User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:tha:sut.kn.tha.16

វីសតិនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn tha 16 បាលី cs-km: sut.kn.tha.16 អដ្ឋកថា: sut.kn.tha.16_att PTS: ?

វីសតិនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ៤៥

(១៦. វីសតិនិបាតោ)

អធិមុត្តត្ថេរគាថា

(១. អធិមុត្តត្ថេរគាថា)

[២៤៩] (ចោរពោលថា) ក្នុង​កាល​មុន យើង​ខ្ញុំ​ទាំង​ឡាយ សម្លាប់​សត្វ​ពួក​ណា ដើម្បី​យញ្ញ ឬដើម្បី​ទ្រព្យ ភ័យក៏កើតមាន (ដល់​សត្វពួក​នោះ) ឥតមាន​សេស​សល់ សត្វ​ទាំង​នោះ រមែង​ញាប់​ញ័រផង សោកសៅផង។ សេចក្តី​ភិតភ័យ​នៃ​លោក​មិន​មាន ទាំង​សម្បុរ (មុខលោក) ក៏ស្រស់​បស់​ក្រៃពេក ហេតុអ្វីក៏លោក​មិនខ្សឹកខ្សួល ព្រោះភ័យ​ធំ មាន​សភាព​យ៉ាង​នេះ។

(ព្រះ​អធិមុត្តត្ថេរ​ពោលថា) ម្នាលចោរជាធំ សេចក្តី​ទុក្ខប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​នៃ​បុគ្គល​អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ មិន​មាន​ទេ បុគ្គល​អ្នក​មាន​សំយោជនៈ​អស់​ហើយ បាន​​កន្លងផុតនូវ​ភ័យ​ទាំង​ពួង។ កាល​បើតណ្ហា ជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព ក្នុង​បច្ចុប្បន្ន​អស់​ហើយ ដោយ​ហេតុ​ណា​មួយ ភ័យចំពោះ​សេចក្តី​ស្លាប់ ក៏​មិន​មាន​ឡើយ ដូចការ​មិន​មាន​ភ័យ ក្នុង​កិរិយាដាក់​ចុះនូវ​ភារៈ​ចេញ (អំពីក្បាល)។ ព្រហ្មចរិយធម៌ អាត្មា​បាន​សន្សំ​ល្អ​ហើយ ទាំង​មគ្គ អាត្មា​ក៏​បាន​ចំរើន​ល្អ​ហើយ ភ័យចំពោះ​សេចក្តី​ស្លាប់​នៃអាត្មា​មិន​មាន​ទេ ដូចការ​មិន​មាន​ភ័យ​ក្នុង​កិរិយាអស់​ទៅ​នៃរោគ​ទាំង​ឡាយ។ ព្រហ្មចរិយធម៌ អាត្មា​បាន​សន្សំ​ល្អ​ហើយ ទាំង​មគ្គ អាត្មា​ក៏​បាន​ចំរើន​ល្អ​ហើយ ភព​ទាំង​ឡាយ ដែល​មិន​មាន​សេចក្តី​ត្រេកអរ អាត្មា​ក៏​បាន​ឃើញ​ហើយ ដូច​បុគ្គល​ផឹកនូវ​ថ្នាំពិស ហើយខ្ជាក់​ចោលវិញ។ទ. ៤៦ បុគ្គល​អ្នក​ដល់​នូវ​ត្រើយ គឺព្រះ​និព្វាន មិន​មាន​សេចក្តី​ប្រកាន់ មាន​សោឡស​កិច្ច​ធ្វើ​ហើយ មិន​មាន​អាសវៈ រមែង​ជា​អ្នក​ត្រេកអរ ក្នុង​កិរិយា​អស់​ទៅ​នៃអាយុ ដូច​បុគ្គល​រួច​ហើយចាក​ការ​សម្លាប់។ បុគ្គល​បាន​ដល់​នូវ​ធម៌​ដ៏​ឧត្តម ជា​អ្នក​មិន​ត្រូវការ​ក្នុង​លោក​ទាំង​អស់ រមែង​មិន​សោកសៅ​ព្រោះ​សេចក្តី​ស្លាប់ ដូច​បុគ្គល​ស្ទុះផុត​ចាក​ផ្ទះ​ដែល​ភ្លើងឆេះ។ ការ​ជួបជុំ​ដោយ​សត្វ និងសង្ខារឯណានីមួយក្តី ការ​កើតមាន​ក្នុង​ពួក​សត្វឯណាក្តី ទាំង​អស់​នុ៎ះ មិន​មែន​ជាធំឡើយ ពាក្យ​នេះ ព្រះ​សម្មា​សម្ពុទ្ធ អ្នក​ស្វែង​រក​នូវ​គុណធំ បាន​សំដែង​ហើយ។ បុគ្គល​ណា បាន​ដឹង​ច្បាស់​នូវ​ព្រះ​ពុទ្ធដីកា តាម​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ហើយ​នោះ បុគ្គល​នោះ មិន​ប្រកាន់​នូវ​ភព​នីមួយឡើយ ដូចបុរសមិន​កាន់​ដុំដែក​ដែល​ក្ដៅសព្វ។ អាត្មា​មិន​មាន​សេចក្តី​ត្រិះ​រិះ​ថា ខ្លួន​អញ​បាន​មាន​ហើយទេ អាត្មា​មិន​មាន​គិតថា ខ្លួន​អញ​នឹង​មាន​តទៅ​ទេ (ព្រោះ​ថា) សង្ខារ​ទាំង​ឡាយ ទៀង​តែវិនាស​ទៅ​វិញ ហេតុ​នោះ សេចក្តី​ខ្សឹកខ្សួល​ក្នុង​សង្ខារ​ទាំង​នោះ ដូច​ម្ដេច​កើត។ ម្នាល​ចោរ​ជាធំ បុគ្គល​ដែល​ឃើញ​ច្បាស់​តាម​សេចក្តី​ពិត​នូវ​ការ​ប្រជុំកើត​នៃធម៌​ដ៏​បរិសុទ្ធ និងតំណ​នៃសង្ខារ​ដ៏​បរិសុទ្ធ ភ័យមិន​មាន​ឡើយ។ បុគ្គល​ដែល​ឃើញ​ច្បាស់​ដោយ​បញ្ញា​នូវ​លោក ប្រាកដ​ស្មើ​ដោយ​ស្មៅ និង​កំណាត់​ឈើ ក្នុង​កាល​ណាទ. ៤៧ ក្នុង​កាល​នោះ បុគ្គល​នោះ ក៏​មិន​បាន​នូវ​សេចក្តី​ប្រកាន់​ថា របស់​អញ រមែង​មិន​សោកសៅ​ថា ភ័យមិន​មាន​ដល់​អាត្មាឡើយ។ អាត្មាធុញ​ទ្រាន់​នឹង​សរីរៈ ជា​អ្នក​មិន​ត្រូវការ​ដោយ​ភព ព្រោះ​ថាកាយ​នេះ នឹងបែក​ធ្លាយទៅ ទាំង​កាយ​ដទៃ​ទៀត ក៏​នឹងមិន​មាន​ដែរ។ កិច្ចណាដោយ​សរីរៈ មាន​ដល់​ពួក​អ្នក ពួក​អ្នក​ប្រាថ្នា​នូវ​កិច្ច​ណា ចូរធ្វើ​នូវ​កិច្ច​នោះ​ចុះ សេចក្តី​ទោមនស្សក្តី សេចក្តី​ស្រឡាញ់​ក្តី​នៃអាត្មា នឹងមិន​មាន​ក្នុង​អំពើ​ទាំង​នោះ ព្រោះ​បច្ច័យ​នៃកិច្ចនោះ។

ពួក​ចោរ បាន​ស្ដាប់​ពាក្យ​នៃ​ព្រះ​អធិមុត្តត្ថេរ​នោះ ជា​ពាក្យ​ចម្លែកអស្ចារ្យ គួរ​ឲ្យ​ព្រឺរោម ហើយក៏ទម្លាក់​ចោល​នូវ​គ្រឿង​សាស្រ្ដា​ទាំង​ឡាយ បាន​ពោលពាក្យ​នេះ​ថា បពិត្រ​លោក​ដ៏​ចំរើន លោកបាន​ធ្វើ​តបោកម្ម​ដូចម្ដេច ឬ​អ្នក​ណាជា​អាចារ្យ​របស់​លោក សេចក្តី​មិន​សោកសៅ លោក​បាន​ព្រោះ​អាស្រ័យពាក្យ​ប្រដៅ​របស់​អ្នក​ណា។

ព្រះ​ថេរៈ​ឆ្លើយថា ព្រះ​ជិនស្រី ព្រះ​អង្គជាសព្វញ្ញូ ទ្រង់​ឃើញ​នូវ​ធម៌​ទាំង​ពួង ជា​សាស្ដា​ប្រកប​ដោយ​ករុណា​ដ៏​ធំ ទ្រង់​រក្សានូវ​សត្វលោក​ទាំង​អស់ ជាអាចារ្យ​របស់​អាត្មា។ ព្រះ​ធម៌​នេះ ជា​ធម៌ដល់​នូវ​កិរិយាអស់​ទៅ​នៃកិលេស ជា​ធម៌​ដ៏​ប្រសើរ ព្រះ​ជិនស្រី​នោះ បាន​សំដែង​ហើយ សេចក្តី​មិន​សោកសៅ ដែល​អាត្មា​បាន​ព្រោះ​អាស្រ័យនូវ​ធម៌​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ជិនស្រីនោះ។ទ. ៤៨

ចោរ​ទាំង​ឡាយ បាន​ស្ដាប់​នូវ​សុភាសិត​នៃឥសី (អធិមុត្តត្ថេរ) ក៏ទម្លាក់​ចោល​នូវ​គ្រឿង​សស្រ្តា​ទាំង​ឡាយ​ផង នូវ​អាវុធ​ទាំង​ឡាយ​ផង ពួក​ខ្លះ​ក៏វៀរចាក​ចោរកម្មនោះ ពួក​ខ្លះ​ក៏ពេញ​ចិត្ត​នឹងបព្វជ្ជា។ ចោរ​ទាំង​នោះ ក៏ចូល​ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះ​សុគត ចំរើន​នូវ​ពោជ្ឈង្គ និង​ពលៈ​ទាំង​ឡាយ ជាបណ្ឌិត មាន​ចិត្ត​ខ្ពស់​ឡើង មាន​ចិត្ត​ល្អ មាន​ឥន្រ្ទិយចំរើន​ហើយ ក៏​បាន​ពាល់​ត្រូវនូវ​និព្វាន​បទ ជា​អសង្ខតធម៌។

អធិមុត្តត្ថេរ។

បារាសរិយត្ថេរគាថា

(២. បារាបរិយត្ថេរគាថា)

[២៥០] ភិក្ខុឈ្មោះ​បារាសរិយៈ ជា​សមណៈ អង្គុយ​តែម្នាក់​ឯង ជា​អ្នក​ស្ងប់​ស្ងាត់ ចំរើន​ឈាន មាន​គំនិតថា បុរស​គប្បី​ប្រតិបត្តិ​ដោយ​លំដាប់​ដូចម្ដេច គប្បី​ប្រព្រឹត្តនូវ​វត្ត​ដូចម្ដេច នូវ​សមាចារៈ​ដូចម្តេច ទើបឈ្មោះថា ជា​អ្នក​ធ្វើ​នូវ​កិច្ច​របស់​ខ្លួន ទាំង​មិនបៀត​បៀន​នូវ​អ្វីណា​មួយ។ ឥន្រ្ទិយ​ទាំង​ឡាយ​របស់​ពួក​មនុស្ស មាន​ដើម្បី​ជា​ប្រយោជន៍​ផង មិន​ជា​ប្រយោជន៍​ផង ឥន្ទ្រិយ​ទាំង​ឡាយ​ដែល​គេ​មិន​រក្សា ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ ដែល​គេ​រក្សា​ហើយ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍។ បុគ្គល​កាល​រក្សា​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ​ផង គ្រប់​គ្រង​នូវឥន្ទ្រិយ​ទាំង​ឡាយ​ផង ឈ្មោះ​ថា ជា​អ្នក​ធ្វើ​នូវ​កិច្ច​របស់​ខ្លួន ទាំង​មិន​បៀត​បៀន​នូវអ្វី​ណា​មួយ។ទ. ៤៩ បើ​បុគ្គល​ណា មិន​ឃាត់​នូវ​ចក្ខុន្រ្ទិយ​ដែល​ប្រព្រឹត្ត​ទៅ ក្នុង​រូប​ទាំង​ឡាយ ជា​អ្នក​មិន​ឃើញ​នូវ​ទោស​ទេ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខឡើយ។ មួយ​ទៀត បុគ្គល​ណា មិន​ឃាត់​នូវ​សោតិន្ទ្រិយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​សំឡេង​ទាំង​ឡាយ ជា​អ្នក​មិន​ឃើញ​នូវ​ទោស​ទេ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខឡើយ។ បើ​បុគ្គល​ណា មិន​ឃើញ​នូវ​ការ​រលាស់​ចេញ ជា​អ្នក​ជ្រប់​នៅ​ក្នុង​ក្លិន​ទាំង​ឡាយ ហើយ​សេព​ចំពោះ​នូវ​ក្លិន​ទាំង​ឡាយ បុគ្គល​នោះ មិន​រួច​ចាក​ទុក្ខទេ។ បុគ្គល​ណា រលឹករឿយ ៗ នូវ​រស​ជូរ និង​ចំណែក​នៃរសផ្អែមផង នូវ​ចំណែក​នៃរសល្វីងផង ជា​អ្នក​ជាប់​នៅ​ក្នុង​រសតណ្ហា បុគ្គល​នោះ រមែង​មិន​ដឹង​ច្បាស់​នូវ​បេះដូង​នៃសាសនា។ បុគ្គល​កាលរលឹករឿយ ៗ នូវ​ផោដ្ឋព្វៈ​ទាំង​ឡាយ​ដែល​ស្អាត មិន​គួរ​ខ្ពើម ជា​អ្នក​ត្រេកអរ (ក្នុង​ផ្សព្វនោះ​) រមែង​បាន​នូវ​សេចក្តី​ទុក្ខផ្សេង ៗ ដែល​មាន​រាគៈ​ជាហេតុ។ បុគ្គល​ណា មិន​អាចរក្សានូវ​ចិត្ត ដោយ​ធម៌​ទាំង​ឡាយ​នេះ ព្រោះ​ហេតុ​តែមិន​បាន​រក្សានោះ​ឯង ទុក្ខ​រមែង​ជាប់​តាមបុគ្គល​នោះ ដោយ​ខ្សែ​ទាំង​ពួង មាន​ប្រមាណ ៥ គឺ​អារម្មណ៍​ទាំង ៥។ សរីរៈ​នេះ ពេញ​ដោយ​ខ្ទុះ និង​ឈាមផង ពេញ​ដោយ​សាក​សព​ដ៏​ច្រើន​ផង ដូចស្មុគ្រ​ដែល​បុគ្គល​មាន​ព្យាយាម ធ្វើ​ឲ្យ​រលីង វិចិត្រ​ហើយ។ទ. ៥០ បុគ្គល​រមែង​មិន​ដឹង​នូវ​សេចក្តី​ទុក្ខ​ក្តៅ​ក្រហាយ តែ​មាន​រស​ផ្អែម​ឆ្ងាញ់​ពិសា ដែល​មាន​សេចក្តី​ស្រឡាញ់​ជាចំណង ដូច​កាំបិតកោរ ដែល​គេ​លាបប្រឡាក់​ដោយ​ទឹក​ឃ្មុំ។ បុគ្គល​អ្នក​ត្រេកអរ​ក្រៃពេក ក្នុង​រូបស្រ្តី​ផង ក្នុង​រស​នៃស្រ្តីផង ក្នុង​ការ​ប៉ះ​ពាល់​នូវ​កាយ​នៃស្រ្តីផង ក្នុង​ក្លិន​នៃស្រីផង រមែង​បាន​នូវ​សេចក្តី​ទុក្ខផ្សេង ៗ។ ខ្សែ​នៃ​តណ្ហា​ទាំង ៥ របស់​ស្រ្តី​ទាំង​អស់ រមែង​ហូរ​ទៅ​ក្នុង​ទ្វារ​នៃ​បុរស​ទាំង ៥ ដែរ បុគ្គល​ណា មាន​ការ​ព្យាយាម អាចធ្វើ​នូវ​ការ​បិទរាំងនូវ​ខ្សែតណ្ហា​ទាំង​នោះ (មិនឲ្យ​កើត​ឡើងបាន) បុគ្គល​នោះ ឈ្មោះ​ថា ជា​អ្នក​មាន​ប្រយោជន៍ ជា​អ្នក​ឋិត​នៅ​ក្នុង​ធម៌ ជា​អ្នក​ឈ្លាសវៃ ជា​អ្នក​មាន​បញ្ញាជា​គ្រឿង​ពិចារណា បុគ្គល​នោះ គប្បី​ត្រេកអរ ធ្វើ​នូវ​កិច្ចប្រកប​ដោយ​ធម៌ និងអត្ថ។ ម៉្យាងទៀត កិច្ច​ដែល​ប្រកប​ដោយ​សេចក្តី​ត្រេកអរ រមែង​លិច​ចុះ បុគ្គល​គប្បី​វៀរនូវ​កិច្ច​ដែល​មិន​មាន​ប្រយោជន៍ អ្នក​ប្រាជ្ញ​មិន​មាន​សេចក្តី​ប្រមាទ តែងសំគាល់​នូវ​កិច្ចនោះ​ថា ជា​អំពើ​មិន​គួរ​ធ្វើ។ មួយ​ទៀត កិច្ចណា ប្រកប​ដោយ​ប្រយោជន៍ក្តី សេចក្តី​ត្រេកអរ​ណា ប្រព្រឹត្ត​ទៅ​ក្នុង​ធម៌ក្តី បុគ្គល​គប្បី​ប្រព្រឹត្តកាន់​យក​នូវ​ប្រយោជន៍ និង​សេចក្តី​ត្រេកអរនោះ ព្រោះ​ថា សេចក្តី​ត្រេកអរនោះ ជាគុណជាតិ​ដ៏​ឧត្តម។ បុគ្គល​ណា​សម្លាប់ វាយ ឬធ្វើ​ឲ្យ​អ្នក​ដទៃសោក​សៅ ហើយប្លន់​ដណ្ដើម (យក​ទ្រព្យ) នៃ​ពួក​ជន​ដទៃ ដោយ​ការ​កំហែង បុគ្គល​នោះ រមែង​នាំទៅ​នូវ​ទ្រព្យជា​របស់​ពួក​ជន​ដទៃ ដោយ​ឧបាយ​ទាំង​តូច​ទាំង​ធំបាន។ទ. ៥១ ជន​អ្នក​មាន​កំឡាំង កាលចាំងឈើ រមែង​នាំចេញ​នូវ​ដែកគោល ដោយ​ដែកគោល យ៉ាង​ណា​មិញ ពួក​ជន​អ្នក​ឈ្លាស រមែង​រម្ងាប់​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ ដោយ​ឥន្ទ្រិយ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ។ បុគ្គល​ណា ចំរើន​នូវ​សទ្ធា វីរិយៈ សមាធិ សតិ និង​បញ្ញា សម្លាប់​នូវ​ឥន្ទ្រិយ ៥ (មាន​ចក្ខុន្ទ្រិយជាដើម) ដោយ​ឥន្ទ្រិយ ៥ បុគ្គល​នោះ ឈ្មោះ​ថាព្រាហ្មណ៍ ជា​អ្នក​មិន​មាន​ទុក្ខ​ប្រព្រឹត្ត​ទៅ។ បុគ្គល​ណា ធ្វើ​តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ ដោយ​សព្វគ្រប់ បុគ្គល​នោះ ឈ្មោះ​ថា​ជា​អ្នក​មាន​ប្រយោជន៍ ជា​អ្នក​តាំង​នៅ​ក្នុង​ធម៌ នរ​ជន​នោះ តែងដល់​នូវ​សេចក្តី​សុខ។

បារាសរិយត្ថេរ។

តេលុកានិត្ថេរគាថា

(៣. តេលកានិត្ថេរគាថា)

[២៥១] ខ្ញុំ​មានព្យាយាម ជា​គ្រឿង​ដុត​កំដៅនូវ​កិលេស កាលគិត​រក​នូវ​ធម៌ អស់​កាល​មាន​រាត្រី​ដ៏យូរណាស់ តែមិន​បាន​នូវ​ការ​ស្ងប់​រម្ងាប់​នៃ​ចិត្ត ទើបសួរនូវ​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ​ថា បុគ្គល​ណាសោត ដែល​បាន​ដល់​នូវត្រើយ​ក្នុង​លោក អ្នក​ណា​ដែល​បាន​ដល់​នូវ​ព្រះ​និព្វាន​ឈ្មោះ​អមតៈ ខ្ញុំ​នឹងប្រតិបត្តិនូវ​ធម៌ ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ដ៏​ឧត្តម​របស់​សមណព្រាហ្មណ៍ណា។ ខ្ញុំ​លុះ​ក្នុង​កិលេស​ជា​គ្រឿង​វៀច​ខាង​ក្នុង ដូចត្រីស៊ីនុយ ឬ​ដូចអសុរឈ្មោះ​វេបចិត្តិ​ជាប់​ចំណង​ព្រះ​ឥន្រ្ទ។ទ. ៥២ ខ្ញុំ​ទាញដកអន្ទាក់ គឺ​កិលេស​នោះ តែមិនរួច​ចាក​សេចក្តី​សោក និង​ការ​ខ្សឹកខ្សួល​នេះ​ទេ អ្នក​ណា​អាច​ស្រាយ​នូវ​ចំណង​នៃ​ខ្ញុំ ក្នុង​លោក រួច​ប្រាប់​នូវ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹងដល់​ខ្ញុំ​បាន។ ខ្ញុំ (គប្បី​បាន​) នូវ​សមណៈ ឬព្រាហ្មណ៍ណា ដែល​អាច​ប្រាប់​ធម៌ ជា​គ្រឿង​កំចាត់​បង់​កិលេសបាន ខ្ញុំ​នឹងទទួលនូវ​ធម៌​ជា​គ្រឿង​បន្សាត់​បង់​នូវ​ជរា និងមច្ចុ អំពី​សំណាក់​នៃបុគ្គល​ណា។ (សរ គឺទិដ្ឋិណា) ដែល​មាន​និស្ស័យ​ជាប់​ក្នុង​ទ្រូង អាច​ទំលាយយ៉ាង​ខ្លាំង ហើយ​ឋិត​នៅ​ក្នុង​ហឫទ័យ អ្នក​ចូរមើល​នូវ​សរ គឺទិដិ្ឋនោះ ដែល​ធ្លាក់​ចុះ​ក្នុង​សេចក្តី​សង្ស័យ និង​សេចក្តី​ងឿងឆ្ងល់ ប្រកប​ដោយ​កម្លាំង​នៃ​សេចក្តី​ប្រណាំងប្រជែង មាន​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត ដែល​ផ្សំ​ដោយ​សេចក្តី​ក្រោធ មាន​តណ្ហាជា​គ្រឿង​ទំលាយ កើតព្រម​អំពីធ្នូ គឺ​តណ្ហា មាន​ប្រភេទ ១៥ ពី​រដង។1) ការ​ដែល​មិន​បាន​លះ​បង់​នូវ​ទិដិ្ឋបន្ទាប់​បន្សំ​ទាំង​ឡាយ ត្រូវសរ គឺ​សេចក្តី​ត្រិះ​រិះ​ខុស ឲ្យ​ក្លាហាន​ហើយ អាត្មា​អញ​ឈ្មោះ​ថា ត្រូវសរ គឺទិដិ្ឋនោះ​មុត​ហើយ រមែង​ញាប់​ញ័រ​ដូច​ស្លឹកឈើ​ដែល​ត្រូវខ្យល់​បក់​ដូច្នោះ។ កាយប្រកប​ដោយ​ផស្សាយតនៈ ៦ តាំងឡើង​ក្នុង​សន្តាន​របស់​អាត្មា​អញ ហើយក៏ដុត​យ៉ាង​ឆាប់​នូវ​អត្តភាព ដែល​គេ​រាប់​ថា ជា​របស់​នៃខ្លួន (កាយនោះ​) កើត​ឡើង​ក្នុង​ភពណា ក៏ប្រព្រឹត្ត​ទៅ​ក្នុង​ភពនោះ​សព្វកាល។ទ. ៥៣ អាត្មា​អញ រកមិន​ឃើញ​នូវ​ពេទ្យ ដែល​គប្បី​ដកឡើង​នូវ​សរ គឺ​សេចក្តី​សង្ស័យនោះ របស់​អាត្មា​អញ ដោយ​ដង្កាប់​សម្រាប់​ដកផ្សេង ៗ ឬ​ដោយ​កាំបិត មិន​មែន​ដោយ​មន្ដដទៃឡើយ។ បុគ្គល​ណាហ្ន៎ មិន​មាន​កាំបិត (កាត់) នូវ​សរ មិន​ឲ្យ​មាន​ដំបៅដល់​អាត្មា​អញ មិន​បាន​បៀត​បៀន​នូវ​ខ្លួន​ទាំង​មូល ហើយដកនូវ​សរ គឺ​កិលេស ដែល​អាស្រ័យនូវ​ហឫទ័យ​របស់​អាត្មា​អញ​បាន។ ព្រោះ​ថា កាល​បើអាត្មា​អញ ធ្លាក់​ចុះ​ក្នុង​សង្សារ​ដ៏ជ្រៅ​ហើយ (បុគ្គល​ណា) គប្បី​បង្ហាញនូវ​ដៃ ដែល​ញ៉ាំង​អាត្មា​អញឲ្យ​ដល់​ទីគោក គឺព្រះ​និព្វាន​បាន បុគ្គល​នោះ ឈ្មោះ​ថា​ជាធំ ហេតុធម៌ ជា​អ្នក​ប្រសើរ ជា​អ្នក​បន្សាត់​បង់​នូវ​ពិស គឺទោសៈ។ អាត្មា​អញ ជា​អ្នក​លិច​ចុះ​ក្នុង​អន្លង់ គឺសង្សារវដ្ដ មាន​ធូលី គឺ​កិលេសនៅខាង​ក្នុង ដែល​គេ​មិនអាច​នឹង​នាំចេញ​បាន ជា​ទីផ្សាយ​ទៅ​ដោយ​មាយា ដោយ​សេចក្តី​ច្រណែន ដោយ​ការ​ប្រណាំងប្រជែង និងថីនមិទ្ធៈ។ សេចក្តី​ត្រិះ​រិះ​ទាំង​ឡាយ ដែល​អាស្រ័យនូវ​រាគៈ បា្រកដ​ស្មើ​ដោយ​ទឹក​ដែល​ហូរ​ទៅ តែងបន្សាត់​ទៅ​នូវ​បុគ្គល​អ្នក​មាន​ទិដ្ឋិអាក្រក់ ដែល​មាន​ឧទ្ធច្ចៈ​ជា​មេឃ​គ្រហឹម មាន​សំយោជនៈ​ជាភ្លៀង។ ខ្សែតណ្ហា រមែង​ហូរទៅ​​ក្នុង​អារម្មណ៍​ទាំង​ពួង តណ្ហា​ដូច​ជាវល្លិ៍ រមែង​ដុះបែកខ្នែង តើបុគ្គល​ណា ឃាត់​នូវ​ខ្សែ​តណ្ហា​នោះ​បាន ចុះ​បុគ្គល​ណាកាត់​ផ្ដាច់​នូវ​តណ្ហា ដូច​ជាវល្លិ៍នោះ​បាន។ទ. ៥៤ បពិត្រ​អ្នក​ទាំង​ឡាយ​ដ៏​ចំរើន អ្នក​ទាំង​ឡាយ ចូរធ្វើ​នូវ​ទំនប់ ជា​គ្រឿង​ទប់​នូវ​ខ្សែតណ្ហា​ទាំង​ឡាយ។ ខ្សែ​តណ្ហា ដែល​សម្រេច​អំពីចិត្ត កុំគប្បី​ញ៉ាំង​អ្នក​ឲ្យ​វិនាស​ដោយ​រហ័ស ដូច​ជាខ្សែទឹក (ច្រោះ) នូវ​ដើមឈើ (ឲ្យ​រលំ) ដូច្នោះឡើយ។ កាលអាត្មា​អញ​មាន​ភ័យកើត​ហើយ កំពុង​ស្វែង​រក​ត្រើយខាង​នាយ គឺព្រះ​និព្វាន ចាក​ត្រើយខាង​អាយ គឺសង្សារវដ្ដយ៉ាង​នេះ ព្រះ​សាស្ដា មាន​បញ្ញា​ជា​អាវុធ ជា​ទីពឹង​នៃសត្វ​លោក ព្រះ​អង្គត្រូវពួក​នៃបុគ្គល​អ្នក​ស្វែង​រក​នូវ​គុណ សេពគប់​ហើយ ទ្រង់​ប្រទាន (ដល់​ខ្ញុំ) នូវ​ជណ្ដើរ គឺវិបស្សនា ដែល​ទេសនាញាណ ធ្វើ​ល្អ​ហើយ ជា​ជណ្ដើរ​ដ៏ស្អាត សម្រេច​អំពី​ធម៌​មាន​ខ្លឹម​ដ៏មាំ កាល​ខ្ញុំ​កំពុងត្រូវ​ជំនន់​ធំគួចទៅ ព្រះ​អង្គក៏​បាន​ត្រាស់​ថា អ្នក​កុំភ័យឡើយ។ ខ្ញុំ​បាន​ឡើង​កាន់​ប្រាសាទ គឺសតិប្បដ្ឋាន ហើយ​ក្រឡេក​មើល ក៏សំគាល់​នូវ​សត្វ​ដែល​ត្រេកអរ​ក្នុង​សក្កាយ​ក្នុង​កាល​មុន។ អាត្មា​អញ បាន​ឃើញ​នូវ​ផ្លូវ គឺវិបស្សនា ជា​ទីឡើង​កាន់​ទូក គឺ​អរិយមគ្គ ក្នុង​កាល​ណា កាល​នោះ អាត្មា​អញ​មិន​បាន​តាំង​ចិត្ត ក៏​បាន​ឃើញ​នូវ​អរិយ​មគ្គ​ដ៏​ឧត្តម ជា​កំពង់ (នៃនិព្វាន​)។ សរ គឺទិដ្ឋិ មានះជាដើម ដែល​មាន​ខ្លួន​ជាសមុដ្ឋាន មាន​តណ្ហាជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព ជា​ដែនកើត ព្រះ​សាស្ដាទ្រង់​សំដែងមគ្គ​ដ៏​ឧត្តម ដើម្បី​មិនឲ្យ​ប្រព្រឹត្ត​ទៅ​នៃបាបធម៌​ទាំង​ឡាយ​នុ៎ះ។ ព្រះ​ពុទ្ធ បន្សាត់​បង់​នូវ​ទោសៈ​ជាពិស ទ្រង់​បន្ទោបង់​នូវ​កិលេស ជា​គ្រឿង​ចាក់​ស្រេះ​របស់​អញ ដែល​ត្រាំ​នៅ​ក្នុង​ចិត្ត អស់​រាត្រី​ដ៏​វែង ដែល​តាំងស៊ប់​ហើយ​ក្នុង​សន្ដាន អស់​កាល​ដ៏យូរ។

តេលុកានិត្ថេរ។

រដ្ឋបាលត្ថេរគាថា

(៤. រដ្ឋបាលត្ថេរគាថា)

[២៥២] អ្នកចូរមើល​នូវអត្តភាព ដែល​ធ្វើ​ឲ្យ​វិចិត្រ ជា​ទីប្រជុំ​នៃដំបៅ​ដែល​តាំងឡើង​ព្រម​ហើយ (ដោយ​ឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែល​ជន​ពាលត្រិះ​រិះ​ដោយ​ច្រើន ជាអត្តភាពមិនទៀង​ទាត់​ឋិតថេរ។ អ្នក​ចូរ​មើល​នូវ​រូប ដែល​ធ្វើ​ឲ្យ​វិចិត្រ​ដោយ​កែវមណី និងកណ្ឌល ដែល​ឆ្អឹង និងស្បែក​រួបរឹត​ហើយ (រូបនោះ) រមែង​ល្អ​ដោយ​សារ​សំពត់​ទាំង​ឡាយ។ ជើង​ទាំង​ឡាយ លាប​ដោយ​ល័ខស្រស់ មុខ​លាប​ដោយ​គ្រឿង​លំអិត អាចញ៉ាំង​ជនពាលឲ្យ​វង្វេង តែ​មិនអាចញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និព្វាន​ឲ្យ​វង្វេងបាន​ទេ។ សក់​ទាំង​ឡាយ ដែល​គេ​រចនា​ដូច​ជាក្រឡាចតុរង្គ ភ្នែក​ទាំង​ឡាយ លាប​ដោយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក អាចញ៉ាំង​ជនពាលឲ្យ​វង្វេង តែ​មិន​អាច​ញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និព្វាន​ឲ្យ​វង្វេងបាន​ឡើយ។ កាយ​ស្អុយ​ដែល​គេ​តាក់​តែង​ហើយ ដូច​ជានាឡិសម្រាប់​ដាក់​ថ្នាំបន្តក់ ដែល​គេ​វិចិត្រ​ហើយ​ថ្មី ៗ អាច​ញ៉ាំង​ជន​ពាល​ឲ្យ​វង្វេង តែមិនអាចញ៉ាំង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺព្រះ​និពា្វន​ឲ្យ​វង្វេង​បាន​ឡើយ។ទ. ៥៦ ព្រានម្រឹគដាក់​នូវ​អន្ទាក់ ម្រឹគក៏​មិន​បាន​ប៉ះពាល់​នូវ​អន្ទាក់ ហើយស៊ី​នូវ​ចំណី កាល​ដែល​ព្រានម្រឹគកំពុងកន្ទក់​កន្ទេញ (ក៏បោល​ចេញ​ទៅ យ៉ាង​ណា​មិញ) ពួក​យើងក៏ដើរចេញ​ទៅ (យ៉ាង​នោះ​ដែរ)។ អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយ ម្រឹគក៏​មិនប៉ះពាល់​នូវ​អន្ទាក់ ហើយស៊ីនូវ​ចំណី កាលព្រាន​ម្រឹគ​កំពុង​សោក​ស្ដាយ (ក៏បោលចេញ​ទៅ យ៉ាង​ណា​មិញ) ពួក​យើង​ក៏ដើរ​ចេញ​ទៅ (យ៉ាង​នោះ​ដែរ)។

អាត្មា​បានឃើញ​នូវមនុស្សទាំង​ឡាយ បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​ក្នុង​លោក (ពួក​មនុស្ស​ទាំង​នោះ​) លុះបាន​ទ្រព្យគាប់​ចិត្ត​ហើយ មិន​ឲ្យ (ដល់​បុគ្គល​ណា​មួយ​ឡើយ) ព្រោះ​តែសេចក្តី​វង្វេង។ ពួក​មនុស្សបាន​ទ្រព្យ​ហើយ ក៏​ធ្វើ​នូវ​ការ​សន្សំ​ទុក ទាំង​ប្រាថ្នា​ក្នុង​កាម​ដ៏​លើសលុប។ ព្រះ​រាជាឈ្នះនូវ​ផែនដី ដែល​ព្រះ​អង្គ​រឹប​ជាន់​បាន​ហើយ នៅ​គ្រប់​គ្រង​ផែនដី មាន​សាគរជា​ទីបំផុត មាន​សភាពមិនឆ្អែត​នឹងត្រើយសមុទ្រខាង​អាយ ក៏ប្រាថ្នា​នូវ​ត្រើយសមុទ្រខាងនាយ។ ព្រះ​រាជាក្តី ពួក​មនុស្សដទៃច្រើននាក់​ក្តី មិន​ទាន់​ប្រាស​ចាក​តណ្ហា រមែង​ដល់​នូវ​សេចក្តី​ស្លាប់ គឺថា​ជា​អ្នក​មាន​សេចក្តី​ខ្វះខាត លះ​បង់​រាង​កាយ ព្រោះ​ថា​សេចក្តី​ឆ្អែត​ដោយ​កាម​ទាំង​ឡាយ​ក្នុង​លោកមិន​មាន។ទ. ៥៧ ពួក​ញាតិរំសាយ​សក់ កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែល​ស្លាប់​ហើយនោះ ទាំង​បាន​និយាយថា ធ្វើ​ម្ដេចហ្ន៎ ញាតិ​របស់​យើង​ទាំង​ឡាយ កុំស្លាប់​វិញ ក៏នាំខ្មោចនោះ ដែល​រុំ​ដោយ​សំពត់ ទៅ​កាន់​ជើងថ្ករ ប្រជុំគ្នា​ដុត​ក្នុង​ទីនោះ។ បុគ្គល​ដែល​ស្លាប់​នោះ ត្រូវពួក​អ្នក​ដុតចាក់​ដោយ​ឈើសូល ដុតបុគ្គល​នោះ លះ​បង់​នូវ​ភោគៈ​ទាំង​ឡាយ មាន​តែសំពត់​មួយស្លាប់​ទៅ ញាតិ​ទាំង​ឡាយ​ក្តី មិត្រ​ទាំង​ឡាយ​ក្តី ឬសម្លាញ់​ទាំង​ឡាយ​ក្តី ជា​ទីពឹងមិន​មាន​ទេ។ ពួក​ទាយាទ (អ្នក​ត្រូវទទួលមត៌ក) រមែង​នាំទៅ​នូវ​ទ្រព្យ​របស់​សត្វ​ដែល​ស្លាប់​នោះ ចំណែក​សត្វ​ដែល​ស្លាប់​នោះ ក៏ទៅ​តាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏​មិន​មែន​ជាប់​តាមសត្វ​ដែល​ស្លាប់​នោះ​ទេ។ បុគ្គល​មិន​មែន​បាន​នូវ​អាយុ​វែង ដោយ​សារទ្រព្យទេ ទាំង​មិន​មែន​កំចាត់​បង់​នូវ​ជរា ដោយ​សារទ្រព្យបាន​ទេ ព្រោះ​ថា អ្នក​ប្រាជ្ញ​ទាំង​ឡាយ បាន​ពោល​នូវ​ជីវិតនោះ​ថា តិច មិន​ទៀង មាន​ការ​ប្រែប្រួល​ទៅ​ជាធម្មតា។ ជន​ទាំង​ឡាយ អ្នក​ស្ដុកស្ដម្ភ និង​អ្នក​ទាល់​ក្រ រមែង​ប៉ះពាល់​នូវ​ផស្សៈ (មិន​ជា​ទីប្រាថ្នា)ទ. ៥៨ បុគ្គល​ពាល និង​អ្នក​ប្រាជ្ញ រមែង​ប៉ះពាល់​ដូចគ្នា ប៉ុន្តែបុគ្គល​ពាល បើ​មាន​សេចក្តី​ទុក្ខបៀត​បៀន​ហើយ រមែង​ដេក (សោកស្ដាយ) ព្រោះភាវៈ​នៃខ្លួន​ពាល ឯ​អ្នក​ប្រាជ្ញ បើ​ទុក​ជាប៉ះពាល់​នូវ​ផស្សៈ​ក៏​មិន​បាន​ញាប់​ញ័រ។ ព្រោះ​ហេតុ​នោះ បុគ្គល​បាន​នូវ​ព្រះ​និព្វាន ជា​ទីបំផុត​នៃ​ភព ក្នុង​លោក​នេះ ដោយ​បញ្ញាណា បញ្ញានោះ ជាធម្មជាតិ​ប្រសើរជាទ្រព្យ ដ្បិតបុគ្គល​ទាំង​ឡាយ មិន​ទាន់​បាន​សម្រេច​ប្រយោជន៍ រមែង​ធ្វើ​នូវ​បាប​កម្ម​ទាំង​ឡាយ ក្នុង​ភព​តូច និងភពធំ ព្រោះ​តែមោហៈ។ បុគ្គល​ណា (បាន​ធ្វើ​បាបកម្ម) ក៏ដល់​នូវ​ការ​អន្ទោលទៅ​មក រមែង​ចូល​ទៅ​កាន់​គភ៌ និងបរលោក បុគ្គល​អ្នក​អប្ប​ប្រាជ្ញា (ឯ​ទៀត) កាល​បើជឿ​បុគ្គល​អ្នក​ធ្វើ​បាបកម្មនោះ ក៏ទៅ​កាន់​គភ៌ និង​បរលោក។ ចោរ​អ្នក​មាន​ធម៌​ដ៏លាមក ដែល​គេ​ចាប់​បាន​ត្រង់​មុខតំណ2) (នៃផ្ទះ) រមែង​ក្តៅ​ក្រហាយ​ដោយ​កម្ម​របស់​ខ្លួន យ៉ាង​ណា​មិញ សត្វ​អ្នក​មាន​ធម៌​ដ៏លាមក លុះស្លាប់​ទៅ រមែង​ក្តៅ​ក្រហាយ​ក្នុង​លោកខាង​មុខ ដោយ​កម្ម​របស់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ។ កាម​ទាំង​ឡាយ​ដ៏​វិចិត្រ មាន​រសឆ្ងាញ់ ជា​ទី​រីករាយ​នៃ​ចិត្ត តែងញាំញីចិត្ត​ដោយ​សភាព​ផ្សេង ៗទ. ៥៩ បពិត្រ​មហារាជ ហេតុ​នោះ អាត្មាភាព ឃើញទោស​ក្នុង​កាមគុណ​ទាំង​ឡាយ​ ទើបចេញ​ទៅ​បួស។ សត្វ​ទាំង​ឡាយ ទោះក្មេងក្តី ចាស់​ក្តី តែងបែក​ធ្លាយ​នូវ​សរីរៈ ដូច​ជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រ​មហារាជ អាត្មាភាព បាន​ឃើញ​នូវ​របស់​មិនទៀងនេះ​ឯង បាន​ជាចេញ​បួស ភាពជា​សមណៈ មិន​សូវខុស​ភ្លាត់ ជា​របស់​ប្រសើរលើសលុប។

អាត្មាភាពបួសដោយ​សទ្ធា បានប្រកប​សេចក្តី​ប្រតិបត្តិ ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី បព្វជ្ជា​របស់​អាត្មាភាព មិន​មាន​ទោស អាត្មាភាព​បរិភោគភោជន មិន​មាន​បំណុលទេ។ អាត្មាភាព ឃើញ​នូវ​កាម​ទាំង​ឡាយ ហាក់​ដូច​ជាភ្លើង​ឆេះ​សព្វ​ហើយ ឃើញ​នូវ​ជាតរូប ហាក់​ដូច​ជា​គ្រឿង​សស្រ្ដាវុធ ឃើញហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំពី​ការ​ចុះចាប់​បដិសន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យធំ​ក្នុង​នរក​ទាំង​ឡាយ។ អាត្មាភាព ឃើញ​នូវ​ទោស​នេះ​ឯង ក៏​បាន​នូវ​សេចក្តី​សំវេគ ក្នុង​កាល​នោះ អាត្មាភាពហ្នឹងឯង ជា​អ្នក​ត្រូវសរមុត​ហើយ ក្នុង​កាល​នោះ (ឥឡូវ​នេះ​) បាន​ដល់​ហើយនូវ​ការ​អស់​ទៅ​នៃអាសវៈ។ ព្រះ​សាស្តា អាត្មាភាព បាន​បម្រើ​ហើយ ព្រះ​ពុទ្ធសាសនា អាត្មាភាពក៏​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ អាត្មាភាព​បាន​ដាក់​ចុះ​ហើយ តណ្ហាជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព អាត្មា​ភាព​បាន​ដក​ចោល​ហើយ។ទ. ៦០ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូលមកកាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំង​ពួង អាត្មាភាពបាន​ដល់​ហើយ។

រដ្ឋបាលត្ថេរ។

មាលុង្ក្យបុត្តត្ថេរគាថា

(៥. មាលុក្យបុត្តត្ថេរគាថា)

[២៥៣] បុគ្គល​កាលឃើញរូប​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​រូបជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈា (ការ​សំឡឹងរំពៃ) ផង ព្រោះវិហេសា (ការ​បៀត​បៀន) ផង កាលបុគ្គល​សន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​កាលឮសំឡេង​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្ត​ត្រេកអរ​ទទួល​យក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​សំឡេង​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀត​ចង្អល់ ព្រោះអភិជ្ឈាផង ព្រោះ វិហេសាផង បុគ្គល​កាលសន្សំយ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ទ. ៦១ បុគ្គល​កាលធុំក្លិន​ហើយ ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក លេប​យក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ក្លិនជា​ដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀត​ចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គល​កាលសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពី​ព្រះ​និព្វាន។ បុគ្គល​កាល​បរិភោគ​រស​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក និងលេប​យក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​រសជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសា​ផង បុគ្គល​កាល​សន្សំយ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពី​ព្រះ​និព្វាន។ បុគ្គល​កាលប៉ះពាល់​នូវ​ផស្សៈ ហើយធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួល​យក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ផស្សៈ​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះ​អភិជ្ឈាផង ព្រោះវិហេសាផងទ. ៦២ បុគ្គល​កាលសន្សំ​យ៉ាង​នេះ​ទុក (រមែងប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​កាល​ដឹង​នូវ​ធម្មារម្មណ៍3) ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំង​ភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ​ទទួលយក លេបយក​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ធម្មារម្មណ៍​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសា​ផង បុគ្គល​កាលសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​នោះ ឃើញរូប​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ​ក្នុង​រូប​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង​តែមិនលេប​យក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលឃើញរូប ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង​ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ ឮសំឡេង មាន​ស្មារតីខ្ជាប់​ខ្ជួន រមែង​មិន​ត្រេកអរ ក្នុង​សំឡេង​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង មិន​លេបយក​នូវ​អារម្មណ៍​នោះ។ទ. ៦៣ បុគ្គល​នោះ កាលឮនូវ​សំឡេង ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​ធុំក្លិន​ហើយ មាន​ស្មារតី​ខ្ជាប់​ខ្ជួន មិន​ត្រេកអរ ក្នុង​ក្លិន​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែ​ទទួលដឹង តែមិនលេប​យក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលធុំក្លិន ទទួល​វេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាលមិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ បរិភោគនូវ​រស​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ​ក្នុង​រស​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែមិនលេបយក នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលភ្លក់​នូវ​រស ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិន​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ទ. ៦៤ បុគ្គល​នោះ ប៉ះពាល់​នូវ​ផស្សៈ​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ ក្នុង​ផស្សៈ​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែមិន​លេបយក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលប៉ះ​ពាល់​នូវ​ផស្សៈ ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ ដឹង​នូវ​ធម្មារម្មណ៍ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេក​អរ ក្នុង​ធម្មារម្មណ៍​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែ​មិនលេបយក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលដឹង​ច្បាស់​នូវ​ធម្មារម្មណ៍ ទទួល​វេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ​មិនចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ជិតព្រះ​និព្វាន។

មាលុង្ក្យបុត្តត្ថេរ។

សេលត្ថេរគាថា

(៦. សេលត្ថេរគាថា)

[២៥៤] បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​ព្រះ​កាយ​ដ៏បរិបូណ៌ ជា​ទីគាប់​ចិត្ត​ក្រៃលែង មាន​ព្រះ​ជាតិ​ដ៏ល្អ មាន​ព្រះ​នេត្រ​ដ៏ល្អ មាន​សម្បុរ​ដូច​ជាសម្បុរ​នៃមាស មាន​ព្រះ​ទាឋ឵​ដ៏សក្បុស ទ្រង់​មាន​ព្យាយាម។​ទ. ៦៥ ព្យញ្ជនៈ​ណារបស់​ជនមាន​ជាតិល្អ ព្យញ្ជនៈ (និងអនុព្យញ្ជនៈ) ទាំង​អស់​នោះ ជាមហាបុរិសលក្ខណៈ មាន​ក្នុង​ព្រះ​កាយ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​មាន​ព្រះ​នេត្រថ្លា មាន​ព្រះ​ភក្រ្តល្អ មាន​ទំហំ និងកម្ពស់​សមសួន មាន​ព្រះ​កាយត្រង់ មាន​រស្មីរុងរឿង ក្នុង​កណ្ដាល​នៃ​ពួក​សមណៈ ដូច​ព្រះ​អាទិត្យ។ បពិត្រ​ភិក្ខុ ព្រះ​អង្គ​មាន​រូបល្អ គួរ​ជា​ទីរមិលមើល មាន​ស្បែក​ដ៏ភ្លឺថ្លា​ដូចមាស ព្រះ​អង្គ​មាន​សម្បុរ​ដ៏​ឧត្តម​យ៉ាង​នេះ តើមាន​ប្រយោជន៍​អ្វី​ដោយ​សមណភាព។ ព្រះ​អង្គគួរ​បាន​ជាស្ដេច​ចក្រពត្តិ ដូច​គោឧសភៈ​ក្នុង​រថ ជាធំ (លើ​ផែនដី) មាន​សមុទ្រ​ទាំង​បួន ជា​ទីបំផុត មាន​ជ័យជម្នះ ជាឥស្សរៈ​របស់​អ្នក​ជម្ពូទ្វីប។ បពិត្រ​ព្រះ​គោតម ពួក​ក្សត្រិយ៍ជា​ស្ដេចចំណុះ តែងចុះចូល​នឹង​ព្រះ​អង្គ សូមព្រះ​អង្គ​សោយរាជ្យ ជារាជាធិរាជ ដ៏​ធំជាងពួក​មនុស្ស​ចុះ។

(ព្រះ​មាន​ព្រះ​ភាគត្រាស់​ថា) ម្នាលសេលៈ តថាគត ជាធម្មរាជ ជាស្ដេច​ប្រសើរ អាចញ៉ាំង​ចក្រឲ្យ​ប្រព្រឹត្ត​ទៅ​តាមធម៌ ជាចក្រ​ដែល​អ្នក​ណា​មួយមិនអាចឲ្យ​ប្រព្រឹត្ត​ទៅ​បាន។

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះ​គោតម ព្រះ​អង្គទ្រង់​ប្ដេជ្ញាថា ព្រះ​អង្គ​ជា​អ្នក​ត្រាស់​ដឹង ទ្រង់​ត្រាស់​ថា តថាគត​ជាធម្មរាជ ជាស្ដេចប្រសើរ អាច​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​តាមធម៌បាន។ទ. ៦៦ ចុះភិក្ខុ​ណា ជាសេនាបតី​របស់​ព្រះ​អង្គ ជាសាវ័ក​ប្រព្រឹត្ត​តាម​ព្រះ​សាស្ដា ភិក្ខុ​ណា ញ៉ាំង​ធម្មចក្កនេះ ដែល​ព្រះ​អង្គឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន។

(ព្រះ​មាន​ព្រះ​ភាគទ្រង់​ត្រាស់​ថា ម្នាលសេលៈ) ភិក្ខុ​សារីបុត្ត ជាអនុជាត​របស់​តថាគត ញ៉ាំង​ធម្មចក្ក​ដ៏​ប្រសើរ ដែល​តថាគត​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន។ ម្នាលព្រាហ្មណ៍ ទុក្ខសច្ច​ដែល​គួរ​ដឹង​ច្បាស់ តថាគត​បាន​ដឹង​ច្បាស់​ហើយ មគ្គ​សច្ច​ដែល​គួរ​ចំរើន តថាគត​បាន​ចំរើន​ហើយ សមុទយសច្ច ដែល​គួរ​លះ តថាគត​ក៏​បាន​លះ​ហើយ ព្រោះ​ហេតុ​នោះ ទើបតថាគត ជា​ព្រះ​ពុទ្ធ។ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​កម្ចាត់​បង់​នូវ​សេចក្តី​សង្ស័យ​ក្នុង​តថាគត​ចេញ អ្នក​ចូរជឿស៊ប់​ចុះ (ព្រោះ​ថា) ការ​ចួបប្រទះ​នឹង​ព្រះ​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​រឿយ ៗ ជា​ការ​រក​បាន​កម្រ។ ម្នាលព្រាហ្មណ៍ ការ​កើត​ប្រាកដ​ឡើង​រឿយ ៗ នៃ​ព្រះ​សម្មាសម្ពុទ្ធ​ណា ដែល​រកបាន​ដោយ​ក្រ​ក្នុង​លោក តថាគត​នោះ ជា​ព្រះ​ពុទ្ធ ដូច​ពេទ្យ​វះ ជា​បុគ្គល​ប្រសើរបំផុត មាន​សភាព​ដូចព្រហ្ម មាន​តម្លៃ​ដ៏​លើសលុប ជា​អ្នក​ញាំញី​នូវ​មារ និងសេនា​នៃ​មារ ធ្វើ​នូវ​បច្ចាមិត្ត​ទាំង​អស់ ឲ្យ​នៅ​ក្នុង​អំណាច ហើយ​រីករាយ ឥតមាន​ភ័យ​អំពី​ទីណាឡើយ។ទ. ៦៧

(សេលព្រាហ្មណ៍ ពោលថា) ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចំរើន អ្នក​ទាំង​ឡាយ ចូរផ្ទៀង​ស្តាប់​នូវ​ពាក្យ តាម​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​ចក្ខុ សម្ដែងនេះ​ចុះ ដ្បិត​ព្រះ​មាន​ព្រះ​ភាគ ដូច​ជាពេទ្យវះ ជាមហាវីរបុរស បន្លឺសីហទាន​ដូច​ជាសត្វសីហៈ​ក្នុង​ព្រៃ។ ទោះ​បីនរណា ជា​កណ្ហា​ភិជាតិ (អ្នក​មាន​ជាតិខ្មៅ) បាន​ឃើញ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​សភាព​ដូច​ជាព្រហ្ម មាន​តម្លៃ​ដ៏​លើសលុប ទ្រង់​ញាំញីនូវ​មារ និងសេនា​នៃ​មារ​ហើយ តើ​នឹងមិនជ្រះ​ថ្លា​ដូចម្ដេចបាន។ បុគ្គល​ណាចង់​មក ចូរតាមយើងមក បុគ្គល​ណា​មិនចង់​ទេ ចូរ​ទៅ​វិញ​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សម្នាក់​ព្រះ​ពុទ្ធ ព្រះ​អង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ក្នុង​ទី​នេះ។

(ពួក​មាណពនោះ ពោលថា) បើលោកពេញ​ចិត្ត​នឹងសាសនាព្រះ​សម្មាសម្ពុទ្ធនុ៎ះ ពួក​យើងក៏​នឹង​បួស​ក្នុង​សំណាក់​ព្រះ​ពុទ្ធ មាន​ប្រាជ្ញា​ដ៏​ប្រសើរដែរ។ ពួក​ព្រាហ្មណ៍​ទាំង ៣០០ នេះ ក៏ផ្គងអញ្ជលី​សុំផ្នួសថា បពិត្រ​ព្រះ​មានព្រះ​ភាគ ពួក​យើង​សូមប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សម្នាក់​ព្រះ​អង្គ។

ព្រះ​មានព្រះ​ភាគ ទ្រង់​ត្រាស់​ថា ម្នាលសេលៈ ព្រហ្មចរិយធម៌ តថាគត​សំដែង​ទុក​ប្រពៃ​ហើយ ជា​ធម៌​ដែល​គួរ​ឃើញជាក់​ដោយ​ខ្លួន​ឯង ជា​ធម៌ឲ្យ​ផលមិនរង់​ចាំកាល បព្វជ្ជា​របស់​បុគ្គល​អ្នក​មិន​ប្រមាទ ជា​អ្នក​សិក្សា​ក្នុង​ព្រហ្មចរិយធម៌​នោះ មិន​ឥតអំពើ​ឡើយ។​ទ. ៦៨

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​មាន​ចក្ខុ ពួក​ខ្ញុំ​ព្រះ​អង្គ បាន​ដល់​នូវ​ទីពឹងណា ក្នុង​ថ្ងៃទី ៨ អំពី​ថ្ងៃ​នេះ​ទៅ (ពួក​ខ្ញុំ​ព្រះ​អង្គ) ជា​បុគ្គល​បាន​ទូន្មាន​ខ្លួន ក្នុង​សាសនា​របស់​ព្រះ​អង្គ ដោយ​ទីពឹងនោះ អស់ ៧ រាត្រី។ ព្រះ​អង្គជា​ព្រះ​ពុទ្ធ ព្រះ​អង្គ​ជាសាស្ដា ព្រះ​អង្គជាមុនី គ្រប​សង្កត់​នូវ​មារ ព្រះ​អង្គបាន​កាត់​បង់​នូវ​អនុស័យ ឆ្លង​រួច​ហើយ ទើបចម្លងពពួក​សត្វនេះ។ ព្រះ​អង្គ បាន​កន្លង​នូវ​ឧបធិ​ទាំង​ឡាយ​ហើយ ព្រះ​អង្គ​បាន​ទម្លាយនូវ​កិលេស ព្រម​ទាំង​អាសវៈ​ហើយ ព្រះ​អង្គ​ជា​បុគ្គល​មិន​មាន​សេចក្តី​ប្រកាន់ បាន​លះ​បង់​នូវ​ភ័យ​ដ៏​ពន្លឹក ដូច​ជាសត្វសីហៈ។ ពួក​ភិក្ខុ​ទាំង ៣០០ នេះ ឈរផ្គង​អញ្ជលីថា បពិត្រ​ព្រះ​វីរបុរស សូមព្រះ​អង្គ​លាតនូវ​ព្រះ​បាទ​ទាំង​ឡាយ ពួក​ភិក្ខុ​ជានាគ សូម​ថ្វាយ​បង្គំនូវ​ព្រះ​បាទ​នៃ​ព្រះ​សាស្ដា។

សេលត្ថេរ។

ព្រះ​ភទ្ទិយត្ថេរ ជា​បុត្រ​នៃសក្យានី ឈ្មោះ​កាលិគោធា

(៧. កាឡិគោធាបុត្តភទ្ទិយត្ថេរគាថា)

[២៥៥] ខ្ញុំ​ព្រះ​អង្គយាត្រា​ដោយ​កដំរី ធ្លាប់​ស្លៀកដណ្ដប់​សំពត់​សាច់​មដ្ឋ បរិភោគ​បាយ​អង្ករ​នៃស្រូវសាលី លាយ​ដោយ​សាច់​ដ៏ស្អាត។ ថ្ងៃ​នេះ ព្រះ​ភទ្ទិយៈ​ជា​បុត្រ​នៃ​សាក្យានី ឈ្មោះ​គោធានោះ ជា​អ្នក​ចំរើន​ដោយ​គុណ ព្យាយាម​ជាប់​មិនដាច់ ត្រេកអរ​ចំពោះ​​អាហារ ដែល​មក​ដល់​បាត្រ ដោយ​ការ​ស្វែង​រក មិន​មាន​សេចក្តី​ប្រកាន់ ចំរើន​ឈាន។ទ. ៦៩ ព្រះ​ភទ្ទិយៈ​ជា​បុត្រ​នៃសាក្យានី ឈ្មោះ​គោធា ជា​អ្នក​សមាទាន​បំសុកូលិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់ ត្រេកអរចំពោះ​អាហារ​ដែល​មក​ដល់​បាត្រ​ដោយ​ការ​ស្វែង​រក មិន​មាន​សេចក្តី​ប្រកាន់ ចំរើន​ឈាន។

ជា​អ្នកសមាទាន​បិណ្ឌបាតិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​តេចីវរិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​សបទានចារិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​ឯកាសនិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​បត្តបិណ្ឌិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​ខលុបច្ឆាភត្តិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​អារញ្ញិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​រុក្ខមូលិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​អព្ភោកាសិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​សោសានិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​យថាសន្តតិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសមាទាន​នេសជ្ជិកង្គធុតង្គ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកប្រាថ្នាតិច ព្យាយាមជាប់​មិនដាច់…

ជា​អ្នកសន្ដោស ព្យាយាមជាប់​មិនដាច់…

ជា​អ្នកស្ងាត់ ព្យាយាមជាប់​មិនដាច់…

ជា​អ្នកមិនច្រឡំ (ដោយ​ពួក) ព្យាយាមជាប់​មិនដាច់…ទ. ៧០

ព្រះ​ភទ្ទិយៈ​ជា​បុត្រ​នៃសក្យានី ឈ្មោះ​គោធា ព្យាយាមជាប់​មិនដាច់ ជា​អ្នក​មាន​ព្យាយាម​មុតមាំ ព្យាយាមជាប់​មិនដាច់ ត្រេកអរចំពោះ​បិណ្ឌបាត ដែល​មក​ដល់​បាត្រ ដោយ​ការ​ស្វែង​រក មិន​មាន​សេចក្តី​ប្រកាន់ ចំរើន​ឈាន។ ខ្ញុំ​ព្រះ​អង្គលះ​បង់​នូវ​ភាជនៈ មាន​ទម្ងន់​ជា​ច្រើនបលៈ ជាវិការ​នៃមាស មាន​ក្បាច់​ដ៏​ច្រើនស្រទាប់ ហើយកាន់​យក​នូវ​បាត្រដីនេះ ចាត់​ជា​ការ​អភិសេកទី ២។ ក្នុង​កាល​មុន ខ្ញុំ​ព្រះ​អង្គ មាន​ពួក​ជនដៃកាន់​ព្រះ​ខាន់​រក្សា​ហើយ ក្នុង​ទីខ្ពស់ មាន​កំពែង​ដ៏មូល មាន​ប៉ម និងក្លោងទ្វារ​យ៉ាង​មាំ គង់​នៅ​រន្ធត់។ ថ្ងៃ​នេះ​ព្រះ​ភទ្ទិយៈ​ដ៏​ចំរើន ជា​បុត្រ​នៃសក្យានី ឈ្មោះ​គោធានោះ មិន​មាន​សេចក្តី​តក់​ស្លត់ បាន​លះ​បង់​នូវ​ភ័យ​ដ៏​ពន្លឹក ចូល​កាន់​ព្រៃ ចំរើន​ឈាន។ ខ្ញុំ​ព្រះ​អង្គបាន​តម្កល់​ខ្លួន​ក្នុង​សីលក្ខន្ធ ចំរើន​នូវ​សតិ និង​បញ្ញា ក៏​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំង​ពួង​តាម​លំដាប់។

ព្រះ​ភទ្ទិយត្ថេរ ជា​បុត្រ​នៃសក្យានី ឈ្មោះ​កាលិគោធា។

អង្គុលិមាលត្ថេរគាថា

(៨. អង្គុលិមាលត្ថេរគាថា)

[២៥៦] បពិត្រព្រះ​សមណៈ ព្រះ​អង្គកំពុងស្ដេចយាង តែ​ពោលថា តថាគត​ឈប់ ទាំង​ពោលចំពោះ​ខ្ញុំ​ដែល​ឈប់ ថា​ជា​បុគ្គល​មិនទាល់​ឈប់​ដូច្នេះ​វិញ បពិត្រ​ព្រះ​សមណៈ ខ្ញុំ​សូមសួរសេចក្តី​នុ៎ះ​នឹង​ព្រះ​អង្គ ព្រោះ​ហេតុអ្វី បាន​ជា​ព្រះ​អង្គ ឈ្មោះ​ថាឈប់ ខ្ញុំ​ព្រះ​អង្គ​ឈ្មោះ​ថា មិន​ឈប់។ទ. ៧១

(ព្រះ​មាន​ព្រះ​ភាគ ត្រាស់​ថា) ម្នាលអង្គុលីមាល តថាគត​ឈ្មោះ​ថា ឈប់ ព្រោះ​ដាក់​បង់​នូវ​អាជ្ញា ចំពោះ​ពួក​សត្វ​ទាំង​ពួង​គ្រប់​កាល​ហើយ ចំណែកខាងអ្នក ជា​បុគ្គល​មិន​សង្រួម​ក្នុង​ពួក​សត្វ ព្រោះ​ហេតុ​នោះ តថាគត​ទើបឈ្មោះ​ថា ឈប់ ឯ​អ្នក​ឈ្មោះ​ថា មិន​ឈប់​ទេ។

(អង្គុលិមាលចោរ ពោលថា) យូរ​ណាស់​មក​ហើយ ព្រះ​សមណៈ​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ដែល​គេ​បូជា ទើប​តែ​នឹងយាង​មកកាន់​ព្រៃធំ (ដើម្បី​អនុគ្រោះ) ដល់​ខ្ញុំ​ព្រះ​អង្គ ខ្ញុំ​ព្រះ​អង្គនោះ នឹងលះ​បង់​នូវ​បាប​ដ៏​ច្រើន ព្រោះបាន​ស្ដាប់​ព្រះ​គាថា​ដែល​ប្រកប​ដោយ​ធម៌​របស់​ព្រះ​អង្គ។ អង្គុលិមាលចោរ​ពោលដូច្នេះ​ហើយ ក៏​ទំលាក់​ចោល​នូវ​ដាវ និងអាវុធ ទៅ​ក្នុង​ត្រពាំង ក្នុង​ជ្រោះ ក្នុង​រណ្ដៅ អង្គុលិមាលចោរ បាន​ថ្វាយ​បង្គំនូវ​ព្រះ​បាទ​ទាំង​ឡាយ នៃ​ព្រះ​សុគត ហើយសុំ​ផ្នួស​នឹង ព្រះ​ពុទ្ធ ក្នុង​ទី​នោះ​ឯង។

ព្រះ​មាន​ព្រះ​ភាគអង្គណា ជា​ព្រះ​ពុទ្ធប្រកប​ដោយ​ករុណា ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ជាសាស្ដា​នៃមនុស្ស​លោក ព្រម​ទាំង​ទេវ​លោក ព្រះ​មាន​ព្រះ​ភាគអង្គនោះ ទ្រង់​បាន​ត្រាស់​នឹងអង្គុលិមាលចោរ ក្នុង​កាល​នោះ​ថា អ្នក​ចូរ​មកជា​ភិក្ខុ​ចុះ ភិក្ខុ​ភាពនុ៎ះឯង ក៏​សម្រេច​ដល់​អង្គុលិមាលចោរនោះ។

ទ. ៧២

(ព្រះ​អង្គុលិមាលត្ថេរ ពោលថា) បុគ្គល​ណា ប្រមាទ​ក្នុង​កាល​មុន ហើយមិន​ប្រមាទ​ក្នុង​កាលខាងក្រោយ បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទ​ផុតស្រឡះ​ចាក​ពពក។ បុគ្គល​ណាបាន​ធ្វើ​អំពើ​បាប ហើយបិទ (អំពើ​បាប​នោះ​) ដោយ​កុសល បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទ​ផុតស្រឡះ​ចាក​ពពក។ ភិក្ខុ​ណា នៅ​ក្មេង តែខ្មីឃ្មាត​ក្នុង​ពុទ្ធសាសនា ភិក្ខុ​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទផុតស្រឡះ​ចាក​ពពក។

សូមពួក​ជន​ជា​សត្រូវ​នឹងយើង ស្ដាប់​នូវ​ធម្មកថា សូមពួក​ជន​ជា​សត្រូវ​នឹង​យើង ខ្មីឃ្មាត​ក្នុង​ពុទ្ធសាសនាចុះ ពួក​មនុស្សណា ដែល​ជាសប្បុរស តែងដឹកនាំ​ក្នុង​ធម៌​តែម្យ៉ាង សូមពួក​ជន​ជា​សត្រូវ​នឹងយើង គប់​រក​នូវ​មនុស្ស​ទាំង​នោះ​ចុះ។

សូមពួក​ជន​ជា​សត្រូវ​នឹងយើង ស្ដាប់​ធម៌​របស់​ពួក​សប្បុរស ដែល​ជា​អ្នក​ពោល​នូវ​ខន្តី ជា​អ្នក​សរសើរនូវ​សេចក្តី​មិនក្រោធ តាមកាល​គួរ​ផង ចូរធ្វើ​តាមនូវ​ធម៌​នោះ​ផង។ បើជន​នោះ មិន​បៀត​បៀនយើង ឬសត្វ​ដទៃណា​មួយទេ ជន​នោះ គប្បី​ដល់​នូវ​សេចក្តី​ស្ងប់​យ៉ាង​ឧត្តម គប្បី​រក្សានូវ​ជន​ដែល​មាន​ចិត្តតក់​ស្លុត និងមាន​ចិត្ត​មាំមួន។

ពួក​អ្នក​បង្ហូរទឹក តែងបង្ហូរទឹក ពួក​ជាងព្រួញ តែងពត់​ព្រួញ ពួក​ជាងចាំង តែង​ចាំងពត់​ឈើ ពួក​អ្នក​ប្រាជ្ញ តែងទូន្មានខ្លួន។

ទ. ៧៣ ជនពួក​ខ្លះ តែងទូន្មាន (នូវ​សត្វ​ពាហនៈ មាន​ដំរីជាដើម) ដោយ​ដំបង កង្វេរ និងរំពាត់​ផ្ដៅ ព្រះ​មាន​ព្រះ​ភាគ ជាតាទិបុគ្គល ទ្រង់​ទូន្មាន​ខ្ញុំ ដោយ​មិនបាច់​ប្រើដំបង និងគ្រឿង​សស្រ្តាទេ។ ក្នុង​កាល​មុន ខ្ញុំ​ជា​អ្នក​បៀត​បៀនគេ តែ​មាន​នាម​ថា អហឹសកៈ4) ក្នុង​ថ្ងៃ​នេះ ខ្ញុំ​មាន​នាម​ត្រូវតាមដំណើរ​ពិត​ហើយ ព្រោះ​ខ្ញុំ​មិនបៀត​បៀនជន​ណា​មួយ​ឡើយ។ ក្នុង​កាល​មុន ខ្ញុំ​ជា​ចោរល្បីឈ្មោះ ថាអង្គុលិមាល ដែល​ជំនន់​ធំកួចនាំទៅ​ហើយ (ឥឡូវ) ខ្ញុំ​បាន​ដល់​នូវ​ព្រះ​ពុទ្ធ ជា​ទី​ពឹង​ហើយ។ ក្នុង​កាល​មុន ខ្ញុំ​ជា​អ្នក​មាន​ដៃ​ប្រឡាក់​ឈាម ល្បីឈ្មោះ ថាអង្គុលិមាល អ្នក​ចូរមើល​នូវ​ដំណើរ​មកកាន់​សរណៈ (របស់​ខ្ញុំ) ចុះ ខ្ញុំ​បាន​ដកនូវ​តណ្ហា ដែល​នាំទៅ​កាន់​ភព​ហើយ។ ខ្ញុំ​បាន​ធ្វើ​កម្ម ដែល​ជាដំណើរទៅ​កាន់​ទុគ្តតិបែបនោះ​ជា​ច្រើន ត្រូវផល​នៃ​កម្ម​ប៉ះពាល់ (ឥឡូវ) ជា​អ្នក​មិន​មាន​បំណុល បរិភោគនូវ​ភោជន។ ពួក​ជន​ពាល​ឥត​ប្រាជ្ញា តែង​ប្រកប​រឿយ ៗ នូវ​សេចក្តី​ប្រមាទ ចំណែក​អ្នក​ប្រាជ្ញ តែងរក្សាទុកនូវ​សេចក្តី​មិន​ប្រមាទ ដូចគេ​រក្សា​ទ្រព្យយ៉ាង​ប្រសើរ។ អ្នក​ទាំង​ឡាយ​កុំប្រកប​រឿយ ៗ នូវ​សេចក្តី​ប្រមាទ កុំ​ធ្វើ​នូវ​សេចក្តី​ស្និទ្ធស្នាល ដោយ​តម្រេក​ក្នុង​កាមឡើយ ដ្បិតថា បុគ្គល​អ្នក​មិន​ប្រមាទ ប្រឹងចំរើន​ឈាន រមែង​បាន​នូវ​សេចក្តី​សុខ​យ៉ាង​ក្រៃលែង។ទ. ៧៤ ដំណើរ​មក​របស់​ខ្ញុំ ជាដំណើរ​ល្អ មិន​មែន​ជាដំណើរ​ប្រាស​ចាក (ប្រយោជន៍) គំនិត​របស់​ខ្ញុំ​នុ៎ះ មិន​មែន​ជាគំនិតខុសទេ ព្រោះ​ខ្ញុំ​បាន​សម្រេច​ធម៌​ដ៏​ប្រសើរបំផុត ក្នុង​ពួក​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ ចែកទុក​ដោយ​ប្រពៃ។ ដំណើរ​មក​របស់​ខ្ញុំ ជាដំណើរល្អ មិន​មែន​ជាដំណើរប្រាស​ចាក (ប្រយោជន៍) គំនិត​របស់​ខ្ញុំ​នុ៎ះ មិន​មែន​ជាគំនិតខុសទេ វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ។ (ក្នុង​កាល​មុន) ខ្ញុំ​ឋិត​ក្នុង​ទី​ទាំង​ឡាយ​នោះ ៗ គឺព្រៃក្តី ម្លប់​ឈើក្តី ភ្នំក្តី គុហាក្តី ខ្ញុំ​ក៏​មាន​ចិត្តតក់​ស្លុត ក្នុង​កាល​នោះ។ ឥឡូវ​នេះ ខ្ញុំ​ដេកជា​សុខ ឈរជា​សុខ ចិញ្ចឹម​ជីវិតជា​សុខ ជា​បុគ្គល​មិននៅ​ក្នុង​អន្ទាក់​ដៃ​របស់​មារ ឱ ! ព្រះ​សាស្តា ទ្រង់​អនុគ្រោះ​ខ្ញុំ។ ក្នុង​កាល​មុន ខ្ញុំ​បាន​កើតជាព្រាហ្មណ៍ មាន​ត្រកូលខ្ពស់​ទាំង​ពីរខាង គឺ ខាងមាតា និងខាងបិតា ថ្ងៃ​នេះ ខ្ញុំ​បាន​ជា​បុត្រ​នៃ​ព្រះ​សុគត ជាសាស្តា​ធម្មរាជ។ ខ្ញុំ​ជា​បុគ្គល​ប្រាស​ចាក​តណ្ហា មិន​មាន​សេចក្តី​ប្រកាន់ បាន​គ្រប់​គ្រង​ទ្វារ សង្រួម​ដោយ​ប្រពៃ​ហើយ ការ​អស់​ទៅ​នៃអាសវៈ ខ្ញុំ​បាន​ដល់​ហើយ ព្រោះបាន​សម្លាប់​ឫសគល់​នៃ​ទុក្ខ។ ព្រះ​សាស្តា ខ្ញុំ​បាន​ប្រណិប័តន៍​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់​ចោល​ហើយ តណ្ហាជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ក៏ដក​ចោល​ហើយ។

អង្គុលិមាលត្ថេរ។

អនុរុទ្ធត្ថេរគាថា


ទ. ៧៥

(៩. អនុរុទ្ធត្ថេរគាថា)

[២៥៧] អនុរុទ្ធ បានលះ​បង់​នូវមាតា បិតា បងប្អូនស្រី ញាតិ និងបង​ប្អូនប្រុស​ទាំង​ឡាយ លះ​បង់​នូវ​កាមគុណ ៥ ហើយ​ចំរើន​នូវ​ឈាន។ (ក្នុង​កាល​មុន) អនុរុទ្ធ ជា​អ្នក​បរិបូណ៌​ដោយ​របាំ និងចម្រៀង ភ្ញាក់​រលឹក​ដោយ​គ្រឿង​ប្រគំ ជា​អ្នក​ត្រេកអរ​តែ​ក្នុង​វិស័យ​របស់​មារ ក៏​មិន​បាន​ដល់​នូវ​សេចក្តី​បរិសុទ្ធិ ដោយ​ហេតុ​នោះ។ (ឥឡូវ​នេះ) អនុរុទ្ធ បាន​កន្លង​នូវ​វិស័យ​របស់​មារនុ៎ះ​ហើយ ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ បាន​ឆ្លងផុតនូវ​ឱឃៈ​ទាំង​ពួង ចំរើន​ឈាន។ អនុរុទ្ធ បាន​កន្លង​នូវ​រូប សំឡេង ក្លិន រស ផ្សព្វ ជា​ទីគាប់​ចិត្ត​ទាំង​នុ៎ះ ចំរើន​ឈាន។ អនុរុទ្ធ ជា​បុគ្គល​ម្នាក់​ឯង មិន​មាន​តណ្ហា​ជា​គំរប់​ពីរ ជា​អ្នក​ប្រាជ្ញ​មិន​មាន​អាសវៈ ត្រឡប់​អំពីបិណ្ឌបាត ស្វែង​រក​នូវ​ចីវរបង្សុកូល​ទាំង​ឡាយ។ អនុរុទ្ធ ជា​អ្នក​ប្រាជ្ញ មាន​យោបល់​មិន​មាន​អាសវៈ រើសកាន់​យក គក់​លាង ជ្រលក់ ប្រើប្រាស់ នូវ​ចីវរបង្សុកូល​ទាំង​ឡាយ។ បុគ្គល​ណា មាន​សេចក្តី​ប្រាថ្នា​ច្រើន មិន​មាន​សន្តោស ជា​អ្នក​ច្រឡំ​ដោយ​ពួក មាន​ចិត្តរាយមាយ ធម៌​ដ៏លាមក ជា​គ្រឿង​សៅហ្មង​ទាំង​នេះ តែង​កើត​មាន​ដល់​បុគ្គល​នោះ។ បុគ្គល​ណា ជា​អ្នក​មាន​ស្មារតី មាន​សេចក្តី​ប្រាថ្នា​តិច ជា​អ្នក​សន្តោស មិន​មាន​ចិត្តចង្អៀតចង្អល់ ត្រេកអរ​ក្នុង​ទីស្ងាត់ ជា​អ្នក​ស្ងាត់ មាន​ការ​ព្យាយាម​តឹង​តែងជា​និច្ចទ. ៧៦ ធម៌​ជាកុសល ជាចំណែក​នៃ​ការ​ត្រាស់​ដឹង​ទាំង​នេះ តែង​កើតមាន​ដល់​បុគ្គល​នោះ ព្រះ​ពុទ្ធជា​មហេសី ទ្រង់​ត្រាស់​ថា បុគ្គល​នោះ ជា​អ្នក​មិន​មាន​អាសវៈ។ ព្រះ​សាស្តា ជា​បុគ្គល​ប្រសើរ​ក្នុង​លោក ទ្រង់​ជ្រាប​នូវ​សេចក្តី​ត្រិះ​រិះ​របស់​ខ្ញុំ ក៏យាង​មក​ដោយ​ឫទ្ធិ៍ ដោយ​ព្រះ​កាយ​ដែល​សម្រេច​អំពី​ចិត្ត។ ខ្ញុំ​មាន​សេចក្តី​ត្រិះ​រិះ ក្នុង​កាល​ណា ព្រះ​សាស្តា​ទ្រង់​បាន​សំដែង​នូវ​ធម៌ (មហាបុរិសវិតក្កៈ) ដ៏​លើសលុប​ក្នុង​កាល​នោះ ព្រះ​ពុទ្ធ ទ្រង់​ត្រេកអរ​ក្នុង​ធម៌ ដែល​មិន​មាន​ដំណើរយឺតយូរ សំដែងនូវ​ធម៌​ដែល​មិន​មាន​ដំណើរ​យឺតយូរ។ ខ្ញុំ​ដឹង​នូវ​ធម្មទេសនា​របស់​ព្រះ​សាស្តា​នោះ​ហើយ ត្រេកអរ​ក្នុង​សាសនា វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ខ្ញុំ​បាន​សមាទាន​នេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំ​បាន​ដករំលើ​ង​នូវ​កិរិយាងោកងុយ​អស់ ២៥ ឆ្នាំ​ហើយ។ ព្រះ​ពុទ្ធ ព្រះ​អង្គជា​បុគ្គល​នឹងធឹង មាន​ព្រះ​ទ័យខ្ជាប់​ខ្ជួន មិន​មាន​ខ្យល់​អស្សាស​បស្សាសៈ​ហើយ ព្រះ​ពុទ្ធ​មាន​ចក្ខុ មិន​មាន​កិលេសជា​គ្រឿង​ញាប់​ញ័រ ទ្រង់​ប្រារព្ធនូវ​សេចក្តី​ស្ងប់ បរិនិព្វាន​ហើយ។ ព្រះ​ពុទ្ធ ទ្រង់​អត់​សង្កត់​នូវ​វេទនា ដោយ​ព្រះ​ទ័យ​មិនរួញរា ការ​ផុតស្រឡះ​នៃ​ចិត្ត (របស់​ព្រះ​អង្គ) ដូច​ជាកិរិយារលត់​នៃប្រទីប។ សភាវៈ មាន​ផស្សៈ​ជា​គំរប់ ៥ របស់​ព្រះ​ពុទ្ធ ជា​អ្នក​ប្រាជ្ញ​នុ៎ះ មាន​ក្នុង​ទីបំផុត ក្នុង​កាល​ឥឡូវ​នេះ​ហើយទ. ៧៧ នា​កាលព្រះ​សម្ពុទ្ធ​ទ្រង់​បរិនិព្វាន​ហើយ ធម៌​ដទៃ គឺចិត្ត និងចេតសិក មិន​មាន​ទៀត​ទេ។ ម្នាលទេវតា ឈ្មោះ​ជាលិនី ឥឡូវ​នេះ (អាត្មា) មិន​មាន​ការ​អាស្រ័យនៅ​ក្នុង​ពួក​ទេវតាទៀត​ឡើយ ជាតិសង្សារ របស់​អាត្មា​ក៏អស់​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន​ទេ។

ភិក្ខុ​ណា អាចដឹង​ច្បាស់​នូវ​លោក មាន​ចំណែកមួយពាន់ ព្រម​ទាំង​ព្រហ្មលោក ក្នុង​មួយរំពេចបាន ភិក្ខុ​នោះ ជា​អ្នក​ស្ទាត់​ក្នុង​ឥទ្ធិគុណ ក្នុង​ចុតូបបាតញ្ញាណ រមែង​ឃើញ​ពួក​ទេវតា ក្នុង​កាល​គួរ។

​ក្នុង​កាល​មុន ខ្ញុំ​បាន​កើតជា​បុរសកំសត់ ឈ្មោះ​អន្នភារៈ ជា​អ្នក​ធ្វើ​ការ​ឈ្នួល ដើម្បី​អាហារ បាន​ផ្គត់​ផ្គង់​សមណៈ (ព្រះ​បច្ចេកពុទ្ធ) ឈ្មោះ​ឧបរិដ្ឋៈ ជា​អ្នក​មាន​យស។ ពួក​ជន​អ្នក​ចេះដឹង តែងស្គាល់​ខ្ញុំ​ថា ខ្ញុំ​នោះ​ឈ្មោះ​អនុរុទ្ធ កើត​ក្នុង​សក្យត្រកូល ជា​អ្នក​បរិបូណ៌​ដោយ​របាំ និងចំរៀង ភ្ញាក់​រលឹក​ដោយ​គ្រឿង​ប្រគំ។ ខ្ញុំ​បាន​ឃើញ​ព្រះ​សម្ពុទ្ធ ជាសាស្តា មិន​មាន​ភ័យ​អំពី​ទីណា ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ក្នុង​ព្រះ​សម្ពុទ្ធ​នោះ ហើយ​ចូល​ទៅ​កាន់​ផ្នួស។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ដែល​ជាលំ​នៅ​របស់​អាត្មា​ធ្លាប់​នៅ​ក្នុង​កាល​មុន ក្នុង​ទេវ​លោក​ឈ្មោះ​តាវត្តិង្ស បាន​ឋិត​នៅ​ក្នុង​ជាតិជាសក្កៈ (ព្រះ​ឥន្ទ្រ)។ អាត្មា​បាន​ជាធំ​ក្នុង​មនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំ​លើ​ផែនដី មាន​សមុទ្រ​ទាំង​បួន ជា​ទីបំផុត មាន​ជ័យជំនះ ជាឥស្សរៈ​ក្នុង​ជម្ពូទ្វីបទ. ៧៨ ប្រៀន​ប្រដៅ (ប្រជាជន) ដោយ​ធម៌ មិន​ប្រើដំបង និងគ្រឿង​សស្រ្តា។ កាល​នោះ ខ្ញុំ​បាន​ឋិត​នៅ​ក្នុង​ទេវ​លោក ដឹង​ច្បាស់​នូវ​ខន្ធ ដែល​ធ្លាប់​អាស្រ័យនៅ​ក្នុង​កាល​មុន អស់ ១៤ សង្សារវដ្ដ (១៤ ជាតិ) គឺខាង​ទេវ​លោក​នេះ ៧ ជាតិ ខាងមនុស្ស​លោក​នេះ ៧ ជាតិ។

កាលសមាធិប្រកបដោយ​អង្គ5) ៥ ខ្ញុំ​បាន​ចំរើន​ឲ្យ​មាន​អារម្មណ៍មូល​តែ​មួយ​ហើយ ខ្ញុំ​ក៏​បាន​សេចក្តី​ស្ងប់​រម្ងាប់ ទិព្វចក្ខុ​របស់​ខ្ញុំ​ក៏បរិសុទ្ធ។ ខ្ញុំ​លុះបាន​ឋិត​នៅ​ក្នុង​ឈាន​ប្រកប​ដោយ​អង្គ ៥ ហើយ ក៏​ដឹង​នូវ​ការ​ច្យុតិ និង​ការ​កើត គឺដំណើរមក និងដំណើរទៅ (ព្រម​ទាំង) ការ​កើត​ឡើង​យ៉ាង​នេះ និង​ការ​ប្រែប្រួល​ទៅ​ជាយ៉ាង​ដទៃ​របស់​សត្វ​ទាំង​ឡាយ។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ។បេ។ តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​បាន​ដក​ចោល​ហើយ។ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ លុះអស់​ជីវិត ខ្ញុំ​នឹងនិព្វាន​ក្រោម​គុម្ព​ឫស្សី ក្នុង​វេឡុវនគ្រាម របស់​ពួក​ជន​អ្នក​នៅ​ក្នុង​ដែនវជ្ជី។

អនុរុទ្ធត្ថេរ។

បារាសរិយត្ថេរគាថា

(១០. បារាបរិយត្ថេរគាថា)

[២៥៨] ចិន្ដា​របស់​សមណៈ អ្នក​មាន​អារម្មណ៍មូល​តែ​មួយ អង្គុយ​ក្នុង​ព្រៃធំ​មាន​ផ្ការីក ជា​អ្នក​មាន​សេចក្តី​ស្ងប់​ស្ងាត់ មាន​ឈានបាន​កើតមាន​ហើយ។ទ. ៧៩ កាល​ដែល​ព្រះ​លោកនាថ​ជាឧត្តមបុរស មាន​ព្រះ​ជន្មនៅ​ឡើយ ការ​ប្រព្រឹត្តិ​របស់​ពួក​ភិក្ខុ មាន​ដោយ​ឡែក ឥឡូវ​នេះ (ការ​ប្រព្រឹត្តិ) ក៏​ប្រាកដ​ដោយ​ឡែក។ ពួក​ភិក្ខុ​ជា​អ្នក​សន្ដោស​ក្នុង​បច្ច័យតាមមាន​តាមបាន បាន​ប្រើប្រាស់​នូវ​ចីវរ គ្រាន់​តែ​ជា​គ្រឿង​ការ​ពារនូវ​ត្រជាក់ និងខ្យល់ គ្រាន់​តែជា​គ្រឿង​បិទបាំងនូវ​កេរ្ដិ៍ខ្មាស។ ពួក​ភិក្ខុ​ជា​អ្នក​មិន​ជាប់ មិន​ជ្រប់ បាន​បរិភោគ​របស់​ថ្លៃថ្លាក្តី សៅហ្មងក្ដី តិចក្តី ច្រើនក្ដី ដើម្បី​ញ៉ាំង​អត្តភាព ឲ្យ​ប្រព្រឹត្ត​ទៅ​ប៉ុណ្ណោះ។ ពួក​ភិក្ខុ​មិន​បាន​ខ្វល់​ខ្វាយ​ក្នុង​ភេសជ្ជបច្ច័យ ជាបរិក្ខារ​នៃជីវិតខ្លាំងពេក ដូច​ជាខ្វល់​ខ្វាយ​ក្នុង​ធម៌​ជា​ទី​អស់​នៃអាសវៈ​ទេ។ ពួក​ភិក្ខុ​ចំរើន​រឿយ ៗ នូវ​វិវេកធម៌ ប្រព្រឹត្តឈមទៅ​រកវិវេក នៅ​ក្នុង​ព្រៃទៀប​គល់​នៃឈើ​ក្នុង​ជ្រោះ និង​ក្នុង​គុហា​ទាំង​ឡាយ។ ពួក​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​បន្ទាបខ្លួន តាំង​មាំ (ក្នុង​សាសនា) ជា​អ្នក​ចិញ្ចឹមងាយ ជា​អ្នក​មាន​ចិត្តទន់ មាន​ចិត្តមិនរឹងត្អឹង មិន​ច្របូកច្របល់​ដោយ​កិលេស មិន​មាន​មាត់​រឹង ជា​អ្នក​លុះ​ក្នុង​អំណាច​នៃ​ការ​គិតរកប្រយោជន៍ (ខ្លួន និង​អ្នក​ដទៃ)។ ព្រោះ​ហេតុ​នោះ ដំណើរ​ទៅ និង​ការ​បរិភោគ ការ​សេព (របស់​ពួក​ភិក្ខុ​) គួរ​ជា​ទីជ្រះ​ថ្លា ទាំង​មាន​ឥរិយាបថ ដូចធារ​នៃប្រេង​ដ៏ស្និទ្ធល្អ។ ព្រះ​ថេរៈ​ទាំង​នោះ មាន​អាសវៈ​ទាំង​ពួង​អស់​ហើយ មាន​ឈានច្រើន មាន​ប្រយោជន៍ច្រើន ឥឡូវ​នេះ បរិនិព្វាន​ហើយ ឥឡូវ​នេះ ពួក​ភិក្ខុ​បែបនោះ មាន​តិច។ទ. ៨០ សាសនា​នៃ​ព្រះ​ជិនស្រី ប្រកប​ដោយ​អាការ​ដ៏​ប្រសើរគ្រប់​យ៉ាង រមែង​សាបសូន្យ​ទៅ ព្រោះ​ការ​អស់​ទៅ​នៃ​កុសលធម៌​ផង នៃ​បញ្ញាផង។ កាលជារដូវ​នៃបាបធម៌ និងកិលេស (កំពុង​ប្រព្រឹត្ត​ទៅ​) ពួក​ភិក្ខុ​ណាខ្នះខ្នែង ដើម្បី​វិវេក ពួក​ភិក្ខុ​នោះ ឈ្មោះ​ថា មាន​ព្រះ​សទ្ធម្មសល់​នៅ។6) កិលេស​ទាំង​នោះ កាលចំរើន​ឡើង រមែង​ជ្រៀតជ្រែកនូវ​ជន​ជា​ច្រើន ទំនងហាក់​ប្រឡែងលេង​នឹង​ពួក​ជនពាល ដូច​ពួក​អារក្សទឹក ប្រឡែងលេង​នឹង​មនុស្សឆ្កួត។ ពួក​នរ​ជន​ទាំង​នោះ លុះត្រូវកិលេសគ្រប​សង្កត់​ហើយ តែងស្ទុះទៅ​តាម​ចំណែក​នៃកិច្ចនោះ ៗ ព្រោះកិលេសវត្ថុ​ទាំង​ឡាយ ក្នុង​កាលជា​ទីចាប់​យក​ដោយ​ខ្លួន​ឯង ដែល​ពួក​កិលេសឃោសនា​ហើយ។ ពួក​ជន​នោះ លះ​បង់​នូវ​ព្រះ​សទ្ធម្ម ហើយ​ឈ្លោះ​ប្រកែកគ្នា​នឹងគ្នា លុះ​ក្នុង​អំណាចទិដ្ឋិ សំគាល់​ថា វត្ថុនេះ ប្រសើរ​បំផុត ដូច្នេះ។ ពួក​ជន ដែល​លះ​បង់​នូវ​ទ្រព្យ និងកូនប្រពន្ធ ហើយចេញ​ទៅ (អំពីផ្ទះ) រមែង​សេព​នូវ​អំពើ​ដែល​មិន​គួរ​ធ្វើ​ ព្រោះ​ហេតុ សូម្បីត្រឹម​តែចង្ហាន់​មួយវែក។ទ. ៨១ (ពួក​ភិក្ខុ​នោះ​) បរិភោគ​អាហារពេញ​ពោះ ហើយដេកផ្ងារ ភ្ញាក់​ឡើង​ហើយ​ក៏នាំគ្នា​និយាយពាក្យ ដែល​ព្រះ​សាស្ដា​ទ្រង់​តិះ​ដៀល។ ពួក​ភិក្ខុ ហាត់​ធ្វើ​យ៉ាង​ផ្ចិតផ្ចង់​នូវ​សិល្បៈ ដូច​ជាង​ទាំង​ពួង មិន​រម្ងាប់​នូវ​សន្ដានចិត្តខាង​ក្នុង គុណវិសេស គឺប្រយោជន៍​នៃសមណធម៌ (របស់​ពួក​ភិក្ខុ​នោះ) ក៏អាក់​ខាន។ ពួក​ភិក្ខុ កាល​ប្រាថ្នា​នូវ​ចតុប្បច្ច័យ​ច្រើនលើសលុប រមែង​បង្អោននូវ​ដីស្អិត ប្រេង គ្រឿង​លំអិត ទឹក អាសនៈ និងភោជន ដល់​ពួក​គ្រហស្ថ។ ឲ្យ​នូវ​ឈើស្ទន់ ផ្លែក្វិដ្ឋ ផ្កាឈើ វត្ថុ​សម្រាប់​ទំពាស៊ី បិណ្ឌបាត​ដ៏ល្អ ៗ ផ្លែស្វាយ និងផ្លែកន្ទួតព្រៃ​ទាំង​ឡាយ ខ្វល់​ខ្វាយ​ក្នុង​ភេសជ្ជៈ ដូច​ពួក​ពេទ្យ ខ្វល់​ខ្វាយ​ក្នុង​កិច្ចតូចធំ (នៃជម្ងឺ) ដូច​ពួក​គ្រហស្ថ​ប្រកប​ក្នុង​ការ​ស្អិតស្អាង ដូចស្រីពេស្យា ឬ​ដូច​ពួក​ក្សត្រយ៍ ខ្វល់​ខ្វាយ​ក្នុង​ឥស្សរភាព ជា​អ្នក​បោកប្រាសបញ្ឆោត ធ្វើ​ជាសក្សីវៀច ជា​អ្នក​កោងកាច បរិភោគអាមិសៈ ដោយ​អាការ​ជាមិច្ឆាជីវៈ​ច្រើនយ៉ាង។ ពួក​ភិក្ខុ​ជា​អ្នក​រវះរវាម (ដោយ​បាបធម៌) ក្នុង​លេស​ដ៏គួរ ក្នុង​របិចវាសវាង ត្រូវការ​ចិញ្ចឹមជីវិត ប្រមូល​មក​នូវ​ទ្រព្យ​ដ៏​ច្រើន ដោយ​ឧបាយ។ទ. ៨២ ពួក​ភិក្ខុ​ញ៉ាំង​បរិស័ទ ឲ្យ​ផ្គត់​ផ្គង់ ព្រោះ​ការ​ងារ មិន​មែន​ព្រោះ​ធម៌ សំដែងធម៌ដល់​ជន​ដទៃ ព្រោះ​តែលាភ មិន​សំដែងព្រោះ (ប្រាថ្នា) ប្រយោជន៍ (សាធារណៈ)។ ពួក​ភិក្ខុ​ឈ្លោះប្រកែក ព្រោះ​តែ​សង្ឃ​លាភ ជា​ខាង​ក្រៅ​អំពី​សង្ឃ ចិញ្ចឹមជីវិត​ដោយ​លាភ​របស់​ជន​ដទៃ ជា​បុគ្គល​មិន​ខ្មាសអៀន។ មួយ​ទៀត ពួក​ភិក្ខុ​ខ្លះ ជា​អ្នក​មិនប្រកប (សមណធម៌) ជា​បុគ្គល​មាន​ក្បាល​ត្រងោល ដណ្ដប់​សង្ឃាដិ ជា​អ្នក​ល្មោភ​ដោយ​លាភសក្ការៈ ប្រាថ្នា​តែសេចក្តី សរសើរ។ កាល​បើកិលេសធម៌ ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​ផ្សេង ៗ យ៉ាង​នេះ ឥឡូវ​នេះ ភិក្ខុ​មិន​អាច​នឹង​ប៉ះពាល់​នូវ​គុណវិសេស​ដែល​មិន​ទាន់​បាន​ប៉ះពាល់ ឬមិនអាច​នឹងរក្សានូវ​គុណ​វិសេស ដែល​បាន​ប៉ះពាល់​ដូច្នោះបាន​ឡើយ។ ជន មិន​មាន​ស្បែកជើង ត្រាច់​ទៅ​ក្នុង​ទី​មាន​បន្លា​យ៉ាង​ណា អ្នក​ប្រាជ្ញគួរ​ប្រុងស្មារតី ត្រាច់​ទៅ​ក្នុង​ស្រុកយ៉ាង​នោះ។ យោគី កាល​រលឹក​ឃើញ​ពួក​លោក​អ្នក​មាន​ព្យាយាម​ក្នុង​កាលពីដើម រលឹក​ឃើញ​នូវ​វត្តប្រតិបត្តិ របស់​ពួក​លោក​ទាំង​នោះ ទោះបីកាលជា​ខាងក្រោយ (អំពីកាល​ដែល​ព្រះ​សាស្ដាគង់​នៅ​) ក៏​ដោយ គង់​បាន​ប៉ះពាល់​នូវ​ផ្លូវអមតៈ។ទ. ៨៣

សមណៈ បាន​ចំរើន​នូវ​ឥន្រ្ទិយ ជា​អ្នក​បណ្ដែត​ចោល​នូវ​បាប ជា​អ្នក​ស្វែង​រក​នូវ​គុណ មាន​ភព​ថ្មីអស់​ហើយ លុះ​ពោលយ៉ាង​នេះ​ហើយ ក៏បរិនិព្វាន ក្នុង​សាលវ័ន។

បារាសរិយត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ ១០ នេះ គឺ​អធិមុត្តត្ថេរ ១ បារាសរិយត្ថេរ ១ តេលុកានិត្ថេរ ១ រដ្ឋបាលត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សេលត្ថេរ ១ ភទ្ទិយត្ថេរ ១ អង្គុលិមាលត្ថេរ ១ អនុរុទ្ធត្ថេរ មាន​ទិព្វចក្ខុ ១ បារាសរិយត្ថេរ ១ បាន​សំដែងគាថា ២០០ លើ​ស ៤៥ ដែល​មក​ក្នុង​វីសតិនិបាត។

ចប់ វីសតិនិបាត។

 

លេខយោង

1)
ប្រភេទ ១៥ ពី​រដង គឺ សក្កាយទិដ្ឋិ ២០ មិច្ឆាទិដ្ឋិ ១០ (អដ្ឋកថា)
2)
គេចាប់​បាន​ត្រង់​កន្លែងជញ្ជាំង​ដែល​ខ្លួន​បោះ ឬកាត់​នោះ។
3)
ពាក្យថាធម៌ក្នុង​ទីនេះ សំដៅយកចិត្ត​ដែល​ប្រកប​ដោយ​តម្រេក។ អដ្ឋកថា។
4)
អ្នកមិន​បៀត​បៀនគេ។
5)
សមាធិប្រកប​ដោយ​អង្គ ៥ គឺបីតិផរណតា ការផ្សាយ​ទៅ​នៃបីតិ ១ ចេតោផរណតា ការផ្សាយ​ទៅនៃ​ចិត្ត ១ អាលោកផរណតា ការ​ផ្សាយ​ទៅ​នៃពន្លឺ ១ បច្ចវេក្ខណា ការពិចារណា​ស្ទាត់ ១ និមិត្តំ ការប្រកប​ដោយ​និមិត្ត មាន​បរិកម្ម​ជានិមិត្ត ១។ អដ្ឋកថា។
6)
កាលរដូវដែល​ពួក​បុថុជ្ជន​កំពុង​សម្បូរ​ដោយ​បាបធម៌ និងកិលេស ទោះបី​ភិក្ខុពួក​ខ្លះ ប្រកប​ព្យាយាម​ក្នុង​វិធីនៃ​កម្មដ្ឋាន ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​ឧក្រិដ្ឋ ក៏​មិនអាច​នឹងញុំាង​សេចក្តី​ប្រតិបត្តិ​ឲ្យ​សម្រេច​បានដោយ​ងាយ ព្រោះ​ព្រះ​សទ្ធម្ម​ដែល​សល់​នៅក្រៅអំពី​សេចក្តី​ប្រតិបត្តិ​នោះជា​ច្រើន ដោយ​បាបធម៌ និងកិលេស​ចូល​ជ្រៀតជ្រែក។ អដ្ឋកថា។
km/tipitaka/sut/kn/tha/sut.kn.tha.16.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann