km:tipitaka:sut:kn:tha:sut.kn.tha.16.09

អនុរុទ្ធត្ថេរគាថា

សង្ខេប

កម្រងវាចា របស់ព្រះអនុរុទ្ធ អតីតតារាចម្រៀងដ៏ល្បីល្បាញ។

sut kn tha 16 09 បាលី cs-km: sut.kn.tha.16.09 អដ្ឋកថា: sut.kn.tha.16.09_att PTS: ?

អនុរុទ្ធត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ៧៥

(៩. អនុរុទ្ធត្ថេរគាថា)

[២៥៧] អនុរុទ្ធ បានលះ​បង់​នូវមាតា បិតា បងប្អូនស្រី ញាតិ និងបង​ប្អូនប្រុស​ទាំង​ឡាយ លះ​បង់​នូវ​កាមគុណ ៥ ហើយ​ចំរើន​នូវ​ឈាន។ (ក្នុង​កាល​មុន) អនុរុទ្ធ ជា​អ្នក​បរិបូណ៌​ដោយ​របាំ និងចម្រៀង ភ្ញាក់​រលឹក​ដោយ​គ្រឿង​ប្រគំ ជា​អ្នក​ត្រេកអរ​តែ​ក្នុង​វិស័យ​របស់​មារ ក៏​មិន​បាន​ដល់​នូវ​សេចក្តី​បរិសុទ្ធិ ដោយ​ហេតុ​នោះ។ (ឥឡូវ​នេះ) អនុរុទ្ធ បាន​កន្លង​នូវ​វិស័យ​របស់​មារនុ៎ះ​ហើយ ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ បាន​ឆ្លងផុតនូវ​ឱឃៈ​ទាំង​ពួង ចំរើន​ឈាន។ អនុរុទ្ធ បាន​កន្លង​នូវ​រូប សំឡេង ក្លិន រស ផ្សព្វ ជា​ទីគាប់​ចិត្ត​ទាំង​នុ៎ះ ចំរើន​ឈាន។ អនុរុទ្ធ ជា​បុគ្គល​ម្នាក់​ឯង មិន​មាន​តណ្ហា​ជា​គំរប់​ពីរ ជា​អ្នក​ប្រាជ្ញ​មិន​មាន​អាសវៈ ត្រឡប់​អំពីបិណ្ឌបាត ស្វែង​រក​នូវ​ចីវរបង្សុកូល​ទាំង​ឡាយ។ អនុរុទ្ធ ជា​អ្នក​ប្រាជ្ញ មាន​យោបល់​មិន​មាន​អាសវៈ រើសកាន់​យក គក់​លាង ជ្រលក់ ប្រើប្រាស់ នូវ​ចីវរបង្សុកូល​ទាំង​ឡាយ។ បុគ្គល​ណា មាន​សេចក្តី​ប្រាថ្នា​ច្រើន មិន​មាន​សន្តោស ជា​អ្នក​ច្រឡំ​ដោយ​ពួក មាន​ចិត្តរាយមាយ ធម៌​ដ៏លាមក ជា​គ្រឿង​សៅហ្មង​ទាំង​នេះ តែង​កើត​មាន​ដល់​បុគ្គល​នោះ។ បុគ្គល​ណា ជា​អ្នក​មាន​ស្មារតី មាន​សេចក្តី​ប្រាថ្នា​តិច ជា​អ្នក​សន្តោស មិន​មាន​ចិត្តចង្អៀតចង្អល់ ត្រេកអរ​ក្នុង​ទីស្ងាត់ ជា​អ្នក​ស្ងាត់ មាន​ការ​ព្យាយាម​តឹង​តែងជា​និច្ចទ. ៧៦ ធម៌​ជាកុសល ជាចំណែក​នៃ​ការ​ត្រាស់​ដឹង​ទាំង​នេះ តែង​កើតមាន​ដល់​បុគ្គល​នោះ ព្រះ​ពុទ្ធជា​មហេសី ទ្រង់​ត្រាស់​ថា បុគ្គល​នោះ ជា​អ្នក​មិន​មាន​អាសវៈ។ ព្រះ​សាស្តា ជា​បុគ្គល​ប្រសើរ​ក្នុង​លោក ទ្រង់​ជ្រាប​នូវ​សេចក្តី​ត្រិះ​រិះ​របស់​ខ្ញុំ ក៏យាង​មក​ដោយ​ឫទ្ធិ៍ ដោយ​ព្រះ​កាយ​ដែល​សម្រេច​អំពី​ចិត្ត។ ខ្ញុំ​មាន​សេចក្តី​ត្រិះ​រិះ ក្នុង​កាល​ណា ព្រះ​សាស្តា​ទ្រង់​បាន​សំដែង​នូវ​ធម៌ (មហាបុរិសវិតក្កៈ) ដ៏​លើសលុប​ក្នុង​កាល​នោះ ព្រះ​ពុទ្ធ ទ្រង់​ត្រេកអរ​ក្នុង​ធម៌ ដែល​មិន​មាន​ដំណើរយឺតយូរ សំដែងនូវ​ធម៌​ដែល​មិន​មាន​ដំណើរ​យឺតយូរ។ ខ្ញុំ​ដឹង​នូវ​ធម្មទេសនា​របស់​ព្រះ​សាស្តា​នោះ​ហើយ ត្រេកអរ​ក្នុង​សាសនា វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ខ្ញុំ​បាន​សមាទាន​នេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំ​បាន​ដករំលើ​ង​នូវ​កិរិយាងោកងុយ​អស់ ២៥ ឆ្នាំ​ហើយ។ ព្រះ​ពុទ្ធ ព្រះ​អង្គជា​បុគ្គល​នឹងធឹង មាន​ព្រះ​ទ័យខ្ជាប់​ខ្ជួន មិន​មាន​ខ្យល់​អស្សាស​បស្សាសៈ​ហើយ ព្រះ​ពុទ្ធ​មាន​ចក្ខុ មិន​មាន​កិលេសជា​គ្រឿង​ញាប់​ញ័រ ទ្រង់​ប្រារព្ធនូវ​សេចក្តី​ស្ងប់ បរិនិព្វាន​ហើយ។ ព្រះ​ពុទ្ធ ទ្រង់​អត់​សង្កត់​នូវ​វេទនា ដោយ​ព្រះ​ទ័យ​មិនរួញរា ការ​ផុតស្រឡះ​នៃ​ចិត្ត (របស់​ព្រះ​អង្គ) ដូច​ជាកិរិយារលត់​នៃប្រទីប។ សភាវៈ មាន​ផស្សៈ​ជា​គំរប់ ៥ របស់​ព្រះ​ពុទ្ធ ជា​អ្នក​ប្រាជ្ញ​នុ៎ះ មាន​ក្នុង​ទីបំផុត ក្នុង​កាល​ឥឡូវ​នេះ​ហើយទ. ៧៧ នា​កាលព្រះ​សម្ពុទ្ធ​ទ្រង់​បរិនិព្វាន​ហើយ ធម៌​ដទៃ គឺចិត្ត និងចេតសិក មិន​មាន​ទៀត​ទេ។ ម្នាលទេវតា ឈ្មោះ​ជាលិនី ឥឡូវ​នេះ (អាត្មា) មិន​មាន​ការ​អាស្រ័យនៅ​ក្នុង​ពួក​ទេវតាទៀត​ឡើយ ជាតិសង្សារ របស់​អាត្មា​ក៏អស់​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន​ទេ។

ភិក្ខុ​ណា អាចដឹង​ច្បាស់​នូវ​លោក មាន​ចំណែកមួយពាន់ ព្រម​ទាំង​ព្រហ្មលោក ក្នុង​មួយរំពេចបាន ភិក្ខុ​នោះ ជា​អ្នក​ស្ទាត់​ក្នុង​ឥទ្ធិគុណ ក្នុង​ចុតូបបាតញ្ញាណ រមែង​ឃើញ​ពួក​ទេវតា ក្នុង​កាល​គួរ។

​ក្នុង​កាល​មុន ខ្ញុំ​បាន​កើតជា​បុរសកំសត់ ឈ្មោះ​អន្នភារៈ ជា​អ្នក​ធ្វើ​ការ​ឈ្នួល ដើម្បី​អាហារ បាន​ផ្គត់​ផ្គង់​សមណៈ (ព្រះ​បច្ចេកពុទ្ធ) ឈ្មោះ​ឧបរិដ្ឋៈ ជា​អ្នក​មាន​យស។ ពួក​ជន​អ្នក​ចេះដឹង តែងស្គាល់​ខ្ញុំ​ថា ខ្ញុំ​នោះ​ឈ្មោះ​អនុរុទ្ធ កើត​ក្នុង​សក្យត្រកូល ជា​អ្នក​បរិបូណ៌​ដោយ​របាំ និងចំរៀង ភ្ញាក់​រលឹក​ដោយ​គ្រឿង​ប្រគំ។ ខ្ញុំ​បាន​ឃើញ​ព្រះ​សម្ពុទ្ធ ជាសាស្តា មិន​មាន​ភ័យ​អំពី​ទីណា ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ក្នុង​ព្រះ​សម្ពុទ្ធ​នោះ ហើយ​ចូល​ទៅ​កាន់​ផ្នួស។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ដែល​ជាលំ​នៅ​របស់​អាត្មា​ធ្លាប់​នៅ​ក្នុង​កាល​មុន ក្នុង​ទេវ​លោក​ឈ្មោះ​តាវត្តិង្ស បាន​ឋិត​នៅ​ក្នុង​ជាតិជាសក្កៈ (ព្រះ​ឥន្ទ្រ)។ អាត្មា​បាន​ជាធំ​ក្នុង​មនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំ​លើ​ផែនដី មាន​សមុទ្រ​ទាំង​បួន ជា​ទីបំផុត មាន​ជ័យជំនះ ជាឥស្សរៈ​ក្នុង​ជម្ពូទ្វីបទ. ៧៨ ប្រៀន​ប្រដៅ (ប្រជាជន) ដោយ​ធម៌ មិន​ប្រើដំបង និងគ្រឿង​សស្រ្តា។ កាល​នោះ ខ្ញុំ​បាន​ឋិត​នៅ​ក្នុង​ទេវ​លោក ដឹង​ច្បាស់​នូវ​ខន្ធ ដែល​ធ្លាប់​អាស្រ័យនៅ​ក្នុង​កាល​មុន អស់ ១៤ សង្សារវដ្ដ (១៤ ជាតិ) គឺខាង​ទេវ​លោក​នេះ ៧ ជាតិ ខាងមនុស្ស​លោក​នេះ ៧ ជាតិ។

កាលសមាធិប្រកបដោយ​អង្គ1) ៥ ខ្ញុំ​បាន​ចំរើន​ឲ្យ​មាន​អារម្មណ៍មូល​តែ​មួយ​ហើយ ខ្ញុំ​ក៏​បាន​សេចក្តី​ស្ងប់​រម្ងាប់ ទិព្វចក្ខុ​របស់​ខ្ញុំ​ក៏បរិសុទ្ធ។ ខ្ញុំ​លុះបាន​ឋិត​នៅ​ក្នុង​ឈាន​ប្រកប​ដោយ​អង្គ ៥ ហើយ ក៏​ដឹង​នូវ​ការ​ច្យុតិ និង​ការ​កើត គឺដំណើរមក និងដំណើរទៅ (ព្រម​ទាំង) ការ​កើត​ឡើង​យ៉ាង​នេះ និង​ការ​ប្រែប្រួល​ទៅ​ជាយ៉ាង​ដទៃ​របស់​សត្វ​ទាំង​ឡាយ។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ។បេ។ តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​បាន​ដក​ចោល​ហើយ។ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ លុះអស់​ជីវិត ខ្ញុំ​នឹងនិព្វាន​ក្រោម​គុម្ព​ឫស្សី ក្នុង​វេឡុវនគ្រាម របស់​ពួក​ជន​អ្នក​នៅ​ក្នុង​ដែនវជ្ជី។

អនុរុទ្ធត្ថេរ។

 

លេខយោង

1)
សមាធិប្រកប​ដោយ​អង្គ ៥ គឺបីតិផរណតា ការផ្សាយ​ទៅ​នៃបីតិ ១ ចេតោផរណតា ការផ្សាយ​ទៅនៃ​ចិត្ត ១ អាលោកផរណតា ការ​ផ្សាយ​ទៅ​នៃពន្លឺ ១ បច្ចវេក្ខណា ការពិចារណា​ស្ទាត់ ១ និមិត្តំ ការប្រកប​ដោយ​និមិត្ត មាន​បរិកម្ម​ជានិមិត្ត ១។ អដ្ឋកថា។
km/tipitaka/sut/kn/tha/sut.kn.tha.16.09.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann