User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:tha:sut.kn.tha.09.01

ភូតត្ថេរគាថា

សង្ខេប

កម្រង​វាចា របស់​ព្រះ​ភូតត្ថេរ។

sut kn tha 09 01 បាលី cs-km: sut.kn.tha.09.01 អដ្ឋកថា: sut.kn.tha.09.01_att PTS: ?

ភូតត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ១១

(១. ភូតត្ថេរគាថា)

[២៣៣] ពួក​បុថុជ្ជន មិន​ដឹង​ថា ជរា មរណៈ​ជា​ទុក្ខ ហើយ​ជាប់​ចំពាក់​ក្នុង​ឧបាទានក្ខន្ធ​ណា អ្នក​ប្រាជ្ញ​មាន​ស្មារតី បាន​កំណត់​ដឹង (នូវ​ឧបាទានក្ខន្ធ​នោះ​) ថា​ជា​ទុក្ខ ហើយ​ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ លើ​ស​លុប​ជាង​ឈាន​នោះ​ឡើយ។ បណ្ឌិត លុះ​លះ​បង់​នូវ​តណ្ហា ដែល​នាំ​មក​នូវ​សេចក្តី​ទុក្ខ ជា​ធម្មជាតិ​ផ្សាយ​ទៅ​ក្នុង​អារម្មណ៍​ផ្សេង ៗ នាំ​មក​នូវ​កិលេស ជា​គ្រឿង​នាំ​សត្វ​ឲ្យ​យឺតយូរ និង​សេចក្តី​ទុក្ខ ដូច​ជា​ឃ្នាប មាន​ស្មារតី​ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ។ បុគ្គល​ពាល់​ត្រូវ​មគ្គ​ដ៏​ឧត្តម ប្រកប​ដោយ​អង្គ ៤ ពី​រដង​ដ៏​ក្សេម ជា​គ្រឿង​ជម្រះ​នូវ​កិលេស​ទាំង​អស់​ដោយ​បញ្ញា ជា​អ្នក​មាន​ស្មារតី ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង​ជាង​ឈាន​នោះ​ឡើយ។ បុគ្គល​ចំរើន​នូវ​សន្តបទ ដែល​ឥត​មាន​សោក ប្រាស​ចាក​ធូលី គឺ​កិលេស ឥតមាន​បច្ច័យ​តាក់​តែង ជា​គ្រឿង​ជម្រះ​នូវ​កិលេស​ទាំង​អស់ ផ្តាច់​នូវ​ចំណង គឺ​សញ្ញោជនៈ ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង ជាង​ការ​ចំរើន​នូវ​សន្តបទ​នោះ​ឡើយ។ទ. ១២ ផ្គរលាន់​ក្នុង​អាកាស ទទឹក​ភ្លៀង​ពាស​ពេញ​​ដោយ​ជុំវិញ​ឰ​ដ៏​អាកាស ក្នុង​កាល​ណា កាល​នោះ ភិក្ខុ​ចូល​ទៅ​នៅ​ក្នុង​ញកភ្នំ ចំរើន​ឈាន រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ជាង​ឈាន​នោះ​ឡើយ។ ភិក្ខុ​អង្គុយ​ក្បែរ​ឆ្នេរ​ស្ទឹង​ទាំង​ឡាយ ដ៏​ដេរដាស​ដោយ​ផ្កា មាន​ផ្កាឈើ​ក្នុង​ព្រៃ​ដ៏​វិចិត្រ ជា​គ្រឿង​ប្រដាប់ មាន​ចិត្ត​ល្អ ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ។ កាល​បើ​ភ្លៀង​ធ្លាក់​ចុះ​ក្នុង​ព្រៃ​ស្ងាត់ ពេល​យប់ ពួក​សត្វ​មាន​ចង្កូម បន្លឺ​ឡើង ចំណែក​ភិក្ខុ​ចូល​ទៅ​កាន់​ញកភ្នំ ហើយ​ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប ជាង​ឈាន​នោះ​ឡើយ។ ភិក្ខុ​អាស្រ័យ​នៅ​ចន្លោះ​ភ្នំ ក្នុង​កណ្តាល​នៃ​ភ្នំ បិទ​នូវ​វិតក្កៈ​ទាំង​ឡាយ​​របស់​ខ្លួន ប្រាស​ចាក​សេចក្តី​ខ្វល់ ប្រាស​ចាក​​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត ហើយ​ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ជាង​ឈាន​នោះ​ឡើយ។ទ. ១៣

(ភិក្ខុ​) ជា​អ្នក​មាន​សេចក្តី​សុខ ជា​អ្នក​ធ្វើ​សេចក្តី​រឹងត្អឹង​ជា​មន្ទិល និង​សេចក្តី​សោក​ឲ្យ​វិនាស ជា​អ្នក​គ្មាន​សន្ទះ​ទ្វារ គឺ​អវិជ្ជា គ្មានតណ្ហា ប្រាស​ចាក​សរ គឺ​រាគាទិក្កិលេស ធ្វើ​នូវ​អាសវៈ​ទាំង​អស់​ឲ្យ​វិនាស ចំរើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើសលុប ជាង​ឈាន​នោះ​ឡើយ។

ភូតត្ថេរ។

ឧទ្ទាន

ព្រះ​ភូតត្ថេរ តែ​មួយ​អង្គ​ឯង ដូច​ជា​កុយរមាស ជា​អ្នក​ឃើញ​ពិត បាន​សំដែង​គាថា ៩ ដែល​មក​ក្នុង​នវកនិបាត។

ចប់ នវកនិបាត។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.09.01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann