km:tipitaka:sut:kn:tha:sut.kn.tha.16.05

មាលុង្ក្យបុត្តត្ថេរគាថា

សង្ខេប

បើ​​អ្នក​​ណា​​ត្រេកអរ​​នឹង​​រូប សំឡេង ក្លិន រសជាតិ ការ​ប៉ះ​ គំនិត អ្នក​​នោះ​​នៅ​​ឆ្ងាយ​​ពី​ការ​​ត្រាស់​ដឹង។

sut kn tha 16 05 បាលី cs-km: sut.kn.tha.16.05 អដ្ឋកថា: sut.kn.tha.16.05_att PTS: ?

មាលុង្ក្យបុត្តត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. មាលុក្យបុត្តត្ថេរគាថា)

[២៥៣] បុគ្គល​កាលឃើញរូប​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​រូបជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈា (ការ​សំឡឹងរំពៃ) ផង ព្រោះវិហេសា (ការ​បៀត​បៀន) ផង កាលបុគ្គល​សន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​កាលឮសំឡេង​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្ត​ត្រេកអរ​ទទួល​យក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​សំឡេង​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀត​ចង្អល់ ព្រោះអភិជ្ឈាផង ព្រោះ វិហេសាផង បុគ្គល​កាលសន្សំយ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ទ. ៦១ បុគ្គល​កាលធុំក្លិន​ហើយ ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក លេប​យក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ក្លិនជា​ដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀត​ចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គល​កាលសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពី​ព្រះ​និព្វាន។ បុគ្គល​កាល​បរិភោគ​រស​ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួលយក និងលេប​យក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​រសជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសា​ផង បុគ្គល​កាល​សន្សំយ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពី​ព្រះ​និព្វាន។ បុគ្គល​កាលប៉ះពាល់​នូវ​ផស្សៈ ហើយធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្ត​ជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ ទទួល​យក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ផស្សៈ​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះ​អភិជ្ឈាផង ព្រោះវិហេសាផងទ. ៦២ បុគ្គល​កាលសន្សំ​យ៉ាង​នេះ​ទុក (រមែងប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​កាល​ដឹង​នូវ​ធម្មារម្មណ៍1) ហើយ ធ្វើ​ទុក​ក្នុង​ចិត្តនូវ​និមិត្តជា​ទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំង​ភ្លាត់ បុគ្គល​នោះ រមែង​មាន​ចិត្តត្រេកអរ​ទទួលយក លេបយក​អារម្មណ៍​នោះ។ វេទនា​ទាំង​ឡាយ​ជា​ច្រើន មាន​ធម្មារម្មណ៍​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ ចិត្ត​របស់​បុគ្គល​នោះ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសា​ផង បុគ្គល​កាលសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គល​នោះ ឃើញរូប​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ​ក្នុង​រូប​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង​តែមិនលេប​យក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលឃើញរូប ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង​ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ ឮសំឡេង មាន​ស្មារតីខ្ជាប់​ខ្ជួន រមែង​មិន​ត្រេកអរ ក្នុង​សំឡេង​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង មិន​លេបយក​នូវ​អារម្មណ៍​នោះ។ទ. ៦៣ បុគ្គល​នោះ កាលឮនូវ​សំឡេង ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​ធុំក្លិន​ហើយ មាន​ស្មារតី​ខ្ជាប់​ខ្ជួន មិន​ត្រេកអរ ក្នុង​ក្លិន​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែ​ទទួលដឹង តែមិនលេប​យក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលធុំក្លិន ទទួល​វេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាលមិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ បរិភោគនូវ​រស​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ​ក្នុង​រស​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែមិនលេបយក នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលភ្លក់​នូវ​រស ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិន​ប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ទ. ៦៤ បុគ្គល​នោះ ប៉ះពាល់​នូវ​ផស្សៈ​ហើយ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេកអរ ក្នុង​ផស្សៈ​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែមិន​លេបយក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលប៉ះ​ពាល់​នូវ​ផស្សៈ ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ មិន​ចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោលថា ជិតព្រះ​និព្វាន។ បុគ្គល​នោះ ដឹង​នូវ​ធម្មារម្មណ៍ មាន​ស្មារតីខ្ជាប់​ខ្ជួន មិន​ត្រេក​អរ ក្នុង​ធម្មារម្មណ៍​ទាំង​ឡាយ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង តែ​មិនលេបយក​នូវ​អារម្មណ៍​នោះ។ បុគ្គល​នោះ កាលដឹង​ច្បាស់​នូវ​ធម្មារម្មណ៍ ទទួល​វេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ​មិនចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គល​នោះ ជា​អ្នក​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ដោយ​ប្រការ​នោះ បុគ្គល​កាល​មិនសន្សំ​យ៉ាង​នេះ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គល​នោះ លោក​ពោល​ថា ជិតព្រះ​និព្វាន។

មាលុង្ក្យបុត្តត្ថេរ។

 

លេខយោង

1)
ពាក្យថាធម៌ក្នុង​ទីនេះ សំដៅយកចិត្ត​ដែល​ប្រកប​ដោយ​តម្រេក។ អដ្ឋកថា។
km/tipitaka/sut/kn/tha/sut.kn.tha.16.05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann