km:tipitaka:sut:kn:tha:sut.kn.tha.16.08

អង្គុលិមាលត្ថេរគាថា

សង្ខេប

កម្រងវាចា របស់​ព្រះ​អង្គុលិមាល អតីត​ឃាតករដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច។

sut kn tha 16 08 បាលី cs-km: sut.kn.tha.16.08 អដ្ឋកថា: sut.kn.tha.16.08_att PTS: ?

អង្គុលិមាលត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. អង្គុលិមាលត្ថេរគាថា)

[២៥៦] បពិត្រព្រះ​សមណៈ ព្រះ​អង្គកំពុងស្ដេចយាង តែ​ពោលថា តថាគត​ឈប់ ទាំង​ពោលចំពោះ​ខ្ញុំ​ដែល​ឈប់ ថា​ជា​បុគ្គល​មិនទាល់​ឈប់​ដូច្នេះ​វិញ បពិត្រ​ព្រះ​សមណៈ ខ្ញុំ​សូមសួរសេចក្តី​នុ៎ះ​នឹង​ព្រះ​អង្គ ព្រោះ​ហេតុអ្វី បាន​ជា​ព្រះ​អង្គ ឈ្មោះ​ថាឈប់ ខ្ញុំ​ព្រះ​អង្គ​ឈ្មោះ​ថា មិន​ឈប់។ទ. ៧១

(ព្រះ​មាន​ព្រះ​ភាគ ត្រាស់​ថា) ម្នាលអង្គុលីមាល តថាគត​ឈ្មោះ​ថា ឈប់ ព្រោះ​ដាក់​បង់​នូវ​អាជ្ញា ចំពោះ​ពួក​សត្វ​ទាំង​ពួង​គ្រប់​កាល​ហើយ ចំណែកខាងអ្នក ជា​បុគ្គល​មិន​សង្រួម​ក្នុង​ពួក​សត្វ ព្រោះ​ហេតុ​នោះ តថាគត​ទើបឈ្មោះ​ថា ឈប់ ឯ​អ្នក​ឈ្មោះ​ថា មិន​ឈប់​ទេ។

(អង្គុលិមាលចោរ ពោលថា) យូរ​ណាស់​មក​ហើយ ព្រះ​សមណៈ​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ដែល​គេ​បូជា ទើប​តែ​នឹងយាង​មកកាន់​ព្រៃធំ (ដើម្បី​អនុគ្រោះ) ដល់​ខ្ញុំ​ព្រះ​អង្គ ខ្ញុំ​ព្រះ​អង្គនោះ នឹងលះ​បង់​នូវ​បាប​ដ៏​ច្រើន ព្រោះបាន​ស្ដាប់​ព្រះ​គាថា​ដែល​ប្រកប​ដោយ​ធម៌​របស់​ព្រះ​អង្គ។ អង្គុលិមាលចោរ​ពោលដូច្នេះ​ហើយ ក៏​ទំលាក់​ចោល​នូវ​ដាវ និងអាវុធ ទៅ​ក្នុង​ត្រពាំង ក្នុង​ជ្រោះ ក្នុង​រណ្ដៅ អង្គុលិមាលចោរ បាន​ថ្វាយ​បង្គំនូវ​ព្រះ​បាទ​ទាំង​ឡាយ នៃ​ព្រះ​សុគត ហើយសុំ​ផ្នួស​នឹង ព្រះ​ពុទ្ធ ក្នុង​ទី​នោះ​ឯង។

ព្រះ​មាន​ព្រះ​ភាគអង្គណា ជា​ព្រះ​ពុទ្ធប្រកប​ដោយ​ករុណា ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ជាសាស្ដា​នៃមនុស្ស​លោក ព្រម​ទាំង​ទេវ​លោក ព្រះ​មាន​ព្រះ​ភាគអង្គនោះ ទ្រង់​បាន​ត្រាស់​នឹងអង្គុលិមាលចោរ ក្នុង​កាល​នោះ​ថា អ្នក​ចូរ​មកជា​ភិក្ខុ​ចុះ ភិក្ខុ​ភាពនុ៎ះឯង ក៏​សម្រេច​ដល់​អង្គុលិមាលចោរនោះ។

ទ. ៧២

(ព្រះ​អង្គុលិមាលត្ថេរ ពោលថា) បុគ្គល​ណា ប្រមាទ​ក្នុង​កាល​មុន ហើយមិន​ប្រមាទ​ក្នុង​កាលខាងក្រោយ បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទ​ផុតស្រឡះ​ចាក​ពពក។ បុគ្គល​ណាបាន​ធ្វើ​អំពើ​បាប ហើយបិទ (អំពើ​បាប​នោះ​) ដោយ​កុសល បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទ​ផុតស្រឡះ​ចាក​ពពក។ ភិក្ខុ​ណា នៅ​ក្មេង តែខ្មីឃ្មាត​ក្នុង​ពុទ្ធសាសនា ភិក្ខុ​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​រុងរឿង ដូច​ព្រះ​ចន្ទផុតស្រឡះ​ចាក​ពពក។

សូមពួក​ជន​ជា​សត្រូវ​នឹងយើង ស្ដាប់​នូវ​ធម្មកថា សូមពួក​ជន​ជា​សត្រូវ​នឹង​យើង ខ្មីឃ្មាត​ក្នុង​ពុទ្ធសាសនាចុះ ពួក​មនុស្សណា ដែល​ជាសប្បុរស តែងដឹកនាំ​ក្នុង​ធម៌​តែម្យ៉ាង សូមពួក​ជន​ជា​សត្រូវ​នឹងយើង គប់​រក​នូវ​មនុស្ស​ទាំង​នោះ​ចុះ។

សូមពួក​ជន​ជា​សត្រូវ​នឹងយើង ស្ដាប់​ធម៌​របស់​ពួក​សប្បុរស ដែល​ជា​អ្នក​ពោល​នូវ​ខន្តី ជា​អ្នក​សរសើរនូវ​សេចក្តី​មិនក្រោធ តាមកាល​គួរ​ផង ចូរធ្វើ​តាមនូវ​ធម៌​នោះ​ផង។ បើជន​នោះ មិន​បៀត​បៀនយើង ឬសត្វ​ដទៃណា​មួយទេ ជន​នោះ គប្បី​ដល់​នូវ​សេចក្តី​ស្ងប់​យ៉ាង​ឧត្តម គប្បី​រក្សានូវ​ជន​ដែល​មាន​ចិត្តតក់​ស្លុត និងមាន​ចិត្ត​មាំមួន។

ពួក​អ្នក​បង្ហូរទឹក តែងបង្ហូរទឹក ពួក​ជាងព្រួញ តែងពត់​ព្រួញ ពួក​ជាងចាំង តែង​ចាំងពត់​ឈើ ពួក​អ្នក​ប្រាជ្ញ តែងទូន្មានខ្លួន។

ទ. ៧៣ ជនពួក​ខ្លះ តែងទូន្មាន (នូវ​សត្វ​ពាហនៈ មាន​ដំរីជាដើម) ដោយ​ដំបង កង្វេរ និងរំពាត់​ផ្ដៅ ព្រះ​មាន​ព្រះ​ភាគ ជាតាទិបុគ្គល ទ្រង់​ទូន្មាន​ខ្ញុំ ដោយ​មិនបាច់​ប្រើដំបង និងគ្រឿង​សស្រ្តាទេ។ ក្នុង​កាល​មុន ខ្ញុំ​ជា​អ្នក​បៀត​បៀនគេ តែ​មាន​នាម​ថា អហឹសកៈ1) ក្នុង​ថ្ងៃ​នេះ ខ្ញុំ​មាន​នាម​ត្រូវតាមដំណើរ​ពិត​ហើយ ព្រោះ​ខ្ញុំ​មិនបៀត​បៀនជន​ណា​មួយ​ឡើយ។ ក្នុង​កាល​មុន ខ្ញុំ​ជា​ចោរល្បីឈ្មោះ ថាអង្គុលិមាល ដែល​ជំនន់​ធំកួចនាំទៅ​ហើយ (ឥឡូវ) ខ្ញុំ​បាន​ដល់​នូវ​ព្រះ​ពុទ្ធ ជា​ទី​ពឹង​ហើយ។ ក្នុង​កាល​មុន ខ្ញុំ​ជា​អ្នក​មាន​ដៃ​ប្រឡាក់​ឈាម ល្បីឈ្មោះ ថាអង្គុលិមាល អ្នក​ចូរមើល​នូវ​ដំណើរ​មកកាន់​សរណៈ (របស់​ខ្ញុំ) ចុះ ខ្ញុំ​បាន​ដកនូវ​តណ្ហា ដែល​នាំទៅ​កាន់​ភព​ហើយ។ ខ្ញុំ​បាន​ធ្វើ​កម្ម ដែល​ជាដំណើរទៅ​កាន់​ទុគ្តតិបែបនោះ​ជា​ច្រើន ត្រូវផល​នៃ​កម្ម​ប៉ះពាល់ (ឥឡូវ) ជា​អ្នក​មិន​មាន​បំណុល បរិភោគនូវ​ភោជន។ ពួក​ជន​ពាល​ឥត​ប្រាជ្ញា តែង​ប្រកប​រឿយ ៗ នូវ​សេចក្តី​ប្រមាទ ចំណែក​អ្នក​ប្រាជ្ញ តែងរក្សាទុកនូវ​សេចក្តី​មិន​ប្រមាទ ដូចគេ​រក្សា​ទ្រព្យយ៉ាង​ប្រសើរ។ អ្នក​ទាំង​ឡាយ​កុំប្រកប​រឿយ ៗ នូវ​សេចក្តី​ប្រមាទ កុំ​ធ្វើ​នូវ​សេចក្តី​ស្និទ្ធស្នាល ដោយ​តម្រេក​ក្នុង​កាមឡើយ ដ្បិតថា បុគ្គល​អ្នក​មិន​ប្រមាទ ប្រឹងចំរើន​ឈាន រមែង​បាន​នូវ​សេចក្តី​សុខ​យ៉ាង​ក្រៃលែង។ទ. ៧៤ ដំណើរ​មក​របស់​ខ្ញុំ ជាដំណើរ​ល្អ មិន​មែន​ជាដំណើរ​ប្រាស​ចាក (ប្រយោជន៍) គំនិត​របស់​ខ្ញុំ​នុ៎ះ មិន​មែន​ជាគំនិតខុសទេ ព្រោះ​ខ្ញុំ​បាន​សម្រេច​ធម៌​ដ៏​ប្រសើរបំផុត ក្នុង​ពួក​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ ចែកទុក​ដោយ​ប្រពៃ។ ដំណើរ​មក​របស់​ខ្ញុំ ជាដំណើរល្អ មិន​មែន​ជាដំណើរប្រាស​ចាក (ប្រយោជន៍) គំនិត​របស់​ខ្ញុំ​នុ៎ះ មិន​មែន​ជាគំនិតខុសទេ វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ។ (ក្នុង​កាល​មុន) ខ្ញុំ​ឋិត​ក្នុង​ទី​ទាំង​ឡាយ​នោះ ៗ គឺព្រៃក្តី ម្លប់​ឈើក្តី ភ្នំក្តី គុហាក្តី ខ្ញុំ​ក៏​មាន​ចិត្តតក់​ស្លុត ក្នុង​កាល​នោះ។ ឥឡូវ​នេះ ខ្ញុំ​ដេកជា​សុខ ឈរជា​សុខ ចិញ្ចឹម​ជីវិតជា​សុខ ជា​បុគ្គល​មិននៅ​ក្នុង​អន្ទាក់​ដៃ​របស់​មារ ឱ ! ព្រះ​សាស្តា ទ្រង់​អនុគ្រោះ​ខ្ញុំ។ ក្នុង​កាល​មុន ខ្ញុំ​បាន​កើតជាព្រាហ្មណ៍ មាន​ត្រកូលខ្ពស់​ទាំង​ពីរខាង គឺ ខាងមាតា និងខាងបិតា ថ្ងៃ​នេះ ខ្ញុំ​បាន​ជា​បុត្រ​នៃ​ព្រះ​សុគត ជាសាស្តា​ធម្មរាជ។ ខ្ញុំ​ជា​បុគ្គល​ប្រាស​ចាក​តណ្ហា មិន​មាន​សេចក្តី​ប្រកាន់ បាន​គ្រប់​គ្រង​ទ្វារ សង្រួម​ដោយ​ប្រពៃ​ហើយ ការ​អស់​ទៅ​នៃអាសវៈ ខ្ញុំ​បាន​ដល់​ហើយ ព្រោះបាន​សម្លាប់​ឫសគល់​នៃ​ទុក្ខ។ ព្រះ​សាស្តា ខ្ញុំ​បាន​ប្រណិប័តន៍​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់​ចោល​ហើយ តណ្ហាជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ក៏ដក​ចោល​ហើយ។

អង្គុលិមាលត្ថេរ។

 

លេខយោង

1)
អ្នកមិន​បៀត​បៀនគេ។
km/tipitaka/sut/kn/tha/sut.kn.tha.16.08.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann