User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:tha:sut.kn.tha.10

ទសកនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn tha 10 បាលី cs-km: sut.kn.tha.10 អដ្ឋកថា: sut.kn.tha.10_att PTS: ?

ទសកនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ១៤

(១០. ទសកនិបាតោ)

កាឡុទាយិត្ថេរគាថា

(១. កាឡុទាយិត្ថេរគាថា)

[២៣៤] បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ឥឡូវ​នេះ ពួក​ឈើ​មាន​ពណ៌​ដូច​រងើក​ភ្លើង ជិត​ផ្លែ​ហើយ ជម្រុះ​ស្លឹក​ចាស់​ចោល ឈើ​ទាំង​នោះ​រុងរឿង ដូច​ជា​អណ្តាត​ភ្លើង បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម​ធំ កាល​នេះ ជា​កាល​គួរ​បាន​ចំណែក​ធម្មរស​ហើយ។ ឈើ​ទាំង​ឡាយ ជា​ទី​រីករាយ​នៃ​ចិត្ត មាន​ផ្លែ ផ្សាយ​ក្លិន​សព្វ​ទិស​ដោយ​ជុំវិញ ជម្រុះ​ស្លឹក​ចាស់​ចោល ប្រុង​នឹង​ចេញ​ផ្លែ​ថ្មីទៀត បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម កាល​នេះ ជា​កាល​គួរ​ដើម្បី​ចេញ​ទៅ​អំពី​ទីនេះ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន រដូវ​ដែល​មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក ជា​សុខ​ស្រួល គួរ​ដើរ​ទៅ​កាន់​ផ្លូវ​ឆ្ងាយ​បាន ពួក​សក្យៈ និង​ពួក​កោឡិយៈ សូម​ជួប​ព្រះ​អង្គ ដែល​មាន​ព្រះ​ភក្រ្ត​បែរត្រឡប់​មក​ខាង​ក្រោយ កំពុង​ឆ្លង​ស្ទឹង​រោហិណី។

អ្នក​ស្រែ ភ្ជួរស្រែ​ដោយ​សេចក្តី​ប្រាថ្នា ក៏​ព្រោះ​ពូជ​ដោយ​សេចក្តី​ប្រាថ្នា ពួក​ឈ្មួញ អ្នក​រក​ទ្រព្យ ឆ្លង​សមុទ្រ​ដោយ​សេចក្តី​ប្រាថ្នា។ ខ្ញុំ​ព្រះ​អង្គ ឋិត​នៅ​ដោយ​សេចក្តី​ប្រាថ្នា​ណា សេចក្តី​ប្រាថ្នា​របស់​ខ្ញុំ​ព្រះ​អង្គ​នោះ សូម​ឲ្យ​សម្រេច។ទ. ១៥

អ្នក​ស្រែ​ទាំង​ឡាយ ព្រោះ​ពូជ​រឿយ ៗ1) ទេវរាជ បង្អុរ​ភ្លៀង​ក៏​រឿយៗ ពួក​អ្នក​ស្រែ​ភ្ជួរស្រែ​រឿយ ៗ ពួក​អ្នក​ស្រែ​នោះ នាំ​ស្រូវ​ចូល​ទៅ​កាន់​ដែន​ក៏​រឿយ ៗ។ ពួក​ស្មូម​ត្រាច់​សូម​រឿយ ៗ អ្នក​ម្ចាស់​ទាន តែង​ឲ្យ​ក៏​រឿយៗ ពួក​ម្ចាស់​ទាន លុះ​ឲ្យ​រឿយ ៗ ហើយ តែង​ទៅ​កាន់​ឋានសួគ៌​ក៏​រឿយ ៗ ដែរ។ អ្នក​ប្រាជ្ញ​មាន​បញ្ញា​ដូច​ផែនដី កើត​ក្នុង​ត្រកូល​ណា រមែង​ញ៉ាំង​គូ​នៃ​បុរស ៧ ជួរ ក្នុង​ត្រកូល​នោះ ឲ្យ​ស្អាត ខ្ញុំ​ព្រះ​អង្គ​សំគាល់​ថា (ព្រះ​មាន​ព្រះ​ភាគ) ជា​ទេវតា​ប្រសើរ​ជាង​ទេវតា អាច (ធ្វើ​សត្វ​ដទៃ​ឲ្យ​ស្អាត​បាន​) ព្រោះ​អ្នក​ប្រាជ្ញ មាន​ព្រះ​នាម​ដ៏​ពិត កើត​ហើយ​អំពី​ព្រះ​អង្គ។ ព្រះ​បាទ​សុទ្ធោទនៈ ជា​បិតា​របស់​ព្រះ​ពុទ្ធ ព្រះ​អង្គ​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ឯ​ព្រះ​មហេសី ព្រះ​នាម​មាយា ជា​ពុទ្ធមាតា ដែល​រក្សា​ព្រះ​ពោធិសត្វ​ដោយ​ផ្ទៃ លុះ​រំលាយ​ខន្ធ​ទៅ ត្រេកអរ​ក្នុង​តុសិត​ទេវ​លោក។ទ. ១៦

ព្រះ​នាង​ទេវី​នោះ ជាគោតមគោត្រ លុះ​ទិវង្គត​ច្យុត​ចាក​លោក​នេះ​ទៅ បាន​ស្កប់​ស្កល់​ដោយ​កាម​ជា​ទិព្វ​ទាំង​ឡាយ ព្រះ​នាង​ទ្រង់​រីករាយ​ដោយ​កាមគុណ​ទាំង ៥ មាន​ពពួក​ទេវតា​ទាំង​នោះ ចោមរោម​ហើយ។ ខ្ញុំ​ព្រះ​អង្គ​ជា​បុត្រ​នៃ​ព្រះ​ពុទ្ធ ព្រះ​អង្គ​មិន​មាន​បុគ្គល​ដទៃ​គ្រប​សង្កត់​បាន ព្រះ​នាម​អង្គីរសៈ មិន​មាន​បុគ្គល​ដទៃ​ប្រៀប​បាន ប្រកប​ដោយ​តាទិគុណ បពិត្រ​ព្រះ​អង្គ​ជា​សក្យៈ ព្រះ​អង្គ​ជា​បិតា​នៃ​បិតា​របស់​ខ្ញុំ​ព្រះ​អង្គ បពិត្រ​ព្រះ​គោតម ព្រះ​អង្គ​ជា​ជីតា​របស់​ខ្ញុំ​ព្រះ​អង្គ​ដោយ​ធម៌។

កាឡុទាយិត្ថេរ។

ឯកវិហារិយត្ថេរគាថា

(២. ឯកវិហារិយត្ថេរគាថា)

[២៣៥] បើ​បុគ្គល​ដទៃ​មិន​មាន​អំពី​មុខ​ក្តី ក្រោយ​ក្តី សេចក្តី​សប្បាយ​ក្រៃពេក រមែង​មាន​ដល់​បុគ្គល​ម្នាក់​ឯង​នៅ​ក្នុង​ព្រៃ។ បើ​ដូច្នោះ អាត្មា​អញ​តែម្នាក់​ឯង នឹង​ទៅ​កាន់​ព្រៃ ដែល​ព្រះ​ពុទ្ធ​ទ្រង់​សរសើរ​ហើយ ជា​ទី​សប្បាយ​របស់​ភិក្ខុ​អ្នក​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ជា​អ្នក​នៅ​តែម្នាក់​ឯង។ អាត្មា​អញ​តែម្នាក់​ឯង ជា​អ្នក​ស្ទាត់​ក្នុង​ប្រយោជន៍ នឹង​ចូល​យ៉ាង​ឆាប់​ទៅ​កាន់​ព្រៃ ជា​ទី​ធ្វើ​ឲ្យ​កើត​បីតិ​ដល់​យោគាវចរ ជា​ទី​រីក​រាយ​ដែល​ដំរី​ចុះ​ប្រេង​សេពគប់​ហើយ។ អាត្មា​អញ ម្នាក់​ឯង នឹង​ស្រោច​ស្រប់​ខ្លួន ហើយ​ចង្ក្រម​ក្នុង​ព្រៃ​ត្រជាក់ មាន​ផ្ការីក​ស្គុះស្គាយ ក្បែរ​ជ្រោះ​ភ្នំ​ដ៏​ត្រជាក់។ទ. ១៧ អង្កាល់​ណា អាត្មា​អញ​នឹង​ទៅ​ជា​បុគ្គល​ម្នាក់​ឯង មិន​មាន​បុគ្គល​ជា​គំរប់​ពីរ មាន​សោឡស​កិច្ច​ធ្វើ​ហើយ ជា​អ្នក​មិន​មាន​អាសវៈ នៅ​ក្នុង​ព្រៃធំ ដែល​គួរ​រីករាយ។ សូម​សេចក្តី​ប៉ុនប៉ង​របស់​អាត្មា​អញ ដែល​ប្រាថ្នា​ដើម្បី​ធ្វើ​សេចក្តី​ព្យាយាម​យ៉ាង​នេះ បាន​សម្រេច អាត្មា​អញ​នឹង​ធ្វើ​ឲ្យ​សម្រេច (ព្រោះ​ថា) អ្នក​ដទៃ​ធ្វើ​ជួស​អ្នក​ដទៃ​ពុំបាន​ទេ។ ឥឡូវ​នេះ អាត្មា​អញ​នោះ នឹង​ចង​ក្រោះ គឺ​ព្យាយាម ហើយ​ចូល​ទៅ​កាន់​ព្រៃ បើ​អាត្មា​អញ មិន​ទាន់​សម្រេច​នូវ​ធម៌​ជា​គ្រឿង​អស់​អាសវៈ​ទេ នឹង​មិន​ចេញ​ពី​ព្រៃ​នោះ​ឡើយ។ កាល​បើ​ខ្យល់​ត្រជាក់ មាន​ក្លិន​ក្រអូប​បក់​ផ្សាយ​ទៅ អាត្មា​អញ​នឹង​អង្គុយ​លើ​កំពូល​ភ្នំ ហើយ​ទំលាយ​អវិជ្ជា​ឲ្យ​បាន។ អាត្មា​អញ​ទទួល​សេចក្តី​សុខ ដោយ​វិមុត្តិសុខ​ក្នុង​ព្រៃ មាន​ផ្កា​ដេរដាស ក្បែរ​ញកភ្នំ​ដ៏​ត្រជាក់ រួច​ហើយ​នឹង​ត្រេកអរ​ក្នុង​ក្រុង​រាជគ្រឹះ មាន​ភ្នំ​ព័ទ្ធជុំវិញ​ដូច​ក្រោល​គោ។ អាត្មា​អញ​នោះ មាន​តម្រិះ​គ្រប់​គ្រាន់ ដូច​ព្រះ​ចន្ទ​ក្នុង​ថ្ងៃ ១៥ កើត អស់​អាសវៈ​ទាំង​ពួង​ហើយ ឥឡូវ​នេះ ភព​ថ្មី​មិន​មាន​ទេ។

ឯកវិហារិយត្ថេរ។

មហាកប្បិនត្ថេរគាថា

(៣. មហាកប្បិនត្ថេរគាថា)

[២៣៦] បុគ្គល​ណា ពិចារណា​ឃើញ​នូវ​កិច្ច​ជា​ប្រយោជន៍ និង​មិន​ជា​ប្រយោជន៍​ទាំង​ពីរ​នោះ ដែល​មិន​ទាន់​មក​ដល់ ទុក​ជា​មុន ជន​ទាំង​ឡាយ ជា​សត្រូវ​ក្តី ជា​អ្នក​ស្វែង​រក​ប្រយោជន៍​ក្តី កាល​គយ​គន់​មើល រមែង​មិន​ឃើញ​នូវ​ទោស​នៃ​បុគ្គល​នោះ​ឡើយ។

ទ. ១៨ អានាបានស្សតិ ដែល​ព្រះ​យោគាវចរ​ណា បាន​ចំរើន​ល្អ​គ្រប់​គ្រាន់​ហើយ បាន​សន្សំ​ហើយ តាម​លំដាប់ ដូច​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​មក ព្រះ​យោគាវចរ​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​ភ្លឺ​ច្បាស់ ដូច​ព្រះ​ចន្ទ​ផុត​ចាក​ពពក។ ឱ ចិត្ត​របស់​អញ ស រក​ប្រមាណ​មិន​បាន អាត្មា​អញ បាន​អប់​រំ​ល្អ​ហើយ​ផង បាន​ផ្គង​ជា​និច្ច​ផង ញ៉ាំង​ទិស​ទាំង​ពួង​ឲ្យ​ភ្លឺ​ផង។ បុគ្គល​ប្រកប​ដោយ​ប្រាជ្ញា បើ​ទុក​ជា​អស់​ទ្រព្យ​រលីង ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា។ ប្រាជ្ញា​ជា​គ្រឿង​វិនិច្ឆ័យ​នូវ​សុតៈ ប្រាជ្ញា​ជា​គ្រឿង​ញ៉ាំង​កិត្តិសព្ទ និង​សេចក្តី​សរសើរ​ឲ្យ​ចំរើន នរ​ជន​ប្រកប​ដោយ​ប្រាជ្ញា រមែង​បាន​នូវ​សេចក្តី​សុខ សូម្បី​ក្នុង​សភាវៈ​ដែល​ជា​ទុក្ខ។ ធម៌​នេះ មិន​មែន​ជា​ធម៌​ទើប​នឹង​មាន​ក្នុង​ថ្ងៃ​នេះ​ទេ ជា​ធម៌​មិន​អស្ចារ្យ មិន​មែន​ជា​ធម៌​ចំឡែក​ទេ សត្វ​កើត​ស្លាប់ ក្នុង​លោក​ណា ហេតុ​តិចតួច​ក៏​មិន​ចំឡែក​ក្នុង​លោក​នោះ។ សេចក្តី​ពិត​ថា បន្ទាប់​អំពី​ការ​កើតមក មាន​សេចក្តី​ស្លាប់​ចាក​ជីវិត ជា​ធម្មជាត​ទៀង​ទាត់ សត្វ​ទាំង​ឡាយ ដែល​កើត​ហើយ ៗ រមែង​ស្លាប់​ក្នុង​លោក​នេះ ព្រោះ​ថា សត្វ​ទាំង​ឡាយ មាន​សភាព​យ៉ាង​នេះ​ឯង។ទ. ១៩

សេចក្តី​សោក​ស្តាយ​ណា របស់​បុរស​បុគ្គល​ទាំង​ឡាយ​ដទៃ ដើម្បី​ជីវិត សេចក្តី​សោក​ស្តាយ​នុ៎ះ មិន​មែន​ដើម្បី​ប្រយោជន៍​ដល់​សត្វ​ដែល​ស្លាប់​ទៅ​ហើយ​ទេ ការ​យំ​ចំពោះ​សត្វ ដែល​ស្លាប់​ហើយ មិន​មែន​ជាយស មិន​មែន​ជា​ការ​ល្អ​ទេ សមណ​ព្រាហ្មណ៍​ទាំង​ឡាយ មិន​សរសើរ​ការ​យំ​ឡើយ។ ការ​យំ រមែង​បៀត​បៀន​នូវ​ចក្ខុ និង​សរីរៈ (របស់​បុគ្គល​អ្នក​យំ) ពណ៌​សម្បុរ​ក្តី កំឡាំង​ក្តី ប្រាជ្ញា​ក្តី នៃ​អ្នក​យំ រមែង​សាបសូន្យ ពួក​សត្រូវ​របស់​បុគ្គល​អ្នក​យំ​នោះ ក៏​មាន​សេចក្តី​ត្រេកអរ ពួក​បុគ្គល​អ្នក​ស្វែង​រក​ប្រយោជន៍​ឲ្យ​បុគ្គល​អ្នក​យំ​នោះ បាន​នូវ​សេចក្តី​ទុក្ខ។ ព្រោះ​ហេតុ​នោះ ពួក​ជន​ឆ្លង​នូវ​កិច្ច (របស់​ខ្លួន​) ដោយ​កំឡាំង​ប្រាជ្ញា របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ណា ដូច​ពួក​ជន​ឆ្លង​នូវ​ទន្លេ​មាន​ទឹក​ពេញ​ដោយ​ទូក បុគ្គល​គប្បី​ប្រាថ្នា​នូវ​អ្នក​ប្រាជ្ញ ជា​ពហុស្សូត​នោះ ឲ្យ​នៅ​ក្នុង​ត្រកូល (របស់​ខ្លួន​)។

មហាកប្បិនត្ថេរ។

ចូឡបន្ថកត្ថេរគាថា

(៤. ចូឡបន្ថកត្ថេរគាថា)

[២៣៧] ញាណ​គតិ​របស់​អាត្មា​អញ​ទន់​ខ្សោយ​ក្នុង​កាល​មុន អាត្មា​អញ​ភ្លេច​ភ្លាំង​ស្មារតី ថែម​ទាំង​បង​ប្រុស ក៏​បណ្តេញ​អាត្មា​អញ​ថា ឥឡូវ​នេះ អ្នក​ចូរ​ទៅ​ផ្ទះ​ចុះ។ អាត្មា​អញ​នោះ ត្រូវ​បង​បណ្ដេញ​ហើយ ក៏​តូចចិត្ត តែ​នៅ​មាន​អាឡោះ​អាល័យ ក្នុង​សាសនា ក៏​ឈរ​នៅ​ជិត​ក្លោង​ទ្វារ​នៃ​អារាម​របស់​សង្ឃ​នោះ។ទ. ២០ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​យាង​មក​ក្នុង​ទីនោះ បាន​ស្ទាប​អង្អែល​ក្បាល​របស់​អាត្មា​អញ ហើយក៏​ចាប់​អាត្មា​អញ​ត្រង់​ដើមដៃ ឲ្យ​ចូល​ទៅ​កាន់​អារាម​នៃ​សង្ឃ។ ព្រះ​សាស្តា​ទ្រង់​ប្រទាន​នូវ​សំពត់​សម្រាប់​ជូត​ជើង ដោយ​សេចក្តី​អនុគ្រោះ ដល់​អាត្មា​អញ​ថា អ្នក​ចូរ​អធិដ្ឋាន​នូវ​សំពត់​ស្អាត​នេះ ធ្វើ​ឲ្យ​ជា​សំពត់​ដែល​ខ្លួន​អធិដ្ឋាន​ល្អ​ហើយ ក្នុង​ទី​ដ៏​សម​គួរ​ចុះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ព្រះ​ភាគ​នោះ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា បាន​ញ៉ាំង​សមាធិ​ឲ្យ​សម្រេច ដើម្បី​បាន​នូវ​ប្រយោជន៍​ដ៏​ឧត្តម អាត្មា​អញ​ដឹង​នូវ​បុព្វេ​និវាស ទិព្វចក្ខុ អាត្មា​អញ​បាន​ជម្រះ​ហើយ ត្រៃវិជ្ជា អាត្មា​អញ​បាន​ដល់​ដោយ​លំដាប់​ហើយ ព្រះ​ពុទ្ធសាសនា អាត្មា​អញ​បាន​ធ្វើ​ហើយ។ បន្ថកភិក្ខុ និម្មិត​ខ្លួន​ជា​មួយ​ពាន់ ហើយ​អង្គុយ​ក្នុង​អម្ពវ័ន ជា​ទី​រីករាយ ដរាបដល់​ការ​ប្រាប់​នូវ​ភត្តកាល។ លំដាប់​នោះ ព្រះ​សាស្តា​ទ្រង់​ប្រើ​ទូត​ឲ្យ​ទៅ​ប្រាប់​ភត្តកាល​ដល់​អាត្មា​អញ កាល​ទូត​មក​ប្រាប់​ភត្តកាល អាត្មា​អញ​ក៏​មក​តាម​អាកាស។ អាត្មា​អញ​ថ្វាយ​បង្គំ​ព្រះ​បាទា​នៃ​ព្រះ​សាស្តា រួច​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ គ្រា​នោះ ព្រះ​សាស្តា​ទ្រង់​ជ្រាប​ថា អាត្មា​អញ​អង្គុយ​ហើយ ទើប​បាន​ទ្រង់​ទទួល (ទក្ខិណោទក)។ ព្រះ​អង្គ ជា​ទី​បូជា​របស់​សត្វ​លោក ជាបដិគ្គាហកៈ​របស់​បុគ្គល​អ្នក​បូជា​ទាំង​ឡាយ ជា​បុញ្ញក្ខេត្ត​របស់​មនុស្ស​ទាំង​ឡាយ ទ្រង់​ទទួល​នូវ​ទក្ខិណាទាន។

ចូឡបន្ថកត្ថេរ។

កប្បត្ថេរគាថា


ទ. ២១

(៥. កប្បត្ថេរគាថា)

[២៣៨] កាយ​ដ៏​ពេញ​ដោយ​មន្ទិល មាន​ចំណែក​ផ្សេង ៗ កើត​ក្នុង​រណ្ដៅ​លាមក​ធំ គឺ​ផ្ទៃ​មាតា ដូច​ជ្រាំ​ចាស់​ដែល​អាប់​អួ​យូរ ឬ​ដូច​បូសធំ ដំបៅ​ធំ ជា​កាយ​ដ៏​ពេញ​ដោយ​ខ្ទុះ និង​ឈាម ពេញ​ព្រៀប​ក្នុង​រណ្តៅ​លាមក ជា​ទី​ហូរ​ចេញ​នៃ​ទឹក រមែង​ហូរចេញ​នូវ​វត្ថុ​មិន​ស្អាត​សព្វ ៗ កាល។ កាយ​ដែល​ចង​ភ្ជាប់​ដោយ​សរសៃ​ធំ ៦០ លាប​ដោយ​គ្រឿង​លាប គឺ​សាច់ ប្រដាប់​ដោយ​អាវ គឺ​ស្បែក ជា​កាយ​ស្អុយ រក​ប្រយោជន៍​គ្មាន តភ្ជាប់​គ្នា​ដោយ​រាង​ឆ្អឹង ចង​ស្រាក់​ដោយ​ចេស គឺ​សរសៃ សម្រេច​ឥរិយាបថ​បាន ព្រោះ​ប្រជុំ​នៃ​អាការ​មិន​តែ​មួយ។ កាយ​មាន​ដំណើរ​ទៅ​រក​សេចក្តី​ស្លាប់​ដ៏​ទៀង​ទាត់ (ឋិត​នៅ​) ក្នុង​សំណាក់​នៃ​មច្ចុរាជ ឯ​នរ​ជន​តែង​ទំលាក់​ចោល​នូវ​កាយ​ក្នុង​លោក​នេះ ហើយ​ទៅ​តាម​យថាកម្ម។ កាយ​ត្រូវ​អវិជ្ជា​ដោត​ក្រង​ហើយ ត្រូវ​គ្រឿង​ចាក់​ស្រែះ ៤ យ៉ាង ចាក់​ស្រែះ​ហើយ កាយ​ក៏​លិច​ចុះ​ក្នុង​ឱឃៈ ត្រូវ​បណ្ដាញ​នៃ​អនុស័យ​គ្រប​សង្កត់​ហើយ ប្រកប​ក្នុង​នីវរណៈ ៥ ពេញ​ដោយ​មិច្ឆាវិតក្កៈ ជាប់​ដោយ​មូល​នៃ​ភព គឺ​តណ្ហា ត្រូវ​ដំបូល គឺ​មោហៈ​បិទ​បាំង​ហើយ កាយ​នេះ​រមែង​ប្រព្រឹត្ត​ទៅ​ដូច​ពោល​មក​នេះ អន្ទោល​ទៅ​តាម​យន្ត គឺ​កម្ម។ ធម្មតា​សម្បត្តិ តែង​មាន​វិបត្តិ​ជា​ទីបំផុត ការ​កើត​ផ្សេង ៗ រមែង​វិនាស​ទៅ​វិញ។ទ. ២២ ពួក​ជន​ណា ជា​អន្ធពាល​បុថុជ្ជន រាប់​អាន​កាយ​នេះ ពួក​ជន​នោះ រមែង​ញ៉ាំង​សង្សារ​ដ៏​ពន្លឹក​ឲ្យ​ចំរើន តែង​កាន់​យក​នូវ​ភព​ថ្មីទៀត។ ពួក​ជន​ណា វៀរ​បង់​នូវ​កាយ​នេះ ដូច​បុគ្គល​វៀរបង់​នូវ​អាសិរពិស ដែល​ប្រឡាក់​ដោយ​លាមក ពួក​ជន​នោះ រមែង​ខ្ជាក់​ចោល​នូវ​អវិជ្ជា និង​តណ្ហា ដែល​ជា​មូល​នៃ​ភព ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។

កប្បត្ថេរ។

ឧបសេនវង្គន្ដបុត្តត្ថេរគាថា

(៦. វង្គន្តបុត្តឧបសេនត្ថេរគាថា)

[២៣៩] ភិក្ខុ​គប្បី​សេព​នូវ​សេនាសនៈ​ស្ងាត់ ដែល​មាន​សំឡេង​គឹក​កង​តិច ដែល​ម្រឹគ​សាហាវ​អាស្រ័យ​នៅ​ហើយ ព្រោះ​ហេតុ​នៃ​ការ​ពួន​សម្ងំ។ ភិក្ខុ​គប្បី​នាំ​មក (នូវ​កំណាត់​សំពត់) អំពី​គំនរ​នៃ​សំរាម ឬ​ព្រៃ​ស្មសាន ឬ​ចន្លោះ​នៃ​ថ្នល់ ធ្វើ​ជា​សង្ឃាដី ដោយ​កំណាត់​សំពត់​ដែល​ខ្លួន​នាំ​មក​នោះ ហើយ​ទ្រទ្រង់​នូវ​ចីវរ​ដ៏​សៅហ្មង។ ភិក្ខុ​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ទាប គ្រប់​គ្រង​នូវ​ទ្វារ សង្រួម​ដោយ​ប្រពៃ ហើយ​ត្រាច់​ទៅ​កាន់​ផ្ទះ​ជា​លំដាប់ គឺ​ចេញ​អំពី​ត្រកូល ១ ទៅ​កាន់​ត្រកូល ១ ដើម្បី​បិណ្ឌបាត។ ម្យ៉ាង​ទៀត ភិក្ខុ​ត្រូវ​សន្ដោស​ដោយ​វត្ថុ​សៅហ្មង មិន​គប្បី​ប្រាថ្នា​នូវ​រស​ឯ​ទៀត​ឲ្យ​ច្រើន​ទេ ចិត្ត​របស់​ភិក្ខុ​អ្នក​ជាប់​ញ៉ាម​ក្នុង​រស​ទាំង​ឡាយ រមែង​មិន​ត្រេកអរ​ក្នុង​ឈាន។ មុនី​គប្បី​ជា​អ្នក​មាន​សេចក្តី​ប្រាថ្នា​តិច ជា​អ្នក​សន្ដោស ជា​អ្នក​ស្ងប់​ស្ងាត់ នៅ​មិន​ច្រឡូក​ច្រឡំ​ដោយ​បុគ្គល​ពីរ​ពួក គឺ​គ្រហស្ថ និង​បព្វជិត។ទ. ២៣ មនុស្ស​ល្ងេល្ងើ និង​មនុស្ស​គ យ៉ាង​ណា បណ្ឌិត​គប្បី​សំដែង​ខ្លួន​យ៉ាង​នោះ មិន​គប្បី​ពោល​ឲ្យ​ហួស​ប្រមាណ​ក្នុង​កណ្ដាល​សង្ឃ។ បណ្ឌិត​នោះ មិន​គប្បី​តិះ​ដៀល​បុគ្គល​ណា​មួយ គប្បី​វៀរ​បង់​នូវ​ការ​បៀត​បៀន​ផង សង្រួម​ក្នុង​បាតិមោក្ខ​ផង ដឹង​ប្រមាណ​ក្នុង​ភោជន​ផង។ បណ្ឌិត​គប្បី​ជា​អ្នក​ឈ្លាសវៃ ក្នុង​ការ​កើត​ឡើង​នៃ​ចិត្ត ដែល​មាន​និមិត្ត​កំណត់​ល្អ​ហើយ គប្បី​ប្រកប​រឿយ ៗ នូវ​សមថៈ និងវិបស្សនា តាម​កាល​គួរ គប្បី​ជា​អ្នក​បរិបូណ៌​ដោយ​ព្យាយាម ប្រព្រឹត្ត​ទៅ​រឿយ ៗ ប្រកប​ក្នុង​ធម៌​ដ៏​គួរ​សព្វ ៗ កាល បើ​មិន​ទាន់​ដល់​នូវ​ព្រះ​និព្វាន ជា​ទីបំផុត​នៃ​ទុក្ខ​ក្នុង​វដ្តៈ​ទេ កុំ​អាល​ដល់​នូវ​សេចក្តី​ទុកចិត្ត​ឡើយ។ កាល​ភិក្ខុ​ប្រាថ្នា​នូវ​សេចក្តី​បរិសុទ្ធ សម្រាន្ត​នៅ​យ៉ាង​នេះ អាសវៈ​ទាំង​ពួង​រមែង​អស់​ទៅ ភិក្ខុ​នោះ រមែង​ដល់​នូវ​ការ​រលត់​ទុក្ខ។

ឧបសេនវង្គន្ដបុត្តត្ថេរ។

គោតមត្ថេរគាថា

(៧. (អបរ)-គោតមត្ថេរគាថា)

[២៤០] បុរស​គប្បី​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន គប្បី​រមិល​មើល​នូវ​ពាក្យ​ជា​ប្រធាន គឺ​សាសនា មួយ​ទៀត អំពើ​ណា របស់​កុលបុត្រ​អ្នក​ចូល​កាន់​ផ្នួស​ជា​សមណភាព ជា​អំពើ​មាន​សភាព​ដ៏​សម​គួរ ក្នុង​សាសនា​នេះ (បុគ្គល​គប្បី​រមិល​មើល​នូវ​អំពើ​នោះ​ផង)។ ក្នុង​សាសនា​នេះ (ការ​សេពគប់) នូវ​កល្យាណមិត្រ ១ ការ​សមាទាន​នូវ​សិក្ខា​ដ៏​ធំ​ទូលាយ ១ទ. ២៤ ការ​ប្រុង​ស្ដាប់ (នូវ​ឱវាទ) នៃ​គ្រូ​ទាំង​ឡាយ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ សេចក្តី​គោរព​ក្នុង​ព្រះ​ពុទ្ធ​ទាំង​ឡាយ ១ ការ​កោត​ក្រែង​ក្នុង​ព្រះ​ធម៌​គួរ​តាមពិត ១ ការ​កោត​ក្រែង​ក្នុង​ព្រះ​សង្ឃ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​ប្រកប​ក្នុង​អាចារៈ និង​គោចរៈ ១ មាន​អាជីវៈ​ដ៏​បរិសុទ្ធ ដែល​អ្នក​ប្រាជ្ញ​មិន​គប្បី​តិះ​ដៀល​បាន ១ ការ​តំកល់​ចិត្ត​ទុក​ដោយ​ប្រពៃ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ចារិតសីល ឬ​វារិតសីល ១ សម្បជញ្ញៈ ដែល​អាស្រ័យ​នឹង​ឥរិយាបថ​ជា​ទី​នាំ​មក​នូវ​សេចក្តី​ជ្រះ​ថ្លា ១ ការ​ប្រកប​រឿយ ៗ ក្នុង​អធិចិត្ត ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ សេនាសនៈ​តាំង​នៅ​ក្នុង​ព្រៃ​ស្ងាត់ មាន​សំឡេង​តិច ដែល​អ្នក​ប្រាជ្ញ​គប្បី​គប់​រក នេះ​ជា​ទី​សម​គួរ​ដល់​សមណៈ។ សីល ១ ភាព​ជា​ពហុស្សូត ១ ការ​ពិចារណា​នូវ​ធម៌​ទាំង​ឡាយ​គួរ​តាមពិត ១ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង​ឡាយ ១ ទាំង ៤ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​គប្បី​ចំរើន​នូវ​អនិច្ចសញ្ញា​ផង អនត្តសញ្ញា​ផង អសុភសញ្ញា​ផង អនភិរតិសញ្ញា​ក្នុង​លោក​នេះ​ផង ទាំង ៤ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​គប្បី​ចំរើន​នូវ​ពោជ្ឈង្គ​ទាំង​ឡាយ​ផង ឥទ្ធិបាទ​ទាំង​ឡាយ​ផង ឥន្ទ្រិយ និង​ពលៈ​ទាំង​ឡាយ​ផង អរិយមគ្គ​មាន​អង្គ ៨ ផង ទាំង ៥ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ទ. ២៥ មុនី​គប្បី​លះ​បង់​នូវ​តណ្ហា គប្បី​ទំលុះ​ទំលាយ​នូវ​អាសវៈ​ទាំង​ឡាយ ព្រម​ទាំង​ឫសគល់ គប្បី​ជា​អ្នក​រួច​ស្រឡះ (ចាក​កិលេស​ទាំង​ពួង) ហើយ​​សម្រេច​សម្រាន្ត​នៅ នេះ​ជា​អំពើ​ដ៏​សម​គួរ​ដល់​សមណៈ។

គោតមត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ​ទាំង​ឡាយ ៧ អង្គ​នេះ គឺ​កាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បាន​ពោល) នូវ​គាថា​ទាំង​ឡាយ ៧០ ក្នុង​ទសកនិបាត​នេះ។

ចប់ ទសកនិបាត។

 

លេខយោង

1)
បាលី​ថា បុនប្បុនំ ប្រែថា រឿយៗ ញយៗ ដដែល​ៗ ញឹកញាប់ ប៉ុកបុឺន។
km/tipitaka/sut/kn/tha/sut.kn.tha.10.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann