User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:tha:sut.kn.tha.15

សោឡសកនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn tha 15 បាលី cs-km: sut.kn.tha.15 អដ្ឋកថា: sut.kn.tha.15_att PTS: ?

សោឡសកនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ៤០

(១៥. សោឡសកនិបាតោ)

អញ្ញាកោណ្ឌញ្ញត្ថេរគាថា

(១. អញ្ញាសិកោណ្ឌញ្ញត្ថេរគាថា)

[២៤៧] ខ្ញុំ​នេះ បាន​ស្តាប់​ធម៌​មាន​រស​ច្រើន ជ្រះ​ថ្លា​ក្រៃលែង វិរាគធម៌​ដែល​លោក​សំដែង​ហើយ មិន​កាន់​យក (ធម៌​ណា​មួយ) ដោយ​ប្រការ​ទាំង​ពួង។ អារម្មណ៍​ទាំង​ឡាយ​ច្រើន ដ៏​វិចិត្រ​ក្នុង​លោក លើ​មណ្ឌល​នៃ​ផែនដី​នេះ ទំនង​ជា​ញាំញី​នូវ​សេចក្តី​ត្រិះ​រិះ​ថា ល្អ ដែល​ប្រកប​ដោយ​រាគៈ។ អរិយសាវ័ក ពិចារណា​ឃើញ ដោយ​ប្រាជ្ញា​ក្នុង​កាល​ណា សេចក្តី​ត្រិះ​រិះ​ទាំង​ឡាយ ក៏​ស្ងប់​រម្ងាប់​ក្នុង​កាលណោះ ដូច​ជា​ភ្លៀង​រម្ងាប់​នូវ​ធូលី ដែល​ហុយ​ឡើង​ដោយ​ខ្យល់។ អរិយសាវ័ក ពិចារណា​ឃើញ​ដោយ​ប្រាជ្ញា​ថា សង្ខារ​ទាំង​ពួង​មិន​ទៀង ក្នុង​កាល​ណា រមែង​នឿយណាយ​ក្នុង​សេចក្តី​ទុក្ខ ក្នុង​កាល​ណោះ នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ។ អរិយសាវ័ក ពិចារណា​ឃើញ​ដោយ​ប្រាជ្ញា​ថា សង្ខារ​ទាំង​ពួង​ជា​ទុក្ខ ក្នុង​កាល​ណា រមែង​នឿយណាយ​ក្នុង​ទុក្ខ ក្នុង​កាលណោះ នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ។ អរិយសាវ័ក ពិចារណា​ឃើញ​ដោយប្រាជ្ញា​ថា ធម៌​ទាំង​ពួង មិន​មែន​ជា​របស់​ខ្លួន ក្នុង​កាល​ណា រមែង​នឿយណាយ​ក្នុង​ទុក្ខ ក្នុង​កាល​ណោះ នេះ​ជា​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធិ។ ព្រះ​ថេរៈ​ឈ្មោះ​កោណ្ឌញ្ញ ត្រាស់​ដឹង​តាម​ព្រះ​ពុទ្ធ ដែល​មាន​សេចក្តី​ព្យាយាម​ដ៏​ក្លៀវក្លា មាន​ជាតិ និង​មរណៈ លះ​បង់​ហើយ បរិបូណ៌​ដោយ​ព្រហ្មចរិយធម៌។ទ. ៤១ អន្ទាក់ គឺ​ឱឃៈ​ក្តី ចិត្ត​រឹង​រូស​ដ៏​មាំ​ក្តី មោហៈ​ដូច​ភ្នំ​ដែល​ទំលាយ​បាន​ដោយ​កម្រ​ក្តី ព្រះ​អញ្ញាកោណ្ឌញ្ញ​នោះ បាន​កាត់​នូវ​ចិត្ត​ដ៏​រឹង​រូស​ផង នូវ​អន្ទាក់ គឺ​ឱឃៈ​ផង នូវ​ភ្នំ គឺ​មោហៈ​ដែល​បុគ្គល​បំបែក​បាន​ដោយ​កម្រ​ផង បាន​ឆ្លង​ទៅ​ដល់​ត្រើយ ជា​អ្នក​មាន​ឈាន រួចចាក​ចំណង​នៃ​មារ។ ភិក្ខុ​អ្នក​មាន​ចិត្តរាយមាយ ឃ្លេងឃ្លោង អាស្រ័យ​នឹង​ពួក​បាបមិត្រ រមែង​ត្រូវ​រលក គឺ​ឧបាយ​នៃ​សេចក្តី​ក្រោធ​ជ្រមុច ហើយ​លិច​ចុះ​ក្នុង​អន្លង់​ធំ។ ឯ​ភិក្ខុ​មាន​ប្រាជ្ញា មាន​ចិត្ត​មិន​រាយមាយ មិន​ឃ្លេងឃ្លោង មាន​ប្រាជ្ញាល្អិត សង្រួមឥន្ទ្រិយល្អ មាន​កល្យាណមិត្រ តែង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន។ ជន​អ្នក​មាន​អវយវៈ​ប្រាកដស្មើ​ដោយ​ថ្នាំងវល្លិ៍ ស្គម រវីមរវាម​ដោយ​សរសៃ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​បាយ និងទឹក មាន​ចិត្តមិនរួញរា ត្រូវរបោម និង​មូស​ទាំង​ឡាយ ខាំ​ហើយ ក្នុង​ព្រៃតូច និងព្រៃធំ ជា​អ្នក​មាន​ស្មារតី គង់​អត់​ទ្រាំនៅ​ក្នុង​ព្រៃនោះ​បាន ដូចដំរី​ដ៏​ប្រសើរ (អត់​ទ្រាំ) ក្នុង​ប្រធាន​នៃសង្រ្គាម។ ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ មិន​ត្រេក​អរ​នឹង​ការ​រស់​នៅ ខ្ញុំ​រង់​ចាំ​តែ​កាល (បរិនិព្វាន​) ដូច​អ្នក​ធ្វើ​ការ​ឈ្នួលទន្ទឹង​តែ​អស់​ថ្ងៃ។ ខ្ញុំ​មិន​ត្រេកអរ​នឹង​សេចក្តី​ស្លាប់ មិន​ត្រេកអរ​នឹង​ការ​រស់​នៅ ខ្ញុំ​ជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតី រង់​ចាំ​តែបរិនិព្វាន​កាល។ ព្រះ​សាស្តា ខ្ញុំ​បាន​បម្រើ​ហើយ ព្រះ​ពុទ្ធសាសនា ខ្ញុំ​ក៏​បាន​ធ្វើ​ហើយទ. ៤២ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់​ចុះ​ហើយ តណ្ហាជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ដក​ចោល​ហើយ។ កុលបុត្រ​អ្នក​ចេញ​ចាក​ផ្ទះ ចូល​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ ខ្ញុំ​បាន​ដល់​ហើយ ខ្ញុំ​មាន​ប្រយោជន៍អ្វី ដោយ​សទ្ធិវិហារិក។

អញ្ញាកោណ្ឌញ្ញត្ថេរ។

ឧទាយិត្ថេរគាថា

(២. ឧទាយិត្ថេរគាថា)

[២៤៨] មនុស្ស​ទាំង​ឡាយ តែងនមស្ការ​នូវ​ព្រះ​សម្ពុទ្ធ ដែល​ទ្រង់​មាន​ព្រះ​ជាតិ ជា​មនុស្ស ទ្រង់​បាន​បង្វឹកព្រះ​អង្គត្រឹមត្រូវ ឥតមាន​ឆ្គង មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ទ្រង់​ប្រព្រឹត្ត​ក្នុង​គន្លង​ដ៏​ប្រសើរ ទ្រង់​ពេញ​ព្រះ​ទ័យ ចំពោះ​ឈានជា​គ្រឿង​ស្ងប់​ចិត្ត ព្រះ​អង្គ​បាន​ដល់​នូវ​ត្រើយ​នៃធម៌​ទាំង​ពួង ទ្រង់​ឆ្លងរំលងនូវ​សំយោជនៈ​ទាំង​ពួង​ហើយ ទ្រង់ (ចេញ​ផុត) ចាក​ព្រៃ គឺ​កិលេស ស្ដេចមក​ដល់​ព្រះ​និព្វាន​ហើយ ទ្រង់​ពេញ​ព្រះ​ទ័យ​ក្នុង​ការ​ចេញ​ចាក​កាម​ទាំង​ឡាយ ដូចមាសចេញ​ផុត​ចាក​ធាតុថ្ម​ហើយ ទោះបី​ពួក​ទេវតាក៏​នមស្ការ​ព្រះ​អង្គ​ដែរ ពាក្យ​ដូច្នេះ​នេះ ខ្ញុំ​ព្រះ​អង្គបាន​ស្ដាប់ (ក្នុង​សំណាក់) នៃ​ព្រះ​អរហន្ដ ឯ​ព្រះ​សម្ពុទ្ធ ទ្រង់​ព្រះ​នាម​ថា នាគនោះ​ឯង ព្រះ​អង្គ​រុងរឿង​ក្រៃពេក ដូចភ្នំ​ហិមពាន្ដ ដែល​រុងរឿងកន្លង​នូវ​ពួក​ភ្នំឯ​ទៀត ព្រះ​អង្គ​មាន​ព្រះ​នាម​ពិតប្រាកដ ប្រសើរ​បំផុត​ជាង​ជន​ទាំង​ពួង ដែល​មាន​នាម​ថា នាគដែរ ខ្ញុំ​នឹងថ្លែងនូវ​ពុទ្ធនាគដល់​អ្នក​ទាំង​ឡាយ ព្រះ​ពុទ្ធនាគនោះ មិន​ធ្វើ​នូវ​អំពើ​អាក្រក់​ឡើយ។ទ. ៤៣ សោរច្ចៈ និងអវិហឹសា ទាំង​ពីរ​នោះ ជាបាទា (ខាង​មុខ) របស់​ព្រះ​ពុទ្ធនាគ។ សតិ និងសម្បជញ្ញៈ​ទាំង​ពីរ​នោះ ជា​បាទា​ខាង​ក្រោយ​របស់​ព្រះ​ពុទ្ធនាគ។ ព្រះ​សម្ពុទ្ធ ជាមហានាគ ទ្រង់​មាន​សទ្ធាជាប្រមោយ មាន​ឧបេក្ខាជាភ្លុកស។ ព្រះ​ពុទ្ធនាគ​នោះ មាន​សតិជាក បញ្ញាជាសិរ​ប្រទេស គំនិតសម្រាប់​គិតគូធម៌ ជាចុង​ប្រមោយ ធម៌​ជា​ផ្ទៃ​សម្រាប់​ដាក់​នូវ​គ្រឿង​ចម្អែត វិវេកជាកន្ទុយ។ ព្រះ​ពុទ្ធនាគ​នោះ មាន​ឈាន ទ្រង់​រីក​រាយចំពោះ​ខ្យល់​ដកដង្ហើម គឺព្រះ​និព្វាន មាន​ព្រះ​ទ័យ​តាំង​មាំខាង​ក្នុង ព្រះ​ពុទ្ធនាគ កាល​បើទ្រង់​ស្ដេចយាត្រា ក៏​មាន​ព្រះ​ទ័យខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធនាគ​ទ្រង់​ឋិត ក៏​មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធនាគទ្រង់​ផ្ទំ ក៏​មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ទ្រង់​គង់ ក៏​មានព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធ​នាគ​ទ្រង់​សង្រួមរក្សាទ្វារ​ទាំង​អស់ នេះ​ជាសម្បទា​របស់​ព្រះ​ពុទ្ធ​នាគ។ ព្រះ​ពុទ្ធ​នាគ ទ្រង់​សោយ​តែភោជន​ដែល​ឥតទោស មិន​សោយនូវ​ភោជន ដែល​ប្រកប​ដោយ​ទោស (កាល​បើ) ទ្រង់​បាន​នូវ​ចង្ហាន់ និង​គ្រឿង​ស្លៀកដណ្ដប់ ទ្រង់​វៀរនូវ​ការ​សន្សំទុក ទ្រង់​កាត់​នូវ​សំយោជនៈ ដែល​ជាចំណង​តូចធំ​ទាំង​អស់ ហើយ​ទ្រង់​យាង​ទៅ​ណា ៗ ក៏ស្ដេច​ទៅ​ដោយ​ឥតមាន​ព្រះ​ទ័យ​អាឡោះ​អាល័យ។ ឈូកស ដុះចំរើន​ឡើង​ក្នុង​ទឹក មិន​ជាប់​ប្រឡាក់​ដោយ​ទឹក មាន​ក្លិន​ក្រអូប ជា​ទី​រីករាយចិត្ត យ៉ាង​ណា​មិញទ. ៤៤ ព្រះ​ពុទ្ធ ទ្រង់​កើត​ក្នុង​លោក គង់​នៅ​ក្នុង​លោក មិន​ប្រឡាក់​ដោយ​លោក ដូច​ជាឈូក មិន​ជាប់​ប្រឡាក់​ដោយ​ទឹកដូច្នោះឯង។ គំនរ​ភ្លើង​ធំ ដែល​ឆេះសន្ធោ មិន​មាន​ចំណី រមែង​រលត់ បើ​ទុក​ជា​រងើក​ទាំង​ឡាយ មាន​នៅ ក៏គេ​និយាយថា ភ្លើងរលត់​ហើយ។ ពាក្យ​ឧបមានេះ ជា​គ្រឿង​បញ្ជាក់​នូវ​សេចក្តី ដែល​ពួក​វិញ្ញូជន​បាន​សំដែង​ហើយ មហានាគ គឺព្រះ​ខីណាស្រព​ទាំង​ឡាយ គង់​ដឹង​ច្បាស់​នូវ​ព្រះ​ពុទ្ធនាគ ដែល​ខ្ញុំ​ជានាគ​សំដែងរួច​មក​ហើយនេះ ថា ព្រះ​ពុទ្ធនាគ ទ្រង់​ប្រាស​ចាក​រាគៈ ទោសៈ មោហៈ​ហើយ អស់​អាសវៈ​ហើយ លះ​បង់​សរីរៈ មិន​មាន​អាសវៈ នឹង​បរិនិព្វាន។

ឧទាយិត្ថេរ

ឧទ្ទាន មានក្នុង​សោឡសកនិបាតនោះ

ព្រះ​ថេរៈ​ពីរ​អង្គ អ្នកមានឫទ្ធិ​ច្រើននោះ គឺ​ព្រះ​កោណ្ឌញ្ញ ១ ព្រះឧទាយី ១ ពោល​នូវ​គាថា ៣២ ក្នុង​សោឡសកនិបាត។

ចប់ សោឡសកនិបាត។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.15.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann