km:tipitaka:sut:kn:jat:sut.kn.jat.v04

មាតិកា

ចតុក្កនិបាតជាតក

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat v04 បាលី cs-km: sut.kn.jat.v04 អដ្ឋកថា: sut.kn.jat.v04_att PTS: ?

ចតុក្កនិបាតជាតក

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. ចតុក្កនិបាតោ)

កាលិង្គវគ្គ ទី១

(១. កាលិង្គវគ្គោ)

ចុល្លកាលិង្គជាតក ទី១

(៣០១. ចូឡកាលិង្គជាតកំ (៤-១-១))

[៥០២] (នន្ទសេនាមាត្យ ពោលថា) អ្នកទាំងឡាយ ចូរបើកទ្វារ ថ្វាយ​ព្រះរាជធីតា​ទាំង ៤ ព្រះអង្គនេះ ដើម្បីស្ដេច​ចូលទៅ​ខាងក្នុង​ព្រះនគរ ដែលខ្ញុំជា​អាមាត្យ​ឈ្មោះ​នន្ទិសេន ជាបុរស​សីហៈរបស់​ព្រះបាទអរុណ ដែលអាចារ្យ​ប្រៀនប្រដៅ​ល្អ រក្សាល្អ​ហើយ។

[៥០៣] (ព្រះបាទកាលិង្គៈ ពោលថា) ម្នាលព្រហ្មចារិតាបស អ្នក​ពោល​យ៉ាង​នេះថា ជំនះ​នឹងមាន​ដល់ពួក​កាលិង្គៈ ដែលជា​អ្នកអត់ធន់​ចំពោះ​ទុក្ខភ័យ ដែល​គេអត់ធន់​មិនបាន បរាជ័យ​នឹងមាន​ដល់ពួក​អស្សកៈ​ដូច្នេះ ជនទាំងឡាយ អ្នកមាន​សន្ដាន​ស្លូតត្រង់ មិនពោល​នូវពាក្យ​មិនពិត​ឡើយ។

[៥០៤] (តាបសពោធិសត្វ ពោលថា) បពិត្រសក្កទេវរាជ ពួកទេវតា​ប្រព្រឹត្ត​កន្លង​ហើយ​នូវមុសាវាទ ព្រះអង្គ​គួរធ្វើ​នូវពាក្យពិត​ដ៏ទៀងទាត់​យ៉ាងក្រៃលែង បពិត្រ​មឃវទេវរាជ ជាធំ​លើផែនដី ម្យ៉ាងទៀត ព្រះអង្គ​អាស្រ័យហេតុអ្វី ទើបពោល​នូវពាក្យ​មុសាវាទ​នោះ។

[៥០៥] (ព្រះឥន្ទ្រ ពោលថា) បពិត្រព្រាហ្មណ៍ ក្រែងលោកបានឮ​ពាក្យគេ​និយាយ​ថា ពពួកទេវតា​មិនច្រណែន​ចំពោះសេចក្ដី​ព្យាយាម​របស់បុរស​ទេ ការទូន្មាន​ខ្លួន ១ ការតម្កល់មាំ មិនបែកចិត្ត ១ ការមិន​បន្ធូរបន្ថយ ការប្រឹងប្រែង​ក្នុងការគួរ ១ ព្យាយាម​ដ៏មាំ ១ ការសង្វាត​របស់បុរស ១ (មានដល់​ពួកអស្សកៈ) ហេតុនោះ​ បានជា​ជ័យជំនះ​មានហើយ ដល់ពួក​អស្សកៈ។

ចប់ ចុល្លកាលិង្គជាតក ទី១។

មហាអស្សារោហជាតក ទី២

(៣០២. មហាអស្សារោហជាតកំ (៤-១-២))

[៥០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា កាលឲ្យចំពោះ​ជនទាំង​ឡាយ​ដែលមិន​ដែលឲ្យ (ដល់ខ្លួន) មិនឲ្យ​ចំពោះ​ជនទាំងឡាយ​ដែលធ្លាប់​ឲ្យ បុគ្គលនោះ បានដល់​នូវសេចក្ដី​វិនាស មិនបាន​នូវមិត្រសំឡាញ់ ក្នុងគ្រា​មានសេចក្ដី​អន្តរាយ​ទាំងឡាយ។

[៥០៧] បុគ្គលណា មិនឲ្យទានចំពោះ​ជនទាំងឡាយ ដែលមិន​ដែលឲ្យ បានឲ្យ​ចំពោះ​ជនទាំងឡាយ​ដែលឲ្យ បុគ្គលនោះ ក៏ដល់នូវ​សេចក្ដីវិនាស មិនបាន​នូវសំឡាញ់ ក្នុងកាល​មានសេចក្ដី​អន្តរាយ​ទាំងឡាយ។

[៥០៨] ការសំដែងនូវសេចក្ដីស្និទ្ធស្នាល និងការ​បរិភោគរួម ឲ្យវិសេស​ក្នុងពួក​ជនអ្នក​មានធម៌​មិនប្រសើរ ជាអ្នក​អួតអាង ក៏រមែង​វិនាស ម្យ៉ាងទៀត សូម្បី​ទាន​បន្តិចបន្តួច ដែលបុគ្គល​ធ្វើហើយ ចំពោះ​ពួកព្រះអរិយៈផង ចំពោះ​ពួក​បុគ្គល​អ្នកមាន​ចិត្តស្លូត​ត្រង់ផង ជាទានមាន​ផលច្រើន។

[៥០៩] បុគ្គលណា បានធ្វើឧបការៈដ៏ល្អទុកហើយ ក្នុងកាលមុន បុគ្គល​នេះ ឈ្មោះថា បានធ្វើអំពើ​ដែលគេធ្វើបាន​ដោយ​ក្រក្រៃពេក​ក្នុងលោក លុះដល់​កាល​ជា​ខាងក្រោយ បុគ្គល​នោះ ធ្វើ (គុណនីមួយ​ដទៃទៀតក្ដី) មិនធ្វើក្ដី ក៏ឈ្មោះថា​ជាបុគ្គល​គួរដល់កិរិយា​បូជាដោយពិត។

ចប់ មហាអស្សារោហជាតក ទី២។

ឯករាជជាតក ទី៣

(៣០៣. ឯករាជជាតកំ (៤-១-៣))

[៥១០] (ព្រះបាទទុព្ភិសេន ទ្រង់ត្រាស់ថា) បពិត្រព្រះអង្គ ជាឯករាជ កាលពីដើម ព្រះអង្គ​នៅសោយ​កាមគុណ​ទាំងឡាយ ជារបស់​ស្ដុកស្ដម្ភ រកអ្វី​ប្រសើរជាង​គ្មាន ឥឡូវនេះ ព្រះអង្គនោះ គេបោះទៅ​ក្នុងរណ្ដៅ​ក្រហេង​ក្រហូងហើយ នៅតែ​មិនលះបង់​នូវពណ៌​សម្បុរ និងកម្លាំងពីដើម។

[៥១១] (ព្រះបាទពារាណសី ពោលថា) បពិត្រព្រះបាទទុព្ភិសេន សេចក្ដីអត់ធន់ក្ដី សេចក្ដី​ប្រព្រឹត្តិតបៈក្ដី ខ្ញុំមានបំណង​ទុកហើយ​ពីមុន បពិត្រ​មហារាជ ឥឡូវនេះ ខ្ញុំបាន​សម្រេច​នូវសេចក្ដី​ប្រាថ្នានោះ​ហើយ តើគប្បីលះបង់​នូវពណ៌សម្បុរ និងកំឡាំង​ពីដើម​ដូចម្ដេចកើត។

[៥១២] (ទាន សីល ឧបោសថកម្ម) ទាំងអស់របស់ខ្ញុំ សម្រេចហើយ បពិត្រ​ព្រះអង្គ​មានយស មានប្រាជ្ញា​រកនរណា​គ្របសង្កត់​មិនកើត ខ្ញុំបាន​យសដ៏ធំ ជាយស​ដែលខ្ញុំ​មិនធ្លាប់​បានក្នុង​កាលពី​ដើមហើយ ទើបខ្ញុំ​មិនលះបង់​ពណ៌សម្បុរ និង​កម្លាំង​ពីដើម។

[៥១៣] បពិត្រព្រះជនិន្ទ្រ ពួកសប្បុរស បន្ទោបង់​នូវរជ្ជសុខ​ដោយទុក្ខ បន្ទោបង់​នូវ​សេចក្ដី​ទុក្ខ ដែលបុគ្គល​គ្របសង្កត់​មិនបាននោះ ដោយសារ​ឈានសុខ ជាអ្នក​មានចិត្ត​ត្រជាក់ ស្មើក្នុង​សេចក្ដី​សុខ និង​ទុក្ខទាំង ២ យ៉ាង។

ចប់ ឯករាជជាតក ទី៣។

ទទ្ទរជាតក ទី៤

(៣០៤. ទទ្ទរជាតកំ (៤-១-៤))

[៥១៤] (នាគឈ្មោះចុល្លទទ្ទរៈ ពោលថា) បពិត្រមហាទទ្ទរៈ ពាក្យ​អាក្រក់​ទាំង​ឡាយ​នេះ ក្នុងមនុស្សលោក ធ្វើខ្ញុំឲ្យ​ក្ដៅក្រហាយ ឯពួកក្មេង​ទាំងឡាយនេះ មិនមាន​ពិសសោះ ប៉ុន្តែហ៊ាន​ជេរខ្ញុំ​ដែលមានពិស ថាជាអ្នក​ស៊ីកង្កែប​ផង នៅក្នុង​ទឹកផង។

[៥១៥] (នាគឈ្មោះមហាទទ្ទរៈ និយាយតបទៅវិញថា) បុគ្គលដែល​គេបំបរបង់​ចេញ​ចាកដែន​របស់ខ្លួន​ហើយ ទៅកាន់​ជនបទ​ឯទៀត ត្រូវធ្វើ​ជង្រុកឲ្យធំ ដើម្បី​ដាក់នូវ​ពាក្យអាក្រក់​ទាំងឡាយ​ចុះ។

[៥១៦] ពួកជនមិនដឹងនូវបុរស​ដោយជាតិ ឬដោយវិន័យ គឺគុណសម្បត្តិ​ក្នុង​ទីណា បុគ្គលកាល​នៅក្នុង​សំណាក់​នៃពួកជន​ដែលខ្លួន​មិនស្គាល់ មិនត្រូវធ្វើ​សេចក្ដី​ប្រកាន់​ក្នុងទីនោះ​ឡើយ។

[៥១៧] បុគ្គលប្រកបដោយប្រាជ្ញា (សូម្បីមាន​អានុភាព) ស្មើដោយ​ភ្លើង កាល​នៅ​ក្នុង​ប្រទេសដទៃ ត្រូវតែ​អត់សង្កត់​ពាក្យ ទោះបី​មនុស្ស​ជាខ្ញុំគេ គម្រាម​ក៏ដោយ។

ចប់ ទទ្ទរជាតក ទី៤។

សីលវីមំសជាតក ទី៥

(៣០៥. សីលវីមំសនជាតកំ (៤-១-៥))

[៥១៨] (មាណពពោធិសត្វ ពោលថា) ធម្មតាសេចក្ដីស្ងាត់កំបាំង របស់​បុគ្គល​អ្នក​ធ្វើអំពើ​អាក្រក់ មិនមាន​ក្នុងលោកទេ ពួកភូត​ដែល​នៅក្នុងព្រៃ គង់គេឃើញ​បាន បុគ្គល​ពាល រមែង​សំគាល់​នូវ​អំពើអាក្រក់​ដែលធ្វើ​នោះថា ស្ងាត់​កំបាំង។

[៥១៩] ខ្ញុំមិនឃើញថា ស្ងាត់កំបាំងទេ ឬទីដែល​សូន្យ (ចាកសត្វ) ក៏​មិនមាន ខ្ញុំមិន​ឃើញថា សូន្យ ក្នុងទីណា ទីនោះ​ក៏មិនសូន្យ​អំពីខ្ញុំទេ។

[៥២០] (ព្រះសាស្ដា ត្រាស់ថា) ពួកមាណព គឺ ទុជ្ជច្ចៈ ១ សុជច្ចៈ ១ នន្ទៈ ១ សុខវច្ឆនៈ ១ វជ្ឈៈ ១ អធុវសីលៈ ១ (ជាដើម) នោះ ជាអ្នកត្រូវការ (ដោយស្រ្តី) ក៏​សាបសូន្យ​ចាកសភាវៈ (ការ​បាននូវស្ត្រី)។

[៥២១] ចំណែកព្រាហ្មណ៍ណា ដែលមានប្រាជ្ញា មានព្យាយាម​ក្នុងសច្ចៈ បាន​រក្សានូវ​ធម៌ទុក ព្រាហ្មណ៍នោះ ជាអ្នកដល់​នូវត្រើយ​នៃធម៌ទាំងពួង តើគប្បី​សាបសូន្យ (ចាក​ការបាន​នូវស្ត្រី) ដូចម្ដេច​កើត។

ចប់ សីលវីមំសជាតក ទី៥។

សុជាតាជាតក ទី៦

(៣០៦. សុជាតជាតកំ (៤-១-៦))

[៥២២] (នាងសុជាតាទេវី សួរថា) បពិត្រព្រះទេវៈ នេះផ្លែអ្វី មូលរលីង មានពណ៌​ក្រហម ដូចជាឈាម ដែលដាក់ក្នុង​ភាជន៍មាស ខ្ញុំម្ចាស់​សួរហើយ សូមព្រះអង្គ​ប្រាប់ឲ្យ​ទាន។

[៥២៣] (ព្រះបាទពារាណសី ទ្រង់ត្រាស់ថា) ម្នាលទេវី ក្នុងកាល​មុន នាងមាន​ក្បាលរលីង ស្លៀកកំណាត់​សំពត់ចាស់ មានដៃ​ក្នុងថ្នក់ ហើយបេះ​នូវផ្លែឈើ​ទាំងឡាយ​ណា (នេះ) គឺ​ផ្លែពុទ្រា របស់នាង​នោះហើយ។

[៥២៤] ស្ត្រីថោកទាប រមែងក្ដៅក្រហាយ មិនត្រេកអរ (ក្នុងរាជ​ត្រកូល) ភោគៈ​របស់​ស្ដេចទាំង​ឡាយ រមែងលះបង់​នូវស្ត្រីឥត​បុណ្យនោះ ស្ត្រីថោកទាប បេះនូវ​ផ្លែពុទ្រា​ក្នុងទីណា អ្នក​ទាំងឡាយ ចូរនាំស្ត្រី​នោះទៅ​ ក្នុងទីនោះចុះ។

[៥២៥] (អាមាត្យពោធិសត្វ ទូលថា) បពិត្រមហារាជ ទោសខុស ព្រោះ​សេចក្ដី​ប្រមាទ​ទាំងនេះ រមែងមក​ដល់នាង​នារី ដែល​ដល់នូវ​យសសក្តិ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​អត់ទោស​ដល់ព្រះនាង​សុជាតាទេវី បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ សូម​ព្រះអង្គ​កុំទ្រង់​ព្រះពិរោធ ចំពោះព្រះនាង​សុជាតាទេវី​នេះឡើយ។

ចប់ សុជាតាជាតក ទី៦។

បលាសជាតក ទី៧

(៣០៧. បលាសជាតកំ (៤-១-៧))

[៥២៦] (រុក្ខទេវតាពោធិសត្វ ពោលថា ) ម្នាលព្រាហ្មណ៍ អ្នកដឹង​ថាដើមចារនេះ ជាឈើ​ឥតចេតនា ឥតចេះ​ស្ដាប់ ឥតដឹងអ្វីទេ ជាអ្នកប្រារព្ធ​ព្យាយាម មិនប្រហែស​ធ្វេស​ជានិច្ច ហេតុអ្វី ក៏សួររក​ការដេកជាសុខ (របស់​ដើមឈើ)។

[៥២៧] (ព្រាហ្មណ៍ ពោលថា) ដើមឈើ ប្រាកដ​ក្នុងទីដ៏ឆ្ងាយ​ផង ធំផង ដុះនៅ​ក្នុងទី (ទួល) មាន​សភាពជា​ទីនៅរបស់ភូត ហេតុនោះ បានជា​ខ្ញុំថ្វាយបង្គំ​ដើមចារនេះ ពួក​ភូតណា នៅអាស្រ័យ​លើដើមឈើ​នេះ (ខ្ញុំថ្វាយបង្គំ) ពួកភូតនោះ ព្រោះ​ហេតុតែ​ទ្រព្យ។

[៥២៨] (រុក្ខទេវតា ពោលថា) ម្នាលព្រាហ្មណ៍ ខ្ញុំនោះឯង កាល​សម្លឹង​ឃើញនូវ​ការដឹងគុណ ដែល​អ្នកធ្វើហើយ ខ្ញុំនឹង​ធ្វើនូវការ​តបគុណ​ដល់អ្នក តាមសមគួរ​ដល់​អានុភាព ការដែល​អ្នកមក​ខ្វល់ខ្វាយ ក្នុងសំណាក់​សប្បុរស និងជា​របស់​សោះសូន្យ​ដូចម្ដេច​កើត។

[៥២៩] ដើមលៀបណា ដុះនៅខាង​មុខដើម​ទន្លាប់ យ័ញ្ញ​ដែលគេធ្វើ​ហើយ​ក្នុងកាល​មុនច្រើន ជាកំណប់​ដែលគេកប់​ព័ទ្ធជុំ​វិញក្បែរ​គល់លៀប​នោះឯង ជាកំណប់​មិនមាន​អ្នកទទួល អ្នកចូរទៅ​គាស់យក​កំណប់​ទ្រព្យនោះចុះ។

ចប់ បលាសជាតក ទី៧។

ជវសកុណជាតក ទី៨

(៣០៨. សកុណជាតកំ (៤-១-៨))

[៥៣០] (សត្វសសេះ ពោលថា) កម្លាំងណារបស់​យើង មាន​ហើយ យើងធ្វើ​កិច្ចដល់អ្នក​តាមកម្លាំង​នោះ បពិត្រ​មិគរាជ ខ្ញុំសូម​ក្រាបថ្វាយ​បង្គំអ្នក យើង​ត្រូវបាន​សាច់បន្តិច​បន្តួចខ្លះ។

[៥៣១] (រាជសីហ៍ ឆ្លើយតបថា) អ្នកឯងចូរ​ទៅតាមចន្លោះ​នៃធ្មេញ​របស់ខ្ញុំ ដែលជា​អ្នកស៊ី (សាច់) និងឈាម ធ្វើនូវ​អំពើអាក្រក់​ទាំងឡាយ​ជានិច្ច រស់នៅ​ដោយ​សាច់ណា សាច់នោះ​មានច្រើន។

[៥៣២] (សសេះឆ្លើយតបថា) សេចក្ដីដឹងគុណ​ដែលគេធ្វើ​ហើយ មិនមាន​ក្នុង​បុគ្គល​ណា ការសេពគប់​នឹងបុគ្គល​អ្នកមិនដឹង​គុណដែល​គេធ្វើហើយ មិនធ្វើ (គុណ​នឹងអ្នកណា) មិន​តបស្នងសងគុណ ដល់អ្នក​ដែលធ្វើ​គុណហើយ​ដល់ខ្លួននោះ ជាការ​ឥតប្រយោជន៍។

[៥៣៣] បណ្ឌិត មិនបានមិត្តធម៌ ដោយសារគុណ​ដែលខ្លួន​សន្សំហើយ ក្នុង​ទីចំពោះ​មុខ​បុគ្គលណា បណ្ឌិត​មិនត្រូវ​ឫស្យា មិនត្រូវជេរ ត្រូវតែ​គេចចេញ​ចាកបុគ្គល​នោះ ដោយ​សន្សឹម ៗ។

ចប់ ជវសកុណជាតក ទី៨។

ឆវជាតក ទី៩

(៣០៩. ឆវកជាតកំ (៤-១-៩))

[៥៣៤] (ពោធិសត្វ ក្រាបទូលព្រះបាទពារាណសីថា) កិច្ចដែល​យើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះ ជាកិច្ចលាមក បុគ្គល​ណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយ​ក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គលទាំង​ពីរនាក់ (នោះ) មិនឃើញ​នូវ​បោរាណធម៌ផង បុគ្គលទាំង​ពីរនាក់ (នោះ) ឃ្លាតចាក​ប្រក្រតីផង។

[៥៣៥] (ព្រាហ្មណ៍បុរោហិត ឆ្លើយតបថា) ខ្ញុំបរិភោគ​បាយស្រូវសាលី​ស្អាត (របស់​ស្ដេចនេះ) លាយ​ដោយសាច់ ហេតុនោះ បានជា​ខ្ញុំមិនសេពគប់​នូវធម៌ ដែល​ពួកឥសី​សេពគប់​ហើយនោះទេ។

[៥៣៦] (ពោធិសត្វ ពោលថា ) អ្នកចូរជៀសចេញ​ពីទីនេះទៅ លោក​នេះក៏ធំទូលាយ ពួកសត្វ​ឯទៀត តែងស្លដណ្តាំ​ដែរ អ្នកកុំ​ប្រព្រឹត្តអធម៌ ដូចជាថ្ម​ដែលបំបែក​នូវឆ្នាំងឡើយ។

[៥៣៧] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀល​នូវការ​បានយស និងការបាន​ទ្រព្យ ព្រោះការ​ប្រព្រឹត្តិ​បំផ្លាញ​ខ្លួន ឬដោយ​កិរិយា​ប្រព្រឹត្តិ​អធម៌។

ចប់ ឆវជាតក ទី៩។

សយ្ហជាតក ទី១០

(៣១០. សេយ្យជាតកំ (៤-១-១០))

[៥៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលមិនគប្បី​ប្រាថ្នានូវផែនដី ដែល​មានសណ្ឋាន​ដូចកុណ្ឌល ក្នុងកណ្ដាល​សាគរ មានសមុទ្រ​ព័ទ្ធជុំវិញ មួយអន្លើ​ដោយពាក្យ​និន្ទាឡើយ ម្នាល​សយ្ហាមាត្យ ចូរអ្នកដឹង​យ៉ាងនេះចុះ។

[៥៣៩] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀល​ការបានយស និង​ការបាន​ទ្រព្យ ព្រោះការ​ប្រព្រឹត្តិ​បំផ្លាញខ្លួន ឬដោយការ​ប្រព្រឹត្តិអធម៌។

[៥៤០] សូវអាត្មា ជាអ្នកមិនមាន​ផ្ទះសម្បែង​ប្រព្រឹត្តិកាន់បាត្រ (សូមគេ) ការចិញ្ចឹម​ជីវិតនោះ​ឯង ប្រសើរជា​ជាងការ​ស្វែងរក មិនប្រកប​ដោយធម៌។

[៥៤១] សូវអាត្មាជាអ្នកមិនមាន​ផ្ទះសំម្បែង ប្រព្រឹត្ត​កាន់បាត្រ មិនបៀត​បៀននូវ​សត្វដទៃ​ក្នុងលោក ការប្រព្រឹត្តិនោះ ប្រសើរ​ជាជាង​រាជសម្បត្តិ​ទៅទៀត។

ចប់ សយ្ហជាតក ទី១០។

ចប់ កាលិង្គវគ្គ ទី១។

ឧទ្ទាននៃកាលិង្គវគ្គនោះគឺ

និយាយអំពីការបើកទ្វារ ​១ ជនមិនឲ្យ ១ កាមគុណ​ដ៏មំាមួន ១ នាគឈ្មោះ​ទទ្ទរៈ ១ អំពើបាប​មិនមានស្ងាត់​កំបាំង ១ ផ្លែពុទ្រា ១ ដើមចារ ១ ការធ្វើអំពើ​ដ៏ប្រសើរ ១ អំពើ​លាមក ១ ផែនដីមាន​សមុទ្រ​ព័ទ្ធជុំវិញ ១ ត្រូវជា ១០។

បុចិមន្ទវគ្គ ទី២

(២. បុចិមន្ទវគ្គោ)

បុចិមន្ទជាតក ទី១

(៣១១. បុចិមន្ទជាតកំ (៤-២-១))

[៥៤២] (និម្ពរុក្ខទេវតា ពោលថា) ម្នាលចោរ អ្នកចូរក្រោកឡើង អ្នក​ដេកធ្វើអ្វី ប្រយោជន៍អ្វី​ដោយការដេកលក់​របស់អ្នក កុំឲ្យរាជ​បុរស​ទាំងឡាយ ចាប់អ្នក​ដែលធ្វើ​កម្មអាក្រក់​ក្នុងស្រុក​ឡើយ។

[៥៤៣] (អស្សត្ថទេវតា និយាយថា) រាជបុរស​ទាំងឡាយ​នឹងចាប់តែ​ចោរ​ដែល​ធ្វើកម្ម​អាក្រក់​ក្នុងស្រុក​ទេតើ ប្រយោជន៍អ្វី​ដល់​បុចិមន្ទ​ទេវតា ដែលឋិត​នៅក្នុងព្រៃនោះ។

[៥៤៤] (បុចិមន្ទទេវតា ពោលថា) ម្នាលអស្សត្ថទេវតា អ្នកមិន​ដឹងនូវ​ទោសនៃខ្ញុំផង នៃចោរ​ផង ពួករាជបុរស​ចាប់បានចោរ អ្នកធ្វើ​អំពើអាក្រក់​ក្នុងស្រុក ហើយ​ដោតចោរ​នោះ​ដោយមែក​ស្ដៅស្រួច ខ្ញុំរង្កៀសចិត្ត​ក្នុងហេតុនោះ។

[៥៤៥] (អស្សត្ថទេវតា ពោលថា) អ្នកប្រាជ្ញគប្បី​រក្សានូវហេតុ​ដែល​គួររង្កៀស គប្បី​រក្សា​នូវភ័យ​ដែលមិនទាន់​មកដល់ អ្នកប្រាជ្ញ​តែងសំឡឹង​មើលនូវលោក​ទាំងពីរ ព្រោះ​អនាគតភ័យ។

ចប់ បុចិមន្ទជាតក ទី១។

កស្សបមន្ទិយជាតក ទី២

(៣១២. កស្សបមន្ទិយជាតកំ (៤-២-២))

[៥៤៦] (តាបសពោធិសត្វ ពោលថា) បពិត្រកស្សបជាបិតា បើក្មេងតូច​ជេរ ឬវាយ ព្រោះ​វាជាក្មេង បណ្ឌិតអ្នក​មានប្រាជ្ញា តែង​អត់សង្កត់​នូវកំហុស​ទាំងអស់នោះ។

[៥៤៧] ប្រសិនបើសប្បុរសទាំងឡាយ ទាស់ទែងគ្នា សប្បុរសរមែងត​បានវិញ​យ៉ាងឆាប់ ឯក្មេងពាល​ទាំងឡយ រមែង​បែកគ្នា​ដូចបាត្រដី ក្មេងពាល​ទាំងនោះ មិនដល់​នូវការ​ស្ងប់រម្ងាប់​ឡើយ។

[៥៤៨] ជនណាដឹងនូវទោស ដែលខ្លួនធ្វើឲ្យកន្លង​ហួសទៅ​ហើយផង ជនណា​ដឹងនូវ​ការសំដែង​នូវទោសផង ជនទាំង​ពីរពួកនោះ (បើទុកជា​បែកគ្នាហើយ) ច្រើន​រួបរួមគ្នា​វិញបាន ការត​មិត្តរបស់​ជនទាំងពីរ​ពួកនោះ មិនរលុប​រលាយឡើយ។

[៥៤៩] ជនណា គួរតនូវមិត្តភាពរបស់ពួកជនដទៃ​ដែល​ទោសគ្រប​សង្កត់ហើយ ដោយ​ខ្លួនឯងបាន ជននោះ​ជាមនុស្ស​ខ្ពង់ខ្ពស់​លើសលុប​ ជាមនុស្ស​នាំទៅនូវ​ភារៈបាន ជាមនុស្ស​ទ្រទ្រង់​នូវធុរៈបាន។

ចប់ កស្សបមន្ទិយជាតក ទី២។

ខន្តិវាទិជាតក ទី៣

(៣១៣. ខន្តីវាទីជាតកំ (៤-២-៣))

[៥៥០] (សេនាបតី ពោលថា) បពិត្រលោកមានព្យាយាមធំ ព្រះរាជា​ណាកាត់​ព្រះហស្ត​ទាំងពីរ​ក្ដី កាត់ព្រះបាទ​ទាំងពីរក្ដី កាត់ត្រចៀក និងច្រមុះក្ដី របស់​លោក សូមលោក​ខ្ញាល់ចំពោះ​បុគ្គល​នោះចុះ សូមលោក​កុំញុំាង​ដែននេះ​ឲ្យវិនាស​ឡើយ។

[៥៥១] (តាបសពោធិសត្វ ពោលថា) ព្រះរាជាណា កាត់ដៃទំាងពីរ​ក្ដី កាត់ជើង​ទាំងពីរ​ក្ដី កាត់ត្រចៀក និង​ច្រមុះក្ដី របស់អាត្មា សូមឲ្យ​ព្រះរាជានោះ ទ្រង់មាន​ព្រះជន្ម​យឺនយូរ ពួកអ្នក​ប្រាជ្ញដូច​យ៉ាងអាត្មា មិនខឹង​ឡើយ។

[៥៥២] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) សមណៈ ជាអ្នកសំដែង​នូវខន្តី មានហើយ​ក្នុង​អតីតកាល ព្រះបាទ​កាសី ទ្រង់ត្រាស់​ឲ្យចោរ​ឃាតកបុរស​សម្លាប់​សមណៈ​នោះ អ្នកតាំង​នៅក្នុងខន្តី។

[៥៥៣] ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផល​នៃកម្មណា ផលនៃ​កម្មអាក្រក់​នោះ ជាផលក្ដៅ​ក្រហាយ។

ចប់ ខន្តិវាទិជាតក ទី៣។

លោហកុម្ភិជាតក ទី៤

(៣១៤. លោហកុម្ភិជាតកំ (៤-២-៤))

[៥៥៤] (សត្វនរកម្នាក់ ពោលថា) ពួកយើងដែល​មិនបានឲ្យ​ទាន បាន​ជាពួក​យើងរស់​នៅ​ដោយត្រដាប​ត្រដួស កាលភោគៈ​ទំាងឡាយ​មាន ពួកយើង​មិនបានធ្វើ​នូវទីពឹង​បម្រុង​ខ្លួនសោះ។

[៥៥៥] (សត្វនរកម្នាក់ទៀត ពោលថា) ពួកយើងដែលឆេះ​ក្នុងនរក គ្រប់ជា ៦០ ០០០ ឆ្នាំ ដោយអាការៈ​ទាំងពួងហើយ កាលណា នឹងមាន​ទីបំផុត (នៃទុក្ខ)។

[៥៥៦] (សត្វនរកម្នាក់ទៀត ពោលថា) ម្នាលអ្នក​ស្មើនឹងខ្ញុំ ទីបំផុត (នៃទុក្ខយើង) មិនមានទេ ទីបំផុត​នឹងមានមក​ពីណា ទីបំផុត​នឹង​មិនប្រាកដ​ទេ ព្រោះថា ខ្ញុំ និងអ្នក បានធ្វើ​បាប​ក្នុងកាលនោះ។

[៥៥៧] (សត្វនរកម្នាក់ទៀត ពោលថា) ខ្ញុំនោះ លុះទៅអំពី​ទីនេះ បាន​កំណើត​ជា​មនុស្ស ចាប់អំពី​ដឹងក្ដីទៅ សូមជា​អ្នកបរិបូណ៌​ដោយសីល ធ្វើកុសល​ឲ្យច្រើន។

ចប់ លោហកុម្ភិជាតក ទី៤។

មំសជាតក ទី៥

(៣១៥. សព្វមំសលាភជាតកំ (៤-២-៥))

[៥៥៨] (ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្រ ទី១ ថា) វាចារបស់អ្នក​អាក្រក់​ណាស់ អ្នកជា​អ្នកសុំសាច់ តែវាចាប្រហែល​នឹងវាវ នែសំឡាញ់ យើងនឹងឲ្យ​វាវដល់អ្នក។

[៥៥៩] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី២ ថា) ជនជាបងប្អូន គេទុក​ជា​អវយវៈ​របស់​មនុស្ស​ទាំងឡាយ​ក្នុងលោក វាចា​របស់អ្នក ប្រហែលនឹង​អវយវៈ នែសំឡាញ់ យើងនឹង​ឲ្យសាច់​អវយវៈ​ដល់អ្នក។

[៥៦០] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៣ ថា) កូនកាលហៅ​បិតាថា ឪពុក ឪពុក ដូច្នេះ រមែងធ្វើបេះដូង​បិតាឲ្យកម្រើក វាចា​របស់អ្នក ប្រហែល​នឹងបេះដូង នែ​សំឡាញ់ យើងនឹងឲ្យ​បេះដូងដល់អ្នក។

[៥៦១] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៤ ថា) សំឡាញ់​របស់បុរស​ណា មិនមាន​ក្នុងស្រុក លំនៅរបស់​បុរសនោះ ក្នុងស្រុកនោះ​ឯង ដូចព្រៃ វាចា​របស់អ្នក​ប្រហែល​នឹងសម្បត្តិ​ទាំងពួង នែសំឡាញ់ យើនឹងឲ្យ​សាច់ទាំងអស់​ដល់អ្នក។

ចប់ មំសជាតក ទី៥។

សសបណ្ឌិតជាតក ទី៦

(៣១៦. សសបណ្ឌិតជាតកំ (៤-២-៦))

[៥៦២] (ភេ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ខ្ញុំមានត្រីឆ្ពិន ៧ ដែលព្រាន​សន្ទូច​ស្រង់ឡើង​ពីទឹក​ដាក់លើគោក ម្នាលព្រាហ្មណ៍ នេះ​របស់ខ្ញុំ អ្នកចូរ​បរិភោគ​របស់នេះ ហើយ (ចំរើនសមណធម៌) នៅក្នុងព្រៃចុះ។

[៥៦៣] (ចចក និយាយនឹងឥន្ទព្រាហ្មណ៍ថា) ភត្តរបស់អ្នក​រក្សាស្រែ​ឯណោះ គឺសាច់ពីរ​ជ្រនួចផង ទន្សង​មួយផង ដបទធិមួយផង ខ្ញុំបាននាំមក​ក្នុងវេលាយប់ ម្នាល​ព្រាហ្មណ៍ នេះរបស់​ខ្ញុំ អ្នកចូរ​បរិភោគ​របស់នេះ ហើយ (ចំរើន​សមណធម៌) នៅក្នុង​ព្រៃចុះ។

[៥៦៤] (ស្វា និយាយនឹងឥន្ទព្រាហ្មណ៍ថា) ផ្លែស្វាយទុំ ទឹកត្រជាក់ ទីមាន​ម្លប់​ត្រជាក់ ជាទី​គាប់ចិត្ត ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគ​របស់នេះ ហើយ (ចំរើន​សមណធម៌) នៅ​ក្នុងព្រៃចុះ។

[៥៦៥] (ទន្សាយ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ទន្សាយ មិនមានល្ង មិនមាន​សណ្ដែក មិនមាន​អង្ករទេ អ្នក​ចូរបរិភោគ​នូវខ្ញុំ ដែលឆ្អិន​ដោយភ្លើង​នេះ ហើយ (ចំរើន​សមណធម៌) នៅក្នុង​ព្រៃចុះ។

ចប់ សសបណ្ឌិតជាតក ទី៦។

មតរោទនជាតក ទី៧

(៣១៧. មតរោទនជាតកំ (៤-២-៧))

[៥៦៦] (សេដ្ឋីពោធិសត្វ ពោលថា) អ្នកទាំងឡាយ យំរកបុគ្គល​ស្លាប់ទៅហើយ ៗ តែម្យ៉ាង បុគ្គលណា បម្រុងស្លាប់ អ្នក​ទាំងឡាយ មិនយំ​រកបុគ្គល​នោះសោះ ពួកសត្វ​ទាំងអស់ ជាអ្នក​ទ្រទ្រង់នូវ​សរីរៈ តែងលះបង់​នូវជីវិត​តាមលំដាប់។

[៥៦៧] ពួកទេវតា មនុស្ស សត្វជើង ៤ ពួកសត្វស្លាប និងពួកពស់ ប្រកប​ដោយ​ភ្នេន មិនជាធំ​ក្នុងសរីរៈឡើយ តែងលះបង់​ជីវិត ទាំងកំពុង​ត្រេកអរ (ក្នុងឋានៈ​ដែលខ្លួន​កើតហើយ)។

[៥៦៨] សុខ និងទុក្ខជាធម្មជាតកម្រើក មិនតំាងនៅ​យ៉ាងនេះ បុគ្គល​គួររមិល​មើល​ក្នុង​ពួកមនុស្ស ការកន្ទក់​កន្ទេញ ការយំសោក ជារបស់​មិនមាន​ប្រយោជន៍ទេ ព្រោះ​ហេតុអ្វី ក៏គំនរ​នៃសេចក្ដី​សោក គ្របសង្កត់​អ្នកទាំងឡាយ។

[៥៦៩] ពួកជនណា ជាអ្នកលេង ជាអ្នកស្រវឹង មិនធ្វើ (សេចក្ដី​ចំរើន) ជា​មនុស្ស​ពាល ក្លៀវក្លា មិនមាន​សេចក្ដី​ព្យាយាម មិនឈ្លាស​ក្នុងធម៌ ពួកជននោះ តែង​សំគាល់​នូវអ្នក​ប្រាជ្ញ (ដែលមិន​យំសោក​ជាដើម) ថាជា​មនុស្ស​ពាលទៅវិញ។

ចប់ មតរោទនជាតក ទី៧។

កណវេរជាតក ទី៨

(៣១៨. កណវេរជាតកំ (៤-២-៨))

[៥៧០] (ពួករបាំ ច្រៀងថា) អ្នកឱបរឹតនាងសាមាណា ដោយដើមដៃ ក្បែរ​គុម្ពច្បារ​ទាំង​ឡាយ មាន​ផ្កាក្រហម ដូចពន្លឺ​ព្រះអាទិត្យ ក្នុង​វសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាង​សាមានោះ​ ប្រាប់មកអ្នក (ថានាង) មិនមាន​រោគទេ។

[៥៧១] (ពោធិសត្វ ពោលថា) នែនាងដ៏ចំរើន បានឮថា ខ្យល់បក់​ផាត់ភ្នំ ដោយ​ហេតុណា ខ្ញុំមិនគប្បី​ជឿ​នូវហេតុ​នោះទេ បើខ្យល់​បក់ផាត់​ភ្នំបាន បក់ផាត់​ផែនដីទាំងមូល ក៏បាន​ដែរ នាង​សាមាណា ស្លាប់បាត់ទៅ​ហើយ អ្នកពោល​ថា នាងសាមានោះ មិនមាន​រោគ (ខ្ញុំមិន​គប្បីជឿទេ)។

[៥៧២] (ពួករបាំ ច្រៀងថា) នាងសាមានោះ មិនស្លាប់ផង នាងមិនចង់​បាន​បុរស​ដទៃផង ឮថា នាងសាមា មានប្ដី​តែមួយ នាងចង់​បានតែប្ដី​នោះឯង។

[៥៧៣] (ព្រះពោធិសត្វ ពោលថា) នាងសាមា ប្ដូរយកខ្ញុំ ដែលមិនឆ្លាប់​ស្និទ្ធស្នាល ដោយប្ដី​ដែល​ស្និទ្ធស្នាល អស់កាលយូរ ប្ដូរយកខ្ញុំ​ជាប្ដី​មិនពិតប្រាកដ ដោយប្ដីពិត​ប្រាកដ នាង​សាមា មុខតែប្ដូរ​យកបុរសដទៃ ដោយខ្ញុំ ខ្ញុំនឹងទៅកាន់​ទីឆ្ងាយ លើស​ពីនេះ​ទៅទៀត។

ចប់ កណវេរជាតក ទី៨។

តិត្តិរជាតក ទី៩

(៣១៩. តិត្តិរជាតកំ (៤-២-៩))

[៥៧៤] (សត្វទទា សួរតាបសពោធិសត្វថា) ខ្ញុំរស់នៅ​ជាសុខសប្បាយ​ណាស់ ទាំង​បាន​បរិភោគ (ដោយស្រួល) តែខ្ញុំឋិត​នៅក្នុង​សេចក្ដី​អន្តរាយ បពិត្រ​លោកដ៏ចំរើន តើគតិ​របស់ខ្ញុំ​ដូចម្ដេច។

[៥៧៥] (ព្រះពោធិសត្វ ពោលថា) ម្នាលចៅបក្សី បើចិត្តរបស់អ្នក​មិនបង្អោន​ទៅរក​អំពើបាបទេ បាបក៏​មិនប្រឡាក់​នូវអ្នកដ៏ចំរើន​ដែលជា​អ្នកមិន​ខ្វល់ខ្វាយ​ឡើយ។

[៥៧៦] (ទទា ពោលថា) សត្វទទាជាច្រើនមក ព្រោះគិតថា ញាតិយើង​ទំនៅ (ត្រង់ទីនោះ) ព្រានប៉ះពាល់​នូវ​បាណាតិបាតកម្ម ព្រោះ​អាស្រ័យខ្ញុំ ចិត្តរបស់ខ្ញុំ ក៏​រង្កៀស​ក្នុងរឿង​នោះ។

[៥៧៧] (ពោធិសត្វ ពោលថា) ព្រានមិនប៉ះពាល់​នូវបាណាតិបាតកម្ម ព្រោះ​អាស្រ័យ​អ្នកទេ បើចិត្តអ្នកមិនប្រទូស្ត បាបមិនប្រឡាក់​នូវអ្នកដ៏ចំរើន ដែលមិន​មានសេចក្ដី​ខ្វល់ខ្វាយ​ឡើយ។

ចប់ តិត្តិរជាតក ទី៩។

សុចជជាតក ទី១០

(៣២០. សុច្ចជជាតកំ (៤-២-១០))

[៥៧៨] (នាងទេវី ពោលថា) ព្រះរាជាកាលមិនប្រទានភ្នំ (សូម្បី) ដោយ​ព្រះវាចា ឈ្មោះថា​មិនលះបង់​នូវរបស់​ដែលគួរ​លះបង់ដោយ​ងាយទេ (ប្រសិន​បើព្រះរាជា​បានប្រទាន​ភ្នំ (សូម្បី) ដោយព្រះវាចា ព្រះរាជានោះ (ដែលខ្ញុំ​សូមហើយ) គង់​លះបង់​វត្ថុខ្លះ។

[៥៧៩] (ព្រះរាជា ត្រាស់ថា) បុគ្គលធ្វើអំពើណា គប្បីនិយាយ​អំពើ​នោះ មិនធ្វើ​អំពើណា មិនគប្បី​និយាយ​អំពើនោះ ពួកបណ្ឌិត​រមែង​កំណត់​ដឹងនូវ​បុគ្គល ដែលមិនធ្វើ (គ្រាន់តែ) និយាយ។

[៥៨០] (ព្រះនាងទេវី ពោលថា) បពិត្រព្រះរាជបុត្រ ខ្ញុំសូមថ្វាយ​បង្គំ​ព្រះអង្គ ដែល​ឋិតនៅក្នុង​វចីសច្ចៈ​ផង ក្នុង​សភាវធម៌​ផង សូម្បី​ដល់នូវ​សេចក្ដី​វិនាស ក៏ព្រះហឫទ័យ របស់​ព្រះអង្គ​នៅតែ​ត្រេកអរ​ក្នុងសច្ចៈ។

[៥៨១] (ព្រះពោធិសត្វ សំដែងគុណរបស់ព្រះនាងទេវីថា) ភរិយាណា របស់ប្ដី​អ្នក​ទ័លក្រ ក៏ជា​ស្រីទ័លក្រ​ដែរ របស់ប្ដី​អ្នកស្ដុកស្ដម្ភ ក៏ជាស្រី​ស្ដុកស្ដម្ភ មានកេរ្តិ៍ឈ្មោះ​ដែរ ភរិយានោះ​ ឈ្មោះថាជា​ភរិយា​ដ៏ឧត្ដម​របស់ប្ដី​នោះ ស្រីទាំងឡាយ​របស់អ្នក​មានប្រាក់ (ក៏ដូច្នោះ​ដែរ)។

ចប់ សុចជជាតក ទី១០។

ចប់ បុចិមន្ទវគ្គ ទី២។

ឧទ្ទាននៃបុចិមន្ទវគ្គនោះគឺ

និយាយអំពីចោរ ១ កស្សបតាបស ១ តាបសខន្តិវាទី ១ ការរស់នៅ​អាក្រក់ ១ សំដីអាក្រក់ ១ ទន្សាយ ១ បុគ្គលស្លាប់ ១ វសន្តកាល ១ ការរស់នៅ​ជាសុខ ១ ព្រះរាជា​មិនលះបង់​នូវរបស់​ដែលលះបង់​ងាយ ១ ត្រូវជា ១០។

កុដិទូសកវគ្គ ទី៣

(៣. កុដិទូសកវគ្គោ)

កុដិទូសកជាតក ទី១

(៣២១. កុដិទូសកជាតកំ (៤-៣-១))

[៥៨២] (គ្រលេងគ្រលោង ពោលថា) នែពានរ ក្បាល ដៃ និងជើង​របស់អ្នក ដូចជា​មនុស្សដែរ តែព្រោះ​ហេតុអ្វី បានជា​ផ្ទះរបស់​អ្នកគ្មាន។

[៥៨៣] (ពានរ ឆ្លើយថា) នែគ្រលេងគ្រលោង ក្បាល ដៃ និងជើង​របស់​ខ្ញុំ ដូច​មនុស្ស​មែនហើយ តែប្រាជ្ញា​ណា ដែល​បោរាណាចារ្យ​ពោលថា ប្រសើរក្នុង​ពួកមនុស្ស ប្រាជ្ញានោះ របស់ខ្ញុំ​មិនមានទេ។

[៥៨៤] (គ្រលេងគ្រលោង ពោលថា) ធម្មតា អ្នកមានចិត្តមិន​នឹងនួន មាន​ចិត្ត​រប៉ិល​រប៉ូច ជាអ្នកប្រទូស្ត​ចំពោះមិត្រ មានមារយាទ​មិនទៀង​ជានិច្ច តែង​មិនមាន​សេចក្ដី​សុខ។

[៥៨៥] នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់​មារយាទ​ចេញ ចូរធ្វើខ្ទម​ជាគ្រឿង​ការពារនូវ​ត្រជាក់ និងខ្យល់។

ចប់ កុដិទូសកជាតក ទី១។

ទុទ្ទុភាយជាតក ទី២

(៣២២. ទុទ្ទុភជាតកំ (៤-៣-២))

[៥៨៦] (ទន្សាយ និយាយថា) សូមសេចក្ដីចំរើនមានដល់លោកចុះ ខ្ញុំនៅក្នុងប្រទេសណា ប្រទេសនោះធ្វើសំឡេងឮទុទ្ទុភ 1) តែខ្ញុំមិនដឹងនូវប្រទេសនុ៎ះថា អ្វីនេះ ធ្វើសំឡេងឮទុទ្ទុភ។

[៥៨៧] (ព្រះសាស្ដា ទ្រង់សំដែងថា) ទន្សាយឮសូរ​ផ្លែព្នៅ​ជ្រុះថា​ទុទ្ទុភ ដូច្នេះ ក៏ស្ទុះ​បោលប្រេច ហ្វូងសត្វម្រឹគ​បានឮពាក្យ​ទន្សាយ ក៏ភ័យ​តក់ស្លុត។

[៥៨៨] ពួកជនពាលនោះ មិនទាន់សម្រេច​នូវចំណែក​នៃ​សោតវិញ្ញាណ ឮ​សំឡេង​នៃជន​ដទៃ មានសេចក្ដី​ប្រហែសធ្វេស​ដ៏ក្រៃលែង ជនពាល​ទាំងនោះ រមែង​លុះតាមពាក្យ​ជនដទៃ។

[៥៨៩] ចំណែកពួកជនណា បរិបូណ៌ដោយសីល និងបញ្ញា ត្រេកអរ​ក្នុង​ការ​ស្ងប់រម្ងាប់ ជាធីរជន អ្នកឆ្ងាយ អ្នកវៀរ​ចាកបាប ធីរជននោះ មិនលុះ​តាមពាក្យ​ជនដទៃ​ទេ។

ចប់ ទុទ្ទុភាយជាតក ទី២។

ព្រហ្មទត្តជាតក ទី៣

(៣២៣. ព្រហ្មទត្តជាតកំ (៤-៣-៣))

[៥៩០] (តាបសពោធិសត្វ ពោលថា) បពិត្រព្រះបាទព្រហ្មទត្ត បុគ្គល​អ្នកសូម រមែង​បានផល​ពីរយ៉ាង គឺការមិន​បានទ្រព្យ ១ ការ​បានទ្រព្យ ១ ព្រោះថា ការសូម មានយ៉ាង​នេះជា​ធម្មតា។

[៥៩១] បពិត្រព្រះអង្គជាឥស្សរៈលើរថ​នៃដែនបញ្ចាល អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវការសូម​ថាជាការយំ បុគ្គលណា ឃាត់នូវ​ការសូម អ្នកប្រាជ្ញ​ទាំងឡាយ​ហៅបុគ្គល​នោះ ថាជាអ្នក​មានការ​យំតប។

[៥៩២] កុំឲ្យពួកជនអ្នកដែនបញ្ចាល​មកប្រជុំគ្នា ឃើញ​អាត្មាភាព​កំពុងយំ ឬ​ព្រះអង្គ​កំពុងយំ​តបឡើយ ព្រោះហេតុ​នោះ បានជា​អាត្មាភាព​ត្រូវការ​ទីស្ងាត់។

[៥៩៣] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) បពិត្រព្រាហ្មណ៍ ខ្ញុំនឹង​ឲ្យគោញី​សម្បុរ​ក្រហម ១០០០ ព្រមទាំង​គោឈ្មោល​ដល់លោក ព្រោះថា​អរិយជន បានស្ដាប់​នូវគាថា​ប្រកប​ដោយធម៌ របស់លោក​ជាអរិយៈ មិនគប្បីឲ្យ ដូចម្ដេចកើត។

ចប់ ព្រហ្មទត្តជាតក ទី៣។

ចម្មសាដកជាតក ទី៤

(៣២៤. ចម្មសាដកជាតកំ (៤-៣-៤))

[៥៩៤] (ចម្មសាដកបរិព្វាជក ពោលថា) ឱ ពពែដ៏ប្រសើរនេះ ជាសត្វ​ជើង ៤ មាន​សភាព​ល្អ ដ៏ចំរើនល្អ មានមារយាទ ជាទីស្រឡាញ់ មានយស តែងគោរព​ព្រាហ្មណ៍​អ្នកបរិបូណ៌​ដោយជាតិ និងមន្ត។

[៥៩៥] (បណ្ឌិតពាណិជពោធិសត្វ ពោលថា) ម្នាលព្រាហ្មណ៍ អ្នកកុំ​ស្និទ្ធស្នាល​នឹងសត្វ​ជើង ៤ ដោយការ​ឃើញមួយ​រំពេចឡើយ ដ្បិតសត្វ​ពពែនេះ ប្រាថ្នានឹង​ធ្វើនូវការ​ប្រហារ​ដ៏មាំ បានជាថយក្រោយ និងព្រលែង​នូវការប្រហារ​ឲ្យងាយ។

[៥៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ឆ្អឹងភ្លៅរបស់​ព្រាហ្មណ៍ក៏បាក់ អម្រែក​របស់​ព្រាហ្មណ៍​ក៏ធ្លាក់ចុះ ទ្រព្យទាំង​អស់របស់ព្រាហ្មណ៍ ក៏បែក​ហើយ ព្រាហ្មណ៍​លើកដៃ​ទាំងពីរ​ឡើង កន្ទក់កន្ទេញថា ពពែស្ទុះមក​សម្លាប់​ព្រហ្មចារីបុគ្គល។

[៥៩៧] (បរិព្វាជក និយាយតទៅទៀតថា) ខ្ញុំជាមនុស្ស​ឥតប្រាជ្ញា ត្រូវ​ពពែ​បុះសម្លាប់​ក្នុងថ្ងៃ​នេះយ៉ាង​ណា បុគ្គលណា សរសើរ​បុគ្គល​ដែលមិន​គួរបូជា បុគ្គល​នោះ ត្រូវគេសម្លាប់ ដេកនៅ (ក្នុងទីនេះ) យ៉ាងនោះដែរ។

ចប់ ចម្មសាដកជាតក ទី៤។

គោធជាតក ទី៥

(៣២៥. គោធរាជជាតកំ (៤-៣-៥))

[៥៩៨] (ទន្សងពោធិសត្វ និយាយនឹងតាបសថា) ខ្ញុំស្មានអ្នកថាជា​សមណៈ បានចូល​ទៅរកអ្នក ជាអ្នក​មិនសង្រួម អ្នកនោះ ប្រហារខ្ញុំ​ដោយដម្បង ដូចមនុស្ស​មិនមែនជា​សមណៈ​ដែរ។

[៥៩៩] ម្នាលតាបសកម្លៅ ប្រយោជន៍អ្វី​ដោយផ្នួងសក់​របស់អ្នក ប្រយោជន៍​អ្វី ដោយស្បែក​ខ្លាឃ្មុំ​របស់អ្នក ខាងក្នុង​របស់អ្នក​សាំញុំា​ដោយកិលេស អ្នកបោស​រំលីង​តែសរីរៈខាងក្រៅ។

[៦០០] (តាបស និយាយថា) នែទន្សង ឯងចូរមកណេះ ឯងត្រឡប់​មកវិញ ចូរ​បរិភោគ​បាយស្រូវសាលី​ចុះ ប្រេង និង​អម្បិល​របស់អញ​ក៏មាន ដីប្លីរបស់​អញក៏មាន​ច្រើន។

[៦០១] (ទន្សងឆ្លើយថា) ខ្ញុំនោះនឹងចូល​ទៅរកដំបូក ជំរៅ ១០០ជួរបុរស​យ៉ាង​ក្រៃលែង ថ្វីបើអ្នកឯង​មានប្រេង និងអម្បិល ដីប្លីរបស់​អ្នក មិនជា​ប្រយោជន៍​ដល់ខ្ញុំ​ឡើយ។

ចប់ គោធជាតក ទី៥។

កក្ការុជាតក ទី៦

(៣២៦. កក្ការុជាតកំ (៤-៣-៦))

[៦០២] (ទេវបុត្តជាធំ ពោលថា) បុគ្គលណា មិនលួចទ្រព្យ​គេដោយកាយ មិន​និយាយ​កុហក​ដោយវាចា បានយស​សក្តិហើយ មិនស្រវឹង បុគ្គលនោះឯង គួរ​ប្រដាប់​ផ្កាត្រឡាច​ជាទិព្វ​ទាំងឡាយ។

[៦០៣] (ទេវបុត្តទី២ ពោលថា) បុគ្គលណា ស្វះស្វែងរកទ្រព្យ​ដោយធម៌ មិននាំ​យកទ្រព្យ​គេដោយ​បោកប្រាស បានទ្រព្យ​ទាំងឡាយ​ហើយ មិនស្រវឹង បុគ្គលនោះឯង គួរប្រដាប់​នូវផ្កាត្រឡាច​បាន។

[៦០៤] (ទេវបុត្តទី៣ ពោលថា) បុគ្គលណា មានចិត្តមិនឆាប់ហើរដូចរមៀត មាន​សទ្ធា​មិនរសាយ មិនបរិភោគ​វត្ថុមានរស​ឆ្ងាញ់តែ​ម្នាក់ឯង បុគ្គលនោះ ទើបគួរ​ប្រដាប់​នូវផ្កាត្រឡាចបាន។

[៦០៥] (ទេវបុត្តទី៤ ពោលថា) បុគ្គលណា មិនជេរប្រទេច​ពួកសប្បុរស​ក្នុងទី​ចំពោះ​មុខ ឬកំបាំងមុខ ជាអ្នក​និយាយ​យ៉ាងណា ធ្វើយ៉ាងនោះ បុគ្គលនោះ ទើប​គួរ​ប្រដាប់​នូវផ្កាត្រឡាចបាន។

ចប់ កក្ការុជាតក ទី៦។

កាកាតិជាតក ទី៧

(៣២៧. កាកវតីជាតកំ (៤-៣-៧))

[៦០៦] (នដកុវេរគន្ធព្វច្រៀងថា) ស្ត្រីជាទីស្រឡាញ់​របស់ទូល​ព្រះបង្គំ​នៅក្នុង​ទីណា ក្លិនក្រអូបនេះ ក៏បក់មក​អំពីទីនោះ ចិត្តរបស់​ទូលព្រះបង្គំ​ត្រេកអរ​ក្នុងស្ត្រីណា ស្ដ្រីនោះ​ឈ្មោះ​នាង​កាកាតិ ទៅនៅក្នុង​ទីឆ្ងាយ​អំពីទីនេះ។

[៦០៧] (ស្ដេចគ្រុឌ ពោលថា) អ្នកបានឆ្លង​សមុទ្រ ដោយឧបាយ​ដូចម្ដេច បានឆ្លង​ទន្លេ​ឈ្មោះ​កេបុកៈ ដោយឧបាយ​ដូចម្ដេច បានឆ្លង​សមុទ្រទាំង ៧ ជាន់ ដោយ​ឧបាយ​ដូចម្ដេច បានឡើង​ដើមរកា (ជាលំនៅ​របស់យើង) ដោយឧបាយ​ដូចម្ដេច។

[៦០៨] (នដកុវេរគន្ធព្វ ឆ្លើយតបថា) ខ្ញុំបានឆ្លងសមុទ្រ​ជាមួយនឹងលោក បានឆ្លង​ទន្លេ​ឈ្មោះ​កេបុកៈ​ជាមួយ​នឹងលោក បានឆ្លង​សមុទ្រទាំង ៧ ជាន់ជាមួយ​នឹងលោក បាន​ឡើង​ដើមរកា​ជាមួយ​នឹងលោក។

[៦០៩] (ស្ដេចគ្រុឌ ពោលថា) អញនាំមក ទាំងនាំទៅនូវ​សហាយ​របស់ប្រពន្ធ ហេតុណា ហេតុនោះ គួរតិះដៀល​ខ្លួនអញ មានកាយធំ គួរតិះដៀល​ខ្លួនអញ ដែលមិន​មានគំនិត។

ចប់ កាកាតិជាតក ទី៧។

អននុសោចិយជាតក ទី៨

(៣២៨. អននុសោចិយជាតកំ (៤-៣-៨))

[៦១០] (តាបសពោធិសត្វ ពោលថា) នាងសម្មិល្លហាសិនី ជាស្រីដ៏​ចំរើន មាន​ក្នុងចន្លោះ​ពួកសត្វ​ដ៏ច្រើនដែល​ស្លាប់ហើយ ពួកសត្វ​ដែលស្លាប់​ហើយនោះ នឹង​មានប្រយោជន៍​អ្វីដល់ខ្ញុំ ហេតុនោះ បានជា​ខ្ញុំមិនសោក​ស្ដាយនាង​សម្មិល្លហាសិនី ជាទី​ស្រឡាញ់​នុ៎ះឡើយ។

[៦១១] វត្ថុណា ៗ មិនមានដល់សត្វនោះ បើសត្វគប្បី​សោកស្ដាយ ចំពោះ​វត្ថុដែល​គ្មាននោះ ៗ គប្បីសោយ​សោកចំពោះ​ខ្លួនឯង ដែលលុះ​ក្នុងអំណាច​នៃមច្ចុគ្រប់​កាលផង។

[៦១២] អាយុសង្ខារមិនទៅតាមសត្វណាមួយ ដែលឈរ អង្គុយ ដេក ដើរ​ទៅមក​ឡើយ សត្វបើកភ្នែក ធ្មេចភ្នែក ដរាបណា វ័យរបស់សត្វ​តែងរំកិល​ទៅដរាបនោះ។

[៦១៣] កាលបើសេចក្ដីព្រាត់ប្រាសក្នុងខ្លួន ជាផ្លូវឥតសង្ស័យ​នោះហើយ បុគ្គល​គប្បី​អាណិត​សត្វរស់នៅ​ដ៏សេសសល់ មិនគួរ​សោយ​សោក ចំពោះ​សត្វដែល​ច្យុត​ហើយទេ។

ចប់ អននុសោចិយជាតក ទី៨។

កាឡពាហុជាតក ទី៩

(៣២៩. កាឡពាហុជាតកំ (៤-៣-៩))

[៦១៤] (សេកឈ្មោះបោដ្ឋបាទជាប្អូន និយាយថា) កាលពីដើម យើង​បាន​បាយ និង​ទឹកណា អំពីសំណាក់​នៃស្ដេចនោះ ឥឡូវនេះ បាយ និង​ទឹកនោះ បានទៅ​ស្វាវិញ​ហើយ បពិត្រ​បងរាធៈ ឥឡូវនេះ យើងនឹងនាំ​គ្នាទៅព្រៃវិញ ព្រោះព្រះបាទ​ធនញ្ជ័យ លែងរាប់​អានយើងហើយ។

[៦១៥] (សេកពោធិសត្វ ឈ្មោះរាធៈជាបង និយាយតបថា) លាភក្ដី អលាភក្ដី យសក្ដី អយសក្តី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី លោកធម៌ទាំង ៨ នោះ មិនទៀង ក្នុងមនុស្ស​សត្វទាំង​ឡាយទេ ម្នាលបោដ្ឋបាទ អ្នកកុំ​សោកស្ដាយ​ឡើយ អ្នកនឹង​សោកស្ដាយ​ធ្វើអ្វី។

[៦១៦] (សេកឈ្មោះបោដ្ឋបាទ និយាថា) បពិត្របងរាធៈ បងជា​អ្នកប្រាជ្ញ​មែនពិត​ហើយ បងដឹងនូវ​ប្រយោជន៍ ដែលមិន​ទាន់មាន​មក តើយើង​នឹងឃើញ​ស្វាដ៏លាមក ដែលត្រូវ​គេបណ្ដេញ​ពីរាជត្រកូល​ដោយឧបាយ​ដូចម្ដេចហ្ន៎។

[៦១៧] (រាធៈ និយាយតបថា) ស្វាខ្មៅឈ្មោះ​កាឡពាហុ ញាក់ត្រចៀក ធ្វើមុខ​ក្រញូវ គង់ធ្វើឲ្យ​ព្រះរាជកុមារ​ភិតភ័យ ដោយ​ការសង្ឃកថា មុហុំ មុហុំ វាមុខជា​នឹង​ឋិតនៅ​ឆ្ងាយអំពីបាយ និងទឹក ដោយហេតុណា វានឹងធ្វើនូវ​ហេតុនោះ ដោយខ្លួន​ឯងពុំលែង​ឡើយ។

ចប់ កាឡពាហុជាតក ទី៩។

សីលវីមំសជាតក ទី១០

(៣៣០. សីលវីមំសជាតកំ (៤-៣-១០))

[៦១៨] (បុរោហិតពោធិសត្វ និយាយថា) បានឮមកថា សីល ជាគុណជាត​ដ៏ល្អ សីល ជាគុណដ៏ប្រសើរ​ក្រៃលែង​ក្នុងលោក សូម​ព្រះអង្គ​ទតមើលចុះ ដូចយ៉ាង​នាគ ជាសត្វ​មានពិស​ដ៏ខ្លាំងពន្លឹក មិនហ៊ាន​បៀតបៀន ដោយយល់ថា បុគ្គលនេះ​មានសីល។

[៦១៩] (ពោធិសត្វ ពោលថា) ដុំសាច់បន្ដិចបន្តួច នៅមានដល់​ខ្លែងនោះ ដរាប​ណា ពួកប្រមង់​ក្នុងលោក ចោមចឹក​ខ្លែងនោះ ដរាប​នោះដែរ សត្វបក្សី​ដ៏សេស មិនបាន​បៀតបៀន​ខ្លែងដែល​មិនមាន​សាច់ជាគ្រឿង​កង្វល់នោះ។

[៦២០] បុគ្គលដេកលក់ជាសុខ ព្រោះមិនមាន​សេចក្ដី​ប្រាថ្នា សេចក្ដី​ប្រាថ្នា​ដែល​មានលទ្ធផល​ក៏ជាសុខ នាងបិង្គលាទាសី បានធ្វើ​នូវសេចក្ដី​ប្រាថ្នា ឲ្យគ្មាន​សេចក្ដី​ប្រាថ្នា​វិញ ក៏ដេកលក់​ជាសុខ​ដែរ។

[៦២១] ក្នុងលោកនេះក្ដី ក្នុងលោកខាងមុខក្ដី មិនមាន​ធម៌ដទៃ​ប្រសើរ​ជាង​សមាធិ​ឡើយ (ព្រោះ) បុគ្គលអ្នក​តាំងនៅក្នុង​សមាធិហើយ រមែង​មិនបៀតបៀន​បុគ្គល​ដទៃផង មិនបៀតបៀន​ខ្លួនឯងផង។

ចប់ សីលវីមំសជាតក ទី១០។

ចប់ កុដិទូសកវគ្គ ទី៣។

ឧទ្ទាននៃកុដិទូសកវគ្គនោះគឺ

និយាយអំពីក្បាល និងដៃជើង​របស់ស្វាដូចមនុស្ស ១ ប្រទេស​ធ្វើនូវ​សំឡេង​ថា​ទុទ្ទុភៈ ១ បុគ្គលអ្នក​សូម ១ សត្វពពែ​ប្រសើរ ១ សត្វទន្សងប្រសើរ ១ ការ​មិនល្អ​ដោយ​កាយ ១ ទន្លេឈ្មោះ​កេបុកៈ ១ ស្ត្រីចំរើនប្រសើរ ១ សេកឈ្មោះរាធៈ ១ សីល​ប្រសើរ ១ ត្រូវជា ១០។

កោកិលវគ្គ ទី៤

(៤. កោកិលវគ្គោ)

កោកាលិកជាតក ទី១

(៣៣១. កោកិលជាតកំ (៤-៤-១))

[៦២២] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលណា​និយាយហួស​ប្រមាណ ក្នុងកាល​ដែលមិន​សម្រេច (លទ្ធផល) បុគ្គលនោះ ត្រូវ​គេកំចាត់​ចេញ ដេក​នៅតែ​ម្នាក់ឯង ដូច​កូនតាវ៉ៅ (ដែល​មេក្អែកចឹក​កំចាត់ចេញ)។

[៦២៣] កាំបិតទុកជាគេសំលៀងមុតហើយ ឬថ្នាំពិស​ដ៏ក្លាខ្លាំង ក៏មិន​ទាញ​បុគ្គលឲ្យ​ធ្លាក់ចុះ ដូច​វាចាជា​ទុព្ភាសិតទេ។

[៦២៤] ហេតុនោះ អ្នកប្រាជ្ញគួររក្សាវាចាទុក ក្នុងកាល​ដែលគួរ និង​កាលមិនគួរ មិនគួរ​និយាយហួស​ប្រមាណ សូម្បីចំពោះ​បុគ្គល​ដែលស្មើ​នឹងខ្លួន។

[៦២៥] ចំណែកបុគ្គលណាមានគំនិត​គិតទុកមុន មានប្រាជ្ញា​ជាគ្រឿង​ពិចារណា និយាយ​ល្មមប្រមាណ ក្នុងកាលគួរ បុគ្គលនោះ អាចចាប់​សត្រូវ​ទាំងពួងបាន ដូច​គ្រុឌចាប់​នាគដូច្នោះ។

ចប់ កោកាលិកជាតក ទី១។

រថលដ្ឋិជាតក ទី២

(៣៣២. រថលដ្ឋិជាតកំ (៤-៤-២))

[៦២៦] (អាមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជា បុគ្គលខ្លះប្រហារ​ខ្លួន ដោយខ្លួន​ឯង ហើយនិយាយ​ថា គេប្រហារ​ក៏មាន ផ្ចាញ់​គេហើយ​និយាយថា គេផ្ចាញ់ខ្លួន​ក៏មាន អ្នកប្រាជ្ញ​កុំគប្បីជឿពាក្យ​នៃអ្នក​និយាយមុន​ដោយដាច់​ខាតឡើយ។

[៦២៧] ហេតុនោះ បណ្ឌិតជាតិ គួរស្ដាប់ពាក្យ​របស់បុគ្គល​ក្រៅពីនេះផង លុះ​ស្ដាប់ពាក្យ​របស់ជន​ទាំងពីរនាក់​ហើយ គប្បីធ្វើតាម​ច្បាប់ចុះ។

[៦២៨] គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនប្រពៃ អ្នកបួស​មិនសង្រួម មិន​ប្រសើរ ព្រះរាជា​មិនពិចារណា​ហើយធ្វើ មិន​ប្រសើរ បណ្ឌិតដែល​ជាអ្នកច្រើន​ក្រោធ ក៏ពុំ​ប្រសើរ។

[៦២៩] បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រិយ៍គប្បី​ពិចារណា​ហើយសឹម​ធ្វើ បើមិន​ទាន់ពិចារណា មិនត្រូវ​ធ្វើទេ យសក្ដី កិត្តិស័ព្ទ​ក្ដី រមែងចំរើន​ដល់ព្រះរាជា ដែល​ពិចារណា​ហើយទើប​ធ្វើ។

ចប់ រថលដ្ឋិជាតក ទី២។

គោធជាតក ទី៣

(៣៣៣. បក្កគោធជាតកំ (៤-៤-៣))

[៦៣០] (នាងទេវី ក្រាបបង្គំទូលថា) ព្រះអង្គណា ដែលមាន​ព្រះខ័នសៀត ទ្រង់ស្អិត​ស្អាងហើយ ទ្រទ្រង់​នូវសំពត់​តិរីដិ ទ្រង់មាន​ទន្សងឆ្អើរ បាន​បោលទៅ​អំពី​មែក​អស្សត្ថព្រឹក្ស ព្រះអង្គនោះ ទ្រង់ប្រសើរ​ក្នុងរថ គឺខ្ញុំដឹង​ច្បាស់ហើយ ក្នុងកណ្ដាល​ព្រៃ ក្នុង​កាល​នោះឯង។

[៦៣១] (ពោធិសត្វ ពោលថា) បុគ្គលគប្បីសំពះ​បុគ្គល​អ្នកសំពះ​ខ្លួន គប្បី​សេពគប់​បុគ្គលអ្នក​សេពគប់ខ្លួន គប្បី​ធ្វើកិច្ច​របស់បុគ្គល​ដែលជួយ​ធ្វើកិច្ចខ្លួន មិនគប្បី​ធ្វើនូវ​សេចក្ដីចំរើន​ដល់បុគ្គល​អ្នកប្រាថ្នា​សេចក្ដីវិនាស មិនគប្បី​គប់រកនូវ​បុគ្គល​ដែលមិន​គប់រក (ខ្លួននោះ​ឡើយ)។

[៦៣២] គប្បីលះបង់នូវបុគ្គល ដែលលះបង់ខ្លួន មិនគប្បី​ធ្វើនូវ​សេចក្ដី​ស្រឡាញ់​ដោយ​តណ្ហា (ក្នុងបុគ្គល​នោះ) មិនគប្បី​គប់រកនូវ​បុគ្គលដែល​មានចិត្ត​រវើរវាយ ដូចសត្វ​បក្សី​ដឹងថា ឈើមានផ្លែ​អស់ហើយ (ហើរទៅរក​ដើមឈើ​ដែលមាន​ផ្លែបរិបូណ៌) គប្បី​រមិលមើល​បុគ្គលដទៃ ព្រោះថា លោកសន្និវាស​ធំណាស់។

[៦៣៣] (ព្រះរាជា ត្រាស់ថា) យើងនោះ ជាក្សត្រិយ៍ កាលឃើញ​នូវភាពនៃ​កតញ្ញូ នឹងធ្វើតប​ដល់នាង​តាម​សមត្ថភាព យើងនឹង​ឲ្យឥស្សរិយយស​ទាំងអស់​ដល់នាង នាង​ចង់បាន​របស់ណា យើងនឹង​ឲ្យរបស់នោះ​ដល់នាង។

ចប់ គោធជាតក ទី៣។

រាជោវាទជាតក ទី៤

(៣៣៤. រាជោវាទជាតកំ (៤-៤-៤))

[៦៣៤] (ព្រះពោធិសត្វ ពោលថា) កាលដែលពួកគោញី​ឆ្លងដើរទៅ បើ​គោមេហ្វូង​ដើរវៀច ពួកគោញី ក៏ដើរវៀច​តាមដែរ ព្រោះ​គោមេហ្វូង​ដើរវៀចនោះ។

[៦៣៥] ក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ មនុស្សណា ដែលគេ​សន្មតថា ប្រសើរ​ជាង​គេ បើមនុស្ស​នោះ ប្រព្រឹត្តអធម៌ នឹងបាច់​និយាយ​ទៅថ្វី ដល់ប្រជាជន​ឯទៀត បើ​ព្រះរាជា​ជាអ្នកប្រព្រឹត្ត​អធម៌ រាស្រ្តទាំងអស់ រមែង​ដេកជាទុក្ខ។

[៦៣៦] កាលដែលពួកគោញីដើរឆ្លងទៅ បើគោមេហ្វូង​ដើរត្រង់ ពួក​គោញី​ទាំងអស់ ក៏ដើរត្រង់​ដែរ កាលបើ​គោមេហ្វូង​នាំដើរទៅត្រង់។

[៦៣៧] ក្នុងពួកមនុស្សក៏យ៉ាងនោះដែរ មនុស្សណា ដែលគេសន្មតថា ប្រសើរ​ជាងគេ បើមនុស្សនោះ ប្រព្រឹត្តិធម៌ នឹងបាច់​និយាយ​ទៅថ្វី ដល់ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​ជាអ្នកប្រព្រឹត្ត​ធម៌ រាស្រ្តទាំង​អស់ក៏ដេក​ជាសុខ។

ចប់ រាជោវាទជាតក ទី៤។

ជម្ពុកជាតក ទី៥

(៣៣៥. ជម្ពុកជាតកំ (៤-៤-៥))

[៦៣៨] (រាជសីហ៍ និយាយថា) នែចចក ដំរីនោះ​ធំណាស់ មានកាយក៏​ខ្ពស់ មានភ្លុក​ក៏វែង ពួកសត្វ​កើតក្នុង​ត្រកូល​រាជសីហ៍ណា រមែង​ចាប់ដំរី​បាន អ្នកឯង​មិនមែន​កើតក្នុង​ត្រកូល​រាជសីហ៍​នោះទេ។

[៦៣៩] សត្វណា មិនមែនជារាជសីហ៍ ក្លែងខ្លួនដោយ​មានះថា អញ​ជារាជសីហ៍ សត្វនោះ រមែងដេក​ថ្ងូរលើផែនដី ដូចជា​ចចក​មកកាន់ដំរី (ត្រូវដំរី​ជាន់)។

[៦៤០] ចចកនេះ មិនដឹងកំឡាំងកាយ កំឡាំងប្រាជ្ញា និងកំណើត​របស់​សីហៈ ដែលជា​សត្វមាន​យស ជាសត្វ​ឧត្តម ជាសត្វ​មានខ្លួន​មាំមួន ជាសត្វ​មានកំឡាំង​ខ្លាំងសោះ ទើប​ត្រូវដំរី​ជាន់ស្លាប់។

[៦៤១] ក្នុងលោកនេះ បុគ្គលណា បានពិចារណា​ឲ្យដឹងច្បាស់​នូវកំឡាំង​កាយ និងកំឡាំង​ប្រាជ្ញាក្នុងខ្លួន ជាអ្នកកំណត់​ដោយការ​ស្វាធ្យាយ ដោយការ​ប្រឹក្សា ដោយ​សុភាសិត (ជាមុន) ទើបធ្វើ​ការងារ បុគ្គលនោះ​ឈ្មោះថា ឈ្នះនូវ​ប្រយោជន៍ធំ គឺមិន​សាបសូន្យ​ប្រយោជន៍។

ចប់ ជម្ពុកជាតក ទី៥។

ព្រហាឆត្តជាតក ទី៦

(៣៣៦. ព្រហាឆត្តជាតកំ (៤-៤-៦))

[៦៤២] (អាមាត្យពោធិសត្វ ទូលថា) ព្រះអង្គត្រាស់ថា ស្មៅ ៗ ដូច្នេះ តើ​នរណាហ្ន៎ លួចយកស្មៅ​របស់ព្រះអង្គ​ទៅ ហេតុដូចម្តេច បានជា​ព្រះអង្គ​មានកិច្ច​ដោយ​ស្មៅ ទើប​ត្រាស់​រកតែស្មៅ​ប៉ុណ្ណោះ។

[៦៤៣] (ព្រះបាទពារាណសី ត្រាស់ថា) តាបសឈ្មោះ​ឆត្ត មានរាងកាយ​ដ៏ខ្ពស់ ជា​ព្រហ្មចារីបុគ្គល ជាពហូស្សូត បានមក​ក្នុងទីនេះ លោកបាន​ប្រមូល​ទ្រព្យរបស់​យើង​ទាំងអស់ រួចដាក់​ស្មៅ (ក្នុងពាង​ទាំងឡាយ) ហើយទៅ​បាត់។

[៦៤៤] (ព្រះពោធិសត្វ ពោលថា) ការកាន់យកទ្រព្យ​ទាំងអស់ របស់​ខ្លួនក្ដី ការមិន​កាន់យកស្មៅ (ដែលមិន​គួរយកទៅ) នេះក្ដី ជាកិច្ចដែល​អ្នកប្រាថ្នា​នូវទ្រព្យ​ដ៏ច្រើន ដោយយក​ស្មៅបន្តិច​បន្តួច (ជាលេស) គប្បីធ្វើ​យ៉ាងនេះឯង (ព្រោះហេតុនោះ) ឆត្តតាបស ដាក់ស្មៅ​ក្នុងពាងទាំងឡាយ ហើយទៅបាត់ ចុះការ​ខ្សឹកខ្សួល​ធ្វើអ្វី ក្នុង​របស់​នោះ។

[៦៤៥] (ព្រះបាទពារាណសី ត្រាស់ថា) ពួកលោក​អ្នកមាន​សីលធម៌ មិនធ្វើ​បែបនេះ​ទេ ចំណែក​មនុស្សពាល ទើបធ្វើ​សីលធម៌​ទាំងឡាយ​របស់ខ្លួន (ឲ្យអាក្រក់) ភាពជា​បណ្ឌិត នឹងធ្វើ​ខ្លួនឲ្យជា​បុគ្គលអ្នក​ទ្រូស្តសីល មានសីល​មិនខ្ជាប់ខ្លួន ដូចម្ដេច​កើត។

ចប់ ព្រហាឆត្តជាតក ទី៦។

បីឋជាតក ទី៧

(៣៣៧. បីឋជាតកំ (៤-៤-៧))

[៦៤៦] (ពារាណសីសេដ្ឋី ពោលថា) យើងខ្ញុំទាំងឡាយ​មិនបាន​ប្រគេន​តំាង មិនបាន​ប្រគេនទឹក ទាំងមិន​បានប្រគេន​ភោជនាហារ​ដល់លោក សូមលោក​ជាព្រហ្មចារី​អត់ទោស​ដល់ខ្ញុំ ខ្ញុំឃើញ​ទោសនុ៎ះហើយ។

[៦៤៧] (ពោធិសត្វ ពោលថា) អាត្មាមិនជាប់ចំពាក់​ផង មិនខឹងផង ទាំងវត្តុ​តិចតួច ដែល​មិនជាទី​ស្រឡាញ់​របស់អាត្មា ក៏មិនមាន​ឡើយ មួយទៀត អាត្មាមាន​សេចក្ដីត្រិះរិះ ក្នុង​ចិត្តថា ធម្មតា នៃត្រកូល​ប្រាកដដូច្នេះ ដោយពិត។

[៦៤៨] (សេដ្ឋី ពោលថា) យើងខ្ញុំបាន​ប្រគេនអាសនៈ ប្រគេនទឹក ប្រគេន​ប្រេង​សម្រាប់​លាងជើង​ទាំងអស់នេះ នេះជា​ធម្មតា​របស់​ឪពុក និងជីតា ក្នុងត្រកូល​របស់យើង​ខ្ញុំ សព្វ ៗ កាល។

[៦៤៩] យើងខ្ញុំនឹងបម្រើ (សមណព្រាហ្មណ៍​អ្នកប្រព្រឹត្ត​ធម៌ល្អ) ដូចជា​ញាតិ​ជាន់ខ្ពស់ ដោយសេចក្ដី​គោរព នេះជាធម្មតា​របស់ឪពុក និងជីតា​ក្នុងត្រកូល​របស់យើងខ្ញុំ សព្វ ៗ កាល។

ចប់ បីឋជាតក ទី៧។

ថុសជាតក ទី៨

(៣៣៨. ថុសជាតកំ (៤-៤-៨))

[៦៥០] (ព្រះរាជា ទ្រង់ត្រាស់ថា) កណ្ដុរទាំងឡាយ ស្គាល់ច្បាស់​នូវអង្កាម ស្គាល់ច្បាស់​នូវអង្ករ កណ្ដុរ​ទាំងឡាយ វៀរបង់​នូវអង្កាម ស៊ីតែអង្ករ។

[៦៥១] ការប្រឹក្សាគ្នាណាក្នុងព្រៃ ការខ្សឹបណាក្នុងស្រុក ទាំងការគិត (ប្រុងប្រហារ) ណា រឿងទាំងនេះ អញដឹង​ច្បាស់ហើយ។

[៦៥២] ឮថាទំនៀម ស្វាជាឪពុក តែងយកធ្មេញ​ទៅខាំផ្ដាច់​នូវអង្គជាត​របស់​កូន​តូច ដែលកើត​ហើយ។

[៦៥៣] អ្នកឯងលូនវារ ដូចជាពពែខ្វាក់​ក្នុងចំការស្ពៃ បុគ្គលណា ដេកខាង​ក្រោមទី​ដេក អំពើ​របស់បុគ្គល​នោះ យើងដឹង​ច្បាស់ហើយ។

ចប់ ថុសជាតក ទី៨។

ពាវេរុជាតក ទី៩

(៣៣៩. ពាវេរុជាតកំ (៤-៤-៩))

[៦៥៤] (ព្រះសាស្ដា ត្រាស់ថា) ជនទាំងឡាយ បានយកសាច់ និងផ្លែឈើ បូជា​ក្អែក​ក្នុងដែន​នោះ ព្រោះមិនទាន់​ឃើញសត្វក្ងោក ជាសត្វ​មានសីរ្ស៍ មានសំឡេង​ពីរោះ។

[៦៥៥] ក្ងោកជាសត្វបរិបូណ៌​ដោយសំឡេងពីរោះ បានមក​ដល់ដែន​ពាវេរុ ក្នុង​កាល​ណា លាភ និង​សក្ការៈ​របស់ក្អែក ក៏សាបសូន្យ​ក្នុងកាលនោះ។

[៦៥៦] ព្រះពុទ្ធជាធម្មរាជ ទ្រង់ធ្វើនូវពន្លឺ មិនទាន់​កើតឡើង​ដរាបណា ពួក​ជន​ឯទៀត បានបូជា​សមណព្រាហ្មណ៍​ដ៏ច្រើន ដរាបនោះ។

[៦៥៧] ព្រះពុទ្ធ ព្រះអង្គបរិបូណ៌​ដោយសំឡេង បានសំដែង​នូវព្រះធម៌​ក្នុង​កាលណា លាភ និង​សក្ការៈ​របស់​តិរ្ថិយ​ទាំងឡាយ ក៏សាប​សូន្យអស់​ក្នុងកាលនោះ។

ចប់ ពាវេរុជាតក ទី៩។

វិសយ្ហជាតក ទី១០

(៣៤០. វិសយ្ហជាតកំ (៤-៤-១០))

[៦៥៨] (សក្កទេវរាជ ត្រាស់ថា) នែវិសយ្ហសេដ្ឋី ក្នុងកាលមុន អ្នក​បានឲ្យ​ទាន​ទាំងឡាយ​ហើយ កាលអ្នក​ចេះតែឲ្យ សភាវៈ​អស់ទៅ​នៃភោគៈ​ទាំងឡាយ បានកើត​មានហើយ ខាងមុខ​អំពីនេះ​ទៅ បើអ្នក​មិនឲ្យ​ទានទេ ភោគសម្បត្តិ​ទាំងឡាយ​របស់អ្នក ដែល​ឈប់ឲ្យ ទើបគង់​នៅ។

[៦៥៩] (វិសយ្ហសេដ្ឋី ពោលថា) នែសហស្សនេត្រ ព្រះអរិយៈ​ទាំងឡាយ បាន​ពោលថា អំពើ​ដ៏លាមក អរិយជន​សូម្បីជាអ្នក​កំសត់ ក៏មិន​គប្បីធ្វើដែរ នែជនិន្ទ្រ យើង​លះបង់​ហើយនូវ​សេចក្ដី​ជឿក្នុងទាន ព្រោះហេតុ​តែទ្រព្យណា ទ្រព្យ​នោះពុំ​មាន​ដល់យើង​ឡើយ។

[៦៦០] រថមួយ បរទៅតាមផ្លូវណា រថឯទៀត ក៏បរទៅតាម​ផ្លូវនោះដែរ នែវាសវៈ កិច្ចវត្ត​ដែលយើង​បំពេញមក​ក្នុងកាលមុន ចូរប្រព្រឹត្ត​ទៅចុះ។

[៦៦១] បើទ្រព្យមាន យើងនឹងឲ្យបាន កាលបើ​ទ្រព្យមិនមាន យើង​នឹង​ឲ្យដូច​ម្ដេចកើត ថ្វីបើ​យើងជាអ្នក (ច្រូតស្មៅលក់) យើង​នៅតែ​ឲ្យទាន យើងមិន​ប្រហែស​ក្នុង​ទានទេ។

ចប់ វិសយ្ហជាតក ទី១០។

ចប់ កោកិលវគ្គ ទី៤។

ឧទ្ទាននៃកោកិលវគ្គនោះគឺ

និយាយអំពីបុគ្គលនិយាយហួសប្រមាណ ១ បុគ្គល​ផ្ចាញ់ខ្លួនឯង ១ ព្រះរាជា​ប្រសើរ​ក្នុងរថ​កណ្ដាលព្រៃ ១ គោដើរវៀច ១ ឆ្កែចចក ១ ស្ដេចត្រាស់​ថាស្មៅ ១ ជើងតាំង​ជាអាសនៈ​ដ៏ប្រសើរ ១ អង្ករ ១ សត្វក្ងោក ១ វិសយ្ហសេដ្ឋី ១ ត្រូវជា ១០។

ចុល្លកុណាលវគ្គ ទី៥

(៥. ចូឡកុណាលវគ្គោ)

កុណ្ឌលិកជាតក ទី១

(៣៤១. កណ្ឌរីជាតកំ (៤-៥-១))

[៦៦២] (ព្រះអង្គ ត្រាស់ថា) ស្ត្រីទាំងឡាយ អ្នកធ្វើនូវសេចក្ដី​ត្រេកអរ ចំពោះ​បុរស​ទាំងឡាយ ជាស្ត្រី​មានចិត្ត​ច្រើនផង ផ្ទញ់ផ្ទាល់​មិនបានផង ប្រសិនបើ​ស្រ្តីទាំងអស់ ធ្វើនូវ​សេចក្ដី​ពេញចិត្ត (ចំពោះបុរស) ដោយខ្លួនឯង​ក៏ដោយ បុរស​មិនគប្បី​ទុកចិត្តទេ ព្រោះថា ស្រី​ទាំងឡាយ ស្មើដោយ​កំពង់ទឹក។

[៦៦៣] ហេតុនៃសេចក្ដីធុញទ្រាន់ណា នៃព្រះរាជា​ទ្រង់ព្រះនាម​កិន្នរៈ និង​នាងទេវី​ទ្រង់​ព្រះនាម​កិន្នរី (ហេតុនៃ​សេចក្ដី​ធុញទ្រាន់នោះ) បុគ្គល​ឃើញហើយ (គប្បី​ដឹងចុះ) ស្រីទាំងពួង រមែង​មិនត្រេកអរ (នឹងស្វាមី) ក្នុងផ្ទះ​របស់ខ្លួន នាង​កិន្នរីទេវី ជា​ភរិយា លះបង់នូវ​ព្រះរាជា​កិន្នរៈនោះ ជាស្វាមី​ប្រាកដ​ដូច្នោះ ព្រោះតែ​ឃើញ​នូវ​បុរសខ្វិន​ដទៃ។

[៦៦៤] នាងបញ្ចបាបី ជាភរិយារបស់ព្រះបាទ​ពកៈ​ផង របស់​ព្រះបាទ​ពាវរិកៈ​ផង ដែលលុះ​ក្នុងកាម​ដ៏ជ្រុលពេក ក៏បាន​ប្រព្រឹត្ត​បទ​មិនគួរ ជាមួយ​នឹងបុរស​អ្នកបម្រើ ធ្វើម្ដេច​ហ្ន៎ ស្រ្ដីមិន​ប្រព្រឹត្ត​បទមិនគួរ នឹងបុរស​ដទៃនោះ។

[៦៦៥] អគ្គមហេសីឈ្មោះនាង​បិយង្គានី ជាទីគាប់​ព្រះហឫទ័យ​របស់​ព្រះបាទ​ព្រហ្មទត្ត ជាធំក្នុង​លោកទាំងមូល បានប្រព្រឹត្ត​បទមិន​គួរជាមួយ​នឹងបុរស​អ្នកឃ្វាល​សេះ​មង្គល ជាអ្នក​បម្រើនៃអគ្គ​មហេសី​នោះ ជាស្រី​ប្រាថ្នាកាម ក៏មិនបាន​នូវបុរសអ្នក​ឃ្វាលសេះ​នោះផង (នូវទី​ជា​អគ្គមហេសី​ផង)។

ចប់ កុណ្ឌលិកជាតក ទី១។

វានរជាតក ទី២

(៣៤២. វានរជាតកំ (៤-៥-២))

[៦៦៦] (ពានរពោធិសត្វ ពោលថា) នែសត្វទឹកក្រពើ អញអាច​រើ​ខ្លួន​អំពីទឹក​មកលើ​គោកហើយ ឥឡូវនេះ អញមិន​លុះអំណាច​នៃអ្នកឯង​ទៀតទេ។

[៦៦៧] ផ្លែឈើទាំងឡាយណា ដែលយើង​គប្បីទៅកាន់​ត្រើយនៃសមុទ្រ ហើយស៊ី​ផ្លែឈើ​ទាំងឡាយ​នោះ គឺផ្លែស្វាយ ផ្លែព្រីង ផ្លែខ្នុរ មិនគួរ​ដល់យើង​ឡើយ ឯផ្លែល្វា​របស់​យើង ទើបប្រសើរ​ជាង។

[៦៦៨] បុគ្គលណា មិនដឹងហេតុដែល​កើតឡើងភ្លាម ៗ ទេ បុគ្គនោះ គង់លុះ​ក្នុងអំណាច​សត្រូវផង រមែងក្ដៅ​ក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

[៦៦៩] បុគ្គលណា ដឹងនូវហេតុដែលកើត​ឡើងភ្លាម បុគ្គលនោះ គង់​រួចចាក​សេចក្ដី​ចង្អៀត គឺសត្រូវ​ផង មិនក្ដៅ​ក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

ចប់ វានរជាតក ទី២។

កុន្តិនីជាតក ទី៣

(៣៤៣. កុន្តិនីជាតកំ (៤-៥-៣))

[៦៧០] (មេក្រៀលទូលស្ដេចថា) ខ្ញុំនៅអាស្រ័យ​ក្នុងព្រះរាជ​ដំណាក់​របស់ព្រះអង្គ ៗ ធ្វើសក្ការ​បូជា​ជានិច្ច ឥឡូវនេះ ព្រះអង្គបាន​ធ្វើ (នូវហេតុ​ឲ្យខ្ញុំចេញទៅ) បពិត្រ​មហារាជ បើដូច្នោះ ខ្ញុំព្រះអង្គ​នឹងទៅ។

[៦៧១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា (ដឹង) អំពើ​អាក្រក់ ដែលអ្នក​ដទៃធ្វើ​ហើយ​ចំពោះខ្លួន (ដឹង) អំពើ​អាក្រក់តប ដែលខ្លួន​ធ្វើតបតវិញ ពៀរ​របស់​បុគ្គល​នោះ រមែង​ស្ងប់រម្ងាប់​ដោយ​អាការ​យ៉ាងនេះ នែនាងក្រៀល ចូរនាង​នៅចុះ កុំទៅ​ឡើយ។

[៦៧២] (មេក្រៀល និយាយថា) មិត្តភាពនៃបុគ្គល​ដែលត្រូវ​គេធ្វើ និង​បុគ្គលអ្នកធ្វើ (តប) រមែងមិន​តគ្នាទៀត​បានឡើយ ចិត្តរបស់​ខ្ញុំ មិនយល់​តាមទេ បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ ខ្ញុំនឹងទៅ​មិនខាន។

[៦៧៣] (ព្រះរាជា ត្រាស់ថា) មិត្តភាពរបស់បុគ្គល​ដែលត្រូវ​គេធ្វើ និង​បុគ្គល​អ្នកធ្វើ (តប) រមែង​តគ្នាទៀត​បានចំពោះ​ពួកជន​ជាអ្នកប្រាជ្ញ មិនចំពោះ​ពួកជន​ពាលទេ ម្នាល​នាងក្រៀល នាងចូរ​នៅចុះ នាងកុំទៅ​ឡើយ។

ចប់ កុន្តិនីជាតក ទី៣។

អម្ពជាតក ទី៤

(៣៤៤. អម្ពជាតកំ (៤-៥-៤))

[៦៧៤] (សេដ្ឋីធីតាទី១ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ ចូរលុះ​ក្នុងអំណាច​នៃបុរសដែល​ប្រដាប់ដោយ​វត្ថុសម្រាប់​ធ្វើសក់ឲ្យខ្មៅ លំបាក​ដោយ​សណ្ឌាស​ចុះ (បានប្ដីចាស់)។

[៦៧៥] (សេដ្ឋីធីតាទី២ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រី​បែបនោះ ទោះបី​អាយុដល់ ២០ ឆ្នាំ ឬ ២៥ ឆ្នាំ ឬក៏​ថយពី ៣០ ឆ្នាំ ក៏កុំឲ្យ​បានប្ដី​ឡើយ។

[៦៧៦] (សេដ្ឋីធីតាទី៣ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ​តែម្នាក់ឯង ពឹងផ្អែក​តែនឹងប្ដី ហើយដើរ​ទៅកាន់​ផ្លូវឆ្ងាយ កុំឲ្យចួប​នឹងប្ដី​ក្នុងទី​ដែលសន្យា​គ្នាឡើយ។

[៦៧៧] (សេដ្ឋីធីតាទី៤ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ​មានខ្លួន​ប្រដាប់​ហើយ មាន​សំលៀក​បំពាក់​ដ៏ស្អាត ទ្រទ្រង់​កម្រងផ្កា ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍ ចូរដេក​នៅលើទី​ដេកតែម្នាក់​ឯងចុះ។

ចប់ អម្ពជាតក ទី៤។

គជកុម្ភជាតក ទី៥

(៣៤៥. គជកុម្ភជាតកំ (៤-៥-៥))

[៦៧៨] (អាមាត្យពោធិសត្វ ពោលថា) កាលណាភ្លើង 2) ឆេះពៃ្រ ម្នាលបចលកៈ អ្នកនឹងធ្វើដូចម្ដេច បើអ្នកមានសេចក្ដីព្យាយាមយឺតយូរយ៉ាងនេះ។

[៦៧៩] (គជកុម្ភៈ (ខ្យងសោក) ពោលថា) ប្រហោងឈើ ក្រហែងដី​មានច្រើន បើយើង​ទៅមិនដល់​ទីទាំងនោះទេ យើងទៀង​តែស្លាប់។

[៦៨០] (ពោធិសត្វ ពោលថា) បុគ្គលណា រហ័សរហួន​ក្នុងកាល​ដែលខ្លួន​ធ្វើ​ការងារ​យឺតយូរ​ផង យឺតយូរ​ក្នុងការងារ​ដែលគេ​ត្រូវធ្វើឲ្យ​រហ័សរហួន​ផង បុគ្គលនោះ ឈ្មោះថា បំបាក់​នូវប្រយោជន៍​របស់ខ្លួន​ចោល ដូចជា​បុរសដើរ​ជាន់ស្លឹក​ត្នោតស្ងួតឲ្យ​ខ្ទេច​ដូច្នោះ។

[៦៨១] បុរសណា យឺតយូរក្នុងការងារ​ដែលខ្លួនត្រូវ​ធ្វើឲ្យយឺតយូរ​ផង រហ័ស​រហួន​ផង ក្នុងការងារ​ដែលខ្លួនធ្វើ​ឲ្យរហ័សផង ប្រយោជន៍​របស់បុរស​នោះ តែងពេញ​គ្រប់គ្រាន់ ដូចជា​ព្រះចន្ទ្រ​វែករាត្រី (ឲ្យលេចពន្លឺ​ធំម្ដងបន្តិច ៗ )។

ចប់ គជកុម្ពជាតក ទី៥។

កេសវជាតក ទី៦

(៣៤៦. កេសវជាតកំ (៤-៥-៦))

[៦៨២] (នារទាមាត្យ ទូលសួរកេសវតាបសថា) កេសវតាបសមាន​ព្រះភាគ (របស់​យើងខ្ញុំ) នេះ លះបង់​ព្រះបាទ​ពារាណសី ជាធំ​ជាងមនុស្ស អ្នកឲ្យ​សំរេច​សេចក្ដី​ប្រាថ្នា​ទាំងពួង ហើយ​ត្រេកអរ​សប្បាយ​ក្នុងអាស្រម​របស់កូន​សិស្សឈ្មោះ​កប្បកៈ តើ​ដោយ​ឧបាយ​ដូចម្ដេច។

[៦៨៣] (កេសវតាបស និយាយថា) ម្នាលអាមាត្យ រសទាំងឡាយ​ដ៏ឆ្ងាញ់ គួររីករាយ​ក៏មាន ដើមឈើ​ទាំងឡាយ ជាទី​រីករាយ​ចិត្ត​ក៏មាន ពាក្យជា​សុភាសិត​ទាំងឡាយ​របស់​កប្បកៈ តែងធ្វើ​ឲ្យអាត្មា​ត្រេកអរ​បាន។

[៦៨៤] (នារទាមាត្យ ពោលថា) លោកម្ចាស់ ឆាន់ចង្ហាន់​ស្រូវសាលី ដែលលាយ​នឹងសាច់​ដ៏ស្អាត ហេតុដូចម្ដេច បានជា​ស្រងែរ និង​ស្មៅគែលលក​ដែល​មិនមាន​រសប្រៃ​សោះ ធ្វើឲ្យលោកម្ចាស់​ត្រេកអរ​បាន។

[៦៨៥] (កេសវតាបស និយាយ​តបថា) បុគ្គលមាន​សេចក្ដី​ស្និទ្ធស្នាល បរិភោគ​ភោជន​ទោះបី​ឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែង​ណា ភោជន (ណាមួយ​ដែល​បុគ្គល​បរិភោគ​ហើយ ក្នុងទី​កន្លែងនោះ ជាភោជន​ប្រសើរ) ព្រោះរស មានសេចក្ដី​ស្និទ្ធស្នាល​ជាយ៉ាង​ក្រៃលែង។

ចប់ កេសវជាតក ទី៦។

អយកូដជាតក ទី៧

(៣៤៧. អយកូដជាតកំ (៤-៥-៧))

[៦៨៦] (ពោធិសត្វ ពោលថា) អ្នកណា ឈរកាន់ញញួរ​ដែកទាំងមូល​ធំហួស​ប្រមាណ លើអាកាស អ្នកនោះ​មកឋិតនៅ ដើម្បី​រក្សាអញ (ក្នុងថ្ងៃនេះ) ឬព្យាយាម ដើម្បី​សម្លាប់​អញ។

[៦៨៧] (យក្ស ពោលថា) បពិត្រមហារាជ ខ្ញុំព្រះអង្គ​ជាទូតរបស់​អារក្សទឹក ខ្ញុំព្រះអង្គ​ត្រូវពួក​អារក្ស​ទឹកប្រើមកក្នុង​ទីនេះ ដើម្បីសម្លាប់​ព្រះអង្គ តែថា ព្រះឥន្ទ្រ​ជាស្ដេច​ទេវតា​រក្សាព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គ​នឹងបំបែក​ព្រះសិរ្ស៍​របស់ព្រះអង្គ​មិនបានទេ។

[៦៨៨] (ពោធិសត្វ ពោលថា) បើទេវរាជ ទេវានមិន្រ្ទ មឃវៈ សុជម្បតិ រក្សានូវ​អញ ម្នាល​បិសាច អារក្សទាំងអស់ ចូរបន្លឺ​ឡើងតាម​សេចក្ដី​ប្រាថ្នាចុះ យ៉ាងអញ​មិនតក់ស្លុត ចំពោះ​ពួក​អារក្សទឹក​ទេ។

[៦៨៩] ពួកកុម្ភណ្ឌ និងពួកបិសាច​នៅលើគំនរ​សំរាម​ទាំងអស់ ចូរកំចាត់​តាម​សេចក្ដី​ប្រាថ្នាចុះ នែបិសាច ពួកបិសាច​ទាំងអស់ មិនអាច​ដើម្បីច្បាំង​នឹងអញ​បានទេ ការបន្លាច​គួរឲ្យខ្លាច​នោះធំ​ណាស់ (តែអញ​មិនខ្លាច​ឯងទេ)។

ចប់ អយកូដជាតក ទី៧។

អរញ្ញជាតក ទី៨

(៣៤៨. អរញ្ញជាតកំ (៤-៥-៨))

[៦៩០] (តាបសកុមារ និយាយប្រាប់បិតាថា) បពិត្របិតា ខ្ញុំបាទ​ចេញ​អំពីព្រៃ មករក​ស្រុកវិញ គួរសេពគប់​នឹងបុរស​មានមារយាទ​ដូចម្ដេច មានវត្ត​ប្រតិបត្តិ​ដូចម្ដេច ខ្ញុំបាទ​សួរហើយ សូមបិតា​ប្រាប់ហេតុ​នោះ (ដល់ខ្ញុំ) ឲ្យទាន។

[៦៩១] (តាបសពោធិសត្វជាបិតា ប្រាប់ថា) ម្នាលកូន បុរសណា គប្បី​ស្និទ្ធស្នាល​នឹងអ្នក គប្បីអត់​ទ្រាំនូវសេចក្ដី​ស្និទ្ធស្នាល​របស់អ្នក ជាអ្នកចង់​ស្ដាប់ពាក្យ​របស់អ្នក អត់ទោស​ដល់អ្នក អ្នកទៅ​អំពីព្រៃនេះទៅ ចូរសេពគប់​នឹងបុរស​នោះចុះ។

[៦៩២] បុរសណា មិនមានអំពើអាក្រក់ដោយ​កាយ វាចា ចិត្ត បើអ្នក​ចេញ​អំពីព្រៃ​នេះទៅ អ្នកចូរ​សេពគប់​បុរសនោះចុះ ធ្វើដូចជា កូនដែលតាំង​នៅឰដ៏ទ្រូង។

[៦៩៣] បើផ្ទៃជម្ពូទ្វីបនេះ គ្មានមនុស្សអ្នក​វៀរចាក​កាយទុច្ចរិត​ជាដើមទេ ម្នាលកូន អ្នក​កុំសេពគប់​នឹងបុរស​ដែលមាន​ចិត្តដូច​ទឹកល្មៀត​ជាគ្រឿង​ជ្រលក់ (មានចិត្ត​មិនបាន​ខ្ជាប់ខ្លួន) មានចិត្ត​ដូចជាអាការ​នៃស្វា ជួនត្រេកអរ ជួនមិន​ត្រេកអរ (ប្រែប្រួល​ភ្លាម ៗ) ប្រាកដ​ដូច្នោះ​ឡើយ។

ចប់ អរញ្ញជាតក ទី៨។

សន្ធិភេទជាតក ទី៩

(៣៤៩. សន្ធិភេទជាតកំ (៤-៥-៩))

[៦៩៤] (ព្រះរាជា មានព្រះឱង្ការ​នឹងសារថីថា) ម្នាលសារថី សេចក្ដី​ស្មើគ្នា (របស់​សត្វ​ទាំងពីរ) ក្នុងសត្វញី​ទាំងឡាយ មិនមាន ​ក្នុងចំណី​អាហារ​ទាំងឡាយ ក៏មិន​មានដែរ អ្នកចូរ​មើលគំនិត​របស់​ចចក​អ្នកបំបែក​នូវតំណ​នៃមិត្រនោះ គិតមើល​ឲ្យល្អចុះ។

[៦៩៥] ពួកម្រឹគអធម៌ (ចចក) ស៊ីគោផង ស៊ីសីហៈផង ព្រោះសេចក្ដី​ញុះញង់ណា សេចក្ដី​ញុះញង់នោះ រមែង​ប្រែប្រួល​ដូចជា​ដាវមុត​ក្នុងសាច់។

[៦៩៦] ម្នាលសារថី អ្នកឃើញកិរិយា​ដេកស្លាប់ (នៃសត្វទាំងពីរ) នេះ បុគ្គលណា ជឿពាក្យ​របស់បុគ្គល​អ្នកញុះញង់ បំបែក​នូវតំណ​នៃមិត្រ បុគ្គលនោះ រមែង​ដេកស្លាប់​យ៉ាងនេះ (ពុំខាន)។

[៦៩៧] ម្នាលសារថី ពួកជនណា មិនជឿពាក្យញុះញង់​របស់អ្នក​បំបែក​នូវតំណ​នៃមិត្រ ពួកជននោះ តែងបាន​នូវសេចក្ដី​សុខ ដូចជា​ពួកនរជន​អ្នកទៅកើត​ក្នុង​ឋានសួគ៌​ដូច្នោះ។

ចប់ សន្ធិភេទជាតក ទី៩។

ទេវតាបញ្ហជាតក ទី១០

(៣៥០. ទេវតាបញ្ហជាតកំ (៤-៥-១០))

[៦៩៨] (ទេវតា សួរថា) បុគ្គលណា ប្រហារ​ដោយដៃ​ទាំងពីរផង ដោយជើង​ទាំងពីរផង ប្រហារ​នូវមាត់ផង បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​នៃគេ ហេតុនោះ ព្រះអង្គយល់ថា​បុគ្គលណា។

[៦៩៩] បុគ្គលណា ជេរប្រទេច​តាមសេចក្ដីប្រាថ្នា តែមិនប្រាថ្នា​នូវការ​មកដល់​បុគ្គល​នោះ បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

[៧០០] បុគ្គលណា ពោលបង្កាច់ដោយពាក្យមិនពិត ប្រកាស​ប្រាប់ឲ្យ​ឮដោយ​ពាក្យ​ឡូឡា បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

[៧០១] ពួកអ្នកនាំយកទៅ បាននាំយក​បាយផង ទឹកផង សំពត់ និង​សេនាសនៈ​ទាំងឡាយ​ផង ដោយពិត បពិត្រ​មហារាជ ពួកអ្នក​នាំយកទៅ​នោះ ជាទី​ស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

ចប់ ទេវតាបញ្ហជាតក ទី១០។

ចប់ ចុល្លកុណាលវគ្គ ទី៥។

ឧទ្ទាននៃចុល្លកុណាលវគ្គនោះគឺ

និយាយអំពីស្រីធ្វើសេចក្ដីត្រេកអរ​ដល់ពួកបុរស ១ ព្រះពោធិសត្វ​បានរើខ្លួន ១ មេក្រៀល​នៅក្នុង​ដំណាក់​ស្ដេច ១ វត្តុធ្វើ​សក់ឲ្យខ្មៅ ១ ភ្លើងដ៏ប្រសើរ ១ រសទាំងឡាយ ១ ញញួរដែក​ដ៏ប្រសើរ ១ ការចេញ​អំពីព្រៃ ១ នាយសារថី ១ ប្រហារ​ដោយដៃ ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គក្នុងចតុក្កនិបាតនោះគឺ

កាលិង្គវគ្គ ១ បុចិមន្ទវគ្គ ១ កុដិទូសកវគ្គ ១ កោកិលវគ្គ ១ ចុល្លកុណាលវគ្គ គំរប់ជា ៥ លោកសំដែង​ល្អហើយ។

ចប់ ចតុក្កនិបាត។

ចប់ ភាគ៥៨ ។

 

លេខយោង

1)
ឮទុភ ៗ។
2)
អគ្គិ បាវកោ គណ្ហវត្តនី ទាំង៣សព្ទនេះ ជាឈ្មោះនៃភ្លើងតែម្យ៉ាង។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.v04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann