km:tipitaka:sut:kn:jat:sut.kn.jat.v14

បកិណ្ណកនិបាតជាតក

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat v14 បាលី cs-km: sut.kn.jat.v14 អដ្ឋកថា: sut.kn.jat.v14_att PTS: ?

បកិណ្ណកនិបាតជាតក

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៤. បកិណ្ណកនិបាតោ)

សាលិកេទារជាតក ទី១

(៤៨៤. សាលិកេទារជាតកំ (១))

[១] (បុរសអ្នករក្សាស្រែពោលថា) បពិត្រកោសិយៈ ស្រូវសាលីក្នុងស្រែ បរិបូណ៌​ដែរ តែពួក​សេកតែងស៊ី បពិត្រព្រហ្ម ខ្ញុំសូម​ជំរាប​លោក ខ្ញុំ​មិន​អាចហាម​ឃាត់សេក​ទាំង​នោះ​​បានឡើយ បណ្តា​សេក​ទាំងនោះ មានសេក​មួយ ដែលល្អ​ដោយ​ចំណែក​ទាំងពួង ជាង​សេក​ទាំងនោះ ស៊ីនូវ​ស្រូវសាលី តាមសេក្តី​បា្រថ្នា​រួចហើយ ក៏ពាំ​ស្រូវដោយ​ចំពុះ​ហើរ​ទៅ​ទៀត។

[២] (សាលិន្ទិយព្រាហ្មណ៍ កោសិយគោត្រពោលថា) ជនទាំងឡាយ ចូរដាក់​អន្ទាក់​ធ្វើដោយ​កន្ទុយសត្វ បក្សីនោះ​នឹងជាប់ ចូរអ្នក​ចាប់វា​ទាំងរស់ នាំមក​ក្នុង​សំណាក់​នៃ​អញ។

[៣] (សេ្តចសេកពោលថា) បក្សីទាំងនុ៎ះ ស៊ីផង ផឹកផង ហើយហើរ​ចេញ​ទៅ អាត្មាអញ​​ម្នាក់ឯង ជាប់អន្ទាក់​ហើយ អាត្មាអញ​ធ្វើហើយ​នូវអំពើ​លាមក​ដូចមេ្តច។

[៤] (ព្រាហ្មណ៍…) ម្នាលសេក ពោះសេកទាំងឡាយដទៃ (ជាពោះ​តូចល្មម) ដោយពិត (ចំណែក​ខាងពោះ) របស់អ្នក ជាពោះធំ​ជ្រុលពេក បានជា​អ្នកស៊ី​ស្រូវសាលី​តាមសេចក្តី​បា្រថ្នា​រួចហើយ ក៏ពាំ​យកស្រូវ​ដោយ​ចំពុះហើរទៅ។ ម្នាលសេក អ្នកបំពេញ​ជង្រុក​ក្នុងព្រៃ​រកានោះឬ ឬក៏អ្នក​ចងពៀរ​នឹងយើង ម្នាលសំឡាញ់ យើងសួរហើយ អ្នកចូរ​បា្រប់ អ្នកកប់​ស្រូវសាលី​ទុកក្នុង​ទីណា។

[៥] (ស្តេចសេក…) ខ្ញុំមិនចងពៀរជាមួយនឹងអ្នកទេ ជង្រុករបស់ខ្ញុំ ក៏​មិនមានដែរ ខ្ញុំដោះ​បំណុលផង ឲ្យបុលផង ខ្ញុំហើរ​ទៅដល់​ចុងរកា ក៏កប់​កំណប់ទុក​ក្នុងព្រៃរកា​នោះ បពិត្រ​កោសិយៈ អ្នកចូរ​ជ្រាបយ៉ាង​នេះចុះ។

[៦] (ព្រាហ្មណ៍…) ការឲ្យបុលរបស់អ្នកដូចមេ្តច ការដោះ​បំណុល​ដូចម្តេច អ្នកចូរ​បា្រប់​នូវ​ការកប់​កំណប់ កាលបើដូច្នោះ អ្នកនឹង​រួចចាក​អន្ទាក់។

[៧] (សេ្តចសេក…) បពិត្រកោសិយៈ ខ្ញុំមានកូនតូចៗ មិនទាន់ដុះស្លាប​នៅឡើយ កូន​តូច​ទាំងឡាយ​នោះ ដែលខ្ញុំ​ចិញ្ចឹម​ហើយ នឹងចិញ្ចឹម​ខ្ញុំវិញ ហេតុនោះ ខ្ញុំត្រូវ​ឲ្យបុល​ដល់​កូនតូចៗ ទាំងនោះ។ ម្យ៉ាងទៀត ខ្ញុំមានមាតា បិតាចាស់​គ្រាំគ្រា មានវ័យ​កន្លងហើយ ខ្ញុំពាំ (នូវស្រូវសាលី) ដោយចំពុះ យកទៅ​ជូនមាតា​បិតាទាំងនោះ ខ្ញុំត្រូវ​ដោះបំណុល​ដែល​គាត់​ធ្វើហើយ​មុន។

ក្នុងព្រៃរកានោះ មានបក្សីទាំងឡាយដទៃទៀត ដែលជ្រុះស្លាប​អស់ហើយ ថម​ថយ​​កំឡាំង ខ្ញុំត្រូវ​ការដោយ​បុណ្យ ក៏​ឲ្យដល់​បក្សីទាំង​នោះ បណ្ឌិត​ទាំងឡាយ​ពោលថា បុញ្ញកម្ម​នោះជា​កំណប់។ ការ​ឲ្យបុល​របស់ខ្ញុំ​យ៉ាងនេះ ការដោះបំណុល​របស់ខ្ញុំ​យ៉ាងនេះ ខ្ញុំ​បា្រប់​នូវការកប់កំណប់ បពិត្រ​កោសិយៈ អ្នកចូរ​ជ្រាប​យ៉ាងនេះ។

[៨] (ព្រាហ្មណ៍…) បក្សីមានកំណើតពីរដងនេះ ប្រសើរណាស់តើ ជាសត្វ​ប្រកប​ដោយធម៌​ដ៏ក្រៃលែង មនុស្ស​ពួកខ្លះ មិនមាន​ធម៌នេះទេ។ អ្នកចូរ​បរិភោគ​នូវ​ស្រូវសាលី ជាមួយ​នឹងពួក​ញាតិ​ទាំងអស់ តាមប្រាថ្នា​ចុះ ម្នាលសេក សូមឲ្យ​យើងឃើញ​អ្នកទៀត ដ្បិតការបានចួប​ប្រទះ នឹងអ្នក (នេះ) ជាទី​ស្រឡាញ់​របស់​យើង។

[៩] (ស្តេចសេក…) បពិត្រកោសិយៈ ខ្ញុំបានបរិភោគផង ផឹកផង ក្នុង​លំនៅ​អ្នក​រួច​ហើយ ខ្ញុំមិន​អាចនឹង​នៅក្នុង​សំណាក់​នៃអ្នក​អស់រាត្រី​មួយទេ អ្នកចូរ​ឲ្យទាន (ចំពោះ​សមណ​ព្រាហ្មណ៍) ដែលមាន​អាជ្ញាដាក់ចុះ​ហើយផង ចូរចិញ្ចឹម​មាតាបិតា ដែល​ចាស់គ្រាំ​គ្រាផង។

[១០] (ព្រាហ្មណ៍…) លក្ខី (សិរី បុណ្យ និងបា្រជ្ញា) បានកើត​ឡើងហើយ​ដល់យើង​ក្នុង​ថៃ្ងនេះ ដ្បិតយើង​បានជួប​នឹងសេ្តច​សេកដ៏​ប្រសើរ ជាងពួក​បក្សី​ទាំងឡាយ យើងនឹង​ធ្វើបុណ្យ​ឲ្យច្រើន ព្រោះបាន​ស្តាប់នូវ​សុភាសិត​របស់​សេក។

[១១] (អភិសម្ពុទ្ធគាថា) សាលិន្ទិយព្រាហ្មណ៍ ជាកោសិយគោត្រនោះ មាន​ចិត្ត​រីករាយ មានចិត្ត​ខ្ពស់ឯក មាន​ចិត្តជ្រះថ្លា បានចាត់​ចែងនូវ​បាយ និង​ទឹក ហើយ​ញុំាង​សមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ ឲ្យឆ្អែត​ស្កប់ស្កល់​ដោយបាយ និងទឹក។

ចប់ សាលិកេទារជាតក ទី១។

ចន្ទកិន្នរជាតក ទី២

(៤៨៥. ចន្ទកិន្នរីជាតកំ (២))

[១២] (ចន្ទកិន្នរពោលថា) ម្នាលនាងចន្ទា ជីវិតនេះប្រហែល​ជាជិត​ដាច់​ហើយ ព្រោះ​ក្រពុល​ដោយ​ឈាម អញនឹង​លះបង់​នូវជីវិត​ក្នុងថ្ងៃ​នេះឯង ម្នាលនាង​ចន្ទា ជីវិត​របស់​អញនឹង​រលត់។ ជីវិត​របស់អញ​ជាទុក្ខ​ពៀបចុះ​ហើយ ហ្ឫទ័យ​របស់​អញក្តៅ​ណាស់ អញ​លំបាក​ក្រៃពេក ព្រោះហេតុ​នាងចន្ទា​កំពុងសោក មិនមែន​ព្រោះការ​សោក​ដទៃទេ។ អញ​នឹងស្វិត​ស្រពោន​ដូចជាស្មៅ (ដែលគេ​ដាក់លើ​ថ្មក្តៅ) ដូចជា​ដើមឈើ (ដែលកាត់​ផ្តាច់​ឫសហើយ) អញនឹង​រីងស្ងួត​ដូចជា​ស្ទឹងដែល​មានទឹក​មិនពេញ ព្រោះ​នាង​ចន្ទាកំពុង​សោក មិនមែន​ព្រោះការ​សោក​ដទៃទេ។ ទឹកភ្នែក​ទាំងឡាយ​របស់អញ​នេះហូរទៅ ដូចជា​ភ្លៀងក្បែរ​ជើងភ្នំ​ហូរទៅ ព្រោះ​ហេតុនាង​ចន្ទាកំពុង​សោក មិនមែន​ព្រោះការ​សោកដទៃ​ឡើយ។

[១៣] (នាងចន្ទាកិន្នរី ពោលផ្តាសាថា) រាជបុត្តណា បាញ់នូវប្តី​ដែលអញ​ជា​អ្នក​កំព្រា​បា្រថ្នា​ហើយ រាជបុត្ត (នោះ) អាក្រក់មែន ប្តីរបស់អញនោះ ​ដែលត្រូវ​សរមុត​ហើយ ដេក​លើ​ផែនដី​ទៀប​គល់ឈើ។ នែរាជបុត្ត សេចក្តីសោក​ក្នុងហឫទ័យ​ណានៃ​អញ ដែល​កំពុង​សំឡឹង​មើលនូវ​កិន្នរ សូមមាតា​របស់​អ្នក បាននូវ​សេចក្តី​សោកក្នុង​ហឫទ័យ​ដូចអញ​នេះដែរ។ នែរាជបុត្ត សេចក្តីសោក​ក្នុងហឫទ័យ​ណា​របស់​អញ ដែល​កំពុង​សំឡឹង​មើល​នូវកិន្នរ សូមប្រពន្ធ​របស់អ្នក បាននូវ​សេចក្តី​សោក​ក្នុងហឫទ័យ​ដូចអញ​នេះដែរ។ នែ​រាជបុត្ត បុគ្គលណា បានសម្លាប់​កិន្នរ ដែលជា​សត្វមិន​ប្រទូស្ត ព្រោះការ​ចង់បាន​អញ សូមកុំ​ឲ្យម្តាយ​របស់អ្នក (នោះ) បានឃើញ​កូនផង សូមកុំ​ឲ្យ​បានឃើញ​ប្តីផង។ នែរាជបុត្ត អ្នកណា​បានសម្លាប់កិន្នរ ដែលជា​សត្វមិន​ប្រទូស្ត ព្រោះការ​ចង់បាន​អញ សូមកុំ​ឲ្យប្រពន្ធ​របស់​អ្នកនោះ បានឃើញ​កូនផង សូមកុំ​ឲ្យបាន​ឃើញប្តីផង។

[១៤] (ព្រះរាជាទ្រង់ត្រាស់ថា) ម្នាលនាងចន្ទា​មានភ្នែក​ដូចផ្កា​នៃតិមិរព្រឹក្ស​ក្នុងព្រៃ នាងកុំយំ កុំសោកឡើយ នាងនឹង​បានជា​អគ្គមហេសី​នៃយើង និង​មាន​នាងនារី​បូជា​ក្នុង​រាជ​ត្រកូល។

[១៥] (កិន្នរី…) នែរាជបុត្រ អ្នកណាបានសម្លាប់នូវកិន្នរ ដែលជា​សត្វមិន​ប្រទូស្ត ព្រោះការ​ចង់បានអញ អញស៊ូ​តែស្លាប់ អញនឹង​មិនធ្វើ (ជាប្រពន្ធ) របស់អ្នក (នោះ) ទេ។

[១៦] (ព្រះរាជា…) ម្នាលនាងកិន្នរី ដែលជាស្រី​មានសេចក្តី​ខ្លាចផង ចង់​រស់នៅផង នាងជា​មេម្រឹគ មានស្លឹក​កំញាន និងស្លឹក​ក្រស្នា​ជាភោជន ចូរ​នាងទៅកាន់​ព្រៃហិមវន្ត​ចុះ ពួកម្រឹគ​ដទៃនឹង​ត្រេកត្រអាល​ចំពោះនាង។

[១៧] (កិន្នរី…) ភ្នំទាំងឡាយនោះផង ជ្រោះភ្នំទាំងឡាយនោះផង គូហាភ្នំ​ទាំងឡាយ​នោះផង បពិត្រកិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹង​ធ្វើ​ដូចម្តេច។ យើង​​ទាំងឡាយ រមែង​ត្រេកត្រអាល​ជាមួយគ្នា​លើភ្នំ​ទាំង​ឡាយណា បពិត្រកិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកលើភ្នំ​ទាំងឡាយ​នោះ តើនឹង​ធ្វើដូចម្តេច។ ភ្នំទាំងឡាយ​នោះ​ ដេរដាស​ដោយ​​ស្លឹកឈើ គួរឲ្យរីករាយ ដែល​ពួកម្រឹគ​សាហាវ​ធ្លាប់ដើរ​ទៅមក​ញឹកញយ បពិត្រ​កិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹង​ធ្វើដូចម្តេច។ ភ្នំទាំងឡាយនោះ ដេរដាស​ដោយ​ផ្កាឈើ​គួរឲ្យរីករាយ ដែលពួក​ម្រឹគសាហាវ​ធ្លាប់ដើរ​ទៅមក​ញឹកញយ បពិត្រ​កិន្នរ ខ្ញុំ​កាលមិន​ឃើញអ្នក​ក្នុងទីនោះ តើនឹង​ធ្វើ​ដូចម្តេច។ ស្ទឹងលើភ្នំ និងស្ទឹងក្នុង​ព្រៃ​ទាំងឡាយ មានទឹក​ដ៏ថ្លា កាលហូរទៅ មានផ្កាឈើ​អណ្តែតទៅ​តាមខ្សែ​ទឹក​ព្រោងព្រាត បពិត្រ​កិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើនឹង​ធ្វើ​ដូចម្តេច។ កំពូល​ទាំងឡាយនៃ​ភ្នំហិមវន្ត មាន​ពណ៌ខៀវ គួរ​ឲ្យរមិល​មើល បពិត្រ​កិន្នរ ខ្ញុំ​កាលមិន​ឃើញអ្នក​ក្នុងទីនោះ តើនឹង​ធ្វើ​ដូចម្តេច។ កំពូល​ទាំងឡាយ​នៃភ្នំ​ហិមវន្ត មាន​ពណ៌លឿង គួរ​ឲ្យរមិល​មើល បពិត្រ​កិន្នរ ខ្ញុំ​កាលមិន​ឃើញអ្នក​ក្នុងទីនោះ តើនឹងធ្វើ​ដូចម្តេច។ កំពូល​ទាំងឡាយ​នៃភ្នំ​ហិមវន្ត មាន​ពណ៌​ក្រហម គួរ​ឲ្យរមិល​មើល បពិត្រ​កិន្នរ ខ្ញុំកាល​មិនឃើញ​អ្នក​ក្នុងទីនោះ តើនឹងធ្វើ​ដូចម្តេច។ កំពូល​ទាំងឡាយ​នៃភ្នំហិមវន្ត មានចុង​ស្រួច គួរ​ឲ្យរមិល​មើល បពិត្រ​កិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើ​នឹង​ធ្វើដូចម្តេច។ កំពូល​ទាំងឡាយ​នៃភ្នំហិមវន្ត ដែល​មាន​ពណ៌ស គួរ​ឲ្យ​រមិលមើល បពិត្រ​កិន្នរ ខ្ញុំកាល​មិនឃើញ​អ្នកក្នុង​ទីនោះ តើ​នឹង​ធ្វើ​ដូច​ម្តេច។ កំពូល​ទាំងឡាយ​នៃភ្នំហិមវន្ត​ដ៏វិចិត្រ គួរ​ឲ្យរមិលមើល បពិត្រ​កិន្នរ ខ្ញុំ​កាល​មិន​ឃើញ​អ្នកក្នុង​ទីនោះ តើនឹងធ្វើ​ដូចម្តេច។ បពិត្រ​កិន្នរ ខ្ញុំ​កាលមិន​ឃើញអ្នក​លើភ្នំ​គន្ធមាទន៍​​នោះ ដែលពួក​​ភុម្មទេវតា​​សេពហើយ ជាភ្នំដេរដាស​ដោយឱសថ​ទាំងឡាយ តើនឹង​ធ្វើ​ដូចម្តេច។ បពិត្រ​កិន្នរ ខ្ញុំ​កាលមិន​ឃើញអ្នក​លើភ្នំគន្ធមាទន៍​នោះ ដែលពួក​កិន្នរ​សេពហើយ ជាភ្នំដ៏​ដេរដាស​ដោយឱសថ​ទាំងឡាយ តើនឹងធ្វើ​ដូចម្តេច។

[១៨] បពិត្រព្រហ្មជាម្ចាស់ ខ្ញុំសូមថ្វាយបង្គំនូវព្រះបាទ​ទាំងឡាយ​របស់​លោក ព្រោះ​លោកបាន​ស្រោចប្តី ដែលខ្ញុំ​ជាស្រី​កំព្រា​បា្រថ្នាហើយ ដោយ​ទឹកអម្រឹត ដែលជាទី​ស្រឡាញ់​ដោយ​វិសេស​ក្នុងទី​ដែលលោក​ជួបគ្នា។

[១៩] ឥឡូវនេះ យើងទាំងឡាយនឹងត្រាច់ទៅកាន់ស្ទឹងក្បែរភ្នំ និងស្ទឹងក្នុង​ព្រៃទាំង​ឡាយ ដែលមាន​ផ្កាឈើ​អណ្តែតទៅ​តាមខ្សែទឹក​ព្រោងព្រាត​ទាំងមាន​ឈើផ្សេង​ៗ​ដុះហែ​វិញ យើងទាំងឡាយ​នឹងពោល​នូវពាក្យ​ជាទី​ស្រឡាញ់​ទៅវិញ​ទៅមក។

ចប់ ចន្ទកិន្នរជាតក ទី២។

មហាឧក្កុសជាតក ទី៣

(៤៨៦. មហាឧក្កុសជាតកំ (៣))

[២០] (ខ្លែងញីពោលថា) ម្នាលខ្លែងឈ្មោល ពួកអ្នកជនបទ ចងគប់ភ្លើង​ទាំងឡាយ ក្នុង​កោះតូចៗ បា្រថ្នា​នឹងស៊ី​នូវកូន​តូចៗ​របស់ខ្ញុំ អ្នកចូរ​ហៅនូវ​មិត្តផង សំឡាញ់ផង អ្នកចូរ​ក្រាបទូល​នូវសេចក្តី​វិនាស​របស់ពួក​បក្សី​ជា​ញាតិ (នៃយើង ដល់ស្តេច​អកផង)។

[២១] (ខ្លែងឈ្មោល ក៏ទៅក្រាបទូលស្តេចអកថា) បពិត្រស្តេចអក ព្រះអង្គ​ជា​ទិជជាតិ​​ផង ជាបក្សី​ប្រសើរ​ជាងពួក​ទិជជាតិ​ផង ខ្ញុំសូម​យកព្រះអង្គ​ជាទី​ពឹង ដ្បិតពួក​អ្នក​ជនបទ អាក្រក់​ណាស់ បា្រថ្នានឹង​ស៊ីកូន​តូចៗ​របស់ខ្ញុំ សូម​ព្រះអង្គ (មេត្តា​ស្រោចស្រង់) ខ្ញុំ ឲ្យ​បាន​សេចក្តី​សុខ។

[២២] (ស្តេចអកពោលថា) បណ្ឌិតទាំងឡាយ ជាអ្នកស្វែង​រកសេចក្តី​សុខ ក្នុង​កាលគួរ និងកាល​មិនគួរ រមែងចង​មិត្រផង សំឡាញ់ផង ម្នាលខ្លែង​ឈ្មោល យើងនឹង​ធ្វើនូវ​ប្រយោជន៍​នុ៎ះ ដល់អ្នកបាន ដ្បិត​អរិយជនតែង​ធ្វើ​នូវកិច្ច​ដល់អរិយជន (ដូចគ្នា)។

[២៣] (ខ្លែង…) អំពើណាដែលអរិយជនជាអ្នកអនុគ្រោះ គប្បីធ្វើដល់​អរិយជន អំពើនោះ​ព្រះអង្គ​បានធ្វើ​ហើយ សូមទ្រង់​រក្សានូវ​ព្រះអង្គចុះ សូមទ្រង់​កុំក្តៅ​ក្រហាយ​ឡើយ កាលបើ​ព្រះអង្គ​រស់នៅ យើងគង់​នឹងបាន​នូវកូន​ទាំងឡាយ (ទៀត)។

[២៤] (ស្តេចអក…) យើងខំធ្វើនូវការរក្សា និងកិរិយាការពារ​នោះឯង ត្រាតែ​បែក​ធ្លាយ​​នូវសរីរៈ ក៏មិន​តក់ស្លុត​ដែរ ដ្បិតសំឡាញ់​ទាំងឡាយ​នេះ តែងលះ​បង់ជីវិត​ជួយធ្វើ (កិច្ចការ) ដល់​សំឡាញ់​ផងគ្នា នេះជាធម៌​របស់​សប្បុរស​ទាំងឡាយ។

[២៥] (អភិសម្ពុទ្ធគាថា) ស្តេចអកនេះ ជាសត្វស្លាបកើត​អំពីស៊ុត បានធ្វើនូវ​អំពើដែល​គេធ្វើ​ដោយ​កម្រក្រៃពេក ដើម្បី​ប្រយោជន៍ (និងរក្សា) នូវកូន​ខ្លែងទាំងឡាយ ដរាប​ដល់ពាក់​កណ្តាល​អធ្រាត្រ។

[២៦] (ខ្លែង…) បុគ្គលពួកខ្លះ ឃ្លាតចាក (យស ឬទ្រព្យ) ក៏មាន ភ្លាំងភ្លាត់​ដោយ​កម្មរបស់​ខ្លួន ក៏មាន ហើយ​ត្រឡប់​តាំងខ្លួន​បានដោយ​សារសេចក្តី​អនុគ្រោះ​របស់ពួកមិត្ត កូន​ទាំងឡាយ​របស់ខ្ញុំ មាន​សេចក្តី​ក្តៅក្រហាយ ខ្ញុំ​មក (យកអ្នក) ជាគតិ (ទីពឹង) បពិត្រ​សត្វ​ត្រាច់​ទៅក្នុង​ទឹក ចូរអ្នក​ប្រព្រឹត្ត​ប្រយោជន៍​ដល់ខ្ញុំ។

[២៧] (អណ្តើក…) បណ្ឌិតទាំងឡាយ តែងចងមិត្ត និងសំឡាញ់​ដោយ​ទ្រព្យផង ដោយ​ស្រូវផង ដោយ​ខ្លួនផង ម្នាលខ្លែង យើងនឹង​ធ្វើប្រយោជន៍​នេះដល់​អ្នកបាន ដ្បិត​អរិយជន​តែងធ្វើ​កិច្ចដល់​អរិយជន​ដូចគ្នា។

[២៨] (កូនអណ្តើក…) បពិត្រឪពុក អ្នកចូរជាបុគ្គលមាន​សេចក្តី​ខ្វល់ខ្វាយ​តិច អង្គុយ​​ស្ងៀមចុះ កូនតែង​ប្រព្រឹត្ត​ប្រយោជន៍​ដល់ឪពុក ខ្ញុំនឹង​ជួយការពារ​នូវកូនខ្លែង ហើយ​ប្រព្រឹត្តនូវ​ប្រយោជន៍​ជំនួសលោក។

[២៩] (អណ្តើក…) ម្នាលកូន នេះជាធម៌របស់សប្បុរស​ទាំងឡាយ កូនត្រូវ​តែ​ប្រព្រឹត្ត​ប្រយោជន៍​ដើម្បីឪពុក​ពិតមែន​ហើយ តែពួក​អ្នកជនបទ មិន​គប្បី​បៀតបៀន​នូវកូន​របស់ខ្លែង ព្រោះឃើញ​នូវអញដែល​មានកាយធំ។

[៣០] (ខ្លែង…) បពិត្រព្រះអង្គប្រសើរដោយសេចក្តី​ព្យាយាម​ក្នុងពួក​ម្រឹគ ពួកសត្វ​ចិញ្ចឹម និង​ពួកមនុស្ស​ត្រូវភ័យ​គ្របសង្កត់​ហើយ រមែងចូល​ទៅ​ពឹងបុគ្គល​ដ៏ប្រសើរ កូន​ទាំង​​ឡាយរបស់​ខ្ញុំ មានសេចក្តី​ក្តៅក្រហាយ (ព្រោះ​ហេតុនោះ) ខ្ញុំមក (យក​ព្រះអង្គ) ជាគតិ ព្រះអង្គ​ជាសេ្តច​របស់យើង សូមព្រះអង្គ​មេត្តា (ស្រោចស្រង់) ខ្ញុំ ឲ្យបាន​សេចក្តី​សុខ។

[៣១] (សីហៈ…) ម្នាលខ្លែងឈ្មោល យើងនឹងធ្វើនូវប្រយោជន៍​នុ៎ះដល់​អ្នក មក យើងនឹង​ទៅសម្លាប់​ពួកសត្រូវ​នោះ​របស់អ្នក ធម្មតា​អ្នកបា្រជ្ញ ជាអ្នក​អាចនឹង​សម្លាប់នូវ​សត្រូវ​បាន ដឹងច្បាស់ (នូវភ័យ​កើតឡើង​ដល់មិត្រ) មិន​គប្បីប្រឹង​ប្រែងរក្សា​នូវជន​ដែល​ទុក​​ដូចជា​ខ្លួន ដូចម្តេចកើត។

[៣២] (ខ្លែងញីនិយាយនឹងខ្លែងឈ្មោលថា) បុគ្គលគួរធ្វើ (នូវបុគ្គល​ណា​មួយ) ឲ្យជា​មិត្រផង ឲ្យជា​សំឡាញ់​ផង គួរធ្វើ (នូវបុគ្គល​ណាមួយ) ឲ្យជា​ម្ចាស់ផង ដើម្បី​បាននូវ​សេចក្តី​សុខ យើង​ទាំងឡាយ (អាច​កំចាត់​បង់នូវ​ពួកសត្រូវ​បាន ដោយ​កំឡាំង​នៃមិត្ត) ហើយ​នឹង​បានមូល​មិត្រគ្នា រីករាយជា​មួយ​នឹងកូន​ទាំងឡាយ ដូចជា​បុគ្គល​ដែលមាន​អាវក្រោះ​ពាក់ហើយ អាចរារាំង​នូវកូនសរ​ទាំងឡាយ​បានដូច្នោះ។

[៣៣] កូនតូចទាំងឡាយ (បញ្ចេញសម្លេងដ៏ពិរោះ) គួរ​ឲ្យខ្លោចចិត្ត​ ហើយ​ស្រែកហៅ (ខ្ញុំ) ដែល​កំពុង​ស្រែកយំ​ដោយសារ​សេចក្តី​ព្យាយាម​របស់​សីហៈ​ជាមិត្រ​របស់​ខ្លួន ជាសំឡាញ់ ជាសត្វ​មិនរត់។

[៣៤] បណ្ឌិតនោះប្រើបា្រស់នូវកូន នូវសត្វចិញ្ចឹម ឬក៏នូវទ្រព្យ ព្រោះ​អាស្រ័យ​មិត្រ​​សំឡាញ់ ខ្ញុំក្តី ពួកកូនក្តី ប្តីរបស់ខ្ញុំក្តី បានមូល​មិត្រគ្នា​ដោយ​សេចក្តី​អនុគ្រោះ​របស់​ពួកមិត្ត។ បុគ្គល មានសេ្តច​ផង មានមិត្រ​ដ៏ក្លៀវក្លា​ផង (ជាមិត្រ​ហើយ) អាច​សម្រេច​ប្រយោជន៍​​បាន ដ្បិត​សំឡាញ់​ទាំងឡាយ​នុ៎ះ រមែង​មានដល់​បុគ្គល ដែល​បរិបូណ៌​ដោយ​សំឡាញ់ បពិត្រ​ស្វាមី អ្នក​បា្រថ្នានូវ​កាម បុគ្គល​អ្នក​មានមិត្រ មានយស មាន​សេចក្តី​ខ្ពង់​ខ្ពស់​នោះ រមែង​រីករាយ​ក្នុងលោកនេះ។

[៣៥] បពិត្រខ្លែងឈ្មោល បុគ្គលសូម្បីក្រខ្សត់ ក៏គួរធ្វើ​នូវមិត្តធម៌ អ្នកចូរ​មើលចុះ យើងទាំង​ឡាយ បានព្រមព្រៀង​គ្នាជាមួយ​នឹងញាតិ​ទាំងឡាយ ដោយ​សេចក្តី​អនុគ្រោះ​របស់​មិត្រ។ បពិត្រ​ខ្លែងឈ្មោល បក្សីណា​ធ្វើនូវ​មិត្រជាមួយ​នឹងបុគ្គល​ក្លៀវក្លា ជាមួយ​នឹង​បុគ្គល​មានកំឡាំង បក្សីនោះ រមែង​បានសេចក្តី​សុខយ៉ាង​នេះ ដូចខ្ញុំ និងអ្នក។

ចប់ មហាឧក្កុសជាតក ទី៣។

ឧទ្ទាលកជាតក ទី៤

(៤៨៧. ឧទ្ទាលកជាតកំ (៤))

[៣៦] (ព្រះរាជាទ្រង់ត្រាស់ថា) ពួកជដិលណា ដណ្តប់​ស្បែកខ្លាឃ្មុំ​ទាំងក្រចក មាន​​ធ្មេញប្រឡាក់​ដោយ​មន្ទិល មានភ្នែក​មិនបន្តក់ មានរូបអាក្រក់ កំពុង​រាយនូវមន្ត ជដិល​ទាំងនោះ បានដឹង​នូវការ​ប្រព្រឹត្តិ​នូវតបៈ និងការ​ស្វាធ្យាយន៍​នូវមន្តនេះ ក្នុង​សេចក្តី​ព្យាយាម​ជារបស់​មនុស្ស នឹងបាន​រួចចាក​អបាយដែរ​ឬ។

[៣៧] (បុរោហិតក្រាបទូលថា) បពិត្រមហារាជ បើបុគ្គលជា​ពហុស្សូត មិន​ប្រព្រឹត្ត​ធម៌ ធ្វើតែអំពើ​លាមក​ទាំងឡាយ បុគ្គលនោះ សូម្បី​ចេះនូវវេទ​មួយ​ពាន់ ហើយ​អាស្រ័យ​នូវភាព​ជាពហុស្សូតនោះ តែមិន​ទាន់បាន​សម្រេច​នូវ​ចរណៈ (សមាបត្តិបាំ្របី) ទេ ក៏មិន​គប្បីរួច​ចាក​ទុក្ខឡើយ។

[៣៨] (ឧទ្ទាលកតាបសពោលថា) បុគ្គលសូម្បីចេះនូវវេទ​មួយពាន់​ហើយ អាស្រ័យ​​នូវភាព​ជា​ពហុស្សូត​នោះ តែមិន​ទាន់បាន​សម្រេច​នូវចរណៈ (សមាបត្តិបាំ្របី) ទេ ក៏មិន​គប្បីរួច​ចាកទុក្ខ​ឡើយ ខ្ញុំសំគាល់​ថាវេទទាំង​ឡាយ ជាសភាព​ឥតផល មាន​តែ​ចរណៈ​​ដែលប្រកប​ដោយការ​សង្រួម ទើបជា​ការពិត​បា្រកដ។

[៣៩] (បុរោហិត…) ខ្ញុំមិនមែនពោលថា វេទទាំងឡាយ ជាសភាព​ឥតផល​ទេ តែចរណៈ​ដែលប្រកប​ដោយការ​សង្រួម ជារបស់​ពិតមែន ឯបុគ្គល​រៀននូវ​វេទទាំងឡាយ គ្រាន់តែ​បាននូវ​កិត្តិសព្ទ បុគ្គល​អ្នកទូន្មាន​ដោយ​ចរណៈ​ហើយ ទើបបាន​ដល់នូវ​ការស្ងប់​រមា្ងប់ (និព្វាន)។

[៤០] (ឧទ្ទាលក…) មាតាបិតា និងផៅពង្ស ត្រូវតែកូន​ចិញ្ចឹម អាត្មាកើត​អំពី​បុគ្គល​ណា បុគ្គល​នោះឯង នៅជា​បុគ្គលនោះ​ដដែល អាត្មា​ឈ្មោះ​ឧទ្ទាលកៈ ជាអ្នក​តវង្ស​ត្រកូល​​នៃ​សោត្ថិយគោត្រ​ដ៏ចំរើន។

[៤១] (បុរោហិត…) ម្នាលអ្នកដ៏ចំរើន បុគ្គលឈ្មោះថា​ព្រាហ្មណ៍ តើ​ដោយ​ប្រការ​ដូចម្តេច បុគ្គល​មានគុណធម៌​បរិបូណ៌ តើដោយ​ប្រការ​ដូចម្តេច មួយទៀត ការរលត់​កិលេស តើដោយ​ប្រការ​ដូចម្តេច បុគ្គល​ដែលគេហៅ​ថា អ្នក​តាំងនៅ​ក្នុងធម៌ តើដោយ​ប្រការ​ដូចម្តេច។

[៤២] (ឧទ្ទាលកៈ…) បុគ្គលកាន់យកនូវភ្លើងហើយ ធ្វើនូវ​ការបំរើ​មិន​ឲ្យ​មានចន្លោះ ឈ្មោះថា​ព្រាហ្មណ៍ ព្រាហ្មណ៍​កាល​ស្រោចទឹក (អភិសេក) បូជា (នូវយ័ញ្ញ) ហើយលើក​នូវ​សសរយ័ញ្ញ ព្រាហ្មណ៍​ធ្វើយ៉ាងនេះ ឈ្មោះ​ថាជា​អ្នកមាន​សេចក្តី​ក្សេម (ជន​ទាំងឡាយ​ហៅ​ព្រាហ្មណ៍​នោះ) ថា ជាអ្នក​ស្ថិតនៅក្នុង​ធម៌ដោយ​ហេតុនោះ។

[៤៣] (បុរោហិត…) សេចក្តីបរិសុទ្ធិពុំមែនមានដោយ​ការស្រោច​ទឹកទេ បុគ្គល​ដែល​ឈ្មោះថា​ព្រាហ្មណ៍ អ្នកបរិបូណ៌​ដោយ​គុណធម៌ ខន្តិ សោរច្ចៈ និងបុគ្គល​អ្នករំលត់​ទុក្ខបាន​នោះ មិនមាន (ដោយការ​ស្រោចទឹក ជាដើមទេ)។

[៤៤] (ឧទ្ទាលកៈ…) នែអ្នកដ៏ចំរើន បុគ្គលដែលឈ្មោះថា​ព្រាហ្មណ៍ តើ​ដោយ​ប្រការ​ដូចម្តេច បុគ្គល​ដែលជា​អ្នកមាន​គុណធម៌​ដ៏បរិបូណ៌ តើដោយ​ប្រការ​ដូចម្តេច ម្យ៉ាង​ទៀត ការរំលត់​កិលេស តើដោយ​ប្រការ​ដូចម្តេច បុគ្គល​ដែលគេ​ហៅថា​ជាអ្នក​ឋិតនៅ​ក្នុងធម៌ តើដូចម្តេច។

[៤៥] (បុរោហិត…) បុគ្គលមិនមានស្រែចំការ មិនមាន​ផៅពង្ស មិនមាន​សេចក្តី​ប្រកាន់ មិនមាន​សេចក្តីបា្រថ្នា មិនមាន​សេចក្តី​លោភ​ដ៏លាមក អស់សេចក្តី​ជាប់ជំពាក់​ក្នុងភព ព្រាហ្មណ៍​ធ្វើយ៉ាងនេះ ទើបឈ្មោះ​ថា ជា​អ្នកដល់​នូវសេចក្តី​ក្សេម (ជន​ទាំង​ឡាយ) ហៅ (ព្រាហ្មណ៍​នោះ) ថាជាអ្នក​ឋិតនៅក្នុង​ធម៌ដោយ​ហេតុនោះ។

[៤៦] (ឧទ្ទាលកៈ…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួក​ចណ្ឌាល និងជនអ្នក​កើបសម្រាម ពួកជន​ទាំងអស់​ឈ្មោះថា​ជាអ្នក​ស្លូតបូត ជាអ្នក​ទូន្មាន​ឥន្ទ្រិយ​បានហើយ ពួកជន​ទាំងអស់​ឈ្មោះថា មានទុក្ខ​រលត់ហើយ គុណដ៏​ប្រសើរ និង​ទោស​​ដ៏លាមក មានដល់​ជនទាំង​អស់ដែល​ជាអ្នកមាន​សេចក្តី​ត្រជាក់ត្រជំ (ដែរឬ)។

[៤៧] (បុរោហិត…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួកជន​ចណ្ឌាល និងជនអ្នក​កើបសម្រាម ពួកជន​ទាំងអស់​ដែលជា​អ្នកស្លូត​បូត មាន​ឥន្ទ្រិយ​ទូន្មាន​បានហើយ ពួនជន​ទាំងអស់ ឈ្មោះថា​មានទុក្ខរលត់​ហើយ គុណដ៏​ប្រសើរ និង​ទោស​​ដ៏លាមក មិនមាន​ដល់ពួក​ជន​ទាំងអស់ ដែលជា​អ្នកមាន​សេចក្តី​ត្រជាក់​ត្រជំ​ឡើយ។

[៤៨] (ឧទ្ទាលកៈ…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួកជន​ចណ្ឌាល និងជនអ្នក​កើបសម្រាម ពួកជន​ទាំងអស់​ដែលជា​អ្នកស្លូត​បូត មាន​ឥទ្រ្ទិយ​ទូន្មាន​បានហើយ ពួកជន​ទាំងអស់ ឈ្មោះថា​មានទុក្ខរលត់​ហើយ គុណ​ដ៏ប្រសើរ និង​ទោសដ៏លាមក មិនមាន​ដល់ជន​ទាំងអស់ ដែល​មានសេចក្តី​ត្រជាក់​ត្រជំឡើយ (កាល​បើយ៉ាង​នេះ) អ្នកប្រព្រឹត្ត​នូវភាពនៃ​ខ្លួនជា​ព្រហ្ម គួរ​ឲ្យគេ​សរសើរ​ហើយ ញុំាង​វង្សត្រកូល​នៃ​សោត្ថិយគោត្រ (ឲ្យវិនាស)។

[៤៩] (បុរោហិត…) វិមានដែលគេប្រក់ដោយសំពត់ទាំងឡាយ មានពណ៌​ក្រហម​ផ្សេងៗ ស្រមោល​របស់​សំពត់​ទាំងនោះ មិនផ្សេង​គ្នាឡើយ (មាន​សម្បុរ​តែមួយបែប) ការ​ជ្រលក់​នោះ ក៏មិន​ផ្សេងគ្នាដែរ (យ៉ាង​ណាមិញ) សូម្បី​មនុស្ស​ទាំងឡាយ ក៏យ៉ាងនោះដែរ ពួក​មាណព​បរិសុទ្ធ (ដោយ​អរិយ​មគ្គ) ក្នុងកាលណា ពួកជន​មានវត្តល្អ បានដឹង​នូវ​និព្វានធម៌ ក៏មិន​សាកសួរ​នូវជាតិ​របស់​មាណព​ទាំងនោះ (ក្នុងកាលនោះ) ឡើយ។

ចប់ ឧទ្ទាលកជាតក ទី៤។

ភិសជាតក ទី៥

(៤៨៨. ភិសជាតកំ (៥))

[៥០] (ឧបកាញ្ចនតាបស ស្បថថា) បពិត្រព្រាហ្មហ៍ បុគ្គលណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់លោក បុគ្គលនោះ ចូរបាន​នូវសេះផង គោផង បា្រក់ផង មាសផង ប្រពន្ធ​ជាទី​គាប់ចិត្ត​ក្នុងលោក​នេះផង ចូរនៅ​មូលមិត្រ​គ្នា​ដោយកូន​ និង​ប្រពន្ធ​ទាំងឡាយ​ចុះ។

[៥១] (តាបសទី២ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូក​ទាំងឡាយ​របស់លោក បុគ្គលនោះ ចូរទ្រទ្រង់​នូវផ្កា​កម្រងផង នូវសំពត់​ដែល​គេនាំមក​អំពីដែន​កាសី និង​ខ្លឹមចន្ទន៍​ផង ចូរ​ឲ្យបុគ្គល​នោះមានកូន​ច្រើនផង ចូរ​ឲ្យ (បុគ្គលនោះ) ធ្វើនូវ​សេចក្តី​អាឡោះអាល័យ​ដ៏ក្លៀវក្លា​ក្នុងកាម​ទាំងឡាយ​ផង។

[៥២] (តាបសទី៣ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណា​លួចក្រអៅឈូក​របស់​លោក (បុគ្គលនោះ) ចូរមាន​ស្រូវច្រើន មានកសិកម្ម មានយស (បាន) នូវកូន​ទាំងឡាយ ជា​គ្រហស្ថ​មានទ្រព្យ ចូរ (បាន) នូវកាម​គ្រប់យ៉ាង ចូរកុំ​ឲ្យឃើញ​នូវវ័យ (របស់ខ្លួន) នៅគ្រប់​គ្រងផ្ទះចុះ។

[៥៣] (តាបសទី៤ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណា​លួចក្រអៅឈូក​ទាំងឡាយ​របស់​លោក បុគ្គលនោះ ចូរបានជាក្សត្រ អ្នកធ្វើ​នូវការរឹប​ជាន់ ជារាជាធិរាជ មាន​ពល មានយស ចូរបាន​គ្រប់គ្រង​ផែនដី ដែលមាន​សមុទ្រទាំង ៤ ជាទី​បំផុតចុះ។

[៥៤] (តាបសទី៥ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណា​លួចក្រអៅ​ឈូក​ទាំងឡាយ​របស់លោក បុគ្គលនោះ​ចូរជា​ព្រាហ្មណ៍​មិនបា្រសចាក​រាគៈ ចូរ​ប្រកប​ក្នុងគន្លង​ក្បួនយាម និង​នក្ខត្តឫក្ស បុគ្គលជា​ម្ចាស់នៃដែន (សេ្តច) ដែល​មានយស ចូរ​បូជា​ព្រាហ្មណ៍​នោះចុះ។

[៥៥] (តាបសទី៦ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណា​លួចក្រអៅ​ឈូក​ទាំងឡាយ​​របស់លោក លោក​ទាំងអស់ ចូរសំគាល់ (នូវបុគ្គល​នោះ) ថាជា​អ្នកស្វាធ្យាយ​នូវវេទ ព្រមទាំង​មន្តគ្រប់យ៉ាង ថាជាអ្នក​មានតបៈ ពួក​អ្នកជនបទ ចូរឃើញ​ហើយ បូជា​នូវ​​បុគ្គល​នោះចុះ។

[៥៦] (តាបសជាសំឡាញ់ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួច​ក្រអៅឈូក​ទាំងឡាយ​របស់លោក បុគ្គលនោះ ចូរបរិភោគ​នូវស្រុកសួយ​ដ៏ស្តុកស្តម្ភ ដែល​កុះករ​ដោយវត្ថុ1) ៤ យ៉ាង ហាក់​ដូច​ស្តេច​វាសវៈ​ប្រទាន​ឲ្យ ចូរដល់​នូវមរណៈ ទាំងមិនទាន់​បានបា្រស​ចាករាគៈ​ចុះ។

[៥៧] (តាបសជាខ្ញុំប្រុស ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណា​លួចក្រអៅឈូក​ទាំងឡាយ​របស់លោក បុគ្គលនោះ ចូរបានជា​ធំក្នុងស្រុក ចូររីករាយ​ដោយការរាំ និង​ច្រៀង​ទាំងឡាយ​ក្នុងកណ្តាល​នៃសំឡាញ់ កុំ​ឲ្យបាននូវ​សេចក្តី​វិនាស​តិចតួច​អំពីសេ្តច​ឡើយ។

[៥៨] (នាងកាញ្ចនទេវី ស្បថថា) បពិត្រព្រាហ្មណ៍ ស្រីណា​លួចក្រអៅ​ឈូក​ទាំងឡាយ​របស់​លោក សូម​ឲ្យស្តេច​ឯករាជ​ដែលទ្រង់​ឈ្នះនូវ​ផែនដី​ លើកដំកើង (ស្រី​នោះ) ឲ្យប្រសើរ​លើសជាង​ស្រីទាំង​មួយពាន់ សូម​ឲ្យ (ស្រីនោះ) បានជា​ស្រីប្រសើរ​លើស​ជាងស្រី​ទាំងឡាយ​ចុះ។

[៥៩] (នាងទាសីស្បថថា) បពិត្រព្រាហ្មណ៍ ទាសីណា​លួចក្រអៅឈូក​ទាំងឡាយ​របស់​លោក ក៏បណ្តា​ទាសី​ទាំងឡាយ ទាសីនោះ ចូរកុំញាប់ញ័រ (ក្នុងកណ្តាល) នៃម្ចាស់​ទាំងឡាយ​ដែលជួប​ជុំគ្នាទាំង​អស់ ចូរបរិភោគ​នូវ​វត្ថុមាន​រសឆ្ងាញ់ (ទាសីនោះ) ចូរប្រព្រឹត្ត​និយាយ​កុហក ព្រោះហេតុ​តែ​លាភចុះ។

[៦០] (ទេវតាស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គណាលួច​ក្រអៅឈូក​ទាំង​ឡាយ​របស់​លោក (បុគ្គល​នោះ) ចូរបាន​ជាចៅអាវាស​ក្នុងមហា​វិហារចុះ ចូរធ្វើនូវ​នវកម្ម ក្នុង​នគរ​ឈ្មោះ​គជង្គលៈចុះ ចូរធ្វើនូវ​បង្អួច​ឲ្យហើយ​តែមួយ​ថ្ងៃចុះ។

[៦១] (ដំរីស្បថថា) បពិត្រព្រាហ្មណ៍ ដំរីណាលួចក្រអៅឈូក​ទាំងឡាយ​របស់​លោក ដំរីនោះ ចូរជាប់​ដោយអន្ទាក់​ច្រើន ត្រង់កន្លែង​ទាំង ៦ (គឺជើង​ទាំង ៤ ក និង​ចង្កេះ) ចូរ​ឲ្យគេនាំ​អំពីព្រៃ​ជាទីរីករាយ ទៅកាន់​រាជធានីចុះ ដំរីនោះ ចូរ​ឲ្យគេ​ចាក់ដោយ​កង្វេរ​ទាំងឡាយ ដែលមាន​ដងវែង​មានបន្លា​ពីរចុះ។

[៦២] (ស្វាស្បថថា) បពិត្រព្រាហ្មណ៍ ស្វាណាលួចក្រអៅឈូក​ទាំងឡាយ​របស់​លោក (ស្វានោះ) ចូរមាន​ប្រឡៅក ហើយគេ​ចោះត្រចៀក បំពាក់​សំណរចុះ ឲ្យ​ហ្មពស់​វាយដោយ​រំពាត់ ហើយចូរ​ទៅរក​មាត់ពស់ចុះ ឲ្យគេ​ចងយ៉ាងមាំ ហើយដើរ​ទៅកាន់​ច្រកល្ហក​ចុះ។

[៦៣] (ព្រះមហាសត្វស្បថថា) នែអ្នកដ៏ចំរើនទាំងឡាយ បុគ្គលណា ពោល​នូវ​ចំណែក​ដែលមិន​បាត់ ថាបាត់ ម្យ៉ាងទៀត បុគ្គលណា​រង្កៀស​បន្តិចបន្តួច (ចំពោះ​អ្នក​ទាំង​ឡាយ) បុគ្គល​នោះ ចូរបាន និងចូរ​បរិភោគ​នូវកាម​ទាំង​ឡាយចុះ ចូរស្លាប់​ក្នុងកណ្តាល​នៃ​ផ្ទះចុះ។

[៦៤] (សក្កទេវរាជពោលថា) (សត្វទាំងឡាយ) រមែងស្វែង​រកនូវវត្ថុកាម និង​កិលេស​កាម​ណា​ហើយ ត្រាច់ទៅ​ក្នុងលោក វត្ថុកាម និង​កិលេសកាម​នុ៎ះ ជាទី​ប្រាថ្នា​ផង ជាទីរីករាយផង ជាទីស្រឡាញ់ផង ជាទី​ពេញចិត្ត​របស់​ទេវតា និងមនុស្ស​ច្រើនគ្នា ក្នុង​ជីវលោក​​នេះ ចុះ​ហេតុ​អ្វី ក៏ពួក​ឥសីមិន​សរសើរ​នូវកាម​ទាំងឡាយ។

[៦៥] (មហាសត្វពោលថា) ជនទាំងឡាយ ត្រូវគេវាយ ត្រូវគេចង ព្រោះ​តែកាម​ទាំងឡាយ សេចក្តី​ទុក្ខផង ភ័យផង ដែលកើត​ឡើង ក៏​ព្រោះតែ​កាមទាំង​ឡាយ បពិត្រ​ព្រះភូតាធិបតី សត្វទាំងឡាយ​ស្រវឹង​ព្រោះកាម​ទាំងឡាយ ធ្វើនូវ​អំពើ​ទាំងឡាយ​ដ៏លាមក ព្រោះ​​វង្វេង។ ជនមានធម៌ដ៏​លាមក​ទាំងឡាយ​នោះ ទទួល​នូវបាប លុះបែក​ធ្លាយ​រាង​កាយ រមែងទៅ​កើតក្នុងនរក ព្រោះ​ហេតុនោះ បានជា​ពួកឥសី​មិនសរសើរ​នូវកាមទាំង​ឡាយ ព្រោះ​ឃើញទោស​ក្នុងកាម​គុណទាំង​ឡាយ។

[៦៦] (សក្ក…) ខ្ញុំល្បងមើលទេ ខ្ញុំយកក្រអៅឈូកទាំងឡាយ​របស់ឥសី​ក្បែរឆ្នេរ​ទៅ​កប់​ទុកលើគោក (ឥឡូវនេះ ខ្ញុំដឹង​ហើយថា) ឥសី​ទាំងឡាយ ជា​អ្នកបរិសុទ្ធ មិនមាន​បាប បពិត្រ​លោកជា​ព្រហ្មចារី នុ៎ះក្រអៅឈូក​ទាំង​ឡាយរបស់​លោក។

[៦៧] (មហាសត្វ…) ម្នាលទេវរាជ ជាសហស្សនេត្ត (ពួកយើង) មិនមែន​ជាអ្នក​របាំ​របស់​អ្នកទេ ទាំងមិន​មែនជាបុគ្គល​គួរអ្នក​លេងទេ មិនមែន​ជាផៅពង្ស ទាំងមិនមែន​ជា​សំឡាញ់​​របស់អ្នក​ទេ ហេតុអ្វី​ក៏អ្នក (ធ្វើ) នូវសេចក្តី​មើលងាយ​ចំពោះ​បុគ្គលដទៃ ហើយ​លេង​​ជាមួយ​នឹងពួកឥសី។

[៦៨] (សក្ក…) បពិត្រតាបសដ៏ប្រសើរ លោកម្ចាស់​ជាអាចារ្យ​របស់ខ្ញុំ​ផង ជាបិតា​របស់​​ខ្ញុំផង ម្លប់ព្រះបាទ​របស់​លោកម្ចាស់​នេះ​ សូមជា​ទីពឹង (របស់ខ្ញុំ) ដែលមាន​សេចក្តី​ភ្លាំងភ្លាត់​ហើយ បពិត្រ​តាបស​មានប្រាជ្ញា​ដូចជា​ផែនដី សូម​លោកម្ចាស់​អត់នូវ​កំហុសម្តង បណ្ឌិត​ទាំងឡាយ មិនមាន​សេចក្តី​ក្រោធជា​កំឡាំងទេ។

[៦៩] (មហាសត្វ…) កាលដែលពួកឥសី (នៅក្នុងព្រៃ) សូម្បីតែ​មួយយប់ ក៏​ឈ្មោះ​ថា​​បាននៅ​ល្អហើយ ព្រោះថា យើងទាំងឡាយ​បានជួប​នឹងព្រះ​វាសវៈ​ជាម្ចាស់​នៃទេវតា ពួកអ្នក​ដ៏ចំរើន​ទាំងអស់​គ្នា ចូរតាំងចិត្ត​ឲ្យល្អចុះ ដ្បិត​ព្រាហ្មណ៍ (ជាអាចារ្យ​របស់អ្នក​ទាំង​ឡាយ) បាននូវ​ក្រអៅឈូក​វិញហើយ។

[៧០] (អភិសម្ពុទ្ធគាថា) បងប្អូនបាំ្រពីរនាក់ក្នុងកាលនោះគឺ តថាគត ១ សារីបុត្ត ១ មោគ្គល្លាន ១ កស្សប ១ អនុរុទ្ធ ១ បុណ្ណ ១ អានន្ទ ១។ ក្នុងកាល​នោះ ប្អូនស្រី គឺ​នាង​ឧប្បលវណ្ណា ទាសី គឺនាងខុជ្ជុត្តរា ក្នុងកាល​នោះ ខ្ញុំប្រុស គឺ​គហបតិ​ឈ្មោះចិត្តៈ ទេវតា គឺ​សាតាគិរយក្ខ។ ក្នុងកាល​នោះ ដំរីដ៏ប្រសើរ គឺដំរីឈ្មោះ​បាលិលេយ្យ ស្វាដ៏ប្រសើរ គឺ​មធុទៈ ក្នុងកាលនោះ ទេវរាជ​ឈ្មោះសក្កៈ គឺ​កាឡុទាយី អ្នក​ទាំងឡាយ ចូរចាំ​ទុកនូវ​ជាតក​​យ៉ាងនេះ​ចុះ។

ចប់ ភិសជាតក ទី៥។

សុរុចិជាតក ទី៦

(៤៨៩. សុរុចិជាតកំ (៦))

[៧១] (នាងសុមេធាទេវី ពោលថា) ខ្ញុំជាមហេសី​ភរិយា​របស់​ព្រះបាទ​សុរុចិ ដែល​ព្រះអង្គ​ទ្រង់នាំ​មកមុនដំបូង ព្រះបាទ​សុរុចិ នាំខ្ញុំមកអស់​មួយម៉ឺនឆ្នាំ​ហើយ។ បពិត្រ​ព្រាហ្មណ៍ ខ្ញុំនោះមិន​ដែលដឹងថា ខ្ញុំបាន​មើលងាយ​ព្រះរាជាសុរុចិ ​ជាធំក្នុង​ដែនវិទេហៈ ព្រះអង្គ​គ្រប់គ្រង​នូវ​ក្រុងមិថិលា ដោយកាយ ដោយ​វាចា ឬដោយ​ចិត្ត ក្នុង​ទីវាល ឬក្នុងទី​កំបាំង​មុខ​ឡើយ។ បពិត្រ​ឥសី សូម​ឲ្យបុត្តកើត (ក្នុងផ្ទៃ​របស់ខ្ញុំ) ដោយ​កិរិយា​ពោលនូវ​ពាក្យ​សច្ចៈ​នេះ កាលបើ​ខ្ញុំនិយាយ​កុហក សូម​ឲ្យក្បាល (របស់ខ្ញុំ) បែកជា​បាំ្រពីរ​ភាគចុះ។

[៧២] ព្រះភស្តាផង ព្រះមាតាក្មេកផង ព្រះបិតាក្មេកផង ព្រះមាតាបង្កើត និង​បិតា​បង្កើត​ផង ជាទីគាប់ចិត្ត ជាទីស្រឡាញ់ (របស់ខ្ញុំ) បពិត្រ​ព្រហ្ម ព្រះបិតាក្មេក និង​ព្រះមាតា​ក្មេក​ទាំងពីរ​នោះ រស់នៅ​ដរាបណា ក៏ទូន្មានខ្ញុំ​ដរាបនោះ។ ខ្ញុំនោះជា​ស្រីប្រកប​ដោយ​សេចក្តី​មិនត្រេកអរ គឺការ​មិនបៀត​បៀន ជាអ្នក​ប្រព្រឹត្តធម៌​ដោយពិត​បា្រកដ មិន​ខ្ជិល​ច្រអូស បានបំរើ​ព្រះ​មាតាក្មេក និង​ព្រះបិតា​ក្មេកនោះ​ដោយ​សេចក្តី​គោរព​ទាំងយប់​ទាំងថ្ងៃ។ បពិត្រ​ឥសី សូម​ឲ្យបុត្រកើត​ដោយ​កិរិយា​ពោលនូវ​ពាក្យសច្ចៈ​នេះ កាល​បើខ្ញុំ​និយាយ​កុហក សូម​ឲ្យក្បាល (របស់ខ្ញុំ) បែកជា​បាំ្រពីរភាគចុះ។

[៧៣] បពិត្រព្រាហ្មណ៍ ខ្ញុំមិនមានសេចក្តីប្រច័ណ្ឌ ឬសេចក្តី​ក្រោធ​ចំពោះ​ពួកស្រី​ទាំង​មួយម៉ឺនបាំ្រមួយពាន់ ដែលជា​ភរិយាជា​មួយគ្នា​ក្នុងកាល​ណាម្តង​ឡើយ។ ខ្ញុំត្រេកអរ ចំពោះ​ស្រ្តីទាំង​នោះ​ដោយ​ប្រយោជន៍ ស្រីណា​មួយ មិនជាទី​ស្រឡាញ់​របស់ខ្ញុំ ឥត​មាន​ឡើយ ខ្ញុំអនុគ្រោះ​ពួកស្ត្រី​រួមប្តី​ទាំងអស់ សព្វៗ កាល ដូចជា​ខ្លួនឯង។ បពិត្រ​ឥសី សូម​ឲ្យ​បុត្រកើត ដោយកិរិយា​ពោលនូវ​ពាក្យសច្ចៈ​នេះ កាលបើខ្ញុំ​និយាយ​កុហក សូម​ឲ្យក្បាល (របស់ខ្ញុំ) បែកជា​បាំ្រពីរ​ភាគចុះ។

[៧៤] ខ្ញុំមានឥទ្រ្ទិយស្រស់ស្រាយសព្វៗកាល បានចិញ្ចឹម​នូវទាសៈទាំង​ឡាយផង កម្មករ​ទាំងឡាយ​ផង បុគ្គល​ដែលត្រូវ​ចិញ្ចឹម​ទាំងឡាយ​ផង ពួក​ជនដទៃ​ដែលរស់​នៅ​ដោយ​​សារផង តាមសម​គួរដល់​ហេតុ។ បពិត្រឥសី សូម​ឲ្យបុត្រកើត ដោយ​កិរិយា​ពោល​នូវ​​ពាក្យ​សច្ចៈនេះ កាល​បើខ្ញុំ​និយាយ​កុហក សូម​ឲ្យក្បាល (របស់ខ្ញុំ) បែកជា​បាំ្រពីរ​ភាគចុះ។

[៧៥] ខ្ញុំមានដៃលាងហើយ បានផ្គត់ផ្គង់នូវពួកសមណៈផង នូវពួក​ព្រាហ្មណ៍​ផង នូវ​ពួក​វណិព្វកៈ​ដទៃផង ដោយបាយ និង​ទឹកសព្វៗ កាល។ បពិត្រឥសី សូម​ឲ្យបុត្រកើត ដោយ​កិរិយា​ពោលនូវ​ពាក្យសច្ចៈ​នេះ កាល​បើខ្ញុំ​និយាយ​កុហក សូម​ឲ្យក្បាល (របស់ខ្ញុំ) បែក​ជា​បាំ្រពីរ​ភាគចុះ។

[៧៦] ខ្ញុំជាស្ត្រីសង្រួមក្នុងសីលទាំងឡាយសព្វៗ កាល បានរក្សានូវ​ឧបោសថ ប្រកប​ដោយ​អង្គទាំង ៨ អស់ថ្ងៃ​ទី ១៤ ផង អស់ថ្ងៃទី ១៥ ផង អស់ថ្ងៃទី ៨ នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង។ បពិត្រ​ឥសី សូម​ឲ្យបុត្រ កើត​ដោយកិរិយា​ពោលនូវ​ពាក្យ​សច្ចៈនេះ កាលបើ​ខ្ញុំនិយាយ​កុហក សូម​ឲ្យក្បាល (របស់ខ្ញុំ) បែកជា​បាំ្រពីរភាគចុះ។

[៧៧] (សក្កទេវរាជពោលថា) ម្នាលនាងរាជបុត្រី​មានយស​ដ៏ចំរើន នាង​បានថ្លែង​នូវ​ធម្មគុណ​ទាំងឡាយ​ណា (ដែលមាន) ក្នុងខ្លួន ធម្មគុណ​នោះ​ទាំងអស់ មានបរិបូណ៌​ចំពោះ​នាងមែន​ហើយ។ ព្រះរាជបុត្រ​ជាក្ស័ត្រ​បរិបូណ៌​ដោយជាតិ កើត​បរិសុទ្ធ​អំពី​ចំណែក​​ទាំងពីរ មានយស ជាសេ្តច​ប្រកប​ដោយធម៌ របស់ជន​ទាំងឡាយ អ្នកនៅ​ក្នុងដែន​វិទេហៈ នឹងកើត​ដល់នាង។

[៧៨] (នាងសុមេធាទេវី…) អ្នកមាន​ភ្នែកភ្លឺថ្លា ទ្រទ្រង់​នូវលំអង ឋិតនៅលើ​អាកាស​ទទេ ពោលវាចា​ជាទី​ពេញចិត្ត ដែលជា​វាចាចូល​ទៅក្នុង​ហប្ញទ័យ​របស់ខ្ញុំ។ ចុះអ្នក​ជា​ទេវតា ទើបនឹងមក​អំពីឋានសួគ៌ ឬជាឥសី​អ្នកមាន​រិទ្ធិច្រើន ម្យ៉ាងទៀត អ្នកជាអ្វី បាន​មក​ដល់ (ក្នុងទីនេះ) ចូរអ្នក​ប្រកាសខ្លួន​ឲ្យជាក់​ដល់ខ្ញុំ។

[៧៩] (សក្កទេវរាជ…) ពួកទេវតាប្រជុំគ្នាក្នុងរោងឈ្មោះ​សុធម្មា ហើយ​ថ្វាយបង្គំ​នូវ​ខ្ញុំណា ខ្ញុំនោះ​ឈ្មោះសក្កៈ ជាអ្នក​ឃើញនូវ​ហេតុ​មួយពាន់ (ដោយ​មួយរំពេច) បានមក​ក្នុង​សំណាក់​នាង។ ស្ត្រីទាំងឡាយ​ណា ក្នុង​ជីវលោក ដែលជា​អ្នកប្រព្រឹត្ត​ស្មើ មានបា្រជ្ញា មានសីល ទុក​ម្តាយក្មេក​ដូច​ជាទេវតា មានវត្ត​ចំពោះប្តី។ ទេវតា​ទាំងឡាយ​មិនមែន​ជា​មនុស្ស មកចួប​នឹង​នាងនារី ជាមនុស្ស​ដែលមាន​បញ្ញាល្អ មានការងារ​ដ៏ស្អាត បា្រកដស្មើ​ដោយ​ស្រ្តីទាំង​នោះ។ ម្នាលនាង​ដ៏ចំរើន នាងបាន​មកកើត​ក្នុងរាជ​ត្រកូល​នេះ ជាស្រី្ត​អាចសម្រេច​នូវសេចក្តី​ប្រាថ្នា​គ្រប់យ៉ាង ដោយសារ​អំពើ​សុចរិត ដែល​នាងបាន​សាង​សន្សំមក​ក្នុង​កាលមុន។

ម្នាលនាងរាជបុត្រី នេះឯងជាកិរិយាកាន់យកនូវ​ជ័យនៃនាង ក្នុងលោក​ទាំងពីរ គឺ​កិរិយា​កើតក្នុង​ទេវលោក ១ កេរ្តិ៍ឈ្មោះ​ក្នុងជីវិត​នេះ ១។ ម្នាល​នាង​សុមេធា សូម​ឲ្យនាង​មានសេចក្តី​សុខអស់​កាលយូ នាងចូរ​រក្សានូវ​ធម៌ក្នុង​ខ្លួនចុះ យើង​នឹងទៅ​កាន់ឋានត្រៃត្រឹង្ស​វិញ ការបាន​ចួបនឹង​នាង រាប់ថា​ជាទីស្រឡាញ់​ពេញចិត្ត​របស់យើង។

ចប់ សុរុចិជាតក ទី៦។

បញ្ចុបោសថិកជាតក ទី៧

(៤៩០. បញ្ចុបោសថិកជាតកំ (៧))

[៨០] (តាបសពោលថា) ម្នាលព្រាប ឥឡូវនេះ អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច ម្នាល​បក្សី អ្នកមិនមាន​សេចក្តី​ត្រូវការ​ដោយចំណី​សោះ ម្នាលព្រាប អ្នកខំ​អត់ទ្រាំ​នូវគំលាន និង​សម្រេក ជាសត្វ​រក្សានូវ​ឧបោសថ តើព្រោះ​ហេតុ​អ្វី។

[៨១] (ព្រាបពោលថា) ក្នុងកាលមុន ខ្ញុំមានចិត្តជាប់នឹងមេព្រាប យើងខ្ញុំ​ទាំងពីរ​នាក់​កំពុង​តែរីករាយ (ក្នុងកាម) ក្នុង​ប្រទេស​នោះ ស្រាប់តែ​សត្វ​ខ្លែង មកឆាប​យក​មេព្រាប​ទៅ ខ្ញុំក៏អស់​សេចក្តី​បា្រថ្នា ព្រោះ​ប្រាសចាក​មេ​ព្រាបនោះ។ ខ្ញុំរង​នូវវេទនា​ងំក្នុងចិត្ត ព្រោះ​ព្រាត់ប្រាស​ចាកមេព្រាប​នោះ ហេតុនោះ បានជា​ខ្ញុំរក្សានូវ​ឧបោសថ កុំ​ឲ្យរាគៈ​គ្របសង្កត់​ខ្ញុំ​បាន​ទៀត​ឡើយ។

[៨៣] (តាបស…) ម្នាលពស់ ជាឧរគជាតិលូនទៅមិនត្រង់ មានអណ្តាតពីរ អ្នក​មាន​ចង្កូម​ជាអាវុធ មានពិស​ដ៏ពន្លឹក ម្នាលសត្វ​មានខ្លួនវែង អ្នក​អត់ទ្រាំ​នូវ​គំលាន និង​សម្រេក ហើយ​រក្សានូវ​ឧបោសថ តើព្រោះ​ហេតុអ្វី។

[៨៣] (ពស់…) គោឈ្មោលឡើងក របស់អ្នកស្រុក ជាគោ​មានកំលាំង មាន​បូក​ដ៏យុរយារ បរិបូណ៌​ដោយសម្បុរ និងកំលាំង គោនោះ​ដើរជាន់ខ្ញុំ ខ្ញុំខឹង បាន​ចឹកវា ៗ ត្រូវ​សេចក្តី​ទុក្ខគ្រប​សង្កត់​ហើយ ក៏ស្លាប់ទៅ។ លំដាប់នោះ ពួកជន​ចេញអំពី​ស្រុក កន្ទក់​កន្ទេញ យំទួញ ហើយដើរ​ចៀសចេញ​ទៅ ព្រោះហេតុនោះ បានជា​ខ្ញុំរក្សានូវ​ឧបោសថ កុំ​ឲ្យ​សេចក្កី​ក្រោធ គ្រប​សង្កត់​ខ្ញុំបាន​ទៀតឡើយ។

[៨៤] (តាបស…) ក្នុងព្រៃស្មសាន មានសាច់របស់សត្វស្លាប់​ដ៏ច្រើន សាច់​ទាំងនុ៎ះ​ជា​ភោជន​ជាទី​គាប់ចិត្ត​របស់អ្នក ម្នាល​ចចក អ្នកខំ​អត់ទ្រាំនូវ​គំលាន និងសម្រេក ហើយ​រក្សានូវ​ឧបោសថ តើព្រោះ​ហេតុអ្វី។

[៨៥] (ចចក…) ខ្ញុំជាសត្វត្រេកអរក្នុងសាកសព ញ៉ាមក្នុង​សាច់ដំរីទាំង​ឡាយ បាន​ចូលទៅ​ក្នុងពោះ​នៃដំរីធំ ខ្យល់ដ៏​ក្តៅផង រស្មី​ព្រះអាទិត្យ​ដ៏ក្លៀវក្លា​ផង របស់​ទាំងនោះ ញ៉ាំងទ្វារ​អាហាចាស់​នៃដំរី​នោះ ឲ្យស្ងួត​ក្រៀម។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំស្គមលឿង (ក្នុង​ពោះនៃដំរី​នោះ) ខ្ញុំរកផ្លូវ​ចេញ​មកវិញមិនរួច ស្រាប់តែ​ភ្លៀងធំ​បង្អុរចុះ​ភ្លាម (ក្នុង​ពេលនោះ) ភ្លៀងនោះ ធ្វើទ្វារ​អាហារចាស់​នៃដំរីនោះ ឲ្យទទឹក​សើម។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លំដាប់​នោះ ទើបខ្ញុំ​ចេញមក​ ដូចជា​ព្រះចន្ទ ដែលរួច​អំពីមាត់​នៃរាហុ ព្រោះ​ហេតុនោះ បានជា​ខ្ញុំរក្សានូវ​ឧបោសថ កុំ​ឲ្យលោភៈ​គ្របសង្កត់​ខ្ញុំបានទៀត​ឡើយ។

[៨៦] (តាបស…) កាលពីដើម អ្នកធ្លាប់ស៊ីនូវកណ្តៀរទាំងឡាយ​លើក្បាល​ដំបូក ម្នាល​ខ្លាឃ្មុំ អ្នកខំអត់​ទ្រាំនូវគំលាន និងសម្រេក ហើយ​រក្សានូវ​ឧបោសថ តើ​ព្រោះហេតុ​អ្វី។

[៨៧] (ខ្លាឃ្មុំ…) ខ្ញុំមើលងាយនូវលំនៅរបស់ខ្លួន បានចូល​ទៅកាន់​ស្រុកនៃ​មល្លជន ព្រោះតែ​សេចក្តី​ប្រាថ្នា​លើសលប់ គ្រានោះ ពួកជន​ចេញមកពី​ស្រុក ហើយក៏​វាយខ្ញុំ​ដោយ​ធ្នូរ។ ខ្ញុំនោះ​បែកក្បាល ប្រឡាក់ឈាម​អស់​ទាំងខ្លួន ហើយ​ត្រឡប់​មកកាន់​លំនៅ​របស់ខ្លួន​វិញ ព្រោះហេតុនោះ បានជា​ខ្ញុំរក្សា​ឧបោសថ កុំ​ឲ្យសេចក្តី​ប្រាថ្នា​លើសលប់​គ្របសង្កត់​បានទៀត​ឡើយ។

[៨៨] (សត្វទាំង ៤…) បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់​បានសាកសួរ​នូវសេចក្តី​ណា ចំពោះ​យើង​ទាំងឡាយ យើងទាំង​អស់គ្នា​ក៏បាន​ឆ្លើយនូវ​សេចក្តីនោះ តាម​ទំនង​ដែលខ្លួន​បានដឹង​រួចហើយ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ពួកយើង​សូមសួរ​លោកម្ចាស់​វិញ បពិត្រ​ព្រហ្ម លោកម្ចាស់​បានរក្សា​ឧបោសថ តើព្រោះ​ហេតុអ្វី។

[៨៩] (តាបស…) ព្រះបច្ចេកពុទ្ធ មិនប្រឡាក់ (ដោយកិលេស) គង់ក្នុង​អាស្រម​របស់​​យើង​មួយរំពេច ព្រះអង្គ​បានញុំាងយើង ឲ្យដឹងនូវទី​ដែល​ត្រូវទៅ និងទី​ដែល​ត្រូវមក​ផង នូវនាមផង នូវគោត្រ​ផង នូវសេចក្តី​ប្រព្រឹត្ត​ទាំងអស់ផង។ បើទុក​ជាយ៉ាងនេះ ក៏​យើង​នៅតែ​មិនថ្វាយ​បង្គំព្រះ​បាទា​នៃព្រះបច្ចេកពុទ្ធ​នោះ ម្យ៉ាងទៀត យើងមិន​បាន​សាកសួរ ព្រោះលុះក្នុង​អំណាច ហេតុនោះ បានជា​យើងរក្សា​ឧបោសថ កុំ​ឲ្យមានះ​គ្រប​សង្កត់​យើងបាន​ទៀតឡើយ។

ចប់ បញ្ចុបោសថិកជាតក ទី៧។

មហាមោរជាតក ទី៨

(៤៩១. មហាមោរជាតកំ (៨))

[៩០] (ស្តេចក្ងោកពោធិសត្វពោលថា) ម្នាលសំឡាញ់ ប្រសិន​បើអ្នក​ចាប់​ខ្ញុំ ព្រោះហេតុ​នៃទ្រព្យ អ្នកកុំ​សម្លាប់ខ្ញុំ​ឡើយ សូមចាប់​ខ្ញុំទាំងរស់ ហើយនាំ​ខ្ញុំទៅ​កាន់​សំណាក់​ព្រះរាជា​ចុះ អ្នកទំនង​ជានឹង​បាននូវ​ទ្រព្យដ៏ច្រើន។

[៩១] (កូនព្រានព្រៃពោលថា) ធ្នូដ៏ប្រសើរ និងព្រួញនេះ ខ្ញុំមិន​មែនយឺត ប្រុង​ប្រៀប​ដើម្បី​នឹងបាញ់​អ្នក្នុង​ថ្ងៃនេះទេ ខ្ញុំនឹងបាញ់​ផ្តាច់អន្ទាក់​របស់​អ្នកទេតើ (ដោយ​គិតថា) សេ្តចក្ងោក​ចូរទៅតាម​សប្បាយចុះ។

[៩២] (ស្តេចក្ងោក…) អ្នកខំអត់ទ្រាំនូវសេចក្តីស្រេកឃ្លាន ទាំង​យប់ទាំងថ្ងៃ ដើរជាប់​តាមខ្ញុំ​អស់ប្រាំពីរ​ឆ្នាំហើយ កាលបើ​យ៉ាងនេះ ព្រោះហេតុអ្វី​ ក៏អ្នក​ចង់ដោះខ្ញុំ ដែល​កំពុង​ជាប់​អន្ទាក់ ឲ្យរួច​អំពីអន្ទាក់​វិញ។ អ្នកទើប​នឹងវៀរ​ចាក​បាណាតិបាត​ក្នុងថ្ងៃ​នេះឬ ឬក៏អ្នក​ឲ្យអភ័យ​ដល់សត្វ​ទាំងពួង បានជា​អ្នកចង់​ដោះខ្ញុំ ដែលកំពុង​ជាប់អន្ទាក់ ឲ្យរួច​ចាក​អន្ទាក់​វិញ។

[៩៣] (កូនព្រានព្រៃ…) ម្នាលស្តេចក្ងោក អ្នកចូរប្រាប់​អំពីបុគ្គល​ដែលវៀរ​​ចាក​បាណាតិបាត​ផង អ្នកដែល​ឲ្យនូវ​អភ័យដល់​សត្វទាំង​ពួងផង ខ្ញុំសូម​សួរអ្នក​ត្រង់​សេចក្តី​នុ៎ះ បុគ្គល​នោះច្យុត​អំពីលោកនេះ​ទៅ នឹងបាន​នូវ​សេចក្តី​សុខដូច​ម្តេចខ្លះ។

[៩៤] (សេ្តចក្ងោក…) ខ្ញុំនឹងប្រាប់អំពីបុគ្គល​ដែលវៀរ​ចាក​បាណាតិបាត​​ផង អ្នក​ដែល​ឲ្យនូវ​អភ័យ​ដល់សត្វ​ទាំងពួង បុគ្គលនោះ​រមែងបាន​នូវ​សេចក្តី​​សរសើរ ក្នុង​បច្ចុប្បន្ន​ផង លុះបែក​ធ្លាយសរីរៈ​ទៅ នឹងបាន​ទៅកើត​នៅឋានសួគ៌​ផង។

[៩៥] (កូនព្រាប…) សមណព្រាហ្មណ៍ពួកខ្លះ បានពោល​ថា ទេវតាទាំងឡាយ មិន​មាន​ទេ ជីវៈក្នុង​លោកនេះ រមែងដល់​នូវសេចក្តី​ដាច់សូន្យ ផល​នៃអំពើ​ដែលសត្វ​ធ្វើល្អ ធ្វើ​អាក្រក់ រមែង​ដល់នូវសេចក្តី​ដាច់សូន្យ​ដូចគ្នា ទាំង​ពោលថា ទានជា​គុណជាតិ គឺ​មនុស្ស​ល្ងង់​បញ្ញត្ត​ហើយ ខ្ញុំជឿពាក្យ​របស់​សមណ​ព្រាហ្មណ៍ ជា​ព្រះអរហន្ត​ទាំងនោះ ហេតុនោះ​បានជា​ខ្ញុំសម្លាប់​សត្វ​ស្លាបទាំងឡាយ។

[៩៦] (ស្តេចក្ងោក…) ព្រះចន្ទ និងព្រះអាទិត្យទាំងពីរ ជារបស់ឃើញងាយ ភ្លឺ​រុង​រឿង​ទៅព្ធដ៏​អាកាស ព្រះចន្ទ និងព្រះអាទិត្យ​ទាំងនោះ (ជារបស់) លោកនេះ ឬ​លោក​ដទៃ (ពួកជន) ក្នុងមនុស្សលោកហៅព្រះចន្ទ​ និងព្រះអាទិត្យ​ទាំងនោះ​ថាជាអ្វី។

[៩៧] (កូនព្រាន…) ព្រះចន្ទ និងព្រះអាទិត្យ​ទាំងពីរ ជារបស់​ឃើញងាយ ភ្លឺរុង​រឿង​ទៅព្ធដ៏​អាកាស ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ (ជារបស់) លោក​​ដទៃ មិនមែន​របស់​លោកនេះ​ទេ ពួកជន​ក្នុងមនុស្ស​លោក ហៅព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ​ ថា​ជា​ទេវតា។

[៩៨] (ស្តេចក្ងោក…) សមណព្រាហ្មណ៍ណាមិនពោលអាង​កម្ម មិនពោល​អាង​ផល​នៃកម្ម ដែលសត្វ​ធ្វើល្អ ធ្វើអាក្រក់ មួយទៀត សមណ​ព្រាហ្មណ៍​ណា ពោលថា ទាន​ជា​គុណជាត​ដែលមនុស្ស​ល្ងង់​បញ្ញត្តហើយ សមណ​ព្រាហ្មណ៍​ទាំងនោះ ជាអ្នក​ហីនវាទ ជាអ្នក​អហេតុកវាទ ត្រូវគេ​ដេញជើង ទាល់​ក្នុងព្យាករណ៍នេះ​​មិនខាន។

[៩៩] (កូនព្រានព្រៃ…) ពាក្យរបស់អ្នកនុ៎ះ​ទៀងពិត ព្រោះទាន​ជា​គុណជាត​ឥតផល​ដូចម្តេច​កើត ផលនៃ​អំពើដែល​សត្វធ្វើ​ល្អ ធ្វើអាក្រក់​ក៏ដូចគ្នា ម្យ៉ាងទៀត (ទាន) ជា​គុណជាត​ដែលមនុស្ស​ល្ងង់​បញ្ញត្តហើយ​ដូចម្តេច​​កើត។ ខ្ញុំធ្វើ​អំពើ​ដូចម្តេច ធ្វើ​ដោយ​ហេតុ​ដូចម្តេច ប្រព្រឹត្ត​ដូចម្តេច សេពនូវ​អ្វី ដោយគុណ​នៃតបៈ​ដូចម្តេច មិន​គប្បីធ្លាក់​ទៅក្នុង​នរក​យ៉ាងណា ម្នាល​សេ្តចក្ងោក អ្នកសូម​ប្រាប់សេចក្តី​នុ៎ះដល់​ខ្ញុំ ដោយ​ឧបាយ​យ៉ាងនោះ។

[១០០] (សេ្តចក្ងោក…) ពួកសមណៈណា​មួយនៅ​លើផែនដី ជាអ្នកស្លៀក​សំពត់​កាសាវៈ ប្រព្រឹត្ត​ក្នុងភេទ​នៃបុគ្គល​គ្មានផ្ទះ ត្រាច់ទៅ​បិណ្ឌបាត​អំពី​ព្រឹក ក្នុងកាលគួរ វៀរ​ចាក​កិរិយា​ត្រាច់​ទៅក្នុង​កាលខុស ជាអ្នក​ស្ងប់​រម្ងាប់។ អ្នកចូរ​ចូលទៅរក​សមណៈ​ទាំងនោះ តាមកាល​គួរក្នុងទីនោះ ហើយ​ចូរ​សាកសួរ​ចុះ ប្រយោជន៍​ណា ដែលជា​ទី​ពេញ​ចិត្ត​របស់អ្នក លោកនឹងប្រាប់​នូវប្រយោជន៍នោះ ជាប្រយោជន៍​ក្នុងលោក​នេះ និង​ក្នុង​លោក​ខាងមុខ (ដល់​អ្នក) តាមទំនង​នៃការ​ចេះដឹង (របស់លោក)។

[១០១] (កូនព្រានព្រៃបានត្រាស់ជាព្រះបច្ចេកពុទ្ធ ហើយក៏សំដែងថា) ភាព​ជា​ព្រានព្រៃនុ៎ះ អាត្មាអញ​បានលះបង់​ហើយ អាត្មាអញ​បានលះបង់​នូវ​ភាព​នៃខ្លួន​ជាព្រានព្រៃ​ក្នុង​ថ្ងៃនេះ ដូចពស់​សកនូវ​សំណក​ចាស់​ជាន់មុន ឬ​ក៏​ដូចដើមឈើ​មានស្លឹក​ខៀវ (ជម្រុះចោល) នូវស្លឹក​លឿង។

[១០២] (បច្ចេកពុទ្ធធ្វើសច្ចកិរិយាថា) ពួកបក្សីណាច្រើនរយ ដែលអាត្មា​អញ​បានចង​ទុកក្បែរ​លំនៅ (របស់ខ្លួន) អាត្មាអញ​នឹង​ឲ្យនូវ​ជីវិត​ដល់​សត្វ​ទាំងឡាយ​នោះ ក្នុង​ថ្ងៃនេះ អាត្មាអញ​បានរួច​ចាកកិលេស​ហើយ សត្វ​ទាំងនោះ ចូរទៅកាន់​លំនៅ​របស់​ខ្លួនចុះ។

[១០៣] (អភិសម្ពុទ្ធគាថា) ព្រានព្រៃមានអន្ទាក់ក្នុងដៃ ត្រាច់​ទៅក្នុង​ព្រៃ ដើម្បី​ទាក់នូវ​ស្តេចក្ងោក ដែល​មានយស លុះទាក់​នូវស្តេចក្ងោក​ដែលមាន​យស​បាន​ហើយ ក៏បាន​រួចចាក​សេចក្តីទុក្ខ ដូចតថាគត​ដែល​បានរួច (ចាកទុក្ខ ដោយ​សយម្ភូញាណ) ដូច្នោះ​ដែរ។

ចប់ មហាមោរជាតក ទី៨។

តច្ឆសូករជាតក ទី៩

(៤៩២. តច្ឆសូករជាតកំ (៩))

[១០៤] (ជ្រូកឈ្មោះតច្ឆកៈពោលថា) យើងកាលស្វែង​រកពួកញាតិ​ណា ដើរ​ទៅកាន់​ភ្នំ និងព្រៃ​ទាំងឡាយ យើង​តាមស្វែង​រកពួក​ញាតិដ៏ច្រើន ឯពួក​ញាតិ​ទាំងនោះ​ យើង​បាន​ជួបហើយ។ មើមឈើ និងផ្លែឈើ​នេះដ៏​ច្រើនផង ភក្សាហារ​នេះច្រើន​ផង ភ្នំ និងស្ទឹង​ទាំងនេះ ជាទី​រីករាយ​ផង ជាលំនៅដ៏​សប្បាយ។ យើងនឹងមិន​មានសេចក្តី​ខ្វល់ខ្វាយ មិនមាន​សេចក្តី​រង្កៀស មិន​មាន​សេចក្តីសោក មិនមាន​ភ័យអំពី​ទីណា នឹងនៅ​ក្នុងទីនេះ​ឯង ជាមួយនឹង​ពួកញាតិ​ទាំងអស់។

[១០៥] (ពួកជ្រូកឯទៀតពោលថា) ម្នាលតច្ឆកៈ អ្នកចូរស្វែង​រកទីជ្រក​កោន​ឯទៀត​វិញចុះ (ដ្បិត) ក្នុងទីនេះ មានសត្រូវ​ចំពោះ​ពួកយើង សត្រូវ​នោះ តែងមក​ក្នុងទីនេះ ហើយ​សម្លាប់​ជ្រូកទាំងឡាយ (សំដៅ​តែជ្រូកណា) ដែល​ធាត់ៗ។

[១០៦] (តច្ឆកៈ…) សត្វណាជាសត្រូវ​នឹងពួកយើង​ក្នុងទីនេះ សត្វណា​កំចាត់​បង់​នូវញាតិ កំពុង​នៅចួប​ជុំគ្នា ដែលសត្រូវ​កំចាត់​បង់បាន​ដោយ​ក្រ អ្នក ខ្ញុំសួរ​ហើយ ចូរប្រាប់​នូវហេតុ​នោះ។

[១០៧] (ពួកជ្រូក…) ម្រឹគ (មួយ) ជាសេ្តចនៃម្រឹគ មានក្រឡា​នៃសរីរៈ​ខាង​លើ មាន​កំលាំងកាយ មានចង្កូម​ជាអាវុធ ម្នាល​តច្ឆកៈ ម្រឹគនោះ​មកក្នុង​ទីនេះ ហើយ​សម្លាប់​ជ្រូក​ទាំងឡាយ​ដែលធាត់ៗ។

[១០៨] (តច្ឆកៈ…) ខ្នាយទាំងឡាយ​របស់ពួកយើង មិនមែន​ជាមិន​មានទេ កំលាំង​ក៏ប្រជុំ​ចុះក្នុង​កាយ បើពួក​យើងទាំង​អស់ជា​អ្នក​ព្រមព្រៀង​គ្នា នឹង​ធ្វើខ្លា​តែម្នាក់​ឯងនោះ ឲ្យ​លុះអំណាច​បាន។

[១០៩] (ពួកជ្រូក…) ម្នាលតច្ឆកៈ អ្នកពោលនូវ​ពាក្យជាទី​គាប់ចិត្ត គាប់​ត្រចៀក​ណាស់ ដូច្នេះ ប្រសិន​បើជ្រូក​ណា បោលចោល​គ្នាក្នុង​ចំបាំង យើងនឹង​សម្លាប់ជ្រូក​នោះ ក្នុង​កាលជា​ខាងក្រោយ។

[១១០] (កូដជដិល…) ម្នាលអ្នកមានព្យាយាមជាង​ពួកម្រឹគ ក្នុងថ្ងៃនេះ អ្នក​វៀរចាក​បាណាតិបាត​ឬ ឬក៏អ្នក​ឲ្យអភ័យ​ដល់ពួក​សត្វទាំង​អស់ ឬមួយ​អ្នកមិន​មានចង្កូម បាន​ជាអ្នក​ទៅចួប​នឹងហ្វូង (ជ្រូក) ហើយ​សញ្ជប់​សញ្ជឹង ដូចជា​សត្វកំព្រា។

[១១១] (ខ្លា…) ខ្ញុំមិនមែនជាមិនមានចង្កូមទេ កំឡាំងក៏​ប្រជុំចុះ​ក្នុងកាយ ខ្ញុំ​ម្នាក់ឯង បាន​ឃើញពួក​ញាតិរបស់​ជ្រូក​ព្រមព្រៀងគ្នា​ក្នុងទី​តែមួយ ហេតុនោះ បាន​ជាសញ្ជប់​សញ្ជឹង​​ក្នុងព្រៃ។

បានឮថា ក្នុងកាលមុន ជ្រូកទាំងឡាយ​នេះ តែងទៅ​កាន់ទិស​តូចធំ លុះ​ភ័យ​គ្រប​សង្កត់​ហើយ ក៏ស្វែង​រកទីជ្រក​កោនផ្សេងៗ គ្នា ឥឡូវនេះ ជ្រូក​ទាំងនោះ​ឋិតនៅ​ក្នុងទីណា ដែលខ្ញុំ​គ្របសង្កត់​បានដោយ​លំបាក ជ្រូកទាំង​នោះ​ក៏មក​នៅចួបជុំ​ជាមួយគ្នា (ក្នុងទី​នោះ)។

ជ្រូក​ទាំងឡាយ​នោះ បរិបូណ៌​ដោយនាយក ប្រុងប្រៀប​ខ្លួន មូល​មាត់គ្នា ព្រម​ព្រៀង​​គ្នា គប្បី​បៀតបៀន​នូវខ្ញុំ ព្រោះហេតុ​នោះ ខ្ញុំមិន​ប្រាថ្នា​នូវជ្រូក​ទាំងនោះទេ។

[១១២] (កូដជដិល…) ព្រះឥន្ទ្រតែមួយអង្គ ឈ្នះនូវពួកអសុរៈ ខ្លែងតែមួយ សង្រ្គុប​ឆាប​យកនូវ​ពួកបក្សី​បាន ខ្លាតែមួយ ចួបប្រទះ​នឹងម្រឹគ ក៏សម្លាប់នូវ​ម្រឹគដែល​ធាត់ៗ បាន ដ្បិត​ថាកំលាំង (នៃខ្លានោះ) ប្រាកដ​ដូច្នោះ។

[១១៣] (ខ្លា…) មិនថាព្រះឥន្រ្ទ មិនថាខ្លែង មិនថាខ្លា ជាសេ្តចនៃម្រឹគទេ ខ្លា​មិនធ្វើ (នូវពួកជ្រូក) ដែលមាន​ញាតិព្រម​ព្រៀងគ្នា​ប្រុងប្រៀប​ខ្លួនទុក ឲ្យ​លុះក្នុង​អំណាច​បានឡើយ។

[១១៤] (កូដជដិល…) ពួកបក្សីតូចៗ ឈ្មោះ​កុម្ភិលិកា មានហ្វូង​ហើរទៅ​ទាំង​ហ្វូង រីករាយ​រកគ្នា ហើរទៅ​រកចំណី​ក៏ជា​មួយគ្នា បានចំណី​ហើយ ហើរ​ទៅ (តាមអាកាស) ក៏ជា​មួយគ្នា។ កាលបក្សី​ទាំងនោះ កំពុង​មូលមិត្រ​គ្នា ​បណ្តាបក្សី​ទាំងនោះ គង់មាន​បក្សីមួយ​ហើរឃ្លាត​ពីគេ​មិនខាន ខ្លែង​ឆាបយក​នូវបក្សី​ដែលហើរ​ឃ្លាតពី​គេនោះបាន នោះជា​គតិ​របស់ខ្លា។

[១១៥] (អភិសម្ពុទ្ធគាថា) (ខ្លានោះ) ត្រូវជដិលអាក្រក់ ដែលមាន​ភ្នែក​សំឡឹង​តែ​អាមិស​បញ្ជោរ​ហើយ អាងខ្លួន​មានចង្កូម ស្មានថា​ដូចមុន ក៏ស្ទុះ​ទៅរក​ពួកជ្រូក ដែល​មាន​ខ្នាយ​ដែរ។

[១១៦] (រុក្ខទេវតា…) គួរ​ឲ្យសរសើរដែរ ពួកញាតិ​ច្រើនរូប សូម្បី​តែឈើ​ដែល​ដុះ​ក្នុង​​ព្រៃ (ក៏គួរ​ឲ្យសរសើរ) ខ្លា (ម្នាក់ឯង) ត្រូវពួក​ជ្រូកព្រមគ្នា សម្លាប់​បានក្នុង​ផ្លូវ​តែមួយ។

[១១៧] (អភិសម្ពុទ្ធគាថា) ជ្រូកទាំងឡាយបានសម្លាប់នូវព្រាហ្មណ៍ និងខ្លាធំ ទាំង​ពីរ​​នាក់បាន​ហើយ ក៏ត្រេកអរ​រីករាយ ស្រែកនូវ​សម្រែកដ៏ខ្លាំង។

[១១៨] ជ្រូកទាំងឡាយនោះ ប្រជុំគ្នាទៀបគល់​នៃល្វា អភិសេក​ជ្រូកឈ្មោះ​តច្ឆកៈ​ថា សូមព្រះអង្គ​ជាសេ្តច ជាឥស្សរៈ​របស់ពួក​យើង។

ចប់ តច្ឆសូករជាតក ទី៩។

មហាវាណិជជាតក ទី១០

(៤៩៣. មហាវាណិជជាតកំ (១០))

[១១៩] (ព្រះសាស្តាទ្រង់ត្រាស់ថា) ពាណិជទាំងឡាយ ជាអ្នកស្វែង​រកទ្រព្យ មកអំពី​ដែនផ្សេងៗ ធ្វើនូវ​ការប្រជុំ (ក្នុងក្រុង​ពារាណសី) ធ្វើបុគ្គល​ម្នាក់​ឲ្យជាធំ ហើយ​ចៀសចេញ​ទៅ។ ពាណិជ​ទាំងឡាយ​នោះ មកដល់ផ្លូវ​ឆ្ងាយដាច់​ស្រយាល​នោះ ជាផ្លូវ​មិនមាន​ស្បៀង​អាហារ មិនមានទឹក បាន​ឃើញនូវ​ដើមជ្រៃធំ មានម្លប់​ត្រជាក់​ជាទី​រីករាយ​នៃចិត្ត។ ឯពាណិជ​ទាំង​នោះ ជាបុគ្គល​ល្ងង់ ត្រូវមោហៈ​បិទបាំង ក៏អង្គុយ​ក្រោមម្លប់​ឈើនោះ​ក្នុងទី​នោះ ហើយ​ប្រឹក្សាគ្នាថា យីអើ ឈើនេះ​ហាក់ដូច​ជាសើម​ដោយទឹក ហាក់​ដូចជា​មានទឹក​ហូរទៅ បើដូច្នោះ យើងជា​ពួកឈ្មួញ នឹងកាប់​នូវមែកឈើ​ខាងកើត។ សោត​ឯមែកនោះ គ្រាន់តែ​ត្រូវពួក​ឈ្មួញ​កាប់​ដាច់ភ្លាម ក៏​ស្រក់ទឹក​ចេញ ឯទឹក​ក៏ថ្លា​មិនល្អក់ ពាណិជ​ទាំងនោះ បានងូត​ផឹកក្នុងទី​នោះ ដរាប​ដល់អស់​ចំណង់។ ពួក​ឈ្មួញ​ពាល ត្រូវមោហៈ​បិទបាំង ប្រឹក្សា​នូវហេតុទី ២ ថា បើ​ដូច្នោះ ពួកយើង​ជាពួកឈ្មួញ នឹង​កាត់នូវ​មែកឈើ​ខាងត្បូង​នោះទៀត។ សោតឯ​មែកឈើ​នោះ គ្រាន់តែ​ត្រូវពួកឈ្មួញ​កាត់​ដាច់ភ្លាម ក៏ហូរ​ចេញនូវ​បាយនៃ​ស្រូវសាលី ដ៏លាយ​ដោយសាច់ដ៏​ច្រើន នូវ​នំកុម្មាស ហាក់​ដូចជា​បាយាស​មានទឹកតិច នូវ​សម្លកកូរ និងសម្ល​សណ្តែកបាយ ពាណិជ​ទាំងនោះ បាន​បរិភោគ​ទំពារស៊ី​ក្នុងទីនោះ​ដរាប​ទាល់តែអស់​ចំណង់។ ពួក​ពាណិជ​ល្ងង់ ដែល​ត្រូវ​មោហៈ​​បិទបាំង ក៏​ប្រឹក្សាគ្នា​នូវហេតុទី ៣ ថា បើដូច្នោះ យើងជា​ពួកឈ្មួញ​នឹងកាត់​មែក​ឈើ​​ខាងលិច​នោះទៀត។ សោតឯមែក​នោះ គ្រាន់តែ​ត្រូវពួក​ឈ្មួញ​កាត់ដាច់​ភ្លាម ក៏ចេញ​នូវពួក​នាងនារី មានខ្លួន​តាក់តែង​ហើយ មានសំពត់​ និង​គ្រឿង​អាភរណៈ​ដ៏វិចិត្រ ពាក់កែវ​មណី និងកុណ្ឌល។ គួរសរសើរ​ដែរ ពាណិជ​ទាំងឡាយ​មាន​នាង​នារី​ម្នាក់ៗ ចំណែក​ខាង​នាងនារី ២៥ នាក់ ចោមរោម (នូវនាយ​ឈ្មួញជាធំ) ក្រោមម្លប់​ឈើនោះ​ដោយ​ជុំវិញ ពាណិជ​ទាំងនោះ ត្រូវនាង​នារី​ទាំងនោះ​ចោមរោម​ហើយ ដរាប​អស់​ចំណង់។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈ​បិទបាំង ក៏ប្រឹក្សា​នូវហេតុទី ៤ ថា បើ​ដូច្នោះ យើងជា​ពួកឈ្មួញ នឹងកាត់​នូវមែកឈើ​ខាងជើង​នោះទៀត។ សោតឯ​មែកនោះ គ្រាន់តែ​ត្រូវពួក​ឈ្មួញកាត់​ដាច់ភ្លាម ក៏ហូរ​ចេញនូវ​កែវមុក្តា និងកែវពៃទូរ្យ​ដ៏ច្រើនផង នូវ​ប្រាក់ផង នូវមាស​ផង នូវកម្រាល​សម្រាប់​ក្រាលលើ​ខ្នងដំរី​ជាដើមផង នូវ​កម្រាល​រោមសត្វ​ជាដើម​ផង នូវ​សំពត់​ដែលគេ​ធ្វើក្នុង​ដែនកាសី​ផង នូវ​សំពត់​កម្ពល​ឈ្មោះ​ឧទ្ទិយានៈ​ផង ពាណិជ​ទាំងនោះ ក៏វេច​យកនូវ​ភារៈ ដរាប​ទាល់​តែអស់​ចំណង់​ក្នុង​ទីនោះ។ ពួក​ពាណិជល្ងង់ ដែលត្រូវ​មោហៈ​បិទបាំង ក៏ប្រឹក្សា​នូវហេតុ​ទី ៥ ថា បើ​ដូច្នោះ ពួក​យើងនឹង​កាត់ត្រង់​គល់​ឈើនោះ មុខជា​នឹងបាន​ច្រើនជាង​នេះទៅ​ទៀត គ្រានោះ ពួក​ឈ្មួញធំ​ក្រោកឡើង ផ្គង​អញ្ជលី​អង្វរថា ដើមជ្រៃ​ប្រទូស្ត​ពួក​អ្នកដូចម្តេច ម្នាល​ពាណិជ​ទាំងឡាយ សេចក្តី​ចំរើន​ចូរមាន​ដល់អ្នកចុះ។ មែកខាង​កើត បាន​ឲ្យទឹក​ងូតផង មែក​ខាងត្បូង បានឲ្យបាយ និង​ទឹកផង មែកខាង​លិច បានឲ្យ​នាងនារី​ទាំងឡាយ​ផង មែក​ខាងជើង បានឲ្យនូវ​សេចក្តី​ប្រាថ្នា​​គ្រប់​យ៉ាងផង ដើមជ្រៃ​ប្រទូស្ត​ពួកអ្នក​ដូចម្តេច ម្នាល​ពាណិជ​ទាំងឡាយ សេចក្តី​ចំរើន​​ចូរមាន​ដល់អ្នក​ចុះ។ បុគ្គល​អង្គុយ ឬដេក​ក្រោមម្លប់​នៃឈើ​ណា មិនត្រូវ​កាច់បំបាក់​មែកឈើ​នោះឡើយ ព្រោះថា​បុគ្គល​អ្នក​ប្រទូស្តមិត្ត ជាមនុស្ស​អាក្រក់។ ឯឈ្មួញទាំងនោះ​ច្រើនគ្នា មិនអើពើ​នូវពាក្យ​នៃឈ្មួញ​ជាធំ​ម្នាក់​ឯងនោះ ក៏ចូល​ទៅដើម្បី​នឹងកាត់​នូវ​ដើម​ជ្រៃ​​នោះ​ត្រង់គល់ ដោយ​ប៉ូវថៅ​ទាំងឡាយ ដែល​ខ្លួន​សំលៀង​ហើយ។

[១២០] (អភិសម្ពុទ្ធគាថា) លំដាប់នោះ នាគទាំងឡាយ ២៥ សៀតគ្រឿង​ក្រោះ​ហើយផង ពួកនាគ​ខ្មាន់ធ្នូ ៣០០ ផង ពួកទាហាន​កាន់ខែល​បាំ្រមួយ​ពាន់ផង ក៏ចេញ​មក។

[១២១] (នាគរាជ…) អ្នកទាំងឡាយចូរសម្លាប់ ចូរចងនូវ​ពាណិជ​ទាំងនុ៎ះ អ្នក​ទាំងឡាយ​កុំលែង​នូវជីវិត​ឡើយ អ្នកទាំងឡាយ ចូរធ្វើ​នូវពួក​ពាណិជ​ទាំងអស់​នោះ ឲ្យទៅ​ជាផែះ ទុកតែ​ពាណិជ​ជាធំម្នាក់​ប៉ុណ្ណោះ។

[១២២] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ បណ្ឌិតបុរស កាលបើបាន​ឃើញ​ច្បាស់នូវ​ប្រយោជន៍​របស់ខ្លួន មិនគប្បី​លុះអំណាច​នៃលោភៈ​ឡើយ ត្រូវតែ​កំចាត់​បង់​នូវចិត្ត​ដែលប្រកប​ដោយ​លោភៈ​ប្រាកដ​ដូច្នោះ ភិក្ខុបើ​បានដឹង​នូវទោស (ក្នុងលោភៈ) យ៉ាង​នេះ ដឹងនូវ​ការកើត​ឡើង​នៃទុក្ខ ព្រោះ​តណ្ហា​យ៉ាងនេះ​ហើយ គប្បី​ប្រព្រឹត្ត​ជាអ្នក​មាន​តណ្ហា​ទៅប្រាស​ហើយ មិន​មាន​សេចក្តី​ប្រកាន់មាំ មាន​ស្មារតី។

ចប់ មហាវាណិជជាតក ទី១០។

សាធិនរាជជាតក ទី១១

(៤៩៤. សាធិនជាតកំ (១១))

[១២៣] (ពួកអ្នកនគរពោលថា ស្តេចរបស់​យើង) ចំឡែក​ណាស់តើ គួរ​ឲ្យ​ព្រឺរោម កើតឡើង​ក្នុងលោក រថជាទិព្យ​បានកើត​ប្រាកដ​ដល់ស្តេច​វិទេហៈ ព្រះអង្គ​មានយស។

[១២៤] (អភិសម្ពុទ្ធគាថា) ទេវបុត្រ​ឈ្មោះមាតលី ជា​ទេវសារថី មាន​ប្ញទ្ធិ​ច្រើន​បាន​អញ្ជើញ​ព្រះបាទ​វិទេហៈ ព្រះអង្គ​គ្រប់គ្រង​ក្រុង​មិថិលា​ថា បពិត្រ​ព្រះរាជាដ៏​ប្រសើរ ជា​ម្ចាស់​នៃទិស សូមព្រះអង្គ​យាងឡើង​កាន់​រថនេះ ទេវតា​ទាំងឡាយ​ជាន់​តាវត្តឹង្ស ព្រម​ទាំង​ព្រះឥន្ទ ចង់ឃើញ​ព្រះអង្គ ព្រោះ​ទេវតា​ទាំងឡាយ​រលឹក​ព្រះអង្គ នៅ​រង់ចាំ​ក្នុងរោង​ឈ្មោះ​សុធម្មា។ លំដាប់​នោះឯង ព្រះបាទ​វិទេហៈ ព្រះនាម​សាធិន ព្រះអង្គ​គ្រប់គ្រង​ក្រុង​មិថិលា ទ្រង់យាង​ឡើងកាន់រថ ទឹមដោយ​សេះច្រើន ហើយបាន​យាងទៅ​ក្នុង​សំណាក់​នៃទេវតា​ទាំងឡាយ (ព្រះរាជា​ជាធំ ទ្រង់ប្រថាប់​លើទិព្វយាន​​ឈ្មោះ​ហយវាហី ដែល​ទឹម​ដោយ​សេះច្រើន កំពុង​យាងទៅ ក៏បាន​ទត​ឃើញ​ទេវសភា​នេះ) ពួក​ទេវតា​បានឃើញ​ព្រះរាជា​នោះមក​ដល់ហើយ ក៏​ត្រេកអរ​ស្មោះ​ចំពោះ​ថា បពិត្រ​មហារាជ ព្រះអង្គ​យាង​មកស្រួល​ហើយ ​មិនមែន​យាងមក​ដោយ​មិនស្រួល​ទេ បពិត្រ​ព្រះរាជា​អ្នកស្វែង​រកគុណ​ដ៏​ប្រសើរ ឥឡូវនេះ សូម​ព្រះអង្គ​ទ្រង់គង់​ក្នុងសំណាក់​នៃទេវរាជ​ចុះ។ ឯព្រះឥន្ទ ក៏ទទួល​រាក់ទាក់​ចំពោះ​ព្រះបាទ​វិទេហៈ ព្រះអង្គ​គ្រប់គ្រង​ក្រុង​មិថិលា ព្រះឥន្ទ​បានអញ្ជើញ​ដោយកាម​ទាំងឡាយផង ដោយអាសនៈ​ផង​ថា ប្រពៃ​ណាស់ហើយ ព្រះអង្គ​បានដល់​អាវាស​របស់​ទេវតា​ទាំងឡាយ ដែលញ៉ាំង​គេ​ឲ្យប្រព្រឹត្ត​ក្នុងអំណាច​ខ្លួន បពិត្រ​ព្រះរាជា​អ្នកស្វែង​រក​គុណ​​ដ៏ប្រសើរ សូមព្រះអង្គ​គង់នៅក្នុង​ពួកទេវតា​ដែលសម្រេច​នូវកាម​គ្រប់​យ៉ាង​បាន សូម​ព្រះអង្គ​សោយនូវ​កាម​ទាំងឡាយ ដែលមិន​មែនជា​របស់​មនុស្ស ក្នុង​ពួក​ទេវតា​ជាន់តាវត្តឹង្ស​ចុះ។

[១២៥] (ព្រះបាទសាធិនរាជ…) កាលពីដើម ខ្ញុំមកនៅក្នុង​ឋានសួគ៌ រីករាយ​ដោយ​របាំចម្រៀង និងប្រគុំ​ទាំងឡាយ ឥឡូវនេះ ក្នុងថ្ងៃនេះ ខ្ញុំមិន​ត្រេកអរក្នុង​ឋានសួគ៌ទេ បពិត្រ​ព្រះជនិន្ទ​ដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹង​​អស់ឬ ឬសេចក្តី​ស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏​ខ្ញុំជាបុគ្គល​វង្វេង។

[១២៦] (សក្កៈ…) បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាម​ជាងជន អាយុ​របស់​ព្រះអង្គ​មិនទាន់​អស់ទេ ទាំងសេចក្តី​ស្លាប់របស់​ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយ​វិញ​ទៀត ព្រះអង្គ​មិនមែន​ជាមនុស្ស​វង្វេងទេ តែថា ព្រះអង្គ​សោយនូវ​ផលនៃ​បុណ្យ​ណា ក្នុង​ទេវលោក​នេះ បុណ្យ​របស់​​ព្រះអង្គ​នោះតិច បពិត្រព្រះរាជា​ដ៏ប្រសើរ ជាម្ចាស់​នៃទិស សូមព្រះអង្គ​គង់​នៅដោយ​ទេវានុភាព​ចុះ សូមព្រះអង្គ​សោយនូវ​កាមទាំងឡាយ មិនមែន​ជា​របស់​មនុស្ស ក្នុងទេវលោក​ជាន់​តាវត្តឹង្សចុះ។

[១២៧] (ព្រះរាជា…) យានដែលខ្ចីគេ និងទ្រព្យ​ដែលខ្ចីគេ មាន​ឧបមាយ៉ាង​ណា​មិញ ទ្រព្យណា​ដែលគេបាន ព្រោះបុគ្គល​ដទៃ​ឲ្យជាបច្ច័យ ទ្រព្យ​​នុ៎ះឯង ក៏មាន​ឧបមេយ្យ​យ៉ាង​នោះដែរ ទ្រព្យណា​ដែល​គេបាន ព្រោះបុគ្គល​ដទៃ​ឲ្យជា​បច្ច័យ ខ្ញុំមិន​ចង់បាន​ទ្រព្យ​នុ៎ះ​ឡើយ បុណ្យទាំងឡាយ ដែលខ្ញុំ​បាន​ធ្វើហើយ​ដោយខ្លួនឯង បុណ្យ​នោះ ទុកជា​ទ្រព្យ​របស់ខ្ញុំ​ជាប់​តាមខ្លួន ខ្ញុំនោះ នឹងទៅ​ធ្វើកុសល​ឲ្យច្រើនក្នុងពួកមនុស្ស ដោយ​ឲ្យទានផង កិរិយា​ប្រព្រឹត្ត​​ធម៌ស្មើផង កិរិយា​​សង្រួម​ដោយសីលផង កិរិយាទូន្មាន​នូវឥន្ទ្រិយផង ព្រោះ​ថា បុគ្គល​ធ្វើកុសល​ហើយ រមែង​ដល់នូវ​សេចក្តីសុខ ទាំងមិន​ក្តៅ​ក្រហាយ​រឿយៗ ក្នុងកាល​ជាខាង​ក្រោយ។

[១២៨] (សាធិនរាជ ពោលនឹងស្តេចនារទៈថា) ស្រែទាំងឡាយ​នេះផង ទទឹក​ប្រកប​ដោយ​កុណ្ឌល​2) ដ៏ល្អនេះផង ផែនដី​ដ៏ដេរដាស ដោយស្មៅពណ៌​ខៀវនេះផង ស្ទឹង​ទាំងឡាយ​ដែលកំពុង​ហូរនេះផង ស្រះបោក្ខរណី​ទាំង​ឡាយ ជាទីរីករាយ មានសត្វ​ចាកក្រពាក​យំហើយ ដ៏ដេរដាស​ដោយ​ចង្កុល​ណី ដោយផ្កាឈូក និងផ្កាឧប្បល​នេះផង ពួកជនណា រាប់អាន​នូវទី​ទាំង​ឡាយ​នេះ​ថាជា​របស់អញ​ ជន​ទាំងនោះ ទៅកាន់ទិស​ណាហ្ន៎។

ម្នាលនារទៈ ស្រែទាំងឡាយ នៅជាស្រែទាំងនោះដដែល ភូមិភាគ នៅជា​ភូមិភាគ​នោះ​ដដែល ឧបចារៈ​នៃសួនច្បារ​ទាំងឡាយ ក៏នៅជាឧបចារៈ​នោះ​ដដែល តែថា កាល​យើងមិន​ឃើញនូវ​ជនទាំងនោះ ទិសប្រាកដ​ដល់យើង​ហាក់ដូច​ជាសូន្យ​ឈឹង។

[១២៩] (ព្រះរាជា…) វិមានទាំងឡាយ ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺ​ចិញ្ចែង​ចំពោះ​មុខ​ទេវរាជផង ចំពោះមុខ​ពួកទេវតាជាន់​ត្រៃត្រឹង្ស​ផង យើងបាន​ឃើញហើយ។ ភពជា​ទិព្យ យើងបាន​នៅរួច​ហើយ កាមទាំងឡាយ​មិនមែន​ជារបស់​​មនុស្ស យើងបាន​បរិភោគ​រួចហើយ​ក្នុងពួក​ទេវតា​ជាន់​តាវត្តឹង្ស អាច​សម្រេចនូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​បាន។ យើងនោះ បានលះបង់​សម្បត្តិ​​ទិព្យប្រាកដ​ដូច្នោះហើយ មកក្នុងទីនេះ ដើម្បី​ធ្វើបុណ្យ យើងនឹង​ប្រព្រឹត្តធម៌​តែម្យ៉ាង យើងមិន​មានសេចក្តី​ត្រូវការដោយ​រាជសម្បត្តិ​ទេ។ ​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ដែលមាន​វត្តល្អ ស្តេចយាង​ទៅតាម​ផ្លូវណា យើងនឹង​ដើរទៅ​តាម​ផ្លូវ​នោះ ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែង​ហើយ ជាផ្លូវ​ដែលបុគ្គល​មិនមាន​​អាជ្ញា​គប្បី​ត្រាច់ទៅ។

ចប់ សាធិនរាជជាតក ទី១១។

ទសព្រាហ្មណជាតក ទី១២

(៤៩៥. ទសព្រាហ្មណជាតកំ (១២))

[១៣០] (ព្រះសាស្តាទ្រង់ត្រាស់ថា) ព្រះរាជា ជា​យុធិដ្ឋិលគោត្រ ព្រះអង្គ​ប្រាថ្នា​នូវធម៌ បានត្រាស់​នឹងអាមាត្យ​ឈ្មោះ​វិធូរៈ​ថា ម្នាល​វិធូរៈ អ្នកចូរ​ស្វែង​រកនូវ​ព្រាហ្មណ៍​ទាំងឡាយ ដែលជា​អ្នកមានសីល ជាពហុស្សូត វៀរ​ចាកមេថុន​ធម្ម ឲ្យមក​បរិភោគ​នូវ​ភោជន​របស់​យើង ទក្ខិណាទាន​ដែលគេ​​ឲ្យហើយ​ចំពោះ​បុគ្គល​ណា ជា​ទាន​មានផល​ច្រើន ម្នាល​សំឡាញ់ យើងនឹង​​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)។

[១៣១] (អាមាត្រឈ្មោះវិធូរៈ ក្រាបទូលថា) បពិត្រ​ព្រះសម្មតិទេព ពួក​ព្រាហ្មណ៍​ដែលជា​អ្នកមាន​សីល ជាពហុស្សូត វៀរចាក​មេថុនធម្ម គួរនឹង​បរិភោគ​នូវភោជន​របស់​ព្រះអង្គ គេរក​បាន​ដោយក្រ។ បពិត្រមហារាជ ឮថា ជាតិព្រាហ្មណ៍​ទាំងឡាយ​ណា មាន ១០ យ៉ាង សូម​ព្រះអង្គ ទ្រង់​ព្រះសណ្តាប់​នូវការ​ចែក​រំលែក និងការ​ពិនិត្យ​ពិច័យ នូវ​ព្រាហ្មណ៍​ទាំងនោះ តាមប្រាជ្ញា​របស់​ទូលព្រះបង្គំ​ជាខ្ញុំ ដោយ​ពិស្តារចុះ។ ព្រាហ្មណ៍​ទាំង​ឡាយ កាន់ការុង​ទាំងឡាយ ដែលពេញ​ដោយ​ឫសឈើ ចង​មាត់ជិត ហើយ​តែង​ក្បួនថ្នាំ​ទាំងឡាយ​ផង ផ្ងូតទឹក​ឲ្យគេផង សែកនូវ (ភូតវិជ្ជា) ផង។ បពិត្រ​ព្រះរាជា ឯព្រាហ្មណ៍​ទាំងឡាយ​នោះ ស្មើ​ដោយពេទ្យ គេហៅថា​ព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ទូល​ព្រះបង្គំ​ជាខ្ញុំ បានក្រាប​ទូលចំពោះ​ព្រះអង្គ​រួចហើយ យើងនឹង​ចូល​ទៅ​រកពួក​ព្រាហ្មណ៍​ប្រាកដ​ដូច្នោះឬ។

[១៣២] (ព្រះរាជាកោរព្យៈ…) ពួកព្រាហ្មណ៍ទាំងនោះ ប្រាសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងនោះ គេមិន​ហៅថា​ព្រាហ្មណ៍ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរក​ព្រាហ្មណ៍​​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នក​មានសីល ជា​ពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យ​មក​​បរិភោគ​នូវភោជន​របស់យើង ម្នាល​សំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យហើយ​ចំពោះ​បុគ្គលណា ជាទានមាន​ផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)។

[១៣៣] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ កាន់ឃ្មោះ​ទាំងឡាយ ហើយ​ឃោស្នា​ឰដ៏​ខាងមុខ (នៃស្តេច និងអាមាត្រ) ក៏មាន ទៅកាន់​ទីសម្រាប់​បម្រើ​គេក៏មាន សិក្សា​ខាង​សិល្បរថ​ក៏មាន។ បពិត្រ​ព្រះរាជា ព្រាហ្មណ៍ទាំង​ឡាយនោះ ស្មើដោយ​ជនអ្នក​បំរើ គេហៅថា​ព្រាហ្មណ៍ដែរ​ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ខ្ញុំព្រះអង្គ​បាន​ក្រាបទូល​ចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅ​រកពួក​ព្រាហ្មណ៍​បែបដូច្នោះឬ។

[១៣៤] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយនោះ គេមិនហៅ​ថាព្រាហ្មណ៍​ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរកនូវ​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមាន​សីល ជាពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យមក​បរិភោគនូវ​ភោជនរបស់​យើង ម្នាលសំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គលណា ជាទាន​មាន​ផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)។

[១៣៥] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយ កាន់ឃ្លោក​ដាក់ទឹកផង ដំបងភ្លុក​ផង ចូល​ទៅ​ឯបអប​នឹងសេ្តច​ទាំងឡាយ ក្នុងស្រុក ឬនិគម (ដោយគិត​គ្នាថា) កាលបើ​គេមិន​ឲ្យ (វត្ថុអ្វីមួយ) ក្នុងស្រុក ឬនិគម យើងនឹង​មិន​ក្រោកឡើយ បពិត្រ​ព្រះរាជា ព្រាហ្មណ៍​ទាំង​ឡាយ​នោះ ប្រាកដ​ស្មើ​ដោយ​បុគ្គលអ្នក​រឹបជាន់ គេហៅថា​ព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំង​ឡាយនេះ) ខ្ញុំព្រះអង្គ​បានក្រាប​បង្គំទូលចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅ​រកពួក​ព្រាហ្មណ៍​បែបដូច្នោះ​ឬ។

[១៣៦] (ព្រះរាជាកោរព្យៈ…) ព្រាហ្មទាំងឡាយនោះ ប្រាសចាក​ភាពជា​ព្រាហ្មណ៍ តែ​ព្រាហ្មណ៍​ទាំងឡាយនោះ គេមិនហៅ​ថា​ព្រាហ្មណ៍ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជាពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យមក​បរិភោគ​ភោជន​របស់​យើង ម្នាល​សំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យហើយ ចំពោះ​បុគ្គលណា ជាទានមាន​ផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)។

[១៣៧] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ មានរោមក្លៀក និងក្រចក​ដុះវែង មាន​ធ្មេញប្រកប​ដោយមន្ទិល មានធូលី​លើក្បាល រោយរាយ​ដោយធូលី និងលំអងដី ត្រាច់​ទៅសូម (ទ្រព្យផ្សេងៗ) បពិត្រ​ព្រះរាជា ព្រាហ្មណ៍​ទាំង​ឡាយនោះ ប្រាកដ​ស្មើដោយ​ជនអ្នក​ដកនូវដង្គត់ គេហៅថា​ព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ខ្ញុំព្រះអង្គ​បានក្រាប​ទូលចំពោះ​ព្រះអង្គ​ហើយ យើង​នឹងចូល​ទៅរក​ព្រាហ្មណ៍​បែបដូច្នោះ​ឬ។

[១៣៨] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិនហៅថា​ព្រាហ្មណ៍ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមាន​សីល ជា​ពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យមក​បរិភោគ​នូវភោជន​របស់​យើង ម្នាល​សំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យហើយចំពោះ​បុគ្គលណា ជាទាន​មានផល​ច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)។

[១៣៩] (វិធូរៈ…) បពិត្រព្រះជនាធិបតី (ព្រាហ្មណ៍ទាំងឡាយ) ជួញ​សម៉​ផង កន្តួតព្រៃ​ផង ស្វាយផង ព្រីងផង សម៉ពិភេក​ផង ខ្នុរសម្ល​ផង ឈើស្ទន់​ផង ព្នៅផង ពទ្រាផង ឈើកែស​ផង ទឹកអំពៅ និងស្ករអំពៅ​ផង ខ្សៀផង ទឹកឃ្មុំ និងថ្នាំបន្តក់​ភ្នែកផង ជួញ​ភណ្ឌៈ​មានតម្លៃ​តិច ឬមាន​តម្លៃ​ច្រើនផង បពិត្រ​ព្រះរាជា ព្រាហ្មណ៍​ទាំងឡាយ​នោះ ប្រាកដ​ស្មើដោយ​ពាណិជ ហៅថា​ព្រាហ្មណ៍​ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ខ្ញុំព្រះអង្គ​បាន​ក្រាបទូល​ចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅ​រកពួក​ព្រាហ្មណ៍​បែប​ដូច្នោះឬ។

[១៤០] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិនហៅថា​ព្រាហ្មណ៍ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមាន​សីល ជា​ពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យមក​បរិភោគ​នូវភោជន​របស់​យើង ម្នាល​សំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គល​ណា ជាទាន​មានផល​ច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)។

[១៤១] (វិធូរៈ…) (ព្រាហ្មណ៍ទាំងឡាយ) នាំគ្នាធ្វើនូវ​កសិកម្ម និងពាណិជ្ជកម្ម​ផង ចិញ្ចឹម​ពពែ និងចៀមផង ទំនុក​បម្រុង​ពួកកុមារីផង រៀបចំ​អាពាហ៍​ពិពាហ៍​ផង ព្រាហ្មណ៍​ទាំងឡាយ​នោះ ប្រាកដ​ស្មើដោយ​កុដុម្ពិកៈ និង​គហិបតី គេហៅថា​ព្រាហ្មណ៍​ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ខ្ញុំព្រះអង្គ​បានក្រាប​ទូលចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅ​រកពួក​ព្រាហ្មណ៍​បែប​ដូច្នោះឬ។

[១៤២] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយ​នោះ បា្រសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិនហៅថា​ព្រាហ្មណ៍​ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមាន​សីល ជា​ពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យមក​បរិភោគ​នូវភោជន​របស់​យើង ម្នាល​សំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គល​ណា ជាទាន​មានផល​ច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)។

[១៤៣] (វិធូរៈ…) មានព្រាហ្មណ៍ពួកខ្លះ ជាបុរោហិត (បរិភោគ​នូវភិក្ខា​ដែល​គេទុក​បំរុង​ឲ្យខ្លួន) ពួកជន​ច្រើនគ្នា តែងសាកសួរ​ព្រាហ្មណ៍​នោះ ព្រាហ្មណ៍​ទាំងនោះ​ជាអ្នក​ក្រៀវពង (គោ​ជាដើម) ផង ជាគ្រូ​សាក់ផង សម្លាប់សត្វ​ចិញ្ចឹម គឺក្របី ជ្រូក និង​ពពែ​ផង ក្នុង​ផ្ទះនោះ បពិត្រ​ព្រះរាជា ព្រាហ្មណ៍​ទាំងឡាយ​នោះ ប្រាកដ​ស្មើដោយ​បុគ្គល​អ្នក​សម្លាប់គោ គេហៅថា​ព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយនេះ) ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ចំពោះ​ព្រះអង្គហើយ យើងនឹង​ចូលទៅរក​ព្រាហ្មណ៍​បែបដូច្នោះ​ឬ។

[១៤៤] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយនោះ គេមិនហៅ​ថាព្រាហ្មណ៍​ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមាន​សីល ជាពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យមកបរិភោគ​នូវភោជន​របស់​យើង ម្នាល​សំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គលណា ជាទាន​មាន​ផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)។

[១៤៥] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយ កាន់ដាវ និងខែល កាន់​ព្រះខាន់ ឈរ​ឯប​នៅក្បែរ​ផ្លូវ​ជាទី​ទៅនៃ​ពួកឈ្មួញ នាំពួក​ឈ្មួញ​ឲ្យផុត (អំពី​ពួកចោរ) ព្រាហ្មណ៍​ទាំងឡាយ​នោះ ប្រាកដ​ស្មើដោយ​ពួកជន​អ្នកឃ្វាលគោ និងពួក​អ្នកនេសាទ គេហៅថា​ព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំង​ឡាយ​នេះ) ខ្ញុំព្រះអង្គ​បាន​ក្រាបទូល​ចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅ​រក​ពួកព្រាហ្មណ៍​បែបដូច្នោះ​ឬ។

[១៤៦] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយនោះ គេមិនហៅ​ថាព្រាហ្មណ៍ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមាន​សីល ជាពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យមកបរិភោគ​នូវភោជន​របស់​យើង ម្នាលសំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យ​ចំពោះ​បុគ្គលណា ជាទាន​មានផល​ច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)។

[១៤៧] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ ធ្វើខ្ទមក្នុងព្រៃ ធ្វើអន្ទាក់​វ័ធទាំង​ឡាយ បៀតបៀន​នូវទន្សាយ និងខ្លាត្រីផង នូវទន្សង ត្រី និងអណ្តើក​ផង បពិត្រ​ព្រះរាជា ព្រាហ្មណ៍​ទាំងឡាយ​នោះ ប្រាកដស្មើ​ដោយព្រានព្រៃ ព្រាហ្មណ៍​ទាំងនោះ គេហៅថា​ព្រាហ្មណ៍​ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំង​​នោះ) ខ្ញុំព្រះអង្គ​បាន​ក្រាបទូល ចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅស្វែង​រក​ព្រាហ្មណ៍​បែប​ដូច្នោះ​ឬ។

[១៤៨] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយ​នោះ បា្រសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិនហៅ​ថាព្រាហ្មណ៍​ទេ ម្នាល​វិធូរៈ អ្នកចូរ​ស្វែងរក​ពួកព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមាន​សីល ជា​ពហុស្សូត វៀរចាក​មេថុនធម្ម ឲ្យមក​បរិភោគ​នូវភោជន​របស់​យើង ម្នាល​សំឡាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យ​ចំពោះ​បុគ្គល​ណា ជាទាន​មានផល​ច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)។

[១៤៩] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយដទៃទៀត ចង់បានទ្រព្យ ក៏ដេកខាង​ក្រោម​គ្រែ កាលសោមយាគ3) ប្រាកដ​ហើយ ស្តេច​ទាំងឡាយ​ក៏ស្រង់ទឹក ឰដ៏​ខាងលើ​នៃគ្រែ បពិត្រ​ព្រះរាជា ព្រាហ្មណ៍​ទាំងឡាយនោះ ប្រាកដ​ស្មើ​ដោយជន​អ្នកដុសក្អែល គេហៅថា​ព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំង​ឡាយ​នេះ) ខ្ញុំព្រះអង្គ​បាន​ក្រាបទូល​ចំពោះព្រះអង្គ​ហើយ យើង​ចូលទៅ​រក​ពួក​ព្រាហ្មណ៍​ប្រាកដដូច្នោះ​ឬ។

[១៥០] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាក​ភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយនោះ គេមិនហៅ​ថាព្រាហ្មណ៍ទេ ម្នាល​វិធូរៈ អ្នក​ចូរ​ស្វែង​រក​​ព្រាហ្មណ៍ទាំង​ឡាយដទៃវិញ ដែលជា​អ្នកមាន​សីល ជាពហុស្សូត វៀរ​ចាក​​មេថុនធម្ម ឲ្យមក​បរិភោគ​នូវភោជន​របស់​យើង ម្នាល​សំឡាញ់ ទក្ខិណាទាន​ដែល​គេ​ឲ្យ​ចំពោះ​បុគ្គលណា ជាទាន​មាន​ផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)។

[១៥១] (វិធូរៈ…) បពិត្រព្រះសម្មតិទេព ពួកព្រាហ្មណ៍ដែល​ជាអ្នកមានសីល ជា​ពហុស្សូត វៀរចាក​មេថុនធម្ម គួរនឹង​បរិភោគ​ភោជន​របស់​ព្រះអង្គ មាន​ដែរ។ ព្រាហ្មណ៍​ទាំងនោះ បរិភោគ​នូវភត្ត​តែម្តង ទាំងមិន​ផឹកនូវ​ទឹកស្រវឹង បពិត្រ​មហារាជ (ពួក​ព្រាហ្មណ៍​នេះ) ខ្ញុំព្រះអង្គ​បានក្រាប​ទូលព្រះអង្គ​ហើយ យើងនឹង​ចូលទៅ​អញ្ជើញ​ពួកព្រាហ្មណ៍​ប្រាកដ​ដូច្នោះ​ឬ។

[១៥២] (ព្រះរាជា…) ម្នាលវិធូរៈ បើពួកព្រាហ្មណ៍​នុ៎ះឯង ជាអ្នក​មានសីល ជា​ពហុស្សូត​ពិតមែន ម្នាលវិធូរៈ អ្នកចូរស្វែង​រកពួក​ព្រាហ្មណ៍នុ៎ះចុះ ចូរ​អញ្ជើញ​ព្រាហ្មណ៍​ទាំងនោះ​មកឆាប់ៗ។ ​

ចប់ ទសព្រាហ្មណជាតក ទី១២។

ភិក្ខាបរម្បរជាតក ទី១៣

(៤៩៦. ភិក្ខាបរម្បរជាតកំ (១៣))

[១៥៣] (កុដុម្ពិកៈទូលថា) ខ្ញុំព្រះអង្គបានឃើញព្រះអង្គ មាន​ព្រះរូប​ទន់ភ្លន់ ចេញ​ចាកដែន​មកកាន់​ព្រៃស្ងាត់ ប្រកប​ដោយផ្ទះ​កំពូល​ដ៏ប្រសើរ មាន​អាសនៈ​ដ៏ថ្លៃថ្លា ដែល​គេក្រាល​បំរុងទុក ទើបថ្វាយ​ក្រយាស្ងោយ​ដ៏ឧត្តម ជាភត្ត​នៃ​ស្រូវសាលី​ដ៏វិចិត្រ លាយ​ដោយ​សាច់ដ៏ស្អាត ចំពោះ​ព្រះអង្គនោះ ដោយ​សេចក្តី​ស្រឡាញ់ ព្រះអង្គ​ទទួល​ក្រយា​ស្ងោយ​នោះហើយ តែមិន​សោយ​ដោយ​ព្រះអង្គឯង ត្រឡប់​ជាប្រទាន​ដល់​ព្រាហ្មណ៍​វិញ សូម​ក្រាប​ថ្វាយបង្គំ​ចំពោះព្រះអង្គ តើការណ៍​នេះជា​សភាព​ដូចម្តេច។

[១៥៤] (ព្រះរាជាត្រាស់ថា) ព្រាហ្មណ៍ (នេះ) ជាអាចារ្យ​របស់យើង ជាអ្នក​ខ្វល់ខ្វាយ​ក្នុងកិច្ច​តូច និងកិច្ចធំ​ផង ជាបុគ្គល​គួរគោរពផង គួរ​ឲ្យយើង​ហៅរកផង (ព្រោះ​ហេតុនោះ) យើងគួរ​ឲ្យភោជន។

[១៥៥] (កុដុម្ពិកៈ…) ឥឡូនេះ ខ្ញុំសូមសួរព្រាហ្មណ៍ ជាគោតមគោត្ត ដែល​ស្តេច​តែងបូជា ព្រះរាជា​បាន​ប្រទានភត្ត​ដែលលាយ​ដោយ​សាច់ដ៏ស្អាត​ដល់អ្នក អ្នកបាន​ទទួល​ភត្តនោះហើយ ក៏បាន​ប្រគេន​នូវភោជន​ដល់​ឥសីវិញ អ្នក​ប្រហែល​ជាដឹងថា ខ្លួន​មិនមែន​ជាខេត្ត​នៃទាន ខ្ញុំសូម​ថ្វាយបង្គំ​ចំពោះអ្នក តើ​ការណ៍នេះ​ជាសភាព​ដូចម្តេច។

[១៥៦] (ព្រាហ្មណ៍តបថា) ខ្ញុំតែងចិញ្ចឹមកូន និងប្រពន្ធផង ចំពាក់​ចិត្តក្នុងផ្ទះ​ទាំងឡាយ​ផង ប្រៀនប្រដៅ​ព្រះរាជា​ថា សូមព្រះអង្គ​សោយនូវ​កាមទាំង​ឡាយ ជា​របស់​នៃ​មនុស្សផង ហេតុនោះ​បានជាខ្ញុំគួរ​ប្រគេន​ភោជន​ដល់ឥសី​វិញ ដែលនៅ​ក្នុងព្រៃ មាន​តបៈ​អស់​កាលវែង ចំរើន​ដោយគុណ មានចិត្ត​ចំរើនហើយ។

[១៥៧] (កុដុម្ពិកៈ…) ឥឡូវនេះ ខ្ញុំសូមសួរឥសី ដែលស្គម​រវីមរវាម​ដោយ​សរសៃ មាន​រោមក្លៀក និងក្រចក​ដុះវែង មានធ្មេញ​ប្រកប​ដោយមន្ទិល មានធូលី​លើក្បាល លោកនៅ​ក្នុងព្រៃ​ម្នាក់ឯង មិន​ស្តាយជីវិត លោក​បាន​ប្រគេន​ភោជន​ដល់​ភិក្ខុណា ភិក្ខុ​នោះ​​ប្រសើរ​ជាងលោក​ដោយគុណ​ដូចម្តេច។

[១៥៨] (តាបសតបថា) អាត្មាជីកដំឡូងឈ្មោះ​អាលុកលម្ពៈ និង​តាលកន្ទៈ​ទាំងឡាយ​ផង ដំឡូង​ឈ្មោះ​ពិលាលិ និង​តក្កលៈ​ទាំងឡាយ​ផង ច្រូត​ស្រងែ និងស្ពៅ (យកមក) បែនបុក (បរិភោគ) ផង នាំយកគ្រឿង​អន្លក់ និងក្រអៅឈូក ទឹកឃ្មុំ សាច់ ពទ្រា និង​កន្តួតព្រៃ មក​បរិភោគផង នោះជា​កំណាន់​របស់អាត្មា អាត្មាជា​បុគ្គល​ដាំស្ល មាន​​សេចក្តី​ខ្វល់ខ្វាយ មានសេចក្តី​ប្រកាន់​នៅឡើយ គួរ​ប្រគេន​ភោជន​ដល់ភិក្ខុ​ដែលជា​អ្នក​មិនដាំ​ស្ល មិនមានតណ្ហា មិនមាន​សេចក្តីប្រកាន់។

[១៥៩] (កុដុម្ពិកៈ…) ឥឡូវនេះ ខ្ញុំសួមសួរភិក្ខុ​ដែលអង្គុយ​ស្ងៀម​មានវត្តល្អ ដូច​តទៅនេះ (ឥសី) បានប្រគេន​ភត្តដែល​លាយដោយ​សាច់ដ៏ស្អាត​ដល់​លោក លោក​ទទួល​ភត្តនោះហើយ ក៏បរិភោគ​ស្ងៀមៗ ម្នាក់ឯង មិនបាន​អញ្ជើញ​បុគ្គល​ដទៃណាមួយ (ឲ្យ​បរិភោគ​ផង) ឡើយ ខ្ញុំសូម​ថ្វាយបង្គំ​ចំពោះ​លោក តើការណ៍​នេះជាសភាព​ដូចម្តេច។

[១៦០] (ព្រះបច្ចេកពុទ្ធ) អាត្មាមិនដាំស្លខ្លួនឯង មិនប្រើ​ឲ្យគេដាំស្ល មិនកាត់​ខ្លួនឯង មិន​ប្រើគេ​ឲ្យកាត់ ហេតុនោះ​បានជា​ឥសីដឹង​ថា​អាត្មា​ជាអ្នកមិន​មានសេចក្តី​កង្វល់ ជាអ្នក​ប្រាសចាក​បាប​គ្រប់ចំពូក ទើបកាន់​ចង្ហាន់ដោយ​ដៃឆ្វេង កាន់​សម្បកឃ្លោក​ដោយ​ដៃស្តាំ ហើយ​ប្រគេន​ភត្តដែល​លាយ​ដោយសាច់​ដ៏ស្អាត​នោះដល់អាត្មា។ តាមពិត ជន​ទាំង​ឡាយ (មានសេ្តច​ជាដើម) នុ៎ះ ជាអ្នក​ប្រកាន់ថា​របស់អញ មានសេចក្តី​ហួងហែង គួរតែ​ឲ្យ​ទាន (ដល់បុគ្គល​ប្រាកដ​ស្មើដោយអាត្មា) បុគ្គល​ណា អញ្ជើញ​នូវអ្នក​ឲ្យ​ទាន (មក​បរិភោគ) អាត្មា​សំគាល់ (នូវបុគ្គល​នោះ) ថាជា​អ្នកប្រតិបត្តិ​ខុស​ទំនង។

[១៦១] (កុដុម្ពិកៈ…) ក្នុងថ្ងៃនេះ ព្រះរាជាព្រះអង្គ​ប្រសើរ​លើរថ បាន​យាង​មកក្នុង​ទីនេះ ដើម្បី​ប្រយោជន៍​ដល់ខ្ញុំ​មែនហើយ ដ្បិតខ្ញុំបាន​ដឹងច្បាស់​ក្នុងថ្ងៃនេះ​ថា ទានដែល​គេ​ឲ្យ​ហើយ ចំពោះ​បុគ្គលណា ជាទាន​មានផល​ច្រើន។ ស្តេច​ទាំងឡាយ ជាប់​ចំពាក់​ក្នុង​ផែនដី ពួកព្រាហ្មណ៍ ជាប់ចំពាក់​ក្នុងកិច្ច​តូច និងកិច្ចធំ ពួកឥសី​ជាប់ចំពាក់​ក្នុង​មើមឈើ និង​ផ្លែឈើ ឯពួក​ភិក្ខុ ទើបរួច​ស្រឡះចាក​កិលេស។

ចប់ ភិក្ខាបរម្បរជាតក ទី១៣។

ឧទ្ទាននៃបកិណ្ណកនិបាតនោះគឺ

និយាយអំពីសេក ១ កិន្នរ ១ គប់ភ្លើង ១ ជដិលដណ្តប់​ស្បែកខ្លាឃ្មុំទាំង​ក្រចក ១ ក្រអៅឈូក ១ អគ្គមហេសី ១ ព្រាបដ៏ប្រសើរ ១ ក្ងោក ១ ជ្រូក ឈ្មោះតច្ឆកៈ ១ ពាណិជ ១ សាធិនរាជ ១ ព្រាហ្មណ៍ ១ ចង្ហាន់​ឲ្យតៗ​គ្នា១។

ចប់ បកិណ្ណកនិបាត។

 

លេខយោង

1)
វត្ថុ ៤យ៉ាងគឺ មនុស្ស ១ ស្រូវ ១ ឧស ១ ទឹក ១។ អដ្ឋកថា។
2)
ទទឹក​មាន​កំពែង​សម្រាប់បុក​ទំលាយ​ទឹកឲ្យ​ហូរស្រួល។ អដ្ឋកថា។
3)
ការបូជា​ដោយ​ទឹកសោម គឺ​សុរាមួយបែប​ដែលគេ​បានមក​ពី​ដើមឈើ និយម​ថា ជាសុរាវិសេស សម្រាប់​យកទៅ​សែនព្រេន។
km/tipitaka/sut/kn/jat/sut.kn.jat.v14.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann