km:tipitaka:sut:kn:tha:sut.kn.tha.12.01

សីលវត្ថេរគាថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn tha 12 01 បាលី cs-km: sut.kn.tha.12.01 អដ្ឋកថា: sut.kn.tha.12.01_att PTS: ?

សីលវត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. សីលវត្ថេរគាថា)

[២៤២] បុគ្គល​គប្បី​សិក្សា​នូវ​សីល ឲ្យ​ជា​សីល​ដែល​ខ្លួន​សិក្សា​ល្អ​ហើយ ក្នុង​លោក​នេះ ព្រោះ​ថា សីល​ដែល​បុគ្គល​សេព​ហើយ រមែង​បង្អោន​មក​នូវ​សម្បត្តិ​ទាំង​ពួង។ ជន​អ្នក​មាន​ប្រាជ្ញា កាល​ចង់​បាន​នូវ​សេចក្តី​សុខ ៣ យ៉ាង គឺ​សេចក្តី​សរសើរ ១ ការ​បាន​នូវ​សេចក្តី​ត្រេកអរ​មួយ ១ ការ​លះ​លោក​នេះ​ទៅ​ហើយ រីករាយ​ក្នុង​ឋានសួគ៌ ១ គប្បី​រក្សា​នូវ​សីល។ ពិត​ណាស់ បុគ្គល​អ្នក​មាន​សីល រមែង​បាន​នូវ​មិត្ត​ទាំង​ឡាយ​ច្រើន ដោយ​ការ​សង្រួម ចំណែក​បុគ្គល​ទ្រុស្ត​សីល កាល​ប្រព្រឹត្ត​អាក្រក់ រមែង​ឃ្លាត​ចាក​មិត្ត​ទាំង​ឡាយ។ ជន​ទ្រុស្ត​សីល រមែង​បាន​នូវ​ទោស​ផង នូវ​ដំណេះ​ដំណៀល​ផង ឯ​ជន​អ្នក​មាន​សីល រមែង​បាន​នូវ​គុណ​ផង នូវ​កិត្តិសព្ទ​ផង នូវ​សេចក្តី​សរសើរ​ផង សព្វ ៗ កាល។ សីល ជា​ខាង​ដើម ជា​ទី​តាំង ជា​មេ​នៃ​កល្យាណ​ធម៌ និង​ជា​ប្រធាន​នៃ​ធម៌​ទាំង​ពួង ព្រោះ​ហេតុ​នោះ បុគ្គល​គប្បី​ជម្រះ​សីល។ សីល​ជា​ច្រាំង ជា​ទំនប់ ជា​គ្រឿង​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ ទាំង​ជា​កំពង់​របស់​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ ព្រោះ​ហេតុ​នោះ បុគ្គល​គប្បី​ជម្រះ​នូវ​សីល។ សីល​ជា​កំឡាំង​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន សីល​ជា​អាវុធ​ដ៏​ឧត្តម សីល​ជា​គ្រឿង​អាភរណៈ​ដ៏​ប្រសើរ សីល​ជា​គ្រឿង​ក្រោះ​យ៉ាង​អស្ចារ្យ។ទ. ២៩ សីល​ជា​ស្ពាន​មាន​សក្តិ​ធំ សីល​ជា​គ្រឿង​ក្រអូប​ដ៏​ប្រសើរ សីល​ជា​គ្រឿង​លាប​ដ៏​ប្រសើរ តែង​បក់​ទៅ​សព្វ ៗ ទិស។ សីល​ជា​កញ្ចប់​បាយ​ដ៏​ប្រសើរ សីល​ជា​ស្បៀង​ដ៏​ឧត្តម សីល​ជា​វាហនៈ​ដ៏​ប្រសើរ សម្រាប់​ទៅ​កាន់​ទិស​ទាំង​ពួង។ បុគ្គល​ពាល មាន​ចិត្ត​អាក្រក់​ក្នុង​ទី​ទាំង​ពួង មិន​តាំង​មាំ​ក្នុង​សីល​ទាំង​ឡាយ រមែង​បាន​នូវ​សេចក្តី​និន្ទា​ក្នុង​លោក​នេះ​ផង លុះ​លះ​លោក​នេះ​ទៅ​ហើយ រមែង​មាន​ចិត្ត​ជា​ទុក្ខ​ក្នុង​អបាយ​ផង។ អ្នក​ប្រាជ្ញ​មាន​ចិត្ត​ល្អ ក្នុង​ទី​ទាំង​ពួង តាំង​មាំ​ក្នុង​សីល​ទាំង​ឡាយ រមែង​បាន​នូវ​កិត្តិសព្ទ​ក្នុង​លោក​នេះ​ផង លុះ​លះ​លោក​នេះ​ទៅ រមែង​មាន​ចិត្ត​រីករាយ​ក្នុង​ឋានសួគ៌​ផង។ សីល​ជា​កំពូល​ក្នុង​លោក​នេះ ចំណែក​បុគ្គល​មាន​ប្រាជ្ញា ក៏​ឧត្តម​ដែរ ជ័យជំនះ​ក្នុង​មនុស្ស​លោក និង​ទេវ​លោក ព្រោះ​សីល និង​បញ្ញា។

សីលវត្ថេរ។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.12.01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann