km:tipitaka:sut:kn:tha:sut.kn.tha.13.01

សោណកោឡិវិសត្ថេរគាថា

សង្ខេប

កាយគតាសតិ​មាន​តម្លៃ​ច្រើន​ជាង​ការ​ភ្ជាប់​ពាក្យ​ផ្សេងៗ។

sut kn tha 13 01 បាលី cs-km: sut.kn.tha.13.01 អដ្ឋកថា: sut.kn.tha.13.01_att PTS: ?

សោណកោឡិវិសត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. សោណកោឡិវិសត្ថេរគាថា)

[២៤៤] ព្រះ​សោណៈ​ណា ជា​អ្នក​ប្រសើរ ល្បី​ក្នុង​ដែន​អង្គៈ ព្រះ​សោណៈ​នោះ ជា​អ្នក​ប្រសើរ ក្នុង​ធម៌​ទាំង​ឡាយ បាន​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ ក្នុង​ថ្ងៃ​នេះ។ ភិក្ខុ​កាត់ នូវ​សំយោជនៈ (ខាងក្រោម) ៥​ផង លះ​បង់​នូវ​សំយោជនៈ (ខាងលើ) ៥​ផង ចំរើន​នូវ​ឥន្ទ្រិយ ៥ តទៅ​ទៀត​ផង ជា​អ្នក​កន្លង​នូវ​ធម៌ ជា​គ្រឿង​ជាប់​ចំពាក់ ៥ យ៉ាង​ផង ទើប​ហៅ​ថា អ្នក​ឆ្លង​នូវ​អន្លង់​បាន។ សីល សមាធិ និង​បញ្ញា នៃ​ភិក្ខុ​អ្នក​មាន​មានះ ដូច​បបុស ជា​អ្នក​ប្រមាទ មាន​សេចក្តី​ប្រាថ្នា​ខាង​ក្រៅ រមែង​មិនដល់​នូវ​ការ​ពេញ​លេញ​ឡើយ។ ព្រោះ​ថា អំពើ​ណា​ដែល​ត្រូវ​ធ្វើ អំពើ​នោះ ពួក​ភិក្ខុ​ណា​បោះ​បង់​ចោល ត្រឡប់​ធ្វើ​អំពើ​ដែល​មិន​ត្រូវ​ធ្វើ​វិញ អាសវៈ​ទាំង​ឡាយ នៃ​ពួក​ភិក្ខុ​ទាំង​នោះ ដែល​ជា​អ្នក​មាន​មានះ ដូច​បបុស ជា​អ្នក​ប្រមាទ រមែង​ចំរើន​ឡើង។ លុះ​តែ​កាយគតាសតិ ភិក្ខុ​ទាំង​ឡាយ​ណា ប្រារព្ធ​ល្អ​ជា​និច្ច ភិក្ខុ​ទាំង​ឡាយ​នោះ ជា​អ្នក​មាន​កិរិយា​ធ្វើ​រឿយ ៗ ក្នុង​អំពើ​ដែល​ត្រូវ​ធ្វើ មិន​សេព​នូវ​អំពើ ដែល​មិន​ត្រូវ​ធ្វើ អាសវៈ​ទាំង​ឡាយ នៃ​ភិក្ខុ​ទាំង​ឡាយ​មាន​ស្មារតី ជា​អ្នក​ដឹង​ខ្លួន រមែង​ដល់​នូវ​សេចក្តី​វិនាស​ទៅ។ ផ្លូវត្រង់ ព្រះ​សាស្តា​បាន​ប្រាប់​ហើយ អ្នក​ទាំង​ឡាយ ចូរ​ដើរ​ទៅ​ចុះ កុំ​ត្រឡប់​វិញ​ឡើយ កុលបុត្រ​គប្បី​ដាស់​តឿន​ខ្លួន​ដោយ​ខ្លួន​ឯង គប្បី (នាំ​ខ្លួន) ទៅ​កាន់​ព្រះ​និព្វាន។ទ. ៣៣ កាល​ខ្ញុំ​ប្រារព្ធ​សេចក្តី​ព្យាយាម​យ៉ាង​តឹង​រឹង ព្រះ​សាស្តា ជា​បុគ្គល​ប្រសើរ​ក្នុង​លោក ព្រះ​អង្គ​មាន​ចក្ខុ ទ្រង់​បាន​សំដែង​ធម៌ ធ្វើ​នូវ​សេចក្តី​ឧបមា​ដោយ​ពិណ។ ខ្ញុំ​បាន​ស្តាប់​ព្រះ​ពុទ្ធដីកា​នៃ​ព្រះ​មាន​ព្រះ​ភាគ​នោះ ក៏​ត្រេកអរ​​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​ញ៉ាំង​សមថៈ​ឲ្យ​សម្រេច ដើម្បី​បាន​នូវ​ប្រយោជន៍​ដ៏​ឧត្តម វិជ្ជា​ទាំង ៣ ខ្ញុំ​បាន​ដល់​ហើយ ដោយ​លំដាប់ ព្រះ​ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ព្រោះ​ឃើញ​នូវ​សេចក្តី​ស្ងាត់​របស់​ចិត្ត ដែល​បង្អោន​ទៅ​ក្នុង​ការ​ចេញ​ចាក​កាម​ផង នូវ​ការ​មិន​វង្វេង​ព្រម​របស់​ចិត្ត ដែល​បង្អោន​ទៅ​ក្នុង​ការ​មិន​ព្យាបាទ ទាំង​បង្អោន​ទៅ ក្នុង​ការ​អស់​ទៅ​នៃ​តណ្ហា ព្រោះ​ការ​អស់​ទៅ​នៃ​ឧបាទាន​ផង នូវ​ការ​កើត​ឡើង​នៃ​អាយតនៈ​ផង ចិត្ត​ក៏​រួច​ស្រឡះ​ដោយ​ប្រពៃ។ កាល​ភិក្ខុ​នោះ មាន​ចិត្ត​រួច​ដោយ​ប្រពៃ មាន​ចិត្ត​ស្ងប់​រម្ងាប់​ហើយ ការ​សន្សំ​កុសល ឬ​អកុសល ដែល​ធ្វើ​រួច​ហើយ មិន​មាន​ទេ កិច្ច​ដែល​ត្រូវ​ធ្វើ ក៏​មិន​មាន។ ភ្នំ​ថ្មតាន់​មួយដុំ មិន​រំភើប​ដោយ​ខ្យល់​យ៉ាង​ណា រូប រស សំឡេង ក្លិន សម្ផស្ស ទាំង​អស់​នេះ ទាំង​ពួក​ធម្មារម្មណ៍​ដែល​គួរ​ប្រាថ្នា និង​មិន​គួរ​ប្រាថ្នា ក៏​ញ៉ាំង​ចិត្ត​ភិក្ខុ ជាតា​ទិ​បុគ្គល ឲ្យ​ញាប់​ញ័រ​មិន​បាន យ៉ាង​នោះ​ដែរទ. ៣៤ ចិត្ត​ដែល​តាំង​នៅ​នឹង ទាំង​ប្រាស​ចាក​សំយោជនៈ រមែង​ឃើញច្បាស់ នូវ​ការ​សូន្យ​ទៅ​នៃ​អារម្មណ៍​នោះ។

សោណកោឡិវិសត្ថេរ។

ឧទ្ទាន

ព្រះ​សោណកោឡិវិសត្ថេរ តែម្នាក់​ឯង ជា​អ្នក​មាន​ឫទ្ធិច្រើន ពោល​នូវ​គាថា ១៣ ដែល​មក​ក្នុង​តេរសកនិបាត​នេះ។

ចប់ តេរសកនិបាត។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.13.01.txt · ពេលកែចុងក្រោយ: 2023/06/26 12:47 និពន្ឋដោយ Johann