User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.v13

តេរសនិបាតជាតក

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat v13 បាលី cs-km: sut.kn.jat.v13 អដ្ឋកថា: sut.kn.jat.v13_att PTS: ?

តេរសនិបាតជាតក

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៣. តេរសកនិបាតោ)

អម្ពជាតក ទី១

(៤៧៤. អម្ពជាតកំ (១))

[១០២៣] (ព្រះបាទពារាណសី ត្រាស់សួរថា) នែអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរ កាលពីដើម អ្នក​បាន​យកផ្លែស្វាយ​ទាំងឡាយ តូចក៏មាន ធំក៏មាន មកឲ្យយើង នែព្រាហ្មណ៍ ឥឡូវនេះ ផ្លែឈើ​ទាំងឡាយ មិនកើត​ប្រាកដ​ដោយមន្ត​ទាំងឡាយ​របស់អ្នកនោះ។

[១០២៤] (ព្រាហ្មណ៍មាណព ក្រាបទូលថា) ខ្ញុំព្រះអង្គ​រាប់អាន នូវការប្រកប​នូវ​នក្ខត្តឫក្ស ខ្ញុំព្រះអង្គ​មើលឃើញ​ដោយមន្ត​តែមួយពេល មួយស្របក់ ខ្ញុំព្រះអង្គ​បាន​នូវការ​ប្រកប​នូវ​នក្ខត្តឫក្ស និងពេល​ហើយ សឹមខ្ញុំ​ព្រះអង្គ​នាំយកផ្លែស្វាយ​ឲ្យបាន​ច្រើន មកថា្វយ​ព្រះអង្គ​ពុំខានឡើយ។

[១០២៥] (ព្រះរាជា….) កាលពីដើម អ្នកមិនបាន​និយាយ​អាងនូវ​ការប្រកប​នូវ​នក្ខត្តឫក្ស ពីដើម​មិនឃើញ​រកពេល រកស្របក់ តែអ្នក​បាន​យកផ្លែស្វាយ​ដ៏ច្រើន ដែល​បរិបូណ៌​ដោយពណ៌ ដោយក្លិន ដោយរស (មកឲ្យយើង)។

[១០២៦] នែព្រាហ្មណ៍ កាលពីដើម ផ្លែឈើទាំងឡាយ រមែង​កើតប្រាកដ​ដោយការ​សូធ្យ​សែកមន្ត​របស់អ្នក ថ្ងៃនេះ អ្នកមិន​សូធ្យសែកមន្ត តើធម្មតា​របស់អ្នក​ក្នុងថ្ងៃ​នេះ​ដូចម្តេច។

[១០២៧] (មាណព…) កូនចណ្ឌាលបានឲ្យមន្ត​ទាំងឡាយ​ដល់ខ្ញុំព្រះអង្គ​ដោយធម៌ ទាំងបាន​និយាយប្រាប់​នូវប្រក្រតី គឺសេចក្តី​វិនាសនៃ​មន្តទាំង​ឡាយថា បើមាន​គេសួរ​អ្នក​កុំលាក់នាម នឹងគោត្រ​របស់ខ្ញុំ កុំឲ្យ​មន្តលះបង់​អ្នកបាន។

[១០២៨] ខ្ញុំព្រះអង្គដែលព្រះជនិន្ទ្រាធិរាជសួរ ក្នុងប្រជុំ​ជននោះ មាន​សេចក្តីលុប​គុណ​គេ​​គ្របសង្កត់ បាន​ក្រាបទូល​ពាក្យកុហក ជាពាក្យ​ខុសថា មន្ត​ទាំងឡាយ​នេះ ជារបស់​ព្រាហ្មណ៍ ខ្ញុំព្រះអង្គ​មានមន្ត​សាបសូន្យ ជាបុគ្គល​កំព្រាយំទួញ។

[១០២៩] (ព្រះរាជា…) បុរសអ្នកត្រូវការដោយ​ទឹកឃ្មុំ ទោះបាន​ទឹកឃ្មុំ​អំពីដើមល្ហុង​ខ្ញែរក្តី អំពី​ដើមស្តៅក្តី ឬក៏អំពី​ដើម​រលួសបាយ​ក្តី ឯដើមឈើ​នោះ ឈ្មោះថា​ ជា​ឈើដ៏​ប្រសើរ​របស់​បុរសនោះ។

[១០៣០] បុគ្គលចេះដឹងធម៌អំពីជនណា ទោះក្សត្រិយ៍​ក្តី ព្រាហ្មណ៍ក្តី អ្នក​ជំនួញក្តី អ្នកគ្រួក្តី ចណ្ឌាលក្តី អ្នកចោល​សំរាមក្តី ជននោះ ឈ្មោះថា ជាជន​ដ៏ប្រសើរ​របស់​បុគ្គលនោះ។

[១០៣១] បុរសណា ញុំាងប្រយោជន៍ដ៏ឧត្តម​ដែលខ្លួន​បាន​មក​ហើយ​ដោយ​លំបាក ឲ្យវិនាស​ទៅ ដោយមានះ និង​អតិមានះ អ្នកទាំង​ឡាយ ចូរឲ្យនូវ​អាជ្ញាផង នូវការ​សម្លាប់ផង ដល់ជន​អាក្រក់នេះ ​ហើយចាប់​បុរស​ដ៏លាមក​នេះ ត្រង់ក ​ហើយ​ញាំញី។

[១០៣២] (មាណព…) បុរសស្មានថា (ទីនេះ) រាបស្មើ ក៏លោតទៅ​កាន់ត្រពាំង គុហា ជ្រោះ និងឈើ​មាន​ឫសស្អុយក្តី ដើរជាន់​លើពស់វែក ដោយ​ស្មានថា ខ្សែក្តី បុគ្គល​ខ្វាក់ដើរ​ជាន់​ភ្លើងក្តី យ៉ាងណា ៗ បពិត្រ​លោក​ប្រកប​ដោយ​ប្រាជ្ញា សូមលោក (អត់ទោស) ចំពោះខ្ញុំ ដែលជា​អ្នក​ភ្លាំងភ្លាត់ យ៉ាងនោះ ៗ ដែរ ​ហើយចែក​មន្តឲ្យខ្ញុំ ដែលជា​អ្នកមាន​មន្តសាប​រលាបអស់​ហើយ ម្តងទៀត។

[១០៣៣] (ពោធិសត្វ…) យើងបានឲ្យមន្តទាំងឡាយ ដល់អ្នក​ដោយធម៌​ហើយ គឺមិន​យករង្វាន់​អ្វីឡើយ ទាំងអ្នក​ក៏បាន​ទទួលរៀន​យកមន្ត​ដោយធម៌​ហើយដែរ យើង​មានចិត្ត​ត្រេកអរ បាន​ទាំង​ប្រាប់នូវ​ប្រក្រតី (នៃមន្ត) ដល់អ្នក​ហើយ បើអ្នកតាំង​នៅក្នុងធម៌ មន្តមិន​លះបង់​អ្នកបាន​ទេ។

[១០៣៤] ម្នាលបុគ្គលពាល អ្នកនោះ ធ្វើមន្តដែលខ្លួនបាន​ហើយ​ដោយ​លំបាក បាន​មក​ដោយកម្រ ក្នុង​មនុស្សលោក ឲ្យវិនាសទៅ ក្នុងថ្ងៃនេះ អ្នកនោះ ជាអ្នក​ឥត​ប្រាជ្ញា ពោល​ពាក្យកុហក ឈ្មោះថា ញុំាង​ជីវិត​ដែលខ្លួន​បាន​ដោយកម្រ ឲ្យវិនាស។

[១០៣៥] យើងមិនឲ្យមន្តទាំងឡាយបែបនោះ ដល់មនុស្ស​ល្ងង់ខ្លៅ​វងេ្វង ជា​អកតញ្ញូ ពោល​ពាក្យ​កុហក មិនសង្រួម ឯមន្ត​ទាំងឡាយ មានមក​ពីណា​ទៀត អ្នកឯងចូរ​ចេញទៅ អ្នកឯង​មិនគាប់​ចិត្តយើងទេ។

ចប់ អម្ពជាតក ទី១។

ផន្ទនជាតក ទី២

(៤៧៥. ផន្ទនជាតកំ (២))

[១០៣៦] (កាឡសីហៈ សួរថា) អ្នកជាបុរសមានដឹងក្នុងដៃ ចូលមក​ឈរនៅ​ក្នុងព្រៃ នែសំឡាញ់ ខ្ញុំសួរ​ហើយ ចូរអ្នកប្រាប់ តើអ្នក​ចង់កាប់​ឈើអ្វី។

[១០៣៧] (វឌ្ឍកីព្រាហ្មណ៍ តបថា) អ្នកជា​កាឡសីហៈ ត្រាច់ទៅកាន់​ព្រៃស្មើ និង​មិនស្មើ ម្នាល​សំឡាញ់ ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់ ឈើអ្វី ធ្វើខ្នងកង់​ជាប់មាំ។

[១០៣៨] (កាឡសីហៈ…) ដើមរាំងក៏មិនជាប់ ដើមគគីរ​ក៏មិនជាប់ ដើមត្រចៀកប្រើស​ក៏មិនជាប់ ដើមត្របែក​ក៏មិនជាប់ មានតែ​ដើមពង្រ ឈើនោះ ធ្វើកង់​រទេះជាប់មាំ។

[១០៣៩] (វឌ្ឍកី…) ស្លឹកពង្រនោះ បែបដូចម្តេច ដើមពង្រនោះ បែប​ដូចម្តេច ម្នាល​សម្លាញ់ យើងសួរ​ហើយ អ្នកចូរប្រាប់ យើងគប្បី​ស្គាល់​ដើមពង្រ យ៉ាងណា។

[១៩៤០] (កាឡសីហៈ….) មែកឈើណា សំយុងចុះផង មិនទន់ទោរផង មិនបាក់ផង ខ្ញុំឈរ​ក្បែរគល់​ឈើណា ឈើនោះ​ហើយ ជាដើមពង្រ។

[១០៤១] ដើមពង្រនេះ គួរដល់ការងាររបស់អ្នក ដើម្បី​កាំរទេះ​ទាំងឡាយ ដើម្បីកង់ និង​ដុំរទេះ​ទំាងឡាយ ដើម្បី​ចន្ទោលរទេះ និង​ខ្នងកង់រទេះ និងរបស់​សព្វគ្រប់ ក្រៅពីនេះ​ទាំង​អស់។

[១០៤២] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ ទេវតាអាស្រ័យ​នៅលើ​ដើមពង្រ បាន​និយាយ​ថា ពាក្យរបស់​ខ្ញុំក៏មាន​ដែរ ម្នាល​ភារទ្វាជព្រាហ្មណ៍ អ្នកឯង​ចូរស្តាប់​ពាក្យខ្ញុំសិន។

[១០៤៣] អ្នកចូរអារយកស្បែកខ្លាឃ្មុំនេះ ត្រង់ក ចំនួន ៤ ធ្នាប់ ហើយយក​ស្បែកនោះ​មកទ្រាប់​ខ្នងកង់រទេះ ធ្វើយ៉ាងនេះ ទើបជាប់​មាំមួន។

[១០៤៤] ទេវតាដែលអាស្រ័យនៅលើដើមពង្រ បាន​សម្រេចពៀរ​ហើយ បាន​នាំ​យក​សេចក្តី​ទុក្ខមកឲ្យ ដល់ខ្លាឃ្មុំទាំងឡាយ ដែលកើត​ហើយផង ដែលមិន​ទាន់កើត​ហើយផង ដោយ​ប្រការ​ដូច្នេះ។

[១០៤៥] ដើមពង្រចងពៀរនឹងខ្លាឃ្មុំ ឯខ្លាឃ្មុំចងពៀរនឹងដើមពង្រ ហើយ​បាន​សម្លាប់​គ្នាទៅ​វិញទៅមក ដោយ​ការទាស់​ទែងគា្នទៅ​វិញទៅមក ដោយ​ប្រការ​ដូច្នេះឯង។

[១០៤៦] ខ្លាឃ្មុំ និងដើមពង្រនោះ ចងពៀរវេរា​យ៉ាងណា ការទាស់ទែង​របស់មនុស្ស​ទាំងឡាយ កើតមាន​ក្នុងទីណា មនុស្ស​ទាំងនោះ ឈ្មោះថា រាំដូចជា​ក្ងោកពង់1) ក្នុងទី​នោះ ក៏យ៉ាង​នោះដែរ។

[១០៤៧] តថាគតនឹងសំដែងនូវហេតុនោះ ថា្វយមហារាជ ពួកមនុស្ស ​ដែលមក​ប្រជុំក្នុង​ទីនេះ មានចំនួន​ប៉ុន្មាន សូមសេចក្តី​ចំរើន​មានដល់​មហាបពិត្រ​ មានចំនួន​ប៉ុណ្ណោះ សូម​មហាបពិត្រ​ ព្រមព្រៀងគ្នា កុំទាស់​ទែងគា្ន កុំឲ្យ​ដូចខ្លាឃ្មុំ​ និងដើម​ពង្រ​ឡើយ។

[១០៤៨] សូមមហាបពិត្រ សិក្សានូវសេចក្តី​ព្រមព្រៀង​គ្នាតែម៉្យាង ព្រោះ​សេចក្តី​ព្រមព្រៀង​គ្នានោះ ព្រះពុទ្ធ​ទាំងឡាយ សរសើរ​ហើយ បុគ្គលអ្នក​ត្រេកអរ​ក្នុងសេចក្តី​ព្រមព្រៀង​គ្នា អ្នកតាំង​នៅក្នុងធម៌ រមែង​មិនសាប​សូន្យចាក​ព្រះនិព្វាន​ជាទីក្សេម ចាកយោគៈ​ទាំងឡាយ​ឡើយ។

ចប់ ផន្ទនជាតក ទី២។

ជវនហំសជាតក ទី៣

(៤៧៦. ជវនហំសជាតកំ (៣))

[១០៤៩] (ព្រះបាទពារាណសី មានព្រះរាជឱង្ការថា) នែហង្ស ឯងចូរ​ទំលើ​តាំង​មាសនេះចុះ ការឃើញឯង ជាទីពេញ​ចិត្តរបស់​អញ ឯងសមគួរ​ជាធំ​ហើយ របស់​ណាមាន​ក្នុងទីនេះ ឯងចូរ​ប្រាប់មកចុះ។

[១០៥០] (រាជហង្ស…) បុគ្គលខ្លះ គ្រាន់តែឮ​ហើយស្រឡាញ់ ក៏មាន ខ្លះគ្រាន់តែ​ឃើញគ្នា​ហើយ អស់សេចក្តី​ស្រឡាញ់​ក៏មាន ខ្លះឃើញ​ផង ឮផង ទើប​ស្រឡាញ់​ក៏មាន ចុះ​ព្រះអង្គ​គ្រាន់តែឃើញ តើស្រឡាញ់​ខ្ញុំដែរឬទេ។

[១០៥១] (ព្រះរាជា….) អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅ​ហើយ លុះបាន​ឃើញ អញរឹត​តែស្រឡាញ់​ឡើង នែហង្ស ឯង អញឃើញ​ហើយស្រឡាញ់​យ៉ាងនេះ ឯង​ចូរនៅ​ក្នុងសំណាក់​អញចុះ។

[១០៥២] (រាជហង្ស…) ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គ​ធ្វើសក្ការ​បូជា អស់កាល​ជានិច្ច​ហើយ តែក្រែងពេល​ណាមួយ ព្រះអង្គ​ស្រវឹងដោយ​ទឹកស្រវឹង​ហើយ ទ្រង់ត្រាស់​បង្គាប់ថា នាយពិសេស ចូរចំអិន​សាច់សេ្តចហង្ស យកមក​ឲ្យយើង។

[១០៥៣] (ព្រះរាជា…) ថ្វឺយ ! ខ្ពើម ការផឹកទឹកស្រវឹង ដែលជាទី​ស្រឡាញ់​របស់អញ​ជាង​ឯង បើឯងនៅ​ក្នុងដំណាក់​អញ​ដរាបណា អញនឹង​មិនផឹកទឹក​ស្រវឹង​ដរាបនោះ។

[១០៥៤] (រាជហង្ស…) សំដីរបស់ពួកចចក និងពួកបក្សី យល់បាន​ងាយ បពិត្រ​មហារាជ សំដីរបស់​ពួកមនុស្ស កម្រដឹងបាន​ ជាងសំដី​សត្វនោះទៅទៀត។

[១០៥៥] មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសំគាល់ថា​ជាញាតិ ជា​មិត្រ ឬជាសម្លាញ់ តែលុះដល់​ពេលខាង​ក្រោយមក បុរសនោះ ត្រឡប់​ជាសត្រូវ​នឹងគ្នា​ទៅវិញ ក៏មាន។

[១០៥៦] បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តី​ស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជា​មួយគ្នា បុគ្គលណា មានចិត្ត​មិនស្មោះស្មើ បុគ្គលនោះ​ ទោះនៅ​ក្នុងទីជិត ក៏ហាក់​ដូចជា​នៅក្នុង​ទីឆ្ងាយ។

[១០៥៧] សំឡាញ់ណា ជាអ្នកមានចិត្តជ្រះថា្ល​រកគ្នា បើទុកជា​នៅឯត្រើយ​សមុទ្ទ​ខាងនាយ សំឡាញ់​ដែលមាន​ចិត្តជ្រះថា្ល​រកគ្នានោះ ក៏ឈ្មោះថា​នៅក្នុង​សមុទ្ទ​ជាមួយគ្នា សម្លាញ់ណា មានចិត្ត​ប្រទូស្ត​រកគ្នា បើទុកជា​នៅក្នុង​សមុទ្ទ​ជាមួយគ្នា សម្លាញ់​ដែលមាន​ចិត្តប្រទូស្ត​គ្នានោះ ក៏ឈ្មោះថា នៅត្រើយ​សមុទ្ទ​ខាងនាយវិញ។

[១០៥៨] បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គល​ទាំងឡាយ​ណាជា​សត្រូវ​នឹងគ្នា បើទុក​ជានៅជា​មួយគ្នា បុគ្គល​ទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រ​ព្រះអង្គ ជាបុគ្គល​ចំរើន​ក្នុងដែន ពួកសប្បុរស​ទោះបីនៅ​ក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទី​ជាមួយ​ដោយចិត្ត។

[១០៥៩] បុគ្គលជាទីស្រឡាញ់ រមែង​មិនស្រឡាញ់វិញ ព្រោះតែនៅ​ជាមួយ​គ្នាយូរពេក ខ្ញុំសូម​ថា្វយបង្គំ​លាព្រះអង្គ​ទៅវិញ មុនពេល​ដែលខ្ញុំ​មិនជាទី​ស្រឡាញ់​របស់​ព្រះអង្គ។

[១០៦០] (ព្រះរាជា…) កាលបើយើងអង្វរយ៉ាងនេះ អ្នកមិន​ទទួលដឹង​នូវអញ្ជលី មិនធ្វើ​តាមពាក្យ​យើង ជាអ្នក​បម្រើទេ យើងសូម​អង្វរអ្នក​យ៉ាងនេះថា អ្នកគប្បី​ធ្វើនូវ​ការត្រឡប់​មកទៀត។

[១០៦១] (រាជហង្ស…) បពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើន​ក្នុងដែន កាលបើ​យើងនៅ​យ៉ាងនេះ សេចក្តី​អន្តរាយ​នឹងមិន​មានដល់ព្រះអង្គ​ ទាំងដល់​ទូល​ព្រះបង្គំ​ជាខ្ញុំ សូមឲ្យ​យើង​បាន​ជួបគ្នា​ក្នុងកាល​កន្លងទៅ​នៃថ្ងៃ និងយប់។

ចប់ ជវនហំសជាតក ទី៣។

ចុល្លនារទកស្សបជាតក ទី៤

(៤៧៧. ចូឡនារទជាតកំ (៤))

[១០៦២] (តាបសពោធិសត្វ សួរថា) អុស កូនឯងមិនពុះ ទឹក កូនឯងមិនដង ភ្លើង ក៏កូនឯង​មិនបង្កាត់ កូនឯង​ជាមនុស្ស​ល្ងង់ខ្លៅឬ បាន​ជានៅ​សញ្ជប់​សញ្ជឹង។

[១០៦៣] (តាបសកុមារ តបថា) ខ្ញុំមិនអាចនៅក្នុង​ព្រៃបាន​ទេ បពិត្រ​កស្សបៈ ខ្ញុំសូម​លាលោក ការនៅក្នុង​ព្រៃពិបាក ខ្ញុំចង់ទៅ​ដែនវិញ។

[១០៦៤] ខ្ញុំចេញទៅពីព្រៃនេះ ហើយនៅក្នុង​ជនបទណា បពិត្រ​តាបស​ដ៏ប្រសើរ បុគ្គល​គប្បីសិក្សា​ឫកពា​យ៉ាងណា សូម​ព្រះបិតា​ប្រៀន​ប្រដៅ​ទំនៀម​ទម្លាប់​នោះ ដល់ខ្ញុំ។

[១០៦៥] (តាបស…) បើបាឯងលះបង់ព្រៃ និងមើមឈើ ផ្លែឈើ ​ហើយពេញ​ចិត្តនឹង​ការនៅ​ក្នុងដែនវិញ បាឯង​ចូរស្តាប់​ទំនៀម​ទម្លាប់នោះ របស់អញ។

[១០៦៦] បាឯង ចូរកុំសេពថ្នាំពិស ចូរចៀសវាង​អណ្តូង កុំឲ្យ​លិចទៅ​ក្នុងភក់ឡើយ ចូរប្រព្រឹត្ត​ប្រយ័ត្ន​នឹងពួក​អាសីពិស។

[១០៦៧] (តាបសកុមារ…) អ្វីជាថ្នាំពិស ជាអណ្តូង ជាភក់ របស់អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ លោកពោល​នូវអ្វីថា ជា​អាសីពិស ខ្ញុំសួរ​ហើយ សូមលោក​ប្រាប់​រឿងនោះ ដល់ខ្ញុំ។

[១០៦៨] (តាបសពោធិសត្វ…) នែបា គ្រឿងត្រាំក្នុងលោក គេហៅថា ស្រា ជារបស់​ពេញចិត្ត ជារបស់​ឈ្ងុយឈ្ងប់ ឆ្ងាញ់ពិសា មាន​ឧបមា​ដូចរសផ្អែម​តូចមួយ ម្នាល​នារទៈ ព្រះអរិយ​ទាំងឡាយ បាន​ពោលថា ស្រានោះ ជាថ្នាំពិស​របស់បុគ្គល​អ្នកប្រព្រឹត្ត​ព្រហ្មចារ្យ។

[១០៦៩] នែបា ស្ត្រីទាំងឡាយក្នុងលោក រមែង​ញាំញីនូវបុរស​ដែលស្រវឹង​ហើយ ពួកស្ត្រី​ទាំងនោះ តែងផ្សាយ​ចិត្តទៅ​រកប្រុស​កំលោះ ដូចជា​ខ្យល់ផាត់​នូវប៉ុយគរ ដែល​ជ្រុះអំពី​ដើម ម្នាលនារទៈ នោះ​ហើយ ដែលលោក​ហៅថា អណ្តូង​របស់អ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ។

[១០៧០] លាភ សេចក្តីសរសើរ សក្ការៈ និងការបូជា​ក្នុងត្រកូល​អ្នកដទៃ ម្នាលនារទៈ នោះឯង​ដែលលោក​ហៅថា ភក់ល្បាប់​របស់អ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ។

[១០៧១] នែបា ពួកស្តេចធំ ៗ គ្រប់គ្រងផែនដី​នេះ នែនារទៈ​កូន បាឯង (ចូរគោរព) ពួកសេ្តច​ទាំងនោះ ដែលជា​ធំជាង​មនុស្ស​ដ៏ប្រសើរ ប្រាកដ​ដូច្នោះ។

[១០៧២] ចូរបាកុំប្រព្រឹត្តនៅផ្ទាល់ព្រះបាទានៃពួកសេ្តច​ជាឥស្សរៈ ជា​អធិបតី​ទាំង​នោះ​ឡើយ នែនារទៈ (នោះឯង) ដែលគេ​ហៅថា​អាសីពិស​របស់​អ្នកប្រព្រឹត្ត​ព្រហ្មចារ្យ។

[១០៧៣] បើបាត្រូវការភត្ត ក្នុងពេលភត្ត គប្បីចូលទៅ​កាន់ផ្ទះណា ដែលបា​ដឹងថា ត្រកូល​ណាមិន​មានទោស ក្នុងស្រុកនោះ គប្បី​ប្រព្រឹត្ត​ស្វែង​រកអាហារ​ក្នុងផ្ទះនោះចុះ។ លុះ​ចូលទៅ​កាន់ត្រកូល​ដទៃ ដើម្បីទឹកក្តី ដើម្បីភោជនក្តី គប្បី​ទំពាស៊ី​ឲ្យល្មម​ប្រមាណ គប្បី​បរិភោគ​ឲ្យល្មម​ប្រមាណ តែបា​កុំគប្បី​ពេញចិត្ត​នឹងរូប (ស្ត្រី) ទាំងឡាយ​ឡើយ។

[១០៧៤] បាចូរចៀសវាងចេញឲ្យឆ្ងាយ​នូវទីគោឈរ តៀមស្រា មនុស្ស​អ្នកលេង មនុស្ស​អ្នកឆបោក កន្លែង​ប្រជុំមនុស្ស​ច្រើន និងកន្លែង​ដែលគេទុក​ដាក់ប្រាក់មាស ឲ្យដូច​ជាបុគ្គល​ទៅដោយ​យាន (ដែលផ្ទុក​ដោយសប្បិ និងប្រេង) វៀរនូវ​ផ្លូវមិន​រាបស្មើ។

ចប់ ចុល្លនារទកស្សបជាតក ទី៤។

ទូតជាតក ទី៥

(៤៧៨. ទូតជាតកំ (៥))

[១០៧៥] (ព្រះរាជា ត្រាស់សួរថា) ម្នាលព្រហ្ម យើងបាន​បញ្ជូនពួក​ទូតមក​ក្នុង​សំណាក់​អ្នក ដែលកំពុង​សុបសៅ ក្បែរច្រាំងគង្គា ពួកទូត​ទាំងនោះ បាន​សួរ​ហើយ តែអ្នក​មិនឆ្លើយ​បា្រប់សោះ សេចក្តីទុក្ខ (ណា) ដែលកើត​ឡើងដល់​អ្នក សេចក្តី​ទុក្ខនោះ ដឹងបាន​តែអ្នកទេឬ។

[១០៧៦] (មហាសត្វ ទូលថា) បពិត្រព្រះអង្គ​ជាបុគ្គលចំរើន​ក្នុងដែន​របស់​អ្នកកាសី បើ​សេចក្តី​ទុក្ខ គប្បីកើតឡើង​ដល់ព្រះអង្គ​ បុគ្គលណា​ដោះទុក្ខនោះ​មិនបាន​ទេ សូមព្រះអង្គ​កុំប្រាប់​សេចក្តី​ទុក្ខនោះ​ដល់បុគ្គល​នោះឡើយ។

[១០៧៧] បុគ្គលណាគប្បីដោះទុក្ខព្រះអង្គនោះបាន​ដោយធម៌ ជាចំណែក​នៃសេចក្តី​សុខតែ​ម្យ៉ាង សូមព្រះអង្គ​ប្រាប់ដល់​បុគ្គលនោះ​ដោយពិត។

[១០៧៨] សំឡេងពួកឆ្កែចចកក្តី ពួកសត្វក្រៀលក្តី ដឹងបាន​ដោយងាយ បពិត្រ​មហារាជ ឯសំដី​របស់មនុស្ស ដឹងបាន​ដោយកម្រ​ជាង​សម្លេងនោះ​ទៅទៀត។

[១០៧៩] មួយទៀត កាលពីមុន បុរសណា មានចិត្តល្អ គេសំគាល់ថា​ជាញាតិ​សន្តាន ឬមិត្រ​សម្លាញ់ តែដល់មក​ខាងក្រោយ បុរសនោះ ត្រឡប់ទៅ​ជាសត្រូវ​នឹងគ្នា​វិញ​ក៏មាន។

[១០៨០] ជនណា មានគេសាកសួរសេចក្តីទុក្ខរបស់ខ្លួន ​ហើយ​និយាយ​ប្រាប់ (នូវ​សេចក្តី​កំបាំង​របស់ខ្លួន) ក្នុងកាល​មិនគួរ មិត្រទាំងឡាយ ជាអ្នកមិន​ត្រេកអរ​ចំពោះ​ជន​នោះក៏មាន ជាអ្នក​ស្វែងរកនូវ​ប្រយោជន៍ មានសេចក្តី​ទុក្ខចំពោះ​ជននោះ ក៏មាន។

[១០៨១] អ្នកប្រាជ្ញដឹងនូវកាលគួរ (នឹងនិយាយប្រាប់) ផង ដឹងនូវ​មេធាវិជន​ថា មាន​ចិត្តតែ​មួយជាមួយ​នឹងខ្លួនផង ទើបគួរ​ប្រាប់នូវ​សេចក្តី​ទុក្ខទាំងឡាយ ដល់ជន​ឯទៀត មាន​ប្រការ​ដូច្នោះ ​ហើយគប្បី​បញ្ចេញ​នូវពាក្យ​ដ៏ពីរោះ ជាពាក្យមាន​ប្រយោជន៍។

[១០៨២] អ្នកប្រាជ្ញកាលបើសំឡឹងរំពឹងឃើញនូវហិរិ និងឱត្តប្បៈ ជាក់ច្បាស់​ហើយ រមែង​ដឹងនូវទុក្ខ ដែលខ្លួន​ពិបាក​ទ្រាំថា សេចក្តីសុខ ដែល​នឹងមាន​ដល់អាត្មាអញ មិនមែន​មាន (ព្រោះការ​លើកធុរៈ ដាក់​ទម្ងន់ទៅ​លើអ្នក​ដទៃទេ) ​ហើយក៏​អត់ទ្រាំទុក្ខ​ដ៏ខ្លាំងក្លា​តែម្នាក់​ឯង។

[១០៨៣] បពិត្រមហារាជ ទូលព្រះបង្គំជាអ្នកត្រូវការ​ដោយ​ទ្រព្យ (យកទៅបូជា) ដល់​អាចារ្យ ទើបដើរ​សូមគេ​ក្នុងដែន និគម និង​រាជធានី។

[១០៨៤] បពិត្រព្រះអង្គជាធំជាងជន ខ្ញុំព្រះអង្គ (សូមឲ្យ) ពួកគហបតី ពួករាជបុរស ពួក​ព្រាហ្មណ​មហាសាល បាន​ឆ្តោរមាស ៧ បពិត្រ​មហារាជ ឆ្តោរ​មាស​របស់ខ្ញុំ​ព្រះអង្គ​នោះបាត់ ហេតុនោះ បាន​ជាខ្ញុំ​ព្រះអង្គ​សោកដ៏​ក្រៃលែង។

[១០៨៥] បពិត្រមហារាជ ពួករាជបុរសរបស់ព្រះអង្គ​ ខ្ញុំព្រះអង្គ​បាន​ត្រិះរិះ​ដោយចិត្ត​ថា មិនអាច​ដើម្បីជួយ​ដោះខ្ញុំព្រះអង្គ​ ឲ្យរួចចាក​ទុក្ខបាន​ទេ ហេតុនោះ ខ្ញុំព្រះអង្គ​ មិនប្រាប់​ដល់រាជបុរស​ទាំងនោះ​ឡើយ។

[១០៨៦] បពិត្រមហារាជ ចំណែកព្រះអង្គ ខ្ញុំព្រះអង្គ​បាន​ត្រិះរិះ​ដោយចិត្តថា ព្រះអង្គ​អាចជួយ​ដោះទុក្ខបាន​ ហេតុនោះ ខ្ញុំព្រះអង្គ​ទើបក្រាប​ទូលដល់​ព្រះអង្គ។

[១០៨៧] (អភិសម្ពុទ្ធគាថា) ព្រះបាទពារាណសី ជាអ្នកចំរើន​ក្នុងដែន​របស់​អ្នក​កាសី មាន​ព្រះហឫទ័យ​ជ្រះថា្ល បាន​ប្រទាន​ឆ្តោរមាសសុទ្ធ ចំនួន ១៤ ដុំ ដល់​មហាសត្វ​នោះ។

ចប់ ទូតជាតក ទី៥។

កាលិង្គពោធិជាតក ទី៦

(៤៧៩. កាលិង្គពោធិជាតកំ (៦))

[១០៨៨] (អភិសម្ពុទ្ធគាថា) ព្រះបាទកាលិង្គ ជាស្តេចចក្រពត្តិ គ្រប់គ្រង​មនុស្ស​លើ​ផែនដី​ដោយធម៌ សេ្តចបាន​មកដល់ទី​ជិតពោធិព្រឹក្ស​ដោយដំរី​មានអានុភាព​ធំ។

[១០៨៩] ភារទ្វាជព្រាហ្មណ៍បុរោហិត នៅក្នុងដែន​កាលិង្គ លើកកម្បង់​អញ្ជលី​ចំពោះ​ព្រះរាជា​ចក្រពត្តិ ដែលទ្រង់​ប្រសូតចាក​ត្រកូល​សមណៈ ព្រះនាម​ចុល្លកាលិង្គ ក្រាបទូល​ពាក្យនេះថា

[១០៩០] បពិត្រមហារាជ សូមព្រះអង្គ​សេ្តចចុះមក ចំណែកនៃ​ផែនដីនេះ ជាប្រទេស​ដែល​សមណៈ​សរសើរ​ហើយ ព្រះពុទ្ធ​ទាំងឡាយ មានគុណ​ថ្លឹងមិនបាន​ តែងត្រាស់​ដឹង​ហើយ រុងរឿង​ក្នុងទីនេះ។

[១០៩១] បពិត្រមហារាជ តាមដែលខ្ញុំព្រះអង្គឮមកថា ស្មៅ និងវល្លិ​ទាំងឡាយ ក្នុង​ចំណែក​នៃផែនដី​នេះ វិលកួច​ទៅខាងស្តាំ នេះជា​ផ្ចិតនៃ​ផែនដី។

[១០៩២] ផ្ចិតនៃផែនដីនេះ ដែលមាន​សមុទ្រសាគរ​ជាទីបំផុត ជាទី​ទ្រទ្រង់​នូវ​សត្វ​ទាំងពួង សូមព្រះអង្គ​សេ្តចចុះ​មក​ធ្វើនមស្ការ។

[១០៩៣] ពួកដំរីណា ដែលកើតក្នុងឧបោសថត្រកូល ជាដំរី​ប្រសើរ ដំរីទាំង​នោះ រមែង​មិនហ៊ាន​ចូលទៅកាន់​ប្រទេស មានប្រមាណ​ប៉ុណ្ណោះទេ។

[១០៩៤] ដំរីកើតក្នុងឧបោសថត្រកូល ក៏ពិត​ហើយ តែថា ប្រទេស​ប៉ុណ្ណេះនេះ ដំរីនុ៎ះ មិនហ៊ាន​ចូលទៅ​ជិតទេ សូមព្រះអង្គ​យក​កង្វេរពេជ្រ (កាប់) បញ្ជូនដំរី​ដ៏ប្រសើរ ដែល​គេបាន​បង្វឹក​ហើយ(ឲ្យចូលទៅ​លមើល)។

[១០៩៥] ព្រះបាទកាលិង្គ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍​បុរោហិត​នោះ​ហើយ ទ្រង់​ពិចារណា​តាមពាក្យ​បុរោហិត ជាអ្នក​មើល​លក្ខណៈ ទើបបង្ខំ​ដំរីដ៏ប្រសើរ ដែល​កើតក្នុង​ឧបោសថ​ត្រកូល ដោយ​គិតថា យើងនឹងបរ (ដំរី) ចូលទៅ តាមពាក្យ​បុរោហិតនេះ​លមើល។

[១០៩៦] ឯដំរីដែលស្តេចបរចូលទៅ ក៏មិន​អាចទទួល​ភារៈ​ដ៏ធ្ងន់បាន ហើយស្រែក​ដូចជា​សត្វក្រៀល ថយក្រោយ អង្គុយ (លើអាកាស)។

[១០៩៧] ភារទ្វាជព្រាហ្មណ៍ក្នុងដែនកាលិង្គដឹងថា ដំរីនោះ អស់អាយុ​ហើយ ក៏ប្រញាប់​ក្រាបទូល​ព្រះបាទ​កាលិង្គថា បពិត្រ​មហារាជ សូមព្រះអង្គ​គង់ដំរី​ដទៃវិញ ព្រោះ​ដំរីនេះ អស់អាយុ​ហើយ។

[១០៩៨] ព្រះបាទកាលិង្គបានឮពាក្យនោះហើយ ក៏ទ្រង់​ប្រញាប់​ទៅកាន់ដំរី (ដទៃ) កាល​បើសេ្តច​ទ្រង់ឈាន​ផុតទៅ​ហើយ ដំរីក៏ដួល​ធា្លក់មកលើ​ផែនដី ក្នុងទី​នោះឯង ពាក្យ​ព្រាហ្មណ៍​បុរោហិត​អ្នកទាយ​លក្ខណៈ​យ៉ាងណា ដំរីក៏យ៉ាងនោះ។

[១០៩៩] ព្រះបាទកាលិង្គ មានព្រះរាជឱង្ការនេះ​នឹងកាលិង្គភារទ្វាជ​ព្រាហ្មណ៍ថា អ្នកឯង​ជាមនុស្ស​ចេះដឹង​ដោយប្រពៃ ជាសព្វញ្ញូ​ឃើញការ​សព្វគ្រប់។

[១១០០] កាលិង្គភារទ្វាជព្រាហ្មណ៍ មិនទទួលការសរសើរ​នោះ ក៏ក្រាប​បង្គំទូល​ដូច្នេះ​ថា បពិត្រ​មហារាជ ទូលព្រះ​បង្គំជាខ្ញុំ គ្រាន់តែ​ជាអ្នក​ទាយលក្ខណៈ ព្រះពុទ្ធ​ទាំងឡាយ ទើប​ព្រះអង្គ​ជាសព្វញ្ញូ។

[១១០១] ព្រះពុទ្ធទាំងឡាយ ព្រះអង្គ​ដឹងសព្វ ជ្រាបសព្វ តែងដឹង​ដោយ​លក្ខណៈ ចំណែក​យើងខ្ញុំ (ចេះដឹង) ដោយ​សាកំឡាំង​សិល្បសាស្រ្ត ព្រះពុទ្ធ​ទាំងឡាយ ទើប​ព្រះអង្គ​ទ្រង់ជា្រប​សព្វ។

[១១០២] ព្រះបាទកាលិង្គ ជ្រះថា្លនឹងពោធិមណ្ឌល ​ហើយនាំ​យកផ្កាកម្រង ​និង​គ្រឿង​ក្រអូប គ្រឿងលាប ព្រមទាំង​តូរ្យតន្ត្រី​ទាំងឡាយ​ផ្សេង ៗ ទ្រង់ឲ្យ​ធ្វើកំពែង​ព័ទ្ធជុំវិញ ​ហើយទើប​ទ្រង់យាង​ចេញទៅ។

[១១០៣] ព្រះបាទកាលិង្គ បានឲ្យរាជបុរស​បេះផ្កាឈើ​ទាំងឡាយ ចំនួនប្រាំមួយ​ហ្មឺន​រទេះ មកបូជា​កន្លែងដាំ​ពោធិព្រឹក្ស​ដ៏ប្រសើរ​បំផុត (នោះ)។

ចប់ កាលិង្គពោធិជាតក ទី៦។

អកិត្តិជាតក ទី៧

(៤៨០. អកិត្តិជាតកំ (៧))

[១១០៤] (អភិសម្ពុទ្ធគាថា) សក្កទេវរាជ ជាម្ចាស់នៃសត្វ លុះឃើញ​អកិត្តិបណ្ឌិត​ កំពុង​គង់នៅ ទើបសួរថា បពិត្រ​មហាព្រហ្ម លោកប្រាថ្នា​ចង់បាន​អ្វី បាន​ជាមក​អង្គុយ នៅក្នុង​ទីក្តៅម្នាក់​ឯង។

[១១០៥] (អកិត្តិតាបស ឆ្លើយថា) បពិត្រ​សក្កៈ ការកើតក្នុង​ភពថ្មីទៀត នាំមកនូវ​សេចក្តី​ទុក្ខ ការបែកធ្លាយ​នៃសរីរៈ នាំមកនូវ​សេចក្តីទុក្ខ ការស្លាប់​ព្រោះតែវង្វេង ក៏នាំ​មកនូវ​សេចក្តី​ទុក្ខ បពិត្រ​វាសវៈ ហេតុនោះ បាន​ជាអាត្មា (អង្គុយ​បា្រថ្នា​ព្រះនិព្វាន)។

[១១០៦] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ បពិត្រ​កស្សបៈ លោកមាន​ចិត្តប្រាថា្ន​ចង់បាន​ពរណា ខ្ញុំប្រគេនពរ​នោះ ដល់លោក។

[១១០៧] (អកិត្តិ…) បពិត្រសក្កៈ ជាធំជាងសត្វ​ទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់​អាត្មា នរជន​បាន​កូន ប្រពន្ធ ទ្រព្យស្រូវ និងវត្ថុដទៃ​ជាទី​ស្រឡាញ់ រមែង​មិន​ឆ្អែត​ស្កប់ស្កល់ ដោយ​លោភៈណា សូមកុំ​ឲ្យលោភៈ​នោះ នៅក្នុង​សន្តានរបស់​អាត្មា​បាន​ឡើយ។

[១១០៨] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ ​បពិត្រ​កស្សបៈ លោកមាន​ចិត្តបា្រថា្ន​ពរណា ខ្ញុំប្រគេន​ពរនោះ ដល់លោក។

[១១០៩] (អកិត្តិ…) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់​អាត្មា ពួកជន​រមែង​ញុំាង​ស្រែចម្ការ ប្រាក់មាស គោសេះ និង​ទាសបុរស ដោយ​ទោសៈ​ណា ដែលកើត​ហើយ សូមកុំឲ្យ​ទោសៈនោះ នៅក្នុង​សន្តាន​អាត្មាបាន​ឡើយ។

[១១១០] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ ​បពិត្រ​​កស្សបៈ លោកមាន​ចិត្តប្រាថ្នា​ពរណា ខ្ញុំប្រគេន​ពរនោះ ដល់លោក។

[១១១១] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់អាត្មា អាត្មាសូម​កុំឲ្យជួប​នឹងមនុស្ស​ពាល សូមកុំឲ្យ​ឮដំណឹង​មនុស្សពាល សូមកុំ​ឲ្យនៅរួម​នឹង​មនុស្សពាល សូមកុំឲ្យបាន​ធ្វើ ទាំងកុំឲ្យ​ពេញចិត្ត​នឹងការ​ចរចា​ទៅមក​នឹងមនុស្ស​ពាល។

[១១១២] (សក្កៈ…) មនុស្សពាលបានធ្វើអ្វីដល់លោក បពិត្រ​កស្សបៈ សូមលោក​ប្រាប់​ហេតុ បពិត្រ​កស្សបៈ ហេតុអ្វី បាន​ជាលោក​មិនប្រាថ្នាជួប​មនុស្សពាល។

[១១១៣] (អកិត្តិ…) បុគ្គលពាល រមែង​ណែនាំនូវអំពើ​មិនគួរ​ណែនាំ រមែង​ប្រកប​ក្នុងកិច្ច​មិនមែន​ជាធុរៈ ការណែនាំ​ទៅរក​អាក្រក់ ជាការ​ប្រសើរ (របស់បុគ្គល​ពាល​នោះ) បុគ្គល​ពាល បើទុកជា​គេនិយាយ​ត្រូវ ក៏នៅ​តែខឹង បុគ្គលពាល រមែង​មិន​ដឹងច្បាប់​អ្វីទេ ការមិន​ជួបប្រទះ​នឹងបុគ្គល​ពាលនោះ ជាការ​ប្រពៃ។

[១១១៤] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ បពិត្រ​​កស្សបៈ លោកមាន​ចិត្តប្រាថា្ន​ពរណា ខ្ញុំប្រគេន​ពរនោះ ដល់លោក។

[១១១៥] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​នឹងប្រទានពរ​ដល់អាត្មា អាត្មាសូម​ឲ្យជួបប្រទះ​អ្នកប្រាជ្ញ សូមឲ្យ​ស្តាប់អ្នក​ប្រាជ្ញ សូមឲ្យ​នៅរួម​ជាមួយ​នឹង​អ្នកប្រាជ្ញ សូមឲ្យបាន​ធ្វើ ទាំងសូម​ឲ្យបាន​ចូលចិត្ត នឹងការ​ចរចា​ទៅមក ជាមួយ​នឹងអ្នក​ប្រាជ្ញនោះ។

[១១១៦] (សក្កៈ….) អ្នកប្រាជ្ញបានធ្វើប្រយោជន៍អ្វី​ដល់លោក បពិត្រ​កស្សបៈ សូមលោក​ប្រាប់ហេតុ បពិត្រ​កស្សបៈ ហេតុអ្វីបាន​ជាលោក​ចង់ជួប​ប្រទះ​អ្នកប្រាជ្ញ។

[១១១៧] (អកិត្តិ….) អ្នកប្រាជ្ញ រមែង​ណែនាំនូវហេតុ ដែលគួរដឹកនាំ រមែង​មិន​ប្រកប​ក្នុងកិច្ច ដែលមិន​មែនជាធុរៈ ការដឹក​នាំល្អ ជាការ​ប្រសើរ (របស់​អ្នកប្រាជ្ញ​នោះ) អ្នកប្រាជ្ញ បើគេ​និយាយ​ត្រូវ​ហើយ រមែង​មិនក្រោធ អ្នកប្រាជ្ញនោះ រមែង​ចេះ​ដឹងច្បាប់ ការសេព​គប់ជាមួយ​នឹងអ្នក​ប្រាជ្ញនោះ ជាការប្រពៃ។

[១១១៨] (សក្កៈ….) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ ​បពិត្រ​​កស្សបៈ លោកមាន​ចិត្តប្រាថ្នា​ពរណា ខ្ញុំនឹងប្រគេន​ពរនោះ ដល់លោក។

[១១១៩] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់​អាត្មា នាកាល​រាត្រីនោះ​អស់​ហើយ ព្រះអាទិត្យ​ក៏រះឡើង សូមឲ្យ​ទិព្វភោជន​កើតប្រាកដ ទាំង​ពួកយាចក​អ្នកមាន​សីល (ក៏ឲ្យមក) កាលបើ​អាត្មាឲ្យ សូម​ទិព្វភោជន​កុំឲ្យអស់ លុះឲ្យ​ហើយ សូមកុំ​ឲ្យក្តៅ​ក្រហាយ​ក្រោយ កាលបើ​កំពុងឲ្យ គប្បីឲ្យ​មានចិត្ត​ជ្រះថ្លា បពិត្រ​សក្កៈ សូមព្រះអង្គ​ប្រទានពរនុ៎ះ​ចុះ។

[១១២០] (សក្កៈ….) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ បពិត្រ​​កស្សបៈ លោកមាន​ចិត្តប្រាថ្នា​ពរណា ខ្ញុំនឹង​ប្រគេនពរ​នោះ ដល់លោក។

[១១២១] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់​អាត្មា ព្រះអង្គ​កុំចូលមក​រកអាត្មា​ទៀតឡើយ បពិត្រ​សក្កៈ សូមព្រះអង្គ​ប្រទានពរ​នុ៎ះចុះ។

[១១២២] (សក្កៈ…) ពួកជនប្រុសស្រី តែងចង់ឃើញ (ខ្ញុំ) ដោយការ​ប្រព្រឹត្តិ​វត្តដ៏​ច្រើនចុះ ភ័យក្នុង​ការឃើញខ្ញុំ (មាន​ដល់លោក)។

[១១២៣] (អកិតិ្ត….) អាត្មាឃើញព្រះអង្គ មានភេទជាទេវតា​ប្រាកដ​ដូច្នោះ មាន​សេចក្តី​ប្រាថ្នា​ទាំងពួង​សម្រេច​ហើយ គប្បី​ប្រហែស​ក្នុង​តបធម៌ ភ័យក្នុង​ការឃើញ​ព្រះអង្គ​នុ៎ះ មានដល់ (អាត្មា)។

ចប់ អកិត្តិជាតក ទី៧។

តកា្ករិយជាតក ទី៨

(៤៨១. តក្ការិយជាតកំ (៨))

[១១២៤] (ព្រាហ្មណ៍បុរោហិត និយាយថា) ខ្ញុំឯង ជាមនុស្សល្ងង់ និយាយ​សំដីទាស់ ដូចជា​កង្កែប​ហៅពស់​ក្នុងព្រៃ ម្នាល​តក្ការិយៈ ខ្ញុំធ្លាក់ក្នុង​រណ្តៅនេះ ព្រោះឮថា បុគ្គល​និយាយ​ហួសប្រមាណ មិនប្រពៃ​ឡើយ។

[១១២៥] (តក្ការិយពោធិសត្វ តបថា) បុគ្គលអ្នកនិយាយ​ហួសប្រមាណ​ តែង​ដល់នូវ​ការចង ការសម្លាប់ សោក និងខ្សឹកខ្សួល លោក​តិះដៀល​ខ្លួនលោក ព្រោះ​តែហេតុនោះ បពិត្រ​លោក​អាចារ្យ ពួកជន​កប់លោក​ក្នុងរណ្តៅ​ឥឡូវនេះ។

[១១២៦] (មហាសត្វ ដំណាលពីសេដ្ឋីបុត្រ និយាយថា) ថ្វីបាន​ជាអញសួរ អញយក​អាសាតុណ្ឌិលៈ ជាបង​នាងកាលី បាន​ជាអញ​ត្រូវគេ​ដណ្តើម​យកសំពត់​ទាំងគូ ​ហើយ​ជា​មនុស្ស​អាក្រាត ដំណើរ​នេះឯង ប្រហែលគ្នា​នឹងលោក​ច្រើនប្រការ។

[១១២៧] (ដំណាលរឿងកុកសថា) កាលពពែទាំងពីរ កំពុងតែ​ជល់គ្នា កុកសណា ចូលទៅ​ត្រង់ចន្លោះ​ពពែ កុកសនោះ ត្រូវក្បាល​ពពែទាំងពីរ ទង្គិចខ្ទេច​ក្នុងទីនោះ ដំណើរ​នេះ ប្រហែលគ្នា​នឹងលោក​ច្រើនយ៉ាង។

[១១២៨] (ដំណាលរឿងជន ៤ នាក់ ថា) ជន ៤ នាក់ កាន់ជាយ​ក្រមា ចាំ​ត្រង​បុរសម្នាក់ (ដែលលោត​ពីចុងត្នោត) ជនទាំង ៤ នាក់នោះ បែកក្បាល​ដួលស្លាប់ ដំណើរនេះ ប្រហែល​គ្នានឹងលោក​ច្រើនយ៉ាង។

[១១២៩] (ដំណាលរឿងពពែថា) ដូចជាមេពពែ ដែលចោរចង​ទុកក្បែរ​គុម្ពឫស្សី ទធាក់​ជើងក្រោយ​លេង បាន​ជាន់កាំបិត ហេតុនោះ បាន​ជាចោរ អារបំពង់​កមេពពែ​នោះ ដំណើរ​នេះឯង ​ប្រហែលគ្នា​នឹងលោក​ច្រើនយ៉ាង។

[១១៣០] (ដំណាលរឿង ព្រះរាជាពារាណសី ត្រាស់ថា) កិន្នរ​ទាំងពីរនេះ មិនមែន​ជាទេវតា មិនមែន​ជាគន្ធព្វបុត្ត​ទេ កិន្នរ​ទាំងនេះ ជាម្រឹគទេ កិន្នរ​ទាំងនេះ ព្រាន​ព្រៃបាន​នាំមក​ដោយ​អំណាច​ប្រយោជន៍ ពួកអ្នកធ្វើ​ក្រយាស្ងោយ ចូរ​ចំអិន​កិន្នរ​មួយ​នោះ ក្នុងពេល​បាយល្ងាច ចូរចំអិន​កិន្នរ​មួយទៀត ក្នុងពេល​បាយព្រឹក។

[១១៣១] (រឿងកិន្នរី ទូលព្រះរាជាថា) ពាក្យជាទុព្ភាសិត​មួយសែនម៉ាត់ ក៏មិន​ដល់មួយ​ចំណិត​នៃពាក្យ​ជាសុភាសិត​ឡើយ បុគ្គល​កាលរង្កៀស​នឹងពាក្យជា​ទុព្ភាសិត រមែង​លំបាក ព្រោះ​ហេតុនោះ កិន្នរ​នៅស្ងៀម មិនមែន​ព្រោះល្ងង់ទេ។

[១១៣២] (ព្រះរាជា ត្រាស់ថា) កិន្នរីណា បាន​ដោះសា​នឹងអញ អ្នកទាំងឡាយ ចូរលែង​កិន្នរី​នុ៎ះចុះ ចូរនាំ​កិន្នរនោះ ទៅភ្នំ​ហិមពាន្ត អ្នក​ទាំងឡាយ ចូរប្រគល់​កិន្នរនេះ ដើម្បី​រោងគ្រួ ចូរចំអិនវា​ក្នុងពេល​បាយព្រឹក អំពីព្រលឹម។

[១១៣៣] (កិន្នរ ក្រាបទូលថា) ពួកសត្វចិញ្ចឹម មានមេឃ​ជាទីពឹង ​ពួកមនុស្សមាន​សត្វចិញ្ចឹម​ជាទីពឹង បពិត្រ​មហារាជ ខ្ញុំមាន​ព្រះអង្គ​ជាទីពឹង ឯភរិយា​របស់ខ្ញុំ មាន​ខ្លួនខ្ញុំ​ជាទីពឹង ក្នុងរវាង​យើងខ្ញុំ​ទាំងពីរនាក់ សូមឲ្យ​អ្នកដែលរួច (អំពីសេចក្តី​ស្លាប់) ដឹងថា អ្នកណា​មួយ (ស្លាប់) ​ហើយសឹម​ទៅភ្នំ។

[១១៣៤] បុគ្គលមិនងាយចៀសនិន្ទាទេ បពិត្រ​ព្រះជនិន្ទ ព្រះអង្គ​គប្បីសេពគប់ រាប់រក​នូវពួកជន អ្នកមាន​សេចក្តី​ប្រាថា្ន​ផ្សេង ៗ គ្នា (លមើល) បុគ្គល​ពួកមួយ បាន​នូវសេចក្តី​សរសើរ​ដោយគុណ មានសីលគុណ​ជាដើម​ណា បុគ្គលឯទៀត បាននូវ​ពាក្យនិន្ទា ដោយ​គុណ មានសីលគុណ​ជាដើម​នោះ​ទៅវិញ។

[១១៣៥] សត្វលោកទាំងអស់ មានចិត្តក្លៀវក្លា ដោយចិត្ត​ផ្សេងគ្នា សត្វលោក​ទាំង​អស់ មានចិត្ត​ប្រព្រឹត្តទៅ​ក្នុងចិត្ត​របស់ខ្លួន ពួកសត្វ​ទាំងអស់ មានចិត្តផ្សេង ៗ គ្នា មាន​ប្រភេទ​ដ៏ច្រើន ឯក្នុង​លោកនេះ បុគ្គល​មិនលុះ​អំណាចចិត្ត​របស់បុគ្គល​ណាបាន​ឡើយ។

[១១៣៦] (ព្រះរាជា…) កិន្នរណា ព្រមទាំងភរិយានៅស្ងៀម ឥឡូវនេះ ភ័យ​ហើយ បាន​ដោះសា កិន្នរនោះ ចូររួច​អំពីភ័យ ដល់នូវ​សេចក្តីសុខ មិនមាន​រោគក្នុង​កាលឥឡូវ​នេះចុះ វាចារបស់​ជនទាំង​ឡាយ ជាវាចា​មានប្រយោជន៍។

ចប់ តកា្ករិយជាតក ទី៨។

រុរុមិគជាតក ទី៩

(៤៨២. រុរុមិគរាជជាតកំ (៩))

[១១៣៧] (ព្រះបាទព្រហ្មទត្ត ប្រកាសថា) នរណា ប្រាប់ម្រឹគនោះ ជាម្រឹគ​ដ៏ឧត្តម​ជាងម្រឹគ​ទាំងឡាយ ដល់យើង យើងនឹង​ឲ្យស្រុកសួយ និងនាង​នារី​ដែលស្អិតស្អាង​ហើយ ដល់​អ្នកនោះ។

[១១៣៨] (សេដ្ឋីបុត្ត ក្រាបទូលថា) សូមព្រះអង្គ​ប្រទានស្រុកសួយ និងពួក​នាងនារី ដែល​ស្អិតស្អាង ដល់ទូល​ព្រះបង្គំ​ជាខ្ញុំចុះ ទូលព្រះបង្គំ​ជាខ្ញុំ នឹងក្រាប​ទូលម្រឹគនោះ ជាម្រឹគ​ដ៏ឧត្តម​ជាងម្រឹគ​ទាំងឡាយ​ដល់ព្រះអង្គ។

[១១៣៩] ដើមស្វាយ និងដើមសាលព្រឹក្ស ក្នុងដងព្រៃនុ៎ះ មានផ្ការីក (ផែនដី)​ ដ៏​ដេរដាស​ដោយស្មៅ មាន​សម្ផ័ស្សស្រួល មានពណ៌​ក្រហមដូច​ជាសម្បុរ​នៃសត្វ​មេភ្លៀង ម្រឹគនុ៎ះ ឋិតទៅ​ក្នុងដងព្រៃនុ៎ះ។

[១១៤០] (អភិសម្ពុទ្ធគាថា) ព្រះបាទព្រហ្មទត្ត ទ្រង់យិតព្រះទម្រង់​កៅទណ្ឌ ផ្ទាប់កាំសរ ​ហើយស្តេច​ចូលតម្រង់​ទៅ ឯម្រឹគ​ក្រលេក​ឃើញ​ព្រះរាជា​ហើយ ក៏ទូល​អង្វរពី​ចម្ងាយថា បពិត្រ​មហារាជ សូមព្រះអង្គ​ឈប់សិន បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ សូមព្រះអង្គ​កុំបាញ់​ទូលព្រះបង្គំ​ជាខ្ញុំឡើយ នរណាអេះ បាន​ក្រាបទូល​ដំណើរ​នេះ​ដល់ព្រះអង្គ​ថា ម្រឹគនុ៎ះ ឋិតនៅ​ក្នុងដង​ព្រៃនុ៎ះ។

[១១៤១] (ព្រះរាជា….) នែសំឡាញ់ បុរសជាអ្នកប្រព្រឹត្តអំពើលាមក​នុ៎ះ ឋិតនៅ​អំពី​ចម្ងាយ បុរសនោះ បាន​ប្រាប់ដំណើរ​នេះ​ដល់យើងថា ម្រឹគនុ៎ះ ឋិតនៅ​ក្នុងទីនុ៎ះ។

[១១៤២] (ប្រើសមាសពោធិសត្វ…) បានឮមកថា នរជនពួកខ្លះ ក្នុងលោកនេះ បាន​ពោលពាក្យ​ពិតយ៉ាង​នេះថា កំណាត់​ឈើដែល​គេស្រង់​ឡើង ប្រសើរជាង ឯ​នរជនពួកខ្លះ ដែលគេ​ស្រង់ឡើង មិនប្រសើរ​ទេ។

[១១៤៣] (ព្រះរាជា…) ម្នាលម្រឹគ អ្នកតិះដៀលម្រឹគ​ទាំងឡាយ ឬបក្សីទាំងឡាយ ឬក៏មនុស្ស​ទាំងឡាយ យើងមាន​ភ័យច្រើន ព្រោះតែ​ឮអ្នកនិយាយ​ជាភាសា​មនុស្ស។

[១១៤៤] (ប្រើសមាស…) ខ្ញុំបានស្រង់មនុស្សណា ដែលរសាត់​ទៅក្នុងផ្លូវទឹក មាន​ទឹកច្រើន ទឹកជ្រៅ មានខ្សែ​ទឹកហូរ​រហ័ស (ឥឡូវ) ភ័យមាន​មកដល់​ទូលព្រះបង្គំ​ជា​ខ្ញុំ​ហើយ ព្រោះហេតុ​តែស្រង់​មនុស្សនោះ បពិត្រ​មហារាជ ការរួបរួម​នឹងអសប្បុរស​តែងនាំ​មកនូវ​សេចក្តីទុក្ខ។

[១១៤៥] (ព្រះរាជា…) យើងនឹងបាញ់ព្រួញនេះ ទៅតាមអាកាស ជាព្រួញមាន​ស្លាបកន្ទុយ ៤ ផ្តាច់​នូវសរីរៈ (បុរសនោះ) ចំដើមទ្រូង យើងនឹង​សម្លាប់​មនុស្សនោះ ជាមនុស្ស​ទ្រុស្តមិត្ត ជាអ្នក​ធ្វើកិច្ចដែល​មិនគួរធ្វើ មិនដឹង​នូវឧបការគុណ ដែល​ធ្វើ​​ហើយ​ប្រាកដ​ដូច្នោះ។

[១១៤៦] (ប្រើសមាស…) បពិត្រព្រះជនិន្ទ្រ សប្បុរសទាំងឡាយ រមែង​មិន​សរសើរ​នូវការ​សម្លាប់​របស់​អ្នកប្រាជ្ញ ឬមនុស្ស​ពាល ដោយពិត ​សូមឲ្យ​មនុស្ស​អ្នកមាន​បាបធម៌​ទៅផ្ទះ តាមសេចក្តី​ប្រាថ្នាចុះ ភត្តណា (ដែលព្រះអង្គ​ត្រូវប្រទាន) ដល់​បុរសនុ៎ះ សូមព្រះអង្គ​ ប្រទាន​ភត្តនោះ ដល់បុរស​នុ៎ះចុះ ចំណែក​ខ្ញុំ សូមធ្វើ​តាមសេចក្តី​ប្រាថា្ន​របស់ព្រះអង្គ​ចុះ។

[១១៤៧] (ព្រះរាជា…) ម្នាលប្រើសមាស បណ្តាសប្បុរស​ទាំងឡាយ ​អ្នកដែលមិន​ប្រទូស្ត​ចំពោះ​មនុស្ស​ដែល​ប្រទូស្តនោះ ក៏ចាត់ថា​ជាសប្បុរស​មួយ​ដោយពិត មនុស្ស​មាន​បាបធម៌ ចូរទៅ​ផ្ទះរបស់​ខ្លួនតាម​សេចក្តី​ប្រាថ្នាចុះ ភត្តណា (ដែលយើង​ត្រូវឲ្យ) ដល់បុរសនុ៎ះ យើងនឹង​ឲ្យភត្តនោះ​ដល់បុរសនុ៎ះ មួយទៀត យើងនឹងឲ្យ​ស្រុកសួយ​ដល់អ្នក។

[១១៤៨] (ប្រើសមាស…) បពិត្រមហារាជ សំឡេងរបស់ចចក និងក្រៀល គេដឹង​បាន​ដោយ​ងាយ ឯសំដី​របស់មនុស្ស គេដឹង​បាន​ដោយកម្រ ជាងសំដី​សត្វនោះ​ទៅទៀត បុរសណា មានចិត្តល្អ គេសំគាល់ថា ជាញាតិ ជាមិត្រ ជាសំឡាញ់​ក្នុងកាលមុន បុរសនោះ រមែង​ជាសត្រូវ​វិញ ក្នុងកាល​ជាខាង​ក្រោយ។

[១១៤៩] (អភិសម្ពុទ្ធគាថា) ពួកអ្នកជនបទ ក៏មកប្រជុំគ្នា ពួកអ្នកនិគម ក៏មកប្រជុំ​គ្នា (ហើយក្រាប​ទូសស្តេច) ថា ពួកម្រឹគ​ស៊ីស្រូវអស់​ហើយ សូម​ព្រះសម្មតិទេព កំចាត់​ពួកម្រឹគ​នោះចេញ។

[១១៥០] (ព្រះរាជា…) ចូរកុំឲ្យមានជនបទ ទាំងដែន​ក៏ចូរវិនាស​ទៅដោយ​ពិតចុះ យើង​ឲ្យអភ័យ​ដល់ពួកបក្សី​ហើយ មិនប្រទូស្ត​ប្រើសមាសទេ។

[១១៥១] យើងមិនមានជនបទក្តី ជនបទមិនមាន​ដល់យើងក្តី យើងឲ្យ​ពរដល់​មិគរាជ​​ហើយ មិន​និយាយ​ពាក្យកុហក​ទេ។

ចប់ រុរុមិគជាតក ទី៩។

សរភជាតក ទី១០

(៤៨៣. សរភមិគជាតកំ (១០))

[១១៥២] (ព្រះបាទព្រហ្មទត្ត បន្លឺឧទានថា) បុរសជាបណ្ឌិត​ ត្រូវតែប្រាថ្នា មិន​គប្បី​នឿយណាយ​ទេ អាត្មាអញ​ឃើញខ្លួន​សម្រេច​ដូចសេចក្តី​ប្រាថ្នា។

[១១៥៣] បុរសជាបណ្ឌិត​ ត្រូវតែប្រាថ្នា មិនគប្បី​នឿយណាយ​ទេ អាត្មាអញ​ឃើញខ្លួន ដែលគេ​ស្រង់អំពី​ទឹកមក​លើគោក។

[១១៥៤] បុរសជាបណ្ឌិត​ ត្រូវតែព្យាយាម មិនគប្បី​នឿយណាយ​ទេ អាត្មាអញ​ឃើញខ្លួន​សម្រេច​ដូចសេចក្តី​ប្រាថ្នា។

[១១៥៥] បុរសជាបណ្ឌិត​ ត្រូវតែព្យាយាម មិនគប្បី​នឿយណាយទេ​ អាត្មាអញ​ឃើញខ្លួន​ដែលសរភម្រឹគ​ស្រង់អំពី​ទឹកមក​លើគោក។

[១១៥៦] នរជនដែលប្រកបដោយប្រាជ្ញា សូម្បីដល់​សេចក្តីទុក្ខ ក៏មិន​កាត់បង់​សេចក្តី​ប៉ុនប៉ង ដើម្បីឲ្យបាន​សុខ ព្រោះថា ផស្សៈ2) ទាំងឡាយ មានច្រើន មិនជា​ប្រយោជន៍​ក៏មាន ជាប្រយោជន៍​ក៏មាន ពួកជន​អ្នកមិន​ត្រិះរិះ រមែង​ចូលទៅរក​សេចក្តី​ស្លាប់។

[១១៥៧] ហេតុដែលយើងមិនបាន​គិត ក៏ប្រែជាមាន ហេតុដែល​យើងបាន​គិត​ហើយ ក៏ប្រែជា​វិនាស​ទៅវិញ ភោគៈ​ទាំងឡាយ របស់ស្ត្រីក្តី របស់​បុរសក្តី មិនមែន​សម្រេច​មកពី​ការគិត​ឡើយ។

[១១៥៨] (បុរោហិត ក្រាបបង្គំទូលថា) ពីដើម ព្រះអង្គ​ជាប់តាម​សរភម្រឹគ ក្នុងដងភ្នំ ព្រះអង្គ​បាន​រស់រួចព្រះជន្ម ដោយសារ​សេចក្តីព្យាយាម​របស់សរភម្រឹគ ដែលមាន​ចិត្ត​មិន​រួញរា។

[១១៥៩] សរភម្រឹគណា ធ្វើនូវការប្រតោងថ្ម បាន​ស្រង់ព្រះអង្គ​ឡើងអំពី​រណ្តៅ ដែលមិន​ងាយ​ឡើងរួច ​ហើយបាន​ដោះព្រះអង្គ​ ដែលដល់​នូវសេចក្តី​ទុក្ខ ឲ្យរួចពី​មាត់​សេចក្តី​សា្លប់ ព្រះអង្គ​ពណ៌នា​សរសើរ​សរភម្រឹគ ដែលជា​សត្វមាន​ចិត្តមិនរួញរា​នោះឯង។

[១១៦០] (ព្រះរាជា…) ក្នុងពេលនោះ អ្នកឯងបាន​នៅក្នុងទីនោះ​ដែរឬ ឬនរណា​មួយ​ប្រាប់​ដំណើរនោះ​ដល់អ្នក ឬក៏អ្នកជា​បុគ្គល​មានដម្បូល គឺកិលេស​បើក​ហើយ ជាអ្នក​ឃើញហេតុ​សព្វ ម្នាល​ព្រាហ្មណ៍ អ្នកមាន​ញាណ​ដ៏មាន​កំឡាំង​ក្លៀវក្លាឬ។

[១១៦១] (បុរោហិត…) ក្នុងពេលនោះ ទូលព្រះបង្គំជាខ្ញុំ មិនបាន​នៅក្នុង​ព្រៃនោះទេ ទាំងគ្មាន​នរណា​មួយ ប្រាប់ដំណើរ​នោះ​ដល់ទូល​បង្គំជា​ខ្ញុំឡើយ បពិត្រ​ព្រះជនិន្ទ អ្នក​ប្រាជ្ញ​ទាំងឡាយ តែង​ពិចារណា​សេចក្តីនៃ​បទនៃគាថា និង​សុភាសិត​ទាំងឡាយ​នោះ។

[១១៦២] (ព្រះឥន្ទ្រ ជ្រែកចូលក្នុងសរីរៈបុរោហិត ​ហើយ​និយាយថា) ព្រះអង្គ​ផ្ទាប់​ព្រះទម្រង់​កាំសរ មានស្លាបកន្ទុយ​ជាគ្រឿង​សម្លាប់​បុគ្គលដទៃ​ដោយសេចក្តី​ព្យាយាម ឰដ៏​ព្រះទម្រង់​កៅទណ្ឌ​ហើយ នៅអល់​អែកអ្វីទៀត ចូរឲ្យ​ព្រះទម្រង់​កាំសរ ដែល​ព្រះអង្គ​បាញ់​ទៅ​ហើយ សម្លាប់​សរភម្រឹគ​ឲ្យឆាប់ទៅ បពិត្រ​មហារាជ​មាន​ប្រាជ្ញាដ៏ប្រសើរ ព្រោះ​សរភម្រឹគ​នុ៎ះ នឹងបាន​ជាក្រយាស្ងោយ​របស់ព្រះរាជា។

[១១៦៣] (ព្រះរាជា…) ម្នាលព្រាហ្មណ៍ យើងដឹងថា សរភម្រឹគនោះ ជាក្រយាស្ងោយ​របស់​ក្សត្រិយ៍ ពិតមែន​ហើយ តែយើង​គោរពគុណ ដែល​សរភម្រឹគ ធ្វើ​ហើយ​ក្នុងកាលមុន ហេតុនោះ យើងមិន​សម្លាប់​សរភម្រឹគ​ទេ។

[១១៦៤] (សក្ក…) បពិត្រមហារាជ នុ៎ះមិនមែនជា​សរភម្រឹគទេ នុ៎ះជា​ព្រះឥន្ទ្រ​ជាធំជាង​អសុរ បពិត្រ​ព្រះអង្គ​ជាធំជាង​មនុស្ស ព្រះអង្គ​សម្លាប់​ព្រះឥន្ទ្រនោះ​ហើយ ចូរបាន​ជាស្តេច​ទេវតា។

[១១៦៥] បពិត្រមហារាជ បើព្រះអង្គ​នៅអល់អែក​នឹងការ​សម្លាប់សរភម្រឹគ ដែលជា​សំឡាញ់​ហើយ បពិត្រ​ព្រះអង្គ​ប្រសើរ​ដោយការ​ព្យាយាម​ជាងនរជន ព្រះអង្គ​​ព្រម​ទាំង​ព្រះរាជបុត្រ ព្រះរាជ​ទេពី នឹងធ្លាក់​ទៅក្នុង​វេតរណីនរក​នៃព្រះយមរាជ។

[១១៦៦] (ព្រះរាជា…) យើងផង ពួកអ្នកជនបទទាំង​អស់ផង បុត្រា​បុត្រីផង អគ្គមហេសី​ផង ពួកសំឡាញ់​ផង ចូរធ្លាក់​ទៅក្នុង​វេតរណីនរក​នៃព្រះយមរាជ ដោយ​ពិតចុះ យើងមិន​ត្រូវសម្លាប់​សត្វ​ដែលឲ្យ​ជីវិត​យើងឡើយ។

[១១៦៧] សរភម្រឹគនេះ ជាអ្នកឲ្យជីវិតដល់យើង ដែលដល់​នូវសេចក្តី​លំបាក​ម្នាក់ឯង ក្នុងព្រៃ​ដ៏ពន្លឹក បពិត្រ​មហាព្រហ្ម យើងរលឹក​ដឹងនូវកិច្ច​ការខាងដើម បែបនោះ​​ហើយ គប្បី​សម្លាប់​ដូចម្តេច​បាន។

[១១៦៨] (សក្កៈ…) សូមព្រះអង្គ​ ជាអ្នកញុំាង​មិត្រឲ្យត្រេកអរ គង់ព្រះជន្ម​អស់​កាល​យូរអង្វែង សូមព្រះអង្គ​សោយរាជ​សម្បត្តិនេះ​ក្នុងធម្មគុណ សូមឲ្យមាន​ពួកនាង​នារី​ចោមរោម ​ហើយត្រេកអរ​ក្នុងដែន​របស់​ព្រះអង្គ​ចុះ ដូចជា​វាសវៈ ត្រេកអរ ក្នុងឋាន​ត្រៃត្រិង្ស។

[១១៦៩] ព្រះអង្គជាបុគ្គលមិនក្រោធ មានព្រះទ័យ​ជ្រះថ្លា​ជានិច្ច យកសមណ​ព្រាហ្មណ៍ ប្រកប​ដោយធម៌​ទាំងអស់ ជាភ្ញៀវ ព្រះអង្គ​គួរគេសូមបាន​ ឲ្យទាន និង​ប្រើប្រាស់​ខ្លួនឯង តាម​សមគួរ សត្វលោក​មិនតិះដៀល​បាន​ សូមព្រះអង្គ​ទៅកើត​ក្នុងឋានសួគ៌ចុះ។

ចប់ សរភជាតក ទី១០។

ឧទ្ទាននៃតេរសនិបាតនោះគឺ

និយាយអំពីស្វាយដ៏ប្រសើរ ១ ដឹង ១ ហង្សដ៏ប្រសើរ ១ ការនៅ​ក្នុងព្រៃ ១ ទូតជា​គំរប់ ៥ កាលិង្គពោធិព្រឹក្ស ១ អកិត្តិតាបស ១ តក្ការិយបុរោហិត ១ ម្រឹគមាស ១ សរភម្រឹគ ១។

ចប់ តេរសនិបាត។

ចប់ ភាគ៥៩។

 

លេខយោង

1)
ធម្មតា ក្ងោកទាំងឡាយ តែពង់កន្ទុយ​ឡើងកាលណា ក៏បញ្ចេញ​កេរ្តិ៍ខ្មាស​របស់វា​ឲ្យឃើញ​ប្រាកដ យ៉ាងណាមិញ ពួកមនុស្ស កាលបើ​កើតវិវាទ​ឈ្លោះទាស់​ទែងគ្នាហើយ ក៏ប្រកាស​ទោស​ដល់គ្នានឹងគ្នា គឺជេរប្រទេច រំលើក បើកកកាយ​កេរ្តិ៍ខ្មាសទៅ​វិញទៅមក ឥតមាន​កោតញញើត ក៏យ៉ាងនោះ​ដែរ។ អដ្ឋកថា។
2)
ផស្សៈ ប្រែថា ការប៉ះពាល់ មាន៤ គឺការ​ប៉ះពាល់​នឹងទុក្ខ សុខ មរណៈ និងជីវិត។ ការប៉ះពាល់​ទុក្ខ និងមរណៈ មិនជា​ប្រយោជន៍​របស់​សត្វ។ ការប៉ះ​ពាល់​សុខ និងជីវិត ជាប្រយោជន៍។ អដ្ឋកថាន័យ។
km/tipitaka/sut/kn/jat/sut.kn.jat.v13.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann