User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.v08.01

កច្ចានិវគ្គ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat v08 01 បាលី cs-km: sut.kn.jat.v08.01 អដ្ឋកថា: sut.kn.jat.v08.01_att PTS: ?

កច្ចានិវគ្គ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. កច្ចានិវគ្គោ)

កច្ចានិជាតក ទី១

(៤១៧. កច្ចានិជាតកំ (១))

[៤១៩] (ព្រះឥន្ទពោធិសត្វ បានពោលថា) ម្នាលនាង​កច្ចានី ថ្វីក៏បាន​ជា​នាង​ស្លៀក​ដណ្តប់​សំពត់​សស្អាត មានសក់​ទទឹក ហើយដាំឆ្នាំង លាងម្សៅល្ង និងអង្ករ បាយលាយ​ដោយ​ល្ង កើតមាន​ឡើង តើព្រោះ​ហេតុ​ដូចម្តេច។

[៤២០] (នាងកច្ចានី បានពោលថា) ម្នាលព្រាហ្មណ៍ បាយលាយ​ដោយល្ង ដែល​ខ្ញុំចំអិន​ដោយ​ប្រពៃនេះ មិនមែន​បម្រុង​នឹងបរិភោគ​ខ្លួនឯងទេ (ព្រោះថា) ធម៌ស្លាប់បាត់​ទៅ​ហើយ ថ្ងៃនេះ ខ្ញុំនឹង​ធ្វើការ​បូជាចំពោះ​ធម៌នោះ ក្នុងកណ្តាល​ព្រៃស្មសាន។

[៤២១] (ព្រះឥន្ទ្រ ពោលថា) ម្នាលនាង​កច្ចានី នាងចូរ​ពិចារណា​សិន ហើយ​សឹមធ្វើ​នូវកិច្ច​ដែលត្រូវ​ធ្វើចុះ អ្នកណា​ប្រាប់នាង​ថា ធម៌ស្លាប់ទៅ​ហើយ ព្រះសហស្សនេត្ត គឺព្រះឥន្ទ មាន​អានុភាព​រកអ្វី​ថ្លែងថ្លឹង​ពុំបាន ជាបុគ្គល​មាន​ធម៌​ដ៏ប្រសើរ មិន​ដែលស្លាប់​ក្នុងកាល​ណា​ម្តង​ឡើយ។

[៤២២] (នាងកច្ចានី ពោលថា) ម្នាលព្រហ្ម ការណ៍​ប្រមាណ​ដ៏មាំរបស់​ខ្ញុំក្នុង​ហេតុនេះ ធម៌ស្លាប់​បាត់ទៅ​ហើយ ខ្ញុំមិន​មានសង្ស័យ​ក្នុងហេតុ​នេះទេ ឥឡូវនេះ ពួកជនណា ៗ ដែល​ជាបុគ្គល​លាមក ពួកជននោះ ៗ បែរជា​បាន​សុខ​ក្នុងកាល​ឥឡូវនេះ។

ដ្បិតកូនប្រសាស្រីខ្ញុំ ជាស្រីអារ វាបណ្តេញខ្ញុំ ហើយសម្រាល​កូនប្រុស ឥឡូវ​នេះ វាបាន​ជាធំលើ​ត្រកូល​ទាំងអស់ ខ្ញុំជាស្ត្រី​មិនមាន​ទីពឹង នៅតែ​ម្នាក់ឯង។

[៤២៣] (ព្រះឥន្ទ្រ ពោលថា) យើងនៅរស់ យើងមិនទាន់​ស្លាប់នៅ​ឡើយទេ យើង​មកក្នុង​ទីនេះ ក៏ដើម្បី​ជា​ប្រយោជន៍​ដល់នាង​ឯង កូនប្រសា​ស្រីណា ដែលបាន​បណ្តេញនាង ហើយ​បាន​កូនប្រុស យើងនឹង​ធ្វើកូន​ប្រសានោះ ឲ្យខ្ទេច​ជាផែះ ព្រម​ទាំងកូន​ប្រុស​មិនខាន។

[៤២៤] (នាងកច្ចានី ពោលថា) បពិត្រទេវរាជ លោកគាប់​ចិត្តយ៉ាងនេះ លោក​អញ្ជើញ​មកក្នុង​ទីនេះ ដើម្បី​ប្រយោជន៍​ដល់ខ្ញុំ តែសូមឲ្យខ្ញុំ និងកូនប្រុស កូនប្រសាស្រី ចៅ ជាបុគ្គល​មាន​សេចក្តី​រីករាយ​រកគ្នា ហើយនៅ​គ្រប់គ្រង​ផ្ទះវិញ។

[៤២៥] (ព្រះឥន្ទ្រ ពោលថា) ម្នាលនាងកច្ចានី បើនាងគាប់ចិត្ត​យ៉ាងនេះ នាង​ សូម្បី​កូន​ប្រសាស្រី​បៀតបៀន​ហើយ ក៏នៅតែ​មិនលះបង់​នូវធម៌ឡើយ (ហេតុនេះ) សូម​ឲ្យនាង និង​កូន​ប្រុស កូនប្រសាស្រី ចៅ ចូរជា​បុគ្គល​មានសេចក្តី​រីករាយ​រកគ្នា ហើយ​នៅគ្រប់​គ្រង​ផ្ទះចុះ។

[៤២៦] (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) នាងកច្ចានី មានសេចក្តី​រីករាយ​រកគ្នា ជា​មួយនឹង​កូន​ប្រសាស្រី ​ហើយនៅ​គ្រប់គ្រងផ្ទះ ទាំងកូនប្រុស និងចៅ ត្រូវព្រះឥន្ទ្រ​ជាធំជាង​ពួកទេវតា ជួយ​​អនុគ្រោះ​ហើយ ក៏បាន​នាំគ្នាបំរើ​មាតានោះ​វិញ។

ចប់ កច្ចានិជាតក ទី១។

អដ្ឋសទ្ទជាតក ទី២

(៤១៨. អដ្ឋសទ្ទជាតកំ (២))

[៤២៧] (តាបសពោធិសត្វ ទូលព្រះរាជា អំពីពាក្យកុកថា) ស្រះបោក្ខរណី​នេះ ពីដើម​ជាទី​ទំនាប មានត្រី​ច្រើន មានទឹកច្រើន ជាទី​លំនៅ​របស់​ស្តេចកុក ជាកេរិ៍្ត​ដំណែល​ខាងបិតា ជាទី​លំនៅ​របស់យើង ថៃ្ងនេះ ពួកយើងនោះ ចិញ្ចឹមជីវិត​ដោយ​សត្វកង្កែប នៅតែ​មិន​លះបង់​​ទីលំនៅ​ចោលឡើយ។

[៤២៨] (ទូលអំពីពាក្យក្អែកថា) អ្នកណាហ្ន៎ បំបែកភ្នែក​ជាគំរប់ពីរ របស់​ទ្រម័កដំរី ឈ្មោះ​ពន្ធុរៈ ជាបុគ្គល​ទ្រុស្តសីល អ្នកណាហ្ន៎ នឹងធ្វើ​នូវកូន​ទាំងឡាយ និងសម្បុក​របស់យើង ព្រមទាំង​យើង ឲ្យមានសួស្តី។

[៤២៩] (ទូលអំពីពាក្យដង្កូវដួងថា) ការប្រព្រឹត្តិទៅនៃឈើស្រាយ​នោះ មាន​នៅ​ត្រឹម​ណា ឈើស្រាយ​ទាំងអស់ អស់រលីង​ហើយ បពិត្រ​មហារាជ ដង្កូវដួង​អស់​អាហារ​ហើយ លែង​ត្រេកអរ​ក្នុង​ឈើខ្លឹម។

[៤៣០] (ទូលអំពីពាក្យមេតាវ៉ៅថា) លុះអាត្មាអញនោះ បាន​ទៅផុត​អំពី​ព្រះរាជ​និវេសន៍​​នេះ​ហើយ នឹងតាំង​ទីលំនៅ​លើមែកឈើ ធ្វើខ្លួន​ឲ្យរីករាយ។

[៤៣១] (ទូលអំពីពាក្យម្រឹគថា) លុះអាត្មាអញនោះ បាន​ទៅផុត​អំពី​ព្រះរាជ​និវេសន៍​នេះ​ហើយ នឹងដើរ​មុខហ្វូង ​ហើយផឹក​នូវទឹក​ទាំងឡាយ​ដ៏ប្រសើរ។

[៤៣២] (ទូលអំពីពាក្យស្វាថា) ព្រានព្រៃឈ្មោះ​ភរតៈ អ្នកនៅ​ក្នុងដែន​ពាហិកៈ បាន​នាំយើង​ដែលកំពុង​ស្រវឹង​ដោយ​កាម​ទាំងឡាយ ត្រេកត្រអាល​ជ្រប់នៅ​ក្នុងកាម​ទាំងឡាយ​នោះមក សូមសេចក្តី​ចំរើន ចូរមាន​ដល់អ្នក។

[៤៣៣] (ទូលអំពីពាក្យកិន្នរថា) ខាងលើបព៌ត​មានថ្មស្រួច ៗ មាន​ងងឹតចុះអ័ព្ទ ប្រពន្ធ​របស់​យើងនោះ បាន​និយាយ​នឹងយើង​ដោយពាក្យ​ដ៏ទន់​ពីរោះថា អ្នកប្រយ័ត្ន កុំឲ្យ​ចំពប់​ជើងលើថ្ម។

[៤៣៤] (ទូលអំពីឧទានព្រះបច្ចេកពុទ្ធថា) អាត្មាអញ ជាអ្នកឃើញ​នូវទីបំផុត គឺ​ព្រះនិពា្វន ជាទី​អស់ទៅ​នៃជាតិ ដោយ​មិនមាន​សង្ស័យ នឹងមិន​វិលត្រឡប់​មកដេកនៅ​ក្នុង​គភ៌ទៀត ការដេក​នៅក្នុង​គភ៌នេះ ជាទីក្រោយ​បំផុត​ត្រឹមនេះ​ហើយ ការរង្គាត់​ទៅក្នុង​ភពថ្មី​ទៀត​របស់​អាត្មាអញ ​អស់​ហើយ។

ចប់ អដ្ឋសទ្ទជាតក ទី២។

សុលសាជាតក ទី៣

(៤១៩. សុលសាជាតកំ (៣))

[៤៣៥] (នាងសុលសា ពោលទៅនឹងស្វាមីថា) គ្រឿងប្រដាប់​ជាវិការៈ​នៃមាស​នេះ ​និង​កែវមុក្តា កែវពៃទូរ្យ​ទាំងឡាយ​ជាច្រើន បពិត្រ​អ្នកដ៏ចំរើន អ្នកចូរនាំ​យក​នូវ​ភណ្ឌៈ​ទាំងអស់​ចុះ មួយទៀត ចូរហៅរកខ្ញុំថា ជាទាសីចុះ។

[៤៣៦] (ចោរឈ្មោះសត្តុកៈ ជាស្វាមី ពោលនឹងភរិយាថា) នាងចូរដោះ​គ្រឿង​ប្រដាប់ ជាលំអ​ចេញទៅ កុំយំ​រៀបរាប់​ច្រើន ដ្បិតអញ​ទើបនឹង​មក មិនដែល​ស្គាល់ទ្រព្យ ដែល​នាង​នាំ​មកឡើយ។

[៤៣៧] (នាងសុលសា ពោលថា) តាំងពីកាលដែលខ្ញុំ​រលឹកឃើញ​ខ្លួនដរាបមក តាំង​ពីខ្ញុំបាន​ដល់នូវ​ភាពជា​អ្នកដឹង​ក្តីដរាប​មក ខ្ញុំមិន​ដែលស្គាល់​បុរសដទៃ ដែល​ជា​ទីស្រឡាញ់​លើសលុប​ជាងអ្នកទេ។

[៤៣៨] អ្នកចូរអញ្ជើញមក ខ្ញុំនឹងកៀកឱបនូវអ្នក ​ហើយនឹង​ធ្វើប្រទក្សិណ ដ្បិត​តាំងពី​ថ្ងៃនេះ ខ្ញុំ និងអ្នក ​លែងបាន​ជួបគ្នាទៀត​ហើយ។

[៤៣៩] (ទេវតាលើភ្នំ ពោលថា) មិនមែនតែបុរសទេ ដែលជា​បណ្ឌិត​​ក្នុង​ហេតុទាំងពួង សូម្បី​ស្រ្តី​ក៏ជាបណ្ឌិត​ ឃើញច្បាស់​ក្នុងហេតុ​នោះ ៗ បាន​ដែរ។

[៤៤០] មិនមែនតែបុរសទេ ដែលជាបណ្ឌិត​ ក្នុងហេតុទាំងពួង សូម្បីតែស្រ្តី ក៏​ជាបណ្ឌិត​ គង់​គិត​ឃើញ​សេចក្តី​រហ័សបាន​ដែរ។

[៤៤១] នាងសុលសា បាន​គិតឃើញឆាប់រហ័ស ក្នុងកាល​ដែលមាន​ហេតុយ៉ាង​កៀក​ជិត បាន​សម្លាប់​ចោរសត្តុកៈ ដូចជា​គេសម្លាប់​ម្រឹគនឹងធ្នូ ដែលមាន​គ្រឿងផ្សំ​គ្រប់គ្រាន់។

[៤៤២] បុគ្គលណា ក្នុងលោកនេះ មិនដឹងឆាប់​នូវហេតុ​ដែលកើត​ឡើង​ បុគ្គល​អ្នកមាន​ប្រាជ្ញា​តិចនោះ រមែង​ត្រូវគេ​សម្លាប់ ដូចជា​ចោរដែល​នាងសុលសា ច្រាន​ទម្លាក់​ក្នុងជ្រោះភ្នំ។

[៤៤៣] បុគ្គលណា ក្នុងលោកនេះ ដឹងឆាប់នូវ​ហេតុដែល​កើតឡើង បុគ្គលនោះ រមែង​រួចចាក​ការ​បៀតបៀន​របស់សត្រូវ ដូចជា​នាងសុលសា រួចអំពី​កណ្តាប់ដៃ​នៃចោរសត្តុកៈ។

ចប់ សុលសាជាតក ទី៣។

សុមង្គលជាតក ទី៤

(៤២០. សុមង្គលជាតកំ (៤))

[៤៤៤] បុគ្គលជាធំ បើបានដឹងថា អាត្មាអញ​ជាអ្នក​ក្រោធខ្លាំង ដូច្នេះ​ហើយ មិនគប្បី​ដាក់អាជ្ញា​តែម្តង ដ្បិត​បុគ្គល​អ្នកក្រោធ គប្បី (ធ្វើ) ទោស ដែលមិន​សមគួរ​ដល់ខ្លួនជា (ស្តេច) ​ហើយ​ពោលបង្កាច់​នូវកម្ម​ជាទុក្ខ​ដ៏ខ្លាំង ​ដល់បុគ្គល​ដទៃ​ដោយ​ឥតហេតុ។

[៤៤៥] កាលណា បើបុគ្គលគប្បីដឹងនូវសេចក្តីជ្រះថា្ល​របស់ខ្លួន ទើបគួរ​ពិចារណា​នូវ​សេចក្តី​ដែលជា​អំពើអាក្រក់​របស់​ជនដទៃ មួយទៀត គួរ​ពិចារណា​ឲ្យឃើញច្បាស់​ខ្លួនឯង​ថា នេះជា​សេចក្តី ​ហើយសឹម​ដាក់អាជ្ញា​ដ៏សមគួរ​ដល់បុគ្គល​ដទៃនោះ​ ក្នុងកាល​នោះចុះ។

[៤៤៦] បុគ្គលណាមិនជ្រប់ដោយកិលេស (អគតិ) ពិចារណា​នូវហេតុ​ដែល​ជាទំនង និងមិន​ទំនង បុគ្គលនោះ រមែង​មិនញុំាង​ខ្លួន និងមិន​ញុំាង​បុគ្គលដទៃ ឲ្យក្តៅ​ក្រហាយទេ បុគ្គល​ជាធំណា​ក្នុងលោកនេះ ជាអ្នក​ទ្រទ្រង់​នូវអាជា្ញ បុគ្គលនោះ រមែង​មានគេ​គ្រប់គ្រង ដោយ​ការសរសើរ​គុណ មិនសាប​សូន្យចាក​សិរីឡើយ។

[៤៤៧] ពួកក្ស័ត្រណា ជាបុគ្គលមិនទាន់ពិចារណាសិន​ហើយធ្វើ ជាអ្នកជ្រប់​នៅដោយ​កិលេស ប្រញាប់​ដាក់អាជ្ញា​ដល់អ្នក​ដទៃ​ដោយរួសរាន់ ពួកក្ស័ត្រនោះ រមែង​ជាអ្នកប្រកប​ដោយ​ពាក្យ​តិះដៀល លះបង់​ជីវិត​ចេញផុត​អំពីលោក​នេះទៅ រមែង​ទៅកាន់ទុគ្គតិ។

[៤៤៨] បុគ្គលពួកណា ត្រេកអរក្នុងធម៌​ដែលព្រះអរិយៈ​សំដែង​ហើយ បុគ្គលពួកនោះ ជាអ្នក​ប្រសើ​ដោយ​កាយកម្ម វចីកម្ម និងមនោកម្ម ពួកបុគ្គល​បែបនោះ ជាអ្នក​ឋិតនៅ​ក្នុងខន្តិ សោរច្ចៈ និង​សមាធិ រមែង​ទៅកាន់​លោក​ទំាងពីរ គឺមនុស្ស​លោក និងទេវលោក។

[៤៤៩] ខ្លួនយើងជាស្តេចធំលើពួកជនប្រុសស្រី បើយើងខឹង យើងទប់ខ្លួន យើង​ហាម​ឃាត់នូវ​ប្រជុំជន​បែបនោះ ​ហើយដាក់​អាជ្ញា​ដោយ​ឧបាយប្រាជ្ញា ព្រោះអនុគ្រោះ។

[៤៥០] (ឧយ្យានបាល ទូលថា) បពិត្រក្សត្រិយ៍ ជាធំជាងជន សិរី​ គឺបរិវារ​សម្បត្តិ និង​ប្រាជ្ញា កុំលះបង់​ព្រះអង្គ​ក្នុងកាលណា ៗ ឡើយ សូមព្រះអង្គ​ជាបុគ្គលមិន​ក្រោធ មានចិត្ត​ជ្រះថា្ល​ជានិច្ច ជាអ្នក​មិនមាន​ទុក្ខ ​ហើយថែ​រក្សា​ផែនដី​ឲ្យអស់រយឆ្នាំ។

[៤៥១] បពិត្រក្សត្រិយ៍ សូមព្រះអង្គទ្រង់ប្រកបដោយគុណ​ទាំងឡាយ​នុ៎ះ សូមឲ្យ​ព្រះអង្គ​ឋិតនៅមាំ ក្នុងការ​ប្រព្រឹត្តិ​ដ៏ប្រសើរ ជាបុគ្គល​ប្រដៅងាយ មិនមាន​សេចក្តី​ក្រោធ ជាបុគ្គល​បាន​សេចក្តីសុខ កុំបៀត​បៀនសត្វ ​ហើយរក្សា​ផែនដី លុះព្រះអង្គ​​ចេញផុត​អំពី​លោក​នេះទៅ សូមឲ្យ​សេ្តចយាង​ទៅកាន់​សុគតិ។

[៤៥២] សេ្តចទ្រង់ធម៌ រមែងប្រើឧបាយណែនាំ​ពួកជន ដោយពាក្យ​ជាសុភាសិត ជាគ្រឿង​ណែនាំ​ដ៏ល្អ តាមហេតុ​ដ៏ប្រកប​ដោយធម៌ ​ហើយញុំាង​មហាជន ដែល​រជើបរជោ ឲ្យ​ត្រជាក់​ស្រួល ដូចជា​មហាមេឃ​ដែលញុំាង​ផែនដី​ឲ្យត្រជាក់​ដោយ​ទឹក។

ចប់ សុមង្គលជាតក ទី៤។

គង្គមាលជាតក ទី៥

(៤២១. គង្គមាលជាតកំ (៥))

[៤៥៣] (សេ្តចទ្រង់ត្រាស់សួរភតិកបុរសថា) ប្រថពី ជាផែនដីក្តៅ ដូចរងើកភ្លើង​ប្រកប​ដោយ​ដីខ្សាច់ (ក្តៅ) ដូចផែះ (ដែល​ភ្លើងឆេះ) អ្នកច្រៀង​នូវទំនុក​ទាំងឡាយ កំដៅថ្ងៃ មិន​ដុតកំដៅ​អ្នកទេឬ។ ព្រះអាទិត្យ​ក្តៅខាង​លើ ដីខ្សាច់ក្តៅ​ខាង​ក្រោម អ្នក​ច្រៀងនូវ​ទំនុក​ទាំងឡាយ កំដៅថ្ងៃ មិនដុត​កំដៅ​អ្នកទេឬ។

[៤៥៤] (ភតិកបុរស ក្រាបទូលថា) កំដៅថ្ងៃ មិនដុតកំដៅខ្ញុំព្រះអង្គ​បាន​ទេ កំដៅ គឺ​កាម​ទាំងឡាយ ទើបញុំាង​ខ្ញុំព្រះអង្គ​ឲ្យក្តៅបាន​ បពិត្រ​ព្រះរាជា ប្រយោជន៍​ទាំងឡាយ មាន​ប្រការ​ផ្សេង ៗ ប្រយោជន៍​ទាំងនោះ តែងដុតកំដៅ ឯកំដៅថ្ងៃ មិនដុត​កំដៅទេ។

[៤៥៥] ម្នាលកាម យើងបានឃើញឫសគល់របស់អ្នក​ហើយ ម្នាលកាម អ្នកកើត​អំពី​សេចក្តី​ត្រិះរិះ យើងលែង​ត្រិះរិះ​អ្នកទៀត​ហើយ ម្នាលកាម កាលបើ​យ៉ាងនេះ អ្នក​នឹងមិន​កើតមាន (តទៅ​ទៀតទេ)។

[៤៥៦] កាមទាំងឡាយសូម្បីតិច ក៏នៅតែមិនល្មម សូម្បីច្រើន ក៏នៅតែ​មិនស្កប់ស្កល់ ឱ មុខគួរ​សង្វេគ នឹងការ​ចរចា​របស់ពួក​ជនពាល បុគ្គល​លុះតែ​ប្រឹង​ប្រកប​ព្យាយាម ទើបត្រាស់​ដឹងបាន។

[៤៥៧] (ព្រះរាជាឧទយៈ ត្រាស់ថា) នេះជាផលកម្ម មានប្រមាណ​តិចរបស់​យើង ឧទយៈ បាន​សម្រេច​នូវភាព​ជាធំ ឱហ្ន៎ មាណព​ណា បាន​លះនូវតម្រេក​ក្នុង​កាម ​​ហើយបួស មាណព​នោះ ឈ្មោះ​ថា បាន​ល្អ​ហើយ។

[៤៥៨] (ព្រះវររាជមាតា ត្រាស់សួរថា) ពួកសត្វតែងលះបង់​នូវបាបកម្ម (របស់ខ្លួន) ដោយ​តបៈ លះបង់​នូវភាវៈ​នៃខ្លួនជា​ខ្មាន់ព្រះកេស និងស្មូនឆ្នាំង ដោយតបៈ នែគង្គមាល ក្នុងថ្ងៃ​នេះ អ្នកហ៊ាន​រំលោភ ហៅព្រហ្មទត្ត (កូនអញ) ដោយ​ចំឈ្មោះ ព្រោះអាង​មាន​តបៈ​ឬ។

[៤៥៩] (ព្រះរាជា ទ្រង់ត្រាស់ថា) បពិត្រព្រះមាតា សូមទ្រង់​ទតនូវ​ផលនៃខន្តិ និង​សោរច្ចៈ ដែលអាច​ឃើញ​ជាក់ច្បាស់​ដោយខ្លួនឯង (ក្នុងបច្ចុប្បន្ន) ព្រះគង្គមាល​បច្ចេកពុទ្ធ​នោះ ជាបុគ្គល​ដែលជន​ទាំងអស់​ត្រូវថា្វយ​បង្គំ យើងព្រម​ទាំងស្តេច ​និង​អាមាត្យ នាំគ្នាថ្វាយ​បង្គំនូវ​ព្រះបច្ចេកពុទ្ធ​នោះ។

[៤៦០] អ្នកទាំងឡាយ កុំនិយាយពាក្យតិចតួច​នឹងព្រះបច្ចេកពុទ្ធ​ឈ្មោះ​គង្គមាល ដែល​ជា​​អ្នកសិក្សា​ក្នុងគន្លង​នៃប្រាជ្ញា របស់ពួក​អ្នកប្រាជ្ញ​ឡើយ ព្រោះថា ព្រះបច្ចេកពុទ្ធ​នេះ បាន​ឆ្លងនូវ​អន្លង់ គឺវដ្តសង្សារ ដែលពួក​បុគ្គលអ្នក​ប្រាសចាក​សោក តែងឆ្លង​ហើយ​ត្រាច់ទៅ។

ចប់ គង្គមាលជាតក ទី៥។

ចេតិយរាជជាតក ទី៦

(៤២២. ចេតិយជាតកំ (៦))

[៤៦១] (តាបស និយាយថា)1) ធម៌ដែល​បុគ្គលសម្លាប់​ហើយ រមែង​សម្លាប់វិញ​ដោយពិត ធម៌ដែល​បុគ្គលមិនបាន​សម្លាប់ រមែង​មិន​សម្លាប់វិញ​តិចតួច​ឡើយ។ ព្រោះហេតុ​នោះ ព្រះអង្គ​មិនត្រូវ​សម្លាប់ធម៌ ព្រះអង្គ​កុំឲ្យធម៌​ដែល​ព្រះអង្គ​សម្លាប់​ហើយ ត្រឡប់​សម្លាប់ព្រះអង្គ​វិញបាន​ឡើយ។

[៤៦២] កាលបើសេ្តចពោលពាក្យកុហក ពួកទេវតារមែង​គេចចេញ (លែងរក្សា) សេ្តចណា​ជា្រប កាល​គេសួរប្រស្នា ​ហើយព្យាករ​ប្រស្នានោះ ដោយប្រការ​ដទៃវិញ ព្រះឱស្ឋ​សេ្តចនោះ រមែង​មានក្លិនស្អុយ​ផ្សាយចេញទៅ ទាំងសេ្តច​នោះទៀត រមែង​ឃ្លាតចាក​កនែ្លង​របស់ខ្លួន បពិត្រ​ព្រះរាជា បើប្រសិន​ជាព្រះអង្គ​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ឋិតនៅ​ដូចដើម បពិត្រ​ព្រះបាទចេតិយៈ បើព្រះអង្គ​ទ្រង់ពោលពាក្យ​កុហក សូមឲ្យព្រះអង្គ​ឋិតនៅ​លើផែនដី។

[៤៦៣] សេ្តចណាជា្រប កាលគេសួរប្រស្នា​ហើយ ក៏ព្យាករ​ប្រស្នានោះ​ដោយ​ប្រការ​ដទៃវិញ ភ្លៀងរមែង​ធ្លាក់ចុះ​ក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀង​រមែង​មិនធ្លាក់​ចុះ​ក្នុងកាលគួរ (ក្នុងដែន​របស់សេ្តច​នោះ) បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​ទ្រង់ពោល​នូវ​ពាក្យពិត សូមឲ្យ​ព្រះអង្គ​ទ្រង់ឋិតនៅ​ដូចដើម បពិត្រ​ព្រះបាទ​ចេតិយៈ បើព្រះអង្គ​ទ្រង់ពោល​ពាក្យ​កុហក សូមឲ្យព្រះអង្គ​ចូលទៅ​កាន់ផែនដី (ត្រឹម​ព្រះជាណុ)។

[៤៦៤] បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្រប ​កាលគេ​សួរប្រស្នា​ហើយ ក៏ព្យាករ​ប្រស្នានោះ​ដោយប្រការ​ដទៃវិញ អណ្តាត​របស់សេ្តច​នោះ រមែង​បែកជាពីរ ដូចជា​អណ្តាត​នៃពស់ បពិត្រ​ព្រះរាជា បើព្រះអង្គ​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ឋិតនៅដូចដើម បពិត្រ​ព្រះបាទ​ចេតិយៈ បើព្រះអង្គ​ទ្រង់ពោល​ពាក្យកុហក ​សូមឲ្យព្រះអង្គ​ចូលទៅ​កាន់​ផែនដី​​ក្រៃលែង (ជាងនេះ គឺត្រឹមចង្កេះ)។

[៤៦៥] បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប ​កាលគេ​សួរប្រស្នា​ហើយ ក៏​ព្យាករ​ប្រស្នានោះ​ដោយប្រការ​ដទៃវិញ ស្តេចនោះ មិនមាន​អណ្តាត ដូចត្រី បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ទ្រង់ឋិតនៅ​ដូចដើម បពិត្រ​ព្រះបាទចេតិយៈ បើ​ព្រះអង្គ​ទ្រង់ពោល​ពាក្យកុហក សូមឲ្យព្រះអង្គ​ចូលទៅ​កាន់ផែនដី​ក្រៃលែង (ជាងនេះ គឺ​ត្រឹមផ្ចិត)។

[៤៦៦] សេ្តចណាជ្រាប កាលគេសួរប្រស្នា​ហើយ ក៏ព្យាករ​ប្រស្នានោះ​ដោយ​ប្រការ​ដទៃវិញ ក្នុងត្រកូល​ស្តេចនោះ កើតតែ​កូនស្រី កូនប្រុស​មិនកើតទេ បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ទ្រង់ឋិតនៅ​ដូចដើម បពិត្រ​ព្រះបាទចេតិយៈ បើ​ព្រះអង្គ​ទ្រង់ពោល​ពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់​ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ)។

[៤៦៧] សេ្តចណាជា្រប កាលគេសួរប្រស្នា​ហើយ ក៏ព្យាករ​ប្រស្នានោះ ​ដោយ​ប្រការ​ដទៃវិញ កូនប្រុស​របស់សេ្តច​នោះ រមែង​មិនមានឡើយ បើជាមាន រមែង​​គេចចេញ​ទៅកាន់​ទិសតូច​ទិសធំ​បាត់អស់ បពិត្រ​ព្រះរាជា បើព្រះអង្គ​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ទ្រង់​ឋិត​នៅដូចដើម បពិត្រ​ព្រះបាទ​ចេតិយៈ បើព្រះអង្គ​ ទ្រង់ពោល​ពាក្យកុហក សូមឲ្យ​ព្រះអង្គ​ចូល​ទៅកាន់​ផែនដីក្រៃលែង (ជាងនេះទៅ​ទៀត គឺលិចផុត)។

[៤៦៨] (អភិសម្ពុទ្ធគាថា) សេ្តចនោះ កាលពីដើម ត្រាច់ទៅ​ក្នុងអាកាស​បាន​ (ដល់​មក​ខាង​ក្រោយ) ត្រូវឥសីផ្តាសា​ហើយ ក៏បែរ​ជាមាន​សភាព​សាបសូន្យ ដល់​វេនរបស់ខ្លួន​ចូល​ទៅ​កាន់ផែនដី ព្រោះហេតុ​នោះ អ្នកប្រាជ្ញ​ទាំងឡាយ ទើបមិន​សរសើរ​នូវការលុះ​ក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នា បុគ្គលគួរ​ជាអ្នកមាន​ចិត្ត​មិន​ប្រទូស្ត ​​ហើយពោល​នូវវាចា​ដ៏ប្រកប​ដោយសច្ចៈ។

ចប់ ចេតិយរាជជាតក ទី៦។

ឥន្រ្ទិយជាតក ទី៧

(៤២៣. ឥន្ទ្រិយជាតកំ (៧))

[៤៦៩] (គ្រូឈ្មោះសរភង្គ ពោលថា) ម្នាល​នារទៈ បុគ្គលណា លុះអំណាច​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ព្រោះកាម បុគ្គលនោះ លះបង់នូវ​លោកទាំងពីរ (ហើយកើតក្នុង​នរក) សូម្បី​រស់​នៅ រមែង​រីងស្ងួត។

[៤៧០] ទុក្ខជាលំដាប់នៃសុខ សុខលំដាប់នៃទុក្ខ សូម្បីអ្នក​ដល់​នូវទុក្ខ ព្រោះសាបសូន្យ​ចាក​ឈានសុខ​ក៏ដោយ អ្នកចូរ​ប្រាថ្នានូវ​សុខដ៏ប្រសើរ​វិញចុះ។

[៤៧១] បុគ្គលណា ជាអ្នកអត់ទ្រាំនូវសេចក្តីលំបាក ក្នុងវេលា​មានលំបាក មិន​ប្រព្រឹត្ត​កន្លងនូវ​សេចក្តី​លំបាក បុគ្គលនោះ ជាអ្នកប្រាជ្ញ រមែង​បាន​នូវសេចក្តី​សុខ ជាទីបំផុត​នៃ​សេចក្តី​​លំបាក ដែលកើត​អំពី​សេចក្តី​ព្យាយាម។

[៤៧២] ខ្លួនអ្នកមិនគួរឲ្យឃា្លតចាកធម៌ ព្រោះការប្រាថ្នា​កាម ព្រោះការវិនាស ព្រោះ​ហេតុ​​នៃប្រយោជន៍ ទាំងព្រោះ​លះបង់​ឈាន​ដែលខ្លួនធ្វើបាន​ហើយទេ។

[៤៧៣] (កាលទេវិលតាបស ពោលថា) សេចក្តីឈ្លាសវៃ ១ ការបែងចែកភោជន ១ មិនរីករាយ​ក្នុងការបាន​នូវប្រយោជន៍ ១ មិនលំបាក​ចិត្តក្នុង​កាលវិនាស​ចាក​ប្រយោជន៍ (នេះ) ជាការ​ប្រពៃ​របស់គ្រហស្ថ។

[៤៧៤] (អភិសម្ពុទ្ធគាថា) អសិតទេវិលតាបស បាន​ពោលនូវ​ភាពនៃ​បុគ្គល​ជាបណ្ឌិត​នុ៎ះ ដោយ​ហេតុមាន​ប្រមាណ​ប៉ុណ្ណោះថា មិនមាន​បុគ្គល​ណាមួយ ដែល​លាមក​ជាងបុគ្គល​ជា​អ្នក​លុះអំណាច​នៃឥន្ទ្រិយ​ទាំងឡាយ​នេះឡើយ។

[៤៧៥] (មនុស្សប្រេត និយាយថា) បពិត្រព្រះបាទ​សិវិ បុគ្គលបា្រកដ​ស្មើនឹងខ្ញុំ រមែង​ដល់នូវ​សេចក្តី​វិនាស (ដោយអំពើ​របស់ខ្លួន) ដូចបុគ្គល​ដល់នូវ​សេចក្តីវិនាស​ក្នុងកណ្តាប់ដៃ​នៃសត្រូវ ខ្លួនខ្ញុំព្រោះ​តែញុំាង​យសទាំង​នុ៎ះ គឺ​កសិកម្មវិជា្ជ ភាព​ជាអ្ន​ក​ឈ្លាសវៃ វិវាហមង្គល សីល និងភាព​នៃចិត្តទន់ ឲ្យសាបសូន្យ ទើបមកកើត (ជា​មនុស្សប្រេត) ដោយ​អំពើជា​របស់​ខ្លួន។

[៤៧៦] ខ្លួនខ្ញុំនោះ ជាបុគ្គលមិនមានផៅពង្ស មិនមាន​ទីពំនាក់​តទៅ ដូច​គេសាបសូន្យ ចាក​ទ្រព្យ​រាប់ពាន់ ខ្លួនខ្ញុំ ជាអ្នក​ប្រាសចាក​អរិយធម៌ ដូចប្រេត។

[៤៧៧] ខ្លួនខ្ញុំ ញុំាងពួកសត្វដែលជាអ្នកប្រាថ្នា​នូវសុខ ឲ្យដល់​នូវទុក្ខ ទើបដល់​នូវ​គន្លង​នៃទុក្ខ​នេះ ខ្លួនខ្ញុំនោះ មិនបាន​នូវសេចក្តី​សុខឡើយ ឋិតនៅ (ទាំងក្តៅក្រហាយ) ដូច​គេ​រោយ​ដោយ​រងើកភ្លើង។

ចប់ ឥន្រិ្ទយជាតក ទី៧។

អាទិត្តជាតក ទី៨

(៤២៤. អាទិត្តជាតកំ (៨))

[៤៧៨] (ព្រះបច្ចេកពុទ្ធ ជាសង្ឃត្ថេរ សំដែងថា) កាលបើផ្ទះត្រូវភ្លើងឆេះ​ហើយ បុគ្គល​នាំចេញ​នូវភាជន៍​ណាទាន់ ភាជន៍នោះ រមែង​បាន​ជាប្រយោជន៍​នៃបុគ្គលនោះ ភាជន៍ណា​ដែល​ភ្លើងឆេះ​ក្នុងផ្ទះ​នោះ ភាជន៍នោះ មិនបាន​ជាប្រយោជន៍​នៃបុគ្គល​នោះ​ឡើយ។

[៤៧៩] សត្វលោក កាលបើត្រូវជរា និងមរណៈ ឆេះយ៉ាងនេះ​ហើយ ​បុគ្គលគួរ​តែនាំ​ចេញនូវ​ទ្រព្យ ដោយកាឲ្យទាន (ព្រោះ) ទ្រព្យដែល​បុគ្គលបាន​ឲ្យ​ហើយ ឈ្មោះ​ថានាំចេញ​ហើយ​ដោយប្រពៃ។

[៤៨០] (ព្រះបច្ចេកពុទ្ធដ៏សេស សំដែងថា) សត្វណា បាន​ឲ្យទាន​ដល់បុគ្គល​អ្នក​បាន​ធម៌ បាន​ត្រាស់ដឹង​ធម៌ ដោយសេចក្តី​ព្យាយាម គឺការ​ប្រឹងប្រែង សត្វនោះ រមែង​ប្រព្រឹត្ត​កន្លង​នូវ​វេតរណី​របស់យមៈ (នរក) បាន​ហើយ ​ចូលទៅ​កាន់ទី​ទាំង​ឡាយ​ជាទិព្វ។

[៤៨១] អ្នកប្រាជ្ញទាំងឡាយពោលថា ទាន និងចម្បាំង ជារបស់ស្មើគ្នា ពួកជន​សូម្បី​តិចគ្នា តែជា​អ្នកស៊ូ​លះបង់​ជីវិត រមែង​ឈ្នះជន​ច្រើននាក់បាន​ បុគ្គលណា​កាលបើជឿ ហើយ​ឲ្យទាន​សូម្បី​បន្តិចបន្តួច បុគ្គលនោះ រមែង​បាន​នូវសេចក្តី​សុខ​ក្នុងលោក​ខាងមុខ ដោយ​ទេយ្យវត្ថុ​មានប្រមាណ​តិចនោះ។

[៤៨២] ការពិចារណាសិន ហើយទើបឲ្យ ព្រះសុគត​ទ្រង់សរសើរ​ហើយ ពួក​ទក្ខិណេយ្យ​បុគ្គល​ណា មាននៅ​ក្នុងជីវលោក​នេះ ទានដែល​បុគ្គលឲ្យ​ហើយ ដល់​ពួក​ទក្ខិណេយ្យ​បុគ្គល​នុ៎ះ មានផល​ច្រើន ដូចជាពូជ ដែលគេ​សាបព្រោះ​ក្នុងស្រែដ៏ល្អ។

[៤៨៣] បុគ្គលណា មិនបៀតបៀននូវពួកសត្វ មិនធ្វើ​នូវបាប ព្រោះ (ខ្លាច) ការ​តិះដៀល​អំពីអ្នក​ដទៃ អ្នកប្រាជ្ញ​ទាំងឡាយ តែងសរសើរ​នូវបុគ្គល​អ្នកខ្លាចបាប មិនសរសើរ​នូវ​បុគ្គល​អ្នកក្លៀវក្លា​ក្នុងការ​ធ្វើបាប​នោះឡើយ ដ្បិត​សប្បុរស​ទាំងឡាយ តែង​មិនធ្វើបាប ព្រោះខ្លាច (ពាក្យ​ដំណេះ​ដំនៀល​នោះ)។

[៤៨៤] បុគ្គលចូលទៅកើតក្នុងពួកក្សត្រិយ៍ ដោយព្រហ្មចរិយធម៌​ដ៏ថោកទាប បុគ្គល​ចូល​ទៅ​កាន់ភាព​ជាទេវតា ដោយ​ព្រហ្មចរិយធម៌​យ៉ាងកណ្តាល បុគ្គលបរិសុទ្ធ​ដោយ​ព្រហ្មចរិយធម៌​ដ៏ឧត្តម។

[៤៨៥] ការឲ្យទាន ពិតជាអ្នកប្រាជ្ញសរសើរ​ដោយចំណែកច្រើន ក៏មែន​ហើយ តែថា ចំណែក​ធម៌ប៉ុណ្ណោះ ប្រសើរ​ជាងទាន ព្រោះ​ពួកសប្បុរស​អ្នកមាន​ប្រាជ្ញា​ក្នុងកាលមុន និង​កាល​មុនទៅ​ទៀត បាន​ត្រាស់ដឹង​នូវនិព្វានធម៌។

ចប់ អាទិត្តជាតក ទី៨។

អដ្ឋានជាតក ទី៩

(៤២៥. អដ្ឋានជាតកំ (៩))

[៤៨៦] (មហាធនតាបស និយាយថា) ក្នុងកាលណា ទន្លេគង្គា​បែរជា​មានផ្កាកុមុទ ទាំង​មានទឹក និង​សត្វតាវ៉ៅ បែរជា​មានសម្បុរ​ដូចស័ង្ខ ដើមព្រីង បែរជា​បព្ចោញ​ផ្លែត្នោត កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា ក្នុងកាលនោះ​ដោយពិត។

[៤៨៧] ក្នុងកាលណា សំពត់បាវារៈ ៣ យ៉ាង គឺសំពត់ដែល​ធ្វើដោយ​ផ្កា​ស្រកាអណ្តើក ១ សំពត់ដែល​ធ្វើដោយ​ប៉ុយ ១ សំពត់​ដែលធ្វើ​ដោយលាយ​គ្នាទាំង​ពីរមុខ ១ ប្រែជា​សំពត់​សម្រាប់​ដណ្តប់​ក្នុងរដូវ​រងាបាន​ កាលបើ​យ៉ាងនេះ ទើប (យើង​និងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

[៤៨៨] ក្នុងកាលណា គេយកជើងសត្វមូសទាំងឡាយ មកធ្វើជា​សើនយ៉ាង​ល្អឲ្យមាំ មិនឲ្យ​កក្រើកបាន​ កាលបើ​យ៉ាងនេះ ទើប (យើង​និងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

[៤៨៩] ក្នុងកាលណា គេយកស្នែងទន្សាយ មកធ្វើជាបង្អោង​សម្រាប់ឡើងកាន់​ឋានសួគ៌​បាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាលនោះ​ដោយពិត។

[៤៩០] ក្នុងកាលណា ពួកកណ្តុរ ឡើងតាមបង្អោង​ទៅទំពាស៊ី​នូវដួងព្រះចន្ទ ទាំង​ដេញ​​រាហូ​ឲ្យរត់ទៅបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាលនោះ​ដោយពិត។

[៤៩១] ក្នុងកាលណា ពួករុយ​ហើរទៅទាំងហ្វូង ក្រេបផឹក​នូវសុរា​ក្នុងក្អម​ ហើយ​សម្រេច​​ការនៅ​ក្នុងរងើក​ភ្លើងបាន​ កាលបើ​យើងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាលនោះ​ដោយពិត។

[៤៩២] ក្នុងកាលណា សត្វលា មានបបូរមាត់​ដ៏រលីងល្អ មានមុខ​ដ៏ល្អ ជាសត្វ​ឈ្លាសវៃ​ក្នុង​ការរាំ និងការ​ច្រៀងបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

[៤៩៣] ក្នុងកាលណា ពួកក្អែក និងមៀម នាំគ្នាទៅ​ក្នុងទីស្ងាត់ ​ហើយគប្បី​ប្រឹក្សាគ្នា គប្បី​ស្រឡាញ់គ្នា​ទៅវិញ​ទៅមកបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

[៤៩៤] ក្នុងកាលណា ស្លឹកឈូកទាំងឡាយ បែរទៅជាឆ័ត្រ​យ៉ាងមាំ ដើម្បី​ការពារ​ភ្លៀង​បាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយ​ពិត។

[៤៩៥] ក្នុងកាលណា សត្វបក្សីតូចឈ្មោះ​កុលកៈ ពាំភ្នំ​គន្ធមាទន៍​ដោយ​ចំពុះបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាលនោះ​ដោយពិត។

[៤៩៦] ក្នុងកាលណា កូនក្មេងតូច អាចកាន់​យកសំពៅ​សម្រាប់​ដើរសមុទ្រ ព្រម​ទាំង​គ្រឿង​យន្ត និងចង្កូត​ទៅបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

ចប់ អដ្ឋានជាតក ទី៩។

ទីបិជាតក ទី១០

(៤២៦. ទីបិជាតកំ (១០))

[៤៩៧] (មេពពែ និយាយនឹងខ្លាថា) បពិត្រឪពុកធំ លោកល្មម​អត់ធន់បាន​ ល្មមញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅបាន​ដែរឬ លោកបាន​សេចក្តី​សុខទេឬ ម្តាយខ្ញុំ​បាន​​និយាយ​សួរសេចក្តី​សុខ​របស់លោក ព្រោះថា​យើង​ទាំងឡាយ ជាអ្នកប្រាថា្ន​សេចក្តី​សុខ​ដល់លោក។

[៤៩៨] (ខ្លាឆ្លើយតបថា) ម្នាលមេពពែ នាងឯងបាន​ដើរជាន់​កន្ទុយ​របស់អញ ធ្វើឲ្យ​អញលំបាក ថ្ងៃនេះ នាងឯង​ស្មានថា អាត្មាអញ​នឹងរួចទោស ដោយ​សារការ​ហៅអញថា ឪពុកធំ ដូច្នេះឬ។

[៤៩៩] (មេពពែ និយាយថា) អ្នកអង្គុយបែរមុខទៅទិស​ខាងកើត ចំណែកខ្ញុំ ក៏បាន​ដើរមក​ចំមុខ​របស់អ្នក កន្ទុយ​របស់អ្នក​នៅពីខាង​ក្រោយទេ ចុះខ្ញុំ​ជាន់កន្ទុយ​របស់អ្នក ដោយ​ប្រការ​ដូចម្តេច​បាន។

[៥០០] (ខ្លានិយាយថា) ទ្វីប ៤ ព្រមទាំងសមុទ្រ និងភ្នំ មាននៅ​ត្រឹមណា កន្ទុយ​របស់​អញ ក៏មាននៅ​ត្រឹមណោះ​ដែរ ហងឯង​នឹងវៀរឲ្យផុត (ពីកន្ទុយ​របស់អញ) ដូចម្តេចបាន។

[៥០១] (មេពពែ និយាយថា) អំពីដើមមក មាតាបិតា និងបងឈ្មោល​របស់ខ្ញុំ ក៏បាន​ប្រាប់​ហេតុនុ៎ះ​ហើយថា កន្ទុយ​សត្វសាហាវ​វែងណាស់ (ព្រោះហេតុ​នោះ បានជា) ខ្ញុំហោះ​មកតាម​អាកាស។

[៥០២] (ខ្លា និយាយថា) នែមេពពែ ហ្វូងម្រឹគរត់បាត់​អស់ទៅ ព្រោះឃើញ​ហងឯង ហោះមក​ក្នុងអាកាស ហងឯង​បំផ្លាញ​ចំណី​របស់​អញអស់។

[៥០៣] (អភិសម្ពុទ្ធគាថា) កាលដែលមេពពែ​កំពុងតែ​និយាយ​រៀបរាប់​យ៉ាងនេះ ខ្លាដំបង​ដែលជា​សត្វស៊ីឈាម ក៏ស្ទុះទៅ​ចាប់កាច់​កនៃពពែ​សម្លាប់ទៅ ឱសំដី​ល្អ​មិនមាន​ក្នុង​បុគ្គល​អាក្រក់​ឡើយ។

[៥០៤] ការដឹកនាំ ១ ធម៌ ១ និងសំដីល្អ ១ មិនមាន​ក្នុងបុគ្គល​អាក្រក់ទេ បុគ្គល គួរគេចវាង​ពួកបុគ្គល​អាក្រក់ ​ហើយប្រឹង​ប្រកប​ព្យាយាម ព្រោះពួក​បុគ្គលអាក្រក់​នោះ មិន​ត្រេកអរ​នឹងពួក​សប្បុរស​ឡើយ។

ចប់ ទីបិជាតក ទី១០។

ចប់ កច្ចានិវគ្គ។

ឧទ្ទាននៃកច្ចានិវគ្គនោះគឺ

និយាយអំពីកច្ចានីបរិសុទ្ធ មិនមានមន្ទិល ទ្រទ្រង់សំពត់ ១ សម្រែក​ស្តេចកុក ១ គ្រឿង​ប្រដាប់​មាស ១ ការទ្រទ្រង់​នូវអាជ្ញា ១ ផែនដីដូច​រងើកភ្លើង ១ សេ្តចចេតិយៈ ១ កាលទេវិល​តាបស ១ ផ្ទះត្រូវភ្លើងឆេះ ១ ទន្លេគង្គា ១ មេពពែ ១ រួមត្រូវជា ១០។

ចប់ អដ្ឋកនិបាត។

 

លេខយោង

1)
ក្នុងទីនេះ សំដៅយក​ជេដ្ឋាបបាយនធម៌។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.v08.01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann