User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.v22

មហានិបាតជាតក

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat v22 បាលី cs-km: sut.kn.jat.v22 អដ្ឋកថា: sut.kn.jat.v22_att PTS: ?

មហានិបាតជាតក

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២២. មហានិបាតោ)

តេមិយជាតក ទី១

(៥៣៨. មូគបក្ខជាតកំ (១))

[១] (ទេវតាពោលថា) អ្នកកុំប្រកាសនូវភាពជាអ្នកប្រាជ្ញ ចូរឲ្យ​ជនទាំង​ពួងដឹងថា​ជា​មនុស្សល្ងង់ ជនទាំង​អស់ចូរ​មើលងាយ​អ្នកចុះ សេចក្តី​ចំរើននឹង​មាន​ដល់​អ្នកដោយ​វិធី​យ៉ាងនេះ។

[២] (ព្រះមហាសត្វត្រាស់ថា) បពិត្រទេវតា អ្នកនិយាយពាក្យណា​នឹងខ្ញុំ ខ្ញុំនឹង​ធ្វើតាម​ពាក្យរបស់​អ្នកនោះ បពិត្រ​ទេវតា អ្នក​ឈ្មោះថា បា្រថា្ន​នូវសេចក្តី​ចំរើន​ដល់ខ្ញុំ បពិត្រ​ទេវតា អ្នក​ឈោ្មះថា ប្រាថ្នានូវ​ប្រយោជន៍ (ដល់ខ្ញុំ)។

[៣] (ព្រះមហាសត្វ) នែនាយសារថី អ្នកប្រញាប់ប្រញាល់​ជីករណ្តៅ តើព្រោះ​ហេតុអ្វី ម្នាល​សំឡាញ់ អ្នកដែល​ខ្ញុំសួរហើយ ចូរប្រាប់​មកចុះ អ្នកនឹងធ្វើនូវអ្វី​ដោយ​រណ្តៅ។

[៤] (នាយសារថី) ព្រះរាជបុត្តកើតមកហើយ គផង ខ្វិនផង ដូចជា​ឥតចិត្ត ឯខ្ញុំ​នោះ ព្រះរាជា​ទ្រង់ត្រាស់​ប្រើមក​ហើយថា អ្នកត្រូវ​ជីកកប់​កូនអញ​ក្នុងព្រៃចុះ។

[៥] (ព្រះមហាសត្វ) ខ្ញុំមិនថ្លង់ មិនគ មិនខ្វិនទេ មិនមែន​វិកលវិការ​ទេ នែនាយ​សារថី បើអ្នក​កប់ខ្ញុំ​ក្នុងព្រៃ អ្នក​ឈោ្មះថា ធ្វើខុសធម៌ អ្នកចូរមើលភ្លៅ និងដើម​ដៃខ្ញុំ ទាំងចូរ​ស្តាប់សំដី​ខ្ញុំ នែនាយ​សារថី បើអ្នកកប់​ខ្ញុំក្នុងព្រៃ អ្នក​ឈោ្មះថា ធ្វើខុស​ធម៌។

[៦] (នាយសារថី) អ្នកជាទេវតា ឬជាគន្ធព្វ ឬក៏ជា​បុរិន្ទទសក្កទេវរាជ អ្នកជាអ្វី ទាំងជា​កូនអ្នក​ណា យើងនឹង​ស្គាល់អ្នក​បាន​ដោយ​ប្រការ​ដូចម្តេច។

[៧] (ព្រះមហាសត្វ) ខ្ញុំមិនមែនជាទេវតា មិនមែនជា​គន្ធព្វ មិនមែន​ជា​បុរិន្ទទសក្ក​ទេវរាជ​ទេ អ្នកកប់​បុគ្គលណា​ក្នុង​រណ្តៅ បុគ្គលនោះ គឺខ្ញុំ ជាកូន​របស់​ព្រះបាទ​កាសិកៈ អ្នករស់​នៅដោយ​ស្រួល (ព្រោះ​អាស្រ័យ) នូវ​ព្រះរាជា​ណា ខ្ញុំជាកូន​របស់​ព្រះរាជា​នោះ នែ​នាយសារថី បើអ្នក​នឹងកប់ខ្ញុំ​ក្នុងព្រៃ អ្នក​ឈ្មោះថា ធ្វើខុសធម៌ បុគ្គល​គប្បីអង្គុយ ឬដេក​ក្រោមម្លប់​ឈើណា មិនគប្បី​កាច់បំបាក់​មែកឈើ​នោះទេ ព្រោះថា​អ្នក​ទ្រុស្តមិត្រ ជា​មនុស្ស​លាមក នែនាយ​សារថី ព្រះរាជាទុក​ដូចជា​ដើមឈើ ខ្លួនខ្ញុំទុក​ដូចជា​មែកឈើ​ដែរ អ្នកឯង​ទុកដូច​បុរស ដែលចូល​ទៅ​ជ្រកក្រោម​ម្លប់ឈើ​ដូច្នោះ នែ​នាយសារថី បើអ្នក​កប់ខ្ញុំ​​ក្នុងព្រៃ អ្នកឈោ្មះថា ធ្វើខុស​ធម៌។

[៨] បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះ​បើចេញ​ផុតអំពី​ផ្ទះ​របស់​ខ្លួនហើយ ជាអ្នក​មាន​ភក្ខាហារ​ច្រើន ជនច្រើន​នាក់តែង​ចិញ្ចឹមជីវិត (អាស្រ័យ) បុគ្គល​នោះ។ បុគ្គលណា មិនទ្រុស្ត​ចំពោះមិត្រ​ទាំងឡាយ បុគ្គលនោះ ទៅកាន់​ជនបទ និគម រាជធានី​ណា ៗ គេតែង​បូជាក្នុង​ទីទាំង​អស់នោះ។ បុគ្គលណា មិន​ទ្រុស្ត​ចំពោះ​មិត្រ​ទាំងឡាយ ពួកចោរ​មិនកំហែង​បុគ្គលនោះ ក្សត្រ ក៏មិន​មើលងាយ​បុគ្គលនោះ បុគ្គល​នោះ រមែង​កន្លងនូវ​សត្រូវ​ទាំងអស់។ បុគ្គលណា មិនទ្រុស្ត​ចំពោះមិត្រ​ទាំងឡាយ បុគ្គលនោះ​មិនខឹង មកកាន់ផ្ទះ​របស់ខ្លួន ជាអ្នកគេ​ទទួល​រីករាយ​ក្នុងរោង​សម្រាប់​ប្រជុំ ជាបុគ្គល​ឧត្តម​របស់ពួក​ញាតិ។ បុគ្គលធ្វើ​សក្ការៈ​ចំពោះ (មិត្រ) រមែង​ត្រូវមិត្រធ្វើ​សក្ការៈ​វិញ ជាអ្នក​គោរព (មិត្រ) រមែង​បាន​សេចក្តី​គោរពវិញ បុគ្គល​មិនប្រទូស្ត​មិត្រ រមែង​ពេញដោយ​គុណ និងកិត្តិសព្ទ។ បុគ្គលអ្នក​បូជាមិត្រ រមែងបាន​ការបូជា​វិញ ជាអ្នក​សំពះមិត្រ រមែងបាន​ការសំពះ​តបវិញ បុគ្គល​មិនប្រទូស្ត​មិត្រ រមែងដល់​នូវយសបរិវារ និង​កិត្តិសព្ទ។ បុគ្គលណា មិនប្រទូស្ត​មិត្រទាំងឡាយ បុគ្គលនោះ រមែង​រុងរឿងដូច​ភ្លើង រុងរឿង​ដូច​ទេវតា ជាអ្នក​មិនលះបង់​ចាក​សិរីឡើយ។ បុគ្គលណា មិនប្រទូស្ត​មិត្រ​ទាំងឡាយ គោទាំងឡាយ​របស់​បុគ្គលនោះ សម្រាល​កូនដោយ​ស្រួល ពូជដែល​បុគ្គល​នោះ​សាបព្រោះ​ក្នុងស្រែ រមែងដុះដាល បុគ្គលនោះ រមែង​បរិភោគផ្លែ​នៃពូជ​ទាំងឡាយ ដែល​ខ្លួន​សាបព្រោះ​ហើយ។ បុគ្គលណា មិនប្រទូស្ត​មិត្រទាំងឡាយ បុគ្គលនោះ សូម្បី​ធា្លក់ទៅ​ក្នុង​ជ្រោះក្តី អំពី​ភ្នំក្តី អំពី​ដើមឈើក្តី ធា្លក់ហើយ រមែង​បាន​ទីពឹង។ បុគ្គលណា មិន​ប្រទូស្តមិត្រ​ទាំងឡាយ សត្រូវ​ទាំងឡាយ​គ្របសង្កត់​បុគ្គលនោះ​មិនបាន ដូចខ្យល់​មិនអាច​គ្របសង្កត់​ដើមជ្រៃ ដែលមាន​ឫស និង​ពួរដុះ​ហើយ។

[៩] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តចមក ទូលព្រះបង្គំ​ជាខ្ញុំ នឹងនាំ​ទ្រង់ទៅ​កាន់​ដំណាក់​របស់​ព្រះអង្គ សូមទ្រង់​សោយរាជ្យ​ចុះ សេចក្តី​ចំរើន​នឹង​មាន​ដល់ទ្រង់ ទ្រង់នឹង​ធើ្វអ្វី​ក្នុងព្រៃ។

[១០] (ព្រះមហាសត្វ) នែនាយសារថី រាជសម្បត្តិណា ដែលខ្ញុំ​គប្បី​បានដោយ​អធម្មចរិយៈ ខ្ញុំមិនត្រូវ​ការដោយ​រាជសម្បត្តិ​នោះ ឬដោយ​ជនជាញាតិ ឬក៏​ដោយ​ទ្រព្យ​ទេ។

[១១] (នាយសារថី) បពិត្រព្រះរាជបុត្រ សូមទ្រង់សេ្តច​ទៅអំពីទីនេះ ហើយញ៉ាំង​ទូល​ព្រះបង្គំ​ជាខ្ញុំ ឲ្យបាន​នូវរង្វាន់​ជាទី​ត្រេកអរ បពិត្រ​ព្រះរាជបុត្រ កាលបើ​ព្រះអង្គ​សេ្តចទៅ​ហើយ ព្រះរាជ​បិតា និង​ព្រះមាតា គប្បី​ប្រទាន (រង្វាន់) ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ។ បពិត្រ​ព្រះរាជបុត្រ កាលទ្រង់​ស្តេចទៅ​ហើយ ពួកស្រី​ស្នំ និង​រាជកុមារ ពួកឈ្មួញ និង​ពួកព្រាហ្មណ៍ ជន​ទាំងអម្បាល​នោះ​មានចិត្ត​ត្រេកអរ គប្បីឲ្យ (រង្វាន់​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ)។ បពិត្រ​ព្រះរាជបុត្រ កាលទ្រង់​ស្តេច​ទៅ​ហើយ ពួកហ្មដំរី ពួកពល​រក្សា​ព្រះអង្គ ពួក​ពលរថ ពួក​ថ្មើរជើង ជនទាំង​អម្បាល​នោះ មានចិត្ត​តេ្រកអរ គប្បីឲ្យ (រង្វាន់​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ)។ បពិត្រ​ព្រះរាជបុត្រ កាលទ្រង់សេ្តចទៅ ពួកអ្នក​ជនបទ និង​ពួកអ្នក​និគម មាន​ធញ្ញាហារ​ច្រើន មកប្រជុំគ្នា គប្បីឲ្យ​គ្រឿង​បណ្ណាការ​ទាំងឡាយ​ដល់​ទូល​ព្រះបង្គំ​ជាខ្ញុំ។

[១២] (ព្រះមហាសត្វ…) ខ្ញុំដែលព្រះបិតាមាតា អ្នកដែន អ្នកនិគម និងពួក​រាជកុមារ​ទាំងពួង បាន​លះចោល​ហើយ ផ្ទះរបស់ខ្លួន ខ្ញុំមិនមានទេ។ ខ្ញុំដែល​ព្រះ​មាតាបាន​អនុញ្ញាត​ឲ្យទទួល​រាជ្យ ៧ ថ្ងៃហើយ ខ្ញុំដែល​ព្រះបិតាលះ​ចោល​ស្រឡះ​ហើយ ខ្ញុំនឹងបួស​នៅក្នុង​ព្រៃតែម្នាក់​ឯង មិនប្រាថា្ន​នូវកាម​ទាំងឡាយ​ឡើយ។

[១៣] សេចក្តីប្រាថ្នាជាផល តែងសម្រេចដល់ខ្ញុំកាល​មិនប្រញាប់​ប្រញាល់ (អស់ ១៦ ឆ្នាំ) ខ្ញុំជា​អ្នកមាន​ព្រហ្មចរិយធម៌​ចាស់ក្លាហើយ នែនាយ​សារថី អ្នកចូរដឹង​យ៉ាង​នេះ​ចុះ​។ ប្រយោជន៍​ដ៏ប្រពៃ តែងសម្រេច​ដល់ខ្ញុំ​កាលមិន​ប្រញាប់ប្រញាល់ ខ្ញុំជាអ្នកមាន​ព្រហ្មចរិយធម៌​ចាស់ក្លា​ហើយ ខ្ញុំចេញ​ផុតហើយ នឹងមាន​ភ័យអំពីណា។

[១៤] (នាយសារថី…)​ ទ្រង់នោះមានព្រះបន្ទូលពីរោះ មានព្រះបន្ទូល​ក្បោះក្បាយ​យ៉ាង​នេះ ហេតុអ្វីបាន​ជាទ្រង់​មិនមាន​ព្រះបន្ទូល​ក្នុងសំណាក់​នៃព្រះបិតា ព្រះមាតា​ក្នុង​ពេល​នោះ។

[១៥] (ព្រះមហាសត្វ…) ខ្ញុំមិនមែនខ្វិនព្រោះ​មិនមាន​សន្លាក់ទេ ខ្ញុំមិនមែន​ថ្លង់ព្រោះ​មិនមាន​សោតប្រសាទ​ទេ ខ្ញុំមិនមែន​គ​ព្រោះមិន​មាន​ជិវា្ហប្រសាទ​ទេ អ្នកកុំ​សំគាល់​ខ្ញុំថា ជាមនុស្ស​គឡើយ។ ខ្ញុំរលឹក​ឃើញនូវ​ជាតិមុន ជាជាតិ​ដែល​ខ្ញុំបាន​សោយរាជ្យ លុះខ្ញុំ​បានសោយរាជ្យ​ក្នុងជាតិ​នោះហើយ ក៏ធា្លក់នរក​គួរស្ញើប។ ខ្ញុំ​សោយរាជ្យ​ក្នុង​ជាតិនោះ​អស់ ២០ ឆ្នាំ បានឆេះ​ក្នុងនរក​អស់ ៨ ម៉ឺនឆ្នាំ។ ខ្ញុំខ្លាច​​រាជ្យនោះ កុំឲ្យ​ព្រះមាតា បិតាអភិសេក​ខ្ញុំក្នុងរាជ្យ ព្រោះហេតុនោះ បានជា​ខ្ញុំមិន​និយាយ​ក្នុង​សំណាក់​នៃព្រះបិតា​មាតា​ក្នុងកាល​នោះ។ ព្រះរាជបិតា​បានឲ្យ​ខ្ញុំអង្គុយ​លើព្រះឧរុ ហើយ​ទ្រង់​វិនិច្ឆ័យក្តី​ថា អ្នកទាំងឡាយ ចូរសំឡាប់​ចោរ ១ នាក់ ចូរចង​ចោរ ១ នាក់ (ធ្វើចោរ ១ នាក់) ឲ្យប្រឡាក់ដោយ​ទឹកក្បុង។ ចូរដោតចោរ ១ នាក់​លើ​ឈើស្រួច ព្រះរាជបិតា​ត្រាស់​បង្គាប់​មហាជន ដោយប្រការ​ដូចេ្នះ លុះខ្ញុំ​ស្តាប់នូវវាចា​ដ៏អាក្រក់​នោះ ដែល​ព្រះរាជបិតា ទ្រង់​ត្រាស់​ហើយ។ ខ្ញុំមិនគទេ តែមាន​ភេទដូច​បុគ្គលគ​ ខ្ញុំមិន​ខ្វិនទេ តែសន្មត​ថាដូច​ជាខ្វិន ខ្ញុំបាននៅជ្រមុជ​ជ្រមុលក្នុង​មូត្រ និងករីស​របស់ខ្លួន។ ជីវិត (របស់សត្វ) លំបាកផង តិចផង ជីវិតនោះ ប្រកប​ដោយទុក្ខ បុគ្គលណា​អាស្រ័យ​នូវជីវិត​នេះហើយ គប្បី​ធ្វើនូវ​ពៀរ​ដោយ​ហេតុណានីមួយ។​ បុគ្គលណា​អាស្រ័យនូវ​ជីវិតនេះ​ហើយ គប្បីធ្វើ​នូវពៀរ​ដោយ​ហេតុ​ណានីមួយ ព្រោះមិន​បានបញ្ញាផង ព្រោះមិន​ឃើញធម៌​ផង។ សេចក្តី​ប្រាថា្ន​ជាផល តែងសម្រេច​ដល់ខ្ញុំកាល​មិនប្រញាប់​ប្រញាល់ ខ្ញុំជា​អ្នកមាន​ព្រហ្មចរិយធម៌​ចាស់​ក្លា​ហើយ នែនាយ​សារថី អ្នកចូរ​ដឹងយ៉ាង​នេះចុះ។ ប្រយោជន៍​ដ៏ប្រពៃ តែងសម្រេច​ដល់ខ្ញុំ កាលមិន​ប្រញាប់​ប្រញាល់ ខ្ញុំជា​អ្នកមាន​ព្រហ្មចរិយធម៌​ចាស់ក្លាហើយ ខ្ញុំចេញ​ផុតហើយ នឹងមាន​ភ័យអំពី​ណា។

[១៦] (នាយសារថី) បពិត្រព្រះរាជបុត្រ ទូលព្រះបង្គំជាខ្ញុំ​នឹងបួស​ក្នុងសំណាក់​ព្រះអង្គ បពិត្រ​ព្រះរាជបុត្រ​ដ៏ចំរើន សូមទ្រង់​ត្រាស់ហៅ​ទូលព្រះបង្គំ​ជាខ្ញុំ (ឲ្យបួសផង) ទូល​ព្រះបង្គំជាខ្ញុំ ​ពេញចិត្ត​នឹងបព្វជា្ជ​ដែរ។

[១៧] (ព្រះមហាសត្វ) នែនាយសារថី អ្នកចូរប្រគល់នូវរថ ហើយ​ជាអ្នក​មិនមាន​បំណុល សឹមមកចុះ ព្រោះថា បព្វជ្ជា (រមែងសម្រេច) ដល់បុគ្គល​មិនមាន​បំណុល បព្វជា្ជ​កម្មនេះ ពួកឥសី​សរសើរ​ហើយ។

[១៨] (នាយសារថី) សេចក្តីចំរើន ចូរមានដល់ទ្រង់ ពាក្យណា​ដែលទ្រង់​បានថ្លែង​ហើយ ទូលព្រះបង្គំ​ជាខ្ញុំនឹង​ធ្វើតាម​ពាក្យនោះ ទ្រង់ដែល​ទូលព្រះបង្គំជាខ្ញុំ​អង្វរហើយ គួរ​ធ្វើ​តាមពាក្យ​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​នោះផង។ សូមទ្រង់​ស្តេចគង់​នៅក្នុងទីនេះ ដរាប​ដល់​ទូល​ព្រះបង្គំ​ជាខ្ញុំ​នាំព្រះរាជា​មកដល់ ព្រះបិតា​របស់​ទ្រង់ទត​ឃើញ​ហើយ សមជា​មាន​ព្រះហឫទ័យ​ត្រេកអរ​រីករាយ។

[១៩] (ព្រះមហាសត្វ) នែនាយសារថី អ្នកនិយាយពាក្យ​ណានឹងខ្ញុំ ៗ នឹង​ធ្វើតាម​ពាក្យរបស់​អ្នកនោះ ឯខ្ញុំ​មានបំណង​ដើម្បីជួប​ព្រះបិតា​របស់ខ្ញុំ ដែលទ្រង់​សេ្តច​យាងមក​ក្នុង​ទីនេះ​ដែរ។ ម្នាលសំឡាញ់ អ្នកទៅហើយ​ចូរមកវិញ ចូរត្រឡប់ទៅ​​សិនចុះ អ្នកប្រាប់​នូវសេចក្តី​សុខដល់​ញាតិទាំងឡាយ អ្នកដែល​ខ្ញុំបា្រប់ហើយ គប្បីក្រាប​ទូលនូវ​ការថា្វយបង្គំ​ចំពោះ​ព្រះមាតាបិតា។

[២០] (អភិសម្ពុទ្ធគាថា) នាយសារថី ចាប់ព្រះបាទានៃព្រះមហាសត្វនោះ ហើយក៏​ធ្វើ​ប្រទក្សិណព្រះមហាសត្វនោះ រួចឡើងជិះរថ បរចូល​ទៅកាន់​រាជទា្វរ។

[២១] ព្រះមាតាទតឃើញរថទទេ ក៏មានព្រះនេត្រ​ដ៏ពេញ​ពោរដោយ​ព្រះអស្សុ ទ្រង់​ព្រះកន្សែង មៀងមើលទៅ​នាយសារថី​នោះ ដែលមក​វិញតែឯង ដោយ​គិតថា នាយ​សារថីនេះ សម្លាប់​កូនបង្កើត​របស់អញ ហើយ​មកវិញ។ កូនរបស់​អញ ចំរើនផែនដី នាយ​សារថី​កប់ក្នុង​ផែនដី​ដោយពិត ពួកសត្រូវ​រមែងត្រេកអរ​ដោយពិត ពួកជន​មាន​ពៀរ ត្រេកអរ​ហើយ​ដោយពិត ព្រោះឃើញ​នាយសារថី​សម្លាប់​កូនបង្កើត​របស់អញ ហើយ​មក​វិញ។ ព្រះមាតាទត​ឃើញ​រថទទេ ក៏មាន​ព្រះនេត្រ​ដ៏ពេញពោរ​ដោយ​ព្រះអស្សុ ទ្រង់​ព្រះ​កន្សែង សួរទៅនាយ​សារថីនោះ ដែលមក​វិញតែ​ម្នាក់ឯង​ថា កូនរបស់​ខ្ញុំនោះ​ ជា​មនុស្ស​គឬអ្វី ជាមនុស្ស​ខ្វិនឬអ្វី កាលអ្នក​កប់ក្នុង​ផែនដី ក្នុងកាលនោះ កូនរបស់ខ្ញុំ​ពិលាប​ដែរឬ ម្នាល​នាយ​សារថី អ្នកចូរប្រាប់​នូវរឿងនោះ​ដល់ខ្ញុំ។ (កូនរបស់ខ្ញុំនោះ) ជា​មនុស្សគ ជា​មនុស្ស​ខ្វិន កាលអ្នកកប់​ក្នុងផែនដី បាន​កម្រើកដៃ និងជើង​ដូច​មេ្តច​ដែរ (ម្នាលនាយ​សារថី) អ្នកដែល​ខ្ញុំសួរ​ហើយ ចូរប្រាប់​រឿងនោះ។

[២២] (នាយសារថី) បពិត្រព្រះនាងជាម្ចាស់ (បើ) ព្រះនាងឲ្យអភ័យ​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ ហេតុណា​ដែលខ្ញុំ​បានឮ​ហើយ ឬបាន​ឃើញហើយ ក្នុងសំណាក់​នៃ​ព្រះរាជបុត្រ ទូលព្រះ​បង្គំ​ជាខ្ញុំនឹង​ក្រាបទូល​នូវហេតុ​នោះ​ដល់ព្រះនាង។

[២៣] (ព្រះរាជទេវី) មា្នលសារថីសំឡាញ់ ខ្ញុំឲ្យអភ័យដល់អ្នក ហេតុណា​ដែល​អ្នកបាន​ឮហើយ ឬបាន​ឃើញហើយ​ក្នុងសំណាក់​នៃ​ព្រះរាជាបុត្រ អ្នកកុំ​ភិតភ័យ ចូរប្រាប់​នូវហេតុ​នោះចុះ។

[២៤] (នាយសារថី) ព្រះរាជបុត្រនោះ មិនមែនគទេ ព្រះរាជបុត្រ​នោះ មិនមែន​ខ្វិន​ទេ ឯព្រះ​រាជបុត្រ​នោះ មានព្រះបន្ទូល​ក្បោះក្បាយ​ បានឮថា ព្រះរាជបុត្រ​នោះ ទ្រង់​ខ្លាចរាជ្យ ទើបបាន​ជាធ្វើនូវ​ពុតត្បុត​ច្រើនយ៉ាង។ ព្រះរាជបុត្រ​នោះ ទ្រង់រឭក​ឃើញនូវ​ជាតិមុន ជាជាតិ​ដែលបាន​ទ្រង់​សោយរាជ្យ លុះ​សោយរាជ្យ​ក្នុងទីនោះ​ហើយ ធ្លាក់នរក​គួរស្ញែង។ ព្រះរាជបុត្រ​នោះ បាន​សោយរាជ្យ​ក្នុងទីនោះ​អស់ ២០ ឆ្នាំគត់ បានឆេះ​ក្នុង​នរក​អស់ ៨ ម៉ឺនឆ្នាំ។ ព្រះរាជបុត្រ​នោះ ទ្រង់ខ្លាច​រាជ្យ​នោះហើយ​ (ក៏តាំង​ព្រះរាជហ្ឫទ័យ​ថា) ព្រះរាជ​មាតាបិតា កុំអភិសេក​អញក្នុង​រាជ្យ ព្រោះហេតុនោះ ទើប​ព្រះរាជ​បុត្រមិន​មាន​បន្ទូល​ក្នុងសំណាក់​នៃព្រះបិតា និង​ព្រះមាតា​ក្នុងកាល​នោះ។ ព្រះរាជបុត្រ​នោះ បរិបូណ៌​ដោយអវយវៈ​តូចធំ មាន​កំពស់ និងទំហំ​ (ដ៏ស៊ប់សួន) មាន​ព្រះបន្ទូល​ដ៏ក្បោះក្បាយ មានបញ្ញា ទ្រង់ឋិត​នៅក្នុង​ផ្លូវសួគ៌។ បើព្រះនាង​មានប្រាថា្ន​ដើម្បី​ឃើញ​ព្រះ​រាជបុត្រ ជាកូន​បង្កើត​របស់​ព្រះនាង សូមព្រះនាង​យាងទៅចុះ តេមិយកុមារ​គង់នៅ​ក្នុងទីណា ទូល​ព្រះបង្គំ​ជាខ្ញុំនឹង​នាំព្រះនាង​ឲ្យដល់ទីនោះ។

[២៥] (ព្រះបាទកាសិកៈ) នាយសារថីទាំងឡាយ ចូរទឹមសេះ​ក្នុងរថ អ្នកទាំងឡាយ ចូរចង​ដង្គន់នាដំរី ស័ង្ខ និងស្គរ ចូរលាន់​សំឡេង​ឡើង ស្គរមាន​មុខតែម្ខាង ចូរលាន់​សំឡេង​​ឡើង។ ស្គរដែល​គេពាសល្អ​ហើយ ចូរបន្លឺ​សំឡេង ស្គរមាន​សំឡេង​ពីរោះ ចូរលាន់​សំឡេង​ឡើង ទាំងពួក​អ្នកនិគម ចូរទៅ​តាមយើងចុះ យើង​នឹងទៅ​ឲ្យឱវាទ​ដល់កូន​របស់​យើង។ ពួកស្រីស្នំ និងរាជកុមារ ពួកឈ្មួញ និងពួក​ព្រាហ្មណ៍ ចូរនាំគ្នា​ទឹម​យានឲ្យឆាប់ យើងនឹង​ទៅឲ្យ​ឱវាទដល់​កូនរបស់​យើង។​ ពួកហ្មដំរី ពួកពលសេះ ពួកពលរថ ពួកពល​ថ្មើរជើង ចូរនាំគ្នាទឹម​យានឲ្យ​ឆាប់ យើងនឹងទៅ​ឲ្យឱវាទ​ដល់កូន​របស់​យើង។ អ្នកជនបទ​មកប្រជុំគ្នា ទាំងអ្នក​និគម ក៏មកប្រជុំគ្នា ហើយចូរ​ទឹមនូវយាន​ឲ្យឆាប់ យើងនឹង​ទៅឲ្យឱវាទ​ដល់កូន​របស់​យើង។

[២៦] (អភិសម្ពុទ្ធគាថា) ឯពួកនាយសារថី (បាននាំយក) នូវសេះសិន្ធព​ទាំងឡាយ ជាពាហនៈ​មានសន្ទុះ​ដ៏លឿន ដែលទឹម​ហើយ ចូលមកកាន់​រាជទ្វារ (ក្រាបបង្គំ​ទូល​ថា) បពិត្រ​ព្រះសម្មតិ​ទេព សេះទាំងឡាយ​នេះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ទឹមរួច​ហើយ។

[២៧] (ព្រះរាជា) ពួកសេះធាត់ៗ រមែងសាបសូន្យ​ចាកសន្ទុះ ពួក​សេះស្គមៗ រមែង​សាបសូន្យ​ចាកកំឡាំង អ្នកទាំងឡាយ ត្រូវវៀរបង់​នូវពួកសេះ​ស្គម និងសេះ​ធាត់ចេញ ហើយ​ទឹមតែពួក​សេះដែល​ប្រកប (ដោយវ័យ សម្បុរ សន្ទុះ កំឡាំង) វិញ។

[២៨] លំដាប់នោះ ព្រះរាជាទ្រង់ប្រញាប់ប្រញាល់​ឡើងគង់រថ ដែល​នាយសារថី​ទឹមហើយ ទ្រង់តា្រស់​ទៅនឹង​ស្រ្តីស្នំថា នាងទាំង​អស់គ្នា ចូរទៅ​តាម​យើងចុះ។ នាងទាំង​ឡាយចូរ​ប្រដាប់​ដោយមាស​ទាំងឡាយ ហើយកាន់​មកនូវផ្លិត មកុដ ព្រះខាន់ សេ្វតច្ឆត្រ និង​សែ្បកជើង រួចឡើង​ជិះរថមក។ បន្ទាប់ពី​នោះមក ព្រះរាជា​បានឲ្យ​នាយសារថី​ដើរ​មុខ ហើយ​ទ្រង់ស្តេចយាងទៅ តេមិយកុមារ​នៅក្នុង​ទីណា ក៏យាងទៅក្នុង​ទីនោះ​យ៉ាងឆាប់។

[២៩] តេមិយៈទតឃើញព្រះបិតានោះ កំពុងសេ្តចយាងមក ហាក់ដូច​ជារុងរឿង​ដោយតេជះ ដែលពួក​អាមាត្យ​អ្នកកាន់​ព្រះខាន់​ហែហមហើយ ទើបត្រាស់​សួរ​ព្រះបិតា​នោះ​ថា បពិត្រ​ព្រះបិតា ព្រះអង្គមាន​សេចក្តីសុខ​សប្បាយ​ទេឬ បពិត្រ​ព្រះបិតា ព្រះអង្គ​មិន​មាន​ព្រះអាពាធ​ទេឬ រាជកញ្ញា​ទាំងអស់ ជាព្រះមាតា​របស់​ខ្ញុំ​មិនមានរោគ​ទេឬ។

[៣០] (ព្រះវរបិតា) នែកូន ខ្ញុំសុខសប្បាយទេ នែកូន ខ្ញុំមិនមាន​ជំងឺដម្កាត់​ទេ រាជកញ្ញា​ទាំងអស់​​ជាមាតា​របស់អ្នក មិនមាន​រោគទេ។

[៣១] (មហាសត្វ) បពិត្រព្រះបិតា ព្រះអង្គមិនសោយ​ទឹកស្រវឹងទេឬ សុរាមិន​ពេញ​ព្រះទ័យ​របស់ព្រះអង្គទេឬ ព្រះទ័យ​របស់​ព្រះអង្គ ត្រេកអរ​ក្នុងសច្ចៈ​ ក្នុងធម៌ និង​ក្នុង​ទានដែរឬ។

[៣២] (ព្រះវរបិតា) នែកូន ខ្ញុំមិនផឹកទឹកស្រវឹងទេ មួយទៀត សុរាមិន​ពេញចិត្ត​ខ្ញុំទេ ឯចិត្ត​របស់ខ្ញុំ តែងត្រេកអរ​ក្នុងសច្ចៈ ក្នុងធម៌ និងក្នុងទាន។

[៣៣] (មហាសត្វ) យានរបស់ព្រះអង្គមិនខូចទេឬ វាហនៈ​របស់ព្រះអង្គ​តែង​ប្រព្រឹត្ត​ទៅបានដែរឬ ព្យាធិទាំងឡាយ​ជាគ្រឿង​ដុតកំដៅ​សរីរៈ មិនមាន​ដល់​ព្រះអង្គ​ទេឬ។

[៣៤] (ព្រះវរបិតា) ឯយានរបស់ខ្ញុំឥតមានខូចទេ វាហនៈ​របស់​ខ្ញុំក៏ប្រព្រឹត្ត​ទៅបាន​ដោយស្រួល ព្យាធិ​ទាំងឡាយ​ជាគ្រឿង​ដុតកំដៅ​សរីរៈ មិនមាន​ដល់ខ្ញុំទេ។

[៣៥] (មហាសត្វ) ជនបទនៅទីប្រទល់ដែន​របស់​ព្រះអង្គ (ស្រុក និងនិគម) របស់​ព្រះអង្គ​ទាំងមូ​ល ដែលតាំងនៅ​កណ្តាលផែនដី​ ជាស្រុក​សម្បូណ៌ដែរឬ ឃ្លាំង និង​ជង្រុក ព្រះអង្គ​បាន​តម្កល់ទុកស្រួល​បួលទេឬ។

[៣៦] (ព្រះវរបិតា) ជនបទនៅទីប្រទល់ដែន​របស់ខ្ញុំ (ស្រុក និងនិគម) ទាំងមូ​ល​របស់ខ្ញុំ ដែលតាំង​នៅកណ្តាល​ដែន ជាស្រុក​សម្បូណ៌ ឃ្លាំង និងជង្រុក​ទាំងអស់ ខ្ញុំបាន​តម្កល់​ទុកស្រួល​បួលហើយ។

[៣៧] (មហាសត្វ) បពិត្រមហារាជ ព្រះអង្គសេ្តចយាងមកល្អ​ហើយ មួយទៀត ព្រះអង្គ​ស្តេចមក មិនមែន​អាក្រក់ទេ រាជបុរស​ចូររៀប​ចំបល្ល័ង្ក​ជាទីគង់​របស់ព្រះរាជា។

[៣៨] ព្រះអង្គគង់លើកម្រាលស្លឹកឈើ ដែលគេតែង​តាំងហើយ សូមព្រះអង្គ យកទឹក​អំពីទីនេះ លាង​ព្រះបាទា​របស់ព្រះអង្គចុះ។

[៣៩] បពិត្រព្រះរាជា ស្លឹកនេះដែលអាត្មាភាពចម្អិន​ហើយ ជារបស់​មិនមានរស​ប្រៃ បពិត្រ​មហារាជ្យ សូមព្រះអង្គ​សេ្តចសោយចុះ ព្រះអង្គ​ទើបស្តេច​យាងមក​ដល់ ទុក​ជា​ភ្ញៀវរបស់​អាត្មាភាព។

[៤០] (ព្រះវរបិតា) ខ្ញុំមិនបរិភោគស្លឹកនេះទេ ព្រោះស្លឹក​ឈើនេះ មិនមែនជា​ភោជន​របស់ខ្ញុំ ខ្ញុំបរិភោគ​តែបាយ​នៃស្រូវសាលី ដែលលាយ​ដោយសាច់​ដ៏ស្អាត។

[៤១] សេចក្តីអស្ចារ្យកើតប្រាកដដល់ខ្ញុំ ព្រោះឃើញ (លោក) នៅស្ងាត់​តែមា្នក់​ឯង កាល​លោកបរិភោគ​ភោជនបែបនេះ សម្បុរនៅ​តែស្រស់ថ្លា​ដោយហេតុ​ដូចមេ្តច។

[៤២] (មហាសត្វ) បពិត្រព្រះរាជា អាត្មាភាពម្នាក់​ឯង សិងលើកម្រាល​ស្លឹក ដែល​តាំងទុក​ហើយ បពិត្រ​ព្រះរាជា វណ្ណៈរបស់​អាត្មាភាព​ស្រស់ថ្លា​ដោយ​ដំណេក​ម្នាក់​ឯង​នោះ ។ ពួកអ្នក​រក្សាព្រះរាជា ដែល​សៀតព្រះខាន់ មិនប្រាកដ​ដល់​អាត្មាភាព​ទេ បពិត្រ​ព្រះរាជា វណ្ណៈ​របស់អាត្មាភាព ថ្លាស្រស់​ដោយ​ដំណេក​ម្នាក់ឯង​នោះ។ អាត្មាភាព មិនតាម​សោក និងអារម្មណ៍​ដែលកន្លង​ហើយ មិនប្រាថា្ន​នូវអារម្មណ៍​ដែល​មិនទាន់​មក​ដល់ ញ៉ាំង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅ​ដោយវត្ថុ​ដែលលើក​ឡើងចំពោះ​មុខ ហេតុនោះ បានជា​វណ្ណៈរបស់​អាត្មាភាព រមែងថ្លា​ស្រស់។ ជនពាល​ទាំងឡាយ តែងរីងស្ងួត ព្រោះសេចក្តី​ប្រាថា្ន​អារម្មណ៍​​ដែលមិន​ទាន់មកដល់ ព្រោះសេចក្តី​តាមសោក​ស្តាយ​អារម្មណ៍​ដែល​កន្លង​ទៅ​ហើយនេះ ដូចជា​ដើមបបុស​មាន​សម្បុរខៀវ ដែល​គេដក​ហាលថ្ងៃ​ដូចោ្នះ។

[៤៣] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យនូវពលដំរី ពលរថ ពលសេះ ពលថើ្មរជើង ពួកជន​ពាក់គ្រឿងក្រោះ និង​និវេសនដ្ឋាន​ទាំងឡាយ ជាទី​ត្រេកអរ​ដល់អ្នក។ មួយទៀត ខ្ញុំឲ្យ​នូវស្រីស្នំ​ដែល​ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង​ដល់អ្នក នែកូន ចូរអ្នក​គ្រប់គ្រង​នូវស្រ្តី​ទាំងនោះចុះ អ្នកជា​ព្រះរាជា​របស់យើង។ ស្រ្តីរបាំ ជាអ្នក​ឈ្លាសក្នុង​ការរាំ និង​ច្រៀង បានសិក្សា (ក្នុងកិច្ចស្រ្តី) ញ៉ាំង​អ្នកឲ្យ​ត្រេកអរ​ក្នុង​កាម អ្នកនឹង​ធ្វើអ្វីក្នុង​ព្រៃ។ ខ្ញុំ​នឹងនាំ​យក​រាជកញ្ញា​ដែលមាន​ខ្លួនប្រដាប់​ហើយ​អំពី​ពួកព្រះរាជា​ដទៃ​ដល់អ្នក អ្នកចូរ​ញ៉ាំង​កូន​ទាំងឡាយ ឲ្យកើត​ក្នុងស្រ្តីទាំងនោះ ហើយ​សិមបួស​ក្នុងកាល​ជាខាង​ក្រោយ។ អ្នកនៅ​កេ្មងកម្លោះ ប្រកបដោយ​បឋមវ័យ មានសក់​ខ្មៅស្រិល ចូរ​សោយរាជ្យ សេចក្តី​ចំរើន​នឹងមាន​ដល់អ្នក អ្នកនឹង​ធ្វើអ្វីក្នុងព្រៃ។

[៤៤] (មហាសត្វ) បុគ្គលនៅកម្លោះ គប្បីប្រព្រឹត្ត​ព្រហ្មចរិយធម៌ បុគ្គល​អ្នកប្រព្រឹត្ត​ព្រហ្មចរិយធម៌ គប្បីជាកម្លោះ ព្រោះថា បព្វជ្ជា​របស់បុគ្គល​នៅកម្លោះ​នេះ ពួក​ឥសី​ទាំងឡាយ​សរសើរ​ហើយ។ បុគ្គល​នៅកម្លោះ គប្បីប្រព្រឹត្ត​ព្រហ្មចរិយធម៌ បុគ្គល​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ គប្បីនៅ​កម្លោះ អាត្មាភាព នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ អាត្មាភាព មិន​ត្រូវការ​ដោយ​រាជ្យទេ។ បពិត្រ​ព្រះមាតា និងបិតា អាត្មាភាព​ឃើញនរជន​នៅក្មេង ទើបនឹង​ចេះនិយាយ ជាកូន​ជាទី​ស្រឡាញ់​ដែល​មាតាបិតា​បានដោយ​លំបាក មិនទាន់​ចាស់​គ្រាំគ្រា ហើយស្លាប់។ អាត្មាភាព ឃើញនាង​កុមារី​មានសម្បុរ​ដូចមាស ដែល​មច្ចុរាជ​ចាប់ដក​ក្ស័យជីវិត​ហើយ ដូច​ជាដក​នូវទំពាំង​ឫស្សី​ដ៏ខ្ចី។ នរជន​ទាំងឡាយ ឬនាង​នារី​ទាំងឡាយ សូម្បីនៅ​ក្មេង ក៏តែងស្លាប់ តើសត្វ​ណា គប្បីទុកចិត្ត​ក្នុងជីវិត​នោះថា អាត្មាអញ​នៅក្មេង​ដូច្នេះ។ អាយុនៃ​កុមារណា មានប្រមាណ​តិច ដោយ​ការកន្លង​ទៅនៃយប់ និងថ្ងៃ ភាពនៃ​ខ្លួនជា​កុមារក្នុង​វ័យនោះ នឹងធ្វើ​ដូចម្តេច​កើត ដូចទី​មានទឹក​តិចរបស់​ត្រី​ទាំងឡាយ។ សត្វលោក ត្រូវសត្រូវ​បៀតបៀន​ជានិច្ចផង ត្រូវសត្រូវ​រួបរិត​ជា​និច្ចផង កាលយប់ និងថ្ងៃ​ទាំងឡាយ​មិនកន្លង​ទៅទទេ​ទេ តើព្រះអង្គ​នឹងអភិសេក​អាត្មាភាព​ក្នុងរាជ្យ​ដូចមេ្តច។

[៤៥] (ព្រះរាជា) សត្វលោកនេះ ត្រូវសត្រូវអ្វីបៀតបៀនផង ត្រូវសត្រូវ​អ្វីរួបរឹតផង ធម្មជាតិ​ដូចមេ្តច មិនកន្លង​ទៅទទេ ខ្ញុំសួរ​ហើយ អ្នកចូរប្រាប់​នូវដំណើរ​នោះ។

[៤៦] (ព្រះមហាសត្វ) សត្វលោកត្រូវមច្ចុបៀតបៀន​ផង ត្រូវជរា​រួបរឹតផង

រាត្រី​ទាំងឡាយ​ រមែង​កន្លងទៅ​មិនទទេ បពិត្រ​ក្សត្រិយ៍ សូមព្រះអង្គ​ជ្រាប​យ៉ាង​នេះចុះ។ កាល​តម្បាញ​ដែលបុគ្គល​ត្បាញ​របស់ណា ៗ ដែលបុគ្គល​នឹងត្បាញ​របស់ដែល​ត្រូវ​ត្បាញ (នោះៗ)​ ជារបស់​នៅសល់​តិច យ៉ាងណា​មិញ ជីវិតរបស់​សត្វទាំងឡាយ ក៏យ៉ាង​នោះដែរ។ ផ្លូវទឹក​ដ៏ពេញ កាលហូរទៅ មិនត្រឡប់ថយ​ក្រោយវិញ យ៉ាងណាមិញ អាយុរបស់​មនុស្ស​ទាំងឡាយ កាលកន្លងទៅ មិន​ត្រឡប់វិញ​ យ៉ាងនោះដែរ។ ផ្លូវទឹក​ដ៏ពេញ គប្បីបន្សាត់​ទៅនូវដើមឈើ​ទាំងឡាយ ដែលដុះ​ក្បែរច្រាំង យ៉ាងណាមិញ សត្វទាំងអស់ ត្រូវជរា និងមរណៈ​បន្សាត់​ទៅ​ក៏យ៉ាង​នោះដែរ។

[៤៧] (ព្រះវរបិតា) នែកូន ខ្ញុំនឹងឲ្យពលដំរី ពលរថ ពលសេះ ពលថ្មើរជើង ពួកពល​ពាក់គ្រឿង​ក្រោះ និងនិវេសនដ្ឋាន​ទាំងឡាយ ជាទីត្រេកអរ​ដល់អ្នក។ មួយ​ទៀត យើងនឹងឲ្យ​ស្រ្តីស្នំដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការទាំងពួង​ដល់អ្នក នែកូន អ្នកចូរ​គ្រប់​គ្រងពួកស្រ្តី​ទាំងនោះ​ចុះ អ្នកនឹងជារាជារបស់យើង ស្រ្តីរបាំ​ជាអ្នកឈ្លាសក្នុង​ការរាំ និងច្រៀង សិក្សា (ក្នុងកិច្ចរបស់ស្រ្តី) នឹងញ៉ាំងអ្នក​ឲ្យត្រេកអរ​ក្នុងកាម អ្នកនឹង​ធ្វើអ្វី​ក្នុង​ព្រៃ។ យើងនឹងនាំ​យកពួករាជកញ្ញា​ដែលមានខ្លួន​ប្រដាប់​ហើយ អំពីពួក​ព្រះរាជា​ដទៃ​ដល់​អ្នក អ្នកញ៉ាំង​កូនទាំងឡាយ​ឲ្យកើត​ក្នុងពួកនាង​កញ្ញា​ទាំងនោះ ហើយសិមបួស​ក្នុង​កាលជា​ខាង​ក្រោយចុះ។ អ្នកនៅកេ្មង​កម្លោះ ប្រកបដោយ​បឋមវ័យ មាន​សក់​ខ្មៅ​ស្រិល ចូរ​សោយរាជ្យ​ចុះ សេចក្តី​ចំរើននឹង​មានដល់អ្នក អ្នកនឹង​ធ្វើអ្វីក្នុងព្រៃ។ នែកូន ខ្ញុំនឹងឲ្យ​ឃ្លាំង ជជ្រុក វាហនៈ ពល និងនិវេសនដ្ឋាន​ទាំងឡាយ ជាទី​ត្រេកអរ​ដល់អ្នក។ អ្នក​ដែលក្រុម​នៃរាជកញ្ញា​មានចំណែក​ដ៏ល្អចោម​រោមហើយ មានពួក​នៃខ្ញុំស្រ្តីហែ​ហម​ហើយ ​ចូរសោយរាជ្យ​ចុះ សេចក្តីចំរើននឹង​មានដល់អ្នក អ្នកនឹងធើ្វ​អ្វីក្នុងព្រៃ។

[៤៨] (ព្រះមហាសត្វ) ប្រយោជន៍អ្វីដោយទ្រព្យដល់អាត្មាភាព ព្រោះទ្រព្យ​តែង​អស់ទៅ ប្រយោជន៍អ្វី​ដោយភរិយា ព្រោះភរិយា​ក៏គង់ស្លាប់ ប្រយោជន៍​អ្វី​ដោយវ័យ​ដែល​គ្រាំគ្រា ជាវ័យ​ត្រូវជរា​គ្របសង្កត់​ហើយ។ ក្នុងលោក​សន្និវាស​នេះ នៅមាន​សេចក្តី​ត្រេកអរ​អ្វី ការលេង​សើចអ្វី ការរីករាយអ្វី ការស្វែង​រកទ្រព្យអ្វី អាត្មាភាព​ត្រូវការអ្វី​ដោយកូន និងប្រពន្ធ បពិត្រ​ព្រះរាជា អាត្មាភាព​ផុតស្រឡះ​ចាកបំណង​ហើយ។ អាត្មាភាពដឹង​ច្បាស់​​យ៉ាងនេះថា មច្ចុមិនធ្វេស​ប្រហែស​ចំពោះអញឡើយ អាត្មាភាព​នោះ ត្រូវសេចក្តី​ស្លាប់គ្រប​សង្កត់​ហើយ នៅមាន​សេចក្តី​ត្រេកអរ​ដូចមេ្តច ការស្វែង​រកទ្រព្យ​ដូចមេ្តច​​ទៀត។ ផ្លែឈើ​ទុំទាំងឡាយ តែងមាន​ភ័យអំពី​ការជ្រុះ​ជានិច្ច យ៉ាងណាមិញ សត្វទាំង​ឡាយ កើតមក​ហើយ តែងមាន​ភ័យអំពី​សេចក្តីស្លាប់​ជានិច្ច​យ៉ាងនោះដែរ។ ជនជាច្រើន ពួក​ខ្លះដែលគេ​ឃើញ​ក្នុងវេលាព្រឹក តែគេ​មិនឃើញ​ក្នុងវេលា​លា្ងច ជនជាច្រើន​ពួកខ្លះ ដែលគេ​ឃើញក្នុង​វេលាល្ងាច តែគេ​មិនឃើញ​ក្នុងវេលាព្រឹក។ សេចក្តី​ព្យាយាម​ក្នុង​កុសល គេគួរធើ្វ​ក្នុងថ្ងៃ​នេះឯង បុគ្គលណា គប្បីដឹងថា សេចក្តីស្លាប់​​នឹងមាន​ក្នុង​ថ្ងៃស្អែក ដ្បិត​ការបណ្តោះ​បណ្តៃអំពី​សេចក្តីស្លាប់ ដែលមាន​សេនា​ច្រើននោះ មិនមាន​ដល់​យើង​ទេ។ ពួកចោរ​ទាំងឡាយ តែងប្រាថា្ន​ទ្រព្យ បពិត្រ​ព្រះរាជា អាត្មាភាព​ផុតស្រឡះ​ហើយ​អំពី​បំណង បពិត្រ​ព្រះរាជា សូម​ព្រះអង្គមក សូម​ព្រះអង្គ​ត្រឡប់​ព្រះ​ហឫទ័យ​ទៅវិញចុះ អាត្មាភាព​មិនត្រូវការ​ដោយរាជ្យទេ។

ចប់ តេមិយជាតក ទី ១។

មហាជនកជាតក ទី២

(៥៣៩. មហាជនកជាតកំ (២))

[៤៩] (នាងទេវធីតាឈោ្មះមណីមេខលាសួរថា) បុគ្គលណា​នេះ កាលមិនឃើញ​ត្រើយ ក៏ព្យាយាម (ហែល)​ ក្នុងកណ្តាល​សមុទ្រ អ្នកដឹង​នូវអំណាច​នៃប្រយោជន៍​ដូចមេ្តច ក៏ព្យាយាម​ក្រៃពេកម្ល៉េះ។

[៥០] (ព្រះមហាសត្វត្រាស់តបថា) មា្នលទេវតា ខ្ញុំពិចារណា​នូ​វវត្ត​នៃសត្វលោក និង​អានិសង្ស​នៃសេចក្តី​ព្យាយាម ព្រោះហេតុ​ដូចច្នោះ ខ្ញុំសូម្បី​មិនឃើញត្រើយ ក៏នៅតែ​ព្យាយាម​ក្នុងកណ្តាល​សមុទ្រ។

[៥១] (នាងមណីមេខលា) អ្នកមិនឃើញត្រើយនៃសមុទ្រ​ដ៏ជ្រៅ​ប្រមាណមិន​បាន ការព្យាយាម​តាមកម្លាំង​បុរស​របស់អ្នក ជាព្យាយាម​សោះសូន្យ​ទទេ អ្នកមិនដល់​នូវត្រើយទេ មុខជា​នឹងស្លាប់។

[៥២] (ព្រះមហាសត្វ) បុគ្គលធ្វើនូវកិច្ចរបស់បុរស ទើបជា​អ្នកមិនមាន​បំណុល (ក្នុងរវាង) ពួកញាតិ ពួកទេវតា និងពួកបិតា (ព្រហ្ម) ទាំងមិន​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាង​ក្រោយ។

[៥៣] (នាងមណីមេខលា) ការងារណា មិនគប្បីសម្រេច (ដោយ​សេចក្តី​ព្យាយាម​ទេ) ការងារ​នោះ ជារបស់​ឥតផល មានសេចក្តី​លំបាក​ជាកម្រៃ សេចក្តី​ស្លាប់ រមែង​សម្រេច​ដល់បុគ្គល​ណា បុគ្គលនោះ ​មានប្រយោជន៍​ដូចមេ្តច​ដោយ​សេចក្តី​ព្យាយាម​ក្នុងការងារ​នោះ។

[៥៤] (ព្រះមហាសត្វ) ម្នាលទេវតា បុគ្គលណាដឹងច្បាស់ថា ការងារមិនគប្បី​សម្រេច​ដោយពិត ហើយ​មិនរក្សា​ជីវិត​របស់ខ្លួន បុគ្គលនោះ បើបន្ថយ​សេចក្តី​ព្យាយាម គង់ដឹង (នូវផល​នៃសេចក្តី​ខ្ជិលនោះ​មិនខាន)។ ម្នាល​ទេវតា បុគ្គល​ពួកខ្លះ​ក្នុងលោកនេះ (កាលឃើញ) នូវផល​នៃសេចក្តី​ប្រាថា្នហើយ រមែង​ប្រកបនូវ​ការងារ​ទាំងឡាយ ការងារ​ទាំងនោះ សម្រេចខ្លះ មិនសម្រេចខ្លះ។ ម្នាលទេវតា ក្រែងអ្នក​បានឃើញ​ផលនៃកម្មដ៏​ជាក់ច្បាស់​ដោយខ្លួន​ឯងដែរឬ ជនទាំងឡាយ​ដទៃ​លិចលង់​ហើយ ខ្ញុំនៅឆ្លង ទាំងបាន​ឃើញ​នាង ដែលឋិត​នៅក្នុង​ទីជិត​នៃខ្ញុំ។ ខ្ញុំនោះ នឹងព្យាយាម​តាមសម​គួរ​ដល់​សេចក្តី​​អស់អាច និងសម​គួរដល់​កម្លាំង ខ្ញុំកាល​ទៅដល់​ត្រើយនៃ​សមុទ្រ នឹងធ្វើ​នូវសេចក្តី​ព្យាយាម​ដែលបុរស​គប្បីធ្វើ។

[៥៥] (នាងមណីមេខលា) កាលមហាសមុទ្រមានអន្លង់ទឹកដ៏ជ្រៅ​ប្រមាណ​មិន​បាន ប្រព្រឹត្តទៅ​យ៉ាងនេះ អ្នកណា​ប្រកប​ដោយសេចក្តី​ព្យាយាម​ដោយធម៌ រមែង​មិនលិច​ចុះដោយកម្ម គឺសេចក្តី​ព្យាយាម ចិត្តរបស់​អ្នក ត្រេកអរ​ក្នុងទីណា អ្នក​នោះ ចូរទៅ​ក្នុងទីនោះ​ចុះ។

[៥៦] (ព្រះបាទបោលជនក) កំណប់ធំ ១៦ នេះ គឺកំណប់​ត្រង់ទី​ព្រះអាទិត្យរះ កំណប់​ត្រង់ទី​ព្រះអាទិត្យ​លិច កំណប់​ខាងក្នុង កំណប់​ខាងក្រៅ កំណប់​មិនមែន​ខាងក្នុង មិនមែន​ខាងក្រៅ កំណប់ធំ​ត្រង់ទី​សម្រាប់ឡើង កំណប់​ត្រង់ទីសម្រាប់​ចុះ កំណប់​ត្រង់​សាលព្រឹក្ស​ធំទាំងបួន កំណប់​ត្រង់ទីមួយ​យោជន៍​ជុំវិញ កំណប់ធំ​ត្រង់ចុងភ្លុកដំរី​ទាំងពីរ កំណប់​ត្រង់​ចុងកន្ទុយ កំណប់​ក្នុងទឹក កំណប់​ធំត្រង់​ចុងឈើ​សហស្សថាមធ្នូ បល្ល័ង ៤ ជ្រុង នឹងញុំាង​នាងសីវលី​រាជទេវី​ឲ្យត្រេកអរ។

[៥៧] (ព្រះបាទមហាជនក) បុរសជាបណ្ឌិត ត្រូវតែប្រាថា្ន មិនត្រូវនឿយ​ណាយ​ទេ យើងឃើញ​ច្បាស់ចំពោះ​ខ្លួនឯង យើងប្រាថា្ន​យ៉ាងណា ក៏បាន​យ៉ាងនោះ។ បុរសជា​បណ្ឌិត​ ត្រូវតែប្រាថ្នា មិនត្រូវ​នឿយណាយទេ យើងឃើញ​ច្បាស់ចំពោះ​ខ្លួន (ដែល​ទេវតា) ស្រង់អំពី​ទឹក មកដាក់​លើគោក។ បុរស​ជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវ​នឿយណាយ​ទេ យើងឃើញ​ច្បាស់ចំពោះ​ខ្លួន យើងប្រាថ្នា​យ៉ាងណា ក៏បាន​យ៉ាង​នោះ។ បុរស​ជាបណ្ឌិត ត្រូវតែ​ព្យាយាម មិនត្រូវ​នឿយណាយ​ទេ យើង​ឃើញ​ច្បាស់​ចំពោះ​ខ្លួន (ដែល​​ទេវតា) ស្រង់​អំពីទឹក មកដាក់​លើគោក។ នរជន មានប្រាជ្ញា សូម្បី​សេចក្តី​ទុក្ខប៉ះពាល់​ហើយ មិនគប្បី​កាត់សេចក្តី​ប្រាថា្ន ដើម្បីដល់នូវ​សេចក្តី​សុខទេ ព្រោះថា​ការ​ប៉ះពាល់​ដ៏ច្រើន ឥតប្រយោជន៍​ក៏មាន មានប្រយោជន៍​ក៏មាន ពួកជន​អ្នកមិន​ត្រិះរិះ រមែង​ដល់​នូវសេចក្តី​ស្លាប់។ ហេតុដែល​បុគ្គល​មិនបានគិត សម្រេច​ក៏មាន ហេតុដែល​បុគ្គល​គិតហើយ វិនាស​ទៅក៏មាន ព្រោះភោគៈ​ទាំងឡាយ​របស់ស្រី្ត ឬបុររស មិនមែន​សម្រេច​ដោយការ​គិតទេ​។

[៥៨] (មហាជន) ម្នាលគ្នាយើងដ៏ចំរើន ព្រះរាជា​ត្រួតនូវ​ផែនដី​ទាំងមូល​ ជាម្ចាស់​ក្នុងទិស មិនដូច​អំពីដើមសោះ ថ្ងៃនេះ​មិនទ្រង់​ក្រសាលរបាំ មិនទ្រង់​ធ្វើទុកក្នុង​ព្រះហ្ឫទ័យ​​ចំពោះ​ចំរៀង មិនទតម្រឹគ មិនទត​ឧទ្យាន មិន​ទតហង្ស ទ្រង់គង់​នៅ​ស្ងៀម ហាក់​ដូច​ជាមនុស្ស​គ មិនទ្រង់​កាត់សេចក្តី។

[៥៩] (ព្រះបាទមហាជនក) ព្រះបចេ្ចកពុទ្ធទាំងឡាយ ទាំងកេ្មង ទាំងចាស់ អ្នក​ប្រាថ្នា​សេចក្តី​សុខ មានសេចក្តី​ស្ងប់ស្ងាត់​ជាប្រក្រតី ប្រាសចាក​ចំណងជា​កិលេស គង់នៅ​ក្នុងអារាម​នៃបុគ្គល​ណាហ៎្ន ក្នុងថ្ងៃនេះ។ អ្នកប្រាជ្ញ​ទាំងឡាយ​ណា បានកន្លង​នូវតណ្ហា​ ជាអ្នក​មិនមាន​សេចក្តី​ខ្វល់ខ្វាយ នៅក្នុងលោក​ដែលកំពុង​ខ្វល់ខ្វាយ ខ្ញុំសូម​ថ្វាយ​បង្គំ​អ្នកប្រាជ្ញ​ទាំងនោះ ជាអ្នក​សែ្វងរក​នូវគុណ​ដ៏ធំ។ អ្នកប្រាជ្ញ​ទាំងឡាយនោះ កាត់​ទំលាយ​នូវ​តម្បាញ​ជាបណ្តាញ​ដ៏មាំ​របស់​មច្ចុ​ដែល​មានមាយា​ចេញទៅរួច បុគ្គល​ណាគប្បី​ញុំាង​យើងឲ្យ​ដល់នូវគតិ (លំអាន) នៃអ្នក​ប្រាជ្ញទាំង​នោះបាន។

[៦០] កាលណាអញនឹងលះនគរមិថិលា ​ជាក្រុងសម្បូណ៌ ដែលជាងចែក​ហើយ (ដោយ​ឋាន មានរាជ​និវេសន៍​ជាដើម) វាស់ហើយ​ដោយ​ចំណែក (នៃទា្វរ និងថ្នល់) ហើយ​បួស ការលះបង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះ​បង់នគរ​មិថិលា ជាក្រុង​សម្បូណ៌​ទូលាយ មានពន្លឺ​ដោយ​ជុំវិញ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់នគរ​មិថិលា ជាក្រុង​សម្បូណ៌ មាន​កំពែង និងក្លោងទ្វារ​ដ៏ច្រើន ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ មានប៉ម និងស៊ុមទ្វារ​ដ៏មាំមួន ហើយ​បួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាលណាហ្ន៎។ កាលណា​អញនឹង​លះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ ដែលគេ​ចែកល្អ មានផ្លូវធំ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ មាន​រានផ្សារ ដែលគេ​ចែកដោយ​ល្អ ហើយ​បួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់នគរ​មិថិលា ជាក្រុង​សម្បូណ៌ ដ៏កុះករ​ដោយគោ សេះ និងរថ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់នគរ​មិថិលា ជាក្រុង​សម្បូណ៌ មានរបៀប​នៃព្រៃសួន ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ មានរបៀប​នៃ​ព្រៃឧទ្យាន ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នគរ​មិថិលា ជាក្រុង​សម្បូណ៌ មាន​របៀបនៃ​ប្រាសាទ​ដ៏ប្រសើរ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់នគរ​មិថិលា ជាក្រុង​សម្បូណ៌ មានកំពែង ៣ ជាន់ ពេញដោយ​រាជវង្សានុវង្ស ដែល​ព្រះបាទ​វិទេហៈ ព្រះនាម​សោមនស្ស​មានយស ទ្រង់សាងទុក ហើយ​បួស ការលះបង់នោះ នឹងសម្រេច​ក្នុង​កាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​ដែន​វិទេហៈ ជាដែន​សម្បូណ៌ បរិបូណ៌​ដោយ​ការសន្សំ (នូវធញ្ញាហារ​ជាដើម) ដែល​រក្សា​តាមធម៌ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវដែន​វិទេហៈ ជាដែន​សម្បូណ៌ ដែល​បច្ចាមិត្រ​ផ្ចាញ់​មិនបាន ជាដែន​រក្សា​តាមធម៌ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹង​លះបង់​នូវខាង​ក្នុងបុរី ដែលជា​ទីរីករាយ ដែលជាង​ចែកវាស់​ដោយចំណែក ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណា​ហ្ន៎។ កាលណាអញ​នឹងលះបង់​នូវខាង​ក្នុងបុរី ជាទី​រីករាយ​ ដែលបូក​ដោយកំបោ និងដី ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវខាង​ក្នុងបុរី ជាទី​រីករាយ មានក្លិន​ក្រអូប ជាទី​រីករាយ​នៃចិត្ត ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់​នូវដំណាក់​កំពូល​ទាំងឡាយ ដែលជាង​ចែកហើយ វាស់ហើយ​ដោយ​ចំណែក ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវដំណាក់​កំពូល​ទាំងឡាយ ដែលបូក​ដោយកំបោ និងដី ហើយបួស ការ​លះបង់​នោះ នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎។ កាលណា​អញ​នឹងលះ​នូវ​ដំណាក់​កំពូល​ទាំងឡាយ ដែលមាន​ក្លិនក្រអូប ជាទី​រីករាយ​នៃចិត្ត ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់​នូវដំណាក់​កំពូល​ទាំងឡាយ ដែល​លាបល្អ​ហើយ ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍​ក្រហម ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎។ កាលណា​អញនឹង​លះបង់​នូវ​គ្រែមាស​ទាំឡាយ មាន​ព្រំជា​កម្រាល​ដ៏វិចិត្រ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹង​លះបង់​នូវបល្ល័ង្ក​កែវមណី មានព្រំ​ជាកម្រាល​ដ៏វិចិត្រ ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវ​សំពត់អំបោះ និង​សំពត់សូត្រ សំពត់​ទាំងឡាយ​ដែលកើត​អំពី​ដែនខោមៈ និងកើតអំពី​ដែន​កោទុម្ពរ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវ​ស្រះបោក្ខរណី​ទាំងឡាយ ជាទីរីករាយ មានសត្វ​ចាក្រពាក​យំ​ទ្រហឹង ដេរដាស​ដោយ​ចង្កុលណី​ទាំងឡាយ​ផង ដោយឈូក និង​ព្រលិត​ទាំង​ឡាយផង ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវហ្វូង​ដំរីមាតង្គៈ ដែលស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​គ្រប់មុខ មានខ្សែ​ដង្គន់មាស មានគ្រឿង​ស្អាងដោយ​បណ្តាញមាស ដែល​ហ្មដំរី​មានលំពែង​ស្នែងក្របី និង​កង្វេរ​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវហ្វូវសេះ​អាជានេយ្យ​អំពីជាតិ ជាសេះ​សិន្ធព ដែលស្អិត​ស្អាងដោយ​គ្រឿង​អលង្ការ​គ្រប់មុខ ជា​វាហនៈ​លឿន ដែលអ្នក​បង្ហាត់សេះ​កាន់ស៊ែ និងធ្នូ ឡើងជិះ​ហើយ ហើយបួស ការ​លះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់នូវ​ពួក​រថ​ ប្រដាប់​ហើយ មាន​ទង់លើកហើយ ទាំងបិទបាំង​ដោយសែ្បក​ខ្លាដំបង និង​ខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែលក្នុង​ដៃ ឡើងជិះ​ហើយ ហើយបួស ការ​លះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​រថមាស​ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​ស្បែក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មាន​ធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណា​ហ្ន៎។ កាលណា​អញនឹង​លះបង់​នូវរថ​ប្រាក់​ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទបាំង​ដោយសែ្បក​ខ្លាដំបង និង​ខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើង​ជិះហើយ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាល​ណាអញ​នឹង​លះបង់​នូវរថទឹមសេះ ​ប្រដាប់ហើយ មានទង់​លើកហើយ ទាំង​បិទបាំង​ដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំង​ពួង ដែល​នាយ​សារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹងលះបង់​នូវរថ​ទឹមឱដ្ឋ​ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បកខ្លា​ដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែល​នាយសារថី​មាន​ធ្នូ និង​ខែល​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវរថ​ទឹមគោ ​ប្រដាប់ហើយ មាន​ទង់លើក​ហើយ ទាំងបិទ​បាំងដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលនាយ​សារថីមាន​ធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវរថ​ទឹមកែស ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលនាយ​សារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវរថទឹម​ពពែ ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំង​ដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលនាយសារថី​មានធ្នូ និងខែលក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវរថ​ទឹមម្រឹគ ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលនាយ​សារថី​មានធ្នូ និងខែលក្នុងដៃ ឡើងជិះ​ហើយ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​អ្នកជិះដំរី ដែល​ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មានពណ៌​ខៀវ ជាអ្នកក្លៀវក្លា មាន​លំពែង​ស្នែងក្របី និង​កង្វេរ​ក្នុងដៃ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹង​លះបង់​នូវពួក​អ្នកជិះសេះ ដែលស្អិត​ស្អាងដោយ​គ្រឿងអលង្ការ​ទាំងពួង កាន់​ខែល​មានពណ៌​ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់​នូវស៊ែ និងធ្នូ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​អ្នកជិះរថ ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មាន​ពណ៌ខៀវ ជាអ្នក​ក្លៀវក្លា មានធ្នូ និង​ព្រួញ​ក្នុងដៃ ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញ​នឹងលះបង់​នូវ​ពួកខ្មាន់ធ្នូ ដែលស្អិត​ស្អាងដោយ​គ្រឿងអលង្ការ​ទាំងពួង កាន់ខែល​មាន​ពណ៌ខៀវ ជាអ្នក​ក្លៀវក្លា មានធ្នូ និងបំពង់​ព្រួញ​ក្នុងដៃ ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវ​ពួកព្រះរាជបុត្ត ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​ដ៏វិចិត្រ ជាអ្នក​ក្លៀវក្លា ទ្រទ្រង់​នូវមាស និង​កែវពិទូរ្យ ហើយបួស ការលះបង់​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹង​លះបង់​នូវពួក​អរិយជន គឺ​ញ្រហ្មណ៍​ដែលមាន​សំពត់ មាន​គ្រឿងប្រដាប់​ហើយ មានខ្លួន​លាបដោយ​ខ្លឹមចន្ទន៍​ក្រហម ស្លៀកដណ្តប់​ដោយ​សំពត់​ដែល​បានមក​អំពីដែន​កាសី​ដ៏ឧត្តម ហើយបួស ការលះបង់​នោះ នឹង​សម្រេចក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​អាមាត្យ ដែលស្អិត​ស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មានពណ៌​លឿង ជាអ្នក​ក្លៀវក្លា មាន​របៀប​ដើរខាងមុខ ហើយបួស ការលះបង់នោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួក​ស្រីស្នំ ៧០០ ដែល​ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ហើយបួស ការលះ​បង់នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណាអញ​នឹងលះបង់​នូវពួកស្រីស្នំ ៧០០ ជាអ្នក​សង្រួមល្អ មាន​ចង្កេះរៀវ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុង​កាលណា​ហ្ន៎។ កាលណាអញ​នឹងលះបង់​នូវ​ស្រីស្នំ ៧០០ ជាស្រ្តី​ស្តាប់បង្គាប់ ពោលពាក្យជា​ទីស្រលាញ់​ ហើយបួស ការលះ​បង់នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អញនឹង​លះបង់​នូវ​ភាជន៍មាស មាន​ទម្ងន់ ១០០ បល្លៈ ប្រកបដោយ​ស្នាមចំឡាក់ ១០០ ហើយបួស ការលះបង់​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ហ្វូងដំរី​មាតង្គៈ​របស់អញ ដែលស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង មានខ្សែ​ដង្គន់​មាស មានគ្រឿង​ស្អាងដោយ​បណ្តាញមាស ដែល​ហ្មដំរី​មានលំពែង​សែ្នងក្របី និងកង្វេរ​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិន​ដើរតាម​អញ​កាល​ទៅ ដំណើរ​នោះ នឹង​សម្រេចក្នុង​កាល​ណាហ្ន៎។ កាលណា​ហ្វូងសេះ​របស់អញ ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ជាសេះ​អាជានេយ្យ​ដោយជាតិ ជាសេះសិន្ធព ជា​វាហនៈ​ដ៏លឿន ដែលពួក​អ្នករក្សា​សេះ​កាន់ស៊ែ និងធ្នូ ឡើង​ជិះហើយ នឹងមិន​ដើរតាម​អញ​កាលទៅ ដំណើរនោះ​នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួករថ​របស់អញ ប្រដាប់​ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បកខ្លា​ដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹង​មិនដើរ​តាមអញ​កាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួករថមាស​របស់អញ ប្រដាប់ហើយ មានទង់​លើកហើយ ទាំង​បិទបាំង​ដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង ដែលពួក​នាយសារថី មាន​ធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិនទៅ​តាមអញ កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួករថប្រាក់​របស់អញ មានទង់​លើកហើយ ទាំង​បិទបាំង​ដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែល​ពួកនាយ​សារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​រថទឹមសេះ​របស់អញ​ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹង​មិនទៅតាមអញ​កាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​រថទឹមឱដ្ឋ​របស់អញ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទបាំង​ដោយ​សែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែល​ពួកនាយសារថី មានធ្នូ និងខែល​ក្នុងដៃ ឡើង​ជិះហើយ នឹងមិនទៅតាមអញ​កាល​ទៅ ដំណើរនោះ នឹង​សម្រេចក្នុង​កាលណា​ហ្ន៎។ កាលណា​រថទឹមគោ​របស់អញ​ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិន​ទៅតាម​អញ​កាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុង​កាលណាហ្ន៎។ កាលណា​រថទឹមកែស​របស់អញ​ ប្រដាប់ហើយ មាន​ទង់លើក​ហើយ ទាំងបិទបាំង​ដោយសែ្បក​ខ្លាដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី​មានធ្នូ និងខែល​ក្នុងដៃ ឡើង​​ជិះហើយ នឹង​មិនទៅ​តាម​អញកាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​រថទឹម​ពពែ​របស់អញ ប្រដាប់ហើយ មានទង់​លើកហើយ ទាំងបិទ​បាំងដោយ​សែ្បកខ្លា​ដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយសារថី មានធ្នូ និងខែល​ក្នុងដៃ ឡើង​ជិះហើយ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​រថទឹមម្រឹគ​របស់អញ​ ប្រដាប់ហើយ មានទង់​លើក​ហើយ ទាំង​បិទបាំង​ដោយ​សែ្បកខ្លា​ដំបង និងខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំង​ពួង ដែលពួក​នាយសារថី​មាន​ធ្នូ និងខែល​ក្នុងដៃ ឡើងជិះ​ហើយ នឹងមិន​ទៅតាម​អញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុង​កាលណាហ្ន៎។ កាលណា​ពួកអ្នក​ជិះដំរី​របស់អញ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មានពណ៌ខៀវ ជាអ្នកក្លៀវ​ក្លា មាន​លំពែង​ស្នែងក្របី និង​កង្វេរ​ក្នុងដៃ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​​ក្នុង​កាលណាហ្ន៎។ កាលណា​ពួកអ្នក​ជិះសេះ​របស់អញ ដែលស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មាន​ពណ៌ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់​នូវស៊ែ និងធ្នូ នឹង​មិនទៅតាម​អញកាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួកអ្នកជិះរថ​របស់អញ ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មាន​ពណ៌ខៀវ ជាអ្នក​ក្លៀវក្លា មានធ្នូ និង​បំពង់ព្រួញ​ក្នុងដៃ នឹងមិន​ទៅតាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួកខ្មាន់ធ្នូ​របស់​អញ ដែល​ស្អិត​ស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​មានពណ៌ខៀវ ជាអ្នក​ក្លៀវក្លា មានធ្នូ និងបំពង់​ព្រួញ​ក្នុងដៃ នឹង​មិនទៅ​តាម​អញ​កាលទៅ​ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួករាជបុត្រ​របស់អញ ដែលស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង កាន់ខែល​ដ៏វិចិត្រ ជាអ្នកក្លៀវក្លា ទ្រទ្រង់​នូវមាស និង​កែវពិទូរ្យ នឹងមិន​ទៅតាម​អញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួក​អរិយជន គឺ​ញ្រហ្មណ៍ អ្នកមាន​សំពត់ មាន​គ្រឿង​ប្រដាប់​ហើយ មានខ្លួនលាប​ដោយ​ខ្លឹមចន្ទន៍​ក្រហម ទ្រទ្រង់​នូវសំពត់​ដ៏ឧត្តម​ដែល​បានមក​អំពី​ដែនកាសី នឹងមិន​ទៅតាម​អញកាល​ទៅ ដំណើរ​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​ពួកអាមាត្យ​របស់អញ ដែលស្អិត​ស្អាងដោយ​គ្រឿង​អលង្ការ​ទាំងពួង កាន់​ខែលមាន​ពណ៌លឿង ជាអ្នក​ក្លៀវក្លា មានរបៀប​ដើរ​ខាងមុខ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​ពួកស្រ្តីស្នំ ៧០០ របស់​អញ ដែលស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរ​នោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណាពួក​ស្រ្តីស្នំ ៧០០ របស់អញ ជាស្រ្តី​សង្រួម​ល្អ មាន​ចង្កេះរាវ នឹងមិនទៅ​តាមអញ​កាលទៅ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​ពួក​ស្រ្តីស្នំ​ ៧០០ របស់អញ ជាស្រ្តី​ស្តាប់បង្គាប់ ពោល​ពាក្យជាទី​ស្រលាញ់ នឹងមិន​ទៅតាមអញ​កាលទៅ ដំណើរ​នោះ នឹង​សម្រេចក្នុង​កាលណាហ្ន៎។​ កាលណា​អាត្មាអញ នឹងបាន​ទៅជាអ្នក​កោរក្បាល ឃ្លុំសង្ឃាដិ កាន់បាត្រ ត្រាច់ចរទៅ​បិណ្ឌបាត ដំណើរនោះ នឹងសម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​អាត្មាអញ នឹង​ទ្រទ្រង់​នូវ​សង្ឃាដិ​នៃសំពត់​បង្សុកូល​ទាំងឡាយ​ ដែលគេចោល​ក្នុងផ្លូវធំ ដំណើរ​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។ កាលណា​អាត្មាអញ កាលដែល​មេឃ​បង្អុរភ្លៀង​ចុះអស់ ៧ ថ្ងៃហើយ នឹង​ត្រាច់ទៅ​បិណ្ឌបាត​ទំាងចីវរ​ទទឹក ដំណើរ​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​អាត្មាអញ​នឹងចេញទៅ​អំពីដើម​ឈើមួយ ទៅកាន់​ដើមឈើ​មួយ អំពីព្រៃ​មួយ ទៅកាន់​ព្រៃមួយ រហូតថ្ងៃ និងយប់​ទាំងអស់​ ត្រាច់ទៅ​ឥត​អាឡោះ​អាល័យ ដំណើរនោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​អាត្មាអញ នឹងលះបង់​នូវភ័យ​គួរខ្លាច ហើយ​មិនមាន​គ្នាជាគំរប់​ពីរនាក់ ដើរទៅលើ​ជ្រោះភ្នំ​ទាំង​ឡាយ ដំណើរ​នោះ នឹង​សម្រេច​ក្នុងកាល​ណាហ្ន៎។​ កាលណា​អាត្មាអញ​ធ្វើចិត្តឲ្យត្រង់ ដូចជាបុគ្គល​ដេញពិណ អាច​ដេញ​ខ្សែទាំង ៧ ឲ្យជា​ទីរីករាយ​ចិត្តបាន ដំណើរ​នោះ នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎។​ កាលណា​អាត្មាអញ នឹងកាត់​នូវ​កាមសំយោជន៍​ជាទិព្វ ទាំង​ជា​របស់​មនុស្ស​បាន ដូចជា​ជាងរថ កាលកាត់​នូវសែ្បក​ជើងដូច្នោះ។

[៦១] (អភិសម្ពុទ្ធគាថា) ពួកស្រីស្នំទាំង ៧០០ នាក់នោះ ដែលស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ផ្គងដើម​ដៃទួញ​យំថា ព្រះអង្គ​នឹងលះចោល​ពួកខ្ញុំមា្ចស់ ព្រោះ​ហេតុអ្វី។ ពួកស្រីស្នំ ៧០០ នាក់នោះ ជាស្រ្តី​សង្រួមល្អ មាន​ចង្កេះរៀវ ផ្គងដើម​ដៃទួញ​យំថា ព្រះអង្គ​នឹងលះចោល​ពួកខ្ញុំមា្ចស់ ព្រោះ​ហេតុអ្វី។ ពួកស្រីស្នំទាំង ៧០០ នាក់នោះ ជាស្រ្តី​ស្តាប់បង្គាប់ ពោលពាក្យ​ជាទី​ស្រលាញ់ ផ្គងដើម​ដៃទួញ​យំថា ព្រះអង្គ​នឹងលះ​ចោលពួក​ខ្ញុំមា្ចស់ ព្រោះហេតុអ្វី។ ព្រះរាជា​ទ្រង់លះនូវ​សម្ប័ទ បានលះបង់​ពួកស្រីស្នំ​ទាំង ៧០០ នាក់នោះ ដែលស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ព្រះអង្គ​ត្រូវបព្វជ្ជា​បញ្ជូន​ទៅ​ខាង​មុខហើយ។ ព្រះរាជា​ទ្រង់លះ​បង់នូវសម្ប័ទ បានលះបង់​ពួកស្ត្រី​ស្នំ ៧០០ នាក់​នោះ ជាស្រ្តី​សង្រួមល្អ មាន​ចង្កេះរៀវ ត្រូវបព្វជ្ជា​បញ្ជូន​ទៅខាង​មុខហើយ។ ព្រះរាជា​ទ្រង់លះបង់​នូវសម្ប័ទ បានលះនូវ​ពួកស្ត្រីស្នំ ៧០០ នាក់នោះ ជាស្រ្តី​ស្តាប់បង្គាប់ ពោល​ពាក្យជាទី​ស្រលាញ់ ត្រូវបព្វជ្ជា​បញ្ជូន​ទៅខាង​មុខហើយ។ ព្រះរាជា​ទ្រង់លះបង់​នូវភាជន៍​មាស​មានទម្ងន់​មួយរយបល្លៈ ប្រកបដោយ​ស្នាមចម្លាក់​មួយរយ បានកាន់​យកនូវ​បាត្រដី ការកាន់​នូវបាត្រដី​នោះ ទុកជា​អភិសេកទី ២។

[៦២] (ព្រះនាងសីវលីទេវី) ឃ្លាំងទាំងឡាយ គឺឃ្លាំងប្រាក់ ឃ្លាំងមាស​ ឃ្លាំងកែវមុក្តា ឃ្លាំង​កែវពិទូរ្យ ឃ្លាំង​កែវមណី ឃ្លាំងស័ង្ខ ឃ្លាំងកែវមុក្តា​ដ៏ច្រើន ឃ្លាំង​សំពត់ ឃ្លាំងខ្លឹម​ចន្ទន៍ក្រហម ឃ្លាំង​ស្បែកខ្លាឃ្មុំ ឃ្លាំងរបស់​ធ្វើពីភ្លុក ឃ្លាំង​ទង់ដែង​ និង​ឃ្លាំង​ដែកខ្មៅ​ដ៏ច្រើន ជាឃ្លាំង​ដែលរាជបុរស​រៀបចំ​ដោយចំណែក ត្រូវភ្លើង​ឆេះ មាន​អណ្តាត​ភ្លើង​ស្មើគ្នា គួរខ្លាច បពិត្រ​ព្រះរាជា សូមព្រះអង្គ​សេ្តចមក សូមស្តេច​ត្រឡប់​វិលវិញ កុំឲ្យ​ទ្រព្យរបស់​ព្រះអង្គនោះ​វិនាស។

[៦៣] (ព្រះរាជា) កង្វល់មិនមានដល់យើងណា យើងនោះ​ឈ្មោះថា រស់នៅ​ជាសុខ កាលបើ​ក្រុងមិថិលា​ត្រូវភ្លើង​ឆេះ ភ្លើង​មិនមែនឆេះ​នូវទ្រព្យ​បន្តិចបន្តួច​របស់ខ្ញុំទេ។

[៦៤] (ព្រះនាងសីវលីទេវី) ចោរក្នុងដងព្រៃកើតឡើងហើយ បំផ្លាញ​ដែនរបស់​ព្រះអង្គ បពិត្រ​ព្រះរាជា សូមព្រះអង្គ​សេ្តចមក សូមសេ្តច​ត្រឡប់​វិលវិញ កុំឲ្យ​ដែន​នេះវិនាស។

[៦៥] (ព្រះរាជា) កង្វល់មិនមានដល់យើងណា យើងនោះ​ឈ្មោះថា រស់នៅជា​សុខ កាលបើ​ដែនត្រូវ​ពួកចោរប្លន់ ចោរមិន​បានយក​ទ្រព្យបន្តិច​បន្តួច​របស់ខ្ញុំទេ កង្វល់​មិនមាន​ដល់យើងណា យើងនោះ​ឈ្មោះថា រស់នៅ​ជាសុខ យើងជាអ្នក​មានបីតិ​ជា​អាហារ ដូចពួក​អាភស្សរទេវតា។

[៦៦] (នារទតាបស) សំឡេងគឹកកងនៃជនច្រើននេះ តើព្រោះហេតុអ្វី ស្រ្តីនោះ​ជាអ្វី លេងជា​មួយក្នុងព្រៃ ដូចក្នុងស្រុក បពិត្រ​សមណៈ ខ្ញុំសួរ​លោកថា មហាជន​នុ៎ះ ប្រជុំគ្នា​ដើម្បីអ្វី។

[៦៧] (ព្រះរាជា) ខ្ញុំកាលលះបង់នូវមហាជន ហើយចេញទៅ បានជា​មហាជន​ប្រជុំគ្នា​ក្នុងទីនេះ ខ្ញុំកន្លង​នូវដែន គឺកិលេស ហើយទៅបួស​ដើម្បីបាន​នូវមោនធម៌ (ពោល​គឺ ញាណរបស់​អនាគារិយៈ) មុនី ខ្ញុំកាលទៅ​កាន់ទី​ច្រឡូកច្រឡំ​ដោយ​សេចក្តី​រីករាយ​ទាំងឡាយ អ្នកដឹង​ទើបសួរឬ (ឬមិនដឹង)។

[៦៨] (នារទតាបស) ព្រះអង្គកាលទ្រទ្រង់នូវសរីរៈនេះ កុំសំគាល់​ថា អញឆ្លង​កិលេស​ហើយ​ដូច្នេះ កម្ម (គឺកិលេស) នេះ បុគ្គលមិន​គប្បីឆ្លង​បានទេ ព្រោះថា សេចក្តី​អន្តរាយ​មានច្រើន។

[៦៩] (ព្រះរាជា) ខ្ញុំណាមិនប្រាថ្នានូវកាមទាំងឡាយ​ក្នុងមនុស្សលោក ដែល​បុគ្គល​ឃើញហើយ មិនប្រាថ្នា​នូវកាម​ទាំងឡាយ​ក្នុង​ទេវលោក ដែលបុគ្គល​មិន​ឃើញហើយ សេចក្តី​អន្តរាយ​ដូចមេ្តច​ហ្ន៎ នឹងមាន​ដល់ខ្ញុំនោះ មានកិរិយា​ទៅ​យ៉ាងនេះ។

[៧០] (នារទតាបស) ដ្បិតថា សេចក្តីអន្តរាយ តាំងឡើងច្រើន គឺការដេកលក់ សេចក្តីខ្ជិល ការមិតពត់ សេចក្តីអផ្សុក ការពុលបាយ​ តំាងនៅ​ក្នុងសរីរៈ រមែងកើត (ក្នុង​សរីរៈវិញ)។

[៧១] (ព្រះរាជា) បពិត្រញ្រហ្មណ៍ លោកដ៏ចំរើនប្រៀនប្រដៅ​ខ្ញុំល្អណាស់ បពិត្រ​ញ្រហ្មណ៍ ខ្ញុំសួរលោក បពិត្រលោក​និរទុក្ខ លោកជាអ្វី។

[៧២] (នារទតាបស) ជនទាំងឡាយ ស្គាល់អាត្មាភាព​ដោយនាមថា នារទៈ ដោយ​គោត្រថា កស្សបៈ ដូច្នេះ អាតា្មភាព​មកក្នុង​សំណាក់​ព្រះអង្គ​ដ៏ចំរើន ដោយដឹង​ច្បាស់ថា សមាគម​ដោយសប្បុរស​ទាំងឡាយ ជាកិច្ច​ញុំាង​ប្រយោជន៍​ឲ្យសម្រេច។ សេចក្តី​ត្រេកអរ (ក្នុងបព្វជា្ជ) ទាំងអស់ និងព្រហ្មវិហារ ចូរកើត​ដល់ព្រះអង្គ​នោះចុះ បរិកម្ម និង​ឈានណា ការ​ខ្វះខាត (ដោយសីល និងឈាន) ណា ព្រះអង្គ​ចូរបំពេញ​នូវការ​ខ្វះខាត​នោះចុះ ព្រះអង្គ (ចូរប្រកប) ដោយ​អធិវាសនក្ខន្តី និង​ឧបសមៈ។ ព្រះអង្គ​ចូរ​រំសាយ​ចោលនូវ​សេចក្តី​មើលងាយ និង​សេចក្តី​ក្រអឺត​ក្រឱង ចូរធ្វើ​គោរពនូវ​កុសលកម្ម នូវវិជ្ជា និងធម៌។

[៧៣] (មិគាជិនតាបស) បពិត្រព្រះជនក ព្រះអង្គលះបង់​ដំរីសេះ ពួក​អ្នកនគរ និងជនបទ​ជាច្រើន ហើយ​ទ្រង់ព្រះផ្នួស ដល់នូវសេចក្តី​ត្រេកអរ​នឹងអម្បែង បពិត្រ​ព្រះជនក ពួកអ្នក​ជនបទ មិត្រអាមាត្យ និងព្រះញាតិ បានធ្វើ​នូវការទ្រុស្ត​ចំពោះ​ព្រះអង្គ​ខ្លះដែរឬ ព្រោះ​ហេតុអ្វី ក៏ព្រះអង្គ​ពេញ​ព្រះហ្ឫទ័យ​នឹងអម្បែង​របស់ព្រះអង្គ​នោះ។

[៧៤] (ព្រះមហាជនក) បពិត្រមិគាជិនៈ ក្នុងកាលណាមក ខ្ញុំមិនដែល​ផ្ចាញ់នូវ​ញាតិ​ណាមួយ​ដោយ​អធម៌​ជាដាច់ខាត ទាំងពួក​ញាតិ ក៏មិន​ដែលផ្ចាញ់​ខ្ញុំដោយ​អធម៌​ដែរ។

[៧៥] បពិត្រមិគាជិនៈ ខ្ញុំបានឃើញនូវប្រវេណី​នៃសត្វលោក ដែល​កិលេស​កំពុង​ទំពាស៊ី​ ធ្វើឲ្យដូច​ជាភក់ បុថុជ្ជន​លិចចុះហើយ​ក្នុងកិលេស​វត្ថុណា សត្វ​ទាំងឡាយ តែង​បៀតបៀន​គ្នាផង តែងជាប់​ក្នុងកិលេស​វត្ថុនោះ​ផង ហើយ​ក៏ធ្វើ​នូវពួក​បុថុជ្ជន​ទាំងនេះ ឲ្យ​ជា​គ្រឿង​ប្រៀបធៀប ទើបបួស​ជាភិក្ខុ។

[៧៦] (មិគាជិនតាបស) បពិត្រព្រះអង្គប្រសើរក្នុងរថ បុគ្គល​មានជោគ​ណា ជាសាស្តា​របស់​ព្រះអង្គ ពាក្យដ៏ពីរោះ​នេះ ជាពាក្យ​របស់​បុគ្គលណា ព្រោះថា អ្នក​ប្រាជ្ញ​ទាំងឡាយ មិនវៀរ​នូវតាបស​អ្នកសម្រេច​អភិញ្ញា ឬនូវ​ព្រះបច្ចេកពុទ្ធ​ដែល​ប្រកប​ដោយ​វិជ្ជា ហើយ​ពោលនូវ​សមណៈ​ថា អ្នកមាន​វត្តជាគ្រឿង​កន្លងនូវទុក្ខទេ។

[៧៧] (ព្រះមហាជនក) បពិត្រមិគាជិនៈ ខ្ញុំមិនដែលចូលទៅ​គោរព​សមណៈ និង​ញ្រហ្មណ៍​ណាមួយ​ដោយដាច់ខាត ក្នុងកាលណា​ម្តងឡើយ។ បពិត្រ​មិគាជិនៈ ខ្ញុំកាល​ទៅដោយ​អានុភាព​ដ៏ធំ រុងរឿង​ដោយសិរី កាលចម្រៀង​ដែលបុគ្គល​កំពុងច្រៀង កាល​តន្រ្តីមានសំឡេង​ដ៏ពីរោះ ដែលបុគ្គល​កំពុងប្រគំ បាន​ឃើញ​ស្វាយ​មានផ្លែ​ខាងក្រៅ​កំពែង ដែលពួក​មនុស្ស​អ្នកត្រូវ​ការផ្លែ បេះជិត​ឧទ្យាន​ដែលគឹកកង​ដោយការ​ប្រគំតន្រ្តី ជា​ឧទ្យាន​ប្រកប​ដោយសូរ​ប្រគំដ៏​ពីរោះ បពិត្រ​មិគាជិនៈ ខ្ញុំនោះ ​បានលះបង់​សិរីនោះ ហើយចុះ (អំពីដំរី) ចូលទៅ​កាន់គល់​ស្វាយដែល​មានផ្លែ និងមិនមាន​ផ្លែ បានឃើញ​ស្វាយមាន​ផ្លែ ដែលបុគ្គល​បៀត​បៀនហើយ កំចាត់​ហើយ ធ្វើមិនឲ្យ​មានស្លឹក និងស្វាយ ១ ដើមក្រៅនេះ មានពន្លឺ​ខៀវ ជាទីរីករាយ​នៃចិត្ត សត្រូវ​ទាំងឡាយ អាចសម្លាប់​យើងដែល​ជាឥស្សរៈ មាន​បន្លាច្រើន​ដោយពិត ដូចដើមស្វាយ​ដែលមាន​ផ្លែ ដែលបុគ្គល​សម្លាប់ហើយ ខ្លាដំបង ត្រូវគេ​សម្លាប់​ព្រោះសែ្បក ដំរីត្រូវ​គេសម្លាប់​ព្រោះភ្លុក បុគ្គលអ្នក​មាន​ទ្រព្យ ត្រូវគេ​សម្លាប់​ព្រោះ​ទ្រព្យ តើនរណា នឹងសម្លាប់​បុគ្គលអ្នក​មិនមានផ្ទះ មិនមាន​សន្ថវៈ ដើមស្វាយ​មានផ្លែ និងមិន​មានផ្លែ ទាំងពីរ​នោះ ជាសាស្តា​របស់ខ្ញុំ។

[៧៨] (នាងសីវលី) ជនទាំងពួង គឺសេនាដំរី ពលសេះ ពលរថ ពលថ្មើរជើង បាន​ឮថា ព្រះរាជា​ទ្រង់ផ្នួស​ហើយ ក៏តក់ស្លុត សូមព្រះអង្គ​លួងលោម​នូវប្រជុំជន ហើយ​តាំង​ទុក​នូវការ​រក្សា រួចតាំង​ព្រះរាជឱរស​ក្នុង​រាជសម្បត្តិ ហើយសឹម​ទ្រង់​ព្រះផ្នួស ក្នុងកាល​ជា​ខាង​ក្រោយចុះ។

[៧៩] (ព្រះមហាជនក) ពួកអ្នកជនបទ មិត្រ អាមាត្យ និងញាតិ​ទាំងឡាយ ដែល​យើងលះបង់​ហើយ កូនរបស់​អ្នកដែនវិទេហៈ ឈ្មោះ​ទីឃាវុកុមារ អ្នកញ៉ាំង​ដែនឲ្យ​ចំរើន ម្នាល​បជាបតិ កូននោះ នឹងសោយរាជ្យ​ក្នុងក្រុង​មិថិលា​ចុះ។

[៨០] នាងចូរមកនេះ ពាក្យណាដែលអាត្មាពេញចិត្ត អាត្មា​នឹងប្រាប់​នូវ​ពាក្យនោះ នាង​នឹង​ទៅកាន់​ទុគ្គតិ ដោយ​កាយ វាចា ចិត្តណា នាងឯង​កាលសោយ​រាជ្យ (ឈ្មោះ​ថា​ធ្វើ) នូវ​បាបទុច្ចរិត​ដ៏ច្រើន ដោយ​កាយ វាចា ចិត្តនោះ អាត្មានឹង​ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្ត​ទៅ​ដោយ​ដុំបាយ ដែលបុគ្គល​ដទៃឲ្យ​ហើយ ដែល​បុគ្គល​ដទៃ​សម្រេច​ហើយ (នេះ) ជា​បវេណី​​របស់អ្នក​ប្រាជ្ញ។

[៨១] (នាងសីវលី) បុគ្គលណា មិនបរិភោគអាហារ​ក្នុងកាល​នៃភត្ត​ជាគំរប់ ៤ បុគ្គនោះ​គប្បីស្លាប់​ដោយសេចក្តី​សេ្រកឃ្លាន ដូចបុគ្គល​ដល់នូវ​សេចក្តី​ស្លាប់ដ៏ពិត មាន​សភាព​ជាកុលបុត្រ មិនគប្បី​បរិភោគ​ដុំបាយ ដែលប្រឡាក់​ដោយ​ធូលីមិន​ស្អាតទេ ឬការ​បរិភោគ​នោះ មិនល្អទេ មិន​ប្រសើរទេ បពិត្រ​មហាជនក ព្រះអង្គ​សោយ​នូវដុំបាយ​ដែល​សល់អំពី​ឆ្កែ។

[៨២] (ព្រះរាជា) ម្នាលសីវលី វត្ថុណាដែលគ្រហស្ថ ឬសុនខ​លះបង់​ហើយ វត្ថុនោះ មិនមែន​ជាអាត្មា​មិនគួរ​ឆាន់ទេ ភោគៈ​ទាំងឡាយ​ណានីមួយ​ក្នុងលោកនេះ ដែល​បានដោយ​ធម៌ ភោគៈ​ទាំងអស់នោះ លោកពោលថា ជាអាហារ​មិនមាន​ទោស។

[៨៣] (ព្រះរាជា) ម្នាលនាងកុមារិកា ជាក្មេងដេកជិតមាតា​នៅឡើយ មានគ្រឿង​ប្រដាប់​មិនឃ្លាត​អំពីខ្លួន​ជានិច្ច ដៃម្ខាង​របស់នាង​លាន់ឮ​សំឡេង ដៃម្ខាង​មិនលាន់​ឮ​សំឡេង តើព្រោះ​ហេតុអ្វី។

[៨៤] (នាងកុមារិកា) បពិត្រសមណៈ កងពីរដែលពាក់នឹង​ដៃរបស់ខ្ញុំ​នេះ ខ្ទប់​គ្នាហើយ សំឡេង​ក៏កើតឡើង នោះ​ជាគតិ​នៃកង​ទាំងពីរ បពិត្រ​សមណៈ កង ១ ដែល​ពាក់នឹង​ដៃរបស់​ខ្ញុំនេះ កងនោះ មិនមាន​កងឯទៀត​ជាគំរប់ពីរ ទើបមិនលាន់ឮ​សំឡេង ដូច​អរិយបុគ្គល ជាអ្នក​ស្ងប់ស្ងៀម ឯបុគ្គល​មានគ្នា​ជាគំរប់​ពីរនាក់ រមែងដល់​នូវការ​ជជែក​គ្នា បុគ្គល ១ នាក់ នឹងជជែក​ជាមួយ​នឹង​បុគ្គល​ណាកើត ព្រះអង្គ​នោះ ជាអ្នក​ប្រាថ្នានូវ​ឋានសួគ៌ សូមទ្រង់​ពេញចិត្ត​នឹងភាព​នៃបុគ្គល​ម្នាក់ឯង​ចុះ។

[៨៥] (ព្រះរាជា) មា្នលនាងសីវលី នាងឮគាថាដែលនាងកុមារិកា​ពោល​ហើយឬទេ នាង​កុមារិកា​តិះដៀល​នូវអាត្មា ដូចជា​អ្នកបំរើ នោះឯង​ជាគតិនៃ​បុគ្គល​ពីរនាក់ មា្នល​នាងដ៏​ចំរើន ផ្លូវបែក​ជាពីរនេះ ដែលអ្នក​ដើរផ្លូវតែង​ដើរទៅ បណ្តា​ផ្លូវទាំង​ពីរនោះ នាង​ចូរ​កាន់ផ្លូវ ១ អាត្មានឹង​កាន់ផ្លូវ ១ ដទៃទៀត នាងកុំ​ហៅអាត្មា​ថាជា​ស្វាមី​របស់អញ អាត្មា​ក៏​មិនហៅ​នាងថាជា​ប្រពន្ធ​ទៀតដែរ។

(អភិសម្ពុទ្ធគាថា) ព្រះរាជា និង​នាងសីវលី កាលពោលនូវ​ពាក្យនេះហើយ ក៏ចូល​ទៅកាន់​ថូណនគរ។ កាលជិត​វេលា​ភត្ត ព្រះរាជា (ក៏ឈរ) ជិតទ្វារ​នៃជាងព្រួញ ជាង​ព្រួញនោះ​ធ្មេចភែ្នកម្ខាង សំឡឹងមើល​ដងព្រួញ​វៀចមួយ ដែលធ្វើ​ឲ្យត្រង់​ដោយ​ភ្នែកម្ខាង ជិតក្លោងទ្វារ​នោះ។

[៨៦] (ព្រះរាជា) ម្នាលជាងព្រួញ អ្នកចូរស្តាប់ពាក្យអាត្មា អ្នកធ្មេចភែ្នក​ម្ខាង សំឡឹង​មើលដងព្រួញ​វៀច អ្នកមើលយ៉ាង​នេះស្រួលឬ។

[៨៧] (ជាងព្រួញ) បពិត្រសមណៈ ទីប្រាកដដូចជាទូលាយ​ដោយភ្នែកពីរ កិច្ច​ដោយភាវៈ​នៃព្រួញ​ត្រង់ រមែង​មិនសម្រេច ព្រោះមិន​ឃើញ​នូវទី​វៀចខាង​មុខ។ កាល​បុគ្គល​ធ្មេចភ្នែក​ម្ខាង សំឡឹង​មើលទីវៀច​ដោយភ្នែកម្ខាង កិច្ចដោយ​ភាព​នៃព្រួញត្រង់ រមែង​សម្រេច ព្រោះឃើញ​ទីវៀច​ខាងមុខ។ បុគ្គល​ជាគំរប់ពីរ រមែង​ដល់នូវការ​ជជែកគ្នា បុគ្គល​ម្នាក់ឯង នឹង​ជជែកគ្នាជាមួយ​នឹងអ្នក​ណាកើត កាល​ព្រះអង្គនោះ ប្រាថ្នា​នូវ​ឋានសួគ៌ សូម​ពេញព្រះទ័យ​នឹងភាពនៃ​បុគ្គលម្នាក់​ឯងចុះ។

[៨៨] (ព្រះរាជា…) នែនាងសីវលី នាងឮគាថាដែលជាងព្រួញ​ពោលហើយ​ឬទេ ជាង​ព្រួញ​តិះដៀល​អាត្មា ដូចជា​អ្នកបំរើ នោះ​ជាគតិនៃ​បុគ្គល​ពីរនាក់ ម្នាលនាង​ដ៏ចំរើន ផ្លូវ​បែកជា​ពីរនេះ ដែលអ្នក​ដើរផ្លូវ​តែងដើរទៅ បណ្តា​ផ្លូវទាំង​ពីរនោះ នាងចូរ​កាន់យកផ្លូវ ១ អាត្មា​នឹងកាន់​យកផ្លូវ ១ ដទៃ​ទៀត នាងកុំ​ហៅអាត្មាថា​ជាស្វាមី​របស់អញ អាត្មា​ក៏មិន​ហៅនាង​ថាជាភរិយា​របស់​អាត្មាដែរ ម្នាលនាង​សីវលី នាងចូរ​នៅម្នាក់​ឯងចុះ ដូច​ស្មៅ​យាប្លង​​ដែលអាត្មាដក​ហើយ។

ចប់ មហាជនកជាតក ទី២។

សុវណ្ណសាមជាតក ទី៣

(៥៤០. សុវណ្ណសាមជាតកំ (៣))

[៨៩] (សុវណ្ណសាមបណ្ឌិតសួរថា) នរណាហ្ន៎ បាញ់ខ្ញុំជាអ្នកដងទឹក ភ្លេចស្មារតី1) ដោយព្រួញ ជនណាជាក្ស័ត្រ ឬជាញ្រហ្មណ៍ ឬជាវេស្សៈ បាញ់​ខ្ញុំ​ហើយ​ពួន។ សាច់ទាំង​ឡាយរបស់ខ្ញុំ មិនមែន​ជារបស់​គួរទំពាស៊ីទេ សេចក្តី​ត្រូវការដោយ​ស្បែក មិនមាន​ទេ កាលបើដូច្នេះ តើអ្នក​សំគាល់​នូវខ្ញុំថា​គួរបាញ់ ដោយហេតុដូច​មេ្តច។ អ្នកជាអ្វី ជាបុត្រ​របស់អ្នក​ណា យើងស្គាល់អ្នក​ដូចមេ្តចបាន ម្នាល​សំឡាញ់ អ្នក ខ្ញុំសួរ​ហើយ ចូរប្រាប់ ម្តេចក៏បាន​ជាអ្នក​បាញ់ខ្ញុំ​ហើយពួន។

[៩០] (ព្រះបាទបិលយក្ខត្រាស់ថា) ខ្ញុំជាព្រះរាជារបស់ពួកអ្នក​កាសី គេស្គាល់ខ្ញុំថា ឈ្មោះ​បិលយក្ខ ខ្ញុំលះបង់​នូវដែន​មកត្រាច់​ស្វែងរកម្រឹគ ព្រោះលោ្មភ (ក្នុងសាច់)។ មួយ​វិញទៀត ខ្ញុំជាអ្នក​ឈ្លាសវៃក្នុង​សិល្បធ្នូ ជាអ្នក​មានឈ្មោះ​ល្បីល្បាញថា ជាអ្នក​ទ្រទ្រង់​នូវធ្នូ​ដ៏មាំបាន2) សូម្បី​ដំរី តែមកត្រង់មុខ​ព្រួញរបស់​ខ្ញុំហើយ មិនគប្បី​រួចទេ។ ចុះអ្នក​ជាអ្វី ជា​បុត្តរបស់​អ្នកណា ដូចមេ្តច​ទើបយើង​ស្គាល់អ្នកបាន សូមអ្នក​ប្រាប់នូវនាម និងគោត្ត​របស់បិតាផង របស់​ខ្លួនផង។

[៩១] (ព្រះមហាសត្វ…) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ (ជាកូន​របស់ឥសី) ជាបុត្ត​របស់​នាយ​នេសាទ ពួកញាតិ​ហៅទូលបង្គំ​ជាខ្ញុំ​កំពុង​រស់នៅថា​សាមៈ ថ្ងៃនេះ ទូល​បង្គំ​ជាខ្ញុំ​នោះ ដល់ (មាត់មច្ចុរាជ) ហើយដេក​នៅយ៉ាងនេះ។ ខ្ញុំដែល​ព្រះអង្គបាញ់​ហើយ ហាក់​ដូចម្រឹគ​ដែលព្រាន​ព្រៃបាញ់ហើយ ដោយព្រួញ​ធំប្រកប​ដោយ​ថ្នាំពិស​ដូច្នោះ បពិត្រ​ព្រះរាជា សូមទ្រង់​ទតចុះ ទូលបង្គំជាខ្ញុំ​ដេកត្រាំនៅ​ក្នុងឈាម​របស់​ខ្លួន។ សូមទ្រង់ទត​ព្រួញដែល​មុតធ្លាយ​ទៅខាងឆ្វេង ទូលបង្គំ​ជាខ្ញុំ​ខ្ពុលឈាម ទូលបង្គំ​ជាខ្ញុំចាប់​ពើតណាស់ បានជា​សួរព្រះអង្គ​រឿយៗ មេ្តចក៏ទ្រង់​បាញ់ទូល​បង្គំជាខ្ញុំ​ហើយពួន។ ខ្លាដំបង គេសម្លាប់​ព្រោះតែ​ស្បែក ដំរីគេសម្លាប់​ព្រោះភ្លុកទាំងឡាយ កាលបើ​ដូច្នោះ តើព្រះអង្គ​សំគាល់​នូវទូលបង្គំ​ជាខ្ញុំ​ថា​គួរបាញ់ ដោយ​ហេតុ​ដូចមេ្តច។

[៩២] (ព្រះបាទបិលយក្ខនិយាយកុហកថា) ម្រឹគមកប្រាកដចំមុខ​ព្រួញ​របស់​ខ្ញុំហើយ ឃើញអ្នកហើយ​ក៏ផ្អើលទៅ ម្នាលសាមៈ ព្រោះហេតុនោះ បានជា​ខ្ញុំមាន​សេចក្តី​ក្រោធ​គ្របសង្កត់។

[៩៣] (ព្រះមហាសត្វ…) តាំងពីកាលដែលខ្ញុំរឭកឃើញ​នូវខ្លួន តាំងពីកាល​ដែលខ្ញុំ​ដល់នូវ​ភាពជា​អ្នកដឹងក្តី ម្រឹគទាំងឡាយ​សូម្បីជា​សត្វសាហាវ​ក្នុងព្រៃ មិន​ដែល (ឃើញ) ទូលបង្គំ​ជាខ្ញុំ ហើយ​តក់ស្លុតទេ។ តាំងពីកាល​ដែលខ្ញុំស្លៀក​ដណ្តប់​សំពត់​សំបកឈើ តាំងពី​កាលដែលខ្ញុំ​ដល់នូវវ័យ​ដ៏ចំរើន ម្រឹគទាំងឡាយ សូម្បី​ជាសត្វសាហាវ​ក្នុងព្រៃ មិន​ដែល (ឃើញ) នូវខ្ញុំ ហើយ​តក់ស្លុត​ទេ។ បពិត្រ​ព្រះរាជា កិន្នរទាំងឡាយ ដែលជា​សត្វខ្លាច (នៅ) នា​ភ្នំគន្ធមាទន៍ (មិនដែល​ឃើញខ្ញុំ ហើយតក់​ស្លុតទេ) យើង​ទាំងឡាយ តែង​រីករាយ​ជាមួយ​គ្នា ទៅកាន់​ភ្នំ និងព្រៃ កាលបើ​ដូច្នោះ ម្រឹគ​ទាំងឡាយ (ឃើញ) នូវ​ទូលបង្គំ​ជាខ្ញុំ ហើយតក់​ស្លុត ដោយ​ហេតុដូចមេ្តច។

[៩៤] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ម្រឹគមិនមែនផ្អើល​នឹងអ្នកទេ ខ្ញុំនឹងនិយាយ​កុហក​ធ្វើអ្វី ខ្ញុំមាន​សេចក្តីក្រោធ និងសេចក្តី​លោភគ្រប​សង្កត់​ហើយ ទើបបាញ់​អ្នក​នឹង​ព្រួញនោះ។ មា្នលសាមៈ អ្នកមកអំពី​ប្រទេសណា ឬនរណា​ប្រើមកថា អ្នកដងទឹក ចូរ​ទៅកាន់​ស្ទឹង​ដូច្នេះ បានជាអ្នក​មកកាន់ស្ទឹង មិគសម្មតៈ (នេះ)។

[៩៥] (ព្រះមហាសត្វ) មាតាបិតារបស់ទូលបង្គំជាខ្ញុំខ្វាក់ ទូលបង្គំជាខ្ញុំ​តែងចិញ្ចឹម​គាត់​ក្នុងព្រៃធំ ទូលបង្គំ​ជាខ្ញុំជាអ្នក​ដងទឹក​ដើម្បីអ្នក​មានគុណ​ទាំងឡាយ បានជា​មក​កាន់ស្ទឹង​មិគសម្មតៈ (នេះ)។

[៩៦] (ព្រះមហាសត្វពិលាប) មាតាបិតាទាំងឡាយនោះ មានត្រឹម​តែភោជន កាលបើ​យ៉ាងនេះ (ជីវិត​នឹងប្រព្រឹត្តទៅ) ត្រឹម ៦ ថ្ងៃ ព្រោះ​គាត់ខ្វាក់ មុខជានឹង​ស្លាប់​ដោយឥត​ទឹកពុំខាន។ ទុក្ខនេះ​មិនមែន​ជាទុក្ខរបស់​ទូលបង្គំ​ជាខ្ញុំ​ប៉ុណោ្ណះទេ ព្រោះថា ទុក្ខនេះ បុរសត្រូវ​តែបាន ត្រង់ដែលទូល​បង្គំជាខ្ញុំ ខាន​ឃើញមាតា​ដោយហេតុ​ណា ហេតុនោះ ជាទុក្ខ​ដ៏ក្រៃលែង​របស់ទូល​បង្គំជាខ្ញុំ ជាង​ទុក្ខនេះ (ទៅទៀត)។ ទុក្ខនេះ មិនមែន​ជាទុក្ខ​របស់​ទូលបង្គំ​ជាខ្ញុំប៉ុណោ្ណះ​ទេ ព្រោះថា ទុក្ខនេះ​បុរសត្រូវ​តែបាន ត្រង់​ដែល​ទូល​បង្គំជាខ្ញុំ ខាន​ឃើញ​បិតា​ដោយហេតុណា ហេតុនោះ ជាទុក្ខ​ដ៏ក្រៃលែង​របស់ទូល​បង្គំជាខ្ញុំ ជាង​ទុក្ខនេះ (ទៅទៀត)។ ឱម៉្លេះ សមមាតា​នៅកំព្រាទួញយំ ទាំងអធ្រាត្រ និងទីបំផុត​នៃរាត្រី​អស់កាល​ជាយូរអង្វែង មុខជា​នឹងរីងស្ងួតទៅ ដូចជាស្ទឹង (ក្នុងគិម្ហរដូវ) ពុំខាន។ ឱម៉្លេះ សមបិតា​នៅកំព្រា ទួញយំ​ទាំងអធ្រាត្រ និងទីបំផុត​នៃរាត្រី អស់កាល​ជាយូរអង្វែង មុខជា​នឹងរីង​ស្ងួត ដូចជា​ស្ទឹងពុំខាន។ បពិត្រ​ព្រះរាជា មួយវិញទៀត (ខ្ញុំតែង​ភ្ញាក់ក្នុងមួយ​យប់ពីរ​បីដង) ដើម្បីបំរើ​បាទាដោយ​ព្យាយាម និងដើម្បី​គក់ច្របាច់ ម្ល៉េះសម​គាត់នឹង​ដើរ​ចច្រប់​ក្នុងព្រៃធំ ដងោ្ហយ​ហៅថា អឺបាសាមៈ ដូច្នេះ​ពុំខាន​ឡើយ។ បើទូល​បង្គំជាខ្ញុំ ខានឃើញ​ជនខ្វាក់​ទាំងពីរ​នាក់ដោយ​ហេតុណា ហេតុនោះឯង ទុក្ខជា​សរទីពីរ ដែល​ញ៉ាំងហ្ឫទ័យ​របស់ទូល​បង្គំជាខ្ញុំ​ឲ្យញាប់ញ័រ មុខជា​ជីវិតទូល​បង្គំជាខ្ញុំ​នឹង​វិនាសពុំខាន។

[៩៧] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ជាអ្នកមានរូបល្អ​គួរឲ្យគយគន់ អ្នកកុំ​ទួញយំ​ខ្លាំងឡើយ ខ្ញុំនឹងជា​អ្នកធ្វើការងារ​ចិញ្ចឹមនូវ​ជនទាំង​ឡាយនោះ​ក្នុងព្រៃធំ។ មួយ​វិញទៀត ខ្ញុំជា​អ្នកឈ្លាសវៃ​ក្នុងសិល្ប​ធ្នូស្រាប់ មានឈោ្មះ​ល្បីល្បាញ​ថា ជាអ្នក​ទ្រទ្រង់​នូវធ្នូដ៏មាំ ខ្ញុំជាអ្នក​ធើ្វការងារ​ចិញ្ចឹមនូវជន​ទាំងឡាយ​នោះ​ក្នុងព្រៃធំ។ ខ្ញុំនឹងជា​អ្នកធ្វើ​ការងារ ស្វែងរក​អំពារនៃ​ម្រឹគ និងមើមឈើ ផ្លែឈើ​ទាំងឡាយ​ក្នុងព្រៃ ហើយ​នឹងចិញ្ចឹម​នូវ​ជនទាំង​ឡាយនោះ​ក្នុងព្រៃធំ។ ម្នាលសាមៈ មាតាបិតា​របស់​អ្នក នៅ​ក្នុងព្រៃណា ព្រៃនោះ​ដូចម្តេច អ្នកបាន​ចិញ្ចឹមនូវ​មាតាបិតា​យ៉ាងណា ខ្ញុំក៏នឹង​ចិញ្ចឹមនូវ​គាត់យ៉ាង​នោះដែរ។

[៩៨] (ព្រះមហាសត្ត) បពិត្រព្រះរាជា ផ្លូវចុះតែជើងម្នាក់នេះ នៅខាងក្បាល​ដំណេក​ទូលបង្គំ​ជាខ្ញុំ ព្រះអង្គ​យាងទៅ​អំពីទីនេះ តែកន្លះ​ឃោសៈ (នឹងឃើញ) ខ្ទមជាទីនៅ​របស់មាតា​បិតាទូល​បង្គំជា​ខ្ញុំនោះ ព្រះអង្គយាង​ទៅអំពី​ទីនេះ សូមទ្រង់​ចិញ្ចឹម​នូវគាត់​ក្នុង​ទីនោះផង។

[៩៩] បពិត្រព្រះរាជា ជាធំក្នុងដែនកាសី ទូលបង្គំជាខ្ញុំ​សូមថ្វាយ​បង្គំ​ព្រះអង្គ បពិត្រ​ព្រះរាជា ទ្រង់មាន​សេចក្តី​ចំរើនក្នុង​ដែនកាសី ទូលបង្គំ​ជាខ្ញុំសូម​ថ្វាយបង្គំ​ព្រះអង្គ មាតា​បិតាទាំង​ឡាយ​របស់ទូល​បង្គំជាខ្ញុំ ជាមនុស្សខ្វាក់ សូមទ្រង់​ចិញ្ចឹម​នូវគាត់​ក្នុងព្រៃ​ធំឲ្យទាន។ ទូលបង្គំជាខ្ញុំ សូមផ្គងអញ្ជលី​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះរាជា​ជាធំ​ក្នុងដែន​កាសី ទូលបង្គំ​ជាខ្ញុំ សូមថ្វាយ​បង្គំព្រះអង្គ ទូលបង្គំ​ជាខ្ញុំ សូម​ផ្តាំទុក សូម​ទ្រង់ជំរាប​នូវ​ការ​ថ្វាយបង្គំ​ចំពោះ​មាតាបិតា​របស់ទូល​បង្គំជា​ខ្ញុំផង។

[១០០] (អភិសម្ពុទ្ធគាថា) សាមៈ កម្លោះអ្នកមានរូបល្អ គួរពិតពិលរមិលមើល​នោះ លុះ​ពោលនូវ​ពាក្យនេះរួចហើយ ក៏ជ្រប់សន្លប់​ដោយ​កម្លាំងពិស។

[១០១] ព្រះរាជាអង្គនោះ ទ្រង់ព្រះកន្សែងរៀបរាប់នូវពាក្យ​ដែលប្រកប​ដោយ​សេចក្តី​ករុណា​មាន​ប្រមាណ​ច្រើនថា អាត្មាអញ​បានយល់​ថា អញ​មិនចាស់ មិន​ស្លាប់ ថ្ងៃនេះ អញឃើញ​នូវ​សុវណ្ណសាម​នេះ ធ្វើកាល​កិរិយា​ហើយ​ទើបដឹងនូវ​ហេតុនោះ ពីដើម​មិនដឹង​ជាការ​មកនៃ​សេចក្តីស្លាប់ មិនមែន​មិនមាន​ដូច្នេះ។ សាមៈ​ដែលជោក​ដោយ​ថ្នាំពិស កំពុង​ចរចា​ជាមួយ​នឹងអញ (ក្នុងកាល​អម្បាញ់​មិញនេះ) ឥឡូវនេះ គាត់លែង​និយាយ ពាក្យតិចតួច​ក្នុងកាល​ប្រព្រឹត្តទៅ​យ៉ាង​នេះ ក្នុងថ្ងៃនេះ អាត្មាអញ មុខជា​នឹងទៅ​កាន់​នរក​ពុំខាន អាត្មាអញ​ឥតមាន​សេចក្តី​សង្ស័យក្នុង​ដំណើរនេះទេ។ ព្រោះថា អំពើបាប​ដែល​អាត្មាអញ​ធ្វើទុក​ហើយក្នុង​គ្រានោះ នឹងជា​ទោសឲ្យ​ផលលាមក​អស់​កាលជា​អង្វែង (បើ) ក្នុង​ស្រុក គង់មាន​ពួកអ្នក​តិះដៀល​អញនោះ​ថា ព្រះអង្គ​ជាអ្នក​ធ្វើនូវ​អំពើ​អាក្រក់​ដូច្នេះ តែក្នុង​អរញ្ញប្រទេស​ដែលឥតមនុស្ស តើនរណា​តិះដៀល​អញបាន។ បើក្នុង​ស្រុក ពួក​មាណពប្រជុំគ្នា ហើយចោទ​ប្រកាន់​នូវអំពើ​ទាំងឡាយ (របស់អញ) តែក្នុង​អរញ្ញប្រទេស​ដែលឥត​មនុស្ស តើនរណា​នឹងចោទ​ប្រកាន់អញ។

[១០២] ទេវតានោះ3) បាត់​អំពី​ភ្នំគន្ធមាទន៍ ហើយពោល​នូវគាថា​ទាំងឡាយនេះ ដោយ​អនុគ្រោះ​ព្រះរាជា​ថា បពិត្រ​មហារាជ បានឮថា ព្រះអង្គ​ទ្រង់បានធ្វើនូវ​បាប​ជា​ទម្ងន់ ដែលជា​អំពើអាក្រក់ ជន​ទាំងបី​នាក់ គឺ​មាតាបិតា និងបុត្ត ជាអ្នក​មិនប្រទូស្ត ទ្រង់បាន​សមា្លប់​ហើយដោយ​ព្រួញតែមួយ។ សូម​ទ្រង់មក សុគតិភពនឹង​គប្បី​មានដល់​ព្រះអង្គ យ៉ាងណា ខ្ញុំនឹងពន្យល់​ព្រះអង្គ​យ៉ាងនោះ សូម​ទ្រង់ចិញ្ចឹម​នូវជន​ខ្វាក់ទាំង​ពីរនាក់​នោះឯង ដោយធម៌ ខ្ញុំយល់ថា សុគតិ​គប្បីមាន។

[១០៣] ព្រះរាជាអង្គនោះ ទ្រង់ពិលាបរៀបរាប់ ប្រកបដោយ​សេចក្តី​ករុណា​មាន​ប្រមាណ​ច្រើន ហើយ​កណ្ឌៀតក្អម​ទឹកយាង​ឆ្ពោះទៅ​ទិសទក្សិណ។

[១០៤] (ទុកូលបណ្ឌិតសួរ…) សូរជើងនរណានុ៎ះហ្ន៎ ដែលដើរ​មកនេះ ពិត​ជា​សូរជើង​មនុស្ស តែសូរ​ជើងនុ៎ះ មិនមែន​ជាសូរជើង​សាមៈទេ មា្នល​អ្នកនិរទុក្ខ អ្នកជា​អ្វីហ្នឹង។ ដ្បិតសាមៈ តែងដើរថ្មមៗ លើកដាក់​ជើងស្រាលៗ សូរជើងនុ៎ះ មិនមែន​ជាសូរ​ជើង​សាមៈ​ទេ មា្នលអ្នក​និរទុក្ខ អ្នកជា​អ្វីហ្នឹង។

[១០៥] (ព្រះបាទបិលយក្ខ…) ខ្ញុំជាព្រះរាជារបស់ពួកអ្នកដែនកាសី គេស្គាល់ខ្ញុំថា បិលយក្ខ ខ្ញុំលះបង់​នូវដែន ត្រាច់ស្វែង​រកម្រឹគ ព្រោះលោ្មភ (សាច់)។ មួយទៀត ខ្ញុំជាអ្នក​ឈ្លាសវៃ​ក្នុង​សិល្បធ្នូ មានឈ្មោះ​ល្បីល្បាញ​ថាជាអ្នក​ទ្រទ្រង់នូវ​ធ្នូដ៏មាំបាន សូម្បី​ដំរីមក​ចំមុខ​ព្រួញ​របស់ខ្ញុំ​ហើយ មិនគប្បី​រួចទេ។

[១០៦] (ទុកូលបណ្ឌិត…) បពិត្រមហារាជ ព្រះរាជដំណើរមករបស់​ព្រះអង្គល្អ​ហើយ ព្រះដំណើរ​មករបស់​ព្រះអង្គ​មិនអាក្រក់​ទេ ព្រះអង្គជាធំ ទ្រង់យាងមក​ដល់ហើយ វត្ថុណា​មានក្នុង​ទីនេះ សូមទ្រង់​មាន​ព្រះបន្ទូល​ចុះ។ បពិត្រ​ព្រះរាជា ផលាផល គឺផ្លែ​ទន្លាប់ មៈប៉ែន ស្រគំ សឹងមានរសផ្អែមដូច​ទឹកឃ្មុំ អាត្មាភាព ប្រមូលមក​ទុកក្នុង​ទីជាមួយគ្នា សូមទ្រង់​សោយនូវ​ផលាផល​មានរសឆ្ងាញ់ៗ។ នេះ ទឹកត្រជាក់​សម្រាប់សោយ ដែល​ដងមកអំពី​ជ្រោះភ្នំ បពិត្រ​មហារាជ បើទ្រង់​សព្វ​ព្រះទ័យ ទ្រង់ (ដង) អំពីទីនេះ​សោយចុះ។

[១០៧] (ព្រះរាជា…) អ្នកទាំងពីរជាមនុស្សខ្វាក់ មិនអាចឃើញ (អ្វី) ក្នុងព្រៃទេ ចុះ​នរណា​ប្រមូលនូវ​ផលាផល​មកជូនអ្នក អាហារ​ដែល (បាន) ដោយ​ប្រពៃនេះ ប្រាកដ​ដល់​ខ្ញុំ ដូចជា​អាហារ​របស់មនុស្ស​មិនខ្វាក់។

[១០៨] (ទុកូលបណ្ឌិត…) សាមៈកំឡោះនៅក្មេង មិនខ្ពស់ មិនទាបពេក ជាមនុស្ស​មាន​រូបល្អ​គួរគយគន់ មាន​សក់វែងខ្មៅ ទាំងមាន​ចុងទន់ល្វន់។ សាមៈ​នោះឯង តែងស្វែង​រកផលាផល ជាអ្នកដងទឹក បានកាន់​យកក្អមទឹក​អំពីទីនេះ​ទៅកាន់​ស្ទឹង ប្រហែល​ជិតមក​ដល់ហើយ។

[១០៩] (ព្រះបាទបិលយក្ខ…) សាមៈជាអ្នកបំរើអ្នក អ្នកនិយាយ​សំដៅកុមារ​ឈោ្មះ​សាមៈ​ណា ដែលមាន​រូបគួរគយគន់ សាមៈនោះ ខ្ញុំសម្លាប់​ហើយ។ សាមៈដែល​មាន​សក់វែង​ពណ៌ខ្មៅ ចុងទន់ល្វន់ (ឥឡូវនេះ) ខ្ញុំសម្លាប់​ដួលដេក​លើសក់​ទាំងនោះ ប្រឡាក់​ហើយដោយ​ឈាម។

[១១០] (នាងបារិកា) បពិត្រទុកូល អ្នកប្រឹក្សា​ជាមួយនរណា ដែលបាន​និយាយថា ខ្ញុំសម្លាប់​សាមៈហើយ បេះដូង​ខ្ញុំញ័រចំប្រប់ ព្រោះឮថា សាមៈ​ស្លាប់ហើយ។ ហ្ឫទ័យ​ខ្ញុំញាប់ញ័រ ហាក់ដូច​ត្រួយពោធិបាយ​ខ្ចី ដែលមាន​ខ្យល់ប៉ះទង្គិច ព្រោះឮថា សាមៈ​ស្លាប់ហើយ។

[១១១] (ទុកូលបណ្ឌិត…) ម្នាលនាងបារិកា នេះជាព្រះរាជា ជាធំក្នុង​ដែនកាសី ព្រះអង្គ​បាញ់សាមៈ​ដោយព្រួញ ក្បែរស្ទឹង​មិគសម្មតៈ ដោយសេចក្តី​ក្រោធ យើង​កុំចង់​ឲ្យមាន​បាបដល់​ព្រះអង្គឡើយ។

[១១២] (នាងបារិកា..) បុត្រដែលចិញ្ចឹមយើងងងឹតងងល់​ក្នុងព្រៃ ជាបុត្តជាទី​ស្រឡាញ់ យើងរក​បាន​ដោយកម្រ ចិត្តមិន​គប្បីរំជួល​ក្នុងបុរស​អ្នកសម្លាប់​កូន​ប្រុស​តែមួយ​នោះ ដូចម្តេច​បាន។

[១១៣] (ទុកូលបណ្ឌិត…) បុត្តដែលចិញ្ចឹមយើងងងឹតងងល់​ក្នុងព្រៃ ជាបុត្តជាទី​ស្រឡាញ់ យើងរកបាន​ដោយកម្រ បណ្ឌិត​ទាំងឡាយ សរសើរ​សេចក្តី​មិនក្រោធ ចំពោះ​បុរស​អ្នកសម្លាប់​នូវបុត្តតែ​មួយនោះ។

[១១៤] (ព្រះបាទបិលយក្ខ…) អ្នកទាំងពីរ កុំគប្បីខ្សឹកខ្សួល​ខ្លាំង​ចំពោះខ្ញុំ អ្នកពោល​ថា សាមៈ ខ្ញុំសម្លាប់ហើយ ខ្ញុំនឹងជា​អ្នកធ្វើការងារ​ចិញ្ចឹម (អ្នកទាំងពីរ) ក្នុងព្រៃធំ។ ព្រោះខ្ញុំ​ជាអ្នក​ឈ្លាវៃក្នុង​សិល្បធ្នូ មានឈោ្មះ​ល្បីល្បាញថា ជាអ្នក​ទ្រទ្រង់​នូវធ្នូ​ដ៏មាំ ខ្ញុំនឹង​ធ្វើការងារ​ចិញ្ចឹម (អ្នក) ក្នុង​ព្រៃធំ។ ខ្ញុំនឹង​ធ្វើការងារ​ស្វែងរកអំពារ​ម្រឹគទាំងឡាយ ទាំង​មើមឈើ ផ្លែឈើ ហើយ​ចិញ្ចឹម (អ្នក) ក្នុងព្រៃធំ។

[១១៥] (ជនទាំងពីរ…) បពិត្រមហារាជ នេះមិនមែន​ជាទំនៀម​ទេ កិរិយា​ធ្វើនូវ​អំពើ (របស់ព្រះអង្គ) នេះ មិនសមគួរ​ដល់យើង​ឡើយ ព្រះអង្គ​ជាព្រះរាជា​របស់យើង ៗ សូមថ្វាយ​បង្គំព្រះបាទ​របស់​ព្រះអង្គ។

[១១៦] (ព្រះរាជា…) បពិត្រអ្នកនេសាទ អ្នកពោលនូវធម៌ អ្នកធ្វើនូវ​សេចក្តី​គោរព (ចំពោះខ្ញុំ) អ្នកទុក​ជាបិតា​របស់ខ្ញុំ បពិត្រ​នាងបារិកា នាងទុក​ជាមាតា​របស់ខ្ញុំ។

[១១៧] (ជនទាំងពីរ…) បពិត្រព្រះរាជា ជាធំក្នុង​ដែនកាសី ទូលបង្គំ​សូមថ្វាយ​បង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ ទ្រង់ចំរើន​ក្នុងដែនកាសី ទូលបង្គំសូម​ថ្វាយបង្គំ​ព្រះអង្គ ទូលបង្គំ​ទាំងឡាយ សូមប្រណម្យ​អញ្ជលី​ចំពោះ​ព្រះអង្គ សូមព្រះអង្គ​នាំទូលបង្គំ​ទៅដល់​សាមៈ។ ទូលបង្គំ​ទាំងឡាយ នឹងច្របាច់ជើង ស្ទាបមុខ​ល្អគួរមើល​របស់​សាមៈនោះ ត្រៀម​រង់ចាំ​នូវសេចក្តី​ស្លាប់​ប៉ុណោ្ណះ។

[១១៨] (ព្រះបាទបិលយក្ខ…) សាមៈ ដែលស្លាប់ហើយ ដួលដេក​ដូចជា​ព្រះចន្ទ​ធ្លាក់មក​លើប្រថពី​ក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃ​ស្រោងស្រឹង សឹង​ដេរដាស​ដោយ​ម្រឹគ​សាហាវ ប្រាកដ​ដូចជា​ទីបំផុត​នៃអាកាស។ សាមៈ​ ដែលស្លាប់​ហើយ ដួលដេក​ដូចជា​ព្រះអាទិត្យ​ធ្លាក់មក​លើប្រថពី​ក្នុងព្រៃណា ព្រៃនោះឯង ជាព្រៃ​ស្រោងស្រឹង សឹងដេរដាស​ដោយ​ម្រឹគសាហាវ ប្រាកដ​ដូចជា​ទីបំផុត​នៃអាកាស។ សាមៈដែល​ស្លាប់ហើយ ដួលដេក​ប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី​នៅក្នុងព្រៃ​ណា ព្រៃនោះឯង ជាព្រៃ​ស្រោងស្រឹង សឹងដេរដាស​ដោយ​ម្រឹគសាហាវ ប្រាកដ​ដូចជា​ទីបំផុត​នៃអាកាស។ សាមៈ ដែល​ស្លាប់​ហើយ ដួលដេក​នៅក្នុង​ព្រៃណា ព្រៃនោះ​ឯង ជាព្រៃ​ស្រោងស្រឹង សឹង​ដេរដាស​ដោយ​ម្រឹគសាហាវ ប្រាកដ​ដូចជាទី​បំផុតនៃ​អាកាស (ព្រោះហេតុនោះ) អ្នក​ទាំងឡាយ ចូរនៅ​តែក្នុងអាស្រម​នេះហើយ។

[១១៩] (ជនទាំងពីរ…) បើទុកណាជាទីនោះ (មាន​ម្រឹគសាហាវ) រយ​ពាន់ ម៉ឺនក្តី ទូលបង្គំ​ទាំងពីរនាក់ ឥតមាន​សេចក្តី​ភិតភ័យ​តិចតួច ព្រោះ​សត្វសាហាវ​ទាំង​ឡាយ​ក្នុងព្រៃទេ។

[១២០] (អភិសម្ពុទ្ធគាថា…) គ្រានោះ ព្រះរាជា ជាធំក្នុងដែនកាសី នាំជនខ្វាក់ (ទាំងពីរ) ដឹកដៃ​ទៅក្នុង​ព្រៃធំ ត្រង់កន្លែង​ដែលសាមៈ​ស្លាប់។

[១២១] មាតាបិតាឃើញនូវសាមៈ ជាបុត្តដួល​ប្រឡាក់​ប្រឡូស​ដោយអាចម៍ដី ដែល​គេបោះបង់​ចោលក្នុង​ព្រៃធំ ហាក់ដូច​ព្រះចន្ទ​ដែលធ្លាក់​មកលើ​ប្រថពី។ ឃើញ​នូវសាមៈ ជាបុត្ត​ដួលប្រឡាក់​ប្រឡូស​ដោយអាចម៍ដី ដែលគេ​បោះបង់​ចោល​ក្នុងព្រៃធំ ដូច​ព្រះអាទិត្យដែល​ធ្លាក់មក​លើប្រថពី ឃើញនូវសាមៈ​ជាបុត្ត ដួល​ប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី ដែល​គេបោះបង់​ចោលក្នុង​ព្រៃធំ ក៏យំ​រៀបរាប់​គួរឲ្យអាណិត។ ឃើញ​សាមៈ ជាបុត្ត​ដួលប្រឡាក់​ប្រឡូស​ដោយអាចម៍ដី ហើយផ្គង​ដើមដៃ យំទង្គឹះ​ខ្សឹកខ្សួលថា ហៃបា​ដ៏ចំរើន (ការសា្លប់នេះ) មានសភាព​មិនគួរទេ។ ឱបាសាមៈ មានរូបល្អ គួឲ្យក្រឡេក​មើល បាឯង​ជាមនុស្ស​ស្រវឹង​ខ្លាំង​ បានជាក្នុង​កាលដែលដល់​នូវមរណៈ​ថ្ងៃនេះ អ្នក​ឥតនិយាយ​រកយើង​បន្តិច​បន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យ​ក្រឡេកមើល បាជា​មនុស្សភ្លើត​ភ្លើនខ្លាំង បានជា​ក្នុងកាល​ដែល​ដល់នូវ​មរណៈ​ថ្ងៃនេះ អ្នកឥត​និយាយរក​យើង​បន្តិច​បន្តួចសោះ។ ឱបាសាមៈ អ្នកមាន​រូបល្អ គួរឲ្យ​ក្រឡេកមើល បាឯង​ខឹងខ្លាំង បានជា​ក្នុងកាល​ដែលដល់​នូវមរណៈ​ក្នុងថ្ងៃនេះ អ្នកឥត​និយាយ​រកយើង​បន្តិច​បន្តួច​សោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យ​ក្រឡេកមើល បាឯង​ដេកលក់​ស៊ប់ បានជា​ក្នុងកាល​ដែលដល់​នូវមរណៈ​ក្នុងថ្ងៃនេះ បាឥត​និយាយរក​យើងបន្តិច​បន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យ​ក្រឡេកមើល បាជា​បុគ្គលតូច​ចិត្តខ្លាំង បានជា​ក្នុងកាល​ដែលដល់​នូវមរណៈ​ក្នុងថ្ងៃនេះ បាឥត​និយាយ​រកយើង​បន្តិច​បន្តួច​សោះ។ ឥឡូវនេះ នរណា នឹងរៀប​ចំជដា ដ៏សៅហ្មង​ប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី ព្រោះសាមៈ ជាអ្នកបំរើ​យើង​ងងឹត​ងងល់នេះ ធ្វើមរណ​កាលហើយ។ នរណា នឹងកាន់​អំបោស​បោសអាស្រម ដើម្បី​យើង ព្រោះសាមៈ ជាអ្នកបំរើ​យើងងងឹត​ងងល់នេះ ធ្វើមរណ​កាលហើយ។​ ឥឡូវនេះ នរណា​នឹងផ្ងូត (យើង) ដោយ​ទឹកត្រជាក់ ទឹកក្តៅ ព្រោះសាមៈ ជាអ្នកបំរើ​យើង​ងងឹត​ងងល់នេះ ធ្វើមរណកាល​ហើយ។ ឥឡូវនេះ នរណា​នឹងឲ្យយើង​បរិភោគ​មើមឈើ ផ្លែឈើ ព្រោះសាមៈ ជាអ្នកបំរើ យើង​ងងឹតងងុល​នេះ ធ្វើមរណ​កាលហើយ។

[១២២] មាតាឃើញសាមៈជាបុត្ត ដួលប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី ត្រូវ​សេចក្តី​សោក​ព្រោះកូន បៀតបៀន​ហើយ បានពោល​នូវពាក្យ​សច្ចៈថា ក្នុងកាល​មុន សាមៈនេះ ជាអ្នក​ប្រព្រឹត្តធម៌ ដោយសច្ចៈ​ណា សូម្បីឲ្យ​ពិសរបស់​សាមៈ សាបរលាប​ទៅដោយ​ការពោល​សច្ចៈ​នុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នក​ប្រព្រឹត្តធម៌ដ៏​ប្រសើរ ដោយ​សច្ចៈណា សូម្បី​ឲ្យពិស​របស់សាមៈ សាបរលាបទៅ ដោយ​ការពោល​សច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នក​ពោលនូវ​ពាក្យសត្យ​ដោយសច្ចៈ​ណា សូមឲ្យពិស​របស់សាមៈ សាបរលាប​ទៅដោយ​ការពោល​សច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នកបំរើ​មាតា និងបិតា ដោយ​សច្ចៈណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាប​ទៅ ដោយ​ការពោល​សច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នក​ប្រព្រឹត្ត​កោតក្រែង​នូវបុគ្គល​ជាធំក្នុង​ត្រកូល ដោយសច្ចៈ​ណា សូមឲ្យពិស​របស់​សាមៈ​ សាបរលាប​ទៅដោយ​ការពោល​សច្ចៈនុ៎ះ។ សាមៈនេះ ជាទី​ស្រឡាញ់​ដោយ​វិសេស​របស់​ខ្ញុំ​ជាងជីវិត ដោយសច្ចៈ​ណា សូមឲ្យ​ពិសរបស់​សាមៈ សាប​រលាប​ទៅដោយ​ការពោល​សច្ចៈនុ៎ះ។ បុណ្យ​ណានីមួយ ដែលខ្ញុំផង ដែលបិតា​របស់អ្នក​ផង បានធ្វើហើយ ដោយ​កុសល​ទាំងអស់នោះ សូមឲ្យ​ពិស​របស់​សាមៈ សាបរលាបទៅ។

[១២៣] បិតាឃើញសាមៈជាបុត្ត ដួលប្រឡាក់​ប្រឡូស​ដោយអាចម៍ដី ត្រូវ​សេចក្តី​សោក​ព្រោះកូន​បៀតបៀន​ហើយ បានពោល​នូវពាក្យ​សច្ចៈថា ក្នុងកាល​មុន សាមៈនេះ ជាអ្នក​ប្រព្រឹត្តធម៌ ដោយសច្ចៈ​ណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាប​ទៅដោយ​ការពោល​សច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ ដោយ​សច្ចៈណា សូមឲ្យ​ពិស​របស់សាមៈ​ សាបរលាបទៅ​ដោយ​ការ​ពោលសច្ចៈ​នុ៎ះ។ ក្នុងកាល​មុន សាមៈនេះ ជាអ្នក​ពោលនូវ​ពាក្យសត្យ ដោយ​ពាក្យ​សច្ចៈណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាបទៅ ដោយការ​ពោល​សច្ចៈ​នុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នក​ចិញ្ចឹមមាតា និងបិតា ដោយ​សច្ចៈណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាបទៅ ដោយការ​ពោលសច្ចៈ​នុ៎ះ។ សាមៈនេះ ជាអ្នក​ប្រព្រឹត្ត​កោតក្រែង​នូវបុគ្គល​ជាធំក្នុង​ត្រកូល ដោយសច្ចៈ​ណា សូមឲ្យ​ពិសរបស់​សាមៈ​ សាបរលាប​ទៅ ដោយការ​ពោលសច្ចៈ​នុ៎ះ។ សាមៈនេះ ជាបុគ្គល​ជាទី​ស្រឡាញ់​ដោយវិសេស​របស់ខ្ញុំ​ជាងជីវិត ដោយ​សច្ចៈណា សូមឲ្យ​ពិសរបស់​សាមៈ សាបរលាបទៅ ដោយការ​ពោលសច្ចៈ​នុ៎ះ។ បុណ្យ​ណានីមួយ ដែលខ្ញុំផង ដែលមាតា​របស់​អ្នកផង បានធ្វើ​ហើយ ដោយកុសល​ទាំងអស់​នោះ សូមឲ្យពិស​របស់សាមៈ សាបរលាបទៅ។

[១២៤] ទេវតានោះ បាត់អំពីភ្នំគន្ធមាទន៍ បានពោល​នូវពាក្យ​សច្ចៈនេះ ដោយ​សេចក្តី​អនុគ្រោះ​សាមៈថា ខ្ញុំនៅអាស្រ័យ​លើភ្នំគន្ធមាទន៍ អស់កាល​ជាយូរអង្វែង​ហើយ ឥតមាន​នរណា​ដទៃ ដែលជាទី​ស្រលាញ់ ដោយវិសេស​របស់ខ្ញុំ​ជាងសាមៈទេ ដោយ​ការ​ពោល​សច្ចនុ៎ះ សូមឲ្យ​ពិសរបស់​សាមៈ សាប​រលាបទៅ។ នៅភ្នំ​គន្ធមាទន៍ សព្វព្រៃព្រឹក្សា​ទាំងឡាយ សុទ្ធសឹង​មានក្លិនក្រអូប ដោយ​ការពោល​សច្ចៈនេះ សូមឲ្យ​ពិសរបស់​សាមៈ សាបរលាប​ទៅ។ កាលបើ​ជនទាំងនោះ កំពុង​ចរចារៀបរាប់​នូវពាក្យ​ប្រកបដោយ​សេចក្តី​ករុណា មាន​ប្រមាណច្រើន សាមៈ ជាមនុស្ស​កំឡោះ មានរូបល្អ​គួរឲ្យ​រមិលមើល ក៏ក្រោក​ឡើងភ្លាម។

[១២៥] (មហាសត្វ…) ខ្ញុំឈោ្មះសាមៈ សេចក្តីបំរើន ចូរមាន​ដល់លោក​ទាំងឡាយ ខ្ញុំក្រោក​ឡើងដោយ​សួស្តីហើយ សូមលោក​ទាំងឡាយ​កុំខ្សឹកខ្សួល​ខ្លាំងឡើយ សូម​លោកទាំងឡាយ​ចរចា​ចំពោះខ្ញុំ​ដោយពាក្យ​ពីរោះ។

[១២៦] បពិត្រមហារាជ ព្រះរាជដំណើររបស់ព្រះអង្គ​មកល្អហើយ ទ្រង់យាង​មកមិន​អាក្រក់​ទេ ព្រះអង្គ​ជាធំទ្រង់​យាងមក​ដល់ហើយ វត្ថុណា​មានក្នុង​ទីនេះ សូមទ្រង់​មាន​ព្រះបន្ទូល។ បពិត្រ​មហារាជ ផលាផល មានផ្លែទន្លាប់ មៈប៉ែន ស្រគំ សឹង​មានរស​ផ្អែមដូច​ទឹកឃ្មុំ ទូលបង្គំ​ជាខ្ញុំ​ប្រមូលមក​ទុកក្នុង​ទីជា​មួយគ្នា សូម​ទ្រង់​សោយនូវ​ផលាផល​ដែល​មាន​រសឆ្ងាញ់ៗ។ បពិត្រ​មហារាជ ទឹកសម្រាប់​សោយ​ដ៏ត្រជាក់ ទូលបង្គំ​ជាខ្ញុំបាន​នាំ​មកអំពី​ជ្រោះភ្នំ បើព្រះអង្គ​មានសេចក្តី​ត្រូវការ សូមទ្រង់​ដងអំពី​ទីនោះ​សោយចុះ។

[១២៧] (ព្រះបាទបិលយក្ខ…) ខ្ញុំវងេ្វង ភ័ន្តភាំង​ស្មារតី ងងឹតងងល់​សព្វទិសានុទិស ព្រោះបាន​ឃើញសាមៈ​នោះធ្វើ​មរណកាល​ហើយ ម្នាលសាមៈ អ្នក​ដូចម្តេច ក៏រស់​ឡើងវិញ។

[១២៨] (មហាសត្ត…) បពិត្រមហារាជ (សត្វលោក) តែងសំគាល់​នូវបុរស​ដែល​មាន​វេទនាធ្ងន់ តែនៅរស់ ឬមាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត ធ្លាក់ចុះ​ក្នុងភវង្គ ដែលនៅ​រស់ថា ស្លាប់។ បពិត្រ​មហារាជ ម្យ៉ាងទៀត (សត្វលោក) តែងសំគាល់​នូវបុរស​ដែល​មានវេទនា​ធ្ងន់ តែនៅ​រស់ ឬចូល​និរោធ​នៅរស់នោះ ថាស្លាប់​ហើយ។

[១២៩] សត្វណា តែងចិញ្ចឹមនូវមាតា និងបិតាដោយធម៌ ទេវតា​ទាំងឡាយ តែងរក្សា​នូវសត្វ អ្នកចិញ្ចឹម​មាតាបិតា​នោះ។ សត្វណា តែងចិញ្ចឹមមាតា និង​បិតា​ដោយធម៌ បណ្ឌិត​ទាំងឡាយ​ក្នុងលោក​នេះឯង តែងសរសើរ​នូវសត្វ​នោះ សត្វនោះ លុះ​លះបង់​លោកនេះ​ទៅ រមែងរីករាយ​ក្នុងស្ថានសួគ៌។

[១៣០] (ព្រះបាទបិលយក្ខ…) ខ្ញុំរឹងរឹតតែវងេ្វង ភ័ន្តភាំងស្មារតី ងងឹតងងល់​សព្វ​ទិសានុទិស ម្នាលសាមៈ ខ្ញុំសូមយក​អ្នកជា​ទីពឹង អ្នកចូរជា​ទីពឹង​របស់ខ្ញុំ។

[១៣១] (មហាសត្ត…) បពិត្រមហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​មាតា និងបិតា បពិត្រ​ព្រះរាជា លុះព្រះអង្គ​បានប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​បុត្ត និងភរិយា បពិត្រ​ព្រះរាជា លុះព្រះអង្គ​បានប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូមព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះមិត្ត និង​អាមាត្យ​ទាំងឡាយ បពិត្រ​ព្រះរាជា លុះព្រះអង្គ​បានប្រព្រឹត្ត​ធម៌​ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​​ប្រព្រឹត្តធម៌​ចំពោះ​សត្វពាហនៈ និងពល បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​បានប្រព្រឹត្ត​ធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌ ចំពោះ​ស្រុក និងនិគម​ទាំងឡាយ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​បានប្រព្រឹត្ត​ធម៌ក្នុងលោក​នេះហើយ នឹងទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​អ្នកដែន និងអ្នក​ជនបទ​ទាំងឡាយ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​បានប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹង​ទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះ​សមណៈ និងព្រាហ្មណ៍​ទាំងឡាយ បពិត្រ​ព្រះរាជា លុះទ្រង់​បាន​ប្រព្រឹត្ត​ធម៌​ក្នុងលោក​នេះហើយ នឹងទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ​ជាក្សត្រ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​ចំពោះម្រឹគ និងបក្សី បពិត្រ​ព្រះរាជា លុះទ្រង់ប្រព្រឹត្ត​ធម៌​ក្នុង​លោកនេះ​ហើយ នឹងទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមព្រះអង្គ​ប្រព្រឹត្ត​ធម៌ ធម៌​ដែល​ប្រព្រឹត្តល្អ​ហើយ តែងនាំ​មកនូវសុខ បពិត្រ​ព្រះរាជា លុះ​ទ្រង់​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅកាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌ (ព្រោះ) ទេវតា ឥន្ទ ព្រហ្ម ដែលបាន​ដល់​នូវឋានសួគ៌ ក៏ព្រោះធម៌​ដែលខ្លួន​ប្រព្រឹត្ត​ល្អហើយ បពិត្រ​ព្រះរាជា ព្រះអង្គ​កុំប្រហែស​ធ្វេសនឹង​ធម៌ឡើយ។

ចប់ សុវណ្ណសាមជាតក ទី៣។

នេមិរាជជាតក ទី៤

(៥៤១. និមិជាតកំ (៤))

[១៣២] (អភិសម្ពុទ្ធគាថា) ក្នុងកាលដែលព្រះបាទនេមិ​ជាបណ្ឌិត អ្នកត្រូវការ​ដោយ​កុសស ជាព្រះរាជា​អ្នកទូនា្មន​នូវសត្រូវ ទ្រង់តែង​ឲ្យទាន​ដល់ជន​អ្នកនៅ​ក្នុងដែន​វិទេហៈ​ទាំងឡាយ​គ្រប់គ្នា គ្រានោះ (មនុស្ស និងទេវតា​ទាំងឡាយ តែង​សរសើរថា) ឱអស្ចារ្យ​ណាស់ អ្នកប្រាជ្ញ​ទាំងឡាយ មានប្រាជ្ញា​ជាគ្រឿង​ពិចារណា កើតឡើង​ក្នុង​លោក​ហើយ។ កាល​ព្រះរាជាអង្គ​នោះ ទ្រង់ឲ្យ​ទាននោះ សេចក្តី​ត្រិះរិះ​កើតឡើងថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសល​ណាហ្ន៎ មានផល​ច្រើនជាង។

[១៣៣] ទេវរាជឈ្មោះមឃវៈ ជាទេវកុញ្ជរ ជា​សហស្សនេត្រ បានជ្រាប​ព្រះតម្រិះ​របស់​ព្រះរាជា​នោះ​ហើយ មក​ប្រាកដ (ក្នុងទីចំពោះ​ព្រះភក្រ្ត​ព្រះរាជា) កំចាត់បង់​នូវងងឹត​ដោយ​វណ្ណៈ។ ព្រះបាទ​នេមិរាជ​ជាធំ​ជាងមនុស្ស ទ្រង់ព្រឺ​ព្រះលោមា បានសួរ​ទេវរាជ​ឈ្មោះ​វាសវៈ​ថា អ្នកជា​ទេវាតា ឬ​ជាគន្ធព្វ ឬក៏ជាសក្កៈ​បុរិន្ទទៈ។ រស្មី​ប្រាកដ​ដូចោ្នះ ខ្ញុំពុំដែល​ឃើញ ទាំងមិនធ្លាប់​ឮឡើយ បពិត្រអ្នក​ដ៏ចំរើន អ្នកចូរប្រាប់ខ្ញុំ ធ្វើ​ម្តេច​យើង​ស្គាល់​​អ្នក​បាន។ ទេវរាជ​ឈ្មោះ​វាសវៈ​ជ្រាបថា ព្រះបាទ​នេមិ ព្រឺ​ព្រះលោមា​ហើយ ទើបឆ្លើយថា ខ្ញុំជា​ព្រះឥន្រ្ទ ជាធំជាង​ទេវតា មកកាន់​សំណាក់​ព្រះអង្គ​ បពិត្រ​ព្រះអង្គ​ជា​ធំ​ជាង​មនុស្ស ទ្រង់​កុំព្រឺព្រះ​លោមា​ឡើយ ព្រះអង្គ​មានសេចក្តី​ប្រាថា្ន ដើម្បីសួរ​នូវប្រស្នាណា សូមទ្រង់​សួរចុះ។ ចំណែក​ព្រះបាទ​នេមិរាជ​អង្គនោះ លុះ​ព្រះឥន្រ្ទាធិរាជ​ធ្វើឱកាស​ហើយ ក៏ទ្រង់​ត្រាស់សួរ​នូវទេវរាជ​ឈ្មោះ​វាសវៈ​ថា បពិត្រ​ទេវរាជ​ជាឥស្សរៈ​ជាងសព្វសត្វ​ទាំង​ឡាយ ខ្ញុំសូម​សួរព្រះអង្គ​ថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសលណា​មានផល​ច្រើនជាង។ ព្រះវាសវៈ​នោះ ដែល​ព្រះបាទនេមិ ជា​នរទេព​សួរហើយ ក៏ឆ្លើយ​តបព្រះបាទ​នេមិ​វិញ ព្រះវាសវៈ​នោះ ប្រាប់នូវ​ផលនៃ​ព្រហ្មចិរយៈ បានទូល​ព្រះបាទ​នេមិ ដែល​មិនជ្រាប​ថា បុគ្គល​កើតក្នុង​ត្រកូល​ក្សត្រ​ដោយ​ព្រហ្មចរិយៈ​ថោកទាប4) ដល់នូវភាព​ជា​ទេវតា​ដោយ​ព្រហ្មចរិយៈ​ជា​កណ្តាល5) បរិសុទ្ធ​ស្អាតដោយ​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់6) ។ ពួក​អ្នកបួស ប្រព្រឹត្ត​តបៈ​ទាំងឡាយ ទៅកើត​ក្នុងពួក​ព្រហ្មណា ពួកព្រហ្ម​ទាំងនុ៎ះ បុគ្គល​អ្នកប្រកប​ក្នុង​ការសូម​ណាមួយ មិនងាយ​បានសោះទេ។

[១៣៤] ព្រះបាទទុទីបៈ ១ ព្រះបាទសាគរៈ ១ ព្រះបាទសេលៈ ១ ព្រះបាទ​មុចលិន្ទ ១ ព្រះបាទភតីរសៈ ១ ព្រះបាទ​ឧសិន្នរៈ ១ ព្រះបាទ​អត្ថកៈ ១ ព្រះបាទ​អស្សកៈ ១ ព្រះបាទ​បុថុទ្ធនៈ ១។ ព្រះរាជា​ទាំងឡាយ​អង្គនេះ​ក្តី ព្រះរាជា​ទាំងឡាយ​ដទៃក្តី ពួកក្សត្រ ពួកព្រាហ្មណ៍​ជាច្រើនក្តី ដែលបូជា​នូវគ្រឿង​យ័ញ្ញ​យ៉ាងច្រើន មិនប្រព្រឹត្ត​កន្លង​នូវ​បេតភាព (កាមាវចរភូមិ) ឡើយ។

[១៣៥] ជនទាំងឡាយណា មិនមានគូ ជាបុគ្គល​ម្នាក់ឯង រមែងមិន​ត្រេកអរ (ត្រេកអរ​តែក្នុងការ​នៅច្រឡូក​ច្រឡំ​ដោយពួក) ជនទាំង​ឡាយណា មិន​មានបីតិ ដែលកើត​អំពី​វិវេកទេ ជន​ទាំងឡាយ​នោះ ទុកជា​មានភោគៈ​ស្មើ​ដោយ​ព្រះឥន្រ្ទ ក៏ដោយ​ចុះ ជនទាំង​ឡាយនោះ ក៏ឈ្មោះថា​ជាបុគ្គល​កំសត់ មាន​សេចក្តីសុខ​ព្រោះកិរិយា​អាស្រ័យ​នូវបុគ្គល​ដទៃ​ដោយពិត។

[១៣៦] ឥសី ៧ អង្គនេះ គឺឥសីឈោ្មះ​យាមហនុ ១ សោមយាគៈ ១ មនោជវៈ ១ សមុទ្ទៈ ១ មាឃៈ ១ ភរតៈ ១ ឥសីឈ្មោះ​កាលបុរក្ខិតៈ ១ និងឥសី​ទាំងឡាយ ៤ អង្គ គឺ​ឥសី​ឈ្មោះ​អង្គិរសៈ ១ កស្សបៈ ១ កីសវច្ឆៈ ១ អកន្តិ ១ ជាអនាគារ​បុគ្គល មានតបៈធម៌ បាន​កន្លង (កាមាវចរភូមិ) ដោយពិត។

[១៣៧] នៅប្រទេសហិមវន្តខាងជើង មានស្ទឹងឈ្មោះ​សីទា មានជម្រៅ​ដ៏ជ្រៅ អ្នកផង​ឆ្លងបាន​ដោយកម្រ (ទាំងពីរ​ខាង​ឆ្នេរស្ទឹងនោះ) មានភ្នំមាស ពណ៌ដូច​ភ្លើងខៀវ រុងរឿង​សព្វ ៗ កាល។ (ទៀបឆ្នេរ​នៃស្ទឹងនោះ) សឹង​មានដើម​ក្រឹស្នា​លូតលាស់​ទង្គំ​ទង្គោល មានទាំង​រុក្ខជាតិ​ផេ្សងៗ មានគុម្ព​លូតលាស់ (អំពីជើង​បព៌ត) ក្នុង​កាលមុន មាន​ពួកឥសី​ចាស់ៗ មួយម៉ឺនអង្គ នៅក្នុង​ទីនោះឯង។ ខ្ញុំជាបុគ្គល​ប្រសើរ​ដោយការ​ឲ្យ និងការ​ប្រព្រឹត្តិ​វត្ត ដោយការសង្រួម និងការ​ទូន្មាន (នូវឥន្រ្ទិយ) ហើយ​ប្រព្រឹត្ត (ម្នាក់ឯង) លះបង់ (ពួក) ជា​អ្នកមាន​ចិត្តតាំងមាំ។ ខ្ញុំមិនរិះគន់​នូវជន​អ្នកមាន​ជាតិទាប និងមាន​ជាតិខ្ពស់ នមស្ការ​ចំពោះ​ជន​អ្នកមាន​ចិត្តត្រង់ មិនមាន​កំណត់កាល​វេលាឡើយ ព្រោះថា សត្វទាំងឡាយ​មាន​កម្ម​ជា​ផៅពង្ស។ វណ្ណ7) ទាំងអស់ អ្នកមិនតាំង​នៅក្នុងធម៌ រមែង​ធ្លាក់ចុះ​ក្នុងនរក ជាខាង​ក្រោម វណ្ណៈទាំងអស់ បាន​ប្រព្រឹត្តធម៌​ដ៏ឧត្តមហើយ រមែង​បរិសុទ្ធ។

[១៣៨] មឃវទេវរាជ សុជម្បតិ ទ្រង់ពោល​ពាក្យនេះ ទ្រង់ប្រៀន​ប្រដៅ​ព្រះបាទ​នេមិ​ជាធំក្នុង​ដែន​វិទេហៈ រួចហើយ​ទ្រង់ចៀស​ចេញ​ទៅកាន់​ពួកទេវតា​ក្នុង​ឋានសួគ៌។

[១៣៩] (ព្រះឥន្រ្ទ…) ម្នាលអ្នកទាំងឡាយ​ដ៏ចំរើន អ្នកទាំងឡាយ​ទាំងប៉ុនា្មន​ដែល​បាន​មកប្រជុំគ្នា​ហើយក្នុង​ទីនេះ ចូរចាំ​ស្តាប់នូវ​គុណខ្ពស់ និងទាប8) មានប្រមាណ​ច្រើននេះ របស់​មនុស្ស​ទាំងឡាយ​អ្នកប្រកប​ដោយធម៌។ ដូចជា​ព្រះបាទនេមិ​អង្គនេះ ជាបណ្ឌិត ជា​អ្នក​ត្រូវការ​ដោយកុសល ជាព្រះរាជា​ទូន្មាននូវ​សត្រូវ បានឲ្យទានដល់​អ្នកដែន​វិទេហៈ​ទាំង​ឡាយគ្រប់ៗ គ្នា។ កាលដែល​ព្រះរាជា​អង្គនោះ កំពុងឲ្យនូវ​ទាននោះ សេចក្តី​ត្រិះរិះ​កើត​ឡើងថា ទានក្តី ព្រហ្មចរិយៈ​ក្តី កុសលណា មានផល​ច្រើនជាង។

[១៤០] (មហាជន…) ឱហ្ន៎ សេចក្តីព្រឺរោម មិនធ្លាប់កើតមាន ក៏កើតឡើយ​ហើយ​ក្នុងលោក រថទិព្វ​កើតប្រាកដ​ហើយ ដល់​ព្រះបាទវិទេហៈ​មានយស។

[១៤១] (អភិសម្ពុទ្ធគាថា) មាតលិទេវបុត្រ អ្នកមានឫទ្ធិ​ច្រើន ជា​ទេវសារថី បាន​អញ្ជើញ​ព្រះបាទ​វិទេហៈ អ្នកគ្រប់គ្រង​ក្រុងមិថិលា​ថា បពិត្រ​ព្រះរាជា​ដ៏ប្រសើរ​ជាម្ចាស់​នៃទិស សូមព្រះអង្គ​យាងមក ទ្រង់ស្តេច​ឡើងកាន់​រថនេះ ដ្បិតទេវតា​ទាំងឡាយ នៅឋាន​តាវត្តឹង្ស ព្រមទាំង​ព្រះឥន្រ្ទ ចង់ឃើញ​ព្រះអង្គ ព្រោះទេវតា​ទាំងឡាយ​នោះ តែងរលឹក (ព្រះអង្គ) កំពុងនៅ​ប្រជុំក្នុង​ធម្មសភា​ឈ្មោះសុធម្មា។

[១៤២] លំដាប់នោះ ព្រះបាទវិទេហៈ អ្នកគ្រប់គ្រង​ក្រុងមិថិលា ទ្រង់ម្នីម្នា​ក្រោក​ចាកអាសនៈ បែរព្រះភក្រ្ត​ឡើងកាន់រថ។ មាតលិទេវបុត្រ ទូលសួរ​ព្រះបាទ​នេមិរាជនុ៎ះ ដែលសេ្តច​ឡើងកាន់​រថទិព្វហើយ ដូច្នេះថា បពិត្រ​ព្រះរាជា​ដ៏ប្រសើរ​ជាម្ចាស់នៃ​ទិស ទូលបង្គំ​ជាខ្ញុំនាំ​ព្រះអង្គ​ទៅតាមផ្លូវណា តាមផ្លូវ​ដែលសត្វ​មាន​បាបកម្ម ឬតាមផ្លូវ​ដែលសត្វ​មានបុញ្ញកម្ម។

[១៤៣] (ព្រះបាទនេមិ…) ម្នាលមាតលិទេវសារថី អ្នកចូរនាំខ្ញុំ​ទៅតាម​ផ្លូវទាំងពីរ គឺផ្លូវដែល​សត្វមាន​បាបកម្មផង ផ្លូវដែល​សត្វមាន​បុញ្ញកម្មផង។

[១៤៤] (មាតលិ…) បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃ​ទិស ទូលបង្គំជាខ្ញុំ​នាំព្រះ​អង្គទៅ​តាមផ្លូវ​ណាមុន តាមផ្លូវ​ដែលសត្វ​មានបាបកម្ម​មុនឬ ឬតាម​ផ្លូវដែល​សត្វ​មាន​បុញ្ញកម្មមុន។

[១៤៥] (ព្រះបាទនេមិ…) ខ្ញុំចង់ឃើញនរកជាទីនៅ​នៃសត្វ​អ្នកមាន​បាបកម្ម​ទាំង​ឡាយ ខ្ញុំចង់ឃើញ​ឋាននៃសត្វ​អ្នកមាន​កម្មលាមក និងគតិនៃ​សត្វទ្រុស្តសីល​ទាំង​ឡាយមុន។

[១៤៦] (អភិសម្ពុទ្ធគាថា) មាតលិទេវសារថី បង្ហាញព្រះរាជា​នូវស្ទឹងឈ្មោះ​វេតរណី ដែលសត្វឆ្លង​បានដោយ​កម្រ ប្រកបព្រម​ដោយទឹកផ្សា​ប្រៃ​កំពុងពុះ ក្តៅដូច​អណ្តាតភ្លើង។

[១៤៧] ព្រះបាទនេមិ ទ្រង់ឃើញសត្វកំពុងធ្លាក់ទៅ​ក្នុងស្ទឹង​វេតរណី ជាទី​ឆ្លងឡើង​បានដោយ​កម្រក្រៃលែង ហើយ​ត្រាស់សួរ មាតលិទេវសារថី​ថា ម្នាល​ទេវបុត្រ​អ្នកបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ (សត្វកំពុង​ធ្លាក់ទៅក្នុង​ស្ទឹង​វេតរណី) ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយ​នេះធ្លាក់​ទៅកាន់ស្ទឹង​វេតរណី តើពួកសត្វ​នេះ បានធ្វើ​បាបកម្មអ្វី។

[១៤៨] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​ផលនៃ​បាបកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិនទ្រង់​ជ្រាបថា ពួកសត្វណា​មានកំឡាំង មាន​ធម៌ដ៏​លាមក បៀតបៀន​ប្រទេច​ផ្តាសា​នូវពួក​សត្វដែល​មានកំឡាំង​ខ្សោយ​ក្នុងជីវលោក ពួកសត្វ​មានកម្ម​លាមកនោះ រមែង​រងបាប ពួកសត្វ​ទាំងនោះឯង តែងធ្លាក់​ទៅកាន់​ស្ទឹងវេតរណី។

[១៤៩] (ព្រះបាទនេមិ…) ពួកឆ្កែព្រៃសម្បុរក្រហម និងពពាល ពួកត្មាត ពួកក្អែក ជា​សត្វគួរខ្លាច តែងទំពាស៊ី (សត្វនរក​ដែលវា​ប្រទះឃើញ) ម្នាល​ទេវបុត្រ​អ្នកបម្រើ ភ័យ​មានដល់​ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ហ្វូងក្អែក​តែង​ជញ្ជែង​ស៊ីនូវសត្វ​ទាំងឡាយ​នេះ តើសត្វ​ទាំងឡាយនេះ បានធ្វើបាប​ដូចមេ្តច។

[១៥០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃកម្ម​ដែលខ្លួន​ដឹង ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាប​ថា សត្វទាំង​ឡាយណា​នីមួយ មានសេចក្តី​កំណាញ់​ កំណាញ់ស្វិតស្វាញ មានធម៌​លាមកពេក ជាអ្នក​ជេរប្រទេច បៀតបៀន​ប្រទូស្ត​សមណ​ព្រាហ្មណ៍ សត្វអ្នកមាន​អំពើលាមក​ទាំងនោះ រមែង​រងបាប ទើបហ្វូងកែ្អក​ជញ្ជែងស៊ី​សត្វ​ទាំង​ឡាយនោះ។

[១៥១] (ព្រះរាជា…) សត្វនរកទាំងឡាយ មានសរីរៈ​ឆេះសន្ធោសនៅ្ធ ដើរលើ​ផែនដី​ដែក ថែមទាំង​នាយ​និរយបាល​សំពងដោយ​ដំបងដែក​ទាំងឡាយ ដែល​ភ្លើងឆេះ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលនាយ​និរយបាល​វាយដោយ​ដំបង ដួលដេកនេះ តើពួក​សត្វទាំងនេះ បានធ្វើ​បាបដូចមេ្តច។

[១៥២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​បាបកម្ម​ដែលខ្លួនដឹង ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាប​ថា ជនទាំងឡាយ មាន​បាបធម៌​ពេញបន្ទុក បៀតបៀន​ប្រទេចផ្តាសា​នូវបុរស​ស្រ្តីដែលឥត​បាបធម៌​ក្នុងជីវលោក ឈ្មោះថា​ជាអ្នក​មាន​បាបធម៌​ពេញបន្ទុក ជនអ្នក​មាន​កម្មលាមក​ទាំងនោះ រមែង​រងបាប​ ជនទាំង​ឡាយនោះ​ឯងហើយ ដែលនាយ​និរយបាល​បៀតបៀន​ដោយដំបង ដួលដេកនៅ។

[១៥៣] (ព្រះរាជា…) ពួកសត្វនរកដទៃមានខ្លួនឆេះជុំវិញ កំពុងទួញយំ (ធ្លាក់ទៅ) កាន់​រណ្តៅរងើក​ភ្លើងហើយថ្ងូរ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំ​ព្រោះ​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក សត្វទាំងឡាយ​ដែលធ្លាក់ទៅ​កាន់រណៅ្ត​រងើកភ្លើង ហើយថ្ងូរ តើពួកសត្វ​ទាំងឡាយ​នេះ បានធ្វើបាប​ដូចមេ្តច។

[១៥៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផលនៃ​បាប​កម្មដែល​ខ្លួនដឹង​ហើយ ទូលព្រះរាជា​ដែលមិន​ទ្រង់ជ្រាបថា ជនទាំងឡាយ​ណានីមួយ ពោល​អាងសាក្សី (កោង) ក្នុងហេតុនៃ​ទ្រព្យរបស់​ប្រជុំជន ហើយ​ញុំាងទ្រព្យ​ជាបំណុល​នោះឲ្យ​វិនាស បពិត្រ​ព្រះអង្គ​ជាធំជាងជន ជនទាំងឡាយនោះ​ ញ៉ាំងពួក​ជនឲ្យ​វិនាសហើយ ជនទាំងឡាយ​អ្នកមាន​កម្មដ៏លាមក​នោះ រមែងរងបាប ទើបជន​ទាំងឡាយ​នោះឯង (ធ្លាក់ទៅ) កាន់រណ្តៅ​រងើកភ្លើង ហើយ​ថ្ងូរដូចេ្នះ។

[១៥៥] (ព្រះរាជា) ខ្ទះទង់ដែងធំ មានភ្លើងឆេះ​សនោ្ធសនៅ្ធ រន្ទាលច្រាលឆ្អៅ ប្រាកដ​ជាក់ស្តែង ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ មា្នល​មាតលិ​ទេវសារថី ខ្ញុំសួរ​អ្នក ពួកសត្វទាំងនេះ (មានក្បាល​សំយុងចុះ) ធ្លាក់​ទៅកាន់​ខ្ទះពេញ​ដោយ​ទឹកទង់​ដែង តើពួកសត្វ​ទាំងនេះ​ធ្វើបាប​ដូចមេ្តច។

[១៥៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ទាំងឡាយ​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយណា មានធម៌​ដ៏លាមក​ពេក បៀតបៀន​ប្រទេច​ផ្តាសានូវ​សមណៈ ឬព្រាហ្មណ៍ អ្នកមានសីល ជនអ្នកមាន​កម្មដ៏លាមក​ទាំងឡាយ​នោះ តែងរងនូវបាប ជនទាំងនោះ (មានក្បាល​សំយុងចុះ) ធ្លាក់ទៅ​កាន់ខ្ទះ ពេញ​ដោយ​ទឹកទង់ដែង។

[១៥៧] (ព្រះរាជា…) ពួកនាយនិរយបាល ត្របែងកនៃសត្វនរក ហើយកាប់​ពន្លះ បោះទៅ​ក្នុងទឹកក្តៅ ម្នាលទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ចុះពួក​សត្វដែលមាន​ក្បាលដាច់ ហើយដេក​នៅនេះ តើសត្វពួកនេះ បាន​ធ្វើបាប​ដូចមេ្តច។

[១៥៨] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែល​មិនទ្រង់​ជ្រាបថា ជនទាំង​ឡាយណា ក្នុង​ជីវលោក មានបាបធម៌​ពេញបន្ទុក តែងចាប់​បៀត​បៀននូវ​សត្វស្លាប​ទាំងឡាយ បពិត្រ​ព្រះអង្គ​ជាធំជាងជន ជនទាំងឡាយ​នោះ បៀតបៀន​ហើយ​នូវ​សត្វស្លាប ពួកជន​អ្នកមានកម្មលាមក​នោះ រមែងរង​នូវបាប ជនទាំងឡាយ​នោះ មានក្បាល​ដាច់ហើយ ដេកនៅដូច្នេះ។

[១៥៩] (ព្រះរាជា…) ស្ទឹងនេះ មានទឹកច្រើន មានច្រាំងមិនជ្រៅ មានកំពង់ល្អ រាប​ទាប​ហូរទៅ សត្វដែល​មានសេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ​តែងផឹក ស្រាប់តែ​ទឹកដែល​សត្វទាំងឡាយ​នោះផឹក​ហើយ ក្លាយទៅ​ជាអង្កាម ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ចុះទឹកដែល​សត្វទាំងឡាយ​នោះ​ផឹកហើយ ក្លាយទៅ​ជាអង្កាម​វិញ តើពួក​សត្វទាំងនេះ បានធ្វើ​នូវបាបដូចម្តេច។

[១៦០] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែល​មិនទ្រង់​ជ្រាបថា។ ជន​ទាំងឡាយ​ណា អ្នកមាន​កិច្ចការ​មិនបរិសុទ្ធ លាយនូវ​ស្រូវសុទ្ធ​ដោយ​អង្កាម ឲ្យដល់​អ្នកទិញ បានជាទឹក​ដែលជន​ទាំងឡាយ​នោះ​កំពុងមាន​សេចក្តី​ក្តៅបៀតបៀន មានសេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ ផឹកទៅ​ក្លាយជា​អង្កាមវិញ។

[១៦១] (ព្រះរាជា…) នាយនិរយបាលទាំងឡាយ ចាក់នូវសរីរៈ​ទាំងពីរ​ខាងនៃ​សត្វនរក ដែលកំពុង​កន្ទក់កន្ទេញ ដោយព្រួញ​ទាំងឡាយ​ក៏មាន ដោយ​លំពែង​ទាំងឡាយ​ក៏មាន ដោយ​លំពែង​ស្នែងក្របី​ទាំងឡាយ​ក៏មាន ម្នាល​ទេពបម្រើ សេចក្តីភ័យ​មានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលនាយ​និរយបាល បៀតបៀន​ហើយ​ដោយ​លំពែង ដេកនៅដូច្នេះ តើពួក​សត្វទាំង​នេះ បានធ្វើ​នូវបាបដូច​មេ្តច។

[១៦២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ទាំងឡាយ​ដែលខ្លួនដឹង ហើយទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាប​ថា។ ជនទាំង​ឡាយណា ក្នុងជីវលោក ជាអ្នក​មានកម្ម​មិនល្អ លួចយក​ស្រូវ ទ្រព្យ ប្រាក់ មាស ទាំង​សត្វចិញ្ចឹម ពពែ ចៀម និងក្របី ដែលគេ​មិនឲ្យ ហើយធ្វើ​នូវការ​ចិញ្ចឹមជីវិត ជនអ្នក​មានកម្ម​ដ៏លាមក​ទាំងនោះ រមែងរង​នូវបាប ទើបពួក​ជនទាំងនោះ ត្រូវនាយ​និរយបាល​បៀតបៀន​ហើយ ដោយ​លំពែង​ដេកនៅដូច្នេះ។

[១៦៣] (ព្រះរាជា…) ហេតុអ្វី សត្វនរកទាំងឡាយនេះ មួយពួកត្រូវ​នាយនិរយបាល​ចងកអូស ពួកដទៃ​ត្រូវនាយ​និរយបាល​ចិញ្រ្ចាំ ពួកដទៃ​ទៀត​ត្រូវនាយ​និរយបាល​ធ្វើឲ្យ​ខ្ទេចខ្ទី ដួលដេកនៅ ម្នាល​ទេពបម្រើ ភ័យមានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិទេវ​សារថី ខ្ញុំសួរអ្នក ជនទាំង​ឡាយដែល​នាយ​និរយបាល​ធ្វើឲ្យខ្ទេចខ្ទី ហើយ​ដួលដេក​នៅ តើពួកជន​ទាំងនោះ បានធ្វើនូវ​បាបដូចមេ្តច។

[១៦៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយ​ណា ជាអ្នក​សម្លាប់​ទ្រាយ សម្លាប់ជ្រូក សម្លាប់ត្រី សម្លាប់​សត្វចិញ្ចឹម គឺក្របី ពពែ និងចៀម ហើយដាក់​លក់ឰដ៏រានផ្សា​លក់សាច់ ជនអ្នកមាន​កម្មអាក្រក់​ទាំងនោះ តែង​រងបាប បានជា​ជនទាំង​នោះ ត្រូវនាយ​និរយបាល​ធ្វើខ្ទេចខ្ទី ហើយ​ដេកនៅ។

[១៦៥] (ព្រះរាជា…) អន្លង់នេះ ពេញពោរ ដោយមូត្រ និងករីស មានក្លិន​អាក្រក់​មិនស្អាត ស្អុយផ្សាយទៅ ពួកជន​អ្នកមាន​សេចក្តី​ស្រេកឃ្លាន​គ្របសង្កត់​ហើយ ស៊ី (នូវ​មូត្រ និងករីស​នេះ) ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំព្រោះ​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​អ្នកបរិភោគ​នូវមូត្រ និង​ករីសនេះ តើពួកជន​ទាំងនេះ បានធ្វើ​នូវបាប​ដូចមេ្តច។

[១៦៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយណា​នីមួយ ជាអ្នក​បង្កសេចក្តី​ទុក្ខ អ្នកបៀតបៀន​មិត្រសំឡាញ់ អ្នក​តាំងនៅ​ក្នុងការ​បៀតបៀន​នូវជន​ដទៃ​សព្វៗកាល ពួកជន​ទាំងឡាយ មាន​អំពើ​លាមកនោះ រមែងរងបាប ជនពាល​ទាំងឡាយ​ជាអ្នក​ទ្រូស្តមិត្តនោះ តែងស៊ី​អាហារចាស់។

[១៦៧] (ព្រះរាជា…) អន្លង់នេះ ពេញពោរទៅដោយឈាម និងខ្ទុះ មានក្លិន​អាក្រក់​មិនស្អាត ស្អុយផ្សាយទៅ ពួកសត្វ​ដែលត្រូវ​កំដៅ​បៀតបៀន​ហើយ ផឹក (ឈាម និងខ្ទុះនោះ) ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជនដែល​មានឈាម និងខ្ទុះ​ជាអាហារនេះ តើពួក​សត្វទាំងនេះ បានធ្វើនូវ​បាបដូចមេ្តច។

[១៦៨] មាតលិទេវសារថី ដែលព្រះបាទ​នេមិសួរ​ហើយ ក៏ព្យាករ​នូវផលនៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​ដែលមិន​ជ្រាបថា ជនទាំង​ឡាយណា​ក្នុងជីវលោក​នេះ សម្លាប់​ព្រះអរហន្ត គឺ​មាតា ឬបិតា ឈ្មោះថា​បារាជិក (ក្នុងភាព​ជាគ្រហស្ថ) ពួកជន​អ្នកមាន​អំពើលាមក​នោះ តែង​រងបាប ជនទាំង​នោះ មានឈាម និងខ្ទុះ​ជាអាហារ។

[១៦៩] (ព្រះរាជា…) អ្នកចូរមើលនូវសត្វនរក មានអណា្តត​មុតដោយ​សន្ទូច បីដូច​ស្បែកដែល​គេខ្វារ​ដោយកង្វេរ ញាប់ញ័រ​ដូចត្រី ដែលជន​បោះទៅ​លើគោក ព្រោះ​ហេតុអ្វីហ្ន៎ បានជា​សត្វនរក​ទាំងនេះ យំបង្ហៀរ​ទឹកមាត់ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកជន​ដែលស៊ី​សន្ទូច​ដេកនៅ តើពួកសត្វ​ទាំងនេះ បានធ្វើនូវ​បាបដូចមេ្តច។

[១៧០] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែលមិន​ទ្រង់ជ្រាបថា មនុស្ស​ទាំងឡាយ​ណានីមួយ ឋិតនៅ​ក្នុងដំណែង​ជាអ្នក​កាត់ថ្លៃទំនិញ ញុំាង​ទំនិញ​ដែលមាន​ថ្លៃ ឲ្យសាបសូន្យ​ចាកថ្លៃ (បនោ្ថក​ទំនិញគេ) ប្រកប​ដោយ​អំពើកោង ធ្វើអំពើកោង ព្រោះហេតុ​ចង់បានទ្រព្យ បីដូចជា​សន្ទូចដែល​គេបិទបាំង (ដោយ​នុយ) ដើម្បី​សម្លាប់ត្រី។ ទីពឹង​របស់អ្នក​ធ្វើនូវអំពើ​កោង ជាបុគ្គល​ដែលកម្ម​របស់ខ្លួន​រួបរឹត​ហើយ មិនមានទេ ពួកជន​អ្នកមាន​អំពើ​លាមក​នោះ តែងរង​បាប បានជា​ពួកជន​ទាំងនោះ ជាអ្នក​ស៊ីសន្ទូច​ដេកនៅ។

[១៧១] (ព្រះរាជា…) ពួកស្រ្តីទាំងនេះ មានខ្លួនដាច់ខេ្ទចខ្ទី មានជាតិ​អាក្រក់ មានខ្លួន​ប្រឡាក់​ពាសពេញ​ដោយឈាម និងខ្ទុះ មានខ្លួន​ដាច់​រយះរយាយ បីដូច​គោ​ទាំងឡាយ​ដែលគេ​ពន្លះក្នុង​ទីសម្លាប់ ផ្គងដើមដៃ​ទាំងឡាយ យំកន្ទក់​កន្ទេញ ​ពួកស្រ្តី​ទាំងនោះ (មានខ្លួន​ត្រឹមចង្កេះ) លិចចុះ​ក្នុងផែនដី មានភ្លើង​ឆេះសន្ធោសន្ធៅ មាន​ភ្នំរមៀល​កិនសព្វៗកាល ម្នាលទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ជា​ទេវសារថី ខ្ញុំសួរអ្នក ពួកស្ត្រី​ដែល (មានខ្លួន​ត្រឹមចង្កេះ) លិចចុះ​ក្នុងផែនដី មានភ្លើង​ឆេះ​សន្ធោសន្ធៅ មានភ្នំ​រមៀល​កិនសព្វ ៗ កាល​ តើពួកស្រ្តី​ទាំងនេះ បានធ្វើ​បាបដូចមេ្តច។

[១៧២] មាតលិទេវសារថី ដែលព្រះបាទ​នេមិសួរហើយ ក៏ព្យាករ​នូវផល​នៃ​បាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជានោះ​ដែលមិនទ្រង់​ជ្រាបថា ពួកស្រ្តី​មាន​ត្រកូលក្នុង​ជីវលោក​នេះ មានអំពើ​មិនបរិសុទ្ធ បានប្រព្រឹត្ត​នូវអំពើ​ជារបស់​អសប្បុរស ពួកស្រ្តី​ទាំងនោះ មាន​សភាពជា​អ្នកលេង លះបង់​ស្វាមី ហើយ​ត្រាច់ទៅរក​បុរសដទៃ ព្រោះ​ហេតុតែ​កាមគុណ និងលែ្បងពាល ពួកស្រ្តី​ទាំងនោះ ក្នុង​ជីវលោក លុះញ៉ាំង​បុរស​ដទៃឲ្យត្រេក​ត្រអាល ទើបមាន​ភ្លើងឆេះ​សន្ធោសន្ធៅ មានភ្នំ​រមៀលកិនដូច្នេះ។

[១៧៣] (ព្រះរាជា…) ព្រោះហេតុអ្វី បានជាសត្វនរកមួយ​ពួកទៀតនេះ ត្រូវនាយ​និរយបាល​ចាប់ជើង ឲ្យមាន​ក្បាលសំយុង​ចុះ ហើយទម្លាក់​ទៅក្នុងរណ្តៅ ម្នាល​ទេពបម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំ​សួរអ្នក ពួកសត្វ​ទាំងនេះ ដែលមាន​ក្បាល​សំយុងចុះ នាយ​និរយបាល​ទម្លាក់ទៅ​ក្នុងរណ្តៅនរក តើពួក​សត្វទាំង​នេះ បានធ្វើ​បាបដូចមេ្តច។

[១៧៤] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះដែលមិន​ជ្រាបថា ជនទាំងឡាយ​ណា ក្នុង​ជីវលោកនេះ អ្នកមាន​អំពើជា​របស់​អសប្បុរស ប្រព្រឹត្ត​កន្លងនូវ​ប្រពន្ធ​ទាំងឡាយ​នៃ​ជនដទៃ សត្វទាំងឡាយ​ប្រាកដ​ដូច្នោះនោះ ឈោ្មះថា​ជាអ្នក​លួចនូវ​របស់ដ៏ថ្លៃថ្លា បានជា​សត្វទាំង​នោះ (មានក្បាល​សំយុងចុះ) ត្រូវ​នាយនិរយបាល​ទម្លាក់​ទៅក្នុងរណ្តៅ។ សត្វ​ទាំងឡាយ​នោះ តែងរងនូវ​ទុក្ខវេទនា​ក្នុងនរក​ទំាងឡាយ​នោះ អស់ប្រជុំ​នៃឆ្នាំដ៏​ច្រើន ព្រោះថា ទីពឹង​ទាំងឡាយ​របស់បុគ្គល​អ្នកធ្វើបាប ជាបុគ្គល​ដែលកម្ម​របស់ខ្លួន​រួបរឹត​ហើយ មិនមានទេ ពួកសត្វ​អ្នកមាន​អំពើលាមក​នោះ រមែង​រងនូវបាប ទើប​បានជា​ពួកជន​ទាំងនោះ (មានក្បាល​សំយុងចុះ) ត្រូវនាយ​និរយបាល​ទម្លាក់​ទៅក្នុងរណ្តៅ។

[១៧៥] (ព្រះរាជា…) ពួកសត្វទាំងឡាយនេះ ខ្ពស់ និងទាបផេ្សង​ៗគ្នា ជាអ្នក​ត្រដាបត្រដួស មានរួប​គួរខ្លាច​ពន់ពេក ប្រាកដ​នៅក្នុង​នរកទាំង​ឡាយ ម្នាល​ទេព​បម្រើ ភ័យមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិទេវសារថី ខ្ញុំសួរ​អ្នក ពួក​ជន​ដែលមាន​សេចក្តី​ទុក្ខវេទនា​ក្លៀវក្លា ខ្លោចផ្សា ក្តៅក្រហាយ​ក្រៃលែង​នេះ តើពួក​សត្វទាំងនេះ បានធ្វើបាប​ដូចមេ្តច។

[១៧៦] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបាបកម្ម​ដែលខ្លួន​ដឹងហើយ ទូលព្រះរាជានោះ​ដែលមិនទ្រង់​ជ្រាបថា ជនទាំង​ឡាយណា​ក្នុងជីវលោក​នេះ មានទិដ្ឋិ​លាមក​ក្រៃលែង តែងធ្វើ​អំពើដ៏សិ្នទ្ធ ព្រោះ​មោហៈ ទាំង​បបួល​អ្នកដទៃ (ឲ្យយល់) ក្នុងទិដ្ឋិ​ទាំងឡាយ​នោះផង ជនទាំង​ឡាយនោះ មាន​ទិដ្ឋិបាប រមែង​រងបាប ទើបបាន​ជាពួកជន​ទាំងនោះ​រងទុក្ខវេទនា​ដ៏ក្លៀវក្លា ខ្លោចផ្សា ក្តៅ​ក្រហាយ​ក្រៃលែង។

[១៧៧] បពិត្រព្រះរាជា ទីលំនៅរបស់សត្វអ្នកមាន​បាបកម្ម​ទាំងឡាយ ឋាន​របស់​សត្វអ្នក​មានអំពើ​អាក្រក់​ទាំងឡាយ និងគតិ​របស់សត្វ​អ្នកទ្រូស្តសីល​ទាំងឡាយ ព្រះអង្គ​ទ្រង់បាន​ជ្រាបហើយ បពិត្រ​ព្រះរាជា​អ្នកស្វែង​រកគុណ​ដ៏ធំ សូមទ្រង់​សេ្តចទៅ​ក្នុងសំណាក់​ទេវរាជ​ឥឡូវនេះ។

[១៧៨] (ព្រះបាទនេមិ…) វិមាននេះ មានកំពូលប្រាំ ដែលយើង​ឃើញប្រាកដ មាន​នាងនារី​មាន​អានុភាពធំ ប្រដាប់​ដោយ​កម្រងផ្កា សំដែង​នូវទេវឫទ្ធិ​មានប្រការ​ផេ្សង ៗ នៅ​កណ្តាល​ដំណេក ក្នុងវិមាន​នោះ ម្នាល​ទេពបម្រើ សេចក្តី​រីករាយ​មានប្រាកដ​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក នារីដែល​បានដល់​ឋានសួគ៌ហើយ រីករាយ​ក្នុងវិមាន តើនារីនេះ បានធ្វើ​កុសលដូច​មេ្តច។

[១៧៩] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ពិរណី​ដែលទ្រង់ធ្លាប់​ជ្រាបហើយ ជាទាសីកើត​ហើយក្នុងផ្ទៃ​នៃទាសី ក្នុង​ផ្ទះនៃព្រាហ្មណ៍ ក្នុង​ជីវលោក នាងពិរណី​នោះដឹងថា ភិក្ខុជាភ្ញៀវ មានកាល​ដល់ហើយ (ហើយ​ក៏អង្គាស​ចង្ហាន់​ប្រគេន​ភិក្ខុនោះ) ហាក់ដូច​ជាមាតា ដែលត្រេកអរ​ចំពោះ​បុត្តរបស់ខ្លួន នាងជា​អ្នកសង្រួម ជាអ្នក​ចែកទាន ទើបនាង​រីករាយ​ក្នុងវិមាន។

[១៨០] (ព្រះបាទនេមិ…) វិមានមាសទាំង ៧ ដែលបុញ្ញកម្ម​តាក់តែង​ហើយ មាន​ពន្លឺរុងរឿង​ផ្សព្វផ្សាយ​ទៅ មានទេវបុត្រ​មានឫទ្ធិច្រើន ប្រដាប់​ហើយដោយ​អាភរណៈ​គ្រប់បែប មានពួក​នាងទេពធីតា​ចោមរោម​ហើយ ដើរ​ប្រទក្សិណ​ដោយជុំវិញ ក្នុង​វិមាន​ទាំង ៧ នោះ។

មា្នលទេពបម្រើ ខ្ញុំមានសេចក្តីត្រេកអរ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្តនេះ បានធ្វើ​នូវកុសល​ដូចមេ្តច ទើបដល់នូវ​ឋានសួគ៌ ហើយ​រីករាយ​ក្នុងវិមាន។

[១៨១] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជានោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​នេះ ជាគហបតី ឈោ្មះ​សោណទិន្ន ជាម្ចាស់​នៃទាន (ក្នុងដែនកាសី) គាត់​បានសាង​កុដិសម្រាប់​នៅ ៧ ខ្នង ឧទិ្ទស​ចំពោះ​បព្វជិត។ គាត់បាន​បម្រើភិក្ខុទាំងឡាយ ដែលអាស្រ័យនៅ​ក្នុងកុដិនោះ​ដោយគោរព បានប្រគេន​ចីវរសម្រាប់​ស្លៀក​ដណ្តប់ផង ភត្តាហារ​ផង សេនាសនៈ​ផង គ្រឿងប្រទីប​ផង ចំពោះ​លោក​អ្នកមានចិត្ត​ត្រង់ទាំងឡាយ ដោយ​ចិត្តជ្រះថ្លា។ គាត់រក្សា​ឧបោសថ​ប្រកប​ដោយ​អង្គ​ប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី៨ នៃបក្ខផង បាដិហារិយបក្ខ​ផង គាត់ជា​អ្នកសង្រួម​ក្នុងសីល​ទាំងឡាយ​សព្វ ៗ កាល ជាអ្នក​សង្រួមនូវ​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើបគាត់​រីករាយ​ក្នុងវិមាន។

[១៨២] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្ម​និម្មិតហើយ ដ៏រុងរឿង​ដោយជញ្ជាំង​ជាវិការៈ​នៃកែវផលិក ​ពាសពេញ​ដោយ​ពួកនារី​ដ៏ប្រសើរ រុងរឿង​ដោយផ្ទះ​កំពូល ប្រកប​ដោយ​ទឹក និងភោជន ដោយ​កិរិយារាំ និងច្រៀង​ទាំងពីរ។ ម្នាល​ទេពបម្រើ ខ្ញុំមាន​សេចក្តី​ត្រេកអរ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើនារី​ទាំងនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៣] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ពួក​នារីណា​នីមួយ ក្នុងជីវលោក​នេះ មានសីល ជាឧបាសិកា ត្រេកអរក្នុង​ទាន មានចិត្ត​ជ្រះថ្លា​ជានិច្ច តាំងនៅ​ក្នុងសច្ចធម៌ មិនប្រហែស​ធ្វេសក្នុង​ឧបោសថ ជាអ្នក​សង្រួម ជាអ្នក​ចែកទាន ទើបនារី​ទាំងនោះ​រីករាយ​ក្នុងវិមាន។

[១៨៤] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិត​ហើយ ដ៏រុងរឿង​ដោយ​ជញ្ជំាង ជាវិការៈ​នៃកែវពៃទូរ្យ ប្រកប​ដោយភូមិភាគ ចែកវាស់​ដោយ​ចំណែក។ (ក្នុងវិមាននេះ) មានសូរ​សម្លេងទិព្យ​លាន់ឮ គឺស្គរ សមោ្ភរ​ កិរិយារាំ ច្រៀង និងប្រគំ គួរ​ស្តាប់ ជាទី​រីករាយ​នៃចិត្ត។ សម្លេង​ដែលប្រព្រឹត្ត​ទៅយ៉ាង​នេះ ពីរោះ​យ៉ាងនេះ ពីមុនមក ខ្ញុំមិន​ដែលឃើញ ទាំងមិន​ដែលឮ​ឡើយ ទើបតែ​បានដឹង។ ម្នាលទេព​បម្រើ សេចក្តី​ត្រេកអរ​មានដល់ខ្ញុំ​ព្រោះបាន​ឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើពួកទេវបុត្រ​ទាំងនេះ ធ្វើកុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៥] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ជនទាំង​ឡាយ​ណា មានសីល ជាឧបាសក ក្នុងជីវលោកនេះ បានកសាង​សួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន ប្រតិបត្តិ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រជាក់ ដោយគោរព ព្រមទាំង​បាន​ថ្វាយចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ) ចំពោ​ព្រះអរហន្ត​ទាំងឡាយ​អ្នកមាន​ចិត្តត្រង់​ដោយចិត្ត​ជ្រះថ្លា។ ជនទាំងឡាយ​នោះ បានរក្សា​ឧបោសថ ប្រកប​ដោយអង្គ​ប្រាំបី អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨ នៃបក្ខផង បាដិហារិយបក្ខ​ផង សង្រួមក្នុង​សីល​ទាំងឡាយ សព្វ ៗ កាល ជាអ្នក​សង្រួមឥន្រ្ទិយ និងជា​អ្នកចែកទាន ទើបជនទាំង​ឡាយនោះ​រីករាយ​ក្នុងវិមាន។

[១៨៦] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មតល្អ​ហើយ រុងរឿង​ដោយជញ្ជាំង ជាវិការៈ​នៃកែវផលិក ដេរដាសដោយ​ពួកនាង​នារីដ៏ប្រសើរ ចំរើនដោយ​ផ្ទះកំពូល ប្រកប​ដោយទឹក និង​ភោជន ដោយ​កិរិយារាំ និងច្រៀង​ទាំងពីរយ៉ាង មានស្ទឹង​ប្រកប​ដោយ​រុក្ខជាតិ មានផ្កា​ផេ្សងៗ ហូរព័ទ្ធ​ជុំវិញ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​ មានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រ​នេះ បានធ្វើ​នូវកុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៨៧] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផលនៃ​បុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គ​នុ៎ះ ជាគហបតី ជាម្ចាស់​នៃទាន ក្នុងក្រុង​មិថិលា បានសាង​សួនច្បារ ស្រះ អណ្តូងទឹក​ និងស្ពាន បានប្រតិបត្តិ​ព្រះអរហន្ត​ទាំងឡាយ​អ្នកមាន​ចិត្តត្រជាក់ ដោយ​គោរព បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ​ និង (គិលានប្បច្ច័យ) ចំពោះ​ពួកព្រះអរហន្ត​អ្នកមាន​ចិត្តត្រង់ ដោយចិត្តជ្រះថា្ល។ បានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួមនូវ​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៨៨] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិមិ្មត​ល្អហើយ ដ៏រុងរឿង​ដោយ​ជញ្ជាំង ជាវិការៈ​នៃកែវផលិក ដេរដាស​ដោយពួក​នារីដ៏ប្រសើរ ចំរើនដោយ​ផ្ទះកំពូល ប្រកប​ដោយទឹក និងភោជន ដោយការ​ច្រៀង និងការរាំ​ទាំងពីរ​យ៉ាង មានស្ទឹង​ប្រកប​ដោយឈើ មានផ្កាផ្សេងៗ ហូរព័ទ្ធជុំវិញ មានឈើ​ទាំងឡាយ​ជាច្រើនគឺ ដើមកេស ខ្វិត ស្វាយ សាលព្រឹក្ស ព្រីង ទន្លាប់ មៈប៉ែន សុទ្ធសឹង​មានផ្លែ​ជានិច្ច។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រអង្គ​នេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ រីករាយ​ក្នុងវិមាន។

[១៨៩] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំង​ឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គនេះ ជា​គហបតី ជាម្ចាស់​នៃទាន​ក្នុងក្រុងមិថិលា បានសាង​សួនច្បារ ស្រះ អណ្តូងទឹក បានប្រតិបត្តិ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ ដែលជា​អ្នកមាន​ចិត្តត្រជាក់ បានថ្វាយ​នូវចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច័្ចយ) ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមានចិត្ត​ត្រង់ ដោយចិត្ត​ជ្រះថ្លា។ គហបតីនោះ បានទាំង​រក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៩០] (ព្រះរាជា…) វិមាននេះ ដែលបុញ្ញកម្មនិម្មិត​ហើយ ដ៏រុងរឿង​ដោយ​ជញ្ជាំង​ជាវិការៈ​នៃកែវពៃទូរ្យ ប្រកប​ដោយភូមិ​ភាគ ចែក​វាស់ដោយ​ចំណែក (ក្នុង​វិមាននោះ) មាន​សូរសព្ទ​ជាទិព្យ​លាន់ឮ គឺស្គរ សម្ភោរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទី​រីករាយ​នៃចិត្ត។ សម្លេងដែល​ប្រព្រឹត្ត​ទៅយ៉ាងនេះ ពីរោះ​យ៉ាងនេះ ពីមុនមក ខ្ញុំមិន​ដែលឃើញ ទាំងមិន​ដែលឮឡើយ ទើបតែ​នឹងបានដឹង។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក តើទេវបុត្រ​អង្គនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​ឋានសួគ៌ ហើយរីក​រាយក្នុងវិមាន។

[១៩១] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូលព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គ​នេះ ជាគហបតី ជាម្ចាស់​នៃទាន​ក្នុងក្រុង​ពារាណសី បានកសាង​សួនច្បារ ស្រះ អណ្តូង​ទឹក និងស្ពាន បានប្រតិបត្តិ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ ដែលមាន​ចិត្ត​ត្រជាក់ បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ)​ ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រង់​ដោយចិត្ត​ជ្រះថ្លា។ ទេវបុត្រនោះ បានរក្សាឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​ នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួម​ក្នុងសីល​ទាំងឡាយ សព្វៗ កាល ជាអ្នក​សង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​ទេវបុត្រនោះ រីករាយ​ក្នុងវិមាន។

[១៩២] (ព្រះរាជា…) វិមាននេះ ជាវិការនៃមាស​ដែល​បុញ្ញកម្មនិមិ្មត​ហើយ ដូច​ព្រះអាទិត្យ​ទើបរះ​ឡើង មានពណ៌​ក្រហម មានមណ្ឌលធំ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានប្រាកដដល់ខ្ញុំ​ព្រោះឃើញ ម្នាលមាតលិ​ទេវសារថី ខ្ញុំសួរអ្នក ទេវបុត្រ​អង្គនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​នូវ​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៩៣] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទេវបុត្រ​អង្គនេះ ជា​គហបតី​ជាម្ចាស់​នៃទាន​ក្នុងក្រុង​សាវត្ថី បានកសាង​សួនច្បារ ស្រះ អណ្តូងទឹក និងស្ពាន បានប្រតិបត្តិ​​ព្រះអរហន្ត​ទាំងឡាយ ជាអ្នកមាន​ចិត្តត្រជាក់ ដោយ​គោរព បានថ្វាយ​ចីវរ បិណ្ឌបាត សេនាសនៈ និង (គិលានប្បច្ច័យ)​ ចំពោះ​ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ចិត្តត្រង់​ដោយ​ចិត្តជ្រះថ្លា។​ គហបតីនោះ បានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ ប្រការ អស់​តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី ៨​ នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង សង្រួមក្នុង​សីល​ទាំងឡាយ សព្វៗ កាល ជាអ្នកសង្រួម​ឥន្រ្ទិយ ជាអ្នក​ចែកទាន ទើប​គហបតី​នោះ រីករាយ​ក្នុងវិមាន។

[១៩៤] (ព្រះរាជា…) វិមានទាំងឡាយនេះ ជាវិការនៃមាស មាន​ប្រមាណ​ច្រើន ដែល​បុញ្ញកម្ម​និម្មិត​ហើយ តាំងនៅ​ក្នុងអាកាស មានពន្លឺ​ដ៏រុងរឿង ដូចជា​ផ្លេកបន្ទោរ​ក្នុងចន្លោះ​នៃមេឃ ក្នុងវិមាន​ទាំងឡាយ​នោះ មានពួក​ទេវតា​មានឫទ្ធិ​ច្រើន សឹងប្រដាប់​ដោយ​គ្រឿង​អាភរណៈ​គ្រប់បែប មានពួក​នាងទេព​អប្សរ​ចោមរោម​ហើយ ប្រទក្សិណ​វិលវង់​ដោយជុំវិញ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរ​មានប្រាកដ​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក ពួកទេវបុត្រ​ទាំងនេះ បានធ្វើ​កុសលកម្ម​ដូចមេ្តច ទើបដល់​​ឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន។

[១៩៥] មាតលិទេវសារថីដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បុញ្ញកម្ម​​ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិន​ទ្រង់ជ្រាប​ថា ពួកទេវបុត្រ​ទាំងនោះ ជាសាវ័ក​របស់​ព្រះសម្មា​សម្ពុទ្ធ​ តាំងនៅស៊ប់​ដោយសទ្ធា​ក្នុង​ព្រះសទ្ធម្ម ដែល​ព្រះមានព្រះភាគ​ទ្រង់ប្រកាស​ទុកល្អ​ហើយ បានធ្វើ​តាមនូវ​ពុទ្ធវចនៈ​របស់​ព្រះសាស្តា បពិត្រ​ព្រះរាជា ឋានទាំងឡាយ​ដែលទ្រង់​ក្រឡេក​ឃើញហើយ គឺជា​ឋានរបស់​ទេវបុត្រ​ទាំង​ឡាយនោះ។

[១៩៦] បពិត្រមហារាជ ឋានរបស់សត្វ​អ្នកមាន​បាបកម្ម ទ្រង់បាន​ជ្រាបហើយ ព្រោះទ្រង់​ទតឃើញ​នូវលំនៅ (របស់សត្វ) ទាំងឋាន​របស់សត្វ​អ្នកមាន​កល្យាណកម្ម ក៏ទ្រង់​ជ្រាបហើយ បពិត្រ​ព្រះរាជា​ទ្រង់ស្វែង​រកកុសល​ធម៌ ឥឡូវនេះ សូមទ្រង់​យាង​ទៅក្នុង​សំណាក់នៃ​ទេវរាជ។

[១៩៧] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅ​លើទិព្វយាន មាន​សេះជា​វាហនៈ​ដែលទឹម​ដោយ​សេះសិន្ធព ១ ពាន់ កាលសេ្តច​កំពុង​យាងទៅ ទ្រង់​ក្រឡេក​​ឃើញភ្នំ​ទាំងឡាយ​ក្នុងចន្លោះ​សីទន្តរសមុទ្ទ លុះទ្រង់​ទតឃើញ​ហើយ ទ្រង់ត្រាស់​ហៅ​ទេវសារថី​សួរថា ភ្នំទាំងនោះ តើឈ្មោះអ្វីខ្លះ។

[១៩៨] (មាតលិ…) ភ្នំធំៗទាំងឡាយនេះ ក្នុងសមុទ្ទសីទន្តរ គឺភ្នំសុទស្សនៈ ១ ករវិក ១ ឥសិន្ធរ ១ យុគន្ធរ ១ នេមិន្ធរ ១ វិនតក ១ អស្សកណ្ណ ១ ជាភ្នំ​មានកំពូល​ខ្ពស់ឡើង​តាម​លំដាប់​រៀងគ្នា បពិត្រ​មហារាជ​ ភ្នំដែល​ទ្រង់ក្រឡេក​ឃើញ សឹងជា​លំ​នៅនៃ​មហារាជ​ទាំងឡាយ។

[១៩៩] (ព្រះរាជា…) (ទា្វរ) មានរូបជាអនេក​ដ៏រុងរឿង​វិចិត្រដោយ​រតនវត្ថុ​ផេ្សង ៗ ដ៏ដេរដាស​ដោយរូប​ទាំងឡាយ ប្រហែល​រូបព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួក​ខ្លាធំ​ចាំនៅ​ហើយ។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមាន​ដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរអ្នក គេហៅថា​ទា្វរនេះ​ ឈោ្មះអ្វី ទើបជា​ទីរីករាយ​នៃចិត្ត​ប្រាកដ​អំពី​ចម្ងាយ។

[២០០] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃបុញ្ញកម្ម​ទាំងឡាយ ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ ដែលមិន​ទ្រង់ជ្រាបថា ទ្វារនេះ​ឈោ្មះ​ចិត្តកូដ ជាទីចេញ​ចូលនៃ​ទេវរាជ (ជាទ្វារ​នៃ​ទេពនគរ ដែលតាំង​នៅត្រង់​ទីបំផុត​នៃភ្នំ​ព្រះសុមេរុ) ជាភ្នំគួរ​ឲ្យចង់មើល​ប្រាកដ (ទា្វរនេះ) មានរូប​ជាអនេក​ដ៏រុងរឿង វិចិត្រ​ដោយរតនៈ​វត្ថុផេ្សងៗ ប្រាកដ​ជាទ្វារ​ដ៏ដេរដាស​ដោយរូប​ទាំងឡាយ ប្រហែល​រូប​ព្រះឥន្រ្ទ បីដូចជា (ព្រៃធំ) ដែលពួក​ខ្លារក្សាហើយ បពិត្រ​ព្រះរាជា ទ្រង់ស្វែង​រកគុណធម៌ សូមទ្រង់​ចូលទៅ​តាមទ្វារនុ៎ះ សូមទ្រង់​ជាន់នូវ​ផែនដី​ទិព្វដ៏រាបសើ្ម។

[២០១] (អភិសម្ពុទ្ធគាថា) ព្រះបាទនេមិមហារាជ ទ្រង់ឋិតនៅ​លើទិព្វយាន មាន​សេះជា​វាហនៈ​ដែលទឹមដោយ​សេះសិន្ធព ១ ពាន់ ទ្រង់យាងទៅ បានទត​ឃើញនូវ​ទេវសភា (ត្រាស់​សួរថា) វិមាននេះ ដែល​បុញ្ញកម្ម​និម្មិតហើយ ដោយ​ជញ្ជាំង​ជាវិការនៃ​កែវពៃទូរ្យ ឃើញច្បាស់​ដូចអាកាស​មានពន្លឺខៀវ​ក្នុង​សរទកាល។

ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំ​ព្រោះឃើញ ម្នាល​មាតលិ​ទេវសារថី ខ្ញុំសួរ​អ្នក គេហៅ​វិមាននុ៎ះ​ឈ្មោះអ្វី។

[២០២] មាតលិទេវសារថី ដែលព្រះបាទនេមិ​សួរហើយ ក៏ព្យាករ​នូវផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ដែលខ្លួន​ដឹងហើយ ទូល​ព្រះរាជា​នោះ​ដែលមិន​ទ្រង់ជ្រាបថា ទេវសភា​ដែលព្រះអង្គ​ទតឃើញ​នុ៎ះឯង គេហៅថា សុធម្មា (ទេវសភានុ៎ះ) រុងរឿង​ដោយ​កែពៃទូរ្យ​ដ៏វិចិត្រ​ដែល​បុញ្ញានុភាពនិម្មិត​ដោយប្រពៃ​តាំងនៅ សសរ​មានជ្រុង​ប្រាំបី ដែល​បុញ្ញកម្ម​តាក់តែង​ល្អ សុទ្ធសឹង​ជាវិការនៃ​កែវពៃទូរ្យ​ទាំងអស់ ពួក​ទេវតានៅ​ជាន់​តាវត្តឹង្ស​គ្រប់អង្គ សឹងមាន​ព្រះឥន្រ្ទ​ជាប្រមុខ តែងប្រជុំ​គ្នាគិតគូរសេចក្តីចំរើន​របស់​ទេវតា និង​មនុស្ស​ទំាងឡាយ បពិត្រ​ព្រះរាជា​ទ្រង់សែ្វង​រកគុណធម៌ សូមទ្រង់​ចូលទៅកាន់​ទី​អនុមោទនា​របស់​ទេវតា​ទាំងឡាយ​តាមទ្វារនេះ។

[២០៣] (អភិសម្ពុទ្ធគាថា) ពួកទេពនិករ បានឃើញព្រះរាជានោះ​សេ្តចយាង​មក​ដល់ហើយ ត្រេកអរ​ទទួលថា បពិត្រ​មហារាជ ដំណើរ​ដែលព្រះអង្គ​យាងមក​នេះប្រពៃ​ហើយ មិនមែន​ទ្រង់យាងមក​អាក្រក់ទេ បពិត្រ​ព្រះរាជា ទ្រង់ស្វែង​រកនូវគុណ​ធម៌ដ៏​ប្រសើរ ឥឡូវនេះ សូមព្រះអង្គ​គង់ក្នុងទី​ជិតនៃទេវរាជ​ចុះ។ សក្កទេវរាជ ទ្រង់​ត្រេកអរ​ទទួល​ព្រះបាទ​វិទេហៈ គ្រប់គ្រង​ក្រុងមិថិលានោះ ព្រះបាទ​វាសវៈ​អញ្ជើញ​ព្រះអង្គ​ដោយកាម​ទាំងឡាយផង ដោយ​អាសនៈ​ផងថា ព្រះអង្គ​សេ្តចមក​ដល់លំនៅ​នៃ​ទេវតាទាំង​ឡាយ ជាដំណើរ​ប្រពៃណាស់ ព្រះរាជា​ទ្រង់ស្វែងរក​នូវគុណ​ដ៏ប្រសើរ សូម​ព្រះអង្គ​គង់នៅ​ក្នុង​ទេវលោក​ទាំងឡាយ ជាទី​ញ៉ាំងសេចក្តី​ប្រាថ្នា​ទំាងពួង​ឲ្យសម្រេច សូមព្រះអង្គ​បរិភោគ​កាមទាំងឡាយ ដែលមិន​មែនជា​របស់​មនុស្ស​ក្នុង​តាវត្តឹង្ស​ទេវលោក​ចុះ។

[២០៤] (ព្រះបាទនេមិ…) វត្ថុណាដែលបានដោយអ្នកដទៃ​ឲ្យជាបច្ច័យ ដូចយាន​ជារបស់​សូមគេ ដូចទ្រព្យ​ជារបស់​សូមគេ វត្ថុនុ៎ះ ក៏មាន​ឧបមេយ្យ​យ៉ាងនេះ​ឯង។ ខ្ញុំឥត​ចង់បាន​វត្ថុ​ដែលបាន​មក​ដោយអ្នក​ដទៃឲ្យជា​បច្ច័យនោះទេ បុណ្យ​ទាំងឡាយ ដែលខ្ញុំ​បាន​ធ្វើហើយ​ដោយខ្លួនឯង នោះទើប​ជាទ្រព្យ​សម្រេច​ដល់ខ្ញុំ។ ខ្ញុំឯងនឹង​ត្រឡប់ទៅ​ធ្វើ​​កុសល​ដែលបុគ្គល​ធ្វើហើយ រមែង​ដល់សេចក្តី​សុខ មិនក្តៅ​ក្រហាយ​ខាងក្រោយ ឲ្យមាន​ប្រមាណ​ច្រើន ដោយការ​ឲ្យផង ដោយការ​ប្រព្រឹត្តិ​សើ្មផង ដោយការ​សង្រួម​ឥន្ទ្រិយផង ដោយការ​ទូន្មាន​នូវឥន្រ្ទិយ​ផង ក្នុងពួក​មនុស្ស។

[២០៥] មាតលិជាទេវសារថីដ៏ចំរើន ជាអ្នកមាន​ឧបការៈ​ច្រើន​ដល់យើង ព្រោះ​បាន​បង្ហាញ​នូវឋាន​នៃ​សត្វអ្នកមាន​បុញ្ញកម្ម និងឋាន​នៃសត្វ​អ្នកមាន​បាបកម្ម​ទាំងឡាយ។

[២០៦] ព្រះបាទនេមិ ទ្រង់ជាឥស្សរៈក្នុងដែន​វិទេហៈ គ្រប់គ្រង​ក្រុងមិថិលា ទ្រង់​បានពោល​ដូច្នេះ​ហើយ (ទើបទ្រង់​លាសក្កទេវរាជ​ត្រឡប់​មកមនុស្ស​វិញ) ទ្រង់បាន​បូជាយញ្ញៈ​ដ៏ច្រើន ហើយទ្រង់​ចូលទៅ​រកការសង្រួម (បព្វជ្ជា)។

ចប់ នេមិរាជជាតក ទី៤។

មហោសធជាតក ទី៥

(៥៤២. ឧមង្គជាតកំ (៥))

[២០៧] (ព្រះបាទវិទេហៈត្រាស់ថា) ម្នាលមហោសធ ព្រះរាជា​ចូឡនី​ព្រហ្មទត្ត ជាម្ចាស់​ក្រុង​បញ្ចាល យាងមក​ជាមួយ​នឹងសេនា​ទាំងពួង សេនា​របស់​ព្រះរាជា​ក្រុង​បញ្ចាល​នោះ បុគ្គល​ប្រមាណ​មិនបាន។ (សេនាទាំងនោះ) មានពល​ជាងឈើ និងពល​ថ្មើរជើង អ្នកឈ្លាស​ក្នុងសង្គ្រាម​ទាំងពួង អាចនឹង​លុកចូល​ទៅក្នុងពួក ជាសេនា​មាន​សំឡេង (មិនស្ងាត់​ចាកសំឡេង​ទាំង ១០ យ៉ាង) ញ៉ាំងគ្នា​នឹងគ្នា​ឲ្យដឹង​ដោយ​សំឡេង​ស្គរ និងស័ង្ខ។ (ពួកសេនា​ទាំងនោះ) មានវិទ្យា​ក្នុងផ្លូវ​លោហធាតុ និងមានគ្រឿង​ប្រដាប់ មាន​ទង់ជ័យ មានមនុស្ស​អ្នកឡើង​កាន់​ពាហនៈ​ខាងឆ្វេង ទាំងបរិបូណ៌​ល្អដោយ​ពួក​មនុស្ស​អ្នកមាន​សិល្ប ដែលពួក​យោធា​ដ៏ក្លៀវក្លា (មានព្យាយាម​ស្មើដោយ​សត្វសីហៈ) តាំងទុក​ដោយល្អ​ហើយ។ ក្នុងចំណោម​សេនា​ទាំងនុ៎ះ មាន​នាយពល ១០ នាក់ ជាអ្នក​ឈ្លាស មានប្រាជ្ញា​ដូចផែនដី ច្រើនទៅ​ប្រជុំប្រឹក្សា​ក្នុង​ទីស្ងាត់ នឹងមាតា​របស់​ព្រះរាជា ជាគំរប់ ១១ រមែង​ទ្រង់ប្រៀន​ប្រដៅសេនា​ក្នុង​ក្រុងបញ្ចាល។ បណ្តាជន​ទាំងនុ៎ះ មាន​ក្សត្រិយ៍ ១០១ សុទ្ធតែ​មានយស ជាចំណុះ ដែលត្រូវ​ព្រះបាទ​ចូឡនី​ព្រហ្មទត្ត​ដណ្តើម​យកដែន​ហើយ មានសេចក្តី​ភ័យអំពី​មរណៈ ក៏លុះ​ក្នុងអំណាច​នៃព្រះបាទ​បញ្ចាល។ (ស្តេចទាំង ១០១ នោះ) ជាអ្នក​ធ្វើតាម​ព្រះរាជ​តម្រាស់ មិនមាន​ប្រាថ្នា ក៏ពោលពាក្យ​ជាទី​ស្រឡាញ់ មិនមាន​ប្រាថ្នា ក៏លុះ​អំណាច​ចុះចូល​ព្រះបាទ​បញ្ចាល។ មិថិលា​រាជធានី​របស់​ពួកអ្នក​វិទេហៈ ត្រូវពួក​សេនានោះ​ចោមព័ទ្ធជា ៣ ជាន់9) (ដូចជា) ជីកគាស់​ដោយ​ជុំវិញ។ (ក្រុងមិថិលា) ត្រូវសេនា​ចោមព័ទ្ធ​ជុំវិញ (ប្រាកដ​ដោយ​សស្រា្តវុធ) ដូចជា​ផ្កាយដែល​ប្រាកដ​ក្នុងខាងលើ ម្នាល​មហោសធ អ្នកឯង​ចូរដឹងថា សេចក្តីរួច (ចាកទុក្ខនេះ) នឹងមាន​ដល់ពួក​យើងដោយ​ប្រការ​ដូចមេ្តច។

[២០៨] (ព្រះមហាសត្វក្រាបបង្គំទូលថា) បពិត្រព្រះទេវៈ សូមព្រះអង្គ​ទ្រង់សណ្តូក​ព្រះបាទ (ឲ្យស្រួលចុះ) សូម​ព្រះអង្គ​ទ្រង់ក្រសាល​រីករាយ​ក្នុងកាមចុះ ព្រះបាទ​ចូឡនី​ព្រហ្មទត្ត មុខជា​នឹងលះបង់​សេនាក្នុង​ក្រុង​បញ្ចាល ហើយរត់ទៅ។

[២០៩] (អាចារ្យកេវដ្ដព្រាហ្មណ៍…) ព្រះរាជាចូឡនីប្រាថ្នា​ដើម្បីធ្វើ​សម្ពន្ធមិត្រ (នឹង​ព្រះអង្គ) ទាំង​ទ្រង់ថ្វាយ​កែវទាំងឡាយ មានស្រីកែវ​ជាដើម ដល់ព្រះអង្គ (ចាប់ដើម) ពីថ្ងៃ​នេះទៅ សូមឲ្យ​ពួករាជទូត​មានវាចា​ពីរោះ ពោលពាក្យ​ជាទី​ស្រលាញ់មក (ក្រុង​មិថិលា​នេះបាន)។ សូមឲ្យពួក​រាជទូត​ទាំងនោះ​ពោលវាចា​ដ៏ទន់ភ្លន់ ជាវាចាគួរ​ត្រេកអរ សូម​ព្រះបាទ​បញ្ចាល និង​ព្រះបាទវិទេហៈ​ទាំងពីរ​អង្គនោះ រួបរួមគ្នា​តែមួយ។

[២១០] (ព្រះបាទវិទេហៈ…) នែកេវដ្ដៈ អ្នកបានជួបនឹង​មហោសធដែរឬ អ្នកចូរ​ពោល​សេចក្តី​នោះ អ្នកបាន​ឲ្យ​មហោសធ​អត់ទោស​ហើយឬ មហោសធ​ត្រេកអរ​ហើយឬ។

[២១១] (អាចារ្យកេវដ្តៈ…) បពិត្រព្រះអង្គជាធំជាងជន មហោសធ​ហៅពេញ​ជា​បុរស​ថោកទាប ពុំមាន​សេចក្តី​សោ្មះស្មើ ជាមនុស្ស​រឹងរូស ជា​អសប្បុរស ពុំបាន​ពោល​សេចក្តី​អ្វីតិចតួច​សោះ ដូចជា​មនុស្សគ ឬដូចជា​មនុស្សថ្លង់។

[២១២] (ព្រះបាទវិទេហៈ…) ចំណែកការដែលគិតនេះ បុរស​ផេ្តសផ្តាស​ឃើញបាន​ក្រណាស់​ដោយពិត សេចក្តី​បរិសុទ្ធិ នរជន​អ្នកមាន​ព្យាយាម មុខជានឹង​ឃើញ​ហេតុនោះ កាយ​របស់អញ​ញប់ញ័រ អ្នកណា​នឹងលះបង់​នូវដែន​របស់ខ្លួន​ ហើយលុះក្នុង​កណ្តាប់ដៃ​ជនដទៃ​វិញកើត។

[២១៣] គំនិតរបស់យើងទាំង ៦ នាក់ ដែលជា​អ្នកឈ្លាស មានប្រាជ្ញា​ដ៏ខ្ពង់ខ្ពស់​ផុត​ដូចផែនដី ស្មើគ្នាជា​ឯកច្ឆន្ទ ម្នាល​មហោសធ អ្នកចូរ​គិតមើល ទៅ ឬ​កុំទៅ ឬក៏ឈប់។

[២១៤] (ព្រះមហាសត្វ…) បពិត្រព្រះរាជា សូមព្រះអង្គ​ទ្រង់ជ្រាបថា ព្រះបាទ​ចូឡនី​ព្រហ្មទត្ត ជាអ្នក​មានអានុភាព​ធំ មានពលច្រើន ឥឡូវប្រាថ្នា​ដើម្បី​នឹង​សំឡាប់​ព្រះអង្គ ដូច​នាយព្រាន​ដែលសំឡាប់​ម្រឹគដោយ​ធ្នាក់។

ត្រីជាសត្វជាប់ចិត្តក្នុងនុយស្រស់ (លេប) ផ្លែសន្ទូច​ដែលគេ​បិទបាំង​ដោយសាច់ មិនដឹង​សេចក្តី​ស្លាប់ខ្លួន​យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ជាអ្នក​ជាប់ក្នុងកាម ចង់បាន​ធីតា​របស់​ព្រះបាទ​ចូឡនី មិនទ្រង់​ជ្រាបមរណៈ​របស់ព្រះអង្គ​ដូចត្រីនោះ​ឯង។ បើព្រះអង្គ​សេ្តច​យាងទៅ​កាន់​ក្រុងបញ្ចាល ព្រះអង្គ​មុខជា​នឹង​លះចោល​ព្រះអង្គ​យ៉ាងឆាប់ ភ័យ​ធំនឹង​មកដល់​ព្រះអង្គ ដូចភ័យ​ធំមកដល់​ម្រឹគដែល​ដើរ​ទៅតាមផ្លូវ (ទៀបទ្វារ​នៃ​ស្រុកដែរ)។

[២១៥] (ព្រះបាទវិទេហៈ…) យើងដែលបានពោលនូវប្រយោជន៍​ដ៏ឧត្តម ក្នុង​សំណាក់​នៃអ្នក ត្រឡប់ទៅ​ជាមនុស្ស​ល្ងង់លីលា​វិញ អ្នកឯង​ជាអ្នក​ចំរើន​ដោយ​ចុងនង្គ័ល មេ្តចនឹង​ដឹងសេចក្តី​ចំរើន​ដូចអ្នក​ដទៃកើត។

[២១៦] អ្នកទាំងឡាយ ចូរចាប់អ្នកនេះឰដ៏ក ហើយឲ្យ​វិនាសចាក​ដែនរបស់​អញទៅ ព្រោះវា​ហ៊ាននិយាយ​ឲ្យអញ​អន្តរាយ​នូវការ​បានស្រីកែវ។

[២១៧] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មហោសធ​ពោធិសត្វ​ក៏ចៀស​ចេញអំពី​សំណាក់​នៃ​ព្រះបាទវិទេហៈ​ហើយ ទើបហៅ​សុវបណ្ឌិត​ឈ្មោះ​មាធុរៈ ជាទូតមក​ប្រាប់ថា ម្នាល​សំឡាញ់​មានស្លាបខៀវ អ្នកចូរមក​ធ្វើការបំរើ​អញ ដ្បិតមាន​សាលិកាញី​មួយ​ដែលគេ​ចិញ្ចឹមទុក​ជិតទី​ក្រឡាបន្ទំ​នៃព្រះ​បាទបញ្ចាល។ ឯងចូរ​ទៅសួរ​សាលិកា​នោះ ដោយ​សន្ថវកិច្ច ព្រោះវា​ជាសត្វឈ្លាស​ក្នុងកិច្ច​ទាំងពួង វាដឹង​ការអាថ៌កំបាំង​ទាំងពួង​របស់ជន​ទាំងពីរ គឺព្រះរាជា និង​កោសិយព្រាហ្មណ៍។ មាធុរៈសុវបណ្ឌិត​មានស្លាប​ខៀវនោះ បានទទួល​ស្តាប់ថា បាទ ដូច្នេះហើយ ក៏ហើរ​ទៅកាន់​សំណាក់​នៃ​នាង​សាលិកា។ មាធុរៈសុវ​បណ្ឌិត លុះហើរទៅដល់​ហើយ ទើបហៅនាង​សាលិកា​មានទ្រុងល្អ ពោល​ពាក្យពីរោះថា នែនាងមាន​ទ្រុងល្អ នាងល្មម​អត់ទ្រាំ​បានដែរឬ នែនាង​ជាវេសជាតិ នាង​មិនមាន​ជំងឺ​តម្កាត់​ទេឬ នែនាង​មាន​ទ្រុងល្អ នាងបាន​លាជលាយ​ដោយ​ទឹកឃ្មុំដែរឬ។

(សាលិកាញី…) ម្នាលសំឡាញ់ សេចក្តីសុខស្រួល​មានដល់ខ្ញុំ​ ម្នាលសំឡាញ់ មួយទៀត ខ្ញុំមិនមាន​ជម្ងឺ​តម្កាត់​ទេ ម្នាល​សុវបណ្ឌិត ទាំងលាជ​លាយ​ដោយទឹក​ឃ្មុំ ខ្ញុំក៏បាន​ដែរ។ នែសំឡាញ់ អ្នកមក​អំពីណា​ហ្ន៎ ឬអ្នក​ណាប្រើ​មក មួយ​វិញទៀត អ្នកជា​សត្វដែលខ្ញុំ​មិនធ្លាប់​ឃើញ មិនធ្លាប់ឮ​ក្នុងកាលមុន​អំពី​កាលនេះទេ។

[២១៨] (សុវបណ្ឌិត…) ខ្ញុំ គេចិញ្ចឹមទុកនៅទីបន្ទំ​ក្នុងប្រាសាទ​នៃ​ព្រះបាទសិវិ ព្រះរាជា​នោះ ទ្រង់ឋិត​នៅក្នុងធម៌ តែងទ្រង់​ដោះលែង​នូវសត្វ​ទាំងឡាយ​ដែលជាប់​ចំណង ចាកចំណង​អំពី​ទីនោះៗ។ មាននាង​សាលិកាមួយ ពោលពាក្យ​ពីរោះ ជាភរិយា​របស់ខ្ញុំ ម្នាលនាង​មានទ្រុងល្អ កាលខ្ញុំ​កំពុង​តែសំឡឹងជាប់​ចិត្ត ស្រាប់តែ​ខ្លែង​សំឡាប់​នាង​សាលិកា​នោះទៅ។ ខ្ញុំបរិបូណ៌​ដោយ​សេចក្តី​ប្រាថ្នា​ចំពោះ​ភរិយា​នោះ បានជា​មកក្នុង​សំណាក់​នៃនាង ប្រសិនបើ​នាងបើក​ឱកាស យើងទាំង​ពីរនាក់ នឹងនៅ​ក្នុងទីជា​មួយគ្នា។

[២១៩] (សាលិកា…) ធម្មតាសេកឈ្មោល គួរតែប្រាថ្នា​រកសេកញី សាលិកា​ឈ្មោល គួរតែ​ប្រាថ្នារក​សាលិកាញី ចុះការ​នៅរួមដោយ​សេកឈ្មោល និង​សាលិកាញី ដូចម្តេច​កើត។

[២២០] (សុវបណ្ឌិត…) បគ្គលណា ប្រាថ្នាស្រ្តីណា​ក្នុងកាម សូម្បីស្រ្តី​នោះជា​ចណ្ឌាល​ក៏ដោយ ព្រោះថា ការនៅរួម​ទាំងអស់​ដូចៗគ្នា ដែល​មិនដូចគ្នា​ក្នុងកាម មិនមាន​ទេ។ ព្រះមាតា​នៃព្រះបាទ​សិវិ ព្រះនាម​ជម្ពាវតី (ជា​ចណ្ឌាល​សោះ) តែបាន​ជា​អគ្គមហេសី ជាទី​ស្រឡាញ់​របស់​ព្រះបាទ​វាសុទេវកណ្ហាយនគោត្រ។ សូម្បី​នាង​កិន្នរី​ឈ្មោះ​រតនវតី ញ៉ាំងតាបស​ឈោ្មះ​វច្ឆៈ ឲ្យប្រាថ្នា​ដែរ។ មនុស្ស​រួមសំវាស​ជាមួយ​នឹង​មេម្រឹគ​ក៏មាន ការនៅរួម​ក្នុងកាម​មិនដូចគ្នា មិនមានទេ។ នែនាង​សាលិកា ពោលពាក្យ​ពីរោះ បើដូច្នោះ យើងនឹង​ទៅវិញ ព្រោះពាក្យ​នាងនុ៎ះ ទុកជា​ពាក្យប្រកែក នាងមើល​ងាយខ្ញុំ​ពិត។

[២២១] (សាលិកា…) នែមាធុរៈសុវបណ្ឌិត សិរីរមែង​មិនមាន​ដល់អ្នក​ប្រញាប់ទេ អ្នកចូរ​ឈប់នៅ​ទីនេះ ដរាបបាន​ឃើញ​ព្រះរាជា​សិន អ្នកនឹង​បានស្តាប់​សំឡេង​សំភោរ បានឃើញ​អានុភាព​ព្រះរាជា។

[២២២] (សុវបណ្ឌិត…) សំឡេងអឺងកងនេះ ឮល្បីប្រាកដ​ទៅជនបទ​ខាងក្រៅថា ព្រះរាជធីតា​ព្រះបាទ​បញ្ចាល មានវណ្ណៈ​ដូចជា​ផ្កាយព្រឹក ព្រះអង្គ​នឹងប្រទាន​ព្រះរាជ​ធីតា​នោះ ដល់​ព្រះបាទ​វិទេហៈ ឯវិវាហមង្គល​នោះ ក៏នឹង​មានដែរ (តើពិតឬទេ)។

[២២៣] (សាលិកា…) នែមាធុរៈ ការរៀបចំ​វិវាហមង្គល​ប្រាកដ​ដូចនេះ​របស់ពួក​សត្រូវ ដូចជា​វិវាហមង្គល​របស់​ព្រះបាទ​បញ្ចាល​ជាមួយនឹង​ព្រះបាទ​វិទេហៈ​របស់អ្នក ចូរលើក​ទុកចុះ។ ព្រះរាជា​ដ៏ប្រសើរ​លើរថ​របស់អ្នក​ក្រុងបញ្ចាល នឹងនាំ​ព្រះបាទ​វិទេហៈ​មកហើយ​ នឹងសំឡាប់​ព្រះបាទ​វិទេហៈ​នោះ ក្នុង​វេលានោះ (ព្រះបាទ​ចូឡនី) មិនមែន​ជាសំឡាញ់​របស់​ព្រះបាទ​វិទេហៈ​នោះទេ។

[២២៤] (សុវបណ្ឌិត…) សូមនាងអនុញ្ញាតឲ្យបង​ទៅត្រឹម ៧ រាត្រី ទំរាំ​បងទូល​ព្រះបាទ​សិវិ និង​ព្រះមហេសីថា ខ្ញុំបាន​នៅរួមក្នុង​សំណាក់​នាង​សាលិកា​ហើយ។

[២២៥] (សាលិកា…) អើ ! ខ្ញុំអនុញ្ញាតឲ្យអ្នកទៅ​ត្រឹម ៧ រាត្រី បើអ្នក​មិនត្រឡប់​មកកាន់​សំណាក់​ខ្ញុំក្នុង​រវាង ៧ រាត្រី​វិញទេ ខ្ញុំសំគាល់​ខ្លួនខ្ញុំថា​អស់ជីវិត កាលបើ​ខ្ញុំស្លាប់​ហួសទៅ​ហើយ ទើបអ្នក​នឹងមកដល់។

[២២៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ មាធុរៈសុវបណ្ឌិតនោះ ក៏ហើរ​ទៅប្រាប់​មហោសធ​ថា ពាក្យនេះ ជាពាក្យ​របស់នាង​សាលិកា។

[២២៧] (មហោសធ…) បុរសគប្បីបរិភោគ​នូវភោគសម្បត្តិ​ក្នុងផ្ទះ​របស់​បុគ្គល​ណា​ គប្បីធ្វើ​ប្រយោជន៍​ដល់បុគ្គល​នោះឯង។

[២២៨] បពិត្រព្រះជនិន្ទ ខ្ញុំព្រះអង្គនឹងសូមទៅ​កាន់បុរី គួរជាទី​រីករាយ​របស់​ព្រះបាទ​បញ្ចាល​ជាមុន ដើម្បី​សាងនិវេសន៍​បំរុងព្រះអង្គ​មានយសធំ​ក្នុង​ដែន​វិទេហៈ។ បពិត្រ​ក្សត្រិយ៍ លុះខ្ញុំ​ព្រះអង្គ​សាង​និវេសន៍​ដើម្បីព្រះអង្គ​មានយសធំ ក្នុងដែន​វិទេហៈ​ស្រេច​ហើយ នឹងបញ្ជូន​ទូតមកទូល​ព្រះអង្គ​ក្នុងវេលា​ណា ព្រះអង្គ​គប្បីយាង​ទៅក្នុង​វេលានោះ។

[២២៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះមហោសធ ក៏បានទៅ​កាន់បុរីគួរ​ជាទី​រីករាយ​របស់​ព្រះបាទបញ្ចាល​ជាមុន ដើម្បីសាង​និវេសន៍បំរុង​ព្រះបាទ​វិទេហៈ​មាន​យស។ ព្រះមហោសធ​លុះសាង​និវេសន៍ ដើម្បី​ព្រះបាទ​វិទេហៈ​មាន​យស​ស្រេចហើយ ទើបបញ្ជូន​ទូតមកទូល​ព្រះបាទ​វិទេហៈ គ្រប់គ្រង​មិថិលាថា បពិត្រ​មហារាជ និវេសន៍ ខ្ញុំព្រះអង្គ​សាងដើម្បី​ព្រះអង្គ​ហើយ សូមព្រះអង្គ​សេ្តចមក​ក្នុង​កាលឥឡូវ​នេះ។

[២៣០] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជា​ព្រមដោយ​សេនា​មានអង្គ ៤ យាង​ទៅដើម្បី​ទតបុរី​ដ៏ធំទូលាយ ដែល​មហោសធបណ្ឌិត​សាងទុកក្នុង​ដែន​កប្បិលៈ មាន​ពាហនៈ​មិនមាន​ទីបំផុត។

[២៣១] លំដាបនោះឯង ព្រះបាទវិទេហៈនោះ លុះសេ្តច​យាងទៅដល់ (ដែន​កប្បិលៈ) ហើយ ទើបបញ្ជូន​រាជសាសន៍​ទៅថ្វាយ​ព្រះបាទ​ចូឡនី​ព្រហ្មទត្តថា បពិត្រ​មហារាជ ខ្ញុំមកដើម្បី​ថ្វាយបង្គំ​ព្រះបាទ​ទាំងឡាយ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ទ្រង់​ប្រទាន​នាងនារី​ដែលមាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់ដោយ​គ្រឿង​អលង្ការ ជាវិការៈ​នៃមាស មានពួក​ទាសីជា​បរិវារ ឲ្យជាភរិយា (របស់ខ្ញុំ) ក្នុងកាល​ឥឡូវនេះ។

[២៣២] (ព្រះបាទចូឡនី…) បពិត្រព្រះបាទវិទេហៈ ព្រះអង្គសេ្តច​មកល្អហើយ មួយទៀត ព្រះអង្គ​សេ្តចមក​មិនអាក្រក់ទេ សូមព្រះអង្គ​សាកសួរ​រកនក្ខត្តឫក្ស​ចុះ ខ្ញុំនឹង​ថ្វាយនាង​កញ្ញា ដ៏ប្រដាប់​ដោយគ្រឿង​អលង្ការ​ជាវិការៈ​នៃ​មាស មាន​ពួកទាសី ជាបរិវារ​ព្រះអង្គ។

[២៣៣] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះបាទវិទេហៈ​សួររកនក្ខត្តឫក្ស​លុះសួរ​រកនក្ខត្តឫក្ស​រួចហើយ ទើបបញ្ជូន​រាជសាសន៍​ទៅថ្វាយ​ព្រះបាទ​ព្រហ្មទត្តថា សូម​ព្រះអង្គ​ទ្រង់​ប្រទាន​នារីដែល​មាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់​ដោយ​គ្រឿង​អលង្ការ​ជាវិការៈ​នៃមាស មានពួក​ទាសីជា​បរិវារ ឲ្យ​ជាភរិយា​របស់ខ្ញុំ​ក្នុងកាល​ឥឡូវនេះ។

[២៣៤] (ព្រះបាទចូឡនី…) ខ្ញុំថ្វាយនាងនារី ដែលមាន​សព៌ាង្គកាយ​ដ៏ល្អ ប្រដាប់​ដោយ​គ្រឿង​អលង្ការ​ជាវិការៈ​នៃមាស មានពួក​ទាសីជាបរិវារ ឲ្យជា​ភរិយា​របស់ព្រះអង្គ ក្នុងកាល​ឥឡូវនេះ។

[២៣៥] (ព្រះបាទវិទេហៈ…) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និង​សេនា​កាន់​ខែល​ឈរនៅ (ត្រៀបត្រា) គប់ភ្លើង​ឆេះសន្ធោសន្ធៅ តើពួក​បណ្ឌិត​សំគាល់​ដូចម្តេច។

[២៣៦] (អភិសម្ពុទ្ធគាថា) ពល់ដំរី ពលសេះ ពលរថ ពលថ្មើរជើង និង​សេនាកាន់​ខែល​ឈរនៅ (ត្រៀបត្រា) គប់ភ្លើង​ឆេះសន្ធោ​សន្ធៅ នែបណ្ឌិត ពួកសេនា​ទាំង​នោះ នឹង​ធ្វើអ្វីហ៎្ន។

[២៣៧] (មហោសធ…) បពិត្រមហារាជ ព្រះបាទចូឡនីព្រហ្មទត្ត មានពលច្រើន ប្រទូសរ៉ាយ​ដល់ព្រះអង្គ រក្សា​ព្រះអង្គទុក នឹង​សំឡាប់​ព្រះអង្គ​អំពីព្រឹក។

[២៣៨] (ព្រះបាទវិទេហៈ…) ហ្ឫទ័យរបស់យើងញ័ររន្ធត់ ទំាងមាត់​របស់យើង​ក៏​សោះស្ងួត យើងមិន​បានសេចក្តី​រលត់ ដូចជា​ឈើត្រូវភ្លើងឆេះ​ក្នុង​កណ្តាល​កំដៅថ្ងៃ។ ចង្ក្រាន​របស់ជាង​មាស ឆេះ​តែខាង​ក្នុង មិនឆេះខាង​ក្រៅ យ៉ាងណា​មិញ ហ្ឫទ័យ​របស់យើង ក៏ឆេះតែ​ខាងក្នុង មិនឆេះ​ខាងក្រៅ ក៏យ៉ាង​នោះដែរ។

[២៣៩] (មហោសធ…) បពិត្រក្សត្រ ព្រះអង្គស្រវឹង (ដោយកាម) ទើបប្រព្រឹត្ត​កន្លង​ការប្រឹក្សា ទំលាយការ​ប្រឹក្សា​ចោល ឥឡូវនេះ សូមឲ្យ​បណ្ឌិត (ទាំង ៤ នាក់) ដែលជា​អ្នកមាន​ប្រាជ្ញា រក្សា​ព្រះអង្គ​ចុះ។ បពិត្រ​ព្រះរាជា ព្រះអង្គ​មិនធ្វើតាម​ពាក្យរបស់​ទូលបង្គំ​ជា​អាមាត្យ ជាអ្នក​ប្រាថ្នា​សេចក្តី​ចំរើន និងសែ្វង​រក​ប្រយោជន៍ ទ្រង់ត្រេកអរ​ដោយ​បីតិ​ដ៏សៅហ្មង​របស់​ព្រះអង្គ ដូចម្រឹគ​ជាប់អន្ទាក់។ (ទូលបង្គំ​បានក្រាប​ទូលហើយថា) ត្រីជា​សត្វលោ្មភ​ក្នុងនុយស្រស់ លេបនូវ​ផ្លែសន្ទូច​ដ៏វៀច​ដែលគេ​បិទដោយសាច់ ត្រីមិនដឹង​សេចក្តី​ស្លាប់​របស់ខ្លួន យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ជាអ្នកលោ្មភ​ក្នុងកាម ចង់បាន​ធីតារបស់​ព្រះបាទ​ចូឡនី មិនទ្រង់​ជ្រាប​មរណៈ​របស់​ព្រះអង្គ ដូចត្រី​យ៉ាងនោះឯង។ បើទ្រង់​សេ្តចទៅកាន់​ក្រុងបញ្ចាល ទ្រង់​មុខជានឹង​លះចោល​ព្រះអង្គ​យ៉ាងឆាប់ ភ័យ​ធំនឹង​មកដល់​ព្រះអង្គ ដូចភ័យ​ធំមកដល់​ម្រឹគ ដែលដើរ​ទៅតាមផ្លូវ (ទៀបទ្វារ​នៃស្រុក)។ បពិត្រ​ព្រះជនិន្ទ បុរស​មានសភាព​មិនថ្លៃថ្នូរ ដូចពស់​នៅក្នុងថ្នក់ គប្បីចឹក ​បុរសមាន​ប្រាជ្ញា មិនគប្បី​ធ្វើនូវ​មេត្រីភាព​ដោយបុរស​នោះទេ ព្រោះថា ការគប់រក​ដោយ​បុរសអាក្រក់ រមែង​​នាំមក​នូវសេចក្តី​ទុក្ខ​ដោយពិត។ បពិត្រ​ព្រះជនិន្ទ បណ្ឌិត​បុរស ស្គាល់នូវ​បុគ្គលណា​ថា អ្នកនេះ​មានសីល មាន​ការចេះដឹង​ច្រើនដូចេ្នះ បណ្ឌិត​បុរសនោះ គួរធ្វើ​មេត្រីភាព​ជា​មួយនឹង​បុគ្គល​នោះ ព្រោះថា​ការសេពគប់​ដោយ​សប្បុរស​ទាំងឡាយ រមែង​នាំមកនូវ​សេចក្តី​សុខពិត។

[២៤០] បពិត្រព្រះរាជា ព្រះអង្គជាមនុស្សល្ងង់លីលា បានពោលនូវសេចក្តី​ចំរើនដ៏ឧត្តម​ក្នុងសំណាក់​នៃខ្ញុំ​ព្រះអង្គ​ថា ខ្ញុំព្រះអង្គ​ជាអ្នក​ចំរើនដោយ​ចុងនង្គ័ល ធ្វើមេ្តច​នឹង​ដឹង​សេចក្តី​ចំរើនដូច​អ្នកដទៃ។ អ្នកទាំងឡាយ ចូរចាប់​មហោសធ​នេះត្រង់ ក ហើយឲ្យ​វិនាស​ចាកដែន​របស់អញ​ចេញ​ទៅ ព្រោះវា​ហ៊ាន​និយាយ​ឲ្យអញ​អន្តរាយ​នូវការបាន​ស្រីកែវ។

[២៤១] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ បណ្ឌិតទាំងឡាយ រមែងមិនចាក់​ដោតដោយ​ទោសដែល​កន្លងទៅ​ហើយទេ អ្នកចាក់​ដោតយើង ដូចគេ​យក​ជន្លួញ​ចាក់សេះ​ដែលចង​ទុកហើយ​ធ្វើអ្វី។ ប្រសិនបើ​អ្នកឃើញ​សេចក្តី​រួច​របស់យើង ឬឃើញ​សេចក្តី​កេ្សមរបស់​យើង ចូរអ្នក​ពន្យល់យើង​ដោយ​សោត្ថិភាព​នោះចុះ អ្នកចំា​បាច់ចាក់​ដោតយើង​ដោយទោសដែល​កន្លង​ទៅ​ហើយ​ធ្វើអ្វី។

[២៤២] (មហោសធ…) អំពើជារបស់នៃមនុស្ស​ដែលកន្លង​ហួសទៅ​ហើយ ជាអំពើ​គេ​កែបាន​ដោយក្រ សម្រួល​វិញបាន​ដោយក្រ ខ្ញុំព្រះអង្គ​មិនអាច​នឹងដោះ​ព្រះអង្គ​បានទេ បពិត្រ​ក្សត្រិយ៍ សូមព្រះអង្គ​ទ្រង់ជ្រាបចុះ។ ដំរី​ទាំងឡាយ មានឫទ្ធិ មានយស អាចទៅ​តាម​អាកាស​បាន ដំរីបែប​នោះរបស់​ព្រះរាជា​ណា សូមឲ្យ​ដំរីទាំង​នោះ នាំ​ព្រះរាជា​នោះទៅ​ចុះ។ សេះ​ទាំងឡាយ មានឫទ្ធិ មានយស អាចទៅ​តាមអាកាស​បាន សេះបែប​នោះរបស់​ព្រះរាជា​ណា សូមឲ្យ​សេះទាំង​នោះ នាំព្រះរាជា​នោះទៅចុះ។ បក្សីទាំង​ឡាយ មានឫទ្ធិ មានយស អាចទៅតាម​អាកាស​បាន បក្សីបែប​នោះរបស់​ព្រះរាជាណា សូមឲ្យ​បក្សី​ទាំងនោះ នាំព្រះ​រាជានោះ​ទៅចុះ។ យក្សទាំង​ឡាយ មានឫទ្ធិ មានយស អាចទៅ​តាម​អាកាស​បាន យក្សបែប​នោះ​របស់​ព្រះរាជា​ណា សូមឲ្យ​យក្ស​ទាំងនោះ នាំព្រះរាជា​នោះទៅ​ចុះ។ អំពើ​ជារបស់​នៃមនុស្ស ដែលកន្លង​ហួសទៅ​ហើយ ជាអំពើគេ​កែបាន​ដោយក្រ សម្រួល​វិញបាន​ដោយក្រ បពិត្រ​ក្សត្រិយ៍ ខ្ញុំព្រះអង្គ​មិនអាច​ដោះព្រះអង្គ​ទៅតាម​អាកាស​បានទេ។

[២៤៣] (អាចារ្យសេនកៈ…) បុរសជាអ្នកមិនឃើញត្រើយ​ក្នុងមហាសមុទ្រ បុរស​នោះ​បានទី​ពំនាក់​ក្នុងប្រទេស​ណា គេក៏បាន​សេចក្តី​សុខក្នុង​ប្រទេសនោះ (យ៉ាង​ណា​មិញ)។ បពិត្រ​មហោសធ អ្នកជា​ទីពឹងរបស់​ពួកយើង និងព្រះរាជា ក៏យ៉ាង​នោះដែរ ព្រោះអ្នក​ជាបុគ្គល​ប្រសើរ​ជាងពួក​យើង និង​ពួកមន្រ្តី សូមអ្នក​ដោះពួក​យើងអំពី​ទុក្ខ។

[២៤៤] (មហោសធ…) អំពើជារបស់នៃមនុស្ស ដែលកន្លង​ហួសទៅ​ហើយ ជាអំពើ​គេកែ​បានដោយ​ក្រ សម្រួល​វិញបាន​ដោយក្រ ខ្ញុំមិន​អាចនឹងដោះ​អ្នកបានទេ នែសេនកៈ អ្នកចូរ​ដឹងចុះ។

[២៤៥] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញ​ភ័យធំ​នុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​សេនកៈ ឥឡូវនេះ អញសួរ តើអ្នក​សំគាល់​របស់​ដែលគួរ​ធ្វើដូចមេ្តច​ក្នុងរឿង​នេះ។

[២៤៦] (អាចារ្យសេនកៈ…) ពួកយើងគួរដុតភ្លើងត្រង់ទ្វារ ឬកាន់​កាំបិត​សម្លាប់​គ្នានឹងគ្នា យើងនឹង​លះបង់​ជីវិត​យ៉ាងឆាប់ កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួកយើង​ឲ្យ​លំបាក​​អស់កាល​យូរឡើយ។

[២៤៧] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យរបស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​បុក្កុសៈ ឥឡូវនេះ​អញសួរ តើអ្នក​សំគាល់​របស់​ដែលគួរ​ធ្វើដូចមេ្តច​ក្នុងរឿងនេះ។

[២៤៨] (អាចារ្យបុក្កុសៈ…) ពួកយើងគួរស៊ីថ្នាំពិសឲ្យស្លាប់ នឹងលះបង់​ជីវិត​យ៉ាងឆាប់ កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់​ពួកយើង ឲ្យលំបាក​អស់កាល​យូរឡើយ។

[២៤៩] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យ​របស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យ​កាមិន្ទៈ ឥឡូវនេះ​អញសួរ តើអ្នក​សំគាល់​របស់ដែល​គួរធ្វើ​ដូចមេ្តច​ក្នុងរឿងនេះ។

[២៥០] (អាចារ្យកាមិន្ទៈ…) ពួកយើងគប្បីយកខ្សែចង​ឲ្យស្លាប់ ឬលោត​ចុះទៅ​ក្នុងអណ្តូង (ឲ្យស្លាប់) កុំឲ្យ​ព្រះបាទ​ព្រហ្មទត្ត​សម្លាប់ពួក​យើង​ឲ្យលំបាក​អស់កាល​យូរឡើយ។

[២៥១] (ព្រះបាទវិទេហៈ…) អ្នកចូរស្តាប់ពាក្យ​របស់យើងនេះ អ្នកឃើញ​ភ័យធំនុ៎ះ (ស្រាប់ហើយ) ម្នាល​អាចារ្យទេវិន្ទៈ ឥឡូវនេះ​អញសួរ តើអ្នកសំគាល់​របស់ដែល​គួរធ្វើ​ដូចមេ្តច ក្នុងរឿងនេះ។

[២៥២] (អាចារ្យទេវិន្ទៈ…) ពួកយើង (បិទទា្វរ) ដុតភ្លើង ហើយកាន់​កាំបិតសម្លាប់​គ្នាងនឹងគ្នា យើង​នឹងលះបង់​ជីវិត​យ៉ាងឆាប់ (បើ) មហោសធ​មិនអាច​នឹងដោះ​ពួកយើង​ឲ្យរួច​ដោយងាយ​ទេ។

[២៥៣] (ព្រះបាទវិទេហៈ…) បុគ្គលស្វែងរកខ្លឹមនៃដើមចេក រមែង​មិនបាន​យ៉ាង​ណាមិញ យើង​សែ្វងរក (ឧបាយជា​គ្រឿងរួច​ចាកទុក្ខ) ក៏មិន​បានប្រស្នា​នោះ ក៏យ៉ាង​នោះ​ដែរ។ បុគ្គល​ស្វែងរក​ខ្លឹមនៃ​ដើមរកា រមែងមិនបាន យ៉ាង​ណាមិញ យើង​ស្វែងរក ក៏មិន​បានប្រស្នា​នោះ ក៏យ៉ាង​នោះដែរ។ ការនៅ​នៃដំរី​ទាំងឡាយ ក្នុងទី​មិនមាន​ទឹក ឈោ្មះថា​នៅក្នុង​ទីមិនមែន​ប្រទេស (យ៉ាង​ណាមិញ) កាលបើ​យើងនៅ​ក្នុងទីជិត​នៃពួក​មនុស្ស​អាក្រក់​ល្ងង់ខ្លៅ មិនចេះ មិនដឹង (ឈ្មោះថានៅ​ក្នុងទី​មិនមែនជា​ប្រទេស ក៏ដូច្នោះ​ឯង)។ ហ្ឫទ័យ​របស់យើង​ញ័ររន្ធត់ ទាំងមាត់​របស់​យើង​ក៏សោះស្ងួត យើងមិន​បានសេចក្តី​រលត់ ដូចឈើ​ត្រូវភ្លើង​ឆេះ​ក្នុងកណ្តាល​កំដៅថ្ងៃ។ ចង្រ្កាន​របស់ជាង​មាសឆេះ​តែខាងក្នុង មិនឆេះ​ខាងក្រៅ យ៉ាង​ណាមិញ ហ្ឫទ័យ​របស់យើង ឆេះតែ​ខាងក្នុង មិនឆេះ​ខាងក្រៅ ក៏យ៉ាង​នោះដែរ។

[២៥៤] (អភិសម្ពុទ្ធគាថា…) វេលានោះ មហោសធជាអ្នកប្រាជ្ញ មានប្រាជ្ញា ឃើញ​ប្រយោជន៍​ជាប្រក្រតី​នោះ បានឃើញ​ព្រះបាទវិទេហៈ ទ្រង់មាន​សេចក្តីទុក្ខ ទើប​ក្រាបបង្គំ​ទូលថា បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះ​ព្រះចន្រ្ទ​ដែលរាហូ​ចាប់ហើយ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូល​ព្រះបង្គំ​នឹង​ដោះព្រះអង្គ ដូចគេ​ដោះ​ព្រះអាទិត្យ​ដែលរាហូ​ចាប់ហើយ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើ​រថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះដំរី​ផុង​ក្នុងភក់។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើ​រថ ព្រះអង្គកុំ​ភ័យឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះ​អង្គ ដូចគេដោះ​ពស់ដែលជាប់​នៅក្នុង​កំប្រោង។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យឡើយ បពិត្រ​ព្រះអង្គ​ប្រសើរលើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះ​បក្សី​ដែលជាប់​នៅក្នុងទ្រុង។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ ដូចគេ​ដោះត្រី​ទាំងឡាយ​ដែលជាប់​នៅក្នុង​សំណាញ់។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គ​កុំភ័យ​ឡើយ ទូលព្រះបង្គំ​នឹងដោះ​ព្រះអង្គ​ចេញ ព្រមទាំង​យាន​រេហ៍ពល និង​ពាហនៈ។ បពិត្រ​មហារាជ ព្រះអង្គ​កុំភ័យ​ឡើយ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះអង្គកុំ​ភ័យឡើយ ទូលព្រះបង្គំ​នឹងដេញ​ព្រះបាទ​បញ្ចាល​ឲ្យរត់​ទៅ ដូចជា​គេ​ដេញក្អែក និងខ្លែង​ដោយ​ដុំដី។ បុគ្គល​ណា មិន​ជួយ​ព្រះអង្គ​ដែលមាន​សេចក្តី​ចង្អៀត (ព្រោះ​មរណៈ) ឲ្យរួច​ចាកទុក្ខ​បានទេ ប្រាជ្ញា (របស់​បុគ្គលនោះ) មាន​ប្រយោជន៍​អ្វី ឬអាមាត្យ​បែបនោះ (មាន​ប្រយោជន៍អ្វី)។

[២៥៥] នែមាណពទាំងឡាយ អ្នកទាំងឡាយចូរមក ចូរក្រោកឡើង អ្នកទាំង​ឡាយ ចូរបើក​មាត់នៃ​គន្លឹះយន្ត ព្រះបាទ​វិទេហៈ មួយអន្លើ​ដោយ​ពួកអាមាត្យ នឹងសេ្តច​ទៅតាម​ឧម្មង្គ។

[២៥៦] ពួកជនអ្នកធ្វើការបំរើរបស់មហោសធបណ្ឌិត ស្តាប់ពាក្យ​របស់លោក​ហើយ ទើបបើក​ទ្វារនៃ​ឧម្មង្គ និងគន្លឹះទ្វារ​ដែលប្រកប​ដោយ​គ្រឿងយន្ត។

[២៥៧] អាចារ្យសេនកៈដើរមុន មហោសធដើរក្រោយ ព្រះបាទ​វិទេហៈ មាន​អាមាត្យ​ហែហម សេ្តចយាង​ត្រង់កណ្តាល។

[២៥៨] ព្រះបាទវិទេហៈ សេ្តចទ្រង់ចេញអំពីឧម្មង្គ ហើយឡើង​គង់លើ​ព្រះទីនាំង​នាវា មហោសធ​ដឹងថា ព្រះរាជា​ឡើងគង់​ហើយ ក៏ប្រៀន​ប្រដៅថា បពិត្រ​ព្រះសម្មតិទេព ព្រះបាទ​ចូឡនី​ព្រហ្មទត្ត​នេះ ជា​ព្រះបិតាកេ្មក​របស់​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​ធំជាង​ជន ព្រះនាង​នន្ទាទេវី​នេះ ជាព្រះមាតា​កេ្មករបស់​ព្រះអង្គ ការប្រតិបតិ្ត​ព្រះវររាជមាតា (របស់​ព្រះអង្គ) យ៉ាងណា ការ​ប្រតិបតិ្ត​ព្រះមាតាកេ្មក ចូរមាន​ដល់ព្រះអង្គ ​ក៏យ៉ាង​នោះដែរ។ ព្រះរាជ​បុត្ត​ច្បង​រួមឧទរ មានព្រះមាតា​ជា​មួយគ្នា យ៉ាងណា បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ បញ្ចាលចន្ទ​រាជកុមារ ព្រះអង្គ​គប្បី​ស្រឡាញ់​យ៉ាងនោះ​ដែរ។ បពិត្រ​ព្រះអង្គ​ប្រសើរ​លើរថ ព្រះនាង​បញ្ចាលចន្ទី​ទេវីនេះ ជា​ព្រះរាជបុត្រី (របស់​ព្រះបាទ​ចូឡនីព្រហ្មទត្ត) ដែល​ព្រះអង្គ​ទ្រង់ប្រាថ្នា សូមព្រះអង្គ​ធ្វើ​សេចក្តីប្រាថ្នា​របស់​ព្រះអង្គ​ចំពោះ​ព្រះនាងនោះ ព្រះនាង​ជាភរិយា​របស់​ព្រះអង្គហើយ។

[២៥៩] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ អ្នកចូរប្រញាប់​ប្រញាល់​ឡើងជិះ​ទូកមក នៅឈរ​លើច្រាំង​ធ្វើអ្វី យើងទាំងឡាយ​រួចចាក​ទុក្ខដោយ​លំបាក យើង​នឹងទៅ​ឥឡូវនេះ។

[២៦០] (មហោសធ…) បពិត្រមហារាជ ខ្ញុំព្រះអង្គដែលជានាយក​នៃសេនា លះបង់​ចោលនូវ​អង្គនៃសេនា ហើយដោះ​យកតែខ្លួន នេះមិនមែន​ជាទំនៀម​ទេ។ បពិត្រ​ព្រះសម្មតិ​ទេព​​ប្រសើរ​លើរថ ខ្ញុំព្រះអង្គ​នឹងដឹកនាំ​នូវអង្គ​នៃសេនា​ដែល​ព្រះអង្គ​បោះបង់​ចោលក្នុង​រាជនិវេសន៍ និង​របស់ដែល​ព្រះបាទ​ព្រហ្មទត្ត​ថ្វាយហើយ។

[២៦១] (ព្រះបាទវិទេហៈ…) ម្នាលបណ្ឌិត អ្នកឯង​ជាអ្នកមាន​សេនាតិច នឹងសង្កត់​សង្កិន​ទប់ទល់​ព្រះបាទ​ចូឡនីព្រហ្មទត្ត ដែលមាន​សេនាច្រើន​ដូចមេ្តច​បាន អ្នកឯង​ជាអ្នក​មានកម្លាំងខ្សោយ មុខជា​លំបាក​ដោយ​ព្រះបាទចូឡនី​ព្រហ្មទត្ត​ដែលមាន​កម្លាំង។

[២៦២] (ពោធិសត្វ…) បុគ្គលមានប្រាជ្ញា សូម្បីមាន​សេនាតិច រមែង​ឈ្នះបុគ្គល​មិនមាន​ប្រាជ្ញា ដែលមាន​សេនាច្រើន ព្រះរាជា​តែមួយ​ព្រះអង្គ (ជាអ្នក​ឈ្លាសក្នុង​ឧបាយ) រមែង​ឈ្នះ​ព្រះរាជា​ទាំងឡាយ (ជាអ្នក​ល្ងង់ក្នុង​ឧបាយ) ដូច​ព្រះអាទិត្យ ដែល​រះឡើង (រមែងឈ្នះ) ងងឹត​ដូច្នោះ​ឯង។

[២៦៣] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួម​ជាមួយ​នឹងពួក​បណ្ឌិត នាំមក​នូវសេចក្តី​សុខស្រួល​ណាស់ហ្ន៎ ព្រោះថា មហោសធ បានដោះ​ពួក​យើង ដែលនៅ​ក្នុងកណ្តាប់​ដៃ​នៃសត្រូវ​ឲ្យរួចបាន ដូចគេ​ដោះហ្វូងបក្សី​ដែល​ជាប់នៅ​ក្នុងទ្រុង ឬដូច​គេដោះ​ហ្វូងត្រី ដែលជាប់​នៅក្នុង​សំណាញ់​ដូច្នោះ។

[២៦៤] (អាចារ្យសេនកៈ…) បពិត្រមហារាជ ពិតមែនហើយ បណ្ឌិត​ទាំងឡាយ នាំមកនូវ​សេចក្តីសុខ​យ៉ាងនោះ​ឯង មហោសធ​បានដោះ​ពួកយើង​ដែលនៅ​ក្នុង​កណ្តាប់​ដៃនៃសត្រូវ​ឲ្យរួច​បាន ដូចគេ​ដោះហ្វូង​បក្សីដែល​ជាប់នៅ​ក្នុងទ្រុង ឬដូច​គេដោះ​ហ្វូងត្រី ដែលជាប់​នៅក្នុង​សំណាញ់​ដូច្នោះ។

[២៦៥] (អភិសម្ពុទ្ធគាថា) ព្រះបាទចូឡនីព្រហ្មទត្ត មានកំឡាំង​ច្រើន ទ្រង់រក្សា​អស់រាត្រី​ទាំងមូល កាល​អរុណរះ​ឡើង ក៏សេ្តច​ចូលទៅ​ដល់ក្រុង​ឧបការៈ។ ព្រះបាទ​ចូឡនី​គ្រប់គ្រង​ក្រុងបញ្ចាល មាន​កំឡាំងច្រើន ស្តេចឡើង​គង់លើ​ដំរីប្រសើរ​ដ៏មានកំឡាំង ជាដំរី​មានអាយុ​ប្រមាណ ៦០ ឆ្នាំ បានត្រាស់ទៅ (នឹងសេនា​របស់​ព្រះអង្គ)។ ព្រះបាទ​ចូឡនី​ព្រហ្មទត្ត ទ្រង់សៀត​គ្រឿង​ក្រោះ ជាវិការៈ​នៃកែវមណី ព្រះហស្ត​ចាប់សរ បានត្រាស់​ទៅនឹង​រេហ៍ពល​អ្នកទទួល​បំរើ (របស់​ព្រះអង្គ) ជាអ្នក​មានសិល្ប​ច្រើនដែល​មកចួបជុំ​គ្នា។ (ព្រះបាទ​ចូឡនី​ត្រាស់ទៅ) នឹងពលដំរី ពលសេះ ពលរថ ពលថ្មើរជើង និងខ្មាន់ធ្នូ ដែលមាន​ដៃដ៏ស្ទាត់​ក្នុងសិល្ប​ធ្នូ អាចបាញ់​រោមត្រូវ ដែលមក​ចួប​ជុំគ្នា។

[២៦៦] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរបញ្ជូនដំរីមានភ្លុក ដ៏មានកំឡាំង ជាដំរី​មានអាយុ​ប្រមាណ ៦០ ឆ្នាំ ចូរឲ្យ​ដំរីទាំងឡាយ​ញាំញី​ទីក្រុង​ដែលព្រះបាទ​វិទេហៈ សាងទុក​ហើយ។ (ពួកព្រួញ) មានសម្បុរ ស មានមុខ​ដូចពន្លាក មានចុង​ដ៏មុត អាចចាក់​ទំលាយ​នូវឆ្អឹង ដែលបាញ់​ដោយ​កំឡាំងធ្នូ ឲ្យធ្លាក់​ចុះព្រមគ្នា អំពីខាង​នេះខាង​នោះ។ ពួក​សេនាកេ្មង ៗ ក្លៀវក្លា ពាក់គ្រឿង​ក្រោះ មានអាវុធ​ប្រកប​ដោយដង​ដ៏វិចិត្រ កាលបើ​ពួកដំរីធំ​ស្ទុះចូលមក ចូរអ្នក​នាំគ្នា (តស៊ូ) ចំពោះ​មុខដំរី​ទាំងឡាយ។ លំពែង​ទាំងឡាយ ដែលគេ​លាងជម្រះ​ដោយប្រេង មានរស្មី​ភ្លឺផ្លេក រុងរឿង​ដូច​ជាផ្កាយព្រឹក មានរស្មី​ច្រើន។ កាលបើ​ពួកយោធា (របស់យើង) មានគ្រឿង​អាវុធ​ជាកំឡាំង ទ្រទ្រង់​សង្វារ គឺគ្រឿង​ក្រោះ​ប្រាកដ​ដូច្នេះ មិនបាន​រត់ក្នុង​សង្រ្គាមទេ ព្រះបាទ​វិទេហៈ​នឹងរួចពី​ដៃយើង​អំពីណា បើក្រែង​តែព្រះបាទ​វិទេហៈ​នឹងធ្វើ​ដូច​បក្សី (ទើបរួច)។ ពួកយោធា​របស់យើង​ទាំងអស់ មាន​ចំនួន ៣៩.០០០ នាក់ អាចកាត់​ក្បាលសត្រូវ ហើយរើស​យកក្បាល​មួយ ៗ មក យើងបាន​ដើរសព្វ​លើផែនដី មិនឃើញ​ពួក​យោធាណា​សើ្មឡើយ។ ដំរី​ទាំងឡាយ មានភ្លុក ប្រដាប់ហើយ មានកំឡាំង ជាដំរីមាន​អាយុ​ប្រមាណ ៦០ ឆ្នាំ ពួកយោធា​នៅ​ក្មេងៗ មានសម្បុរ​ដូចមាស រមែង​ល្អលើ កនៃដំរី​ទាំងឡាយ។ យោធា​ទាំងឡាយ មាន​គ្រឿង​អលង្ការ​មានពណ៌​លឿង ស្លៀក​សំពត់មាន​ពណ៌​លឿង ដណ្តប់​សំពត់​មានពណ៌​លឿង រមែងល្អលើ​-កនៃដំរី​ទាំងឡាយ ដូច​ទេវបុត្ត​ទាំងឡាយ​ក្នុងនន្ទវ័ន។ ព្រះខាន់​ទាំងឡាយ​ មានសម្បុរ​ដូចត្រី​ស្លាត ដែលលាងជំរះ​ដោយប្រេង មានរស្មី​ភ្លឺផ្លេក​ដែលបុរស​អ្នក​មានព្យាយាម​ធ្វើសម្រេច​ហើយ មានមុខស្មើ ដែលគេ​សម្លៀងល្អ​ហើយ។ ព្រះខាន់​ទាំងឡាយ​មិនមាន​ស្នឹម រុងរឿង​ដូចជា​ព្រះអាទិត្យ ឋិតនៅ​ក្នុងទី​ពាក់កណ្តាល ដែល​គេធ្វើ​ដោយដែក​ថែបដ៏មាំ ដែលពួក​យោធាអ្នក​មាន​កំឡាំងជំនាញ​ក្នុងវិធី​ប្រហារមាំ កាន់​យក​ហើយ។ ព្រះខាន់​ទាំងឡាយ បរិបូណ៌​ដោយដង​ជាវិការៈ​នៃមាស ទ្រទ្រង់ដោយ​ស្រោម​មានពណ៌​ក្រហម កាលបើ​គេគ្រវីឡើង រមែងល្អ​ដូចជា​ផ្លេកបន្ទោរ​ភ្លឺផ្លេក​ក្នុងចន្លោះ​នៃ​ពពក។ ពួកខ្មាន់ធ្នូ​អ្នកក្លៀវក្លា ពាក់គ្រឿងក្រោះ អាចប្រព្រឹត្តទៅ​ក្នុងអាកាស​បាន អ្នកឈ្លាស​ក្នុងការ​កាន់ដាវ និងខែល ជាអ្នក​ហាត់ក្នុង​ការកាន់​ធ្នូដ៏ក្រៃលែង អាចកាត់​នូវក​នៃដំរី​ឲ្យធា្លក់​ចុះបាន។ អ្នកឯង​ត្រូវ​ពួកយោធា​ប្រាកដ​ដូច្នេះ ព័ទ្ធហើយ អ្នកឯង​មិនរួច​អំពីទី​នេះទេ អ្នកនឹងទៅ​កាន់​ក្រុងមិថិលា ដោយ​រាជានុភាព​ណា យើងមិន​បានឃើញ​រាជានុភាព​នោះ​របស់​អ្នកទេ។

[២៦៧] (ព្រះពោធិសត្វ…) ព្រះអង្គទ្រង់ប្រញាប់ប្រញាល់បញ្ជូនដំរី​ដ៏ប្រសើរ​មក ព្រះអង្គ​មានព្រះហ្ឫទ័យ​រីករាយ​យាងមក ហើយ​ទ្រង់សំគាល់ថា អាត្មាអញ នឹងបាន​សម្រេច​ប្រយោជន៍​ដូច្នេះ​ឬហ្ន៎។ សូមព្រះអង្គ​ដាក់ធ្នូ និងបំពង់​ព្រួញនុ៎ះ​ចេញ សូមព្រះអង្គ​ដាក់​កូនសរនុ៎ះ​ចេញ សូមព្រះអង្គ​ដាក់គ្រឿង​ក្រោះដ៏ល្អ​ប្រហែល​ដោយ​កែវពៃទូរ្យ និង​កែវមណី​នុ៎ះចេញ។

[២៦៨] (ព្រះបាទចូឡនី…) អ្នកឯងជាអ្នកមានសម្បុរមុខស្រស់បស់ ទាំងនិយាយ ក៏ញញឹម​ញញែម​ជាប់ ឯការបរិបូណ៌​ដោយសម្បុរ​បែបនេះ រមែងមាន​ប្រាកដ​ក្នុង​មរណកាល។

[២៦៩] (មហោសធ…) បពិត្រក្សត្រជាព្រះរាជា ពាក្យដែល​ព្រះអង្គ​គម្រាម​ហើយ ជាពាក្យ​សោះសូន្យ​ទទេ ព្រះអង្គ​មានការប្រឹក្សា​ធ្លាយហើយ ឯព្រះរាជា (របស់យើង) ព្រះអង្គ​មិនងាយ​នឹងចាប់​យកបានទេ ដូចសេះ​សិន្ធព និងសេះខ្ចក។ ព្រះរាជា (ក្រុងមិថិលា) ព្រមដោយ​អាមាត្យ និង​រាជបរិស័ទ ឆ្លងស្ទឹងគង្គា​តាំងពី​ថ្ងៃម្សិលទៅ​ហើយម្ល៉េះ ក្អែកស្ទុះ​តាម​រាជហង្ស នឹងធ្លាក់​ចុះក្នុងពាក់​កណ្តាលផ្លូវ យ៉ាង​ណាមិញ (បើព្រះអង្គ​នឹងតាម​ព្រះរាជា​នោះ នឹងដល់​សេចក្តី​វិនាស​ក្នុងពាក់​កណ្តាល​ផ្លូវ ក៏យ៉ាង​នោះដែរ)។

[២៧០] ឆ្កែចចកទាំងឡាយជាម្រឹគថោកទាប ឃើញផ្កាចា​ដែលរីក​ក្នុងចំណែក​នៃរាត្រី ក៏សំគាល់ថា ដុំសាច់ ហើយនាំ​គ្នាចោមរោម។ (ឆ្កែចចកទាំង​នោះ) ជាម្រឹគ​ថោកទាប កាលបើ​រាត្រីកន្លង​ទៅហើយ ព្រះអាទិត្យ​ក៏រះឡើង ទើបឃើញ​ច្បាស់ថា ជា​ផ្កាចា​រីក ក៏ដាច់​សេចក្តី​ប្រាថ្នា (រត់ទៅ) យ៉ាងណា។ បពិត្រ​ព្រះរាជា ព្រះអង្គ​ចោមព័ទ្ធ​ព្រះបាទ​វិទេហៈ នឹងដាច់​សេចក្តី​ប្រាថ្នា ​ហើយ​ទៅ ដូចពួក​ឆ្កែចចក (ចោមរោម) នូវផ្កាចា​ដូច្នោះ​ដែរ។

[២៧១] (ព្រះបាទចូឡនី…) អ្នកទាំងឡាយ ចូរកាត់ដៃ និងជើង ត្រចៀក និង​ច្រមុះ​នៃ​មហោសធ​នេះ ព្រោះវា​ធ្វើព្រះបាទ​វិទេហៈ​ជាសត្រូវ​ដែលនៅ​ក្នុង​កណ្តាប់​ដៃយើង​ឲ្យ​រួច​ទៅវិញ។ សេនា​ទាំងឡាយ ចូរដោត​គហបតីបុត្រ​នេះ​ដោយឈើស្រួច ហើយ​ចំអិនវា ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រោះវា​ធ្វើសេ្តច​វិទេហៈ​ជាសត្រូវ ដែលនៅ​ក្នុងកណ្តាប់​ដៃយើង​ឲ្យរួច​ទៅវិញ។ បុគ្គល​ដោតសន្ធឹង​ស្បែកគោ​លើផែនដី ពុំនោះ​សោត ថ្ពក់ស្បែក​សីហៈ ឬខ្លាធំ​ដោយកង្វេរ យ៉ាងណា។ យើងនឹង​ចាក់ដោត​វាដោយ​លំពែង យ៉ាងនោះ ព្រោះវាធ្វើ​ព្រះបាទ​វិទេហៈ​ជាសត្រូវ ដែលនៅ​ក្នុងកណ្តាប់​ដៃ​យើងឲ្យរួច​ទៅវិញ។

[២៧២] (មហោសធ…) បើព្រះអង្គកាត់នូវដៃ ជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (ដៃ ជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជបុត្រ​ឈោ្មះ​បញ្ចាលចន្ទៈ យ៉ាង​ហ្នឹងដែរ។ បើព្រះអង្គ​កាត់ដៃ ជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃ ជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជធីតា​ឈោ្មះ​បញ្ចាលចន្ទី យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​កាត់ដៃ និងជើង ត្រចៀក និងច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃជើង ត្រចៀក និងច្រមុះ) របស់​អគ្គមេហសី ឈោ្មះ​នន្ទាទេវី យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​កាត់ដៃ និងជើង ត្រចៀក និង​ច្រមុះ​របស់ខ្ញុំ​ព្រះអង្គ ព្រះបាទ​វិទេហៈ មុខជា​នឹងកាត់ (នូវដៃ និងជើង ត្រចៀក និងច្រមុះ) របស់​ព្រះរាជបុត្រ និង​ព្រះមហេសី​របស់​ព្រះអង្គ​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​ដោយឈើ​អណ្តោត ហើយ​ចំអិន ដូចគេចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេដោត​ព្រះរាជបុត្រ​ឈ្មោះ​បញ្ចាលចន្ទៈ (ដោយ​ឈើ​អណ្តោត) ហើយ​ចំអិន​យ៉ាង​ហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំដោយ​ឈើអណ្តោត ហើយចំអិន ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹងប្រើ​ឲ្យគេ​ដោត​ព្រះរាជធីតា ឈ្មោះ​បញ្ចាលចន្ទី (ដោយឈើ​អណ្តាត) ហើយចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​នឹងឈើ​អណ្តោត ហើយចំអិន ដូចគេចំអិនសាច់​ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេ​ដោត​អគ្គមហេសី​ឈ្មោះ​នន្ទាទេវី (ដោយឈើ​អណ្តោត) ហើយ​ចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ដោតខ្ញុំ​នឹងឈើ​អណ្តោត ហើយចំអិន ដូចគេ​ចំអិន​សាច់ដែល​គួរចំអិន ព្រះបាទ​វិទេហៈ មុខជានឹង​ប្រើឲ្យគេដោត​ព្រះរាជបុត្រ និងព្រះ​មហេសី​របស់​ព្រះអង្គ (ដោយឈើ​អណ្តោត) ហើយចំអិន​យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ ដោយ​លំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងដោតព្រះ​រាជបុត្រ ឈ្មោះ​បញ្ចាលចន្ទៈ (ដោយ​លំពែង) យ៉ាងហ្នឹង​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ​ដោយលំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងចាក់​ដោត​ព្រះរាជធីតា ឈ្មោះ​បញ្ចាលចន្ទី (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ បើព្រះអង្គ​ចាក់​ដោតខ្ញុំ ដោយលំពែង ព្រះបាទ​វិទេហៈ មុខជា​នឹងចាក់​ដោត​អគ្គមហេសី ឈ្មោះ​នន្ទាទេវី (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ បើព្រះអង្គ​ចាក់ដោតខ្ញុំ​ដោយលំពែង ព្រះបាទវិទេហៈ មុខជា​នឹងចាក់​ដោត​ព្រះរាជបុត្រ និងព្រះ​មហេសី​របស់​ព្រះអង្គ (ដោយ​លំពែង) យ៉ាងនោះ​ដែរ។ យើងទាំង​ពីរនាក់ គឺ​ស្តេចវិទេហៈ និងទូល​ព្រះបង្គំជា​ខ្ញុំ ប្រឹក្សាគ្នា​រួចស្រេច​ក្នុងទី​ស្ងាត់យ៉ាង​នេះហើយ ខែលស្បែក​មានទម្ងន់ ១០០ បលៈ ដែលជាង​ស្បែកឲ្យ​សម្រេច​ហើយ​ដោយ​សស្រ្តា​របស់ជាង​ស្បែក រមែងជួយ​ការពារខ្លួន ដើម្បី​ទប់រង​នូវកូនសរ​ទាំងឡាយ​យ៉ាងណា។ ទូល​ព្រះបង្គំជា​ខ្ញុំ ជាអ្នកនាំ​សេចក្តីសុខ​មក ជួយ​បន្ទោបង់​សេចក្តីទុក្ខ​នៃ​ព្រះបាទ​វិទេហៈ​ដ៏មានយស តែងទប់​រង​នូវកូនសរ គឺ​ព្រះតម្រិះ​របស់​ព្រះអង្គ​ដោយ​ខែលស្បែក​មានទម្ងន់ ១០០ បលៈ (សេចក្តី​គិតរបស់​ទូលព្រះបង្គំ​ជាខ្ញុំ ក៏ដូច្នោះ​ឯង)។

[២៧៣] បពិត្រមហារាជ សូមអញ្ជើញព្រះអង្គ​ទតព្រះនេត្រ​មើល​ព្រះរាជវាំង​របស់​ព្រះអង្គ​ដែលសូន្យ​ឈឹងចុះ បពិត្រ​ព្រះមហាក្សត្រិយ៍ ស្រីស្នំ និងកុមារ​ទាំងឡាយ និង​ព្រះវររាជ​មាតា​របស់​ព្រះអង្គ ខ្ញុំឲ្យ​នាំចេញចាក​ឧម្មង្គ នាំ​ទៅថ្វាយ​ព្រះ​បាទវិទេហៈ​ហើយ។

[២៧៤] (ព្រះបាទចូឡនី…) បើដូច្នោះ អ្នកទាំងឡាយ ចូរទៅ​ឯព្រះរាជវាំង​របស់​អញ ហើយពិចារណា​មើលហេតុ​នោះ តើសម​ដូចពាក្យ​របស់​មហោសធ​នេះពិត ឬកុហក​ទេ។

[២៧៥] (ពួកអាមាត្យ…) បពិត្រមហារាជ មហោសធទូល​យ៉ាងណា សេចក្តីនុ៎ះ ក៏យ៉ាង​នោះឯង ព្រះរាជវាំង​ទាំងមូល​សូន្យឈឹង ដូចឋាន​ជាទីប្រជុំ​ចុះ​នៃពួកក្អែក។

[២៧៦] (មហោសធ…) បពិត្រមហារាជ ព្រះនាងនារីនន្ទាទេវី ព្រះសព៌ាង្គកាយ​ដ៏​ល្អ មាន​ព្រះសោណី​ដ៏ល្អ ដូចដម្បារមាស មានប្រក្រតី​ពោលពាក្យ​ពីរោះ ដូចជា​សំឡេង​នៃហង្ស បានចេញ​ទៅអំពី​ឧម្មង្គនេះ​ហើយ។ បពិត្រ​មហារាជ ព្រះនាង​នារី មាន​សព៌ាង្គកាយ​ដ៏ល្អ ទ្រទ្រង់​កោសេយ្យពស្រ្ត មានសរីរៈ​ដូចមាស មានខ្សែ​រឹតព្រះអង្គ​នោះ​ក៏ល្អវិចិត្រ​ដោយមាស។ ព្រះនាងនារី មានព្រះបាទ​ដ៏ក្រហមល្អ ប្រកប​ដោយលំអ (៥យ៉ាង) មានខែ្ស​រឹតជាវិការៈ​នៃមាស និង​កែវមណី មានដួង​ព្រះនេត្រ​ប្រាកដសើ្ម​ដោយភ្នែក​សត្វព្រាប មានសរីរៈ​ដ៏ល្អ មានរឹម​ព្រះឱស្ឋរលីង ល្អដូចជាផ្លែ​ទន្លាប់ មានចង្កេះ​រៀវ។ ព្រះនាង​នារីមាន​ចង្កេះរៀវ​ដូចវល្លិនាគលតា ដែលលូត​លាស់ល្អ ឬដូច​ក្តារហ៊ឹង (ជាវិការៈ​នៃមាស) ព្រះកេសរបស់​ព្រះនាង​នារីនោះ វែង មានចុង​ខ្មៅងបន្តិច ដូចចុង​កំបិត។ ព្រះនាង​នន្ទាទេវី មានដួង​ព្រះនេត្រ​ថ្លាយង់ ដូច​ជាភ្នែកនៃ​កូនម្រឹគកើត (បាន​មួយខួប) ឬដូច​ជាអណ្តាត​ភ្លើង​ក្នុង​ហេមន្តរដូវ ពុំនោះសោត ដូចជាស្ទឹង​ដ៏ដេរដាស​ដោយ​ដើមឫស្សី​តូច ៗ ទាំងឡាយ ទៀប​ជ្រោះភ្នំ។ ព្រះនាង​នន្ទាទេវី មានព្រះឧរូ​ល្អ ដូច​ប្រមោយដំរី មាន​ស្តនទាំងគូ​ល្អដូចផ្លែ​ទន្លាប់​ដ៏ប្រសើរ មិនខ្ពស់ពេក មិនទាបពេក មិនមែន​ឥត​ព្រះលោមា មិនមែនមាន​ព្រះលោមា​ច្រើន​ពេក។ បពិត្រ​ព្រះអង្គ​មានពាហនៈ​បរិបូណ៌​ដោយសិរី ព្រះអង្គ​ត្រេកអរ​ដោយមរណៈ​នៃព្រះនាង​នន្ទាទេវី​ដោយពិត ឯខ្ញុំព្រះអង្គ និង​ព្រះនាង​នន្ទា នឹងទៅកាន់​សំណាក់​យមរាជ​ដោយពិត។

[២៧៧] (ព្រះបាទចូឡនី…) អ្នកបានរៀនកលមាយាជាទិព្វ ហើយបាន​ធ្វើឧបាយ​បំបាំង​ភ្នែក​ឬ បានជាអ្នក​ដោះលែង​ព្រះបាទ​វិទេហៈ​ជាសត្រូវ​នៅក្នុង​កណ្តាប់ដៃ​នៃយើង​បាន។

[២៧៨] (មហោសធ…) បពិត្រមហារាជ បណ្ឌិតទាំងឡាយ​ក្នុងលោកនេះ រមែង​រៀននូវ​កលមាយា​ជាទិព្វ​ដោយពិត ពួកបណ្ឌិត​ជនអ្នក​មានសេចក្តី​ដឹងនោះ ទើប​ដោះខ្លួន (ចាក​ទុក្ខបាន) ពួកយោធា​កេ្មង ៗ អ្នកបំរើ​របស់ទូល​ព្រះបង្គំ​ជាអ្នកឈ្លាស ជាអ្នក​កាត់ផ្តាច់​នូវទីត ព្រះបាទ​វិទេហៈ​យាងទៅ​កាន់ក្រុង​មិថិលា​តាម​ផ្លូវដែល​ពួកជន​ទាំងនេះ​ធ្វើទុក​ហើយ។

[២៧៩] បពិត្រមហារាជ សូមព្រះអង្គសេ្តចទតឧម្មង្គ ដែលពួក​ជាងសាង​ទុកល្អ​ហើយ សូមព្រះអង្គ​ទតឧម្មង្គដ៏​ល្អរុងរឿង (ដោយរបៀប) នៃដំរី សេះ រថ និងពល​ថ្មើរជើង ដែលគេ​ធ្វើឲ្យ​សម្រេច​ហើយដោយ​ល្អ។

[២៨០] (ព្រះបាទចូឡនី…) ម្នាលមហោសធ ជាលាភរបស់អ្នក​ដែនវិទេហៈ​ដោយ​ពិត បណ្ឌិត​ទាំងឡាយ​បែបដូចជា​អ្នកនេះ នៅក្នុង​ដំណាក់ ក្នុងដែន​របស់​ព្រះរាជាណា (ជាលាភ​របស់​ព្រះរាជា​នោះពិត)។

[២៨១] យើងនឹងឲ្យគ្រឿងចិញ្ចឹមជីវិត និងវត្ថុ គ្រឿងរក្សា គឺស្រុក និងនិគម ទាំង​បាយ និងថ្លៃឈ្នួល​ជាទេ្វគុណ​ដល់អ្នក ទាំងឲ្យ​ភោគសម្ប័ទ​ដ៏ធំទូលាយ​ទៀត អ្នកចូរ​បរិភោគ ចូររីករាយ​តាមប្រាថ្នា​ចុះ អ្នកកុំ​ទៅរក​ព្រះបាទ​វិទេហៈ​ឡើយ ព្រះបាទ​វិទេហៈ នឹងធ្វើអ្វី​ដល់អ្នក។

[២៨២] (មហោសធ…) បពិត្រមហារាជ បុគ្គលណា លះបង់នូវ​បុគ្គលអ្នក​ចិញ្ចឹម ព្រោះហេតុ​នៃទ្រព្យ បុគ្គលនោះ ត្រូវជន​ទាំងពីរគឺ ខ្លួនឯង និងអ្នក​ដទៃតិះ​ដៀល ព្រះបាទ​វិទេហៈ ទ្រង់គង់​ព្រះជន្មាយុ​ដរាបណា ខ្ញុំក៏មិន​គប្បីនៅក្នុង​ដែននៃ​ព្រះរាជា​ដទៃ (ដរាប​នោះ)។ បពិត្រ​មហារាជ បុគ្គលណា លះបង់នូវ​បុគ្គល​អ្នកចិញ្ចឹម ព្រោះហេតុ​នៃទ្រព្យ បុគ្គលនោះ​ត្រូវជន​ទាំងពីរគឺ ខ្លួនឯង និងអ្នកដទៃ​តិះដៀល ព្រះបាទ​វិទេហៈ ទ្រង់ឋិត​នៅដរាប​ណា ខ្ញុំមិន​ត្រូវជា​បុរសរបស់​បុគ្គលដទៃ (ដរាបនោះ)។

[២៨៣] (ព្រះបាទចូឡនី…) ម្នាលមហោសធ យើងឲ្យមាសឆ្តោរ ១០០០ និងស្រុក ចំនួន ៨០ ក្នុងដែនកាសី​ដល់អ្នក យើងឲ្យទាសី ៤០០ និងភរិយា ១០០ ដល់​អ្នក អ្នកចូរ​នាំអង្គនៃ​សេនាទាំងពួង​ទៅដោយ​សួស្តីចុះ។

[២៨៤] ជនទាំងឡាយ ចូរឲ្យវត្ថុផេ្សងៗ ជាទេ្វគុណ ដល់ពួកដំរី ពួកសេះ​ជាកំណត់ ចូរញ៉ាំង​ពលរថ និងពលថ្មើរជើង​ឲ្យឆែ្អត​ស្កប់ស្កល់​ដោយបាយ និងទឹកចុះ។

[២៨៥] ម្នាលបណ្ឌិត អ្នកចូរនាំយកពួកដំរី ពួកសេះ ពួករថ និងពួក​ពលថ្មើរជើង​ទៅ ព្រះបាទ​វិទេហៈ​មហារាជ ចូរទតឃើញ​អ្នក ដែលទៅ​ដល់ក្រុង​មិថិលាចុះ។

[២៨៦] (ព្រះបាទវិទេហៈ…) សេនាប្រកបដោយអង្គ ៤ គឺសេនាដំរី សេនាសេះ សេនារថ និងសេនា​ថ្មើរជើង​នោះ ប្រាកដជា​មានច្រើន មានសភាព​គួរខ្លាច តើបណ្ឌិត​ទាំងឡាយ​សំគាល់​ដូចមេ្តច​ហ្ន៎។

[២៨៧] (អាចារ្យសេនកៈ…) បពិត្រមហារាជ សេចក្តីត្រេកអរ​យ៉ាងខ្ពង់ខ្ពស់ រមែង​ប្រាកដ​ដល់​ព្រះអង្គ មហោសធ​នាំយកអង្គ​នៃសេនា​ទាំងពួង​មកដល់​ហើយ​ដោយសួស្តី។

[២៨៨] (ព្រះបាទវិទេហៈ…) ម្នាលមហោសធ ជនទាំង ៤ នាក់ នាំមនុស្សស្លាប់​ទៅចោលក្នុង​ព្រៃស្មសាន (ហើយ​ត្រឡប់មក) យ៉ាងណា ពួកយើង​បោះបង់អ្នក​ចោល ក្នុងដែន​គប្បីលះ​ហើយ ត្រឡប់​មកក្នុង​ទីនេះ​ក៏ដូច្នោះ។ កាលបើ​ដូច្នេះ អ្នកចេះ​ដោះខ្លួន​ឲ្យរួចមក ដោយ​ហេតុ​ដូចមេ្តច ដោយ​បច្ច័យដូចមេ្តច ដោយដំណើរ​ដូចមេ្តច។

[២៨៩] (មហោសធ…) បពិត្រក្សត្រិយ៍ព្រះនាមវិទេហៈ ទូលព្រះបង្គំ​បានការពារ​នូវសេចក្តី​ដោយ​សេចក្តី នូវការប្រឹក្សា​ដោយប្រឹក្សា ទូលព្រះបង្គំ​បាន​ការពារ​សេ្តច ដូចជា​សាគរ​ការពារ​ជម្ពូទ្វីប​ដូច្នោះ។ ព្រះបាទ​ចូឡនី បាន​ប្រទាន​មាសឆ្តោរ ១០០០ និងស្រុក​ចំនួន ៨០ ក្នុងដែន​កាសី​ដល់​ទូលព្រះបង្គំ ប្រទាន​ទាសី ៤០០ និងភរិយា ១០០ ដល់ទូល​ព្រះបង្គំ ទូលព្រះបង្គំ​ជាអ្នកនាំ​អង្គនៃសេនា​ទាំងពួង មកក្នុង​ទីនេះ​ដោយសួស្តី។

[២៩០] (ព្រះបាទវិទេហៈ…) នែអាចារ្យសេនកៈ ការនៅរួមជាមួយ​នឹងអ្នក​ប្រាជ្ញ នាំមក​នូវសេក្តី​សុខស្រួល​ណាស់ហ្ន៎ មហោសធ បានដោះ​ពួកយើង​ដែល​តាំង​នៅក្នុង​សេចក្តី​វិនាស គឺដៃ​នៃសត្រូវ ដូចជា​គេដោះហ្វូង​បក្សីដែល​ជាប់នៅក្នុង​ទ្រុង ឬដូច​ជាគេ​ដោះត្រី​ដែលជាប់​នៅក្នុង​សំណាញ់។

[២៩១] (អាចារ្យសេនកៈ…) បពិត្រមហារាជ មែនពិត ពួកបណ្ឌិត​រមែង​នាំមកនូវ​សេចក្តី​សុខ​យ៉ាងនេះឯង មហោសធ បានដោះ​ពួកយើង​ដែលតាំង​នៅក្នុង​សេចក្តី​វិនាស គឺដៃ​នៃសត្រូវ ដូចជា​គេដោះហ្វូង​បក្សីដែល​ជាប់ក្នុង​ទ្រុង ឬ​ដូចជា​គេដោះត្រី​ដែលជាប់​ក្នុង​សំណាញ់។

[២៩២] (អភិសម្ពុទ្ធគាថា…) ពួកជនចូរដេញពិណ ចូរវាយស្គរតូច និងស្គរធំ ផ្លុំ​ស័ង្ខដែល​កើតក្នុង​ដែនមគធៈ និងទូងស្គរធំ​មានសំឡេង​ពីរោះ។

[២៩៣] ពួកស្រីស្នំ ពួកកុមារ ពួកវេស្សៈ និងពួកព្រាហ្មណ៍ នាំបាយ និងទឹក​ជា​ច្រើន មកជូន (មហោសធ​បណ្ឌិត)។ ពលដំរី ពលសេះ ពលរថ និង​ពលថ្មើរជើង នាំបាយ និងទឹក​ជាច្រើន មកជូន​បណ្ឌិត។ ពួកអ្នក​ជនបទ ប្រជុំគ្នា ទាំងពួកអ្នក​និគម ក៏មក​ប្រជុំគ្នា នាំបាយ និងទឹក​ជាច្រើន មកជូន​បណ្ឌិត។ ជនជាច្រើន កាលបើបាន​ឃើញ​បណ្ឌិត​មកដល់​ហើយ ក៏មាន​សេចក្តី​ជ្រះថ្លា កាលបើ​បណ្ឌិតមក​ដល់ហើយ ការលើក​ឡើងនូវទង់ ក៏ប្រព្រឹត្ត​ទៅ។

ចប់ មហោសធជាតក ទី៥។

ភូរិទត្តជាតក ទី៦

(៥៤៣. ភូរិទត្តជាតកំ (៦))

[២៩៤] (នាគទាំង ៤ ក្រាបបង្គំទូលថា) រតនៈណាមួយ មានក្នុង​និវេសន៍​របស់​នាគរាជ​ព្រះនាម​ធតរដ្ឋ រតនៈទាំង​អស់នោះ ចូរមក​ដល់ព្រះអង្គ សូមព្រះអង្គ​ទ្រង់​ប្រទាន​ធីតាដល់​ព្រះរាជា​យើង។

[២៩៥] (ព្រះបាទព្រហ្មទត្តត្រាស់ថា) វិវាហៈជាមួយនឹងពួកនាគ យើងមិន​ធ្លាប់ធ្វើ​ក្នុងកាល​ណាម្តង​ទេ យើងនឹង​ធ្វើវិវាហៈ​មិនសម​គួរនោះ ​ដូចមេ្តចកើត។

[២៩៦] (នាគទាំង ៤…) បពិត្រព្រះអង្គជាធំជាងមនុស្ស ជីវិតក្តី ដែនក្តី ព្រះអង្គ​នឹងលះបង់​ដោយពិត កាលបើ​នាគខឹង​ហើយ ព្រះរាជា​ទាំងឡាយ​ប្រហែល​នឹងព្រះអង្គ មិនគង់​ព្រះជន្មនៅ​យូរទេ។ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​ណាជា​មនុស្ស ព្រះអង្គនោះ មិនមាន​ឫទ្ធិ មើលងាយ​ព្រះរាជា​ដែលមាន​ឫទ្ធិ ជាកូន​បង្កើតនៃ​ព្រះបាទ​វរុណៈ ដែលកើត​ក្នុងទន្លេ​យមុនា។

[២៩៧] (ព្រះរាជា…) យើងមិនមើលងាយព្រះបាទ​ធតរដ្ឋ​ដ៏មាន​យសទេ ព្រោះថា ព្រះបាទ​ធតរដ្ឋ ជាធំជាង​នាគទាំងឡាយ​ដ៏ច្រើន។ ពស់ទុក​ជាមាន​អានុភាព​ច្រើន ក៏មិន​សមគួរ​នឹងធីតា​របស់​យើងទេ ចំណែក​ខាងយើង ជាក្សត្រិយ៍​របស់អ្នក​ដែនវិទេហៈ ធីតា (របស់យើង) ឈ្មោះ​សមុទ្ទជា មានជាតិ​ដ៏ប្រសើរ។

[២៩៨] (ព្រះបាទធតរដ្ឋ…) ពួកនាគឈ្មោះ​កម្ពលស្សតរា10) ចូរក្រោកឡើង អ្នកចូរ​ប្រាប់នាគ​ទាំងអស់ថា នាគ​ទាំងឡាយ ចូរទៅ​កាន់ក្រុង​ពារាណសី តែកុំ​បៀតបៀន​បុគ្គលណា​មួយឡើយ។

[២៩៩] នាគទាំងឡាយដែលមានសរីរៈធំ ចូរសំយុងខ្លួន​ក្នុង​និវេសនដ្ឋាន​ទាំង​ឡាយ ក្នុងស្រះ ត្រង់ផ្លូវដើរ ក្នុងព្រះលាន លើចុងឈើ និងលើ​កោ្លងទ្វារ។ ចំណែក​ខាងខ្ញុំ មានកាយ​ធំសសុទ្ធ នឹងព័ទ្ធបុរី​ដែលធំ​ទូលាយ ដោយភ្នេន​ទាំងឡាយ នឹងញ៉ាំង​ភ័យឲ្យ​កើតឡើង​ដល់ពួក​អ្នកដែន​កាសី។

[៣០០] នាគទាំងឡាយ មានសម្បូរដ៏ច្រើន បានស្តាប់​ពាក្យព្រះបាទ​ធតរដ្ឋ​នោះ​ហើយ ក៏ចូលទៅ​កាន់ក្រុង​ពារាណសី តែមិន​បៀតបៀន​បុគ្គលណា​មួយឡើយ។ នាគ​ទំាងឡាយ​ដែលមាន​សរីរៈធំ ក៏សំយុង​ខ្លួនក្នុង​និវេសនដ្ឋាន ក្នុងស្រះ ត្រង់ផ្លូវដើរ ក្នុង​ព្រះលាន លើចុងឈើ និងលើ​ក្លោងទ្វារ។ នារី​ទាំងឡាយ​ជា​ច្រើន បានឃើញ​នាគទាំងនុ៎ះ កំពុង​សំយុង​ខ្លួន លុះឃើញ​ពួកនាគ​បើកពពារ កំពុង​ឲ្យសម្លេង​រឿយ ៗ ក៏កន្ទក់​កន្ទេញ។ ពួកជន​ក្នុងពារាណសី តក់ស្លុត ក្តៅក្រហាយ ក៏លើកដៃ​កន្ទក់កន្ទេញ​ថា សូមព្រះអង្គ​ប្រទាន​ធីតា ដល់​នាគរាជ។

[៣០១] (ព្រាហ្មណ៍នេសាទ…) អ្នកជាអ្វី មានភ្នែកក្រហម មានចនោ្លះ​ស្មាទូលាយ (អង្គុយ) ក្នុង​កណ្តាល​នៃព្រៃ ជាទីនាំ​មកបូជា​ដោយ​ផ្កាឈើ ស្រីទាំង ១០ នាក់ ជាអ្វី ដែល​ទ្រទ្រង់​នូវសង្វារ​ជាវិការៈ​នៃមាស មានសំពត់​ដ៏ល្អ កំពុង​ឈរសំពះ។ អ្នកជាអ្វី មានដៃ​ធំ​រុងរឿង​ក្នុងកណ្តាល​ព្រៃ ដូចភ្លើងឆេះ​នូវឆ្នាំងខ្លាញ់ អ្នកជា​យក្សណា​មួយ ដែលមាន​សក្តិ​ធំឬ ឬជា​នាគមាន​អានុភាពធំ។

[៣០២] (ភូរិទត្តនាគរាជ…) ខ្ញុំជានាគមានឫទិ្ធ មានតេជះ ដែលគេ​កន្លង​មិនបាន ប្រសិន​ជាខ្ញុំក្រោធ អាចចឹក​សូម្បីនូវ​អ្នកជនបទ ដែល​បរិបូណ៌ (ដោយភោគៈ) ដោយ​តេជះបាន។ ឯមាតារបស់ខ្ញុំ ឈ្មោះ​សមុទ្ទជា បិតា​របស់ខ្ញុំ​ឈ្មោះ​ធតរដ្ឋ ខ្ញុំជាប្អូន​នៃនាគរាជ​ឈ្មោះ​សុទស្សនៈ ជនទាំងឡាយ​ស្គាល់ខ្ញុំថា ភូរិទត្ត។

[៣០៣] លោករមែងឃើញអន្លង់ទឹកណាដ៏ជ្រៅ ដែលហូរ​គួចសព្វ​កាល ជាអន្លង់​ទឹក​គួរខ្លាច អន្លង់ទឹក​នោះជាទិព្វ ជាលំនៅ​របស់ខ្ញុំ មានជម្រៅ​ច្រើនរយនៃ​ជួរបុរស។ អ្នក​កុំខ្លាច ចូរចូល​ទៅកាន់​ស្ទឹងយមុនា មានទឹកខៀវ (ដែលហូរមក) អំពី​កណ្តាលព្រៃ ជាកន្លែង​ដែលក្ងោក និងក្រៀលយំ ជា​ស្ទឹងត្រជាក់​ក្សេមក្សាន្ត ជាលំនៅ​របស់ពួក​អ្នកមាន​វត្ត។

[៣០៤] ម្នាលព្រាហ្មណ៍ អ្នកព្រមទាំងកូនមកដល់ភពនាគនោះហើយ នឹងបាន​ប្រពន្ធ ម្នាលព្រាហ្មណ៍ យើងនឹង​បូជាអ្នក​ដោយកាម​ទាំងឡាយ​របស់យើង អ្នកចូរនៅ​ឲ្យសុខ​ចុះ។

[៣០៥] (ព្រាហ្មណ៍នេសាទ…) ផែនដីមានផ្ទៃរាបស្មើ​ដោយ​ជុំវិញ មាន​ដើមក្រឹស្នា​ច្រើន ដេរដាស​ដោយ​មេភ្លៀង មានស្មៅ​ខៀវដ៏​ឧត្តមល្អ។ ព្រៃជ្រំគួរ​រីករាយ ស្រះ​បោក្ខរណី​ទាំងឡាយ​ដែលបុញ្ញកម្ម​របស់​ព្រះអង្គ​និម្មិតល្អ​ហើយ ជាទី​រីករាយ ដែល​ហង្សយំ​ហើយ មានផ្កាឈូក​ធ្លាក់ចុះ។ សសរ​មានជ្រុង ៨ ដែលគេ​ធ្វើល្អ​ហើយ ជាវិការៈ​នៃកែវពៃទូរ្យ​ទាំងអស់ ប្រាសាទ​ទាំងឡាយ មានសសរ ១ ពាន់ ដ៏ពេញ​ដោយ​នាងកញ្ញា​ភ្លឺរុងរឿង។ ព្រះអង្គ​បានដល់​នូវវិមាន​ជាទិព្វ ដោយបុណ្យ​របស់​ព្រះអង្គ ជាវិមាន​មិន​ចង្អៀត ជាទី​ក្សេមគួរ​រីករាយ ប្រកប​ដោយ​សេចក្តីសុខ​យ៉ាង​ក្រៃលែង។ ខ្ញុំសំគាល់​ថា​ព្រះអង្គ មិនប្រាថា្ន​វិមាន​របស់​ព្រះឥន្រ្ទ ជា​សហស្សនេត្តទេ ព្រោះថា​ឫទ្ធិរបស់​ព្រះ​អង្គនេះ ដ៏ធំដូចជា​ឫទ្ធិនៃ​ព្រះឥន្រ្ទ​ដ៏រុងរឿងដែរ។

[៣០៦] (ភូរិទត្តនាគរាជ…) អានុភាពរបស់ព្រះឥន្រ្ទ អានុភាព​របស់​លោកបាល​ទាំង ៤ ញ៉ាំង​អំណាច​ឲ្យប្រព្រឹត្ត​ទៅ ជាអ្នក​បម្រើ​ព្រះឥន្រ្ទ​ក្តី អ្នកមិន​គប្បីដឹង​ដោយចិត្ត​បានទេ។

[៣០៧] ខ្ញុំប្រាថ្នាវិមាននោះរបស់ទេវតាទាំងឡាយ អ្នកស្វែង​រកសេចក្តី​សុខ បានជា​រក្សា​ឧបោសថ ហើយដេក​លើក្បាល​ដំបូក។

[៣០៨] (ព្រាហ្មណ៍នេសាទ…) ឯខ្ញុំ ព្រមទាំងកូន ស្វែងរកម្រឹគ បាន​ចូលទៅ​កាន់​ព្រៃ ញាតិ​ទាំងនោះ មិនដឹង​ខ្ញុំថា​ស្លាប់ ឬរស់ទេ។ ខ្ញុំសូមលា​ព្រះភូរិទត្ត ជាបុត្ត​ព្រះរាជ​ធីតា​ក្នុង​ដែនកាសី ព្រះអង្គ​មានយស យើងខ្ញុំ បើព្រះអង្គ​ព្រមអនុញ្ញាត​ហើយ គប្បីឃើញ​ពួកញាតិ។

[៣០៩] (ភូរិទត្តនាគរាជ…) ឱ នុ៎ះពិតជាសេចក្តីពេញចិត្ត​របស់ខ្ញុំ​ហើយ ត្រង់ដែល​អ្នកនៅ​ក្នុង​សំណាក់​នៃខ្ញុំ ព្រោះថា​កាមទាំងឡាយ​ប្រាកដ​ដូច្នេះ អ្នកមិន​ងាយបាន​ក្នុង​ពួក​មនុស្ស​ទេ។ អ្នកដែល​ខ្ញុំបូជា​ដោយកាម​ទាំងឡាយ​របស់​ខ្ញុំ បើមិន​ចង់នៅ​ទេ ខ្ញុំនឹង​អនុញ្ញាត​អ្នក សូមអ្នក​ទៅជួប​ពួកញាតិ​ដោយ​សួស្តីចុះ។

[៣១០] អ្នកកាលទ្រទ្រង់កែវមណីជាទិព្វនេះ រមែង​បានសត្វ​ចិញ្ចឹម និងបុត្រ អ្នកចូរ​មិនមាន​រោគ បាន​សេចក្តីសុខ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​យក (នូវ​កែវមណី​នេះ) ហើយ​ទៅចុះ។

[៣១១] (ព្រាហ្មណ៍នេសាទ…) បពិត្រព្រះភូរិទត្ត ស្រួលហើយ ខ្ញុំត្រេកអរ​នឹងព្រះ​បន្ទូល​របស់​ព្រះអង្គ ខ្ញុំនឹងបួស ព្រោះខ្ញុំចាស់ ហើយខ្ញុំ​មិនប្រាថ្នា​កាមទេ។

[៣១២] (ភូរិទត្តនាគរាជ…) បើមានការបែកធ្លាយព្រហ្មចរិយៈ កិច្ចការ​ដែល​ត្រូវធ្វើ​ដោយភោគៈ​ទាំងឡាយ (រមែងមាន) អ្នកកុំ​មានសេចក្តី​រង្កៀស​ឡើយ គប្បីមក យើងនឹង​ឲ្យទ្រព្យ​ដ៏ច្រើន​ដល់អ្នក។

[៣១៣] (ព្រាហ្មណ៍នេសាទ…) បពិត្រព្រះភូរិទត្ត ស្រួលហើយ ខ្ញុំត្រេកអរ​នឹងព្រះ​បន្ទូល​របស់​ព្រះអង្គ ប្រសិន​បើមាន​សេចក្តី​ត្រូវការ ខ្ញុំនឹង​មកម្តងទៀត។

[៣១៤] (អភិសម្ពុទ្ធគាថា) ព្រះភូរិទត្ត លុះពោលពាក្យនេះ​ហើយ ក៏បញ្ជូន​នូវនាគ​ទាំង ៤ ថា អ្នកទាំងឡាយ​មកនេះ ចូរទៅ ចូរក្រោកឡើង ចូរញ៉ាំង​ព្រាហ្មណ៍​ឲ្យដល់ (នូវផ្លូវ​ជាទី​ទៅកាន់​ក្រុង​ពារាណសី) ជាឆាប់។ នាគទាំង ៤ ត្រូវភូរិទត្ត​ប្រើទៅ​ហើយ បានស្តាប់​ពាក្យនោះ​របស់​ភូរិទត្តនោះ ក៏ក្រោក​ឡើង ហើយបាន​ញ៉ាំងព្រាហ្មណ៍​ឲ្យដល់​ឆាប់។

[៣១៥] (ព្រាហ្មណ៍នេសាទ…) អ្នកកាន់យកនូវកែវមណី ជាមង្គល ជាទ្រព្យដ៏​ប្រសើរ ជាទី​រីករាយ​នៃចិត្ត ជាថ្ម​បរិបូណ៌​ដោយ​ទ្រង់ទ្រាយ អ្នកបាន​កែវមណី​នេះ អំពី​ទីណា។

[៣១៦] (អាលម្ពាយនព្រាហ្មណ៍…) ថ្ងៃនេះខ្ញុំទៅកាន់ផ្លូវពីព្រឹក បានកែវមណី​នេះ ដែលពួក​នាងនាគ​ភ្នែកក្រហម​មួយពាន់​ថែរក្សា​ហើយ។

[៣១៧] (ព្រាហ្មណ៍នេសាទ…) កែវមណីនេះ បើបុគ្គល​សន្សំទុក​ល្អ ថែទាំ បូជាគ្រប់​គ្រងល្អ ទុកដាក់​ល្អហើយ​សព្វកាល គប្បីញ៉ាំង​ប្រយោជន៍​ទាំងពួង​ឲ្យ​សម្រេច​បាន។ តែកាល​បើបុគ្គល​ជាអ្នក​ប្រាសចាក​ការថែទាំ​ក្នុងការទុក​ដាក់ ឬក្នុង​ការប្រើប្រាស់​វិញ កែវមណីនេះ ដែល​គេសន្សំ​ទុកដោយ​មិន​ត្រូវទំនង នឹងដល់​សេចក្តី​វិនាស។ អ្នកជា​បុគ្គល​មិនឈ្លាស មិនគួរគ្រប់​គ្រង​កែវមណី​ជាទិព្វនេះ​ទេ អ្នកចូរ​គ្រប់គ្រង​មាសឆោ្តរ​មួយរយ​ចុះ ចូរ​ឲ្យកែវមណី​នេះដល់ខ្ញុំ។

[៣១៨] (អាលម្ពាយនព្រាហ្មណ៍…) កែវមណីនេះ ខ្ញុំមិន​គប្បីលក់​ដោយគោ ឬដោយ​រតនៈ​ទាំងឡាយ​ទេ កែវមណី​របស់ខ្ញុំ ដែលកើត​អំពីថ្ម បរិបូណ៌​ដោយ​ទ្រង់ទ្រាយ ខ្ញុំមិន​គប្បីលក់​ទេ។

[៣១៩] (ព្រាហ្មណ៍នេសាទ…) បើកែវមណី អ្នកមិនលក់​ដោយគោ ឬដោយរតនៈ​ទាំងឡាយ​ទេ ចុះ​កែវមណី អ្នកនឹងលក់​ដោយ​វត្ថុអ្វី ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់​សេចក្តីនោះ។

[៣២០] (អាលម្ពាយនព្រាហ្មណ៍) បុគ្គលណា គប្បីបង្ហាញ​នាគដ៏ធំ មាន​តេជះ​ដែល​គេកន្លង​បានដោយ​ក្រ ដល់ខ្ញុំ ខ្ញុំនឹងឲ្យ​កែវមណី​ដ៏រុងរឿង​ដោយ​តេជះដល់​បុគ្គល​នោះ។

[៣២១] (ព្រាហ្មណ៍នេសាទ…) អ្នកជាអ្វី ជាគ្រុឌដ៏ប្រសើរ​ជាងសត្វ​ស្លាបទាំង​ឡាយ កាល​ស្វែងរក​ចំណី​ដើម្បីខ្លួន ទើបចាប់​យកនាគ ដោយភេទ​ជា​ព្រាហ្មណ៍​ទេឬ។

[៣២២] (អាលម្ពាយនព្រាហ្មណ៍…) ខ្ញុំមិនមែន​ជាស្តេច​សត្វសា្លប​ទេ គ្រុឌ ខ្ញុំមិនដែល​ឃើញទេ ខ្ញុំជា​អ្នកត្រេកអរ​ដោយ​អាសិរពិស ម្នាល​ព្រាហ្មណ៍ ជនទាំង​ឡាយ​ដឹងថា ខ្ញុំជាហ្មពស់។

[៣២៣] (ព្រាហ្មណ៍នេសាទ…) កម្លាំងរបស់អ្នកដូចមេ្តច សិល្បៈ​របស់អ្នក​ដូចមេ្តច ទាំងអ្នក​រឹងប៉ឹង​ព្រោះ​ហេតុអ្វី បានជា​មិនកោត​ខ្លាចនាគ។

[៣២៤] (អាលម្ពាយនព្រាហ្មណ៍…) គ្រុឌបានប្រាប់វិជ្ជាពិស​ដ៏ប្រសើរ​ដល់ឥសី​មួយ អង្គ ជា​កោសិយគោត្រ​នៅក្នុងព្រៃ ប្រព្រឹត្ត​តបធម៌​អស់រាត្រី​យូរ។ ខ្ញុំជា​អ្នកមិនខ្ជិល​ច្រអូស​ទាំងយប់​ទាំងថ្ងៃ បាន​បម្រើឥសី​មួយអង្គ​នោះ ដែលមាន​ខ្លួន​ចំរើនហើយ កាលគង់នៅ​ក្នុងចន្លោះ​ភ្នំដោយ​សេចក្តី​គោរព។ ឥសីនោះ ​ដែល​ខ្ញុំបានបម្រើ​ហើយក្នុង​កាលនោះ វត្តក្តី ព្រហ្មចរិយៈ​ក្តី ឥសី​នោះបាន​ប្រព្រឹត្ត​ហើយ ឥសីមាន​ជោគនោះ ក៏បង្រៀន​មន្តទិព្វ ដល់ខ្ញុំ​តាមសេចក្តី​ប្រាថ្នា។ ខ្ញុំជា​អ្នករឹងប៉ឹង ព្រោះមន្តនោះ បានជា​មិនខ្លាច​នាគទាំង​ឡាយ ខ្ញុំជា​អាចារ្យ​របស់ពួក​អ្នកសម្លាប់​សត្វ​មានពិស​ទាំងឡាយ ជន​ទាំងឡាយ​ស្គាល់ខ្ញុំថា អាលម្ពាយន៍។

[៣២៥] (ព្រាហ្មណ៍នេសាទ…) ម្នាលសោមទត្ត កូន យើងនឹង​កាន់យក​កែវមណី​ ចូរអ្នក​ដឹងចុះ យើងកុំ​យកដំបង​ទាត់ចោល​សិរីដែល​មកដល់​ហើយ តាមសេចក្តី​ប្រាថ្នា​ឡើយ។

[៣២៦] (សោមទត្តកុមារ…) បពិត្រព្រាហ្មណ៍ ភូរិទត្តណា បានបូជា​លោកដែល​ដល់នូវ​និវេសន៍​របស់ខ្លួន លោកប្រាថ្នា​នឹងប្រទូស្ត​ចំពោះ​ព្រះភូរិទត្ត​នោះ ដែលធ្វើ​អំពើល្អ​យ៉ាងនេះ ព្រោះសេចក្តី​វង្វេង​ធ្វើអ្វី។ បើលោក​ឪពុកចង់​បាន​ទ្រព្យ ព្រះភូរិទត្ត​នឹងប្រទាន ចូរលោក​ឪពុកទៅ​សុំលោកចុះ លោកនឹង​ប្រទាន​ទ្រព្យច្រើន​ដល់លោក​ឪពុក។

[៣២៧] (ព្រាហ្មណ៍នេសាទ…) ម្នាលសោមទត្ត យើងគួរស៊ីរបស់ឆ្អិន ដែលមក​ដល់ដៃ ឬដល់​ភាជន៍ ប្រសើរជាង កុំឲ្យ​ប្រយោជន៍​ដែលឃើញ​ច្បាស់នឹង​ភ្នែក កន្លងផុត​ពីយើង​ទៅបាន។

[៣២៨] (សោមទត្តកុមារ…) បុគ្គលជាអ្នកទ្រុស្តមិត្ត ជាអ្នក​លះបង់​ប្រយោជន៍ រមែង​ឆេះក្នុង​នរកដ៏​គួរខ្លាច ផែនដី​ក៏ស្រូប​បុគ្គល​ទ្រុស្តមិត្ត​នោះ បុគ្គល​ទ្រុស្តមិត្ត សូម្បី​រស់នៅ​ក៏រីងស្ងួត (ដូចជា​ប្រេត) បើឪពុក​ចង់បាន​ទ្រព្យ ព្រះភូរិទត្ត​នឹង​ប្រទាន​មិនខាន ខ្ញុំ​សំគាល់​ថា មិនយូរ​ប៉ុន្មាន ឪពុក​នឹងដឹងច្បាស់​នូវពៀរ​ដែលខ្លួន​ធ្វើ​ហើយ។

[៣២៩] (ព្រាហ្មណ៍នេសាទ…) ព្រាហ្មណ៍ទាំងឡាយ បូជាមហាយញ្ញ​ហើយ រមែង​បរិសុទ្ធ​យ៉ាងនេះ យើងនឹង​បូជា​មហាយញ្ញ គង់នឹងរួច​ចាកបាប​ដោយអាការ​យ៉ាងនេះ។

[៣៣០] (សោមទត្ត…) ណ្ហើយចុះ ឥឡូវនេះ ខ្ញុំនឹងគេច​ចេញថ្ងៃនេះ ខ្ញុំមិន​នៅជា​មួយនឹង​ឪពុកទេ ខ្ញុំមិន​ដើរជាមួយនឹង​ឪពុក ដែលធ្វើ​អំពើអាក្រក់​យ៉ាងនេះ អស់​មួយជំហ៊ាន​ទេ។

[៣៣១] (អភិសម្ពុទ្ធគាថា) សោមទត្តកុមារ ជាពហុស្សូត បានពោល​ពាក្យនេះ​នឹង​បិតា​ហើយ ក៏ប្រកាស​ទេវតា​ទាំងឡាយ ហើយគេច​ចេញចាក​ទីនោះ។

[៣៣២] (ព្រាហ្មណ៍នេសាទ…) នាគណាមានពន្លឺដូចជាសម្បុរ​នៃសត្វ​មេភ្លៀង មានក្បាល​ក្រហម អ្នកចូរ​ចាប់នាគ​ធំនុ៎ះចុះ ហើយចូរ​នាំកែវមណី​នុ៎ះដល់ខ្ញុំ។ កាយរបស់​នាគនុ៎ះ រមែង​ប្រាកដ​ដូចជា​គំនរប៉ុយ​កប្បាស នាគនេះ​ដេកលើ​ដំបូក ម្នាល​ព្រាហ្មណ៍ អ្នកចូរ​ចាប់យក​នាគនោះ​ចុះ។

[៣៣៣] (អភិសម្ពុទ្ធគាថា) គ្រានោះ អាលម្ពាយនព្រាហ្មណ៍ កាលជប់​បទនៃមន្ត​ទាំងឡាយ ធ្វើជា​គ្រឿង​ការពារខ្លួន ដោយ​ឱសធ​ទិព្វទាំងឡាយ​ហើយ ទើបអាច​ចាប់​នាគនោះ ដោយ​វិធីយ៉ាងនេះ។

[៣៣៤] (សុទស្សននាគរាជ…) ឥន្រ្ទិយរបស់លោកមិនស្រស់បស់ ព្រះភក្រ្ត​របស់​លោក​ក៏ខ្មៅ ព្រោះ​ឃើញខ្ញុំ ដែល​សម្រេចសេចក្តី​ប្រាថ្នា​ទាំងពួង កំពុងមក​គាល់ឬ។ ព្រះភក្រ្ត​របស់​លោកខ្មៅ ដូចជា​ផ្កាឈូក​ដែលឋិត​នៅក្នុងដៃ ដែលគេ​ច្របាច់​ដោយដៃ ព្រោះតែ​ឃើញខ្ញុំ​ប្រាកដ​ដូច្នេះឬ។

[៣៣៥] ក្រែងបុគ្គលណាមួយ មិនរាប់អានលោកខ្លះឬ វេទនា​របស់លោក​មាន​ខ្លះឬ ព្រះភក្រ្ត​របស់​លោកខ្មៅ ព្រោះឃើញ​ខ្ញុំមក ដោយ​ហេតុណា (សូម​លោកប្រាប់​នូវហេតុ​នោះដល់​ខ្ញុំចុះ)។

[៣៣៦] (នាងសមុទ្ទជា…) ម្នាលកូន ក្រោយមួយខែមក​ហើយ អំពីថ្ងៃនេះ យើងបាន​ឃើញ​សុបិនថា ហាក់ដូច​ជាបុរស​កាត់ដៃ​ខាងស្តាំ​របស់យើង ហើយនាំ​យកដៃ​ដែល​ប្រឡាក់​ដោយឈាម ដើរចេញ​ទៅក្នុងកាល​ដែលយើង​កំពុង​យំ។ ម្នាល​សុទស្សនៈ កាលណា​យើងបាន​ឃើញ​សុបិន អ្នកចូរ​ដឹងចុះថា​ កាល​ណោះ យើងមិន​បានសេចក្តី​សុខទាំង​ថ្ងៃទាំងយប់។

[៣៣៧] នាងកញ្ញាទាំងឡាយ មានរាងកាយដ៏រុងរឿង ពាក់​បណ្តាញមាស បាន​ចោមរោម​ភូរិទត្ត​ណា ពីក្នុង​កាលមុន (ឥឡូវនេះ) ភូរិទត្តនោះ យើងមិន​ឃើញ​ទេ។ នាគទាំងឡាយ​ដែលកាន់​ព្រះខ័ន​ដ៏ប្រសើរ ដូចជា​ផ្កាកណ្ណិការីក​ ចោមរោម​ភូរិទត្ត​ណា ពីក្នុង​កាលមុន (ឥឡូវនេះ) ភូរិទត្ត​នោះ យើងមិន​ឃើញទេ។ ណ្ហើយចុះ ឥឡូវនេះ យើងនឹង​ទៅកាន់​លំនៅ​របស់​ភូរិទត្ត យើងគង់​នឹងឃើញ​ប្អូនរបស់​អ្នក ដែលតាំង​នៅក្នុងធម៌ បរិបូណ៌​ដោយ​សីល។

[៣៣៨] (អភិសម្ពុទ្ធគាថា) ឯភរិយាទាំងឡាយ​របស់​ភូរិទត្ត បានឃើញ​ព្រះមាតា​នៃ​ភូរិទត្ត​នោះ កំពុង​ដើរមក ក៏ផ្គង​ដៃឡើង​កន្ទក់កន្ទេញ​ថា បពិត្រ​លោកម្តាយ​ជាម្ចាស់ ក្រោយ​មួយខែ​មកហើយ អំពីថ្ងៃនេះ យើងមិន​ដឹងភូរិទត្ត​ដ៏មានយស ជាបុត្ត​របស់លោក ជាស្លាប់ ឬរស់នៅ​ទេ។

[៣៣៩] (នាងសមុទ្ទជា…) យើងកាលមិនឃើញភូរិទត្តទេ នឹងឆេះ​ដោយសេចក្តី​ទុក្ខ អស់កាលយូរ ដូចជា​មេសត្វ​ស្លាបបាត់កូន ឃើញតែ​សំបុក​ទទេដូច្នោះ។ យើង​កាលមិន​ឃើញ​ភូរិទត្ត នឹងឆេះ​ដោយ​សេចក្តីទុក្ខ​អស់កាល​យូរ ដូចជា​មេអក​បាត់កូន ឃើញតែ​សំបុក​ទទេ​ដូច្នោះ។ យើងកាល​មិនឃើញ​ភូរិទត្តទេ នឹងឆេះ​ដោយ​សេចក្តី​ទុក្ខ អស់កាល​យូរ ដូចជា​មេសត្វ​ចាក្រពាក​នោះ នៅលើភក់ ដែលមិន​មានទឹក​ដោយពិត។ ជើងក្រាន​នៃពួក​ជាងមាស ឆេះតែ​ខាងក្នុង មិនឆេះ​ខាងក្រៅ​យ៉ាងណា យើងកាល​មិន​ឃើញភូរិទត្ត នឹងឆេះ​ដោយសេចក្តី​សោក​យ៉ាងនោះ។

[៣៤០] (អភិសម្ពុទ្ធគាថា) កូន និងប្រពន្ធ​ទាំងឡាយ ដួលដេក​ក្នុង​និវេសន៍​របស់​ព្រះភូរិទត្ត ដូចជា​ដើមឈើ​ដែលត្រូវ​ខ្យល់ញាំញី​បំបាក់​ដូច្នោះ។

[៣៤១] អរិដ្ឋៈ និងសុភោគនាគរាជ បានឮសម្លេង​គឹកកង​នៃនាគ​ទាំង​នោះ ក្នុង​និវេសន៍​របស់​ព្រះភូរិទត្ត ក៏ស្ទុះទៅ​តាមលំដាប់ ហើយ​ពោលថា បពិត្រ​លោកម្តាយ សូមលោក​ដកដង្ហើម​ស្រួលចុះ កុំសោយ​សោកឡើយ ព្រោះ​ថា សត្វទាំងឡាយ មាន​សភាព​យ៉ាងនេះ​ជាធម្មតា តែងច្យុត តែងកើត​ឡើងវិញ នេះជា​ការប្រែ​ប្រួល​នៃ​លោក។

[៣៤២] (នាងសមុទ្ទជា…) ម្នាលកូន យើងក៏ដឹងថា សត្វទាំងឡាយ​មានសភាព​យ៉ាងនេះ​ជាធម្មតា​ដែរ តែថា​យើងកាល​មិនឃើញ​ភូរិទត្ត​ទេ ត្រូវសេចក្តី​សោកគ្រប​សង្កត់​ហើយ ប្រសិនបើ (ភូរិទត្ត) មិនបាន (មកចួប) នឹងយើង ក្នុងថ្ងៃនេះ យប់នេះទេ ម្នាល​សុទស្សនៈ អ្នកចូរ​ដឹងចុះ យើងកាល​មិនឃើញ​ភូរិទត្ត​ទេ យើងមុខ​ជានឹង​លះបង់នូវ​ជីវិត​ពុំខាន។

[៣៤៣] (កូនទាំងឡាយ…) បពិត្រព្រះមាតា សូមលោកដកដង្ហើម​ស្រួលចុះ កុំសោយ​សោកឡើយ យើង​ទាំងឡាយ នឹងនាំ​បងមក យើងទាំងឡាយ ត្រាច់ទៅ​កាន់​ទីស្វែង​រកបង នឹងទៅ​កាន់ទិស​តូចធំ​លើភ្នំ ជ្រោះភ្នំ ក្នុង​ស្រុក និងនិគម​ទាំងឡាយ លោកចូរ​ឃើញបង ដែលមក​ក្នុងរវាង​ខាងក្នុង ៧ រាត្រី។

[៣៤៤] (អាលម្ពាយនព្រាហ្មណ៍…) នាគដែលរួច​អំពីដៃ (របស់យើង) ក្រាប​ចុះលើ​ជើងលោក​យ៉ាងខ្លាំង លោកត្រូវ​ពស់ចឹកឬ លោកកុំ​ខ្លាចឡើយ ចូរដល់​សេចក្តី​សុខចុះ។

[៣៤៥] (សុទស្សននាគរាជ…) នាគនេះ មិនអាចឲ្យទុក្ខណាមួយ​ដល់​អាត្មាទេ អ្នក​ចាប់ពស់​មានទាំង​ប៉ុន្មាន មិនមែន​មានច្រើន​ជាង​អាត្មាទេ។

[៣៤៦] (អាលម្ពាយនព្រាហ្មណ៍…) អ្នកណាហ្ន៎ ភ្លីភើ្ល មានភេទ​ដូចជា​ភេទនៃ​ព្រាហ្មណ៍ មកកាន់​បរិស័ទ ហើយហៅ (អញ) ច្បាំង បរិស័ទ​ចូរស្តាប់ពាក្យ​របស់យើង​ចុះ។

[៣៤៧] (សុទស្សននាគរាជ…) ម្នាលអាលម្ពាយន៍ អ្នកច្បាំង​នឹងយើង​ដោយនាគ យើងក៏​ច្បាំងនឹង​អ្នក​ដោយកូន​កង្កែបដែរ ការភ្នាល់​ក្នុងចម្បាំង​នោះ ចូរ​មានដល់​យើង​ដោយ​កហាបណៈ ៥.០០០ ជាកំណត់។

[៣៤៨] (អាលម្ពាយនព្រាហ្មណ៍…) ម្នាលមាណព យើងជាអ្នក​មានទ្រព្យ​ស្តុកស្តម្ភ អ្នកឯង​ជាអ្នក​ទាល់ក្រ តើបុគ្គល​ណា ជាអ្នក​ធានាអ្នក ម្យ៉ាងទៀត ទ្រព្យ​ដំកល់ទុក​ក្នុងការ​ភ្នាល់ មានដែរឬ។ ទ្រព្យដំកល់​ទុកក្នុង​ការភ្នាល់​របស់យើង មាន ទាំងបុគ្គល​ជាអ្នក​ធានា​ប្រាកដ​ដូច្នោះ​ក៏មានដែរ ការភ្នាល់​ក្នុងចម្បាំង​នោះ ចូរមាន​ដល់យើង​ដោយ​កហាបណៈ ៥.០០០ ជាកំណត់។

[៣៤៩] (សុទស្សននាគរាជ…) បពិត្រមហារាជ សូមព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​ពាក្យ​អាត្មាភាព សេចក្តី​ចំរើន ចូរមាន​ដល់​ព្រះអង្គ ព្រះអង្គ​មាន​កិត្តិគុណ សូម​ព្រះអង្គ​ធានា​ដោយ​កហាបណៈ ៥.០០០ របស់​អាត្មាភាព។

[៣៥០] (ព្រះរាជា…) នែព្រាហ្មណ៍ បំណុលជារបស់​នៃបិតា ឬថាខ្ញុំ​ជំពាក់​ដោយ​ខ្លួនឯង បានជា​អ្នកទារយក​ទ្រព្យរបស់​យើងច្រើន តើព្រោះ​ហេតុអ្វី។

[៣៥១] (សុទស្សននាគរាជ…) ដ្បិតអាលម្ពាយនព្រាហ្មណ៍ ផ្ចាញ់​អាតា្មភាព​ដោយ នាគ អាត្មាភាព​នឹងញ៉ាំង​កូនកង្កែប​ឲ្យខាំ​ព្រាហ្មណ៍។ បពិត្រ​មហារាជ​ញ៉ាំង​ដែនឲ្យចំរើន ព្រោះ​ហេតុនោះ សូម​ព្រះអង្គ​មានពួក​អ្នកកាន់​ព្រះខ័នហែ​ហម យាងទៅ​ដើម្បី​ទតពស់​ដែលគួរទត។

[៣៥២] (អាលម្ពាយនព្រាហ្មណ៍…) ម្នាលមាណព ខ្ញុំមិនមើលងាយ​អ្នកដោយ​សិប្បវាទ​ទេ ចំណែក​អ្នកមើលងាយ​ដោយ​សិប្បៈ បានជា​មិនកោត​ក្រែងនាគ។

[៣៥៣] (សុទស្សននាគរាជ…) នែព្រាហ្មណ៍ អាត្មាក៏មិនមើលងាយ​អ្នកដោយ​សិប្បវាទ​ទេ តែអ្នក​បញ្ឆោត​ជនច្រើន​ដោយនាគ​ដែលមិន​មានពិស។ អាត្មាដឹងអ្នក​យ៉ាង​ណា ជនក៏ត្រូវ​ដឹងអ្នក​យ៉ាងនោះ​ដែរ ម្នាល​អាលម្ពាយន៍ អ្នកមិន​បានអង្កាម ១ ក្តាប់ នឹងបាន​ទ្រព្យអំពី​ណា។

[៣៥៤] (អាលម្ពាយនព្រាហ្មណ៍…) អ្នកស្លៀកដណ្តប់ស្បែកខ្លា​ទាំងក្រចក មាន​ផ្នួងសក់ ជាមនុស្ស​កខ្វក់​ភ្លីភ្លើ មកកាន់​បរិស័ទ ហើយមើល​ងាយនាគ​បែបនេះ​ថា មិនមាន​ពិស អ្នកចូរមក ហើយគង់​នឹងដឹង​នាគនោះ ដែលពេញ​ដោយតេជះ​របស់នាគ​ដ៏ខ្ពង់ខ្ពស់ ខ្ញុំ​សំគាល់​ថា នាគនុ៎ះ នឹងធ្វើ​អ្នកឲ្យ​ដូចជា​គំនរ​ផេះយ៉ាង​ឆាប់។

[៣៥៥] (សុទស្សននាគរាជ…) ពិសនៃពស់ផ្ទះ ពស់ទឹក ពស់ខៀវ គ្រាន់មានខ្លះ ឯពិស​នៃនាគ​មានក្បាល​ក្រហម មិនមាន​សោះឡើយ។

[៣៥៦] (អាលម្ពាយនព្រាហ្មណ៍…) ខ្ញុំបានស្តាប់ពាក្យនេះ​របស់ពួក​ព្រះអរហន្ត ដែល​សង្រួម​ហើយ មានតបៈថា ទាយក​ទាំងឡាយ​ក្នុងលោក​នេះ ឲ្យទាន​ទាំងឡាយ រមែង​ទៅកាន់​ឋានសួគ៌ ថាបើ​អ្នកមាន​វត្ថុតិចតួច​ដែលគួរ​ឲ្យ​ អ្នកទាន់​នៅរស់ ចូរឲ្យទាន​ទាំងឡាយ​ចុះ។ នាគនេះ មានឫទ្ធិ​ច្រើន មានតេជះ​ដែលគេ​កន្លងបាន​ដោយក្រ ខ្ញុំនឹងប្រើ​នាគនេះ​ឲ្យចឹកអ្នក នាគនោះនឹង​ធ្វើអ្នកឲ្យទៅ​ជាផេះ។

[៣៥៧] (សុទស្សននាគរាជ…) ម្នាលសម្លាញ់ ខ្ញុំក៏បានស្តាប់​ពាក្យនេះ​របស់ពួក​ព្រះអរហន្ត ដែល​សង្រួមហើយ​មានតបៈ​ថា ទាយក​ទាំងឡាយ​ក្នុងលោក​នេះ ឲ្យទាន​ទាំងឡាយ រមែងទៅ​កាន់ឋានសួគ៌ ថាបើ​អ្នកមាន​វត្ថុតិចតួច ដែល​គួរឲ្យ​ អ្នកទាន់​នៅរស់ ចូរឲ្យ​ទានទាំងឡាយ​ចុះ។ កូនកង្កែប​នេះ ឈ្មោះ​អច្ចិមុខី ពេញដោយ​តេជះរបស់​ពស់ដ៏​ខ្ពង់ខ្ពស់ អាត្មា​នឹងប្រើនាង​អច្ចិមុខី​នោះ ឲ្យខាំអ្នក នាង​អច្ចិមុខី​នោះ នឹងធ្វើ​អ្នកឲ្យ​ទៅជា​ផេះ។ នាង​អច្ចិមុខីនោះ ជាធីតា​របស់​ព្រះបាទ​ធតរដ្ឋ មានមាតា​ផេ្សងគ្នា ជាប្អូន​ស្រី​របស់​អាត្មា​ដ៏ពេញ​ដោយតេជះ​របស់ពស់​ដ៏ខ្ពង់ខ្ពស់ ចូរខាំចុះ។

[៣៥៨] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាព​សាចពិស​ទៅលើ​ផែនដី ស្មៅ វល្លិ៍ ពួកឈើ ជាឱសធ នឹងស្វិត​ស្រពោន​គ្មានសល់។

[៣៥៩] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាព​សាច​ពិសទៅ​ខាងលើ ភ្លៀងនឹង​មិនបង្អុរចុះ ទឹកសន្សើម​នឹងមិន​ធ្លាក់ចុះ​អស់ ៧ ឆ្នាំ។

[៣៦០] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាព​សាច​ពិសទៅ​ក្នុងទឹក ត្រី និងអណ្តើក ដែលជា​សត្វកើត​ក្នុងទឹក​ទាំងប៉ុន្មាន នឹង​ស្លាប់​ទាំងអស់។

[៣៦១] (ព្រាហ្មណ៍នេសាទ …) ទឹកដែលតាំងនៅក្នុងកំពង់បយាគៈ ដែលអញ​កំពុង​ស្រោច ជាទឹក​ដែលលោក​សន្មតថា សម្រាប់​លាងបាប ចុះខ្មោចអ្វី ជ្រមុជអញ​ចុះទៅ​ក្នុងស្ទឹង​យមុនា​ដ៏ជ្រៅ។

[៣៦២] (សុភោគនាគរាជ…) នាគណា ជាធំក្នុងលោក មានយស បានមកព័ទ្ធ​ក្រុង​ពារាណសី​ដោយ​ជុំវិញ អញជា​កូននាគ​ដ៏ប្រសើរ​នោះ ម្នាល​ព្រាហ្មណ៍ នាគទាំងឡាយ ហៅអញថា សុភោគ​ដូច្នេះ។

[៣៦៣] (ព្រាហ្មណ៍នេសាទ…) បើអ្នកជាកូននៃនាគដ៏​ប្រសើរ ជាព្រះរាជា​ក្នុងដែន​កាសី ជាធំ​ជាងនាគ​ដែលមាន​អាយុវែង បិតា​របស់អ្នក ជានាគ​មានស័ក្កិធំ​មួយដែរ បណ្តា​សត្វ​ទាំងឡាយ មាតា​របស់អ្នក ក៏មិនមាន​ស្រ្តីណា​ផ្ទឹមបាន​ឡើយ បុគ្គលមាន​អានុភាព​ច្រើន​ដូចអ្នក មិនគួរ​ចាប់ជ្រមុជ​បុគ្គល សូម្បី​ជាទាសៈ​នៃព្រាហ្មណ៍​ទេ។

[៣៦៤] (សុភោគនាគរាជ…) ឯងអែបដើមឈើ ហើយបាញ់ទ្រាយ​ដែល​មកផឹក (ទឹក) ទ្រាយនោះ ដែលឯង​បាញ់ហើយ ក៏ងាក​មើលដោយ​កំឡាំង​នៃសរ ក៏ស្ទុះ​ទៅកាន់​ទីឆ្ងាយ។ ឯងបាន​ឃើញ​ទ្រាយនោះ ដួលក្នុង​ព្រៃធំហើយ ក៏នាំសាច់​មួយអម្រែក​ចូល​ទៅកាន់​ដើមជ្រៃ ក្នុង​វេលាល្ងាច ជាឈើ​ដែល​គឹកកង​ដោយសត្វ​សេក និង​សាលិកា មាន​ស្លឹកលឿង ដេរដាស​ដោយពួរ ដែលសត្វ​តាវៅទំយំ ជាទី​គួររីករាយ មាន​ផែនដីដុះ​ស្មៅខៀវ​ជានិច្ច បងរបស់អញ​ដែលមាន​អានុភាព​ច្រើន រុងរឿង​ដោយឫទ្ធិ និងយស ដែល​ពួកនាគ​កញ្ញា​ចោមរោម​ហើយ ក៏ប្រាកដ​ដល់ឯង​ក្នុងទីនោះ។ ឯងនោះ ដែល​បងរបស់​អញនោះ​ផ្គាប់ហើយ ឲ្យស្កប់ស្កល់​ដោយកាម​ទាំងពួង ឯងបាន​ប្រទូស្ត​ចំពោះ​បង​ដែលមិន​ប្រទូស្ត ពៀរនោះ​មកដល់​ឯង​ក្នុងទី​នេះហើយ។ ឯងចូរដក ក យ៉ាងឆាប់ អញ​នឹងមិនឲ្យ​ជីវិត​ដល់​ឯងទេ អញ​រឭក​ឃើញនូវ​ពៀរ (ដែលឯងធ្វើ) ចំពោះ​បង អញនឹង​កាត់​ក្បាលឯង​ឥឡូវនេះ។

[៣៦៥] (ព្រាហ្មណ៍នេសាទ…) ព្រាហ្មណ៍ជាអ្នករៀនមន្ត ១ ជាអ្នក​ប្រកប​ដោយ​ការសូម ១ ជាអ្នក​បូជាភ្លើង ១ ព្រាហ្មណ៍​ប្រកបដោយ​ហេតុទាំង ៣ នេះ អ្នកមិនគួរ​សម្លាប់​ទេ។

[៣៦៦] (សុភោគនាគរាជ…) បុរីណា របស់ព្រះបាទ​ធតរដ្ឋ ជាវិការៈ​នៃមាស​ទាំង​អស់ ដែលចូល​ទៅកាន់​ស្ទឹង​យមុនា ទល់នឹង​ភ្នំហិមពាន្ត ដែលនៅ​ជិតស្ទឹង​យមុនា រមែង​រុងរឿង។ បងប្អូន​របស់អញ​ទាំងនោះ ជាបុរស​ក្លៀវក្លា ជាអ្នក​រួមផ្ទៃ នៅក្នុង​បុរី​នោះ បងប្អូន​ទាំង​នោះ ក្នុងបុរីនោះ និយាយ​យ៉ាង​ណា ឯងនឹងទៅ​ជាយ៉ាង​នោះ។

[៣៦៧] (កាណារិដ្ឋនាគរាជ…) បពិត្រសុភោគ យ័ញ្ញ និងវេទ​ទាំងឡាយ​ក្នុង​លោកនេះ ដែល​ព្រាហ្មណ៍​ឯទៀត​ប្រកប​ហើយ មិនមែន​ជារបស់​ផ្តេសផ្តាស​ទេ ព្រោះ​ហេតុនោះ បុគ្គល​កាលតិះដៀល​ព្រាហ្មណ៍​ដែលមិន​គួរតិះដៀល ឈ្មោះថា​លះបង់​ទ្រព្យ និងធម៌​របស់​ពួក​សប្បុរស។

[៣៦៨] ពួកអ្នកប្រសើរ (ព្រាហ្មណ៍) ប្រកាន់ខាងការ​រៀនមន្ត ពួកជាធំ​ជាងជន (ក្សត្រិយ៍) ប្រកាន់​ខាងការ​ផែនដី ពួកវេស្សៈ ប្រកាន់​ខាងការ​ភ្ជួររាស់ ពួកសូទ្រៈ​ប្រកាន់​ខាងការ​បម្រើ​ផេ្សងៗគ្នា តាមសមគួរ​ដល់ប្រទេស ជន​ទាំងឡាយ​បានពោល​ថា ត្រកូល​ទាំង ៤ នេះ ព្រហ្ម​បានតាក់តែង​ហើយ។

[៣៦៩] ទេវរាជព្រះនាមធាតុ វិធាតុ វរុណៈ កុវេរៈ សោមៈ យមៈ ចន្ទិមៈ វាយុ សុរិយៈ សេ្តចទាំងនេះ បានបូជា​យ័ញ្ញដ៏​ច្រើន ទាំង (បានឲ្យ) វត្ថុជា​ទីប្រាថ្នា​គ្រប់យ៉ាង ដល់ពួក​ព្រាហ្មណ៍​អ្នករៀន​មន្ត។ ព្រះបាទ​អជ្ជុនណា មានកម្លំាង មានសេនា​គួរខ្លាច មានដៃ​មួយពាន់11) មិនមាន​បុគ្គលណាស្មើ លើផែនដី ជាអ្នក​យិតធ្នូ ៥០០ បាន ព្រះបាទ​អជ្ជុន​នោះឯង ក៏បូជា​ភ្លើងក្នុង​កាលនោះ​ដែរ។

[៣៧០] បុគ្គលណា មានចិត្តជ្រះថ្លា រីករាយ បានញ៉ាំង​ព្រាហ្មណ៍​ឲ្យបរិភោគ​បាយ និងទឹក អស់​កាលយូរ ដ៏សមគួរ​តាម​អានុភាព បពិត្រ​សុភោគ បុគ្គល​នោះ នឹងបាន​ជាទេវតា​មួយអង្គ។

[៣៧១] ព្រះបាទមុជលិន្ទ អាចញ៉ាំងទេវតាភ្លើង ជាអ្នក​ស៊ីច្រើន មានពន្លឺ​មិន​ថោកទាប ឲ្យស្កប់ស្កល់​ដោយសប្បិ បានបូជា​វិធីយ័ញ្ញ​ចំពោះ​ទេវតាភ្លើង​ដ៏ប្រសើរ ទ្រង់បាន​ទៅ​កាន់គតិ​ជាទិព្យ។

[៣៧២] ព្រះរាជា ព្រះនាមទុទីបៈ មានអានុភាពច្រើន មាន​ព្រះជន្ម ១.០០០ ឆ្នាំ បាន​លះបង់​ដែន ព្រមទាំង​សេនា មិនមាន​ទីបំផុត ហើយបួស បានជា​ទក្ខិណេយ្យ​បុគ្គល គួរ​រមិលមើល​ដ៏លើសលុប ទ្រង់បាន​ទៅកាន់​ឋានសួគ៌។

[៣៧៣] បពិត្រសុភោគ ព្រះបាទសាគរឈ្នះផែនដី មាន​សាគរ​ជាទីបំផុត បានលើក​សសរ​យ័ញ្ញដ៏ល្អ ជាវិការៈ​នៃមាស​ដ៏លើសលុប បូជាភ្លើង ទ្រង់បាន​ជាទេវតា​មួយអង្គ។ បពិត្រ​សុភោគ ទន្លេគង្គា ប្រព្រឹត្តទៅ​ដោយ​អានុភាព​នៃព្រះ​រាជាណា ទឹកដោះជូរ​ដែល​ស្ងប់ស្ងៀម ទៅជា​សមុទ្រ​ដោយ​អានុភាព​នៃ​ព្រះរាជា​ណា ព្រះរាជានោះ គឺ​ព្រះបាទអង្គៈ មានរោម​ត្រង់ព្រះបាទ បម្រើ​ភ្លើង ក៏ទ្រង់បាន​ទៅកាន់បុរី​នៃ​ព្រះឥន្រ្ទ។

[៣៧៤] បពិត្រសុភោគ ទេវតាដ៏ប្រសើរ មានឫទ្ធិច្រើន មានយស ជាសេនាបតី​នៃ​ព្រះបាទ​វាសវៈ ក្នុងឋាន​ត្រៃត្រឹង្ស ព្រោះតែ​បានកំចាត់​បង់នូវ​មន្ទិល ដោយ​សោមយាគវិធី ក៏បាន​ជាទេវតា​មួយអង្គ។

[៣៧៥] ទេវតាដ៏ប្រសើរ ព្រហ្មមានឫទ្ធិច្រើន មានយស បានសាង​លោកនេះ និង​លោកដទៃ និងស្ទឹង​ភាគីរថី​ផង ភ្នំហិមពាន្ត​ផង ភ្នំវិជ្ឈៈ​ផង ព្រហ្មនោះឯង ក៏បាន​បូជា​ភ្លើងក្នុង​កាលនោះ​ដែរ។ ម្យ៉ាងទៀត ភ្នំមាលាគិរី ១ ភ្នំហិមពាន្ត ១ ភ្នំវិជ្ឈៈ ១ ភ្នំសុទស្សនៈ ១ ភ្នំនិសភៈ ១ ភ្នំកាកវេរុ ១ ពួកព្រាហ្មណ៍​ពោលថា ភ្នំទាំង​នេះក្តី ភ្នំដទៃ​ធំៗក្តី ពួក​ព្រាហ្មណ៍​អ្នកបូជា​យ័ញ្ញ បានធ្វើឲ្យ​វិចិត្រ​ហើយ។

[៣៧៦] ជនទាំងឡាយ បានពោលចំពោះព្រាហ្មណ៍​អ្នករៀនមន្ត បរិបូណ៌​ដោយ​គុណនៃ​មន្ត មានតបៈ​ក្នុងលោកនេះ ថាជា​អ្នកប្រកប​ដោយការ​សូម សាគរ​បានពន្លិច​ព្រាហ្មណ៍​នោះ ដែលឋិត​នៅលើ​ត្រើយ កំពុង​សាចទឹក​សមុទ្រ ហេតុនោះ បានជា​សមុទ្រ​មានទឹកប្រៃ ផឹកមិនបាន។

[៣៧៧] ព្រាហ្មណ៍ទាំងឡាយ ជាវត្ថុសម្រាប់បូជា មានច្រើន​លើផែនដី មានក្នុង​ទិស​ខាងកើត ទិសខាង​លិច ទិស​ខាងត្បូង និងទិស​ខាងជើង តែង​ញ៉ាំង​សេចក្តី​ត្រេកអរ​ឲ្យកើត​ដល់​វាសវៈ។

[៣៧៨] (ភូរិទត្តនាគរាជ…) ម្នាលអរិដ្ឋ ការៀនយកនូវវេទ​ទាំងឡាយ ជាទោស​របស់អ្នក​ប្រាជ្ញ​ទាំងឡាយ តែជា​អំពើ​របស់បុគ្គល​ពាលទាំង​ឡាយ (ត្រៃវេទ) ជាធម៌ ដូច​ថ្ងៃបណ្តើរ​កូន ព្រោះសំឡឹង​មើលទៅ មិនសើ្ម​វេទទាំង​ឡាយ ជាចំណែក​នៃកល​ឧបាយ ទង់ទាញ​អ្នកមាន​បញ្ញា​មិនបានទេ ការពារ​ជនអ្នក​ទ្រូស្តមិត្រ បំផ្លាញ​សេចក្តី​ចំរើននោះ ក៏មិន​បានទេ ភ្លើងដែល​បុគ្គលបម្រើ​ហើយ រមែងមិន​ការពារនូវ​សត្វមាន​កម្មបាន​ទេ ជារបស់​មិនប្រសើរ ប្រកប​ដោយ​ទោស។ មួយទៀត សត្វទាំងឡាយ មានទ្រព្យ មាន​ភោគៈ យកទ្រព្យ​ទាំងអស់​លាយដោយ​ឧស និងស្មៅ​ហើយ​ដុតភ្លើង មានតេជះ មិនមានអ្វី​ស្មើ កាលឆេះ​វត្ថុដែល​គេដុតហើយ ក៏មិន​គប្បីឆ្អែត ម្នាលអ្នក​ដឹងរស​ដោយ​អណ្តាត​ទាំងពីរ ចុះបុគ្គល​ណា គប្បីធ្វើ​ភ្លើងនោះ​ឲ្យឆ្អែត​បាន។ ខីរៈ មានការប្រែ​ប្រួលជា​ធម្មតា ក្លាយទៅ​ជាទធិ ហើយទៅ​ជា​នវនីត​យ៉ាង​ណា ភ្លើងជា​តេជោធាតុ មាន​ការ​ប្រែប្រួល​ជា​ធម្មតា យ៉ាងនោះ​ដែរ លុះ​តែប្រកប​ដោយ​គ្រឿងពួត ទើបឆេះ។ ភ្លើងដែល​ចូលទៅ​ក្នុងឈើស្ងួត ឬ​ឈើស្រស់​ក៏មិន​ប្រាកដ ភ្លើងដែល​នរជន​មានឈើ​ពំនួត​ក្នុងដៃ មិនបាន​ពួត ក៏មិនឆេះ ភ្លើងមិនមែន​ឆេះដោយ​ការមិន​ធើ្វទេ។ ប្រសិនបើ​ភ្លើងនៅ​ក្នុងឈើ​ស្ងួត ឬឈើស្រស់ នៅខាងក្នុង នៅក្នុង​ព្រៃទាំងអស់​ក្នុងលោក គប្បី​ស្ងួតក្រៀម ឯឈើស្ងួត​ទាំងឡាយ​គប្បីឆេះ។ ថាបើ នរជន​ញ៉ាំងភ្លើង​ដ៏ក្តៅ ប្រកប​ដោយផែ្សង និង​អណ្តាត ឲ្យស៊ី​ដោយឧស និងស្មៅ ឈ្មោះថា ធ្វើបុណ្យឬ ជនអ្នក​ធ្វើធ្យូង អ្នកធ្វើ​អំបិល អ្នកធ្វើ​អាហារ និងអ្នក​ដុតសរីរៈ​នៃបុគ្គល​ស្លាប់ ឈោ្មះថា ធ្វើបុណ្យ​ដែរឬ។ ប្រសិនបើ​ព្រាហ្មណ៍​ទាំងនុ៎ះ ញ៉ាំងការ​រៀនមន្ត និងភ្លើង​ឲ្យឆ្អែត​ក្នុង​លោកនេះ ទើបឈ្មោះ​ថាធ្វើ​បុណ្យ នរជន​ណាមួយ​ក្នុងលោក កាលញ៉ាំង​ភ្លើងមានកំដៅ​ប្រកប​ដោយផ្សែង និង​អណា្តត​ឲ្យស៊ី មិនឈ្មោះថា​ធ្វើបុណ្យទេ។ ម្នាល​អ្នកដឹងរស​ដោយ​អណ្តាត​ពីរ (អគ្គិទេពរបស់អ្នក) ដែល​លោកគោរព​ហើយ ម្តេចក៏​ស៊ីវត្ថុមាន​ក្លិនមិន​ជាទី​គាប់ចិត្ត មិនជា​ទីត្រេកអរ​នៃជន​ដ៏ច្រើន ដែលពួក​មនុស្ស​តែងវៀរ ជាវត្ថុ​មិនប្រសើរ​នោះ។ មនុស្ស​ពួកខ្លះ ពោលថាភ្លើង (ជាទេវតា​មួយអង្គ) ក្នុងពួកទេវតា ឯពួក​មិលក្ខុជន​ពោលថា ទឹក​ជាទេវតា ជនទាំងអស់​នុ៎ះពោលខុស ភ្លើងមិន​មែនជា​ទេវតាណា​មួយទេ ទឹកក៏​មិន​មែន​ដែរ។ ភ្លើងមិន​មានឥន្រ្ទិយ ជាពួក​មិនមាន​ចេតនា សម្រាប់​ធ្វើការងារ​របស់​ពួកមនុស្ស អ្នកធ្វើ​បាបកម្ម​ទាំងឡាយ កាល​បម្រើភ្លើង គប្បីទៅ​កាន់​សុគតិ​ដូចមេ្តច​កើត។ ពួក​ព្រាហ្មណ៍ជាអ្នក​ត្រូវការ​ដោយជីវិត​ក្នុងលោកនេះ ពោលថា (មហាព្រហ្ម) ជាអ្នកគ្រប​សង្កត់​លោក​ទាំងអស់ ហើយពោលថា ព្រហ្មជា​អ្នកបម្រើ​ភ្លើងដូច្នេះ បើ (មហាព្រហ្ម) មាន​អានុភាព​ជាងលោក​ទាំងអស់ មានអំណាច មិនមាន​អ្នកណា​សាង ហេតុអ្វី​ក៏សំពះ​ភ្លើងដែល​ខ្លួននិម្មិត​វិញ។ ពាក្យ​ព្រាហ្មណ៍ ជាពាក្យ​គួរសើច មិនគួរដល់​ការពិនិត្យ ជាពាក្យ​មិនពិត ពួកព្រាហ្មណ៍ ក្នុងកាលមុន តាក់តែង (ពាក្យ​មិនពិត) ព្រោះហេតុ​នៃសក្ការៈ ព្រាហ្មណ៍​ទាំងនោះ កាលបើ​លាភសក្ការៈ​មិនកើត​ឡើងទេ ក៏តនូវ​សន្តិធម៌ ពោលគឺ លទ្ធិរបស់​ខ្លួនជាមួយ​នឹងពួក​សត្វ។ ពួកអ្នក​ប្រសើរ (ព្រាហ្មណ៍) ប្រកាន់​ការរៀន​មន្ត ពួកជា​ធំជាង​ដែន (ក្សត្រិយ៍) ប្រកាន់​ផែនដី ពួកវេស្សៈ​ប្រកាន់​ការភ្ជួរាស់ ពួកសូទ្រៈ​ប្រកាន់​ការបម្រើ ផ្សេងៗគ្នា សមគួរ​តាមប្រទេស ជនទាំង​ឡាយបាន​ពោលថា ត្រកូល​ទាំង ៤ នេះ ព្រហ្មបាន​តាក់តែង​ហើយ។ ប្រសិនបើ​ពាក្យនុ៎ះ ជាពាក្យពិត ដូចយ៉ាង​ពាក្យដែល​ព្រាហ្មណ៍​ទាំងឡាយ ពោល​ហើយនេះ បុគ្គល​មិនមែន​ជាក្សត្រិយ៍ មិនត្រូវ​បានរាជ្យ​ដោយ​ដាច់​ខាត បុគ្គល​មិនមែន​ជាព្រាហ្មណ៍ មិនគប្បី​សិក្សា​នូវបទ​នៃមន្ត បុគ្គលវៀរ​ចាកពួក​វេស្សៈ មិនគប្បី​ធ្វើការ​ភ្ជួររាស់ ពួកសូទ្រៈ​មិនគប្បីរួច​អំពីការ​ប្រើ​នៃជនដទៃ។ ពាក្យនេះ ជាពាក្យ​មិនពិត ព្រោះហេតុ​ណា (ហេតុនោះ) ព្រាហ្មណ៍​ទាំងនេះ ពោលពាក្យ​កុហក​ដើម្បីការ​បំពេញផ្ទៃ បុគ្គល​អ្នកមិន​មានប្រាជ្ញា​ទាំងឡាយ រមែង​ជឿងស៊ប់​នូវពាក្យនោះ ចំណែក​ខាងពួក​បណ្ឌិត រមែងឃើញ​ហេតុនោះ ដោយខ្លួនឯង។ ពួកក្សត្រិយ៍​នាំយក​ពលី (ហូតពន្ធ) របស់ពួក​វេស្សៈ ពួកព្រាហ្មណ៍ កាន់យក​គ្រឿងសស្រ្តា​ទាំងឡាយ ហើយ​ដើរទៅ (សម្លាប់​សត្វ) ហេតុអ្វី ព្រហ្មមិនធ្វើ​លោកដែល​ជ្រួលជ្រើម បែកខ្ញែក​បែបនោះៗ ឲ្យត្រង់។ ប្រសិនបើ​ព្រហ្មជា​ឥស្សរៈ​នោះ ជាប្រធាន ជាម្ចាស់​លើភូត​របស់​ពួកសត្វ​ក្នុងលោក​ទំាងអស់ ហេតុអ្វី ក៏ចាត់ចែង​លោកទាំង​អស់ឲ្យ​មានទុក្ខ ហេតុអ្វី​មិនធ្វើ​លោក​ទាំងអស់​ឲ្យបាន​សេចក្តីសុខ។ ប្រសិនបើ​ព្រហ្មជា​ឥស្សរៈនោះ ជាប្រធាន ជាម្ចាស់​លើភូត​របស់​ពួកសត្វ​ក្នុងលោក​ទាំងអស់ ហេតុអ្វី ក៏ធ្វើ​លោក​ឲ្យវិនាស ដោយ​កលឧបាយ និងការ​ញាំញី ដោយការ​ពោល​ពាក្យកុហក ដែលមិន​មែនជា​ធម៌។ ប្រសិនបើ​​ព្រហ្មជា​ឥស្សរៈ​នោះ ជា​ប្រធាន ជាម្ចាស់​លើភូត​របស់​ពួក​សត្វក្នុងលោកទាំងអស់ ម្នាលអរិដ្ឋ ព្រហ្ម​ជាម្ចាស់​លើភូត មិនប្រកប​ដោយ​ធម៌ទេ ព្រោះកាល​បើធម៌មាន បែរជា​ចាត់ចែង​អធម៌វិញ។ បុគ្គល​សម្លាប់​កណ្តូប កន្ទំរុយ ពស់ កង្កែប​ ដង្កូវ រុយ ទើបឈ្មោះថា បរិសុទ្ធ ឯធម៌​ទាំងនេះ ជាធម៌​របស់ពួក​ជនអ្នក​នៅក្នុង​ដែនកម្ពុជៈ​ដ៏ច្រើន ជាធម៌​មានសភាព​មិនប្រសើរ ជាធម៌​មិនពិត។

[៣៧៩] ប្រសិនបើអ្នកសម្លាប់នោះ បរិសុទ្ធ ឬអ្នកដែល​ត្រូវសម្លាប់នោះ ទៅកាន់​ឋានសួគ៌​បាន ពួកព្រាហ្មណ៍ គប្បីសម្លាប់​ពួកព្រាហ្មណ៍ ឬសម្លាប់ពួកជន​​អ្នកជឿ​ពាក្យព្រាហ្មណ៍​នោះ (មុន)។ មិនមាន​ពួកម្រឹគ មិនមាន​ពួកសត្វ​ចិញ្ចឹម ពួកគោ​ណាមួយ​អង្វរ​ឲ្យសម្លាប់​​ខ្លួនទេ សត្វទាំងឡាយ​ក្នុងលោក​នេះ សុទ្ធតែ​ញាប់ញ័រ ​ត្រូវការដោយជីវិត (ព្រោះថា) ជន​ទាំងឡាយ ប្រារព្ធនឹង​សម្លាប់សត្វ​ទាំងឡាយ និងសត្វ​ចិញ្ចឹម ក្នុងយ័ញ្ញ​ទាំងឡាយ។ ពួកបុគ្គល​ពាល រមែងបើក​មាត់និយាយ ដោយហេតុ​ទាំងឡាយ​ដ៏វិចិត្រ ក្នុង​ការលើក​ឡើង​នូវ​សសរយ័ញ្ញៈ និងទី​ចងនៃ​សត្វចិញ្ចឹម​ថា សសរយ័ញ្ញ​នេះ បង្ហូរ​សេចក្តី​ប្រាថ្នា​ដល់អ្នក ក្នុងបរលោក នឹងឲ្យ​សេចក្តី​ទៀងទាត់​ក្នុង​បរលោក។ ប្រសិនបើ​បុគ្គលគប្បី​បាន​កែវមណី ស័ង្ខ កែវមុក្តា ស្រូវ ទ្រព្យ ប្រាក់ និងមាស ក្នុងសសរ​យ័ញ្ញ ក្នុង​ឈើស្ងួត និង​ឈើស្រស់ ម្យ៉ាងទៀត ប្រសិនបើ​សសរយ័ញ្ញ គប្បី​បង្ហូរសេចក្តី​ប្រាថ្នា​គ្រប់យ៉ាង ក្នុង​ឋានសួគ៌ ពួកជន​អ្នកចេះ​ត្រៃវេទ​ដ៏ច្រើន គប្បីបូជា បុគ្គល​មិនមែនជា​ព្រាហ្មណ៍ មិនគប្បី​បូជាតិច​តួចទេ។ កែវមណី ស័ង្ខ កែវមុក្តា ស្រូវ ទ្រព្យ ប្រាក់ មាស ក្នុង​សសរយ័ញ្ញ ក្នុងឈើ​ស្ងួត និងឈើស្រស់ នឹងមាន​ពីណា សសរយ័ញ្ញ​នឹងបង្ហូរ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង ក្នុងឋាន​សួគ៌​ដូចមេ្តច​កើត។ ពួកព្រាហ្មណ៍ ជាអ្នក​បោកប្រាស ចិត្តអាក្រក់ ជាពួកពាល ប្រលោម​លោក តែងបើក​មាត់និយាយ​ដោយហេតុ​ដ៏វិចិត្រ​ថា អ្នកឯង​ចូរយក​ភ្លើងចុះ ហើយឲ្យ​ទ្រព្យដល់​យើង លំដាប់នោះ អ្នកឯង​នឹងបាន​នូវសេចក្តី​ប្រាថ្នាគ្រប់​យ៉ាងហើយ នឹង​ដល់នូវ​សេចក្តី​សុខ។ ពួកព្រាហ្មណ៍​នាំបុគ្គល​ជាសរណៈ (ព្រះរាជា និង​មហាមាត្យ) ចូរទៅ​កាន់រោង​សម្រាប់​បូជាភ្លើង​នោះ ក៏បើក​មាត់និយាយ​ដោយហេតុ​ដ៏វិចិត្រ ឲ្យកោរ​សក់ ពុកមាត់ កាត់ក្រចក ហើយគាប​យកទ្រព្យ​ដោយ​វេទ​ទាំងឡាយ។ ពួកព្រាហ្មណ៍ ជាអ្នក​កុហក​ដ៏ច្រើន បាន​ទាយកម្នាក់ ហើយក៏​ចោមស៊ីបាយ ដូចជា​ក្អែកទាំង​ឡាយ ចោម​ចាប់មៀម​ក្នុងទីស្ងាត់ កុហក​ធ្វើឲ្យរលីង ​ហើយ​ដាក់ចុះទៅក្នុងផ្លូវ​នៃយ័ញ្ញ។ ទាយក​តែម្នាក់​នោះ ត្រូវពួក​ព្រាហ្មណ៍​បញ្ឆោត​ហើយដោយ​អាការ​យ៉ាងនេះឯង ព្រាហ្មណ៍​ទាំងនោះ​ជាច្រើន ចោមប្លន់​ដោយការ​ប្រកប​ដោយឧបាយ ក៏នាំយក​ទ្រព្យដែល​ឃើញ​ដោយ​ទេវលោក ដែលមិន​ឃើញ​សោះ។ ដូចយ៉ាង​ពួករាជបុរស ដែល​ព្រះរាជា​ប្រើទៅហើយ ក៏នាំយក​ទ្រព្យនោះ​របស់គេ ម្នាល​អរិដ្ឋ ពួកព្រាហ្មណ៍​ប្រាកដ​ដូច្នោះ ប្រហែលគ្នា​នឹង​ពួកចោរ ជា​អសប្បុរស ជាបុគ្គល​គួរសម្លាប់ តែគេ​មិនសម្លាប់​ក្នុង​លោក។ ពួកព្រាហ្មណ៍ បាន​កាត់ដើមចា មកប្រើ​ក្នុងវិធី​យ័ញ្ញ (ប្រាប់ថា នេះ) ជាដៃស្តាំ​របស់​ព្រះឥន្រ្ទ បើពាក្យ​នោះពិត ព្រះឥន្រ្ទ​ទៅជា​ដាច់ដៃ ចុះព្រះឥន្រ្ទ​ឈ្នះ​ពួកអសុរ ដោយកម្លំាង​ដៃដូចម្តេច។ ពាក្យនោះ​ទទេ​សោះ ព្រះឥន្រ្ទ​នៅមានដើមដៃ​គ្រប់គ្រាន់ ជាទេវតា​ដ៏ប្រសើរ មិនមាន​អ្នកណា​សម្លាប់​បាន បានកំចាត់​ពួកអសុរ មន្តទាំង​ឡាយនេះ របស់​ពួក​ព្រាហ្មណ៍ មាន​សភាព​ជារបស់​ទទេ នេះជា​ការបញ្ឆោត ដែលគេ​ឃើញច្បាស់​ក្នុងលោក។ ភ្នំមាលាគិរី ១ ភ្នំហិមពាន្ត ១ ភ្នំវិជ្ឈៈ ១ ភ្នំសុទស្សនៈ ១ ភ្នំនិសភៈ ១ ភ្នំកាកវេរុ ១ ភ្នំទាំងនុ៎ះក្តី ភ្នំធំ ៗ ឯទៀត​ក្តី ព្រាហ្មណ៍​ទាំងឡាយ​ពោលថា ពួក​ព្រាហ្មណ៍​អ្នកបូជា​យ័ញ្ញ​កសាង​ហើយ ដ៏វិចិត្រ​ដូច្នោះ។ ព្រាហ្មណ៍​ទាំងឡាយ​ពោលថា ភ្នំ​ទាំងឡាយ ដែលពួក​ព្រាហ្មណ៍​អ្នកបូជា​យ័ញ្ញ កាន់​យកឥដ្ឋ​ទាំងឡាយ មានបការៈ​យ៉ាងណា ធ្វើវិចិត្រ​ហើយ ភ្នំ​ទាំងឡាយ មិនមែន​មាន​បការៈ​ដូច្នោះទេ ឯភ្នំ​ទាំងឡាយ មិនដូច​របស់ដទៃ​ទេ ជារបស់​មិនកម្រើក ជាថ្ម​សុទ្ធដែល​គេឃើញ​ច្បាស់។ ភ្នំទាំងឡាយ​មិនមែនជា​ឥដ្ឋទេ ជាថ្ម​យូរយារហើយ ដែក មិនមែន​កើត​ក្នុងឥដ្ឋនោះ​ទេ លោហៈ ក៏មិន​មែន​កើតក្នុង​ឥដ្ឋនោះ​ដែរ ពួកព្រាហ្មណ៍​កាល​សសើរ​នូវយ័ញ្ញ​នេះ បាន​ពោលថា ភ្នំ​ទាំងឡាយ ដែលពួក​ព្រាហ្មណ៍​អ្នកបូជា​យ័ញ្ញ ធ្វើវិចិត្រ​ហើយ។ ព្រាហ្មណ៍​ទាំងឡាយ​ក្នុងលោកនេះ បានពោល​នូវព្រាហ្មណ៍​អ្នក​រៀនមន្ត បរិបូណ៌​ដោយគុណ​នៃមន្ត មានតបៈ ថាជា​អ្នកប្រកប​ដោយការ​សូម ​សាគរ​ពន្លិច​ព្រាហ្មណ៍​នោះ ដែលកំពុង​សាចទឹកនៃ​សមុទ្រ​លើច្រាំង ព្រោះ​ហេតុនោះ បាន​ជាទឹក​សមុទ្រ​នោះប្រៃ ផឹក​មិនបាន។ ស្ទឹងទាំងឡាយ​កួចយកពួក​ព្រាហ្មណ៍ អ្នកបរិបូណ៌​ដោយវេទ បរិបូណ៌​ដោយមន្ត ច្រើនជាង​ពាន់នាក់ ទឹកទាំង​ឡាយមិន​ខូចរស ព្រោះហេតុ​នោះទេ សមុទ្រ​មិនមាន​អ្វីស្មើ មានរសប្រៃ ផឹកមិនបាន តើព្រោះ​ហេតុអ្វី។ អណ្តូងខ្លះ ក្នុង​ជីវលោក​នេះ មានទឹកប្រៃ ដែលពួក​ជនអ្នក​ផឹកអណ្តូង​បានផឹកហើយ ម្នាល​អ្នកដឹង​រសដោយ​អណ្តាត​ទាំងពីរ ជនទាំងឡាយ​មិនពោល​ថា ទឹកក្នុង​អណ្តូង​ទាំងនោះ មានរស​ប្រៃ ផឹកមិនបាន ព្រោះតែ​កួចយក​ព្រាហ្មណ៍​ទេ។ តាំងពី​មុនដម្បូង​មក ស្រ្តីណា ជាភរិយា​របស់​បុរស​ណា មនោបាន​ញ៉ាំងមនុស្សឲ្យ​​កើតឡើង​ក្នុងកាល​មុន មិនមាន​អ្នកណាមួយ ថោកទាប​ជាងគ្នា ដោយ​ធម៌នោះ ព្រាហ្មណ៍​ទាំងឡាយ​បានពោល​នូវការចែក (វណ្ណៈ) ដោយ​ការ​លះបង់ (ធម៌នោះ) យ៉ាងនេះ​ឯង។ សូម្បីកូន​ចណ្ឌាល ជាអ្នក​ឈ្លាសវៃ មាន​ប្រាជ្ញា បានរៀន​វេទទាំងឡាយ ពោលមន្ត​ទាំងឡាយ ក្បាលនៃ​កូនជន​ចណ្ឌាល​នោះ មិន​បែកជា ៧ ភាគទេ មន្ត​ទាំងនេះ ពួកព្រាហ្មណ៍​ធ្វើហើយ ដើម្បី​សម្លាប់ខ្លួន។ វាចាកុហក ពួក​ព្រាហ្មណ៍ បានតាក់​តែងហើយ ការចង់បាន ពួកព្រាហ្មណ៍​បានតាក់តែង កាន់យក​ហើយ កើតឡើង​តាមគន្លង​នៃកាព្យ​ឃ្លោង ដែល​គេស្រាយ​បាន​ដោយក្រ ចិត្តរបស់​បុគ្គលពាល​ទាំងឡាយ ជឿស៊ប់​ក្នុងអំពើ​មិនស្មើ បុគ្គល​ឥតប្រាជ្ញា រមែងជឿ​ពាក្យនោះ។ ព្រាហ្មណ៍​មិន (ប្រកប) ដោយ​កម្លាំងដ៏មាំ​ ដូច​កម្លាំងនៃ​រាជសីហ៍ ខា្លធំ និងខ្លាដំបង មនុស្សភាព (របស់​ព្រាហ្មណ៍​ទាំងនោះ) ត្រូវយល់ថា ដូចគោដែរ ព្រោះជាតិ​របស់​ព្រាហ្មណ៍​ទាំងនោះ សើ្ម (ដោយគោ) ស្មើដោយ​សីហៈ​ជាដើម។ ប្រសិនបើ​ព្រះរាជា​ឈ្នះ​ផែនដី ប្រកប​ដោយ​អាមាត្យ មានអ្នក​ស្តាប់បង្គាប់ មាន​បរិស័ទ ព្រះរាជា​នោះ គប្បីឈ្នះ​ពួកសត្រូវ​ដោយ​ព្រះអង្គឯង ប្រជាជន​របស់​ព្រះរាជា​នោះ គប្បីបាន​សេចក្តី​សុខជានិច្ច។ មន្តរបស់​ក្សត្រិយ៍ និង​វេទទាំង ៣ នេះ ស្មើគ្នា​ដោយអត្ថ (តែក្សត្រិយ៍​ក្តី ព្រាហ្មណ៍​ក្តី) មិនបាន​វិនិច្ឆ័យ​នូវ​អត្ថនៃមន្ត និងវេទ​ទាំងនោះទេ ទាំង​មិនដឹង ដូចបុគ្គល​កាលមិន​ដឹងផ្លូវ ដែលកំបាំង​ដោយទឹក។ មន្ត​របស់​ក្សត្រិយ៍ និងវេទ​ទាំង ៣ នេះ ស្មើគ្នា​ដោយអត្ថ លាភ ឥតលាភ យស និងឥត​យស ទាំងអស់​នេះ ជាធម៌​របស់​វណ្ណៈទាំង ៤ នោះ។ ពួក​គហបតី​ជាច្រើន​លើផែនដី ញ៉ាំង​បុគ្គល​ឲ្យធ្វើ​ការងារ​ទាំងឡាយ ព្រោះហេតុ​តែទ្រព្យ និងស្រូវ យ៉ាងណា សូម្បីពួក​អ្នកមាន​ត្រៃវេទ ជាច្រើន​លើផែនដី ក៏ញ៉ាំង​បុគ្គលឲ្យ​ធ្វើការងារ​ទាំងឡាយ ក្នុងថ្ងៃនេះ​ យ៉ាងនោះ​ដែរ។ ព្រាហ្មណ៍​ទាំងនោះ ស្មើគ្នា​នឹង​គហបតី ព្រាហ្មណ៍​ទាំងឡាយ​ជាច្រើន​លើផែនដី ជាអ្នក​ខ្វល់ខ្វាយ​ជានិច្ច ប្រកប​ក្នុង​កាមគុណ​ទាំងឡាយ តែងញ៉ាំង​បុគ្គល​ឲ្យធ្វើការងារ​ទាំងឡាយ ម្នាលអរិដ្ឋ អ្នកដឹង​រសដោយ​អណា្តត​ទាំងពីរ ព្រោះ​ហេតុនោះ ព្រាហ្មណ៍​ទាំងនោះ ជាអ្នក​ឥតបញ្ញា។

[៣៨០] (ព្រះបាទសាគរព្រហ្មទត្ត…) ស្គរធំ សមោ្ភរ ស័ង្ខ ស្គរជ័យ និងស្គរទ័ព​របស់​អ្នកណា ដែល​ដើរខាងមុខ ហើយញ៉ាំង​ព្រះរាជា​ដ៏ប្រសើរ​ក្នុងរថ​ឲ្យរីករាយ។ (សម្បុរមុខ) របស់​អ្នកណា (ដ៏រុងរឿង) ដោយ​ដម្បារមាស​ដ៏ក្រាស់ មាន​ពន្លឺដូចផ្លេក​បន្ទោរ អ្នកណា​នៅកម្លោះ ប្រដាប់​ដោយបំពង់​ព្រួញ រុងរឿង​ដោយ​សិរី ហើយ​ដើរមក។ មុខអ្នកណា​ស្រស់បស់​ដូចមាស​ឆ្អិន​លើមាត់​ជើងក្រាន ឬប្រាកដ​សើ្មដោយ​រងើកនៃ​ឧសគគីរ អ្នក​ណារុង​រឿងដោយ​សិរីហើយ​ដើរមក។ ឆត្ររបស់​បុគ្គលណា ជាវិការៈ​នៃមាស​ជម្ពូនទ ប្រកប​ដោយឆ្អឹង ជាទី​រីករាយ​នៃចិត្ត ជាគ្រឿង​បិទបាំង​រស្មីនៃព្រះ​អាទិត្យ អ្នកណា​រុងរឿង​ដោយសិរី​ហើយដើរ​មក។ អង្គ (អ្នក​កាន់ផ្លិត) បានកាន់​យកវាល​វិជនីដ៏​ឧត្តម ខាងលើ​ក្បាលទាំង​ពីរខាង​នៃបុគ្គល​មាន​បញ្ញាដ៏​ប្រសើរ​ណា។ បាច់នៃ​កន្ទុយ​ក្ងោក​ដ៏វិចិត្រ​ផង ទន់ផង មានដង​ជាវិការៈ​នៃមាស និង​កែវមណី ប្រព្រឹត្ត​ទៅទាំង​ពីរខាង​មុខ​របស់បុគ្គល​ណា។ កុណ្ឌល​ទាំងឡាយ​នេះ ដ៏ល្អ​មានពន្លឺ​ដូចជាពណ៌​រងើកភ្លើង​នៃ​ឧសគគីរ ដ៏ភ្លឺលើ​មាត់ជើងក្រាន រមែងរុងរឿង​ទាំងពីរ​ខាងមុខ​របស់​បុគ្គលណា។ សក់របស់​បុគ្គលណា មានចុង​ដ៏សិ្នទ្ធ ទន់ខ្មៅ ត្រូវខ្យល់បក់​ហើយ ក៏ញ៉ាំង​ទីបំផុតនៃ​ថ្ងាសឲ្យល្អ ដូចជា​ផ្លេកបន្ទោរ​ដែលចេញ​អំពី​មេឃ។ ភ្នែក​ទាំងនេះ​ វែងធំរបស់​អ្នកណា អ្នកណា​មានភ្នែក​ទូលាយ​សម មុខ​នេះ​របស់អ្នកណា ភ្លឺឆ្លុះ​ដូចកញ្ចក់​មាស មាត់នេះ​របស់អ្នក​ណាដ៏ស្អាត ដូចជា​ស័ង្ខដ៏​ប្រសើរ ធេ្មញរបស់​បុគ្គលណា កាល​និយាយ​ឡើង ដូចជាផ្កា​មណ្ឌាក្រពុំ។ ដៃ និងជើង​ទាំងឡាយ​របស់អ្នក​ណា ដូចជា​ទឹកល័ក្ត តាំង​នៅក្នុង​សេចក្តីសុខ អ្នកណាមាន​រិមបបូរ​មាត់​ដូចផ្លែបាស​ដ៏ល្អ ដូចជាព្រះ​អាទិត្យ​ក្នុងវេលា​ថ្ងៃ។ អ្នកណា​មានសំពត់​បាវារៈ​ដ៏ស ដូចដើម​រាំងដ៏ធំ មានផ្កា​រីកហើយ ក្នុងព្រៃ​ហិមពាន្ត​ក្នុង​កាលដែលកន្លងទៅ​នៃទឹក​សន្សើម ល្អដូច​ព្រះឥន្រ្ទ ដែលមាន​ជ័យជំនះ។ អ្នកណានៅ​ក្នុងបរិស័ទ ដោះដាវ​នៅលើស្មា ដែលមាន​ដងដ៏វិចិត្រ​ដោយ​កែវមណី ដ៏ដេរដាស​ដោយ​ពកជា​វិការៈ​នៃមាស។ អ្នកណា​ដោះស្បែកជើង ដែល​ប៉ាក់ដោយ​មាស វិចិត្រ​ដោយកែវ ៧ ប្រការ ដេរដោយសូត្រ​ដ៏​វិចិត្រ រចនា​ល្អហើយ ក៏ថ្វាយ​បង្គំតាបស អ្នកស្វែង​រក​គុណ​ដ៏ធំ។

[៣៨១] (តាបស ជាបិតា…) នាគទាំងនោះ ជានាគមានឫទ្ធិ មានយស ជាកូននៃ​ព្រះបាទ​ធតរដ្ឋ កើតអំពី​នាង​សមុទ្ទជា នាគទាំងនេះ​ សុទ្ធតែ​ជានាគ​មាន​ឫទ្ធិច្រើន។

ចប់ ភូរិទត្តជាតក ទី៦។

ចន្ទកុមារជាតក ទី៧

(៥៤៤. ចន្ទកុមារជាតកំ (៧))

[៣៨២] (អភិសម្ពុទ្ធគាថា) ព្រះបាទឯករាជ អ្នកមានអំពើ​អាក្រក់ នៅក្នុង​ក្រុង​បុប្ផវតីនោះ សួររកផ្លូវ​ទៅ​ព្រហ្មលោក និង​បុរោហិត ឈោ្មះ​ខណ្ឌហាល ជាពូជពង្ស​ព្រហ្ម ជាមនុស្ស​ល្ងង់វង្វេង​ថា ម្នាល​ព្រាហ្មណ៍ អ្នកជា​មនុស្ស​ឈ្លាសក្នុង​ធម៌វិន័យ សូមអ្នក​ប្រាប់ផ្លូវ​ឋានសួគ៌ តាមទំនង​ដែលពួក​ជន​ធ្វើបុណ្យ​ទាំងឡាយ ហើយចេញ​ចាក​លោកនេះ ទៅកាន់​សុគតិ​ដូច្នោះ។

[៣៨៣] (ខណ្ឌហាលព្រាហ្មណ៍បុរោហិតទូលថា) បពិត្រ​ព្រះទេវៈ ពួកជន​ធ្វើបុណ្យ​ទាំងឡាយ ឲ្យទាន​ដ៏ក្រៃលែង សម្លាប់​បុគ្គល​ដែលមិន​គួរសម្លាប់​ទាំងឡាយ ហើយទៅ​កាន់សុគតិ​យ៉ាងនេះ។

[៣៨៤] (ព្រះបាទឯករាជ…) ទានដ៏ក្រៃលែងនុ៎ះ​ដូចមេ្តច ក្នុងលោកនេះ បុគ្គល​ទាំងឡាយ​ដូចមេ្តច ដែលមិន​គួរសម្លាប់ ចូរអ្នក​ប្រាប់សេចក្តី​នុ៎ះដល់យើង យើង​នឹងបូជា នឹងឲ្យ​ទានទាំង​ឡាយ។

[៣៨៥] (ខណ្ឌហាលព្រាហ្មណ៍…) ហពិត្រព្រះទេវៈ ព្រះអង្គ​គប្បីបូជា​ដោយព្រះ​រាជបុត្រ​ទាំងឡាយ​ផង ដោយ​ព្រះអគ្គមហេសី​ទាំងឡាយ​ផង ដោយ​អ្នក​និគម (សេដ្ឋី) ទាំងឡាយ​ផង បពិត្រ​ព្រះទេវៈ ព្រះអង្គ​គប្បីបូជា​ដោយគោ​ឧសភ សេះអាជានេយ្យ​បួន ៗ ដោយ​ពួកសត្វបួន​ ៗ ទាំងអស់។

[៣៨៦] សំឡេងគឹកកងតែមួយ សំឡេងគួរខ្លាច លាន់ឮ​ឡើងក្នុង​វាំង ព្រោះឮ​ព្រះរាជ​ឱង្ការ​នោះថា ព្រះកុមារ​ទាំងឡាយ និង​ព្រះអគ្គមហេសី​ទាំងឡាយ ត្រូវសម្លាប់។

[៣៨៧] (ព្រះរាជា…) អ្នកទាំងឡាយ ចូរទៅប្រាប់កុមារ​ទាំងឡាយ គឺ​ចន្ទកុមារ ១ សុរិយកុមារ ១ ភទ្ទសេនកុមារ ១ សុរកុមារ ១ វាមគោត្តកុមារ ១ ថា អ្នក​ទាំងឡាយ ចូរមក​ជួបជុំគ្នា ដើម្បី​ប្រយោជន៍​ដល់ការ​បូជាយ័ញ្ញ។

[៣៨៨] អ្នកទាំងឡាយ ចូរប្រាប់កុមារីទាំងឡាយ គឺ​កុមារីឈោ្មះ​ឧបសេនា ១ កោកិលា ១ មុទិតា ១ នន្ទា ១ ថា នាង​ទំាងឡាយ ចូរមក​ជួបជុំគ្នា ដើម្បី​ប្រយោជន៍​ដល់​ការបូជា​យ័ញ្ញ។

[៣៨៩] អ្នកទាំងឡាយ ចូរប្រាប់មហេសីអញ គឺនាង​វិជយា ១ នាងឯរាវតី ១ នាងកេសិនី ១ នាងសុនន្ទា ១ ដែលជា​ស្ត្រីបរិបូណ៌​ដោយលក្ខណៈ​ដ៏ប្រសើរថា នាង​ទំាងឡាយ ចូរមក​ជួបជុំគ្នា ដើម្បី​ប្រយោជន៍​ដល់​ការបូជា​យ័ញ្ញ។

[៣៩០] អ្នកទាំងឡាយ ចូរប្រាប់គហបតីទាំងឡាយ គឺ​គហបតី​ឈោ្មះ​បុណ្ណមុខៈ ១ ភទ្ទិយៈ ១ សិង្គាលៈ ១ វឌ្ឍៈ ១ ថា ចូរអ្នក​ទាំងឡាយ មកជួបជុំគ្នា ដើម្បី​ប្រយោជន៍​ដល់​ការបូជា​យ័ញ្ញ។

[៣៩១] (អភិសម្ពុទ្ធគាថា) ពួកគហបតីទាំងនោះ មកជួបជុំ​គ្នា ដេរដាស​ដោយកូន និងប្រពន្ធ​ក្នុងទីនោះ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​ធ្វើយើង​ខ្ញុំទាំង​អស់ ឲ្យមាន​ជុកលើ​ក្បាលវិញ ពុំនោះ​សោត សូមព្រះអង្គ​ប្រកាស​នូវយើង​ខ្ញុំថា​ជាទាសៈ។

[៣៩២] (ព្រះរាជា…) អ្នកទាំងឡាយ ចូរនាំមកនូវដំរីរបស់អញ​ឈោ្មះ​អភយង្ករៈ ១ នាឡាគិរី ១ អច្ចុគ្គតៈ ១ (ឈោ្មះ​វរុណទន្តៈ) ១ ដំរី​ទាំងឡាយ​នោះ នឹង​ជាសត្វ​ដើម្បី​ប្រយោជន៍​ដល់ការ​បូជាយ័ញ្ញ​យ៉ាងឆាប់។ អ្នក​ទាំងឡាយ ចូរនាំមក​នូវសេះ​កែវរបស់​អញ គឺសេះ​ឈ្មោះកេសី ១ សុរាមុខៈ ១ បុណ្ណកៈ វិនតកៈ ១ សេះ​ទាំងឡាយ​នោះ នឹងជា​សត្វដើម្បី​ប្រយោជន៍​ដល់ការ​បូជាយ័ញ្ញ​យ៉ាងឆាប់។ អ្នក​ទាំងឡាយ ចូរនាំយក​គោឧសភ​ទំាងនោះ​របស់អញ គឺគោ​ឧសភ​ឈ្មោះ​យូថបតិ ១ អនោជៈ ១ និសភៈ ១ គវម្បតិ ១ មក​ដល់អញ ជនទាំង​ឡាយ ចូរធ្វើកិច្ចការ​ទាំងពួង​ក្នុងទី​ចំពោះ​មុខអញ និងបូជា និងឲ្យ​ទាន​ទាំងឡាយ។ អ្នក​ទាំងឡាយ ចូរតាក់តែង​គ្រឿងបូជា​គ្រប់មុខ កាលបើ​ព្រះអាទិត្យ​រះឡើង​ហើយ អញ​នឹងបូជា ​អ្នកទាំងឡាយ ចូរប្រាប់​ពួកកុមារ មានចន្ទកុមារ​ជាដើម​ថា កុមារ​ទំាងឡាយ ចូររីក​រាយអស់ ១ យប់​នេះចុះ។ អ្នក​ទាំងឡាយ ចូរដំកល់​ទុកនូវ​គ្រឿង​យ័ញ្ញ​គ្រប់មុខ កាលបើ​ព្រះអាទិត្យរះ​ឡើង អញ​នឹងបូជា​ អ្នក​ទាំងឡាយ ចូរប្រាប់​កុមារ​ទាំងឡាយ​ក្នុងកាល​ឥឡូវនេះ​ថា រាត្រីថ្ងៃ​នេះឯង ជារាត្រី​បំផុត។

[៣៩៣] (អភិសម្ពុទ្ធគាថា) ព្រះរាជមាតា (ព្រះបាទឯករាជ) ទ្រង់ព្រះ​កន្សែង ទ្រង់​សេ្តចមក​អំពីវិមាន ទ្រង់មាន​ព្រះរាជ​សវនីយ៍ សួរនូវ​សេចក្តី​នោះ​នឹង​ព្រះរាជា​នោះថា នែកូន ឮថា កូនឯង​នឹងបូជា​យ័ញ្ញ ដោយ​ព្រះរាជបុត្រ​ទាំង ៤ នាក់​មែនឬ។

[៣៩៤] (ព្រះបាទឯករាជ…) កាលបើខ្ញុំសម្លាប់ចន្ទកុមារ​ហើយ បុត្ររបស់​ខ្ញុំទាំង​អស់ ក៏ខ្ញុំលះបង់​ដើម្បីបូជា​យ័ញ្ញដែរ​ លុះខ្ញុំ​បូជាដោយ​បុត្រទាំង​ឡាយហើយ ខ្ញុំនឹង​ទៅកាន់​​សុគតិសួគ៌។

[៣៩៥] (ព្រះរាជមាតា…) ម្នាលកូន អ្នកកុំជឿខណ្ឌហាលព្រាហ្មណ៍​នោះថា សុគតិ​បានដោយ​ការបូជា​បុត្រឡើយ ផ្លូវហ្នឹង ជាផ្លូវទៅ​កាន់នរក មិនមែន​ជាផ្លូវ​ទៅកាន់​ឋានសួគ៌​ទេ។ ម្នាលកូន​កោណ្ឌញ្ញគោត្រ ចូរអ្នកឲ្យ​ទានទាំង​ឡាយ (អ្នក) កុំបៀត​បៀន​សព្វ​​សត្វដែល​កើតហើយ នឹងត្រូវ​កើតឡើយ នេះជា​ផ្លូវនៃ​សុគតិ ផ្លូវ (នៃសុគតិ) មិនមែន​បាន​ដោយការ​បូជាបុត្រ​ទេ។

[៣៩៦] (ព្រះបាទឯករាជ…) ខ្ញុំនឹងសម្លាប់ចន្ទកុមារផង សុរិយកុមារ​ផង តាម​ពាក្យ​ខណ្ឌហាល​អាចារ្យ បូជាបុត្រ​ទាំងឡាយ ដែលគេ​លះបង់​បានដោយ​កម្រ​ហើយ នឹងទៅ​កាន់​សុគតិសួគ៌។

[៣៩៧] (អភិសម្ពុទ្ធគាថា) ចំណែកខាងព្រះវសវត្តី ជាព្រះរាជ​បិតា ត្រាស់​សួរហេតុ​នោះ ចំពោះ​ព្រះបាទ​ឯករាជ ជារាជបុត្រ​កើតអំពី​ព្រះឱរា​នោះថា ម្នាល​កូន ឮថា អ្នកនឹង​បូជាយ័ញ្ញ​ដោយបុត្រ​ទាំង ៤ មែនឬ។

[៣៩៨] (ព្រះបាទឯករាជ…) កាលបើខ្ញុំសម្លាប់ចន្ទកុមារ​ (បូជា) ហើយ បុត្រ​ទាំង​ឡាយ​ទាំងអស់ ក៏ខ្ញុំលះបង់ដែរ​ ខ្ញុំ​បូជាយ័ញ្ញដោយ​បុត្រទាំង​ឡាយហើយ នឹង​ទៅកាន់​សុគតិសួគ៌។

[៣៩៩] (ព្រះរាជបិតា…) ម្នាលកូន អ្នកកុំជឿខណ្ឌហាល​ព្រាហ្ម៍ថា សុគតិ មាន​ដោយការ​បូជាបុត្រ​ឡើយ ផ្លូវហ្នឹង ជាផ្លូវ​ទៅកាន់​នរកទេ មិនមែន​ជាផ្លូវ​ទៅកាន់​ឋានសួគ៌​ទេ។ ម្នាលកូន​កោណ្ឌញ្ញគោត្រ ចូរអ្នក​ឲ្យទានទាំង​ឡាយ (អ្នក) កុំបៀត​បៀន​សព្វ​សត្វទាំងឡាយ​ដែល​កើតហើយ និងត្រូវ​កើត នេះជា​ផ្លូវនៃសុគតិ ផ្លូវ (នៃសុគតិ) មិនមែន​បាន​ដោយការ​បូជាបុត្រ​ទេ។

[៤០០] (ព្រះបាទឯករាជ…) ខ្ញុំនឹងសម្លាប់ចន្ទកុមារផង សុរិយកុមារ​ផង តាម​ពាក្យ​នៃខណ្ឌហាល​អាចារ្យ ខ្ញុំបូជា​បុត្រទាំង​ឡាយ ដែលគេ​លះបង់​បានដោយ​កម្រ ហើយ​នឹងទៅ​កើត​ក្នុងសុគតិសួគ៌។

[៤០១] (ព្រះរាជបិតា…) ម្នាលកូន កោណ្ឌញ្ញគោត្រ អ្នកចូរឲ្យទាន​ទាំងឡាយ (អ្នក) កុំបៀតបៀន​សព្វសត្វ​ដែលកើត​ហើយ និងត្រូវ​កើតទាំង​ឡាយ​ឡើយ អ្នកចូរជា​មនុស្ស​ដែលកូន​ទាំងឡាយ​ចោមរោម​ហើយ រក្សា​ដែន និង​ជនបទ​ចុះ។

[៤០២] (ចន្ទកុមារ…) បពិត្រព្រះទេវៈ ព្រះអង្គកុំសម្លាប់ទូលបង្គំ​ទាំងឡាយ​ឡើយ សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​ចុះ ចំណែក​ខាងទូល​បង្គំទំាង​ឡាយ សូមជា​អ្នកជាប់​ចំណង ហើយឃ្វាល​ដំរី និងសេះ។ បពិត្រ​ព្រះទេវៈ ព្រះអង្គ​កុំសម្លាប់​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ​ឡើយ សូមព្រះអង្គ​ព្រះរាជទាន​ទូល​បង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​ចុះ ចំណែក​ខាងទូល​បង្គំ​ជាខ្ញុំទំាង​ឡាយ សូមជា​អ្នកជាប់​ចំណង​ហើយ នឹងចោល​អាចម៍ដំរី។ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ​ឡើយ សូមព្រះអង្គ​ព្រះរាជទាន​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​ចុះ ​ចំណែក​ខាងទូល​បង្គំជាខ្ញុំ​ទំាងឡាយ សូមជា​អ្នកជាប់​ចំណង​ហើយ នឹង​ចោល​អាចម៍សេះ។ បពិត្រ​ព្រះទេវៈ សូម​ព្រះអង្គ​កុំសម្លាប់​ទូល​បង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ សូមព្រះអង្គ​ព្រះរាជ​ទានទូល​បង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យ​ជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍ចុះ ព្រះអង្គ​មានប្រាថ្នា (ដើម្បី​ព្រះរាជទាន) ដល់​ខណ្ឌហាល​ព្រាហ្មណ៍​ណា សូមទ្រង់​ព្រះរាជ​ទានទូល​បង្គំ​ជា​ខ្ញុំទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​នោះចុះ ពុំនោះ​សោត នឹងសូម​ព្រះអង្គ​បំបរបង់​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ចេញ​ចាកដែន ក៏ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ នឹងត្រាច់​ទៅកាន់​ភិក្ខាចារ។

[៤០៣] (ព្រះបាទឯករាជ…) អ្នកទាំងឡាយ បង្កើតទុក្ខ​ដល់យើង​ខ្លាំងណាស់ អ្នក​ទាំងឡាយ យំស្រែក ព្រោះតែ​ចង់បាន​ជីវិត ឥឡូវនេះ ចូរអ្នក​ទាំងឡាយ លែងកុមារ​ទាំងឡាយ​ទៅ ការបូជា​យ័ញ្ញដោយ​កូនរបស់​អញ ល្មមលើក​លែង​ចុះ។

[៤០៤] (ខណ្ឌហាលព្រាហ្មណ៍) ទូលព្រះបង្គំជាខ្ញុំ​ក្រាបទូល​ព្រះអង្គ​តាំងពី​ដើម​មកថា ការបូជា​យ័ញ្ញនុ៎ះ ជាអំពើ​ធ្វើបានដោយ​កម្រផង មិនងាយ​នឹងធ្វើ​ឲ្យកើត​ឡើងបាន​ផង កាលបើ​គ្រឿងយ័ញ្ញ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​ប្រុងប្រៀប​ស្រេច​ហើយ ហេតុអ្វី​ព្រះអង្គ​ធ្វើឲ្យ​ខានទៅ​វិញ។ ជនទាំង​ឡាយណា បូជា​យ័ញ្ញ​ខ្លួនឯង​ក្តី ជនទាំង​ឡាយណា ឲ្យគេ​បូជាយ័ញ្ញ​ក្តី ឬក៏ជន​ទាំងឡាយ​ណា គ្រាន់តែ​អនុមោទនា​មហាយ័ញ្ញ ដែល​អ្នកផង​កំពុង​បូជា​ប្រាកដ​ដូច្នេះ​ក្តី ជន​ទំាងឡាយ ទាំងអស់​នោះ រមែងទៅ​កាន់សុគតិ។

[៤០៥] (ចន្ទកុមារ…) ចុះព្រះអង្គឲ្យពួកព្រាហ្មណ៍ទាយសួស្តី​របស់​ទូលព្រះ​បង្គំ​ជាខ្ញុំ ពីមុនមក​ដើម្បីអ្វី បពិត្រ​ព្រះទេវៈ កាលបើ​ដូច្នេះ ព្រះអង្គ​ឲ្យគេ​សម្លាប់​ពួកទូល​បង្គំជាខ្ញុំ ដើម្បី​ប្រយោជន៍​ដល់យ័ញ្ញ​ដោយឥត​ហេតុ។ ពីដើម ​កាលដែល​ទូលព្រះបង្គំ​ជាខ្ញុំ​ទាំងឡាយ​នៅក្មេង​នៅឡើយ (មេ្តចក៏) ព្រះអង្គ​មិនសម្លាប់ មិនឲ្យ​គេសម្លាប់​ទៅ បពិត្រ​ព្រះបិតា ឥឡូវនេះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ជាកេ្មង​ពេញកម្លោះ ជាអ្នក​ឥតប្រទូស្ត ក៏ស្រាប់​តែព្រះអង្គ​ឲ្យ​គេសម្លាប់។ បពិត្រ​មហារាជ សូមព្រះអង្គ​ទតមើល ទូល​បង្គំជាខ្ញុំ​ទាំងឡាយ ដែលពាក់​គ្រឿងក្រោះ​ជិះដំរី ជិះសេះ​ច្បាំងហើយ និង​កំពុង​ច្បាំង មនុស្ស​ទាំងឡាយ​បែបខ្ញុំនេះ មិនមែន​ជាមនុស្ស​សម្រាប់​បូជាយ័ញ្ញ​ទេ។ ជន​ទាំងឡាយ តែង​បញ្ជូន​ពួកមនុស្ស​ដូចទូល​បង្គំ​ជាខ្ញុំ ទៅក្នុង​បច្ចន្តគ្រាម ដែល​បះបោរ​ឡើងហើយ ឬក្នុង​ដងព្រៃ បពិត្រ​ព្រះបិតា កាលបើ​ដូច្នោះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ មិនត្រូវ​ព្រះអង្គ​ឲ្យគេ​សម្លាប់ ក្នុងទី​មិនជា​ឱកាស ដោយ​ឥតហេតុ​ទេ។ មេសត្វស្លាប​ទាំងឡាយ​ណានីមួយ ធ្វើសម្បុក​ដោយ​ស្មៅទាំង​ឡាយហើយ​នៅ កូនទាំងឡាយ​ជាទី​ស្រឡាញ់​របស់​មេសត្វស្លាប​ទាំងនោះ បពិត្រ​ព្រះទេវៈ កាលបើ​ដូច្នេះ ព្រះអង្គ​នៅតែ​ឲ្យគេ​សម្លាប់ទូល​បង្គំជា​ខ្ញុំទាំង​ឡាយ។ ព្រះអង្គ​កុំជឿ​ពាក្យខណ្ឌហាល​ព្រាហ្មណ៍​នោះថា ខណ្ឌហាល​ព្រាហ្មណ៍ មិនគប្បី​សម្លាប់​អញខ្ញុំ​ដូចនេះ​ឡើយ បពិត្រ​ព្រះទេវៈ ព្រោះ​ខណ្ឌហាល​ព្រាហ្មណ៍​នោះ សម្លាប់​ទូលបង្គំ​ជា​ខ្ញុំទាំងឡាយ​ហើយ គប្បី​សម្លាប់​ព្រះអង្គ​ក្នុងកាល​ជាលំដាប់។ បពិត្រ​មហារាជ ព្រះរាជា​ទាំងឡាយ តែង​ព្រះរាជទាន​ស្រុកដ៏​ប្រសើរ​ផង និគមដ៏​ប្រសើរផង ភោគៈ​ផង ដល់​ព្រាហ្មណ៍​នោះ កាលបើ​ដូច្នោះ ពួក​ព្រាហ្មណ៍​ទាំងនោះ ជាអ្នក​បរិភោគ​រាល់ ៗ ដុំបាយ​ដ៏ថ្មោង តែងបាន​បរិភោគ​រាល់ៗ ត្រកូល។ បពិត្រ​មហារាជ ព្រាហ្មណ៍​នោះ ប្រាថ្នា​ដើម្បី​ប្រទូស្ត​ចំពោះជន​អ្នកឲ្យ​ទាំងនោះ ដូចជា​ព្រះអង្គ បពិត្រ​ព្រះទេវៈ ពួក​ព្រាហ្មណ៍​ទាំងនុ៎ះ ជា​មនុស្ស​អកតញ្ញូ​ដោយច្រើន។ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​ទូលបង្គំ​ជាខ្ញុំ​ទាំង​ឡាយ​ឡើយ សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈ​នៃ​ខណ្ឌហាល​ព្រាហ្មណ៍​ចុះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ សូមជាប់​ចំណង​ហើយ នឹងឃ្វាល​ដំរី និងសេះ។ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គកុំ​សម្លាប់​ទូលបង្គំ​ជាខ្ញុំទាំង​ឡាយឡើយ សូម​ព្រះអង្គ​​ព្រះរាជទាន​នូវទូល​បង្គំជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈ​នៃ​ខណ្ឌហាល​ព្រាហ្មណ៍​វិញចុះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ជាប់ចំណង​ហើយ នឹងចាក់​អាចម៌​ដំរី។ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ​ឡើយ សូម​ព្រះអង្គ​ព្រះរាជ​ទាន​ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​វិញចុះ ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ សូមជាប់​ចំណងនឹង​ចាក់អាចម៌​សេះ។ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​នូវទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ​ឡើយ ព្រះអង្គ​សព្វ​ព្រះរាជហ្ឫទ័យ​ចំពោះ​ខណ្ឌហាល​ព្រាហ្មណ៍ណា សូម​ព្រះរាជទាន​នូវទូល​បង្គំជា​ខ្ញុំទាំងឡាយ ឲ្យជា​ទាសៈ​នៃខណ្ឌហាល​ព្រាហ្មណ៍​នោះវិញ​ចុះ ពុំនោះ​សោត ទូលបង្គំ​ជាខ្ញុំ​ទាំងឡាយ បើព្រះអង្គ​បំបរបង់​ចេញចាក​ដែន នឹងត្រាច់​ទៅកាន់​ភិក្ខាចារ។

[៤០៦] (ព្រះបាទឯករាជ…) អ្នកទាំងឡាយ បង្កើតទុក្ខដល់យើង​ខ្លាំងណាស់ អ្នក​ទាំងឡាយ​យំស្រែក ព្រោះតែ​ចង់បាន​ជីវិត ឥឡូវនេះ ចូរអ្នក​ទាំងឡាយ​លែងកុមារ​ទាំងឡាយ​ទៅ ការបូជា​យ័ញ្ញដោយ​កូនរបស់​អញ ល្មមលើក​លែងចុះ។

[៤០៧] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំជាខ្ញុំ​ បានក្រាបទូល​​តាំងពីដើម​មកថា ការបូជា​យ័ញ្ញនុ៎ះ ជាអំពើ​ធ្វើបានដោយ​កម្រផង មិនងាយ​នឹង​ឲ្យកើត​ឡើងបាន​ផង កាលបើ​គ្រឿងយ័ញ្ញ​ដែលទូល​បង្គំជា​ខ្ញុំប្រុងប្រៀប​ស្រេច​ហើយ ហេតុអ្វីក៏​ព្រះអង្គធ្វើ​ឲ្យ​អាក់ខានទៅ​វិញ។ ជនទាំងឡាយ​ណា បូជា​យ័ញ្ញ​ខ្លួនឯងក្តី ជនទាំង​ឡាយណា ឲ្យគេ​បូជាយ័ញ្ញ​ក្តី ឬក៏ជន​ទាំងឡាយ​ណា គ្រាន់តែ​អនុមោទនា​មហាយ័ញ្ញ ដែល​អ្នកផង​កំពុង​បូជាប្រាកដ​ដូច្នេះ​ក្តី ជនទំាងអស់​ (នោះ) រមែងទៅ​កាន់សុគតិ។

[៤០៨] (ចន្ទកុមារ…) បើប្រាកដជាបុគ្គលទាំងឡាយ​បូជាយ័ញ្ញ​ដោយបុត្រ​ទាំង​ឡាយ​ហើយ ច្យុតចាក​មនុស្ស​លោកនេះ រមែង​ទៅកាន់​ទេវលោក បពិត្រ​មហារាជ ចូរ​ព្រាហ្មណ៍​បូជា​មុនចុះ សឹម​ព្រះអង្គ​បូជា​ជាខាងក្រោយ។ ឮថា បើប្រាកដ​ជាបុគ្គល​ទាំងឡាយ បូជា​យ័ញ្ញដោយ​បុត្រទាំង​ឡាយហើយ ច្យុតអំពី​មនុស្ស​លោកនេះ រមែង​ទៅកាន់​ទេវលោក ចូរ​ខណ្ឌហាល​ព្រាហ្មណ៍​ហ្នឹងឯង បូជា​ដោយកូន​ទាំងឡាយ​របស់ខ្លួន​ចុះ។ បើ​ខណ្ឌហាល​ព្រាហ្មណ៍​ដឹង​យ៉ាងនេះ​ហើយ ហេតុអ្វី​ក៏មិន​សម្លាប់​កូនតូច ៗ ទាំងឡាយ​ផង មិនសម្លាប់​ជនជាញាតិ​ទាំងអស់​ផង មិនសម្លាប់​ខ្លួនឯងផង។ ជនទាំង​ឡាយ​ណា បូជាយ័ញ្ញ​ដោយ​ខ្លួនក្តី ជនទាំងឡាយណា​ឲ្យគេបូជា​យ័ញ្ញក្តី ឬក៏ជន​ទាំង​ឡាយណា គ្រាន់តែ​អនុមោទនា​មហាយ័ញ្ញ​ប្រាកដ​ដូច្នេះក្តី ជនទាំង​អស់ (នោះ) រមែងទៅ​កាន់នរក។

[៤០៩] មេ្តចក៏ពួកម្ចាស់ផ្ទះ និងស្រីមេផ្ទះទាំងឡាយ ដែលជា​អ្នកចង់​បានកូន​ក្នុង​ក្រុង មិនទូល​ទាស់​ព្រះរាជាថា កុំទ្រង់​សម្លាប់​បុត្រ ដែលកើត​អំពីទ្រូង​ឡើយ។ មេ្តច​ក៏ពួក​ម្ចាស់ផ្ទះ និងស្រី​មេផ្ទះ​ទាំងឡាយ ដែលជា​អ្នកចង់​បានកូន​ក្នុងក្រុង មិនទូល​ទាស់​ព្រះរាជា​ថា កុំទ្រង់​សម្លាប់បុត្រ ដែលកើត​អំពីខ្លួន​ឡើយ។ ខ្ញុំជា​អ្នកប្រាថ្នា​ប្រយោជន៍​ចំពោះព្រះ​រាជា ប្រយោជន៍​ចំពោះអ្នក​ជនបទ​ទាំងអស់ ឥតមាន​នរណា​មួយ​ថ្នាំងថ្នាក់ចិត្ត​នឹងខ្ញុំ​ឡើយ (ហេតុអ្វីក៏) អ្នកជនបទ​មិនក្រាប​ទូលឲ្យ​ទ្រង់ជ្រាប។

[៤១០] ម្នាលនាងឃរណីទាំងឡាយ (ស្រីមេផ្ទះ) ចូរនាង​ទាំងឡាយ ទៅអង្វរ​ព្រះ​រាជបិតា​ផង ខណ្ឌហាល​ព្រាហ្មណ៍​ផងថា សូមព្រះអង្គ​កុំសម្លាប់​កុមារ​ទាំងឡាយ ដូចជា​សីហៈ ជាអ្នក​មិនប្រទូស្ត ម្នាលនាង​ឃរណី​ទាំងឡាយ ចូរនាង​ទាំងឡាយ​ទៅ​និយាយ​អង្វរព្រះបិតា​ផង ខណ្ឌហាល​ព្រាហ្មណ៍ផង​ថា សូមព្រះអង្គ​កុំសម្លាប់​កុមារ​ទាំងឡាយ ជាទី​អាល័យ​របស់សត្វ​លោក​ទាំងអស់។

[៤១១] បើដូច្នោះ គួរតែអញ​កើតក្នុងត្រកូលអ្នកធ្វើរថ ឬអ្នក​ចោលសម្រាម ឬកើត​ក្នុង​ត្រកូល​វេស្សៈ ទើបព្រះរាជា​នឹងមិន​សម្លាប់អញ ដើម្បី​យ័ញ្ញក្នុង​ថ្ងៃនេះ។

[៤១២] ម្នាលពួកស្រីអ្នកមានគំនិតទាំងឡាយ ចូរនាងទាំងអស់​ទៅក្រាបទៀប​បាទា​នៃខណ្ឌហាល​ព្រាហ្មណ៍ជាម្ចាស់​ហើយ (ប្រាប់ថា) ខ្ញុំមិនឃើញ​កំហុសសោះ។ ម្នាលពួក​ស្រីជាមេផ្ទះ​ទាំងអស់គ្នា ចូរនាង​ទាំងឡាយទៅ​ក្រាប​ទៀប​បាទា​នៃខណ្ឌហាល​ព្រាហ្មណ៍​ជាម្ចាស់​ហើយ (និយាយថា) បពិត្រ​លោក​ខណ្ឌហាល​ដ៏ចំរើន យើង​ទាំងឡាយ​បានប្រទូស្ត​អ្វីដល់​លោក។

[៤១៣] លំដាប់នោះ ព្រះនាងសេលា ជាព្រះរាជធីតា​គួរអាណិត បានឃើញ​ព្រះភាតា​ទាំងឡាយ ដែលគេនាំ​ខ្លួនទៅ​ហើយ ទ្រង់​ព្រះកន្សែង​ថា ឮថា​យ័ញ្ញ ព្រះរាជ​បិតា​អញ ទ្រង់ប្រាថ្នា​ឋានសួគ៌​ឲ្យប្រព្រឹត្ត​ទៅហើយ។

[៤១៤] (លំដាប់នោះ) វសុលរាជកុមារបម្រះននៀល​ក្នុងទី​ចំពោះ​ព្រះភក្រ្ត​ព្រះរាជា ទ្រង់​ព្រះកនែ្សង​អង្វរថា បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​កុំសម្លាប់​បិតារបស់​ទូល​បង្គំ​ជាខ្ញុំឡើយ ព្រោះទូល​បង្គំជាខ្ញុំ​នៅកេ្មង ពុំទាន់​ធំនៅ​ឡើយ។

[៤១៥] (ព្រះរាជា…) មា្នលវសុលកុមារ នុ៎ះបិតារបស់ឯង ចូរឯង​ស្ងប់រម្ងាប់​ជាមួយ​នឹងបិតា​របស់​ឯងចុះ ឯងយំ​ស្រែកក្នុង​ព្រះរាជវាំង ឈ្មោះថា​ញ៉ាំង​ទុក្ខយ៉ាងខ្លាំង ឲ្យកើត​ឡើងដល់​អញ អ្នកទាំងឡាយ ចូរលែង​ពួកកុមារ​ក្នុង​កាល​ឥឡូវនេះ​ចុះ ការបូជា​យ័ញ្ញ​ដោយកូន​របស់អញ ល្មមលើក​លែងចុះ។

[៤១៦] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំក្រាបទូល​ព្រះអង្គ​តាំងពីដើម​មកថា ការបូជា​យ័ញ្ញនេះ ជាអំពើ​ធ្វើបានដោយ​កម្រផង មិនងាយ​នឹងឲ្យ​កើតឡើង​បានផង កាលបើ​គ្រឿងយ័ញ្ញ​ដែលទូលបង្គំ​ជាខ្ញុំ​ប្រុងប្រៀប​ស្រេចហើយ ហេតុអ្វីក៏ព្រះ​អង្គធ្វើឲ្យ​អាក់​ខានទៅ​វិញ។ ជន​ទាំងឡាយ​ណា ​បូជា​យ័ញ្ញដោយខ្លួន​ឯងក្តី ជនទាំង​ឡាយណា ឲ្យគេ​បូជាយ័ញ្ញ​ក្តី ឬក៏ជន​ទាំងឡាយ​ណា គ្រាន់តែ​អនុមោទនា​មហាយ័ញ្ញ ដែលអ្នក​ផង​កំពុង​បូជា ​ប្រាកដ​ដូច្នេះក្តី ជន​ទំាងអស់នោះ រមែងទៅកើតក្នុងសុគតិ។

[៤១៧] បពិត្រព្រះឯករាជ យ័ញ្ញ ទូលបង្គំជាខ្ញុំ​ចាត់ចែង​រៀបចំ​ដើម្បី​ព្រះអង្គ ដោយ​រតនៈ​ទាំងពួង​ហើយ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​យាង​ចេញទៅ ព្រះអង្គ​នឹងទៅ​រីករាយ​ក្នុងឋានសួគ៌។

[៤១៨] (អភិសម្ពុទ្ធគាថា) ពួកស្រ្តីទាំង ៧០០ នុ៎ះ នៅក្មេង ៗ ដែល​ជាភរិយា​ចន្ទកុមារ រំសាយកេសា ទួញយំ​ដើរតាម​ផ្លូវទៅ។ ចំណែក​ពួកស្រ្តី​ឯទៀត ក៏ចេញទៅ​ដោយ​សេចក្តី​សោកស្តាយ រំសាយកេសា ទួញ​យំដើរ​តាមផ្លូវទៅ ដូចជា​ទេវតា (ចោម​រោមទេវបុត្រ​ដែលរៀប​ច្យុត) ក្នុងនន្ទនវន​ឱទ្យាន។

[៤១៩] ចន្ទកុមារ និងសុរិយកុមារ ទ្រទ្រង់​សំពត់ដ៏​ស្អាតដែល​កើតក្នុង​ដែនកាសី ជាអ្នក​ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាយ​ដោយ​កំញាន និង​ខ្លឹមចន្ទន៍ ត្រូវគេ​នាំ​យកទៅ​ដើម្បី​ប្រយោជន៍​ដល់យ័ញ្ញ​នៃ​ព្រះបាទ​ឯករាជ។ ចន្ទកុមារ និង​សុរិយកុមារ ជាអ្នក​ទ្រទ្រង់​សំពត់​ដ៏ស្អាត ដែលកើត​ក្នុងដែន​កាសី ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃមាតា ត្រូវគេ​នាំយក​ទៅ។ ចន្ទកុមារ និង​សុរិយ​កុមារ ជាអ្នក​ទ្រទ្រង់​សំពត់​ដ៏ស្អាត ដែលកើត​ក្នុងដែនកាសី ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃជន ត្រូវគេនាំ​យកទៅ។ ចន្ទកុមារ និង​សុរិយកុមារ ដែលជា​អ្នក​បរិភោគ​សាច់​ដ៏មានរស ជាអ្នកដែល​ខ្មាន់ព្រះកេស​ផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ត្រូវគេ​នាំយកទៅ​ដើម្បី​ប្រយោជន៍​ដល់យ័ញ្ញ​នៃព្រះបាទ​ឯករាជ។ ចន្ទកុមារ និង​សុរិយកុមារ ជា​អ្នកបរិភោគនូវ​សាច់ដ៏​មានរស ជាអ្នក​ដែលខ្មាន់​ព្រះកេស​ផ្ងូតៗស្អាត​ហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាប​ដោយ​កំញាន និង​ខ្លឹមចន្ទន៍ ធ្វើ​សេចក្តីសោក​ក្នុង​ហ្ឫទ័យ​នៃមាតា ត្រូវគេនាំ​យកទៅ។ ចន្ទកុមារ និង​សុរិយកុមារ ជា​អ្នកបរិភោគ​សាច់ដ៏​មានរស ជាអ្នក​ដែលខ្មាន់​ព្រះកេសផ្ងូតៗស្អាត​ហើយ ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និងខ្លឹម​ចន្ទន៍ ធ្វើសេចក្តី​សោក​ក្នុងហ្ឫទ័យ​នៃជន ត្រូវគេ​នាំយក​ទៅ។ កាលពី​មុន ពួកពលដំរី តែងតាម​ហែហម​នូវចន្ទកុមារ និង​សុរិយកុមារ​ណា ដែល​គង់លើ​ខ្នងដំរី​ដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និង​សុរិយកុមារ​ទាំងពីរ​ព្រះអង្គនោះ យាង​ទៅដោយ​ព្រះបាទាទទេ។ កាលពីមុន ពួកពលសេះ តែងតាម​ហែ​នូវចន្ទកុមារ និង​សុរិយកុមារ​ណា ដែលគង់​លើខ្នងសេះ​ដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និង​សុរិយកុមារ​ទាំងពីរ​ព្រះអង្គនោះ យាងទៅ​ដោយ​ព្រះបាទាទទេ។ កាលពីមុន ពួករថ តែងតាម​ហែ​នូវចន្ទកុមារ និង​សុរិយកុមារ​ណា ដែលគង់​ក្នុងកណ្តាល​រថដ៏​ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និង​សុរិយកុមារ​ទាំងពីរ​ព្រះអង្គនោះ យាងទៅ​ដោយ​ព្រះបាទា​ទទេ។ កាល​ពីមុន ចន្ទកុមារ និង​សុរិយកុមារណា សេ្តចទៅ​ដោយ​ព្រះទីនាំង​អស្សតរ ដែល​តាក់តែង​ដោយ​គ្រឿងមាស ថ្ងៃនេះ ចន្ទកុមារ និង​សុរិយកុមារ​ទាំងពីរ​ព្រះអង្គនោះ យាងទៅ​ដោយ​ព្រះបាទា​ទទេ។

[៤២០] (មហាជន…) ម្នាលបក្សី បើអ្នកចង់ស៊ីសាច់ ចូរអ្នកហើរទៅ​តាមទិស​ខាងកើត​នៃ​ក្រុងបុប្ផវតី​ចុះ ព្រោះព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​ព្រះរាជបុត្រ ៤ ព្រះអង្គ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅ​តាមទិស​ខាងកើត​នៃ​ក្រុងបុប្ផវតីចុះ ព្រោះព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​ព្រះរាជកញ្ញា​ទាំង ៤ ព្រះអង្គ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នកហើរ​ទៅ​តាមទិស​ខាងកើត​នៃក្រុង​បុប្ផវតីចុះ ព្រោះ​ព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​ព្រះមហេសី​ទាំង ៤ ព្រះអង្គ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាល​បក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅទិស​ខាងកើត​នៃ​ក្រុងបុប្ផវតី​ចុះ ព្រោះព្រះបាទ​ឯករាជ ភាន់​ស្មារតី ទ្រង់យក​គហបតី​ទាំង ៤ បូជា​យ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅ​ទិស​ខាងកើត​ក្រុង​បុប្ផវតី​ចុះ ព្រោះព្រះបាទ​ឯករាជ ភាន់​ស្មារតី ទ្រង់យក​ដំរីទាំង ៤ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅ​ទិស​ខាងកើតនៃ​ក្រុង​បុប្ផវតីចុះ ព្រោះព្រះបាទ​ឯករាជ ភាន់​ស្មារតី ទ្រង់យក​សេះទាំង ៤ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នក​ហើរទៅ​ទិសខាង​កើត​នៃក្រុង​បុប្ផវតីចុះ ព្រោះព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​គោឧសភ ៤ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។ ម្នាលបក្សី បើអ្នកចង់​ស៊ីសាច់ ចូរអ្នកហើរ​ទៅទិស​ខាងកើត​នៃក្រុង​បុប្ផវតីចុះ ព្រោះព្រះបាទ​ឯករាជ ភាន់ស្មារតី ទ្រង់យក​សត្វបួនៗ គ្រប់មុខ បូជាយ័ញ្ញ​ក្នុងទីនុ៎ះ។

[៤២១] ប្រាសាទនេះ ជាវិការៈនៃមាស ដេរដាស​ដោយផ្កាកម្រង ឥឡូវនេះ ព្រះ​អយ្យបុត្រទាំង ៤ ព្រះអង្គនោះ ត្រូវគេនាំ​ចេញទៅ​សម្លាប់។ ផ្ទះកំពូលនេះ ជាវិការៈ​នៃមាស ដេរដាស​ដោយផ្កា​កម្រង ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។ ឱទ្យាននេះ មានផ្ការីក​សព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេនាំ​ចេញទៅ​សម្លាប់។ ព្រៃអសោក​នេះ មាន​ផ្ការីក​សព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។ ព្រៃកណ្ណិការនេះ មានផ្ការីក​សព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញទៅ​សម្លាប់។ ព្រៃច្រនៀង​នេះ មានផ្ការីក​សព្វកាល ជាទីរីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។ ព្រៃស្វាយ​នេះ មានផ្ការីក​សព្វកាល ជាទី​រីករាយ ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេនាំ​ចេញទៅ​សម្លាប់។ ស្រះបោក្ខរណី​នេះ ដេរដាស ពាសពេញ​ដោយផ្កា​ឈូកស ឈូក្រហម ទាំងទូក​ដែលរចនា​ដោយមាស វិចិត្រ​ដោយ​ភ្ញីវល្លិ៍ ជាទី​រីករាយចិត្ត​ដោយ​ក្រៃលែង ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។

[៤២២] ដំរីរ័តន៍នេះ ជាដំរីឈ្មោះ​ឯរាវ័ណ មានកំឡាំង មានភ្លុក ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញទៅ​សម្លាប់។ សេះរ័តន៍នេះ ជាសេះ​មានក្រចក​មួយ មានសន្ទុះ​រហ័ស ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គ​នោះ ត្រូវគេ​នាំចេញ​ទៅសម្លាប់។ រថសេះនេះ មានសូរសព្ទ័​ដូចសំឡេង​នៃស្រូវ​សាលី ជារថ​ដ៏ស្អាត វិចិត្រ​ដោយ​រតនវត្ថុ ជាលំអ​របស់​ពួក​ព្រះអយ្យបុត្រ ដូចជា​ពួកទេវតា​ក្នុង​នន្ទនវ័ន ឥឡូវនេះ ព្រះអយ្យបុត្រ​ទាំង ៤ ព្រះអង្គនោះ ត្រូវគេ​នាំចេញទៅ​សម្លាប់។ ម្តេចក៏​ព្រះរាជា​ភាន់​ច្រឡំ នឹងបូជាយ័ញ្ញ​ដោយ​ព្រះរាជបុត្រ​ទាំង ៤ ព្រះអង្គ ដែលមាន​សម្បុរ​លឿង មាន​ជាតិស្មើ ជាបុគ្គល​ស្អាត (ឥតទោស) ដែលមាន​ខ្លួនលាប​ហើយ​ដោយ​ខ្លឹមចន្ទន៍។ ម្តេចក៏​ព្រះរាជាភាន់ច្រឡំ នឹងបូជា​យ័ញ្ញដោយ​ព្រះរាជ​កញ្ញា​ទាំង ៤ ព្រះអង្គ ដែលមាន​សម្បុរលឿង មានជាតិ​ស្មើ ជាបុគ្គល​ស្អាត ដែលមាន​ខ្លួនលាប​ហើយ​ដោយ​ខ្លឹមចន្ទន៍។ ម្តេចក៏​ព្រះរាជា​ភាន់ច្រឡំ នឹងបូជា​យ័ញ្ញដោយព្រះ​មហេសីទាំង ៤ ព្រះអង្គ ដែលមាន​សម្បុរ​លឿង មានជាតិស្មើ ជាបុគ្គល​ស្អាត ដែលមាន​ខ្លួនលាប​ហើយ​ដោយ​ខ្លឹមចន្ទន៍។​ ម្តេចក៏​ព្រះរាជាភាន់ច្រឡំ នឹងបូជា​យ័ញ្ញដោយ​គហបតីទាំង ៤ នាក់ ដែលមាន​សម្បុរលឿង មានជាតិស្មើ ជាបុគ្គល​ស្អាត ដែលមាន​ខ្លួនលាប​ដោយ​ខ្លឹមចន្ទន៍។ ស្រុក និងនិគម​ទាំងឡាយ សូន្យ ឥតមនុស្ស ក្លាយទៅ​ជាព្រៃធំ យ៉ាងណាមិញ កាលបើ​ចន្ទកុមារ និង​សុរិយកុមារ ត្រូវ​ព្រះរាជា​យកទៅ​បូជាយ័ញ្ញ​ហើយ ក្រុង​បុប្ផវតី ក៏នឹង (ស្ងាត់សូន្យ​ឈឹង) យ៉ាងនោះដែរ។

[២២៣] (ព្រះនាងគោតមីទេវី…) ខ្ញុំម្ចាស់នឹងឆ្កួត សាបសូន្យ​ចាកសេចក្តី​ចំរើន ប្រឡាក់​ប្រឡូស​ដោយ​អាចម៍ដី​ពុំខាន បើជន​សម្លាប់​ចន្ទកុមារ បពិត្រ​ព្រះសម្មតិទេព ជីវិត​របស់ខ្ញុំ​ម្ចាស់នឹង​បែកធ្លាយ។ ខ្ញុំម្ចាស់​នឹងឆ្កួត សាប​សូន្យចាក​សេចក្តី​ចំរើន ប្រឡាក់​ប្រឡូស ដោយអាចម៍ដីពុំខាន បើជន​សម្លាប់​សុរិយកុមារ បពិត្រ​ព្រះសម្មតិទេព ជីវិត​របស់ខ្ញុំ​ម្ចាស់នឹង​បែក​ធ្លាយ។

[៤២៤] ស្រ្តីទាំងឡាយនេះ គឺនាងឃដ្តិកា នាងឧបរិក្ខី នាងបោក្ខរណី និងនាង​គាយិកា ជាអ្នក​ពោលពាក្យ​ជាទី​ស្រឡាញ់​ទៅរកគ្នា​នឹងគ្នា ម្តេច​ក៏មិនរាំ​ឲ្យចន្ទកុមារ និង​សុរិយកុមារ​សប្បាយ​រីករាយ (ព្រោះស្រ្តីដទៃ) ស្មើដោយ​ស្រ្តីទាំងនោះ មិនមានទេ។

[២២៥] សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែ​ចន្ទកុមារ​ដែលគេ​នាំទៅ​ដើម្បី​សម្លាប់ នែខណ្ឌហាល​ព្រាហ្មណ៍ ម្តាយអ្នក​ឯងចូរ​ទទួល​យកសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃអញ​នេះទៅ​ចុះ។ សេចក្តី​សោកក្នុង​ហឫទ័យ​នៃអញ​ណា ព្រោះ​តែសុរិយ​កុមារ​ដែលគេ​នាំទៅ​ដើម្បីសម្លាប់ នែខណ្ឌហាល​ព្រាហ្មណ៍ ម្តាយអ្នក​ឯងចូរ​ទទួល​យក​សេចក្តី​សោកក្នុង​ហ្ឫទ័យនៃអញ​នេះ​ទៅចុះ។ សេចក្តី​សោកក្នុង​ហឫទ័យ​នៃអញ​ណា ព្រោះតែ​ចន្ទកុមារ ដែលគេ​នាំទៅ​ដើម្បីសម្លាប់ នែខណ្ឌហាល​ព្រាហ្មណ៍ ប្រពន្ធ​អ្នកឯង ចូរទទួល​យកសេចក្តី​សោក​ក្នុងហឫទ័យ​នៃអញ​នេះទៅចុះ។ សេចក្តី​សោកក្នុង​ហឫទ័យ​នៃអញ​ណា ព្រោះតែ​សុរិយកុមារ ដែលគេ​នាំយកទៅដើម្បី​សម្លាប់ នែខណ្ឌហាល​ព្រាហ្មណ៍ ប្រពន្ធរបស់​អ្នក ចូរទទួល​យកសេចក្តី​សោក​ក្នុងហឫទ័យ​នៃអញនេះ​ទៅចុះ។ អ្នកឯង​សម្លាប់​ពួកកុមារ ដែល​អង់អាច​ដូចសីហៈ ជាអ្នក​មិនប្រទូស្ត នែខណ្ឌហាល​ព្រាហ្មណ៍ ម្តាយអ្នក​ឯង កុំបាន​ឃើញកូន​ទាំងឡាយ​ផង ប្តីផង​ឡើយ។ អ្នកឯង​សម្លាប់ពួក​កុមារ ដែលសត្វ​លោក​ទាំងអស់ អាឡោះអាល័យ នែខណ្ឌហាល​ព្រាហ្មណ៍ ម្តាយ​អ្នកឯង កុំបាន​ឃើញកូន​ទាំងឡាយ​ផង ប្តីផង​ឡើយ។ អ្នកឯង​សម្លាប់ពួក​កុមារ ដែលអង់​អាចដូចសីហៈ ជាអ្នក​មិនប្រទូស្ត នែ​ខណ្ឌហាល​ព្រាហ្មណ៍ ប្រពន្ធ​អ្នកឯង​កុំបាន​ឃើញកូន​ទាំងឡាយ​ផង ប្តីផង​ឡើយ។ អ្នកឯងសម្លាប់​ពួកកុមារ ដែលសត្វ​លោកទាំងអស់​អាឡោះ​អាល័យ នែខណ្ឌហាល​ព្រាហ្មណ៍ ប្រពន្ធ​អ្នកឯង កុំបាន​ឃើញកូន​ទាំងឡាយ​ផង ប្តីផង​ឡើយ។

[៤២៦] (ចន្ទកុមារ…) បពិត្រព្រះសម្មតិទេព ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ សូមទ្រង់ព្រះរាជទាន​ខ្ញុំព្រះអង្គ​ទាំងឡាយ​ឲ្យជាទាសៈ​នៃ​ខណ្ឌហាល​ព្រាហ្មណ៍​វិញ​ចុះ ខ្ញុំព្រះអង្គ​ទាំងឡាយ សូមឲ្យ​ជាអ្នកជាប់​ចំណង ហើយឃ្វាល​ដំរី និងសេះ។ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ សូម​ទ្រង់ព្រះរាជ​ទាន​ខ្ញុំព្រះអង្គ​ទាំងឡាយ ឲ្យជា​ទាសៈ​នៃខណ្ឌហាល​ព្រាហ្មណ៍​វិញចុះ ខ្ញុំព្រះអង្គ​ទាំង​ឡាយ សូមឲ្យ​ជាអ្នក​ជាប់ចំណង ហើយចោល​អាចម៍ដំរី។ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ សូម​ទ្រង់​ព្រះរាជទាន​ខ្ញុំព្រះអង្គ​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍វិញចុះ ខ្ញុំព្រះអង្គ​ទំាងឡាយ សូមឲ្យជា​អ្នកជាប់​ចំណង ហើយ​ចោលអាចម៍​សេះ។ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ឡើយ បើព្រះអង្គ​សព្វព្រះទ័យ​ចំពោះ​ខណ្ឌហាល​ព្រាហ្មណ៍ណា សូមទ្រង់​ព្រះរាជទាន​ខ្ញុំ​ព្រះអង្គ​​ទាំងឡាយ ឲ្យជា​ទាសៈនៃ​ខណ្ឌហាល​ព្រាហ្មណ៍​នោះចុះ ពុំនោះ​សោត សូមព្រះអង្គ​បំបរបង់​ឲ្យចេញ​ចាកដែន​ ខ្ញុំព្រះអង្គ​នឹងត្រាច់​ទៅកាន់​ភិក្ខាចារ។ បពិត្រ​ព្រះសម្មតិទេព នារី​ពួកខ្លះ សូម្បីជា​ស្រ្តីកំសត់ នៅតែ​ចង់បានកូន ហើយបន់​ស្រន់ទេព្តា ស៊ូ​លះបង់​ចំណង់​ប្លែក នៅតែ​មិនបានកូន​ទាំងឡាយ ក៏មាន។ នារីពួកខ្លះ ធ្វើពាក្យ​ប្រកប​ដោយ​សេចក្តី​ប៉ុនប៉ងថា កូន​ទំាងឡាយ​របស់យើង ចូរកើត​បន្ទាប់ពីនោះ ចៅទំាងឡាយ​ចូរកើត​ទៀត បពិត្រ​ព្រះសម្មតិទេព កាលបើ​ដូច្នេះ (ហេតុអ្វីក៏) ព្រះអង្គ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ ដើម្បី​បូជា​យ័ញ្ញ ដោយមិន​សមហេតុ។ ពួកស្រ្តី​តែងបានកូន​ដោយការ​បន់ស្រន់ បពិត្រ​ព្រះរាជបិតា ព្រះអង្គ​កុំសម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ ព្រះអង្គ​កុំបូជា​យ័ញ្ញនេះ ដោយបុត្រ​ទាំងឡាយ ដែលបាន​ដោយលំបាក​ឡើយ។ ពួកស្ត្រី​តែងបាន​កូនដោយ​ការ​បន់ស្រន់ បពិត្រ​ព្រះរាជបិតា ព្រះអង្គកុំ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ សូម​ព្រះអង្គ​កុំញ៉ាំង​ទូលព្រះបង្គំ​ទាំង​ឡាយ ឲ្យព្រាត់​ប្រាសចាក​មាតា និងបុត្រ​ទាំងឡាយ ដែលបាន​ដោយ​លំបាក។

[៤២៧] បពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ គឺចន្ទកុមារ​មក មានទុក្ខព្រួយ​ច្រើនណាស់ ព្រោះតែ​ការចិញ្ចឹម ខ្ញុំជាកូន​សូមក្រាប​ថ្វាយបង្គំ​ព្រះបាទា​នៃព្រះមាតា សូមឲ្យ​ព្រះរាជ​បិតា បានទៅ​បរលោក (ដែល​បរិបូណ៌​ដោយ​សម្បត្តិ) ចុះ។ បពិត្រ​ព្រះមាតា ណ្ហើយចុះ សូម​ព្រះមាតា​ឱបកៀកខ្ញុំ ហើយ​អនុញ្ញាត​ឲ្យថ្វាយបង្គំ​ព្រះបាទា​ព្រះមាតា ឥឡូវនេះ ខ្ញុំនឹង​ទៅកាន់ទី​ព្រាត់​ប្រាស​ដើម្បី​ប្រយោជន៍​ដល់យ័ញ្ញ​របស់ព្រះ​បាទ​ឯករាជ។ បពិត្រ​ព្រះមាតា ណ្ហើយចុះ សូមព្រះមាតា​ឱបកៀក​ខ្ញុំ ហើយ​អនុញ្ញាត​ឲ្យថ្វាយ​បង្គំ​ព្រះបាទា​ព្រះមាតា ឥឡូវនេះ ខ្ញុំនឹង​ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃព្រះមាតា ហើយ​ទៅកាន់​ទីព្រាត់ប្រាស។ បពិត្រ​ព្រះមាតា ណ្ហើយចុះ សូម​ព្រះមាតា​ឱបកៀកខ្ញុំ ហើយ​អនុញ្ញាត​ឲ្យថ្វាយបង្គំ​ព្រះបាទា​ព្រះមាតា ឥឡូវ​នេះ ខ្ញុំនឹងធ្វើ​សេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃជន ហើយទៅ​កាន់ទី​ព្រាត់ប្រាស។

[៤២៨] (ព្រះមាតា…) ម្នាលគោតមីបុត្រ ណ្ហើយចុះ បាឯងចូរបួងមោលី​ដោយ​ស្លឹកឈូក បាឯង​ចូរប្រដាប់​ផ្កាកម្រង ដែលលាយ​ដោយ​ត្របកផ្កា​ចម្បានេះ​ជាប្រក្រតី ពីដើម​របស់បា។ ហក បាឯងធ្លាប់​លាបស្រឡាប​ដោយខ្លឹម​ចន្ទន៍​ទាំងឡាយណា ហើយល្អ​រុងរឿង​ក្នុង​រាជបរិស័ទ (នេះ) ជាគ្រឿងលាប​របស់បា បាចូរលាប​ខ្លឹមចន្ទន៍ ជាទី​បំផុតចុះ។ ហក បាឯង​ស្លៀកដណ្តប់​សំពត់​ទាំងឡាយ​ណា មាន​សាច់ទន់ ៗ រមែង​ល្អរុងរឿង ក្នុង​រាជបរិស័ទ (នេះ) ជាសំពត់​មាន​សាច់ទន់ បាចូរ​ស្លៀកសំពត់​ដែលកើត​ក្នុងដែន​កាសី មានក្នុង​ទីបំផុត​ចុះ។ បាឯងល្អ​រុងរឿង​ដោយ​ហត្ថាភរណៈ​ណា ក្នុងរាជ​បរិស័ទ បាចូរ​ពាក់នូវ​ហត្ថាភរណៈ ដ៏ហើយ​ដោយ​កែវមុក្តា កែវមណី និងមាស (នោះចុះ)។

[៤២៩] (នាងចន្ទាទេវី…) ព្រះបាទឯករាជនេះ ជាអ្នករក្សាដែន ជាម្ចាស់​ផែនដី ជាអ្នក​ទទួល​មត៌ករបស់អ្នក​ជនបទ ជាឥស្សរៈ​លើលោក ទ្រង់ជាធំ តែមិនញ៉ាំង​សេចក្តីសេ្នហា​ឲ្យកើត​ក្នុងព្រះ​រាជបុត្រ​ដោយពិត។

[៤៣០] (ព្រះបាទឯករាជ…) បុត្រប្រុសទាំងឡាយ ជាទីស្រឡាញ់​របស់អញ ម្យ៉ាងទៀត នាងឯងក្តី ភរិយា​ទាំងឡាយ (ឯទៀត) ក្តី ក៏ជាទី​ស្រឡាញ់របស់​អញ ប៉ុន្តែ​អញចង់​បានឋានសួគ៌​ទេតើ បានជា​អញឲ្យ​គេសម្លាប់​ដោយ​ហេតុនោះ។

[៤៣១] (នាងចន្ទាទេវី…) បពិត្រព្រះសម្មតិទេព សូមព្រះអង្គ​សម្លាប់ខ្ញុំ​ម្ចាស់មុន កុំឲ្យ​សេចក្តី​ទុក្ខបំបែក​ហ្ឫទ័យ​ខ្ញុំម្ចាស់ឡើយ បពិត្រ​ព្រះសម្មតិទេព បុត្ររបស់​ព្រះអង្គ ជាអ្នក​មានគ្រឿង​អលង្ការ​ប្រដាប់​ហើយ ជាបុត្រល្អល្អះ ជា​សុខុមាលជាតិ។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​គេ ណ្ហើយចុះ​ សូមព្រះអង្គ​សម្លាប់ខ្ញុំ​ម្ចាស់ចុះ ខ្ញុំម្ចាស់​ជាស្រ្តីមាន​សេចក្តីសោក​ជាមួយ​គ្នានឹង​ចន្ទកុមារ សូមព្រះអង្គ​ធ្វើបុណ្យ​ឲ្យបរិបូណ៌​ចុះ យើងខ្ញុំ​ទាំងពីរនាក់ នឹង​​ត្រាច់ទៅ​ក្នុងបរលោក។

[៤៣២] (ព្រះបាទឯករាជ…) ម្នាលនាងចន្ទា​មានភ្នែកវិសេសវិសាល នាងកុំយំ​ឡើយ ជនទាំងឡាយ​ជាបង​ប្អូនខាងប្តី​របស់នាង​ជាច្រើន ជនទាំងនោះ នឹងញ៉ាំង​នាង​ឲ្យត្រេកអរ ព្រោះ​គោតមីបុត្រ ត្រូវគេ​បូជាយ័ញ្ញ​ហើយ។

[៤៣៣] (អភិសម្ពុទ្ធគាថា) កាលបើព្រះបាទឯករាជ ទ្រង់ត្រាស់​យ៉ាងនេះ​ហើយ នាង​ចន្ទាទេវី​ប្រហារខ្លួនឯង​ដោយបាត​ដៃទាំងឡាយ (ទ្រង់​ពិលាបថា) ការរស់នៅ​ក្នុងលោក​នេះ ល្មមប៉ុណ្ណឹង​ហើយ អញនឹង​ផឹកថ្នាំពិស​ឲ្យស្លាប់។ ព្រោះថា ជនទាំងឡាយ ជា​ញាតិមិត្រ ជាសំឡាញ់​របស់​ព្រះរាជា​នេះ មិនមាន​អ្នកណា​មួយ​ហ៊ានក្រាប​ទូលព្រះរាជា​ថា សូម​ព្រះអង្គកុំ​សម្លាប់​ព្រះរាជបុត្រ​ទាំងឡាយ ដែល​កើតអំពី​ព្រះឱរា​ដូច្នេះ​ឡើយ។ ជនទាំងឡាយ ជា​ញាតិមិត្រ ជាសំឡាញ់​របស់​ព្រះរាជា​នេះ មិនមាន​អ្នកណាមួយ​ហ៊ានក្រាប​ទូលព្រះរាជា​ថា សូមព្រះអង្គ​កុំសម្លាប់​ព្រះរាជបុត្រ ដែល​កើតអំពី​ព្រះអង្គ​ដូច្នេះ​ឡើយ។ បុត្ររបស់​ខ្ញុំម្ចាស់​ទាំងឡាយ​នេះ ពាក់កម្រង​ផ្កា ទ្រទ្រង់​គ្រឿង​ប្រដាប់​ជាវិការៈ​នៃមាស សូមព្រះរាជា​បូជាយ័ញ្ញ​ដោយរាជបុត្រ​ទាំងឡាយ​ចុះ ប៉ុនែ្ត​សូមព្រះអង្គ​លែង​គោតមីបុត្រ។ បពិត្រ​មហារាជ សូមព្រះអង្គ​កាប់​ខ្ញុំម្ចាស់ ១០០ កំណាត់ ហើយ​បូជាយ័ញ្ញ​គ្រប់ទាំង ៧ កន្លែងចុះ ព្រះអង្គ​កុំសម្លាប់​បុត្រច្បង​ដែលជា​អ្នកអង់អាច​ដូច​សីហៈ ជាអ្នក​មិនប្រទូស្ត។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ចិញ្រ្ចាំខ្ញុំម្ចាស់ ១០០ កំណាត់ ហើយ​បូជា​យ័ញ្ញ​គ្រប់ទាំង ៧ កន្លែងចុះ ព្រះអង្គកុំ​សម្លាប់​បុត្រច្បង​ដែល​សត្វលោក​ទាំងអស់​​អាឡោះ​អាល័យ​ឡើយ។​

[៤៣៤] (ចន្ទកុមារ…) គ្រឿងអាភរណៈច្រើនយ៉ាង គឺកែវមុក្តា កែវមណី កែវពៃទូរ្យ​ដែល​ប្រសើរ និងមិន​ប្រសើរ​ យើងឲ្យ​ហើយ​ដល់នាង ក្នុងរឿងដែល​នាង​និយាយល្អ​ហើយ នេះជា​អំណោយ ទីបំផុត ចូរមាន​ដល់នាងចុះ។

[៤៣៥] (នាងចន្ទាទេវី…) កាលពីដើម ព្រះរាជបុត្រទំាងឡាយ​ណា ដែលមាន​កម្រង​ផ្ការីកសំពោង ពាក់ហើយ​លើ ក ទាំងឡាយ ថ្ងៃនេះ​ព្រះរាជបុត្រ​ទាំង​នោះ ត្រឡប់​ទៅជា​មានដាវ ដែលគេ​សំលៀងមុត នឹងធ្លាក់​លើ ក ទាំង​ឡាយ​វិញ។ ពីដើម ព្រះរាជ​បុត្រ​ទាំងឡាយ​ណា ដែលមាន​កម្រងផ្កា​ដ៏វិចិត្រ​ហើយ ពាក់លើ ក ទាំងឡាយ ថ្ងៃនេះ ព្រះរាជបុត្រ​ទាំងនោះ ត្រឡប់​ទៅជា​មានដាវ ដែលគេ​សំលៀងមុត នឹងធ្លាក់​លើ ក ទាំងឡាយ​វិញ។ មិនយូរ​ប៉ុន្មានទេ មុខតែដាវ​នឹងធ្លាក់លើ ក នៃរាជបុត្រ​ទាំងឡាយ​ពុំខាន ហ្ឫទ័យ​របស់ខ្ញុំ​ម្ចាស់ ខានបែក​ធ្លាយឯណា​បាន ព្រោះចំណង​យ៉ាងមាំ មានដល់​ខ្ញុំម្ចាស់​ហើយ។ ម្នាលចន្ទកុមារ និង​សុរិយកុមារ អ្នកទាំងឡាយ ជាអ្នក​ទ្រទ្រង់​សំពត់​សាច់ល្អ ដែល​កើតក្នុង​ដែនកាសី ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាប​ដោយ​កំញាន និង​ខ្លឹមចន្ទន៍ ចូរចេញ​ទៅ ដើម្បី​យ័ញ្ញនៃ​ព្រះបាទ​ឯករាជ​ចុះ។ ម្នាលចន្ទកុមារ និង​សុរិយកុមារ អ្នក​ទាំងឡាយ ជាអ្នក​ទ្រទ្រង់​សំពត់​មានសាច់​ល្អ ដែលកើត​ក្នុងដែន​កាសី ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃមាតា ចូរចេញ​ទៅចុះ។ ម្នាលចន្ទកុមារ និង​សុរិយកុមារ អ្នក​ទាំងឡាយ ជាអ្នក​ទ្រទ្រង់​សំពត់​មានសាច់​ល្អ ដែលកើត​ក្នុងដែន​កាសី ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោក​ក្នុងហ្ឫទ័យ​នៃជន ចូរចេញ​ទៅចុះ។ ម្នាលចន្ទកុមារ និង​សុរិយកុមារ អ្នក​ទាំងឡាយ ជាអ្នក​បរិភោគ​ភោជន​ដែលលាយ​ដោយសាច់​មានរស ជាអ្នកដែលពួក​អ្នក​ផ្ងូតៗល្អ​ហើយ ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និងខ្លឹម​ចន្ទន៍ ចូរចេញ​ទៅដើម្បី​យ័ញ្ញរបស់​ព្រះបាទ​ឯករាជចុះ។ ម្នាល​ចន្ទកុមារ និង​សុរិយកុមារ អ្នកទាំងឡាយ ជាអ្នក​បរិភោគ​ភោជន​ដែលលាយដោយ​សាច់មានរស ជាអ្នក​ដែលពួកអ្នកផ្ងូត ៗ ល្អ​ហើយ ទ្រទ្រង់​កុណ្ឌល លាប​ស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃមាតា ចូរសេ្តច​ចេញ​ទៅចុះ។ ម្នាលចន្ទកុមារ និងសុរិយកុមារ អ្នកទាំង​ឡាយ ជាអ្នក​បរិភោគ​ភោជន​ដែលលាយ​ដោយសាច់​មានរស ជាអ្នកដែល​ពួកអ្នកផ្ងូត ៗ ល្អ​ហើយ ទ្រទ្រង់​កុណ្ឌល លាបស្រឡាប​ដោយកំញាន និង​ខ្លឹមចន្ទន៍ ធ្វើសេចក្តី​សោកក្នុង​ហ្ឫទ័យ​នៃជន ចូរចេញ​ទៅចុះ។

[៤៣៦] (អភិសម្ពុទ្ធគាថា) កាលបើគ្រឿងប្រដាប់បូជាយ័ញ្ញ​គ្រប់យ៉ាង ដែលគេ​ចាត់ចែង​ហើយ កាលបើ​ចន្ទកុមារ និង​សុរិយកុមារ​អង្គុយ​ដើម្បី​ប្រយោជន៍​ដល់​យ័ញ្ញ ហើយនាង​បញ្ចាលរាជធីតា លើកកំបង់​អញ្ជលី ដើរចូល​ទៅត្រង់​ចនោ្លះ​ពួកបរិស័ទ​ទាំង​ពួង (ប្រកាសថា) ខណ្ឌហាល​ព្រាហ្មណ៍ ជាមនុស្ស​យល់ខុស ធ្វើបាបកម្ម ដោយ​ពាក្យ​សច្ចៈ​ណា ខ្ញុំម្ចាស់​ព្រមព្រៀង​ជាមួយ​នឹង​ព្រះស្វាមី តាមពាក្យ​សច្ចៈនុ៎ះ។ ពួក​អមនុស្ស ពួកទេវតា និង​ពួកសត្វ​កើតហើយ និងសត្វ​ដែលត្រូវ​កើត មានក្នុង​ទីនេះ ចូរធ្វើ​នូវសេចក្តី​ខ្វល់ខ្វាយ​ចំពោះខ្ញុំ ខ្ញុំសូម​ព្រមព្រៀង (ជាមួយ) នឹង​ព្រះស្វាមី​ហើយ។ ពួកទេវតា ពួកសត្វ​កើតហើយ និង​សត្វដែល​ត្រូវកើត​ទាំងអស់ ដែលមក​ក្នុងទីនេះ សូមអ្នក​ទាំងឡាយ រក្សាខ្ញុំ​ជា​មនុស្ស​អនាថា ដែលស្វែង​រកទីពឹង ខ្ញុំសូម​អង្វរ​ព្រះស្វាមី ដែល​ពួកបច្ចាមិត្រ​ផ្ចាញ់​មិនបាន ចំពោះ​លោក​ទាំងឡាយ។

[៤៣៧] អមនុស្ស (សក្កទេវរាជ) ឮពាក្យនោះហើយ ក៏គ្រវីដម្បងដែក បំភ័យ​ព្រះ​រាជានោះ ហើយ​និយាយ​នឹងព្រះរាជា​ដូច្នេះថា ម្នាលសេ្តច​កាឡកណ្ណី ព្រះអង្គ​ចូរដឹងចុះ កុំឲ្យ​ខ្ញុំសំពង​ក្បាលព្រះអង្គ​ឡើយ ព្រះអង្គ​កុំសម្លាប់​បុត្រច្បង ជាអ្នក​អង់អាច​ដូចសីហៈ ជាអ្នក​មិន​ប្រទូស្ត។ ម្នាលសេ្តច​កាឡកណ្ណី ព្រះអង្គ​ធា្លប់ឃើញ​អ្នកណា ដែលសម្លាប់​បុត្រភរិយា និងសេដ្ឋី គហបតី ជាអ្នក​មិនប្រទូស្ត ព្រោះប្រាថ្នា​ឋានសួគ៌។

[៤៣៨] ខណ្ឌហាលព្រាហ្មណ៍ បានឮពាក្យ​នោះ ទាំងព្រះរាជា​ក៏ឃើញ​សក្កទេវរាជ​ដែល​ព្រះអង្គ​មិនធ្លាប់​ឃើញនេះ ទើបឲ្យ​ស្រាយចំណង​ពីជន​ទាំងពួង ឲ្យ​ដូចជា​មិនមាន​សេចក្តី​បៀតបៀន។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាល​នោះ ពួកជន​ដែលមក​ប្រជុំក្នុង​កន្លែងនោះ ក៏នាំ​គ្នាគប់​មួយដុំដី ៗ ម្នាក់ នេះជា​ការសម្លាប់​ខណ្ឌហាល​ព្រាហ្មណ៍។

[៤៣៩] ពួកជនទាំងពួង ធ្វើបាបកម្មហើយ ទៅកាន់នរក​យ៉ាងណា ពួកជនមិន​ធ្វើ​បាបកម្ម ហើយ​ទៅអំពី​លោកនេះ​ទៅ គប្បីបាន​នូវសុគតិ យ៉ាងនោះ​ឯង។

[៤៤០] កាលបើពួកជនទាំងអស់ រួចពីចំណង​ហើយ ក្នុងកាល​នោះ ពួករាជបុរស​មកចួបជុំ​គ្នាក្នុងទីនោះ ក៏ប្រជុំ​គ្នា​អភិសេក​ចន្ទកុមារ។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាល​នោះ ពួករាជកញ្ញា​ដែលមកចួប​ជុំគ្នា ក្នុងទីនោះ ក៏ប្រជុំគ្នា អភិសេក​ចន្ទកុមារ។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួកទេវបុរស​ដែលមក​ចួបជុំគ្នាក្នុង​ទីនោះ ក៏ប្រជុំគ្នា​អភិសេក​ចន្ទកុមារ។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួកទេវកញ្ញា​ដែលមក​ចួបជុំគ្នា ក្នុងទីនោះ ក៏ប្រជុំ​គ្នាអភិសេក​នូវចន្ទកុមារ។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួក​រាជបរិស័ទ​ដែលមក​ចួបជុំគ្នា​ក្នុងទីនោះ ក៏ប្រជុំ​គ្នាលើកទង់​សំពត់។ កាល​បើពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួករាជកញ្ញា​ដែលមកចួប​ជុំគ្នា​ក្នុងទីនោះ ក៏ប្រជុំ​គ្នាលើក​ទង់សំពត់។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួកទេវបុរស​ដែលមក​ចួបជុំគ្នា​ក្នុងទីនោះ ក៏ប្រជុំគ្នា​លើកទង់​សំពត់។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណង​ហើយ ក្នុងកាលនោះ ពួកទេវកញ្ញា​ដែលមកចួបជុំ​គ្នា​ក្នុងទីនោះ ក៏ប្រជុំគ្នា​លើកទង់សំពត់។ កាលបើ​ពួកជន​ទាំងអស់ រួចពី​ចំណងហើយ ពួកជន​ជាច្រើន​ត្រេកអរ​រីករាយ ប៉ាវគង​ ទូង​អានន្ទភេរី ក្នុងកាល​ដែល​ចន្ទកុមារ​ចូលទៅ​ក្នុងនគរ ពួកជន​បានប្រកាស​ការរួច​ចាកចំណង (របស់​ពួកសត្វ )។

ចប់ ចន្ទកុមារជាតក ទី៧។

ចប់ ភាគ៦២ ។

 

(២២. មហានិបាតោ)

មហានារទកស្សបជាតក ទី៨

(៥៤៥. មហានារទកស្សបជាតកំ (៨))

[១] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់ពួកជនអ្នកនៅក្នុងដែនវិទេហៈជាក្សត្រ ទ្រង់ព្រះនាមអង្គតិ មានយានច្រើន មានទ្រព្យច្រើន មានពួកពលមិនមានទីបំផុត។ នៅពេលបឋមយាមដែលមិនទាន់កន្លងនៃរាត្រីជាគំរប់ ១៥ ជាទីបំផុតនៃខែភ្លៀង ៤ ខែ ជាទីរីកនៃផ្កាកុមុទ ព្រះអង្គទ្រង់ប្រជុំអាមាត្យទាំងឡាយជាបណ្ឌិត បរិបូណ៌ដោយការស្តាប់ ជាអ្នកញញឹមមុននិយាយ ជាអ្នកមានប្រាជ្ញា ឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ និងសេនាបតីឈ្មោះអលាតៈ ១។ ព្រះបាទវិទេហៈ ទ្រង់សួរអាមាត្យនោះជាលំដាប់ថា អ្នកទាំងឡាយចូរពោលតាមសេចក្តីពេញចិត្តផេ្សងៗគ្នា ថៃ្ងនេះជារាត្រីជាទីបំផុតនៃខែភ្លៀង ៤ ខែ ជាទីរីកនៃផ្កាកុមុទ មណ្ឌលព្រះចន្ទដ៏ស កំចាត់បង់ងងឹត ថ្ងៃនេះយើងទាំងឡាយ នឹងនៅដោយសេចក្តីត្រេកអរដូចមេ្តច ក្នុងរាត្រីរដូវនេះ។

[២] លំដាប់នោះ សេនាបតីរបស់ព្រះរាជាឈ្មោះអលាតៈ បានក្រាបទូលដូច្នេះថា យើងខ្ញុំនឹងចាត់ចែងយាន ពល និងសេនាទាំងអស់ដែលមានចិត្តរីករាយហើយ។ បពិត្រព្រះសម្មតិទេព យើងខ្ញុំមានពួកពលមិនមានទីបំផុត នឹងចេញទៅដើម្បីច្បាំង ពួកព្រះរាជាណាមិនមកចុះអំណាច យើងនឹងនាំចូលមកចុះអំណាចព្រះអង្គ នេះជាសេចក្តីយល់ផ្ទាល់ខ្លួនរបស់ទូលព្រះបង្គំជាខ្ញុំ ពួកទូលព្រះបង្គំជាខ្ញុំ នឹងផ្ចាញ់សត្រូវ ដែលមិនទាន់ផ្ចាញ់។ (បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងចម្បាំង នេះជាសេចក្តីចូលចិត្តរបស់ទូលព្រះបង្គំជាខ្ញុំ)។

[៣] អាមាត្យឈ្មោះសុនាមៈ បានស្តាប់ពាក្យអលាតសេនាបតីហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ ពួកសត្រូវទាំងអស់ មកចុះអំណាចព្រះអង្គស្រាប់ហើយតើ។ ពួកសត្រូវមានគ្រឿងសស្រ្តាដាក់ចុះហើយ តែងប្រព្រឹត្តបន្ទន់បន្ទាប មហោស្រពដ៏ឧត្តមនឹងមានក្នុងថ្ងៃនេះ ការច្បាំង ទូលព្រះបង្គំជាខ្ញុំមិនពេញចិត្តទេ។ ជនទាំងឡាយ ចូរនាំយកបាយ ទឹក និងបង្អែមយ៉ាងឆាប់ មកថ្វាយព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងការរាំច្រៀង និងគ្រឿងប្រគុំដោយកាមទាំងឡាយចុះ។

[៤] វិជយាមាត្យ បានស្តាប់ពាក្យសុនាមអាមាត្យហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ កាមទាំងអស់ ប្រាកដដល់ព្រះអង្គជានិច្ចហើយតើ។ បពិត្រព្រះសម្មតិទេព កាមទាំងនេះ ព្រះអង្គមិនមែនបានដោយក្រទេ កាលបើព្រះអង្គ (ប្រាថ្នា) រីករាយដោយកាមទាំងឡាយ កាមទាំងឡាយ ព្រះអង្គបានសព្វៗកាល នេះមិនមែនជាសេចក្តីពេញចិត្តរបស់ទូលព្រះបង្គំជាខ្ញុំទេ។ សមណព្រាហ្មណ៍ណា អ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយក្នុងថ្ងៃនេះបាន យើងទាំងឡាយ នឹងចូលទៅរកសមណព្រាហ្មណ៍ ជាពហុស្សូតនោះ។

[៥] ព្រះរាជា ទ្រង់ព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនៃវិជយាមាត្យហើយ ទ្រង់ត្រាស់ថា ការណ៍នេះ ពេញចិត្តដល់យើងដូចវិជយាមាត្យពោល។ សមណព្រាហ្មណ៍ណា ជាអ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយបានក្នុងថ្ងៃនេះ យើងទាំងឡាយនឹងចូលទៅរកសមណព្រាហ្មណ៍ ជាពហុស្សូតនោះ។ អ្នកទាំងអស់គ្នា ចូរធ្វើសេចក្តីយល់ចុះ យើងគួរចូលទៅរកបណ្ឌិតណាដែលជាអ្នកដឹងអត្ថ និងធម៌ ជាអ្នកស្វែងរកគុណ បន្ទោបង់សេចក្តីសង្ស័យនៃពួកយើងបានក្នុងថ្ងៃនេះ។

[៦] អលាតសេនាបតី បានស្តាប់ព្រះបន្ទូលនៃព្រះបាទវិទេហៈហើយ ក៏ក្រាបទូលដូច្នេះថា មានអចេលកៈ ១ អង្គនេះ ដែលគេសន្មតថា ជាអ្នកប្រាជ្ញ គង់ក្នុងមិគទាយវ័ន។ អចេលកៈនេះ ឈ្មោះគុណៈ ជាកស្សបគោត្រ ជាអ្នកចេះដឹង ជាអ្នកពោលពាក្យដ៏វិចិត្រ ជាគណាចារ្យ បពិត្រព្រះសម្មតិទេព យើងគួរចូលទៅរកអចេលកៈនោះ លោកនឹងបន្ទោបង់សេចក្តីសង្ស័យនៃពួកយើងបាន។

[៧] ព្រះរាជា ទ្រង់ព្រះសណ្តាប់ពាក្យនៃអលាតសេនាបតីហើយ ទ្រង់បង្គាប់នាយសារថីថា យើងនឹងទៅកាន់មិគទាយវ័ន អ្នកចូរនាំយកនូវយានដែលទឹមហើយ មកក្នុងទីនេះ។

[៨] ពួកនាយសារថី បានទឹមថ្វាយព្រះរាជានោះ នូវយានជាវិការៈនៃភ្លុក មានទ្រពងជាវិការៈនៃប្រាក់ មានប្រដាប់ជាបរិវារដ៏សរលង់ ហាក់ដូចមុខនៃរាត្រី ដែលប្រាសចាកទោស ឬដូចព្រះចន្រ្ទ (ពេញវង់) ក្នុងរថនោះ នាយសារថីបានទឹមសេះសិន្ធព ៤ មានសម្បុរដូចផ្កាកុមុទ មានសន្ទុះលឿនប្រហែលនឹងសន្ទុះខ្យល់ ដែលបង្ហាត់ល្អហើយ ប្រដាប់ដោយកម្រងផ្កា ជាវិការៈនៃមាស។ មានព្រះក្លស់ស រថស សេះស ស៊ែស ព្រះបាទវិទេហៈយាងទៅ (ដោយរថនោះ) ជាមួយនឹងពួកអាមាត្យ ក៏ល្អដូចជាព្រះចន្រ្ទ។ ពលដ៏ច្រើន ជាអ្នកទ្រទ្រង់លំពែង និងដាវ ទាំងពួកជនអ្នកក្លាហាន ក៏ជិះលើខ្នងសេះ ហើយតាមដង្ហែព្រះរាជានោះ ដែលជាធំដ៏ប្រសើរជាងនរៈ។ ព្រះបាទវិទេហៈជាក្សត្រនោះ ក៏យាងទៅកាន់ឧទ្យានដោយមួយរំពេច ទ្រង់ចុះពីយាន យាងផ្ទាល់ព្រះបាទជាមួយនឹងអាមាត្យ ក៏យាងទៅរកអាជីវក ឈ្មោះគុណៈ។ គ្រានោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយណា ដែលមកប្រជុំគ្នាក្នុងឧទ្យាននោះ ព្រះរាជាក៏មិនបណ្តេញព្រាហ្មណ៍ និងគហបតីទាំងនោះ ដែលមកកាន់ទីដែលមិនបានធ្វើឱកាស។

[៩] លំដាប់នោះ ព្រះរាជានោះ ចូលទៅក្នុងទីដ៏សមគួរ (ប្រថាប់) លើពូកមានសម្ផ័ស្សទន់ លើកម្រាលដ៏វិចិត្រ មានសម្ផ័ស្សទន់ លើទីដែលគេក្រាលដោយកម្រាលដ៏ទន់។ ព្រះរាជាលុះគង់ហើយ ក៏រីករាយ (ជាមួយ) អចេលកៈ លំដាប់នោះ ទ្រង់ត្រាស់នូវពាក្យគួររលឹកថា បពិត្រលោកដ៏ចំរើន សរីរៈរបស់លោក អាចប្រព្រឹត្តទៅបានទេឬ ធាតុខ្យល់មិនប្រព្រឹត្តទៅ (ស្រួលក្នុងសរីរៈ) ទេឬ។ ការប្រព្រឹត្តិ (ចិញ្ចឹមជីវិត) របស់លោក មិនលំបាកទេឬ លោកបានដុំបាយខ្លះដែរឬ លោកមិនមានអាពាធទេឬ ចក្ខុរបស់លោកមិនសាបសូន្យទេឬ។

[១០] អចេលកៈឈ្មោះគុណៈ បានរីករាយតបនឹងព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យដោយពាក្យថា បពិត្រមហារាជ អាត្មាភាពល្មមញុំាងសរីរៈឲ្យប្រព្រឹត្តទៅបាន ខាងដើមដំណើរទាំងអស់នុ៎ះ ដំណើរទាំងពីរដែលព្រះអង្គត្រាស់សួរហើយនោះ (ក៏ស្រួលដែរ)។ បពិត្រព្រះបាទវិទេហៈ បច្ចន្តគ្រាមទាំងឡាយរបស់ព្រះអង្គ មិនបះបោរទេឬ យានរបស់ព្រះអង្គ មិនខូចខាតទេឬ វាហនៈនៅប្រព្រឹត្តទៅបានទេឬ ព្យាធិទាំងឡាយដែលដុតកំដៅសរីរៈរបស់ព្រះអង្គមិនមានទេឬ។

[១១] លំដាប់នោះ ព្រះរាជាព្រះអង្គប្រសើរក្នុងរថ ទ្រង់បា្រថ្នាធម៌ ក៏រីករាយតប ទើបសួរអត្ថផង ធម៌ផង ហេតុដែលគួរដឹងផងថា បពិត្រកស្សបគោត្រ សត្វគប្បីប្រព្រឹត្តធម៌ក្នុងមាតាបិតា តើដូចម្តេច គប្បីប្រព្រឹត្តក្នុងអាចារ្យ តើដូចម្តេច គប្បីប្រព្រឹត្តក្នុងកូន និងប្រពន្ធ តើដូចម្តេច។ គប្បីប្រព្រឹត្តក្នុងពួកមនុស្សចាស់ តើដូចម្តេច ក្នុងសមណព្រាហ្មណ៍ តើដូចម្តេច ក្នុងពួកពល តើដូចម្តេច គប្បីប្រព្រឹត្តក្នុងជនបទ តើដូចម្តេច។ សត្វទាំងឡាយប្រព្រឹត្តធម៌ដូចម្តេច លះលោកនេះហើយ ទៅកាន់សុគតិ សត្វពួកខ្លះឋិតនៅក្នុងអធម៌ មានក្បាលសំយុងចុះ ធ្លាក់ទៅកាន់នរក តើដូចម្តេច។

[១២] អចេលកៈជាកស្សបគោត្រ បានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក៏ទូលដូច្នេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវបទដែលពិត មិនឃ្លៀងឃ្លាតរបស់អាត្មាភាពចុះ។ ផលល្អ និងអាក្រក់របស់បុគ្គលអ្នកប្រព្រឹត្តធម៌ មិនមានទេ បពិត្រព្រះសម្មតិទេព បរលោកក៏មិនមានដែរ ព្រោះថា ក្នុងលោកនេះ មាននរណាមកពីបរលោក។ បពិត្រព្រះសម្មតិទេព មួយទៀត មាតាបិតា មិនមានទេ មាតា នឹងមានពីណា បិតា នឹងមានពីណា បុគ្គលដែលឈ្មោះថាអាចារ្យ មិនមានទេ បុគ្គលណា នឹងទូន្មានបុគ្គលដែលទូន្មានមិនបាន។ សត្វទាំងឡាយ មានតុល្យភាពស្មើៗគ្នា សត្វទាំងឡាយជាអ្នកគោរពចំពោះបុគ្គលចាស់ មិនមានទេ កំឡាំងក្តី ព្យាយាមក្តី ក៏មិនមានដែរ បុរសអ្នកព្យាយាម នឹងមានពីណា។ ព្រោះថា សត្វទាំងឡាយទៀង ដូចទូកតូចចងភ្ជាប់នឹងទូកធំ សត្វរមែងបានរបស់ដែលត្រូវបាន ផលទានក្នុងបរលោកនោះ នឹងមានពីណា។ បពិត្រព្រះសម្មតិទេព ផលទានមិនមានទេ បពិត្រព្រះសម្មតិទេព សេចក្តីព្យាយាមមិនមានអំណាចទេ ទាន គឺពួកជនពាលទេតើបញ្ញត្តមក ពួកបណ្ឌិតចាំតែទទួលយកនូវទាននោះ ពួកជនពាលជាអ្នកមិនមានអំណាច សំគាល់ខ្លួនថាជាបណ្ឌិត រមែងឲ្យទានដល់បណ្ឌិតទាំងឡាយ។

[១៣] ភ្លើង ដី ទឹក ខ្យល់ សុខ ទុក្ខ និងជីវិតទាំង ៧ នេះ ឈ្មោះថា ពួកទៀង ជាសភាវៈឲ្យដាច់មិនបាន ឲ្យកំរើកមិនបាន។ ពួកទៀងទាំង ៧ នេះ គប្បីរស់នៅជាដរាប ដែលបុគ្គលកាត់ហើយ មិនឈ្មោះថាកាត់ បុគ្គលអ្នកសម្លាប់ក្តី បុគ្គលអ្នកកាត់ក្តីមិនមាន អ្នកណាឈ្មោះថាសម្លាប់អ្នកណាបាន។ គ្រឿងសស្រ្តាទាំងឡាយ គ្រាន់តែចូលទៅក្នុងចន្លោះនៃពួក (ទៀង) ប៉ុណ្ណោះ បុគ្គលណាយកដាវដែលសំលៀងហើយ កាត់ក្បាលជនដទៃ បុគ្គលនោះមិនឈ្មោះថាកាត់ពួក (ទៀង) ទាំងនោះទេ ផលនៃបាបក្នុងការកាត់នោះនឹងមានពីណា។ សត្វទាំងអស់ កាលអន្ទោលអស់មហាកប្ប ៨៤ ទើបបរិសុទ្ធឯង កាលបើមិនទាន់ដល់កាលនោះ បុគ្គលសូម្បីសង្រួម ក៏មិនបរិសុទ្ធ។ កាលបើមិនទាន់ដល់កំណត់នោះ ពួកសត្វសូម្បីប្រព្រឹត្តល្អច្រើន ក៏មិនបរិសុទ្ធ ទុកជាធ្វើបាបច្រើន ក៏មិនកន្លងហួសនូវខណៈនោះដែរ។ សេចក្តីបរិសុទ្ធនៃយើងទាំងឡាយ តាមលំដាប់នៃកប្ប ៨៤ យើងទាំងឡាយមិនកន្លងហួស (កម្រិត) ដ៏ទៀងនោះទេ ដូចសាគរមិនកន្លងហួសច្រាំង។

[១៤] អលាតសេនាបតី លុះស្តាប់ពាក្យអចេលកៈ ជាកស្សបគោត្រហើយ ក៏ពោលដូច្នេះថា លោកដ៏ចំរើនពោលយ៉ាងណា ពាក្យនោះពេញចិត្តខ្ញុំដែរ។ខ្ញុំរលឹកជាតិរបស់ខ្លួនក្នុងកាលមុន ដែលអន្ទោលទៅហើយថា ក្នុងកាលមុន ខ្ញុំកើតជាមនុស្ស ប្រព្រឹត្តអាក្រក់ ឈ្មោះបិង្គលៈ ជាអ្នកសម្លាប់គោ។ ខ្ញុំបានធ្វើបាបដ៏ច្រើន ក្នុងក្រុងពារាណសី ជាក្រុងសម្បូរ ខ្ញុំបានសម្លាប់សត្វដ៏ច្រើន គឺក្របី ជ្រូក ពពែ។ លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានមកកើតក្នុងត្រកូលសេនាបតីដ៏ស្តុកស្តម្ភក្នុងទីនេះ ផលបាបរបស់ខ្ញុំមិនមានពិត បានជាខ្ញុំមិនទៅនរក។

[១៥] គ្រានោះ ក្នុងក្រុងមិថិលា មានបុគ្គលកំសត់ម្នាក់ ជាទាសៈឈ្មោះវីជកៈ រក្សាឧបោសថហើយ ចូលទៅកាន់សំណាក់នៃអចេលកៈឈ្មោះគុណៈ។ វីជកៈ លុះស្តាប់ពាក្យរបស់គុណៈ ជាកស្សបគោត្រ និងពាក្យដែលអលាតសេនាបតីពោលហើយ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយៗ យំបង្ហូរទឹកភ្នែក។

[១៦] ព្រះបាទវិទេហៈ ទ្រង់ត្រាស់សួរវីជកៈនោះថា ម្នាលសំឡាញ់ អ្នកយំ តើដើម្បីអ្វី អ្នកបានឮ ឬបានឃើញអ្វី អ្នកដល់នូវទុក្ខវេទនាដូចម្តេច ចូរបា្រប់ឲ្យយើងដឹងផង។

[១៧] វីជកៈបានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក្រាបបង្គំទូលថា បពិត្រមហារាជ ទុក្ខវេទនារបស់ទូលព្រះបង្គំជាខ្ញុំមិនមានទេ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ចុះ។ ទូលព្រះបង្គំជាខ្ញុំរលឹកឃើញនូវសេចក្តីសុខរបស់ទូលព្រះបង្គំជាខ្ញុំ ក្នុងជាតិមុន កាលដែលបានកើតជាភាវសេដ្ឋី ជាអ្នកត្រេកអរក្នុងគុណធម៌ក្នុងបូរីឈ្មោះសាកេត។ ទូលព្រះបង្គំជាខ្ញុំត្រូវពួកព្រាហ្មណ៍ និងគហបតីសរសើរហើយថា ជាអ្នកត្រេកអរក្នុងការចែករំលែកទាន ជាអ្នកមានការងារដ៏ស្អាត តែទូលព្រះបង្គំជាខ្ញុំមិនហ៊ាននឹកនានូវអំពើអាក្រក់របស់ខ្លួនដែលធ្វើហើយទេ។ បពិត្រព្រះបាទវិទេហៈ ទូលព្រះបង្គំជាខ្ញុំលុះច្យុតចាកអត្តភាពនោះ ក៏មកកើតក្នុងគភ៌នៃកុម្ភទាសី ជាស្រីទុគ៌តក្នុងក្រុងមិថិលានេះ តាំងពីកើតមក ទូលព្រះបង្គំជាខ្ញុំទុគ៌តក្រៃពេក។ សូម្បីទូលព្រះបង្គំជាខ្ញុំទុគ៌តយ៉ាងនេះ ក៏តាំងនៅក្នុងការប្រព្រឹត្តិស្មើ តែងឲ្យភត្តពាក់កណ្តាល ដល់បុគ្គលអ្នកត្រូវការ។ តែងរក្សា (ឧបោសថ) អស់ថ្ងៃទី ១៤ និងថ្ងៃទី ១៥ សព្វៗ កាល ទាំងមិនបៀតបៀនសត្វផង បានវៀរបង់ការលួចលាក់ផង។ អំពើដែលសន្សំល្អហើយទាំងអស់នេះ ជារបស់ឥតផល ដោយពិត ទូលព្រះបង្គំជាខ្ញុំសំគាល់ថា សីលនេះមិនមានប្រយោជន៍ទេ ដូចជាអលាតសេនាបតីពោលដែរ។ ដែលទូលព្រះបង្គំជាខ្ញុំទទួលទុក្ខទោសដោយជាក់ស្តែងនេះ ដូចជាអ្នកលេងដែលមិនមានសិល្បៈ ឬដូចជាអលាតសេនាបតី ជាអ្នកលេងស្កាបានរៀនហើយ ក៏បានទទួលការឈ្នះ។ ទូលព្រះបង្គំមិនឃើញទ្វារ សម្រាប់ទៅសុគតិសោះ បពិត្រព្រះរាជា ព្រោះហេតុនោះ បានជាទូលព្រះបង្គំជាខ្ញុំយំទួញ ព្រោះបានស្តាប់ភាសិតនៃអចេលកៈ ជាកស្សបគោត្រ។

[១៨] ព្រះរាជាព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យវីជកៈហើយ ទ្រង់ត្រាស់ថា ម្នាលវីជកៈ ទ្វារនៃសុគតិមិនមានទេ អ្នកចូរសង្ឃឹមការដ៏ទៀងចុះ។ បានឮថា សុខ ឬទុក្ខជារបស់ទៀង ដែលពួកសត្វរមែងតែបានសេចក្តីបរិសុទ្ធិ ព្រោះសង្សាររបស់សត្វទាំងអស់ (រមែងមាន) អ្នកកុំប្រញាប់ចង់ឃើញក្នុងកាលដែលមិនទាន់ដល់ (កំណត់នោះ) ឡើយ។ ក្នុងកាលមុន យើងជាបុគ្គលល្អ បានខ្វល់ខ្វាយ (បម្រើ) នូវពួកព្រាហ្មណ៍ និងគហបតី កាលប្រៀនប្រដៅនូវវោហារ (រាជកិច្ច) ក៏សាបសូន្យចាកសេចក្តីត្រេកអរ (ក្នុងកាមគុណ) ជាលំដាប់។

[១៩] ព្រះរាជា ទ្រង់ត្រាស់នឹងអចេលកៈ ជាកស្សបគោត្រថា បពិត្រលោកដ៏ចំរើន ប្រសិនបើមានការប្រជុំ យើងនឹងជួបគ្នាម្តងទៀត។ ព្រះបាទវិទេហៈ ទ្រង់ត្រាស់ព្រះតម្រាស់នេះហើយ ទ្រង់ត្រឡប់ទៅកាន់ព្រះនិវេសន៍របស់ព្រះអង្គវិញ។

[២០] លំដាប់នោះ លុះរាត្រីអស់ហើយ ព្រះបាទអង្គតិ ទ្រង់ប្រជុំពួកអាមាត្យក្នុងទីជាទីបម្រើ ហើយត្រាស់ព្រះតម្រាស់ដូច្នេះថា អាមាត្យទាំងឡាយ ចូរចាត់ចែងកម្មទាំងឡាយក្នុងវិមានចន្ទក៍របស់យើងសព្វៗកាល នាកាលសេចក្តីកំបាំង និងសេចក្តីជាក់ស្តែងកើតឡើងហើយ អាមាត្យឯណានីមួយ កុំមករកយើងឡើយ។ អាមាត្យឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ អលាតសេនាបតី ១ ទាំង ៣ នេះ ជាអ្នកឈ្លាសវៃក្នុងវោហារ (រាជកិច្ច) ចូរអង្គុយក្នុងទីជាទីវិនិច្ឆ័យសេចក្តីនេះចុះ។ ព្រះបាទវិទេហៈ លុះទ្រង់ត្រាស់ព្រះតម្រាស់នេះហើយ ក៏សំគាល់កាមទាំងឡាយដ៏ច្រើន ឈប់ខ្វល់ខ្វាយចំពោះព្រាហ្មណ៍គហបតី និងសេចក្តីណានីមួយ។

[២១] តាំងពីកាលនោះមក រហូតដល់រាត្រី ១៤ នាងរាជកញ្ញារបស់ព្រះបាទវិទេហៈព្រះនាមរុចា ជាធីតាបង្កើត ជាទីស្រឡាញ់ បានពោលចំពោះមេនំថា នែម៉ែ សូមម៉ែប្រដាប់ស្អិតស្អាងខ្ញុំ ទាំងពួកស្ត្រីជាសំឡាញ់របស់ខ្ញុំ ក៏ចូរប្រដាប់ស្អិតស្អាងដែរ ស្អែកជាថ្ងៃទី ១៥ ជាថ្ងៃទិព្វ ខ្ញុំនឹងទៅកាន់សំណាក់បិតា។ ស្ត្រីទាំងឡាយ បាននាំមកនូវផ្កាកម្រង ខ្លឹមចន្ទន៍ កែវមុណី ស័ង្ខ កែវមុក្តា មានដំឡៃដ៏ច្រើន និងសំពត់អម្ពរណ៍មានពណ៌ក្រហមផ្សេងៗ ថ្វាយព្រះរាជកញ្ញានោះ។ ពួកស្ត្រីដ៏ច្រើន បានចោមរោមព្រះរាជកញ្ញាព្រះនាមរុចានោះ ដែលមានសម្បុរដ៏រុងរឿង កំពុងគង់លើតាំងជាវិការៈនៃមាស។

[២២] ឯនាងរុចានោះ ស្អិតស្អាងដោយគ្រឿងអាភរណៈទាំងពួង ឋិតនៅក្នុងកណ្តាលនៃពួកស្ត្រីជាសំឡាញ់ បានចូលទៅកាន់វិមានចន្ទក៍ ដូចជាផ្លេកបន្ទោរអាស្រ័យមេឃ។ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យ ហើយយាងចូលទៅគង់លើតាំង ដែលវិចិត្រដោយមាសក្នុងទីសមគួរ។

[២៣] ព្រះបាទវិទេហៈ ទ្រង់ទតឃើញការប្រជុំនោះ ដូចជាទីប្រជុំពួកស្រ្តីទេពអប្សរ ទើបត្រាស់ព្រះតម្រាស់នេះនឹងនាងរុចា ដែលឋិតនៅត្រង់កណ្តាលនៃពួកស្រ្តីជាសំឡាញ់ថា នាងត្រេកអរក្នុងប្រាសាទ ស្រះបោក្ខរណីខាងក្នុងដែរឬ ពួកជនបាននាំមកនូវបង្អែមមានប្រការដ៏ច្រើន ដល់នាងសព្វកាលដែរឬ។ នាងទាំងឡាយជាកុមារី បានក្រងកម្រងផ្កាដ៏ច្រើន ជាស្ត្រីនៅលេងល្បែង ត្រេកអរដោយសេចក្តីសប្បាយ បានធ្វើផ្ទះតូចៗទាំងឡាយផ្សេងៗគ្នាខ្លះដែរឬ។ មួយទៀត នាងខ្វះខាតដោយវត្ថុអ្វី ជនទាំងឡាយបាននាំមកយ៉ាងឆាប់ ដល់នាងដែរឬ ម្នាលនាងមានភក្រ្តផាត់លាបល្អ នាងចូរធ្វើតាមចិត្តចុះ សូម្បីរបស់ស្មើដោយព្រះចន្ទ ក៏ឪពុកផ្តល់ឲ្យនាងដែរ។

[២៤] នាងរុចា បានស្តាប់ព្រះរាជឱង្ការព្រះបាទវិទេហៈហើយ ទូលតបព្រះបិតាថា បពិត្រមហារាជ របស់ទាំងអស់នុ៎ះ ខ្ញុំម្ចាស់តែងបានក្នុងសំណាក់របស់ព្រះអង្គ ជាឥស្សរៈ។ ស្អែកជាថ្ងៃទី ១៥ ជាទិព្យ សូមឲ្យពួកជននាំកហាបណៈមួយពាន់ដល់ខ្ញុំម្ចាស់ៗ នឹងឲ្យទានចំពោះវណិព្វកៈទាំងអស់ តាមទំនងដែលខ្ញុំម្ចាស់ធ្លាប់ឲ្យហើយ។

[២៥] ព្រះរាជាអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនាងរុចាហើយ ទ្រង់ត្រាស់ថា ទ្រព្យដ៏ច្រើន ឈ្មោះថានាងធ្វើឲ្យវិនាស ធ្វើឲ្យឥតប្រយោជន៍ ធ្វើឲ្យឥតផលហើយ។ នាងរក្សាឧបោសថ មិនបរិភោគបាយទឹកជានិច្ច ឯបាយ និងទឹកដែលនាងមិនបរិភោគនេះ ជារបស់ទៀង បុណ្យមិនមានដល់បុគ្គលដែលមិនបរិភោគទេ ដូចយ៉ាងទាសៈឈ្មោះវីជកៈ បានស្តាប់ភាសិតអចេលកៈ ជាកស្សបគោត្រ ក្នុងកាលនោះ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយៗ យំសម្រក់ទឹកភ្នែក។ ម្នាលនាងរុចា នាងកាលរស់នៅដរាបណា កុំអត់បាយឡើយ ម្នាលនាងដ៏ចំរើន បរលោកមិនមានទេ ព្រោះហេតុអ្វី នាងប្រឹងឲ្យលំបាកឥតប្រយោជន៍។

[២៦] នាងរុចាមានសម្បុរដ៏រុងរឿង បានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈ កាលដឹងធម៌ខាងដើម និងខាងចុង ទើបពោលពាក្យនេះនឹងបិតាថា ពីដើម ខ្ញុំម្ចាស់គ្រាន់តែឮ (ថ្ងៃនេះ) រឿងនេះ ខ្ញុំម្ចាស់ឃើញជាក់ច្បាស់ហើយថា បុគ្គលណាសេពគប់នឹងជនពាល បុគ្គលនោះ ទៅជាបុគ្គលពាលដែរ។ ដ្បិតថា បុគ្គលវង្វេងអាស្រ័យនឹងបុគ្គលវង្វេង រមែងដល់សេចក្តីវង្វេងដ៏លើសលុប អលាតសេនាបតី និងទាសៈឈ្មោះវីជកៈគួរវង្វេងទៅចុះ (តែព្រះអង្គកុំវង្វេងឡើយ)។

[២៧] បពិត្រព្រះសម្មតិទេព ព្រះអង្គប្រកបដោយបញ្ញា ជាអ្នកប្រាជ្ញ ឈ្លាសក្នុងសេចក្តីចំរើន ហេតុអ្វីព្រះអង្គប្រហែលនឹងពួកជនពាល ហើយលុះទិដ្ឋិថោកទាប។

ប្រសិនបើសត្វបរិសុទ្ធដោយគន្លងនៃសំសារ បព្វជ្ជានៃអចេលកៈឈ្មោះគុណៈ ក៏មិនមានប្រយោជន៍ដែរ អចេលកៈឈ្មោះគុណៈ ជាអ្នកវង្វេងដោយមោហៈ ដល់នូវភាពជាអ្នកអាក្រាត ដូចជាសត្វកណ្តូបទម្លាក់ខ្លួនក្នុងភ្លើងកំពុងឆេះ។ ជនទាំងឡាយច្រើននាក់ កាលមិនដឹង ត្រូវអចេលកៈឈ្មោះគុណៈទូន្មានហើយក្នុងកាលមុនថា សេចក្តីបរិសុទ្ធិ ព្រោះសំសារដូច្នេះ ក៏បដិសេធនូវកម្មចេញ ប្រយោជន៍ដែលជនកាន់មិនល្អហើយ ក្នុងកាលមុន ក៏ទៅជាទោស ដូចត្រីដែលរួចអំពីសន្ទូចបានដោយក្រ។

[២៨] បពិត្រមហារាជ ខ្ញុំម្ចាស់នឹងធ្វើឧបមាថ្វាយព្រះអង្គ ដើម្បីប្រយោជន៍ដល់ព្រះអង្គ ព្រោះថា បណ្ឌិតពួកខ្លះក្នុងលោកនេះ រមែងដឹងសេចក្តីដោយពាក្យឧបមា។ ទូករបស់ពួកឈ្មួញផ្ទុកភារៈធ្ងន់ហួសប្រមាណ នាំទៅនូវភារៈធ្ងន់លើសលុប រមែងលិចក្នុងសមុទ្រយ៉ាងណា នរជនកាលសន្សំបាបបន្តិចម្តងៗ ឈ្មោះថាជាអ្នកកាន់យកនូវភារៈដ៏លើសលុប រមែងលិចក្នុងនរកយ៉ាងនោះដែរ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី ភារៈដ៏ធ្ងន់របស់អលាតសេនាបតី មិនទាន់ពេញប្រៀបនៅឡើយ អលាតសេនាបតីទៅកាន់ទុគ្គតិ ព្រោះបាបណា គាត់នៅតែសន្សំបាបនោះ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី អលាតសេនាបតីបានធ្វើបុណ្យហើយក្នុងកាលមុន បពិត្រព្រះសម្មតិទេព ឯអលាតសេនាបតីនុ៎ះបានសុខ ព្រោះអានិសង្សបុណ្យដែលគាត់ធ្វើហើយ ក្នុងកាលមុននោះឯង។ បុណ្យនោះរបស់គាត់អស់ហើយ បានជាគាត់ត្រេកអរក្នុងអកុសលកម្ម លះបង់នូវផ្លូវត្រង់ ហើយដើរទៅតាមផ្លូវវៀចវិញ។ កាលវត្ថុធ្ងន់ដែលគេដាក់ក្នុងមណ្ឌលនៃជញ្ជីង ជញ្ជីងក៏បះ កាលបើភារៈគេដាក់ចេញហើយ ក្បាលជញ្ជីងក៏ងើបឡើង យ៉ាងណាមិញ។ នរជនកាលសន្សំបុណ្យសូម្បីបន្តិចម្តងៗ ដូចជាទាសៈឈ្មោះវីជកៈ កាលប្រាថ្នាឋានសួគ៌ ត្រេកអរក្នុងកុសលកម្ម មានផលល្អ ក៏យ៉ាងនោះដែរ។ បាបណាដែលវីជកៈនោះបានធ្វើទុកក្នុងកាលមុន ទាសៈឈ្មោះវីជកៈឃើញទុក្ខណា ចំពោះខ្លួនក្នុងថ្ងៃនេះ ព្រោះគាត់បានធ្វើបាបក្នុងជាតិមុន បានជាគាត់ទទួលទុក្ខនោះ។ បាបរបស់គាត់នោះអស់ បានជាគាត់ត្រេកអរក្នុងវិន័យ សូមព្រះអង្គកុំគប់រកអចេលកៈ ឈ្មោះគុណៈជាកស្សបគោត្រ ហើយមកកាន់ផ្លូវខុសឡើយ។

[២៩] បពិត្រព្រះរាជា បុគ្គលគប់រកបុគ្គលណាៗ ជាសប្បុរស ឬជាអសប្បុរស មានសីល ឬមិនមានសីល រមែងលុះនូវអំណាចនៃបុគ្គលនោះៗឯង។ បុគ្គលធ្វើបុគ្គលបែបណាឲ្យជាមិត្រផង សេពបុគ្គលបែបណាផង បុគ្គលនោះ រមែងប្រាកដដូចបុគ្គលនោះដែរ ព្រោះថា ការនៅរួមគ្នា រមែងប្រាកដដូច្នោះ។ អាចារ្យដែលកូនសិស្សពាល់ត្រូវហើយ រមែងប្រឡាក់កូនសិស្ស ដែលមិនទាន់ប្រឡាក់ កាលកូនសិស្សពាល់ត្រូវអាចារ្យដទៃ រមែងប្រឡាក់ ដូចព្រួញលាបថ្នាំពិស ប្រឡាក់បំពង់ព្រួញដូច្នោះ អ្នកប្រាជ្ញមិនត្រូវមានសំឡាញ់ដ៏លាមក ព្រោះខ្លាចអំពីការប្រឡាក់។ ជនណាខ្ចប់ត្រីស្អុយដោយស្បូវភ្លាំង ស្បូវភ្លាំងរបស់ជននោះ ទៅជាមានក្លិនស្អុយផ្សាយទៅ យ៉ាងណាមិញ ការសេពគប់នឹងបុគ្គលពាល ក៏យ៉ាងនោះដែរ។ ជនណាខ្ចប់ក្រឹស្នាដោយស្លឹកឈើ ស្លឹកឈើរបស់ជននោះ ទៅជាមានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេពបុគ្គលជាអ្នកប្រាជ្ញ ក៏យ៉ាងនោះដែរ។ ព្រោះហេតុនោះ បណ្ឌិតកាលដឹងច្បាស់នូវភាពនៃខ្លួន ដែលប្រែប្រួលបាន ដូចជាកញ្ចប់នៃស្លឹកឈើ មិនត្រូវសេពអសប្បុរសទេ ត្រូវសេពតែពួកសប្បុរស ព្រោះថា ពួកអសប្បុរសតែងនាំទៅកាន់នរក ពួកសប្បុរស តែងឲ្យដល់សុគតិ។

[៣០] ខ្ញុំម្ចាស់បានរឭកឃើញនូវភាពនៃខ្លួន ដែលអន្ទោលទៅមកអស់ ៧ ជាតិមក ហើយ និង ៧ ជាតិ (ទៀត) ដែលខ្ញុំម្ចាស់នឹងច្យុតចាកអត្តភាពនេះ ទៅក្នុងអនាគត។ បពិត្រព្រះអង្គជាធំជាងជន ក្នុងកាលមុន ជាតិណារបស់ខ្ញុំម្ចាស់ជាគំរប់ ៧ (ក្នុងជាតិនោះ) ខ្ញុំម្ចាស់បានកើតជាកូនជាងមាសក្នុងរាជគហបូរី ក្នុងដែនមគធៈ។ បាបដ៏ច្រើន ខ្ញុំម្ចាស់បានធ្វើហើយ ព្រោះអាស្រ័យសំឡាញ់ដ៏លាមក ខ្ញុំម្ចាស់ទាំងពីរនាក់ កាលបៀតបៀនប្រពន្ធនៃបុគ្គលដទៃ ប្រព្រឹត្ត (ខ្លួន) ដូចមិនស្លាប់។ អំពើនោះ កប់នៅដូចភ្លើងដែលកប់ក្នុងផេះ បពិត្រមហារាជ តទៅ ខ្ញុំម្ចាស់បានកើតក្នុងវំសភូមិ ក្រុងកោសម្ពី ជាកូនប្រុសតែមួយ មានគេធ្វើសក្ការបូជាជានិច្ចក្នុងត្រកូលសេដ្ឋី ជាត្រកូលស្តុកស្តម្ភ សម្បូរ មានទ្រព្យច្រើន ដោយកម្មដទៃ។ ក្នុងកាលនោះ ខ្ញុំម្ចាស់បានសេពគប់មិត្រសំឡាញ់ អ្នកត្រេកអរក្នុងកុសល ជាបណ្ឌិតអ្នកបរិបូណ៌ដោយការចេះដឹង មិត្រនោះ បានតម្កល់ខ្ញុំម្ចាស់ក្នុងអំពើជាប្រយោជន៍។ ខ្ញុំម្ចាស់បានរក្សាឧបោសថអស់រាត្រីទី ១៤ និងទី ១៥ ដ៏ច្រើន កម្មនោះនៅកប់ដូចកំណប់ក្នុងទឹក។ ក៏បណ្តាបាបកម្មទាំងឡាយ បរទារកកម្មណា ដែលខ្ញុំម្ចាស់បានធ្វើហើយ ក្នុងដែនមគធៈ ផល (នៃបរទារកកម្ម) នោះ ផ្តល់ក្នុងកាលជាខាងក្រោយ ដូចបុគ្គលអ្នកបរិភោគភោជន ដែលលាយដោយពិសដ៏កាចដូច្នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកត្រកូលសេដ្ឋីនោះមក ក៏ឆេះក្នុងរោរុពនរកអស់កាលដ៏យូរ ដោយកម្មរបស់ខ្លួន ខ្ញុំម្ចាស់កាលរឭកឃើញទុក្ខក្នុងនរកនោះ រមែងមិនបានសេចក្តីសុខ។ ខ្ញុំម្ចាស់ញ៉ាំងសេចក្តីទុក្ខដ៏ច្រើនឲ្យអស់ទៅក្នុងរោរុពនរកនោះ អស់ពួកនៃឆ្នាំដ៏ច្រើន បានមកកើតជាពពែ គេក្រៀវអណ្ឌៈ ក្នុងក្រុងភិន្នាគតៈ។

[៣១] ខ្ញុំម្ចាស់បាននាំពួកកូនអាមាត្យដោយខ្នងផង ដោយរថផង (ការឆេះក្នុងរោរុពនរកជាដើមនោះ) ជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ ក៏កើតជាស្វាក្នុងព្រៃធំ ត្រូវស្វាជាម្ចាស់ហ្វូង ជាសត្វឃ្នើសឃ្នង ខាំកាត់ពូជចេញ នេះជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាគោក្នុងដែនទសន្នៈ ជាគោដ៏ចំរើន មានសន្ទុះលឿន ត្រូវគេក្រៀវ ខ្ញុំម្ចាស់បានអូសរទេះអស់កាលដ៏យូរ នេះជាផលកម្ម គឺការគប់រកប្រពន្ធអ្នកដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានមក (កើត) ក្នុងត្រកូលក្នុងដែនវជ្ជី ក្នុងភាពជាមនុស្ស ដែលគេបានដោយក្រ តែមិនមែនស្រីមិនមែនប្រុស (ខ្ទើយ) នេះជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាស្រីអប្សរ មានវណ្ណៈគួរប្រាថ្នា ក្នុងនន្ទវនឧទ្យាន ក្នុងឋានតាវត្តិង្ស។ មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមុណី ជាស្រីឈ្លាសក្នុងការរាំ និងច្រៀង ជាស្រីបម្រើទេវរាជឈ្មោះសក្កៈ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ឋិតនៅក្នុងឋានតាវត្តិង្សនោះ រលឹកឃើញជាតិ ៧ ដែលខ្ញុំម្ចាស់នឹងទៅក្នុងអនាគត។ កុសលណា ដែលខ្ញុំម្ចាស់បានធ្វើហើយក្នុងក្រុងកោសម្ពី កុសលនោះ តាមមកឲ្យផល ខ្ញុំម្ចាស់ច្យុតចាកអត្តភាពជាទេពធីតានុ៎ះ នឹងអន្ទោលទៅហើយក្នុងទេវលោក និងមនុស្សលោក។ បពិត្រមហារាជ ខ្ញុំម្ចាស់ដែលគេធ្វើសក្ការបូជាជានិច្ចអស់ជាតិទាំងឡាយ ៧ តែខ្ញុំម្ចាស់នឹងមិនរួចហើយចាកភាពជាស្រីអស់គតិ ៦ នេះ។ បពិត្រព្រះសម្មតិទេព ក្នុងគតិជាគំរប់ ៧ ខ្ញុំម្ចាស់នឹងកើតជាទេវតាប្រុស ជាទេវបុត្រមានឫទិ្ធច្រើនដ៏ឧត្តមក្នុងពួកទេវតា។ ក៏ក្នុងថ្ងៃនេះ នាងទេពកញ្ញាទាំងឡាយ នៅកំពុងតែក្រងផ្កាជាផ្ទាំង ក្នុងនន្ទនវ័ន ទេវបុត្រឈ្មោះជវៈ (ជាស្វាមីខ្ញុំម្ចាស់នោះ) កំពុងទទួលកម្រងផ្កាដើម្បីខ្ញុំម្ចាស់។ ១៦ ឆ្នាំ ក្នុងជាតិរបស់ខ្ញុំម្ចាស់នេះ ហាក់ដូចជាកាលទិព្វនោះមួយរំពេច មួយយប់ មួយថ្ងៃទិព្វនោះ ជា ១០០ ឆ្នាំរបស់មនុស្ស។ កម្មទាំងឡាយ រមែងអន្ទោលតាម អស់ជាតិជាអសង្ខេយ្យដូច្នេះឯង ដ្បិតថា កម្មល្អក្តី លាមកក្តី មិនវិនាសទេ។

[៣២] ប្រុសណាប្រាថ្នាឲ្យបានជាភេទប្រុសរាល់ៗជាតិ ត្រូវវៀរប្រពន្ធបុគ្គលដទៃ ដូចជាបុគ្គលអ្នកមានជើងលាងហើយ វៀរបង់នូវភក់ដូច្នោះ។ ស្រ្តីណាប្រាថ្នាឲ្យបានជាប្រុសរាល់ៗជាតិ ត្រូវគោរពប្តី ដូចជាពួកស្រីអប្សរ ជាអ្នកបំរើ គោរពព្រះឥន្ទដូច្នោះ។ បុគ្គលណាចង់បានភោគៈជាទិព្វ អាយុ យស និងសុខជាទិព្វ ត្រូវវៀរបង់អំពើបាបទាំងឡាយ ប្រព្រឹត្តសុច្ចរិតធម៌ ៣ យ៉ាង។ ស្រ្តីក្តី បុរសក្តី ជាអ្នកមិនធ្វេសប្រហែសដោយកាយ វាចា ចិត្ត មានប្រាជ្ញាជាគ្រឿងពិចារណា ឈ្មោះថា កើតមកដើម្បីប្រយោជន៍របស់ខ្លួន។

ពួកមនុស្សណានីមួយ ក្នុងជីវលោក ជាអ្នកមានយស មានភោគៈបរិបូណ៌ទាំងអស់ ពួកមនុស្សទាំងនោះ បានសន្សំកម្មល្អហើយក្នុងកាលមុន ដោយឥតសង្ស័យ សត្វទាំងអស់ជាច្រើន សុទ្ធតែមានកម្មជារបស់ខ្លួន។ បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់ត្រិះរិះរឿយៗ ដោយព្រះអង្គឯងចុះ បពិត្រព្រះអង្គ ជាធំជាងជន ស្រ្តីទាំងឡាយណា របស់ព្រះអង្គ ប្រាកដស្មើដោយស្រីអប្សរ មានខ្លួនប្រដាប់ហើយ បិទបាំងដោយបណ្តាញមាស តើស្រ្តីទាំងនេះរបស់ព្រះអង្គ មានអ្វីជាហេតុ។

ព្រះរាជកញ្ញាព្រះនាមរុចា ញ៉ាំងព្រះបាទអង្គតិ ជាព្រះបិតាឲ្យត្រេកអរយ៉ាងនេះ ដូច្នេះឯង នាងជាអ្នកមានវត្តល្អ បានប្រាប់ផ្លូវ (សុគតិ) ដល់ព្រះបិតា (ដូចបុគ្គលប្រាប់ផ្លូវ) ដល់មនុស្សវង្វេង នាងបានសំដែងសុចរិតធម៌។

[៣៣] គ្រានោះ នារទព្រហ្ម មកពីព្រហ្មលោក មកកាន់គន្លងជារបស់មនុស្ស ប្រមើលមើលជម្ពូទ្វីប ក៏បានឃើញព្រះបាទអង្គតិ។ លំដាប់នោះ នារទព្រហ្មឋិតនៅឰដ៏អាកាសក្នុងប្រាសាទ ខាងមុខនៃព្រះបាទវិទេហៈ នាងរុចាបានឃើញនារទព្រហ្មនោះ ដែលមកដល់ហើយ ក៏ថ្វាយបង្គំនារទព្រហ្មដែលតំណែងខ្លួនជាឥសី។

[៣៤] គ្រានោះ ព្រះរាជាមានព្រះហ្ឫទ័យតក់ស្លុត ក៏ចុះអំពីអាសនៈ ហើយសាកសួរនារទព្រហ្ម ទើបត្រាស់ព្រះបន្ទូលដូច្នេះថា លោកមានវណ្ណៈដូចទេវតា ញ៉ាំងទិសទាំងអស់ឲ្យភ្លឺដូចព្រះចន្ទ តើទើបនឹងមកអំពីទីណា យើងសួរហើយ លោកចូរប្រាប់នាម និងគោត្រ មនុស្សទាំងឡាយក្នុងមនុស្សលោក តើគេស្គាល់ដូចម្តេចបាន។

[៣៥] (នារទព្រហ្ម…) អាត្មាភាពទើបនឹងមកអំពីទេវលោក ក្នុងកាលឥឡូវនេះ ញ៉ាំងទិសទាំងអស់ឲ្យភ្លឺដូចព្រះចន្ទ អាត្មាភាពដែលព្រះអង្គសួរហើយ នឹងទូលនាម និងគោត្រថា មនុស្សទាំងឡាយស្គាល់អាត្មាភាពថា ឈ្មោះនារទៈ ជាកស្សបគោត្រ។

[៣៦] (ព្រះរាជា…) សណ្ឋានរបស់លោកប្រាកដយ៉ាងណាផង លោកកំពុងដើរក្តី កំពុងឈរក្តី ឰដ៏អាកាសផង (នេះ) មានសភាពជាអស្ចារ្យ បពិត្រនារទៈ ខ្ញុំសួរសេចក្តីនេះនឹងលោក តើឫទ្ធិរបស់លោកនេះ មានដោយហេតុអ្វី។

[៣៧] (នារទព្រហ្ម…) សច្ចៈ ១ ធម៌ ១ ទមៈ ១ ចាគៈ ១ គុណធម៌នេះ អាត្មាភាព បានសាងមកហើយ អំពីជាតិមុន អាត្មាភាពមានសន្ទុះចិត្តទៅតាមប្រាថ្នាបាន ព្រោះធម៌ដែលអាត្មាភាពសេពល្អហើយទាំងនោះឯង។

[៣៨] (ព្រះរាជា…) ឥឡូវនេះ លោកប្រាប់ការសម្រេចនៃបុណ្យជារបស់អស្ចារ្យហើយ បពិត្រនារទៈ ប្រសិនបើដូចជាលោកពោលយ៉ាងនេះមែន ខ្ញុំសូមសួរសេចក្តីនេះនឹងលោកទៀត បើខ្ញុំសួរហើយ សូមលោកឆ្លើយឲ្យប្រពៃចុះ។

[៣៩] (នារទព្រហ្ម…) បពិត្រព្រះរាជាជាភូមិបាល ព្រះអង្គធ្វើសេចក្តីសង្ស័យណាសូមទ្រង់សួរអាត្មាភាពចុះ អាត្មាភាពជាប្រយោជន៍របស់ព្រះអង្គហើយ អាត្មាភាពនឹងញ៉ាំងព្រះអង្គឲ្យដល់នូវភាពជាអ្នកមិនមានសេចក្តីសង្ស័យ ដោយន័យ ដោយញាណ និងដោយហេតុទាំងឡាយ។

[៤០] (ព្រះរាជា…) បពិត្រនារទៈ ខ្ញុំសូមសួរសេចក្តីនេះនឹងលោក បពិត្រនារទៈ ខ្ញុំសួរហើយ លោកកុំពោលមុសាវាទឡើយ នរជនបានសួរថា ទេវតាមានឬ មាតាបិតាមានឬ បរលោកមានឬ។

[៤១] (នារទព្រហ្ម…) នរជនបានពោលថា ទេវតាមាន មាតាបិតាមាន បរលោកមាន ពួកជនជាអ្នកជាប់ក្នុងកាម ជាអ្នកវងេ្វងប្រកបដោយមោហៈ រមែងមិនបានដឹងនូវបរលោកឡើយ។

[៤២] (ព្រះរាជា…) បពិត្រនារទៈ ប្រសិនបើលោកជឿថា លំនៅនៃជនទាំងឡាយដែលស្លាប់ទៅហើយ មានក្នុងបរលោកមែន លោកចូរឲ្យកហាបណៈ ៥០០ ដល់ខ្ញុំក្នុងលោកនេះចុះ ខ្ញុំនឹងសងកហាបណៈជា ១ ពាន់ ដល់លោកក្នុងបរលោកវិញ។

[៤៣] (នារទព្រហ្ម…) ប្រសិនបើយើងដឹង (នូវអ្នកដ៏ចំរើន) ថា មានសីល ជាអ្នកដឹងនូវពាក្យស្មូម យើងនឹងឲ្យកហាបណៈ ៥០០ ដល់អ្នកដ៏ចំរើន ប៉ុនែ្តបើអ្នកដ៏ចំរើននោះ ជាមនុស្សអាក្រក់ នៅក្នុងនរក តើបុគ្គលណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន។ សូម្បីក្នុងលោកនេះ បុគ្គលណាមិនមានធម៌ជាប្រក្រតី មានមារយាទដ៏លាមក ជាអ្នកខ្ជិលច្រអូស មានការងារអាក្រក់ ពួកបណ្ឌិតក៏មិនឲ្យបុគ្គលនោះបុលទ្រព្យទេ ព្រោះថា ការបាន (ទ្រព្យ) អំពីបុគ្គលមានប្រការដូច្នោះ មិនមានឡើយ។ ពួកមនុស្សដឹងនូវបុរសថា ជាអ្នកប៉ិនប្រសប់ មានព្យាយាម មានសីល ជាអ្នកដឹងពាក្យស្មូម រមែងអញ្ជើញខ្លួនឯងដោយភោគៈទាំងឡាយថា អ្នកធ្វើការងារហើយ គប្បីសងយើងវិញ។

[៤៤] បពិត្រព្រះរាជា បើព្រះអង្គច្យុតចាកអត្តភាពនេះទៅ នឹងទតឃើញខ្លួនព្រះអង្គដែលហ្វូងក្អែកកំពុងចឹកជញ្ជែងក្នុងនរកនោះ ព្រះអង្គគង់ក្នុងនរក ដែលហ្វូងក្អែក ត្មាត និងឆ្កែកំពុងទំពាស៊ី មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើបុគ្គលណានឹងទៅទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។

[៤៥] សេចក្តីងងឹតខ្លាំង រមែងមានក្នុងនរកនោះ ព្រះចន្ទ និងព្រះអាទិត្យក៏មិនមាន នរកនោះ មានងងឹតដ៏ក្រាស់សព្វកាល មានសភាពគួរខ្លាច យប់ក៏មិនប្រាកដ ថ្ងៃក៏មិនប្រាកដ នរណាជាអ្នកត្រូវការដោយទ្រព្យ គប្បីត្រាច់ទៅក្នុងនរកដូច្នោះបាន។

[៤៦] ឆ្កែពពាល និងឆ្កែលឿងទាំងពីរពួក មានកាយធាត់ធំ មានកំឡាំង តែងខាំស៊ីនូវសត្វដែលច្យុតអំពីលោកនេះ ធ្លាក់ទៅក្នុងបរលោកដោយធ្មេញជាវិការៈនៃដែក។ ព្រះអង្គកាលនៅក្នុងនរក ត្រូវពួកឆ្កែដ៏កាចអាក្រក់ នាំមកនូវសេចក្តីទុក្ខ ខាំស៊ី មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន។

[៤៧] ពួកនាយនិរយបាល ឈ្មោះកាលូបកាលៈ ក្នុងនរកគួរខ្លាចដ៏ពន្លឹក ជាបច្ចាមិត្រ តែងសម្លាប់ ឬចាក់នរជន ដែលធ្វើអំពើអាក្រក់ក្នុងកាលមុន ដោយព្រួញ និងលំពែងដែលសំលៀងមុតហើយ។ ព្រះអង្គកាលទៅក្នុងនរក ត្រូវនាយនិរយបាល ចាក់ត្រង់ក្លៀក ត្រង់ឆ្អឹងជំនីរ វះពោះ មានខ្លួនធ្លុះធ្លាយ មានឈាមហូរចេញ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។

[៤៨] ក្នុងនរកនោះ មានភ្លៀងបង្អុរចុះជាអាវុធផេ្សងៗ គឺលំពែងព្រួញ លំពែងស្នែងក្របី និងច្បូក ភ្លៀងអាវុធ មានអណ្តាតដូចជារងើកភ្លើង រមែងធ្លាក់លើក្បាល រន្ទះថ្ម រមែងបង្អុរចុះលើបុគ្គលអ្នកមានអំពើអាក្រក់។ ក្នុងនរកនោះ មានខ្យល់ដ៏ក្តៅ ដែលអត់ធន់បានដោយក្រ ព្រះអង្គដែលមានកម្មអាក្រក់ រមែងមិនបានសេចក្តីសុខតិចតួចក្នុងនរកនោះឡើយ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកនឹងព្រះអង្គនោះ ដែលក្តៅក្រហាយជានិច្ច ស្ទុះទៅមក មិនមានទីពួន។

[៤៩] ព្រះអង្គស្ទុះទៅស្ទុះមក ដែលនាយនិរយបាលទឹមក្នុងរថ ព្រះអង្គជាន់ផែនដីមានអណ្តាតភ្លើងសន្ធោសន្ធៅ ដែលនាយនិរយបាលកំពុងចាក់ដោយជន្លួញ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។

[៥០] ព្រះអង្គឡើងកាន់ភ្នំ ដ៏ដេរដាសដោយកាំបិត ជាភ្នំគួរស្ញើប មានអណ្តាតភ្លើងច្រាលរន្ទាលឆ្អិនឆ្អៅគួរខ្លាច ព្រះអង្គមានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ក្នុងបរលោកបាន។

[៥១] ព្រះអង្គឡើងកាន់គំនររងើកភ្លើង ប្រាកដស្មើដោយភ្នំដ៏ច្រាលឆ្អៅ គួរខ្លាច មានខ្លួនឆេះសព្វ ជាសត្វកំព្រា ទួញយំ តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។

[៥២] ដើមឈើដ៏ខ្ពស់ស្មើនឹងពពក វិចិត្រដោយបន្លាដ៏មុត ជាវិការៈនៃដែក ជាបន្លាផឹកឈាមរបស់នរជន។ ពួកស្រ្តី និងបុរស ដែលក្បត់ប្រពន្ធនៃបុគ្គលដទៃ ត្រូវពួកនាយនិរយបាលមានដាវក្នុងដៃ ជាអ្នកធ្វើតាមពាក្យរបស់យមរាជចាក់ហើយ រមែងឡើងដើមឈើនោះ។ ព្រះអង្គនឹងឡើងដើមរកាក្នុងនរក មានកាយរាត់រាយ ប្រឡាក់ដោយឈាម មានស្បែករបក ក្តៅក្រហាយជានិច្ច មានវេទនាដ៏ខ្លាំង។ ដកដង្ហើមដ៏ក្តៅរឿយៗ មានកំហុសព្រោះបុព្វកម្ម មានខ្លួនរបកស្បែក នៅលើចុងរកា តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន។

[៥៣] ដើមឈើខ្ពស់ស្មើនឹងពពក វិចិត្រដោយស្លឹកជាដាវ ជាវិការៈនៃដែកដ៏មុត ជាស្លឹកផឹកឈាមនៃនរជន។ ព្រះអង្គនឹងឡើងដើមរកា មានស្លឹកជាដាវ ត្រូវនាយនិរយបាល កាប់ដោយដាវដ៏មុត មានខ្លួនធ្លុះធ្លាយ កំពុងហូរឈាម តើនរណានឹងទារកហាបណៈ ១ ពាន់ ក្នុងបរលោកបាន។

[៥៤] ព្រះអង្គនឹងដើរចេញអំពីនរកមានដើមរកា មានស្លឹកជាដាវនោះហើយ ក៏ធ្លាក់ទៅក្នុងស្ទឹងនរកឈ្មោះវេត្តរណី តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន។

[៥៥] ស្ទឹងនរកឈ្មោះវេត្តរណីដ៏កាច មានទឹកផ្សាក្តៅ ឆ្លងបានដោយកម្រ ដ៏ដេរដាសដោយស្លឹកឈូកជាវិការៈនៃដែក រមែងហូរទៅតាមស្លឹកដ៏មុត។ ព្រះអង្គមានខ្លួនធ្លុះធ្លាយ ប្រឡាក់ដោយឈាម ដែលខ្សែទឹកហូរកួចទៅក្នុងស្ទឹងនរកឈ្មោះវេត្តរណីនោះ ជាស្ទឹងមិនមានអ្វីតោងទេ តើនរណានឹងទារទ្រព្យនោះនឹងព្រះអង្គបាន។

[៥៦] (ព្រះរាជា…) ខ្ញុំញាប់ញ័រ ដូចជាដើមឈើបម្រុងបាក់ ខ្ញុំវង្វេងសញ្ញា មិនដឹងទិស ក្តៅក្រហាយរឿយៗ ព្រោះភ័យ (នឹងបាបដែលខ្លួនធ្វើហើយ) បពិត្រឥសី ភ័យដ៏ធំកើតឡើងដល់ខ្ញុំ ព្រោះបានស្ដាប់គាថាដែលលោកសំដែងហើយ។

បពិត្រឥសី សូមលោកជាទីពឹងរបស់ខ្ញុំ ដូចជាបុគ្គលកាលចុះទៅកាន់ទីពាក់កណ្តាលទឹក ព្រោះកាយត្រូវភ្លើងកំពុងឆេះ ឬដូចជាកោះរបស់ពួកជន ដែលធ្លាយសំពៅ ក្នុងអន្លង់ធំ ក្នុងមហាសមុទ្រ ឬក៏ដូចជាប្រទីបរបស់ពួកជនអ្នកទៅក្នុងទីងងឹត។

បពិត្រឥសី សូមលោកប្រៀនប្រដៅអត្ថ និងធម៌ខ្ញុំផង កំហុសខ្ញុំបានប្រព្រឹត្ត កន្លងហើយអស់កាលយូរ បពិត្រនារទៈ សូមលោកប្រាប់ផ្លូវសេចក្តីបរិសុទ្ធិដល់ខ្ញុំ កុំឲ្យខ្ញុំធ្លាក់ទៅនរកឡើយ។

[៥៧] (នារទព្រហ្ម…) ព្រះបាទធតរដ្ឋ ១ វេស្សាមិត្ត ១ អដ្ឋកៈ ១ យមទគ្គិ ១ ឧសិន្នរៈ ១ (សិវិ ១) ព្រះរាជាទាំង ៦ អង្គនេះ នឹងពួកព្រះរាជាដទៃ ជាអ្នកបំរើសមណព្រាហ្មណ៍ ទៅកាន់វិស័យឋានសួគ៌យ៉ាងណា។ បពិត្រព្រះអង្គជាធំលើផែនដី ព្រះអង្គចូរវៀរអធម៌ ហើយប្រព្រឹត្តធម៌យ៉ាងនោះចុះ ម្យ៉ាងទៀត ពួករាជបុរសអ្នកកាន់យកបាយ ក្នុងប្រាសាទរបស់ព្រះអង្គក្តី ក្នុងបូរីរបស់ព្រះអង្គក្តី ចូរឃោសនាថា នរណាឃ្លាន នរណាស្រេក នរណាចង់បានកម្រងផ្កា នរណាចង់បានគ្រឿងលាប នរណាអាក្រាត ចង់ស្លៀកដណ្តប់សំពត់ជ្រលក់ពណ៌ផេ្សងៗ។ នរណាចង់បាំងឆត្រដើរក្នុងផ្លូវ នរណាចង់បានស្បែកជើងដ៏ទន់ល្អ ពួករាជបុរស ចូរឃោសនាក្នុងបូរីរបស់ព្រះអង្គ រាល់ព្រឹករាល់ល្ងាចដូច្នេះឯង។ សូមព្រះអង្គកុំទឹមគោ និងសេះជាសត្វចិញ្ចឹមចាស់ៗ ដូចក្នុងកាលមុនឡើយ (សត្វណា) មានកំឡាំងធ្វើឧបការៈច្រើនដល់ព្រះអង្គៗ ចូរប្រទានការរក្សា (ដល់សត្វនោះ) ផង។

[៥៨] កាយរបស់ព្រះអង្គ ចូរសំគាល់ថា ដូចរថ មានចិត្តជានាយសារថី ជាកាយរហ័សរហួន មានការមិនបៀតបៀនជាភ្លៅ ដែលគេសម្រេចល្អហើយ មានការចែករំលែកទានជាផ្ទុរ មានការសង្រួមជើងជាខ្នងកង់ មានការសម្រួមដៃជាទ្រពង មានការសង្រួមផ្ទៃជាប្រេងលាប មានការសង្រួមវាចាជាសូរមិនលាន់ឮ។ មានពាក្យពិត ជាអង្គនៃរថដ៏បរិបូណ៌ មានការមិនញុះញុងជាត្រណាប់ជិតល្អ មានវាចាពីរោះ ជាអង្គនៃរថមិនមានទោស គឺថារលីង មានការពោលល្មមប្រមាណជាគ្រឿងចង។ មានសទ្ធា និងអលោភៈ ជាគ្រឿងប្រដាប់រថ មានការបន្ទន់បន្ទាប និងអញ្ជលីកម្ម ជាទូកមានការមិនរឹងត្អឹងជាចន្ទោលរថ មានការសង្រួមសីល ជាព្រ័ត្រជ្រាម។ មានការមិនក្រោធជាការមិនសណ្តក មានសុចរិតធម៌ ជាឆ័ត្រស មានពាហុសច្ចៈ ជាខ្សែចន្ទោល មានចិត្តតាំងនៅនឹង ជាអាសនៈ មានការដឹងកាល ជាឈើខ្លឹមដ៏វិចិត្រ មានសេចក្តីក្លៀវក្លា ជាចន្ទល់ មានការប្រព្រឹត្តិបន្ទន់ខ្លួនជាខ្សែ មានការមិនមើលងាយជានឹមដ៏ស្រាល។ មានចិត្តមិនរួញរា ជាកម្រាល មានការសេពសេចក្តីចំរើន (ដោយបញ្ញា) ជាអំបោស សតិរបស់ព្រះអង្គជាអ្នកប្រាជ្ញ ទុកជាជន្លួញ មានព្យាយាមដ៏មាំ និងការប្រកបជាខ្សែបរ។ ចិត្តដែលទូន្មានល្អហើយ រមែងទៅកាន់ផ្លូវ (ដូចរថដែលទៅកាន់ផ្លូវត្រង់) ដោយសារសេះទាំងឡាយដែលនាយសារថីហ្វឹកហ្វឺនល្អហើយ ព្រោះសេចក្តីប្រាថ្នា និងសេចក្តីលោភជាផ្លូវខុស ការសង្រួមជាផ្លូវត្រង់។ បពិត្រព្រះរាជា កាលបើរថ គឺកាយ (របស់ព្រះអង្គ) ស្ទុះទៅក្នុងរូប សម្លេង រស ក្លិន តួបញ្ញាជាជន្លួញសម្រាប់គោះ ឯខ្លួនព្រះអង្គជានាយសារថីក្នុងរថនោះ។ បពិត្រព្រះរាជា ប្រសិនបើការប្រព្រឹត្តិស្មើនឹងសេចក្តីព្យាយាមដ៏មាំ ដោយយាន គឺកាយនោះ ការបង្ហូរសេចក្តីប្រាថ្នាគ្រប់យ៉ាងក៏កើតមាន សត្វមិនទៅកាន់នរកដោយដាច់ខាត។

[៥៩] អលាតសេនាបតី គឺទេវទត្ត សុនាមអាមាត្យ គឺភទ្ទជិ វិជយអាមាត្យ គឺសារីបុត្ត វីជកទាសៈ គឺមោគ្គល្លាន។ អចេលកៈឈ្មោះគុណៈ គឺសុនក្ខត្តលិច្ឆវីបុត្ត នាងរុចាណា បានញ៉ាំងព្រះរាជាឲ្យជ្រះថ្លា នាងរុចានោះ គឺអានន្ទ។ ព្រះរាជា (អង្គតិ) ដែលមានទិដ្ឋិអាក្រក់ក្នុងកាលនោះ គឺឧរុវេលកស្សប មហាព្រហ្ម គឺពោធិសត្វ អ្នកទាំងឡាយ ចូរចាំទុកនូវជាតក ដូចសំដែងមកនេះ។

ចប់ មហានារទកស្សបជាតក ទី៨។

វិធុរជាតក ទី៩

(៥៤៦. វិធុរជាតកំ (៩))

ទោហឡកណ្ឌ

(ទោហឡកណ្ឌំ)

[៦០] (វរុណនាគរាជសួរថា) នាងមានសម្បុរលឿង ស្គាំងស្គម មានកំឡាំងតិច ពីដើមរូបសម្បុររបស់នាង មិនមែនបែបនេះទេ ម្នាលនាងវិមលា ខ្ញុំសួរហើយ នាងចូរប្រាប់ តើវេទនាក្នុងសរីរៈរបស់នាងដូចម្តេច។

[៦១] (នាងវិមលាទូលថា) បពិត្រព្រះអង្គជាធំជាងនាគជន ទំនៀមរបស់ស្រ្តីទាំងឡាយក្នុងពួកមនុស្ស (ដែលមានគភ៌) គេហៅថា ចំណង់ប្លែក បពិត្រព្រះអង្គជាកុញ្ជររបស់នាគ ខ្ញុំម្ចាស់ចង់បានដួងហ្ឫទ័យរបស់វិធុរបណ្ឌិត ដែលត្រូវនាំយកមកដោយធម៌។

[៦២] (វរុណនាគរាជ…) ម្នាលនាងវិមលា នាងចង់បាន (ដួងហ្ឫទ័យរបស់វិធុរបណ្ឌិតនោះ ដូចបុគ្គលប្រាថ្នា) ព្រះចន្ទ ព្រះអាទិត្យ ឬព្រះពាយ ព្រោះថា ការជួបប្រទះនឹងវិធុរបណ្ឌិត គេគប្បីបានដោយក្រ នរណានឹងនាំព្រះវិធុរបណ្ឌិតមកក្នុងពិភពនាគនេះបាន។

[៦៣] (នាងឥរន្ទតី…) បពិត្របិតា ហេតុអ្វីហ្ន៎ ព្រះអង្គសញ្ជប់សញ្ជឹង ព្រះភក្រ្តរបស់ព្រះអង្គដូចជាផ្កាឈូកដែលគេឈ្លីដោយដៃ បពិត្រព្រះអង្គជាឥស្សរៈ ព្រះអង្គតូចព្រះហ្ឫទ័យដូចម្តេច បពិត្រព្រះអង្គអ្នកញ៉ាំងសត្រូវឲ្យក្តៅ សូមព្រះអង្គកុំទ្រង់សោយសោកឡើយ។

[៦៤] (វរុណនាគរាជ…) ម្នាលនាងឥរន្ទតី មាតារបស់នាងចង់បានហ្ឫទ័យរបស់វិធុរបណ្ឌិត តែការជួបប្រទះនឹងវិធុរបណ្ឌិត គេគប្បីបានដោយក្រ នរណានឹងនាំព្រះវិធុរបណ្ឌិតមកក្នុងពិភពនាគនេះបាន។

[៦៥] ភស្តាណា នាំវិធុរបណ្ឌិតមកក្នុងទីនេះបាន នាងចូរត្រាច់ទៅស្វែងរកភស្តានោះចុះ។ នាងឥរន្ទតីនោះ លុះបានស្តាប់បន្ទូលព្រះបិតាហើយ ក៏ចេញទៅក្នុងវេលារាត្រី ជាស្រីជោកជាំ (ដោយរាគៈ) បានត្រាច់ទៅ (ស្វែងរកព្រះភស្តា)។

[៦៦] (នាងឥរន្ទតី…) នរណាទោះជាគន្ធព្វក្តី នរណាទោះជាអារក្សទឹក ឬជានាគក្តី នរណាទោះជាកិន្នរ ឬជាមនុស្សក្តី នរណាទោះជាបណ្ឌិត ដែលឲ្យសេចក្តីប្រាថ្នាទាំងពួងក្តី អ្នកនោះនឹងជាភស្តារបស់ខ្ញុំ អស់កាលមានរាត្រីដ៏វែង។

[៦៧] (បុណ្ណកយក្ស…) ម្នាលនាង មានភ្នែកគេតិះដៀលមិនបាន នាងចូរដកដង្ហើមស្រួល (ត្រេកអរ) ចុះ ខ្ញុំនឹងជាប្តីរបស់នាង នឹងជាភស្តារបស់នាង ដោយសារបញ្ញារបស់ខ្ញុំមានសភាពដូច្នោះ នាងចូរដកដង្ហើមស្រួលចុះ នាងនឹងជាភរិយារបស់ខ្ញុំ។

[៦៨] នាងឥរន្ទតី ក៏មានចិត្តកួចកាន់តាមគន្លងដែលធ្លាប់ជាប្តីក្នុងជាតិមុន បាននិយាយនឹងបុណ្ណកយក្សថា អ្នកចូរមក យើងនឹងនាំគ្នាទៅឯសំណាក់បិតាខ្ញុំ បិតានោះនឹងប្រាប់សេចក្តីនុ៎ះដល់អ្នក។

[៦៩] (អភិសម្ពុទ្ធគាថា) នាងឥរន្ទតី តាក់តែងខ្លួន ស្លៀកដណ្តប់ល្អ ទ្រង់កម្រងផ្កា ប្រោះព្រំដោយខ្លឹមចន្ទន៍ ចាប់ដៃបុណ្ណកយក្ស នាំចូលទៅកាន់សំណាក់បិតា។

[៧០] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងពួកនាគ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ សូមព្រះអង្គទ្រង់ទទួលសួយដ៏សមគួរ (ដល់ត្រកូល និងប្រទេសរបស់ព្រះអង្គ) ខ្ញុំព្រះអង្គចង់បាននាងឥរន្ទតី សូមព្រះអង្គធ្វើខ្ញុំព្រះអង្គឲ្យមូលមិត្តជាមួយនឹងនាងឥរន្ទតីនោះ។ បពិត្រព្រះអង្គដ៏ប្រសើរ សូមព្រះអង្គទ្រង់ទទួលនូវសួយទាំងនោះ គឺដំរី ១០០ សេះ ១០០ រថទឹមដោយសេះអស្សតរ ១០០ និងរទេះដែលផ្ទុកពេញដោយរតនវត្ថុផ្សេងៗ ទាំងអស់ ១០០ សូមព្រះអង្គទ្រង់ព្រះរាជទានធីតាឈ្មោះនាងឥរន្ទតីឲ្យទាន។

[៧១] (ព្រះបាទវរុណ…) អ្នកចូររង់ចាំយើងប្រឹក្សានឹងពួកញាតិមិត្រ ឬសំឡាញ់ដ៏ស្និទ្ធស្នាលសិន អំពើដែលយើងធ្វើដោយមិនបានប្រឹក្សាណា អំពើនោះរមែងក្តៅក្រហាយក្នុងកាលខាងក្រោយ។

[៧២] លំដាប់នោះ វរុណនាគនោះ ចូលទៅកាន់លំនៅ ហើយប្រឹក្សានឹងភរិយា ហើយពោលពាក្យនេះថា បុណ្ណកយក្សនេះសូមនាងឥរន្ទតីនឹងយើង យើងនឹងឲ្យនាងឥរន្ទតីជាទីស្រឡាញ់របស់យើងដល់បុណ្ណកយក្សនោះ ដោយការបានវត្ថុជាទីត្រេកអរច្រើនជាថ្នូរ។

[៧៣] (នាងវិមលា…) បុណ្ណកយក្សមិនត្រូវបាននាងឥរន្ទតី ជាធីតារបស់យើងដោយទ្រព្យ មិនត្រូវបានដោយវត្ថុជាទីត្រេកអរទេ តែបើបុណ្ណកយក្សបានហ្ឫទ័យរបស់បណ្ឌិតដោយធម៌ ហើយនាំមកក្នុងពិភពនាគនេះ ទើបត្រូវបាននាងកុមារីដោយសារវត្ថុជាទីត្រេកអរនុ៎ះ យើងមិនចង់បានទ្រព្យដទៃតទៅទៀតទេ។

[៧៤] លំដាប់នោះ វរុណនាគនោះ ចេញអំពីលំនៅ ហៅបុណ្ណកយក្សមកនិយាយពាក្យនេះថា អ្នកមិនត្រូវបាននាងឥរន្ទតី ជាធីតារបស់យើងដោយទ្រព្យ មិនត្រូវបានដោយវត្ថុជាទីត្រេកអរ ជាថ្នូរទេ បើអ្នកបានហ្ឫទ័យរបស់បណ្ឌិតដោយធម៌ ហើយនាំមកក្នុងពិភពនាគនេះ ទើបអ្នកត្រូវបាននាងកុមារីដោយសារវត្ថុជាទីត្រេកអរនុ៎ះ យើងមិនចង់បានទ្រព្យដទៃតទៅទៀតទេ។

[៧៥] (បុណ្ណកយក្ស…) បពិត្រព្រះអង្គដ៏ប្រសើរ បុគ្គលពួកខ្លះក្នុងលោកនេះ ហៅមនុស្សណាថា ជាបណ្ឌិត បុគ្គលឯទៀតបែរជាហៅបុគ្គលនោះថា ជាពាលវិញ ពួកជនតែងជជែកគ្នាក្នុងរឿងនេះ សូមព្រះអង្គត្រាស់ប្រាប់ដល់ខ្ញុំព្រះអង្គឲ្យទាន បពិត្រនាគ ព្រះអង្គត្រាស់ហៅអ្នកណា ថាជាបណ្ឌិត។

[៧៦] (ព្រះបាទវរុណ…) អាមាត្រឈ្មោះវិធុរៈរបស់ធនញ្ជយកោរព្យរាជ អ្នកក៏ធ្លាប់បានឮហើយ បើអ្នកបានបណ្ឌិតនោះដោយធម៌ ហើយនាំមក នាងឥរន្ទតីចូរបានជាអ្នកបំរើជើងរបស់អ្នកចុះ។

[៧៧] ចំណែកបុណ្ណកយក្ស លុះបានស្តាប់ព្រះបន្ទូលរបស់វរុណនាគនេះហើយ ក៏ក្រោកឡើង ត្រេកអរក្រៃលែង ហើយសម្ងំនៅក្នុងទីនោះ បង្គាប់បុរស (អ្នកបំរើរបស់ខ្លួន) ថា អ្នកចូរនាំសេះអាជានេយ្យ ដែលបានសំរិតសំរាំង យកមកក្នុងទីនេះ។ ត្រចៀក (របស់សេះនោះ) ប្រដាប់ដោយមាស ក្រចកប្រដាប់ដោយកែវមណីមានពណ៌ក្រហម គ្រឿងបិទបាំងឰដ៏ទ្រូង ប្រដាប់ដោយមាសឆ្អិន ឈ្មោះជម្ពោនទ។

[៧៨] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សតាក់តែងខ្លួន កាត់កោរសក់ និងពុកមាត់ស្រេចហើយ ក៏ឡើងជិះសេះដែលជាយាន ដូចជាពាហនៈនៃទេវតា ហោះទៅឰដ៏អាកាសវេហា។ បុណ្ណកយក្សនោះ ជាប់ចំពាក់ដោយកាមរាគ ប្រាថ្នានាងឥរន្ទតី ជាកញ្ញានៃនាគ បានទៅក្រាបទូលព្រះបាទវេស្សវណកុវេរៈ ដ៏ទ្រង់យស ជាម្ចាស់ពួកយក្សនោះ ដូច្នេះថា មន្ទីរឈ្មោះភោគវតី គេហៅថា វាសៈ (ព្រោះជាលំនៅនៃស្តេចនាគ) គេហៅថា ហិរញ្ញវតី (ព្រោះជាទីដែលបិទបាំងដោយកំពែងប្រាក់) ជានគរសម្រេចអំពីមាស ដែលសាងសម្រេចដល់នាគ មានមណ្ឌលនៃភ្នេន។ ប៉មមានសណ្ឋានដូចកឱដ្ឋ ធ្វើអំពីកែវមណីក្រហម និងកែវមរកត ប្រាសាទក្នុងពិភពនាគធ្វើអំពីកែវមណី ប្រក់ដោយរតនៈ គឺមាស។ ដើមឈើទាំងឡាយ គឺដើមស្វាយ ដើមទ្រមួច ដើមព្រីង ដើមសត្តប័ណ្ណ (ឈើមានសន្លឹក ៧ ) ដើមរាំងអន្លក់ ដើមកេតក៍ ដើមបិយង្គុ ដើមរាជព្រឹក្ស ព្រមទាំងដើមបារិច្ឆត្តព្រឹក្ស ដើមឈើទាលខ្សាច់ (មានក្នុងពិភពនាគនោះ)។ ដើមចម្បា ដើមខ្ទឹង ម្លិះ នួនស្រី និងដើមក្របៅ មានក្នុងក្រុងពិភពនាគនោះ ដើមឈើទាំងនោះ ទន់ទោរ ល្អរុងរឿងក្នុងមន្ទីរនៃនាគ។ ព្រះបាទវរុណៈ ជាឱបបាតិកៈកំណើត មានឫទ្ធិច្រើន នៅក្នុងពិភពនាគណា ពួកដើមផ្អាវជាច្រើន ដ៏ហើយដោយកែវឥន្ទនីល មានផ្កាជានិច្ច ជាវិការៈនៃមាស ក្នុងពិភពនាគនោះ។ នាងវិមលាជាភរិយារបស់ព្រះបាទវរុណនាគនោះ ជាស្រីនៅក្មេង មានរាងកាយភ្លឺផ្លេកដូចមាស មានព្រះថនាដូចផ្លែស្តៅ គួរជាទីមើលដោយសេចក្តីពេញចិត្ត ឬដូចត្រួយវល្លិ៍ប្រេងខ្ចី។ នាងវិមលាមានសម្បុរថ្ងៃក្រហមដូចពណ៌ល័ខ ដូចផ្កាកណ្ណិការរីកក្នុងទីមិនមានខ្យល់ ឬដូចស្រីអប្សរ នៅក្នុងឋានត្រៃត្រិង្ស ឬក៏ដូចផ្លេកបន្ទោរដាលច្រវាត់ ចេញអំពីស្រទាប់ពពក។ នាងវិមលានោះ ជាស្រីមានចំណង់ប្លែកអស្ចារ្យក្រៃលែង ចង់បានហ្ឫទ័យនៃវិធុរបណ្ឌិត បពិត្រព្រះអង្គជាឥស្សរៈ ខ្ញុំនឹងឲ្យហ្ឫទ័យវិធុរបណ្ឌិតនោះ ដល់នាគទាំងឡាយនោះ នាគទាំងនោះ នឹងឲ្យនាងឥរន្ទតីដល់ខ្ញុំ ដោយហេតុនោះ។

[៧៩] បុណ្ណកយក្សនោះ ទូលលាព្រះបាទវេស្សវណកុវេរៈ ជាម្ចាស់នៃភូត ជាព្រះរាជាមានយស ហើយសម្ងំនៅក្នុងទីនោះ បង្គាប់បុរស (អ្នកបំរើខ្លួន) ថា អ្នកចូរនាំសេះអាជានេយ្យ ដែលបានស្អិតស្អាង យកមកក្នុងទីនេះ។ ត្រចៀក (របស់សេះនោះ) ប្រដាប់ដោយមាស ក្រចកសេះប្រដាប់ដោយកែវមណី មានពណ៌ក្រហម គ្រឿងបិទបាំងឰដ៏ទ្រូង ប្រដាប់ដោយមាសឆ្អិន ឈ្មោះថាជម្ពោនទ បុណ្ណកយក្ស តាក់តែងខ្លួន កាត់កោរសក់ និងពុកមាត់ស្រេចហើយ ក៏ឡើងជិះសេះ ដែលជាយាន ដូចជាពាហនៈនៃទេវតា ហោះទៅឰដ៏អាកាសវេហា។

[៨០] បុណ្ណកយក្សនោះ បានទៅកាន់នគររាជគ្រឹះ ជាទីរីករាយដ៏ក្រៃលែង ជាក្រុងរបស់ព្រះបាទអង្គរាជ ដែលសត្រូវចូលមកបានដោយក្រ ជាក្រុងមានភក្សាហារច្រើន មានបាយ និងទឹកច្រើន ដូចជាភពឈ្មោះមសក្កសារៈរបស់វាសវៈ។ នគរនោះ គឹកកង ដោយហ្វូងនៃក្ងោក និងក្រៀល គឹកកងដោយសត្វស្លាប ដែលពួកសត្វស្លាបអាស្រ័យនៅ មានសូរសំឡេងនៃពួកបក្សីផ្សេងៗ មានព្រះលានដ៏ល្អ ដេរដាសដោយផ្កា ដូចជាភ្នំហិមវន្ត។ បុណ្ណកយក្សនោះ ឡើងទៅកាន់ភ្នំឈ្មោះវេបុលៈ ជាទីអាស្រ័យនៅនៃពួកកិន្នរ ហើយស្វែងរកកែវមណីដ៏ប្រសើរ បានឃើញកែវមណីនោះ ត្រង់កណ្តាលកំពូលភ្នំ។

[៨១] បុណ្ណកយក្សឃើញកែវមណី មានជាតិ (ផ្សេងៗ) ជាទីផ្សាយចេញនៃរស្មីរុងរឿង ជាកែវមណីដ៏ប្រសើរ អាចនាំមកនូវទ្រព្យ ជាកែវរុងរឿង ជាកែវមានយសជាងយស ភ្លឺរុងរឿងដូចផ្លេកបន្ទោរឰដ៏អាកាស ក៏បានកាន់យកកែវមណីឈ្មោះមនោហរៈនោះ ជាកែវពៃទូរ្យ មានដំឡៃច្រើន មានអានុភាពច្រើន ជាអ្នកមានភេទមិនថោកទាប ឡើងជិះសេះអាជានេយ្យ ហោះទៅឰដ៏អាកាសវេហា។

[៨២] បុណ្ណកយក្សនោះ បានទៅកាន់ក្រុងឥន្ទបត្ត ចុះ (អំពីសេះ) ហើយចូលទៅកាន់ទីប្រជុំនៃអ្នកដែនកុរុ មិនកោតញញើតព្រះរាជា ១០១ អង្គ ដែលព្រមព្រៀងគ្នាមកប្រជុំ (នៅទីនោះ) បបួលថា បណ្តាពួកព្រះរាជាក្នុងរាជសមាគមនេះ ព្រះរាជាអង្គណាឈ្នះយើង (ត្រូវយក) កែវដ៏ប្រសើរ (របស់យើង) បើយើងឈ្នះព្រះរាជាអង្គណាវិញ (ត្រូវយក) ទ្រព្យដ៏ប្រសើរ ឬយើងឈ្នះព្រះរាជាអង្គណា (នឹងយក) កែវដ៏ប្រសើរថ្លៃថ្លាក៏បាន ចំណែកព្រះរាជាអង្គណាឈ្នះយើងវិញ (នឹងយក) ទ្រព្យដ៏ប្រសើរក៏បាន។

[៨៣] (ព្រះបាទកោរព្យៈ…) ជាតិភូមិរបស់អ្នក នៅក្នុងដែនណា ពាក្យរបស់អ្នកនេះ មិនមែនជាពាក្យរបស់អ្នកដែនកុរុទេ អ្នកមានវាចាអង់អាច មិនកោតខ្លាចយើងទាំងអស់គ្នា អ្នកចូរប្រាប់ឈ្មោះ និងផៅពង្សដល់យើង។

[៨៤] (បុណ្ណកយក្ស…) បពិត្រព្រះរាជា ខ្ញុំជាមាណពកច្ចាយនគោត្រ ពួកញាតិ និងផៅពង្សរបស់ខ្ញុំក្នុង (កាលចម្បាកនគរ) ដែនអង្គៈ តែងហៅខ្ញុំថា មាណពមានឈ្មោះមិនថោកទាប បពិត្រព្រះសម្មតិទេព ខ្ញុំមកក្នុងទីនេះ ដើម្បីលេងល្បែងភ្នាល់។

[៨៥] (ព្រះបាទកោរព្យៈ…) អ្នកលេងល្បែងភ្នាល់ កាលបើឈ្នះ អ្នកគប្បីយកកែវទាំងឡាយណា កែវទាំងនោះ របស់មាណពឯង មានដែរឬ ឯកែវរបស់ព្រះរាជា មានចំនួនច្រើន អ្នកជាមនុស្សទាល់ក្រ នឹងបបួលព្រះរាជាទាំងនោះ ដូចម្តេចបាន។

[៨៦] (បុណ្ណកយក្ស…) ឯកែវមណីរបស់ខ្ញុំនេះ អាចនាំមកនូវទ្រព្យបាន អ្នកលេងល្បែងភ្នាល់ បើលេងឈ្នះខ្ញុំហើយ គប្បីយកកែវមណីដ៏ប្រសើរ ជាកែវអាចនាំមកនូវទ្រព្យនេះ ១ និងសេះអាជានេយ្យ អាចបង្រ្កាបសត្រូវនេះ ១ របស់ខ្ញុំចុះ។

[៨៧] (ព្រះបាទកោរព្យៈ…) ម្នាលមាណព កែវមណីមួយ នឹងធ្វើអ្វីបាន ទាំងសេះអាជានេយ្យ ១ នឹងធ្វើអ្វីបាន (ព្រោះ) កែវទាំងឡាយរបស់ព្រះរាជា មានចំនួនច្រើន សេះអាជានេយ្យរបស់ព្រះរាជា មានសន្ទុះដូចខ្យល់ ក៏មានចំនួនមិនតិចទេ។

ចប់ ទោហឡកណ្ឌ។

មណិកណ្ឌ

(មណិកណ្ឌំ)

[៨៨] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ទតកែវមណីរបស់ខ្ញុំនេះចុះ ក្នុងកែវមណីនេះ មានរាងកាយរបស់ស្រ្តី មានរាងកាយរបស់បុរស។ មានរាងកាយរបស់ម្រឹគ មានរាងកាយរបស់បក្សី ប្រាកដក្នុងកែវមណីនេះ សូមព្រះអង្គទ្រង់ទតនាគរាជ និងគ្រុឌ ជារូបនិម្មិតក្នុងកែវមណី។

[៨៩] សូមព្រះអង្គទ្រង់ទត សេនាមានអង្គ ៤ គឺពលដំរី ១ ពលរថ ១ ពលសេះ ១ ពលថ្មើរជើងមានគ្រឿងគ្រោះ ១ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពលដំរី និងពួកសេនា ពលរថ និងពលថ្មើរជើង គឺពួកពលដែលរៀបជាព្យុហៈ ជារូបនិម្មិតក្នុងកែវមណី។

[៩០] សូមព្រះអង្គទ្រង់ទត នគរដ៏បរិបូណ៌ដោយប៉ម មានកំពែង និងក្លោងទ្វារដ៏ច្រើនជាន់ មានផ្លូវបែកជា ៤ និងផែនដីដ៏ល្អ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតសសរខឿន គូ រនុកទ្វារ គន្លឹះទ្វារ ប៉ម និងទ្វារប៉ម ជារូបនិម្មិតក្នុងកែវមណី។

[៩១] សូមព្រះអង្គទ្រង់ទតពួកបក្សីផ្សេងៗជាច្រើន ទៀបក្លោងទ្វារ និងផ្លូវ គឺហ្វូងហង្ស ក្រៀល ក្ងោក ចាក្រពាក អក សូមព្រះអង្គទ្រង់ទតទីក្រុងដ៏ដេរដាសដោយបក្សីផ្សេងៗ គឺតាវ៉ៅខ្មៅ តាវ៉ៅពព្រុស ក្ងោក និងប៉ោលតោកជាច្រើន ជារូបនិម្មិត ក្នុងកែវមណី។

[៩២] សូមព្រះអង្គទ្រង់ទតទីក្រុងមានកំពែងល្អអស្ចារ្យចំឡែកគួរព្រឺរោម មានទង់ជ័យលើកឡើង ក្រាលដោយដីខ្សាច់ដែលមានសម្បុរដូចមាស គួរជាទីរីករាយ។ សូមព្រះអង្គទ្រង់ទតរានផ្សាដ៏បរិបូណ៌ដោយទំនិញ ដែលគេចែកជាជួរ ជាសង្កាត់តាមចំណែក មានផ្ទះ និងទីផ្ទះ តំណនៃផ្ទះ ច្រកទាល់ និងផ្លូវទាំងឡាយ។

[៩៣] សូមព្រះអង្គទ្រង់ទតរោងសុរា អ្នកលេងសុរា អ្នកគ្រួ ផ្ទះបាយ ពួកឈ្មួញ និងពួកស្រីពេស្យា ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកធ្វើផ្កាកម្រង ជាងជ្រលក់ អ្នកធ្វើគ្រឿងក្រអូប អ្នកត្បាញសំពត់ ជាងមាស និងជាងកែវមណី ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកធ្វើសំឡ ជនធ្វើបាយ អ្នករបាំ នាយរបាំ អ្នកច្រៀង អ្នកច្រៀងទះដៃ និងអ្នកវាយស្គរ ជារូបនិម្មិតក្នុងកែវមណី។

[៩៤] សូមព្រះអង្គទ្រង់ទតស្គរ សំម្ភោរ ស័ង្ខ ខ្លុយ ស្គរជ័យ និងគ្រឿងភ្លេងទាំងអស់ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទត ក្រាប់ ឈឹង ពិណ របាំ ចម្រៀង ប្រគំ ដែលគឹកកងដោយតូរ្យតន្រ្តីដ៏រងំ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកជនអ្នកលោត អ្នកប្រដាល់ អ្នកធ្វើខាងកលមាយា និងស្រី ប្រុសដ៏ល្អ ក្នុងកែវមណីនេះ ទាំងពួកអ្នកដាស់តឿនគេ និងអ្នកកាត់កោរសក់ ជារូបនិម្មិតក្នុងកែវមណី។

[៩៥] ម្ហោស្រពទាំងឡាយ ដ៏មីរដេរដាស ដោយបុរស និងស្រ្តី ក៏មានក្នុងកែវមណីនេះ សូមព្រះអង្គទ្រង់ទតគ្រែតូច និងគ្រែធំ និងទី (នៃម្ហោស្រព) ជារូបនិម្មិត ក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទត ពួកអ្នកចំបាប់ ដែលច្របាប់គ្នាដោយដៃទាំងពីរ ក្នុងទីម្ហោស្រព សូមព្រះអង្គទ្រង់ទតពួកអ្នកឈ្នះ និងអ្នកចាញ់ ជារូបនិម្មិតក្នុងកែវមណី។

[៩៦] សូមព្រះអង្គទ្រង់ទតពួកម្រឹគផ្សេងៗ ជាច្រើនទៀបជើងភ្នំ គឺរាជសីហ៍ ខ្លាធំ ជ្រូកព្រៃ ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន។ សត្វរមាស គោ ក្របី រមាំង ប្រើស ទ្រាយ សរភម្រឹគ ក្តាន់ ជ្រូកស្រុក។ ឈ្លូស ពួកមិត្រម្រឹគជាច្រើន ខ្លាត្រី ទន្សាយ និងកង្ហែន សូមព្រះអង្គទ្រង់ទតជើងភ្នំដ៏ដេរដាសដោយពួកម្រឹគផេ្សងៗ ជារូបនិម្មិតក្នុងកែវមណី។

[៩៧] ស្ទឹងទាំងឡាយ មានកំពង់រាបទាបល្អ ដែលក្រាលដោយខ្សាច់មាស មានទឹកថ្លា មានពួកត្រីអាស្រ័យតែងហូរទៅ។ ពួកឆ្លាម មករ ក្រពើ អណ្តើក ត្រីស្លាត ត្រីសណ្តាយ ត្រីឆ្តោ ត្រីឆ្ពិន មានក្នុងកែវមណីនេះ។ សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីដែលធ្វើដោយផែនថ្ម ជាវិការៈនៃកែវពៃទូរ្យ ដ៏ដេរដាសដោយពួកសត្វស្លាបផ្សេងៗ មានពួកឈើផ្សេងៗជាជួរ ជារូបនិម្មិតក្នុងកែវមណី។

[៩៨] សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីក្នុងកែវមណីនេះ ដែលចាត់ចែងដោយល្អទាំង ៤ ទិស ដ៏ដេរដាសដោយពួកសត្វស្លាបផ្សេងៗ ដែលត្រីធំអាស្រ័យនៅ សូមព្រះអង្គទ្រង់ទតផែនដីដ៏បរិបូណ៌ដោយទឹកព័ទ្ធជុំវិញ ជាកុណ្ឌលនៃសាគរ ប្រកបដោយជួរដងព្រៃទាំងឡាយ ជារូបនិម្មិតក្នុងកែវមណី។

[៩៩] សូមព្រះអង្គទ្រង់ទតមើលទ្វីបទាំង ៤ គឺបុព្វវិទេហទ្វីប ខាងកើត អបរគោយានទ្វីប ខាងលិច ឧត្តរកុរុទ្វីប និងជម្ពូទ្វីប ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតព្រះចន្ទ និងព្រះអាទិត្យ កំពុងបំភ្លឺទិសទាំង ៤ សូមព្រះអង្គទ្រង់ទត (ព្រះចន្ទ និងព្រះអាទិត្យនោះ) កំពុងដើរក្រឡឹងភ្នំសិនេរុ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតភ្នំសិនេរុ ភ្នំហិមពាន្ត សមុទ្ទសាគរ ដែលមានឫទ្ធិច្រើន និងមហារាជទាំង ៤ អង្គ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតសួនច្បារ ព្រៃ គុម្ពឈើ ខ្នងថ្មភ្នំ ហាក់ដូចជាគេក្រាលដំកល់ទុកដ៏ដេរដាសដោយពួកកិន្នរ គួរជាទីរីករាយ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតបារុសកវ័ន ចិត្តលតាវ័ន មិស្សកវ័ន នន្ទនវ័ន និងវេជយន្តប្រាសាទ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតសុធម្មសភា ឋានតាវត្តិង្ស ដើមបារិច្ឆត្តព្រឹក្ស មានផ្ការីក ស្តេចដំរីឈ្មោះឯរាវ័ណ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកស្រីទេពកញ្ញា ដែលភ្លឺផ្លេក ដូចជាផ្លេកបន្ទោរចេញចាកពពក កំពុងត្រាច់ទៅក្នុងនន្ទនវ័ន ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតពួកទេពកញ្ញាប្រលោមទេវបុត្រ និងពួកទេវបុត្រកំពុងរីករាយក្នុងនន្ទនវ័ន ជារូបនិម្មិតក្នុងកែវមណី។

[១០០] សូមព្រះអង្គទ្រង់ទតប្រាសាទច្រើនជាងពាន់ ដែលក្រាលដោយផែនក្តារកែវពៃទូរ្យ មានសម្បុររុងរឿង ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតឋានតាវត្តិង្ស យាមា តុសិត និម្មានរតី បរនិម្មិតវសវត្តី ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណី ក្នុងជាន់នោះៗ មានទឹកថ្លាស្អាត ដ៏ដេរដាសដោយផ្កាចង្កុលណី ផ្កាឈូក និងផ្កាឧប្បលក្នុងឋានសួគ៌នុ៎ះ។

[១០១] ក្នុងកែវមណីនេះ មានឆ្នូតស ១០ ឆ្នូតក្រហម ៦ និង ១៥ (ជា៣១) ឆ្នូតលឿង ១៤ គួរជាទីរមិលមើល ជាទីរីករាយនៃចិត្ត។ ឆ្នូតមាស ២០ ឆ្នូតប្រាក់ ២០ ឆ្នូតមានពន្លឺ ដូចជាពណ៌នៃអណ្តើកមាស ៣០ ប្រាកដនៅក្នុងកែវមណីនេះ។ ឆ្នូតខ្មៅ ១៦ ឆ្នូតហង្សបាទ ២៥ ឆ្នូតលាយដោយផ្កាច្បា វិចិត្រដោយផ្កាឧប្បលខៀវ មានក្នុងកែវមណីនេះ។ បពិត្រមហារាជប្រសើរជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ទត (កែវមណី) មានរស្មីជាទីផ្សាយចេញនៃពន្លឺ ដ៏ប្រកបដោយអង្គទាំងពួងយ៉ាងនេះ (អ្នកណាលេងឈ្នះខ្ញុំ) ចំណែកនៃសួយ (ចូរបានទៅអ្នកនោះចុះ)។

ចប់ មណិកណ្ឌ។

អក្ខកណ្ឌ

(អក្ខកណ្ឌំ)

[១០២] (បុណ្ណកយក្ស…) បពិត្រព្រះរាជា (ការរៀបចំរោងល្បែង) សម្រេចហើយ សូមព្រះអង្គ ស្តេចចូលមកកាន់ទីជាទីក្រសាលល្បែង កែវមណីប្រាកដដូច្នេះ របស់ព្រះអង្គ មិនមានទេ យើងគប្បីឈ្នះគ្នាដោយធម៌ មិនបាច់កំហែងទេ មួយទៀត ព្រះអង្គបើខ្ញុំឈ្នះហើយ សូមសងឲ្យឆាប់។

[១០៣] បពិត្រព្រះបាទបញ្ចាលដ៏ល្បីល្បាញ សូមព្រះបាទសុរសេន ព្រះបាទមច្ឆៈ ព្រះបាទមទ្ទៈ ព្រមទាំងព្រះបាទកេកកៈទាំងនោះ ទ្រង់ទតចម្បាំងល្បែង ដោយការមិនអួតអាងរបស់យើងចុះ ក្សត្រទាំងឡាយសុទ្ធតែធ្វើ (ជាសាក្សី) របស់យើងក្នុងរោង។

[១០៤] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់អ្នកដែនកុរុ និងបុណ្ណកយក្សនោះ ជាអ្នកស្រវឹងជ្រុលជ្រប់ក្នុងល្បែងភ្នាល់ ចូលមក (កាន់រោងល្បែង) ព្រះរាជាជ្រើសយកកូនបាសកា ជាទោស (ខាងចាញ់) បុណ្ណកយក្ស ចាប់យកកូនបាសកាខាងឈ្នះ ជនទាំងពីរនោះ បានលេងបាសការួមគ្នា ក្នុងរោងបាសកានោះហើយ បុណ្ណកយក្សឈ្នះព្រះរាជា មានព្យាយាមប្រសើរជាងនរៈ ក្នុងសំណាក់នៃពួកព្រះរាជា ក្នុងកណ្តាលនៃពួកសាក្សី សំឡេងគឺកកង សំឡេងហ៊ោកញ្រ្ជៀវ ក៏កើតមានក្នុងទីនោះ។

[១០៥] (បុណ្ណកយក្ស…) បពិត្រមហារាជ បណ្តាពួកយើង ដែលខំប្រឹងព្យាយាម ការឈ្នះ និងការចាញ់ គង់មានដល់អ្នកណាមួយ បពិត្រព្រះអង្គជាធំជាងជន ឥឡូវនេះ ខ្ញុំព្រះអង្គឈ្នះហើយ (ត្រូវយក) ទ្រព្យដ៏ប្រសើរ ព្រះអង្គដែលខ្ញុំឈ្នះហើយ សូមសងឲ្យឆាប់។

[១០៦] (ព្រះបាទកោរព្យៈ…) ម្នាលមាណពកច្ចាយនគោត្រ ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណាមួយរបស់ខ្ញុំលើផែនដី បណ្តាទ្រព្យទាំង (នោះ) អ្នកចូរយកទ្រព្យណាដែលប្រសើរនោះចុះ អ្នកចូរកាន់យកទៅតាមសេចក្តីពេញចិត្តចុះ។

[១០៧] (បុណ្ណកយក្ស…) ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណាមួយរបស់ព្រះអង្គលើផែនដី វិធុរបណ្ឌិតអាមាត្យ ទុកជាទ្រព្យប្រសើរជាងទ្រព្យទាំងនោះ ព្រះអង្គដែលខ្ញុំឈ្នះហើយ សូមព្រះរាជទានវិធុរបណ្ឌិតនោះមកខ្ញុំ។

[១០៨] (ព្រះបាទកោរព្យៈ…) វិធុរបណ្ឌិតនោះ ទុកដូចជាខ្លួនខ្ញុំ ទាំងជាទីពឹង ជាគតិ ជាប្រទីប ជាទីពំនាក់ ជាទីបង្អែករបស់ខ្ញុំ វិធុរបណ្ឌិតនោះ គេមិនគប្បីប្រៀបផ្ទឹមដោយទ្រព្យរបស់ខ្ញុំបានទេ វិធុរបណ្ឌិតនោះ ជាអាមាត្យ ប្រាកដស្មើដោយជីវិតរបស់ខ្ញុំ។

[១០៩] (បុណ្ណកយក្ស…) ការវិវាទរបស់ខ្ញុំនឹងព្រះអង្គ នាំឲ្យយូរទេ យើងត្រូវទៅសួរសេចក្តីពិតនឹងវិធុរបណ្ឌិតនោះវិញ សូមឲ្យវិធុរបណ្ឌិតនោះ ញែកសេចក្តីនុ៎ះដល់យើង បើវិធុរបណ្ឌិតពោលពាក្យណា ពាក្យ (នោះ) ចូរសម្រេចដល់យើងទាំងពីរនាក់ចុះ។

[១១០] (ព្រះបាទកោរព្យៈ…) ម្នាលមាណព អ្នកនិយាយនេះ ទៀងទាត់ពិតហើយ មិនមែននិយាយទាំងគម្រាមទេ យើងនឹងទៅសួរវិធុរបណ្ឌិតនោះចុះ យើងទាំង ២ នាក់នឹងត្រេកអរតាមវិធុរបណ្ឌិតនោះ។

[១១១] (បុណ្ណកយក្ស…) ពួកទេព្តាសរសើរអ្នកឈ្មោះវិធុរៈ ថាជាអាមាត្យ ឋិតនៅក្នុងធម៌របស់អ្នកដែនកុរុ ពិតមែនឬ អ្នកជាទាសៈ ឬជាញាតិរបស់ព្រះរាជា ការរាប់ (អ្នក) ថាវិធុរៈ តើអ្នកជាអ្វីក្នុងលោក។

[១១២] (វិធុរបណ្ឌិត…) បុគ្គលពួកខ្លះជាទាសៈ កើតក្នុងផ្ទៃខ្ញុំស្រី ពួកខ្លះជាទាសៈគេលោះដោយទ្រព្យ ពួកខ្លះជាទាសៈចូលទៅនៅខ្លួនឯង ពួកខ្លះបោះបង់ (ទីលំនៅ) ព្រោះភ័យ ទៅនៅជាទាសៈគេ ទាសៈរបស់ជនទាំងឡាយ មាន ៤ ពួកនេះឯង។ ឯយើងពិតជាទាសៈកើតអំពីកំណើត ព្រះរាជាមានសេចក្តីចំរើនក្តី ព្រះរាជាមានសេចក្តីមិនចំរើនក្តី (យើងមិនអាចនឹងពោលកុហកបានទេ) យើងបើទុកជាទៅកាន់ទីដទៃ ក៏គង់នៅជាទាសៈរបស់ព្រះសម្មតិទេព ម្នាលមាណព ព្រះរាជាគួរប្រទានយើងដល់អ្នកដោយធម៌។

[១១៣] (បុណ្ណកយក្ស…) នេះឯងជាជ័យជំនះទី ២ របស់ខ្ញុំក្នុងថ្ងៃនេះ ព្រោះថា (វិធុរៈ) អាមាត្យ ដែលខ្ញុំសួរហើយ ក៏ញែកប្រស្នាហើយ ឱហ្ន៎! ព្រះរាជាដ៏ប្រសើរ មិនតាំងនៅក្នុងធម៌ ទ្រង់មិនអនុញ្ញាតឲ្យនូវវិធុរបណ្ឌិត ជាអ្នកពោលពាក្យពីរោះដល់ខ្ញុំ។

[១១៤] (ព្រះបាទកោរព្យៈ…) បើវិធុរបណ្ឌិតនោះ ញែកប្រស្នាដល់យើងយ៉ាងនេះថា ខ្ញុំជាទាសៈ មិនមែនជាញាតិទេ ម្នាលកច្ចានៈ អ្នកចូរយកវិធុរបណ្ឌិតជាទ្រព្យដ៏ប្រសើរជាងទ្រព្យទាំងឡាយចុះ អ្នកចូរយកទៅតាមពេញចិត្តចុះ។

ចប់ អក្ខកណ្ឌ។

ឃរាវាសប្បញ្ហា

(ឃរាវាសបញ្ហា)

[១១៥] (ព្រះបាទកោរព្យ…) ម្នាលវិធុរៈ កាលបុគ្គលជាគ្រហស្ថ នៅគ្រប់គ្រងផ្ទះរបស់ខ្លួន តើគួរមានការប្រព្រឹត្តិដ៏ក្សេមក្សាន្ត ដោយប្រការដូចម្តេច គួរមានការសង្រ្គោះ ដោយប្រការដូចម្តេចហ្ន៎។ គួរមានការមិនមានទុក្ខ ដោយប្រការដូចម្តេច មាណពឈ្មោះថា ពោលពាក្យពិត តើដោយប្រការដូចម្តេច បុគ្គលជាគ្រហស្ថ ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ លុះទៅកាន់លោកខាងមុខហើយ រមែងមិនសោកស្តាយ តើដោយប្រការដូចម្តេច។

[១១៦] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតអ្នកមានញាណគតិ មានព្យាយាម មានប្រាជ្ញាយល់អត្ថ យល់ធម៌ទាំងពួង បានឆ្លើយប្រស្នានុ៎ះ នឹងព្រះរាជានោះ ក្នុងរោងធម្មសភានោះថា គ្រហស្ថមិនគប្បីជាអ្នកមានប្រពន្ធសាធារណៈ មិនគួរបរិភោគអាហារមានរសឆ្ងាញ់តែម្នាក់ឯង មិនគួរគប់រករឿងផ្តេសផ្តាស ដែលទាក់ទងនឹងលោក (ព្រោះ) រឿងបែបនុ៎ះ មិនមែនជាគ្រឿងចំរើនប្រាជ្ញាទេ។ គ្រហស្ថ គួរជាអ្នកមានសីល បរិបូណ៌ដោយវត្ត មិនប្រហែស មានប្រាជ្ញាវាងវៃ ជាអ្នកប្រព្រឹត្តឱនលំទោន មិនរឹងត្អឹង ជាអ្នកស្លូតបូត មានពាក្យទន់ពីរោះ មានអាការដ៏ទន់ភ្លន់។ ជាអ្នកសង្រ្គោះមិត្រទាំងឡាយ ជាអ្នកចែករលែកទាន មានការចាត់ចែងដ៏ល្អ ញ៉ាំងសមណព្រាហ្មណ៍ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងកាលទាំងពួង។ ជាអ្នកប្រាថ្នាសុចរិតធម៌ ទ្រទ្រង់ការចេះដឹង ជាអ្នកសាកសួរ ឧស្សាហ៍ចូលទៅរកអ្នកមានសីល ជាពហុស្សូត ដោយគោរព។ កាលបុគ្គលជាគ្រហស្ថនៅគ្រប់គ្រងផ្ទះរបស់ខ្លួន គួរមានការប្រព្រឹត្តិដ៏ក្សេមក្សាន្តយ៉ាងនេះ គួរមានការសង្រ្គោះយ៉ាងនេះ។ គ្រហស្ថគួរជាអ្នកមិនមានទុក្ខយ៉ាងនេះ មាណពឈ្មោះថា ពោលពាក្យពិតយ៉ាងនេះ គ្រហស្ថចេញចាកលោកនេះ ទៅកាន់លោកខាងមុខ លុះទៅកាន់លោកខាងមុខហើយ រមែងមិនសោកស្តាយយ៉ាងនេះ។

ចប់ ឃរាវាសប្បញ្ហា។

លក្ខកណ្ឌ

(លក្ខណកណ្ឌំ)

[១១៧] (បុណ្ណកយក្ស…) លោកចូរមក យើងនឹងទៅឥឡូវនេះ លោក (ដែលព្រះបាទធនញ្ជ័យ) ជាឥស្សរៈ បានព្រះរាជទានដល់ខ្ញុំហើយ ចូរប្រតិបត្តិឲ្យជាប្រយោជន៍ដល់ខ្ញុំ នេះជាទំនៀមរបស់អ្នកប្រាជ្ញក្នុងកាលមុន។

[១១៨] (វិធុរបណ្ឌិត…) ម្នាលមាណព ខ្ញុំដឹងថា ខ្លួនខ្ញុំនៅក្នុងកណ្តាប់ដៃអ្នកហើយ (ព្រោះ) ខ្ញុំត្រូវព្រះបាទធនញ្ជ័យជាឥស្សរៈ ព្រះរាជទានដល់អ្នកហើយ តែយើងសូមឲ្យអ្នកនៅក្នុងផ្ទះយើងអស់ ៣ ថ្ងៃ ទំរាំយើងប្រៀនប្រដៅកូន និងប្រពន្ធសិន។

[១១៩] (បុណ្ណកយក្ស…) លោកពោលពាក្យណា ពាក្យនោះចូរមានដល់ខ្ញុំ ដោយប្រការដូច្នោះ យើងគប្បីនៅអស់ ៣ ថ្ងៃ លោកដ៏ចំរើន ចូរធ្វើកិច្ចក្នុងផ្ទះ (របស់លោក) ក្នុងថ្ងៃនេះចុះ លោកដ៏ចំរើន ចូរប្រៀនប្រដៅបុត្រ និងភរិយា ក្នុងថ្ងៃនេះចុះ កាលបើលោកចេញទៅ (បុត្រ និងភរិយារបស់លោក) បានសេចក្តីសុខយ៉ាងណា (សូមប្រៀនប្រដៅយ៉ាងនោះ)។

[១២០] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្ស មានភោគៈជាគ្រឿងប្រាថ្នាច្រើន បានពោលថា សាធុ ដូច្នេះ ក៏ចៀសចេញទៅជាមួយនឹងវិធុរបណ្ឌិត ឯវិធុរបណ្ឌិត ជាបុគ្គលប្រសើរថ្លៃថ្លា ចូលទៅកាន់ខាងក្នុងបុរីនោះ ដែលបរិបូណ៌ដោយដំរី និងសេះអាជានេយ្យ។

[១២១] បណ្តាប្រាសាទទាំងនោះ គឺកោញ្ចប្រាសាទ មយូរប្រាសាទ បិយកេតប្រាសាទ ព្រះមហាសត្វ (នាំបុណ្ណកយក្ស) ចូលទៅកាន់ប្រាសាទជាទីរីករាយក្រៃលែង ជាប្រាសាទមានភក្សាហារច្រើន មានបាយ និងទឹកច្រើន ដូចជា (ភព) មសក្កសារៈនៃព្រះវាសវៈ។

[១២២] នាងនារីទាំងឡាយ តាក់តែងខ្លួនដ៏សមរម្យល្អ រាំច្រៀង ហៅរកដ៏ប្រសើរក្រៃលែង ក្នុងប្រាសាទនោះ ដូចស្រីអប្សរក្នុងទេវលោក។ ព្រះមហាសត្វ អ្នករក្សាធម៌ ធ្វើបុណ្ណកយក្សឲ្យបរិបូណ៌ដោយពួកនារីជាទីរីករាយផង ដោយបាយ និងទឹកផង ហើយជ្រើសរើសតែសេចក្តីយ៉ាងសំខាន់ ទើបចូលទៅក្នុងសំណាក់ភរិយាក្នុងកាលនោះ។ មហាសត្វនិយាយនឹងភរិយា ដែលមានខ្លួនប្រោះព្រំដោយទឹកក្រអូបនៃខ្លឹមចន្ទន៍ មានសម្បុរប្រាកដស្មើដោយឆ្តោរនៃមាសជម្ពូនទថា ម្នាលនាងដ៏ចំរើនមានភ្នែកក្រហម នាងចូរមក ចូរស្តាប់ខ្ញុំ ចូរហៅបុត្រ និងធីតាមក។ នាងអនោជាបានស្តាប់ពាក្យរបស់ប្តីហើយ ក៏និយាយនឹងកូនប្រសាស្រី មានក្រចកក្រហម មានភ្នែកល្អថា ម្នាលនាងមានសម្បុរដូចផ្ការាជព្រឹក្ស នាងចូរហៅបុត្រ និងធីតា ដែលទ្រទ្រង់ប្រដាប់ទាំងនោះមក។

[១២៣] ព្រះមហាសត្វ ជាអ្នករក្សាធម៌ ឥតមានញាប់ញ័រនឹងកូនទាំងឡាយ ថើបក្បាលកូនទាំងឡាយនោះ ដែលមកដល់ហើយ ហៅមកនិយាយពាក្យថា អញត្រូវព្រះរាជា ក្នុងក្រុងឥន្ទបត្តនេះ ប្រទានដល់មាណពហើយ។ ថ្ងៃនេះអញមានសេចក្តីសុខក្នុងខ្លួនទេ (តអំពី ៣ ថ្ងៃទៅ) អញនឹងជាអ្នកបំរើមាណពនោះ មាណពនោះ នាំអញទៅតាមសេចក្តីត្រូវការ ចំណែកខាងអញដែលមកនេះ ដើម្បីប្រៀនប្រដៅអ្នកទាំងឡាយ (ព្រោះថា) អញនឹងទៅដោយមិនបានការពារ (មុន) ដូចម្តេចបាន។ បើព្រះរាជានៅក្នុងដែនកុរុ ជាអ្នកភ្ជាប់មិត្តជន មានភោគៈជាទីប្រាថ្នាច្រើន សួរកូនឯងទាំងឡាយថា អ្នកទាំងឡាយ ដឹងច្បាស់នូវដំណើរបូរាណក្នុងកាលមុនដែរឬ បិតារបស់អ្នកទាំងឡាយបានប្រៀនប្រដៅក្នុងកាលមុនដូចម្តេចខ្លះ មួយទៀត ពួកអ្នកទាំងអស់គ្នា ចូរមានអាសនៈស្មើនឹងយើងចុះ (ព្រោះ) ក្នុងរាជត្រកូលនេះ រកមនុស្សណារបស់ព្រះរាជា ជាអ្នកខ្ពង់ខ្ពស់ (ឲ្យស្មើនឹងពួកអ្នក) មិនមានទេ ពួកកូនឯងគប្បីធ្វើអញ្ជលី ទូលព្រះរាជាយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំត្រាស់យ៉ាងនេះ ព្រោះថា នេះមិនមែនជាបវេណីធម៌ទេ បពិត្រព្រះសម្មតិទេព សត្វចចកមានជាតិថោកទាប គប្បីមានអាសនៈស្មើនឹងកេសរសីហៈ ដូចម្តេចបាន។

ចប់ លក្ខកណ្ឌ។

រាជវសតីកណ្ឌ

(រាជវសតិ)

[១២៤] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតនោះ មានសេចក្តីត្រិះរិះដោយចិត្តមិនរួញរា បានពោលពាក្យនេះនឹងបុត្រ អាមាត្យ ញាតិ សំឡាញ់ថា ម្នាលកូនសំឡាញ់ទាំងឡាយ ចូរអ្នកទាំងឡាយមកអង្គុយស្តាប់រាជវសតិធម៌ (ច្បាប់សម្រាប់នៅក្នុងរាជត្រកូល) របស់អញ ដែលជាច្បាប់សម្រាប់បុរសចូលទៅកាន់រាជត្រកូល រមែងបាននូវយស។

[១២៥] រាជសេវកៈ ដែលចូលទាំកាន់រាជត្រកូល (មានគុណសម្បត្តិ) មិនប្រាកដ រមែងមិនបានយសទេ រាជសេវកៈមិនត្រូវជាអ្នកក្លៀវក្លាពេក មិនត្រូវជាអ្នកខ្លាចពេក មិនត្រូវធ្វេសប្រហែសក្នុងកាលណាឡើយ។ ព្រះរាជាជ្រាបច្បាស់នូវអាចារសម្បត្តិ និងសេចក្តីចេះដឹង ព្រមទាំងសេចក្តីស្អាតរបស់រាជសេវកៈនោះក្នុងកាលណា ព្រះរាជាក៏រមែងស្និទ្ធស្នាលចំពោះរាជសេវកៈនោះ ក្នុងកាលណោះ ទាំងមិនលាក់នូវអាថ៌កំបាំង (របស់ព្រះអង្គ) នឹងរាជសេវកៈនោះទេ។

[១២៦] រាជសេវកៈ ដែលព្រះរាជាត្រាស់ប្រើ (ក្នុងរាជកិច្ចណាមួយ) មិនគប្បីធ្វើរាជកិច្ចនោះឲ្យកម្រើក (ល្អៀង) ទេ ត្រូវធ្វើឲ្យដូចជាជញ្ជីងដែលគេលើកឡើងហើយ មានដងស្មើទៀងល្អ។ រាជសេវកៈធ្វើរាជកិច្ចទាំងពួងដូចជញ្ជីងដែលគេលើកឡើងហើយ មានដងស្មើ ទៀងល្អ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។

[១២៧] រាជសេវកៈ ជាអ្នកឈ្លាសេវៃក្នុងរាជកិច្ចទាំងឡាយ ដែលព្រះរាជាត្រូវប្រើក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ មិនគប្បីធ្វើរាជកិច្ចនោះឲ្យកម្រើក រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ជាអ្នកឈ្លាសវៃក្នុងរាជកិច្ចទាំងឡាយ ធ្វើរាជកិច្ចគ្រប់យ៉ាង ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ (ឲ្យសម្រេចដោយរៀបរយ) រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ ផ្លូវណាដែលគេធ្វើល្អ ចាត់ចែងល្អសម្រាប់ព្រះរាជា រាជសេវកៈ ដែលព្រះរាជាត្រាស់ហើយ មិនត្រូវដើរទៅតាមផ្លូវនោះ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។

[១២៨] រាជសេវកៈមិនគួរប្រើប្រាស់កាមភោគៈ ស្មើនឹងព្រះរាជាក្នុងកាលណាឡើយ ត្រូវដើរខាងក្រោយក្នុងកាមគុណគ្រប់យ៉ាង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈមិនត្រូវប្រើប្រាស់សំពត់ មិនត្រូវប្រើប្រាស់ផ្កាកម្រង មិនត្រូវប្រើប្រាស់គ្រឿងលាប ឲ្យដូចរបស់ព្រះរាជា មិនត្រូវប្រព្រឹត្តកិរិយា ឬការនិយាយស្តី ឲ្យដូចព្រះរាជា ត្រូវធ្វើអាកប្បកិរិយាដទៃវិញ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។

[១២៩] ព្រះរាជា ទ្រង់ក្រសាលនឹងរាជសេវកៈ មានស្រីស្នំគាល់បំរើ អាមាត្យជាបណ្ឌិត មិនត្រូវធ្វើសេចក្តីស្និទ្ធស្នាល ចំពោះពួកស្រីស្នំរបស់ព្រះរាជាទេ។ រាជសេវកៈ ជាអ្នកមិនឆ្មើងឆ្មៃ មិនឃ្នើសឃ្នង ជាអ្នកមានប្រាជ្ញាខ្ជាប់ខ្ជួន សង្រួមឥន្រ្ទិយដ៏ល្អ បរិបូណ៌ដោយការតំកល់ចិត្ត រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។

[១៣០] រាជសេវកៈ មិនត្រូវប្រឡែង មិនត្រូវនៅក្នុងទីស្ងាត់ ប្រឹក្សាជាមួយនឹងពួកស្រីស្នំរបស់ព្រះរាជា មិនត្រូវលួចយកព្រះរាជទ្រព្យអំពីឃ្លាំងរបស់ព្រះរាជានោះទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ មិនគប្បីសំគាល់ការដេកច្រើន មិនត្រូវផឹកសុរាឲ្យស្រវឹង មិនត្រូវបៀតបៀនពួកម្រឹគដែលទ្រង់ឲ្យអភ័យ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈមិនត្រូវឡើងកាន់តាំង មិនត្រូវឡើងកាន់បល្ល័ង្ក មិនត្រូវឡើងកាន់កៅអី មិនត្រូវឡើងកាន់នាវា ឬកាន់រថរបស់ព្រះរាជា ដោយគិតថា ខ្លួនអញ ព្រះរាជាប្រោសប្រាណហើយ ដូច្នេះទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈជាអ្នកវាងវៃ ត្រូវគាល់ព្រះរាជា ក្នុងទីមិនឆ្ងាយពេក មិនជិតពេក គប្បីឋិតនៅល្មមតែព្រះរាជាទតឃើញ ទាំងខ្លួនឯងក៏មើលឃើញព្រះរាជាជាម្ចាស់។ រាជសេវកៈ (គួរគិតថា) ព្រះរាជាមិនមែនជាសំឡាញ់របស់អញទេ។ ព្រះរាជាមិនមែនជាគូកន (របស់អញទេ) ធម្មតា ព្រះរាជាទាំងឡាយ រមែងខ្ញាល់ឆាប់ ដូចភ្នែកដែលត្រូវលំអង មានកន្ទុយស្រូវ (ជាដើម) ប៉ះពាល់។ ជនជាបណ្ឌិត អ្នកមានប្រាជ្ញា មិនត្រូវសំគាល់ថា ព្រះរាជាបូជាអញហើយ ក៏ពិតទូលហេតុអាក្រក់ ចំពោះព្រះរាជា ដែលយាងមកកាន់បរិស័ទ។

[១៣១] រាជសេវកៈ ទុកជាបានអនុញ្ញាតទ្វារហើយ ត្រូវបានអនុញ្ញាតទ្វារ (ទៀត សឹមចូល) មិនត្រូវទុកចិត្តចំពោះព្រះរាជាទាំងឡាយ គប្បីប្រយ័ត្នដូចភ្លើង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ ព្រះរាជាជាក្សត្រិយ៍ ទ្រង់លើកតំកើងព្រះរាជបុត្រ ឬក្សត្រិយ៍ជាបងប្អូនរបស់ព្រះអង្គ ដោយស្រុក ឬនិគម ដោយដែន ឬជនបទ រាជសេវកៈត្រូវនៅស្ងៀម រំពឹងមើល មិនត្រូវនិយាយពីគុណ ឬទោសឡើយ។

[១៣២] ព្រះរាជា ទ្រង់បន្ថែមបៀវត្សរ៍ដល់ពលដំរី ពលរថ ពលថ្មើរជើងទាំងនោះ ដោយការប្រគល់ឲ្យចំពោះការងារ រាជសេវកៈមិនត្រូវធ្វើឲ្យអន្តរាយ (លាភ) របស់ពលទាំងនោះ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ជាអ្នកប្រាជ្ញ ត្រូវឱនលំទោនដូចជាដងធ្នូ ត្រូវញាប់ញ័រដូចជាឫស្សី មិនត្រូវប្រព្រឹត្តទទឹងទាស់ទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ត្រូវមានពោះធូរដូចបន្លោះធ្នូ មិនត្រូវមានអណ្តាតដូចត្រី ត្រូវស៊ីតិច មានប្រាជ្ញារក្សាខ្លួន ក្លៀវក្លា រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។

[១៣៣] រាជសេវកៈ មិនត្រូវប៉ះពាល់គប់ស្រី ជាហេតុឲ្យអស់តេជះខ្លាំងពេកទេ សេវកៈដែលអស់ប្រាជ្ញា រមែងដល់នូវរោគក្អក ហឺត ទុរន់ទុរា មានកំឡាំងថយ។ រាជសេវកៈមិនត្រូវនិយាយហួសកម្រិត មិនត្រូវស្ងៀមគ្រប់កាលទាំងពួងទេ ត្រូវពោលពាក្យមិនរោយរាយ ល្មមប្រមាណក្នុងកាលដែលត្រូវការ។ រាជសេវកៈ គប្បីជាអ្នកមិនក្រោធ មិនបៀតបៀនគេ មានពាក្យសច្ចៈ ផ្អែមល្ហែម មិនញុះញង់ មិននិយាយពាក្យឥតប្រយោជន៍ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។

[១៣៤] រាជសេវកៈត្រូវចិញ្ចឹមមាតា និងបិតា ត្រូវមានសេចក្តីគោរពចំពោះបុគ្គលជាធំក្នុងត្រកូល មានវាចាផ្អែមល្ហែម ពោលពាក្យម៉ត់ហ្មង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ សេវកៈត្រូវមានសណ្តាប់ធ្នាប់ មានសិល្បសាស្ត្រ មានឥន្ទ្រិយទូន្មានហើយ មានខ្លួនធ្វើហើយ (ចេះស្ទាត់) ជាអ្នកនឹងនួន មានអធ្យាស្រ័យទន់ភ្លន់ មិនធ្វេសប្រហែស ជាអ្នកស្អាត ទាំងឈ្លាសវៃ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈត្រូវមានសេចក្តីប្រព្រឹត្តិឱនលំទោន កោតក្រែងគោរពចំពោះបុគ្គលចំរើន (ដោយវយ័ជាដើម) ជាអ្នកស្លូតត្រង់ នៅរួមជាសុខ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ គប្បីវៀរឲ្យឆ្ងាយចេញនូវជន ដែលព្រះរាជាដទៃបញ្ជូនមក ដើម្បីការស្ងាត់កំបាំង គប្បីរំពៃមើលចំពោះព្រះរាជាជាម្ចាស់ (របស់ខ្លួន) មិនត្រូវនិយាយចំពោះព្រះរាជាដទៃទេ។

[១៣៥] រាជសេវកៈ គប្បីគប់រកចំពោះសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូតដោយគោរព រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ គួរប្រព្រឹត្តតាមពួកសមណៈ និងព្រាហ្មណ៍អ្នកមានសីល ជាពហុស្សូតដោយគោរព រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈគួរញ៉ាំងសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ កាលបើប្រាថ្នាសេចក្តីចំរើនដល់ខ្លួន គប្បីចូលទៅគប់រកសមណៈ និងព្រាហ្មណ៍អ្នកមានសីលជាពហុស្សូត ជាបណ្ឌិត។

[១៣៦] រាជសេវកៈ មិនត្រូវញ៉ាំងទានដែលព្រះរាជាធ្លាប់ព្រះរាជទានដល់សមណៈ និងព្រាហ្មណ៍ ឲ្យសាបសូន្យ ទាំងមិនគួរឃាត់វត្ថុណាមួយចំពោះពួកស្មូមក្នុងកាលជាទីព្រះរាជទាន។ រាជសេវកៈ ជាអ្នកមានប្រាជ្ញា បរិបូណ៌ដោយឧបាយ ជាអ្នកឆ្លៀវឆ្លាសក្នុងវិធីចាត់ចែង ជាអ្នកដឹងកាល (ជាទីធ្វើបុណ្យ) ដឹងសម័យ (ប្រកបការងារ) រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ជាអ្នកខ្នះខ្នែង មិនប្រមាទ ឈ្លាសវៃ ចាត់ចែងការងារដ៏ល្អ ក្នុងក្រសួងការងារទាំងឡាយ ត្រូវមានសេចក្តីព្យាយាមចាត់ចែងរាជកិច្ចឲ្យប្រព្រឹត្តទៅដោយស្រួល រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។

[១៣៧] រាជសេវកៈគួរទៅ (ត្រួតត្រាមើល) លានស្រូវ រោងចិញ្ចឹមសត្វ និងស្រែចំការ (របស់ព្រះរាជា) ឲ្យរឿយៗ គប្បីទុកដាក់ស្រូវដែលវាល់ហើយផង ឲ្យគេចំអិនអង្ករ ដែលវាល់ហើយក្នុងផ្ទះផង។ មិនត្រូវលើកតំកើងកូន ឬបងប្អូនរបស់ខ្លួន ដែលមិនតាំងនៅក្នុងសីលាចារវត្ត ព្រោះថាជនទាំងនោះ ជាមនុស្សពាល មិនឈ្មោះថាជាអវយវៈ (របស់ខ្លួន) ជនទាំងនោះ ទុកដូចជាមនុស្សស្លាប់ហើយ តែថាត្រូវឲ្យសំពត់ និងដុំបាយដល់ជនទាំងនោះ ដែលមកអង្គុយជិតហើយ គប្បីតំកល់ពួកបុរសជាទាសកម្មករ ដែលជាអ្នកខ្ជាប់ខ្ជួនល្អ ក្នុងសីលាចារវត្ត ជាអ្នកឈ្លាសវៃ បរិបូណ៌ដោយសេចក្តីឃ្មាតខ្មីក្នុងទីជាអធិបតី (ក្នុងការងារ)។

[១៣៨] រាជសេវកៈ ត្រូវមានសីល មិនលោភ ជាអ្នកប្រព្រឹត្តតាមព្រះរាជា ជាគុណដល់ព្រះរាជា ទាំងក្នុងទីចំពោះព្រះភក្រ្ត និងទីកំបាំងព្រះភក្រ្ត រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈជាអ្នកស្គាល់បំណងរបស់ព្រះរាជានោះផង តាំងនៅដូចព្រះហ្ឫទ័យរបស់ព្រះរាជានោះផង ជាអ្នកមិនប្រព្រឹត្តទទឹងទាស់នឹងព្រះរាជានោះផង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈគប្បីឱនក្បាលលាងព្រះបាទ (របស់ព្រះរាជា) ក្នុងកាលជាទីទ្រង់ព្រះពស្ត្រ ឬក្នុងកាលជាទីស្រង់ព្រះគង្គា សូម្បីព្រះរាជាទ្រង់ខ្ញាល់ ក៏មិនគប្បីខឹងតបវិញទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។

[១៣៩] ប៉ុនអម្បាលបុរសប្រាថ្នាសេចក្តីចំរើន គង់ធ្វើអញ្ជលីចំពោះក្អមទឹក ឬធ្វើបទក្សិណចំពោះបក្សីក្អែក បុគ្គលមិននមស្ការចំពោះព្រះរាជាជាបណ្ឌិតខ្ពង់ខ្ពស់ ព្រះអង្គប្រទានសេចក្តីប្រាថ្នាគ្រប់យ៉ាង ដូចម្តេចបាន ព្រោះព្រះអង្គប្រទានទីដេក សំពត់ យាន និងផ្ទះសំរាប់សំណាក់អាស្រ័យ ទ្រង់បង្អុរភោគសម្ប័ទ ដូចមេឃបង្អុរភ្លៀងដល់ពួកសត្ត។ ម្នាលកូនសំឡាញ់ទាំងឡាយ នេះជារាជវសតិធម៌ ដែលនរជនប្រព្រឹត្តតាម រមែងញ៉ាំងព្រះរាជាឲ្យប្រោសប្រាណ រមែងបានការបូជាអំពីចៅហ្វាយនាយទាំងឡាយ។

ចប់ រាជវសតីកណ្ឌ។

អន្តរបេយ្យាលៈ

(អន្តរបេយ្យាលំ)

[១៤០] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតមានប្រាជ្ញាវាងវៃ ប្រៀនប្រដៅពួកញាតិយ៉ាងនេះហើយ ក៏ចូលទៅគាល់ព្រះរាជា ដោយមានពួកញាតិចោមរោម វិធុរបណ្ឌិតថ្វាយបង្គំព្រះបាទាដោយត្បូង ធ្វើប្រទក្សិណព្រះអង្គ ផ្គងអញ្ជលី ក្រាបបង្គំទូលព្រះរាជាថា បពិត្រព្រះអង្គជាអ្នកបង្រ្កាបសត្រូវ មាណពនេះ មានប្រាថ្នានឹងធ្វើតាមអធ្យាស្រ័យ នឹងនាំខ្ញុំព្រះអង្គទៅ ខ្ញុំព្រះអង្គនឹងនិយាយពាក្យជាប្រយោជន៍ដល់ពួកញាតិ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យនោះ។ សូមព្រះអង្គទ្រង់ទតមើលកូនទាំងឡាយរបស់ខ្ញុំព្រះអង្គផង និងទ្រព្យដទៃក្នុងផ្ទះរបស់ខ្ញុំព្រះអង្គផង កាលបើខ្ញុំព្រះអង្គទៅហើយ សូមកុំឲ្យពួកញាតិវិនាស ក្នុងកាលខាងក្រោយឡើយ ប្រសិនបើទូលព្រះបង្គំមានសេចក្តីភ្លាំងភ្លាត់ ទូលព្រះបង្គំនឹងឃើញកំហុសនោះវិញ ដូចជាបុរសភ្លាត់ដួលលើផែនដីហើយឈរស៊ប់លើផែនដីវិញ។

[១៤១] (ព្រះរាជា…) សេចក្តីគាប់ចិត្តខ្ញុំថា អ្នកមិនគួរទៅទេ ខ្ញុំគាប់ចិត្តថា ឲ្យអ្នកកាប់សំឡាប់មាណពកច្ចាយនៈក្នុងទីនេះ ហើយនៅក្នុងទីនេះចុះ ម្នាលបណ្ឌិតមានប្រាជ្ញាឧត្តមដូចផែនដី អ្នកកុំទៅ។

[១៤២] (មហាសត្វ…) សូមព្រះអង្គកុំតំកល់ព្រះហ្ឫទ័យក្នុងភាពមិនមែនជាធម៌ សូមប្រកបក្នុងប្រយោជន៍ផង ក្នុងធម៌ផង ថ្វឺយ បុគ្គលធ្វើកម្មណា ហើយទៅកាន់នរកក្នុងកាលខាងក្រោយ កម្មនោះ ជាអំពើអកុសលមិនប្រសើរ។ បពិត្រព្រះអង្គជាធំជាងជន ព្រោះថា ធម្មតា ម្ចាស់ជាធំរបស់ទាសៈ ចង់សំឡាប់ ចង់ដុតរោលបៀតបៀនក៏បាន តែនេះមិនមែនជាធម៌ (របស់បុរាណបណ្ឌិតទេ) ទាំងមិនមែនជាកិច្ចគួរប្រព្រឹត្តឡើយ សេចក្តីក្រោធនៃខ្ញុំព្រះអង្គមិនមានទេ ខ្ញុំព្រះអង្គសូមលាទៅ។

[១៤៣] (អភិសម្ពុទ្ធគាថា) ព្រះមហាសត្វនោះ មានព្រះនេត្រពេញដោយទឹកភ្នែក ចូលទៅឱបរឹត (ធម្មបាលកុមារ) ជាបុត្តច្បង លុះបន្ទោបង់សេចក្តីក្រវល់ក្រវាយក្នុងហ្ឫទ័យហើយ ក៏ចូលទៅកាន់ផ្ទះធំ។

[១៤៤] ពួកបុត្រ និងភរិយារបស់វិធុរបណ្ឌិត ដេក (បម្រាស់ននៀលក្នុងលំនៅដូចជាដើមរាំងដែលត្រូវខ្យល់បក់បោកញាំញី។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និង ទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ពួកអ្នកជនបទ មកជួបជុំគ្នា ទាំងពួកអ្នកនិគម ក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញក្នុងលំនៅនៃវិធុរបណ្ឌិត។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។ ពួកអ្នកជនបទ មកជួបជុំគ្នា ទាំងពួកអ្នកនិគម ក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា ហេតុអ្វីទើបលោកលះចោលពួកយើង។

[១៤៥] ព្រះមហាសត្វ បានធ្វើកិច្ចទាំងឡាយក្នុងផ្ទះ ប្រៀនប្រដៅជនរបស់ខ្លួន គឺពួកមិត្រ អាមាត្យ ជនអ្នកនៅអាស្រ័យ បុត្រ ភរិយា និងផៅពង្ស។ ព្រះមហាសត្វ ចាត់ចែងការងារប្រាប់នូវទ្រព្យក្នុងផ្ទះ និងកំណប់ និងការឲ្យបុល ហើយពោលពាក្យនេះនឹងបុណ្ណកយក្សថា អ្នកបានស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំអស់ ៣ ថ្ងៃហើយ កិច្ចក្នុងផ្ទះខ្ញុំធ្វើហើយ ទាំងបុត្រ និងភរិយា ខ្ញុំក៏បានប្រៀនប្រដៅហើយ អ្នកចូរធ្វើកិច្ចទាំងឡាយ តាមអធ្យាស្រ័យរបស់អ្នកចុះ។

[១៤៦] (បុណ្ណកយក្ស…) បពិត្រអ្នកជាអាមាត្យ បើអ្នកបានប្រៀនប្រដៅបុត្រ ភរិយា និងពួកជនអ្នកចិញ្ចឹមជីវិតដោយសារហើយ អើ អ្នកចូរប្រញាប់ប្រញាល់មកក្នុងកាលឥឡូវនេះចុះ ព្រោះថាផ្លូវខាងមុខនេះ ជាផ្លូវដាច់ស្រយាលវែងឆ្ងាយ។ អ្នកកុំភ័យ ចូរចាប់តោងកន្ទុយសេះអាជានេយ្យចុះ នេះជាការឃើញនូវជីវលោកជាទីបំផុតរបស់អ្នក។

[១៤៧] (ព្រះមហាសត្វ…) បុគ្គលទៅកាន់ទុគ្គតិដោយអំពើណាដែលកើតអំពីកាយ វាចា ចិត្ត អំពើអាក្រក់ (នោះ) របស់ខ្ញុំមិនមានទេ ខ្ញុំនឹងខ្លាចចំពោះអំពើអ្វី។

[១៤៨] (អភិសម្ពុទ្ធគាថា) ស្តេចសេះនោះ នាំវិធុរបណ្ឌិតហោះទៅឰដ៏អាកាសវេហាស៍ ឥតប៉ះទង្គិចនឹងមែកឈើ ឬភ្នំ ក៏ចូលទៅកាន់កាឡាគិរីបព៌តដោយឆាប់រហ័ស។

[១៤៩] ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ។ ពួកអ្នកជនបទមកជួបជុំគ្នា ទាំងពួកអ្នកនិគមក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា យក្សក្លែងភេទជាព្រាហ្មណ៍ នាំវិធុរបណ្ឌិតទៅ។ ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា វិធុរបណ្ឌិតទៅក្នុងទីណាហ្ន៎។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដៃខ្សឹកខ្សួល កន្ទក់កន្ទេញថា វិធុរបណ្ឌិតទៅក្នុងទីណាហ្ន៎។ ពួកពលដំរី (ពលសេះ) ពលរថ ពលថ្មើរជើង ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា វិធុរបណ្ឌិតនោះទៅក្នុងទីណាហ្ន៎។ ពួកអ្នកជនបទមកជួបជុំគ្នា ទាំងពួកអ្នកនិគមក៏មកជួបជុំគ្នា ផ្គងដៃខ្សឹកខ្សួលកន្ទក់កន្ទេញថា វិធុរបណ្ឌិតនោះទៅក្នុងទីណាហ្ន៎។

[១៥០] (មហាជន…) បើបណ្ឌិតនោះ នឹងមិនត្រឡប់មកក្នុងរវាង ៧ រាត្រីវិញទេ ពួកទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា នឹងចូលភ្លើង ពួកទូលព្រះបង្គំជាខ្ញុំ មិនមានសេចក្ដីត្រូវការដោយជីវិតឡើយ។

[១៥១] (ព្រះរាជា…) បណ្ឌិតជាបុគ្គលឈ្លាសវៃ អាចសំដែង (ប្រយោជន៍) និងមិនមែនប្រយោជន៍ មានប្រាជ្ញាឈ្វេងយល់ រមែងដោះខ្លួនបានដោយឆាប់ អ្នកទាំងឡាយកុំខ្លាចឡើយ បណ្ឌិតនោះ គង់តែនឹងត្រឡប់មកវិញ។

ចប់ អន្តរបេយ្យាលៈ។

សាធុនរធម្មកណ្ឌ

(សាធុនរធម្មកណ្ឌំ)

[១៥២] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ កាលទៅលើកំពូលភ្នំកាឡាគិរីនោះ ក៏គិតថា គំនិតទាំងឡាយ រមែងជាធម្មជាតិខ្ពស់ និងទាប អញមិនមែនមានកិច្ចតិចតួច ដោយជីវិតរបស់វិធុរបណ្ឌិតនេះ (ក្នុងភពនាគនោះទេ) អញនឹងសំឡាប់វិធុរបណ្ឌិតនេះ ហើយនាំយកតែដួងហ្ឫទ័យទៅ។

[១៥៣] មាណពកច្ចាយនគោត្រនោះ មានចិត្តប្រទូស្ត បានទៅក្នុងចន្លោះភ្នំនោះ ហើយចូលទៅខាងក្នុងភ្នំ ចាប់ព្រះមហាសត្វ យកក្បាលចុះក្រោម (គ្រវែងទៅ) ក្នុងប្រទេសនៃផែនដីដែលមិនមានអ្វីប៉ះពាល់ឡើយ។

[១៥៤] វិធុរបណ្ឌិតនោះ ជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុ កាលសំយុងចុះ ទៅក្នុងរណ្តៅជ្រោះ ជាទីមានភ័យដ៏ធំ គួរព្រួចព្រឺរោម ដែលលំបាកនឹងទៅក្រៃលែង តែមិនតក់ស្លុត ហើយពោលនឹងបុណ្ណកយក្សយ៉ាងនេះថា អ្នកជាមនុស្សមិនប្រសើរ តែធ្វើដូចជាប្រសើរ ជាអ្នកមិនសង្រួម តែមានអាការហាក់ដូចជាអ្នកសង្រួម អ្នកធ្វើអំពើអាក្រក់ឥតប្រយោជន៍ ចំណែកកុសលតិចតួច ឥតមានក្នុងចិត្តនៃអ្នកទេ។ អ្នកចង់ទំលាក់ខ្ញុំទៅក្នុងរណ្តៅជ្រោះ ដោយហេតុណា ប្រយោជន៍ដូចម្តេចដោយការសំឡាប់ខ្ញុំនឹងមានដល់អ្នក ដោយហេតុនោះ ក្នុងថ្ងៃនេះ អ្នកមានភេទដូចជាមិនមែនភេទនៃមនុស្សទេ ចូរអ្នកប្រាប់ខ្ញុំ អ្នកជាទេវតា ឬជាអ្វី។

[១៥៥] (បុណ្ណកយក្ស…) ខ្ញុំនោះឈ្មោះបុណ្ណកយក្ស ជាអាមាត្យព្រះបាទកុវេរៈដែលអ្នកធ្លាប់បានឮហើយ នាគរាជព្រះនាមវរុណៈ ជាអ្នកទ្រទ្រង់ផែនដីមានទំហំនិងកំពស់ មានទ្រង់ទ្រាយដ៏ស្អាត បរិបូណ៌ដោយពណ៌ និងកំឡាំង។ ម្នាលអ្នកប្រាជ្ញ ខ្ញុំចង់បានធីតា ជាអនុជាតិនៃព្រះបាទវរុណនាគនោះ នាគកញ្ញានោះ ឈ្មោះឥរន្ទតី ខ្ញុំព្យាយាមសំឡាប់អ្នក ព្រោះហេតុនាងឥរន្ទតីមានចង្កេះល្អ ជាទីស្រឡាញ់នោះ។

[១៥៦] (ព្រះមហាសត្វ…) ម្នាលយក្ស សេចក្តីវង្វេង កុំមានដល់អ្នកឡើយ ពួកសត្វលោកជាច្រើនវិនាសហើយ ព្រោះអំពើដែលខ្លួនប្រកាន់ខុស ចុះអ្នកមានកិច្ចអ្វី ដោយការសំឡាប់ខ្ញុំ (ព្រោះនាគកញ្ញា) មានចង្កេះល្អ ជាទីស្រឡាញ់ សូមអញ្ជើញប្រាប់ ខ្ញុំនឹងស្តាប់ការទាំងអស់មើល។

[១៥៧] (បុណ្ណកយក្ស…) ខ្ញុំចង់បានធីតារបស់ព្រះបាទវរុណនាគជាធំមានអានុភាពច្រើន ខ្ញុំជាអ្នកស៊ីឈ្នួលរបស់ពួកញាតិ ព្រោះហេតុពួកញាតិដឹងនូវខ្ញុំថា ជាអ្នកត្រូវកាមទង់ទាញដោយពិត (បានជា) ឪពុកក្មេកខ្ញុំពោលនឹងខ្ញុំ ដែលសូមនាងឥរន្ទតីនោះថា យើងនឹងឲ្យកូនក្រមុំមានរាងកាយល្អ មានភ្នែកល្អ មានទ្រង់ទ្រាយឆើតឆាយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ដល់អ្នក បើអ្នកបានដួងហ្ឫទ័យរបស់វិធុរបណ្ឌិតមកដោយធម៌ ហើយនាំមកក្នុងភពនាគនេះ។ អ្នកត្រូវបាននាងកុមារី ដោយទ្រព្យជាទីត្រេកអរនោះ យើងមិនប្រាថ្នាទ្រព្យដទៃក្រៃលែងទេ ម្នាលបណ្ឌិត ជាអាមាត្យ ខ្ញុំមិនវង្វេងដូចអ្នកថាទេ អ្នកចូរស្តាប់ចុះ។ មួយទៀត អំពើតិចតួចដែលខ្ញុំប្រកាន់ខុស មិនមានទេ កាលខ្ញុំបានហ្ឫទ័យរបស់អ្នកដោយធម៌ ពួកនាគនឹងឲ្យនាគកញ្ញាឈ្មោះឥរន្ទតី។ ព្រោះហេតុនោះ ទើបខ្ញុំលៃលកសំឡាប់អ្នក ខ្ញុំមានសេចក្តីត្រូវការដោយការសំឡាប់អ្នកយ៉ាងនេះឯង ខ្ញុំនឹងទំលាក់អ្នកក្នុងរណ្តៅនេះ សម្លាប់អ្នកហើយ នឹងនាំយកតែហ្ឫទ័យទៅ។

[១៥៨] (មហាសត្វ…) ម្នាលកច្ចាយនៈ បើអ្នកមានកិច្ចត្រូវការ ដោយហ្ឫទ័យរបស់ខ្ញុំ ចូរអ្នកលើកខ្ញុំដោយឆាប់រហ័ស ដ្បិតសាធុនរធម៌ (ធម៌ល្អរបស់នរៈ) របស់ខ្ញុំណាមួយ ខ្ញុំនឹងសំដែងសាធុនរធម៌ទាំងអស់នោះ ដល់អ្នកក្នុងថ្ងៃនេះ។

[១៥៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ដាក់វិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុលើកំពូលភ្នំឆាប់រហ័ស ឃើញវិធុរបណ្ឌិតជាអាមាត្យមានប្រាជ្ញាមិនថោកទាប អង្គុយដកដង្ហើមស្រួល ហើយក៏សាកសួរថា អ្នកគឺខ្ញុំលើកឡើងចាករណ្តៅហើយ ក្នុងថ្ងៃនេះ ខ្ញុំត្រូវការដោយហ្ឫទ័យរបស់អ្នក អ្នកចូរសំដែងសាធុនរធម៌ទាំងអស់នោះដល់ខ្ញុំក្នុងថ្ងៃនេះ។

[១៦០] (មហាសត្វ…) ខ្ញុំ គឺអ្នកលើកឡើងចាករណ្តៅហើយ បើអ្នកត្រូវការដោយហ្ឫទ័យរបស់ខ្ញុំ ខ្ញុំនឹងសំដែងសាធុនរធម៌ទាំងអស់នោះដល់អ្នកក្នុងថ្ងៃនេះ។

[១៦១] ម្នាលមាណព អ្នកចូរដើរតាមផ្លូវដែលគេដើរហើយ អ្នកចូរវៀរ គឺកុំដុតបាតដៃទាំងទទឹក អ្នកកុំប្រទូស្តមិត្រក្នុងកាលណាមួយ អ្នកកុំលុះអំណាចនៃស្រីដែលប្រកបដោយអសទ្ធម្ម។

[១៦២] (បុណ្ណកយក្ស…) បុគ្គលដែលឈ្មោះថា ដើរទៅកាន់ផ្លូវដែលគេដើរហើយ តើដូចម្តេច គេដុតបាតដៃទាំងទទឹក តើដូចម្តេច ស្រីដូចម្តេចឈ្មោះថា ស្រីប្រកបដោយអសទ្ធម្ម នរណាឈ្មោះថាជាអ្នកប្រទូស្តមិត្រ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនោះ។

[១៦៣] (វិធុរបណ្ឌិត…) បុគ្គលណា អញ្ជើញមនុស្សដែលមិនធ្លាប់នៅជាមួយគ្នា ឬមិនធ្លាប់ឃើញគ្នា សូម្បីដោយអាសនៈ បុរសត្រូវធ្វើប្រយោជន៍តបស្នង ដល់បុគ្គលនោះឯង បណ្ឌិតទាំងឡាយពោលថា អ្នកនោះឯងជាអ្នកដើរតាមផ្លូវដែលគេដើរហើយ។ បុរសស្នាក់នៅក្នុងផ្ទះរបស់បុគ្គលណា សូម្បីមួយយប់ បានបាយ និងទឹកក្នុងសំណាក់បុគ្គលណា មិនត្រូវគិតអំពើអាក្រក់ដល់បុគ្គលនោះសូម្បីដោយចិត្ត បុគ្គលអ្នកប្រទូស្តមិត្រ ឈ្មោះថាដុតបាតដៃទាំងទទឹក។ បុគ្គលអង្គុយ ឬដេកក្នុងម្លប់ឈើណា មិនត្រូវកាច់មែកឈើនោះ ព្រោះថា បុគ្គលប្រទូស្តមិត្រ ជាបុគ្គលអាក្រក់។ បុរសណាឲ្យផែនដីនេះ ដែលពេញដោយទ្រព្យដល់ស្រីដែលខ្លួនសន្មតថា (ល្អ) ស្រីនោះបានឱកាស (ក្បត់ចិត្ត) គប្បីមើលងាយបុរសនោះវិញ បុគ្គលមិនត្រូវលុះអំណាចស្រី ដែលប្រកបដោយអសទ្ធម្មនោះទេ។ បុគ្គលឈ្មោះថា ដើរទៅកាន់ផ្លូវដែលគេដើរហើយយ៉ាងនេះ ឈ្មោះថា ដុតបាតដៃទាំងទទឹកយ៉ាងនេះ ស្រីនោះឈ្មោះថា ប្រកបដោយអសទ្ធម្ម បុរសនោះ ឈ្មោះថា ជាអ្នកប្រទូស្តមិត្រ អ្នកចូរជាអ្នកប្រកបដោយធម៌ ចូរលះបង់អំពើមិនមែនធម៌ចេញ។

ចប់ សាធុនរធម្មកណ្ឌ។

កាលាគិរីកណ្ឌ

(កាលាគិរិកណ្ឌំ)

[១៦៤] (បុណ្ណកយក្ស…) ខ្ញុំបាននៅអាស្រ័យក្នុងផ្ទះរបស់អ្នកអស់ ៣ ថ្ងៃ ដែលអ្នកបានទំនុកបំរុងខ្ញុំ ដោយបាយ និងទឹក អ្នកសូមជាមិត្ររបស់ខ្ញុំ ទាំងខ្ញុំក៏លែងអ្នកដែរ ម្នាលបណ្ឌិតមានប្រាជ្ញាខ្ពង់ខ្ពស់ ចូរអ្នកអញ្ជើញទៅកាន់ផ្ទះរបស់អ្នកតាមប្រាថ្នាចុះ។ ទាំងសេចក្តីត្រូវការរបស់ត្រកូលនាគ ក៏សាបសូន្យទៅចុះ អំពើព្រោះហេតុនៃនាងនាគកញ្ញា ក៏ល្មមដល់ខ្ញុំហើយ ម្នាលអ្នកមានប្រាជ្ញា អ្នកបានរួចចាកការសំឡាប់របស់ខ្ញុំក្នុងថ្ងៃនេះ ព្រោះសុភាសិតជារបស់ខ្លួន។

[១៦៥] (ព្រះមហាសត្វ…) ម្នាលយក្ស ណ្ហើយ អ្នកចូរនាំខ្ញុំទៅកាន់សំណាក់ឪពុកក្មេករបស់អ្នកចុះ អ្នកចូរប្រព្រឹត្តឲ្យជាប្រយោជន៍ចំពោះខ្ញុំ ដ្បិតខ្ញុំចង់ឃើញនាគរាជជាអធិបតី និងវិមានរបស់នាគរាជដែលខ្ញុំមិនធ្លាប់ឃើញ។

[១៦៦] (បុណ្ណកយក្ស…) របស់ណា ដែលប្រព្រឹត្តទៅមិនជាប្រយោជន៍ដល់នរជន ជនមានប្រាជ្ញាមិនគួរឃើញរបស់នោះទេ ម្នាលបណ្ឌិត មានប្រាជ្ញាខ្ពង់ខ្ពស់ កាលបើដូច្នោះ អ្នកប្រាថ្នាទៅកាន់ស្រុករបស់សត្រូវដោយហេតុដូចម្តេច។

[១៦៧] (ព្រះមហាសត្វ…) ខ្ញុំប្រាកដជាដឹងហេតុនោះ ជនមានប្រាជ្ញាមិនគួរឃើញសត្រូវនោះទេ តែអំពើអាក្រក់ ខ្ញុំមិនបានធ្វើទុកក្នុងទីណាមួយ ព្រោះហេតុនោះខ្ញុំមិនរង្កៀសចំពោះសេចក្តីស្លាប់ដែលនឹងមកដល់ឡើយ។

[១៦៨] (បុណ្ណកយក្ស…) ម្នាលអ្នកជាអាមាត្យ បើដូច្នោះ អ្នកនឹងឃើញឋានដែលមានអានុភាពប្រៀបមិនបាន ជាមួយនឹងខ្ញុំ អ្នកចូរមកចុះ នាគរមែងនៅដោយការរាំ និងច្រៀងក្នុងទីណា ដូចជាព្រះបាទវេស្សវ័ណនៅក្នុងរាជធានី ឈ្មោះនិឡិញ្ញៈ។ ទីនោះមានពួកនៃនាងនាគកញ្ញា ត្រាច់ទៅដោយពួកៗលេងអស់ថ្ងៃ និងយប់ជានិច្ច ជាទីមានផ្កាកម្រងច្រើន ដេរដាសដោយផ្កាឈើច្រើនបែប ភ្លឺផ្លេកដូចផ្លេកបន្ទោរឰដ៏អាកាស។ ភពនៃនាគនោះ មានភាពសម្បូណ៌ដោយបាយ និងទឹក និងការរាំច្រៀងប្រគំ បរិបូណ៌ដោយពួកនាងនាគកញ្ញាដែលតាក់តែងខ្លួនដោយសំពត់ និងគ្រឿងប្រដាប់ល្អឆើតឆាយ។

[១៦៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ បានអញ្ជើញវិធុរបណ្ឌិត ជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុឲ្យអង្គុយលើអាសនៈ អំពីខាងក្រោយ នាំវិធុរបណ្ឌិត ជាអាមាត្យមានប្រាជ្ញាមិនថោកទាប ចូលទៅកាន់ភពនៃនាគរាជ។ វិធុរបណ្ឌិតជាអាមាត្យលុះដល់ទីដែលមានអានុភាពប្រៀបមិនបាន ក៏ឈរខាងក្រោយបុណ្ណកយក្ស ចំណែកនាគរាជក្រឡេកមើលឃើញបុណ្ណកយក្ស មានសេចក្តីស្មោះសរ បានត្រាស់នឹងកូនប្រសាមុនថា

[១៧០] (នាគរាជ…) អ្នកកាលស្វែងរកហ្ឫទ័យរបស់បណ្ឌិត បានទៅកាន់មនុស្សលោក ហើយនាំអាមាត្យ មានប្រាជ្ញាមិនថោកទាបមកដល់ក្នុងទីនេះដោយសួស្តីហើយឬ។

[១៧១] (បុណ្ណកយក្ស…) ព្រះអង្គប្រាថ្នាបណ្ឌិតណា បណ្ឌិតនោះមកដល់ហើយ បណ្ឌិតអ្នករក្សាធម៌ គឺខ្ញុំព្រះអង្គរកបានមកដោយធម៌ហើយ សូមព្រះអង្គទ្រង់ទតបណ្ឌិតនោះ ដែលកំពុងនិយាយក្នុងទីចំពោះព្រះភក្រ្តនៃព្រះអង្គ ការជួបជុំដោយសប្បុរសទាំងឡាយ ជាហេតុនាំមកនូវសេចក្តីសុខដោយពិត។

ចប់ កាលាគិរីកណ្ឌ។

[១៧២] (នាគរាជ…) អ្នកជាមនុស្សមានមច្ចុភ័យគ្របសង្កត់ តក់ស្លុតព្រោះឃើញភពនាគដែលខ្លួនមិនធ្លាប់ឃើញ ទើបមិនថ្វាយបង្គំ (ខ្ញុំ) ដំណើរនេះ មិនមែនជាបុគ្គលមានប្រាជ្ញាទេ។

[១៧៣] (មហាសត្វ…) បពិត្រនាគ ខ្ញុំព្រះអង្គមិនមែនជាអ្នកតក់ស្លុតទេ មិនមានមច្ចុភ័យគ្របសង្កត់ទេ ព្រោះអ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថ្វាយបង្គំ (នូវពេជ្ឈឃាត) ឬពេជ្ឈឃាត ក៏មិនគប្បីថ្វាយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ ជនប្រាថ្នាសម្លាប់អ្នកណា គប្បីថ្វាយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេចកើត កម្មនោះ មិនសម្រេចទៅជាអ្វីទេ។

[១៧៤] (នាគរាជ…) ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នកពោលមែន អ្នកពោលពាក្យពិត អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថ្វាយបង្គំពេជ្ឈឃាត ឬពេជ្ឈឃាតក៏មិនគប្បីថ្វាយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ នរជនប្រាថ្នាសម្លាប់អ្នកណា គប្បីថ្វាយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេចកើត កម្មនោះ មិនកើតទៅជាអ្វីទេ។

[១៧៥] (មហាសត្វ…) វិមាននេះ ទាំងឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) របស់ព្រះអង្គមិនទៀង តែដូចជារបស់ទៀង បពិត្រនាគរាជ ខ្ញុំព្រះអង្គសូមសួរសេចក្តីនុ៎ះនឹងព្រះអង្គថា វិមាននេះ ព្រះអង្គបានហើយដោយប្រការដូចម្តេច។ វិមាននេះ ព្រះអង្គបានព្រោះអាស្រ័យ (ភពនាគ) ឬកើតអំពីរដូវប្រែប្រួល ឬព្រះអង្គកសាងដោយព្រះអង្គឯង ឬមួយទេវតាថ្វាយ បពិត្រនាគរាជ វិមាននេះ ព្រះអង្គបានហើយដោយប្រការណា សូមព្រះអង្គប្រាប់សេចក្តីនុ៎ះដល់ខ្ញុំព្រះអង្គដោយប្រការដូច្នោះ។

[១៧៦] (នាគរាជ…) វិមាន (នេះ) មិនមែនខ្ញុំបានព្រោះអាស្រ័យ (ភពនាគ) មិនមែនកើតអំពីរដូវប្រែប្រួល មិនមែនខ្ញុំធ្វើខ្លួនឯង ទាំងមិនមែនទេវតាឲ្យទេ វិមាននេះ ខ្ញុំបានដោយបុញ្ញកម្មមិនអាក្រក់របស់ខ្លួន។

[១៧៧] (មហាសត្វ…) អ្វីជាវត្តរបស់ព្រះអង្គ អ្វីជាព្រហ្មចរិយៈរបស់ព្រះអង្គ បពិត្រនាគ ឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ព្រះអង្គនេះ នេះជាផលនៃកម្មដែលព្រះអង្គសន្សំល្អហើយដូចម្តេច។

[១៧៨] (នាគរាជ…) ខ្ញុំ និងភរិយាទាំងពីរនាក់ (កាលនៅ) ក្នុងមនុស្សលោក ជាអ្នកមានសទ្ធា ជាម្ចាស់នៃទាន ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំដូចជាអណ្តូង (នៃមហាជន) ទាំងពួកសមណៈ និងព្រាហ្មណ៍ ខ្ញុំក៏បានឲ្យឆ្អែតស្កប់ស្កល់ ខ្ញុំ (កាលនៅ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ ទឹក។ នោះជាវត្ត នោះជាព្រហ្មចរិយៈរបស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទិ្ធ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ខ្ញុំនេះ នេះជាផលនៃកម្មដែលខ្ញុំសន្សំល្អហើយនោះ។

[១៧៩] (មហាសត្វ…) បើវិមាននេះ ព្រះអង្គបានហើយយ៉ាងនេះ ឈ្មោះថា ព្រះអង្គ ជ្រាបកំណើតនៃផលរបស់បុណ្យ ព្រោះហេតុនោះ ព្រះអង្គកុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុឲ្យបានគ្រប់គ្រងវិមាននេះតទៅទៀត។

[១៨០] (នាគរាជ…) នែបណ្ឌិតជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹកដល់ពួកសមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍នោះ មិនមានក្នុងភពនាគនេះទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ ដែលជាហេតុឲ្យខ្ញុំនៅគ្រប់គ្រងវិមានតទៅ។

[១៨១] (មហាសត្វ…) ពួកនាគ គឺបុត្រ ភរិយា និងអ្នករស់នៅដោយសារ ដែលចូលមកកើតក្នុងភពនាគនេះ សូមព្រះអង្គជាអ្នកមិនប្រទូស្តក្នុងពួកនាគនោះ ដោយពាក្យ ឬដោយការងារ អស់កាលជានិច្ច។ បពិត្រនាគ សូមព្រះអង្គរក្សាសេចក្តីមិនប្រទូស្តដោយពាក្យ ឬដោយការងារយ៉ាងនេះចុះ ព្រះអង្គនឹងឋិតនៅក្នុងវិមាននេះ រហូតអស់ព្រះជន្មាយុ ហើយនឹងបានទៅកាន់ទេវលោកជាន់ខាងលើ អំពីភពនាគនេះ។

[១៨២] (នាគរាជ…) អ្នកជាអាមាត្យរបស់ព្រះរាជាណា ព្រះរាជាដ៏ប្រសើរនោះ បើវៀរចាកអ្នកហើយ រមែងសោកស្តាយដោយពិត បុរសសូម្បីត្រូវសេចក្តីទុក្ខគ្របសង្កត់ ឬសូម្បីមានជំងឺធ្ងន់ បើបានជួបនឹងអ្នកហើយ ក៏នឹងបានសុខវិញ។

[១៨៣] (មហាសត្វ…) បពិត្រនាគ ព្រះអង្គពោលធម៌របស់សប្បុរស ជាធម៌ប្រសើរ ជាចំណែកនៃប្រយោជន៍ដែលសន្សំល្អដោយពិត ឯសេចក្តីវិសេសរបស់បណ្ឌិតទាំងឡាយបែបខ្ញុំព្រះអង្គ រមែងប្រាកដក្នុងអន្តរាយទាំងឡាយបែបនេះ។

[១៨៤] (នាគរាជ…) អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ បានអ្នកមកដោយទទេឬ អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ ឈ្នះអ្នកដោយល្បែងភ្នាល់ឬ បុណ្ណកយក្សនេះ បាននិយាយថា បណ្ឌិត ខ្ញុំបាននាំមកដោយធម៌ តើអ្នកមកនៅក្នុងកណ្តាប់ដៃនៃបុណ្ណកយក្សនេះ ដោយប្រការដូចមេ្តច។

[១៨៥] (មហាសត្វ…) ព្រះរាជារបស់ខ្ញុំព្រះអង្គណា ជាធំក្នុងក្រុងឥន្ទបត្ត ដែនកុរុនោះ បុណ្ណកយក្សនេះ បានឈ្នះល្បែងសា្កនឹងព្រះរាជានោះដោយការភ្នាល់ ព្រះរាជាដែលបុណ្ណកយក្សឈ្នះហើយនោះ បានប្រទានខ្ញុំព្រះអង្គ ដល់បុណ្ណកយក្សនេះ បុណ្ណកយក្ស ឈ្មោះថាបានខ្ញុំព្រះអង្គមកដោយធម៌ មិនមែនដោយការកំហែងទេ។

[១៨៦] (អភិសម្ពុទ្ធគាថា) នាគរាជដ៏ប្រសើរ មានចិត្តត្រេកអររីករាយហើយ ព្រោះបានស្តាប់សុភាសិតនៃវិធុរបណ្ឌិតជាអ្នកប្រាជ្ញ ក៏ចាប់ដៃវិធុរបណិ្ឌត មានប្រាជ្ញាមិនថោកទាប នាំចូលទៅក្នុងសំណាក់នៃនាងវិមលាជាភរិយា ក្នុងកាលនោះ (ត្រាស់ថា) ម្នាលនាងវិមលា នាងមានសម្បុរលឿង ដោយហេតុណា ឬនាងមិនឆ្ងាញ់បាយដោយហេតុណា គុណ (នៃវិធុរបណ្ឌិត) បែបនេះ មិនមាន (ដល់នាង) ដោយហេតុនោះទេ វិធុរបណ្ឌិតនេះឯង ជាអ្នកបន្ទោបង់នូវងងឹត។ នាងមានសេចក្តីត្រូវការដោយហ្ឫទ័យរបស់វិធុរបណ្ឌិតណា វិធុរបណ្ឌិតនេះ ជាអ្នកធើ្វពន្លឺ មកដល់ហើយ នាងចូរផ្ទៀងសា្តប់ពាក្យរបស់វិធុរបណ្ឌិតនោះចុះ (ព្រោះ) ការជួបប្រទះ (នូវវិធុរបណ្ឌិត) ទៀត ជាកិច្ចបានដោយកម្រ។

[១៨៧] ព្រះនាងវិមលា ទ្រង់ទតឃើញវិធុរបណិ្ឌត ដែលជាអ្នកមានប្រាជា្ញក្រាស់ដូចផែនដីនោះ ក៏មានព្រះទ័យត្រេកអរសោមនស្ស ទ្រង់លើកម្រាមដៃទាំង ១០ផ្គងអញ្ជលី ហើយត្រាស់នឹងវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុយ៉ាងនេះថា អ្នកជាមនុស្សមានមច្ចុភ័យគ្របសង្កត់ តក់ស្លុត ព្រោះឃើញភពនៃនាគ ដែលខ្លួនមិនធ្លាប់ឃើញ ទើបមិនថា្វយបង្គំ (ខ្ញុំ) ដំណើរនេះ ដូចមិនមែនជាអាការរបស់បុគ្គលមានប្រាជា្ញទេ។

[១៨៨] (មហាសត្វ…) បពិត្រព្រះនាងនាគី ខ្ញុំព្រះអង្គមិនមែនជាអ្នកតក់ស្លុតទេ មិនមានមច្ចុភ័យគ្របសង្កត់ទេ អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថា្វយបង្គំ (ពេជ្ឈឃាត) ឬពេជ្ឈឃាត ក៏មិនគប្បីថា្វយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ ជនប្រាថា្នសម្លាប់អ្នកណា គប្បីថា្វយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថា្វយបង្គំ (ខ្លួន) ដូចមេ្តចកើត កម្មនោះមិនកើតជាអី្វទេ។

[១៨៩] (ព្រះនាងវិមលា…) ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នកពោលមែន អ្នកពោលពាក្យពិត អ្នកទោសដែលត្រូវគេសំឡាប់ មិនគប្បីថា្វយបង្គំពេជ្ឈឃាត ឬពេជ្ឈឃាតក៏មិនគប្បីថា្វយបង្គំអ្នកទោសដែលត្រូវគេសំឡាប់ដែរ។ ជនប្រាថា្នសម្លាប់អ្នកណា គប្បីថា្វយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថា្វយបង្គំ (ខ្លួន) ដូចមេ្តចកើត កម្មនោះមិនកើតទេ។

[១៩០] (មហាសត្វ…) វិមាននេះ ទាំងឫទិ្ធ សេចក្តីរុងរឿង សេចក្តីព្យាយាម និងការកើតក្នុងភពនាគរបស់ព្រះនាង មិនទៀង តែដូចជារបស់ទៀង បពិត្រនាគកញ្ញា ខ្ញុំព្រះអង្គសួរសេចក្តីនុ៎ះនឹងព្រះនាងថា វិមាននេះ ព្រះនាងបានហើយដោយប្រការដូចមេ្តច។ វិមានដែលព្រះនាងបាន ព្រោះអាស្រ័យ (ភពនាគ) ឬកើតអំពីរដូវប្រែប្រួល ឬព្រះនាងធើ្វខ្លួនឯង ឬមួយទេវតាថា្វយ បពិត្រនាគកញ្ញា វិមាននេះ ព្រះនាងបានហើយដោយប្រការណា សូមព្រះនាងប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ ដោយប្រការនោះ។

[១៩១] (ព្រះនាងវិមលា…) វិមាននេះ មិនមែនខ្ញុំបាន ព្រោះអាស្រ័យភពនាគ មិនមែនកើតអំពីរដូវប្រែប្រួល មិនមែនធើ្វខ្លួនឯង ទាំងមិនមែនទេវតាឲ្យទេ វិមាននេះ ខ្ញុំបានដោយបុញ្ញកម្មមិនអាក្រក់ ជារបស់ខ្លួន។

[១៩២] (មហាសត្វ…) អ្វីជាវត្ត អ្វីជាព្រហ្មចរិយៈរបស់ព្រះនាង បពិត្រព្រះនាងនាគី ឫទ្ធិអំណាច សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ព្រះនាងនេះ នេះជាផលនៃកម្មដែលព្រះនាងសន្សំល្អហើយដូចមេ្តច។

[១៩៣] (ព្រះនាងវិមលា…) ខ្ញុំ និងស្វាមីទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាម្ចាស់ទាន ផ្ទះរបស់ខ្ញុំដូចអណ្តូងជាទីចុះផឹកនៃ (មហាជន) ទាំងសមណព្រាហ្មណ៍ ខ្ញុំក៏បានឲ្យឆ្អែតស្កប់ស្កល់។ ខ្ញុំ (កាលនៅ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ និងទឹក។ នោះជាវត្ត នោះជាព្រហ្មចរិយៈរបស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ខ្ញុំនេះ នេះជាផលនៃកម្មដែលខ្ញុំសន្សំល្អហើយនោះ។

[១៩៤] (មហាសត្វ…) បើវិមាននេះ គឺព្រះនាងបានហើយយ៉ាងនេះ ឈ្មោះថា ព្រះនាងជ្រាបកំណើតនៃផលរបស់បុណ្យទាំងឡាយ ព្រោះហេតុនោះ ព្រះនាងកុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុឲ្យបានគ្រប់គ្រងវិមាននេះតទៅ។

[១៩៥] (ព្រះនាងវិមលា…) នែបណ្ឌិត ជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹក ដល់ពួកសមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍ (ទាំងនោះ) មិនមានក្នុងភពនាគនេះទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ ដែលជាហេតុឲ្យខ្ញុំនៅគ្រប់គ្រងវិមានតទៅ។

[១៩៦] (មហាសត្វ…) ពួកនាគគឺ បុត្រ ស្វាមី និងអ្នករស់នៅដោយសារ ដែលកើតមានក្នុងភពនាគនេះ សូមព្រះនាងជាអ្នកមិនប្រទូស្តក្នុងពួកនាគនោះ ដោយពាក្យ ឬដោយការងារ អស់កាលជានិច្ច។ បពិត្រព្រះនាងនាគី សូមព្រះនាងរក្សាសេចក្តីមិនប្រទូស្តដោយពាក្យ ឬដោយការងារយ៉ាងនេះចុះ ព្រះនាងនឹងឋិតនៅក្នុងវិមាននេះ រហូតអស់ជន្មាយុ ហើយនឹងបានទៅកាន់ទេវលោកជាន់ខាងលើអំពីភពនាគនេះ។

[១៩៧] (ព្រះនាងវិមលា…) អ្នកជាអាមាត្យរបស់ព្រះរាជាណា ព្រះរាជាដ៏ប្រសើរនោះ បើវៀរចាកអ្នកហើយ រមែងសោកស្តាយដោយពិត បុរសសូម្បីត្រូវសេចក្តីទុក្ខគ្របសង្កត់ ឬសូម្បីមានជំងឺធ្ងន់ បើបានជួបនឹងអ្នកហើយ ក៏នឹងបានសុខវិញ។

[១៩៨] (មហាសត្វ…) បពិត្រព្រះនាងនាគី ព្រះនាងពោលធម៌របស់សប្បុរស ជាធម៌ប្រសើរ ជាចំណែកនៃប្រយោជន៍ដែលសន្សំល្អដោយពិត ឯសេចក្តីវិសេសរបស់បណ្ឌិតទាំងឡាយបែបខ្ញុំព្រះអង្គ រមែងប្រាកដក្នុងអន្តរាយទាំងឡាយបែបនេះ។

[១៩៩] (ព្រះនាងវិមលា…) អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ បានអ្នកមកដោយទទេឬ អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ ឈ្នះអ្នកដោយល្បែងភ្នាល់ឬ បុណ្ណកយក្សនេះបាននិយាយថា បណ្ឌិត ខ្ញុំបានមកដោយធម៌ តើអ្នកមកនៅក្នុងកណ្តាប់ដៃបុណ្ណកយក្សនេះ ដោយប្រការដូចមេ្តច។

[២០០] (មហាសត្វ…) ព្រះរាជារបស់ខ្ញុំព្រះអង្គណា ជាធំក្នុងក្រុងឥន្ទបត្ត ដែនកុរុនោះ បុណ្ណកយក្សនេះ បានឈ្នះល្បែងសា្កនឹងព្រះរាជានោះ ដោយការភ្នាល់ ព្រះរាជាដែលបុណ្ណកយក្សឈ្នះហើយនោះ បានប្រទានខ្ញុំព្រះអង្គដល់បុណ្ណកយក្សនេះ ឯបុណ្ណកយក្ស ឈ្មោះថាបានខ្ញុំព្រះអង្គដោយធម៌ មិនមែនដោយកំហែងទេ។

[២០១] (អភិសម្ពុទ្ធគាថា) វរុណនាគបានសួរប្រសា្ននឹងវិធុរបណ្ឌិតយ៉ាងណា ព្រះនាងនាគកញ្ញា ក៏បានសួរប្រស្នានឹងវិធុរបណ្ឌិតយ៉ាងនោះដែរ។ វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ ដែលវរុណនាគត្រាស់សួរហើយ ក៏បានញុំាងវរុណនាគឲ្យត្រេកអរយ៉ាងណា វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ ដែលព្រះនាងនាគកញ្ញាសួរហើយ ក៏បានញុំាងព្រះនាងនាគកញ្ញាឲ្យត្រេកអរយ៉ាងនោះដែរ។ វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ លុះដឹងច្បាស់ថា នាគរាជដ៏ប្រសើរ និងនាងនាគកញ្ញាទាំងពីរព្រះអង្គនោះ មានព្រះទ័យរីករាយហើយ ក៏មិនតក់ស្លុត មិនខា្លច មិនព្រឺរោម បានទូលវរុណនាគរាជដូច្នេះថា បពិត្រនាគ ព្រះអង្គកុំខ្ញាល់ទ្បើយ ខ្ញុំនេះហើយ ជាសេចក្តីត្រូវការរបស់ព្រះអង្គ នេះសរីរៈ សូមព្រះអង្គធើ្វកិច្ចដោយសាច់ហ្ឫទ័យចុះ ខ្ញុំនឹងធ្វើតាមអធ្យាស្រ័យរបស់ព្រះអង្គដោយខ្លួនឯង។

[២០២] (នាគរាជ…) បញ្ញាហ្នឹងឯង ជាដួងហ្ឫទ័យរបស់បណ្ឌិតទាំងឡាយ យើងទាំងនោះត្រេកអរក្រៃលែង ដោយប្រាជ្ញរបស់អ្នក យក្សមានឈ្មោះមិនខ្វះខាត គឺបុណ្ណកៈ ចូរបានភរិយាក្នុងថៃ្ងនេះចុះ ចូរញុំាងអ្នកឲ្យទៅដល់ដែនកុរុ ក្នុងថៃ្ងនេះចុះ។

[២០៣] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ មានចិត្តត្រេកអររីករាយ ព្រោះបាននាងនាគកញ្ញា ឈ្មោះឥរន្ទតី មានចិត្តត្រេកអរសប្បាយហើយ បានពោលនឹងវិធុរបណ្ឌិត ជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុ ដូច្នេះថា

អ្នកធើ្វខ្ញុំឲ្យបានព្រមព្រៀងដោយភរិយា បពិត្រវិធុរបណ្ឌិត ខ្ញុំសូមធើ្វកិច្ច (តបគុណ) ដល់អ្នក ខ្ញុំនឹងឲ្យកែវមណីនេះដល់អ្នក ទាំងញុំាងអ្នកឲ្យដល់ដែនកុរុ ក្នុងថៃ្ងនេះឯង។

[២០៤] (មហាសត្វ…) មា្នលកច្ចានៈ មេត្រីជាគុណជាតិ គឺបុគ្គលផ្ចាញ់មិនបាននេះ ចូរមានដល់អ្នក ព្រមទាំងភរិយាជាទីស្រឡាញ់ អ្នកមានចិត្តត្រេកអរទួទៅ មានចិត្តល្អ មានចិត្តរីករាយឲ្យកែវមណីដល់ខ្ញុំហើយ ចូរនាំខ្ញុំទៅកាន់ឥន្ទបត្តនគរចុះ។

[២០៥] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ឡើងជិះសេះអាជានេយ្យ មានវណ្ណៈមិនថោកទាប ហើយអញ្ជើញវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់ពួកអ្នកដែនកុរុ ឲ្យអង្គុយលើអាសនៈអំពីខាងមុខ ហោះទៅឰដ៏អាកាសវេហា។ ចិត្តរបស់មនុស្ស រមែងស្ទុះទៅ (កាន់អារម្មណ៍ក្នុងទីឆ្ងាយ) យ៉ាងណា ដំណើរសន្ទុះរបស់សេះអាជានេយ្យនោះ ក៏ឆាប់រហ័សក្រៃលែងជាងចិត្តនោះ ក៏យ៉ាងនោះដែរ បុណ្ណកយក្សនោះ នាំវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុ ទៅកាន់ឥន្ទបត្តនគរ។

[២០៦] (បុណ្ណកយក្ស…) នុ៎ះ ក្រុងឥន្ទបត្ត ដែលឃើញច្បាស់ នុ៎ះព្រៃសា្វយគួរជាទីរីករាយ ដោយចំណែកៗ ខ្ញុំក៏បានព្រមព្រៀងដោយភរិយា ទាំងអ្នកក៏បានមកដល់ទីលំនៅរបស់ខ្លួន។

[២០៧] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ញុំាងវិធុរបណ្ឌិតជាអាមាត្យដ៏ប្រសើររបស់ពួកអ្នកដែនកុរុ ឲ្យចុះក្នុងកណា្តលធម្មសភា ហើយឡើងជិះសេះអាជានេយ្យ ជាអ្នកមានវណ្ណៈមិនថោកទាប ហោះទៅឰដ៏អាកាសវេហា។ព្រះរាជាទតឃើញមហាសត្វនោះហើយ ព្រះអង្គមានព្រះហ្ឫទ័យសោមនស្សដ៏ក្រៃលែង ទ្រង់ក្រោកឡើង យកព្រះហស្តស្រវាឱប ទ្រង់មិនបានឲ្យកំរើក ហើយអញ្ជើញព្រះមហាសត្វឲ្យអង្គុយលើអាសនៈក្នុងកណ្តាលធម្មសភា ចំពោះព្រះភក្ត្រ។

[២០៨] (ព្រះរាជា…) អ្នក ជាអ្នកណែនំាយើង ដូចនាយសារថីនំាយករថដែលបាត់ទៅ (មកឲ្យ) អ្នកដែនកុរុទាំងឡាយត្រេកអរ ព្រោះបានឃើញអ្នក ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ អ្នករួចអំពីមាណព ដោយប្រការដូចម្តេច។

[២០៩] (មហាសត្វ…) បពិត្រព្រះអង្គជាធំជាងជន មានព្យាយាមដ៏ប្រសើរជាងជន ព្រះអង្គត្រាស់ហៅបុរសណាថាមាណព បុរសនោះមិនមែនជាមនុស្សទេ គឺជាយក្ស ឈោ្មះបុណ្ណកៈ ព្រះអង្គក៏ធា្លប់បានឮមកហើយ បុណ្ណកយក្សនោះ ជាអាមាត្យនៃព្រះបាទកុវេរៈ មានស្តេចនាគមួយឈោ្មះវរុណៈ គ្រប់គ្រងផែនដី មានទំហំ និងកំពស់សា្អត បរិបូណ៌ដោយពណ៌សម្បុរ និងកំឡាំង ឯបុណ្ណកយក្សនោះ ចង់បានធីតាជាអនុជាតនៃវរុណនាគនោះ (ធើ្វជាប្រពន្ធ) នាងនាគកញ្ញានោះឈោ្មះឥរន្ទតី។ បុណ្ណកយក្ស ព្យាយាមដើម្បីសំឡាប់ខ្ញុំព្រះអង្គ ព្រោះហេតុនៃនាងឥរន្ទតីនោះ មានចង្កេះល្អគួរជាទីស្រឡាញ់ ឥឡូវនេះ បុណ្ណកយក្សនោះ បានព្រមព្រៀងដោយភរិយា ចំណែកខ្ញុំព្រះអង្គ ក៏បុណ្ណកយក្សអនុញ្ញាតហើយ ទាំងកែវមណី ខ្ញុំព្រះអង្គក៏បានហើយ។

[២១០] (ព្រះរាជា…) ដើមឈើដុះទៀបទ្វារដំណាក់របស់យើង មានដើមសម្រេចដោយប្រាជា្ញ មែករបស់ឈើនោះសម្រេចដោយសីល ដើមឈើ (នោះ) សម្រេចដោយប្រាជា្ញខ្ជាប់ខ្ជួន តាំងនៅក្នុងអត្ថ និងធម៌ មានផែ្លជាបញ្ចគោរស ដេរដាសដោយដំរី គោ និងសេះ។ កាលដើមឈើនោះ គឹកកងដោយការរាំ ការច្រៀង និងតន្រ្តី បុរស (ខៅ្មមា្នក់) កាត់ដើមឈើនោះ ហើយញុំាងសេនា (ឲ្យរត់ទៅ) បណ្ឌិតនេះ ទុកដូចជាដើមឈើរបស់យើងនោះ មកកាន់លំនៅរបស់ខ្លួនវិញហើយ អ្នកទាំងឡាយ ចូរធើ្វសេចក្តីកោតក្រែងដើមឈើនេះ។ ជនទាំងឡាយណានីមួយ មានចិត្តត្រេកអរ (ដោយយស) ព្រោះបច្ច័យនៃយើង ពួកជនទាំងអស់នោះ ចូរធើ្វ (ចិត្តរបស់ខ្លួន) ឲ្យប្រាកដក្នុងថៃ្ងនេះចុះ អ្នកទាំងឡាយធ្វើបណ្ណាការឲ្យច្រើន ចូរធ្វើសេចក្ដីកោតក្រែងដល់ដើមឈើនេះចុះ។ ពួកសត្វណានីមួយ ដែលគេចងទុកក្នុងដែនរបស់យើង ពួកសត្វទាំងអស់នោះ ចូរឲ្យរួចចាកចំណង វិធុរបណ្ឌិតនេះ រួចចាកចំណងយ៉ាងណា ពួកសត្វទាំងនុ៎ះ គប្បីរួចចាកចំណងយ៉ាងនោះ។ ចូរពួកប្រជាជនទុកដាក់នង្គ័ល ធើ្វ (មហោស្រព) អស់មួយខែនេះចុះ ពួកព្រាហ្មណ៍ ចូរបរិភោគបាយលាយដោយសាច់ ពួកអ្នកមិនផឹកទឹកស្រឹង គួរផឹកទឹកស្រវឹង ចូរផឹកដោយភាជនៈដ៏ពេញហូរហៀរ។ ស្រីពេស្យាទាំងឡាយ (អាស្រ័យ) ផ្លូវធំ ចូរហៅរកបុរសអ្នកត្រូវការ អស់កាលជានិច្ចចុះ មួយទៀត រាជបុរសទាំងឡាយ ចូរចាត់ចែងការរក្សាឲ្យមាំមួនក្នុងដែន កុំឲ្យពួកមនុស្សបៀតបៀនគា្ននឹងគា្ន អ្នកទាំងឡាយ ចូរធើ្វសេចក្តីកោតក្រែងចំពោះដើមឈើនេះ។

[២១១] ពួកស្នំ ពួករាជកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត។ ពលដំរី (ពលសេះ) ពលរថ ពលថើ្មរជើង នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត។ ពួកអ្នកជនបទមកជួបជុំគ្នា ពួកអ្នកនិគម មកជួបជុំគ្នា នាំយកបាយ និងទឹកដ៏ច្រើន មកជូនវិធុរបណ្ឌិត។ ប្រជាជនជាច្រើន ជាអ្នកមានចិត្តជ្រះថា្ល ព្រោះឃើញបណ្ឌិតមកដល់ហើយ កាលបណ្ឌិតមកដល់ ការលើកទង់ក៏ប្រព្រឹត្តទៅ។

ចប់ វិធុរជាតក ទី៩។

វេស្សន្តរជាតក ទី១០

(៥៤៧. វេស្សន្តរជាតកំ (១០))

គាថាទសពរ

(ទសវរកថា)

[២១២] (ព្រះឥន្រ្ទាធិរាជ ទ្រង់ត្រាស់ថា) មា្នលនាងផុស្សតីដ៏មានពន្លឺនៃសម្បុរដ៏ប្រសើរ មានអវយវៈខាងដើមដ៏ល្អ នាងចូរទទួលពរ ១០ ប្រការលើផែនដី ដែលជាពរពេញចិត្តរបស់នាង។

[២១៣] (នាងផុស្សតីទេវធីតា ក្រាបបង្គំទូលថា) បពិត្រទេវរាជ ខ្ញុំមា្ចស់សូមថ្វាយបង្គំព្រះអង្គ ចុះខ្ញុំមា្ចស់បានធើ្វអំពើអាក្រក់ដូចមេ្តច បានជាព្រះអង្គមកញុំាងខ្ញុំមា្ចស់ឲ្យឃា្លតចាករមណីយដ្ឋាន ដូចជាខ្យល់ដែលបក់រំលើងដើមឈើដូច្នោះ។

[២១៤] (ព្រះឥន្រ្ទា…) នាងឥតបានធើ្វអំពើអាក្រក់ទេ មួយទៀត នាងមិនមែនជាទីស្អប់នៃខ្ញុំទេ តែថានាងអស់បុណ្យហើយ បានជាខ្ញុំនិយាយនឹងនាងយ៉ាងនេះ។ នាងមានសេចក្តីសា្លប់កៀកជិតណាស់ហើយ មុខជានឹងមានសេចក្តីព្រាត់ប្រាស កាលបើខ្ញុំឲ្យនូវពរ ១០ ប្រការនេះ នាងចូរទទួលយកចុះ។

[២១៥] (នាងផុស្សតី…) បពិត្រសក្កទេវរាជដ៏ចំរើន ជាឥស្សរៈលើពួកទេវតាទាំងអស់ បើព្រះអង្គទ្រង់ប្រទានពរដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមឲ្យបានទៅក្នុងព្រះរាជនិវេសន៍នៃព្រះបាទសិវិរាជនោះ ១ សូមឲ្យមាននេត្រាដ៏ខ្មៅដូចជាកូនម្រឹគញីមានភែ្នកខ្មៅ ១ សូមឲ្យមានចិញ្ចើមខ្មៅ ១ បពិត្រព្រះអង្គ ទ្រង់បានបំពេញទានក្នុងកាលមុន ខ្ញុំម្ចាស់ទៅកើតក្នុងព្រះរាជនិវេសន៍នោះ សូមឲ្យមានឈ្មោះថា ផុស្សតី (ដូចដើម) សូមឲ្យបានបុត្រដ៏ប្រសើរ ដែលចូលចិត្តឲ្យទាន ជាអ្នកគួរដល់ស្មូម មិនមានសេចក្តីកំណាញ់ ជាបុគ្គលដែលព្រះរាជាប្រទេសដទៃបូជា ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយស ១។ កាលខ្ញុំម្ចាស់ទ្រទ្រង់គភ៌ សូមកុំឲ្យមានពោះប៉ោងឡើង ដូចជាដងធ្នូដែលគេសិតស្មើដូច្នោះ ១។ បពិត្រព្រះវាសវៈ ខ្ញុំម្ចាស់សូមកុំឲ្យមានដោះយារវែង ១ សក់ខ្ញុំម្ចាស់សូមកុំឲ្យមានស្កូវ ១ ខ្ញុំម្ចាស់សូមកុំឲ្យធូលីជាប់លើកាយ ១ ខ្ញុំម្ចាស់សូមដោះលែងចោរ ដែលមានកំហុសគួរគេសម្លាប់ ១។ បពិត្រទេវរាជដ៏ចំរើន ខ្ញុំម្ចាស់សូមឲ្យបានជាអគ្គមហេសី ជាទីស្រឡាញ់នៃព្រះបាទសិវិក្នុងព្រះរាជនិវេសន៍នោះ ដែលជាទីកងរំពង ដោយសំឡេងក្ងោក និងក្រៀល ប្រកបដោយពួកនាងនារីដ៏ប្រសើរ ដេរដាសដោយមនុស្សគម និងមនុស្សតឿ ជាព្រះរាជនិវេសន៍ដែលពួកអ្នកសូទ្រៈ និងពួកអ្នកមគធៈសរសើរហើយ ដ៏គឹកកងដោយសំឡេងនៃសន្ទះទា្វរបង្អួចដ៏ពិចិត្រ ដែលជាទីមានពួកជនដាស់គ្នាឲ្យផឹកសុរា និងឲ្យបរិភោគសាច់។

[២១៦] (ព្រះឥន្រ្ទា…) ម្នាលនាងមានអវយវៈទាំងអស់ដ៏ល្អ ពរ ១០ ប្រការណា ដែលខ្ញុំឲ្យដល់នាងហើយ នាងនឹងបានពរទាំងអស់នោះក្នុងដែននៃព្រះបាទសិវិ។

[២១៧] (អភិសម្ពុទ្ធគាថា) ព្រះមឃវៈទេវរាជ សុជម្បតិ វាសវៈ លុះទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ ក៏ប្រទានពរដល់ព្រះនាងផុស្សតី ហើយក៏មានព្រះហ្ឫទ័យរីករាយ។

ចប់ គាថាទសពរ។

ហិមវន្ត

(ហេមវន្តំ)

[២១៨] (អភិសម្ពុទ្ធគាថា) នាងផុស្សតីទេវធីតានោះ ច្យុតចាកទេវលោកនោះមកហើយ ក៏ទៅកើតក្នុងខត្តិយត្រកូល បាននៅរួមនឹងព្រះបាទសញ្ជ័យក្នុងនគរជេតុត្តរ។ ព្រះនាងទេវី ទ្រង់ព្រះនាមផុស្សតីទ្រង់គភ៌អស់ ១០ ខែ ក៏ធើ្វប្រទក្សិណព្រះរាជបុរី រួចប្រសូតតថាគតត្រង់កណ្តាលផ្លូវនៃពួកឈ្មួញ។ នាមតថាគតមិនមែនជារបស់មាតា ទាំងមិនមែនកើតមកពីបិតាទេ តថាគតកើតត្រង់ (កណ្តាល) ផ្លូវនៃពួកឈ្មួញ ព្រោះហេតុនោះ បានជាតថាគតឈ្មោះវេស្សន្តរ។ កាលដែលតថាគតនៅកេ្មងតូច ទើបនឹងមានអាយុ ៨ ឆ្នាំអំពីកំណើត តថាគតបានអង្គុយលើប្រាសាទ រិះគិតនឹងឲ្យទានថា បើមានស្មូមណាមួយ មកបន្លឺវាចាសុំអាត្មាអញ ៗ គួរឲ្យបេះដូង គួរឲ្យភ្នែក គួរឲ្យសាច់ គួរឲ្យឈាម គួរឲ្យរាងកាយ (ដល់ស្មូមនោះឯង)។ កាលតថាគតនោះ កំពុងគិតសភាវធម៌ដែលមិនកម្រើក មិនតាំងនៅក្នុងកាលនោះ ប្រឹថពីមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ពីខាងលើ ក៏ញាប់ញ័រ។

[២១៩] (ព្រះបាទវេស្សន្តរ…) ពួកព្រាហ្មណ៍មានរោមក្លៀក និងក្រចកដុះវែង មានធេ្មញប្រកបដោយមន្ទិល មានក្បាលប្រឡាក់ដោយធូលី ផ្គងដើមដៃខាងស្តាំ តើសុំអ្វីនឹងអញ។

[២២០] (ពួកព្រាហ្មណ៍…) បពិត្រព្រះសម្មតិទេព ពួកទូលព្រះបង្គំសុំហត្ថិរតន៍ ដែលញុំាងដែននៃពួកអ្នកសិវិរាស្រ្តឲ្យចំរើន សូមព្រះអង្គទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន។

[២២១] (ព្រះបាទវេស្សន្តរ…) ព្រាហ្មណ៍ទាំងឡាយ សុំដំរីណានឹងអញ ជាដំរីចុះប្រេង ជាកុញ្ជរជាតិ មានភ្លុកដ៏ល្អ ជាដំរីដ៏ប្រសើរ គួរជារាជពាហនៈ អញនឹងឲ្យ (ដំរីនោះ) អញមិនញាប់ញ័រទេ។

[២២២] (អភិសម្ពុទ្ធគាថា) ព្រះរាជាដែលជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់មានព្រះហ្ឫទ័យប្រាថា្នយ៉ាងលើសលុបក្នុងការបរិច្ចាគ ទ្រង់ចុះចាក ក នៃដំរី រួចទ្រង់ប្រទាន (ដំរី) ជាទានដល់ពួកព្រាហ្មណ៍។

[២២៣] កាលដែលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ផែនដីកំរើកញាប់ញ័រ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើមក្នុងកាលនោះ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន អ្នកបុរីក៏ជ្រួលច្របល់ ទាំងសំឡេងក៏គឹកកងរំពងខ្លាំង។

[២២៤] កាលព្រះរាជា ទ្រង់ប្រទាននូវដំរីដ៏ប្រសើរ គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក ជាសំឡេងគួរខ្លាច ក៏ប្រព្រឹត្តទៅក្នុងនគរនោះ ក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើម។ កាលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក គួរខា្លច ប្រព្រឹត្តទៅក្នុងនគរនោះ។

[២២៥] ពួកជនអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង អ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នា ពួកជនទាំងនោះបានឃើញដំរី ដែលពួកព្រាហ្មណ៍កំពុងនាំទៅ ក៏ក្រាបទូលចំពោះព្រះរាជា (ទ្រង់ព្រះនាមសញ្ជ័យ) ថា បពិត្រព្រះសម្មតិទេព ដែនរបស់ព្រះអង្គសាបសូន្យហើយ ព្រះវេស្សន្តរជាព្រះរាជបុត្តរបស់ព្រះអង្គ មេ្តចក៏ប្រទានដំរីដ៏ប្រសើររបស់យើង ជាដំរីដែលអ្នកដែនបូជាហើយ មេ្តចក៏ប្រទានដំរីកុញ្ជររបស់យើង ដែលជាដំរីមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន ជាសត្វសា្គល់ខេត្តចម្បាំងទាំងអស់ ជាដំរីដ៏ឧត្តម សសុទ្ធ។ ដំរីនោះមានខ្លួនពាសដោយសំពត់កម្ពលលឿង ជាដំរីចុះប្រេង ញំាញីសត្រូវបាន មានភ្លុកដ៏ល្អ ប្រកបដោយស៊ែ ជាដំរីស ប្រហែលនឹងភ្នំកៃលាស។ ព្រះរាជបុត្តរបស់ព្រះអង្គ បានប្រទានដំរីរាជពាហនៈ ជាយានដ៏ប្រសើរ ព្រមទាំងសេ្វតច្ឆត្រ ព្រមទាំងកម្រាលសម្រាប់ក្រាលលើខ្នង ព្រមទាំងពេទ្យ ព្រមទាំងអ្នករក្សាដំរី ទៅជាទានដល់ពួកព្រាហ្មណ៍។

[២២៦] ព្រះរាជបុត្តរបស់ព្រះអង្គនោះ គួរតែឲ្យបាយ ទឹក សំពត់ និងសេនាសនៈ (ព្រោះថា) វត្ថុនុ៎ះឯង ជារបស់គួរដល់ទាន វត្ថុនុ៎ះឯង ជារបស់គួរដល់ព្រាហ្មណ៍។ បពិត្រព្រះបាទសញ្ជ័យ ព្រះបាទវេស្សន្តរជាបុត្តរបស់ព្រះអង្គនេះ ជាព្រះឱរស កើតក្នុងវង្សរបស់ព្រះអង្គ ជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ម្តេចក៏ចែកដំរីទៅឲ្យព្រាហ្មណ៍។ ថាបើព្រះអង្គ នឹងមិនធើ្វតាមសំដីរបស់ពួកអ្នកដែនសិវិនេះទេ មុខជាពួកអ្នកសិវិរាស្រ្ត ធើ្វព្រះអង្គ ព្រមទាំងព្រះរាជបុត្ត ឲ្យឋិតនៅក្នុងកណ្តាប់ដៃមិនខាន។

[២២៧] (ព្រះរាជា…) ជនបទសាបសូន្យទៅចុះ ទាំងដែនទៀត ក៏វិនាសទៅចុះ យើងនឹងមិនបណេ្តញរាជបុត្ត ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែនរបស់ខ្លួន តាមសំដីពួកអ្នកសិវិរាស្រ្តទេ ដ្បិតកូនប្រុសនេះ ពិតជាកើតអំពីទ្រូងរបស់យើង។ ជនបទសាបសូន្យទៅចុះ ទាំងដែនទៀត ក៏វិនាសទៅចុះ យើងនឹងមិនបណេ្តញរាជបុត្ត ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែនរបស់ខ្លួនតាមសំដីពួកអ្នកសិវិរាស្រ្តទេ ដ្បិតកូនប្រុសនេះ ពិតជាកើតអំពីខ្លួនរបស់យើង។ មួយទៀត យើងមិនគួរប្រទូស្តចំពោះកូនយើងនោះទេ ព្រោះថា កូនយើងនោះ ជាអ្នកមានសីល និងវត្តដ៏ប្រសើរ ដំណេះដំនៀល នឹងមានដល់យើងផង យើងត្រូវសោយបាបច្រើនផង យើងនឹងសម្លាប់វេស្សន្តរជាកូន ដោយគ្រឿងសស្ត្រាដូចម្តេចបាន។

[២២៨] (ពួកអ្នកដែន) សូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្តនោះដោយដម្បង ឬគ្រឿងសស្រ្តាទ្បើយ ព្រោះព្រះរាជបុត្តនោះ មិនគួរដល់ចំណងទេ ព្រះអង្គគ្រាន់តែបណេ្តញព្រះរាជបុត្តនោះ ចេញអំពីដែនទៅចុះ សូមឲ្យព្រះរាជបុត្តនោះទៅគង់នៅឯវង្កបព៌តចុះ។

[២២៩] (ព្រះរាជា…) ថាបើពួកអ្នកដែនសិវិ មានចំណង់បែបនេះហើយ យើងក៏មិនអាចបន្ទោបង់ចំណង់នេះបានទេ តែសូមឲ្យកូនយើងនោះ នៅបរិភោគកាមបានមួយរាត្រីនេះសិនចុះ។ នាកាលរាត្រីនោះអស់ហើយ ព្រះអាទិត្យរះឡើង ទើបសូមឲ្យពួកអ្នកសិវិរាស្រ្តព្រមព្រៀងគ្នា បណេ្តញកូនរបស់យើងនោះ ចេញអំពីដែនចុះ។

[២៣០] នែអាមាត្យ អ្នកចូរក្រោកទ្បើង អ្នកចូរប្រញាប់ទៅប្រាប់វេស្សន្តរថា បពិត្រព្រះទេវៈ ពួកអ្នកសិវិរាស្រ្ត ពួកអ្នកនិគម ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ មកប្រជុំគា្ន ខឹងនឹងព្រះអង្គហើយ។ ពួកទាហានដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង ពួកអ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នាដែរ លុះរាត្រីនេះអស់ហើយ ព្រះអាទិត្យរះឡើង ពួកអ្នកដែនសិវិព្រមព្រៀងគ្នា នឹងបណ្ដេញព្រះអង្គចាកដែន។

[២៣១] អាមាត្យនោះ លុះព្រះបាទសិវិទ្រង់បញ្ចូនទៅ ក៏ប្រញាប់ប្រញាល់ងូតទឹក កក់ក្បាល ពាក់គ្រឿងប្រដាប់ដៃ ស្លៀកសំពត់ល្អ ប្រោះព្រំដោយខ្លឹមចន្ទន៍ ពាក់កុណ្ឌលកែវមណី ចូរទៅកាន់ព្រះរាជនិវេសន៍នៃព្រះបាទវេស្សន្តរដែលជាបុរីរម្យ។ អាមាត្យនោះ បានឃើញព្រះរាជកុមារ (វេស្សន្តរ) កំពុងរីករាយក្នុងបុរីរបស់ព្រះអង្គនោះ ដ៏កុះករដោយពួកអាមាត្យ ដូចព្រះវាសវៈរបស់ទេវតាជាន់ត្រៃត្រឹង្ស។

[២៣២] អាមាត្យនោះ ប្រញាប់ប្រញាល់ទៅក្នុងរាជបូរីនោះ ហើយក្រាបទូលព្រះបាទវេស្សន្តរថា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ទូលព្រះបង្គំជាខ្ញុំនឹងក្រាបទូលសេចក្តីទុក្ខរបស់ព្រះអង្គ សូមព្រះអង្គកុំខ្ញាល់នឹងទូលព្រះបង្គំជាខ្ញុំឡើយ។ អាមាត្យនោះ លុះថា្វយបង្គំហើយ ក៏យំទួញ ក្រាបបង្គំទូលព្រះរាជាថា បពិត្រមហារាជ ព្រះអង្គរមែងនាំនូវរសជាទីប្រាថ្នាគ្រប់យ៉ាង មកចិញ្ចឹមទូលព្រះបង្គំ ៗ នឹងក្រាបទូលសេចក្តីទុក្ខរបស់ព្រះអង្គ សូមល្អងធូលីព្រះបាទ ឲ្យទូលព្រះបង្គំដកដងើ្ហមស្រួលក្នុងដំណើរក្រាបទូលនោះ។ បពិត្រព្រះទេវៈ ពួកអ្នកសិវិរាស្រ្ត ពួកអ្នកនិគម ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ប្រជុំគ្នា ខឹងនឹងព្រះអង្គហើយ។ ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថើ្មរជើង ព្រមទាំងអ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នាដែរ។ លុះរាត្រីនោះអស់ហើយ ព្រះអាទិត្យក៏រះឡើង ពួកអ្នកសិវិរាស្រ្ត ព្រមព្រៀងគ្នានឹងបណេ្តញព្រះអង្គចាកដែន។

[២៣៣] (ព្រះវេស្សន្តរ…) ព្រោះដំណើរដូចមេ្តច បានជាពួកអ្នកសិវិរាស្រ្តខឹងនឹងយើង ដ្បិតយើងរកមិនឃើញអំពើអាក្រក់ទេ ម្នាលអាមាត្យ អ្នកចូរប្រាប់ដំណើរនោះដល់យើង ព្រោះហេតុអ្វី បានជាគេបណេ្តញ។

[២៣៤] (អាមាត្យ…) ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថ្មើរជើង ខឹងនឹងព្រះអង្គ ព្រោះតែការប្រទានដំរី ហេតុនោះ បានជាគេបណេ្តញព្រះអង្គ។

[២៣៥] (ព្រះវេស្សន្តរ…) យើងចង់ឲ្យបេះដូង ឬភ្នែកផង ទ្រព្យជាខាងក្រៅរបស់យើង គឺប្រាក់ មាស កែវមុក្តា កែវពិទូរ្យ និងកែវមណី ជាប្រយោជន៍អ្វី បើយើងបានឃើញស្មូមមកសុំដៃស្តាំ ឬដៃឆេ្វង គួរតែឲ្យ មិនគប្បីរំភើបទេ (ព្រោះថា) ចិត្តរបស់យើងរីករាយក្នុងការឲ្យ (ទាន)។ ពួកអ្នកសិវិរាស្រ្តទាំងអស់នោះ ចង់បណេ្តញ ឬចង់សម្លាប់យើងក៏ដោយចុះ យើងនឹងមិនវៀរចាកការឲ្យ (ទាន) ទេ អ្នកដែនទាំងអស់ចង់កាត់យើងជាប្រាំពីរកំណាត់ក៏ដោយចុះ។

[២៣៦] (អាមាត្យ…) ពួកអ្នកសិវិរាស្រ្ត និងពួកអ្នកនិគមប្រជុំគ្នានិយាយអំពីព្រះអង្គយ៉ាងនេះថា ពួកអ្នកទោសត្រូវនិរទេស តែងទៅតាមឆ្នេរទន្លេកោន្តិមារាណា ព្រះបាទវេស្សន្តរដែលមានវត្តល្អ ចូរយាងសំដៅទៅកាន់ភ្នំអារញ្ជរា តាមឆ្នេរទន្លេកោន្តិមារានោះចុះ។

[២៣៧] (ព្រះវេស្សន្តរ…) ពួកជនអ្នកប្រទូស្ត តែងទៅតាមផ្លូវណា យើងនឹងទៅតាមផ្លូវនោះឯង តែសូមឲ្យអ្នកទាំងទ្បាយ អត់ទោសឲ្យយើងបានមួយយប់មួយថៃ្ង ចាំយើងឲ្យទានសិន។

[២៣៨] ព្រះរាជាទ្រង់ត្រាស់ហៅព្រះនាងមទ្រីទេវី ដែលមានអវយវៈល្អទាំងអស់នោះមកប្រាប់ថា ទ្រព្យស្រូវណាមួយដែលយើងឲ្យដល់នាង នៅមានក្តី ប្រាក់មាស កែវមុក្តា កែវពិទូរ្យណាដ៏ច្រើនក្តី ទ្រព្យណាជារបស់ព្រះបិតានាងក្តី នាងគប្បីកប់ទ្រព្យទាំងអស់នោះទុកចុះ។

[២៣៩] ព្រះរាជបុត្រី ទ្រង់ព្រះនាមមទ្រី ដែលមានអវយវៈល្អទាំងអស់ បានក្រាបបង្គំទូលសួរព្រះរាជានោះថា បពិត្រព្រះទេវៈ ខ្ញុំម្ចាស់នឹងកប់ក្នុងទីណា ខ្ញុំម្ចាស់ក្រាបទូលសួរហើយ សូមព្រះអង្គប្រាប់ដំណើរនោះ។

[២៤០] (ព្រះវេស្សន្តរ…) ម្នាលនាងមទ្រី នាងគួរឲ្យទានចំពោះអ្នកមានសីលទាំងទ្បាយតាមសមគួរ ព្រោះថាទីពឹងរបស់សព្វសត្វដទៃក្រៅអំពីទាន មិនមានទេ។

[២៤១] ម្នាលនាងមទ្រី នាងត្រូវមេត្តាបុត្ត ព្រះមាតាក្មេក និងព្រះបិតាក្មេក មួយទៀត បើអ្នកណាសំគាល់ថា នឹងធើ្វជាប្តីនាង នាងចូរបំរើអ្នកនោះដោយគោរពចុះ។ បើគ្មានគេសំគាល់ថានឹងធើ្វជាប្តីនាងទេ កាលនាងព្រាត់ប្រាសអំពីយើងទៅហើយ នាងចូរសែ្វងរកប្តីដទៃទៀតចុះ កុំឲ្យនាងលំបាក ព្រោះព្រាត់ប្រាសអំពីយើងទ្បើយ។

[២៤២] ព្រោះយើងនឹងទៅកាន់ព្រៃ ប្រកបដោយមឹ្រគសាហាវពន្លឹក សេចក្តីសង្ស័យនឹងជីវិត រមែងមានដល់យើង ដែលនៅម្នាក់ឯងក្នុងព្រៃធំ។

[២៤៣] ព្រះរាជបុត្រី ទ្រង់ព្រះនាមមទ្រី មានអវយវៈល្អទាំងអស់ នាងបានក្រាបទូលព្រះបាទវេស្សន្តរនោះថា ថី្វក៏ព្រះអង្គមានព្រះបន្ទូលនូវព្រះវាចាដែលមិនធ្លាប់មាន ព្រះអង្គមានព្រះបន្ទូលនូវព្រះវាចាដ៏អាក្រក់អី្វម្ល៉េះ។ បពិត្រមហារាជ ដំណើរនោះ មិនត្រូវតាមធម៌ទេ ដ្បិតព្រះអង្គទ្រង់សេ្តចយាងទៅតែមួយអង្គឯង បពិត្រក្សត្រិយ៍ ព្រះអង្គសេ្តចយាងទៅតាមផ្លូវណា ខ្ញុំម្ចាស់នឹងទៅតាមផ្លូវនោះដែរ។ សេចក្តីស្លាប់ជាមួយនឹងព្រះអង្គក្តី សេចក្តីរស់នៅ តែព្រាត់ប្រាសចាកព្រះអង្គក្តី សេចក្តីស្លាប់នោះឯងប្រសើរជាង ខ្ញុំម្ចាស់រស់នៅ តែព្រាត់ប្រាសចាកព្រះអង្គ មិនប្រសើរទេ។ ម្ចាស់ខ្ញុំនឹងដុតភើ្លងឲ្យមានអណ្ដាតឆេះមូលទ្រលោម សេចក្តីស្លាប់នៅក្នុងភើ្លងនោះឯងប្រសើរជាង ខ្ញុំម្ចាស់រស់នៅ តែព្រាត់ប្រាសចាកព្រះអង្គ មិនប្រសើរទេ។ មេដំរី តែងដើរតាមដំរីឈ្មោល ដែលមានភ្លុកល្អ ដែលនៅក្នុងព្រៃកាលត្រាច់ទៅក្នុងជ្រោះ ជ្រលងភ្នំសើ្មខ្លះ មិនសើ្មខ្លះ យ៉ាងណាមិញ។ ខ្ញុំម្ចាស់នឹងនាំបុត្តទាំងទ្បាយ ដើរតាមក្រោយព្រះអង្គយ៉ាងនោះដែរ ខ្ញុំម្ចាស់ជាស្រីដែលព្រះអង្គចិញ្ចឹមបានដោយងាយ មិនមែនជាស្រីដែលព្រះអង្គចិញ្ចឹមបានដោយក្រទេ។

[២៤៤] ព្រះអង្គកាលទតឃើញកុមារទាំងនេះ ដែលមានសំឡេងពីរោះ និយាយសំដីជាទីស្រឡាញ់ អង្គុយក្បែរគុម្ពឈើ នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ មានសំឡេងពីរោះ និយាយសំដីជាទីស្រឡាញ់ កំពុងលេងក្បែរគុម្ពឈើ នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ មានសមេ្លងពីរោះ និយាយពាក្យពាក្យជាទីស្រលាញ់ក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញរាជកុមារទាំងនេះ មានសម្លេងពីរោះ និយាយពាក្យជាទីស្រឡាញ់ កំពុងលេងក្បែរអាស្រមជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ ពាក់កម្រងផ្កា មានខ្លួនប្រដាប់ហើយ ក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គកាលទតឃើញកុមារទាំងនេះ ពាក់កម្រងផ្កា មានខ្លួនប្រដាប់ហើយ កំពុងលេងក្បែរអាស្រម ដែលជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញកុមារពាក់កម្រងផ្កា កំពុងរាំក្នុងអាស្រមជារមណីដ្ឋាន នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញកុមារពាក់កម្រងផ្កា កំពុងរាំលេងក្នុងអាស្រមជាទីត្រេកអរ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ ត្រាច់ទៅក្នុងព្រៃតែម្នាក់ឯង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ ត្រាច់ទៅមករាល់ល្ងាច រាល់ព្រឹក នឹងមិនរលឹករាជសម្បត្តិ។ កាលណាដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ កាលដើរទៅខាងមុខនៃហ្វូងដំរីញី និងហ្វូងដំរីឈ្មោល ហើយបន្លឺកោញ្ចនាទ ព្រះអង្គបានទ្រង់ព្រះសណ្តាប់ដំរីបន្លឺកោញ្ចនាទនោះហើយ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដងព្រៃសងខាងផ្លូវ ជាទីឲ្យសេចក្តីប្រាថ្នាក្នុងព្រៃ ដ៏ដេរដាសដោយម្រឹគសាហាវ នឹងមិនរលឹករាជសម្បត្តិ។ ព្រះអង្គទតឃើញម្រឹគជាបញ្ចមាលិនីដើរមក និងឃើញពួកកិន្នរ ដែលកំពុងរាំក្នុងវេលាល្ងាច នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃទន្លេកំពុងហូរទៅផង ឮចម្រៀងនៃពួកកិន្នរផង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃសត្វមៀម ដែលត្រាច់ក្នុងញកនៃភ្នំ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គឮសូរសម្លេងគឹកកងនៃម្រឹគសាហាវក្នុងព្រៃ គឺរាជសីហ៍ ខ្លាធំ រមាស គោព្រៃ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញកោ្ងកឈ្មោល ដែលមានពួកកោ្ងកញីចោមរោម ជាសត្វដេរដាសដោយសំណុំកន្ចុយ ទំលើកំពូលភ្នំ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញកោ្ងកឈ្មោល ដែលមានកោ្ងកញីចោមរោម ជាអណ្ឌជាតិ មានភ្នែកដ៏វិចិត្រ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញក្ងោកឈ្មោល ដែលមានក្ងោកញីចោមរោម ជាសត្វមានផ្នត់កខៀវ មានកំប៉ោយ កំពុងពេនពង់ នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដើមឈើទាំងឡាយ មានផ្ការីក ក្នុងហេមន្តរដូវ ផ្សព្វផ្សាយដោយក្លិនក្រអូប នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញផែនដី មានសៅ្មខៀវខ្ចី ក្នុងខែខាងក្នុងហេមន្តរដូវ ដ៏ដេរដាសដោយមេភ្លៀង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញដើមឈើទាំងឡាយ ដែលមានផ្ការីកស្គុះស្គាយ ក្នុងហេមន្តរដូវផង ដើមខែ្លងគង់ និងឈើដែលមានត្រួយ មានស្លឹកក្រហមផង ដើមលោទ និងដើមឈូកមានផ្ការីក ផ្សព្វផ្សាយក្លិនក្រអូបផង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញព្រៃ មានផ្ការីកក្នុងខែខាងក្នុងហេមន្តរដូវផង ឈូកទាំងឡាយមានផ្កាជ្រុះហើយផង នឹងមិនរលឹករាជសម្បត្តិ។

ចប់ ហិមវន្ត។

ទានកណ្ឌ

(ទានកណ្ឌំ)

[២៤៥] (អភិសម្ពុទ្ធគាថា) ព្រះនាងផុស្សតី ជារាជបុត្រី មានយស បានទ្រង់ព្រះសណ្តាប់ការចរចានៃព្រះរាជបុត្រ និងព្រះរាជសុណិសាទាំងនោះហើយ ទ្រង់ព្រះកនែ្សង មុខគួរអណោចអធម្មថា ឱ អាត្មាអញគួរតែបរិភោគថ្នាំពិស ឬអាត្មាអញលោតទំលាក់ខ្លួនក្នុងជ្រោះ… ពុំនោះ ចង (ក) នឹងខែ្ស (ឲ្យស្លាប់) ប្រសើរជាង។ ម្តេចទ្បើយក៏ពួកអ្នកសិវិរាស្រ្តបណេ្តញបាវេស្សន្តរ ជាកូនអញដែលជាអ្នកមិនប្រទូស្ត។ ម្តេចទ្បើយក៏ពួកអ្នកសិវិរាស្រ្តបណ្តេញបាវេស្សន្តរ ជាកូនអញដែលជាអ្នកចេះចប់ត្រៃវេទ ជាម្ចាស់ទាន ជាអ្នកគួរដល់ស្មូម ឥតមានសេចក្តីកំណាញ់ ជាអ្នកមិនប្រទូស្ត។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្តបណ្តេញបាវេស្សន្តរជាកូនអញ ដែលពួកព្រះរាជាប្រទេសដទៃបូជា មានកិត្តិយស ជាអ្នកមិនប្រទូស្ត។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្ត បណេ្តញបាវេស្សន្តរ ជាកូនអញ ដែលជាបុគ្គលចិញ្ចឹមមាតា និងបិតា ជាអ្នកគោរពចំពោះបុគ្គលជាធំក្នុងត្រកូល ជាអ្នកមិនប្រទូស្ត។ ម្តេចឡើយក៏ពួកអ្នកសិវិរាស្រ្តបណេ្តញបាវេស្សន្តរជាកូនអញ ជាប្រយោជន៍ដល់ព្រះរាជា ជាប្រយោជន៍ដល់ទេវតា ជាប្រយោជន៍ដល់ពួកញាតិ និងសំឡាញ់ ជាប្រយោជន៍ដល់អ្នកដែនទាំងអស់ ជាអ្នកមិនប្រទូស្ត។

[២៤៦] ដែនរបស់ព្រះអង្គ មុខជានឹងសាធារណ៍ដល់ជនទាំងឡាយ ដូចផ្លិតឃ្មុំ ដែលមេឃ្មុំហើរចោល ពុំនោះ ដូចផែ្លស្វាយដែលជ្រុះលើផែនដី (ព្រោះ) ពួកអ្នកសិវិរាស្រ្ត បណេ្តញវេស្សន្តរជាអ្នកមិនប្រទូស្ត។ ព្រះអង្គដែលពួកអាមាត្យបោះបង់ហើយ ជាព្រះរាជាម្នាក់ឯង រមែងនឿយព្រួយដូចហង្សដែលអស់ស្លាប លើភក់ដែលគ្មានទឹក។ បពិត្រមហារាជ ព្រោះហេតុនោះ បានជាខ្ញុំម្ចាស់ក្រាបទូលព្រះអង្គ កុំឲ្យប្រយោជន៍កន្លងផុតព្រះអង្គឡើយ សូមព្រះអង្គកុំបំបរបង់វេស្សន្តរដែលជាអ្នកមិនប្រទូស្តនោះ តាមសំដីពួកអ្នកសិវិរាស្រ្តឡើយ។

[២៤៧] (ព្រះរាជា…) យើងបណេ្តញបាវេស្សន្តរ ដែលជាទង់ជ័យនៃពួកអ្នកសិវិរាស្រ្ត ឈ្មោះថា ធើ្វនូវសេចក្តីគោរពចំពោះបវេណីធម៌ ទុកជាបាវេស្សន្តរ ជាទីស្រឡាញ់ដ៏លើសជាងជីវិតរបស់យើង ក៏យើងនៅតែបណេ្តញបាវេស្សន្តរ ដែលជាកូនរបស់យើងមិនខាន។

[២៤៨] (ព្រះនាងផុស្សតិទេវី…) ក្នុងកាលមុន ចុងទង់ជ័យទាំងឡាយ ដូចជាផ្កាកណិការរីក រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ក្នុងកាលមុន ចុងទង់ជ័យទាំងឡាយ ដូចជាព្រៃផ្កាកណិការ រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថ្ងៃនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ក្នុងកាលមុន ពលទាំងឡាយ ដូចជាដើមកណិការរីក រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ក្នុងកាលមុន ពលទាំងឡាយដូចជាព្រៃផ្កាកណិការ រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថ្ងៃនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ពួកសេនាស្លៀកសំពត់កម្ពលមានពណ៌លឿង ដែលកើតក្នុងដែនគន្ធារៈ មានរស្មីដូចជាសម្បុរមេភ្លៀង រមែងទៅតាមបាវេស្សន្តរណា កាលទៅ (កាន់ឱទ្យានជាដើម) តែក្នុងថៃ្ងនេះ បាវេស្សន្តរនោះ នឹងទៅតែម្នាក់ឯង។ ក្នុងកាលមុន បាវេស្សន្តរណា ទៅដោយដំរី ដោយសាលៀង និងរថ តែក្នុងថ្ងៃនេះ ព្រះរាជាវេស្សន្តរនោះ នឹងដើរទៅដូចម្តេចបាន។ បាវេស្សន្តរដែលមានអវយវៈលាបដោយខ្លឹមចន្ទន៍ ធ្លាប់ភ្ញាក់រលឹកដោយរបាំ និងចម្រៀង (ស្លៀកដណ្តប់) ស្បែកខ្លាទាំងក្រចកគ្រោតគ្រាតផង រែកអម្រែកទម្ងន់មួយខារិផង ដូចមេ្តចកើត។ ព្រោះហេតុដូចមេ្តច ក៏ជនទាំងឡាយមិននាំសំពត់កាសាវៈផង ស្បែកខា្លផង ដើម្បីបាវេស្សន្តរ កាលចូលទៅក្នុងព្រៃធំ ព្រោះហេតុអ្វី ក៏ជនទាំងឡាយមិនត្បាញសំពត់សំបកឈើថ្វាយ។ ពួកជនជារាជបព្វជិត នឹងស្លៀកសំពត់សម្បកឈើ ដូចមេ្តចកើត នាងមទ្រីនឹងស្លៀកសំពត់ដែលក្រងដោយស្បូវភ្លាំងដូចមេ្តចកើត។ នាងមទ្រីធ្លាប់តែស្លៀកសំពត់ដែលកើតក្នុងដែនកាសីផង សំពត់ដែលកើតក្នុងដែនខោមៈ និងដែនកោទុម្ពរៈផង ឥឡូវនេះ មកស្លៀកសំពត់ដែលក្រងដោយស្បូវភ្លាំង តើនឹងធើ្វអ្វីកើត។ នាងមទ្រីនោះ មានអវយវៈគួរសរសើរ ធ្លាប់ទៅដោយវ ព្រះសាលៀង និងរថ ថៃ្ងនេះ នឹងដើរដោយជើងតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា មានផ្ទៃដៃដ៏ទន់ មានចិត្តញាប់ញ័រ ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ ថៃ្ងនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ នឹងដើរដោយជើងតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា មានផ្ទៃជើងដ៏ទន់ មានចិត្តញាប់ញ័រ ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ នាងមទ្រីមានអវយវៈគួរសរសើរនោះ តែងពាក់ស្បែកជើងមាស ហើយដើរទៅ ថ្ងៃនេះនឹងដើរដោយជើងទៅតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា តែងពាក់កម្រងផ្កា ដើរទៅខាងមុខនៃស្ត្រីមួយពាន់ ថ្ងៃនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ នឹងដើរទៅព្រៃតែម្នាក់ឯងដូចម្តេចបាន។ នាងមទ្រីណា ដែលនៅក្នុងបូរី គ្រាន់តែបានឮសំឡេងចចកលូរឿយ ៗ រមែងតក់ស្លុត ថ្ងៃនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ ជាស្ត្រីរន្ធត់ នឹងទៅព្រៃដូចម្ដេចបាន។ នាងមទ្រីណា គ្រាន់តែបានឮសំឡេងមៀម ជាកោសិយគោត្រ កាលស្រែកបន្លឺ ក៏ខា្លចរន្ធត់ ដូចមេមត់ដែលខោ្មចចូល ថៃ្ងនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ ជាស្រ្តីមានសេចក្តីរន្ធត់ នឹងដើរទៅព្រៃដូចមេ្តចបាន។ ខ្ញុំម្ចាស់លុះមកកាន់បុរីនេះសូន្យទទេហើយ មុខជានឹងឆេះដោយសេចក្ដីទុក្ខអស់កាលយូរ ដូចមេបក្សីដែលបាត់កូន ឃើញតែសំបុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ហើយ មុខជានឹងស្គមស្លេកស្លាំង ដូចជាមេបក្សីដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដូចជាមេបក្សី ដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់លុះមកកាន់បុរីនេះសូន្យទទេហើយ នឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរ ដូចមេអកដែលបាត់កូន ឃើញតែសំបុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្គមស្លេកស្លាំង ដូចជាមេអក ដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដូចជាមេអកដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់នោះ មកកាន់បុរីនេះសូន្យទទេហើយ មុខជានឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរដោយពិត ដូចជាមេចាក្រពាក ដែល (សំកុក) លើភក់មិនមានទឹក។ ខ្ញុំម្ចាស់នោះមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្គមសេ្លកស្លាំងដោយពិត ដូចជាមេចាក្រពាក ដែល (សំកុក) នៅលើភក់មិនមានទឹក។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដោយពិត ដូចជាមេចាក្រពាក ដែលនៅលើភក់មិនមានទឹក។ កាលបើខ្ញុំម្ចាស់យំរៀបរាប់យ៉ាងនេះហើយ ព្រះអង្គនៅតែបណេ្តញរាជបុត្តនោះ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ខ្ញុំម្ចាស់ទំនងជានឹងលះបង់ជីវិតមិនខាន។

[២៤៩] (អភិសម្ពុទ្ធគាថា) ពួកកញ្ញារបស់ព្រះបាទសិវិទាំងអស់ ដែលនៅក្នុងបុរី លុះបានឮទំនួញរៀបរាប់នៃព្រះនាងផុស្សតីនោះហើយ ក៏មកចួបជុំគ្នា ផ្គងដើមដៃ កន្ទក់កនេ្ទញ។ កូន និងប្រពន្ធទាំងឡាយ ក៏ដួលដេកក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ ដូចដើមឈើដែលត្រូវខ្យល់បក់បោកខេ្ទចខ្ទី។ ពួកស្រីស្នំ ពួករាជកុមារ ពួកអ្នកជំនួញ និងពួកព្រាហ្មណ៍ ផ្គងដើមដៃកន្ទក់កន្ទេញ ក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ។ ពួកពលដំរី ពល (សេះ) ពលរថ ពលថើ្មរជើង ផ្គងដើមដៃកន្ទក់កន្ទេញក្នុងព្រះរាជនិវេសន៍ព្រះបាទវេស្សន្តរ។ រាត្រីនោះអស់ហើយ ព្រះអាទិត្យរះទ្បើង គ្រានោះ ព្រះបាទវេស្សន្តរសេ្តចចូលទៅដើម្បីឲ្យទាន។ មានព្រះរាជបញ្ជាថា អ្នកទាំងឡាយ ចូរឲ្យសំពត់ដល់ពួកជនដែលត្រូវការសំពត់ ឲ្យសុរាដល់ពួកអ្នកលេង ឲ្យភោជនដល់ពួកអ្នកត្រូវការដោយភោជន ចូរឲ្យដោយប្រពៃចុះ។ អ្នកទាំងឡាយ កុំបៀតបៀនពួកវណិព្វកៈ ដែលមកក្នុងទីនេះតិចតួចឡើយ អ្នកទាំងឡាយ ចូរញុំាងពួកវណិព្វកៈឲ្យស្កប់ស្កល់ដោយបាយ និងទឹក ពួកវណិព្វកៈដែលយើងបានឲ្យរួចហើយ ចូរទៅចុះ។ (លំដាប់នោះ ស្រាប់តែសម្លេងក្រលួចយ៉ាងពន្លឹក ប្រព្រឹត្តទៅក្នុងព្រះនគរនោះថា ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះអង្គ ព្រោះតែឲ្យទាន ឥឡូវនេះ ព្រះអង្គឲ្យទានទៀតហើយ)។

[២៥០] កាលមហារាជ ព្រះអង្គញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់យាងចេញទៅ វណិព្វកៈទាំងនោះ ក៏ដួលចុះ ដូចជាបុគ្គលស្រវឹង ឬដូចជាបុគ្គលនឿយហត់ខ្លាំង (ដោយពាក្យថា) មា្នលអ្នកទាំងឡាយដ៏ចំរើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចគេកាត់ផ្ដាច់ដើមឈើ ជាឈើឲ្យផ្លែផ្សេងៗ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ចោលនូវដើមឈើ ជាឈើទ្រទ្រង់ផែ្លផ្សេងៗ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ដើមឈើ ជាឈើឲ្យសេចក្តីបា្រថ្នាគ្រប់យ៉ាង។ មា្នលអ្នកទាំងឡាយដ៏ចំរើន ពួកអ្នកសិវិរាស្រ្ត បានបណេ្តញព្រះបាទវេស្សន្តរ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ដូចជាគេកាត់ដើមឈើ ជាឈើនំាមកនូវរស ជាទីបា្រថ្នាគ្រប់យ៉ាង។ ពួកជនណាដែលចាស់កី្ត ពួកជនណាដែលនៅក្មេងក្ដី ពួកជនណា ដែលមានវ័យកណ្តាលក្តី ជនទាំងនោះ កាលដែលមហារាជ ព្រះអង្គញុំាងដែនរបស់ពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់យាងចេញទៅ ក៏ផ្គងដៃកន្ទក់កនេ្ទញ។ កាលមហារាជ ព្រះអង្គញុំាងដែនអ្នកសិវិឲ្យចំរើន ទ្រង់យាងចេញទៅ ពួកពេទ្យចាប់ខោ្មច ពួកអ្នករក្សាស្រីស្នំ12) និងពួកស្រីស្នំរបស់ព្រះរាជា ក៏ផ្គងដើមដៃកន្ទក់កនេ្ទញ។ កាលមហារាជ ព្រះអង្គញុំាងអ្នកដែនសិវិឲ្យចំរើន ទ្រង់យាងចេញទៅ ពួកស្ត្រីដែលនៅក្នុងព្រះនគរនោះ ក៏កន្ទក់កនេ្ទញ។ ពួកព្រាហ្មណ៍ សមណៈ និងវណិព្វកៈដទៃៗ ផ្គងដើមដៃកន្ទក់កន្ទេញថា មា្នលគ្នាយើងដ៏ចំរើន បានឮថា នេះមិនមែនជាធម៌ទេ។ ដូចយ៉ាងព្រះបាទវេស្សន្តរ កាលបូជាក្នុងបុរីរបស់ព្រះអង្គ ទ្រង់យាងចេញចាកដែនរបស់ព្រះអង្គ ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានដំរីមាតង្គៈប្រាំពីររយ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង មានខ្សែដង្គន់មាស មានគ្រឿងប្រដាប់ក្បាលជាវិការៈនៃមាស ដែលពួកហ្មដំរី មានលំពែងស្នែងក្របី និងកងេ្វរក្នុងដៃ ឡើងជិះហើយ ក៏យាងចេញទៅចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានសេះ អាជានីយប្រាំពីររយ ជាសេះសិន្ធពដោយជាតិ ជាពាហនៈមានសន្ទុះលឿន ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកអ្នកជិះសេះកាន់ស៊ែ និងធ្នូ ឡើងជិះហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានរថប្រាំពីររយ ដែលប្រដាប់ហើយ មានទង់លើកឡើងហើយ បិទបាំងដោយស្បែកខ្លាដម្បង និងសែ្បកខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូក្នុងដៃ និងពាក់អាវក្រោះ ឡើងជិះហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានស្ត្រីប្រាំពីររយ ឋិតនៅលើរថមួយម្នាក់ ៗ ដែលស្អិតស្អាងហើយ ប្រដាប់ដោយខែ្សជាវិការៈនៃមាសឆ្ដោរ មានគ្រឿងប្រដាប់លឿង មានសំលៀកបំពាក់លឿង ស្អិតស្អាងដោយគ្រឿងអាភរណៈលឿង មានថ្ពាល់ និងភែ្នកដ៏ល្អ ញញឹមហើយទើបនិយាយ ជាស្រ្តីមានត្រគាកល្អ មានចង្កេះរៀវ ក៏យាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានមេគោប្រាំពីររយ ព្រមទាំងភាជន៍មាសសម្រាប់ត្រងទឹកដោះទាំងអស់ ហើយយាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានខ្ញុំស្រីប្រាំពីររយ ខ្ញុំប្រុសប្រាំពីររយ ហើយយាងចេញចាកដែនរបស់ព្រះអង្គ។ ព្រះបាទវេស្សន្តរនុ៎ះ បានប្រទានដំរី សេះ រថ និងនាងនារី ដែលប្រដាប់ហើយ ក៏យាងចេញចាកដែនរបស់ព្រះអង្គ។ កាលដែលព្រះបាទវេស្សន្តរ ប្រទានមហាទាន ការស្ញប់ស្ញែង ការព្រឺរោមក៏កើតមានក្នុងកាលនោះ ផែនដីក៏ញប់ញ័រ។ ព្រះរាជាដែលមហាជនកំពុងផ្គងអញ្ជលី ទ្រង់យាងចេញចាកដែនរបស់ព្រះអង្គ ដោយហេតុណា ហេតុនោះ ជាការគួរស្ញប់សែ្ញង គួរព្រឺរោម កើតមានក្នុងកាលនោះ។

[២៥១] (អភិសម្ពុទ្ធគាថា) គ្រានោះ សម្លេងក្រលួចយ៉ាងពន្លឹក ប្រព្រឹត្តទៅក្នុងព្រះរាជនិវេសន៍នុ៎ះថា ពួកអ្នកសិវិរាស្រ្តបណេ្តញព្រះវេស្សន្តរនោះ ព្រោះតែឲ្យទាន ព្រះវេស្សន្តរនោះ នៅតែឲ្យទានទៀត។

[២៥២] កាលមហារាជ ព្រះអង្គញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន យាងចេញទៅ ពួកវណិព្វកៈទាំងនោះ ក៏ដួលចុះ ដូចបុគ្គលស្រវឹង ឬដូចបុគ្គលនឿយហត់ខ្លាំង។

[២៥៣] ព្រះបាទវេស្សន្តរ បានក្រាបទូលព្រះរាជាព្រះនាមសញ្ជ័យ ជាធម្មិករាជដ៏ប្រសើរថា បពិត្រព្រះទេវៈ ព្រះអង្គទ្រង់បណេ្តញទូលព្រះបងំ្គជាខ្ញុំ ទូលព្រះបងំ្គជាខ្ញុំនឹងទៅឯវង្កតបព៌ត។ បពិត្រមហារាជ សត្វទាំងឡាយណាមួយ កើតហើយក្តី ទាំងសត្វទាំងឡាយណា នឹងកើតក្តី (ពួកសត្វដែលកំពុងកើតក្តី) សត្វទាំងនោះ សុទ្ធតែមិនឆែ្អតដោយកាមទាំងអស់ រមែងទៅកាន់ទីរបស់យមៈ។ ទូលព្រះបង្គំជាខ្ញុំនោះ កាលឲ្យទានក្នុងបុរីជារបស់ខ្លួន ឈ្មោះថា បៀតបៀនពួកអ្នកដែនរបស់ខ្លួន ទូលព្រះបង្គំជាខ្ញុំ កាលចេញចាកដែនរបស់ខ្លួន ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត ទូលព្រះបង្គំក៏នឹងរងទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ដែលរមាស និងខ្លាដម្បងអាស្រ័យហើយ ទូលព្រះបង្គំជាខ្ញុំ នឹងធើ្វបុណ្យទាំងឡាយ ឯព្រះអង្គលិចក្នុងភក់ គឺកាមចុះ។

[២៥៤] (ព្រះវេស្សន្តរ…) បពិត្រព្រះមាតា សូមទ្រង់អនុញ្ញាតទូលព្រះបង្គំជាខ្ញុំ ទូលព្រះបង្គំជាខ្ញុំគាប់ចិត្តនឹងបព្វជា្ជ ទូលព្រះបង្គំជាខ្ញុំនោះ កាលឲ្យទានក្នុងបុរីជារបស់ខ្លួន ឈ្មោះថា បៀតបៀនពួកអ្នកដែនរបស់ខ្លួន ទូលព្រះបង្គំជាខ្ញុំ កាលចេញចាកដែនរបស់ខ្លួន ព្រោះហេតុតែសំដីពួកអ្នកសិវិរាស្រ្ត ទូលព្រះបង្គំជាខ្ញុំ នឹងសោយទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ដែលរមាស និងខ្លាដម្បងអាស្រ័យហើយ ទូលព្រះបង្គំជាខ្ញុំ តែងធើ្វបុណ្យទំាងឡាយ នឹងទៅឯគិរីវង្កត។

[២៥៥] (ព្រះនាងផុស្សតីទេវី ) មា្នលកូន យើងអនុញ្ញាតអ្នកហើយ បព្វជ្ជា ចូរសម្រេចដល់អ្នកចុះ តែនាងមទ្រីកល្យាណីនេះ នាងមានត្រគាកដ៏ល្អ មានចងេ្កះរៀវ ចូរនៅជាមួយនឹងកូនទាំងពីរចុះ នាងនឹងធើ្វអី្វក្នុងព្រៃ។

[២៥៦] (ព្រះវេស្សន្តរ) សូម្បីតែទាសី ដែលបា្រថ្នានឹងទៅ ទូលព្រះបង្គំជាខ្ញុំ ក៏មិនអាចនំាទៅកាន់ព្រៃទេ ប្រសិនបើនាងមទ្រីចង់ ចូរទៅតាមចុះ បើមិនចង់ ចូរនៅចុះ។

[២៥៧] លំដាប់នោះ មហារាជទ្រង់យាងទៅអង្វរព្រះសុណិសាថា មា្នលនាងមានរាងកាយប្រោះព្រំដោយខ្លឹមចន្ទន៍ នាងកុំស្លៀកដណ្តប់សំពត់ឲ្យប្រឡាក់ក្អែលឡើយ។ នាងធ្លាប់ស្លៀកដណ្តប់សំពត់អ្នកដែនកាសី ហើយត្រឡប់ជាស្លៀកដណ្តប់សំពត់ដែលក្រងដោយស្បូវភ្លាំងវិញ ការនៅក្នុងព្រៃ តែងនំាមកនូវសេចក្តីទុក្ខ មា្នលនាងមានល័ក្ខណ៍ នាងកុំទៅឡើយ។

[២៥៨] ព្រះរាជបុតី្រព្រះនាងមទ្រី មានអវយវៈទាំងអស់ដ៏ល្អ បានក្រាបបង្គំទូលព្រះបិតាក្មេកថា ខ្ញុំម្ចាស់ បើបា្រសចាកព្រះវេស្សន្តររបស់ខ្ញុំមា្ចស់ហើយ មិនចង់បានសេចក្តីសុខទេ។

[២៥៩] មហារាជជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន មានព្រះបន្ទូលនឹងនាងមទ្រីនោះថា ម្នាលនាងមទ្រី បើដូច្នោះ នាងចូរស្តាប់សេចក្តីអន្តរាយទាំងឡាយ ដែលនាងអត់ទ្រាំបានដោយក្រ ក្នុងព្រៃចុះ។ កណ្តូប របោម មូស និងឃ្មុំដ៏ច្រើន សត្វទាំងនោះ គប្បីបៀតបៀននាងក្នុងព្រៃនោះ ការបៀតបៀននោះ មុខជានាំមកនូវទុក្ខយ៉ាងខាំ្លងដល់នាង។ នាងចូរមើលពួកសត្វដទៃ ដែលគួរឲ្យតក់ស្លុត ដែលអាស្រ័យនៅនឹងទន្លេ គឺពស់ថ្លាន់ ពស់ទាំងនោះ មិនមានពិសទេ តែមានកំឡាំងច្រើន។ ពស់ថា្លន់ទាំងនោះ តែងយកភ្នេនរឹតមនុស្ស ឬម្រឹគដែលមកជិតវា ហើយនាំមកកាន់អំណាចខ្លួន។ ខ្លាឃ្មុំដទៃទៀត មានសម្បុរខៅ្ម រោមរឹង ជាម្រឹគឲ្យទុក្ខ បុរសដែលខ្លាទាំងនោះឃើញហើយ រត់ឡើងដើមឈើក៏មិនរួច។ ក្របីជាសត្វប្រហារ តែងវ័ធនឹងសែ្នង មានចុងដ៏មុត តែងត្រាច់ទៅមកក្នុងព្រៃនោះ ជិតទន្លេឈោ្មះសោតុម្ពរា។ មា្នលនាងមទ្រី នាងដូចជាមេគោដែលមានចិត្តជាប់នឹងកូន ឃើញគោឈោ្មលកំពុងទៅតាមហ្វូងម្រឹគក្នុងព្រៃ នឹងធើ្វដូចម្តេច។ មា្នលនាងមទ្រី ភ័យធំមុខជានឹងមានដល់នាង ដែលជាស្រ្តីមិនដឹងទីខេត្ត ព្រោះឃើញស្វាទំាងឡាយដ៏ពន្លឹក ដែលផ្តុំគា្នក្បែរផ្លូវ ដែលទៅមកបានដោយក្រ។ មា្នលនាងមទ្រី ក្នុងបុរី នាងគ្រាន់តែឮ (សូរសម្លេង) ចចក រមែងតក់ស្លុតរឿយ ៗ ដល់ទៅគិរីវង្កត តើនឹងធើ្វដូចមេ្តចទៅ។ កាលដែលពួកបក្សីប្រជុំគា្ន ក្នុងវេលាដែលព្រះអាទិត្យឋិតនៅត្រង់កណ្ដាល (ថ្ងៃត្រង់) ព្រៃធំ ក៏លាន់ឮសម្លេងគឹកកង ចុះនាងចង់ទៅក្នុងព្រៃធំនោះធើ្វអ្វី។

[២៦០] ព្រះរាជបុត្រីព្រះនាមមទ្រី មានអវយវៈទាំងអស់ដ៏ល្អ បានក្រាបបង្គំទូលព្រះរាជបិតាក្មេកនោះថា ព្រះអង្គទ្រង់ត្រាស់ប្រាប់ដល់ខ្ញុំម្ចាស់នូវភ័យ ដែលមានចំពោះមុខទាំងឡាយណា ក្នុងព្រៃ ឯខ្ញុំម្ចាស់អាចទទួលអត់ទ្រាំភ័យ ដែលមានចំពោះមុខទាំងអស់នោះបាន បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ខ្ញុំម្ចាស់នឹងយកទ្រូងរុលវែកដើមអំពៅព្រៃ ស្បូវភ្លាំង ស្មៅសសិត ស្មៅរណ្តាស ស្មៅយាប្លង និងស្មៅដំណេកទន្សាយ (ដើរមុខព្រះវេស្សន្តរជាប្តីខ្ញុំម្ចាស់) ខ្ញុំម្ចាស់នឹងនាំព្រះភស្តាទៅមិនឲ្យលំបាក។ កុមារីរមែងបានប្តីដោយការប្រព្រឹត្តិវត្តដ៏ច្រើន គឺដោយការបិទពោះ (បន្ថយអាហារឲ្យពោះតូច) ដោយការដំចងេ្កះ ដោយឈើមានសណ្ឋានដូចចងា្កគោ និងការរឹតចងេ្កះខ្លួនដោយឈ្នួត (ធើ្វឲ្យចងេ្កះរៀវ) ដោយការបំរើភើ្លង (អាំងភើ្លង) និងដោយការដុសលាងសំអាតដោយទឹក ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំមា្ចស់នឹងទៅពុំខានឡើយ។ ម្យ៉ាងទៀត បុរសមិនគួរបរិភោគរបស់សំណល់អំពីស្រ្តីមេម៉ាយនោះ បុរសណា សូម្បី (មានជាតិទាប បុរសនោះ) ក៏ចាប់ដៃទង់ទាញស្រ្តីមេម៉ាយនោះ ដែលមិនបា្រថ្នាផង ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ បុរសតែងឲ្យសេចក្តីទុក្ខយ៉ាងច្រើនលើសលុប ដោយការចាប់សក់កញ្ឆក់ឡើង ដោយការផ្តួលលើផែនដី ហើយក៏មិនដើរចេញទៅណា (នៅឈរមើលព្រងើយ) ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅមិនខានឡើយ។ ពួកបុរសដែលមានសម្បុរ ស ជាអ្នកត្រូវការនឹងស្រ្តីមេម៉ាយ ប្រកាន់ខ្លួនថា មានលំអដ៏ប្រសើរ បានឲ្យ (ទ្រព្យបន្តិចបន្តួច) ហើយទង់ទាញស្រ្តីមេម៉ាយដែលមិនត្រូវការនឹងខ្លួន ដូចកែ្អកដែលឆាបមៀមដូច្នោះ ភាពជាស្រ្តីមេម៉ាយ រមែងក្ដៅក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ម្យ៉ាងទៀត ស្ត្រីមេម៉ាយ កាលនៅក្នុងត្រកូលញាតិដ៏ស្តុកស្តម្ភ រុងរឿងដោយភាជន៍មាស ក៏នៅតែបានពាក្យតិះដៀលអំពីបងប្អូនប្រុស និងពួកស្រ្តីជាសំឡាញ់ពុំខាន ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ទន្លេដែលគ្មានទឹក ហៅថា ទន្លេស្រាត ដែនដែលគ្មានព្រះរាជា ហៅថា ដែនស្រាត ចំណែកស្រ្តីមេម៉ាយ បើទុកជាមានបងប្អូនប្រុសដល់ ១០ នាក់ ក៏ហៅថា ស្រ្តីស្រាត ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ទង់ជាគ្រឿងបា្រកដរបស់រថ ផ្សែងជាគ្រឿងប្រាកដរបស់ភើ្លង ព្រះរាជាជាគឿងបា្រកដរបស់ដែន ភស្តាជាគ្រឿងបា្រកដរបស់ស្រ្តី ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ស្រ្តីណាដែលមានកេរ្តិ៍ឈ្មោះ កាលស្វាមីទ័លក្រ ក៏ជាស្រ្តីទ័លក្រ (ជាមួយ) កាលស្វាមីស្តុកស្តម្ភ ក៏ជាស្ត្រីស្តុកស្តម្ភ (ជាមួយ) ពួកទេវតារមែងសរសើរស្រ្តីនោះឯង ព្រោះថា ស្រ្តីនោះធើ្វអំពើដែលគេធើ្វបានដោយក្រ។ ខ្ញុំម្ចាស់នឹងស្លៀកសំពត់កាសាយៈ ហើយដើរតាមប្តីសព្វ ៗ កាល ភាពជាស្រ្តីមេម៉ាយ ទោះបីមានផែនដីមិនបែក (បានជាធំលើផែនដីទាំងមូល) ក៏នៅតែក្តៅក្រហាយដែរ។ ម្យ៉ាងទៀត ខ្ញុំម្ចាស់បើប្រាសព្រាត់ព្រះវេស្សន្តរជាប្តីហើយ មិនចង់បានផែនដីដែលមានសមុទ្រព័ទ្ធជុំវិញ ទ្រទ្រង់ទ្រព្យដ៏ច្រើន ជាផែនដីបរិបូណ៌ដោយរតនៈផេ្សង ៗ ទេ។ ពួកស្រ្តីណា ជាស្រ្តីរឹងរូសយ៉ាងក្រៃលែង កាលដែលស្វាមីដល់នូវសេចក្តីទុក្ខហើយ ប្រាថ្នាសេចក្តីសុខដល់ខ្លួនតែម្យ៉ាង ហ្ឫទ័យរបស់ស្រ្តីទាំងនោះនឹងទៅជាដូចមេ្តចហ៎្ន។ កាលបើមហារាជ ដែលញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់ចេញទៅហើយ ខ្ញុំម្ចាស់នឹងទៅតាមមហារាជនោះ ព្រោះថា ព្រះអង្គជាអ្នកឲ្យវត្ថុជាទីប្រាថ្នាគ្រប់យ៉ាងដល់ខ្ញុំម្ចាស់។

[២៦១] ព្រះបាទសញ្ជយមហារាជ មានព្រះរាជឱង្ការនឹងព្រះនាងមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អនោះថា ម្នាលនាងមានល័ក្ខណ៍ នាងចូរទុកកូនតូចទាំងពីររបស់នាង គឺបាជាលី និងនាងកណ្ហាជិនានេះ ហើយទៅចុះ យើងនឹងចិញ្ចឹមកូនតូចទាំងនោះ។

[២៦២] ព្រះរាជបុត្រីព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ បានក្រាបទូលព្រះរាជានោះវិញថា បពិត្រព្រះទេវៈ កូនតូចទាំងពីរ គឺបាជាលី និងនាងកណ្ហាជិនា ជាទីស្រឡាញ់របស់ខ្ញុំម្ចាស់ កូនតូចទាំងពីរនោះ នឹង (ញុំាងហឫទ័យ) នៃយើងខ្ញុំ ដែលមិនទាន់ប្រាសចាកសេចក្តីសោក ឲ្យត្រេកអរក្នុងព្រៃនោះបាន។

[២៦៣] ព្រះបាទសញ្ជយមហារាជ ទ្រង់ញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន មានព្រះបន្ទូលនឹងព្រះនាងមទ្រីនោះថា ក្មេងទាំងពីរធ្លាប់បរិភោគបាយអង្ករសាលី លាយដោយសាច់ដ៏ស្អាត នឹងបរិភោគផែ្លឈើធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់បរិភោគភោជនក្នុងភាជន៍មាសដែលមានទម្ងន់ ១០០ បល្លៈ មានស្នាមចំឡាក់មួយ ១០០ នឹងបរិភោគភោជន ដែលដាក់ក្នុងស្លឹកឈើធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ស្លៀកដណ្តប់សំពត់អ្នកដែនកាសីផង សំពត់ខោមៈផង សំពត់កោទុម្ពរៈផង នឹងស្លៀកដណ្តប់សំពត់ដែលក្រងដោយស្បូវភ្លាំងធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ទៅដោយវ ដោយគ្រែស្នែង ដោយរថ នឹងដើរទៅដោយជើងធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ដេកក្នុងផ្ទះមានកំពូល មានសន្ទះទា្វរ និងបង្អួចដ៏ជិតស្និទ្ធ ខ្យល់ចេញចូលមិនបាន នឹងដេកទៀបគល់ឈើធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ដេកលើបល្លង្ក លើកម្រាលរោមវែង និងលើកម្រាលដ៏ពិចិត្រ នឹងដេកលើកម្រាលស្មៅធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់លាបស្រឡាបដោយគ្រឿងក្រអូប គឺខ្លឹមក្រឹស្នា ខ្លឹមចន្ទន៍ នឹងស្លៀកដណ្តប់សំពត់ប្រឡាក់កែ្អលធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអវយវៈគេតែងបក់ដោយផិ្លតរោមចាមរី និងសំណុំកន្ទុយក្ងោក ត្រូវល្បោមមូសប៉ះពាល់ នឹងធើ្វដូចមេ្តចកើត។

[២៦៤] ព្រះរាជបុត្រីទ្រង់ព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ ក្រាបទូលព្រះរាជបិតានោះថា បពិត្រព្រះទេវៈ ព្រះអង្គកុំទ្រង់ព្រះកនែ្សងឡើយ សូមព្រះអង្គកុំមានព្រះហ្ឫទ័យអាក់អន់ឡើយ ខ្ញុំម្ចាស់ទាំងពីរនាក់ នឹងរស់នៅយ៉ាងណា ក្មេងទាំងពីរនាក់ ក៏រស់នៅយ៉ាងនោះដែរ។ ព្រះនាងមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ ដ៏ទ្រង់ល័ក្ខណ៍ លុះបានពោលពាក្យយ៉ាងនេះហើយ ក៏នាំព្រះរាជបុត្រាបុត្រីទៅតាមផ្លូវដែលព្រះបាទសិវិ (វេស្សន្តរ) ទ្រង់សេ្តចទៅ។

[២៦៥] លំដាប់នោះ ព្រះវេស្សន្តរជាក្សត្រ ទ្រង់បានឲ្យទាន ហើយក៏ថា្វយបង្គំព្រះបិតា និងព្រះមាតា ធើ្វប្រទក្សិណព្រះបិតា និងព្រះមាតានោះ។ ព្រះវេស្សន្តរឡើងកាន់រថ ដែលទឹមដោយសេះ ៤ មានសន្ទុះដ៏លឿន នាំបុត្រាបុត្រី និងព្រះជាយា សេ្តចទៅកាន់គិរីវង្កត។

[២៦៦] លំដាប់នោះ ព្រះរាជាទ្រង់ព្រះនាមវេស្សន្តរ ទ្រង់បររថសំដៅទៅរកទីដែលមានជនច្រើន ហើយត្រាស់ថា យើងសូមលាអ្នករាល់គ្នាទៅហើយ សូមឲ្យពួកញាតិកុំមានរោគឡើយ។

[២៦៧] (អភិសម្ពុទ្ធគាថា) កាលដែលព្រះបាទវេស្សន្តរ សេ្តចចេញអំពីព្រះនគរ ហើយងាកក្រឡេកទតព្រះរាជនិវេសន៍ គ្រានោះឯង ផែនដីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ។

[២៦៨] (ព្រះវេស្សន្តរ…) នែនាងមទ្រី នាងចូរគន់មើលចុះ (នុ៎ះ) និវេសន៍របស់ព្រះបាទសិវិដ៏ប្រសើរ (នុ៎ះ) វាំងរបស់យើង ដែលព្រះបិតាប្រទានឲ្យ ប្រាកដជារូបគួរត្រេកអរ។

[២៦៩] ពួកព្រាហ្មណ៍បានទៅតាមព្រះបាទវេស្សន្តរនោះ ព្រាហ្មណ៍ទាំងនោះបានសុំសេះទាំងឡាយអំពីព្រះបាទវេស្សន្តរនោះ ព្រះបាទវេស្សន្តរ លុះពួកព្រាហ្មណ៍សុំហើយ ក៏បានប្រទានសេះទាំង ៤ ដល់ព្រាហ្មណ៍ទាំង ៤ នាក់។

[២៧០] (ព្រះបាទវេស្សន្តរ…) នែមទ្រី នាងចូរគន់មើលចុះ ម្រឹគទាំងឡាយមានភេទជារមាំង នាំខ្ញុំទៅ ដូចសេះដែលគេទូន្មានល្អហើយ ប្រាកដជារូបដ៏វិចិត្រ។

[២៧១] លំដាប់នោះ ព្រាហ្មណ៍ទី ៥ ក៏មកក្នុងព្រៃនោះ ព្រាហ្មណ៍នោះ បានសុំរថអំពីព្រះបាទវេស្សន្តរនោះ ព្រះបាទវេស្សន្តរ ក៏ប្រទានរថដល់ព្រាហ្មណ៍នោះ ព្រះហ្ឫទ័យរបស់ព្រះបាទវេស្សន្តរ មិនបានរួញរាឡើយ។

[២៧២] ព្រះបាទវេស្សន្តរទ្រង់ឲ្យជន គឺព្រះទេវី បុត្រាបុត្រីរបស់ព្រះអង្គ (ចុះពីរថនោះ) រួចប្រទានអស្សរថ ដល់ព្រាហ្មណ៍អ្នកសែ្វងទ្រព្យ។

[២៧៣] (ព្រះបាទវេស្សន្តរ…) នែមទ្រី នាងចូរពកណ្ហាចុះ ដ្បិតកណ្ហានុ៎ះជាប្អូននៅតូចស្រាល ខ្ញុំនឹងពជាលី ដ្បិតជាលីនោះជាបងដ៏ធ្ងន់។

[២៧៤] ព្រះរាជាទ្រង់ពជាលីកុមារ ចំណែកព្រះរាជបុត្រី ទ្រង់ពនាងកណ្ហាជិនា ទ្រង់យាងទៅ មានព្រះបន្ទូលព្រះវាចាជាទីស្រឡាញ់ សំណេះសំណាលទៅវិញទៅមក។

ចប់ ទានកណ្ឌ។

វនប្បវេសន៍

(វនបវេសនំ)

[២៧៥] (អភិសម្ពុទ្ធគាថា) (ក្សត្រទាំងនោះ មានព្រះបន្ទូលសំណេះសំណាលថា) ប្រសិនបើពួកមនុស្សណាមួយ មកចួបក្នុងផ្លូវជាលំដាប់ យើងនឹងសួររកផ្លូវនឹងមនុស្សទាំងនោះថា វង្កតបព៌តនៅក្នុងទីណា។ មនុស្សទាំងនោះ បានឃើញយើងក្នុងទីនោះហើយ សមជាទួញយំ មុខគួរឲ្យអណោចអធម្ម មនុស្សទាំងនោះ ក៏ប្រាប់សេចក្តីទុក្ខថា វង្កតបព៌តនៅក្នុងទីឆ្ងាយ។

[២៧៦] បើក្មេងទាំងពីរ បានឃើញដើមឈើ ដែលមានផ្លែក្នុងព្រៃ ក្មេងទាំងពីររមែងយំទារ ព្រោះហេតុចង់បានផ្លែឈើទាំងនោះ។ ដើមឈើទាំងឡាយដ៏ខ្ពស់ ឃើញក្មេងទាំងពីរកំពុងយំ ក៏ទោរទន់មកជិតក្មេងទាំងពីរ ដោយខ្លួនឯងតែម្តង។ ព្រះនាងមទ្រីដែលមានអវយវៈទាំងអស់ដ៏ល្អ បានឃើញហេតុនេះ ជាហេតុអស្ចារ្យចំឡែក គួរឲ្យព្រឺរោម ក៏ញុំាងសាធុការឲ្យប្រព្រឹត្តទៅថា ឱហ្ន៎ (នេះ) គួរអស្ចារ្យណាស់ ចំឡែកណាស់ គួរឲ្យព្រឺរោមក្នុងលោក ដើមឈើទាំងឡាយស្រាប់តែទោរចុះមកឯង ដោយតេជះនៃព្រះវេស្សន្តរ។

[២៧៧] យក្ខទាំងឡាយ បំប្រួញផ្លូវដោយសេចក្តីអនុគ្រោះចំពោះក្មេងទាំងពីរ ក្សត្រទាំងនោះ បានទៅដល់ដែនឈ្មោះចេតៈ តែមួយថៃ្ង រាប់ពីសេ្តចចេញទៅ។

[២៧៨] ក្សត្រទាំងនោះ យាងទៅកាន់ផ្លូវឆ្ងាយ ក៏បានដល់ដែនឈ្មោះចេតៈ ដែលជាជនបទស្តុកស្ភម្ភធំទូលាយ មានសាច់ សុរា និងទឹកច្រើន។

[២៧៩] អ្នកដែនចេតៈទាំងឡាយ បានឃើញព្រះនាងមទ្រី ដែលប្រកបដោយលក្ខណៈ សេ្តចមកដល់ហើយ ក៏នាំគ្នាចោមរោមចរចាថា ឱហ្ន៎ ព្រះនាងម្ចាស់ ជាសុខុមាលជាតិ សេ្តចសញ្ចរមកដោយព្រះបាទទទេ។ សមេ្តចព្រះមទ្រីនោះ ធ្លាប់សេ្តចទៅដោយវ គ្រែសែ្នង និងរថ តែក្នុងថៃ្ងនេះ សេ្តចទៅក្នុងព្រៃដោយព្រះបាទទទេ។

[២៨០] ព្រះរាជាចេតៈទាំងឡាយ លុះបានឃើញព្រះបាទវេស្សន្តរនោះហើយ ក៏ទ្រង់ព្រះកន្សែង ចូលទៅជិតថា បពិត្រព្រះទេវៈ ព្រះអង្គសុខស្រួលទេឬ បពិត្រព្រះទេវៈ ព្រះអង្គមិនមានជំងឺដម្កាត់ទេឬ។ ព្រះបិតារបស់ព្រះអង្គ មិនមានរោគទេឬ ពួកអ្នកសិវិរាស្រ្ត មិនមានជំងឺដម្កាត់ទេឬ បពិត្រមហារាជ ទៅណាទៅពួកពលរបស់ព្រះអង្គ ទៅណាទៅរថមណ្ឌលរបស់ព្រះអង្គ។ ព្រះអង្គទ្រង់សេ្តចមកកាន់ផ្លូវឆ្ងាយ មិនមានសេះ មិនមានរថ ពួកបច្ចាមិត្រគ្របសង្កត់ព្រះអង្គឬ ទើបសេ្តចយាងមកកាន់ទិសនេះ។

[២៨១] (ព្រះបាទវេស្សន្តរ…) ម្នាលសំឡាញ់ទំាងឡាយ យើងមានសេចកី្តសុខស្រួលទេ មា្នលសំឡាញ់ទំាងឡាយ យើងមិនមានជំងឺដម្កាត់អី្វទេ ព្រះបិតារបស់យើង ក៏មិនមានរោគទេ ទំាំងពួកអ្នកសិវិរាស្រ្តក៏មិនមានជំងឺដម្កាត់ដែរ។ យើងបានឲ្យដំរីមានភ្លុក ង ទន្ទាំ អាចពុះពារសត្រូវ ស្គាល់ខែត្រនៃចម្បំាងគ្រប់យ៉ាង ជាដំរីដ៏ឧត្តម សសុទ្ធ បិទបាំងដោយសំពត់កម្ពលលឿង ជាដំរីចុះបេ្រង អាចញាំញីសត្រូវបាន មានភ្លុក (ល្អ) ប្រកបដោយស៊ែ ជាដំរីសប្រហែលនឹងភ្នំកៃលាស។ ខ្ញុំបានឲ្យដំរីនោះ ព្រមទាំងសេ្វតច្ឆត្រ ព្រមទាំងកម្រាលលើខ្នងដ៏ល្អ ព្រមទាំងពេទ្យ ព្រមទាំងអ្នករក្សា ជាយានដ៏ប្រសើរ ជារាជពាហនៈ ដល់ពួកព្រាហ្មណ៍។ ព្រោះដំណើរនោះហើយ បានជាពួកអ្នកសិវិរាស្រ្តខឹងនឹងខ្ញុំ ទាំងព្រះបិតា ក៏មានព្រះហ្ឫទ័យអាក់អន់នឹងខ្ញុំ ព្រះរាជាទ្រង់ដេញខ្ញុំ ខ្ញុំនឹងទៅឯភ្នំវង្កត នែសំឡាញ់ទាំងឡាយ អ្នកទាំងឡាយចូរដឹងឱកាសជាទីនៅក្នុងព្រៃ។

[២៨២] (ពួកព្រះរាជាចេតៈ…) បពិត្រមហារាជ ព្រះអង្គទ្រង់យាងមកស្រួលហើយ ព្រះអង្គមិនមែនយាងមកដោយអាក្រក់ទេ ព្រះអង្គជាធំ ទ្រង់សេ្តចមកដល់ហើយ សូមព្រះអង្គមានព្រះបន្ទូលប្រាប់របស់ដែលមានក្នុងទីនេះ។ បពិត្រមហារាជ សូមព្រះអង្គទ្រង់សោយអន្លក់ ក្រអៅឈូក ទឹកឃ្មុំ សាច់ និងបាយនៃអង្ករស្រូវសាលីដ៏សា្អត ដ្បិតព្រះអង្គយាងមកហើយ ទុកជាភ្ញៀវរបស់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ។

[២៨៣] (ព្រះវេស្សន្តរ…) វត្ថុណា ដែលអ្នកទាំងអស់ ធើ្វឲ្យជារបស់មានតម្លៃ បានឲ្យដល់ខ្ញុំ វត្ថុនោះ ខ្ញុំក៏បានទទួលហើយ (តែថា) ព្រះរាជាទ្រង់បណេ្តញខ្ញុំ ខ្ញុំនឹងទៅឯភ្នំវង្កត នែសំឡាញ់ទាំងឡាយ អ្នកទាំងឡាយ ចូរដឹងឱកាសជាទីនៅក្នុងព្រៃ។

[២៨៤] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គសេ្តចគង់នៅក្នុងដែនឈ្មោះចេតៈនេះសិនចុះ ទំរាំពួកព្រះរាជាចេតៈ នឹងទៅកាន់សំណាក់ព្រះរាជា ដើម្បីទូលអង្វរ។ ពួកព្រះរាជាចេតៈត្រេកអរបានទីពឹងហើយ ហែហមចោមរោមព្រះអង្គទៅ ដើម្បីញុំាងមហារាជ ដែលញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ឲ្យលើកទោសចោល បពិត្រក្សត្រ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះ។

[២៨៥] (ព្រះបាទវេស្សន្តរ…) អ្នកទាំងឡាយ កុំពេញចិត្តនឹងការទៅកាន់សំណាក់ព្រះរាជា ដើម្បីទូលអង្វរមហារាជ ឲ្យលើកទោសចោល ព្រោះព្រះរាជាមិនជាធំក្នុងការនោះទេ។ ព្រោះថា ពួកអ្នកសិវិរាស្រ្តណា ជានាយពលកី្ត ជាអ្នកនិគមកី្ត សុទ្ធតែជាអ្នកខឹង ពួកអ្នកសិវិរាស្រ្តនោះ ចង់បណេ្តញទាំងព្រះរាជា ព្រោះហេតុតែយើងផង។

[២៨៦] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គអ្នកញុំាងដែនឲ្យចំរើន បើដំណើរហ្នឹងមានក្នុងដែននុ៎ះមែន សូមព្រះអង្គដែលពួកព្រះរាជាចេតៈចោមរោម ទ្រង់សោយរាជ្យក្នុងដែននេះចុះ។ ឯដែននេះ ជាដែនស្តុកស្តម្ភទូលាយ ជនបទក៏ស្តុកស្តម្ភធំ បពិត្រព្រះទេវៈ សូមព្រះអង្គ ទ្រង់ធើ្វសេចក្តីពេញព្រះទ័យ ដើម្បីនឹងគ្រប់គ្រងរាជ្យ។

[២៨៧] (ព្រះបាទវេស្សន្តរ…) យើងដែលគេបណេ្តញអំពីដែនហើយ មិនមានសេចក្តីបា្រថា្ន មិនមានសេចក្តីពេញចិត្ត ដើម្បីនឹងគ្រប់គ្រងរាជទេ ម្នាលពួកចេតបុត្រ អ្នកចូរសា្តប់ខ្ញុំ។ បើពួកព្រះរាជាចេតៈអភិសេកយើង ដែលគេបណេ្តញចាកដែនក្នុងរាជ្យហើយ ពួកអ្នកសិវិរាស្រ្តណា ជានាយពលក្តី ជាអ្នកនិគមកី្ត ពួកអ្នកសិវិរាស្រ្តនោះ មិនត្រេកអរទេ។ ទាំងមិនមានសេចក្តីស្មោះស័្មគ្រ នឹងអ្នកទាំងឡាយ ព្រោះហេតុតែខ្ញុំដោយពិត ខ្ញុំមិនគាប់ចិត្តនឹងការប្រកួតប្រកាន់ ទាស់ទែងជាមួយពួកអ្នកសិវិរាស្រ្ត។ តទៅ នឹងកើតមានការប្រកួតប្រកាន់ដ៏ពន្លឹក ការវាយដំគ្នាយ៉ាងសម្បើម នឹងមានមិនខាន ជនជាច្រើនគប្បីបៀតបៀនគ្នា ព្រោះហេតុតែខ្ញុំម្នាក់ឯង។ វត្ថុណាដែលអ្នកទាំងអស់គ្នាធើ្វឲ្យជារបស់មានតមៃ្ល បានឲ្យដល់ខ្ញុំ វត្ថុនោះខ្ញុំបានទទួលហើយ ព្រះរាជាទ្រង់បណេ្តញខ្ញុំ ខ្ញុំនឹងទៅភ្នំវង្កត ម្នាលសំឡាញ់ទាំងឡាយ អ្នកទាំងឡាយ ចូរដឹងឱកាសជាទីនៅក្នុងព្រៃ។

[២៨៨] (ពួកព្រះរាជាចេតៈ…) ពួករាជបព្វជិតជាអ្នកឈ្លាស ជាអ្នកបូជាភើ្លង មានចិត្តតំកល់មាំ តែងគង់នៅក្នុងទីណា ពួកទូលព្រះបង្គំជាខ្ញុំ នឹងក្រាបទូលដល់ព្រះអង្គយ៉ាងនោះ បពិត្រមហារាជ ព្រះអង្គគង់នៅជាមួយព្រះរាជបុត្ត ព្រមទាំងព្រះអគ្គជាយា កែ្បរភ្នំណា ភ្នំនោះហៅថា ភ្នំគន្ធមាទន៍ ជាវិការនៃថ្មសទ្ធ។

[២៨៩] ពួកព្រះរាជាចេតៈ កាលយំមានមុខជោកដោយទឹកភែ្នក ក៏ក្រាបទូលព្រះបាទវេស្សន្តរនោះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់យាងទៅអំពីទីនេះ សំដៅត្រង់ទៅទិសខាងជើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះអង្គនឹងទតឃើញភ្នំ ឈ្មោះវេបុល្លៈ ជាភ្នំដេរដាសដោយពួកឈើផេ្សង ៗ មានម្លប់ត្រជាក់ ជាទីរីករាយចិត្ត។ បពិត្រព្រះអង្គដ៏ចំរើន លុះព្រះអង្គឆ្លងផុតភ្នំនោះហើយ នឹងបានឃើញស្ទឹងមួយ ជាទីហូរទៅនៃទឹក ឈ្មោះកេតុម្មតី ជាស្ទឹងជ្រៅ ហូរចេញអំពីផ្ទៃភ្នំ។ ដេរដាសដោយហ្វូងត្រីច្រើន មានកំពង់រាបសើ្មល្អ មានទឹកច្រើន ព្រះអង្គស្រង់ផង សោយផង លួងលោមព្រះរាជបុត្ររបស់ព្រះអង្គក្នុងស្ទឹងនោះ។ បពិត្រព្រះអង្គដ៏ចំរើន តទៅ ព្រះអង្គនឹងទតឃើញដើមជ្រៃ មានផែ្លផែ្អម ដុះនៅលើកំពូលភ្នំជាទីត្រេកអរ មានម្លប់ត្រជាក់ ជាទីរីករាយនៃចិត្ត។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ព្រះអង្គនឹងទតឃើញភ្នំមួយ ឈ្មោះនាលិកៈ ជាវិការៈនៃថ្ម ដេរដាសដោយពួកសត្វស្លាបផេ្សងៗ កុះករដោយពួកកិន្នរ។ នៅភាគខាងជើងឆៀងខាងកើតនៃភ្នំនោះ មានស្រះឈ្មោះមុចលិន្ទ ដេរដាសដោយឈូកសផង ឧប្បលសផង ចង្កុលណីផង។ ព្រះអង្គចូលទៅកាន់ព្រៃដូចផ្ទៃមេឃ មានស្មៅចិញ្ចៀនខៀវស្រស់ជានិច្ច ចូលទៅកាន់ដងព្រៃ ដេរដាសដោយឈើមានផ្កា និងឈើមានផ្លែទាំងពីរ ដូចសីហៈប្រាថ្នាចំណី។ ក្នុងព្រៃនោះ មានបក្សីជាច្រើនមានសម្បុរប្លែក ៗ គ្នា មានសំឡេងមូល មានសំឡេងពីរោះ ស្រែកយំឆ្លងឆ្លើយគ្នាទៅមក លើដើមឈើមានផ្ការីកតាមរដូវ។ ព្រះអង្គទ្រង់សេ្តចទៅកាន់ជង្ហុកភ្នំ និងកន្លែងកកើតនៃស្ទឹងទាំងឡាយ នឹងបានទតឃើញស្រះបោក្ខរណី ដេរដាសដោយដើមកញ្ជើបាយដាច និងដើមថ្ងាន់។ ជាស្រះដេរដាសដោយហ្វូងត្រីដ៏ច្រើន មានកំពង់រាបស្មើល្អ មានទឹកច្រើន មានសណ្ឋាន ៤ ជ្រុងសើ្ម មានទឹកមានរសឆ្ងាញ់ មានក្លិនមិនគួរខើ្ពម។ សូមព្រះអង្គទ្រង់សាងបណ្ណសាលាត្រង់ទិសខាងជើង ឆៀងខាងកើតនៃស្រះបោក្ខរណីនោះ លុះទ្រង់បានសាងបណ្ណសាលាហើយ សូមទ្រង់ព្យាយាម ត្រាច់សែ្វងរកផលាផលចិញ្ចឹមព្រះអង្គចុះ។

ចប់ វនប្បវេសន៍។

ជូជកបព្វៈ

(ជូជកបព្វំ)

[២៩០] (អភិសម្ពុទ្ធគាថា) មានព្រាហ្មណ៍មា្នក់ឈ្មោះជូជក នៅក្នុងដែនកលិង្គៈ ឯភរិយារបស់គាត់នៅក្មេង ឈ្មោះនាងអមិត្តតាបនា។ ពួកស្រីជាអ្នកដងទឹកស្ទឹងក្នុងស្រុកនោះ បានទៅស្តីថានាងអមិត្តតាបនានោះ ផ្អើលជ្រួលជ្រើមចោមរោម ជេរប្រទេចនាងអមិត្តតាបនានោះថា ម្ដាយនាងជាសត្រូវពិត ឪពុកនាងជាសត្រូវពិត បានជាឲ្យនាងដែលនៅកំពុងក្រមុំយ៉ាងនេះ ដល់ព្រាហ្មណ៍ចាស់។ ពួកញាតិរបស់នាងនាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ មិនជាប្រយោជន៍ដល់នាងពិតហើយ បានជានាំគ្នាលើកនាង ដែលនៅកំពុងក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ ជាការអាក្រក់របស់នាងប្រាកដហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ ជាការលាមករបស់នាងប្រាកដហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ ពួកញាតិរបស់នាង នាំគ្នាទៅប្រឹក្សាក្នុងទីស្ងាត់ មិនជាទីគាប់ចិត្តរបស់នាងពិតហើយ បានជានាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ នាងនៅទាំងមិនគាប់ចិត្ត ជាមួយនឹងប្ដីចាស់ ដ្បិតនាងនៅក្នុងផ្ទះនៃប្ដីចាស់បែបនេះ នាងស្លាប់ទៅប្រសើរជាងការរស់នៅ។ នែនាងមានលំអយ៉ាងឆើត មាតាបិតារបស់នាងជាក់ជារកប្ដីដទៃឲ្យនាងមិនបាន បានជានាំគ្នាលើកនាងដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ នាងបានធ្វើការបូជាមិនល្អក្នុងថ្ងៃទី ៩ ទាំងមិនបានធ្វើការបូជាព្រះអគ្គី បានជាពួកញាតិនាំគ្នាលើកនាង ដែលនៅក្រមុំយ៉ាងនេះ ឲ្យដល់ព្រាហ្មណ៍ចាស់។ នាងជាក់ជាជេរប្រទេចពួកសមណៈ និងព្រាហ្មណ៍ មានព្រហ្មចរិយៈប្រព្រឹត្តទៅខាងមុខ ជាអ្នកមានសីល មានការចេះដឹងច្រើនក្នុងលោក បានជានាងដែលនៅក្រមុំយ៉ាងនេះ នៅ (ក្នុងផ្ទះ) ព្រាហ្មណ៍ចាស់។ ពស់ចឹក មិនទាន់ជាទុក្ខទេ ទាំងលំពែងមុត ក៏មិនទាន់ជាទុក្ខដែរ ត្រង់នាងឃើញប្តីចាស់នោះ ទើបជាទុក្ខ ទាំងជាគ្រឿងកៅ្តក្រហាយ។ ល្បែងមិនមាន តម្រេកមិនមាន ការចរចាទៅមក ជាមួយនឹងប្តីចាស់មិនមាន ទាំងការសើច ក៏មិនសមល្អ។ កាលណាប្តីក្មេង ប្រពន្ធក្មេង ទៅប្រឹក្សាគ្នាក្នុងទីស្ងាត់ កាលណោះ សេចក្តីសោកគ្រប់យ៉ាងណាមួយ ដែលអាស្រ័យនៅហ្ឫទ័យ ក៏រមែងវិនាសបាត់ទៅ នាងក្មេងមានរូបល្អ រមែងជាទីប្រាថា្ននៃពួកបុរសណាស់ ចូរនាងវិលទៅនៅឯត្រកូលញាតិវិញទៅ ព្រាហ្មណ៍ចាស់នឹងធើ្វនាងឲ្យរីករាយដូចមេ្តចកើត។

[២៩១] (នាងអមិត្តតាបនា…) នែព្រាហ្មណ៍ ខ្ញុំមិនទៅដងទឹកស្ទឹងឲ្យអ្នកទេ នែព្រាហ្មណ៍ ដ្បិតពួកស្រី ៗ ជេរប្រទេចខ្ញុំ ព្រោះតែអ្នកចាស់។

[២៩២] (ជូជក…) នាងកុំធើ្វកិច្ចការឲ្យអញឡើយ នាងកុំដងទឹកមកឲ្យអញឡើយ អញនឹងដងទឹក (ខ្លួនឯង) ម្នាលនាងដ៏ចំរើន នាងកុំក្រេវក្រោធឡើយ។

[២៩៣] (នាងអមិត្តតាបនា) ខ្ញុំមិនមែនកើតក្នុងត្រកូល (ស្រីអ្នកប្រើបី្ត) នោះទេ អ្នកដងទឹកណា (ខ្ញុំមិនត្រូវការទឹកនោះទេ) នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំនឹងមិននៅក្នុងផ្ទះអ្នកទេ។ នែព្រាហ្មណ៍ បើអ្នកមិននាំខ្ញុំប្រុស ឬខ្ញុំស្រីមកឲ្យខ្ញុំទេ នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំមិននៅក្នុងសំណាក់អ្នកទេ។

[២៩៤] (ជូជក…) ម្នាលនាងព្រាហ្មណី ហេតុជាទីតាំងនៃសិល្បៈក្តី ទ្រព្យក្តី ស្រូវក្តី របស់អញមិនមានទេ អញនឹងនាំយកខ្ញុំប្រុស ឬខ្ញុំស្រីមកឲ្យនាងដ៏ចំរើនអំពីណាបាន អញនឹងបំរើនាងដ៏ចំរើន នាងដ៏ចំរើនកុំក្រេវក្រោធឡើយ។

[២៩៥] (នាងអមិត្តតាបនា…) អ្នកចូរមក ខ្ញុំនឹងបា្រប់អ្នក តាមពាក្យដែលខ្ញុំឮមកថា ព្រះរាជាទ្រង់ព្រះនាមវេស្សន្តរនោះ ស្តេចគង់នៅនាគិរីវង្កត។ ម្នាលព្រាហ្មណ៍ អ្នកចូរទៅសុំខ្ញុំប្រុស ខ្ញុំស្រីនឹងព្រះបាទវេស្សន្តរនោះ។ ក្សត្រនោះ ដែលអ្នកសុំហើយ មុខជាប្រទានខ្ញុំប្រុស ខ្ញុំស្រីដល់អ្នកពុំខាន។

[២៩៦] (ជូជក…) អញចាស់ហើយ មានកំឡាំងថយ ទាំងផ្លូវក៏ឆ្ងាយលំបាកទៅណាស់ នាងដ៏ចំរើន កុំយំយែកឡើយ នាងដ៏ចំរើន កុំអាក់អន់ចិត្តឡើយ អញនឹងបំរើនាងដ៏ចំរើន នាងដ៏ចំរើន កុំក្រេវក្រោធឡើយ។

[២៩៧] (នាងអមិត្តតាបនា…) ទាហានមិនទាន់ទៅធើ្វសង្គ្រាម មិនទាន់ច្បាំង ចាញ់មុនទៅហើយ ម្នាលព្រាហ្មណ៍ អ្នកមិនទាន់ទំាងទៅផង ចាញ់យ៉ាងនោះដែរ។ នែព្រាហ្មណ៍ បើអ្នកមិននាំខ្ញុំប្រុស ខ្ញុំស្រីមកឲ្យខ្ញុំទេ នែព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ ខ្ញុំនឹងមិននៅក្នុងផ្ទះអ្នកទេ ខ្ញុំនឹងធើ្វអំពើមិនគាប់ចិត្តដល់អ្នក អំពើនោះនឹងជាទុក្ខដល់អ្នកមិនខាន កាលណាអ្នកនឹងឃើញខ្ញុំតាក់តែង (ខ្លួន) ត្រេកត្រអាលជាមួយនឹងពួកប្រុសឯទៀត ក្នុងថ្ងៃនក្ខត្តឫក្ស ក្នុងខាងដើមរដូវទំាងឡាយ ដំណើរនោះនឹងជាទុក្ខដល់អ្នកក្នុងកាលនោះ។ ម្នាលព្រាហ្មណ៍ កាលអ្នកជាបុគ្គលចាស់ទួញយំរៀបរាប់ ព្រោះតែមិនបានឃើញខ្ញុំ ខ្នងរឹតតែកោងទៅ សក់នឹងស្កូវច្រើនឡើង។

[២៩៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រាហ្មណ៍នោះ ភិតភ័យ លុះក្នុងអំណាចនាងព្រាហ្មណី ត្រូវកាមរាគគ្របសង្កត់ បានពោលនឹងនាងព្រាហ្មណីយ៉ាងនេះថា ម្នាលនាងព្រាហ្មណី នាងចូរធើ្វទ្រាបល្ងផង ទ្រាបលាជផង នំទឹកឃ្មុំដែលគេធើ្វល្អហើយផង ភត្ត គឺសដូវផង ឲ្យជាស្បៀងដល់អញ។ អញនឹងនំាកុមារជាខ្ញុំពីរនាក់ មានជាតិគោត្រត្រកូល និងប្រទេស ដើម្បីនាង កុមារទាំងនោះនឹងបំរើនាងទាំងយប់ទាំងថៃ្ង មិនខ្ជិលច្រអូសឡើយ។

[២៩៩] ជូជក ជាព្រហ្មពន្ធុ លុះពោលយ៉ាងនេះហើយ ក៏ពាក់ស្បែកជើង លំដាប់នោះ គាត់ផ្តែផ្តាំភរិយា ហើយប្រទក្សិណ ចៀសចេញទៅ ព្រាហ្មណ៍នោះ មានមុខយំសស្រាក់ បានសមាទានវត្ត ត្រាច់ទៅកាន់នគររបស់ពួកអ្នកសិវិរាស្រ្ត ជានគរធំទូលាយ សែ្វងរកខ្ញុំប្រុសខ្ញុំស្រី។

[៣០០] ព្រាហ្មណ៍នោះ បានដើរទៅក្នុងនគរនោះ សាកសួរជនទាំងឡាយ ដែលប្រជុំគា្នក្នុងនគរនោះថា ព្រះបាទវេស្សន្តរ សេ្តចយាងទៅក្នុងទីណា យើងគប្បីគាល់ក្សត្រអង្គនោះ ក្នុងទីណា។ ពួកជនដែលមកប្រជុំគា្នក្នុងទីនោះៗ បាននិយាយនឹងព្រាហ្មណ៍នោះថា មា្នលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន (ទានប្រសើរ) គេបំបរបង់ចាកដែនរបស់ព្រះអង្គ ៗ ទៅគង់ឯគិរីវង្កត។ មា្នលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន ទ្រង់នាំព្រះឱរស និងព្រះទេវីទៅគង់នៅឯគិរីវង្កត។

[៣០១] ជូជកនោះ ដែលនាងព្រាហ្មណីដាស់តឿនហើយ ជាបុគ្គលមានសេចក្តីជាប់ចំពាក់នឹងកាម រងទុក្ខក្នុងព្រៃ ដេរដាសដោយម្រឹគសាហាវ ជាទីដែលរមាស និងខ្លាដម្បងអាស្រ័យនៅហើយ។ ព្រាហ្មណ៍នោះ បានកាន់ដម្បងមានសម្បុរដូចផែ្លភៅ្ន និងវែកសម្រាប់បូជាភើ្លង ព្រមទាំងកុណ្ឌីរ ចូលទៅកាន់ព្រៃធំ ដែលគាត់បានឮថាជាទីដែលព្រះវេស្សន្តរ ព្រះអង្គឲ្យសេចក្តីបា្រថ្នា (គង់នៅ)។ ឆែ្កទាំងឡាយ បានចោមរោមគាត់ កំពុងចូលទៅកាន់ព្រៃធំនោះ គាត់វងេ្វងផ្លូវ ស្រែកទ្រហោយំ ស្ទុះឃា្លតទៅក្នុងទីឆ្ងាយអំពីផ្លូវ (ដែលជាទីទៅកាន់គិរីវង្កត)។ លំដាប់នោះ ព្រាហ្មណ៍ដែលលោ្មភក្នុងភោគៈ មិនសង្រួម ទៅវងេ្វងនៅក្នុងផ្លូវដែលជាទីទៅកាន់គិរីវង្កត (ត្រូវពួកឆែ្កទាំងឡាយចោមព័ទ្ធ ក៏ឡើងទៅអង្គុយនៅលើដើមឈើ) បានពោលគាថាទាំងនេះថា

[៣០២] ជនណាហ្ន៎ ប្រាប់ព្រះវេស្សន្តរ ដែលជារាជបុត្តដ៏ប្រសើរ ឈ្នះសេចក្តីកំណាញ់ មិនចាលចាញ់ ជាអ្នកឲ្យសេចក្តីកេ្សម ក្នុងកាលមានភ័យដល់ខ្ញុំ។ ព្រះបាទវេស្សន្តរណា ជាទីពឹងនៃពួកអ្នកស្មូម ដូចជាផែនដី ជាទីពឹងនៃពួកសត្វ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចផែនដីដល់ខ្ញុំ។ ព្រះបាទវេស្សន្តរណា ជាទីទៅរបស់ពួកស្មូម ដូចជាសាគរជាទីទៅនៃផ្លូវទឹកទាំងឡាយ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាសមុទ្រដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាអន្លង់ទឹកមានកំពង់ល្អ ងាយផឹក មានទឹកត្រជាក់ ជាទីមនោរម្យ ដេរដាសដោយផ្កាឈូកស ប្រកបដោយលំអងផ្កាដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាដើមពោធិ៍បាយដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាករបស់បុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាដើមជ្រៃ ដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមស្វាយ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមរាំង ដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាក ដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមឈើដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាក ដល់ខ្ញុំ។ ម្យ៉ាងទៀត បុគ្គលណានិយាយប្រាប់ថា ខ្ញុំឯងសា្គល់កនែ្លងនៅនៃព្រះបាទវេស្សន្តរដូច្នេះ ដល់ខ្ញុំ ដែលចូលមកក្នុងព្រៃធំ កំពុងយំរៀបរាប់យ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ញុំាងសេចក្តីត្រេកត្រអាលឲ្យកើតដល់ខ្ញុំ។ មួយទៀត បុគ្គលណា និយាយប្រាប់ថា ខ្ញុំដឹងទីលំនៅនៃព្រះបាទវេស្សន្តរដូច្នេះ ដល់ខ្ញុំ ដែលចូលមកក្នុងព្រៃធំ កំពុងយំរៀបរាប់យ៉ាងនេះ បុគ្គលនោះ រមែងប្រទះបុណ្យដ៏ច្រើន ព្រោះតែសំដីមួយម៉ាត់នោះឯង។

[៣០៣] ចេតបុត្តព្រានព្រៃ អ្នកចូលទៅក្នុងព្រៃ បានស្រដីតបទៅនឹងជូជកព្រាហ្មណ៍នោះថា នែព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅព្រោះអតិទាន ត្រូវគេបណេ្តញចេញចាកដែនរបស់ព្រះអង្គ ទៅគង់ឯគិរីវង្កត។ ម្នាលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន ទ្រង់នាំព្រះរាជបុត្រ និងព្រះទេវីទៅគង់ឯគិរីវង្កត។ អ្នកជាបុគ្គលឥតប្រាជ្ញា មិនខំប្រឹងធើ្វការងារ ចេញអំពីដែនចូលមកកាន់ព្រៃធំ ដើរសែ្វងរកព្រះរាជបុត្រ ដូចជាកុកសែ្វងរកត្រីក្នុងទឹក។ នែព្រាហ្មណ៍ យើងមុខជាមិនឲ្យជីវិត ដល់អ្នកនោះក្នុងទីនេះទេ ព្រោះថា ព្រួយនេះដែលយើងបាញ់សំដៅអ្នកហើយ មុខជាផឹកឈាមអ្នក។ មា្នលព្រាហ្មណ៍ យើងមុខជានឹងកាត់ក្បាលអ្នក ពន្លះកាត់យកបេះដូង ព្រមទាំងទង ហើយបូជាបន្ថសកុណយ័ញ្ញ (បូជាទេវតាក្នុងផ្លូវ) ដោយសាច់របស់អ្នក។ ម្នាលព្រាហ្មណ៍ យើងនឹងកាត់យកបេះដូងរបស់អ្នក រួចផ្គងការបូជាដោយសាច់ ខា្លញ់ខាប់ និងក្បាលរបស់អ្នក។ ម្នាលព្រាហ្មណ៍ ការបូជានោះ ដោយសាច់របស់អ្នកនោះ ឈ្មោះថាយើងបូជាល្អហើយ មួយទៀត អ្នកនឹងនាំព្រះទេពី និងព្រះរាជបុត្រាបុត្រីនៃព្រះរាជបុត្រមិនបានទេ។

[៣០៤] (ជូជក…) នែចេតបុត្ត អ្នកចូរសា្តប់យើង ព្រាហ្មណទូត អ្នកមិនត្រូវសមា្លប់ទេ ព្រោះហេតុនោះឯង បានជាគេមិនសមា្លប់ទូត នេះជាធម៌មានមកយូរយារណាស់ហើយ ពួកអ្នកសិវិរាស្រ្តទាំងអស់ បាត់ខឹងហើយ ព្រះបិតាចង់ជួបព្រះបាទវេស្សន្តរនោះ ទាំងព្រះមាតាព្រះអង្គក៏មានកំឡាំងថយ ពុំយូរឡើយ មុខជានឹងងងឹតព្រះនេត្រ (ដោយទ្រង់ព្រះពិលាប)។ នែចេតបុត្ត អ្នកចូរសា្តប់ពាក្យយើង យើងជារាជទូតដែលក្សត្រទាំងនោះបញ្ជូនមកហើយ យើងនឹងនាំទៅនូវព្រះរាជបុត្ត បើអ្នកដឹង អ្នកចូរប្រាប់យើង។

[៣០៥] (ចេតបុត្ត…) នែព្រាហ្មណ៍ អ្នកជាទូត ជាទីស្រឡាញ់នៃព្រះបាទវេស្សន្តរ ដែលជាទីស្រឡាញ់របស់យើង យើងខ្ញុំនឹងឲ្យភាជន៍ដ៏ពេញដោយទឹកផង គុម្ពទឹកឃ្មុំនេះផង ភៅ្លម្រឹគ (ដែលចំអិនស្រេច) ផង ដល់អ្នក មួយទៀត ព្រះបាទវេស្សន្តរ ដែលជាអ្នកឲ្យវត្ថុជាទីប្រាថា្ន គង់នៅក្នុងប្រទេសណា យើងនឹងប្រាប់ប្រទេសនោះ ដល់អ្នក។

ចប់ ជូជកបព្វៈ។

ចុល្លវនវណ្ណនា

(ចូឡវនវណ្ណនា)

[៣០៦] (ចេតបុត្ត…) នែមហាព្រាហ្មណ៍ នោះហ្ន៎ ភំ្នគន្ធមាទន៍ ជាវិការៈនៃថ្ម ដែលព្រះបាទវេស្សន្តរសេ្តចគង់នៅជាមួយនឹងព្រះរាជបុត្រ និងព្រះទេពី។ ព្រះរាជាទ្រទ្រង់ភេទអ្នកបួសដ៏ប្រសើរផង មានទំពក់ និងវែកសម្រាប់បូជាភើ្លង និងជដាផង ទ្រង់ស្លៀកដណ្តប់ស្បែកខា្ល ផ្ទំលើផែនដី នមសា្ករនូវភើ្លង។ ឈើទាំងឡាយនុ៎ះដ៏ខៀវ ទ្រទ្រង់ផែ្លផេ្សងៗ ដ៏ខ្ពស់ មានកំពូលទើសមេឃ ដ៏ខៀវដូចភ្នំផ្កាអញ្ជ័ន។ មានដើមត្របែកព្រៃ ដើមត្រចៀកប្រើស ដើមគគីរ ដើមរាំង ដើមពង្រ និងដើមជ្រៃ ទោរទន់ទៅមកដោយខ្យល់ ដូចជាមាណព ទើបផឹក (ស្រា) ម្តង។ នៅខាងលើមែកឈើទាំងឡាយ ឮសូរស័ព្ទដូចជាចម្រៀងទិព្វ (ព្រោះ) មានហ្វូងប៉ោលតោក និងតាវ៉ៅ ចុះទំពីឈើមួយទៅឈើមួយ។ មែកឈើ និងស្លឹកឈើទាំងឡាយ ដែលខ្យល់បក់ត្រូវហើយ ឮដូចជាហៅរកជនកំពុងដើរ ដូចជារីករាយនឹងជនដែលមកដល់ ត្រេកត្រអាលនឹងជនដែលនៅអាស្រ័យ។ អ្នកនឹងចូលទៅក្នុងអាស្រម ដែលជាកនែ្លងព្រះបាទវេស្សន្តរ សេ្តចគង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រីទាំងឡាយ សេ្តចទ្រទ្រង់ភេទជាអ្នកបួសដ៏ប្រសើរ មានទំពក់ និងវែកសម្រាក់បូជា និងព្រះជដា ទ្រង់ស្លៀកស្បែកខា្ល ផ្ទំលើផែនដី នមស្ការភើ្លង។

[៣០៧] ក្នុងទីនុ៎ះ មានដើមស្វាយ ខិ្វត ខ្នុរ រាំង ព្រីង សម៉ពិភេទក៍ សម៉ភ្លុក កន្ទួតព្រៃ ពោធិ ពទ្រា ទន្លាប់មាស ជ្រៃ និងក្រសាំង មាក់សាង មានផែ្លដ៏ផែ្អមរុងរឿង និងល្វាមានផែ្លទុំ ដើមទាបៗ មានចេកអម្បូងភ្លុក ចេកអម្បូងសែ្នង និងចន្ទន៍ មានផែ្លផែ្អមដូចទឹកឃ្មុំ គេតែងយកឃ្មុំឥតមេក្នុងទីនោះ មកជារបស់ខ្លួន ហើយបរិភោគ។ ក្នុងទីនុ៎ះ មានស្វាយខ្លះកំពុងផ្កា សា្វយខ្លះទើបជាក្បាលរុយ សា្វយខ្លះមានផែ្លខ្ចី និងទុំ ផ្លែទាំងពីរបែបនោះ មានសម្បុរដូចខ្នងកញ្ចាញ់ចេក។ ក្នុងទីនុ៎ះ បុរស (ឈរ) ខាងក្រោម បេះផែ្លស្វាយទុំទាំងឡាយ ស្វាយទាំងឡាយ ទាំងខី្ចទាំងទុំ មានសម្បុរ ក្លិន និងរសដ៏ឧត្តម។ ខ្ញុំតែងមានសេចក្តីអស្ចារ្យក្រៃពេក ទាំងការលាន់ឮថា ហឹងៗ ក៏ប្រាកដដល់ខ្ញុំ ប្រទេសនោះ ឧបមាដោយនន្ទនវ័ន ល្អដូចជាទីនៅរបស់ពួកទេវតា។ តោ្នត ដូង ដុះចម្រុះគ្នា ក្នុងព្រៃល្ម៉ើដ៏ធំ ផ្កាទាំងឡាយ ដូចជាកម្រងដែលគេក្រងហើយ ឬប្រាកដដូចជាជាយទង់ជ័យ។ ខែ្លងគង់ គុម្ពកោដ្ឋ គុម្ពក្រឹស្នា ច្រនៀង បុន្នាគតូច បុន្នាគធំ និងរលួស មានផ្កាពណ៌ផេ្សងៗ រីកស្គុះស្គាយ ដូចផ្កាយដែលភ្លឺព្រោងព្រាតឰដ៏អាកាស។ រាជព្រឹក្ស ខ្មួញ កំញ៉ាន រាក់ខ្មៅ ជ្រៃធំ ទន្លា និងធ្នង់ជាច្រើន បញេ្ចញផ្កាក្នុងទីនោះ។ ខែ្លងគង់ ស្រល់ សោ្មល សង្ឃ័រ ខ្នុរសម្ល ត្របែកព្រៃ និងរាំង ជ្រុះផ្កាក្នុងទីនោះ ដូចជាលានចម្បើង។ ក្នុងភូមិភាគជាទីមនោរម្យ ជិតអាស្រមនោះ មានស្រះបោក្ខរណី ដេរដាសដោយផ្កាឈូក និងផ្កាព្រលិត ដូចជាក្នុងនន្ទនវ័នរបស់ពួកទេវតា។ មួយទៀត ពួកតាវ៉ៅដែលស្រវឹងដោយរសផ្កា យំពីរោះ នៅលើឈើដែលមានផ្ការីកតាមរដូវ ញុំាងព្រៃនោះឲ្យលាន់ឮគឹកកង។ លំអងដែលរោយរាយចេញអំពីកេសរ ដែលមាននៅគ្រប់ស្លឹកឈូក មានរសផែ្អម បើខ្យល់បក់ផាត់មកក្នុងទីអាស្រមនុ៎ះ អំពីទិសខាងត្បូង និងខាងលិច។ អាស្រមក៏ដេរដាសដោយលំអងកេសរផ្កាឈូក ក្នុងស្រះបោក្ខរណីនុ៎ះ មានផែ្លក្រចាប់ដ៏ថ្លោស ៗ និងស្រូវសាលីជ្រុះរុះរោយរាយលើផែនដី។ មួយទៀត មានត្រី អណើ្តក និងក្តាម ច្រើនបែប ហែបហែលទៅមកក្នុងស្រះនោះ រសដែលហូរចេញអំពីក្រអៅឈូក មានឱជាដូចទឹកឃ្មុំ និងរសដែលហូរចេញអំពីមើមឈូក មានឱជាដូចទឹកដោះស្រស់ និងទឹកដោះថ្លា ព្រៃនោះមានក្លិនក្រអូបផេ្សងៗ ផ្សព្វផ្សាយកិ្លនឈ្ងុយឈ្ងប់។ ព្រៃនោះ ដូចជា (ញុំាងជនដែលមកដល់) ឲ្យរីករាយដោយកិ្លន ដោយផ្កា និងមែកឈើ កន្លង់ទាំងឡាយក៏ញុំាងព្រៃឲ្យគឹកកងដោយជុំវិញ ព្រោះតែកិ្លនផ្កា។ មិនតែប៉ុណ្ណោះសោត មានសត្វបក្សីទ្វិជាតិជាច្រើន មានសម្បុរផេ្សងៗគ្នា ត្រេកត្រអាលជាមួយនឹងមេ យំរកគ្នាទៅវិញទៅមក ក្នុងស្រះនោះ។ ពួកបក្សីដែលនៅក្នុងស្រះបោក្ខរណី គឺសត្វនន្ទិកា ១13) សត្វជីវបុត្តា ១14) សត្វជីវបុត្តាបិយាចនោ ១15) សត្វបិយាបុត្តាបិយានន្ទា ១។16) ផ្កាទាំងឡាយ ដូចជាកម្រងផ្កាដែលគេក្រងហើយ ប្រាកដដូចជាជាយទង់ជ័យ ពុំនោះ ដូចជាកម្រងផ្កាដែលមាលាការដ៏ឈ្លាស ក្រងយ៉ាងល្អ ដោយផ្កាមានពណ៌ផេ្សងៗ។ ក្នុងទីដែលព្រះបាទវេស្សន្តរទ្រង់គង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រី ព្រះអង្គទ្រង់ភេទជាអ្នកបួសដ៏ប្រសើរ មានទំពក់ និងវែកសម្រាក់បូជាភើ្លងផង និងព្រះជដា ទ្រង់ស្លៀកស្បែកខ្លា ផ្ទំនៅលើផែនដី នមស្ការភើ្លង។

[៣០៨] (ជូជក…) ភត្ត គឺសដូវនេះ ដែលយើងលាយហើយដោយទឹកឃ្មុំ យើងនឹងឲ្យនូវទឹកឃ្មុំដែលយើងធើ្វល្អហើយផង និងភត្ត គឺសដូវផងដល់អ្នក។

[៣០៩] (ចេតបុត្ត…) ស្បៀង ចូរនៅជារបស់អ្នកឯងចុះ យើងមិនត្រូវការស្បៀងទេ នែព្រាហ្មណ៍ អ្នកចូរយកស្បៀងអំពីនេះទៅ នែព្រាហ្មណ៍ អ្នកចូរទៅតាមស្រួលចុះ។ ផ្លូវនេះជាផ្លូវល្មមដើរចុះបុគ្គលម្នាក់ ត្រង់ទៅកាន់អាស្រម ក្នុងអាស្រមនោះ មានឥសីឈ្មោះអច្ចុតៈ មានធ្មេញប្រកបដោយមន្ទិល មានសរីរៈប្រឡាក់ដោយធូលី ទ្រទ្រង់ភេទជាអ្នកបួសដ៏ប្រសើរផង ទំពក់ផង វែកសម្រាប់បូជាភើ្លងផង ជដាផង។ ឥសីឈ្មោះអច្ចុតៈនោះ ជាអ្នកស្លៀកស្បែកខ្លា ដេកនៅលើកម្រាលស្លឹកឈើលើផែនដី នមស្ការភើ្លង អ្នកចូរទៅសួរលោកចុះ លោកនឹងប្រាប់ផ្លូវដល់អ្នកពុំខាន។

[៣១០] ជូជកជាព្រហ្មពន្ធុ លុះបានឮពាក្យនេះហើយ ក៏មានចិត្តរីករាយ ប្រទក្សិណចេតបុត្តព្រានព្រៃ រួចដើរតម្រង់ទៅកាន់អច្ចុតឫសី។

ចប់ ចុល្លវនវណ្ណនា។

មហាវនវណ្ណនា

(មហាវនវណ្ណនា)

[៣១១] កាលជូជកព្រាហ្មណ៍នោះ ដើរទៅចួបឥសីឈ្មោះអច្ចុតៈ លុះជូជកបានឃើញឥសីនោះហើយ ក៏សំណេះសំណាលជាមួយនឹងឥសីថា លោកដ៏ចំរើន សុខសប្បាយទេឬ លោកដ៏ចំរើន មិនមានរោគាពាធទេឬ លោកចិញ្ចឹមជីវិតដោយការសែ្វងរក (ស្រួល) ទេឬ មើមឈើ និងផែ្លឈើមានច្រើនដែរឬ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដេរដាសដោយម្រឹគសាហាវ មិនមានការបៀតបៀនទេឬ។

[៣១២] (តាបស…) មា្នលព្រាហ្មណ៍ អាតា្មសុខសប្បាយទេ អាតា្មមិនមានរោគាពាធទេ មួយទៀត អាតា្មចិញ្ចឹមជីវិតដោយការសែ្វងរក (ស្រួល) ទេ ទាំងមើមឈើ ផែ្លឈើក៏មានច្រើនដែរ។ មួយវិញទៀត ពួករបោម មូស ពស់ មានតិចទេ ក្នុងព្រៃដ៏ដេរដាសដោយម្រឹគសាហាវ មិនមានការបៀតបៀនអាតា្មទេ។ អាតា្មនៅក្នុងអាស្រមនេះ អស់ប្រជុំនៃឆ្នាំជាច្រើន អាតា្មមិនដែលសា្គល់អាពាធ មិនជាទីត្រេកអរនៃចិត្តកើតហើយទេ។ នែមហាព្រាហ្មណ៍ អ្នកមកល្អហើយ អ្នកមិនមែនមកអាក្រក់ទេ មា្នលព្រាហ្មណ៍ដ៏ចំរើន អ្នកអញ្ជើញចូលមកខាងក្នុង អ្នកចូលលាងជើងទាំងឡាយរបស់អ្នកចុះ។ នែព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែទន្លាប់ ផែ្លទ្រយឹង ផែ្លមាក់សាង ផ្លែមាក់ដោក មានរសឆ្ងាញ់ពីសាដូចជាទឹកឃ្មុំ។ ទាំងទឹកត្រជាក់នេះ អាតា្មបានដងមកអំពីជ្រោះភ្នំ នែមហាព្រាហ្មណ៍ អ្នកចូរផឹកទឹកនោះចុះ ប្រសិនបើអ្នកត្រូវការ។

[៣១៣] (ជូជក…) វត្ថុដែលលោកបានឲ្យ ខ្ញុំបានទទួលយកហើយ ដែលលោកបានធើ្វឲ្យជាជំនូនដល់ខ្ញុំទាំងអស់ ខ្ញុំមកដើម្បីចង់ចួបនឹងព្រះរាជបុត្របង្កើតរបស់ព្រះបាទសញ្ជ័យ ដែលពួកអ្នកសិវិរាស្រ្តបំបរបង់ហើយនោះ ប្រសិនបើលោកជ្រាប សូមប្រាប់ខ្ញុំផង។

[៣១៤] (តាបស…) អ្នកមិនមែនមកគាល់ព្រះបាទសិវិ ដើម្បីបុណ្យទេ អ្នកទំនងជាចង់បានព្រះទេពីរបស់ព្រះរាជា ដែលជាស្រ្តីប្រតិបតិ្តក្នុងភសា្ត។ អ្នកទំនងជាចង់បានកុមារីឈ្មោះកណា្ហជិនា ធើ្វជាទាសី និងកុមារឈ្មោះជាលី ធើ្វជាទាសៈ ឬក៏អ្នកមកដើម្បីនាំយកជនទាំង ៣ នាក់ គឺមាតា និងបុត្រីបុត្រា ទៅអំពីព្រៃ នែព្រាហ្មណ៍ ឯព្រះបាទវេស្សន្តរនោះ មិនមានភោគៈ មិនមានទ្រព្យ មិនមានធញ្ញជាតិទេ។

[៣១៥] (ជូជក…) ខ្ញុំមិនមែនមានសភាពជាអ្នកខឹងនឹងលោកទេ ខ្ញុំមិនមែនមកដើម្បីសូមទេ ការចួបប្រទះនឹងពួកលោកដ៏ប្រសើរ ជាការល្អ ការនៅរួម នាំមកនូវសេចក្តីសុខសព្វៗកាល។ ព្រះបាទសិវិដែលពួកអ្នកសិវិរាស្រ្តបំបរបង់ហើយ ខ្ញុំមិនដែលបានឃើញ បានជាខ្ញុំមកគាល់ព្រះអង្គ ប្រសិនបើលោកជ្រាប សូមប្រាប់ខ្ញុំផង។

[៣១៦] (តាបស…) នែមហាព្រាហ្មណ៍ នុ៎ះហ្ន៎ ភ្នំគន្ធមាទន៍ ជាវិការៈនៃថ្ម ដែលព្រះបាទវេស្សន្តរសេ្តចគង់នៅជាមួយព្រះរាជបុត្រ និងព្រះទេពី។ ព្រះរាជាទ្រទ្រង់ភេទនៃបព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភើ្លង សក់កណ្តាញ់ ស្លៀកដណ្តប់ស្បែកខា្ល ផ្ទំផ្ទាល់ផែនដី នមស្តារភើ្លង។ ពួកឈើដែលមើលទៅឃើញនុ៎ះ ជាឈើមានពណ៌ខៀវ ទ្រទ្រង់ផែ្លផ្សេង ៗ ខ្ពស់ មានចុងសើ្មនឹងពពក មានពណ៌ខៀវដូចភ្នំផ្កាអញ្ជ័ន គឺដើមត្របែកព្រៃ ត្រចៀកប្រើស គគីរ រាំងភ្នំ ពង្រ និងជ្រៃ ញ័រទ្រេតទ្រោតដោយខ្យល់ ដូចពួកមាណពទើបផឹក (សុរា) ម្តង។ (សំឡេងរបស់ពួកសត្វសា្លបផ្សេងៗ) លើមែកឈើទាំងឡាយ លាន់ឮដូចចម្រៀង (ទិព្វ) ពួកសត្វប៉ោលតោក សត្វតារ៉ៅ នាំគ្នាហើរឆ្វៀលឆ្វាត់អំពីដើមឈើមួយ ទៅកាន់ដើមឈើមួយ។ អស់ទាំងមែកឈើមានស្លឹក ដែលត្រូវខ្យល់បក់មក ក៏ហាក់ដូចជាដង្ហោយហៅជនដែលកំពុងដើរ ដូចជាត្រេកអរនឹងជនដែលមកដល់ រីករាយនឹងជនដែលនៅអាស្រ័យ។ (អ្នកនឹងឃើញសម្បត្តិនៃអាស្រមបទ) ក្នុងអាស្រមដែលព្រះបាទវេស្សន្តរសេ្តចគង់នៅ ជាមួយព្រះរាជបុត្រ និងព្រះទេពី ព្រះអង្គទ្រទ្រង់ភេទបព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភើ្លង និងសក់កណ្តាញ់ ស្លៀកដណ្តប់ស្បែកខ្លា ផ្ទំផ្ទាល់ផែនដី នមសា្តរភើ្លង។ មានផ្កាទន្លាជ្រុះរោយរាយ ដេរដាសលើភូមិភាគជាទីត្រេកអរនៃចិត្ត ទាំងផៃ្ទផែនដី ក៏មានពណ៌ខៀវស្រងាត់ ដោយសៅ្មចិញ្ចៀន ឥតមានធូលីហុយក្នុងទីនោះឡើយ។ ទាំងសៅ្មសោត ក៏មានពណ៌ដូចជាផ្នួត កនៃក្ងោក មានឧបមាសើ្មដោយសម្ផស្សនៃសំឡី មិនហួសអំពី ៤ ធ្នាប់ដោយជុំវិញ។ មានស្វាយ ព្រីង ក្វិដ្ឋ ល្វា មានផៃ្លទុំក្នុងទីទាប ព្រៃនោះសម្រាប់ញុំាងតម្រេកឲ្យចំរើន ដោយពួកឈើសម្រាប់បរិភោគ ទឹកស្អាត មានក្លិនក្រអូប មានសម្បុរប្រហែលគា្ននឹងពណ៌នៃកែវពៃទូរ្យ កុះករដោយហ្វូងត្រី រមែងហូរទៅក្នុងព្រៃនោះ។ ក្នុងទីជិតនៃអាស្រមបទនោះ មានស្រះបោក្ខរណី ដ៏ដេរដាសដោយឈូក និងឧប្បលក្នុងភូមិភាគជាទីត្រេកអរនៃចិត្ត ដូចជាក្នុងនន្ទនវ័ននៃពួកទេវតា។ ម្នាលព្រាហ្មណ៍ ក្នុងស្រះនោះសឹងឆ្លូកឆ្លាស់ដោយឧប្បលជាតបី (នេះ) គឺឧប្បលខៀវ ឧប្បល ស និងឧប្បលក្រហម។

[៣១៧] ក្នុងស្រះនោះ (ស) ដូចជាសំពត់សម្បកឈើ ស្រះនោះឈោ្មះថា មុចលិន្ទស្រះ ដេរដាសដោយព្រលិត និងស្គន្ធទាំងឡាយផង ដោយត្រកួនទាំងឡាយផង។ មួយទៀត ពួកផ្កាឈូកក្នុងស្រះនោះ រីកស្គុះស្គាយ ឃើញហាក់ដូចជាគ្មានទីបំផុត ខ្លះក៏រីកក្នុងគិម្ហរដូវ ខ្លះរីកក្នុងហេមន្តរដូវ ឋិតនៅក្នុងទឹកត្រឹមជង្គង់។ ផៃ្ទទឹកនោះសឹងវិចិត្រល្អ ដ៏ដេរដាសដោយផ្កា មានក្លិនក្រអូបឈ្ងុយឈ្ងប់បក់ផ្សាយទៅ ពួកមេឃ្មុំ កន្លង់ទ្រហឹងអឹងកងជុំវិញ ព្រោះកិ្លនផ្កា។

[៣១៨] មា្នលព្រាហ្មណ៍ មួយទៀត មានពួកដើមឈើ គឺក្ទម្ព ច្រនៀង និងរលួសផ្អុង មានផ្ការីកស្គុះស្គាយ ដុះក្បែរមាត់ទឹកមុចលិន្ទស្រះនុ៎ះ។ មានទាំងដើមព្រូស ជន្លូស ស្វាត ខ្ទឹង មានផ្ការីកអមសងខាងមុចលិន្ទស្រះ។ មានពួកជីរខៅ្ម ជីរ-ស ឈូកត្រាញ់ គណ្ឌីស គណ្ឌីខៅ្ម ធ្នង់ បញ្ចេញផា្កក្បែរមុចលិន្ទស្រះនុ៎ះ មានក្លិនក្រអូបបក់ផ្សាយទៅ។ មានពួកដើមសុក្រំ ដកពរ ពពូលថ្ម ម្រុំ មានផ្ការីក ពួកដើមកេតកៈ កណិការ ច្បាទេស មានផ្ការីក។ ពួកថ្ងាន់ស ថ្ងាន់ខ្មៅ ជន្លាត់ដៃ មានផា្ករីក មានត្រួយរីកល្អ ដុះនៅច្រាលរនា្ទលដូចជាផ្កាចារ។ ពួកដើមសត្បា-ស សត្បាខ្មៅ ដើមចេកមាស ដើមដកគាំ (ព្រៃនោះរុងរឿង) ដោយផា្កទឹកដោះខ្លា និងគន្ទាផង ដោយផា្កធ្នង់ និងទន្លាផង។ ដើមដកខិម រកា អំពៅព្រៃ អង្គាសដី ក្រឹសា្ន គ្រញូង កោដ្ឋ-ស កោដ្ឋខៅ្ម មានផា្ករីក។ ព្រឹក្សា (ទាំងនោះ) ទោះខ្ចី សឹងមានដើមដ៏ត្រង់ មានផា្ករីកក្បែរមុចលិន្ទស្រះនុ៎ះ ដុះនៅទាំងសងខាងអាស្រម (ព័ន្ធព័ទ្ធ) ជុំវិញរោងភើ្លង។

[៣១៩] មួយទៀត មានទាំងស្លឹកគ្រៃ សណ្តែកបាយ សណ្តែករាជមាសជាច្រើន សារាយ និងកំពីងពួយជាច្រើនដុះក្បែរមាត់ទឹកមុចលិន្ទស្រះនុ៎ះ។ (ទឹកនោះ) មានច្រាំងជាទំនប់ ត្រូវខ្យល់បក់មក រលកក៏ខ្ចាយខ្ចរឡើង មានពួកមេឃ្មុំ យំដោយសំឡេងដ៏ពីរោះ ហើរឆ្វៀលឆ្វាត់ គុម្ពឈើ មានម្លូភំ្ន ស្លាស្នាប់ ស្លាធំក្នុងទីទំនាប ទៀបមុចលិន្ទស្រះនោះ មានត្រកួនជាច្រើន។ ម្នាលព្រាហ្មណ៍ ពួកព្រឹក្សាសឹងដ៏ដេរដាសដោយពួកវល្លិឈ្មោះឯឡម្ពកៈដុះនៅ ក្លិនរបស់ផ្កានៃវល្លិទាំងនោះ ដែលគេទ្រទ្រង់អស់ ៧ ថៃ្ង មិនទាន់បាត់ក្រអូបឡើយ។ ពួកផ្កាដុះនៅក្នុងចំណែកទាំងពីរនៃមុចលិន្ទស្រះ ព្រៃនោះដ៏ដេរដាសដោយពួកផ្កាលំចង់ដ៏រុងរឿង ក្លិនរបស់ផ្កាទាំងនោះ ដែលគេទ្រទ្រង់អស់កន្លះខែ ក៏មិនទាន់បាត់ក្រអូបឡើយ។ រីឯអញ្ជ័នខៀវ អញ្ជ័ន-ស អញ្ជ័នលឿង មានផ្ការីកស្គុះស្គាយ ព្រៃនោះដ៏ដេរដាសដោយម្លិះរួត ម្លិះលា។ រីឯព្រៃនោះ ដូចជា (ញុំាងជនដែលមកដល់) ឲ្យរីករាយដោយក្លិនផង ដោយមែកមានផ្កាទាំងឡាយផង ឯពួកកន្លង់មានសូរសព្ទទ្រហឹងអឹងកងជុំវិញព្រោះក្លិនផា្ក។ ម្នាលព្រាហ្មណ៍ ក្នុងមុចលិន្ទស្រះនោះ មានពួកត្រឡាចបីមុខ គឺមួយពួកផែ្លប៉ុនក្អម ពីរពួកទៀតផែ្លប៉ុនសម្ភោរ។

[៣២០] មួយទៀត មានសៃ្ពដ៏ច្រើន និងខ្ទឹមសលាយដោយខ្ទឹមក្រហមជាច្រើន ដើមរកាទាំងឡាយ ដុះនៅដូចជាដើមតោ្នត មានទាំងពួកលំចង់ដ៏ច្រើន ដែលគេគប្បីក្តិច ដុះនៅក្បែរមុចលិន្ទស្រះនុ៎ះ។ មានវលិ្លម្លិះរួត ម្លិះលា ក្លាំពាក់ ឈើឯម ពួកអសោកព្រឹក្ស និងដើមទៀនព្រៃ លៅ្ព វលិ្លផ្តៅឆ្វាំង។ សៅ្មកន្ទុយដំរី រនោងព្រៃ ដើមខ្ទឹម ដើមម្លិះសឹងដ៏មានផា្ករីកស្គុះស្គាយ វលិ្លចារ មានផា្ករីក ដុះព័ទ្ធព័ន្ធដើមឈើ។ ពួកឈើនាងនួន មៀនព្រៃ យុថា្ក មានក្លិនដូចជាទឹកឃ្មុំ ម្លិះវលិ្ល ម្លិះប្រក្រតី ច្បា បទុមុត្តរព្រឹក្ស សឹងដ៏រុងរឿងល្អ។ ពួកច្រនៀង កប្បាសសមុទ្រ កណិការសឹងដ៏មានផា្ករីកស្គុះស្គាយ បា្រកដដូចជាបណា្តញមាស សឹងដ៏រុងរឿងល្អ ដូចជាអណ្តាតភ្លើង។ ពួកផា្កណា កើតលើគោក និងកើតក្នុងទឹក ពួកផា្កទាំងអស់នោះ ប្រាកដក្នុងមុចលិន្ទស្រះនោះ មុចលិន្ទស្រះទ្រទ្រង់ទឹកច្រើន គួរឲ្យត្រេកអរយ៉ាងនេះឯង។

[៣២១] មួយទៀត ក្នុងស្រះបោក្ខរណីនោះ មានពួកសត្វដែលត្រាច់ទៅក្នុងទឹកជាច្រើន គឺត្រីឆ្ពិន ត្រីរ៉ស់ ត្រីអណ្តែង ក្រពើ មករ ឆ្លាម។ មានទាំងផ្លិតឃ្មុំ ឈើឯម ឆ្លាំពូ ប្រយង្គុ សៅ្មក្រវាញជ្រូក សៅ្មមាត់កែ្អក ដើមសត្តបុស្ស សម្បុរលែ្វង។ ដើមពុំសែន ដើមឫសសាមសិប ក្រឹសា្ន វល្លិជណើ្តរស្វា ឈូកត្រាញ់ ក្រវាន់ កោដ្ឋ ព្រហូត បាយម៉ាត។ ពួករមៀត ហរតាន យ៉ាងណា ហិរិវេរព្រឹក គ្រើល សម៉ពិភេទក៍ ប្រោស កប្បូរ រង្គក្រហម។

[៣២២] មួយទៀត ក្បែរស្រះបោក្ខរណីនោះ មានពួករាជសីហ៍ ខ្លាធំ យក្ខិនី មានមុខដូចជាមុខមេសេះ ដំរី ទ្រាយ ស្វាន រមាំង សរភម្រឹគ។ ហ្វូងចចក ទន្សាយ ឆ្មាបា ឆ្កែព្រៃ មានសម្បុរដូចជាផ្កាបបុស ចាមរី ទោច ឈ្លូស ស្វាព្រាម ស្វាក្រិស ស្វាខោល។ ទន្សោង ខ្ទីង ខ្លាឃ្មុំ គោព្រៃជាច្រើន ហ្វូងរមាស ជ្រូកព្រៃ ស្កា កងែ្ហនដោយច្រើន ក្បែរមុចលិន្ទស្រះនុ៎ះ។ មានទាំងហ្វូងក្របី ឆែ្កព្រៃ ចចក មានស្នាប់ឫស្សីធំព័ន្ធព័ទ្ធជុំវិញអាស្រមបទ ទន្សង បចលាកម្រឹគ វិចិត្តម្រឹគ ខ្លាដំបង។ ហ្វូងទន្សាយ ត្មាត កេសរសីហៈ កោកនិសាតកម្រឹគ សរភៈ ក្ងោក ក្ងាន អាអូតភើ្លង។ ពួកមាន់ទឹក មាន់ព្រៃ ដំរី ស្រែកយំឆើ្លយឆ្លងរកគា្នទៅវិញទៅមក ពួកកុកសាប់ កុកក្រក ប៉ោលតោក ត្រដេវវិច ក្រៀល រនាល។ ពួកខ្លែង ប្រមង់ ចង្កៀលខ្យង ចាបស្រុក ចចាត ទទា ខែ្វក អាអូត។ ពួកចចាតធំ ច្រឡៃ ក្រួច ទទា ចាបស្រុក ចាបព្រៃ សាលិកាកែវគោ គ្រលីងគ្រលោង។ ពួកករវិកផង ត្រចៀកកាំផង មៀមផង អកផង (មុចលិន្ទស្រះនោះ) កុះករដោយហ្វូងបក្សីផ្សេងៗ ជាទីទ្រហឹងអឹងកងដោយសំឡេងផ្សេងៗ។

[៣២៣] មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានសត្វស្លាបទាំងឡាយ គឺពួកសាលិកាកែវ មានសម្លេងពីរោះ ស្រែកយំឆ្លើយឆ្លងរកគា្នទៅវិញទៅមក រីករាយជាមួយនឹងញី (របស់ខ្លួន)។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វស្លាបកើតពីរដង មានសំឡេងពីរោះ មានរង្វង់ភ្នែកល្អ កើតក្នុងពង មានសា្លបដ៏វិចិត្រ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកបក្សីមានសំឡេងពីរោះ គឺកោ្ងកមានកខៀវ ស្រែកយំឆ្លើយឆ្លងគា្នទៅវិញទៅមក។ អាអូតភើ្លង មាន់ព្រៃ កោដ្ឋ បក្សីពព្លាក់ ត្រចៀកកាំសមុទ្រ ខ្លែងជ្រក បក្សីប្រវឹក សេក និងសាលិកា។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកហង្សច្រើន មានសម្បុរលឿង ក្រហម ស សត្វហតិ្ថលិង្គ សម្បកត្រពាំង ប្រវឹក សេក និងតាវ៉ៅ។ ពួកអង្កត់ខៅ្ម អង្កត់ស ហង្ស រអាដ ក្លែងស្រាក ចាកហង្ស កុកគ្រោង ប៉ោលគោក ចាបស្រុក។ ហ្វូងព្រាប គ្រលែងវែក ចាក្រពាក កែ្អកទឹក វារណបក្សី មានសំឡេងគួរឲ្យត្រេកអរ ស្រែកយំហៅគា្នក្នុងកាលទាំងពីរ គឺព្រឹកល្ងាច មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វសា្លបកើតពីរដង មានសម្បុរផ្សេងៗជាច្រើន ស្រែកយំឆ្លើយឆ្លងគា្នទៅវិញទៅមក រីករាយជាមួយនឹងញី។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកសត្វសា្លបមានកំណើតពីរដង មានសម្បុរផ្សេងៗជាច្រើន សុទ្ធតែមានសំឡេងពីរោះ ស្រែកស័ព្ទស៊ានត្រង់ឆ្នេរទាំងសងខាងមុចលិន្ទស្រះ។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកករវិក សត្វទាំងនោះមានកំណើតពីរដង រមែងស្រែកហៅគ្នា រីករាយជាមួយនឹងញី។ មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានពួកករវិក សត្វទាំងនោះមានកំណើតពីរដង សុទ្ធតែមានសំឡេងដ៏ពីរោះ ស្រែកស័ព្ទស៊ានត្រង់ឆ្នេរទាំងសងខាងមុចលិន្ទស្រះ។ ព្រៃ (ជិតស្រះបោក្ខរណីនោះ) ដែលពួកដំរីអាស្រ័យនៅហើយ សឹងដ៏កុះករដោយទ្រាយ សា្វន ទាំងដេរដាសដោយពួកវល្លិផ្សេងៗ ដែលពួកសត្វឈ្មុសអាស្រ័យនៅហើយ។ មួយយ៉ាងទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានស្រងែច្រើន ស្កួយច្រើន ពោតច្រើន ស្រូវសាលីដុះឯង មិនបាច់មានអ្នកណាភ្ជួររាស់ដាំឡើយ ទាំងអំពៅសោត ក៏មានច្រើន ដុះក្បែរមុចលិន្ទស្រះនុ៎ះ។ ផ្លូវដើរនេះចុះតែជើងមួយ បុគ្គលដើរទៅត្រង់អាស្រម ដល់ទៅទីនោះហើយ ក៏មិនបានសម្រេក គំលាន និងសេចក្តីអផ្សុកឡើយ។ ជាអាស្រមដែលព្រះបាទវេស្សន្តរគង់នៅ ព្រមទាំងព្រះរាជបុត្រ និងព្រះរាជទេពី ព្រះអង្គទ្រទ្រង់ភេទបុព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភ្លើង និងសក់កណ្តាញ់ ទ្រង់ស្បែកខ្លា ផ្ទំផ្ទាល់ផែនដី នមស្ការភ្លើង។

[៣២៤] (អភិសម្ពុទ្ធគាថា) ជូជកជាផៅពង្សនៃព្រហ្ម ឮពាក្យនេះហើយ ក៏ធ្វើប្រទក្សិណឥសី មានចិត្តត្រេកអរ ក៏ដើរចេញទៅសំដៅទៅអាស្រមដែលព្រះបាទវេស្សន្តរគង់នៅ។

ចប់ មហាវនវណ្ណនា។

ទារកបព្វៈ

(ទារកបព្វំ)

[៣២៥] (ព្រះវេស្សន្តរ…) ហៃបាជាលី អ្នកចូរក្រោកឈរឡើង (ដំណើរមករបស់ស្មូម) ប្រាកដដូចជាដំណើរមកអំពីមុន ៗ បិតាមើលទៅឃើញដូចជាព្រាហ្មណ៍ សេចក្តីរីករាយក៏មកស្រោចស្រពលើបិតា។

[៣២៦] (ជាលីកុមារ…) បពិត្រព្រះវរបិតា ខ្ញុំរមិលមើលទៅឃើញប្រាកដដូចជាព្រាហ្មណ៍ ដូចជាមានអ្នកដំណើរមក និងជាភ្ញៀវរបស់យើង។

[៣២៧] (ជូជក…) ព្រះអង្គបានសេចក្តីសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គចិញ្ចឹមជីវិតដោយការស្វែងរក (ស្រួល) ទេឬ មើមឈើ និងផ្លែឈើមានច្រើនឬ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនព្រះអង្គទេឬ។

[៣២៨] (ព្រះពោធិសត្វ…) ម្នាលព្រាហ្មណ៍ យើងបានសេចក្តីសុខសប្បាយទេ ម្នាលព្រាហ្មណ៍ មួយទៀត យើងមិនមានរោគាពាធទេ យើងចិញ្ចឹមជីវិតដោយការស្វែងរកស្រួលទេ ទាំងមើមឈើ និងផ្លែឈើ ក៏មានច្រើនដែរ។ មួយវិញទៀត ពួករបោម មូស ពស់ ក៏មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនយើងទេ។ យើងនៅក្នុងព្រៃអស់ ៧ ខែហើយ រស់នៅទាំងទុក្ខសោក ទើបតែនឹងបានឃើញព្រាហ្មណ៍ឯងជាដំបូងមានភេទដ៏ប្រសើរ កាន់ឈើច្រត់មានសម្បុរដូចផ្លែភ្នៅទុំ មានវែកសម្រាប់បូជាភ្លើង និងកុណ្ឌី។ ហៃមហាព្រាហ្មណ៍ អ្នកមកល្អហើយ មួយទៀត អ្នកមិនមែនមកអាក្រក់ទេ អ្នកចូរចូលមកខាងក្នុង សេចក្តីចំរើន (ចូរមាន) ដល់អ្នក អ្នកចូរលាងជើងរបស់អ្នក។ ម្នាលព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែឈើដ៏ឆ្ងាញ់ពិសាដូចទឹកឃ្មុំ គឺផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែមាក់ប្រាង ផ្លែមាក់ដោក។ ទឹកដ៏ត្រជាក់នេះឯង ដែលដងមកអំពីជ្រោះភ្នំ ម្នាលមហាព្រាហ្មណ៍ បើអ្នកប្រាថ្នាចង់ផឹក ចូរដងយកអំពីរោងទឹកនោះ ហើយផឹកចុះ។ អ្នកមកដល់ព្រៃធំដោយហេតុដូចម្តេច ដោយបច្ច័យដូចម្តេច យើងសួរហើយ អ្នកចូរប្រាប់ហេតុនោះ។

[៣២៩] (ជូជក…) ផ្លូវទឹក (មានទន្លេ និងស្ទឹងជាដើម) ដ៏ពេញប្រៀបមិនចេះអស់ទៅសព្វកាល យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំមកដើម្បីសូមទានព្រះអង្គ ទូលព្រះបង្គំជាខ្ញុំសូមហើយ សូមប្រទានព្រះរាជបុត្រទាំងពីរ ក៏យ៉ាងនោះដែរ។

[៣៣០] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យ យើងមិនរួញរាទេ អ្នកជាម្ចាស់ (នៃពួកបុត្ររបស់យើង) ចូរនាំយកទៅចុះ រាជបុត្រី (ជាមាតានៃបុត្រទាំងពីរនុ៎ះ) បានចេញទៅរកផលានុផលអំពីព្រឹក នាងនឹងត្រឡប់មកអំពីការស្វែងរក ក្នុងវេលាល្ងាច ម្នាលព្រាហ្មណ៍ អ្នកចូរឈប់សម្រាកបានមួយយប់សិន លុះព្រឹកឡើង សឹមទៅចុះ។ ម្នាលព្រាហ្មណ៍ អ្នកឈប់សម្រាកបានមួយយប់ លុះព្រឹកឡើង (សឹមនាំយក) កុមារទាំងពីរនោះ ដែលមាតានោះដុសក្បាលហើយ ប្រដាប់ដោយផ្កាកម្រង ហើយទៅចុះ។ ម្នាលព្រាហ្មណ៍ អ្នកចូរនាំយក (កុមារទាំងពីរនោះ) ដែលពាក់ដោយផ្កាផ្សេង ៗ ស្អិតស្អាងដោយគ្រឿងក្រអូបផ្សេង ៗ សម្បូរដោយមើមឈើ និងផ្លែឈើផ្សេង ៗ ហើយទៅចុះ។

[៣៣១] (ជូជក…) បពិត្រព្រះអង្គប្រសើរក្នុងរថ ទូលព្រះបង្គំមិនគាប់ចិត្តនឹងការនៅទេ គាប់ចិត្តតែនឹងការទៅ ក្រែងអន្តរាយមានដល់ទូលព្រះបង្គំ ឯទូលព្រះបង្គំ នឹងទៅខានពុំបាន។ ធម្មតាពួកស្រីនោះ មិនមែនជាអ្នកគួរដល់ស្មូមទេ តែងធ្វើសេចក្តីអន្តរាយ ពួកស្រីរមែងចេះកិច្ចកលមាយា តែងកាន់យកកិច្ចការទាំងពួងដោយខាងឆ្វេង។ បពិត្រព្រះអង្គប្រសើរក្នុងរថ កាលបើព្រះអង្គប្រទានដោយសទ្ធា សូមកុំឲ្យទូលព្រះបង្គំជាខ្ញុំ ជួបនឹងព្រះមាតា (របស់កុមារទាំងនោះឡើយ) ក្រែងព្រះនាងនោះធ្វើសេចក្តីអន្តរាយ ទូលព្រះបង្គំនឹងទៅខានពុំបាន។ សូមព្រះអង្គត្រាស់ហៅបុត្រទាំងគូរបស់ព្រះអង្គមក កុំឲ្យបុត្រទាំងនោះបានឃើញព្រះមាតាឡើយ កាលបើព្រះអង្គប្រទានដោយសទ្ធា បុណ្យតែងចំរើនលូតលាស់យ៉ាងនេះ សូមព្រះអង្គត្រាស់ហៅបុត្រទាំងគូរបស់ព្រះអង្គមក កុំឲ្យបុត្រទាំងនោះបានឃើញព្រះមាតាឡើយ បពិត្រព្រះរាជា លុះព្រះអង្គប្រទានព្រះរាជទ្រព្យ ដល់បុគ្គលបា្រកដដូចជាខ្ញុំហើយ ព្រះអង្គនឹងយាងទៅកាន់ឋានសួគ៌។

[៣៣២] (ព្រះវេស្សន្តរ…) បើអ្នកមិនបា្រថ្នាចង់ជួបនឹងភរិយារបស់យើងដែលជាស្រ្តីមានវ័តក្នុងស្វាមីទេ អ្នកចូរឲ្យកុមារទាំងពីរ គឺជាលី និងកណ្ហាជិនានេះ ដល់ព្រះអយ្យកោចុះ។ ព្រះអយ្យកោនោះ ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ហើយទ្រង់សប្បាយរីករាយត្រេកអរ នឹងប្រទានទ្រព្យច្រើនដល់អ្នក។

[៣៣៣] (ជូជក…) បពិត្រព្រះរាជបុត្រ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (ពាក្យ) របស់ទូលព្រះបង្គំ ទូលព្រះបង្គំខ្លាចក្រែងព្រះអយ្យកោដណ្តើមយក (ព្រះរាជកុមារ) ព្រះអយ្យកោនឹងប្រទានទូលព្រះបង្គំ (ដល់ពួកអាមាត្យ) ដើម្បីព្រះរាជទណ្ឌ ឬលក់ពិន័យ ពុំនោះសោត នឹងសំឡាប់ពុំខាន ទូលព្រះបង្គំមុខជានឹងដាច់ចាកទ្រព្យផង ចាកពួកទាសៈផង ត្រូវនាងព្រាហ្មណីតិះដៀលផង។

[៣៣៤] (ព្រះវេស្សន្តរ…) ព្រះមហារាជទ្រង់ឋិតនៅក្នុងធម៌ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ទ្រង់បានបីតិ និងសោមនស្ស នឹងព្រះរាជទានព្រះរាជទ្រព្យជាច្រើនដល់អ្នក។

[៣៣៥] (ជូជក…) ទូលព្រះបង្គំមិនធ្វើតាមព្រះបន្ទូលដែលទ្រង់បង្គាប់នោះទេ ទូលព្រះបង្គំសូមនាំយកទារកទាំងពីរទៅឲ្យបំរើនាងព្រាហ្មណី។

[៣៣៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា លុះឮសំដីព្រាហ្មណ៍ឈ្លានពានហើយ ក៏តក់ស្លុត នាំគ្នាស្ទុះរត់ទៅតាមទីនោះៗ។

[៣៣៧] (ព្រះមហាសត្វ…) ហៃបា ជាកូនស្ងួនសំឡាញ់ កូនចូរមកអាយ ចូរបំពេញបារមីរបស់បិតា កូនចូរស្រោចស្រពហ្ឫទ័យរបស់បិតា កូនចូរធ្វើតាមពាក្យរបស់បិតា។ កូនចូរដូចជាយាននាវារបស់បិតាឲ្យនឹងថ្កល់ក្នុងសាគរ គឺភព បិតានឹងឆ្លងចាកត្រើយ គឺជាតិ និងចម្លងមនុស្ស ព្រមទាំងទេវតា (ទៅកាន់ត្រើយ គឺព្រះនិព្វាន)។ ហៃធីតាស្ងួនសំឡាញ់ (ឪពុក) នាងចូរមក ព្រោះទានបារមី ជាសំឡាញ់របស់បិតា នាងចូរស្រោចស្រពហ្ឫទ័យរបស់បិតា ចូរធ្វើតាមពាក្យរបស់បិតា។ នាងចូរដូចជាយាននាវារបស់បិតាឲ្យនឹងថ្កល់ក្នុងសាគរ គឺភព បិតានឹងឆ្លងចាកត្រើយ គឺជាតិ និងចម្លងពួកមនុស្ស ព្រមទាំងទេវតា។

[៣៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះបរមពោធិសត្វ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់នាំយកកុមារទាំងពីរ គឺជាលី និងកណ្ហាជិនាហើយ ទ្រង់ប្រទានដល់ព្រាហ្មណ៍។ ក្នុងលំដាប់នោះ ព្រះរាជាទ្រង់មានព្រះហ្ឫទ័យរីករាយ នាំយកកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា ជាបុត្រឲ្យជាទានដ៏ឧត្តមដល់ព្រាហ្មណ៍។ ហេតុដែលគួរឲ្យស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺព្រួចរោម ក៏កើតមានក្នុងកាលនោះ កាលដែលព្រះរាជាបានប្រទានកុមារទាំងពីរហើយ ផែនដីក៏កំរើកញាប់ញ័រ។ ហេតុដែលគួរឲ្យស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺព្រួចរោម ក៏កើតមានក្នុងកាលនោះ ព្រោះព្រះរាជា ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់ផ្គងអពា្ជលី បានប្រទានកុមារទាំងពីរដ៏ចំរើនដោយសេចក្តីសុខ ឲ្យជាទានដល់ព្រាហ្មណ៍។

[៣៣៩] លំដាប់នោះ ព្រាហ្មណ៍ជាអ្នកល្មោភនោះ បានខាំកាត់វល្លិដោយធ្មេញទាំងឡាយ ហើយចងដៃទាំងឡាយដោយវល្លិ ហើយយកវល្លិវាយបណ្តីរ។ លំដាប់តពីនោះមក ព្រាហ្មណ៍នោះកាន់ខ្សែផង កាន់ឈើច្រត់ផង វាយកុមារទាំងពីរនោះ នាំបណ្តើរទៅ (ក្នុងទី) ចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ)។

[៣៤០] ក្នុងកាលដែលព្រាហ្មណ៍នាំទៅនោះ កុមារទាំងពីរបានរបូតរួច (អំពីចំណង) នៃព្រាហ្មណ៍ ហើយរត់ចៀសចេញទៅ កុមារនោះមាននេត្រាទាំងពីរដ៏ពោរពេញដោយទឹកភ្នែក ងើបមើលព្រះបិតា។ កុមារក៏ញាប់ញ័រចំប្រប់ ដូចជាស្លឹកពោធិ៍ ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតា លុះថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតាហើយ បានពោលពាក្យនេះថា បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ចាំយើងខ្ញុំជួបនឹងព្រះមាតាសិន សឹមព្រះអង្គប្រទានយើងខ្ញុំ។ បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ព្រះអង្គកុំអាលប្រទានយើងខ្ញុំឡើយ រង់ចាំព្រះមាតារបស់យើងខ្ញុំត្រឡប់មកសិន។ ក្នុងពេលនោះ ព្រាហ្មណ៍នេះចង់លក់ ឬចង់សំឡាប់ ក៏តាមប្រាថ្នាចុះ (ជូជកព្រាហ្មណ៍នេះ) មានជើងត្រប៉ាត ក្រចកស្អុយ មួយទៀត មានដុំសាច់យូរយារ បបូរមាត់ខាងលើវែង មានទឹកមាត់ហៀរ ចេញធ្មេញស្ញេញ (ដូចខ្នាយជ្រូក) ច្រមុះបាក់។ មានពោះធំកំប៉ោង ខ្នងកោង ភ្នែកស្រលៀង ពុកមាត់ ពុកចង្កាក្រហម សក់លឿង ស្បែកជ្រួញជ្រីវ រទុះដោយអាចម៍រុយ។ មានភ្នែកលៀនខ្លោត (ដូចភ្នែកឆ្មា) ចង្កេះ ខ្នង ក វៀច សន្លាក់ឆ្អឹងលាន់ឮប្រស ៗ ធំដំបង ឈ្លានពាន ទុកជាស្លៀកដណ្តប់ស្បែកខ្លា ក៏ដូចជាអមនុស្សគួរស្បើម។ បពិត្រព្រះបិតា (ព្រាហ្មណ៍នេះ) ជាមនុស្ស ឬជាយក្ស ជាអ្នកស៊ីសាច់ និងឈាម ចេញអំពីស្រុកមកកាន់ព្រៃ សូមទ្រព្យ គឺកូននឹងព្រះបិតាទេដឹង។ បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ព្រះបិតាទ្រង់ទតឃើញឬទេ ព្រះហ្ឫទ័យរបស់ព្រះបិតា (ធ្ងន់ដូចថ្ម) ឬដូចជាចំណងដែកដ៏មាំ ព្រះអង្គមិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍ជាអ្នកស្វែងរកទ្រព្យ ល្មោភហួសប្រមាណ ចាប់ចងហើយវាយយើងខ្ញុំដូចជាគេវាយគោ។ នាងកណ្ហាជិនា ចូរនៅក្នុងទីនេះចុះ ដ្បិតនាងមិនទាន់ដឹងក្តីនៅឡើយ រមែងកន្ទក់កន្ទញ ដូចជាកូនម្រឹគនៅបៅដោះ ហើយព្រាត់ប្រាសចាកហ្វូង។

[៣៤១] ទុក្ខដូច្នោះនេះ មិនមែនជាទុក្ខដល់អញទេ ព្រោះទុក្ខនេះ បុរស (ដែលរង្គាត់ទៅក្នុងភព) ត្រូវបាន អញមិនឃើញព្រះមាតាណា ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខ ដែលព្រាហ្មណ៍វាយដំនេះទៅទៀត។ ទុក្ខដូច្នោះនេះ មិនមែនជាទុក្ខដល់អញទេ ព្រោះទុក្ខនេះ បុរសត្រូវបាន អញមិនឃើញព្រះមាតាណា ការមិនឃើញព្រះមាតានោះ ជាសេចក្តីទុក្ខក្រៃលែងរបស់អញជាងសេចក្តីទុក្ខដែលព្រាហ្មណ៍វាយដំនេះទៅទៀត។ ព្រះមាតានោះ មនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងអស់កាលយូរ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ។ ព្រះបិតានោះ ជាមនុស្សកំព្រាពិត កាលបើមិនឃើញកុមារីឈ្មោះកណ្ហាជិនា ល្អគួរមើល មុខជានឹងទ្រង់ព្រះកន្សែងក្នុងអាស្រមអស់កាលយូរ។ ព្រះមាតានោះ ជាមនុស្សកំព្រាពិត (រឭកពួកយើង) ក្នុងពាក់កណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចស្ទឹង។ ព្រះបិតានោះ ជាមនុស្សកំព្រាដោយពិត (រឭកពួកយើង) ក្នុងកណ្តាលអធ្រាត្រ ឬក្នុងរាត្រីទាំងមូល នឹងទ្រង់ព្រះកន្សែងអស់កាលយូរ នឹងរីងស្ងួតដូចជាស្ទឹង។ រុក្ខជាតិផ្សេងៗ ទាំងនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ ថ្ងៃនេះ យើងនឹងបោះបង់ពួករុក្ខជាតិទាំងនោះចោលហើយ។ ពួកផលជាតិផ្សេងៗទាំងនេះ គឺពោធិ ខ្នុរ ជ្រៃ ក្រសាំង ថ្ងៃនេះយើងនឹងបោះបង់ផលជាតិទាំងនោះចោលហើយ។ នេះសួនច្បារ នេះស្ទឹងមានទឹកត្រជាក់ ពីដើម យើងលេងក្នុងទីណា ថ្ងៃនេះ យើងនឹងបោះបង់ទីទាំងនោះ។ ពីដើម ពួកយើងទ្រទ្រង់ផ្កាណា ច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្កាទាំងនោះ។ ពីដើមពួកយើងបរិភោគផ្លែឈើណាច្រើនយ៉ាង លើភ្នំនេះ ថ្ងៃនេះ យើងនឹងបោះបង់ផ្លែឈើទាំងនោះ។ នេះរូបដំរី រូបសេះរបស់យើង នេះរូបគោរបស់យើង ពីដើមយើងលេងដោយរូបណា ថ្ងៃនេះយើងនឹងបោះបង់រូបទាំងនោះ។

[៣៤២] កុមារទាំងនោះ កាលជូជកព្រាហ្មណ៍កំពុងនាំទៅ បានពោលនឹងព្រះបិតាដូច្នេះថា បពិត្រព្រះបិតា សូមព្រះអង្គបា្រប់នូវភាព (របស់យើងខ្ញុំ) ជាបុគ្គលមិនមានរោគ ដល់ព្រះមាតាផង ទាំងព្រះអង្គសោត ក៏សូមឲ្យបានសេចក្តីសុខ។ នេះរូបដំរី រូបសេះរបស់យើងខ្ញុំ នេះរូបគោរបស់យើងខ្ញុំ សូមព្រះអង្គប្រទានរូបទាំងនោះ ដល់ព្រះមាតាៗ នឹងបន្ទោបង់សំណោកព្រោះរូបទាំងនោះ។ នេះរូបដំរី រូបសេះរបស់យើងខ្ញុំ នេះរូបគោរបស់យើងខ្ញុំ ព្រះមាតាកាលបើក្រឡេកឃើញរូបទាំងនោះហើយ នឹងបន្ទោបង់សំណោកចេញបាន។

[៣៤៣] លំដាប់នោះ ព្រះបាទវេស្សន្តរជាក្សត្រិយ៍ ទ្រង់ដាក់ទានរួចហើយ ក៏យាងចូលទៅកាន់បណ្ណសាលា ហើយខ្សឹកខ្សួលគួរឲ្យអាណោចអាធ័ម។ (ព្រះមហាសត្វទ្រង់ព្រះពិលាបថា) ក្នុងថ្ងៃនេះ ទារកទាំងពីរមានសេចក្តីស្រេកឃ្លានហើយ យំទារនរណា អ្នកណាហ្ន៎ នឹងឲ្យភោជនដល់ទារកទាំងពីរនោះ ក្នុងកាលជាទីអង្គាស (អាហារ) ក្នុងវេលាល្ងាច។ ក្នុងថ្ងៃនេះ ទារកទាំងពីរមានសេចក្ដីស្រេកឃ្លាន ហើយយំទារនរណា បពិត្រព្រះមាតា យើងខ្ញុំមានសេចក្តីស្រេកឃ្លានហើយ សូមព្រះមាតាប្រទានភោជនដល់យើងខ្ញុំក្នុងកាលជាទីអង្គាស (អាហារ) ក្នុងវេលាល្ងាច។ ទារកទាំងពីរដើរទៅដោយជើងទទេ មិនមានស្បែកជើង នឿយហត់ មានជើងទាំងពីរដ៏ពុរពង ទៅកាន់ផ្លូវដូចម្តេចបាន អ្នកណានឹងដឹកដៃទារកទាំងនោះទៅ។ កោតតែព្រាហ្មណ៍នោះ ហ៊ានវាយកូនទាំងពីររបស់អញជាអ្នកមិនមានកំហុស ក្នុងទីចំពោះមុខ មិនអៀនខ្មាស ព្រាហ្មណ៍នេះ ហៅពេញជាមនុស្សឥតអៀនខ្មាស។ អ្នកណាមានសេចក្តីអៀនខ្មាស នឹងវាយពួកជនសូម្បីជាខ្ញុំស្រី ខ្ញុំប្រុស ឬថាអ្នកបម្រើដទៃរបស់អញ ដែលលះឲ្យហើយនោះ។ ព្រាហ្មណ៍ហ៊ានជេរ ហ៊ានវាយដំកូនសំឡាញ់របស់អញដែលកំពុងមើលឃើញ ដូចជាត្រីដែលជាប់នៅក្នុងមាត់លប។

[៣៤៤] អញនឹងកាន់យកធ្នូ ស្ពាយព្រះខាន់លើស្មាខាងឆ្វេង ហើយនាំយកកូនទាំងពីររបស់ខ្លួនមកវិញឬ ព្រោះថា ការដែលគេវាយដំកូនទាំងពីរ នាំមកនូវសេចក្ដីទុក្ខ។ កុមារទាំងពីរគប្បីលំបាកដោយហេតុណា ហេតុនុ៎ះមិនមែនជាទីតាំងមានសភាពជាទុក្ខទេ នរណាយល់ធម៌របស់ពួកសប្បុរស ហើយឲ្យទាន រមែងក្តៅក្រហាយរឿយៗ។

[៣៤៥] (ជាលិកុមារ…) បានឮថា ជនពួកខ្លះក្នុងលោកនេះ បានពោលពាក្យពិតយ៉ាងនេះថា បុគ្គលណាមិនមានមាតាបង្កើត បុគ្គលនោះឈ្មោះថា មិនមានបិតាដូចគ្នាដែរ។ នែនាងកណ្ហាប្អូន នាងចូរមក យើងមុខជានឹងស្លាប់ យើងមិនមានសេចក្តីត្រូវការដោយជីវិតទេ ដោយយើងត្រូវព្រះជនិន្ទប្រទានដល់ព្រាហ្មណ៍ អ្នកស្វែងរកទ្រព្យ ជាមនុស្សកំណាចលើសលន់ វាយដំយើង ដូចជាគេវាយហ្វូងគោ។ នែនាងកណ្ហា ពួករុក្ខជាតិផ្សេងៗនេះ គឺដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ យើងនឹងបោះបង់រុក្ខជាតិទាំងនោះ នែនាងកណ្ហា ពួកផលជាតិផ្សេង ៗ នេះ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង យើងនឹងបោះបង់ផលជាតិទាំងនោះ។ ហៃនាងកណ្ហា នេះសួនច្បារ នេះស្ទឹងមានទឹកត្រជាក់ ពីដើម យើងលេងក្នុងទីណា យើងនឹងបោះបង់ទីទាំងនោះ ហៃនាងកណ្ហា ពីដើម យើងទ្រទ្រង់ផ្កាទាំងឡាយណាផ្សេងៗ លើភ្នំនេះ យើងនឹងបោះបង់ផ្កាទាំងនោះ។ ហៃនាងកណ្ហា ពីដើម យើងបរិភោគផ្លែឈើផ្សេង ៗ ទាំងឡាយណា យើងនឹងបោះបង់ផ្លែឈើទាំងនោះ។ ហៃនាងកណ្ហា នេះរូបដំរី រូបសេះរបស់យើង នេះរូបគោរបស់យើង ជារូបដែលយើងធ្លាប់លេង យើងនឹងបោះបង់រូបនោះ។

[៣៤៦] (អភិសម្ពុទ្ធគាថា) កុមារទាំងពីរនោះ គឺជាលី និងកណ្ហាជិនា កាលដែលព្រាហ្មណ៍កំពុងនាំទៅ ក៏របូតចេញ (អំពីចំណង) ហើយនាំគ្នាស្ទុះចូលទៅក្នុងទីនោះ ក្នុងខណៈនោះ។

[៣៤៧] លំដាប់នោះ ជូជកព្រាហ្មណ៍នោះ កាន់យកខ្សែ និងឈើច្រត់វាយដំកុមារទាំងពីរនោះ ហើយនាំទៅក្នុងទីចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ)។

[៣៤៨] នាងកណ្ហាជិនាបានពោលនឹងព្រះបិតានោះថា បពិត្រព្រះបិតា ព្រាហ្មណ៍នេះ វាយដំខ្ញុំម្ចាស់ដោយឈើច្រត់ដូចជាទាសីដែលកើតក្នុងផ្ទះ។ បពិត្រព្រះបិតា នេះមិនមែនជាព្រាហ្មណ៍ទេ ដ្បិតពួកព្រាហ្មណ៍ ជាអ្នកប្រកបដោយធម៌ បពិត្រព្រះបិតា យក្សក្លែងភេទជាព្រាហ្មណ៍ នាំយើងខ្ញុំយកទៅស៊ីទេដឹង បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ហេតុអ្វីក៏ព្រះអង្គទ្រង់ទតព្រងើយ។

[៣៤៩] ជើងទាំងឡាយរបស់យើងខ្ញុំនេះ ក៏សែនលំបាក ផ្លូវសោត ក៏ឆ្ងាយដាច់ស្រយាល លំបាកនឹងដើរទៅណាស់ ព្រះសុរិយាក៏កាន់តែទន់ទាប ជិតអស្តង្គតណាស់ហើយ ព្រាហ្មណ៍ក៏នាំយើងខ្ញុំទៅប្រញាប់ប្រញាល់។ យើងខ្ញុំសូមថ្វាយបង្គំនូវពួកភូតដែលនៅអាស្រ័យលើភ្នំ និងព្រៃ សូមថ្វាយបង្គំដោយសិរសានូវពួកទេវតាដែលរក្សាស្រះ និងទេវតាដែលនៅអាស្រ័យក្នុងស្ទឹង មានកំពង់ដ៏ល្អ។ (យើងខ្ញុំសូមថ្វាយបង្គំ) នូវពួកទេវតាដែលនៅអាស្រ័យលើស្មៅ និងវល្លិ និងឈើឱសធ និងភ្នំ និងព្រៃ សូមទេវតាទាំងឡាយ ទូលព្រះមាតានូវភាពរបស់យើងខ្ញុំជាអ្នកមិនមានរោគ ដ្បិតព្រាហ្មណ៍នេះ កំពុងនាំយកយើងខ្ញុំទៅ។ សូមពួកលោកដ៏ចំរើន ទូលដល់ព្រះមទ្រីជាព្រះមាតារបស់យើងខ្ញុំថា បើលោកចង់អញ្ជើញមកតាមយើងខ្ញុំ គប្បីអញ្ជើញមកឲ្យឆាប់។ ផ្លូវនេះ ដើរចុះតែជើងមួយ ត្រង់ទៅកាន់អាស្រម ព្រះមាតាគប្បីស្តេចអញ្ជើញមកតាមផ្លូវនោះឯង មុខជានឹងឃើញយើងខ្ញុំភ្លាម។ បពិត្រព្រះមាតាដ៏មានជដាអើយ ទុក្ខនោះនឹងមានដល់លោក ដែលនាំមើមឈើ និងផ្លែឈើអំពីព្រៃមក ព្រោះឃើញអាស្រមស្ងាត់ជ្រងំ។ ព្រះមាតាបាន (មើមឈើ និងផ្លែឈើអំពីព្រៃ និងចំណី) ច្រើនដោយការស្វែងរកហួសវេលា មិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍អ្នកស្វែងរកទ្រព្យកំណាចលើសលន់ ចងវាយដំយើងខ្ញុំដូចជាគេវាយហ្វូងគោ ថ្ងៃនេះ យើងខ្ញុំសូមចួបនឹងព្រះមាតា ដែលអញ្ជើញមកអំពីការស្វែងរកផ្លែឈើក្នុងវេលាល្ងាច។ ព្រះមាតាគប្បីប្រទានផ្លែឈើលាយដោយទឹកឃ្មុំដល់ព្រាហ្មណ៍ៗនេះបានបរិភោគផ្លែឈើនោះឆ្អែតហើយ មុខជាមិនបង្ខំនាំយើងខ្ញុំទៅ។ កុមារទាំងពីរ មានសេចក្តីជាប់ចិត្តក្នុងព្រះមាតា ពិលាបក្នុងកាលនោះថា ឱហ្ន៎ បាតជើងទាំងឡាយរបស់យើងពុរពងអស់ហើយ ព្រាហ្មណ៍ដឹកនាំយើងទៅប្រញាប់ប្រញាល់ខ្លាំងណាស់។

ចប់ ទារកបព្វៈ។

មទ្ទីបព្វៈ

(មទ្ទីបព្វំ)

[៣៥០] (អភិសម្ពុទ្ធគាថា) ពួកទេវតាបានឮពិលាបនៃកុមារទាំងពីរនោះហើយ បានពោលពាក្យនេះថា អ្នកទាំងឡាយ ចូរធ្វើជាម្រឹគសាហាវបីក្នុងព្រៃ គឺសីហៈ ១ ខ្លាធំ ១ ខ្លាដំបង ១។ កុំឲ្យព្រះរាជបុត្រីមកអំពីការស្វែងរកផ្លែឈើក្នុងវេលារសៀលឡើយ កុំឲ្យពួកម្រឹគក្នុងព្រៃជាដែនរបស់យើងបៀតបៀនឡើយ។ ប្រសិនបើសីហៈក្តី ខ្លាធំក្តី ខ្លាដំបងក្តី បៀតបៀននាងមទ្រី ដែលប្រកបដោយលក្ខណានោះហើយ ជាលិកុមារ និងនាងកណ្ហាជិនា នឹងរស់នៅដូចម្តេចបាន នាងមទ្រីដែលប្រកបដោយលក្ខណា នឹងព្រាត់ប្រាសចាកចំណែកទាំងពីរ គឺភស្ដា និងបុត្រទាំងពីរ។

[៣៥១] (ព្រះនាងមទ្រី…) ជ្រនីកធ្លាក់ចុះ (អំពីដៃ) របស់អញ ភ្នែកស្តាំក៏កម្រើក ទាំងដើមឈើមានផ្លែ ក៏ប្រែជាមិនមានផ្លែ អញវង្វេងទិសទាំងអស់។ កាលដែលអញនោះមកកាន់អាស្រមក្នុងវេលាល្ងាច ក្នុងពេលដែលព្រះអាទិត្យអស្តង្គតហើយ ក៏មានពួកម្រឹគសាហាវមកឈររាំងក្នុងផ្លូវ កាលបើព្រះអាទិត្យទៀបអស្តង្គតហើយ អាស្រមក៏នៅឆ្ងាយណាស់ អញនឹងនាំយកមើមឈើ និងផ្លែឈើណាអំពីទីនេះ ដើម្បីជនទាំងនោះ ជនទាំងនោះ គប្បីនាំគ្នាបរិភោគមើមឈើ និងផ្លែឈើនោះជាភោជន។ ក្សត្រិយ៍នោះ គង់នៅតែមួយអង្គឯង ក្នុងបណ្ណសាលាពិត ម្ល៉េះសមឃើញអាត្មាអញដែលមិនទាន់មកដល់ ក៏ខំលួងលោមទារកទាំងពីរ ដែលមានសេចក្តីស្រេកឃ្លាន។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កំសត់ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូនម្រឹគនៅបៅទឹកដោះ ក្នុងវេលាល្ងាច ឬក្នុងវេលាដែលបរិភោគ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កំសត់ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូនម្រឹគបា្រថ្នារកទឹកផឹក ក្នុងវេលាល្ងាច ឬក្នុងវេលាដែលបរិភោគ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កំសត់ដោយពិតនាំគ្នាឈរចាំទទួលអញ ដូចជាពួកកូនគោតូច ឈរចាំទទួលមេ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កំសត់ដោយពិត នាំគ្នាឈរចាំទទួលអញ ដូចជាពួកហង្សឈរនៅលើភក់។ កូនតូចទាំងនោះរបស់អញជាស្រ្តីកំព្រា កំសត់ដោយពិត នាំគ្នាឈរចាំទទួលអញ ក្នុងទីមិនឆ្ងាយអំពីអាស្រម។ ផ្លូវតែមួយ ចុះបានតែជើងនៃបុគ្គលម្នាក់ ក្បែរខាងផ្លូវ មានស្រះ មានជ្រោះ អញមិនឃើញផ្លូវដទៃសម្រាប់ទៅកាន់អាស្រមបានទេ។ បពិត្រម្រឹគទាំងឡាយ ខ្ញុំសូមថ្វាយបង្គំលោកទាំងឡាយ ជាស្តេចមានកំឡាំងច្រើនក្នុងព្រៃធំ សូមលោកជាបងប្អូននឹងគ្នាដោយធម៌ លោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ ក៏សូមឲ្យផ្លូវដល់ខ្ញុំ។ ខ្ញុំជាភរិយារបស់ព្រះរាជបុត្រដ៏មានសិរី ដែលគេនិរទេស ខ្ញុំមិនហ៊ានមើលងាយព្រះរាជស្វាមីនោះ ដូចនាងសិតាជាស្រ្តីមានវ័ត មិនហ៊ានមើលងាយព្រះរាម។ លោកទាំងឡាយ ចូរឃើញបុត្រទាំងឡាយចុះ ចំណែកខ្ញុំ សូមឃើញស្វាមី និងបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនា ក្នុងពេលល្ងាច គឺកាលជាទីទទួលចំណី។ មើមឈើ និងផ្លែឈើនេះសោតក៏ច្រើន ចំណីនេះ មិនមែនតិចទេ ខ្ញុំនឹងបែងចំណីនោះពាក់កណ្តាលជូនលោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ សូមឲ្យផ្លូវខ្ញុំ។ ព្រះមាតារបស់យើង ជាព្រះរាជបុត្រី ព្រះបិតារបស់យើង ជាព្រះរាជបុត្រា លោកទាំងឡាយចូរជាបងប្អូនដោយធម៌ លោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ សូមឲ្យផ្លូវខ្ញុំ។

[៣៥២] (អភិសម្ពុទ្ធគាថា) ពួកម្រឹគសាហាវបានស្តាប់វាចាពីរោះពិសា ជាវាចាប្រកបដោយសេចក្តីករុណាច្រើន របស់នាងមទ្រីនោះ ដែលកំពុងលួងលោមហើយ ក៏នាំគ្នាថយចេញអំពីផ្លូវបាត់ទៅ។

[៣៥៣] (ព្រះនាងមទ្រី) កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ដូចជាពួកកូនគោឈរចាំទទួលមេ។ កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ដូចជាពួកហង្ស ឈរនៅលើភក់។ កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ក្នុងទីជិតអាស្រម។ កូនតូចទាំងនោះ ធ្លាប់តែស្ទុះមកព័ទ្ធជុំវិញ មានសេចក្តីត្រេកអររីករាយ នាំគ្នាលោតមក ហាក់ដូចជា (ញ៉ាំងហ្ឫទ័យរបស់មាតា) ឲ្យកំរើក ដូចកូនម្រឹគទាំងឡាយ (ឃើញមេ) ហើយដំឡើងស្លឹកត្រចៀក (អើត ក ចូលទៅជិតមេ រីករាយត្រេកអរ ស្ទុះទៅព័ទ្ធជុំវិញ) ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ អញលះបង់កូនទាំងពីរ ហើយចេញទៅ ដូចមេពពែ ឬមេម្រឹគ លះបង់កូន ដូចមេបក្សីចេញអំពី (សម្បុក) ឬដូចមេសីហៈ ប្រាថ្នាសាច់ (លះបង់កូនរបស់ខ្លួន ដើរចេញទៅរកចំណី) ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ នេះស្នាមជើងនៃកូនទាំងពីរនោះ ដូច (ស្នាមជើង) នៃហ្វូងដំរីក្បែរភ្នំ ពំនូកខ្សាច់ដែលកូនទាំងពីរនាំគ្នាពូន ក៏ខ្ចាត់ខ្ចាយក្នុងទីជិតនៃអាស្រម ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ កូនតូចទាំងពីររោយរាយដោយខ្សាច់ ប្រឡាក់ដោយអាចម៍ដី រមែងស្ទុះមកព័ទ្ធជុំវិញ អញមិនបានឃើញទារកទាំងនោះ។ កាលពីដើម កូនទាំងពីរណា ទទួលអញដែលមកអំពីព្រៃឆ្ងាយ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរនោះ គឺជាលី និងនាងកណ្ហាជិនា។ ទារកទាំងពីរ តែងរមិលមើលផ្លូវអញក្នុងទីឆ្ងាយ ដូចកូនម្រឹគទទួលមេពពែ ឬម្រឹគជាមេ។ ផ្លែព្នៅលឿងខ្ចី ដែលជ្រុះមកនេះឯង ជាល្បែងរបស់ទារកទាំងនោះ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ ស្តនរបស់អញទាំងពីរនេះ ពេញ (ដោយទឹកដោះ) ទាំងទ្រូងសោត ក៏ស្ទើតែនឹងធ្លាយ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ កូនមួយរាវរកផ្លែឈើក្នុងថ្នក់របស់អញ កូនមួយតោងដោះទាំងគូរបស់អញ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ វេលាថ្ងៃល្ងាច កូនតូចទាំងពីរ ប្រឡាក់ដោយអាចម៍ដី ននៀលលើភ្លៅរបស់អញ អញមិនបានឃើញទារកទាំងនោះ។ កាលពីដើម អាស្រមនេះ ប្រាកដដល់អញ (ដូចជា) កន្លែងមហោស្រព ថ្ងៃនេះ អាស្រមហាក់ដូចវិលដល់អញ ដែលមិនបានឃើញកូនទាំងនោះ។ ហេតុដូចម្តេច បានជាអាស្រមនេះ ហាក់ដូចជាស្ងាត់សូន្យឈឹងប្រាកដដល់អញ សូម្បីពួកក្អែកព្រៃ ក៏មិនកញ្រ្ជៀវ ទារកទាំងពីររបស់អញ ប្រាកដជាស្លាប់ហើយ។ ហេតុដូចម្តេច បានជាអាស្រមនេះហាក់ដូចជាស្ងាត់សូន្យឈឹងប្រាកដដល់អញ សូម្បីពួកសត្វហើរ ក៏មិនកញ្រ្ជៀវ ទារកទាំងពីររបស់អញ ប្រាកដជាស្លាប់ហើយ។

[៣៥៤] ហេតុនេះដូចម្តេច បានជាព្រះអង្គគង់ស្ងៀម ចិត្តរបស់ខ្ញុំម្ចាស់ហាក់ដូច (យល់សប្តិ) ក្នុងរាត្រី សូម្បីពួកក្អែកព្រៃ ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ។ ហេតុដូចម្តេច បានជាព្រះអង្គគង់ស្ងៀម ចិត្តរបស់ខ្ញុំម្ចាស់ ហាក់ដូចជា (យល់សប្តិ) ក្នុងរាត្រី សូម្បីពួកសត្វហើរ ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ។ បពិត្រព្រះអយ្យបុត្រ ពួកម្រឹគស៊ីទារកទាំងពីររបស់ខ្ញុំម្ចាស់ហើយទេដឹង ឬនរណានាំយកទារករបស់ខ្ញុំម្ចាស់ទៅក្នុងព្រៃដ៏ស្ងាត់ឥតជាតិជៅ។ ព្រះអង្គធ្វើទារកទាំងនោះ ឲ្យជាទូត ហើយប្រើទៅឬ ឬក៏ទារកទាំងនោះ ជាអ្នកពោលពាក្យពីរោះ ដេកលក់អស់ហើយ ឬទារកទាំងនោះ ខ្វល់ខ្វាយក្នុងល្បែងទាំងឡាយ ហើយនាំគ្នាចេញទៅខាងក្រៅ។ សក់ទាំងឡាយក្តី ដៃជើងទាំងឡាយក្តី ដ៏វិចិត្រដោយបណ្តាញរបស់ទារកទាំងនោះ ក៏មិនឃើញសោះ ក្រែងពួកបក្សីឆាបនាំយកទៅទេដឹង ឬនរណានាំយកទារករបស់ខ្ញុំម្ចាស់ទៅ។

[៣៥៥] ការដែលព្រះអង្គមិនមានព្រះបន្ទូលនេះ ជាទុក្ខក្រៃលែងជាងទុក្ខរបស់ខ្ញុំម្ចាស់ ដែលមិនឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ ដូចជាដំបៅដែលមុតដោយព្រួញ។ នេះជាព្រួញទីពីរ គឺត្រង់ដែលខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ ១ ដែលព្រះអង្គមិនត្រាស់ប្រាប់ខ្ញុំម្ចាស់ ១ នាំឲ្យកំរើកហ្ឫទ័យរបស់ខ្ញុំម្ចាស់។ បពិត្រព្រះរាជបុត្រ បើព្រះអង្គមិនត្រាស់ប្រាប់ដល់ខ្ញុំម្ចាស់ អស់រាត្រីនេះ ក្នុងថ្ងៃនេះទេ ព្រះអង្គមុខជានឹងឃើញខ្ញុំម្ចាស់អស់ជីវិត ស្លាប់ក្នុងពេលព្រឹកមិនខាន។

[៣៥៦] (ព្រះមហាសត្វ…) ក្រែងនាងមទ្រីមានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រី មានយសឬ នាងទៅដើម្បីស្វែងរក (ផ្លែឈើតូចធំ) តាំងពីពេលព្រឹក ហេតុដូចម្ដេច បានជាដល់ពេលល្ងាចហើយទើបមក។

[៣៥៧] (ព្រះនាងមទ្រី…) ក្រែងព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងទ្រហឹងអឺងកងនៃសីហៈ និងខ្លា ដែលស្រែកបន្លឺឡើង (ព្រមទាំងម្រឹគដទៃ មានដំរីជាដើម) ដែលមកកាន់ស្រះ (នេះ) ដើម្បីផឹកទឹកដែរឬទេ។ បុព្វនិមិត្តបានកើតឡើងដល់ខ្ញុំម្ចាស់ ដែលដើររង្គាត់ក្នុងព្រៃធំ ជ្រនីក ក៏ធ្លាក់អំពីដៃរបស់ខ្ញុំម្ចាស់ ទាំងកញ្ច្រែងដែលលីលើចង្កួយស្មា ក៏ធ្លាក់អំពីស្មា។ ក្នុងពេលនោះ ខ្ញុំម្ចាស់មានសេចក្តីភិតភ័យក្រៃពេក ក៏ប្រណម្យអញ្ជលី នមស្ការគ្រប់ទិសផ្សេងៗ សូមឲ្យសួស្តីគប្បីមានព្រោះការនមស្ការនេះ។ សូមកុំឲ្យសីហៈ និងខ្លាដំបងបៀតបៀនព្រះរាជបុត្ររបស់យើងបាន មួយទៀត សូមកុំឲ្យខ្លាឃ្មុំ ឆ្កែព្រៃ និងខ្លារខិនចាប់ខាំស៊ីទារកទាំងពីរបាន។ ពួកពាលម្រឹគទាំងបីក្នុងព្រៃ គឺសីហៈមួយ ខ្លាធំមួយ ខ្លាដំបងមួយ រាំងផ្លូវខ្ញុំម្ចាស់ ព្រោះហេតុនោះ បានជាខ្ញុំម្ចាស់មកក្នុងវេលាល្ងាច។

[៣៥៨] ខ្ញុំម្ចាស់មានសក់កណ្តាញ់ ប្រព្រឹត្តធម៌ដ៏ប្រសើរ ស្រវាស្រទេញ (ផ្គត់ផ្គង់) ប្តីផង បុត្រទាំងពីរផង អស់ថ្ងៃ និងយប់ ដូចជាមាណព (ផ្គត់ផ្គង់) អាចារ្យ។ ហៃបុត្រកំសត់ទាំងពីរ មាតាស្លៀកដណ្តប់ស្បែកខ្លា ខំស្វែងរកមើមឈើ និងផ្លែឈើ ក្នុងព្រៃទាំងថ្ងៃ ទាំងយប់ ព្រោះតែសេចក្តីស្រឡាញ់កូនឯងទាំងពីរ។ រមៀតមានពណ៌ដូចជាមាស និងផ្លែព្នៅនេះ មាតាបាននាំមកដល់ហើយ មាតាបាននាំទាំងផ្លែឈើទាំងឡាយ (ឯទៀតផង) ហៃបុត្រកំសត់ទាំងពីរ ផ្លែឈើទាំងនេះ ជាល្បែងរបស់កូនឯងទាំងពីរ។ មើមឈូក ក្រអៅ ឧប្បល ក្រចាប់នេះ បពិត្រក្សត្រិយ៍ សូមព្រះអង្គ ព្រមទាំងបុត្រទាំងពីរសោយ (វត្ថុទាំងនោះ) ដែលលាយដោយទឹកឃ្មុំចុះ។ បពិត្រព្រះបាទសិវិ សូមព្រះអង្គប្រទានផ្កាឈូកដល់ជាលី សូមព្រះអង្គប្រទានផ្កាកុមុទដល់នាងកុមារី សូមទត (កុមារទាំងពីរ) ដែលប្រដាប់ដោយកម្រងផ្កា ហើយរាំ សូមព្រះអង្គត្រាស់ហៅបុត្រទាំងពីរមក។ បពិត្រព្រះអង្គ ជាធំក្នុងរថ បណ្តាបុត្រទាំងពីរនោះ បុត្រីឈ្មោះកណ្ហាជិនា រមែងទៅ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (សំឡេង) របស់វា ដែលពីរោះគួរចាប់ចិត្ត ពាក្យពីរោះ ចូលទៅកាន់អាស្រម។ បពិត្រព្រះបាទសិវិ យើងទាំងពីរនាក់ ត្រូវគេនិរទេសចាកដែនហើយ ជាអ្នករួមសុខរួមទុក្ខជាមួយគ្នា ព្រះអង្គឃើញបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនាដែរឬ។ ខ្ញុំម្ចាស់បានជេរប្រទេចពួកស្រមណ៍ និងព្រាហ្មណ៍ក្នុងលោក មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅខាងមុខ មានសីល ជាពហុស្សូតដោយពិត បានជាខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនានោះក្នុងថ្ងៃនេះ។

[៣៥៩] នេះរុក្ខជាតិផ្សេងៗ គឺព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ កុមារទាំងនោះ អញមិនបានឃើញ។ នេះជលជាតិផ្សេងៗ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង កុមារទាំងនោះ អញមិនបានឃើញ។ នេះសួនច្បារទាំងឡាយ នេះស្ទឹង មានទឹកត្រជាក់ ជាទីដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។ ផ្កាឈើច្រើនយ៉ាង លើភ្នំនេះ ជាផ្កាដែលកុមារទាំងពីរធ្លាប់ទ្រទ្រង់ កុមារទាំងនោះ អញមិនបានឃើញ។ ផ្លែឈើច្រើនយ៉ាង លើភ្នំនេះ ជាផ្លែដែលកុមារទាំងពីរធ្លាប់បរិភោគ កុមារទាំងនោះ អញមិនបានឃើញសោះ។ រូបដំរី រូបសេះទាំងនេះក្តី រូបគោទាំងនេះក្តី ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។

[៣៦០] រូបម្រឹគមានសម្បុរពព្រុស រូបទន្សាយ រូបមៀម រូបម្រឹគឈ្លូសជាច្រើនទាំងនេះ ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។ រូបហង្ស រូបក្រៀល រូបក្ងោកមានស្លាបដ៏វិចិត្រ ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។

[៣៦១] គុម្ពឈើទាំងនេះ មានផ្ការីកសព្វកាល ជាផ្កាដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។ ស្រះបោក្ខរណីទាំងនេះ គួរជាទីត្រេកអរ ទ្រហឹងអឺងកងដោយសត្វចាក្រពាក ដេរដាសដោយផ្កាមណ្ឌាលកៈផង ដោយផ្កាឈូក និងផ្កាឧប្បលផង ជាទីដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។

[៣៦២] ឧសទាំងឡាយ ព្រះអង្គមិនកាច់ ទឹក ព្រះអង្គមិនដង ភ្លើង ព្រះអង្គមិនបង្កាត់ ហេតុអ្វីបានជាព្រះអង្គសញ្ជប់សញ្ជឹង ដូចមនុស្សខ្លៅ។ (ព្រះវេស្សន្តរ) ជាទីស្រឡាញ់ (របស់ខ្ញុំម្ចាស់) សេចក្តីព្រួយ តែងរសាយព្រោះបានជួបជុំដោយព្រះអង្គ ជាទីស្រឡាញ់ ក្នុងថ្ងៃនេះ ខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។

[៣៦៣] បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្ររបស់យើងទាំងពីរសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកក្អែកព្រៃសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ប្រាកដជាស្លាប់ហើយ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្ររបស់យើងទាំងពីរសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកសត្វស្លាបសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ។។

[៣៦៤] (អភិសម្ពុទ្ធគាថា) នាងមទ្រីនោះ (បានត្រាច់ទៅ) កាន់ភ្នំ និងព្រៃ ខ្សឹកខ្សួលក្នុងទីនោះ ហើយត្រឡប់មកអាស្រមវិញ ក៏ទ្រង់ព្រះកន្សែងក្នុងសំណាក់ព្រះរាជស្វាមីថា បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកក្អែកព្រៃសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកសត្វស្លាបសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ម្នាលភិក្ខុទាំងឡាយ នាងមទ្រីត្រាច់ទៅក្រោមម្លប់ឈើ និងភ្នំ និងគុហា។ នាងមទ្រីមានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រីមានយស ក៏ផ្គងដើមដៃទាំងពីរ កន្ទក់កន្ទេញយ៉ាងនេះហើយ ក៏ដួលទៅលើផែនដីក្នុងទីនោះ។

[៣៦៥] ព្រះបាទវេស្សន្តរ ទ្រង់ស្រោចស្រពព្រះរាជបុត្រីនោះ ដែលបានមកដល់សំណាក់ព្រះអង្គ បន្ទាប់អំពីនោះមក ព្រះអង្គជ្រាបព្រះរាជបុត្រីនោះ ដែលស្រួលចិត្តហើយ ទើបបានត្រាស់នឹងព្រះរាជបុត្រីនោះ យ៉ាងនេះថា ហៃនាងមទ្រី អញមិនចង់ប្រាប់សេចក្តីទុក្ខ ដល់នាងអំពីដំបូងទេ មានព្រាហ្មណ៍ចាស់កំសត់ជាស្មូម បានមកកាន់លំនៅ។ ហៃនាងមទ្រី អញបានឲ្យបុត្រទាំងពីរ ដល់ព្រាហ្មណ៍នោះហើយ នាងកុំភិតភ័យអ្វី នាងចូរស្រួលចិត្តចុះ ហៃនាងមទ្រី នាងចូរមើលមកអញ កុំមើលបុត្រទាំងពីរ កុំខ្សឹកខ្សួលខ្លាំងឡើយ កាលបើយើងរស់នៅ បានសុខសប្បាយ ក៏គង់បាន (ចួបប្រទះ) នឹងបុត្រវិញ។ សប្បុរសបានឃើញពួកស្មូមមកហើយ គប្បីឲ្យកូន សត្វចិញ្ចឹម ធញ្ញជាតិ និងទ្រព្យដទៃដែលមានក្នុងផ្ទះជាទាន ហៃនាងមទ្រី នាងចូររីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់អញ។

[៣៦៦] (ព្រះនាងមទ្រី…) បពិត្រព្រះទេវៈ ខ្ញុំម្ចាស់សូមរីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់ព្រះអង្គ ព្រះអង្គប្រទានហើយ សូមធ្វើព្រះហ្ឫទ័យឲ្យជ្រះថ្លាចុះ សូមព្រះអង្គទ្រង់ឲ្យទានជាភិយ្យោភាពចុះ។ បពិត្រព្រះជនាធិបៈ កាលដែលពួកមនុស្សកំពុងមានសេចក្តីកំណាញ់ ព្រះអង្គជាអ្នកញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់បានដាក់ទានដល់ព្រាហ្មណ៍។

[៣៦៧] ព្រះអង្គបានញ៉ាំងផែនដីឲ្យខ្ទរខ្ទារ កិត្តិសព្ទរបស់ព្រះអង្គទៅដល់ទេវលោក ផ្លេកបន្ទោរពុំជួកាល ដាលច្រវាត់ជុំវិញព្រៃហេមពាន្ត ដូចជាសំឡេងលាន់នៃភ្នំទាំងឡាយ។

[៣៦៨] ពួកទេវតាទាំងពីរក្រុម គឺនារទៈ និងបព្វតៈ ព្រមទាំងព្រះឥន្រ្ទ ព្រះព្រហ្ម និងបជាបតិទេវបុត្រ សោមទេវបុត្រ ព្រះបាទយមៈ និងព្រះបាទវេស្សវ័ណ ក៏នាំគ្នារីករាយតាមព្រះអង្គនោះ ពួកទេវតាទាំងអស់ដែលកើតក្នុងឋានតាវត្តិង្ស ព្រមទាំងព្រះឥន្រ្ទ ក៏រីករាយតាម។ (ព្រះសាស្តាបានត្រាស់គាថានេះថា) ព្រះនាងមទ្រី មានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រីមានយស បានរីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់ព្រះបាទវេស្សន្តរដោយប្រការដូច្នេះ។

ចប់ មទ្ទីបព្វៈ។

សក្កបព្វៈ

(សក្កបព្វំ)

[៣៦៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ក្នុងកាលដែលរាត្រីកន្លងទៅហើយ ព្រះអាទិត្យក៏រះឡើង សក្កទេវរាជមានភេទជាព្រាហ្មណ៍ ប្រាកដដល់ក្សត្រទាំងពីរនោះក្នុងពេលព្រឹក។

[៣៧០] (សក្កទេវរាជ…) ព្រះអង្គសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយការស្វែងរកស្រួលទេឬ មើមឈើ និងផ្លែឈើមានច្រើនដែរឬ។ ពួករបោម មូស និងពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ។

[៣៧១] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ ពួកយើងសុខសប្បាយទេ ម្នាលព្រាហ្មណ៍ មិនមានរោគាពាធអ្វីទេ មួយទៀត យើងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយការស្វែងរកស្រួលទេ មើមឈើ និងផ្លែឈើទាំងឡាយដ៏បរិបូណ៌ដែរទេ។ ទាំងពួករបោម មូស និងពស់ មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនយើងទេ។ យើងនៅក្នុងព្រៃអស់ ៧ ខែ រស់នៅទាំងសំណោក ទើបឃើញព្រាហ្មណ៍ជាគំរប់ពីរនេះ មានភេទដ៏ប្រសើរ កាន់ឈើច្រត់មានពណ៌ដូចជាផ្លែព្នៅទុំ ទ្រទ្រង់ស្បែកខ្លាទាំងក្រចក។ នែមហាព្រាហ្មណ៍ អ្នកមកល្អហើយ មួយទៀត អ្នកមិនមែនមកអាក្រក់ទេ អញ្ជើញអ្នកចូលទៅខាងក្នុង សេចក្តីចំរើន (ចូរមាន) ដល់អ្នក អ្នកចូរលាងជើងទាំងឡាយរបស់អ្នក។ ម្នាលព្រាហ្មណ៍ អ្នកចូរបរិភោគផ្លែឈើយ៉ាងឆ្ងាញ់ៗដូចទឹកឃ្មុំ គឺផ្លែទន្លាប់ ទ្រយឹង មាក់ប្រាង មាក់ដោក។ ទឹកត្រជាក់នេះ ដងមកអំពីជ្រោះភ្នំ ម្នាលមហាព្រាហ្មណ៍ អ្នកចូរផឹកទឹកនេះចុះ បើអ្នកប្រាថ្នាចង់ផឹក។ យើងសូមសួរអ្នក អ្នកបានមកដល់ព្រៃធំដោយរឿងដូចម្តេច ឬដោយហេតុដូចម្តេច អ្នកកាលបើយើងសួរហើយ ចូរប្រាប់រឿងនោះ។

[៣៧២] (សក្កទេវរាជ…) ផ្លូវទឹកដ៏ពេញប្រៀប មិនអស់ទៅសព្វកាលយ៉ាងណាមិញ ទូលបង្គំជាខ្ញុំ មកដើម្បីសូមទានព្រះអង្គ ទូលបង្គំជាខ្ញុំសូមហើយ សូមព្រះអង្គប្រទានភរិយា ក៏យ៉ាងនោះដែរ។

[៣៧៣] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យរបស់ដែលអ្នកសូមនឹងយើង យើងមិនរួញរាទេ យើងមិនលាក់លៀមវត្ថុដែលមាន ចិត្តរបស់យើងត្រេកអរក្នុងទាន។

[៣៧៤] (អភិសម្ពុទ្ធគាថា) ព្រះបាទវេស្សន្តរ ជាអ្នកញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ចាប់ដៃនាងមទ្រី និងកុណ្ខីទឹក ហើយបានដាក់ទានដល់ព្រាហ្មណ៍។ កាលដែលព្រះវេស្សន្តរ ទ្រង់លះបង់ព្រះនាងមទ្រី ហេតុដែលគួរស្ញប់ស្ញែង ក៏កើតមានក្នុងកាលនោះ សេចក្តីព្រឺរោម ក៏កើតមានក្នុងកាលនោះ ផែនដីក៏ញាប់ញ័រ។ ព្រះនាងមទ្រី មិនមានមុខក្រញូវ មិនអៀន មិនយំ ព្រះនាងស្ងៀម សំឡឹង (ព្រះភក្រ្ត) របស់ព្រះបាទវេស្សន្តរនោះ (ដោយគិតថា) ព្រះរាជានេះ ជ្រាបហេតុដ៏ប្រសើរ។

[៣៧៥] តថាគត កាលដែលលះរាជបុត្រាឈ្មោះជាលី រាជធីតាឈ្មោះកណ្ហាជិនា និងនាងទេវីឈ្មោះមទ្រី ដែលមានវត័ដ៏ល្អក្នុងប្តី មិនគិត (ស្តាយ) ព្រោះហេតុតែពោធិញ្ញាណដោយពិត។ បុត្រទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ នាងទេវីឈ្មោះមទ្រី មិនមែនមិនជាទីស្រឡាញ់របស់តថាគតទេ សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យជនទាំង ៣ នាក់ ជាទីស្រឡាញ់ (ដល់ព្រាហ្មណ៍)។

[៣៧៦] (ព្រះនាងមទ្រី…) ខ្ញុំម្ចាស់ជាភរិយារបស់ព្រះអង្គអំពីក្មេង ព្រះអង្គជាស្វាមី ជាឥស្សរៈរបស់ខ្ញុំម្ចាស់ស្រាប់ហើយ ចង់ឲ្យខ្ញុំម្ចាស់ដល់អ្នកណា គប្បីឲ្យដល់អ្នកនោះចុះ ចង់លក់ ឬចង់សំឡាប់ (ក៏បាន)។

[៣៧៧] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា ជ្រាបសេចក្តីត្រិះរិះរបស់ជនទាំងនោះហើយ ក៏បានពោលដូច្នេះថា ពួកសត្រូវទាំងអស់ ដែលឃាត់នូវទិព្វសម្បត្តិ និងមនុស្សសម្បត្តិ ព្រះអង្គក៏បានឈ្នះហើយ ព្រះអង្គបានញ៉ាំងផែនដីឲ្យខ្ទរខ្ទារ កិត្តិសព្ទរបស់ព្រះអង្គផ្សាយទៅដល់ទេវលោក ផ្លេកបន្ទោរក៏ដាលច្រវាត់ជុំវិញ ដូចជាសំឡេងលាន់នៃភ្នំទាំងឡាយ។ ពួកទេវតាទាំងពីរក្រុម គឺនារទៈ និងបុព្វតៈ ទាំងព្រះឥន្រ្ទ ព្រះព្រហ្ម និងបជាបតិទេវបុត្រ សោមទេវបុត្រ ព្រះបាទយមៈ និងព្រះបាទវេស្សវ័ណ រីករាយតាមព្រះអង្គនោះ ពួកទេវតាទាំងអស់ ក៏រីករាយតាម (យ៉ាងនេះថា) មែនពិត ព្រះបាទវេស្សន្តរនោះ ធ្វើអំពើដែលគេធ្វើបានដោយកម្រ។ កាលដែលពួកជនកំពុងឲ្យវត្ថុដែលគេឲ្យបានដោយកម្រ កំពុងធ្វើអំពើដែលគេធ្វើបានដោយកម្រ ពួកអសប្បុរសរមែងមិនធ្វើតាម (អំពើនោះ) ឡើយ ធម៌របស់ពួកសប្បុរស គឺគេដឹងបានដោយក្រ។ ព្រោះហេតុនោះ ដំណើរទៅអំពីលោកនេះ (ទៅកាន់បរលោក) នៃពួកសប្បុរស និងពួកអសប្បុរស ជាដំណើរផ្សេងគ្នា ពួកអសប្បុរស ទៅកាន់នរក ពួកសប្បុរស មានឋានសួគ៌ប្រព្រឹត្តទៅក្នុងខាងមុខ។ ព្រះអង្គកាលដែលគង់នៅក្នុងព្រៃ បានប្រទានកុមារទាំងពីរ ទាំងបានប្រទានភរិយា ទានទាំងពីរនោះ ឈ្មោះថាជាយានដ៏ប្រសើរ មិននាំចុះទៅ (កាន់អបាយភូមិ) ទេ យានដ៏ប្រសើរនោះ សូមសម្រេចដល់ព្រះអង្គក្នុងឋានសួគ៌។

[៣៧៨] (សក្កទេវរាជ…) ឥឡូវ ខ្ញុំសូមថ្វាយនាងមទ្រី ជាស្ត្រីមានសព៌ាង្គដ៏ល្អ ជាភរិយារបស់ព្រះអង្គវិញ ព្រះអង្គសមគួរនឹងនាងមទ្រីដោយពិត នាងមទ្រីក៏សមគួរនឹងព្រះអង្គដែលជាភស្តាដែរ។ វត្ថុទាំងពីរ គឺទឹកដោះស្រស់មួយ ស័ង្ខមួយ មានសម្បុរស្មើគ្នា យ៉ាងណាមិញ ព្រះអង្គ និងនាងមទ្រី មានព្រះហ្ឫទ័យស្មើគ្នា ក៏យ៉ាងនោះដែរ។ ព្រះអង្គទាំងពីរ ជាក្សត្រិយ៍បរិបូណ៌ដោយគោត្រ មានព្រះជាតិល្អខាងមាតា និងបិតា ត្រូវគេនិរទេស មកគង់នៅក្នុងអាស្រម នាព្រៃនេះ ព្រះអង្គគប្បីធ្វើបុណ្យ ឲ្យទានតាមសមគួរតៗទៅ។

[៣៧៩] ខ្ញុំជាទេវិន្ទ ឈ្មោះសក្កៈ បានមកក្នុងសំណាក់ព្រះអង្គ បពិត្រព្រះរាជា ជាឥសី សូមព្រះអង្គទទួលយកពរចុះ ខ្ញុំសូមថ្វាយពរ ៨ យ៉ាង ចំពោះព្រះអង្គ។

[៣៨០] (ព្រះពោធិសត្វ…) បពិត្រសក្កៈជាធំជាងទេព្តាទាំងពួង បើព្រះអង្គនឹងប្រទានពរដល់ខ្ញុំ (ខ្ញុំ) សូមព្រះបិតាស្រុះស្រួលទទួលខ្ញុំដែលទៅអំពីព្រៃនេះ ដល់ដំណាក់របស់ខ្លួន សូមអញ្ជើញខ្ញុំដោយអាសនៈ (រាជសម្បត្តិ) ខ្ញុំសូមពរទី ១ នេះ។ ខ្ញុំសូមមិនចូលចិត្តនឹងការសំឡាប់បុរស ខ្ញុំសូមដោះអំពីការសំឡាប់នូវមនុស្ស ដែលគេត្រូវសំឡាប់ សូម្បីមនុស្សនោះធ្វើអំពើមោះមៃ (មានកំហុសក្នុងព្រះរាជា) ក៏ដោយ ខ្ញុំសូមពរទី ២ នេះ។ សូមឲ្យពួកបុរសទាំងចាស់ក្មេង ទាំងកណ្តាល រស់នៅអាស្រ័យនឹងខ្ញុំ ខ្ញុំសូមពរទី ៣ នេះ។ ខ្ញុំសូមមិនគប់រកប្រពន្ធអ្នកដទៃ ខ្ញុំសូមជាអ្នកខ្វល់ខ្វាយចំពោះតែប្រពន្ធរបស់ខ្លួន ខ្ញុំសូមមិនលុះក្នុងអំណាចពួកស្ត្រី ខ្ញុំសូមពរទី ៤ នេះ។ បពិត្រសក្កៈ បុត្ររបស់ខ្ញុំកើតហើយ សូមឲ្យបុត្រនោះមានអាយុវែង សូមឲ្យបានត្រួតត្រាផែនដីដោយធម៌ ខ្ញុំសូមពរទី ៥ នេះ។ តអំពីនោះមក នាកាលរាត្រីកន្លងទៅ ព្រះអាទិត្យរះឡើង សូមចំណីជាទិព្វទាំងឡាយ មានប្រាកដ ខ្ញុំសូមពរទី ៦ នេះ។ កាលបើខ្ញុំកំពុងឲ្យ សូម (ទេយ្យធម៌) កុំបីអស់ទៅ លុះខ្ញុំឲ្យហើយ សូមកុំឲ្យក្តៅក្រហាយស្តាយក្រោយ ខ្ញុំកំពុងឲ្យ សូមឲ្យចិត្តជ្រះថ្លា ខ្ញុំសូមពរទី ៧ នេះ។ កាលបើខ្ញុំច្យុតចាកអត្តភាពនេះ សូមឲ្យបានទៅកាន់ឋានសួគ៌ ដល់នូវឋានដ៏វិសេស គឺកើតក្នុងតុសិតបុរី (កាលបើខ្ញុំច្យុតចាកតុសិតភពនោះមក) សូមកុំឲ្យកើត (ក្នុងភពថ្មីទៀត) ខ្ញុំសូមពរទី ៨ នេះ។

[៣៨១] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា បានទ្រង់ព្រះសណ្តាប់ព្រះបន្ទូលព្រះបាទវេស្សន្តរនោះហើយ ក៏ពោលពាក្យយ៉ាងនេះថា ព្រះបិតាបង្កើតរបស់ព្រះអង្គ មិនយូរទេ នឹងមកចួបព្រះអង្គ។ មឃទេវរាជ ជាប្តីនៃនាងសុជាតា លុះត្រាស់ព្រះតម្រាស់នេះហើយ ប្រទានពរដល់ព្រះបាទវេស្សន្តរហើយ ក៏ចៀសចេញទៅកាន់ពួកទេវតាក្នុងឋានសួគ៌។

ចប់ សក្កបព្វៈ។

មហារាជបព្វៈ

(មហារាជបព្វំ)

[៣៨២] (ព្រះបាទសញ្ជ័យ…) មុខអ្នកណានោះ ភ្លឺដូចមាសដែលគេរំលាយដោយភ្លើង ឬដូចមាសឆ្តោរភ្លឺចិញ្ចែងចិញ្ចាចក្នុងមាត់បាវ។ កុមារទាំងពីរមានអវយវៈស្រដៀងគ្នា កុមារទាំងពីរមានលក្ខណៈស្រដៀងគ្នា កុមារម្នាក់ស្រដៀងនឹងជាលី កុមារីម្នាក់ដូចនាងកណ្ហាជិនា។ កុមារទាំងពីរបរិបូណ៌ដោយរូបសម្បត្តិ ដូចជាពួកសីហៈដែលចេញអំពីរូង ទារកទាំងនេះប្រាកដដូចរូបជាវិការៈនៃមាស។

[៣៨៣] ម្នាលភារទ្វាជៈ អ្នកនាំទារកទាំងពីរនេះមកអំពីទីណាហ្ន៎ ម្នាលព្រាហ្មណ៍ អ្នកមកដល់ដែនក្នុងថ្ងៃនេះ តើអ្នកមកអំពីទីណា។

[៣៨៤] (ជូជក…) បពិត្រព្រះទេវៈ ទ្រង់ព្រះនាមសញ្ជ័យ ព្រះបាទវេស្សន្តរ ទ្រង់មានព្រះហ្ឫទ័យត្រេកអរ បានប្រទានទារកទាំងនោះ ដល់ទូលព្រះបង្គំជាខ្ញុំ តាំងពីថ្ងៃដែលទូលព្រះបង្គំជាខ្ញុំបានទារកមក ១៥ រាត្រី ក្នុងថ្ងៃនេះហើយ។

[៣៨៥] (ព្រះបាទសញ្ជ័យ…) អ្នកឯងធ្វើយើងឲ្យជឿដោយពាក្យជាទីស្រឡាញ់ តាមហេតុត្រឹមត្រូវដូចម្តេចបាន នរណាហ៊ានលើកបុត្រទាំងពីរ ឲ្យជាទានដ៏ឧត្តម ហើយឲ្យដល់អ្នក។

[៣៨៦] (ជូជក…) ព្រះបាទវេស្សន្តរណាជាទីពឹងរបស់ពួកស្មូម ដូចជាព្រះធរណី ជាទីពឹងរបស់ពួកសត្វ ព្រះបាទវេស្សន្តរនោះ ទ្រង់គង់នៅក្នុងព្រៃ បានប្រទានបុត្រទាំងពីរ ដល់ទូលព្រះបង្គំជាខ្ញុំ។ ព្រះវេស្សន្តរណា ជាទីប្រព្រឹត្តទៅនៃពួកស្មូម ដូចជាសាគរ ជាទីប្រព្រឹត្តទៅនៃស្ទឹងទាំងឡាយ ព្រះបាទវេស្សន្តរនោះ ទ្រង់គង់នៅក្នុងព្រៃ បានប្រទានបុត្រទាំងពីរដល់ទូលព្រះបង្គំជាខ្ញុំ។

[៣៨៧] (ពួកអាមាត្យ…) ម្នាលគ្នាយើង ព្រះរាជាកាលទ្រង់គង់នៅក្នុងព្រះរាជដំណាក់ ទ្រង់មានសទ្ធា ធ្វើអាក្រក់ណាស់ ព្រះបាទវេស្សន្តរ ត្រូវគេនិរទេស ទៅគង់នៅក្នុងព្រៃហើយ ម្តេចក៏នៅតែប្រទានបុត្រទាំងពីរទៀត។ នែអ្នកដ៏ចំរើនទាំងឡាយ អ្នកទាំងប៉ុន្មាននាក់ ដែលបានមកចួបជុំគ្នាក្នុងទីនេះ ចូរស្តាប់រឿងនេះចុះ ហេតុដូចម្តេចបានជាព្រះបាទវេស្សន្តរទៅគង់នៅក្នុងព្រៃហើយ ក៏ប្រទានបុត្រទាំងពីរ។ ព្រះអង្គគួរប្រទានទាសា ទាសី សេះ រថ ដែលទឹមដោយសេះអស្សតរផង គួរប្រទានដំរីកុញ្ជរផង ហេតុដូចម្តេចបានជាដាក់ទានទារកទាំងពីរទៀត។

[៣៨៨] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ទាសៈ សេះ ឬរថដែលទឹមដោយសេះអស្សតរ និងដំរីកុញ្ជរ មិនមានក្នុងផ្ទះនៃបុគ្គលណា បុគ្គលនោះនឹងឲ្យដូចម្តេចកើត។

[៣៨៩] (ព្រះបាទសញ្ជ័យ…) នែចៅ យើងសរសើរទានបិតារបស់អ្នក យើងមិនមែនបន្តុះបង្អាប់ទេ ចុះហ្ឫទ័យ (នៃបិតារបស់បា) តើដូចម្តេច បានជាឲ្យបាទាំងពីរ ដល់ស្មូម។

[៣៩០] (ជាលីកុមារ…) បពិត្រមហារាជ (ការណ៍ដែល) ព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំ ទ្រង់ប្រទានយើងខ្ញុំដល់ស្មូម (នោះ) សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវវាចាគួរឲ្យអាណោចអាធម័ដែលនាងកណ្ហាជិនាជាប្អូនពោលចុះ។

[៣៩១] ហ្ឫទ័យនៃព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំនោះ ជាទុក្ខ ទាំងទ្រង់មានអស្សាសបស្សាសៈដ៏ក្តៅ ព្រះបិតាមានព្រះនេត្រក្រហម ដូចជាផ្កាយរោហិណី ទ្រង់សម្រក់ទឹកព្រះនេត្រ។

[៣៩២] នាងកណ្ហាជិនា បានពោលនឹងព្រះបិតានោះថា បពិត្រព្រះបិតា ព្រាហ្មណ៍នេះ វាយខ្ញុំម្ចាស់ដោយឈើច្រត់ ដូច (ម្ចាស់) វាយទាសីដែលកើតក្នុងផ្ទះ។ បពិត្រព្រះបិតា អ្នកនេះមិនមែនជាព្រាហ្មណ៍ទេ ព្រោះពួកព្រាហ្មណ៍ តែងជាអ្នកប្រព្រឹត្តធម៌ បពិត្រព្រះបិតា យក្សក្លែងភេទជាព្រាហ្មណ៍ នាំពួកយើងខ្ញុំយកទៅស៊ីទេដឹង។ បពិត្រព្រះបិតា យើងខ្ញុំកាលបិសាចនាំយកទៅ ហេតុអ្វីក៏ព្រះអង្គទ្រង់ទតព្រងើយ។

[៣៩៣] (ព្រះបាទសញ្ជ័យ…) មាតារបស់អ្នកជាព្រះរាជបុត្រី បិតារបស់អ្នកជាព្រះរាជបុត្រា ក្នុងកាលពីដើម បាទាំងពីរឡើងកាន់ភ្នែនរបស់អញ ចុះហេតុអ្វីបានជាបាទាំងពីរឋិតនៅក្នុងទីឆ្ងាយ។

[៣៩៤] (ជាលីកុមារ…) ព្រះមាតារបស់ទូលព្រះបង្គំជាខ្ញុំ ជាព្រះរាជបុត្រី ព្រះបិតារបស់ទូលព្រះបង្គំជាខ្ញុំជាព្រះរាជបុត្រា ទូលព្រះបង្គំជាខ្ញុំទាំងពីរនាក់ ជាទាសារបស់ព្រាហ្មណ៍ ហេតុនោះបានជាទូលព្រះបង្គំជាខ្ញុំឋិតនៅក្នុងទីឆ្ងាយ។

[៣៩៥] (ព្រះបាទសញ្ជ័យ…) នែចៅសំឡាញ់ទាំងពីរ បាទាំងពីរកុំពោលយ៉ាងនេះឡើយ នាំឲ្យក្តៅហ្ឫទ័យរបស់ជីតាណាស់ កាយរបស់ជីតាហាក់ដូចជា (គេលើកដាក់) លើជើងថ្ករ ជីតាមិនបានសុខលើអាសនៈទេ។

[៣៩៦] នែចៅសំឡាញ់ទាំងពីរ បាទាំងពីរកុំពោលយ៉ាងនេះឡើយ បាឯងរឹងរឹតតែញ៉ាំងសំណោកឲ្យកើតដល់ជីតា ជីតានឹងលោះដោះសាបាដោយទ្រព្យ មិនឲ្យបានៅជាទាសាគេទេ។ នែបា បិតារបស់បាបានកាត់ថ្លៃប៉ុន្មាន ហើយបានឲ្យបាទាំងពីរដល់ព្រាហ្មណ៍ បាចូរប្រាប់ដល់ជីតាឲ្យត្រង់ ពួកអាមាត្យ ចូរញ៉ាំងព្រាហ្មណ៍ឲ្យទទួលទ្រព្យ។

[៣៩៧] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ព្រះបិតាបានប្រទានទូលព្រះបង្គំជាខ្ញុំដល់ព្រាហ្មណ៍ដោយកាត់ថ្លៃមួយពាន់និក្ខៈ ប្រទានកញ្ញាឈ្មោះកណ្ហាជិនាជាប្អូនស្រីដោយកាត់ថ្លៃមួយរយនៃវត្ថុគ្រប់មុខ មានដំរីជាដើម។

[៣៩៨] (ព្រះបាទសញ្ជ័យ…) នែនាយអាមាត្យ អ្នកចូរក្រោកឲ្យឆាប់ ហើយចូរឲ្យទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និក្ខៈ ១០០) និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ឲ្យជាដំឡៃលោះយកចៅទាំងពីរ។

[៣៩៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ពួកនាយអាមាត្យក៏ប្រញាប់ប្រញាល់ឲ្យទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និក្ខៈ ១០០) និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ឲ្យជាដំឡៃលោះយកព្រះរាជនត្តាទាំងពីរ។

[៤០០] (នាយអាមាត្យបានឲ្យទ្រព្យទាំងអស់មួយរយ ៗ គឺទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ រថទឹមដោយសេះ ១០០ និងមាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍ជាអ្នកស្វែងរកទ្រព្យ ជាមនុស្សឈ្លានពានលើសលន់ ឲ្យជាដំឡៃលោះយកព្រះរាជនត្តាទាំងពីរ។

[៤០១] ក្សត្រទាំងពីរព្រះអង្គ បានលោះទារកទាំងពីរ ហើយផ្ងូតទឹក ឲ្យបរិភោគភោជន ប្រដាប់ដោយគ្រឿងប្រដាប់ទាំងឡាយ រួចឲ្យអង្គុយលើភ្នែន។ ព្រះរាជាជាព្រះអយ្យកោ ដាក់ជាលីកុមារលើភ្នែន ហើយសាកសួរទារកទាំងពីរ ដែលកក់សីសៈហើយ មានសំពត់ដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាង។ ព្រះរាជាបានដាក់លើភ្នែននូវកុមារទាំងពីរដែលមានកុណ្ឌលឮសូរគឹកកង មានផ្កាកម្រង ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ហើយត្រាស់ព្រះរាជតម្រាស់នេះថា នែជាលី មាតា និងបិតារបស់បាទាំងពីរនោះ សុខសប្បាយទេឬ ប្រព្រឹត្តចិញ្ចឹមជីវិតដោយការស្វែងរក (ផលាផល) ស្រួលទេឬ ទាំងមើមឈើ និងផ្លែឈើ មានច្រើនដែរឬ ពួករបោម មូស និងពស់ មានតិចតួចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ។

[៤០២] (ជាលីកុមារ…) បពិត្រព្រះទេវៈ មាតា និងបិតារបស់ទូលព្រះបង្គំជាខ្ញុំទាំងពីរនោះ សុខសប្បាយជាទេ ប្រព្រឹត្តចិញ្ចឹមជីវិតដោយការស្វែងរក (ផលាផល) ស្រួលទេ មើមឈើ និងផ្លែឈើមានច្រើន។ ឯពួករបោម មូស និងពស់ មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនព្រះអង្គទេ។ ព្រះមាតានោះ ជីកយកមើមដំឡូងស្យា ដំឡូងដូង ដំឡូងដៃខ្លា ដំឡូងទៀន ទាំងបាននាំយកផ្លែពទ្រា ផ្លែរាក់ខ្មៅ ផ្លែព្នៅ មកចិញ្ចឹមយើងខ្ញុំផង។ បើព្រះមាតានោះ ជាអ្នកនាំយកមើមឈើ និងផ្លែឈើក្នុងព្រៃ នាំយកវត្ថុណាមក យើងខ្ញុំទាំងអស់គ្នា ក៏មកជុំគ្នាបរិភោគវត្ថុនោះ តែក្នុងវេលាយប់ មិនបានបរិភោគក្នុងវេលាថ្ងៃទេ។ ព្រះមាតារបស់យើងខ្ញុំ ជាស្រីធ្លាប់សុខស្រួល ខំនាំយកផ្លែឈើមក ក៏ទៅជាមានកាយស្គម ស្លេកស្លាំង ដោយត្រូវខ្យល់ និងកំដៅថ្ងៃ ដូចជាផ្កាឈូកដែលគេឈ្លីដោយដៃ។ ព្រះកេសាទាំងឡាយរបស់ព្រះមាតា ក៏ជ្រុះព្រោះត្រាច់ទៅក្នុងព្រៃធំ ជាព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង ជាទីដែលរមាស និងខ្លាដំបងអាស្រ័យហើយ។ ព្រះបិតាបួងភ្នួងសក់ទាំងឡាយ ទ្រទ្រង់ញើសក្អែលឰដ៏ក្លៀក (ទ្រទ្រង់ភេទនៃបុព្វជិតដ៏ប្រសើរ ទ្រទ្រង់ទំពក់ ស្លាបព្រាសម្រាប់បូជាភ្លើង និងជដា) ស្លៀកពាក់ស្បែកខ្លា ផ្ទំលើផែនដី នមស្ការភ្លើង។

[៤០៣] បុត្រជាទីស្រឡាញ់នៃមនុស្សក្នុងលោក ចំឡែកតែសេចក្តីស្នេហាក្នុងបុត្រ មិនកើតដល់ព្រះអយ្យកោរបស់យើងខ្ញុំដោយពិត។

[៤០៤] (ព្រះបាទសញ្ជ័យ…) នែចៅ អំពើអាក្រក់ យើងបានធ្វើហើយ ទាំងអំពើដែលបង្ខូចសេចក្តីចំរើន យើងក៏បានធ្វើហើយ ព្រោះជីតាបាននិរទេសបុត្រឥតកំហុស តាមពាក្យនៃពួកអ្នកសិវិរាស្ត្រ។ វត្ថុណានីមួយរបស់យើង មានក្នុងទីនេះ ទាំងទ្រព្យ និងធញ្ញជាតិ (ជីតាក៏នឹងឲ្យវត្ថុនោះដល់បិតារបស់បា) សូមវេស្សន្តរ ចូលមក ចូរជាព្រះរាជាត្រួតត្រាក្នុងដែនសិវិចុះ។

[៤០៥] (ជាលីកុមារ…) បពិត្រព្រះសម្មតិទេព ព្រះរាជាដ៏ឧត្តមរបស់អ្នកសិវិរាស្ត្រ នឹងមិនយាងមកតាមពាក្យរបស់ទូលព្រះបង្គំទេ សូមព្រះសម្មតិទេពទ្រង់ស្តេចយាងទៅដោយព្រះអង្គឯងវិញ ហើយស្រោចស្រពព្រះរាជបុត្របង្កើត ដោយភោគៈទាំងឡាយ។

[៤០៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជាព្រះនាមសញ្ជ័យ បានត្រាស់នឹងសេនាបតីថា ពួកសេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង ចូរសៀត (អាវុធទាំងឡាយ) ពួកអ្នកនិគម ព្រាហ្មណ៍បុរោហិត អាមាត្យ ៦០.០០០ និងពួកទាហាន ដ៏ល្អមើលចងគ្រឿងក្រោះ ប្រដាប់ដោយគ្រឿងប្រដាប់ មានបែបផ្សេងៗ ចូរនាំគ្នាមកឲ្យឆាប់ ជូនអញទៅ។ ពួកទាហានខ្លះ ស្លៀកពាក់សំពត់ខៀវ ពួកទាហានខ្លះ ស្លៀកពាក់សំពត់លឿង ពួកទាហានដទៃ ជួតឈ្នួតក្រហម ពួកទាហានខ្លះ ស្លៀកពាក់សំពត់ស ចងគ្រឿងក្រោះ ប្រដាប់ដោយគ្រឿងប្រដាប់ មានបែបផ្សេងៗ ចូរនាំគ្នាមកឲ្យឆាប់។ ភ្នំហិមពាន្ត និងភ្នំគន្ធមាទន៍ដ៏ទ្រទ្រង់ក្លិន ដ៏ដេរដាសដោយពួកឈើផ្សេងៗ ជាលំនៅនៃពួកភូតដ៏ច្រើន ញ៉ាំងទិសទាំងឡាយឲ្យភ្លឺ ផ្សាយទៅដោយឱសធទាំងឡាយជាទិព្វយ៉ាងណា ពួកទាហាន នាំគ្នាចងគ្រឿងក្រោះ ចូរមកឲ្យឆាប់ ចូរញ៉ាំងទិសទាំងឡាយ ឲ្យភ្លឺរុងរឿងផ្សាយទៅ យ៉ាងនោះដែរ។ ពួកអ្នកជិះដំរី ចូររៀបចំដំរី ១៤ ពាន់ ជាសត្វមានសរីរៈធំ មានខ្សែដង្គន់ ជាវិការៈនៃមាស មានសរីរៈស្រោបដោយគ្រឿងតែងតួ ជាវិការៈនៃមាស។ ពួកអ្នកបង្វឹកដំរី មានដៃកាន់ដែកចំពុះទុង និងកង្វេរ មានគ្រឿងស្អិតស្អាងប្រាកដហើយ ចងគ្រឿងក្រោះហើយ ចូរនាំគ្នាឡើងជិះ ក ដំរីទាំងឡាយ បរមកឲ្យឆាប់។ ពួកអ្នកជិះសេះ ចូររៀបចំសេះទាំង ១៤ ពាន់ ជាជាតិសេះសិន្ធពអាជានេយ្យ មានសន្ទុះដ៏លឿន។ ពួកអ្នកបង្វឹកសេះ ទ្រទ្រង់ស៊ែ និងធ្នូ ចងគ្រឿងក្រោះ ប្រដាប់លើខ្នងសេះ ហើយចូរឡើងជិះបរមកឲ្យឆាប់។ លំដាប់ពីនោះមក ពួកអ្នកបររថ ចូររៀបចំរថទាំង ១៤ ពាន់ ជារថមានខ្នងកង់ពាសដោយដែកដ៏ល្អ មានផ្ទះរំលេចដោយមាស។ ពួកខ្មាន់ធ្នូស្ទាត់ក្នុងការប្រហារ ពួកជាងរថ ចូរនាំគ្នាលើកទង់ជ័យ ខែល និងគ្រឿងក្រោះទាំងឡាយក្នុងរថទាំងនោះ ចូរដំឡើងធ្នូ ចងគ្រឿងក្រោះ ហើយចូរបររថទាំងឡាយមកឲ្យឆាប់។

[៤០៧] អ្នកទាំងឡាយ ចូរតាក់តែងផ្កាទាំងឡាយ (មានលាជជាគំរប់ ៥) និងផ្កាសម្រាប់រោយរាយ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាបស្រឡាប និងផ្កាដ៏មានដំឡៃទាំងឡាយ ចូរឋិតនៅត្រង់ផ្លូវដែលបុត្ររបស់អញមក។ គ្រប់ទ្វារស្រុក ចូរតាក់តែងតាំងទុកឪទិនមេរ័យ និងសុរាច្រើន ត្រង់ផ្លូវដែលបុត្ររបស់អញមក ចូរតាក់តែងតាំងទុកសាច់ នំទ្រាបល្ង នំកុម្មាសដែលលាយសាច់ត្រី ត្រង់ផ្លូវដែលបុត្ររបស់អញមក។ ចូរតាក់តែងតាំងទុកទឹកដោះរាវ ប្រេង ទឹកដោះជូរ ទឹកដោះស្រស់ និងសុរាដ៏ច្រើន ដែលធ្វើដោយម្សៅថ្ពៅ ត្រង់ផ្លូវដែលបុត្ររបស់អញមក។ ពួកអ្នកធ្វើម្ហូប អ្នកធ្វើបាយ អ្នករាំ និងអ្នកច្រៀង អ្នកច្រៀងទះដៃ អ្នកវាយស្គរ អ្នកច្រៀងដោយសំឡេងដ៏ស្រទន់ និងពួកអ្នកចាក់ត្លុក។ ពួកជនចូរដេញពិណគ្រប់បែប ចូរវាយស្គរ និងមហោរធឹកទាំងឡាយ ចូរផ្លុំស័ង្ខ និងទះស្គរទាំងឡាយ។ ជនទាំងឡាយ ចូរទះសំម្ភោរ វាយស្គរធំ ផ្លុំស័ង្ខ ដេញតាក់ខេ ដេញពិណខ្សែ ៧ វាយមហោរធឹក វាយស្គរទង់ដែង វាយស្គរមង្គល។

[៤០៨] សេនាដ៏ច្រើននោះ ជាកងទ័ពក្នុងដែនសិវិ លើកចេញទៅ មានជាលីកុមារជាមគ្គនាយក បានដើរសំដៅទៅកាន់វង្កតបព៌ត។ ដំរីដ៏ប្រសើរ មានអាយុ ៦០ ខួប បន្លឺកោពា្ចនាទ ដំរីកាលបើមានខ្សែដង្គន់ជាប់នៅហើយ ក៏បន្លឺកោពា្ចនាទ។ សេះអាជានីយទាំងឡាយស្រែកកងរំពង សំឡេងគឹកកងនៃខ្នងកង់ ក៏កើតមាន ក្នុងកាលនោះ ធូលីក៏ហុយបាំងដូចពពក កងទ័ពក្នុងដែនសិវិ បានលើកចេញទៅ។ សេនាដ៏ច្រើននោះ អាចនាំយករបស់ដែលគួរនាំយកទៅបាន លើកចេញទៅ មានជាលីកុមារជាមគ្គនាយក បានដើរសំដៅទៅកាន់វង្គតបព៌ត។ កងទ័ពទាំងនោះ បានចូលទៅកាន់ព្រៃធំ មានមែកឈើច្រើន មានទឹកច្រើន ដេរដាសដោយឈើមានផ្កា និងឈើមានផ្លែទាំងសងខាងផ្លូវ។ ពួកសត្វស្លាបដ៏ច្រើនក្នុងព្រៃធំនោះ មានសំឡេងមូល មានសំឡេងពីរោះ មានត្រកូលផ្សេង ៗ ស្រែកហៅសត្វស្លាប ដែលកំពុងស្រែកលើដើមឈើដែលផ្កាតាមរដូវ។ កងទ័ពទាំងនោះ ទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ក្នុងកាលអំណើះទៅនៃថ្ងៃ និងយប់ បានចូលទៅដល់ប្រទេស ដែលព្រះបាទវេស្សន្តរទ្រង់គង់នៅ។

ចប់ មហារាជបព្វៈ។

ឆក្ខត្តិយបព្វៈ

(ឆខត្តិយកម្មំ)

[៤០៩] (អភិសម្ពុទ្ធគាថា) ព្រះបាទវេស្សន្តរ ទ្រង់ឮសំឡេងគឹកកងនៃកងទ័ពទាំងនោះហើយ ក៏ភិតភ័យ ទ្រង់ឡើងទៅលើភ្នំ ហើយទ្រង់ទតមើលនូវពួកសេនាទាំងភិតភ័យ មានបន្ទូលថា នែនាងមទ្រី នាងចូរពិចារណាមើលសំឡេងគឹកកងក្នុងព្រៃយ៉ាងនេះ មានទាំងសេះអាជានីយស្រែកកងរំពង ទាំងចុងទង់ជ័យក៏ប្រាកដ។ ជនទាំងនេះ ដូចជាព្រានចោមព័ទ្ធហ្វូងម្រឹគក្នុងព្រៃដោយបង្កាត់ទាំងឡាយ ដេញទំលាក់ក្នុងរណ្តៅ ហើយចាក់កាប់សំឡាប់ ពន្លះយកតែសាច់ល្អ ៗ នៃម្រឹគទាំងនោះ ដោយកាំបិតដ៏មុតដោយពិត។ ពួកយើងមិនមានទោស ត្រូវគេនិរទេសមកនៅក្នុងព្រៃ ដល់នូវសេចក្តីវិនាសក្នុងកណ្តាប់ដៃសត្រូវ ក៏ដូចជាម្រឹគ យ៉ាងនោះដែរ នាងចូរមើលអ្នកសម្លាប់បុគ្គលខ្សោយ។

[៤១០] (ព្រះនាងមទ្រី…) ពួកសត្រូវមិនអាចគ្របសង្កត់ (ព្រះអង្គ) បានទេ ដូចជាភ្លើងមិនអាចគ្របសង្កត់ទឹកសមុទ្របាន សូមព្រះអង្គទ្រង់ព្រះចិន្តាដល់ពាក្យដែលសក្កទេវរាជពោលហើយនោះឯង ទំនងជាសួស្តីនឹងមានដល់ព្រះអង្គ ព្រោះពួកពលនេះ។

[៤១១] (អភិសម្ពុទ្ធគាថា…) លំដាប់នោះ ព្រះបាទវេស្សន្តរយាងចុះអំពីភ្នំ ទ្រង់ធ្វើព្រះហ្ឫទ័យឲ្យមាំ ហើយគង់នៅក្នុងបណ្ណសាលា។

[៤១២] ព្រះបិតាទ្រង់ឲ្យបញ្ឈប់រថ ទ្រង់ឲ្យពួកសេនាត្រៀមចាំ ហើយទ្រង់ស្តេចចូលទៅចួបនឹងព្រះរាជបុត្រដែលគង់នៅក្នុងព្រៃតែម្នាក់ឯង។ លុះព្រះបិតាយាងចុះអំពី ក ដំរីហើយ ទ្រង់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ផ្គងអញ្ជលី មានពួកអាមាត្យហែហម បានចូលទៅដើម្បីអភិសេកបុត្រ។ ព្រះអង្គបានទតឃើញកុមារ មានរូបគួរឲ្យត្រេកអរសម្រឹងព្រះហ្ឫទ័យកំពុងត្រិះរិះ មិនមានភ័យអំពីទីណាមួយ ដែលគង់នៅក្នុងបណ្ណសាលានោះ។

[៤១៣] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បានទតឃើញព្រះបិតានោះ មានសេចក្តីជាប់ព្រះហ្ឫទ័យក្នុងបុត្រ កំពុងយាងមក ក៏ក្រោកទៅទទួលថ្វាយបង្គំ។ ចំណែកព្រះនាងមទ្រី ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះសុស្សរៈដោយព្រះសីរ្ស៍ (ហើយក្រាបទូលថា) បពិត្រព្រះសម្មតិទេព ខ្ញុំឈ្មោះមទ្រី ជាសុណិសារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះអង្គ ព្រះបិតាទ្រង់ឱបរឹតជនទាំងពីរនោះហើយ បបោសអង្អែលដោយព្រះហស្ត។

[៤១៤] (ព្រះរាជា…) នែបុត្រ អ្នកទាំងពីរសុខសប្បាយទេឬ នែបុត្រ អ្នកទាំងពីរមិនមានជម្ងឺដម្កាត់ទេឬ អ្នកទាំងពីរចិញ្ចឹមជីវិតដោយការស្វែងរកស្រួលទេឬ មើមឈើ និងផ្លែឈើមានច្រើនឬទេ។ ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ។

[៤១៥] (ព្រះមហាសត្វ…) បពិត្រព្រះសម្មតិទេព ការរស់នៅរបស់យើងខ្ញុំ ជាការរស់នៅផ្តេសផ្ដាសទេ យើងខ្ញុំជាអ្នករស់នៅត្រដាបត្រដួស ព្រោះការរស់នៅដោយការស្វែងរក (ផលាផល)។ បពិត្រមហារាជ (សេចក្តីខ្វះខាត) រមែងទូន្មាន (បុរសកំសត់) ដូចជានាយសារថីទូន្មានសេះ យើងខ្ញុំទាំងនោះ ជាបុគ្គលមានសេចក្តីខ្វះខាតទូន្មានហើយ សេចក្តីខ្វះខាត រមែងទូន្មានយើងខ្ញុំ។ បពិត្រមហារាជ យើងខ្ញុំត្រូវគេនិរទេសហើយ មានសេចក្តីរស់នៅទាំងទុក្ខសោកក្នុងព្រៃ ទាំងសាច់ឈាមទៀតសោត ក៏ស្គាំងស្គម ព្រោះមិនបានឃើញព្រះមាតាបិតា។

[៤១៦] កុមារទាំងពីរ គឺជាលី និងកណ្ហាជិនាណា ដែលជាទាយាទ (ព្រះរាជនត្តា) របស់ព្រះអង្គ ជាបុគ្គលប្រសើរបំផុត ក្នុងដែនសិវិ មានបំណងមិនទាន់បានសម្រេចនៅឡើយ លុះអំណាចព្រាហ្មណ៍ ជាបុគ្គលឈ្លានពានលើសលន់ វាយកុមារទាំងពីរនោះ ដូចជាគេវាយហ្វូងគោ។ បើព្រះអង្គជ្រាបបុត្រទាំងនោះរបស់រាជបុត្រី សូមប្រាប់ដល់យើងខ្ញុំឲ្យឆាប់ ដូចជា (ពួកពេទ្យដែលព្យាបាល) នូវមាណពត្រូវពស់ចឹក។

[៤១៧] (ព្រះរាជា…) កុមារទាំងពីរ គឺជាលី និងកណ្ហាជិនានុ៎ះ បិតាបានប្រគល់ទ្រព្យឲ្យដល់ព្រាហ្មណ៍លោះមកហើយ បាកុំភ័យឡើយ បាចូរស្រួលចិត្តចុះ។

[៤១៨] (ព្រះមហាសត្វ…) បពិត្រព្រះបិតា ព្រះអង្គសុខសប្បាយទេឬ បពិត្រព្រះបិតា ព្រះអង្គមិនមានរោគាពាធទេឬ បពិត្រព្រះបិតា ព្រះនេត្ររបស់ព្រះមាតានៃខ្ញុំព្រះអង្គ មិនទាន់ងងឹតទេឬ។

[៤១៩] (ព្រះរាជា…) នែបុត្រ យើងសុខសប្បាយទេ នែបុត្រ យើងមិនមានជម្ងឺដម្កាត់ទេ នែបុត្រ ចក្ខុមាតារបស់បាមិនទាន់ងងឹតទេ។

[៤២០] (ព្រះមហាសត្វ) យានរបស់ព្រះអង្គ មិនទាន់ចាស់ទេឬ វាហនៈរមែងនាំទៅបានទេឬ ជនបទសម្បូរដែរឬ ភ្លៀងមិនដាច់ទេឬ។

[៤២១] (ព្រះរាជា…) យានរបស់យើងមិនទាន់ចាស់ទេ ទាំងវាហនៈក៏នាំទៅបាន ជនបទក៏សម្បូរ ទាំងភ្លៀងក៏មិនដាច់ទេ។

[៤២២] (អភិសម្ពុទ្ធគាថា) កាលដែលក្សត្រិយ៍ទាំងបីអង្គកំពុងចរចាគ្នាយ៉ាងនេះឯង ព្រះរាជបុត្រីជាព្រះមាតា ស្តេចមកដោយព្រះបាទា ឥតមានសុព័ណ៌បាទ ប្រាកដដល់ក្សត្រិយ៍ទាំងនោះទៀបទ្វារភ្នំ។ ឯព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បានឃើញព្រះមាតានោះ ដែលមានព្រះហ្ឫទ័យជាប់ក្នុងបុត្រ កំពុងយាងមក ក៏ក្រោកទទួល ហើយថ្វាយបង្គំ។ ចំណែកខាងព្រះនាងមទ្រី ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះមាតាក្មេកដោយព្រះសិរ្ស៍ (ហើយក្រាបបង្គំទូលថា) បពិត្រព្រះមេម្ចាស់ ខ្ញុំម្ចាស់ឈ្មោះនាងមទ្រី ជាព្រះសុណិសារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះមេ។

[៤២៣] ចំណែកខាងព្រះរាជបុត្រទំាងពីរ ដែលមកអំពីទីឆ្ងាយដោយសួស្តី បានឃើញព្រះនាងមទ្រីហើយ ក៏ទ្រង់ព្រះកន្សែង អួលអាក់ នាំគ្នាស្ទុះចូលទៅរក ដូចកូនគោតូច ស្ទុះទៅរកមេ។ ឯព្រះនាងមទ្រី បានឃើញបុត្រទាំងពីរដែលមកពីទីឆ្ងាយដោយសួស្តី ក៏ញាប់ញរ័ ដូចជាស្រីមេមត់ ទនៃទឹកក្សីរ ក៏ហូរចេញមក។

[៤២៤] កាលពួកព្រះញាតិជួបជុំគ្នាហើយ សំឡេងគឹកកងខ្លាំង ក៏កើតឡើង ភ្នំទាំងឡាយ ក៏បន្លឺឡើង ទាំងផែនពសុធា ក៏រំភើបញាប់ញ័រ។ ភ្លៀងក៏ញ៉ាំងធ្នារទឹក ឲ្យធ្លាក់ក្នុងខណៈនោះ ព្រះបាទវេស្សន្តរ ក៏បានជួបនឹងញាតិទាំងឡាយ ក្នុងខណៈនោះ។ ព្រះនត្តាទាំងពីរ ព្រះសុណិសា ព្រះរាជបុត្រ ព្រះរាជា និងព្រះទេវី បានជួបក្នុងទីជាមួយគ្នាក្នុងកាលណា សេចក្តីព្រឺព្រួចរោម ក៏មានក្នុងកាលនោះ ពួកអ្នកនគរទាំងអស់ បានផ្គងអញ្ជលីចំពោះព្រះបាទវេស្សន្តរនោះ នាំគ្នាយំក្នុងព្រៃ មុខគួរឲ្យស្ញប់ស្ញែងទូលអារាធនា។ ពួករាស្ត្រទាំងអស់ ចួបជុំគ្នា (បានពោល) នឹងព្រះបាទវេស្សន្តរផង និងព្រះនាងមទ្រីផងថា ព្រះអង្គជាព្រះរាជាឥស្សរៈរបស់ពួកយើង សូមព្រះអង្គទាំងពីរព្រះអង្គរបស់ពួកយើងសោយរាជសម្បត្តិ។

ចប់ ឆក្ខត្តិយបព្វៈ។

នគរកណ្ឌ

(-)

[៤២៥] (ព្រះមហាសត្វ…) ព្រះអង្គ និងពួកអ្នកជនបទ អ្នកនិគម បានព្រមព្រៀងគ្នានិរទេសខ្ញុំព្រះអង្គ ដែលកំពុងសោយរាជ្យតាមធម៌ ចាកដែនហើយ។

[៤២៦] (ព្រះរាជា…) ម្នាលបុត្រ (នេះ) ពិតជាកំហុសរបស់យើង យើងបានធ្វើអំពើបំផ្លិចបំផ្លាញសេចក្តីចំរើន បាននិរទេសបា ដែលមិនមានកំហុស ព្រោះតាមពាក្យពួកអ្នកសិវិរាស្ត្រ។

[៤២៧] (កូន) គួរដោះទុក្ខរបស់បិតាមាតា ឬរបស់បងប្អូនស្រី ដោយហេតុណានីមួយ សូម្បីដោយជីវិតរបស់ខ្លួន។ (ពួកអាមាត្យបានពោលថា បពិត្រមហារាជ កាលនេះ ជាកាលគួរស្រង់ទឹក សូមទ្រង់ដុសជម្រះព្រះរជោជលៈ)។

[៤២៨] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះបាទវេស្សន្តរ ក៏ដុសជម្រះក្អែល លុះដុសជម្រះក្អែលហើយ បានទ្រទ្រង់ព្រះពស្រ្តមានពណ៌ដូចស័ង្ខ។

[៤២៩] ព្រះបាទវេស្សន្តរ ទ្រង់កក់ព្រះសិរ្ស៍ មានព្រះពស្រ្តដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាង ទ្រង់សៀតព្រះខាន់ដែលដុតកំដៅសត្រូវ ហើយទ្រង់ឡើងគង់លើដំរីដ៏ប្រសើរ ឈ្មោះបច្ច័យ។ កាលនោះ ពួកទាហាន ៦០.០០០ នាក់ កើតក្នុងថ្ងៃជាមួយគ្នា គួររមិលមើល ញ៉ាំងព្រះរាជាជាធំក្នុងរថឲ្យរីករាយ ចោមរោម។ កាលនោះ ពួកកញ្ញារបស់ព្រះបាទសិវិ បានចួបជុំគ្នាហើយ ញ៉ាំងព្រះនាងមទ្រីឲ្យស្រង់ទឹក (ហើយពោលថា) សូមព្រះបាទវេស្សន្តរ និងជាលី កណ្ហាជិនា ទាំងពីរ បីបាច់ថែរក្សាព្រះនាង ទាំងមហារាជព្រះនាមសញ្ជ័យ ក៏សូមឲ្យថែរក្សាព្រះនាងដែរ។

[៤៣០] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បាននូវទីពឹងនេះ (បានដំកល់ក្នុងរាជសម្បត្តិ ហើយភ្នករឭក) នូវសេចក្តីសៅហ្មងរបស់ព្រះអង្គ (ដែលទ្រង់ធ្លាប់នៅក្នុងព្រៃពីដើម) ក៏ទ្រង់ឲ្យទួងអានន្ទីយភេរី ត្រាច់ទៅទៀបភ្នំវង្កត ដែលគួរជាទីរីករាយ។ ព្រះនាងមទ្រី បរិបូណ៌ដោយលក្ខណៈ បានទីពឹងនេះហើយ (ក៏ភ្នករឭក) នូវសេចក្តីសៅហ្មងរបស់ព្រះនាង ដែលធ្លាប់នៅក្នុងព្រៃពីដើម បានចួបនឹងបុត្រទាំងពីរហើយ ក៏ត្រេកអររីករាយ។ ព្រះនាងមទ្រី បរិបូណ៌ដោយលក្ខណៈ បានទីពឹងនេះហើយ ក៏មានព្រះហ្ឫទ័យភ្នករឭកសេចក្តីសៅហ្មងរបស់ព្រះនាង ដែលធ្លាប់នៅក្នុងព្រៃពីដើម មានចិត្តត្រេកអរ រីករាយជាមួយនឹងបុត្រទាំងពីរ។

[៤៣១] (ព្រះនាងមទ្រី…) នែបុត្រទាំងពីរ កាលពីដើម មាតាជាអ្នកបរិភោគភត្តតែមួយពេល ដេកផ្ទាល់នឹងផែនដីជានិច្ច នេះជាវត្តរបស់មាតាដូច្នេះ ព្រោះសេចក្តីប្រាថ្នាចង់ (ចួប) នឹងបាទាំងពីរ ម្នាលបុត្រទាំងពីរ វត្តនោះ សម្រេចដល់មាតាក្នុងថ្ងៃនេះហើយ ព្រោះបានចួបនឹងបាទាំងពីរ ម្នាលបុត្រទាំងពីរ សូមឲ្យបុណ្យដែលកើតអំពីមាតា និងកើតអំពីបិតា រក្សាបា ទាំងមហារាជព្រះនាមសញ្ជ័យ ក៏សូមឲ្យរក្សាបា។ បុណ្យណានីមួយ ដែលមាតាក្តី បិតាក្តី របស់បា បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមបាកុំចាស់ កុំស្លាប់ឡើយ។

[៤៣២] (អភិសម្ពុទ្ធគាថា) ព្រះសស្សុបានបញ្ជូនកប្បាសិកពស្រ្ត កោសេយ្យពស្រ្ត ខោមពស្រ្ត និងកោទុម្ពរពស្ត្រ ទៅថ្វាយព្រះសុណ្ហា ដែលជាសំពត់សម្រាប់លំអព្រះនាងមទ្រី។ លំដាប់តមក ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់ព្រះសុរង្គ ជាវិការៈនៃមាស និងគ្រឿងប្រដាប់ព្រះសុរង្គជាវិការៈនៃកែវ ទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់សម្រាប់លំអរបស់ព្រះនាងមទ្រី។ លំដាប់តមកទៀត ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់ព្រះសុរង្គ ជាវិការៈនៃមាស និងកន្ទ្រុំ និងខ្សែក្រវាត់ជាវិការៈនៃកែវមុណីទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអរបស់ព្រះនាងមទ្រី។ ព្រះសស្សុ បានបញ្ជូនគ្រឿងប្រដាប់នលាដៈ ជាគ្រឿងប្រដាប់សម្រាប់ព្រះភក្រ្តមានពណ៌ផ្សេង ៗ ដែលជាវិការៈនៃកែវមណីទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអរបស់ព្រះនាងមទ្រី។ ព្រះសស្សុបានបញ្ជូននូវគ្រឿងប្រដាប់សម្រាប់ព្រះស្តន និងគ្រឿងប្រដាប់ស្មា និងខ្សែក្រវាត់ កងជើង ទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអព្រះមទ្រី។ ព្រះរាជបុត្រី ជាស្រ្តីប្រសើរ បានគយគន់មើលគ្រឿងប្រដាប់ល្បើកដោយអំបោះ និងគ្រឿងប្រដាប់វៀរចាកអំបោះដ៏ល្អក្រៃពេក ហាក់ដូចទេវកញ្ញាក្នុងនន្ទនឧទ្យាន។ ព្រះរាជបុត្រី កក់ព្រះសិរ្ស មានព្រះពស្ត្រដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាងដ៏ល្អក្រៃពេក ហាក់ដូចស្រ្តីអប្សរក្នុងឋានត្រៃត្រិង្ស។ ព្រះរាជបុត្រី បរិបូណ៌ដោយរបៀបនៃចិញ្ចាញធ្មេញល្អក្រៃពេក ហាក់ដូចដើមចេកដែលកើតក្នុងចិត្តលតាវន័ ត្រូវខ្យល់បក់បោកហើយ។ ព្រះរាជបុត្រីមានបបូរមាត់ដូចផ្លែជ្រៃទុំ និងផ្លែបាសទុំ ល្អក្រៃពេក ហាក់ដូចបក្សីមានសរីរៈសព្វគ្រប់ ដូចជាសរីរៈនៃមនុស្ស មានស្លាបដ៏វិចិត្រ (ហើរឰដ៏អាកាស)។

[៤៣៣] ពួកអាមាត្យនាំដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំលំពែងបាន អត់ទ្រាំកូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់រំលើងសត្រូវបាន មកថ្វាយព្រះនាងមទ្រីនោះ។ព្រះនាងមទ្រីនោះ ឡើងកាន់ដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំលំពែងបាន អត់ទ្រាំកូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់រំលើងសត្រូវបាន។

[៤៣៤] ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ មិនបៀតបៀនគ្នានឹងគ្នា ដោយតេជះនៃព្រះបាទវេស្សន្តរ។ ពួកបក្សីទាំងប៉ុន្មានដែលមាននៅក្នុងព្រៃទាំងអស់នោះ មិនបៀតបៀនគ្នានឹងគ្នា ដោយតេជះនៃព្រះបាទវេស្សន្តរ។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ បានមកប្រជុំក្នុងទីជាមួយគ្នា។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកបក្សីទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ បានមកប្រជុំក្នុងទីជាមួយគ្នា។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ លែងស្រែកសំឡេងពីរោះ។ កាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកបក្សីទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃទាំងអស់នោះ លែងស្រែកសំឡេងពីរោះ។

[៤៣៥] ពួកអាមាត្យបានរៀបចំរាជមាគ៌ា ឲ្យរំលេចឆ្លុះឆ្លាស់ ត្រៀបត្រាដោយផ្កា តាំងអំពីទីដែលព្រះបាទវេស្សន្តរ ទ្រង់គង់នៅ រហូតដល់ក្រុងជេតុត្តរ។ លំដាប់នោះ កាលព្រះបាទវេស្សន្តរ ញ៉ាំងអ្នកសិវិរាស្ត្រឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកយោធាទាំង ៦០.០០០ ល្អមើល បានហែហមជុំវិញ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកស្រីស្នំផង ពួករាជកុមារផង ពួកអ្នកជំនួញផង ពួកព្រាហ្មណ៍ផង ហែហមជុំវិញ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ហែហមជុំវិញ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកអ្នកជនបទ ក៏បានមកជួបជុំគ្នា និងអ្នកនិគម ក៏បានមកជួបជុំគ្នា ហែហមជុំវិញ។ កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ទ្រង់យាងចេញ (អំពីព្រៃ) ពួកទាហានពាក់មួក ទ្រទ្រង់ខែល កាន់ធ្នូ ចងគ្រឿងក្រោះដ៏ល្អ ដើរហែខាងមុខ។

[៤៣៦] ក្សត្រិយ៍ទាំងនោះ បានយាងចូលទៅកាន់បុរី ជាក្រុងគួរឲ្យត្រេកអរ មានកំពែង និងទ្វារខាងក្រៅដ៏ច្រើន ប្រកបដោយគ្រឿងស៊ី និងគ្រឿងផឹក មានទាំងល្បែងពីរយ៉ាង គឺរាំ និងច្រៀង។ កាលរាជកុមារញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ស្តេចមកដល់ ពួកអ្នកជនបទ និងពួកអ្នកនិគម បានមកជួបជុំគ្នាត្រេកអរ។ កាលព្រះមហាក្សត្រិយ៍ ជាអ្នកប្រទានព្រះរាជទ្រព្យ ស្តេចមកដល់ហើយ ពួកមហាជន ក៏នាំគ្នាលើកទង់ជ័យ ទួងនន្ទិភេរី ហើយចូលទៅព្រះនគរ ព្រះបាទវេស្សន្តរ ក៏ទ្រង់ឲ្យឃោសនាដើម្បីឲ្យដោះលែងសព្វសត្វចាកចំណង។

[៤៣៧] កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រឲ្យចំរើន ស្តេចចូលមកដល់ សក្កទេវរាជដែលជាឧបបត្តិទេព បានបង្អុរភ្លៀង ជាវិការៈនៃមាស។ លំដាប់នោះ ព្រះបាទវេស្សន្តរជាក្សត្រិយ៍ប្រកបដោយប្រាជ្ញា ទ្រង់ឲ្យទាន លុះបែកធ្លាយរាងកាយនោះទៅ ក៏បានស្តេចទៅកើតក្នុងឋានសួគ៌ទេវលោក។

ចប់ នគរកណ្ឌ។

ចប់ មហាវេស្សន្តរជាតក ទី១០។

ចប់ មហានិបាត។

ចប់ ភាគ៦៣។

 

លេខយោង

1)
ពាក្យនេះ ពោធិសត្វ​ពោលសំដៅ​យកការ​ដែលមិនបាន​ផ្គង​ស្មារតី​ទុក​ដោយ​មេត្តាភាវនា​ក្នុងខណៈ​នោះ។
2)
ធ្នូដ៏មាំ សំដៅយក​ធ្នូដែល​កំឡាំង​នៃបុរស ១ពាន់នាក់ ទើប​លើករួច។
3)
នាងទេពធីតានេះ ធ្លាប់ជា​មាតា​ពោធិសត្វ​ក្នុង​បុព្វជាតិទី ៧ លុះច្យុត​មក​ឧប្បត្តិក្នុងទីនេះ នាងតែងព្យាបាល​ពោធិសត្វ​សព្វៗថ្ងៃ​រៀងមក។
4)
១.២.៣. តាមសេចក្តី​យល់របស់​សក្កទេវរាជ​ពោលតាម​ពាហិរសាសនា​ថា សីលដែល​គ្រាន់តែវៀរចាក​មេថុន ហៅថា ព្រហ្មចរិយៈ​ថោកទាប អាច​ញុំាងបុគ្គល​ឲ្យទៅកើត​ក្នុងត្រកូល​ក្សត្រ។ ឧបចារជ្ឈាន ហៅថា ព្រហ្មចរិយៈ​ជាកណ្តាល អាចញុំាង​បុគ្គល​ឲ្យទៅកើត​ជាទេវតា។ សមាបត្តិ​ប្រាំបី ហៅថា ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់ អាចញុំាង​បុគ្គលឲ្យ​ទៅកើត​ក្នុងព្រហ្មលោក។ ពួកពាហិរសាសនា​សំដៅ​យក​ព្រហ្មលោក​នោះ ថាជានិព្វាន។ ពុទ្ធសាសនា​ថា ព្រហ្មចរិយៈ​របស់​ភិក្ខុ ដែលមាន​សីលបរិសុទ្ធ តែប្រាថ្នា​យក​ទេពនិកាយ​ណាមួយ ចាត់ជា​ព្រហ្មចរិយៈថោកទាប សមាបត្តិ​ប្រាំបី ចាត់ជា​ព្រហ្មចរិយៈកណ្តាល អរហត្តមគ្គ ចាត់ជា​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់។
5)
6)
7)
សំដៅយក ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ និង​សូទ្រៈ។
8)
សក្កទេវរាជ សំដៅ​យក​សីល​ថាជា​គុណខ្ពស់ ទានជា​គុណទាប។ អដ្ឋកថា។
9)
ព័ទ្ធដោយ​កំពែង គឺ​ដំរីជា​ជាន់​ដំបូង លំដាប់​ពីនោះ ព័ទ្ធដោយ​កំពែង គឺរថ តពីនោះ ព័ទ្ធដោយ​កំពែង​គឺសេះ តពីនោះ ព័ទ្ធ​ដោយ​កំពែង​គឺ​ពលថ្មើរជើង រវាង​ពលដំរី និងរថ​ចាត់ជា​ជាន់ទី១ រវាង​ពលរថ និងពលសេះ ចាត់ជា​ជាន់ទី២ រវាងពល​សេះនិង​ពលថ្មើរជើង ចាត់ជា​ជាន់ទី៣។ អដ្ឋកថា។
10)
ពួកនាគ​ដែលមាន​ឈ្មោះ​យ៉ាងនេះ គឺជា​ពួកនាគ​នៅក្បែរ​ជើងភ្នំ​សិនេរុ ត្រូវជា​ញាតិខាង​មាតា​របស់​ព្រះបាទ​ធតរដ្ឋ។ អដ្ឋកថា។
11)
មិនមែន​មានដៃ​មួយពាន់​ទេ គឺអាច​យិតធ្នូ​ដែលខ្មាន់​ធ្នូប្រាំរយ​នាក់​យិតរួច។ អដ្ឋកថា។
12)
អដ្ឋកថាអធិប្បាយថា ពួកក្រុមនោះ ត្រូវគេក្រៀវពូជចេញ សម្រាប់ថែរក្សាពួកស្រីស្នំក្នុងវាំង។
13)
ពួកសត្វនេះ ពោលថា បពិត្រព្រះវេស្សន្តរ ព្រះអង្គកាលគង់នៅក្នុងព្រៃនេះ ចូរត្រេកអរចុះ។
14)
ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ចូររស់នៅសប្បាយចុះ។
15)
ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ដែលជាទីស្រឡាញ់ ចូររស់នៅចុះ។
16)
ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ដែលជាទីស្រឡាញ់ ចូរត្រេកអរ។ អដ្ឋកថា។
km/tipitaka/sut/kn/jat/sut.kn.jat.v22.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann