User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:tha:sut.kn.tha.08

អដ្ឋកនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn tha 08 បាលី cs-km: sut.kn.tha.08 អដ្ឋកថា: sut.kn.tha.08_att PTS: ?

អដ្ឋកនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ៧

(៨. អដ្ឋកនិបាតោ)

មហាកច្ចាយនត្ថេរគាថា

(១. មហាកច្ចាយនត្ថេរគាថា)

[២៣០] បព្វជិត​មិន​គប្បី​ធ្វើ​នូវ​កម្ម​ច្រើន​ទេ គប្បី​លះ​បង់​ជន (បាបមិត្ត) មិន​គប្បី​ខ្វល់​ខ្វាយ (ដើម្បី​លាភ​ទេ) ព្រោះ​បព្វជិត​អ្នក​ខ្វល់​ខ្វាយ ជាប់​ចិត្ត​ក្នុង​រស រមែង​លះ​បង់​ប្រយោជន៍​ដែល​នាំ​មក​នូវ​សេចក្តី​សុខ។ ការ​ថ្វាយ​បង្គំ និង​ការ​បូជា​ណា ក្នុង​ត្រកូល​ទាំង​ឡាយ ពួក​ព្រះ​អរិយៈ ដឹង​ច្បាស់​នូវ​ការ​ថ្វាយ​បង្គំ និង​ការ​បូជា​នោះ​ថា ដូច​ជា​ភក់ ទាំង​ដឹង​ថា ជា​សរ​ដ៏​ឆ្មារ គេ​កម្រ​ដក​បាន ជា​គ្រឿង​សក្ការៈ​ដែល​បុរស​អាក្រក់ លះ​បង់​បាន​ដោយ​កម្រ។

បុគ្គល​មិន​គប្បី​សេព​នូវ​អំពើ​អាក្រក់​ដោយ​ខ្លួន​ឯង ព្រោះ​បំពេញ (ទុក្ខ) ដល់​សត្វ​ដទៃ (ទាំង​មិន​ញ៉ាំង​បុគ្គល​ដទៃ ឲ្យ​សេព​នូវ​អំពើ​អាក្រក់​នោះ​) ព្រោះ​ថា សត្វ​ទាំង​ឡាយ មាន​កម្ម​ជា​ផៅពង្ស។ បុគ្គល​ជា​ចោរ ព្រោះ​ពាក្យ​អ្នក​ដទៃ​ក៏​ទេ បុគ្គល​ជា​អ្នក​ប្រាជ្ញ ព្រោះ​ពាក្យ​អ្នក​ដទៃ​ក៏​ទេ បុគ្គល​ដឹង​ខ្លួន​ឯង​យ៉ាង​ណា សូម្បី​ពួក​ទេវតា ក៏​ដឹង​បុគ្គល​នោះ ដូច្នោះ​ដែរ។ ពួក​ជន​ផ្តេសផ្តាស រមែង​មិន​ដឹង​ច្បាស់​ថា យើង​ទាំង​ឡាយ​នឹង​លំបាក​ក្នុង​លោក​នេះ តែ​ពួក​ជន​ណា ដឹង​ច្បាស់​ក្នុង​ដំណើរ​នោះ ការ​ជំលោះ តែង​ស្ងប់​រម្ងាប់​ទៅ អំពី​សំណាក់​ពួក​ជន​នោះ។ បុគ្គល​ប្រកប​ដោយ​បញ្ញា បើ​ទុក​ជា​អស់​សម្បត្តិ​រលីង​ធេង ក៏​ឈ្មោះ​ថា​រស់​នៅ ឯ​បុគ្គល​មាន​សម្បត្តិ ឈ្មោះ​ថា​មិន​រស់​នៅ ព្រោះ​ការ​មិន​បាន​នូវ​បញ្ញា។ទ. ៨ បុគ្គល​រមែង​ស្តាប់​នូវ​សំឡេង​ទាំង​អស់​បាន​ដោយ​សារ​ត្រចៀក បុគ្គល​មាន​ចក្ខុ រមែង​ឃើញ​រូប​គ្រប់​យ៉ាង ចំណែក​អ្នក​ប្រាជ្ញ មិន​គួរ​លះ​ចោល (ឬ​ប្រកាន់) នូវ​អារម្មណ៍​ទាំង​ពួង ដែល​ខ្លួន​ឃើញ​ហើយ ឮ​ហើយ​ឡើយ។ បុគ្គល​អ្នក​មាន​ភ្នែក គប្បី​ធ្វើ​ដូច​ជា​ខ្វាក់ បុគ្គល​អ្នក​មាន​ត្រចៀក គប្បី​ធ្វើ​ដូច​ជា​ថ្លង់ បុគ្គល​អ្នក​មាន​បញ្ញា គប្បី​ធ្វើ​ដូច​ជា​គ បុគ្គល​អ្នក​មាន​កំឡាំង គប្បី​ធ្វើ​ដូច​ជា​អ្នក​ខ្សោយ​កំឡាំង តែ​កាល​បើហេតុ (មិន​គួរ​ធ្វើ) កើត​ឡើង​ហើយ ត្រូវ​ដេក​ដូច​ជា​ដេក​ស្លាប់។

មហាកច្ចាយនត្ថេរ។

សិរិមិត្តត្ថេរគាថា

(២. សិរិមិត្តត្ថេរគាថា)

[២៣១] ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ ភិក្ខុ​មាន​សភាព​ដូច្នោះ​នោះ​ឯង រមែង​មិន​សោយ​សោក​ក្នុង​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ មាន​ទ្វារ​រក្សា​ហើយ​គ្រប់​កាល ភិក្ខុ​នោះ រមែង​មិន​សោយ​សោក​ក្នុង​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ មាន​សីល​ល្អ ភិក្ខុ​នោះ រមែង​មិន​សោយ​សោក​ក្នុង​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ មាន​មិត្ត​ល្អ ភិក្ខុ​នោះ រមែង​មិន​សោក​ស្តាយ ក្នុង​កាល​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ទ. ៩ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិន​ចង​សេចក្តី​ក្រោធ​ទុក មិន​មាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ មាន​បញ្ញា​ល្អ ភិក្ខុ​នោះ រមែង​មិន​សោក​ស្តាយ ក្នុង​កាល​ខាង​មុខ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ។ បុគ្គល​ណា មាន​សទ្ធា​មិន​ញាប់​ញ័រ បាន​ដំ​កល់​ស៊ប់​ក្នុង​ព្រះ​តថាគត​ផង បុគ្គល​ណា មាន​សីល​ល្អ ជា​ទី​ត្រេកអរ​នៃ​ព្រះ​អរិយៈ ដែល​ព្រះ​អរិយៈ​សរសើរ​ហើយ​ផង បុគ្គល​ណា មាន​សេចក្តី​ជ្រះ​ថ្លា​ក្នុង​សង្ឃ​ផង បុគ្គល​ណា មាន​ការ​យល់​ឃើញ​ត្រង់​ផង អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​បុគ្គល​នោះ ថា​ជា​អ្នក​មិន​ខ្សត់ ជីវិត​របស់​បុគ្គល​នោះ មិន​មែន​ជា​មោឃៈ​ទេ។ ព្រោះ​ហេតុ​នោះ មេធាវី​បុគ្គល កាល​រលឹក​នូវ​ពាក្យ​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ទាំង​ឡាយ គួរ​ប្រកប​រឿយ ៗ នូវ​សទ្ធា​ផង សីល​ផង សេចក្តី​ជ្រះ​ថ្លា​ផង ការ​យល់​ធម៌​ផង។

សិរិមិត្តត្ថេរ។

មហាបន្ថកត្ថេរគាថា

(៣. មហាបន្ថកត្ថេរគាថា)

[២៣២] កាល​ណា​ខ្ញុំ​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​គ្មាន​ភ័យ​អំពី​ទី​ណា​ជា​ដំបូង ក្នុង​កាល​នោះ សេចក្តី​សង្វេគ​ក៏​មាន​ដល់​ខ្ញុំ ព្រោះ​ឃើញ​ព្រះ​សាស្តា​ជា​ឧត្តម​បុរស។ អ្នក​ណា ច្រាន​សិរី​ដែល​មក (រក​ខ្លួន​) ដោយ​ដៃ ឬ​ជើងទ. ១០ អ្នក​នោះ ឈ្មោះ​ថា ញ៉ាំង​ព្រះ​សាស្តា​បែប​នេះ ឲ្យ​ត្រេកអរ ហើយ​ឲ្យ​ប្រាស​ចាក​សេចក្តី​ត្រេកអរ​វិញ។ ក្នុង​កាល​នោះ ខ្ញុំ​លះ​ចោល​កូន និង​ប្រពន្ធ​ផង ទ្រព្យ និង​ស្រូវ​ផង កោរសក់ និងពុកចង្កា ហើយ​ចូល​ទៅ​កាន់​ផ្នួស។ ខ្ញុំ​បរិបូណ៌​ដោយ​សិក្ខា និង​សាជីវៈ សង្រួម​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ ជា​អ្នក​មិន​ចាលចាញ់​កិលេស តែង​នមស្ការ​ព្រះ​សម្ពុទ្ធ សម្រាន្ត​នៅ។ ខណៈ​នោះ សេចក្តី​តាំង​ចិត្ត ខ្ញុំ​បាន​តម្កល់​ហើយ​ថា កាល​បើ​ខ្ញុំ​មិន​ទាន់​ដក​សរ គឺ​តណ្ហា​បាន​ទេ ខ្ញុំ​មិន​អង្គុយ​សូម្បី​មួយ​រំពេច។ អ្នក​ចូរ​មើល​សេចក្តី​ព្យាយាម និង​ការ​ប្រឹងប្រែង​របស់​ខ្ញុំ​នោះ​យ៉ាង​នេះ វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ទិព្វចក្ខុ ខ្ញុំ​ក៏​បាន​ជម្រះ​ហើយ ខ្ញុំ​ជា​ព្រះ​អរហន្ត គួរ​ទទួល​នូវ​ទក្ខិណាទាន មាន​ចិត្ត​រួច​ស្រឡះ​ហើយ មិន​មាន​ឧបធិ។ លំដាប់​នោះ ក្នុង​កាល​រាត្រី​អស់​ទៅ ព្រះ​អាទិត្យ​ក៏​រះ​ឡើង ខ្ញុំ​បាន​ធ្វើ​តណ្ហា​ទាំង​អស់​ឲ្យ​រីងស្ងួត ហើយ​អង្គុយ​ដោយ​ភ្នែន។

មហាបន្ថកត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ ៣ អង្គ គឺ​មហាកច្ចាយនត្ថេរ ១ សិរីមិត្តត្ថេរ ១ មហាបន្ថកត្ថេរ ១ បាន​សំដែង​គាថា​ទាំង​ឡាយ ២៤ ក្នុង​អដ្ឋកនិបាត។

ចប់ អដ្ឋកនិបាត។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.08.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann