តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v02 05 បាលី cs-km: sut.kn.jat.v02.05 អដ្ឋកថា: sut.kn.jat.v02.05_att PTS: ?
រុហកវគ្គ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. រុហកវគ្គោ)
(១៩១. រុហកជាតកំ (២-៥-១))
[២៣១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ម្នាលរុហកព្រាហ្មណ៍ដ៏ចំរើន ខ្សែបន្លោះធ្នូសូម្បីដាច់ហើយ គេតឲ្យជាប់វិញ អ្នកចូរតភ្ជាប់ជាមួយនឹងនាងបូរាណីវិញចុះ កុំលុះក្នុងអំណាចនៃសេចក្ដីក្រោធឡើយ។
[២៣២] (រុហកបុរោហិត ក្រាបទូលថា) កាលបើសំបកក្រចៅដែល (ទន់) មាន ទាំងជនអ្នកធ្វើក៏មាន ទូលព្រះបង្គំ នឹងធ្វើនូវខ្សែបន្លោះធ្នូដទៃ មិនគួរឡើយនឹងតភ្ជាប់ជាមួយនឹងនាងបូរាណីទេ។
ចប់ រុហកជាតក ទី១។
(១៩២. សិរិកាឡកណ្ណិជាតកំ (២-៥-២))
[២៣៣] (ព្រះបាទវិទេហរាជ ត្រាស់ថា) ម្នាលមហោសធ ស្រ្តីដែលមានរូបល្អ តែស្រ្តីនោះមានសីល បុរសមិនគប្បីប្រាថ្នាស្រ្តីនោះ អ្នកជឿឬទេ។
[២៣៤] (មហោសធ ក្រាបទូលថា) បពិត្រមហារាជ ទូលព្រះបង្គំជឿ បុរសដែលថោកទាប (មិនត្រូវការនឹងស្រ្តីនោះទេ) (ព្រោះ) សិរី និងកាឡកណ្ណី រមែងមិនចួបប្រសព្វគ្នាក្នុងកាលណាម្ដងឡើយ។
ចប់ សិរីកាឡកណ្ណិជាតក ទី២។
(១៩៣. ចូឡបទុមជាតកំ (២-៥-៣))
[២៣៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ស្រ្តីទ្រុស្តសីលនោះ គឺមេនេះឯង បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុត មិនមែនអ្នកដទៃឡើយ គឺអាកំបុតនេះឯង ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយ មិនមានពាក្យសច្ចៈ។
[២៣៦] អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធនៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀក និងច្រមុះនៃស្រ្តីដែលរស់នៅ គោរពប្ដីអាក្រក់នេះផង។
ចប់ ចុល្លបទុមជាតក ទី៣។
(១៩៤. មណិចោរជាតកំ (២-៥-៤))
[២៣៧] (នាងសុជាតា ពោលថា) ពួកទេវតា (ជាអ្នករមិលមើលពួកជនអ្នកមានសីលក្នុងលោកនេះ) មិនមាន រមែងប្រាសខ្ចាត់ខ្ចាយដោយពិត (ពួកសមណព្រាហ្មណ៍) ដែលគេសន្មតថាជាលោកបាលក្នុងលោកនេះ ក៏មិនមានដោយពិត ទាំងពួកជនអ្នកហាមឃាត់នូវជនទាំងឡាយអ្នកមិនសង្រួម ធ្វើតែអំពើដ៏សហ័ស (អាក្រក់) ក៏មិនមានដោយពិត។
[២៣៨] (ព្រះឥន្រ្ទ ត្រាស់ថា) ក្នុងរាជ្យនៃស្ដេចមិនប្រកបដោយធម៌នោះ ភ្លៀងរមែងបង្អុរចុះក្នុងកាលមិនគួរ មិនបង្អុរចុះក្នុងកាលដែលគួរ ឯស្ដេចមិនប្រកបដោយធម៌នោះ រមែងច្យុតចាកឋានសួគ៌ ត្រូវគេសម្លាប់ចោលដោយហេតុត្រឹមប៉ុណ្ណេះដោយពិត។
ចប់ មណិចោរជាតក ទី៤។
(១៩៥. បព្វតូបត្ថរជាតកំ (២-៥-៥))
[២៣៩] (ព្រះបាទព្រហ្មទត្ត ត្រាស់ថា) ស្រះបោក្ខរណីដ៏ត្រជាក់ កើតហើយក្បែរជើងភ្នំ ជាទីរីករាយ ចចកកាលដឹងថា ស្រះបោក្ខរណីនោះ សីហៈរក្សាហើយ ក៏នៅតែផឹក (ទឹកក្នុងស្រះនោះ)។
[២៤០] (អមាត្យពោធិសត្វ ពោលថា) បពិត្រមហារាជ (មិនត្រឹមតែចចកប៉ុណ្ណេះទេ) ពួកសត្វដែលមានជើង រមែងនាំគ្នាចុះផឹកទឹកស្ទឹងធំដែរ (តែស្ទឹងធំនោះ) នឹងក្លាយទៅជាមិនមែនស្ទឹងដោយហេតុនោះក៏ទេ បើ (ស្រ្ដីនោះ) ជាទីស្រឡាញ់របស់ព្រះអង្គហើយ សូមព្រះអង្គអត់ទោសចុះ។
ចប់ បព្វតូបត្ថរជាតក ទី៥។
(១៩៦. វលាហកស្សជាតកំ (២-៥-៦))
[២៤១] (ព្រះសាស្ដា ត្រាស់ថា) ពួកនរជនណា មិនធ្វើតាមឱវាទដែលព្រះពុទ្ធសំដែងហើយ ពួកនរជននោះ នឹងដល់នូវសេចក្ដីវិនាស ដូចពួកឈ្មួញដែលអារក្សទឹកទាំងឡាយ (លួងលោមហើយ)។
[២៤២] (ម្យ៉ាងទៀត ពួកនរជនណា ធ្វើតាមឱវាទដែលព្រះពុទ្ធសំដែងហើយ ពួកនរជននោះ នឹងដល់នូវត្រើយ គឺព្រះនិព្វានដោយសួស្ដី ដូចពួកឈ្មួញ (ធ្វើតាមពាក្យ) ដែលស្ដេចវលាហក (ពោលហើយ)។
ចប់ វលាហកជាតក ទី៦។
(១៩៧. មិត្តាមិត្តជាតកំ (២-៥-៧))
[២៤៣] (ព្រះពោធិសត្វ ពោលថា) បុគ្គលឃើញបុគ្គលនោះហើយ មិនញញឹមផង មិនរីករាយតបនឹងបុគ្គលនោះផង មិនឲ្យភ្នែកចំពោះបុគ្គលនោះ គឺមិនសំឡឹងចំភ្នែកនឹងភ្នែកផង ប្រព្រឹត្តខ្មាំងសត្រូវ (ចំពោះបុគ្គលនោះផង)។
[២៤៤] បុគ្គលជាបណ្ឌិត ឃើញហើយ ឮហើយ គប្បីស្គាល់នូវបុគ្គលមិនមែនជាមិត្ត ដោយអាការៈទាំងឡាយណា អាការៈទាំងឡាយនុ៎ះ រមែងមានតាំងនៅក្នុងបុគ្គលមិនមែនជាមិត្ត។
ចប់ មិត្តាមិត្តជាតក ទី៧។
(១៩៨. រាធជាតកំ (២-៥-៨))
[២៤៥] (ព្រាហ្មណ៍ ពោលថា) ម្នាលអ្នក អញមកអំពីទីព្រាត់ប្រាសហើយ ទើបនឹងមកដល់ក្នុងកាលអម្បាញ់មិញនេះ ម្នាលអ្នក ចុះមាតារបស់អ្នក មិនចូលទៅសេពនឹងបុរសដទៃខ្លះទេឬ។
[២៤៦] (សេកឈ្មោះរាធៈ ពោលថា) បុគ្គលកាលពោលវាចា ដែលប្រកបដោយសច្ចៈនេះ តែមិនល្អ គប្បីដេកដូចជាសេកឈ្មោះបោដ្ឋបាទ ត្រូវនាងព្រាហ្មណីដុត ក្នុងជើងក្រានដូច្នោះ។
ចប់ រាធជាតក ទី៨។
(១៩៩. គហបតិជាតកំ (២-៥-៩))
[២៤៧] (គហបតីពោធិសត្វ ពោលថា) ហេតុទាំងពីរយ៉ាង មិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុក ហើយនិយាយថា ខ្ញុំមិនសងដូច្នេះ។
[២៤៨] ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើងនិយាយនឹងអ្នក កាលបើជីវិតលំបាកតិច (ប្រព្រឹត្តទៅយ៉ាងនេះ កាលយើងកាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់ស្គម ហើយធ្វើនូវការកំណត់ពីរខែ ឥឡូវនេះ មកទឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះ យើងមិនពេញចិត្តឡើយ។
ចប់ គហបតិជាតក ទី៩។
(២០០. សាធុសីលជាតកំ (២-៥-១០))
[២៤៩] (ព្រាហ្មណ៍ សួរថា) ភាពនៃបុគ្គលមានសរីរៈល្អ ភាពនៃបុគ្គលចាស់ ភាពនៃបុគ្គលមានជាតិល្អ ភាពនៃបុគ្គលមានសីលល្អ យើងសូមសួរអ្នកជាព្រាហ្មណ៍ថា បណ្ដាបុគ្គលទាំងបួននាក់នោះ តើយើងប្រាថ្នានូវបុគ្គលណា។
[២៥០] (អាចារ្យពោធិសត្វ ពោលថា) សេចក្ដីចំរើនរមែងមានក្នុងបុគ្គលមានសរីរៈល្អ យើងសូមធ្វើនមស្ការចំពោះបុគ្គលចាស់ សេចក្ដីចំរើន រមែងមានក្នុងបុគ្គលដែលមានជាតិល្អ តែសីលរមែងពេញចិត្តដល់យើងទាំងឡាយ។
ចប់ សាធុសីលជាតក ទី១០។
ប់ រុហកវគ្គ ទី៥។
ឧទ្ទាននៃរុហកវគ្គនោះគឺ
និយាយអំពីរុហកព្រាហ្មណ៍ ១ ស្រីមានរូបល្អ ១ បុរសដែលគេប្រហារដោយអង្រែ ១ ទេវតាព្រាត់ប្រាស ១ ស្រះបោក្ខរណី ១ ជាគំរប់ ៥ តពីនោះមក ពួកឈ្មួញរួចពីអារក្សទឹក ១ ញញឹម ១ ការមកអស់កាលដ៏យូរ ១ ជង្រុក ១ សរីរៈ ១ ត្រូវជា ១០ ជាតក។