដូច្នោះ។ កាលបើ​ដូច្នេះ អ្នកចេះ​ដោះខ្លួន​ឲ្យរួចមក ដោយ​ហេតុ​ដូចមេ្តច ដោយ​បច្ច័យដូចមេ្តច ដោយដំណើរ​ដូចមេ្តច។

[២៨៩] (មហោសធ…) បពិត្រក្សត្រិយ៍ព្រះនាមវិទេហៈ ទូលព្រះបង្គំ​បានការពារ​នូវសេចក្តី​ដោយ​សេចក្តី នូវការប្រឹក្សា​ដោយប្រឹក្សា ទូលព្រះបង្គំ​បាន​ការពារ​សេ្តច ដូចជា​សាគរ​ការពារ​ជម្ពូទ្វីប​ដូច្នោះ។ ព្រះបាទ​ចូឡនី បាន​ប្រទាន​មាសឆ្តោរ ១០០០ និងស្រុក​ចំនួន ៨០ ក្នុងដែន​កាសី​ដល់​ទូលព្រះបង្គំ ប្រទាន​ទាសី ៤០០ និងភរិយា ១០០ ដល់ទូល​ព្រះបង្គំ ទូលព្រះបង្គំ​ជាអ្នកនាំ​អង្គនៃសេនា​ទាំងពួង មកក្នុង​ទីនេះ​ដោយសួស្តី។

[២៩០] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួមជាមួយ​នឹងអ្នក​ប្រាជ្ញ នាំមក​នូវសេក្តី​សុខស្រួល​ណាស់ហ្ន៎ មហោសធ បានដោះ​ពួកយើង​ដែល​តាំង​នៅក្នុង​សេចក្តី​វិនាស គឺដៃ​នៃសត្រូវ ដូចជា​គេដោះហ្វូង​បក្សីដែល​ជាប់នៅក្នុង​ទ្រុង ឬដូច​ជាគេ​ដោះត្រី​ដែលជាប់​នៅក្នុង​សំណាញ់។

[២៩១] (អាចារ្យសេនកៈ…) បពិត្រមហារាជ មែនពិត ពួកបណ្ឌិត​រមែង​នាំមកនូវ​សេចក្តី​សុខ​យ៉ាងនេះឯង មហោសធ បានដោះ​ពួកយើង​ដែលតាំង​នៅក្នុង​សេចក្តី​វិនាស គឺដៃ​នៃសត្រូវ ដូចជា​គេដោះហ្វូង​បក្សីដែល​ជាប់ក្នុង​ទ្រុង ឬ​ដូចជា​គេដោះត្រី​ដែលជាប់​ក្នុង​សំណាញ់។

[២៩២] (អភិសម្ពុទ្ធគាថា…) ពួកជនចូរដេញពិណ ចូរវាយស្គរតូច និងស្គរធំ ផ្លុំ​ស័ង្ខដែល​កើតក្នុង​ដែនមគធៈ និងទូងស្គរធំ​មានសំឡេង​ពីរោះ។

[២៩៣] ពួកស្រីស្នំ ពួកកុមារ ពួកវេស្សៈ និងពួកព្រាហ្មណ៍ នាំបាយ និងទឹក​ជា​ច្រើន មកជូន (មហោសធ​បណ្ឌិត)។ ពលដំរី ពលសេះ ពលរថ និង​ពលថ្មើរជើង នាំបាយ និងទឹក​ជាច្រើន មកជូន​បណ្ឌិត។ ពួកអ្នក​ជនបទ ប្រជុំគ្នា ទាំងពួកអ្នក​និគម ក៏មក​ប្រជុំគ្នា នាំបាយ និងទឹក​ជាច្រើន មកជូន​បណ្ឌិត។ ជនជាច្រើន កាលបើបាន​ឃើញ​បណ្ឌិត​មកដល់​ហើយ ក៏មាន​សេចក្តី​ជ្រះថ្លា កាលបើ​បណ្ឌិតមក​ដល់ហើយ ការលើក​ឡើងនូវទង់ ក៏ប្រព្រឹត្ត​ទៅ។

ចប់ មហោសធជាតក ទី៥។

 

លេខយោង

1)
ព័ទ្ធដោយ​កំពែង គឺ​ដំរីជា​ជាន់​ដំបូង លំដាប់​ពីនោះ ព័ទ្ធដោយ​កំពែង គឺរថ តពីនោះ ព័ទ្ធដោយ​កំពែង​គឺសេះ តពីនោះ ព័ទ្ធ​ដោយ​កំពែង​គឺ​ពលថ្មើរជើង រវាង​ពលដំរី និងរថ​ចាត់ជា​ជាន់ទី១ រវាង​ពលរថ និងពលសេះ ចាត់ជា​ជាន់ទី២ រវាងពល​សេះនិង​ពលថ្មើរជើង ចាត់ជា​ជាន់ទី៣។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.542.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann