តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចតុក្កនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v04 04 បាលី cs-km: sut.kn.jat.v04.04 អដ្ឋកថា: sut.kn.jat.v04.04_att PTS: ?
កោកិលវគ្គ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. កោកិលវគ្គោ)
(៣៣១. កោកិលជាតកំ (៤-៤-១))
[៦២២] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលណានិយាយហួសប្រមាណ ក្នុងកាលដែលមិនសម្រេច (លទ្ធផល) បុគ្គលនោះ ត្រូវគេកំចាត់ចេញ ដេកនៅតែម្នាក់ឯង ដូចកូនតាវ៉ៅ (ដែលមេក្អែកចឹកកំចាត់ចេញ)។
[៦២៣] កាំបិតទុកជាគេសំលៀងមុតហើយ ឬថ្នាំពិសដ៏ក្លាខ្លាំង ក៏មិនទាញបុគ្គលឲ្យធ្លាក់ចុះ ដូចវាចាជាទុព្ភាសិតទេ។
[៦២៤] ហេតុនោះ អ្នកប្រាជ្ញគួររក្សាវាចាទុក ក្នុងកាលដែលគួរ និងកាលមិនគួរ មិនគួរនិយាយហួសប្រមាណ សូម្បីចំពោះបុគ្គលដែលស្មើនឹងខ្លួន។
[៦២៥] ចំណែកបុគ្គលណាមានគំនិតគិតទុកមុន មានប្រាជ្ញាជាគ្រឿងពិចារណា និយាយល្មមប្រមាណ ក្នុងកាលគួរ បុគ្គលនោះ អាចចាប់សត្រូវទាំងពួងបាន ដូចគ្រុឌចាប់នាគដូច្នោះ។
ចប់ កោកាលិកជាតក ទី១។
(៣៣២. រថលដ្ឋិជាតកំ (៤-៤-២))
[៦២៦] (អាមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជា បុគ្គលខ្លះប្រហារខ្លួន ដោយខ្លួនឯង ហើយនិយាយថា គេប្រហារក៏មាន ផ្ចាញ់គេហើយនិយាយថា គេផ្ចាញ់ខ្លួនក៏មាន អ្នកប្រាជ្ញកុំគប្បីជឿពាក្យនៃអ្នកនិយាយមុនដោយដាច់ខាតឡើយ។
[៦២៧] ហេតុនោះ បណ្ឌិតជាតិ គួរស្ដាប់ពាក្យរបស់បុគ្គលក្រៅពីនេះផង លុះស្ដាប់ពាក្យរបស់ជនទាំងពីរនាក់ហើយ គប្បីធ្វើតាមច្បាប់ចុះ។
[៦២៨] គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនប្រពៃ អ្នកបួសមិនសង្រួម មិនប្រសើរ ព្រះរាជាមិនពិចារណាហើយធ្វើ មិនប្រសើរ បណ្ឌិតដែលជាអ្នកច្រើនក្រោធ ក៏ពុំប្រសើរ។
[៦២៩] បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រិយ៍គប្បីពិចារណាហើយសឹមធ្វើ បើមិនទាន់ពិចារណា មិនត្រូវធ្វើទេ យសក្ដី កិត្តិស័ព្ទក្ដី រមែងចំរើនដល់ព្រះរាជា ដែលពិចារណាហើយទើបធ្វើ។
ចប់ រថលដ្ឋិជាតក ទី២។
(៣៣៣. បក្កគោធជាតកំ (៤-៤-៣))
[៦៣០] (នាងទេវី ក្រាបបង្គំទូលថា) ព្រះអង្គណា ដែលមានព្រះខ័នសៀត ទ្រង់ស្អិតស្អាងហើយ ទ្រទ្រង់នូវសំពត់តិរីដិ ទ្រង់មានទន្សងឆ្អើរ បានបោលទៅអំពីមែកអស្សត្ថព្រឹក្ស ព្រះអង្គនោះ ទ្រង់ប្រសើរក្នុងរថ គឺខ្ញុំដឹងច្បាស់ហើយ ក្នុងកណ្ដាលព្រៃ ក្នុងកាលនោះឯង។
[៦៣១] (ពោធិសត្វ ពោលថា) បុគ្គលគប្បីសំពះបុគ្គលអ្នកសំពះខ្លួន គប្បីសេពគប់បុគ្គលអ្នកសេពគប់ខ្លួន គប្បីធ្វើកិច្ចរបស់បុគ្គលដែលជួយធ្វើកិច្ចខ្លួន មិនគប្បីធ្វើនូវសេចក្ដីចំរើនដល់បុគ្គលអ្នកប្រាថ្នាសេចក្ដីវិនាស មិនគប្បីគប់រកនូវបុគ្គលដែលមិនគប់រក (ខ្លួននោះឡើយ)។
[៦៣២] គប្បីលះបង់នូវបុគ្គល ដែលលះបង់ខ្លួន មិនគប្បីធ្វើនូវសេចក្ដីស្រឡាញ់ដោយតណ្ហា (ក្នុងបុគ្គលនោះ) មិនគប្បីគប់រកនូវបុគ្គលដែលមានចិត្តរវើរវាយ ដូចសត្វបក្សីដឹងថា ឈើមានផ្លែអស់ហើយ (ហើរទៅរកដើមឈើដែលមានផ្លែបរិបូណ៌) គប្បីរមិលមើលបុគ្គលដទៃ ព្រោះថា លោកសន្និវាសធំណាស់។
[៦៣៣] (ព្រះរាជា ត្រាស់ថា) យើងនោះ ជាក្សត្រិយ៍ កាលឃើញនូវភាពនៃកតញ្ញូ នឹងធ្វើតបដល់នាងតាមសមត្ថភាព យើងនឹងឲ្យឥស្សរិយយសទាំងអស់ដល់នាង នាងចង់បានរបស់ណា យើងនឹងឲ្យរបស់នោះដល់នាង។
ចប់ គោធជាតក ទី៣។
(៣៣៤. រាជោវាទជាតកំ (៤-៤-៤))
[៦៣៤] (ព្រះពោធិសត្វ ពោលថា) កាលដែលពួកគោញីឆ្លងដើរទៅ បើគោមេហ្វូងដើរវៀច ពួកគោញី ក៏ដើរវៀចតាមដែរ ព្រោះគោមេហ្វូងដើរវៀចនោះ។
[៦៣៥] ក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ មនុស្សណា ដែលគេសន្មតថា ប្រសើរជាងគេ បើមនុស្សនោះ ប្រព្រឹត្តអធម៌ នឹងបាច់និយាយទៅថ្វី ដល់ប្រជាជនឯទៀត បើព្រះរាជាជាអ្នកប្រព្រឹត្តអធម៌ រាស្រ្តទាំងអស់ រមែងដេកជាទុក្ខ។
[៦៣៦] កាលដែលពួកគោញីដើរឆ្លងទៅ បើគោមេហ្វូងដើរត្រង់ ពួកគោញីទាំងអស់ ក៏ដើរត្រង់ដែរ កាលបើគោមេហ្វូងនាំដើរទៅត្រង់។
[៦៣៧] ក្នុងពួកមនុស្សក៏យ៉ាងនោះដែរ មនុស្សណា ដែលគេសន្មតថា ប្រសើរជាងគេ បើមនុស្សនោះ ប្រព្រឹត្តិធម៌ នឹងបាច់និយាយទៅថ្វី ដល់ប្រជាជនក្រៅនេះ បើព្រះរាជាជាអ្នកប្រព្រឹត្តធម៌ រាស្រ្តទាំងអស់ក៏ដេកជាសុខ។
ចប់ រាជោវាទជាតក ទី៤។
(៣៣៥. ជម្ពុកជាតកំ (៤-៤-៥))
[៦៣៨] (រាជសីហ៍ និយាយថា) នែចចក ដំរីនោះធំណាស់ មានកាយក៏ខ្ពស់ មានភ្លុកក៏វែង ពួកសត្វកើតក្នុងត្រកូលរាជសីហ៍ណា រមែងចាប់ដំរីបាន អ្នកឯងមិនមែនកើតក្នុងត្រកូលរាជសីហ៍នោះទេ។
[៦៣៩] សត្វណា មិនមែនជារាជសីហ៍ ក្លែងខ្លួនដោយមានះថា អញជារាជសីហ៍ សត្វនោះ រមែងដេកថ្ងូរលើផែនដី ដូចជាចចកមកកាន់ដំរី (ត្រូវដំរីជាន់)។
[៦៤០] ចចកនេះ មិនដឹងកំឡាំងកាយ កំឡាំងប្រាជ្ញា និងកំណើតរបស់សីហៈ ដែលជាសត្វមានយស ជាសត្វឧត្តម ជាសត្វមានខ្លួនមាំមួន ជាសត្វមានកំឡាំងខ្លាំងសោះ ទើបត្រូវដំរីជាន់ស្លាប់។
[៦៤១] ក្នុងលោកនេះ បុគ្គលណា បានពិចារណាឲ្យដឹងច្បាស់នូវកំឡាំងកាយ និងកំឡាំងប្រាជ្ញាក្នុងខ្លួន ជាអ្នកកំណត់ដោយការស្វាធ្យាយ ដោយការប្រឹក្សា ដោយសុភាសិត (ជាមុន) ទើបធ្វើការងារ បុគ្គលនោះឈ្មោះថា ឈ្នះនូវប្រយោជន៍ធំ គឺមិនសាបសូន្យប្រយោជន៍។
ចប់ ជម្ពុកជាតក ទី៥។
(៣៣៦. ព្រហាឆត្តជាតកំ (៤-៤-៦))
[៦៤២] (អាមាត្យពោធិសត្វ ទូលថា) ព្រះអង្គត្រាស់ថា ស្មៅ ៗ ដូច្នេះ តើនរណាហ្ន៎ លួចយកស្មៅរបស់ព្រះអង្គទៅ ហេតុដូចម្តេច បានជាព្រះអង្គមានកិច្ចដោយស្មៅ ទើបត្រាស់រកតែស្មៅប៉ុណ្ណោះ។
[៦៤៣] (ព្រះបាទពារាណសី ត្រាស់ថា) តាបសឈ្មោះឆត្ត មានរាងកាយដ៏ខ្ពស់ ជាព្រហ្មចារីបុគ្គល ជាពហូស្សូត បានមកក្នុងទីនេះ លោកបានប្រមូលទ្រព្យរបស់យើងទាំងអស់ រួចដាក់ស្មៅ (ក្នុងពាងទាំងឡាយ) ហើយទៅបាត់។
[៦៤៤] (ព្រះពោធិសត្វ ពោលថា) ការកាន់យកទ្រព្យទាំងអស់ របស់ខ្លួនក្ដី ការមិនកាន់យកស្មៅ (ដែលមិនគួរយកទៅ) នេះក្ដី ជាកិច្ចដែលអ្នកប្រាថ្នានូវទ្រព្យដ៏ច្រើន ដោយយកស្មៅបន្តិចបន្តួច (ជាលេស) គប្បីធ្វើយ៉ាងនេះឯង (ព្រោះហេតុនោះ) ឆត្តតាបស ដាក់ស្មៅក្នុងពាងទាំងឡាយ ហើយទៅបាត់ ចុះការខ្សឹកខ្សួលធ្វើអ្វី ក្នុងរបស់នោះ។
[៦៤៥] (ព្រះបាទពារាណសី ត្រាស់ថា) ពួកលោកអ្នកមានសីលធម៌ មិនធ្វើបែបនេះទេ ចំណែកមនុស្សពាល ទើបធ្វើសីលធម៌ទាំងឡាយរបស់ខ្លួន (ឲ្យអាក្រក់) ភាពជាបណ្ឌិត នឹងធ្វើខ្លួនឲ្យជាបុគ្គលអ្នកទ្រូស្តសីល មានសីលមិនខ្ជាប់ខ្លួន ដូចម្ដេចកើត។
ចប់ ព្រហាឆត្តជាតក ទី៦។
(៣៣៧. បីឋជាតកំ (៤-៤-៧))
[៦៤៦] (ពារាណសីសេដ្ឋី ពោលថា) យើងខ្ញុំទាំងឡាយមិនបានប្រគេនតំាង មិនបានប្រគេនទឹក ទាំងមិនបានប្រគេនភោជនាហារដល់លោក សូមលោកជាព្រហ្មចារីអត់ទោសដល់ខ្ញុំ ខ្ញុំឃើញទោសនុ៎ះហើយ។
[៦៤៧] (ពោធិសត្វ ពោលថា) អាត្មាមិនជាប់ចំពាក់ផង មិនខឹងផង ទាំងវត្តុតិចតួច ដែលមិនជាទីស្រឡាញ់របស់អាត្មា ក៏មិនមានឡើយ មួយទៀត អាត្មាមានសេចក្ដីត្រិះរិះ ក្នុងចិត្តថា ធម្មតា នៃត្រកូលប្រាកដដូច្នេះ ដោយពិត។
[៦៤៨] (សេដ្ឋី ពោលថា) យើងខ្ញុំបានប្រគេនអាសនៈ ប្រគេនទឹក ប្រគេនប្រេងសម្រាប់លាងជើងទាំងអស់នេះ នេះជាធម្មតារបស់ឪពុក និងជីតា ក្នុងត្រកូលរបស់យើងខ្ញុំ សព្វ ៗ កាល។
[៦៤៩] យើងខ្ញុំនឹងបម្រើ (សមណព្រាហ្មណ៍អ្នកប្រព្រឹត្តធម៌ល្អ) ដូចជាញាតិជាន់ខ្ពស់ ដោយសេចក្ដីគោរព នេះជាធម្មតារបស់ឪពុក និងជីតាក្នុងត្រកូលរបស់យើងខ្ញុំ សព្វ ៗ កាល។
ចប់ បីឋជាតក ទី៧។
(៣៣៨. ថុសជាតកំ (៤-៤-៨))
[៦៥០] (ព្រះរាជា ទ្រង់ត្រាស់ថា) កណ្ដុរទាំងឡាយ ស្គាល់ច្បាស់នូវអង្កាម ស្គាល់ច្បាស់នូវអង្ករ កណ្ដុរទាំងឡាយ វៀរបង់នូវអង្កាម ស៊ីតែអង្ករ។
[៦៥១] ការប្រឹក្សាគ្នាណាក្នុងព្រៃ ការខ្សឹបណាក្នុងស្រុក ទាំងការគិត (ប្រុងប្រហារ) ណា រឿងទាំងនេះ អញដឹងច្បាស់ហើយ។
[៦៥២] ឮថាទំនៀម ស្វាជាឪពុក តែងយកធ្មេញទៅខាំផ្ដាច់នូវអង្គជាតរបស់កូនតូច ដែលកើតហើយ។
[៦៥៣] អ្នកឯងលូនវារ ដូចជាពពែខ្វាក់ក្នុងចំការស្ពៃ បុគ្គលណា ដេកខាងក្រោមទីដេក អំពើរបស់បុគ្គលនោះ យើងដឹងច្បាស់ហើយ។
ចប់ ថុសជាតក ទី៨។
(៣៣៩. ពាវេរុជាតកំ (៤-៤-៩))
[៦៥៤] (ព្រះសាស្ដា ត្រាស់ថា) ជនទាំងឡាយ បានយកសាច់ និងផ្លែឈើ បូជាក្អែកក្នុងដែននោះ ព្រោះមិនទាន់ឃើញសត្វក្ងោក ជាសត្វមានសីរ្ស៍ មានសំឡេងពីរោះ។
[៦៥៥] ក្ងោកជាសត្វបរិបូណ៌ដោយសំឡេងពីរោះ បានមកដល់ដែនពាវេរុ ក្នុងកាលណា លាភ និងសក្ការៈរបស់ក្អែក ក៏សាបសូន្យក្នុងកាលនោះ។
[៦៥៦] ព្រះពុទ្ធជាធម្មរាជ ទ្រង់ធ្វើនូវពន្លឺ មិនទាន់កើតឡើងដរាបណា ពួកជនឯទៀត បានបូជាសមណព្រាហ្មណ៍ដ៏ច្រើន ដរាបនោះ។
[៦៥៧] ព្រះពុទ្ធ ព្រះអង្គបរិបូណ៌ដោយសំឡេង បានសំដែងនូវព្រះធម៌ក្នុងកាលណា លាភ និងសក្ការៈរបស់តិរ្ថិយទាំងឡាយ ក៏សាបសូន្យអស់ក្នុងកាលនោះ។
ចប់ ពាវេរុជាតក ទី៩។
(៣៤០. វិសយ្ហជាតកំ (៤-៤-១០))
[៦៥៨] (សក្កទេវរាជ ត្រាស់ថា) នែវិសយ្ហសេដ្ឋី ក្នុងកាលមុន អ្នកបានឲ្យទានទាំងឡាយហើយ កាលអ្នកចេះតែឲ្យ សភាវៈអស់ទៅនៃភោគៈទាំងឡាយ បានកើតមានហើយ ខាងមុខអំពីនេះទៅ បើអ្នកមិនឲ្យទានទេ ភោគសម្បត្តិទាំងឡាយរបស់អ្នក ដែលឈប់ឲ្យ ទើបគង់នៅ។
[៦៥៩] (វិសយ្ហសេដ្ឋី ពោលថា) នែសហស្សនេត្រ ព្រះអរិយៈទាំងឡាយ បានពោលថា អំពើដ៏លាមក អរិយជនសូម្បីជាអ្នកកំសត់ ក៏មិនគប្បីធ្វើដែរ នែជនិន្ទ្រ យើងលះបង់ហើយនូវសេចក្ដីជឿក្នុងទាន ព្រោះហេតុតែទ្រព្យណា ទ្រព្យនោះពុំមានដល់យើងឡើយ។
[៦៦០] រថមួយ បរទៅតាមផ្លូវណា រថឯទៀត ក៏បរទៅតាមផ្លូវនោះដែរ នែវាសវៈ កិច្ចវត្តដែលយើងបំពេញមកក្នុងកាលមុន ចូរប្រព្រឹត្តទៅចុះ។
[៦៦១] បើទ្រព្យមាន យើងនឹងឲ្យបាន កាលបើទ្រព្យមិនមាន យើងនឹងឲ្យដូចម្ដេចកើត ថ្វីបើយើងជាអ្នក (ច្រូតស្មៅលក់) យើងនៅតែឲ្យទាន យើងមិនប្រហែសក្នុងទានទេ។
ចប់ វិសយ្ហជាតក ទី១០។
ចប់ កោកិលវគ្គ ទី៤។
ឧទ្ទាននៃកោកិលវគ្គនោះគឺ
និយាយអំពីបុគ្គលនិយាយហួសប្រមាណ ១ បុគ្គលផ្ចាញ់ខ្លួនឯង ១ ព្រះរាជាប្រសើរក្នុងរថកណ្ដាលព្រៃ ១ គោដើរវៀច ១ ឆ្កែចចក ១ ស្ដេចត្រាស់ថាស្មៅ ១ ជើងតាំងជាអាសនៈដ៏ប្រសើរ ១ អង្ករ ១ សត្វក្ងោក ១ វិសយ្ហសេដ្ឋី ១ ត្រូវជា ១០។