km:tipitaka:sut:kn:tha:sut.kn.tha.16.03

តេលុកានិត្ថេរគាថា

សង្ខេប

ព្រះ​យោគិ​មិន​​បាន​​ជោគ​ជ័យ​យូរ​​មក​​ហើយ រហូត​​ដល់​​ព្រះ​ពុទ្ធ​​ទ្រង់​​បង្រៀន​សតិប្បដ្ឋាន និង​​វិបស្សនា។

sut kn tha 16 03 បាលី cs-km: sut.kn.tha.16.03 អដ្ឋកថា: sut.kn.tha.16.03_att PTS: ?

តេលុកានិត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. តេលកានិត្ថេរគាថា)

[២៥១] ខ្ញុំ​មានព្យាយាម ជា​គ្រឿង​ដុត​កំដៅនូវ​កិលេស កាលគិត​រក​នូវ​ធម៌ អស់​កាល​មាន​រាត្រី​ដ៏យូរណាស់ តែមិន​បាន​នូវ​ការ​ស្ងប់​រម្ងាប់​នៃ​ចិត្ត ទើបសួរនូវ​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ​ថា បុគ្គល​ណាសោត ដែល​បាន​ដល់​នូវត្រើយ​ក្នុង​លោក អ្នក​ណា​ដែល​បាន​ដល់​នូវ​ព្រះ​និព្វាន​ឈ្មោះ​អមតៈ ខ្ញុំ​នឹងប្រតិបត្តិនូវ​ធម៌ ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ដ៏​ឧត្តម​របស់​សមណព្រាហ្មណ៍ណា។ ខ្ញុំ​លុះ​ក្នុង​កិលេស​ជា​គ្រឿង​វៀច​ខាង​ក្នុង ដូចត្រីស៊ីនុយ ឬ​ដូចអសុរឈ្មោះ​វេបចិត្តិ​ជាប់​ចំណង​ព្រះ​ឥន្រ្ទ។ទ. ៥២ ខ្ញុំ​ទាញដកអន្ទាក់ គឺ​កិលេស​នោះ តែមិនរួច​ចាក​សេចក្តី​សោក និង​ការ​ខ្សឹកខ្សួល​នេះ​ទេ អ្នក​ណា​អាច​ស្រាយ​នូវ​ចំណង​នៃ​ខ្ញុំ ក្នុង​លោក រួច​ប្រាប់​នូវ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹងដល់​ខ្ញុំ​បាន។ ខ្ញុំ (គប្បី​បាន​) នូវ​សមណៈ ឬព្រាហ្មណ៍ណា ដែល​អាច​ប្រាប់​ធម៌ ជា​គ្រឿង​កំចាត់​បង់​កិលេសបាន ខ្ញុំ​នឹងទទួលនូវ​ធម៌​ជា​គ្រឿង​បន្សាត់​បង់​នូវ​ជរា និងមច្ចុ អំពី​សំណាក់​នៃបុគ្គល​ណា។ (សរ គឺទិដ្ឋិណា) ដែល​មាន​និស្ស័យ​ជាប់​ក្នុង​ទ្រូង អាច​ទំលាយយ៉ាង​ខ្លាំង ហើយ​ឋិត​នៅ​ក្នុង​ហឫទ័យ អ្នក​ចូរមើល​នូវ​សរ គឺទិដិ្ឋនោះ ដែល​ធ្លាក់​ចុះ​ក្នុង​សេចក្តី​សង្ស័យ និង​សេចក្តី​ងឿងឆ្ងល់ ប្រកប​ដោយ​កម្លាំង​នៃ​សេចក្តី​ប្រណាំងប្រជែង មាន​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត ដែល​ផ្សំ​ដោយ​សេចក្តី​ក្រោធ មាន​តណ្ហាជា​គ្រឿង​ទំលាយ កើតព្រម​អំពីធ្នូ គឺ​តណ្ហា មាន​ប្រភេទ ១៥ ពី​រដង។1) ការ​ដែល​មិន​បាន​លះ​បង់​នូវ​ទិដិ្ឋបន្ទាប់​បន្សំ​ទាំង​ឡាយ ត្រូវសរ គឺ​សេចក្តី​ត្រិះ​រិះ​ខុស ឲ្យ​ក្លាហាន​ហើយ អាត្មា​អញ​ឈ្មោះ​ថា ត្រូវសរ គឺទិដិ្ឋនោះ​មុត​ហើយ រមែង​ញាប់​ញ័រ​ដូច​ស្លឹកឈើ​ដែល​ត្រូវខ្យល់​បក់​ដូច្នោះ។ កាយប្រកប​ដោយ​ផស្សាយតនៈ ៦ តាំងឡើង​ក្នុង​សន្តាន​របស់​អាត្មា​អញ ហើយក៏ដុត​យ៉ាង​ឆាប់​នូវ​អត្តភាព ដែល​គេ​រាប់​ថា ជា​របស់​នៃខ្លួន (កាយនោះ​) កើត​ឡើង​ក្នុង​ភពណា ក៏ប្រព្រឹត្ត​ទៅ​ក្នុង​ភពនោះ​សព្វកាល។ទ. ៥៣ អាត្មា​អញ រកមិន​ឃើញ​នូវ​ពេទ្យ ដែល​គប្បី​ដកឡើង​នូវ​សរ គឺ​សេចក្តី​សង្ស័យនោះ របស់​អាត្មា​អញ ដោយ​ដង្កាប់​សម្រាប់​ដកផ្សេង ៗ ឬ​ដោយ​កាំបិត មិន​មែន​ដោយ​មន្ដដទៃឡើយ។ បុគ្គល​ណាហ្ន៎ មិន​មាន​កាំបិត (កាត់) នូវ​សរ មិន​ឲ្យ​មាន​ដំបៅដល់​អាត្មា​អញ មិន​បាន​បៀត​បៀន​នូវ​ខ្លួន​ទាំង​មូល ហើយដកនូវ​សរ គឺ​កិលេស ដែល​អាស្រ័យនូវ​ហឫទ័យ​របស់​អាត្មា​អញ​បាន។ ព្រោះ​ថា កាល​បើអាត្មា​អញ ធ្លាក់​ចុះ​ក្នុង​សង្សារ​ដ៏ជ្រៅ​ហើយ (បុគ្គល​ណា) គប្បី​បង្ហាញនូវ​ដៃ ដែល​ញ៉ាំង​អាត្មា​អញឲ្យ​ដល់​ទីគោក គឺព្រះ​និព្វាន​បាន បុគ្គល​នោះ ឈ្មោះ​ថា​ជាធំ ហេតុធម៌ ជា​អ្នក​ប្រសើរ ជា​អ្នក​បន្សាត់​បង់​នូវ​ពិស គឺទោសៈ។ អាត្មា​អញ ជា​អ្នក​លិច​ចុះ​ក្នុង​អន្លង់ គឺសង្សារវដ្ដ មាន​ធូលី គឺ​កិលេសនៅខាង​ក្នុង ដែល​គេ​មិនអាច​នឹង​នាំចេញ​បាន ជា​ទីផ្សាយ​ទៅ​ដោយ​មាយា ដោយ​សេចក្តី​ច្រណែន ដោយ​ការ​ប្រណាំងប្រជែង និងថីនមិទ្ធៈ។ សេចក្តី​ត្រិះ​រិះ​ទាំង​ឡាយ ដែល​អាស្រ័យនូវ​រាគៈ បា្រកដ​ស្មើ​ដោយ​ទឹក​ដែល​ហូរ​ទៅ តែងបន្សាត់​ទៅ​នូវ​បុគ្គល​អ្នក​មាន​ទិដ្ឋិអាក្រក់ ដែល​មាន​ឧទ្ធច្ចៈ​ជា​មេឃ​គ្រហឹម មាន​សំយោជនៈ​ជាភ្លៀង។ ខ្សែតណ្ហា រមែង​ហូរទៅ​​ក្នុង​អារម្មណ៍​ទាំង​ពួង តណ្ហា​ដូច​ជាវល្លិ៍ រមែង​ដុះបែកខ្នែង តើបុគ្គល​ណា ឃាត់​នូវ​ខ្សែ​តណ្ហា​នោះ​បាន ចុះ​បុគ្គល​ណាកាត់​ផ្ដាច់​នូវ​តណ្ហា ដូច​ជាវល្លិ៍នោះ​បាន។ទ. ៥៤ បពិត្រ​អ្នក​ទាំង​ឡាយ​ដ៏​ចំរើន អ្នក​ទាំង​ឡាយ ចូរធ្វើ​នូវ​ទំនប់ ជា​គ្រឿង​ទប់​នូវ​ខ្សែតណ្ហា​ទាំង​ឡាយ។ ខ្សែ​តណ្ហា ដែល​សម្រេច​អំពីចិត្ត កុំគប្បី​ញ៉ាំង​អ្នក​ឲ្យ​វិនាស​ដោយ​រហ័ស ដូច​ជាខ្សែទឹក (ច្រោះ) នូវ​ដើមឈើ (ឲ្យ​រលំ) ដូច្នោះឡើយ។ កាលអាត្មា​អញ​មាន​ភ័យកើត​ហើយ កំពុង​ស្វែង​រក​ត្រើយខាង​នាយ គឺព្រះ​និព្វាន ចាក​ត្រើយខាង​អាយ គឺសង្សារវដ្ដយ៉ាង​នេះ ព្រះ​សាស្ដា មាន​បញ្ញា​ជា​អាវុធ ជា​ទីពឹង​នៃសត្វ​លោក ព្រះ​អង្គត្រូវពួក​នៃបុគ្គល​អ្នក​ស្វែង​រក​នូវ​គុណ សេពគប់​ហើយ ទ្រង់​ប្រទាន (ដល់​ខ្ញុំ) នូវ​ជណ្ដើរ គឺវិបស្សនា ដែល​ទេសនាញាណ ធ្វើ​ល្អ​ហើយ ជា​ជណ្ដើរ​ដ៏ស្អាត សម្រេច​អំពី​ធម៌​មាន​ខ្លឹម​ដ៏មាំ កាល​ខ្ញុំ​កំពុងត្រូវ​ជំនន់​ធំគួចទៅ ព្រះ​អង្គក៏​បាន​ត្រាស់​ថា អ្នក​កុំភ័យឡើយ។ ខ្ញុំ​បាន​ឡើង​កាន់​ប្រាសាទ គឺសតិប្បដ្ឋាន ហើយ​ក្រឡេក​មើល ក៏សំគាល់​នូវ​សត្វ​ដែល​ត្រេកអរ​ក្នុង​សក្កាយ​ក្នុង​កាល​មុន។ អាត្មា​អញ បាន​ឃើញ​នូវ​ផ្លូវ គឺវិបស្សនា ជា​ទីឡើង​កាន់​ទូក គឺ​អរិយមគ្គ ក្នុង​កាល​ណា កាល​នោះ អាត្មា​អញ​មិន​បាន​តាំង​ចិត្ត ក៏​បាន​ឃើញ​នូវ​អរិយ​មគ្គ​ដ៏​ឧត្តម ជា​កំពង់ (នៃនិព្វាន​)។ សរ គឺទិដ្ឋិ មានះជាដើម ដែល​មាន​ខ្លួន​ជាសមុដ្ឋាន មាន​តណ្ហាជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព ជា​ដែនកើត ព្រះ​សាស្ដាទ្រង់​សំដែងមគ្គ​ដ៏​ឧត្តម ដើម្បី​មិនឲ្យ​ប្រព្រឹត្ត​ទៅ​នៃបាបធម៌​ទាំង​ឡាយ​នុ៎ះ។ ព្រះ​ពុទ្ធ បន្សាត់​បង់​នូវ​ទោសៈ​ជាពិស ទ្រង់​បន្ទោបង់​នូវ​កិលេស ជា​គ្រឿង​ចាក់​ស្រេះ​របស់​អញ ដែល​ត្រាំ​នៅ​ក្នុង​ចិត្ត អស់​រាត្រី​ដ៏​វែង ដែល​តាំងស៊ប់​ហើយ​ក្នុង​សន្ដាន អស់​កាល​ដ៏យូរ។

តេលុកានិត្ថេរ។

 

លេខយោង

1)
ប្រភេទ ១៥ ពី​រដង គឺ សក្កាយទិដ្ឋិ ២០ មិច្ឆាទិដ្ឋិ ១០ (អដ្ឋកថា)
km/tipitaka/sut/kn/tha/sut.kn.tha.16.03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann