km:tipitaka:sut:kn:tha:sut.kn.tha.10.04

ចូឡបន្ថកត្ថេរគាថា

សង្ខេប

ព្រះ​ថេរៈ និយាយ​​អំពី​​គុណនិង​ករុណា​ដែល​​ព្រះ​អង្គ​​បាន​​ទទួល​​ពី​​ព្រះ​ពុទ្ធ។

sut kn tha 10 04 បាលី cs-km: sut.kn.tha.10.04 អដ្ឋកថា: sut.kn.tha.10.04_att PTS: ?

ចូឡបន្ថកត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. ចូឡបន្ថកត្ថេរគាថា)

[២៣៧] ញាណ​គតិ​របស់​អាត្មា​អញ​ទន់​ខ្សោយ​ក្នុង​កាល​មុន អាត្មា​អញ​ភ្លេច​ភ្លាំង​ស្មារតី ថែម​ទាំង​បង​ប្រុស ក៏​បណ្តេញ​អាត្មា​អញ​ថា ឥឡូវ​នេះ អ្នក​ចូរ​ទៅ​ផ្ទះ​ចុះ។ អាត្មា​អញ​នោះ ត្រូវ​បង​បណ្ដេញ​ហើយ ក៏​តូចចិត្ត តែ​នៅ​មាន​អាឡោះ​អាល័យ ក្នុង​សាសនា ក៏​ឈរ​នៅ​ជិត​ក្លោង​ទ្វារ​នៃ​អារាម​របស់​សង្ឃ​នោះ។ទ. ២០ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​យាង​មក​ក្នុង​ទីនោះ បាន​ស្ទាប​អង្អែល​ក្បាល​របស់​អាត្មា​អញ ហើយក៏​ចាប់​អាត្មា​អញ​ត្រង់​ដើមដៃ ឲ្យ​ចូល​ទៅ​កាន់​អារាម​នៃ​សង្ឃ។ ព្រះ​សាស្តា​ទ្រង់​ប្រទាន​នូវ​សំពត់​សម្រាប់​ជូត​ជើង ដោយ​សេចក្តី​អនុគ្រោះ ដល់​អាត្មា​អញ​ថា អ្នក​ចូរ​អធិដ្ឋាន​នូវ​សំពត់​ស្អាត​នេះ ធ្វើ​ឲ្យ​ជា​សំពត់​ដែល​ខ្លួន​អធិដ្ឋាន​ល្អ​ហើយ ក្នុង​ទី​ដ៏​សម​គួរ​ចុះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ព្រះ​ភាគ​នោះ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា បាន​ញ៉ាំង​សមាធិ​ឲ្យ​សម្រេច ដើម្បី​បាន​នូវ​ប្រយោជន៍​ដ៏​ឧត្តម អាត្មា​អញ​ដឹង​នូវ​បុព្វេ​និវាស ទិព្វចក្ខុ អាត្មា​អញ​បាន​ជម្រះ​ហើយ ត្រៃវិជ្ជា អាត្មា​អញ​បាន​ដល់​ដោយ​លំដាប់​ហើយ ព្រះ​ពុទ្ធសាសនា អាត្មា​អញ​បាន​ធ្វើ​ហើយ។ បន្ថកភិក្ខុ និម្មិត​ខ្លួន​ជា​មួយ​ពាន់ ហើយ​អង្គុយ​ក្នុង​អម្ពវ័ន ជា​ទី​រីករាយ ដរាបដល់​ការ​ប្រាប់​នូវ​ភត្តកាល។ លំដាប់​នោះ ព្រះ​សាស្តា​ទ្រង់​ប្រើ​ទូត​ឲ្យ​ទៅ​ប្រាប់​ភត្តកាល​ដល់​អាត្មា​អញ កាល​ទូត​មក​ប្រាប់​ភត្តកាល អាត្មា​អញ​ក៏​មក​តាម​អាកាស។ អាត្មា​អញ​ថ្វាយ​បង្គំ​ព្រះ​បាទា​នៃ​ព្រះ​សាស្តា រួច​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ គ្រា​នោះ ព្រះ​សាស្តា​ទ្រង់​ជ្រាប​ថា អាត្មា​អញ​អង្គុយ​ហើយ ទើប​បាន​ទ្រង់​ទទួល (ទក្ខិណោទក)។ ព្រះ​អង្គ ជា​ទី​បូជា​របស់​សត្វ​លោក ជាបដិគ្គាហកៈ​របស់​បុគ្គល​អ្នក​បូជា​ទាំង​ឡាយ ជា​បុញ្ញក្ខេត្ត​របស់​មនុស្ស​ទាំង​ឡាយ ទ្រង់​ទទួល​នូវ​ទក្ខិណាទាន។

ចូឡបន្ថកត្ថេរ។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.10.04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann