km:tipitaka:sut:kn:tha:sut.kn.tha.10.07

គោតមត្ថេរគាថា

សង្ខេប

ព្រះ​​ថេរៈ​​ពន្យល់​​អំពី​​អ្វី​​ដែល​​សម​​គួរ​​ចំពោះ​​ព្រះសមណៈ។

sut kn tha 10 07 បាលី cs-km: sut.kn.tha.10.07 អដ្ឋកថា: sut.kn.tha.10.07_att PTS: ?

គោតមត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៧. (អបរ)-គោតមត្ថេរគាថា)

[២៤០] បុរស​គប្បី​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន គប្បី​រមិល​មើល​នូវ​ពាក្យ​ជា​ប្រធាន គឺ​សាសនា មួយ​ទៀត អំពើ​ណា របស់​កុលបុត្រ​អ្នក​ចូល​កាន់​ផ្នួស​ជា​សមណភាព ជា​អំពើ​មាន​សភាព​ដ៏​សម​គួរ ក្នុង​សាសនា​នេះ (បុគ្គល​គប្បី​រមិល​មើល​នូវ​អំពើ​នោះ​ផង)។ ក្នុង​សាសនា​នេះ (ការ​សេពគប់) នូវ​កល្យាណមិត្រ ១ ការ​សមាទាន​នូវ​សិក្ខា​ដ៏​ធំ​ទូលាយ ១ទ. ២៤ ការ​ប្រុង​ស្ដាប់ (នូវ​ឱវាទ) នៃ​គ្រូ​ទាំង​ឡាយ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ សេចក្តី​គោរព​ក្នុង​ព្រះ​ពុទ្ធ​ទាំង​ឡាយ ១ ការ​កោត​ក្រែង​ក្នុង​ព្រះ​ធម៌​គួរ​តាមពិត ១ ការ​កោត​ក្រែង​ក្នុង​ព្រះ​សង្ឃ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​ប្រកប​ក្នុង​អាចារៈ និង​គោចរៈ ១ មាន​អាជីវៈ​ដ៏​បរិសុទ្ធ ដែល​អ្នក​ប្រាជ្ញ​មិន​គប្បី​តិះ​ដៀល​បាន ១ ការ​តំកល់​ចិត្ត​ទុក​ដោយ​ប្រពៃ ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ចារិតសីល ឬ​វារិតសីល ១ សម្បជញ្ញៈ ដែល​អាស្រ័យ​នឹង​ឥរិយាបថ​ជា​ទី​នាំ​មក​នូវ​សេចក្តី​ជ្រះ​ថ្លា ១ ការ​ប្រកប​រឿយ ៗ ក្នុង​អធិចិត្ត ១ ទាំង ៣ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ សេនាសនៈ​តាំង​នៅ​ក្នុង​ព្រៃ​ស្ងាត់ មាន​សំឡេង​តិច ដែល​អ្នក​ប្រាជ្ញ​គប្បី​គប់​រក នេះ​ជា​ទី​សម​គួរ​ដល់​សមណៈ។ សីល ១ ភាព​ជា​ពហុស្សូត ១ ការ​ពិចារណា​នូវ​ធម៌​ទាំង​ឡាយ​គួរ​តាមពិត ១ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង​ឡាយ ១ ទាំង ៤ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​គប្បី​ចំរើន​នូវ​អនិច្ចសញ្ញា​ផង អនត្តសញ្ញា​ផង អសុភសញ្ញា​ផង អនភិរតិសញ្ញា​ក្នុង​លោក​នេះ​ផង ទាំង ៤ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ ភិក្ខុ​គប្បី​ចំរើន​នូវ​ពោជ្ឈង្គ​ទាំង​ឡាយ​ផង ឥទ្ធិបាទ​ទាំង​ឡាយ​ផង ឥន្ទ្រិយ និង​ពលៈ​ទាំង​ឡាយ​ផង អរិយមគ្គ​មាន​អង្គ ៨ ផង ទាំង ៥ យ៉ាង​នេះ ជា​អំពើ​សម​គួរ​ដល់​សមណៈ។ទ. ២៥ មុនី​គប្បី​លះ​បង់​នូវ​តណ្ហា គប្បី​ទំលុះ​ទំលាយ​នូវ​អាសវៈ​ទាំង​ឡាយ ព្រម​ទាំង​ឫសគល់ គប្បី​ជា​អ្នក​រួច​ស្រឡះ (ចាក​កិលេស​ទាំង​ពួង) ហើយ​​សម្រេច​សម្រាន្ត​នៅ នេះ​ជា​អំពើ​ដ៏​សម​គួរ​ដល់​សមណៈ។

គោតមត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ​ទាំង​ឡាយ ៧ អង្គ​នេះ គឺ​កាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បាន​ពោល) នូវ​គាថា​ទាំង​ឡាយ ៧០ ក្នុង​ទសកនិបាត​នេះ។

ចប់ ទសកនិបាត។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.10.07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann