km:tipitaka:sut:kn:tha:sut.kn.tha.15.02

ឧទាយិត្ថេរគាថា

សង្ខេប

កម្រង​វាចា របស់​ព្រះ​ឧទាយិ អំពី​នាគ​ដ៏​អស្ចារ្យ។

sut kn tha 15 02 បាលី cs-km: sut.kn.tha.15.02 អដ្ឋកថា: sut.kn.tha.15.02_att PTS: ?

ឧទាយិត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ឧទាយិត្ថេរគាថា)

[២៤៨] មនុស្ស​ទាំង​ឡាយ តែងនមស្ការ​នូវ​ព្រះ​សម្ពុទ្ធ ដែល​ទ្រង់​មាន​ព្រះ​ជាតិ ជា​មនុស្ស ទ្រង់​បាន​បង្វឹកព្រះ​អង្គត្រឹមត្រូវ ឥតមាន​ឆ្គង មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ទ្រង់​ប្រព្រឹត្ត​ក្នុង​គន្លង​ដ៏​ប្រសើរ ទ្រង់​ពេញ​ព្រះ​ទ័យ ចំពោះ​ឈានជា​គ្រឿង​ស្ងប់​ចិត្ត ព្រះ​អង្គ​បាន​ដល់​នូវ​ត្រើយ​នៃធម៌​ទាំង​ពួង ទ្រង់​ឆ្លងរំលងនូវ​សំយោជនៈ​ទាំង​ពួង​ហើយ ទ្រង់ (ចេញ​ផុត) ចាក​ព្រៃ គឺ​កិលេស ស្ដេចមក​ដល់​ព្រះ​និព្វាន​ហើយ ទ្រង់​ពេញ​ព្រះ​ទ័យ​ក្នុង​ការ​ចេញ​ចាក​កាម​ទាំង​ឡាយ ដូចមាសចេញ​ផុត​ចាក​ធាតុថ្ម​ហើយ ទោះបី​ពួក​ទេវតាក៏​នមស្ការ​ព្រះ​អង្គ​ដែរ ពាក្យ​ដូច្នេះ​នេះ ខ្ញុំ​ព្រះ​អង្គបាន​ស្ដាប់ (ក្នុង​សំណាក់) នៃ​ព្រះ​អរហន្ដ ឯ​ព្រះ​សម្ពុទ្ធ ទ្រង់​ព្រះ​នាម​ថា នាគនោះ​ឯង ព្រះ​អង្គ​រុងរឿង​ក្រៃពេក ដូចភ្នំ​ហិមពាន្ដ ដែល​រុងរឿងកន្លង​នូវ​ពួក​ភ្នំឯ​ទៀត ព្រះ​អង្គ​មាន​ព្រះ​នាម​ពិតប្រាកដ ប្រសើរ​បំផុត​ជាង​ជន​ទាំង​ពួង ដែល​មាន​នាម​ថា នាគដែរ ខ្ញុំ​នឹងថ្លែងនូវ​ពុទ្ធនាគដល់​អ្នក​ទាំង​ឡាយ ព្រះ​ពុទ្ធនាគនោះ មិន​ធ្វើ​នូវ​អំពើ​អាក្រក់​ឡើយ។ទ. ៤៣ សោរច្ចៈ និងអវិហឹសា ទាំង​ពីរ​នោះ ជាបាទា (ខាង​មុខ) របស់​ព្រះ​ពុទ្ធនាគ។ សតិ និងសម្បជញ្ញៈ​ទាំង​ពីរ​នោះ ជា​បាទា​ខាង​ក្រោយ​របស់​ព្រះ​ពុទ្ធនាគ។ ព្រះ​សម្ពុទ្ធ ជាមហានាគ ទ្រង់​មាន​សទ្ធាជាប្រមោយ មាន​ឧបេក្ខាជាភ្លុកស។ ព្រះ​ពុទ្ធនាគ​នោះ មាន​សតិជាក បញ្ញាជាសិរ​ប្រទេស គំនិតសម្រាប់​គិតគូធម៌ ជាចុង​ប្រមោយ ធម៌​ជា​ផ្ទៃ​សម្រាប់​ដាក់​នូវ​គ្រឿង​ចម្អែត វិវេកជាកន្ទុយ។ ព្រះ​ពុទ្ធនាគ​នោះ មាន​ឈាន ទ្រង់​រីក​រាយចំពោះ​ខ្យល់​ដកដង្ហើម គឺព្រះ​និព្វាន មាន​ព្រះ​ទ័យ​តាំង​មាំខាង​ក្នុង ព្រះ​ពុទ្ធនាគ កាល​បើទ្រង់​ស្ដេចយាត្រា ក៏​មាន​ព្រះ​ទ័យខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធនាគ​ទ្រង់​ឋិត ក៏​មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធនាគទ្រង់​ផ្ទំ ក៏​មាន​ព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ទ្រង់​គង់ ក៏​មានព្រះ​ទ័យ​ខ្ជាប់​ខ្ជួន ព្រះ​ពុទ្ធ​នាគ​ទ្រង់​សង្រួមរក្សាទ្វារ​ទាំង​អស់ នេះ​ជាសម្បទា​របស់​ព្រះ​ពុទ្ធ​នាគ។ ព្រះ​ពុទ្ធ​នាគ ទ្រង់​សោយ​តែភោជន​ដែល​ឥតទោស មិន​សោយនូវ​ភោជន ដែល​ប្រកប​ដោយ​ទោស (កាល​បើ) ទ្រង់​បាន​នូវ​ចង្ហាន់ និង​គ្រឿង​ស្លៀកដណ្ដប់ ទ្រង់​វៀរនូវ​ការ​សន្សំទុក ទ្រង់​កាត់​នូវ​សំយោជនៈ ដែល​ជាចំណង​តូចធំ​ទាំង​អស់ ហើយ​ទ្រង់​យាង​ទៅ​ណា ៗ ក៏ស្ដេច​ទៅ​ដោយ​ឥតមាន​ព្រះ​ទ័យ​អាឡោះ​អាល័យ។ ឈូកស ដុះចំរើន​ឡើង​ក្នុង​ទឹក មិន​ជាប់​ប្រឡាក់​ដោយ​ទឹក មាន​ក្លិន​ក្រអូប ជា​ទី​រីករាយចិត្ត យ៉ាង​ណា​មិញទ. ៤៤ ព្រះ​ពុទ្ធ ទ្រង់​កើត​ក្នុង​លោក គង់​នៅ​ក្នុង​លោក មិន​ប្រឡាក់​ដោយ​លោក ដូច​ជាឈូក មិន​ជាប់​ប្រឡាក់​ដោយ​ទឹកដូច្នោះឯង។ គំនរ​ភ្លើង​ធំ ដែល​ឆេះសន្ធោ មិន​មាន​ចំណី រមែង​រលត់ បើ​ទុក​ជា​រងើក​ទាំង​ឡាយ មាន​នៅ ក៏គេ​និយាយថា ភ្លើងរលត់​ហើយ។ ពាក្យ​ឧបមានេះ ជា​គ្រឿង​បញ្ជាក់​នូវ​សេចក្តី ដែល​ពួក​វិញ្ញូជន​បាន​សំដែង​ហើយ មហានាគ គឺព្រះ​ខីណាស្រព​ទាំង​ឡាយ គង់​ដឹង​ច្បាស់​នូវ​ព្រះ​ពុទ្ធនាគ ដែល​ខ្ញុំ​ជានាគ​សំដែងរួច​មក​ហើយនេះ ថា ព្រះ​ពុទ្ធនាគ ទ្រង់​ប្រាស​ចាក​រាគៈ ទោសៈ មោហៈ​ហើយ អស់​អាសវៈ​ហើយ លះ​បង់​សរីរៈ មិន​មាន​អាសវៈ នឹង​បរិនិព្វាន។

ឧទាយិត្ថេរ

ឧទ្ទាន មានក្នុង​សោឡសកនិបាតនោះ

ព្រះ​ថេរៈ​ពីរ​អង្គ អ្នកមានឫទ្ធិ​ច្រើននោះ គឺ​ព្រះ​កោណ្ឌញ្ញ ១ ព្រះឧទាយី ១ ពោល​នូវ​គាថា ៣២ ក្នុង​សោឡសកនិបាត។

ចប់ សោឡសកនិបាត។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.15.02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann