km:tipitaka:sut:kn:jat:sut.kn.jat.v17

ចត្តាលីសនិបាតជាតក

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat v17 បាលី cs-km: sut.kn.jat.v17 អដ្ឋកថា: sut.kn.jat.v17_att PTS: ?

ចត្តាលីសនិបាតជាតក

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៧. ចត្តាលីសនិបាតោ)

តេសកុណជាតក ទី១

(៥២១. តេសកុណជាតកំ (១))

[៥៦៧] (ព្រះបាទព្រហ្មទត្តសួរថា) ម្នាលសត្វស្លាប អញសូម​សួរអ្នកឈ្មោះ​វេស្សន្តរៈ សេចក្តី​ចំរើន ចូរមាន​ដល់អ្នក កិច្ចដូចម្តេច​ដែលអញ​ជាអ្នកប្រាថ្នា​ដើម្បី​សោយរាជ្យ ធ្វើហើយ​ប្រសើរ។

[៥៦៨] (មៀមឈ្មោះវេស្សន្តរៈទូលថា) យូរណាស់ហើយ បិតា​របស់ខ្ញុំ​ព្រះ​អង្គ​ព្រះនាម កំសៈ ជាអ្នក​សង្គ្រោះ​ក្រុង​ពារាណសី ទ្រង់ប្រហែស ជាបិតា​ចិញ្ចឹម បានចោទ​សួរនូវ​ខ្ញុំព្រះអង្គ ជាកូន​មិន​ប្រហែស។

[៥៦៩] (ខ្ញុំទូលថា) មុនដំបូង ព្រះរាជា​ត្រូវហាម​ឃាត់នូវ​ពាក្យឃ្លៀងឃ្លាត សេចក្តី​ក្រោធ និងការសើច​រឡេះរឡោះ តពីនោះ គប្បីធ្វើ​នូវកិច្ច​ទាំងឡាយ បពិត្រ​ក្សត្រ បុរាណ​ក​បណ្ឌិត​ទាំងឡាយ បានពោល​នូវពាក្យ​ដែលខ្ញុំ​ព្រះអង្គ​ក្រាបទូល​នោះ ថាជាវត្ត។ បពិត្រ​ព្រះបិតា កម្ម​ចំពោះ​ហេតុដ៏​ក្តៅក្រហាយ​ណា ដែល​ព្រះអង្គ​ធ្វើហើយ ក្នុងកាលមុន ឥត​សង្ស័យ ព្រះអង្គ​ត្រេកត្រអាល​ក្តី ទ្រង់ខ្ញាល់ក្តី ធ្វើនូវ​កម្មណា ព្រះអង្គ​មិនត្រូវធ្វើ​នូវកម្ម​នោះ តទៅ​ទៀតទេ។ បពិត្រ​ព្រះអង្គ​អ្នកញ៉ាំង​រាស្ត្រ​ឲ្យចំរើន កាល​បើក្សត្រិយ៍​ប្រហែស​ហើយ ភោគសម្បត្តិ​ទាំងអស់​ក្នុងដែន នឹងវិនាស​ទៅ សេចក្តី​វិនាស​នោះ លោក​ពោលថា​ជាទុក្ខ​របស់​ព្រះរាជា។ បពិត្រ​ព្រះបិតា បុគ្គល​មានសិរី និងបុគ្គល​មានបុណ្យ ដែល​សុចិបរិវារ​សេដ្ឋី​សួរហើយ បាន​ពោលពាក្យ​នេះថា ខ្ញុំត្រេកអរ​ចំពោះ​បុរស​មាន​សេចក្តី​ខ្មីឃ្មាត មានសេចក្តី​ប្រឹងប្រែង ជាអ្នក​មិនច្រណែន។ បពិត្រ​មហារាជ បុគ្គល​កាឡកណ្ណី ជា​អ្នកកាច់​បំបាក់នូវ​ចក្រ គឺកុសល តែងត្រេកអរ​ក្នុងបុរស​ជាអ្នក​ច្រណែន មានចិត្ត​អាក្រក់ ជាអ្នក​ប្រទូស្ត​ចំពោះ​កល្យាណកម្ម។ សូមព្រះអង្គ​មាន​ហ្ឫទ័យ​ល្អចំពោះ​ពួកជន​ទាំងពួង សូមព្រះអង្គ​រក្សានូវ​ពួកជន​ទាំងពួង បពិត្រ​មហារាជ សូមព្រះអង្គ​បណ្តេញ​នូវបុគ្គល​ឥតបុណ្យ​ចេញ សូមព្រះអង្គ​យកបុគ្គល​មានបុណ្យ មកជា​ទីពំនាក់វិញ។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​ដែនកាសី ព្រោះថា​បុរស​មានបុណ្យ បរិបូណ៌​ដោយបញ្ញា តាំងនៅក្នុង​អធ្យា​ស្រ័យ​ដ៏ធំ រមែង​កាត់បង់​នូវគល់ និងចុង នៃសត្រូវ​ទាំងឡាយ​បាន។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​នៃមនុស្ស ដូចយ៉ាង​ព្រះឥន្ទ្រ​ក៏មិន​ប្រហែស​ក្នុងការ​ខ្មីឃ្មាត​ដែរ លោកធ្វើ​នូវការ​ព្យាយាម​ចំពោះ​កម្មដ៏ល្អ ទាំងធ្វើ​ព្រះហ្ឫទ័យ​ក្នុងការខ្មីឃ្មាត (ជាដរាប)។ ពួកគន្ធព្វ ពួកបិតា (ព្រហ្ម) ពួកទេវតា មាន​អាជីវៈ​អាស្រ័យ​នឹងព្រះរាជា ដែលមាន​អំណរ​នឹងបុញ្ញកម្ម​យ៉ាងនោះ ពួក​ទេវតា​តែងតាមថែ (រក្សា) នូវ​ព្រះរាជា ជាអ្នកខ្មី​ឃ្មាតមិន​ប្រហែស។ បពិត្រ​ព្រះបិតា ព្រះអង្គ​ជាអ្នក​មិនប្រហែស មិនក្រោធ សូមធ្វើ​នូវកិច្ចទាំង​ឡាយចុះ សូមព្រះអង្គ​ប្រឹងប្រែង​ក្នុងកិច្ច​ទាំងឡាយ​របស់​ព្រះអង្គ បុគ្គល​ខ្ជិលច្រអូស រមែង​មិនបាន​សេចក្តី​សុខទេ។ នោះជា​វត្តបទ​ក្នុងបញ្ហានោះ​ឯង នុ៎ះឯង​ជា​អនុសាសនី (របស់​ព្រះអង្គ) ព្រះរាជា កាលប្រព្រឹត្ត​យ៉ាងនេះ ទើបអាច​ញ៉ាំងពួក​មិត្ត ឲ្យបាន​សុខផង អាចញ៉ាំង​ពួកសត្រូវ ឲ្យបាន​ទុក្ខ​ផង។

[៥៧០] (ព្រះរាជា…) ម្នាលនាងកុណ្ឌលិនី នាងអាច (ឆ្លើយ​ប្រស្នាបាន) នាង​ជាពង្ស​នៃមហា​សេនគុត្ត1) ឈ្មោះ​ខត្តៈ ដឹង (នូវ​អាថ៌ប្រស្នា) កិច្ចដូចម្តេច​ដែលយើងប្រាថ្នាដើម្បី​សោយរាជ្យ ធ្វើហើយ​ប្រសើរ។

[៥៧១] (សារិកាឈ្មោះកុណ្ឌលិនី) បពិត្រព្រះបិតា ប្រយោជន៍ និង​សេចក្តី​សុខ​ទាំងអស់ តាំងនៅ​ក្នុងបទណា បទនោះ​មាន​ពីរយ៉ាង គឺការ​បាននូវ​របស់​ដែល​មិនធ្លាប់​បាន ១ រក្សានូវ​របស់ដែល​បានមក​ហើយ ១។ បពិត្រ​ព្រះបិតា សូម​ព្រះអង្គជ្រាប​នូវ​អាមាត្យ​ទាំង​ឡាយ ដែលមាន​ប្រាជ្ញា​ឈ្លាសវៃ​ចំពោះ​ប្រយោជន៍ បពិត្រ​ព្រះបិតា សូម​ព្រះអង្គ​ជ្រាបនូវ​អាមាត្យ​ទាំង​ឡាយ ដែលមិន​លេងល្បែង​ភ្នាល់ មិនបោក​ប្រាស មិនជា​អ្នកលេង​ស៊ីផឹក មិនជាអ្នក​បំផ្លាញ​ព្រះរាជទ្រព្យ។ បពិត្រ​ព្រះបិតា អាមាត្យ​ណាគប្បី​រក្សា​នូវទ្រព្យ​របស់​ព្រះអង្គ​ដែលមាន ដូចនាយ​សារថី​ប្រុងប្រយ័ត្ន​នូវរថ អាមាត្យ​នោះ ព្រះអង្គ​គប្បី​ឲ្យធ្វើ​នូវកិច្ចការ​ទាំងឡាយ​របស់​ព្រះអង្គ។ សូមព្រះអង្គ​ដែលមាន​ជនខាង​ក្នុង​សង្គ្រោះ​ល្អ ត្រួតត្រា​មើល​នូវព្រះរាជ​ទ្រព្យ​ដោយ​ព្រះអង្គឯង មិនគួរ​ធ្វើនូវកំណប់​ទ្រព្យ និងការ​ឲ្យជា​បំណុល​ដោយជឿ​អ្នកដទៃ​ទេ។ ព្រះអង្គ​គប្បីជ្រាប​នូវសេចក្តី​ចំរើន និង​សេចក្តី​វិនាស​ដោយ​ព្រះអង្គ​ឯង គប្បី​ជ្រាបនូវ​កិច្ចការ​ដែលបាន​ធ្វើ និងមិន​បានធ្វើ​ដោយ​ព្រះអង្គឯង គប្បី​សង្កត់សង្កិន​នូវបុគ្គល​ដែលគួរ​សង្កត់សង្កិន គប្បី​លើក​តំកើង​នូវបុគ្គល​ដែល​គួរ​លើក​តំកើង។ បពិត្រ​ព្រះអង្គ​ជាធំ​លើរថ សូម​ព្រះអង្គ​ប្រៀនប្រដៅ​នូវ​ប្រយោជន៍​ដល់អ្នក​ជនបទ​ដោយ​ព្រះអង្គឯង ពួក​រាជបុរស​អ្នកប្រកប​ការមិន​ត្រឹមត្រូវ​តាមធម៌ សូមកុំ​ឲ្យញ៉ាំង​ទ្រព្យ និង​ដែន​របស់​ព្រះអង្គ​ឲ្យវិនាស។ មួយទៀត សូមព្រះអង្គ​កុំធ្វើ ឬប្រើគេ​ឲ្យ​ធ្វើ​នូវរាជកិច្ច​ទាំងឡាយ​ដោយ​រួសរាន់ ព្រោះ​មនុស្ស​ល្ងង់ខ្លៅ តែងក្តៅ​ក្រហាយ​រឿយៗ ក្នុង​កាលខាង​ក្រោយ ចំពោះ​ការងារ​ដែលខ្លួន​ធ្វើដោយ​រួសរាន់។ សូមព្រះអង្គ​កុំបញ្ចេញ​នូវ​ព្រះហ្ឫទ័យ​ក្រោធខ្លាំង​ពេក​ចំពោះ​អកុសល (របស់​អ្នកដទៃ) ដែល​ប្រព្រឹត្ត​កន្លង (នូវ​ការ​កុសល) ព្រោះថា ត្រកូល​ទាំងឡាយ​ដែល​ថ្កុំថ្កើង​ហើយ ច្រើនដល់​នូវភាវៈ​មិនមែន​ជា​ត្រកូល​ទៅវិញ ព្រោះ​សេចក្តី​ក្រោធ។ បពិត្រ​ព្រះបិតា សូមព្រះអង្គ​កុំបណ្តោយ (មហាជន) ឲ្យធ្លាក់​ទៅក្នុង​សេចក្តី​វិនាស ដោយ​គិតថា ខ្លួនអញ​ជា​ឥស្សរៈ ការកើត​ឡើងនៃ​ទុក្ខលំបាក កុំ​ឲ្យមាន​ដល់ស្រ្តី​បុរស​ទាំងឡាយ​ក្នុងដែន​របស់​ព្រះអង្គ។ ភោគ​សម្បត្តិ​​ទាំងអស់​របស់​ព្រះរាជា ជាអ្នក​ប្រាសចាក​ការព្រឺរោម (ឥតកោត​ញញើត) តាម​ចំណង់ នឹង​វិនាសទៅ (ដោយពិត) ការវិនាស​នោះ លោក​ពោលថា​ជាទុក្ខ​របស់​ព្រះរាជា។ នោះជា​វត្តបទក្នុង​បញ្ហានោះ​ឯង នុ៎ះឯង​ជា​អនុសាសនី ឥឡូវ​នេះ សូម​ព្រះអង្គ​សង្វាត​ធ្វើ​បុណ្យ កុំជា​អ្នកលេង កុំញុំាង​ប្រយោជន៍​ឲ្យវិនាស បពិត្រ​មហារាជ សូម​ព្រះអង្គ​មានសីល (ព្រោះថា) បុគ្គល​អ្នក​ទ្រុស្តសីល ឈ្មោះថា​ជាអ្នក​ញ៉ាំង​ខ្លួន​ឲ្យធ្លាក់ចុះ។

[៥៧២] (ព្រះរាជា…) អញបានសួរវេស្សន្តរៈ ជា​កោសិយគោត្រ និងនាង​កុណ្ឌលិនី ដោយ​ប្រការ​ដូច្នោះ​ហើយ ម្នាល​ជម្ពុកៈ ឥឡូវនេះ អ្នកចូរពោល​នូវកំឡាំង​ដ៏​ឧត្តម ជាង​កំឡាំង​ទាំងឡាយ។

[៥៧៣] (សេកជម្ពុកពោធិសត្វ…) កំឡាំងក្នុង​លោក មាន ៥ យ៉ាង រមែង​មានក្នុង​បុរស​ដែល​មាន​អធ្យាស្រ័យ​ធំ បណ្តា​កំឡាំង​ទាំងនោះ កំឡាំង​ដៃ (កាយ) បណ្ឌិត​ពោល​ថា​ជាកំឡាំង​ថោកទាប បពិត្រ​ព្រះអង្គ​មាន​ព្រះជន្ម​វែង កំឡាំង​ភោគៈ បណ្ឌិត​ពោលថា​ជា​កំឡាំង ទី ២។ បពិត្រ​ព្រះអង្គ​មាន​ព្រះជន្មវែង កំឡាំង​អាមាត្យ បណ្ឌិត​ពោលថា​ជា​កំឡាំងទី ៣ កំឡាំង​ជាតិ​ខ្ពស់ ជាកំឡាំង​ទី ៤ ឥត​សង្ស័យ បុគ្គល​ជាបណ្ឌិត រមែង​គ្របសង្កត់​នូវ​កំឡាំង​ទាំងអស់​នេះ។ កំឡាំង​បញ្ញា​នោះ ជា​កំឡាំង​ប្រសើរ ជាកំឡាំង​ខ្ពង់​ខ្ពស់​ជាង​កំឡាំង​ទាំងឡាយ បណ្ឌិត​ដែលមាន​កំឡាំង​បញ្ញា​ជ្រោមជ្រែង​ហើយ រមែង​បាននូវ​សេចក្តី​ចំរើន។ បុគ្គល​មាន​បញ្ញាទន់ ទោះបី​បាននូវ​ផែនដី​ស្តុកស្តម្ភ​ប្រសើរ កាលបើ​បុគ្គល​មានបញ្ញា​ទន់នោះ មិនមាន​ប្រាថ្នា បុគ្គល​ដែលមាន​បញ្ញាដទៃ ធ្វើនូវ​ការ​កំហែង ហើយ​គ្រប់គ្រង​នូវផែនដី​នោះ។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​ដែនកាសី បើទុក​ជាបុគ្គល​មានជាតិ​ខ្ពង់ខ្ពស់ ជា​ក្សត្រ​បាន​នូវរាជ្យ តែ​អ័ប្បបញ្ញា ក៏រមែង​មិនរស់​នៅ ដោយ​រាជ្យ​ទាំងពួង​បាន។ បញ្ញាជា​ធម្មជាតិ​សម្រាប់​វិនិច្ឆ័យ​ក្នុង​សេចក្តី​ដែលបាន​ស្តាប់ បញ្ញា​ជា​គ្រឿង​ញ៉ាំង​កេរ្តិ៍ឈ្មោះ និង​លាភសក្ការៈ​ឲ្យចំរើន នរជន​ប្រកប​ដោយ​បញ្ញា ក្នុងលោកនេះ សូម្បីទុក្ខ (កើតឡើង) ក៏រមែង​បានសុខ​ទាំងឡាយ​វិញ។ មួយ​ទៀត បុគ្គល​ណាមួយ មិនស្តាប់​ដោយគោរព មិនជឿ​នូវបុគ្គល​ជា​ពហុស្សូត មិន​ឈ្វេង​យល់​នូវកិច្ចការ​ដែល​ឋិត​នៅក្នុង​សភាវៈ រមែង​មិនបាន​នូវ​បញ្ញា។ លុះតែ​បុគ្គល​ណា​ជាអ្នក​ដឹងនូវ​ចំណែក​នៃ​ធម៌ ប្រឹងប្រែង​ក្នុងកាលគួរ មិនខ្ជិល​ច្រអូស ប្រឹងប្រែង​រឿយៗ តាម​កាល​គួរ ផលកើត​អំពីការងារ ទើប​សម្រេច​ដល់បុគ្គល​នោះ។ កាល​បុគ្គលមិន​មានសីល​ជាទីកើត (នៃលាភ យស សុខ) សេពគប់​នូវបុគ្គល​ទ្រុស្តសីល មិនជា​ទីកើត (នៃ​លាភ យស សុខ) ធ្វើការ​ធុញទ្រាន់ ប្រយោជន៍​រមែងមិន​ឲ្យផល​ដោយ​ប្រពៃទេ។ លុះតែ​បុគ្គល​ប្រកប​កិច្ចខាង​ក្នុង​សន្តាន សេព​គប់នូវ​បុគ្គល​មានសីល​ជាទីកើត (នៃ​លាភ យស សុខ) ដូច្នោះ ធ្វើ​ការងារ​មិនធុញ​ទ្រាន់ ប្រយោជន៍​រមែង​ឲ្យផល​ដោយប្រពៃ។ បពិត្រ​បិតា សូម​ព្រះអង្គ​គប់រក​នូវហេតុ​ទាំងឡាយ​នោះ គឺបញ្ញា​ជាចំណែក​នៃ​ព្យាយាម ក្នុង​ហេតុ​ដែល​គួរប្រកប និងការ​ថែទាំទុក​នូវទ្រព្យ​ដែល​ព្រះអង្គ​បាន ព្រះអង្គកុំ (ញ៉ាំង​ទ្រព្យ) ឲ្យ​វិនាស ដោយ​ការងារ​មិនគួរ ព្រោះថា បុគ្គល​ឥតបញ្ញា រមែង​លិចចុះ (ក្នុង​សេចក្តី​វិនាស) ដោយ​ហេតុមិន​មែនជា​ការងារ ដូចផ្ទះ​ដែលគេ​ធ្វើដោយ​ដើមបបុស។

[៥៧៤] បពិត្រមហារាជជាក្សត្រ សូមព្រះអង្គ​ប្រពឹ្រត្ត​ធម៌ គឺការ​បំរើមាតា​បិតា​ទាំង​ឡាយ បពិត្រ​ព្រះរាជា លុះព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុង​លោកនេះ​ហើយ នឹង​ទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្តធម៌ គឺការ​សង្គ្រោះ​ចំពោះ​បុត្ត​ភរិយា​ទាំងឡាយ បពិត្រ​ព្រះរាជា លុះព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹង​ទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្តធម៌ ចំពោះ​មិត្រ និង​អាមាត្រ​ទាំង​ឡាយ បពិត្រ​ព្រះរាជា លុះព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​ពាហនៈ និង​ពល​ទាំងឡាយ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​ជនអ្នក​ស្រុក និង​អ្នកនិគម​ទាំង​ឡាយ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​អ្នកដែន និងអ្នក​ជនបទ​ទាំងឡាយ បពិត្រ​ព្រះ​រាជា លុះព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​ពួកសមណៈ និង​ព្រាហ្មណ៍​ទាំង​ឡាយ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹង​ទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្ត​ធម៌ គឺ​ឲ្យអភ័យ​ចំពោះ​ពួកម្រឹគ និង​សត្វបក្សី​ទាំងឡាយ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹង​ទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​ប្រព្រឹត្តធម៌ (ព្រោះថា) ធម៌ដែល​ព្រះអង្គ​ប្រព្រឹត្ត​ហើយ រមែង​នាំមកនូវ​សេចក្តី​សុខ បពិត្រ​ព្រះរាជា លុះព្រះអង្គ​ប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​ប្រព្រឹត្តធម៌ ព្រោះ​ពួក​ព្រះឥន្ទ្រ ទេវតា ព្រមទាំង​ព្រហ្ម បានដល់​នូវ​ទិព្វសម្បត្តិ ដោយធម៌​ដែលខ្លួន​ប្រព្រឹត្តល្អ បពិត្រ​ព្រះរាជា សូមព្រះអង្គ​កុំ​ប្រហែស​ចំពោះ​ធម៌។ នោះជា​វត្តបទ​ក្នុងបញ្ហា​នោះឯង នុ៎ះឯង​ជា​អនុសាសនី សូមព្រះអង្គ​សេពគប់​នូវបុគ្គល​មានបញ្ញា សូមមាន​គុណធម៌​ដ៏ល្អ ជ្រាបច្បាស់​នូវធម៌នោះ​ដ៏បរិបូណ៌​ដោយ​ព្រះអង្គឯង (ប្រតិបត្តិ​តាម​ពាក្យ​ប្រៀនប្រដៅ​ចុះ)។

ចប់ តេសគុណជាតក ទី១។

សរភង្គជាតក ទី២

(៥២២. សរភង្គជាតកំ (២))

[៥៧៥] (អនុសិស្សតាបសសួរថា) បពិត្រលោក រថទាំងឡាយ​ប្រសើរ លោក​ទាំង​ឡាយ មានខ្លួន​ប្រដាប់​ហើយ មានកុណ្ឌល មានសំពត់​ស្លៀកល្អ សៀត​ព្រះខ័ន​មានដង​ប្រដាប់​ដោយ​កែវពៃទូរ្យ និង​កែវមុក្តា ឈរនៅ (លើ​រថតែមួយ) លោកទាំង​ឡាយ​ឈ្មោះអ្វី ពួកជន​ក្នុង​មនុស្សលោក ស្គាល់​លោកទាំង​ឡាយ​ដូចម្តេច។

[៥៧៦] (ព្រះរាជាព្រះនាមអដ្ឋកៈត្រាស់ថា) ខ្ញុំជា​ព្រះរាជា​ឈ្មោះ​អដ្ឋកៈ នេះ​ជា​ព្រះរាជា​ព្រះនាម​ភីមរថ នេះជា​ព្រះរាជា​ព្រះនាម​កាលិង្គ ដែល​មាន​តេជា​នុភាព មាន​កិត្តិស័ព្ទ​ល្បីល្បាញ យើងទាំង​ឡាយមក​ក្នុងទី​នេះ ដើម្បីឃើញ​នូវឥសី​ទាំងឡាយ​ដែល​សង្រួមល្អ​ហើយ ដើម្បី​សួរនូវ​ប្រស្នា​ទាំងឡាយ។

[៥៧៧] (អនុសិស្សតាបស…) លោកឋិតនៅឰដ៏​អាកាស ជាទី​រីករាយ​នៃ​សត្វស្លាប ដូច​ព្រះចន្ទ្រ​ក្នុងថ្ងៃ ១៥ កើត ដែល​ឋិតនៅ​នា​គន្លង​ផ្លូវឆ្ងាយ (អាកាស) បពិត្រ​យក្ស អាត្មាសូម​សួរលោក​ដែលមាន​អានុភាព​ធំ ពួក​ជនក្នុង​មនុស្ស​លោក នឹង​ស្គាល់​លោក​ដូចម្តេច។

[៥៧៨] (សក្កទេវរាជ…) ទេវតាទាំងឡាយ​ក្នុង​ពួកទេវតា បានហៅ​ខ្ញុំណា​ថា មឃវា ខ្ញុំនោះ ជាទេវរាជ​មកកាន់​ទីនេះ ក្នុងថ្ងៃ​នេះ ដើម្បី​ឃើញឥសី​ទាំងឡាយ អ្នក​សង្រួម​ល្អហើយ។

[៥៧៩] ឥសីទាំងឡាយរបស់យើងខ្ញុំ ដែលជួប​ជុំគ្នា មានឫទ្ធិធំ ប្រកប​ដោយ​គុណ គឺឫទ្ធិ ល្បីទៅក្នុង​ទីឆ្ងាយ ខ្ញុំមាន​ចិត្តជ្រះថ្លា សូម​ថ្វាយបង្គំ​លោកម្ចាស់​ទាំងឡាយ ដែល​ប្រសើរ​ក្នុងពួក​មនុស្ស​ក្នុងជីវលោក​នេះ។

[៥៨០] (អនុសិស្សតាបស…) ក្លិនរបស់ឥសី​ទាំងឡាយ​ដែល​បួសយូរ រមែង​ផ្សាយ​ចេញ​ចាកកាយ​ទៅតាម​ខ្យល់ បពិត្រ​សហស្សនេត្ត សូម​ព្រះអង្គ​ថយចេញ​ចាកទីនេះ បពិត្រ​ទេវរាជ ក្លិនរបស់​ឥសី​ទាំងឡាយ​មិនស្អាត​ទេ។

[៥៨១] (សក្កទេវរាជ…) ក្លិនរបស់ឥសី​ទាំងឡាយ​ដែលបួស​យូរ ចូរផ្សាយ​ចេញ​ចាកកាយ​ទៅតាម​ខ្យល់ចុះ បពិត្រ​លោក​ដ៏ចំរើន យើងខ្ញុំ​រមែង​ប្រាថ្នា​នូវក្លិននុ៎ះ ដូច​បុគ្គល​ប្រាថ្នានូវ​កម្រងផ្កា មានផ្កា​ដ៏វិចិត្រ មានក្លិន​ក្រអូប ព្រោះទេវតា​ទាំងឡាយ ជាអ្នក​មិនមាន​សេចក្តី​សំគាល់​ក្នុងក្លិន​នុ៎ះ ថាជា​បដិកូល​ទេ។

[៥៨២] (អនុសិស្សតាបស…) ទេវរាជនោះ​ឈ្មោះ​បុរិន្ទទៈ ឈ្មោះ​ភូតបតី ជា​អ្នក​មានយស ឈ្មោះ​ទេវានមិន្ទៈ ឈ្មោះ​មឃវា ឈ្មោះ​សុជម្បតិ ជាអ្នក​ញាំ​ញី (នូវពួក) អសុរ ទ្រង់ប្រាថ្នា​នូវឱកាស​ដើម្បី​សួរប្រស្នា។ ក្នុង​ទីនេះ បណ្តា​ឥសីជា​បណ្ឌិត​ទាំងឡាយ​នេះ បណ្ឌិត​ណាហ្ន៎ ដែល​ព្រះរាជា​ទាំង ៣ ព្រះអង្គ ជាធំ​ជាង​មនុស្ស និង​ព្រះវាសវៈ​ជាធំជាង​ពួក​ទេវតា ត្រាស់​សួរប្រស្នា​ដ៏​ល្អិតហើយ នឹងឆ្លើយ​បាន។

[៥៨៣] (ពួកឥសី…) ឥសីឈ្មោះ​សរភង្គៈ​នេះ មានតបៈ ជាអ្នកវៀរចាក​មេថុនធម្ម តាំង​អំពី​កើតមក ជាបុត្រ​នៃបុរោហិត​ដែលជា​អាចារ្យ (របស់​ព្រះរាជា​ពារាណសី) មាន​សភាព​រៀបរយ​ល្អហើយ ឥសី​ឈ្មោះ​សរភង្គៈ​នោះ នឹងឆ្លើយ​នូវប្រស្នា​ទាំងឡាយ​របស់​ព្រះរាជា​ទាំងនោះ​បាន។

[៥៨៤] (អនុសិស្សតាបស…) បពិត្រ​កោណ្ឌញ្ញៈ សូមលោក​ឆ្លើយនូវ​ប្រស្នា​ទាំងឡាយ ឥសី​ទាំងឡាយ​មានសភាព​ដ៏ល្អ អារាធនា​លោក បពិត្រ​កោណ្ឌញ្ញៈ ការដោះ​ប្រស្នា​នុ៎ះ ជាទំនៀម​តែងមាន​ក្នុងពួក​មនុស្ស ប្រស្នា​ណា មកកាន់​សេចក្តី​ចំរើន ប្រស្នានុ៎ះ ជាភារៈ​របស់លោក។

[៥៨៥] (សរភង្គតាបស…) លោកដ៏ចំរើន​ទាំងឡាយ ខ្ញុំធ្វើឱកាស​ឲ្យហើយ ចូរសួរ​នូវប្រស្នា​ណានីមួយ ដែលលោក​ទាំងឡាយ​ប្រាថ្នា​ហើយ​ដោយចិត្ត​ចុះ ព្រោះថា ខ្ញុំដឹង​នូវ​លោកនេះ និង​លោក​ខាងមុខ​ដោយ​ខ្លួនឯង នឹងឆ្លើយ​នូវប្រស្នា​នោះៗ ប្រាប់​លោក​ទាំងឡាយ​បាន។

[៥៨៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ទេវរាជ​បុរិន្ទទៈ មឃវា សក្កៈ អ្នក​ឃើញនូវ​ប្រយោជន៍ បាន​សួរប្រស្នា​ជាដំបូង​ដែលខ្លួន​ប៉ងទុក​ហើយថា បុគ្គល​សម្លាប់អ្វី​មិន​ក្រៀមក្រំ ក្នុងកាល​ណាម្តង​ឡើយ ឥសីទាំងឡាយ សរសើរ​នូវការ​លះបង់អ្វី បុគ្គល​គប្បី​អត់ធន់​ចំពោះ​ពាក្យអាក្រក់ ដែល​បុគ្គល​ណាពោល​ហើយក្នុង​លោកនេះ បពិត្រ​កោណ្ឌញ្ញៈ សូម​លោកប្រាប់​សេចក្តី​នុ៎ះដល់ខ្ញុំ។

[៥៨៧] (សរភង្គតាបស…) បុគ្គលសម្លាប់សេចក្តី​ក្រោធ រមែង​មិនក្រៀម​ក្រំក្នុង​កាលណា​ម្តងឡើយ ឥសី​ទាំងឡាយ រមែង​សរសើរ​នូវការ​លះបង់​នូវសេចក្តី​លុបគុណគេ បុគ្គល​គប្បី​អត់ធន់​ចំពោះ​ពាក្យអាក្រក់ ដែល​បុគ្គល​ទាំងពួង​ពោលហើយ ពួក​សប្បុរស​ពោលនូវ​សេចក្តី​អត់ធន់នុ៎ះ ថាជា​គុណជាតិ​ដ៏ឧត្តម។

[៥៨៨] (សក្កទេវរាជ…) បុគ្គលអាចអត់ធន់នូវពាក្យ​របស់ជន​ទាំងពីរ​ពួក​បាន គឺបុគ្គល​ស្មើគ្នា និងបុគ្គល​ប្រសើរ​ជាង ចុះបុគ្គល​អត់ធន់​នូវពាក្យ​របស់បុគ្គល​ថោកទាប តើដូច​ម្តេច បពិត្រ​កោណ្ឌញ្ញៈ សូមលោក​ប្រាប់​សេចក្តី​នុ៎ះដល់ខ្ញុំ។

[៥៨៩] (សរភង្គតាបស…) បុគ្គលអត់ធន់នូវពាក្យ​របស់បុគ្គល​ដ៏ប្រសើរ ព្រោះ​សេចក្តី​ខ្លាច ឯបុគ្គល​អត់ធន់​នូវពាក្យ​របស់បុគ្គល​ស្មើៗ គ្នា ព្រោះ​ហេតុនៃ​ការប្រណាំង​ប្រជែង ចំណែក​បុគ្គលណា ក្នុង​លោកនេះ អត់ធន់​នូវពាក្យ​របស់​បុគ្គល​ថោកទាប​បាន សប្បុរស​ទាំងឡាយ ពោលនូវ​សេចក្តី​អត់ធន់​នុ៎ះ (របស់​បុគ្គលនោះ) ថាជា​គុណជាតិ​ដ៏ខ្ពង់ខ្ពស់។

[៥៩០] ធ្វើដូចម្តេច បុគ្គលគប្បីដឹងច្បាស់​នូវបុគ្គល​ប្រសើរជាង ឬ​បុគ្គល​ស្មើៗ គ្នា ឬក៏​បុគ្គល​ថោកទាប ដែល​មានសភាព​បិទបាំង​ដោយ​ឥរិយាបថ ៤ បាន សប្បុរស​ទាំង​ឡាយ តែង​ប្រព្រឹត្ត​តាមរូប​នៃបុគ្គល​ផ្សេងៗ គ្នា ព្រោះ​ហេតុនោះ បុគ្គល​គួរអត់ធន់​នូវពាក្យ​របស់​បុគ្គល​ទាំងពួង។

[៥៩១] សប្បុរសអ្នកមានខន្តី គប្បីបាន​នូវសេចក្តី​ចំរើនណា សេនាធំ​ព្រម​ដោយ​ព្រះរាជា កាល​ច្បាំងគ្នា មិនគប្បី​បាននូវ​សេចក្តី​ចំរើននុ៎ះ​ទេ ពៀរទាំង​ឡាយ​របស់​បុគ្គល​អ្នកមាន​ខន្តីជា​កំឡាំង រមែង​ស្ងប់រម្ងាប់​បាន។

[៥៩២] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិត​របស់​លោកហើយ សូម​សួរប្រស្នា​ដទៃ​នឹងលោក​ទៀត សូមលោក​ពោល​ប្រស្នានោះ ដូចយ៉ាង​ព្រះ​បាទ​ទណ្ឌកី ព្រះបាទ​នាលិកីរៈ ព្រះបាទ​អជ្ជុនៈ និង​ព្រះបាទ​កលាពុ សូម​លោកបា្រប់​នូវគតិ​របស់​ស្តេច​ទាំង​នោះ ដែល​មាន​បាបកម្ម​ដ៏ធ្ងន់ តើព្រះ​រាជា​ទាំងនោះ ជាអ្នក​បៀតបៀន​នូវឥសី​ទាំងឡាយ ទៅកើត​ក្នុងទីណា។

[៥៩៣] (សរភង្គតាបស…) ព្រះបាទទណ្ឌកី ព្រមទាំង​ជន ទាំង​អ្នកដែន បានស្តោះ​ដាក់​តាបស​ឈ្មោះ​កីសវច្ឆៈ ព្រះអង្គ​មានមូល​ដាច់ហើយ ឆេះក្នុង​នរក​ឈ្មោះ​កុក្កូលៈ រងើកភ្លើង​ទាំងឡាយ​ធ្លាក់មិន​ដាច់ លើកាយ​នៃព្រះអង្គ។ ព្រះបាទ​នាលិកីរៈ​ណា បាន​បៀតបៀន​បព្វជិត​ទាំងឡាយ ជាអ្នក​សង្រួម ជាអ្នក​រម្ងាប់បាប មិនប្រទូស្ត កំពុង​សំដែង​ធម៌ ឆ្កែទាំងឡាយ​ចោមខាំ​ស៊ីនូវព្រះបាទ​នាលិកីរៈនោះ ឲ្យអន្ទះ​អន្ទែង​ក្នុងបរលោក។ ឯ​ព្រះបាទ​អជ្ជុនៈ មានព្រះសិរ​ចុះក្រោម មានព្រះបាទ​ឡើងលើ ធ្លាក់​ក្នុងនរក​ឈ្មោះ​សត្តិសូលៈ ព្រោះតែ​បៀតបៀន​នូវឥសី​ឈ្មោះ​អង្គីរសៈ ជា​គោតមគោត្រ ជាអ្នក​អត់ធន់ មានតបៈ ប្រព្រឹត្តធម៌​ដ៏ប្រសើរ​អស់កាល​យូរ។ ព្រះបាទ​កលាពុ​ណា បាន​កាត់​ឲ្យជា​កំណាត់​តូច និង​កំណាត់ធំ នូវបព្វជិត​ដែលពោល​នូវខន្តិ ជាអ្នក​រម្ងាប់បាប ជាអ្នក​មិន​ប្រទូស្ត ព្រះបាទ​កលាពុ (នោះ) ក៏កើត​ឆេះនៅក្នុង​នរកឈ្មោះ​អវីចិ មានកំដៅ​ដ៏ខ្លាំង មាន​វេទនា​ដ៏ផ្សាក្តៅ ជាទី​គួរខ្លាច។ បណ្ឌិត​បានឮ​នូវនរក​ទាំងឡាយ​នេះផង នូវនរក​ទាំងឡាយ​ដទៃ ដ៏លាមក​លើសជាង​នរក​នេះផង គួរប្រព្រឹត្តធម៌​ក្នុង​សមណ​ព្រាហ្មណ៍​ទាំងឡាយ លុះ​ធ្វើយ៉ាង​នេះហើយ រមែងកើត​ក្នុងឋានសួគ៌។

[៥៩៤] (សក្កទេវរាជ…) ខ្ញុំត្រេកអរនឹងសុភាសិត​របស់​លោកម្ចាស់​ហើយ សូម​សួរនូវ​ប្រស្នា​ដទៃ ចំពោះ​លោកម្ចាស់​ទៀត សូមលោក​ម្ចាស់ប្រាប់​នូវប្រស្នា​នោះ បណ្ឌិត​ទាំងឡាយ​ពោលនូវ​បុគ្គល​បែបដូចម្តេច ថាជាអ្នក​មានសីល ពោលនូវ​បុគ្គល​បែបដូចម្តេច ថាជា​អ្នកមាន​ប្រាជ្ញា ពោលនូវ​បុគ្គល​បែបដូចម្តេច ថាជា​សប្បុរស សិរីមិន​លះបង់​នូវបុគ្គល​បែប​ដូចម្តេច។

[៥៩៥] (សរភង្គតាបស…) បុគ្គលណាក្នុងលោកនេះ ជាអ្នក​សង្រួម​ដោយ​កាយ ដោយ​វាចា ទាំងមិន​ធ្វើនូវ​បាបតិច​តួចដោយ​ចិត្ត មិនពោល​ពាក្យឡេះ​ឡោះ ព្រោះ​ហេតុនៃ​ខ្លួន បណ្ឌិត​ទាំងឡាយ ពោលនូវ​បុគ្គល​បែបនោះ ថាជា​អ្នក​មានសីល។ បុគ្គល​ណា កាលគិត​នូវប្រស្នា​ដ៏ជ្រាលជ្រៅ​ដោយចិត្ត ហើយមិន​ធ្វើនូវ​អំពើ​អាក្រក់ ដែល​កន្លង​នូវ​ប្រយោជន៍ មិនលះ​បង់នូវ​ចំណែក​នៃប្រយោជន៍ ដែលមក​ក្នុង​កាលគួរ បណ្ឌិត​ទាំងឡាយ ពោល​នូវ​បុគ្គលបែប​នោះ ថាជា​អ្នកមាន​បញ្ញា។ បុគ្គលណា ជា​កតញ្ញូកតវេទី មាន​ប្រាជ្ញា មានមិត្រល្អ មានការ​សេពគប់​មាំ ធ្វើនូវ​កិច្ចដោយ​គោរព ចំពោះ​បុគ្គល​អ្នកដល់​នូវ​សេចក្តីទុក្ខ បណ្ឌិត​ទាំងឡាយ ពោលនូវ​បុគ្គល​បែបនោះ ថាជា​អ្នកសប្បុរស។ បុគ្គល​ណា ជាអ្នក​ប្រកប​ដោយគុណ​ទាំងពួង​នេះ ជាអ្នក​មានសទ្ធា មាន​ចិត្តទន់ ជាអ្នក​ចែក​រំលែក ជាអ្នក​ដឹងនូវពាក្យ (របស់​ស្មូម) សិរី​មិនលះបង់​នូវបុគ្គល​ជាអ្នក​សង្រ្គោះ មាន​វាចាពីរោះ មានវាចា មដ្ឋចត់​បែបនោះ​ទេ។

[៥៩៦] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិត​របស់​លោកហើយ សូម​សួរនូវ​ប្រស្នា​ដទៃនឹង​លោកទៀត សូមលោក​ម្ចាស់ប្រាប់​នូវប្រស្នា​នោះ បណ្ឌិត​ទាំងឡាយ ពោលនូវ​សីលផង សិរីផង ធម៌របស់​សប្បុរស​ផង ប្រាជ្ញា​ផង តើគុណជាតិ​ណាប្រសើរ​បំផុត។

[៥៩៧] (សរភង្គតាបស…) អ្នកឈ្លាសវៃទាំងឡាយ ពោលថា​ប្រាជ្ញា​ជាគុណ​ជាតិ​ប្រសើរ​បំផុត ដូចស្តេច​នៃផ្កាយ (ព្រះចន្រ្ទ) ដ៏ប្រសើរ​ជាងផ្កាយ​ទាំង​ឡាយ ទុកជា​សីលក្តី សិរីក្តី ធម៌របស់​សប្បុរស​ក្តី ក៏ប្រព្រឹត្ត​ទៅតាម​បុគ្គលអ្នក​មានប្រាជ្ញា។

[៥៩៨] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិត​របស់​លោកហើយ សូម​សួរ​ប្រស្នា​ដទៃនឹង​លោកទៀត សូមលោក​ប្រាប់ប្រស្នា​នោះ បុគ្គល​ក្នុងលោក​នេះ ធ្វើដូចម្តេច ធ្វើការងារ​អ្វី ប្រព្រឹត្ត​ដូចម្តេច សេព​នូវអ្វី ទើប​បាន​នូវប្រាជ្ញា សូមលោក​ម្ចាស់ ប្រាប់​នូវបដិបទា​នៃប្រាជ្ញា​ក្នុងកាល​ឥឡូវ​នេះ ​បុគ្គល​ធ្វើដូចម្តេច ទើបជា​អ្នកមាន​ប្រាជ្ញា។

[៥៩៩] (សរភង្គតាបស…) បុគ្គលគប្បីសេពគប់នូវពួក​អ្នកចំរើន (ដោយ​ប្រាជ្ញា) អាចដឹង​នូវហេតុដ៏ល្អិត ជា​ពហុស្សូត គប្បីជា​អ្នករៀនផង ជាអ្នក​សាកសួរផង គប្បីស្តាប់​នូវសុភាសិត​ទាំងឡាយ​ដោយ​គោរពផង បុគ្គល​ធ្វើយ៉ាងនេះ ទើបជា​អ្នកមាន​ប្រាជ្ញា។ បុគ្គល​ជាអ្នក​ប្រាជ្ញនោះ ឃើញ​ច្បាស់នូវ​កាមគុណ​ទាំងឡាយ ថា​មិនទៀង ថាជាទុក្ខ ថាជា​រោគ បុគ្គល​ឃើញច្បាស់​យ៉ាងនេះ ទើបលះ​បង់នូវឆន្ទៈ ក្នុងកាម​ទាំងឡាយ ដែលជា​ទុក្ខ ជាភ័យ​ធំបាន។ បុគ្គលនោះ ប្រាសចាក​រាគៈ កំចាត់បង់​នូវទោសៈ​ហើយ គប្បី​ចំរើន​នូវមេត្តចិត្ត រកប្រមាណ​មិនបាន ដាក់ចុះ​នូវអាជ្ញា ក្នុង​សត្វ​ទាំងពួង ជាអ្នក​ គឺ​បុគ្គល​ណាមួយ​តិះដៀល​មិនបាន រមែង​ទៅកើត​ក្នុង​ឋានព្រហ្ម។

[៦០០] បពិត្រព្រះបាទអដ្ឋកៈ ការយាងមក​នៃព្រះអង្គ​ផង នៃព្រះបាទ​ភីមរថៈផង នៃ​ព្រះបាទ​កាលិង្គៈ ដែល​មាន​តេជានុភាព​ដ៏រុងរឿង​ផង ជាព្រះ​រាជដំណើរ​មាន​ឫទ្ធិដ៏​ច្រើន (ព្រោះ) កាមរាគ​នៃព្រះអង្គ​ទាំងអស់ បានលះ​បង់ហើយ។

[៦០១] (ព្រះរាជាទាំង ៣ ព្រះអង្គ ទ្រង់សរសើរ​ថា) លោកម្ចាស់​បានដឹង​ច្បាស់នូវ​ចិត្តរបស់​បុគ្គលដទៃ​នុ៎ះយ៉ាង​នេះឯង ឯកាមរាគ យើងខ្ញុំ​ទាំងអស់​គ្នាបាន​លះហើយ សូម​លោកម្ចាស់​ធ្វើឱកាស ដើម្បី​អនុគ្រោះ (បព្វជ្ជា) ឲ្យ​យើងខ្ញុំ​បានដល់​នូវគតិ​របស់លោក។

[៦០២] (សរភង្គតាបស…) អាត្មាភាពធ្វើឱកាស​ដើម្បី​អនុគ្រោះ ព្រោះថា មហារាជ​ទាំងឡាយ​បានលះបង់​នូវកាមរាគ ដោយ​ប្រការ​ដូច្នោះមែន មហារាជ​ទាំងឡាយ ចូរញ៉ាំង​កាយ ឲ្យជ្រួត​ជ្រាប​ដោយបីតិ​ដ៏កើត (អំពីឈាន) ដ៏​ធំទូលាយ ឲ្យ​មហារាជ​ទាំងឡាយ​បានដល់​នូវគតិ​របស់​អាត្មាភាព។

[៦០៣] (ព្រះរាជាទាំង ៣ ព្រះអង្គ…) បពិត្រលោក អ្នក​មានប្រាជ្ញា​ដូចផែនដី លោកម្ចាស់​ពោលពាក្យ​ណាៗ យើងខ្ញុំ​នឹងធ្វើ​តាមពាក្យ​របស់លោក​ទាំងអស់​នោះៗ យើងខ្ញុំ​នឹង​ញ៉ាំងកាយ​ឲ្យជ្រួតជ្រាប​ដោយបីតិ​ដ៏ធំ​ទូលាយ ឲ្យយើង​ខ្ញុំបាន​ដល់នូវ​គតិ​របស់​លោក។

[៦០៤] (សរភង្គតាបស…) ការបូជានេះ ពួកឥសី​បានធ្វើ​ហើយ ដល់ឥសី​ឈ្មោះ​កីសវច្ឆៈ ឥសី​ទាំងឡាយ​ដ៏ចំរើន មាន​សភាពល្អ ចូរទៅចុះ អ្នកទាំង​ឡាយ ចូរត្រេកអរ​ក្នុង​ឈាន មានចិត្ត​តាំងមាំ​សព្វៗ​កាលចុះ នេះជា​សេចក្តី​ត្រេកអរ​ដ៏ប្រសើរ​របស់​បព្វជិត។

[៦០៥] (អភិសម្ពុទ្ធគាថា) ទេវតាទាំងឡាយនោះ មានយស បានស្តាប់នូវ​គាថា​ទាំងឡាយ​ដ៏ប្រកប​ដោយ​ប្រយោជន៍​ដ៏ក្រៃលែង ដែល​ឥសីជា​បណ្ឌិត ពោល​ល្អហើយ ជាអ្នក​បានចេះ​ដឹងហើយ អនុមោទនា ចៀសចេញ​ទៅកាន់​ទេវបុរី។ គាថា​ទាំងឡាយ​នេះ មាន​អត្ថ មាន​ព្យញ្ជនៈ​ដ៏បរិសុទ្ធ ដែល​ឥសីជា​បណ្ឌិត​ពោលល្អ​ហើយ បុគ្គល​ឯណានីមួយ ស្តាប់គាថា​ទាំងឡាយ​នេះ ធ្វើ​ខ្លួន​ឲ្យមាន​ប្រយោជន៍ រមែង​បាននូវ​គុណវិសេស​ខាងដើម និង​ខាងចុង លុះ​បាន​គុណវិសេស ខាងដើម និងខាង​ចុងហើយ គប្បី​ដល់នូវ​ព្រះនិព្វាន ជា​គុណ​មិនឃើញ​នូវមច្ចុរាជ។

[៦០៦] (ទ្រង់ប្រជុំជាតកថា) សាលិស្សរតាបស គឺសារីបុត្រ មេណ្ឌិស្សរតាបស គឺ​កស្សប បព្វតតាបស គឺ​អនុរុទ្ធ ទេវិលតាបស គឺ​កច្ចាយនៈ អនុសិស្សតាបស គឺ​អានន្ទ កីសវច្ឆតាបស គឺ​កោលិតៈ នារទតាបស គឺ​ឧទាយិត្ថេរ បរិស័ទ (របស់​ពួកតាបស) គឺ​ពុទ្ធបរិស័ទ សរភង្គតាបស ជា​ពោធិសត្វ គឺ​តថាគត អ្នកទាំងឡាយ ចូរចាំ​ទុកនូវ​ជាតក​យ៉ាង​នេះចុះ។

ចប់ សរភង្គជាតក ទី២។

អលម្ពុសាជាតក ទី៣

(៥២៣. អលម្ពុសាជាតកំ (៣))

[៦០៧] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះឥន្ទ្រជាធំ គ្របសង្កត់នូវ​អសុរ​ឈ្មោះវត្រៈ ទ្រង់​ជាបិតា​របស់​ទេវបុត្រ អ្នកឈ្នះ (សង្គ្រាម) ទ្រង់ឈ្វេង​យល់​នូវនាងទេវ​កញ្ញា​ឈ្មោះ​អលម្ពុសា ដែលនៅ​ក្នុងរោង​ឈ្មោះ​ធម្មសភា ហើយបាន​ត្រាស់ថា

[៦០៨] ម្នាលនាង (អ្នកធ្វើបុរស) ឲ្យច្រឡូកច្រឡំ (ដោយកិលេស) ទេវតា​ទាំង​ឡាយ ក្នុង​ជាន់​តាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ្រ អង្វរនាង ម្នាលនាង​អលម្ពុសា ជាស្រ្តី​លួង​លោម​នូវឥសី ចូរនាង​ទៅរក​ព្រះឥសីសិង្គៈ។2)

[៦០៩] តាបសនេះ មានវ័ត មាន​ព្រហ្មចរិយធម៌ ត្រេកអរ​ក្រៃលែង​ក្នុងព្រះ​និព្វាន ជាអ្នក​ចំរើន (ដោយគុណ) កុំ​ឲ្យលោក​ប្រព្រឹត្ត​កន្លងនូវ​យើងទាំង​ឡាយ​បានមុន នាងចូរ​បិទផ្លូវ​ទាំងឡាយ​របស់លោក។

[៦១០] (នាងអលម្ពុសា…) បពិត្រទេវរាជ ហេតុអ្វី​ព្រះអង្គ​ធ្វើយ៉ាងនេះ ព្រះអង្គ​ឃើញ​ខ្ញុំម្ចាស់​ហើយ​ក៏ត្រាស់ថា ម្នាលនាង ជាស្រី​លួងលោម​ឥសី នាងចូរ​ទៅចុះ ដូច្នេះ ដ្បិត​ស្រីអប្សរ​ទាំងឡាយ​ដទៃ​ប្រហែលនឹង​ខ្ញុំម្ចាស់ ទាំងប្រសើរ​ជាងខ្ញុំមា្ចស់ ក៏មាន ក្នុងព្រៃ​ដែល​មិនមាន​សេចក្តី​សោក មាន​តែ​សេចក្តី​រីករាយ សូមផ្លាស់​ឲ្យស្រី​ទេពអប្សរ​ទាំងឡាយ​នោះ​ទៅវិញ ស្រី​អប្សរ ជាអ្នក​អាចលួង​លោមទាំង​នោះ ចូរទៅចុះ។

[៦១១] (សក្កទេវរាជ…) នាងពោលនូវពាក្យពិតមែន ឯស្រីអប្សរ​ទាំងឡាយ​ដទៃ ប្រហែល​ដូចនាង ទាំងប្រសើរ​ជាងនាង ក៏មាន​ក្នុងព្រៃ មិនមាន​សេចក្តី​សោក មានតែ​សេចក្តី​រីករាយ។ ម្នាលនារី មានអវយវៈ​ទាំងពួងដ៏​ល្អ នាងដឹង​នូវការ​ផ្គាប់ (ប្រុស) ប្រាកដ យ៉ាងណា នាង​ទេពអប្សរ​ទាំង​ឡាយនោះ ទៅដល់​ប្រុសហើយ រមែង​មិនដឹង​នូវការផ្គាប់ យ៉ាងនោះ​ទេ។ ម្នាលនាង​កល្យាណី នាងឯង​ចូរទៅចុះ ព្រោះថា នាងជា​ស្រី្តប្រសើរ​ជាង​ស្រី្តទាំង​ឡាយ នាងនឹង​ញ៉ាំង (តាបស) ឲ្យលុះ​អំណាច​ដោយវណ្ណៈ និងរូប​របស់នាង។

[៦១២] (នាងអលម្ពុសា…) ខ្ញុំម្ចាស់ដែលព្រះអង្គ​ជាទេវរាជ​ទ្រង់ប្រើ​ហើយ នឹងខាន​ទៅ​មិនបាន ប៉ុន្តែខ្ញុំម្ចាស់​ខ្លាចចំពោះ​ឥសីសិង្គៈនោះ​តេ្រកអរ ព្រោះថា ឥសីសិង្គនោះ ជា​ព្រាហ្មណ៍ មាន​តេជះ​ខ្ពង់ខ្ពស់។ ជនទាំងឡាយ​ច្រើននាក់ ញ៉ាំងឥសី​ឲ្យត្រេកអរ ហើយ​ទៅកាន់​នគរ បានដល់​នូវការ​អន្ទោល​វែង​ឆ្ងាយ ព្រោះសេចក្តី​វង្វេង ហេតុនោះ​ទើបខ្ញុំ​ម្ចាស់​ព្រឺរោម។

[៦១៣] (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះ​អលម្ពុសា មានវណ្ណៈ​គួរប្រាថ្នា ជាស្រី​ញ៉ាំងបុរស​ឲ្យច្រឡូក​ច្រឡំ ប្រាថ្នា​ញ៉ាំងឥសី​សិង្គៈឲ្យច្រឡូកច្រឡំ (ដោយកិលេស) លុះ​ពោលនូវ​ពាក្យនេះ​ហើយ ក៏ចៀស​ចេញទៅ។ នាង​អលម្ពុសា​នោះ ចូលទៅ​កាន់ព្រៃ​ដែល​ឥសីសិង្គៈ​រក្សាហើយ​នោះ ជាព្រៃដេរ​ដាស​ដោយវល្លិ៍​បាសក្រហម​មាន​ទំហំកន្លះ​យោជន៍​ដោយ​ជុំវិញ។ នាង​ចូលទៅ​រកឥសីសិង្គៈ ដែលកំពុង​បោសរោងភ្លើង ជិត​សម័យ​ជាទី​រះឡើង​នៃព្រះអាទិត្យ ក្នុងវេលា​មុនបរិភោគ​អាហារ ក្នុងពេល​ព្រឹកព្រហាម។

[៦១៤] (ឥសីសិង្គៈ…) នាងជាអ្វី មានគ្រឿងប្រដាប់ដៃ​ដ៏វិចិត្រ ពាក់​កុណ្ឌលជា​វិការៈ​នៃកែវមណី ភ្លឺដូច​ផ្លេកបន្ទោរ ឬដូច​ផ្កាយព្រឹក។ នាងមាន​សម្បុរ​ប្រហែល​ពណ៌នៃ​ព្រះអាទិត្យ មានក្លិន​ក្រអូប​ដូចខ្លឹម​ចន្ទន៍ក្រហម មានភ្លៅ​មូលល្អ មាន​មាយាច្រើន ជាកុមារី​មាន​លំអគួរ​មើល។ ជើងទាំងឡាយ​របស់នាង មិនខូង​កណ្តាល ជាជើង​ទន់ល្មើយ ស្អាត ជាន់​ស៊ប់ល្អ ជើងទាំង​ពីរនោះ កាល​ដើរទៅ គួរ​ឲ្យប្រាថ្នា ដឹកនាំ​នូវចិត្ត​របស់​អាត្មា​បាន។ ភ្លៅ​ទាំងឡាយ​របស់នាង រៀវជា​លំដាប់ ប្រៀបស្មើ​ដោយ​ប្រមោយដំរី ត្រគាក​របស់នាង​សាយ ដូចជា​ផែន​នៃមាស។ ផ្ចិតរបស់​នាង​ស្និទ្ធល្អពេញ ដូច​បណ្តូល​ផ្កាឧប្បល ប្រាកដ​អំពីចម្ងាយ​ដូចជា​ផ្កាអញ្ជ័ន​ដ៏ខៀវ។ ដោះ​ទាំងពីរ កើតឰដ៏ទ្រូង ជាដោះ​មិនមាន​ទង លៀន​ចេញល្អ ទ្រទ្រង់​នូវទឹកដោះ មិន​ធ្លាក់យារ (ដោះក្បំ) បា្រកដ​ស្មើដោយ​ផ្លែឃ្លោក​ពាក់​កណ្តាល។ ក (របស់​នាង) ប្រហែល​ដម្បារមាស វែងដូច​កទ្រាយ បបូរ​មាត់ល្អ ដូចជា​ចិត្តជា​គំរប់ ៤ គឺអណ្តាត។ ធ្មេញ​ទាំងឡាយ​របស់នាង មិនមាន​ទោស ជាធ្មេញ​ដុះស្មើ​ទាំងពីរ​ខាង ទាំងខាង​លើ ទាំងខាង​ក្រោម ដែលជំរះ​ហើយដោយ​ឈើស្ទន់ ជាធ្មេញ​គួររមិល​មើលក្រៃ​ពេក។ ភ្នែក​ទាំងឡាយ​របស់នាងដ៏​ខ្មៅ មានចុង​ក្រហម ប្រហែល​ដោយផ្លែ​ទំពាំងបាយជូរ ដ៏វែង​ទូលាយ ជា​ភ្នែកគួរ​រមិលមើល​ក្រៃពេក។ សក់​ទាំងឡាយ​របស់នាង ដែលដុះ​លើ​ក្បាលមិន​វែងពេក ជាសក់​រលើប ដែលសិត​ដោយ​ក្រាសមាស ក្រអូប​សាយដោយ​ក្លិននៃ​ខ្លឹមចន្ទន៍។ ការភ្ជួររាស់ និង​ការរក្សាគោ (នៃជន​ទាំង​ឡាយណា) ក្តី គតិណា​នៃពាណិជ​ទាំងឡាយក្តី សេចក្តី​ព្យាយាម (ណា) នៃ​ឥសី​ទាំងឡាយ​អ្នកសង្រួម អ្នកមាន​តបៈក្តី កាលប្រព្រឹត្ត​ទៅ អាត្មាមិន​ឃើញនូវ​ជនទាំងនោះ លើ​មណ្ឌល​នៃផែនដី​នេះ ឲ្យសមស្មើ (នឹងនាង) អ្នក​ជាអ្វី ជាកូន​នៃអ្នកណា យើងនឹង​ដឹងនូវ​អ្នកដូច​ម្តេចបាន។

[៦១៥] (នាងអលម្ពុសា…) បពិត្រកស្សបដ៏ចំរើន កាលបើចិត្ត​របស់លោក​ប្រព្រឹត្ត​ទៅហើយ​យ៉ាងនេះ កាលនេះ​មិនមែន​ជាកាល​នៃប្រស្នាទេ នែ​សំឡាញ់ លោកចូរមក យើងទាំង​ពីរនាក់​នឹងត្រេក​ត្រអាល​ក្នុងអាស្រម​របស់យើង លោកចូរ​មក ខ្ញុំនឹង​ឱបលោក ចូរលោក​ជាអ្នក​ឈ្លាសក្នុង​សេចក្តី​ត្រេកអរ។

[៦១៦] (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះ​អលម្ពុសា មានវណ្ណៈ​គួរប្រាថ្នា ជាស្រី​ធ្វើបុរស​ឲ្យច្រឡូក​ច្រឡំ កាលប្រាថ្នា​នឹងញ៉ាំង​ឥសីសិង្គៈ​ឲ្យច្រឡូក​ច្រឡំ (ដោយកិលេស) លុះពោល​ពាក្យនេះ​ហើយ ក៏ចៀស​ចេញទៅ។

[៦១៧] ឯឥសីសិង្គៈនោះ ក៏ផ្តាច់បង់នូវ​សេចក្តី​ខ្នះខ្នែង​ដ៏យឺត ហើយ​ស្ទុះទៅ​ដោយ​ប្រញាប់​ប្រញាល់ ដល់ហើយ ក៏ស្ទាប​អង្អែលនាង​អលម្ពុសា​នោះ ឰដ៏​ភ្នួងសក់​ដ៏ឧត្តម។ នាង​កល្យាណី មានលំអ​ដ៏ល្អ ងាកមក​ឱបរឹត​តាបស​នោះដែរ តាបស​នោះ ឃ្លាតចាក​ព្រហ្មចារ្យ​នោះ ព្រោះ​លោកត្រេក​ត្រអាល​ចំពោះនាង ក្នុងកាល​នោះ (ដូចចំណង​ដែល​សក្កទេវរាជ​ប្រាថ្នា​ហើយ​នោះ)។ នាងក៏នឹក​ដល់ព្រះឥន្ទ្រ ដែលកំពុង​ប្រថាប់​នៅ​ក្នុង​នន្ទនវ័ន ឯ​ឃវាទេវកុញ្ជរ ក៏ជ្រាប​នូវសេចក្តី​ត្រិះរិះ​របស់នាង​ហើយ ទ្រង់បញ្ជូន​បល្ល័ង្ក​មាស មានទាំង​បរិវារ មានទាំង​សំពត់​សម្រាប់​គ្របបិទទ្រូង ៥០ មាន​ទាំងកម្រាល ១០០ ដ៏ឆាប់ នាងល្អ ក៏ផ្តេក​នូវតាបស​នោះ​លើទ្រូង លើ​បល្ល័ង្កទិព្វ​នោះ។ នាង​អលម្ពុសា ផ្តេកតាបស​នោះទុក​អស់ ៣ ឆ្នាំ ហាក់​ដូចជា​មួយរំពេច ព្រាហ្មណ៍ (ដេកលើ​ទូ្រងនាង​អលម្ពុសា) អស់ ៣ ឆ្នាំ ក៏​បាត់សន្លប់​ភ្ងាឡើង​វិញ។ បានឃើញ​ពួកឈើ​មានស្លឹកខៀវ (ដុះព័ទ្ធ) រោងភ្លើង​ជុំវិញ និងព្រៃ​ដ៏ដេរដាស​ដោយ​ស្លឹកថ្មីៗ មាន​ផ្ការីក ដ៏គឹកកង ដោយ​ពួកតាវ៉ៅ។ តាបស​ក្រឡេក​មើលឃើញ​ច្បាស់​ជុំវិញហើយ ក៏យំ​សម្រក់​ទឹកភ្នែកថា អាត្មាអញ​មិនបូជា​ភ្លើង មិនរាយមន្ត ការបូជា​ភ្លើងក៏​សាបសូន្យ​អស់។ បុគ្គល​ណាហ្ន៎ លួងលោម​ចិត្តរបស់​អាត្មាអញ ដោយ​ការផ្គាប់ក្នុង​កាលមុន កាលអាត្មាអញ​នៅក្នុងព្រៃ បុគ្គល​ណាញ៉ាំង​ឈានគុណ ដែល​កើតព្រម​ដោយ​តេជានុភាព​របស់​អាត្មាអញ​ឲ្យវិនាស ដូចជា​បុគ្គលញ៉ាំង​ទូកដ៏ពេញ​ដោយកែវ​ផ្សេងៗ ឲ្យវិនាស​ក្នុងសមុទ្រ បុគ្គល​នោះឈ្មោះ​អ្វីហ្ន៎។

[៦១៨] (នាងអលម្ពុសា…) ខ្ញុំដែលទេវរាជ​ត្រាស់ប្រើមក ដើម្បី​ផ្គាប់លោក បាន​សម្លាប់ចិត្ត (របស់​លោក) ដោយចិត្ត (របស់ខ្ញុំ) លោក​មិនជ្រាប ព្រោះ​តែសេចក្តី​ធ្វេស​ប្រហែស។

[៦១៩] (តាបស…) បានស្តាប់មកថា កស្សប​ជាបិតា បានប្រៀន​ប្រដៅនូវ​ពាក្យ​ទាំង​នេះ​ចំពោះ​អាត្មាអញ​ថា នែមាណព ស្រី្តទាំងឡាយ​ប្រាកដស្មើ​ដោយផ្កា​នារីផល អ្នក​គប្បី​ស្គាល់នូវ​ស្ត្រីទាំង​ឡាយនោះ​ចុះ។ នែមាណព អ្នកគប្បី​ស្គាល់នូវ​ស្រី្ត​ទាំងឡាយ​ដែលមាន​បូសពីរ​ឰដ៏ទ្រូង អ្នកគប្បី​ស្គាល់​ថា ស្រ្តីទាំង​ឡាយនោះ បិតា​ទំនុក​បម្រុង​អាត្មាអញ យ៉ាង​ណា ក៏ប្រៀន​ប្រដៅ​អាត្មាអញ​យ៉ាងនោះ ដោយ​ប្រការ​ដូច្នោះ។ តែអាត្មាអញ​មិនបាន​ធ្វើតាម​ពាក្យ​ប្រដៅ​របស់បិតា​ជាអ្នក​ចំរើន​ដោយគុណ​សម្បត្តិនោះ​ឡើយ ថ្ងៃ​នេះ​អាត្មាអញ​តែម្នាក់ឯង សញ្ជប់​សញ្ជឹង​ក្នុងព្រៃ​ដែល​មិនមាន​មនុស្ស។ ថ្វឺយ ជិវិត​របស់អញ គួរ​តិះដៀល អញនឹង​ធ្វើយ៉ាង​នោះវិញ តែបើ​អញជា​បុគ្គល​មានឈាន​ប្រាកដ​ដូច្នោះ​ទៀត សេចក្តី​ស្លាប់ នឹងមាន​ដល់អញ។

[៦២០] (អភិសម្ពុទ្ធគាថា) នាងអលម្ពុសា លុះដឹង​នូវតេជះ នូវសេចក្តី​ព្យាយាម និងប្រាជ្ញា​ដ៏ខ្ជាប់ខ្ជួន របស់​ឥសីសិង្គៈ​នោះហើយ ក៏ឱនក្បាល​ទៀប​ជើង​ឥសីសិង្គៈ​ ពោលថា បពិត្រ​លោក អ្នកមាន​ព្យាយាមធំ សូម​លោកកុំ​ខ្ញាល់នឹង​ខ្ញុំ បពិត្រ​មហាឥសី សូមលោក​កុំខ្ញាល់​នឹងខ្ញុំ ដ្បិត​ប្រយោជន៍​ដ៏ធំ ខ្ញុំបាន​ប្រព្រឹត្ត​ហើយ ដើម្បី​ទេវតា​ទាំងឡាយ​ជាន់​តាវត្តិង្ស ជាអ្នក​មានយស ឯ​ទេវបុរី​ទាំងមូល លោកបាន​ឲ្យកំរើក​ញាប់ញ័រ​ហើយ ក្នុង​កាលនោះ។

[៦២១] (ឥសីសិង្គៈ…) ម្នាលនាងដ៏ចំរើន ទេវតា​ទាំងឡាយ​ក្នុងជាន់តាវត្តិង្ស​ក្តី ព្រះវាសវៈ (ជាឥស្សរៈ) របស់​ទេវតា​ទាំងឡាយ​ជាន់​តាវត្តិង្ស​ក្តី ខ្លួននាង​ក្តី ចូរមាន​សេចក្តី​សុខចុះ ម្នាល​នាងកញ្ញា នាងចូរ​ទៅតាម​សប្បាយចុះ។

[៦២២] នាងអលម្ពុសា ឱនក្បាល​ទៀបជើង​នៃតាបស រួចធ្វើ​ប្រទក្សិណ​តាបស​នោះ ប្រណម្យ​អញ្ជលី ហើយចៀស​ចេញទៅ​ចាក​ទីនោះ។ បល្ល័ង្ក​មាសណា ដែល​មាន​ទាំង​បរិវារ មាន​ទាំងសំពត់​សំរាប់​គ្របបិទទ្រូង ៥០ មាន​ទាំងកម្រាល ១០០០ របស់​នាង នាង​ក៏ឡើង​កាន់បល្ល័ង្ក​មាសនោះ ហើយទៅ​ក្នុងសំណាក់​នៃទេវតា​ទាំងឡាយ។ សក្កទេវិន្ទ​ទ្រង់​មានបីតិ​សោមនស្ស​រីករាយ​ព្រះទ័យ ចំពោះ​នាងអលម្ពុសា​នោះ ដែល​មកដូចកោះ រុងរឿង​ដូចផ្លេក​បន្ទោរ ហើយ​ប្រទានពរ។

[៦២៣] (នាងអលម្ពុសា…) បពិត្រសក្កទេវរាជ ជាឥស្សរៈ​ជាងភូត​ទាំងពួង បើព្រះអង្គ​ប្រទាន​ពរដល់​ខ្ញុំម្ចាស់ ខ្ញុំម្ចាស់​សូមកុំ​បានទៅ​ប្រលោម​លួង​លោម​ឥសីទៀត បពិត្រ​សក្កទេវរាជ ខ្ញុំម្ចាស់​សូមពរ​នេះ។

ចប់ អលម្ពុសាជាតក ទី៣។

សង្ខបាលជាតក ទី៤

(៥២៤. សង្ខបាលជាតកំ (៤))

[៦២៤] (ព្រះបាទពារាណសីត្រាស់សួរថា) លោកជា​អ្នកមាន​ឱកាសនៃ​សរីរៈ​ដ៏ប្រសើរ មាន​ព្រះនេត្រថ្លា ខ្ញុំសំគាល់​ថា លោក​ដ៏ចំរើន ជាអ្នក​ចេញ​ចាកត្រកូល ហើយ​បួស ចុះលោក​អ្នកមាន​ប្រាជ្ញា លះបង់​នូវទ្រព្យ និង​ភោគៈ​ទាំងឡាយ ចេញចាក​ផ្ទះ​ហើយបួស តើដោយ​ហេតុ​ដូចម្តេច។

[៦២៥] (អាឡារតាបស ថ្វាយព្រះពរថា) បពិត្រ​ព្រះរាជា ជានរទេព អាត្មា​ភាពជា​អ្នកបួស​ដោយ​សទ្ធា ព្រោះបាន​ឃើញវិមាន​របស់​ពស់ធំ (នាគ) ដែល​មានអានុភាព​ច្រើន ដោយ​ខ្លួនឯង​ផង ព្រោះបាន​ឃើញផល​ដ៏ធំ នៃ​បុណ្យ​ទាំងឡាយ​ផង។

[៦២៦] (ព្រះរាជា…) បព្វជិតទាំងឡាយ មិនពោល​នូវវាចា​កុហក​ព្រោះ​ប្រាថ្នា​កាម ព្រោះខ្លាច ​ព្រោះទោសៈ​ទេ ខ្ញុំសួរ​ហើយ សូមលោក​ប្រាប់​សេចក្តីនុ៎ះ សេចក្តី​ជ្រះថ្លា​នឹងកើត​ដល់ខ្ញុំ​ព្រោះស្តាប់។

[៦២៧] (អាឡារតាបស…) បពិត្រព្រះអង្គជាធំក្នុងដែន អាត្មាភាព កាល​នៅ (ជាគ្រហស្ថ) កំពុង​ដើរទៅ​ដោយ​បំណងថា (អញនឹងធ្វើ) នូវជំនួញ ក៏​បានឃើញ​នូវពួក​ភោជបុត្រ3) ក្នុងផ្លូវ​ សែង​ពស់ដ៏ធំ មានកាយ​ធាត់ កំពុង​សប្បាយ​រីករាយ​ដើរ។ បពិត្រ​ព្រះអង្គ​ជាធំជាង​ជន លុះអាត្មាភាព​នោះ មកជួប​នឹងពួក​ភោជបុត្រ​ទាំងនោះ​ហើយ ក៏​ព្រឺរោម​ខ្លាច ហើយសួរថា ម្នាល​ពួកភោជបុត្រ នាគនេះ មានកាយ​គួរខ្លាច តើអ្នក​ទាំងឡាយ​នាំទៅ​ក្នុងទីណា អ្នក​ទាំងឡាយ នឹងយក​នាគនេះទៅ​ធ្វើអ្វី។

(ពួកភោជបុត្រប្រាប់ថា) នាគដ៏ធំ ជាសត្វទៅ​ដោយទ្រូង មានកាយ​ដ៏​ធាត់នេះ យើង​យកទៅ​បរិភោគ (ព្រោះ) សាច់វា មានរសឆ្ងាញ់​ផង ក្រាស់​ផង ទន់ផង នែកូន​អ្នកស្រុក​វិទេហៈ អ្នកមិន​ដឹងនូវ​រសទេ​ឬ។ ពួកយើង​ចេញអំពី​ទីនេះ ទៅកាន់​លំនៅ​របស់​ខ្លួន ហើយ​យកកាំបិត​ចិញ្ច្រាំ​សាច់​ទាំងឡាយ ហើយ​បរិភោគ​រីករាយ​សប្បាយ ព្រោះថា ពួក​យើងជា​សត្រូវ​ចំពោះ​នាគ​ទាំងឡាយ។

(អាត្មាភាព ពោលថា) ពស់ដ៏ធំនេះ ជាសត្វ​ទៅដោយ​ទ្រូង មានកាយ​ដ៏ធាត់ ប្រសិន​បើអ្នក​ទាំងឡាយ យកនាគ​នេះទៅ​បរិភោគ យើងនឹង​ឲ្យគោ​បម្រើ ១៦ ដល់​អ្នកទាំង​ឡាយ​ជំនួស​នាគ អ្នកទាំងឡាយ​ចូរស្រាយ​នាគនេះ​អំពី​ចំណងចុះ។

(ពួកភោជបុត្រពោលថា…) ពស់នេះជាអាហារ​ជាទីពេញ​ចិត្តរបស់​ពួក​យើង​ណាស់ តែពស់​ជាច្រើន ពួកយើង​ធ្លាប់​បរិភោគ​ហើយ បពិត្រ​អាឡារៈ ពួកយើង​នឹងធ្វើ​តាមពាក្យ​របស់​អ្នកនោះ នែកូនអ្នក​ស្រុកវិទេហៈ អ្នកចូរ​ជាមិត្រ​របស់យើង​ទាំងឡាយ។

ពួកភោជបុត្រទាំងនោះ ក៏ស្រាយនាគរាជ​នោះអំពី​ចំណង (ដែលគេ​ដោតចូល) ទៅតាម​ច្រមុះ ហើយ​បញ្ចូល​ទៅក្នុង​អន្ទាក់ ឯនាគរាជ​នោះ លុះរួច​អំពី​ចំណងហើយ ក៏មាន​មុខឆ្ពោះ​ទៅកាន់​បាចីនទិស ចៀសចេញ​ទៅមួយ​រំពេច។ នាគរាជ​នោះ មាន​មុខឆ្ពោះ​ទៅកាន់​បាចីនទិស លូន​ទៅមួយ​រំពេច មានភ្នែក​ពេញដោយ​ទឹកភ្នែក ហើយ​សំឡឹង​មើល​អាត្មាភាព កាលនោះ អាត្មាភាព បានដើរ​ទៅតាម​ក្រោយនៃ​នាគនោះ ហើយ​ផ្គង​ម្រាមទាំង ១០ (ពោលថា) អ្នកចូរ​ប្រញាប់​ទៅចុះ កុំ​ឲ្យពួក​សត្រូវ​ចាប់អ្នក​ទៀត ព្រោះថា ការជួប​ប្រទះ​ដោយព្រាន​ទាំងឡាយ​ម្តងទៀត រមែង​នាំមក​នូវសេចក្តី​ទុក្ខ អ្នកចូរ​ទៅកាន់​ទី​ដែលពួក​ភោជបុត្រ​មិនឃើញ។ នាគរាជ​នោះ បានទៅ​កាន់អន្លង់​ទឹកដ៏ថ្លា មាន​ពណ៌ខៀវ មាន​កំពង់ល្អ​គួររីករាយ ដ៏ទន់​ទោរដោយ​ជម្ពូព្រឹក្ស និង​វេទិសាព្រឹក្ស ជាសត្វ​មិនមាន​ភ័យ មានតែការ​រីករាយ ក៏ចូលទៅ (កាន់​នាគពិភព)។ បពិត្រ​ព្រះជនិន្ទ្រ នាគ​នោះ លុះចូល​ទៅកាន់​ភពនាគ​នោះហើយ មិន​យូរប៉ុន្មាន ក៏វិល​មកប្រាកដ (ខាងមុខ) នៃ​អាត្មាភាព ដោយ​បរិវារ​ជាទិព្វ ហើយបំរើ​អាត្មាភាព ហាក់ដូច​កូន​បំរើបិតា បាន​ពោល​នូវពាក្យ​ត្រូវចិត្ត ស្រួល​ត្រចៀកថា បពិត្រ​អាឡារៈ លោកទុក​ដូចមាតា និង​បិតា​របស់ខ្ញុំ លោក​ប្រាដក​ស្មើដោយ​សាច់ខាង​ក្នុង គឺដួងហឫទ័យ ជាអ្នក​ឲ្យនូវ​ជីវិត ជា​សំឡាញ់ ម្យ៉ាងទៀត ខ្ញុំត្រឡប់​បាន​នូវឫទ្ធិ​របស់ខ្លួន បពិត្រ​អាឡារៈ សូមលោក​មើល​និវេសនដ្ឋាន​របស់​ខ្ញុំ ភពនាគ​មានចំណី​ច្រើន មានបាយ​ទឹកដ៏ច្រើន ដូច​មសក្កសារ គឺ​ទេពនគរ របស់​វាសវ​ទេវរាជ​ដូច្នោះ។

[៦២៨] ពភនាគនោះ ប្រកបដោយ​ភូមិភាគ ជាភូមិ​មិនមានក្រួស ទន់ល្អ មាន​ស្មៅដ៏ទាប មិនមាន​ធូលី ជាទីនាំ​មកនូវ​សេចក្តី​ជ្រះថ្លា ជាទី​លះបង់​នូវ​សេចក្តី​សោកបាន។ (ក្នុង​ភពនាគ​នោះ មាន​ស្រះបោក្ខរណី) មិនក្រហេង​ក្រហូង មាន​កែវពៃទូរ្យ​ពណ៌ខៀវ មាន​សួនស្វាយ គួរជា​ទីរីករាយ​ដោយ​ប្រពៃ តាំងនៅ​ក្នុងទិស​ទាំង ៤ (នៃ​ស្រះបោក្ខរណី) ដើមស្វាយ​ទាំងឡាយ ក្នុង​អម្ពវ័ននោះ មានផ្លែ​ទុំក៏មាន ផ្លែស្រគាល​ក៏មាន ផ្លែខ្ចី​ក៏មាន ក្តឹប​ក៏មាន ជាឈើ​មានផ្លែ​សព្វៗ រដូវ។

[៦២៩] បពិត្រព្រះនរទេព លំនៅជាវិការៈ​នៃមាស មាន​សន្ទះទ្វារ​ជាវិការៈ​នៃ​ប្រាក់ មាន​រស្មីផ្លេកៗ រុងរឿង​ក្រៃលែង​ក្នុងកណ្តាល​នៃព្រៃឈើ​ទាំងឡាយ​នោះ ដូចជា​ផ្លេកបន្ទោរ​ឰដ៏អាកាស។ បពិត្រ​ព្រះរាជា (ក្នុងប្រាសាទ​នោះ មានផ្ទះ​កំពូល និងល្វែង) ជាវិការៈ​នៃ​កែវមណី ទាំងជា​វិការៈ​នៃមាស រុង​រឿង​ដ៏វិចិត្រ​ជាអនេក ដែល​និម្មិតល្អ​ហើយ​រឿយៗ ពេញដោយ​ពួកនាង​កញ្ញា ដ៏ទ្រទ្រង់​ដោយគ្រឿង​ប្រដាប់មាស។ សង្ខបាល​នាគរាជ​នោះ មាន​សម្បុរ​មិនថោកទាប (បានចាប់​ដៃអាត្មាភាព) មាន​សភាព​រួសរាន់ ឡើង​កាន់​ប្រាសាទ​ដែលមាន​សសរ​មួយពាន់ មាន​អានុភាព​ថ្លឹងមិនបាន ដែលជា​ទីនៅ​នៃ​ភរិយា ជា​មហេសី​របស់​សង្ខបាល​នាគរាជ​នោះ។ នាងនារីម្នាក់ មាន​សភាព​រួសរាន់ កាន់​យកនូវ​កែវមណី​ដ៏ស្អាត ប្រកប​ដោយ​កែវមណី​ដទៃ មាន​ជាតិសុទ្ធ ជាស្រ្តី​ដែល​នាគរាជ​នោះ​មិនបាច់​តឿន ក៏ក្រាល​នូវ​អាសនៈ ជាវិការៈ​នៃកែវពៃទូរ្យ​មានតម្លៃ​ច្រើន។ លំដាប់​នោះ នាគរាជ​ចាប់ដៃ​អាត្មាភាព ឲ្យអង្គុយ​លើអាសនៈ​ជាប្រមុខ (ពោលថា) នេះ​អាសនៈ សូម​លោកដ៏​ចំរើន​អង្គុយ​លើ​អាសនៈ​នេះ ព្រោះថា បណ្តា​បុគ្គល​ដែលគួរ​គោរព​ទាំងឡាយ លោក​ដ៏ចំរើន ទុកជា​បុគ្គល​គួរគោរព​មួយ​របស់ខ្ញុំ។ បពិត្រ​ព្រះជនិន្ទ្រ នាង​នារីដទៃ​មាន​សភាព​រហ័ស​រហួន នាំទឹក​ចូល​មកលាង​ជើង​អាត្មាភាព ដូចជា​ប្រពន្ធ​លាងជើង​ភស្តា​ជាទី​ស្រឡាញ់។ មាននាង​នារីម្នាក់ទៀត មានសភាព​រួសរាន់ បានលើក​នូវបាយ មាន​សម្លដ៏ច្រើន និង​ម្ហូបក្រៀម​ផ្សេងៗ ដោយ​ភាជន៍ ជាវិការៈ​នៃមាស ហើយ​បង្អោន​ចូលមក​ជិត។ បពិត្រ​ព្រះភារតៈ នាងនារី​ទាំងឡាយ បានដឹង​នូវចិត្តនៃ​ព្រះភស្តា (របស់​ខ្លួន) ហើយ​បំរើ​អាត្មាភាព ដែលជា​អ្នកបរិភោគ​រួចហើយ ដោយតូរ្យ​តន្ត្រី​ទាំងឡាយ នាគរាជ​នោះ ប្រណិប័តន៍​អាត្មាភាព ដោយ​កាមគុណ​ជា​ទិព្វដ៏​ឱឡារិក​មាន​ប្រមាណ​ច្រើន ដ៏ក្រៃលែង​ជាង​តូរ្យតន្ត្រី​នោះ។

[៦៣០] បពិត្រអាឡារៈ ភរិយាទាំងឡាយ​របស់​ខ្ញុំនុ៎ះ ៣០០ នាក់ ភរិយា​ទាំង​អស់ មាន​ពាក់​កណ្តាលខ្លួន (រៀវល្អ) មានរស្មី​ដ៏ក្រៃលែង ហាក់​ដូចជា​ពណ៌​នៃផ្កាឈូក បពិត្រ​អាឡារៈ លោកចូរ​ធ្វើសេចក្តី​ស្រឡាញ់​ចំពោះ​ស្រ្តីទាំង​នុ៎ះ ខ្ញុំនឹង​ឲ្យដល់​លោក ៗ ចូរ​ឲ្យស្រ្តី​ទាំងនោះ​បំរើចុះ។

[៦៣១] អាត្មាភាពបានទទួលដឹងរសនៃកាមគុណ​ជាទិព្វ អស់​មួយឆ្នាំ កាល​នោះ អាត្មាភាព​សួរតទៅ​ទៀតថា ព្រះអង្គ​ជានាគ បាននូវ​សម្បត្តិ​នេះ ព្រោះ​ធ្វើនូវ​កម្មអ្វី ព្រះអង្គ​បានវិមាន​ដ៏ប្រសើរ ដោយ​ប្រការ​ដូចម្តេច។ ព្រះអង្គ​បានដោយ​មិនមាន​ហេតុ ឬកើត​អំពីបុគ្គល​ណាមួយ បង្អោន​មកថ្វាយ​ព្រះអង្គ ព្រះអង្គ​ធ្វើឯង ឬពួក​ទេវតា​ថ្វាយ បពិត្រ​នាគរាជ ខ្ញុំសួរ​សេចក្តីនេះ​នឹងព្រះអង្គៗ បានវិមាន​ដ៏ប្រសើរ ដោយ​ប្រការ​ដូចម្តេច។

[៦៣២] វិមាននេះ មិនមែនខ្ញុំបានដោយ​មិនមាន​ហេតុទេ មិនមែន​កើតអំពី​បុគ្គល​ណា​បង្អោន​មកថ្វាយ​ខ្ញុំទេ ខ្ញុំមិនមែន​ធ្វើដោយ​ខ្លួនឯង ទាំង​មិនមែន​ទេវតា​ឲ្យខ្ញុំទេ វិមាន​នេះ ខ្ញុំបាន​ដោយកម្ម​របស់ខ្លួន ជាអំពើ​ឥតបាប គឺជា​បុណ្យ។

[៦៣៣] វត្តរបស់ព្រះអង្គដូចម្តេច ព្រហ្មចារ្យ តើដូចម្តេច នេះជា​វិបាក​នៃកម្ម​ដែល​ប្រព្រឹត្ត​ល្អហើយ​ដូចម្តេច បពិត្រ​នាគរាជ សូមព្រះអង្គ​ប្រាប់​សេចក្តី​នុ៎ះដល់​ខ្ញុំ វិមាននេះ តើព្រះអង្គ​បានហើយ ដោយ​ប្រការ​ដូចម្តេច។

[៦៣៤] ខ្ញុំជាសេ្តចឈ្មោះទុយ្យោធនៈ ជាធំក្នុងដែន​មគធៈ មាន​អានុភាពធំ ខ្ញុំ​នោះបាន​ដឹងច្បាស់​នូវជីវិត ជារបស់​ថោកទាប​មិនទៀង មាន​សេចក្តីប្រែ​ប្រួល​ជាធម្មតា។ ខ្ញុំមាន​ចិត្តជ្រះថ្លា បាន​ឲ្យបាយ និងទឹក​ជាទាន​បរិបូណ៌​ដោយគោរព ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំ ជាទីប្រជុំ​របស់​សមណៈ (ព្រាហ្មណ៍) ដូចជា​អណ្តូង ព្រោះថា សមណ​ព្រាហ្មណ៍​ទាំងឡាយ ខ្ញុំបាន​ឲ្យ​ឆ្អែតស្កប់​ស្កល់ហើយ។ ខ្ញុំបាន​ឲ្យផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាប ប្រទីប យាន លំនៅ សំពត់​សម្រាប់​ស្លៀក​ដណ្តប់ ទីដេក និងបាយ​ទឹក ជា​ទាន​ដោយគោរព​ក្នុងទីនោះ។ អំពើនោះ ជាវត្ត​របស់ខ្ញុំ អំពើនោះ​ជាព្រហ្ម​ចារ្យ​របស់ខ្ញុំ នេះជា​វិបាក​នៃកម្ម​ដែលប្រព្រឹត្ត​ល្អហើយនោះ ព្រោះ​ហេតុនោះ​ឯង វិមាននេះ ទើបមាន​ចំណី​ដ៏ច្រើន មានបាយ និងទឹក​ដ៏ច្រើន ដែល​ខ្ញុំបាន​ហើយ។

[៦៣៥] វិមាននេះ សម្បូរដោយការរាំ ទាំងសម្បូរ​ដោយការ​ច្រៀង តាំងនៅ​អស់កាល​យូរ តែមិន​ទៀងទាត់​សោះទេ ពួកអ្នក​មាន​អានុភាពតិច មិនមាន​តេជះ រមែង​បៀតបៀន​ព្រះអង្គ ដែលមាន​អានុភាព​ច្រើន មានតេជះ បពិត្រ​ព្រះអង្គ​មាន​ចង្កូម​ជា​អាវុធ ព្រះអង្គ​មកលុះ​កណ្តាប់ដៃ​នៃពួក​ភោជបុត្រ តើព្រោះអាស្រ័យ​អ្វី ព្រោះហេតុអ្វី។ តេជះ​របស់​ព្រះអង្គ​ទៅតាម​ភ័យ​ដ៏ធំឬ ឬ​ពិសរបស់​ព្រះអង្គ​ទៅតាម​គល់ធ្មេញ បពិត្រ​ព្រះអង្គ មាន​ចង្កូមជា​អាវុធ ព្រះអង្គ​ដល់នូវ​សេចក្តី​លំបាក (ក្នុង​សំណាក់) នៃពួក​ភោជបុត្រ តើព្រោះ​អាស្រ័យ​អ្វី ព្រោះ​ហេតុអ្វី។

[៦៣៦] តេជះរបស់ខ្ញុំមិនមែនទៅតាមភ័យ​ដ៏ធំទេ តេជះ គឺពិស​របស់ខ្ញុំ ពួក​ភោជបុត្រ​ទាំងនោះ មិនអាច​នឹងបៀត​បៀនទេ ធម៌ទាំងឡាយ ពួក​សប្បុរស​សំដែង​ល្អហើយ ជាធម៌​លះបង់​បានដោយ​ក្រ ដូចច្រាំង​សមុទ្រ។ បពិត្រ​អាឡារៈ ខ្ញុំរក្សា​ឧបោសថ ក្នុងថ្ងៃទី ១៤ និងថ្ងៃទី ១៥ ជានិច្ច គ្រានោះ ពួក​ភោជបុត្រ ១៦ នាក់ កាន់ខ្សែ និង​អន្ទាក់​ដ៏មាំ​ដើរមក។ ព្រាន​ទាំងឡាយ​ទំលាយ (សរីរៈ) យកខ្សែ​ខ្លុសច្រមុះ ហើយ​សែង​នាំយក​ខ្ញុំទៅ ខ្ញុំញ៉ាំង​ឧបោសថ មិន​ឲ្យកម្រើក ខំអត់ទ្រាំ​នូវសេចក្តី​ទុក្ខទាំងនេះ។

[៦៣៧] (ពួកភោជបុត្រទាំងនោះ) បានឃើញព្រះអង្គ​ជាអ្នក​បរិបូណ៌​ដោយ​កំឡាំង និងសម្បុរ ក្នុងផ្លូវ​ជាទីដើរ​ទៅនៃ​បុគ្គល​តែម្នាក់ ព្រះអង្គ​ជាអ្នក​ចំរើន​ដោយសិរី និងបញ្ញា បពិត្រ​នាគរាជ ព្រះអង្គ​ខំប្រឹង​ធ្វើតបៈ តើដើម្បី​អ្វី។

[៦៣៨] បពិត្រអាឡារៈ (ខ្ញុំធ្វើតបៈ) មិនមែនព្រោះ​ហេតុកូន មិនមែន​ព្រោះ​ហេតុ​ទ្រព្យ មិនមែន​ព្រោះហេតុ​អាយុទេ ខ្ញុំប្រាថ្នា​ចំពោះ​កំណើត​នៃមនុស្ស ព្រោះ​ហេតុនោះ បានជា​ខ្ញុំប្រឹងប្រែង​ធ្វើតបៈ។

[៦៣៩] ព្រះអង្គមានចក្ខុក្រហម មានរស្មីព្រោងព្រាត មានខ្លួន​ប្រដាប់ហើយ មានសក់ និងពុកមាត់​កាត់កោរ​ហើយ លាបដោយ​ខ្លឹមចន្ទន៍​ក្រហម ហើយ​ញ៉ាំងទិស​ទាំង​ឡាយ ឲ្យភ្លឺច្បាស់​ដូចស្តេច​គន្ធព្វ។ ព្រះអង្គ​ដល់នូវ​ឫទ្ធិដូច​ជាឫទ្ធិនៃ​ទេវតា មាន​អានុភាព​ធំ ប្រកប​ដោយកាម​ទាំងពួង បពិត្រ​នាគរាជ ខ្ញុំសូម​សួរនូវ​សេចក្តីនុ៎ះ ចំពោះ​ព្រះអង្គថា មនុស្ស​លោក​ប្រសើរជាង​ភពនាគ​នេះ តើដោយ​ហេតុអ្វី។

[៦៤០] បពិត្រអាឡារៈ សេចក្តីបរិសុទ្ធិក្តី ការសង្រួមក្តី វៀរចាក​មនុស្ស​លោក​ហើយ រមែង​មិនមាន​ឡើយ ខ្ញុំបើ​បានកំណើត​នៃមនុស្ស​ហើយ នឹងធ្វើ​នូវទីបំផុត​នៃជាតិ និង​មរណៈ។

[៦៤១] ខ្ញុំនៅក្នុងសំណាក់នៃព្រះអង្គអស់​មួយឆ្នាំ​ហើយ ព្រះអង្គ​ក៏បាន​ទំនុក​បំរុង​ដោយបាយ និងទឹក បពិត្រ​នាគរាជ ខ្ញុំសូម​លាត្រឡប់​ទៅវិញ បពិត្រ​ព្រះជនិន្ទ ខ្ញុំឃ្លាត (ពីមនុស្ស​លោក) យូរហើយ។

[៦៤២] កូនប្រពន្ធ និងពួកជនជាអ្នករស់នៅ​ដោយសារខ្ញុំៗ បាន​ប្រៀនប្រដៅ​ជានិច្ច ឲ្យបំរើលោក តើអ្នក​ណាមួយ មិនបាន​ថែទាំ​លោកខ្លះ​ឬទេ បពិត្រ​អាឡារៈ ព្រោះថា​ខ្ញុំមាន​ការស្រឡាញ់​ពេញចិត្ត​ចំពោះ​ការជួប​ប្រទះនូវ​លោក។

[៦៤៣] បពិត្រនាគរាជ ដូចយ៉ាងកូនជាទី​ស្រឡាញ់​របស់មាតា និងបិតា ដែល​មាតាបិតា​បាន​ថែរក្សា​ហើយ ឲ្យនៅ​ក្នុងផ្ទះ (ការនៅ) របស់​ខ្ញុំក្នុងទី​នេះ ប្រសើរ​ជាងការ​នៅ​របស់​កូននោះ​ទៅទៀត ព្រោះថា ចិត្តរបស់​អ្នក​ជ្រះថ្លា​ចំពោះខ្ញុំ។

[៦៤៤] កែវមណីរបស់ខ្ញុំមានពណ៌ក្រហម ជាគ្រឿងនាំ​មកនូវ​ទ្រព្យ លោក​ចូរយក​កែវមណី​ដ៏ថ្លៃថ្លា ទៅផ្ទះ​របស់ខ្លួន​ចុះ លុះបាន​ទ្រព្យហើយ ចូរទុក​កែវមណី​នោះ (ក្នុង​ពាងទឹក)។

[៦៤៥] បពិត្រព្រះរាជា កាមគុណទាំងឡាយ សូម្បីជា​របស់​មនុស្ស អាត្មា​ភាពបាន​ឃើញ​ហើយ ថាជារបស់​មិនទៀង មានសេចក្តី​ប្រែប្រួល​ជា​ធម្មតា លុះអាត្មាភាព​ឃើញ​ទោស​ក្នុងកាមគុណ​ទាំងឡាយ ទើបបួស​ដោយសទ្ធា។ បពិត្រ​ព្រះរាជា មនុស្ស​ទាំងឡាយ​ ក្មេងក្តី ចាស់ក្តី កាលមាន​សរីរៈ​បែកធ្លាយ​ហើយ រមែង​ធ្លាក់ចុះ ដូចជា​ផ្លែឈើ​ទាំងឡាយ​ដូច្នោះដែរ អាត្មាភាព​ឃើញហេតុ​នេះហើយ ទើប​ចេញបួស សាមញ្ញ​គុណ គឺបព្វជ្ជា ជាធម៌​ប្រតិបត្តិ​មិនខុស ជាធម៌​ដ៏ប្រសើរ។

[៦៤៦] (ព្រះរាជា…) ពួកជនណាមានប្រាជ្ញា ជាពហុស្សូត ជាអ្នក​គិតនូវ​ហេតុ​ដ៏ច្រើន ពួកជន​នោះ បុគ្គល​គប្បី​សេពគប់ បពិត្រ​អាឡារ​តាបស ខ្ញុំ​នឹងធ្វើ​នូវបុណ្យ​ដ៏ច្រើន ព្រោះ​បានស្តាប់ (នូវពាក្យ) របស់​នាគរាជ​ផង របស់​លោកផង។

[៦៤៧] (អាឡារតាបស…) ពួកជនណា មានប្រាជ្ញា ជាពហុស្សូត ជាអ្នក​គិត​នូវ​ហេតុ​ដ៏ច្រើន ពួកជននោះ បុគ្គល​គប្បី​សេពគប់ បពិត្រ​ព្រះរាជា ព្រះ​អង្គ​ទ្រង់​ព្រះសណ្តាប់​ពាក្យ​របស់អាត្មាភាព និង​នាគហើយ សូម​ព្រះអង្គ​ធ្វើបុណ្យ​ឲ្យច្រើន។

ចប់ សង្ខបាលជាតក ទី៤។

ចុល្លសុតសោមជាតក ទី៥

(៥២៥. ចូឡសុតសោមជាតកំ (៥))

[៦៤៨] (ព្រះបាទសុតសោម ត្រាស់ថា) ខ្ញុំប្រាប់អ្នកនិគម មិត្រអាមាត្យ និង​បរិស័ទ​ឲ្យដឹង​ថា ស្កូវកើតលើ​ក្បាល​ហើយ ឥឡូវនេះ ខ្ញុំពេញ​ចិត្តនឹង​បព្វជ្ជា។

[៦៤៩] (អាមាត្យម្នាក់ ក្រាបទូលថា) ព្រះអង្គ​ទ្រង់ត្រាស់​ព្រះឱង្ការ មិនចំរើន​ដល់​ទូល​ព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​ហាក់ដូច​ជាញ៉ាំងកូន​សរ ឲ្យ​ប្រហារ​ត្រង់​ដើមទ្រូង​របស់​ទូលព្រះបង្គំ​ជាខ្ញុំ ចុះ​ស្រីស្នំ​របស់​ព្រះអង្គ​​ចំនួន​ ៧០០ នាក់ ស្រីស្នំ​របស់​ព្រះអង្គ​ទាំងនោះ នឹងទៅ​ជា​ដូចម្តេច។

[៦៥០] (ព្រះរាជា…) ស្រីស្នំក្មេងៗ ទាំងនេះ នឹងប្រាកដ (តាមអំពើ​របស់ខ្លួនៗ) ឬក៏​ស្រីស្នំ​ទាំងនោះ នឹងទៅ​រកស្តេច​ដទៃ ឯខ្ញុំប្រាថ្នា​ឋានសួគ៌ ព្រោះហេតុ​នោះ ខ្ញុំនឹង​បួស។

[៦៥១] (ព្រះវររាជមាតា…) នែសុតសោម ខ្ញុំបានអ្នក​ដោយ​កម្រណាស់ នែ​ព្រះសម្មតិទេព ព្រោះខ្ញុំ​ជាមាតា​របស់អ្នក កាលខ្ញុំ​កំពុង​យំសោក អ្នកឥត​មាន​សេចក្តី​អាឡោះ​អាល័យ (ចេញទៅ) បួស។ នែសុតសោម ខ្ញុំបានអ្នក​ដោយ​កម្រណាស់ នែព្រះសម្មតិទេព ខ្ញុំបាន​ប្រសូត​អ្នកមក កាលខ្ញុំ​កំពុងយំ​សោក អ្នកឥត​មានសេចក្តី​អាឡោះ​អាល័យ (ចេញទៅ) បួស។

[៦៥២] (ព្រះវររាជបិតា…) នែសុតសោម នេះជា​ទំនៀម​ឈ្មោះអ្វី បព្វជ្ជា​ឈ្មោះអ្វី នែ​ព្រះសម្មតិទេព ព្រោះអ្នក​ជាកូន​របស់យើង លះបង់​នូវយើង​ដែលជា​មនុស្ស​ចាស់ជរា ឥត​អាឡោះ​អាល័យ​សោះ (ចេញទៅ) បួស។

[៦៥៣] បុត្រ និងធីតា​របស់អ្នក​មានច្រើន ហើយ​នៅក្មេង មិនទាន់​ដល់នូវ​វ័យ មាន​ពាក្យពីរោះ យើង​យល់ថា បុត្រ និងធីតា​ទាំងនោះ កាល​មិនឃើញ​អ្នក និង​ដល់នូវ​សេចក្តី​ទុក្ខ។

[៦៥៤] (ព្រះរាជា…) ការតាំងនៅអស់កាលយូរ ហើយព្រាត់​ប្រាសចាក​បុត្រ និង​ធីតា​របស់ខ្ញុំ​ទាំងនុ៎ះ ដែលនៅ​ក្មេង​មិនទាន់​ដល់នូវវ័យ មាន​ពាក្យ​ពីរោះផង ចាក​សង្ខារ​ទាំងពួង​ផង ចាក​ព្រះអង្គផង (ជាសភាវៈ​ទៀង)។

[៦៥៥] (ស្រីស្នំទាំង ៧០០ នាក់…) ព្រះហឫទ័យ​របស់​ព្រះអង្គ​កាត់ដាច់​ហើយ​ឬ ឬថា​មិនមាន​សេចក្តី​ករុណា​ចំពោះពួក​យើង​ទាំងឡាយទេ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ (លះបង់) ពួកយើង ដែល​កំពុង​កន្ទក់​កន្ទេញ ព្រះអង្គ​ឥតមាន​សេចក្តី​អាឡោះ​អាល័យ (ចេញទៅ) បួស។

[៦៥៦] (ព្រះរាជា…) ហឫទ័យរបស់យើងមិនបានកាត់ ទាំងសេចក្តី​ករុណា​របស់យើង ក៏នៅ​មានក្នុង​ពួកនាង តែយើង​ប្រាថ្នានូវ​ឋានសួគ៌ ព្រោះហេតុ​នោះ បានជា​យើង​នឹងបួស។

[៦៥៧] (អគ្គមហេសី…) បពិត្រព្រះអង្គ ទ្រង់ព្រះនាម​សុតសោម (ទី​អគ្គមហេសី) ឈ្មោះថា​ខ្ញុំម្ចាស់​បាន​ដោយកម្រ ខ្ញុំម្ចាស់​ជា​អគ្គមហេសី​របស់​ព្រះអង្គ បពិត្រ​ព្រះសម្មតិទេព កាលខ្ញុំម្ចាស់​កំពុងតែ​យំសោក ព្រះអង្គ​ឥត​មាន​សេចក្តី​អាឡោះ​អាល័យ (ចេញទៅ) បួស។ បពិត្រ​ព្រះអង្គ ទ្រង់ព្រះ​នាម​សុតសោម (ទី​អគ្គមហេសី) ឈ្មោះថា​ខ្ញុំម្ចាស់​បានដោយ​កម្រ ខ្ញុំម្ចាស់​ជា​អគ្គមហេសី​របស់​ព្រះអង្គ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ (លះបង់) នូវ​បដិសន្ធិ​ក្នុងផ្ទៃ​របស់​ខ្ញុំម្ចាស់ ឥតមាន​សេចក្តី​អាឡោះ​អាល័យ (ចេញទៅ) បួស។ គភ៌ដែល​តាំងនៅ​ក្នុងផ្ទៃ​របស់ខ្ញុំ​ម្ចាស់ ចាស់ហើយ (សូមព្រះអង្គ​រង់ចាំ) ទំរាំ​ខ្ញុំម្ចាស់​ប្រសូត​គភ៌នោះសិន កុំ​ឲ្យខ្ញុំម្ចាស់​ជាស្រី្ត​មេមាយ​ម្នាក់​ឯង បានឃើញ​សេចក្តី​ទុក្ខក្នុង​កាលជា​ខាងក្រោយ​ឡើយ។

[៦៥៨] (ព្រះរាជា…) គភ៌ដែលតាំងនៅក្នុងផ្ទៃរបស់នាង​ចាស់ហើយ ណ្ហើយ នាង​ចូរប្រសូត​បុត្រ ដែល​មានសម្បុរ​មិនថោកទាប (ដោយ​សួស្តី) យើងនឹង​លះបង់​បុត្រ ហើយ (ចេញទៅ) បួស។

[៦៥៩] ម្នាលនាងចន្ទាទេវី មានព្រះនេត្រស្មើដោយ​ផ្កាកណ្ណិការភ្នំ នាង​កុំយំ កុំសោក​ឡើយ ចូរឡើង​កាន់ប្រាសាទ​ដ៏ប្រសើរ​វិញចុះ យើង​មិនមាន​សេចក្តី​អាឡោះ​អាល័យ​ទេ នឹងចេញ​ទៅ (បួស)។

[៦៦០] (ព្រះរាជបុត្រច្បង…) បពិត្រព្រះមាតា បុគ្គល​ណាធ្វើ​ឲ្យព្រះមាតា ទ្រង់​ព្រះក្រោធ ព្រះមាតា​ទ្រង់​ព្រះកន្សែង​ផង ទ្រង់សំឡក់​ចំពោះ​ខ្ញុំយ៉ាង​ខ្លាំងផង តើ​ព្រោះ​ហេតុអ្វី បណ្តា​ញាតិដែល​កំពុង​រមិលមើល ខ្ញុំសម្លាប់​ញាតិណា ដែលជា​មនុស្ស​ដែលគេ​មិនគួរ​សម្លាប់។

[៦៦១] (ព្រះរាជមាតា…) ម្នាលកូន បុគ្គលណាជា​អ្នក​ឈ្នះសង្គ្រាម ញ៉ាំង​អញ​ឲ្យ​ក្រោធ បុគ្គលនោះ កូនឯង​មិនអាច​សម្លាប់​បានទេ ម្នាលកូន ព្រះរាជបិតា​របស់​កូនឯង បាន​ត្រាស់​នឹងម្តាយថា យើងមិន​មានសេចក្តី​អាឡោះ​អាល័យទេ នឹងទៅ (បួស)។

[៦៦២] (ព្រះរាជឱរសច្បង…) ក្នុងកាលមុន ខ្ញុំទៅកាន់​សួនឱទ្យាន​ដោយរថ បានច្បាំង​នឹងដំរី​ចុះប្រេង​ទាំងឡាយ កាលបើ​ព្រះបិតា​ទ្រង់​ព្រះនាម​សុតសោម ទ្រង់​ព្រះផ្នួស​ហើយ ឥឡូវនេះ ខ្ញុំនឹងធ្វើ​ដូចម្តេច​ហ្ន៎។

[៦៦៣] (ព្រះរាជឱរសប្អូន…) កាលព្រះមាតា​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ​កំពុង​ទ្រង់​ព្រះកន្សែង​ផង កាល​ព្រះជេដ្ឋភាតា​នៃទូល​ព្រះបង្គំ​ជាខ្ញុំ​មិនប្រាថ្នា (នឹងឲ្យ​ព្រះអង្គ​ទ្រង់​ព្រះផ្នួស) ផង ទូល​ព្រះបង្គំ​ជាខ្ញុំ​នឹងចាប់​ព្រះហស្ត​របស់ព្រះ​អង្គទុក កាលបើ​ពួកទូល​ព្រះបង្គំ​ជាខ្ញុំ​មិនចង់​ឲ្យព្រះអង្គ​ទ្រង់ផ្នួស ព្រះអង្គ​នឹងយាង​ទៅមិន​បានទេ។

[៦៦៤] (ព្រះបិតា…) ម្នាលមេនំ នាងចូរក្រោកឡើង (ចូរកាន់​យកនូវកែវ​មណីនេះ) ហើយ​ញ៉ាំង​កុមារនេះ​ឲ្យត្រេកអរ​ក្នុងទី​ដទៃចុះ កាលបើ​អញ​កំពុងប្រាថ្នា​ឋានសួគ៌ កុំ​ឲ្យ​កុមារនេះ ធ្វើនូវ​សេចក្តី​អន្តរាយ​ដល់អញ​ឡើយ។

[៦៦៥] (ស្រីមេនំ…) ណ្ហើយចុះ អញនឹងថ្វាយ​នូវកែវមណី​មានរស្មី​ល្អនេះទៅ​វិញចុះ កែវមណី​នេះមាន​ប្រយោជន៍អ្វី​ដល់អញ កាលបើ​ព្រះរាជា​ទ្រង់ព្រះ​នាម​សុតសោម ទ្រង់​ព្រះផ្នួស​ហើយ អញនឹង​ធ្វើ​កែវមណី​នេះ​ដូចម្តេច។

[៦៦៦] (មហាសេនគុត្ត…) បពិត្រព្រះសម្មតិទេព ឃ្លាំងតូច​របស់​ព្រះអង្គ​ពេញ ឃ្លាំងធំ​របស់​ព្រះអង្គ​ពេញ ទាំងផែនដី ព្រះអង្គ​ក៏ទ្រង់​ឈ្នះហើយ សូម​ព្រះអង្គ​ទ្រង់រីករាយ សូម​ព្រះអង្គ​កុំទ្រង់​ព្រះផ្នួស។

[៦៦៧] (ព្រះរាជា…) ឃ្លាំងតូចរបស់ខ្ញុំក៏ពេញ ឃ្លាំងធំ​របស់ខ្ញុំ​ក៏ពេញ ទាំង​ផែនដី ខ្ញុំក៏​បានឈ្នះ​ហើយ ខ្ញុំនឹង​លះបង់​នូវទ្រព្យ​ទាំងនោះ ហើយ​ទៅបួស។

[៦៦៨] (កុលពន្ធនសេដ្ឋី…) បពិត្រព្រះសម្មតិទេព ទ្រព្យរបស់​ទូល​ព្រះបង្គំ​ជា​ខ្ញុំមាន​ច្រើន ទូលព្រះបង្គំ​ជាខ្ញុំ​មិនអាច​នឹងរាប់​បាន ទូល​ព្រះបង្គំ​ជាខ្ញុំ​នឹងថ្វាយ​ទ្រព្យ​ទាំងនោះ​ដល់​ព្រះអង្គ សូមព្រះអង្គ​ទ្រង់ត្រេកអរ សូមកុំ​ទ្រង់​ព្រះផ្នួស។

[៦៦៩] (ព្រះរាជា…) ម្នាលកុលពន្ធនវឌ្ឍនៈ ខ្ញុំដឹងថាទ្រព្យ​របស់​អ្នកមាន​ច្រើន អ្នក​បូជា​ខ្ញុំហើយ ក៏ប៉ុន្តែ​ខ្ញុំប្រាថ្នា​ឋានសួគ៌ ហេតុនោះ ខ្ញុំនឹង​បួស។

[៦៧០] ម្នាលសោមទត្ត ខ្ញុំជាអ្នកអផ្សុកយ៉ាងខ្លាំង សេចក្តី​មិន​ត្រេកអរ (ក្នុងការ​គ្រប់គ្រង​ផ្ទះ) មកគ្រប​សង្កត់​ខ្ញុំហើយ សេចក្តី​អន្តរាយមាន​ច្រើន​ណាស់ ខ្ញុំនឹង​បួសក្នុង​ថ្ងៃនេះ​មិនខាន។

[៦៧១] (ព្រះកនិដ្ឋភាតាព្រះនាម​សោមទត្ត…) បពិត្រព្រះរាជា​ទ្រង់​ព្រះនាម​សុតសោម បព្វជ្ជាកម្មនេះ ព្រះអង្គ​ទ្រង់ពេញ​ព្រះទ័យ​ហើយ ឥឡូវនេះ សូម​ព្រះអង្គ​បួសក្នុង​ថ្ងៃនេះចុះ ទាំងទូល​ព្រះបង្គំ​ជាខ្ញុំ​សោតទៀត ក៏នឹង​បួសដែរ (ព្រោះ) ទូលព្រះ​បង្គំជាខ្ញុំ បើវៀរ​ចាកព្រះអង្គ​ហើយ នឹងមិន​អាចឋិត​នៅបាន​ទេ។

[៦៧២] (ព្រះរាជា…) អ្នកឯងមិនអាចនឹងបួស​បានទេ ព្រោះថា បុគ្គល​នីមួយ​ក្នុង​នគរ ឬក្នុង​ជនបទ នឹងមិន​នាំគ្នា​ចំអិន​អាហារ​ឡើយ។

[៦៧៣] (មហាជន…) កាលបើព្រះបាទសុតសោម​ទ្រង់ព្រះផ្នួស​ហើយ តើ​ឥឡូវ​នេះ ពួកយើង​នឹងធ្វើ​ដូចម្តេច​ហ្ន៎។

[៦៧៤] (ព្រះរាជា…) យើងសំគាល់ថា ជីវិតនេះ រមែងរីង​ស្ងួតទៅ ដូច​ទឹកដ៏​តិច (ដែល​គេដាក់) ក្នុង​ពាងធ្លុះ កាលបើ​ជីវិត​តិចយ៉ាង​នេះ កាល​នេះមិន​មែនជា​កាលគួរ​ប្រមាទ​ឡើយ។ យើង​សំគាល់ថា ជីវិត​នេះ រមែង​រីងស្ងួត​ទៅ ដូចទឹក​ដ៏តិច​ក្នុង​ពាងធ្លុះ កាល​ជីវិត​តិចយ៉ាង​នេះ កោតតែ​ជនពាល​ទាំងឡាយ​ប្រមាទ។ ជនពាល​ទាំងនោះ រមែង​ញ៉ាំង​នរក តិរច្ឆាន​កំណើត និង​បេតវិស័យ ឲ្យចំរើន ជាអ្នក​ជាប់ដោយ​គ្រឿងចង គឺតណ្ហា រមែង​ញ៉ាំង​អសុរកាយ​ឲ្យចំរើន។

[៦៧៥] (មហាជន…) គំនរធូលី ហុយឡើងក្នុងទីជិត​បុប្ផកប្រាសាទ ពួក​យើង​សំគាល់​គំនរ​ធូលីនោះ​ថាជា​ព្រះកេសា​ដែល​ព្រះធម្មរាជ ព្រះអង្គ​មានយស របស់យើង ទ្រង់កាត់​ហើយ។

[៦៧៦] ព្រះរាជា ដែលពួកស្រីស្នំហែហមហើយ យាងទៅក្នុងប្រាសាទណា ប្រាសាទនេះ​របស់​ព្រះរាជា​នោះ​ដ៏ដេរដាស​ដោយផ្កាមាស និងកម្រងផ្កា​ផ្សេងៗ។ ព្រះរាជា​ដែលពួក​ព្រះញាតិ​ហែហម​ហើយ យាងទៅ​ក្នុង​ប្រាសាទណា ប្រាសាទនេះ របស់​ព្រះរាជា​នោះ ដ៏ដេរដាស​ដោយ​ផ្កាមាស និង​កម្រងផ្កា​ផ្សេងៗ។ ព្រះរាជា​ដែលពួក​ស្រីស្នំ​ហែហម​ហើយ ទ្រង់យាង​ទៅក្នុង​បន្ទប់​សម្រាប់ផ្ទំណា បន្ទប់​សម្រាប់​ផ្ទំនេះ របស់​ព្រះរាជា​នោះ ដ៏ដេរដាស​ដោយ​ផ្កាមាស និង​កម្រងផ្កា​ផ្សេងៗ។ ព្រះរាជា​ដែលពួក​ញាតិ​ហែហម​ហើយ ទ្រង់យាង​ទៅក្នុង​បន្ទប់​សម្រាប់​ផ្ទំណា បន្ទប់សម្រាប់ផ្ទំនេះ របស់ព្រះរាជា​នោះ ដ៏ដេរដាស​ដោយ​ផ្កាមាស និង​កម្រងផ្កា​ផ្សេងៗ។ ព្រះរាជា​ដែលស្រី​ស្នំ​ហែហម​ហើយ ទ្រង់​យាងទៅ​ក្នុងទី​ព្រៃឈើ​អសោក​ណា ទីព្រៃឈើ​អសោក​នេះ របស់​ព្រះរាជា​នោះ មាន​ផ្ការីកល្អ​សព្វៗ កាល គួរជា​ទី​រីករាយ​ចិត្ត។ ព្រះរាជា​ដែល​ពួកញាតិ​ហែហម​ហើយ ទ្រង់យាង​ទៅ​ក្នុងទី​ព្រៃឈើ​អសោក​ណា ទីព្រៃឈើ​អសោក​នេះ របស់​ព្រះរាជា​នោះ មាន​ផ្ការីកល្អ​សព្វៗ កាល គួរជា​ទី​រីករាយ​ចិត្ត។ ព្រះរាជា​ដែលពួក​ស្រីស្នំ​ហែហម​ហើយ ទ្រង់​យាងទៅ​ក្នុង​ឱទ្យាន​ណា ឱទ្យាននេះ របស់​ព្រះរាជា​នោះ មានផ្កា​រីកល្អ​សព្វៗ កាល គួរជា​ទីរីករាយ​ចិត្ត។ ព្រះរាជា​ដែលពួក​ញាតិហែហម​ហើយ ទ្រង់​យាងទៅ​ក្នុង​ឱទ្យាន​ណា ឱទ្យាន​នេះ របស់​ព្រះរាជា​នោះ មានផ្កា​រីកល្អ​សព្វៗ កាល គួរជា​ទី​រីករាយ​ចិត្ត។ ព្រះរាជា​ដែលពួក​ស្រីស្នំ​ហែហម​ហើយ ទ្រង់យាង​ទៅក្នុង​ព្រៃឈើ​កណិការ​ណា ព្រៃឈើ​កណិការ​នេះ របស់​ព្រះរាជា​នោះ មានផ្កា​រីកល្អ​សព្វៗ កាល គួរជា​ទីរីករាយ​ចិត្ត។ ​ព្រះរាជា​ដែលពួក​ញាតិហែហម​ហើយ ទ្រង់យាង​ទៅក្នុង​ព្រៃឈើ​កណិការ​ណា ព្រៃឈើ​កណិការ​នេះ របស់​ព្រះរាជា​នោះ មានផ្កា​រីកល្អ​សព្វៗ កាល គួរជា​ទីរីករាយ​ចិត្ត។ ព្រះរាជា​ដែលពួក​ស្រីស្នំ​ហែហម​ហើយ ទ្រង់យាង​ទៅ​ក្នុងព្រៃ​ច្រនៀង​ណា ព្រៃ​ច្រនៀង​នេះ របស់​ព្រះរាជា​នោះ មានផ្កា​រីកល្អ​សព្វៗ កាល គួរជា​ទីរីករាយ​ចិត្ត។ ព្រះរាជា​ដែលពួក​ញាតិហែហម​ហើយ ទ្រង់យាង​ទៅ​ក្នុងព្រៃ​ច្រនៀង​ណា ព្រៃ​ច្រនៀង​នេះ របស់​ព្រះរាជា​នោះ មាន​ផ្ការីកល្អ​សព្វៗ កាល គួរជា​ទីរីករាយ​ចិត្ត។ ព្រះរាជា​ដែល​ពួក​ស្រីស្នំ ហែហម​ហើយ ទ្រង់យាងទៅ​ក្នុង​ព្រៃស្វាយ​ណា ព្រៃស្វាយ​នេះ របស់​ព្រះរាជា​នោះ មាន​ផ្ការីកល្អ​សព្វៗ កាល គួរជា​ទីរីករាយ​ចិត្ត។ ព្រះរាជា​ដែល​ពួកញាតិ​ហែហម​ហើយ ទ្រង់​យាងទៅ​ក្នុងព្រៃស្វាយ​ណា ព្រៃស្វាយ​នេះ របស់​ព្រះរាជា​នោះ មានផ្កា​រីកល្អ​សព្វៗ កាល គួរជា​ទីរីករាយ​ចិត្ត។ ព្រះរាជា​ដែល​ពួកស្រីស្នំ​ហែហម​ហើយ ទ្រង់​យាងទៅ​ក្នុង​ស្រះបោក្ខរណី​ណា ស្រះបោក្ខរណី​នេះ របស់​ព្រះរាជា​នោះ ដ៏ដេរដាស (ដោយ​ផ្កាជលជាត និង​ផ្កាថលជាត) ដ៏កុះករ​ដោយ​ពួក​អណ្ឌជៈ (គួរជា​ទីរីករាយ​ចិត្ត)។ ព្រះរាជា​ដែល​ពួកញាតិ​ហែហម​ហើយ ទ្រង់យាង​ទៅ​ក្នុង​ស្រះបោក្ខរណីណា ស្រះបោក្ខរណី​នេះ របស់​ព្រះរាជា​នោះ ដ៏ដេរដាស (ដោយ​ផ្កាជលជាត និង​ផ្កាថលជាត) ដ៏​កុះករ​ដោយ​ពួក​អណ្ឌជៈ (គួរជា​ទីរីករាយ​ចិត្ត)។

[៦៧៧] ព្រះរាជាទ្រង់ព្រះនាមសុតសោម បានលះបង់​រាជសម្បតិ្ត​នេះហើយ ក៏​ទ្រង់​ព្រះផ្នួស ទ្រង់​ព្រះពស្ត្រ​កាសាយៈ ស្តេចយាង​ទៅតែ​មួយ​ព្រះអង្គ​ឯង ដូចជា​ដំរីត្រាច់​ទៅតែ​ម្នាក់ឯង។

[៦៧៨] (ព្រះរាជា…) អ្នកទាំងឡាយ កុំរឭក​ការលេង​ដោយ​សេចក្តី​ត្រេកអរ និង​ការសើច​ក្នុងកាល​មុនឡើយ កាម​ទាំងឡាយ​កុំបៀតបៀន​ពួកអ្នក​ឡើយ នគរ​ឈ្មោះ​សុទស្សនៈ ជាទី​គួររីករាយ (អ្នកទាំងឡាយ​កុំរឭក​ឡើយ)។ អ្នក​ទាំងឡាយ ចូរចំរើន​មេត្តចិត្ត រកប្រមាណ​មិនបាន ទាំងថ្ងៃ​ទាំងយប់ ទើបពួក​អ្នកនឹង​ទៅកាន់​ទេពបូរី ដែល​ជាលំនៅ​ពួកអ្នក​មាន​បុញ្ញកម្ម។

ចប់ ចុល្លសុតសោមជាតក ទី៥។

ឧទ្ទាននៃចត្តាលីសនិបាតនោះគឺ

និយាអំពីសេកជាអ្នកប្រាជ្ញ​ឈ្មោះ​ជម្ពុកៈ ១ ពួក​ព្រះរាជា​មាន​កុណ្ឌល ១ ជាតក​នាង​អលម្ពុសា ជាកញ្ញា​ដ៏ប្រសើរ ១ នាគរាជ​មានសិរី​ឈ្មោះ​សង្ខបាល​ដ៏ប្រសើរ ១ អរិន្ទមរាជ​ដ៏ប្រសើរ ព្រះនាម​សុតសោម ១។

ចប់ ចត្តាលីសនិបាត។

ចប់ ភាគ៦០។

 

លេខយោង

1)
មៀមវេស្សន្តរៈ ស្តេចតាំងក្នុងឋានៈជាមហាសេនគុត្ត។
2)
បានជាហៅថា ឥសីសិង្គៈ ព្រោះ​តាបស​នោះ មានពក​ដុះមួយគូ​លើក្បាល ដូចជា​ស្នែងម្រឹគ។ អដ្ឋកថា។
3)
ពួកកូន​ព្រានព្រៃទេ តែហៅថា “ភោជបុត្រ” ប្រែថា កូនមេស្រុក គឺហៅ​ដោយ​សេចក្តី​ស្រឡាញ់​រាប់អាន។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.v17.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann