User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:tha:sut.kn.tha.16.06

សេលត្ថេរគាថា

សង្ខេប

កម្រង​វាចា របស់​ព្រះ​សេលត្ថេរ ព្រះ​អរហន្ត ដែល​ពី​មុន​ជា​ព្រាហ្មណ៍ ហើយ​បាន​បួស​ជា​ភិក្ខុ រួម​ជា​មួយ ៣០០​នាក់ នៃ​ត្រកូល​របស់​គាត់។

sut kn tha 16 06 បាលី cs-km: sut.kn.tha.16.06 អដ្ឋកថា: sut.kn.tha.16.06_att PTS: ?

សេលត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. សេលត្ថេរគាថា)

[២៥៤] បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​ព្រះ​កាយ​ដ៏បរិបូណ៌ ជា​ទីគាប់​ចិត្ត​ក្រៃលែង មាន​ព្រះ​ជាតិ​ដ៏ល្អ មាន​ព្រះ​នេត្រ​ដ៏ល្អ មាន​សម្បុរ​ដូច​ជាសម្បុរ​នៃមាស មាន​ព្រះ​ទាឋ឵​ដ៏សក្បុស ទ្រង់​មាន​ព្យាយាម។​ទ. ៦៥ ព្យញ្ជនៈ​ណារបស់​ជនមាន​ជាតិល្អ ព្យញ្ជនៈ (និងអនុព្យញ្ជនៈ) ទាំង​អស់​នោះ ជាមហាបុរិសលក្ខណៈ មាន​ក្នុង​ព្រះ​កាយ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​មាន​ព្រះ​នេត្រថ្លា មាន​ព្រះ​ភក្រ្តល្អ មាន​ទំហំ និងកម្ពស់​សមសួន មាន​ព្រះ​កាយត្រង់ មាន​រស្មីរុងរឿង ក្នុង​កណ្ដាល​នៃ​ពួក​សមណៈ ដូច​ព្រះ​អាទិត្យ។ បពិត្រ​ភិក្ខុ ព្រះ​អង្គ​មាន​រូបល្អ គួរ​ជា​ទីរមិលមើល មាន​ស្បែក​ដ៏ភ្លឺថ្លា​ដូចមាស ព្រះ​អង្គ​មាន​សម្បុរ​ដ៏​ឧត្តម​យ៉ាង​នេះ តើមាន​ប្រយោជន៍​អ្វី​ដោយ​សមណភាព។ ព្រះ​អង្គគួរ​បាន​ជាស្ដេច​ចក្រពត្តិ ដូច​គោឧសភៈ​ក្នុង​រថ ជាធំ (លើ​ផែនដី) មាន​សមុទ្រ​ទាំង​បួន ជា​ទីបំផុត មាន​ជ័យជម្នះ ជាឥស្សរៈ​របស់​អ្នក​ជម្ពូទ្វីប។ បពិត្រ​ព្រះ​គោតម ពួក​ក្សត្រិយ៍ជា​ស្ដេចចំណុះ តែងចុះចូល​នឹង​ព្រះ​អង្គ សូមព្រះ​អង្គ​សោយរាជ្យ ជារាជាធិរាជ ដ៏​ធំជាងពួក​មនុស្ស​ចុះ។

(ព្រះ​មាន​ព្រះ​ភាគត្រាស់​ថា) ម្នាលសេលៈ តថាគត ជាធម្មរាជ ជាស្ដេច​ប្រសើរ អាចញ៉ាំង​ចក្រឲ្យ​ប្រព្រឹត្ត​ទៅ​តាមធម៌ ជាចក្រ​ដែល​អ្នក​ណា​មួយមិនអាចឲ្យ​ប្រព្រឹត្ត​ទៅ​បាន។

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះ​គោតម ព្រះ​អង្គទ្រង់​ប្ដេជ្ញាថា ព្រះ​អង្គ​ជា​អ្នក​ត្រាស់​ដឹង ទ្រង់​ត្រាស់​ថា តថាគត​ជាធម្មរាជ ជាស្ដេចប្រសើរ អាច​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​តាមធម៌បាន។ទ. ៦៦ ចុះភិក្ខុ​ណា ជាសេនាបតី​របស់​ព្រះ​អង្គ ជាសាវ័ក​ប្រព្រឹត្ត​តាម​ព្រះ​សាស្ដា ភិក្ខុ​ណា ញ៉ាំង​ធម្មចក្កនេះ ដែល​ព្រះ​អង្គឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន។

(ព្រះ​មាន​ព្រះ​ភាគទ្រង់​ត្រាស់​ថា ម្នាលសេលៈ) ភិក្ខុ​សារីបុត្ត ជាអនុជាត​របស់​តថាគត ញ៉ាំង​ធម្មចក្ក​ដ៏​ប្រសើរ ដែល​តថាគត​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន។ ម្នាលព្រាហ្មណ៍ ទុក្ខសច្ច​ដែល​គួរ​ដឹង​ច្បាស់ តថាគត​បាន​ដឹង​ច្បាស់​ហើយ មគ្គ​សច្ច​ដែល​គួរ​ចំរើន តថាគត​បាន​ចំរើន​ហើយ សមុទយសច្ច ដែល​គួរ​លះ តថាគត​ក៏​បាន​លះ​ហើយ ព្រោះ​ហេតុ​នោះ ទើបតថាគត ជា​ព្រះ​ពុទ្ធ។ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​កម្ចាត់​បង់​នូវ​សេចក្តី​សង្ស័យ​ក្នុង​តថាគត​ចេញ អ្នក​ចូរជឿស៊ប់​ចុះ (ព្រោះ​ថា) ការ​ចួបប្រទះ​នឹង​ព្រះ​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​រឿយ ៗ ជា​ការ​រក​បាន​កម្រ។ ម្នាលព្រាហ្មណ៍ ការ​កើត​ប្រាកដ​ឡើង​រឿយ ៗ នៃ​ព្រះ​សម្មាសម្ពុទ្ធ​ណា ដែល​រកបាន​ដោយ​ក្រ​ក្នុង​លោក តថាគត​នោះ ជា​ព្រះ​ពុទ្ធ ដូច​ពេទ្យ​វះ ជា​បុគ្គល​ប្រសើរបំផុត មាន​សភាព​ដូចព្រហ្ម មាន​តម្លៃ​ដ៏​លើសលុប ជា​អ្នក​ញាំញី​នូវ​មារ និងសេនា​នៃ​មារ ធ្វើ​នូវ​បច្ចាមិត្ត​ទាំង​អស់ ឲ្យ​នៅ​ក្នុង​អំណាច ហើយ​រីករាយ ឥតមាន​ភ័យ​អំពី​ទីណាឡើយ។ទ. ៦៧

(សេលព្រាហ្មណ៍ ពោលថា) ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចំរើន អ្នក​ទាំង​ឡាយ ចូរផ្ទៀង​ស្តាប់​នូវ​ពាក្យ តាម​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​ចក្ខុ សម្ដែងនេះ​ចុះ ដ្បិត​ព្រះ​មាន​ព្រះ​ភាគ ដូច​ជាពេទ្យវះ ជាមហាវីរបុរស បន្លឺសីហទាន​ដូច​ជាសត្វសីហៈ​ក្នុង​ព្រៃ។ ទោះ​បីនរណា ជា​កណ្ហា​ភិជាតិ (អ្នក​មាន​ជាតិខ្មៅ) បាន​ឃើញ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​សភាព​ដូច​ជាព្រហ្ម មាន​តម្លៃ​ដ៏​លើសលុប ទ្រង់​ញាំញីនូវ​មារ និងសេនា​នៃ​មារ​ហើយ តើ​នឹងមិនជ្រះ​ថ្លា​ដូចម្ដេចបាន។ បុគ្គល​ណាចង់​មក ចូរតាមយើងមក បុគ្គល​ណា​មិនចង់​ទេ ចូរ​ទៅ​វិញ​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សម្នាក់​ព្រះ​ពុទ្ធ ព្រះ​អង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ក្នុង​ទី​នេះ។

(ពួក​មាណពនោះ ពោលថា) បើលោកពេញ​ចិត្ត​នឹងសាសនាព្រះ​សម្មាសម្ពុទ្ធនុ៎ះ ពួក​យើងក៏​នឹង​បួស​ក្នុង​សំណាក់​ព្រះ​ពុទ្ធ មាន​ប្រាជ្ញា​ដ៏​ប្រសើរដែរ។ ពួក​ព្រាហ្មណ៍​ទាំង ៣០០ នេះ ក៏ផ្គងអញ្ជលី​សុំផ្នួសថា បពិត្រ​ព្រះ​មានព្រះ​ភាគ ពួក​យើង​សូមប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សម្នាក់​ព្រះ​អង្គ។

ព្រះ​មានព្រះ​ភាគ ទ្រង់​ត្រាស់​ថា ម្នាលសេលៈ ព្រហ្មចរិយធម៌ តថាគត​សំដែង​ទុក​ប្រពៃ​ហើយ ជា​ធម៌​ដែល​គួរ​ឃើញជាក់​ដោយ​ខ្លួន​ឯង ជា​ធម៌ឲ្យ​ផលមិនរង់​ចាំកាល បព្វជ្ជា​របស់​បុគ្គល​អ្នក​មិន​ប្រមាទ ជា​អ្នក​សិក្សា​ក្នុង​ព្រហ្មចរិយធម៌​នោះ មិន​ឥតអំពើ​ឡើយ។​ទ. ៦៨

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​មាន​ចក្ខុ ពួក​ខ្ញុំ​ព្រះ​អង្គ បាន​ដល់​នូវ​ទីពឹងណា ក្នុង​ថ្ងៃទី ៨ អំពី​ថ្ងៃ​នេះ​ទៅ (ពួក​ខ្ញុំ​ព្រះ​អង្គ) ជា​បុគ្គល​បាន​ទូន្មាន​ខ្លួន ក្នុង​សាសនា​របស់​ព្រះ​អង្គ ដោយ​ទីពឹងនោះ អស់ ៧ រាត្រី។ ព្រះ​អង្គជា​ព្រះ​ពុទ្ធ ព្រះ​អង្គ​ជាសាស្ដា ព្រះ​អង្គជាមុនី គ្រប​សង្កត់​នូវ​មារ ព្រះ​អង្គបាន​កាត់​បង់​នូវ​អនុស័យ ឆ្លង​រួច​ហើយ ទើបចម្លងពពួក​សត្វនេះ។ ព្រះ​អង្គ បាន​កន្លង​នូវ​ឧបធិ​ទាំង​ឡាយ​ហើយ ព្រះ​អង្គ​បាន​ទម្លាយនូវ​កិលេស ព្រម​ទាំង​អាសវៈ​ហើយ ព្រះ​អង្គ​ជា​បុគ្គល​មិន​មាន​សេចក្តី​ប្រកាន់ បាន​លះ​បង់​នូវ​ភ័យ​ដ៏​ពន្លឹក ដូច​ជាសត្វសីហៈ។ ពួក​ភិក្ខុ​ទាំង ៣០០ នេះ ឈរផ្គង​អញ្ជលីថា បពិត្រ​ព្រះ​វីរបុរស សូមព្រះ​អង្គ​លាតនូវ​ព្រះ​បាទ​ទាំង​ឡាយ ពួក​ភិក្ខុ​ជានាគ សូម​ថ្វាយ​បង្គំនូវ​ព្រះ​បាទ​នៃ​ព្រះ​សាស្ដា។

សេលត្ថេរ។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.16.06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann