តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v02 08 បាលី cs-km: sut.kn.jat.v02.08 អដ្ឋកថា: sut.kn.jat.v02.08_att PTS: ?
កាសាវវគ្គ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. កាសាវវគ្គោ)
(២២១. កាសាវជាតកំ (២-៨-១))
[២៩១] (ដំរីពោធិសត្វ ពោលថា) បុគ្គលណា មានទឹកចត់ គឺកិលេសមិនទាន់លះចេញហើយ ជាអ្នកប្រាសចាកទមៈ (ការទូន្មាននូវឥន្រ្ទិយ) និងសច្ចៈ និងស្លៀកដណ្ដប់នូវសំពត់ ដែលជ្រលក់ដោយទឹកចត់ បុគ្គលនោះ មិនគួរនឹងស្លៀកដណ្ដប់នូវសំពត់ជ្រលក់ដោយទឹកចត់ឡើយ។
[២៩២] ចំណែកខាងបុគ្គលណា មានទឹកចត់ គឺកិលេសខ្ជាក់ចោលហើយ មានចិត្តតាំងមាំល្អក្នុងសីលទាំងឡាយ ជាអ្នកប្រកបដោយទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្ដប់នូវសំពត់ជ្រលក់ដោយទឹកចត់បាន។
ចប់ កាសាវជាតក ទី១។
(២២២. ចូឡនន្ទិយជាតកំ (២-៨-២))
[២៩៣] (នាយព្រាន ពោលថា) បារាសរិយព្រាហ្មណ៍ បានពោលនូវពាក្យណាថា បាបកម្មណា ដែលធ្វើហើយ ញ៉ាំងអ្នកឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ អ្នកកុំធ្វើបាបកម្មនោះឡើយ នេះជាពាក្យរបស់អាចារ្យ។
[២៩៤] បុរសធ្វើនូវអំពើទាំងឡាយណា រមែងឃើញនូវអំពើទាំងឡាយនោះ ចំពោះខ្លួន បុរសអ្នកធ្វើអំពើល្អ រមែងទទួលផលល្អ ចំណែកខាងបុរសអ្នកធ្វើអំពើអាក្រក់ រមែងទទួលផលអាក្រក់ បុគ្គលសាបព្រោះនូវពូជណា រមែងបាននូវផ្លែបែបនោះ។
ចប់ ចុល្លននិ្ទយជាតក ទី២។
(២២៣. បុដភត្តជាតកំ (២-៨-៣))
[២៩៥] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលគប្បីឱនលំទោនតបចំពោះបុគ្គលអ្នកឱនលំទោនខ្លួន គប្បីគប់រកនូវបុគ្គលអ្នកគប់រកខ្លួន គប្បីធ្វើកិច្ចតបចំពោះបុគ្គលអ្នកធ្វើនូវកិច្ចដល់ខ្លួន កុំគប្បីធ្វើប្រយោជន៍ដល់បុគ្គលអ្នកប្រាថ្នានូវសេចក្ដីវិនាសដល់ខ្លួន មិនគប្បីរាប់រកនូវបុគ្គលអ្នកមិនរាប់រកខ្លួន។
[២៩៦] បុគ្គលគប្បីលះនូវបុគ្គលអ្នកលះបង់នូវខ្លួន មិនគប្បីធ្វើនូវឈើដែលតាំងនៅក្នុងព្រៃ គឺសេចក្ដីប៉ុនប៉ងក្នុងបុគ្គលនោះ មិនគប្បីសមាគមជាមួយនឹងបុគ្គលដែលមានចិត្តវិប្បលាស សត្វស្លាបដឹងនូវឈើដែលមានផ្លែអស់ហើយ រមែងសំឡឹងរកនូវដើមឈើឯទៀត ដែលមានផ្លែយ៉ាងណា (បុគ្គលគប្បីគប់រកបុគ្គលដទៃ យ៉ាងនោះដែរ) ព្រោះថា លោកសន្និវាសនៅធំទូលាយណាស់។
ចប់ បុដភត្តជាតក ទី៣។
(២២៤. កុម្ភិលជាតកំ (២-៨-៤))
[២៩៧] (ក្រពើ បាននិយាយថា) បុគ្គលណាមានធម៌ ៤ យ៉ាង គឺសច្ចៈ ១ សុចរិតធម៌ ១ សេចក្ដីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចំរើនក្រៃលែង បុគ្គលនោះ រមែងកន្លងនូវសត្រូវបាន។
[២៩៨] ចំណែកបុគ្គលណា មិនមានធម៌ ៤ យ៉ាងនេះ គឺសច្ចៈ ១ សុចរិតធម៌ ១ សេចក្ដីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចំរើនក្រៃលែង បុគ្គលនោះ រមែងមិនកន្លងនូវសត្រូវបានទេ។
ចប់ កុម្ភីលជាតក ទី៤។
(២២៥. ខន្តិវណ្ណជាតកំ (២-៨-៥))
[២៩៩] (អាមាត្យ បានក្រាបទូលថា) បពិត្រព្រះសម្មតិទេព មានបុរសរបស់ទូលព្រះបង្គំម្នាក់ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចការទាំងពួង តែបុរសនោះ មានកំហុសមួយ ព្រះអង្គទ្រង់សំគាល់ក្នុងកំហុសរបស់បុរសនោះថា គួរនឹងធ្វើដូចម្ដេច។
[៣០០] (ព្រះរាជាពោធិសត្វ មានព្រះបន្ទូលថា) បុរស (ជាអ្នកប្រទូស្ត) ក្នុងផ្ទះរបស់យើងមានដែរ ឯបុរសបែបនេះ (ឥឡូវនេះ) មានក្នុងទីនេះ តែបុរសអ្នកប្រកបដោយចំណែកនៃគុណ គេរកបានដោយកម្រ បានជាយើងចូលចិត្តអត់ធន់។
ចប់ ខន្តិវណ្ណនជាតក ទី៥។
(២២៦. កោសិយជាតកំ (២-៨-៦))
[៣០១] (អាមាត្យពោធិសត្វ ពោលថា) ការចេញទៅក្នុងកាលគួរ ជាការប្រពៃ ការចេញទៅក្នុងកាលមិនគួរ មិនជាការប្រពៃទេ ព្រោះថា (ជនណាមួយ) ចេញទៅក្នុងកាលមិនគួរ រមែងមិនញ៉ាំងប្រយោជ៍តិចតួចឲ្យកើតបាន ជនជាសត្រូវដ៏ច្រើន នឹងចោមចាប់នូវបុរសតែម្នាក់ឯង (ដែលចេញទៅក្នុងកាលមិនគួរ ហើយឲ្យដល់នូវសេចក្ដីវិនាសដ៏ធំ) ដូចសេនាក្អែក (ចោមចឹក) នូវសត្វមៀម (ដែលចេញទៅក្នុងកាលមិនគួរ)។
[៣០២] អ្នកប្រាជ្ញដឹងនូវរបៀប និងការចាត់ចែង ដឹងនូវទោសរបស់ជនទាំងឡាយដទៃ បានធ្វើនូវមិត្រទាំងអស់ឲ្យលុះក្នុងអំណាចរបស់ខ្លួន គប្បីបាននូវសេចក្ដីសុខដូចសត្វមៀម (មានប្រាជ្ញាចឹកក្បាលក្អែកឲ្យដាច់ស្លាប់) បានសេចក្ដីសុខដូច្នោះ។
ចប់ កោសិយជាតក ទី៦។
(២២៧. គូថបាណជាតកំ (២-៨-៧))
[៣០៣] (សត្វកំពោង ពោលថា) អ្នកជាសត្វក្លៀវក្លា មកចួបប្រទះនឹងយើងជាអ្នកក្លៀវក្លា មានសេចក្ដីប្រឹងប្រែង អាចប្រហារគ្នាបាន នែដំរី អ្នកចូរមក អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជារត់ទៅ អ្នកស្រុកអង្គៈ និងមគធៈទាំងឡាយ ចូរមើលសេចក្ដីព្យាយាម របស់យើង និងអ្នក។
[៣០៤] (ដំរី ពោលថា) យើងនឹងមិនសម្លាប់អ្នកដោយជើង មិនសម្លាប់ដោយភ្លុក មិនសម្លាប់ដោយប្រមោយទេ យើងនឹងសម្លាប់អ្នកដោយអាចម៍ សត្វស្អុយ ចូរវិនាសដោយរបស់ស្អុយ។
ចប់ គូថបាណកជាតក ទី៧។
(២២៨. កាមនីតជាតកំ (២-៨-៨))
[៣០៥] (ព្រះបាទពារាណសី ត្រាស់ថា) យើងប្រាថ្នានូវដែន ជាចន្លោះនៃក្រុងទាំង ៣ គឺដែនបញ្ចាលៈ ១ កុរុ ១ កេកកៈ ១ ម្នាលព្រាហ្មណ៍ យើងត្រូវការរាជសម្បត្តិ ក្នុងក្រុងទាំង ៣ នោះ ក្រៃលែងជាងរាជសម្បត្តិក្នុងក្រុងពាណសីនោះទៅទៀត ម្នាលព្រាហ្មណ៍ អ្នកចូររក្សានូវយើង ដែលកាមនាំទៅហើយ។
[៣០៦] (សក្កទេវរាជពោធិសត្វ ត្រាស់ថា) ពេទ្យពួកខ្លះ រមែងធ្វើ (នូវការរក្សា) ចំពោះបុគ្គលដែលពស់ចឹកហើយ បណ្ឌិតទាំងឡាយ តែងធ្វើ (នូវការរក្សា) ចំពោះបុគ្គលដែលខ្មោចចូលហើយ បុគ្គលនីមួយ (ក្រៅពីបណ្ឌិត) រមែងមិនធ្វើនូវការរក្សា ចំពោះបុគ្គលដែលកាមនាំទៅហើយ ព្រោះថា ការរក្សាដូចម្ដេច ចំពោះបុគ្គលដែលមានធម៌សដាក់ចុះហើយ។
ចប់ កាមនីតជាតក ទី៨។
(២២៩. បលាយិតជាតកំ (២-៨-៩))
[៣០៧] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) ក្រុងតក្កសិលា យើងឡោមព័ទ្ធជុំវិញហើយ ដោយពពក គឺពលដំរី ស្រែកសំទារដ៏ប្រសើរដោយកម្រងផ្កា គឺពលសេះដ៏ប្រសើរ ដោយរលកទឹក គឺពលរថ ដោយភ្លៀងខ្លាំង គឺសរ ដោយខ្មាន់ធ្នូជាអ្នកលបចាំប្រហារមាំ។
[៣០៨] អ្នកទាំងឡាយ ចូរស្ទុះទៅផង ចូរលោតផ្លោះទៅផង ចូរស្រែកដោយសម្លេងផ្សេងៗ (មួយអន្លើ) ដោយពលដំរីទាំងឡាយ សម្លេងគឺកកងដ៏ខ្លាំង (ប្រាកដស្មើដោយសម្លេងនៃរន្ទះ) ចូរប្រព្រឹត្តទៅក្នុងថ្ងៃនេះ ដូចជាផ្លេកបន្ទោរ ដែលចេញផុតចាកមេឃកាលគ្រហឹមដូច្នោះ។
ចប់ បលាយិជាតក ទី៩។
(២៣០. ទុតិយបលាយិតជាតកំ (២-៨-១០))
[៣០៩] (ព្រះរាជាគន្ធារៈ ទ្រង់ត្រាស់ថា) ទង់សម្រាប់រថប្រមាណមិនបាន ពលពាហនៈមានត្រើយមិនមានទីបំផុត (រាប់មិនបាន) ពួកសត្រូវគ្របសង្កត់បានដោយក្រ ដូចជាសមុទ្ទសាគរ ដែលហ្វូងក្អែក (គ្របសង្កត់បានដោយក្រ) (ពួកពលរបស់យើងនេះ) ពួកពលដទៃគ្របសង្កត់បានដោយក្រ ដូចជាភ្នំដែលខ្យល់គ្របសង្កត់បានដោយក្រ ក្នុងថ្ងៃនេះ អាត្មាអញប្រកបដោយពលប្រាកដដូច្នោះ កម្រអ្នកណានឹងគ្របសង្កត់បាន។
[៣១០] (ព្រះរាជាពារាណសីពោធិសត្វ ពោលថា) ព្រះអង្គកុំនិយាយនូវអំពើពាលឡើយ ព្រោះបុគ្គលប្រហែលដូចព្រះអង្គ មិន (អាចយករាជសម្បត្តិបានទេ) ព្រះអង្គក្ដៅអន្ទះអន្ទែង (ដោយភ្លើង គឺរាគៈ ទោសៈ មោហៈ និងមានៈតែប៉ុណ្ណោះ) ដ្បិតថា ព្រះអង្គរមែងមិនបាននូវបុគ្គលប្រាកដស្មើដោយខ្ញុំ ដែលជាអ្នកកំចាត់បង់ទេ ដំរីណា នឹងគក់បោកនូវព្រះអង្គ ដូចជាជាន់ឈ្លីនូវដើមបបោសដោយជើង ព្រះអង្គដូចជាដំរី (ចុះប្រេង) ចូលទៅរក ត្រាច់ទៅតែម្នាក់ឯងនោះ។
ចប់ ទុតិយបលាយិជាតក ទី១០។
ចប់ កាសាវវគ្គ ទី៨។
ឧទ្ទាននៃកាសាវវគ្គនោះគឺ
និយាយអំពីសំពត់ដ៏ប្រសើរ ១ ពាក្យរបស់អាចារ្យ ១ ផ្លែឈើអស់ហើយ ១ ធម៌ដ៏ប្រសើរ ៤ យ៉ាង ១ បុរសដ៏ខ្ពង់ខ្ពស់ ១ សត្វក្អែក ១ ពួកជនក្នុងដែនមគធៈ ១ ដែន ៣ កន្លែង ១ ដំរីដ៏ប្រសើរស្រែកសំទារ ១ ទង់ដ៏ប្រសើរ ១ ត្រូវជា ១០។